ឆ្នាំ ២០១០-២០១៩
ភាព​ជា​ឪពុក—ជោគ​វាសនា​ដ៏​អស់កល្ប​របស់​យើង
ខែ មេសា 2015


ភាព​ជា​ឪពុក—ជោគ​វាសនា​ដ៏​អស់កល្ប​របស់​យើង

សូម​ឲ្យ​យើង​ម្នាក់ៗ​រីករាយ​នឹង​ភាពពោរពេញ​នៃ​ពរជ័យ​នៃ​ព្រះវរបិតា​ក្នុង​ជីវិត​នេះ ព្រម​ទាំង​ការបំពេញ​នៃ កិច្ចការ​ទ្រង់ និង សិរី​ល្អ​ទ្រង់ ដោយ​ការ​ក្លាយ​ជា​ឪពុក​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។

ឪពុក​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​សំខាន់​មួយ ពេល​ខ្ញុំ​នៅ​ក្មេង ។ គាត់​បាន​ដឹង​ថា ខ្ញុំ​មាន​ចិត្ត​ជំពាក់​ទៅ​នឹង​របស់​ខាង​លោកិយ​ខ្លាំង​ពេក ។ ពេល​ខ្ញុំ​មាន​លុយ ខ្ញុំ​ចាយ​វា​ភ្លាម—គឺ​ស្ទើរ​តែ​លើ​ខ្លួន​ឯង​ទាំង​អស់ ។

រូបភាព
Painting of a father talking to son in front of window with a view of the city below

រសៀល​មួយ គាត់​បាន​នាំ​ខ្ញុំ​ទៅ​ទិញ​ស្បែក​ជើង​ថ្មី ។ នៅ​ឯ​ជាន់​ទីពីរ​នៃ​ហាង​នោះ គាត់​បាន​ឲ្យ​ខ្ញុំ​សម្លឹង​ទៅ​ក្រៅ​​បង្អួច​ជាមួយ​គាត់ ។

គាត់​បាន​សួរ​ថា « តើ​កូន​ឃើញ​អ្វី​ខ្លះ ? »

« អគារ មេឃ មនុស្ស » ជា​ចម្លើយ​របស់​ខ្ញុំ ។

« តើ​មាន​ប៉ុន្មាន ? »

« ច្រើន​ណាស់ ! »

ភ្លាម​នោះ គាត់​បាន​ទាញ​កាក់​នេះ ចេញ​ពី​ហោប៉ៅ​គាត់ ។ ពេល​គាត់​ហុច​វា​ឲ្យ​ខ្ញុំ គាត់​បាន​សួរ​ថា « នេះ​ជា​អ្វី ? »

ខ្ញុំ​បាន​ស្គាល់​ភ្លាម ៖ « ប្រាក់​កាក់​ដុល្លារ ! »

ដោយ​ប្រើ​ចំណេះដឹង​ខាង​គីមីវិទ្យា​របស់​គាត់ គាត់​បាន​និយាយ​ថា « បើ​កូន​រំលាយ​ប្រាក់​កាក់​ដុល្លា​នេះ ហើយ​លាយ​វា​ជាមួយ​នឹង​គ្រឿង​ផ្សំ​ត្រឹមត្រូវ កូន​នឹង​បាន​ប្រាក់​នីត្រាត ។ បើ​យើង​លាប​បង្អួច​នេះ​ជាមួយ​នឹង​ប្រាក់​នីត្រាត តើ​កូន​នឹង​ឃើញ​អ្វី​ខ្លះ ? »

ខ្ញុំ​មិន​ដឹង​ទេ ដូច្នេះ គាត់​បាន​នាំ​ខ្ញុំ​ទៅ​កាន់​កញ្ចក់​ឆ្លុះ​វែង​មួយ ហើយ​សួរ​ខ្ញុំ​ថា « ឥឡូវ តើ​កូន​ឃើញ​អ្វី ? »

រូបភាព
Father and son looking in a mirror at a clothing store.

« ខ្ញុំ​ឃើញ​ខ្លួន​ខ្ញុំ » ។

« ទេ » គាត់​បាន​ឆ្លើយ « អ្វី​ដែល​កូន​ឃើញ​គឺ​ជា​ប្រាក់​ដែល​ជះ​ត្រឡប់​មក​កូន​វិញ ។ បើ​កូន​ផ្ដោត​តែ​ទៅ​លើ​ប្រាក់ នោះ​អ្វី​ទាំងអស់​ដែល​កូន​ឃើញ​គឺ​ខ្លួន​កូន ហើយ​ដូច​ជា​វាំងនន​ដែរ វា​នឹង​បាំង​កូន​ពី​ការ​មើល​​ឃើញ​ច្បាស់​នូវ​ជោគ​វាសនា​ដ៏​អស់កល្ប ដែល​ព្រះវរបិតាសួគ៌​បាន​រៀបចំ​សម្រាប់​កូន » ។

គាត់​បាន​បន្ត​ថា « លែរី ‹ ចូរ​កុំ​ស្វែង​រក​របស់​ខាង​ឯ​លោកិយ តែ​ចូរ​ស្វែង​រក​នគរ ... នៃ​ព្រះ​ជា​មុន​សិន ហើយ​ស្ថាបនា​សេចក្ដី​សុចរិត [ របស់​ទ្រង់ ] ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង › » ( ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៦:៣៨ [ នៅក្នុង ម៉ាថាយ ៦:៣៣ លេខ​យោង  ] ) ។

គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ទុក​ប្រាក់​កាក់​ដុល្លារ​នោះ ហើយ​កុំ​ឲ្យ​បាត់​វា​ឡើយ ។ រាល់​ពេល​ដែល​ខ្ញុំ​មើល​វា ខ្ញុំ​គិត​ពី​ជោគ​វាសនា​ដ៏​អស់កល្ប​ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​ខ្ញុំ ។

ខ្ញុំ​ស្រឡាញ់​ឪពុក​ខ្ញុំ និង របៀប​ដែល​គាត់​បង្រៀន ។ ខ្ញុំ​ចង់​ក្លាយ​ដូច​ជា​គាត់ ។ គាត់​បាន​បណ្ដុះ​ក្នុង​ដួងចិត្ត​ខ្ញុំ​នូវ​បំណង​ប្រាថ្នា​ឲ្យ​ធ្វើ​ជា​ឪពុក​ល្អ​ម្នាក់ ហើយ​ក្ដី​សង្ឃឹម​ដ៏​ជ្រាលជ្រៅ​បំផុត​របស់​ខ្ញុំ គឺ​ថា​ខ្ញុំ​កំពុង​រស់នៅ​ឲ្យ​សម​នឹង​គំរូ​របស់​គាត់ ។

ព្យាការី​ជា​ទីស្រឡាញ់​យើង ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា ការសម្រេច​ចិត្ត​របស់​យើង កំណត់​ពី​ជោគ​វាសនា​របស់​យើង ហើយ​មាន​លទ្ធផល​អស់កល្ប​ជានិច្ច ( សូមមើល « Decisions Determine Destiny » [ ការប្រជុំ​ពិសេស​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ  ថ្ងៃ​ទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០០៥ ] ទំព័រ ២;lds.org/broadcasts) ។

អញ្ចឹង តើ​យើង​មិន​គួរ​អភិវឌ្ឍ​នូវ​ទស្សនវិស័យ​ដ៏​ច្បាស់​មួយ​អំពី ជោគ​វាសនា​ដ៏​អស់កល្ប របស់​យើង ជា​ពិសេស​គឺ​ជោគ​វាសនា​មួយ​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​សម្រេច​បាន—គឺ​ភាព​ជា​ឪពុក​ដ៏​អស់កល្ប​ជានិច្ច ទេ​ឬ​អី ? ចូរ​ឲ្យ​ជោគ​វាសនា​ដ៏​អស់កល្ប​របស់​យើង កំណត់​ចេញ​ពី​ការសម្រេច​ចិត្ត​ទាំងអស់​របស់​យើង ។ មិន​ថា​ការសម្រេច​ចិត្ត​ទាំងនោះ​លំបាក​យ៉ាង​ណា​ទេ ព្រះវរបិតា​នឹង​គាំទ្រ​យើង ។

ខ្ញុំ​បាន​រៀន​អំពី​អំណាច​នៃ​ទស្សនវិស័យ​បែបនេះ ពេល​ខ្ញុំ​បាន​ចូលរួម​ការប្រកួត ៨០/២០ មួយ​របស់​កូនប្រុស​ខ្ញុំ​ដែល​មាន​អាយុ ១២ និង ១៣ ឆ្នាំ ។ ការប្រកួត ៨០/២០ រួមមាន​ការដើរ ៨០ គ.ម ឲ្យ​បាន​តិច​ជាង ២០ ម៉ោង ។ យើង​បាន​ចាប់​ផ្ដើម​នៅ​ម៉ោង ៩:០០ យប់ ហើយ​បាន​ដើរ​អស់​ពេញ​មួយ​យប់ និង ស្ទើរ​ពេញ​មួយ​ថ្ងៃ​ទៀត ។ វា​ជា​រយៈ​ពេល ១៩ ម៉ោង ដ៏​ទារុណ​មួយ ប៉ុន្តែ​យើង​បាន​ធ្វើ​ដោយ​ជោគជ័យ ។

ពេល​ត្រឡប់​មក​ផ្ទះ​វិញ យើង​ពិត​ជា​បាន​វារ​ចូល​ក្នុង​ផ្ទះ ជា​កន្លែង​ដែល​ភរិយា និង ម្ដាយ​ដ៏​ប្រពៃ​ម្នាក់​បាន​រៀបចំ​អាហារ​ពេលល្ងាច​ដ៏​ឆ្ងាញ់ តែ​យើង​មិន​បាន​ពាល់​វា​សោះ ។ កូន​ប្រុស​ប្អូន​របស់​ខ្ញុំ​ផ្ដួល​ខ្លួន​ចុះ​លើ​សាឡុង​ដោយ​អស់​កម្លាំង​បំផុត ខណៈ​ដែល​កូន​ប្រុស​ច្បង​វារ​ចុះ​ជណ្ដើរ​ទៅ​បន្ទប់​គាត់ ។

បន្ទាប់​ពី​ខ្ញុំ​បាន​សម្រាក​ទាំង​ឈឺចាប់​ហើយ ខ្ញុំ​បាន​ទៅ​មើល​កូន​ប្អូន ដើម្បី​មើល​ថា​បើ​គាត់​នៅ​មាន​ជីវិត​ឬ​អត់ ។

« កូន​មិន​អី ហ្អី ? » ខ្ញុំ​បាន​សួរ ។

« ប៉ា វា​ជា​អ្វី​ដែល​ពិបាក​បំផុត​ដែល​ខ្ញុំ​បាន​ធ្វើ ខ្ញុំ​មិន​ចង់​ធ្វើ​វា​ម្ដង​ទៀត​ទេ » ។

ខ្ញុំ​មិន​បាន​ប្រាប់​គាត់​ទេ​ថា ខ្ញុំ​នឹង​មិន​​ធ្វើ​វា​ម្ដង​ទៀត​ដែរ ។ តែ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មាន​មោទនភាព​យ៉ាង​ណា ដែល​គាត់​បាន​សម្រេច​នូវ​ការណ៍​ដ៏​លំបាក​បែប​នោះ ។ ខ្ញុំ​បាន​ដឹង​ថា វា​នឹង​រៀបចំ​គាត់​សម្រាប់​ការណ៍​លំបាក​ផ្សេងៗ​ទៀត ដែល​គាត់​នឹង​ប្រឈម​នៅ​ថ្ងៃ​អនាគត ។ ជា​មួយ​នឹង​គំនិត​នោះ ខ្ញុំ​បាន​និយាយ​ថា « កូន​ប្រុស សូម​ឲ្យ​ប៉ា​សន្យា​ការណ៍​នេះ​ដល់​កូន ។ ពេល​កូន​ទៅ​បម្រើ​បេសកកម្ម​របស់​កូន កូន​នឹង​មិន​បាច់​ត្រូវ​ដើរ ៨០ គ.ម ក្នុង​មួយ​ថ្ងៃ​ដូច​នេះ​ទេ » ។

« ល្អ​ណាស់ ប៉ា ! អញ្ចឹង ខ្ញុំ​នឹង​ទៅ » ។

ពាក្យ​ដ៏​សាមញ្ញ​ទាំងនោះ​បាន​បំពេញ​ព្រលឹង​ខ្ញុំ​នូវ​កតញ្ញូតា និង អំណរ ។

បន្ទាប់​មក ខ្ញុំ​បាន​ចុះ​ទៅ​ខាង​ក្រោម​មើល​កូន​ច្បង​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ទម្រេត​ខ្លួន​ចុះ​ក្បែរ​គាត់—ហើយ​ប៉ះ​គាត់ ។ « កូន​ប្រុស កូន​មិន​អី​ទេ​ហ្អី ? »

« ប៉ា នោះ​ជា​អ្វី​ដែល​លំបាក​បំផុត​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មិន​ធ្វើ​វា​ម្ដង​ទៀត​ឡើយ » ។ ភ្នែក​គាត់​បិទ—ហើយ​បើក—ហើយ​គាត់​បាន​និយាយ​ថា « លើកលែង​តែ​កូន​ប្រុស​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ » ។

ទឹក​ភ្នែក​បាន​ស្រក់​មក កាលដែល​ខ្ញុំ​បាន​បង្ហាញ​ថា ខ្ញុំ​មាន​អំណរ​គុណ​យ៉ាង​ណា​ចំពោះ​គាត់ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ដឹង​ថា គាត់​នឹង​ធ្វើ​ជា​ឪពុក​ល្អ​ជាង​ខ្ញុំ​ទៅ​ទៀត ។ ដួងចិត្ត​របស់​ខ្ញុំ​បានពោរពេញ ដោយ​សារ​គាត់​បាន​ទទួលស្គាល់តាំង​ពីវ័យ​ក្មេងខ្ចី​ស្រេច​ទៅ​ហើយ​​ថា កាតព្វកិច្ច​បព្វជិតភាព​ដ៏ពិសិដ្ឋ​បំផុត គឺ​ត្រូវ​ធ្វើជា​ឪពុក​ម្នាក់ ។ គាត់​ពុំ​មាន​ការភ័យ​ខ្លាច​ចំពោះ​តួនាទី និង ងារ​នោះ​ទេ—គឺ​ជា​ងារ​ដែល​ព្រះ​ទ្រង់​ផ្ទាល់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ប្រើ ពេល​យើង​ទូល​ជាមួយ​ទ្រង់ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ថែទាំ​រងើក​ភ្លើង​នៃ​ភាព​ជា​ឪពុក ដែល​កំពុង​ឆេះ​សន្ធោ​សន្ធៅ​ក្នុង​ខ្លួន​កូន​ប្រុស​ខ្ញុំ ។

ព្រះបន្ទូល​ទាំងនេះ​របស់​ព្រះអង្គ​សង្គ្រោះ មាន​អត្ថន័យ​កាន់តែ​ជ្រាលជ្រៅ​ចំពោះ​ខ្ញុំ ក្នុង​នាម​ជា​ឪពុក​ម្នាក់ ៖

« ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី​ដោយ​ព្រះអង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះវរបិតា​ធ្វើ ដ្បិត [ ការ​អ្វី​ក៏​ដោយ​ដែល​ទ្រង់ ] ធ្វើ នោះ​ព្រះរាជបុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ » ( យ៉ូហាន ៥:១៩ ) ។

« ខ្ញុំ​មិន​បាន​ធ្វើ​ការ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​និយាយ​សេចក្ដី​ទាំងនេះ តាម​ដែល​ព្រះវរបិតា​បាន​បង្រៀន​ខ្ញុំ » ( យ៉ូហាន ៨:២៨ ) ។

ខ្ញុំ​ចូល​ចិត្ត​ធ្វើជា​ស្វាមី និងជា​ឪពុក -- បាន​រៀបការ​នឹង​ស្ត្រី​ជម្រើស​របស់ព្រះបិតាមាតា​សួគ៌ ។ ខ្ញុំ​ស្រឡាញ់​នាង ។ នេះ​គឺជាចំណែក​ដ៏ពេញលេញ​បំផុត​មួយ​នៅ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​សង្ឃឹម​ថានា​យប់នោះ កូនប្រុស​ទាំង​ប្រាំ​នាក់​របស់ខ្ញុំ និង​ប្អូនស្រី​របស់ពួកគេ ​នឹង​មើលឃើញ​ខ្ញុំជានិច្ច​​នៅក្នុង​ក្ដី​អំណរ​ ដែល​កើត​មកពី​អាពាហ៍ពិពាហ៍​ដ៏អស់កល្បជានិច្ច ភាព​ជា​ឪពុក និង​ជា​គ្រួសារ ។

ឪពុក​ទាំងឡាយ​អើយ ខ្ញុំ​ប្រាកដ​ថា អ្នក​ធ្លាប់​បាន​ឮ​គេ​និយាយ​ថា « ផ្សាយ​ដំណឹងល្អ​នៅ​គ្រប់​ពេល​ទាំងអស់ ហើយ​ពេល​ចាំបាច់ ចូរ​ប្រើ​ពាក្យ​សម្ដី » ( ជា​ពាក្យ​របស់ ហ្វ្រេនស៊ីស​នៃ​ក្រុង​អាសស៊ីស៊ី ) ។ រៀងរាល់​ថ្ងៃ អ្នក​កំពុង​បង្រៀន​កូន​ចៅ​អ្នក ថា​ការធ្វើ​ជា​ឪពុក​ម្នាក់​មានន័យ​បែបណា ។ អ្នក​កំពុង​ចាក់​គ្រឹះ​សម្រាប់​ជំនាន់​ក្រោយ ។ កូនប្រុស​អ្នក​នឹង​រៀន​ពី​របៀប​ធ្វើ​ជា​ស្វាមី និង ឪពុក ដោយ​ការ​សង្កេត​លើ​របៀប​ដែល​អ្នក​បំពេញ​តួនាទី​នេះ ។ ឧទាហរណ៍ ៖

តើ​ពួកគេ​ដឹង​ទេ​ថា អ្នក​ស្រឡាញ់ និង ការពារ​ម្ដាយ​គេ​យ៉ាង​ណា ហើយ​ថា​អ្នក​ចូលចិត្ត​ការធ្វើ​ជា​ឪពុក​គេ​យ៉ាង​ណា ?

ពួកគេ​នឹង​រៀន​ពី​របៀប​ប្រព្រឹត្ត​ចំពោះ​អនាគត​ភរិយា និង កូន​ចៅ​របស់​គេ ពេល​ពួកគេ​មើល​អ្នក​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ម្នាក់ៗ គឺ​ដូច​ជា​ព្រះវរបិតាសួគ៌​នឹង​ប្រព្រឹត្ត​ដែរ ។

តាម​រយៈ​គំរូ​អ្នក ពួកគេ​អាច​រៀន​ពី​របៀប​គោរព ផ្ដល់​កិត្តិយស និង ការពារ​ភាព​ជា​ស្ត្រី ។

ក្នុង​ផ្ទះ​អ្នក ពួកគេ​អាច​រៀន​ធ្វើ​ជា​អធិបតី​លើ​គ្រួសារ​គេ ដោយ​សេចក្ដី​ស្រឡាញ់ និង សុចរិតភាព ។ ពួកគេ​អាច​រៀន​ផ្គត់ផ្គង់​នូវ​ភាពចាំបាច់​នៃ​ជីវិត និង ផ្ដល់​ការការពារ​ដល់​គ្រួសារ​គេ—ទាំង​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

បងប្អូន​អើយ ដោយ​អស់​ពី​ថាមពល​នៃ​ព្រលឹង​ខ្ញុំ ខ្ញុំ​សុំ​ដល់​អ្នក​ឲ្យ​ពិចារណា​សំណួរ​នេះ ៖ តើ​កូនប្រុស​របស់​អ្នក​ឃើញ​ថា អ្នក​កំពុង​ពុះពារ​ធ្វើ​នូវ​អ្វី​ដែល​ព្រះវរបិតាសួគ៌​នឹង​ឲ្យ​ពួកគេ​ធ្វើ​ដែរ​ឬ​ទេ ?

ខ្ញុំ​អធិស្ឋាន​សុំឲ្យ​ចម្លើយ​ឆ្លើយថា​ បាទ ។ បើ​ចម្លើយ​គឺ ទេ នោះ​វា​មិន​ទាន់​យឺត​ពេល​ដើម្បី​ផ្លាស់​ប្ដូរ​ តែ​អ្នក​ត្រូវតែ​ចាប់​ផ្ដើម​ថ្ងៃ​នេះ ។ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​ដល​អ្នក ។

ឥឡូវនេះ ប្អូនៗ​ដែល​ជា​យុវជន ដែល​ខ្ញុំ​ស្រឡាញ់ ប្អូនៗ​ដឹង​ថា​ប្អូនៗ​កំពុង​ទទួល​បព្វជិតភាព​មិលគីស្សាដែក ទទួល​ពិធី​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ បំពេញ​តាមករណីយកិច្ច និង កាតព្វកិច្ច ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ហើយ​បន្ទាប់​មក ដោយ​មិន​ចាំ​យូរ ត្រូវ​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​បុត្រី​ម្នាក់​របស់​ព្រះ ហើយ​បង្កើត​ក្រុម​គ្រួសារ​មួយ ។ បន្ទាប់​មក អ្នក​ត្រូវ​ដឹកនាំ​គ្រួសារ​អ្នក​ក្នុង​ការណ៍​ទាំងឡាយ​ខាង​វិញ្ញាណ ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល គ. និង ស. ២០:៤៤; ៤៦:២; ១០៧:១២ ) ។

ខ្ញុំ​បាន​សួរ​យុវជន​ជា​ច្រើន​ជុំ​វិញ​ពិភពលោក​ថា « ហេតុអ្វី​បាន​ជា​ប្អូន​មក​ទី​នេះ ? »

មក​ដល់​ត្រឹម​នេះ មិន​ទាន់មាន​​នរណា​ម្នាក់​ឆ្លើយ​ថា « ដើម្បី​រៀន​ធ្វើ​ជា​ឪពុក​ម្នាក់ ដើម្បី​ខ្ញុំ​អាច​រៀបចំ​រួចរាល់ ហើយ​សក្ដិសម​នឹង​ទទួល​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​មាន » នោះ​ទេ ។

ចូរ​យើង​ពិនិត្យ​មើល​ពី​កាតព្វកិច្ច​បព្វជិតភាព​អើរ៉ុន​របស់​អ្នក ដូច​ដែល​មាន​ពិពណ៌នា​ក្នុង កណ្ឌទី ២០ នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ សូម​ឆាប់​ដឹង​នូវ​អ្វី ដែល​អ្នក​ទទួល​អារម្មណ៍ ពេល​ដែល​ខ្ញុំ​ដាក់​កាតព្វកិច្ច​ទាំង​នេះ​ទៅ​​ការ​បម្រើ​ក្នុង​គ្រួសារ​អ្នក ។

« អញ្ជើញ​មនុស្ស​ទាំងអស់ [ ក្នុង​គ្រួសារ​អ្នក ] ឲ្យ​មក​រក​ព្រះគ្រីស្ទ » ( ខ ៥៩ ) ។

« មើល​ការ​ខុស​ត្រូវ​លើ [ ពួកគេ ] ជានិច្ច ហើយ​នៅ​ជាមួយ និង ចម្រើន​កម្លាំង​ពួកគេ » ( ខ ៥៣ ) ។

« ផ្សាយ បង្រៀន ពន្យល់ ទូន្មាន និង ធ្វើ​បុណ្យ​ជ្រមុជ​ទឹក » ដល់​សមាជិក​គ្រួសារ​អ្នក ( ខ ៤៦ ) ។

« ទូន្មាន​ពួកគេ​ឲ្យ​អធិស្ឋាន​ឲ្យ​ឮ និង នៅ​ទី​អាថ៌កំបាំង ហើយ​ឲ្យ​ធ្វើ​កាតព្វកិច្ច​គ្រួសារ​គ្រប់​យ៉ាង » ( ខ ៤៧ ) ។

« មើល​ឲ្យ​ឃើញ​ថា គ្មាន​សេចក្ដី​ទុច្ចរិត​នៅក្នុង [ គ្រួសារ​អ្នក ] ឬ​ក៏​មាន​ភាព​រឹង​ទទឹង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ឬ មាន​ការ​កុហក ការពោល​បង្កាច់ ឬ​ក៏​មាន​ការនិយាយ​អាក្រក់​ឡើយ » ( ខ ៥៤ ) ។

« មើល​ឲ្យ​ឃើញ​ថា [ គ្រួសារ​អ្នក​ជួប​ជុំ ] គ្នា​ជា​ញឹកញាប់ » ( ខ ៥៥ ) ។

សូម​ជួយ​ឪពុក​អ្នក ក្នុង​កាតព្វកិច្ច​របស់​គាត់ ក្នុង​នាម​ជា​លោក​អយ្យកោ ។ គាំទ្រ​ម្ដាយ​របស់​អ្នក​ដោយ​នូវ​កម្លាំង​បព្វជិតភាព នៅ​ពេល​ឪពុក​អ្នក​មិន​នៅ ( សូម​មើល ខទី ៥២, ៥៦ ) ។

នៅ​ពេល​ត្រូវបាន​សួរ​ថា « តែងតាំង​ពួក​សង្ឃ​ដទៃ គ្រូ និង ឌីកុន » នៅ​ក្នុង​ក្រុមគ្រួសារ​អ្នក (ខទី ៤៨ ) ។

តើ​នេះ​មិន​ស្ដាប់​ទៅ​ដូចជា កិច្ចការ និង តួនាទី​នៃ​ឪពុក​ទេ​ឬ​អី ?

រូបភាព
A young man reading a a Church publication.

ការបំពេញ​តាម​ករណីយកិច្ច​បព្វជិតភាព​អើរ៉ុន កំពុងតែ​រៀបចំ​ខ្លួន​ប្អូនៗ​ដែល​ជា​យុវជន​ឲ្យ​ធ្វើ​ជា ឪពុក ។ ធនធានករណីយកិច្ច​ចំពោះ​ព្រះ អាច​ជួយ​អ្នក ឲ្យ​ដាក់​គោលដៅ​ជាក់លាក់ៗ ដើម្បី​បំពេញ​ករណីយកិច្ច​ទាំងឡាយ​របស់​អ្នក ។ វា​អាច​ជា​ការដឹកនាំ និង ជំនួយ​មួយ ពេល​អ្នក​ស្វែងរក​ព្រះឆន្ទៈ​ព្រះវបិតាសួគ៌ និង ដាក់​គោលដៅ​ដើម្បី​សម្រេច​វា ។

ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ បាន​បញ្ជូន​អ្នក​មក​ទី​នេះ នៅ​ពេល​វេលា​ជាក់​លាក់​នេះ សម្រាប់​កិច្ចការ​ដ៏​ពិសេស និង គោលបំណង​ដ៏​អស់កល្ប ។ ទ្រង់​ចង់​ឲ្យ​អ្នក​ឃើញ​យ៉ាង​ច្បាស់ ហើយ​យល់​ថា​គោលបំណង​នោះ​ជា​អ្វី ។ ទ្រង់​ជា​បិតា​របស់​អ្នក ហើយ​អ្នក​អាច​បែរ​ទៅ​រក​ទ្រង់​សុំ​ការណែនាំ​ជានិច្ច ។

ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​ពី​យើង​ម្នាក់ៗ​ដោយ​ផ្ទាល់ ហើយ​មាន​ផែនការ​ផ្ទាល់​មួយ​សម្រាប់​ឲ្យ​យើង​សម្រេច​ជោគ​វាសនា​ដ៏​អស់កល្ប​របស់​យើង ។ ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មក​ជួយ​យើង​យកឈ្នះ​លើ​ភាព​មិន​គ្រប់​លក្ខណ៍​តាមរយៈ​ដង្វាយធួន ។ ទ្រង់​បាន​ប្រទានពរ​ឲ្យ​យើង​ដោយ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​សាក្សី ដៃគូ និង មគ្គុទ្ទេសក៍ ​ទៅ​រក​ជោគវាសនា​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ប្រសិន​បើ​យើង​ពឹង​ផ្អែក​ទៅ​លើ​ទ្រង់ ។ សូម​ឲ្យ​យើង​ម្នាក់ៗ​រីករាយ​នឹង​ភាពពោរពេញ​នៃ​ពរជ័យ​នៃ​ព្រះវរបិតា​ក្នុង​ជីវិត​នេះ ព្រម​ទាំង​ការបំពេញ​នៃ កិច្ចការ​ទ្រង់ និង សិរី​ល្អ​ទ្រង់ ដោយ​ការ​ក្លាយ​ជា​ឪពុក​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ( សូម​មើល ម៉ូសេ ១:៣៩ ) ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។