យើងគប្បីនឹងបោះបង់អំពើបាបទាំងអស់ របស់យើង ទាំងធំ ទាំងតូច សម្រាប់រង្វាន់នៃជីវិតដ៏អស់កល្បរបស់ព្រះវរបិតា។
គ្រាមួយនោះ ព្រះអង្គសង្គ្រោះបានសួរពួកសិស្សរបស់ទ្រង់នូវសំណួរនេះថា៖ « តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ? » 1
នេះគឺជាសំណួរមួយដែលឪពុកខ្ញុំបានបង្រៀនខ្ញុំ ឲ្យចេះគិតគូរយ៉ាងប្រិតប្រៀងច្រើនឆ្នាំកន្លងមកហើយ ។ ពេលខ្ញុំធំឡើង ឪពុកម្តាយខ្ញុំបានប្រគល់ការងារក្នុងផ្ទះដល់ខ្ញុំ ហើយបង់ជាប្រាក់ កាសបន្តិចបន្តួចសម្រាប់កិច្ចការនោះ។ ជាញយៗ ខ្ញុំបានប្រើប្រាស់លុយនោះ មានចំនួនលើសពី 50 សេនមួយសប្តាហ៍ ដើម្បីនឹងទៅមើលកុន។ ក្នុងសម័យនោះ សំបុត្រកុនមានតម្លៃ 25 សេនសម្រាប់ ក្មេងអាយុ 11 ឆ្នាំ។ គឺមាន 25 សេនទៀតដើម្បីនឹងចំណាយទិញស្ករ ដែលមួយដុំ មានតម្លៃ 5 សេន ។ វាគ្មានអ្វីល្អប្រសើរជាងមើលកុនញ៉ាំស្ករប្រាំដុំនោះទេ !
អ្វីៗទាំងអស់នៅពេលនោះគឺល្អក្រៃលែង រហូតដល់ខ្ញុំមានអាយុ 12 ឆ្នាំ ។ ការឈរតម្រាបជួរនៅ ថ្ងៃរសៀលមួយ ខ្ញុំបានដឹងថាតម្លៃសំបុត្រសម្រាប់ក្មេងអាយុ 12 ឆ្នាំគឺ 35 សេន នោះមានន័យ ថា ទិញបានតែស្ករបីដុំប៉ុណ្ណោះ។ ដោយមិនទាន់ត្រៀមខ្លួនសម្រាប់ការលះបង់នោះ ខ្ញុំបានគិតក្នុងចិត្តថា៖ «ខ្ញុំមើលទៅនៅដដែល ដូចជាសប្តាហ៍មុនដែរ ។» នោះខ្ញុំបានដើរទៅបង្អួច សុំទិញសំបុត្រតម្លៃ 25 សេន។ អ្នកគិតលុយមិនបានរុញរា ហើយខ្ញុំទិញបានស្ករប្រាំដុំ ពុំមែនស្ករបីដុំឡើយ។
ដោយរីករាយនឹងទង្វើខ្ញុំ ក្រោយមកខ្ញុំបានរត់ត្រឡប់ទៅផ្ទះវិញ ដើម្បីនឹងប្រាប់ឪពុកខ្ញុំអំពី ការចំណេញនោះ ។ ពេលខ្ញុំបានប្រាប់គាត់រឿងលំអិតហើយ គាត់មិនបាននិយាយអ្វីសោះ។ ពេលខ្ញុំនិយាយចប់ហើយ គាត់គ្រាន់តែសម្លឹងមកខ្ញុំ ហើយនិយាយថា «កូនប្រុសអើយ តើកូននឹងសុខ ចិត្តលក់ព្រលឹងកូនសម្រាប់ដប់សេនឬ ? » ពាក្យសំដីរបស់គាត់បានចាក់ទម្លុះបេះដូង របស់ក្មេងប្រុសអាយុ 12 ឆ្នាំ ។ វាគឺជាមេរៀនដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។
ជាច្រើនឆ្នាំក្រោយមក ខ្ញុំឃើញថា ខ្ញុំមានសំណួរដដែលនេះ ទៅកាន់អ្នកកាន់បព្វជិតភាពមិលគីស្សាដែកពុំសូវសកម្មម្នាក់ ។ គាត់គឺជាបុរសដ៏ល្អម្នាក់ដែលស្រឡាញ់ក្រុមគ្រួសារ ។ ប៉ុន្តែគាត់ខានទៅព្រះវិហារជាច្រើនឆ្នាំមកហើយ ។ គាត់មានកូនប្រុសដែលមានទេពកោសល្យ ដែល ធ្វើដំណើរជាមួយនឹងក្រុមកីឡាដ៏ឆ្នើមមួយក្រុម ដែលហាត់សម និង ប្រកួតនៅថ្ងៃអាទិត្យ។ ក្រុមនោះបានប្រកួតឈ្នះចំណាត់ថ្នាក់ជើងឯកជាច្រើន។ ពេលយើងបានជួបគ្នា ខ្ញុំបានរំឭកគាត់ថា អ្នកជាអ្នកកាន់បព្វជិតភាពម្នាក់ ដោយបានសន្យាថា បើគាត់នឹងបំពេញតាមសម្បថ និង សេចក្តីសញ្ញានៃបព្វជិតភាពរបស់គាត់ នោះគាត់នឹងទទួលនូវ « អ្វីៗទាំងអស់ដែលព្រះវរបិតាមាន » ។ 2 រួចខ្ញុំបានសួរគាត់ថា « តើការប្រកួតឈ្នះរង្វាន់ជើងឯកជាតិមានតម្លៃជាងអ្វីៗទាំងអស់ដែលព្រះវរបិតាយើងមានឬ? » គាត់បាននិយាយដោយទន់ភ្លន់ថា « ខ្ញុំយល់ពីន័យរបស់អ្នក » ហើយបានធ្វើការណាត់ជួបជាមួយប៊ីស្សពរបស់គាត់។
សព្វថ្ងៃនេះ យើងងាយស្រួលនឹងត្រូវទាក់ទាញដោយសម្លេងលោកិយ—ថ្វីបើយើងមាន ចេតនាត្រឹមត្រូវក៏ដោយ។ លោកិយជម្រុញយើង «ឲ្យ [សម្លឹងមើល] ហួសពីការពិត » ។ 3 មានមនុស្ស ម្នាក់បានសួរខ្ញុំថ្មីៗនេះថា « បើគ្រាន់តែផឹកស្រាជាបញ្ហាដែរឬ ? » តើអ្នកអាចមើលឃើញសំណួរ របស់បច្ឆាមិត្រឬទេ ? កាអ៊ីនបានសួរថា៖ « តើព្រះអម្ចាស់ជានរណាទៅ ដែលគួរឲ្យខ្ញុំស្គាល់ទ្រង់ ?» 4 រួចគាត់បានបាត់បង់ព្រលឹងខ្លួន ។ ដោយការដោះសារនូវអំពើបាបតូចតាចរបស់យើង នោះ សាតាំងមានជ័យជំនះ។ ដោយសារទឹកដោះគោមួយកែវ 5 ឈ្មោះសរសេរមិនត្រូវ 6 ស៊ុបខ្ចាត់ខ្ចាយ 7 នោះច្បាប់នៃកូនច្បង និង មរតកត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិ។
ពេលយើងគិតអំពីកាក់ដប់សេន ឬការប្រកួតឈ្នះជើងឯកជាតិ អាចផ្លាស់ប្តូរជីវិតរបស់យើង យើងអាចមានលេសសម្រាប់សកម្មភាពរបស់យើង ដូចជាកាអ៊ីន ឬក៏យើងត្រូវចុះចូលតាមឆន្ទៈរបស់ព្រះអម្ចាស់។ សំណួរដែលយើងត្រូវគិត គឺថាតើយើងកំពុងធ្វើអ្វីដែលត្រូវការកែរសម្រួល ដោយសារតែយើងតែងតែមាន ឬក៏អត់ ។ ផ្ទុយទៅវិញ សំណួរដែលយើងគួរសួរគឺថា តើយើងនឹង «រួញខ្លាច » ឬក៏ត្រូវ «សំរេច» នូវការហៅចំពោះព្រលឹងរបស់យើង ឲ្យធ្វើតាមឆន្ទៈរបស់ព្រះវរបិតាសួគ៌ឬ ? 8
ព្រះអម្ចាស់ស្រឡាញ់ភាពសុចរិតរបស់យើង ប៉ុន្តែអញ្ជើញយើងឲ្យបន្ដប្រែចិត្ត និង ចុះចូល ។ នៅក្នុងព្រះគម្ពីរប៊ីប យើងអានថា បុរសអ្នកមានម្នាក់ដែលរក្សាបទបញ្ញត្តិបានលុត ជង្គង់ចំពោះព្រះអង្គសង្គ្រោះ សួរថា តើគាត់ត្រូវធ្វើដូចម្តេចដើម្បីឲ្យបានជីវិតដ៏អស់កល្បជានិច្ច។ គាត់បានចេញទៅដោយចិត្តសោកសៅ នៅពេលព្រះអង្គសង្គ្រោះបានមានបន្ទូលថា « អ្នកខ្វះ កិច្ចការមួយទៀត… គឺត្រូវលក់របស់ទ្រព្យសម្បត្តិអ្នកទាំងប៉ុន្មាន » ។ 9
ផ្ទុយទៅវិញ មានអ្នកមានសម្បត្តិខាងលោកិយម្នាក់ គឺជាស្តេចពេញមួយដែនដីសាសន៍លេមិន ជា ឪពុករបស់ឡាម៉ូណៃ ដែលបានមានសំណួរដដែលនេះ អំពីជីវិតដ៏អស់កល្ប ដោយមានបន្ទូលថា៖ «តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចបានកើតពីព្រះ ដោយដកយកវិញ្ញាណអាក្រក់នេះ ចេញពីទ្រូងយើង ហើយទទួល យកព្រះវិញ្ញាណរបស់ទ្រង់ [?] ... យើងនឹងបោះបង់ចោលនូវអ្វីៗទាំងអស់ ដែលយើងមាន ដើម្បីឲ្យយើងអាចបានទទួលសេចក្តីអំណរដ៏ធំនេះ។» 10
តើអ្នកចាំអំពីការឆ្លើយតប ដែលព្រះអម្ចាស់បានប្រទានដល់សេ្តច តាមរយៈអ្នកបំរើទ្រង់ អើរ៉ុនឬទេ? «បើសិនជាទ្រង់ប្រែចិត្តពីអំពើបាបទាំងអស់របស់ទ្រង់ ហើយក្រាបចំពោះព្រះ ហើយអំពាវនាវដល់ព្រះនាមទ្រង់ដោយនូវសេចក្តីជំនឿ ដោយជឿថា ទ្រង់នឹងទទួល ពេលនោះទ្រង់នឹងទទួលនូវសេចក្តីសង្ឃឹម ដែលទ្រង់ប៉ងប្រាថ្នា » ។ 11
នៅពេលស្តេចបានយល់អំពីពលិកម្មដែលតម្រូវពីទ្រង់ ទ្រង់បានបន្ទាបខ្លួន ហើយដួលទៅលើដី ហើយបានអធិស្ឋានថា « ឱព្រះអង្គអើយ… ទូលបង្គំនឹងបោះបង់ចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ ដើម្បីឲ្យស្គាល់ទ្រង់» ។ 12
នេះគឺជាការប្តូរដែលព្រះអង្គសង្គ្រោះកំពុងតែសុំអំពីយើង ៖ យើងគប្បីនឹងបោះបង់អំពើបាបទាំងអស់ របស់យើង ទាំងធំ ទាំងតូច សម្រាប់រង្វាន់នៃជីវិតដ៏អស់កល្បរបស់ព្រះវរបិតា។ យើងគប្បីបំភ្លេចនូវរឿងដោះសារខ្លួន ពាក្យដោះសារ ពាក្យរកហេតុផល វិធីសាស្ត្រទប់ទល់ ការពន្យាពេល អាការៈខាងក្រៅ មោទនភាពផ្ទាល់ខ្លួន គំនិតវិនិច្ឆ័យអ្នកដទៃ និង ការប្រព្រឹត្តតាមទំនើងចិត្តយើង ។ យើងគប្បីញែកខ្លួនយើង ចេញពីភាពនៃលោកីយ ហើយទទួលព្រះភ័ក្ត្ររបស់ទ្រង់ ។13
បងប្អូនប្រុសស្រី សូមចាំថា សំណូមពរនេះ គឺមានហួសពីការណ៍គ្រាន់តែកុំឲ្យធ្វើអ្វីៗ ដែលអាក្រក់ទៅទៀត។ ពេលតទល់នឹងសត្រូវ យើងត្រូវតែបញ្ចេញសកម្មភាព ហើយកុំអង្គុយ « នៅក្នុងសភាពទ្រឹងខ្វះការគិត » ឡើយ។ 14 ការទទួលព្រះភ័ក្ត្ររបស់ទ្រង់ មានន័យថា ការបម្រើគ្នាទៅវិញទៅមក។ វាមានជាអំពើបាបនៃការធ្វើខុស និង អំពើបាបនៃការព្រងើយកន្តើយ ហើយយើងត្រូវចៀសវាងពីអំពើបាបទាំងពីរនេះ។
នៅពេលកំពុងតែបម្រើជាប្រធានបេសកកម្មនៅអាហ្វ្រិក ខ្ញុំបានបង្រៀនពីការពិតដ៏ធំនេះជាប់ជានិច្ច ។ ខ្ញុំចេញដំណើរទៅការប្រជុំមួយ នៅពេលខ្ញុំបានឃើញក្មេងប្រុសតូចមួយតែម្នាក់ឯង កំពុងយំយ៉ាងខ្លាំងនៅចញ្ចើមថ្នល់ម្ខាង។ សម្លេងក្នុងខ្លួនខ្ញុំមួយ បានបន្លឺថា «ឈប់សិន សូមទៅជួយក្មេងប្រុសនោះ។» បន្ទាប់ពីបានឮសម្លេងនោះភ្លាម ខ្ញុំបានមានការដោះសារមួយថា៖ « អ្នកមិនអាចឈប់បានទេ។ អ្នកនឹងយឺតពេល។ អ្នកគឺជាអ្នកដឹកនាំជាអធិបតី ហើយមិនអាចដើរចូលការប្រជុំដោយយឺតយ៉ាវបានឡើយ។»
ពេលបានទៅដល់ទីប្រជុំ ខ្ញុំបានឮសម្លេងដដែលម្តងទៀតថា « ទៅជួយក្មេងប្រុសនោះ » ខ្ញុំបាន ប្រគល់កូនសោរឡានរបស់ខ្ញុំទៅសមាជិកសាសនាចក្រ ឈ្មោះ អាហ្វាស៊ី ហើយបានប្រាប់គាត់ឲ្យយកក្មេងប្រុសមកឯខ្ញុំ ។ 20 នាទីក្រោយមក ខ្ញុំដឹងថាមានគេបានទះស្មារបស់ខ្ញុំ។ ក្មេងប្រុសនោះឈរនៅ ខាងក្រៅ។
គាត់មានអាយុប្រហែលជា 10 ឆ្នាំ។ យើងបានដឹងថា ឪពុកគាត់បានស្លាប់ ឯម្តាយ គាត់នៅក្នុងគុក។ គាត់បានរស់នៅលើពំនូកសម្រាមនៅ អាក្រា ជាមួយនឹងអ្នកអាណាព្យាបាល ដែលផ្តល់អាហារ និង ទីកន្លែងដល់គាត់គេង ។ ដើម្បីទទួលជម្រកគាត់ គាត់ត្រូវតែដើរលក់ត្រីងៀត តាមថ្នល់។ នៅពេលគាត់បានស្រែកដើរលក់តាមថ្នល់ ហើយបានលូកទៅក្នុងហោប៉ៅ ហើយបានដឹងថាហោប៉ៅរហែក។ គាត់បានបាត់ប្រាក់អស់ហើយ។ អាហ្វាស៊ី និងខ្ញុំបានដឹងភ្លាម ថាបើគាត់ត្រឡប់ទៅវិញដោយគ្មានប្រាក់ គេនឹងចោទថា គាត់ជាមនុស្សកុហក គេនឹងវាយគាត់ រួចហើយនឹងបណ្តេញចេញទៅតាមថ្នល់។ ដំបូងពេលខ្ញុំបានឃើញក្មេងនោះ គាត់ស្ថិតនៅក្នុងសភាពភ័យណាស់ ។ យើងបានធ្វើឲ្យគាត់បាត់ភ័យ ដោយឲ្យប្រាក់ស្មើនឹងអ្វីដែលគាត់បាត់ ហើយបានយកគាត់ទៅផ្ទះ អ្នកអាណាព្យាបាលរបស់គាត់វិញ។
នៅពេលខ្ញុំត្រឡប់ទៅផ្ទះយប់នោះ ខ្ញុំបានដឹងនូវការពិតដ៏ធំពីរ។ ដំបូងខ្ញុំបានដឹងថា ព្រះអម្ចាស់បានយកចិត្តទុកដាក់នឹងយើងម្នាក់ៗដូចកាលពីមុន ហើយមិនបំភ្លេចយើងឡើយ ទីពីរខ្ញុំដឹងថា យើងត្រូវតែស្ដាប់សម្លេងនៃព្រះវិញ្ញាណនៅក្នុងខ្លួនយើង ហើយទៅ « ត្រង់ » 15 ទៅកន្លែងណាដែលនាំយើងទៅ ដោយមិនគិតអំពីភាពភ័យខ្លាច ឬ ភាពមិនសុខស្រួលរបស់យើង ។
ថ្ងៃមួយ ពួកសិស្សបានសួរព្រះអង្គសង្គ្រោះថា តើនរណាធំជាងគេនៅក្នុងនគរស្ថានសួគ៌។ ទ្រង់មានបន្ទូលប្រាប់ពួកគេឲ្យប្រែចិត្ត បន្ទាបខ្លួន ហើយក្លាយដូចជាកូនតូចៗ។ នោះទ្រង់មានបន្ទូលថា « ដ្បិតកូនមនុស្សបានមក ដើម្បីនឹងជួយសង្គ្រោះអ្នកណាដែលវង្វេងបាត់បង់ » ។ 16 ជាមួយនឹងប្រយោគមួយនោះ ទ្រង់បានផ្តល់ជាអត្ថន័យដល់បេសកកម្មយើង។ យើងគប្បីចេញទៅជួយស្រោចស្រង់ អ្នកវង្វេង អ្នកដែលមិនសូវសំខាន់ និង អ្នកតូចបំផុត ។ វាមិនគ្រប់គ្រាន់ទេ ដែលចៀសវាង តែពីអំពើអាក្រក់ យើងត្រូវតែ « លីឈើឆ្កាង » 17 និង « ឧស្សាហ៍ចូលរួម » 18 ជួយដល់អ្នកដទៃដើម្បីផ្លាស់ប្រែចិត្តជឿ ។ ដោយក្ដីមេត្តា និងក្ដីស្រឡាញ់ដែលយើងឱបក្រសោបដល់កូនខ្ជះខ្ជាយ 19 ឆ្លើយតបចំពោះសម្រែកនៃមនុស្សកំព្រាស្លន់ស្លោរ និងការទទូចអង្វរនៃ អស់អ្នកដែលស្ថិតក្នុងទីងងឹត និង ការអស់សង្ឃឹម 20 ហើយនឹងទុក្ខព្រួយនៃគ្រួសារដែលខ្វះខាត ។ « សាតាំងមិនចាំបាច់ ទាក់ទាញ មនុស្សគ្រប់រូប ដូចជា កាអ៊ីន និង យូដាសឡើយ... » អែលឌើរ នែល អេ ម៉ាក់ស្វែល បាននិយាយ « វា គ្រាន់តែត្រូវការទាក់ទាញបុរសដែលមានសមត្ថភាព ឲ្យមើលឃើញខ្លួនគេថា ជាអ្នកមានអព្យាក្រិត្យប៉ុណ្ណោះ » ។ 21
បន្ទាប់ពីសន្និសីទស្ដេកថ្មីៗនេះ មានយុវជនវ័យក្មេងម្នាក់បានមករកខ្ញុំ ហើយបានសួរថា « តើព្រះស្រឡាញ់ខ្ញុំទេ ? » សូមឲ្យជីវិតនៃការបម្រើរបស់យើង តែងតែបញ្ជាក់ថា ព្រះពុំបោះបង់ចោលនរណាម្នាក់ទេ ។
ចំពោះសំណួរដែលថា «តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ? » សាតាំងចង់ឲ្យយើង លក់ជីវិតយើង សម្រាប់ដុំស្ករ និង ជើងឯកក្នុងពិភពលោកនេះ។ ទោះជាយ៉ាងណា ព្រះអង្គសង្គ្រោះដង្ហោយហៅយើង ដោយគ្មានផ្ដល់រង្វាន់ខាងលោកិយ ឲ្យយើងប្តូរអំពើបាប រួចទទួលមកលើខ្លួនយើងនូវព្រះភក្ត្ររបស់ទ្រង់ ហើយជួយដល់អស់អ្នកដែលស្ថិតនៅជុំវិញយើងធ្វើដូចគ្នា ។ អាស្រ័យហេតុនេះ យើងអាច ទទួលអ្វីៗទាំងអស់ដែលព្រះទ្រង់មាន ដែលយើងត្រូវបានប្រាប់ថា គឺធំជាងទ្រព្យសម្បត្តិរួមទាំងអស់ នៃផែនដីនេះ។ 22 តើអ្នកអាចស្រម៉ៃគិតដល់ឬទេ?
ថ្មីៗនេះ នៅក្នុងការធ្វើដំណើរទៅប្រទេស នីការ៉ាហ្គ័រ ខ្ញុំបានសម្គាល់ឃើញស្លាកមួយនៅក្នុងផ្ទះ នៃក្រុមគ្រួសារក្រខ្សត់មួយដែលយើងបានទៅជួប។ ស្លាកនោះសរសេរថា «ទីបន្ទាល់ខ្ញុំ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ខ្ញុំ » ។ ខ្ញុំមានទីបន្ទាល់នោះ ទីបន្ទាល់របស់ខ្ញុំ គឺជាទ្រព្យនៃព្រលឹងខ្ញុំ ហើយនៅក្នុងសុចរិតភាពនៃដួងចិត្តខ្ញុំ ខ្ញុំសូមទុកនូវសាក្សីខ្ញុំថា នេះជាសាសនាចក្រពិតរបស់ព្រះ ថាព្រះសង្គ្រោះឈរជាសិរសានៃ សាសនាចក្រនេះ ហើយដឹកនាំតាមរយៈព្យាការីជម្រើសរបស់ទ្រង់។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវ គ្រីស្ទ អាម៉ែន។
Show References
-
1. ម៉ាថាយ 16:26។
-
3. យ៉ាកុប 4:14។
-
4. ម៉ូសេ 5:16។
-
5. ទឹកដោះគោមួយដប និងក្រេមមានជីវជាតិខាងលើរបស់វា ស្ថិតនៅក្នុងមូលដ្ឋាននៃការឈ្លោះប្រកែក រវាងភរិយារបស់ ថូម៉ាស ប៊ី ម៉ាស និង អ្នកស្រី ហារីស ដែលយល់ព្រមនឹងដាក់បញ្ចូលធនធានជា មួយគ្នាហើយធ្វើឈីស។ នៅពេលអ្នកស្រី ហារីស បានឃើញថាអ្នកស្រី ម៉ាស មិនបាន រាប់បញ្ចូលនូវក្រែមមានជីវជាតិខាងលើ ជាមួយនឹងទឹកដោះគោ ប៉ុន្តែបានយកទុកខម្រាប់ខ្លួនគាត់ អ្នក ស្រី ហារីស បានពន្យល់ ហើយពួកស្ត្រីបានឈ្លោះគ្នា។ ថូម៉ាស ម៉ាស បានយករឿងនេះទៅប្រាប់ ប៊ីសប ដេលបានកាន់ជើងជាមួយនឹងអ្នកស្រី ហារីស ។ រឿងនេះបានយកពីមុខប៊ីសប ទៅក្រុមប្រឹក្សា ជាន់ខ្ពស់ រហូតដល់គណៈប្រធានទីមួយ គេទាំងអស់គ្នាបានយល់ជំទាស់នឹងអ្នកស្រី ម៉ាស ។ នេះ បង្កើតជាទំនាស់រវាង ថូម៉ាស ម៉ាស និងបងប្អូនប្រុសៗ។ មិនយូរក្រោយមក ថូម៉ាស ម៉ាស បាន ថ្លែងទីបន្ទាល់នៅពីមុខអង្គចៅក្រមរដ្ឋមីសួរី ថាពួកមរមនជាសត្រូវនៃរដ្ឋមីសួរី។ (សូមមើល George A. Smith, « Discourse » Deseret News, ថ្ងៃទី 16 ខែ មេសា ឆ្នាំ 1856, 44 ) ។
-
6. នៅពេលព្យាការីយ៉ូសែប ស្ម៊ីធបានចេញនូវការហៅទៅ ស៊ីម៉ូនស៍ រៃឌើរ ឲ្យបម្រើជាអ្នកផ្សាយសាសនា ម្នាក់ រៃឌើរ បានរកឃើញថាឈ្មោះរបស់គាត់សរសេរថា « រៃឌើរ » នៅក្នុងវិវរណៈដែលបានបោះពុម្ភ ចេញផ្សាយ។ គាត់បានតូចចិត្ត ហើយនេះបាននាំទៅឯការក្បត់សាសនារបស់គាត់ ហើយនិងការចូលរួមដោយយថាហេតុ ក្នុងការចាក់កៅស៊ូនិងចាក់ស្លាបសត្វលើព្យាការី។ រៃឌើរ មិនបានដឹងថាយ៉ូសែប ស្ម៊ីធបង្គាប់ស្មៀនរបស់គាត់ឲ្យសរសេរ ហើយគ្មានចំណែកនឹងការសរសេរឡើយ។ (សូមមើល Milton V. Backman Jr., The Heavens Resound: A History of the Latter-day Saints in Ohio, 1830–1838 [ 1983 ], 93–94; Donald Q. Cannon និង Lyndon W. Cook, eds., Far West Record: Minutes of The Church of Jesus Christ of Latter-day Saints, 1830–1844 [1983], ទំព័រ 286.)
-
7. នៅក្នុងលោកុប្បត្តិ ជំពូក 25 យើងរៀនថាអេសាវបានលក់ច្បាប់បងច្បងរបស់ខ្លួនទៅយ៉ាកុប សម្រាប់ សម្ល « នំប៉័ង និងសម្លសណ្ដែក » (ខ 34) ។
-
8. សូមមើលគោលលទ្ធិនិងសេចក្តីសញ្ញា 19:18–19។
-
9. សូមមើលម៉ាកុស 10:21–22។
-
10. អាលម៉ា 22:15។
-
11. អាលម៉ា 22:16។
-
12. អាលម៉ា 22:18។
-
13. សូមមើលអាលម៉ា 5:14–19។
-
14. អាលម៉ា 60:7។
-
15. ម៉ាកុស 1:18 ។
-
16. ម៉ាថាយ 18:11។
-
17. យ៉ាកុប 1:8។
-
19. សូមមើល លូកា 15:11--31 ។
-
20. សូមមើលប្រវត្តិ--យ៉ូសែស៊្មីធ 1:15–16។
-
21. Neal A. Maxwell, Deposition of a Disciple (1976), ទំព័រ 88។
-
22. សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា 19:38 ។

