ចូរដឹងពី​កាតព្វកិច្ច​របស់​យើងឲ្យ​ពេញលេញ

ដោយ ខារ៉ូល អិម ស្ទីហ្វិន

ទីប្រឹក្សា​ទីមួយ​នៅ​ក្នុងគណៈ​​សមាគម​សង្គ្រោះ​ទូទៅ


ខារ៉ូល អិម ស្ទីហ្វិន
នៅពេល​យើង​ដាស់​កាតព្វកិច្ច​របស់​យើង ហើយ​បន្ដ​ដោយ​ជំនឿ នៅពេល​យើង​ទទួល​បាន​នូវការ​លួងលោម​ចិត្ត ការ​ពង្រឹង លទ្ធភាព និង អំណាច​នៃ​ការ​ព្យាបាល​របស់​ដង្វាយធួន ។

បន្ទាប់ពី​ការហៅឲ្យ​បម្រើ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​របស់​ខ្ញុំ ខ្ញុំ​មានបំណង​ចង់​ដឹង​បន្ថែម​អំពី​ស្ត្រីៗ​ដែលបាន​បម្រើ​មុន​ខ្ញុំ​ ។ ខ្ញុំ​មានចំណាប់​អារម្មណ៍​ការ​បង្រៀន​របស់​បងស្រី ហ្សីណា  ឌី. យ៉ាំង ជា​ទី​ប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​សមាគមសង្គ្រោះ​ទូទៅ​ទីពីរ ។ គាត់​មាន​ប្រសាសន៍​ថា « បងប្អូន​ស្ត្រី យើង​គួរ​តែ​ដឹង​ពី​​កាតព្វកិច្ច​របស់​យើង​ឲ្យពេញ​លេញ » ។ 1 ខ្ញុំ​ពិចារណា​អំពី​ពាក្យ ដឹងឲ្យ​ពេញលេញ និង ពាក្យ កាតព្វកិច្ច ហើយ​បាន​ធ្វើ​ការ​ស្រាវជ្រាវក្នុង​គម្ពីរ​មួយចំនួន​បន្ថែមទៀត ។

នៅ​ក្នុងគម្ពីរ​សញ្ញា​ថ្មី ប៉ុល បានបង្រៀន​ដល់​ពួកបរិសុទ្ធ​ជំនាន់គាត់ថា ៖

« ដោយ​ដឹង​ពេលវេលា​ថា ដល់​ម៉ោង​នឹង​ភ្ញាក់​ពី​ដេក​ហើយ ត្បិត​ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ជិត​បង្កើយ … ។

« យប់​យូរណាស់​ហើយ ថ្ងៃ​ក៏​ជិត​រះ … ដូច្នេះ​យើង​ត្រូវ​ពាក់​គ្រឿង​សឹក​របស់ពន្លឺ​វិញ » ។ 2

នៅ​ក្នុង​គម្ពីរ​មរមន អាលម៉ា បាន​បង្រៀន​ប្រជាជន​គាត់​អំពី​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​នៃ​អ្នក​ទាំងឡាយ ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​មួយ​ជាមួយ​ព្រះ ៖

« ហើយ​ឥឡូវនេះ ដោយ​អ្នករាល់គ្នា មាន​បំណង​ចង់​ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅ​ថា​ជារាស្ត្រ​​របស់​ទ្រង់ ហើយ​យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​ស្រាល

« មែនហើយ ហើយ​យល់​ព្រម​ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ មែនហើយ ​ហើយ​កំសាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កំសាន្ដ​ទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង គ្រប់​ទីកន្លែង … ។

« ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក បើ​សិននេះ​ជា​បំណង​នៅក្នុង​ចិត្ត​អ្នក តើ​មាន​អ្វី​ទៅ​ដែល​រារាំង​អ្នក មិន​ឲ្យ​ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​នូ​វព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី​ដល់​ទ្រង់ថា អ្នករាល់គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់​ថា អ្នករាល់គ្នា​នឹង​បម្រើ​ព្រះអង្គ ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ស្រោច​ព្រះវិញ្ញាណ​ទ្រង់ មក​លើ​អ្នក​រាល់គ្នា​យ៉ាង​បរិបូរណ៍ ?

« ហើយ​ឥឡូវ​នេះ កាល​ប្រជាជន​បាន​ឮពាក្យ​ទាំង​នេះ គេ​ក៏​បាន​ទះដៃ​ដោយ​សេចក្ដីអំណរ ហើយ​ស្រែក​ថា ៖ នេះ​ហើយ​ជា​បំណង​នៃ​ចិត្ត​របស់​យើងខ្ញុំ » ។ 3

សេចក្ដី​ថ្លែង​របស់​បងស្រី Young និង ខគម្ពីរ​ទាំងនេះ បណ្ដាល​ឲ្យ​ខ្ញុំ​ពិចារណា​អំពី « កាតព្វកិច្ចទាំងឡាយ » ដែល​យើង​ត្រូវ​ដឹង​ឲ្យ​ពេញ​លេញ​ក្នុង​ជំនាន់​របស់​យើង ។

នៅពេល​យើង​ជ្រមុជទឹក យើង​ចូល​ក្នុង​សេចក្ដី​សញ្ញា​មួយ​ ។ អែលឌើរ រ៉ូបឺត  ឌី ហែល បាន​បង្រៀន​ថា « នៅពេល​យើង​ចុះ និង រក្សា​សេចក្ដីសញ្ញា នោះ​យើង​ចាក​ចេញ​ពី​លោកិយ ហើយ​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះ » ។ 4

យើង​បាន​ផ្លាស់ប្ដូរ ។ យើងមើលខុសគ្នា​ ហើយយើង​ធ្វើទង្វើ​ផ្សេងគ្នា ។ រឿង​ទាំងឡាយ​ដែល​យើង​ស្ដាប់ អាន និង និយាយ​ គឺ​ផ្សេង ហើយ​អ្វី​ដែល​យើង​ស្លៀកពាក់​គឺ​ផ្សេង ដោយ​សារ​យើង​ក្លាយ​ជា​បុត្រី​នៃ​ព្រះ ដែល​ចងភ្ជាប់នឹង​ទ្រង់​ដោយ​សេចក្ដីសញ្ញា ។

នៅ​ពេល​យើង​ទទួលពិធីបញ្ជាក់ យើង​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ជាសិទ្ធិ​ដើម្បី​មាន​ឥទ្ធិពល​នៃ​សមាជិក​នៃ​ក្រុមព្រះ​ដើម្បី​ដឹកនាំ លួងលោមចិត្ត និង​ការពារ​យើង​ជា​ប្រចាំ ។ ទ្រង់​ព្រមាន​យើង នៅពេល​យើង​ត្រូវបាន​ល្បួង​ឲ្យ​ដើរ​ចេញ​ពី​សេចក្ដី​សញ្ញា​យើង​ត្រឡប់​ចូលទៅ​ក្នុង​លោកិយ ។ ប្រធាន ប៊យដ៍  វឃេ ផាកកឺ បង្រៀនថា គ្មាន​យើងណា​ម្នាក់ « នឹង​ធ្វើ​កំហុស​ធ្ងន់ធ្ងរ ដោយ​គ្មាន​ការ​ព្រមាន​ជាមុនពី​ការបណ្ដាល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ » ។ 5

ដើម្បី​ទទួល​អំណោយទាន​នេះ ហើយ​មាន​ព្រះវិញ្ញាណ​​ជានិច្ចគង់​ជាមួយ​យើង​ យើង​ត្រូវ​មានភាព​សក្ដិសម ហើយឈ្លាសវៃ​ក្នុង​ការ​ពិនិត្យ​មើលស្ថានភាព​នៃ​ដួងចិត្ត​យើង ។ តើ​ដួងចិត្ត​របស់​យើង​ទន់ភ្លន់​ឬ​ទេ ? តើ​យើង​មាន​ដួងចិត្ត​រាបសារ ដួងចិត្តងាយប្រដៅ ដួងចិត្ត​ទន់ភ្លន់​ឬទេ ? ឬ​តើ​ដួងចិត្ត​យើង​ចាប់​ផ្ដើម​រឹងរូស​បន្ដិចៗម្ដង នៅពេល​យើងអនុញ្ញាត​ឲ្យ​មាន​សម្លេង​ជាច្រើន​នៃ​ពិភពលោក​មក​រំខាន​យើង​​ពុំ​ស្ដាប់​ការ​បំផុសគំនិត​ដ៏ទន់ភ្លន់ ដែល​កើត​មក​ពី​ព្រះវិញ្ញាណ​ឬទេ ?

នៅពេល​យើង​ជ្រមុជទឹក ដួងចិត្ត​យើង​បាន​ផ្លាស់​ប្ដូរ ហើយ​ភ្ញាក់​ឡើងចំពោះ​ព្រះ ។ នៅ​ក្នុង​ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​យើង នោះ​យើង​ចាំបាច់​ត្រូវ​សួរ​ខ្លួន​យើង​ជា​ទៀងទាត់​ថា « បើ [ ខ្ញុំ ] មាន​បទពិសោធន៍ការ​​ផ្លាស់​ប្ដូរ​ដួងចិត្ត … តើ​ [ ខ្ញុំ ] អាច​ដឹង​ក្នុង​ពេល​នេះឬ​ទេ ? 6 ហើយ​បើ​ពុំ​មាន​ទេ តើ​ហេតុ​អ្វី​ ?

ពួកបរិសុទ្ធ​ជំនាន់ដើម​ជាច្រើន « មានបទពិសោធន៍​នៃ​ការ​ផ្លាស់​ប្ដូរ​ដ៏ធំ​ក្នុងដួងចិត្ត [ របស់​ពួកគេ ] » ។ 7 វា​បាន​រៀបចំ​ពួកគេ​ឲ្យ​ទទួល​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ ដើម្បី​ពង្រឹង​ពួកគេ​ក្នុង​កាតព្វកិច្ច​ពួកគេ ។ ពួកបរិសុទ្ធ​នៅ​ណៅវូជំនាន់មុន​ បាន​ទៅ « ព្រះវិហារបរិសុទ្ធ​ពេញ​មួយថ្ងៃ រហូត​ដល់​យប់ »​ 8 ដើម្បី​ទទួល​ពិធីបរិសុទ្ធ និង​ធ្វើ​សេចក្ដី​សញ្ញា​ មុន​ពេល​ពួកគេ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​ទិស​ខាងលិច ។

Sarah Rich ជា​បងស្រី​សមាគម​សង្គ្រោះ​នៅ ណៅវូ បាន​និយាយ​ដូចនេះ​ថា ៖ « យើង​បាន​ទទួល​ពរជ័យ​ជា​ច្រើន នៅ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ដែល​បាន​បណ្ដាល​ឲ្យ​យើង​អំណរអរ និង លួងលោម​យើង​ក្នុង​ពេល​មាន​ទុក្ខព្រួយ ហើយ​ជួយ​ឲ្យ​យើង​មាន​ជំនឿ​លើ​ព្រះ ដោយ​ដឹង​ថា ព្រះ​នឹង​ដឹកនាំ​ និង គាំទ្រ​យើង​ អំឡុងពេល​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែលពុំ​ស្គាល់ នៅ​ពេល​ខាង​មុខនេះ » ។ 9

​ដោយសារ​ដួងចិត្តបាន​​ផ្លាស់​ប្ដូរ តាមរយៈ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះអង្គសង្គ្រោះ ពួកគេ​ពឹង​ផ្អែក​ទៅ​លើ​​អំណាច​នៃ​ដង្វាយធួន​ទ្រង់ ។ ពួកគេ​បាន​ដាស់រំឭក​ឲ្យ​ធ្វើ​កិច្ចការ ។ ពួកគេ​បាន​ដឹង យ៉ាង​ច្បាស់​ក្នុង​ចិត្ត​ថា មាន​— ព្រះសង្គ្រោះ​— មួយ​អង្គ​ ដែល​យល់​នូវ​ទុក្ខ​លំបាក​ផ្ទាល់​ខ្លួន​ពួកគេ ដោយ​សារ​ទ្រង់​បាន​រងទុក្ខ​សម្រាប់​ពួកគេ​នៅ​សួន​ច្បារ​គេតសេម៉ានី និង នៅ​លើ​ឈើ​ឆ្កាង ។ ទ្រង់​ដឹង​ពីភាពភ័យ​ខ្លាច​ ការ​ឈឺចាប់ និង ភាព​ឯកកោ​របស់ពួកគេ ។ ទ្រង់​បាន​ទទួលរង​នូវភាព​ទុក្ខព្រួយ​ ការ​បៀតបៀន ភាព​ស្រេក​ឃ្លាន ការនឿយហត់ និង ការបាត់​បង់​របស់​ពួកគេ ។ ហើយ​ដោយសារ​តែ​ទ្រង់​បាន​រងទុក្ខ​នូវ​រឿង​ទាំងនេះ ទ្រង់​អាច​មាន​បន្ទូល​ទៅ​គេ​ថា « អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក » ។ 10

ហើយ​ពួកគេក៏​​បាន​មក​ដល់ ។ ​ពួកគេ​បាន​ទុក​ចិត្ត និង ដើរតាម​ព្យាការី ។ ពួកគេ​ដឹង​ថា ការ​ធ្វើ​ដំណើរ​នឹង​យូរអង្វែង ហើយ​ការ​បំពេញ​កាតព្វកិច្ចរបស់​ពួកគេ​នឹង​លំបាក ។ ពួកគេ​ដឹង​ថា នឹង​តម្រូវ​ឲ្យ​មាន​ពលិកម្ម ប៉ុន្តែ​បាន​គាំទ្រ​ដោយ​ក្ដីជំនឿ​ពួកគេ ហើយ​បាន​តោង​ជាប់​នឹង​សេចក្ដី​សញ្ញា​របស់​ពួកគេ នោះ​ពួកគេ​ត្រូវ​បាន​រៀបចំ​ខាង​វិញ្ញាណ ។

មុន​ពេល​ចាក​ចេញ​ពី​ណៅវូ ពួកបរិសុទ្ធ​មួយ​ក្រុម បាន​សរសេរ​សារ​មួយ​នៅ​​​សាល​​ក្នុង​ព្រះវិហារបរិសុទ្ធ​ ដែលពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យបោះបង់ចោល ។​ វា​សរសេរ​ថា « ព្រះអម្ចាស់​បាន​ធ្វើ​ជាសាក្សីអំពី​​ពលិកម្ម​​យើង ៖ សូម​ធ្វើ​តាមគំរូរបស់​យើង ។11

ក្នុង​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ចូលរួម​ក្នុង​ការ​ដើរ​ត្រួសត្រាយផ្លូវ​មួយ ជាមួយ​យុវជន និង យុវនារី​ក្នុង​វួដ​របស់​យើង ។ រាល់​ព្រឹក ខ្ញុំ​បាន​សួរ​ខ្លួន​ឯង « តើ​ពលិកម្ម​របស់​ខ្ញុំ​ជា​អ្វី ? តើ​ខ្ញុំ​អាច​ធ្វើ​តាម​គំរូ​ពួកគេ​ដោយរបៀប​ណា ?

នៅ​ការ​ដើរ​ថ្ងៃ​ទីពីរ យើង​បាន​ទាញ​រទេះរុញ​របស់​យើង ប្រាំបីម៉ែល (13  គ.ម) នៅពេល​យើង​ទៅ​ដល់​កន្លែង​មួយនៅ​តាមផ្លូវ​ដែល​ហៅ​ថា « ការ​ទាញរទេះ​​របស់​ស្ត្រី » ។ បុរស និង ស្ត្រី​ត្រូវ​បំបែកគ្នា ហើយបុរស​ត្រូវ​បញ្ជូន​ឲ្យ​ឡើងទៅ​លើភ្នំមុន ។ នៅពេល​យើងចាប់​ផ្ដើម​ទាញ​រទេះយើង ខ្ញុំ​បានងើប​មុខ​ទៅ​​មើលបងប្អូនបព្វជិតភាពរបស់យើង ទាំងចាស់ ទាំងក្មេង ឈរ​តាម​សង្ខាងផ្លូវ​ ដោះ​មួក​គោរព​ដល់​ស្ត្រី ។

ផ្លូវ​មាន​ភាព​ងាយស្រួល​ពីដំបូង ប៉ុន្តែ​មិន​យូរប៉ុន្មាន យើង​ទៅ​ដល់​កន្លែង​ខ្សាច់​ជ្រៅៗ ហើយ​ភ្នំ​កាន់​តែ​ចោទ ។ ខ្ញុំ​បាន​ឈ្ងោកក្បាល​ចុះ រុញ​ដោយ​អស់​ពី​កម្លាំង ខណៈ​ដែល​ខ្ញុំ​គិត​អំពី​ការ​រុញ​​រទេះ រួច​ក៏​​មើល​ទៅ​ Lexi ជា​យុវនារី​ និង ជា​អ្នក​ជិត​ខាង​យើង ។ នាង​បាន​ទាញ​រទេះ​របស់​នាង​ដល់​កំពូល ពេល​​បាន​ឃើញ​ថា​យើង​ត្រូវ​ការ​ជំនួយ នាង​បាន​រត់​មក​រក​យើង ។ នៅ​ពេល​យើង​ទៅ​ដល់​កំពូល ។ ខ្ញុំ​ចង់រត់​មក​ជួយ​អ្នក​ដែល​នៅ​ពី​ក្រោយ​យើង​ណាស់ ប៉ុន្តែ​ខ្ញុំ​ហត់​ខ្លាំង ហើយ​បេះដូង​ខ្ញុំ​លោត​យ៉ាង​ខ្លាំង នោះ​ពាក្យ​គាំងបេះដូង បាន​ចូល​មក​ក្នុង​គំនិត​ខ្ញុំ​ច្រើន​ដង ! ខ្ញុំ​បាន​មើលដោយ​ការ​ដឹងគុណ​ដល់​យុវនារី​ដទៃទៀត ដែល​បាន​ទុក​រទេះ​រុញ​របស់​ពួកគេ​រត់ទៅ​ជួយ​ ។

នៅពេល​​មនុស្ស​គ្រប់​គ្នា​បាន​ទៅ​ដល់​កំពូល យើង​បាន​ចំណាយ​ពេល​ខ្លះ​​ដើម្បី​កត់​ត្រា​ពី​អារម្មណ៍​យើង​ក្នុង​សៀវភៅកំណត់ហេតុ ។ ខ្ញុំ​បាន​សរសេរ​ថា ៖ « ខ្ញុំ​ពុំ​បាន​រៀបចំ​ខ្លួន​ខាង​រាងកាយ​បាន​ល្អ​គ្រប់​គ្រាន់ទេ ដូច្នេះ​ខ្ញុំ​​គ្មាន​កម្លាំង​ដើម្បី​ជួយ​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្ញុំ​ទេ ។ ខ្ញុំ​អាច​នឹង​ពុំ​ចាំបាច់​ទាញ​រទេះ​ម្ដងទៀត​ទេ ប៉ុន្តែ​ខ្ញុំ​ពុំ​ចង់ទុក​​ឲ្យ​បងប្អូន​ស្ត្រី​ធ្លាក់​ចុះ​ខាង​វិញ្ញាណសោះ​ឡើយ ពុំសោះ​ឡើយ !

វា​គឺ​ជា​បទពិសោធន៍​ពិសិដ្ឋ ដែលបានដាស់ឲ្យ​ខ្ញុំដឹងពេញលេញ​ខាងវិញ្ញាណ​ចំពោះ​កាតព្វកិច្ច ដែល​ខ្ញុំ​មាន​ចំពោះ​គ្រួសារ និង អ្នកដទៃ ។ ក្នុងពេលការធ្វើដំណើរ​របស់​យើង ខ្ញុំ​បាន​នឹកគិត​អំពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន ។

ដំបូង ខ្ញុំ​គិត​អំពី​បងប្អូន​ស្ត្រី​របស់​ខ្ញុំ អ្នកទាំងឡាយ​ដែល​បាន ទាញ និង​អ្នកទាំងឡាយ​ដែល​បន្ត​ទាញ​រទេះរបស់​ពួកគេ​តែ​ម្នាក់​ឯងនៅ​សព្វថ្ងៃ​នេះ ។ មាន​ស្ត្រី​ជិត 20 ភាគ​រយនៃ​ស្ត្រី​​នៅ​ក្នុង​ក្រុម​រទេះ​រុញ​នោះឯកកោ យ៉ាងហោចណាស់​មាន​មួយចំណែក ។ ស្ត្រី​ទាំងនេះ ជាស្ត្រីដែល​ពុំ​ទាន់បានរៀបការ លែងលះគ្នា ឬជាស្ត្រី​មេម៉ាយ ។ ហើយ​មានស្ត្រី​ជាច្រើន​ជា​ម្ដាយទោល ។ 12 ពួកគេ​ទាំងអស់​ធ្វើ​ការ​ជាមួយ​គ្នា — បុត្រី​ក្នុង​សេច​ក្ដី​សញ្ញា ទាំងក្មេង ទាំងចាស់ ស្ថិត​នៅ​ក្នុង​ស្ថានភាព​​​ជីវិត​ផ្សេងៗ​គ្នា ស្ថិត​នៅ​លើ​ផ្លូវ​ និង មាន​គោលដៅ​ដូចគ្នា ។

អ្នកទាំងឡាយ​ដែល​បាន​រត់​ទៅ​ជួយ​ដល់​បងប្អូន​ស្ត្រី​របស់​ពួកគេ ដែល​មាន​តម្រូវការ បាន​រំឭក​ខ្ញុំ​អំពីអ្នក​ជួយសង្គ្រោះ ទាំង​អ្នក​ដែល​មើល​ឃើញ និង អ្នកដែលមើលមិនឃើញ ដែល​រហ័សនឹង​សង្កេត មើលឃើញ​ពី​តម្រូវការ ហើយ​ធ្វើ​សកម្មភាព ។

ខ្ញុំ​បាន​គិត​អំពី​បន្ទូល​របស់​ព្រះអម្ចាស់​ថា ៖ « ត្បិត​យើង​នឹង​ទៅ​ពី​មុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅ​ក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួកទេវតា​របស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ។ 13

អ្នក​ឈរ​តាម​សង្ខាង​ផ្លូវ គឺ​ជា​បុរស​ស្មោះត្រង់ គោរពប្រតិបត្តិ និង ជា​បុរស​រក្សា​សេចក្ដី​សញ្ញា ។ អំណាច​បព្វជិតភាព​របស់ពួកគេ— ជាអំណាច​ ដែលព្រះ​ប្រើ​ដើម្បី​ប្រទាន​ពរ​ដល់​កូនចៅ​របស់​ទ្រង់ទាំងអស់— ដើម្បី​បំផុសគំនិត ពង្រឹង និង គាំទ្រ​យើង ។ បុរស​ទាំងនេះ គឺ​ជាការ​រំឭកមួយថា យើង​ពុំ​នៅ​ឯកកោ​ទេ ។ យើង​អាច​មាន​អំណាច​នេះ​នៅ​ជាមួយ​យើងជានិច្ច នៅ​ពេល​យើង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ។

ខ្ញុំ​បាន​គិត​អំពី​បុរស​ដែល​បាន​បែក​គ្នា​ពីគ្រួសារ ទុក​ឲ្យ​ពួកគេ​នៅ​រុញរទេះ​តែឯង​មួយរយៈពេល ។ មានបុរសជាច្រើន​បាន​ស្លាប់​តាម​ផ្លូវ ។ កូនប្រុស​មួយចំនួន ត្រូវ​នៅ​ដើម្បី​បម្រើ​បេសកកម្ម នៅ​ក្នុង​ទឹកដីកំណើត​ពួកគេ ។ អ្នក​ខ្លះ​បាន​ទៅ​មុន​ក្នុង​ក្រុម​មុន ដើម្បី​រៀបចំ​សម្រាប់​ការ​មក​ដល់​របស់​គ្រួសារ​គេ​នៅ​ជ្រលងភ្នំ​សលត៌ លេក ។ បុរស​ខ្លះ អវត្តមាន​ដោយពួកគេ​ជ្រើសរើស​ពុំ​រក្សា​សេចក្ដី​សញ្ញា​របស់ពួកគេ ។

ដូចជា​អ្នកដែល​បាន​ទៅ​មុន មាន​មនុស្ស​ជាច្រើន​នៅ​ថ្ងៃ​នេះ រស់​នៅ​ក្នុង​ស្ថានភាព​ដែលមិន​ល្អ ។ យើង​បន្ដ​បង្រៀន និង ព្យាយាមឲ្យ​បាន​ល្អ ដោយ​សារ​យើង​ដឹង​ថា ការ​ព្យាយាម​ជាបន្ដ​បន្ទាប់ នឹង​ជួយ​យើងឲ្យ​​រីកចម្រើន​នៅ​តាម​ផ្លូវ ហើយ​រៀបចំ​យើង​សម្រាប់​ឱកាស​ ដើម្បី​ទទួល​រាល់​ពរជ័យ​ដែល​បាន​សន្យាទាំងអស់ ខណៈ​ដែល​យើង « សង្ឃឹម​ដល់​ព្រះយេហូវ៉ា » ។ 14

យើង​ម្នាក់ៗ​មាន ហើយ​នឹង​បន្ដ​មាន​ភាព​មិនអនុគ្រោះ នៅ​ក្នុង​ជីវិត​របស់​យើង ។ ជីវិត​រមែង​ស្លាប់​នេះ គឺ​ជា​គ្រា​សាកល្បង ហើយ​យើង​នឹង​បន្ដ​មានឱកាស​ដើម្បី​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង ជ្រើសរើស​អ្វី​ដែល​យើង​នឹង​រៀន​មកពី​ភាព​មិនអនុគ្រោះ ដែល​នឹង​មក​នោះ ។

ក្នុង​នាម​ជា​បុត្រី​នៃ​ព្រះ យើង​បន្ដ​នៅ​លើ​ផ្លូវ​នៃ​ក្ដី​ជំនឿ ដោយ​សារ​តែ​យើង​ទទួល​ស្គាល់ ដូចជា​ប្រធាន ថូម៉ាស  អេស. ​ម៉នសុន បាន​បង្រៀន « ពិធីបរិសុទ្ធ​ជួយសង្គ្រោះ ដែល​បាន​ទទួល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​នៅ​ថ្ងៃមួយក្នុង​ទំនាក់ទំនង​គ្រួសារ​ដ៏អស់កល្ប និង ត្រូវ​បាន​ប្រទានពរជ័យ និង អំណាច​មក​ពី​ស្ថានលើ គឺ​វា​មាន​តម្លៃ​គ្រប់​ការ​ពលិកម្ម និង កិច្ចខិតខំទាំងអស់ » ។ 15

វាមិន​គ្រប់​​គ្រាន់ទេ ដែល​គ្រាន់តែ​​ធ្វើ​ដំណើរ​នោះ​ យើង​ត្រូវ​ដឹងពេញ​លេញ​នូវ​កាតព្វកិច្ច​របស់​យើង ហើយ​បន្ដ​មាន​ជំនឿ នៅពេល​យើងត្រូវ​ការលួងលោមចិត្ត កម្លាំង សមត្ថភាព និង អំណាច​ការព្យាបាល​នៃ​ដង្វាយ​ធួន ។

បងប្អូន​ស្ត្រី ខ្ញុំ​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​ពុំ​ស្គាល់​អ្នក​រាល់គ្នា​ជាច្រើន​ផ្ទាល់​ទេ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ថាអ្នក​ជា​នរណា​! យើង​ជា​បុត្រី​រក្សា​សេចក្ដីសញ្ញា​ក្នុង​នគរ​ទ្រង់ ហើយ​បាន​ទទួល​អំណាច​​តាមរយៈ​សេចក្ដី​សញ្ញា​របស់​យើង យើង​ត្រូវ​បាន​រៀបចំ​ឲ្យ​ធ្វើ​កាតព្វកិច្ច​យើង ។

សមាគម​សង្គ្រោះ រៀបចំ​ស្ត្រី​សម្រាប់​ពរជ័យ​នៃ​ជីវិត​អស់កល្ប តាមរយៈ​​ការ​ដាស់​ខាង​វិញ្ញាណ​យើង​ឲ្យ​ចម្រើន​សេចក្ដី​ជំនឿ និង ភាព​សុចរិត​ផ្ទាល់​ខ្លួន ។ ចូរ​យើង​ចាប់​ផ្ដើម​ពី​ខ្លួន​យើង ។ ចូរ​យើង​ចាប់​ផ្ដើមពីខ្លួន​យើង ។ ចូរ​យើង​ចាប់ផ្ដើម​នៅ​ថ្ងៃ​នេះ ។ នៅពេល​យើង​ត្រូវ​បាន​ដាស់​ខាង​វិញ្ញាណ នោះ​យើង​នឹង​អាច​ពង្រឹង​គ្រួសារ និង គេហដ្ឋាន​របស់​យើង ហើយ​ជួយ​អ្នក​ដទៃ​បាន​កាន់​តែ​ល្អ ។

នេះ​គឺ​ជាកិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ហើយ​អំណាច​នៃ​ការ​ពង្រឹង និង អំណាចធ្វើ​ឲ្យ​កើត​មាន​នៃ​ដង្វាយធួន ធ្វើ​ឲ្យ​អ្វីៗ​អាច​ធ្វើ​ទៅ​បាន ។ ចូរ​ដឹង​ដោយពេញ​លេញ​ថា​យើង​ជា​នរណា ។ យើង​ជា​បុត្រី​របស់​ព្រះវរបិតាសួគ៌​យើង ដែល​ស្រឡាញ់​យើង ។ ខ្ញុំ​ថ្លែង​ពី​កិច្ចការនេះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ អាម៉ែន ។

Show References

    កំណត់ចំណាំ

  1.  

    1 Zina D. Young, នៅ​ក្នុង វWoman’s Exponent, ថ្ងៃ​ទី 15 ខែ​តុលា ឆ្នាំ 1877, 74 ។

  2.  

    2  រ៉ូម 13:11–12  ។

  3.  

    3  ម៉ូសាយ 18:8–11  ។

  4.  

    4 រ៉ូបឺត  ឌី ហែល « Modesty: Reverence for the Lord » Liahona ខែសីហា ឆ្នាំ 2008, 21; Ensign ខែ​សីហា ឆ្នាំ 2008, 36 ។

  5.  

    5 ប៊យដ៍  ឃេ ផាកកឺ « How to Survive in Enemy Territory » លីអាហូណា ខែ តុលា ឆ្នាំ 2012, 35; New Era , ថ្ងៃ​ទី 3 ខែ​មេសា ឆ្នាំ 2012, 3

  6.  

    6  អាលម៉ា 5:26  ។

  7.  

    7  អាលម៉ា 5:14  ។

  8.  

    8  Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ 2011 ), 29 ។

  9.  

    9 Sarah Rich នៅ​ក្នុង​ Daughters in My Kingdom, 30 , 30 ។

  10.  

    10  ម៉ាថាយ 11:28  ។

  11.  

    11 នៅ​ក្នុង Daughters in My Kingdom 30 ។

  12.  

    12 ការសិក្សា​បាន​ធ្វើ​ឡើង ដោយ Jolene  S. Allphin, មកពីរឿង និង បញ្ជីក្រុមហ៊ុន សូមមើល នៅក្នុងTell My Story, Too 8th ed. ( ឆ្នាំ 2012 ) ។

  13.  

    13  គោលលទ្ធិ និង សេចក្ដី​សញ្ញា 84:88  ។

  14.  

    14  អេសាយ 40:31  ។

  15.  

    15 ថូម៉ាស  អេស ម៉នសុន « The Holy Temple—a Beacon to the World » Liahona និង Ensign , ខែ​ឧសភា ឆ្នាំ 2011, 92 ។