ព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះយើង ព្រះយេស៊ូវគ្រីស្ទ ស្គាល់ ហើយស្រឡាញ់យើង ... យើងអាចដឹងពីសេចក្ដីស្រឡាញ់ និង ក្ដីមេត្តាករុណារបស់ទ្រង់ នៅក្នុងការរងទុក្ខរបស់យើង ។
នៅពេលយើងជួបនឹងបងប្អូនស្ត្រីជុំវិញពិភពលោក យើងមានចិត្តអស្ចារ្យចំពោះកម្លាំងនៃទីបន្ទាល់ ។អ្នករាល់គ្នាជាច្រើន គឺជាសមាជិកនៃសាសនាចក្រជំនាន់ទីមួយ- ឬ ទីពីរ។ យើងឃើញបងប្អូនស្ត្រីជាច្រើនកំពុងបម្រើក្នុងមុខងារជាច្រើន ធ្វើដំណើរយ៉ាងឆ្ងាយទៅចូលរួមក្នុងព្រះវិហារ ហើយធ្វើការលះបង់ដើម្បីរក្សា និងចុះសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ។ យើងគោរពអ្នក ។ អ្នកគឺជាអ្នកត្រួសត្រាយផ្លូវសម័យបច្ចុប្បន្នរបស់ព្រះអម្ចាស់ !
ថ្មីៗនេះ ស្វាមីខ្ញុំ ម៉េល និង ខ្ញុំបានជួបនឹងអ្នកនាំភ្ញៀវស្ម័គ្រចិត្តម្នាក់ ឈ្មោះ ម៉ូលី លែនថល នៅពេលយើងទៅទស្សនាសារៈមន្ទីរមួយក្នុងប្រទេសអូស្ត្រាលី ។ យើងដឹងថា ម៉ូលី ជាស្ត្រីដ៏គួរឲ្យស្រឡាញ់ មានអាយុ 70 ឆ្នាំ គ្មានកូនទេ ហើយក៏ពុំធ្លាប់រៀបការដែរ ។ គាត់គឺជាកូនទោលក្នុងគ្រួសារ ហើយឪពុកម្ដាយគាត់ បានទទួលមរណភាពអស់ជាច្រើនឆ្នាំទៅហើយ ។ សាច់ញាតិជិតរបស់គាត់ គឺជាបងប្អូនជីដូនមួយពីរនាក់ដែលរស់នៅញាតិជិតរបស់គាត់ គឺជាបងប្អូនជីដូនមួយពីរនាក់ដែលរស់នៅឯទ្វីបមួយទៀត ។ រំពេចនោះ ខ្ញុំគ្របដណ្តប់ដោយព្រះវិញ្ញាណធ្វើទីបន្ទាល់នឹងខ្ញុំ ស្ទើរតែដូចជាព្រះវរបិតាសួគ៌កំពុងមានបន្ទូលថា ៖ « ម៉ូលីពុំ នៅម្នាក់ឯងទេ ! ម៉ូលី គឺជាបុត្រីរបស់យើង ! យើងជាបិតារបស់នាង ! នាងគឺជាបុត្រីដ៏សំខាន់ម្នាក់ក្នុងគ្រួសាររបស់ខ្ញុំ ! ហើយនាងពុំនៅម្នាក់ឯងសោះឡើយ! »
រឿងដ៏សំណប់មួយរបស់ខ្ញុំ ចេញពីជីវិតរបស់ព្រះអង្គសង្គ្រោះ គឺរឿងរបស់ឡាសារ ។ បទគម្ពីរប្រាប់យើងថា « ព្រះយេស៊ូវ ស្រឡាញ់នាងម៉ាថា … ប្អូនស្រីនាង [ ម៉ារា ] និង ឡាសារ [ ប្អូនប្រុសរបស់ពួកគេ ] » ។ 1 ពាក្យត្រូវបានបញ្ជូនទៅព្រះយេស៊ូវថា ឡាសារមានជំងឺជាទម្ងន់ ប៉ុន្តែព្រះយេស៊ូវពុំបានមកភ្លាមទេ ទ្រង់នៅពីរថ្ងៃទៀត ដោយបានថ្លែងថា « ជំងឺនេះ … គឺសម្រាប់ជាកិត្តិស័ព្ទដល់ព្រះវិញ ដើម្បីនឹងលើកដំកើងដល់ព្រះរាជបុត្រានៃព្រះ ដោយសារជំងឺនេះឯង » ។ 2
ពេលឮថាព្រះយេស៊ូវកំពុងយាងមក ម៉ាថា « ក៏ទៅទទួលទ្រង់ » 3 ដោយប្រាប់ទ្រង់ពីអ្វីដែលបានកើតឡើង ។ ឡាសារបាន « នៅក្នុងផ្នូរអស់បួនថ្ងៃហើយ » ។ 4 ម៉ាថាបានរត់ត្រឡប់ទៅផ្ទះរបស់នាងដោយសោកសៅ ទៅប្រាប់ដល់ម៉ារាថា ព្រះអម្ចាស់យាងមក ។5 ម៉ារាបានរត់មករកព្រះយេស៊ូវ ដោយទុក្ខព្រួយយ៉ាងខ្លាំង បានក្រាបនៅព្រះបាទទ្រង់ ហើយយំ ។ 6
យើងត្រូវបានប្រាប់ថា « កាលព្រះយេស៊ូវឃើញនាង [ ម៉ារា ] យំ ... នោះទ្រង់មានសេចក្ដីរំជួល ទាំងក្នាញ់ក្នុងព្រះហឬទ័យ » ហើយបានសួរថាតើពួកគេដាក់ឡាសារនៅឯណា ។
« គេទូលឆ្លើយថា ព្រះអម្ចាស់សូមយាងទៅទតមើល » ។ 7
បន្ទាប់មកយើងអាននូវពាក្យប្រកបដោយក្ដីមេត្តា និងក្ដីស្រឡាញ់បំផុតនៅក្នុងគម្ពីរថា ៖ « ព្រះយេស៊ូវព្រះកន្សែង »។ 8
សាវក ជេម អ៊ិ ថាល់មេហ្គ បានសរសេរថា ៖ « ការទតឃើញស្ត្រីទាំងពីររូបនេះ ... ពោរពេញដោយទុក្ខព្រួយ... នោះបានបណ្ដាលឲ្យព្រះយេស៊ូវទុក្ខព្រួយ [ ជាមួយពួកគេ ] ដែលទ្រង់មានសេចក្ដីរំជួល ទាំងក្នាញ់ក្នុងព្រះហឬទ័យ » ។ 9 បទពិសោធន៍នេះ ថ្លែងជាទីបន្ទាល់អំពីក្ដីមេត្តាករុណា ការអាណិតអាសូរ និងក្ដីស្រឡាញ់ ដែលព្រះអង្គសង្គ្រោះរបស់យើង និង ព្រះវរបិតាសួគ៌ មានចំពោះយើងម្នាក់ៗរាល់ពេល ដែលយើងគ្របដណ្ដប់ទៅដោយភាពតានតឹង អំពើបាប ភាពមិនអនុគ្រោះ និង ការឈឺចាប់ក្នុងជីវិត ។
បងប្អូនស្ត្រីជាទីស្រឡាញ់ ព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះយើង ព្រះយេស៊ូវគ្រីស្ទ ស្គាល់ ហើយស្រឡាញ់យើង ។ ទ្រង់ទាំងពីរអង្គដឹងនៅពេលយើងមានការឈឺចាប់ ឬការរងទុក្ខតាមរបៀបផ្សេងៗ ។ ទ្រង់ទាំងពីរអង្គពុំមានបន្ទូលថា « វាមិនអីទេ ដែលអ្នកនៅក្នុងការឈឺចាប់ក្នុងពេលនេះ ដោយសារមិនយូរប៉ុន្មានអ្វីៗគ្រប់យ៉ាង នឹងប្រែជាល្អឡើងវិញនោះទេ » ។ ទ្រង់ទាំងពីរអង្គដឹងពីជម្រៅនៃការរងទុក្ខយើង ហើយយើងអាចដឹងពីក្ដីស្រឡាញ់ និង ក្ដីមេត្តារបស់ពួកទ្រង់ ក្នុងការរងទុក្ខរបស់យើង ។
អាលម៉ា បានថ្លែងទីបន្ទាល់ថា ៖
« ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង ហើយទ្រង់ធ្វើយ៉ាងនេះ គឺដើម្បីឲ្យបានបំពេញនូវពាក្យទាំងឡាយ ដែលបានចែងទុកមកថា ទ្រង់នឹងលើកដាក់លើខ្លួនទ្រង់ នូវការឈឺចាប់ និង ជម្ងឺទាំងឡាយរបស់រាស្ត្រទ្រង់ ។
« ហើយទ្រង់នឹងយកដាក់លើរូបអង្គទ្រង់ … នូវជម្ងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឬទ័យទ្រង់បានពោរពេញទៅដោយសេចក្ដីមេត្តាករុណា... ដើម្បីទ្រង់អាចដឹង ស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជម្ងឺរបស់គេ » ។10
ពេលយើងឆ្ងល់ថា តើ ព្រះអង្គសង្គ្រោះ និងព្រះបិតាសួគ៌យើងស្គាល់យើងឬទេ ឬ ឆ្ងល់ថា តើពួកទ្រង់ស្គាល់យើងផ្ទាល់ ច្បាស់ប៉ុណ្ណា នោះយើងអាចនឹកចាំនូវបន្ទូលព្រះអង្គសង្គ្រោះចំពោះអូលីវើរ ខៅឌឺរីថា ៖
« បើសិនជាអ្នកមានបំណងចង់បានសាក្សីថែមទៀត ចូរដាក់គំនិតទៅលើយប់ ដែលអ្នកបានអំពាវនាវដល់យើងក្នុងដួងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកអាចដឹងនូវសេចក្ដីពិតអំពីការណ៍ទាំងឡាយនេះ ។ 11
ពីមុនព្រះអង្គសង្គ្រោះបានថ្លែងទៅគាត់ថា « គ្មាននរណាឡើយក្រៅពីព្រះ ដែលជ្រាបនូវគំនិតរបស់អ្នក និង បំណងដែលនៅក្នុងចិត្តរបស់អ្នក » ។12
ព្រះអង្គសង្គ្រោះ បានរំឭកអូលីវើរ ថា ទ្រង់ដឹងលំអិតអំពីការអធិស្ឋានទូលអង្វរនោះ— ហើយបានចាំម៉ោងច្បាស់ នៅរាត្រីនោះ ។
ជាច្រើនឆ្នាំកន្លងទៅ ស្វាមីខ្ញុំបានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយជម្ងឺកម្រឃើញមានមួយ ។ សប្ដាហ៍ជាច្រើនបានកន្លងផុតទៅ គាត់ឈឺកាន់តែធ្ងន់ ខ្ញុំកាន់តែគិតថា គាត់នឹងស្លាប់ហើយ ។ ខ្ញុំពុំប្រាប់នរណាអំពីការភ័យខ្លាចរបស់ខ្ញុំទេ ។ យើងមានគ្រួសារធំក្មេងខ្ចី ហើយមានអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច គួរឲ្យស្រឡាញ់មួយ ឯគំនិតអំពីការបាត់បង់ស្វាមី និង ការចិញ្ចឹមកូនៗដោយខ្លួនឯងបានធ្វើឲ្យខ្ញុំពេញដោយភាពឯកកោ អស់សង្ឃឹម ហើយខឹងសម្បារ ។ ខ្ញុំខ្មាស់ដើម្បីនិយាយថា ខ្ញុំបានឃ្លាតឆ្ងាយពីព្រះវរបិតាសួគ៌ខ្ញុំ ។ ខ្ញុំបានឈប់អធិស្ឋានជាច្រើនថ្ងៃ ខ្ញុំឈប់ធ្វើផែនការ ខ្ញុំបានយំ ។ ទីបំផុត ខ្ញុំបានដឹងថា ខ្ញុំពុំអាចធ្វើដូច្នេះតែម្នាក់ឯងទេ ។
អស់ជាច្រើនថ្ងៃមក នេះជាលើកទីមួយ ដែលខ្ញុំបានលុតជង្គង់ចុះ ហើយបង្ហាញដួងចិត្តខ្ញុំទៅព្រះបិតា គង់នៅស្ថានសួគ៌ ទូលអង្វរសុំការអភ័យទោសចំពោះការងាកចេញពីទ្រង់ ដោយប្រាប់ទ្រង់ពីជម្រៅអារម្មណ៍ខ្ញុំ ហើយទីបំផុតបានស្រែកឡើងថា បើនេះគឺជាអ្វីដែលទ្រង់ចង់ឲ្យខ្ញុំធ្វើ នោះខ្ញុំនឹងធ្វើ ។ ខ្ញុំដឹងថាទ្រង់ច្បាស់ជាមានផែនការមួយសម្រាប់ជីវិតយើង ។
នៅពេលខ្ញុំបន្ដលុតជង្គង់ប្រាប់អស់ពីដួងចិត្តខ្ញុំ នោះអារម្មណ៍ដ៏ផ្អែមល្ហែម ដ៏សុខសាន្ដ និងគួរឲ្យស្រឡាញ់បានគ្របដណ្ដប់មកលើខ្ញុំ ។ វាហាក់ដូចជាភួយនៃក្ដីស្រឡាញ់ គ្របមកលើខ្ញុំ ។ ហាក់ដូចជាខ្ញុំអាចដឹងពីបន្ទូលព្រះវរបិតាសួគ៌មកថា « នោះគឺជាអ្វី យើងចាំបាច់ត្រូវដឹង » ។ ខ្ញុំបានតាំងចិត្តថា មិនងាកចេញពីទ្រង់ម្ដងទៀតឡើយ ។ ស្វាមីខ្ញុំបានជាសះស្បើយបន្ដិចម្ដងៗគួរឲ្យអស្ចារ្យ រហូតដល់គាត់អាចជាសះស្បើយទាំងស្រុង ។
ជាច្រើនឆ្នាំក្រោយមក ស្វាមីខ្ញុំ និង ខ្ញុំបានលុតជង្គង់ចុះជិតកូនស្រីអាយុ 17 ឆ្នាំរបស់យើង ហើយទូលសុំពរសម្រាប់ជីវិតនាង ។ គ្រានេះ គ្មានចម្លើយទេ ប៉ុន្តែអារម្មណ៍នៃក្ដីស្រឡាញ់ និង ភាពសុខសាន្ដដូចគ្នា ដែលព្រះអង្គសង្គ្រោះយើងបានសន្យា គឺមានអំណាចណាស់ ហើយយើងដឹងថា ទោះជាព្រះបិតាសួគ៌ ហៅនាងឲ្យត្រឡប់ទៅផ្ទះវិញ នោះអ្វីៗគ្រប់យ៉ាងនឹងបានល្អ ។ យើងបានដឹងពីអត្ថន័យថា ដាក់បន្ទុករបស់យើងលើព្រះអម្ចាស់ ដើម្បីដឹងថាទ្រង់ស្រឡាញ់យើង ហើយមានក្ដីមេត្តាករុណាចំពោះយើងនៅក្នុងទុក្ខសោក និង ការឈឺចាប់របស់យើង ។
គ្រាដ៏ផ្អែមល្ហែមបំផុតមួយរបស់ឪពុកមានចំពោះកូនប្រុស នៅក្នុងគម្ពីរមរមន គឺទីបន្ទាប់របស់អាលម៉ាតូចទៅកាន់កូនប្រុសរបស់គាត់ ហេលេមិន ។ អាលម៉ាបានពិពណ៌នាអារម្មណ៍ « សេចក្ដីរន្ធត់ដ៏មិនអាចថ្លែងបាន » ដែលគាត់មាន នៅពេលគាត់នឹកគិតអំពីការចូលទៅក្នុងវត្តមានរបស់ព្រះ ដើម្បីជំនុំជំរះអំពើរំលងជាច្រើនរបស់គាត់ ។ បន្ទាប់ពីអារម្មណ៍ដ៏ធ្ងន់នៃអំពើបាបទាំងអស់របស់គាត់អស់ជាច្រើនយប់ច្រើនថ្ងៃមក នោះគាត់បានប្រែចិត្ត ហើយបានទូលអង្វរជាមួយព្រះអង្គសង្គ្រោះឲ្យមានក្ដីករុណាចំពោះគាត់ ។ គាត់បានពិពណ៌នាទៅហេលេមិនអំពីក្ដីអំណរ « គ្មានអ្វីជ្រួតជ្រាប និង ផ្អែមល្ហែម » ដែលធ្វើឲ្យគាត់ « ឈប់ » នឹកឃើញការឈឺចាប់ទៀត ។ ផ្ទុយពីអារម្មណ៍ « សេចក្ដីរន្ធត់ដ៏មិនអាចថ្លែងបាន » ពេលចូលទៅខាងមុខបល្ល័ង្គព្រះ អាលម៉ាបានឃើញការនិមិត្តមួយថា « ព្រះកំពុងតែគង់នៅលើបល្ល័ង្ករបស់ទ្រង់ » ហើយប្រកាសថា « ព្រលឹងខ្ញុំរំពឹងចង់បាននៅទីនោះ » ។ 13
បងប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ តើនោះពុំមែនជាអ្វីដែលយើងមានអារម្មណ៍ទេឬអី នៅពេលយើងប្រែចិត្ត ហើយសញ្ជឹងគិតពីក្ដីស្រឡាញ់ ក្ដីមេត្តាករុណា ហើយមានអំណរគុណ ចំពោះព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះយើង — ដែលយើង « រំពឹងចង់បាននៅទីនោះ » ដើម្បីត្រូវបានឱបក្រសោបដោយព្រះហស្ថជាទីស្រឡាញ់របស់ទ្រង់ម្ដងទៀតនោះ ?
ដូចជាព្រះអម្ចាស់ បានថ្លែងទីបន្ទាល់មកកាន់ខ្ញុំ ទ្រង់ពុំបានភ្លេចបុត្រី ម៉ូលី លីនថល ដ៏មានតម្លៃរបស់ទ្រង់ទេ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់ ពុំបានភ្លេចអ្នកទេ ! មិនថាអ្នកមានអំពើបាប ឬ ភាពទន់ខ្សោយ ឬ ការឈឺចាប់ ឬ បញ្ហាយ៉ាងណាទេ ទ្រង់ស្គាល់ ហើយយល់គ្រប់ស្ថានភាព ។ ទ្រង់ស្រឡាញ់អ្នក ! ហើយទ្រង់នឹងបីទ្រអ្នកឆ្លងកាត់គ្រានោះ ដូចជាទ្រង់បានធ្វើចំពោះម៉ារា និង ម៉ាថាដែរ ។ ទ្រង់បានបង់ថ្លៃ ដើម្បីទ្រង់អាចស្គាល់របៀបដើម្បីជួយដល់អ្នក ។ សូមដាក់បន្ទុកអ្នកទៅលើទ្រង់ ។ សូមប្រាប់ព្រះវរបិតាសួគ៌ពីអារម្មណ៍អ្នក ។ សូមប្រាប់ទ្រង់អំពីការឈឺចាប់និង ការរងទុក្ខអ្នក ហើយប្រគល់អ្វីទាំងនោះទៅឲ្យទ្រង់ ។ សូមស្រាវជ្រាវព្រះគម្ពី ប្រចាំថ្ងៃ ។ នៅក្នុងនោះ អ្នកនឹងរកឃើញនូវការលួងលោមចិត្ត និង ជំនួយដ៏អស្ចារ្យ ។
ព្រះអង្គសង្គ្រោះរបស់យើងបានសួរថា ៖
« ត្បិតអី ស្ត្រីនឹងភ្លេចកូន ដែលកំពុងបៅដោះឬ ? ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ ? មែនហើយ ឱវង្សអ៊ីស្រាអែលអើយ គេនឹងភ្លេចបាន ប៉ុន្តែយើងមិនដែលភ្លេចអ្នកឡើយ … ។
« … យើងបានចារិកអ្នកទុក នៅផ្ទៃបាតដៃរបស់យើងហើយ … » ។ 14
« យើងមិនបានបញ្ជានរណាម្នាក់ក្នុងពួកអ្នកឲ្យចេញទៅឡើយ ប៉ុន្តែបានបញ្ជាអ្នករាល់គ្នាឲ្យមករកយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាអាចស្ទាប ហើយឃើញយើង ម្ល៉ោះហើយ អ្នករាល់គ្នាក៏ត្រូវធ្វើយ៉ាងនោះដល់មនុស្សលោកដែរ » ។ 15
នោះគឺជាភារៈរបស់យើង ។ យើងត្រូវតែដឹង និង ឃើញដោយខ្លួនឯង បន្ទាប់មកជួយកូនចៅរបស់ព្រះវរបិតាសួគ៌ទាំងអស់ឲ្យដឹង និង ឃើញ និង ស្គាល់ថា ព្រះអង្គសង្គ្រោះយើងបានលើកដាក់មកលើអង្គទ្រង់ ពុំគ្រាន់តែអំពើបាបរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែការឈឺចាប់ និង ការរងទុក្ខរបស់យើង និង ទុក្ខព្រួយទាំងឡាយ ដើម្បីទ្រង់អាចដឹងពីអារម្មណ៍របស់យើង ហើយដឹងរបៀបដើម្បីលួងលោមយើង ។ ខ្ញុំថ្លែងទីបន្ទាល់អំពីទ្រង់ នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។
Show References
-
1 យ៉ូហាន 11:5 ។
-
2 យ៉ូហាន 11:4 ។
-
3 យ៉ូហាន 11:20 ។
-
4 យ៉ូហាន 11:17 ។
-
5 សូមមើល យ៉ូហាន 11:28 ។
-
6 សូមមើល យ៉ូហាន 11:32 ។
-
7 យ៉ូហាន 11:33–34 ។
-
8 យ៉ូហាន 11:35 ។
-
9 James E. Talmage, Jesus the Christ, 3rd ed. (1916), ទំព័រ 493 ។
-
10 អាលម៉ា 7:11–12 ។
-
13 សូមមើល អាលម៉ា 36:14–22; គូសបញ្ជាក់បន្ថែម ។
-
14 នីហ្វៃទី 1 21:15–16 ។
-
15 នីហ្វៃទី 3 18:25; គូសបញ្ជាក់បន្ថែម ។

