ឆ្នាំ ២០១០-២០១៩
ការ​បំពេញក្នុងគេហដ្ឋាន​របស់​យើង​ដោយ​ពន្លឺ និង​សេចក្ដីពិត
ខែ មេសា 2015


ការ​បំពេញក្នុងគេហដ្ឋាន​របស់​យើង​ដោយ​ពន្លឺ និង​សេចក្ដីពិត

ដើម្បី​ឲ្យយើង​ និងគ្រួសារ​យើង​ទប់ទល់​នឹង​សម្ពាធ​ខាង​លោកិយបាន នោះ​យើង​ត្រូវ​តែ​បំពេញ​ដោយពន្លឺ​ និង​សេចក្ដីពិត​នៃ​ដំណឹងល្អ ។

ដួងចិត្ត​របស់ខ្ញុំ​បានពោរពេញ​ដោយ​ព្រះវិញ្ញាណ ពេល​ខ្ញុំ​ស្ដាប់​គ្រួសារ​ទាំងនេះ​បង្រៀន​ពី​សេចក្ដីពិត​ពិសិដ្ឋ​ថា ៖ « គ្រួសារ​គឺ​មកពីព្រះ » 1 តន្ត្រី​ដ៏បំផុសគំនិត​គឺ​ជាវិធីមួយ​នៃ វិធី​ជាច្រើន​ដែល​យើង​អាច​ដឹង​ពីព្រះវិញ្ញាណ​ខ្សឹប​ប្រាប់​យើង បំពេញ​ក្នុង​ខ្លួន​យើង​ដោយពន្លឺ និង​សេចក្ដីពិត ។

រូបភាព
Woman with 1 can of soda that is crushed and one that is not.

គោលគំនិត​នៃ​ការពេញ​ដោយ​ពន្លឺ​ និង​សេចក្ដីពិត ក្លាយជា​រឿង​សំខាន់​ជាពិសេស​សម្រាប់ខ្ញុំ ដោយសារ​តែ​បទពិសោធន៍​មួយ​ដែលខ្ញុំ​មានកាល​ពី​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ។ ខ្ញុំ​បាន​ចូលរួម​ក្នុងការ​ប្រជុំ​មួយ ដែល​សមាជិក​នៃ​គណៈ​កម្មការ​យុវនារី​ទូទៅ​បានបង្រៀនអំពី​ការ​បង្កើត​គ្រួសារ និង​គេហដ្ឋាន​ឲ្យ​រឹង​មាំ​ខាង​វិញ្ញាណ ។ ដើម្បី​បង្ហាញ​រឿង​នេះ​ឲ្យឃើញ​នឹង​ភ្នែក នោះ​អ្នកដឹកនាំ​យុវនារី ម្នាក់​បាន​លើក​កំប៉ុង​សូដា​ពីរឡើង ។ នៅ​ដៃ​ម្ខាង​គាត់​បាន​កាន់​កំប៉ុង​មួយ​ដែល​នៅទទេ ហើយ​នៅ​ដៃ​ម្ខាង​ទៀត​​កាន់កំប៉ុង​សូដា​ដែលពុំទាន់គាស់បើក ។ ដំបូង​ គាត់​បាន​ច្របាច់​កំពុង​ទទេ​នោះ វា​ចាប់​ផ្ដើម​កំពៀច ហើយខូច​ដោយសារ​សម្ពាធ ។ បន្ទាប់មក នៅដៃ​ម្ខាង​ទៀត គាត់​បាន​ច្របាច់​កំប៉ុង​ដែល​ពុំទាន់​គាស់​នោះ ។ វា​នៅ​រឹង​ប៉ឹង ។ វា​ពុំ​កំពៀច ឬ​ខូច ដូចជា​កំប៉ុង​ទទេ​នោះទេ--ដោយ​សារ​វា​មានទឹក​ពេញ ។

យើង​ប្រៀបធៀប​ការ​បង្ហាញនេះ​ទៅនឹង​ជីវិត​បុគ្គលម្នាក់​ៗ​យើង និង​គេហដ្ឋាន និង​ក្រុមគ្រួសារ​យើង ។ នៅពេល​បាន​ពេញ​ដោយព្រះវិញ្ញាណ និង​សេចក្ដីពិត​ដំណឹងល្អ នោះ​យើង​មានអំណាច​ដើម្បី​ទប់ទល់នឹង​កម្លាំង​ខាង​ក្រៅ​របស់លោកិយ ដែលហ៊ុំព័ទ្ធ​ និង​រុញច្រាន​យើងនោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើយើង​ពុំ​បានពេញ​ខាងវិញ្ញាណទេ នោះ​យើង​មិន​មាន​កម្លាំង​ខាង​ក្នុង​ខ្លួន​ដើម្បី​ទប់ទល់​នឹង​សម្ពាធ​ពីខាង​ក្រៅ ហើយ​អាច​នឹង​ធ្លាក់ចុះ ពេល​កម្លាំង​ទាំងឡាយ​រុញ​ច្រាន​លើយើង ។

សាតាំង​វា​ដឹង​ថា ដើម្បី​ឲ្យយើង​ និងគ្រួសារ​យើង​ទប់ទល់​នឹង​សម្ពាធ​ខាង​លោកិយបាន នោះ​យើង​ត្រូវ​តែ​បំពេញ​ដោយពន្លឺ​ និង​សេចក្ដីពិត​ដំណឹងល្អ ។ ដូច្នេះ​វា​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ក្នុងអំណាច​វា​ដើម្បី​ឲ្យ​យើងទន់ខ្សោយ យល់​ខុស និង​បំផ្លាញ​សេចក្ដីពិត​នៃ​ដំណឹងល្អ ហើយ​រារាំង​យើង​ពី​សេចក្ដីពិត​នោះ ។

មានគ្នា​យើងជាច្រើន បាន​ទទួលបុណ្យជ្រមុជទឹក ហើយ​បាន​ទទួលអំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដែល​មានតួនាទី​បើកសម្ដែង និង​បង្រៀន​សេចក្ដីពិត​នៃ​រឿង​គ្រប់យ៉ាង ។ ដោយ​ឯកសិទ្ធិ​នៃ​អំណោយទាន​នោះ នាំ​ឲ្យមាន​នូវ​ទំនួលខុសត្រូវ​ដើម្បី​ស្វែងរក​សេចក្ដីពិត ដើម្បី​រស់នៅ​តាម​សេចក្ដីពិត​ដែល​យើង​ស្គាល់ និង​ចែកចាយ ហើយការពារ​សេចក្ដីពិត ។

កន្លែង​មួយ​ដែលយើង​ស្វែងរក​បំពេញ​ដោយពន្លឺ និង​សេចក្ដីពិត​ដ៏ល្អ​បំផុត គឺ​នៅក្នុង​គេហដ្ឋាន​របស់​យើង ។ ពាក្យ​នៅក្នុង​កន្លែង​បន្ទរ​នៃ​បទចម្រៀង​ដែល​យើង​ស្ដាប់​ឮ រំឭក​យើងថា « ព្រះប្រទាន​ក្រុម​គ្រួសារមួយដល់យើង ដើម្បីជួយយើង ប្រែក្លាយដូចទ្រង់ » ។3 ក្រុមគ្រួសារ គឺ​ជា​រោងជាង​របស់ព្រះអម្ចាស់​នៅលើ​ផែនដី​ដើម្បីជួយ​យើង​រៀន និង​រស់នៅ​តាម​ដំណឹងល្អ ។ យើង​កើត​មក​ក្នុង​គ្រួសារ​យើង​ដោយមាននូវកាតព្វកិច្ច​ពិសិដ្ឋ​មួយ ដើម្បី​ជួយពង្រឹង​ដល់គ្នា​ទៅវិញទៅមក​ខាង​វិញ្ញាណ ។

ក្រុមគ្រួសារ​ដ៏រឹងមាំអស់កល្បជានិច្ច និង​គេហដ្ឋាន​ដែលពេញ​ដោយព្រះវិញ្ញាណ ពុំ​មែន​កើតឡើងឯកឯងទេ ។ ពួកគេចាំបាច់​ត្រូវ​ខិតខំ​យ៉ាង​ខ្លាំង ពួកគេ​ចំណាយពេល ហើយ​ពួកគេ​នាំ​ក្រុមគ្រួសារ​ម្នាក់ៗ​ធ្វើ​នូវ​ចំណែក​របស់គាត់ ឬ​នាង ។ គេហដ្ឋាន​និមួយៗ គឺ​ផ្សេង​គ្នា ប៉ុន្តែ​គ្រប់​គេហដ្ឋាន ដែលមានមនុស្ស​តែ​ម្នាក់​ស្វែងរក​សេចក្ដីពិត នោះ​អាច​ធ្វើ​ឲ្យ​មានភាព​ខុស​ប្លែក ។

យើង​ត្រូវ​បាន​ទូន្មាន​ជាបន្ដ​បន្ទាប់​ឲ្យ​បង្កើន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​របស់​យើង តាម​រយៈ​ការ​អធិស្ឋាន និងការ​សិក្សា និងការ​ពិចារណា​បទគម្ពីរ ហើយ​នឹង​ពាក្យ​សម្ដី​របស់ពួកព្យាការីនៅរស់ ។ នៅក្នុងប្រសាសន៍​​​សន្និសីទ​ទូទៅរបស់លោក​ អំពីការ​ទទួលទីបន្ទាល់​នៃ​ពន្លឺ និង​សេចក្ដីពិត​ នោះប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ បានមានប្រសាសន៍ថា ៖

« ព្រះ​ដ៏​អស់កល្ប និង​មាន​គ្រប់​ព្រះចេស្ដា… នឹង​មាន​បន្ទូល​ទៅ​កាន់​អ្នក​ដែល​ទៅ​រក​ទ្រង់​ដោយ​មាន​ចិត្ត​ស្មោះសរ និង​ស្មោះ​អស់​ពី​ចិត្ត ។​​​

« ទ្រង់​នឹង​មាន​បន្ទូល​ទៅ​កាន់​គេ​ក្នុង​សុបិន ការនិមិត្ត គំនិត និង​អារម្មណ៍ » ។​​

ប្រធាន អុជដូហ្វ បាន​បន្ត​ថា ៖ « ព្រះ​ពិត​ជា​ខ្វាយខ្វល់​ពី​បងប្អូន ។​​ ទ្រង់​នឹង​ព្រះសណ្ដាប់ ហើយ​ឆ្លើយតប​រាល់​សំណួរបង​​ប្អូន ។​​ ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​អ្នក​នឹង​ប្រទាន​ឲ្យ​ស្រប​តាម​វេលា​ និង​មាគ៌ា​របស់​ទ្រង់ ដូច្នេះ​បងប្អូន​ត្រូវ​រៀន​ស្ដាប់​ព្រះសូរសៀង​ទ្រង់ ។​​

រឿង​ប្រវត្តិគ្រួសារ​ខ្លី​មួយ បង្ហាញពី​ដំបូន្មាននេះ ។

ជា​ច្រើនខែ​កន្លង​ទៅ ខ្ញុំបាន​អាន​ទីបន្ទាល់​អំពី​បងស្រី​របស់ជីតាទួត​ខ្ញុំ ឈ្មោះ អេលីស្សាប៊ែត ស្តាហ៊ីលី វ៉កឃើរ ។ កុមារ អេលីស្សាប៊ែត បាន​ធ្វើ​អន្ដោប្រវេសន្ដ​ទៅ​អាមេរិក​ពី​ប្រទេស ញូវហ្សឺឡែន ជាមួយនឹង​គ្រួសារ​គាត់ ។

បន្ទាប់ពី អេលីស្សាប៊ែត បានរៀបការ គាត់ និង​ស្វាមី និង​កូនៗ​បានរស់នៅរដ្ឋ​យូថាហ៍ ​ជិត​ព្រំប្រទល់​រដ្ឋ ណាវ៉ាដា ដែលពួកគាត់​បើក​ស្ថានីយ៍​ផ្ញើរសំបុត្រ ។ គេហដ្ឋា​របស់ពួកគាត់ គឺ​ជា​កន្លែង​ឈប់សម្រាក​របស់អ្នកធ្វើដំណើរ ។ រាល់ថ្ងៃ​រាល់យប់ ពួកគាត់ត្រូវ​ត្រៀម​អាហាររួច​រាល់ ហើយ​លក់​អាហារ​ដល់អ្នកធ្វើដំណើរ ។ វា​ជាកិច្ចការ​ធ្ងន់ធ្ងរ អស់កម្លាំង ហើយ​បានសម្រាក​តែបន្ដិចបន្តួច ។ ប៉ុន្តែ​រឿង​ដ៏ធំបំផុត​ដែល​ អេលីស្សាប៊ែត បារម្ភ គឺ​ការ​សន្ទនា​របស់មនុស្ស ដែលពួកគេ​ប្រាស្រ័យទាក់ទង ។

អេលីស្សាប៊ែត បាន​និយាយ​ថា មកដល់ពេល​នេះ គាត់តែងតែ​ដោយ​គ្មាន​សង្ស័យ​ថា ព្រះគម្ពីរ​មរមន​ពិត ថា ព្យាការី​យ៉ូសែប ស្ម៊ីធ ត្រូវបាន​អនុញ្ញាតមកពី​ព្រះ ដើម្បីធ្វើ​នូវអ្វី​ដែលលោក​បានធ្វើ​ ហើយ​ថា​សារលិខិត​នេះ គឺជាផែនការ​នៃជីវិត និង​ជា​សេចក្ដីសង្គ្រោះ ។ ប៉ុន្តែ​ជីវិតដែលគាត់​មានពិសោធន៍ គឺ​គ្មានអ្វី​បាន​ពង្រឹង​ដល់​ជំនឿដូច្នេះ​ទេ ។

អ្នកធ្វើដំណើរ​ខ្លះដែលបានមកចំណត​នៅទីនោះ គឺ​ជា​មនុស្ស​ដែល​អាន​ច្រើន មានការអប់រំខ្ពស់​ ហើយ​ឆ្លាតៗ រួច​តែងតែ​និយាយ​នៅ​ជុំវិញ​គាត់​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ « អ្នកបោក​បញ្ឆោត​ដ៏​ឆ្លាតវៃ » ដែលបាន​សរសេរ​ព្រះគម្ពីរមរមន​ដោយខ្លួនឯង រួច​ហើយ​ចែកចាយ​វា​ដើម្បីរក​ប្រាក់ ។ ពួកគេ​ធ្វើ​ដូចជា​គិត​ថា អ្វីៗ​ផ្សេងទៀត​គឺ​ជាមិនសមហេតុ​ផល ដោយ​ប្រកាស​ថា « និកាយ​មរមន​នោះ គឺ​ឆ្កួតលីលា » ។

ការ​និយាយ​ទាំងអស់​នេះ​ធ្វើ​ឲ្យ​ អេលីស្សាប៊ែត មានអារម្មណ៍​ឯកោ​ណាស់ ។ គ្មានមនុស្ស​និយាយជាមួយ គ្មាន​ពេល​អធិស្ឋានរបស់​ខ្លួន--ទោះជា​គាត់បាន​អធិស្ឋាន​ពេលគាត់​បានធ្វើ​ការ​ក្ដី ។ គាត់​ភ័យខ្លាច​ក្នុងការ​និយាយ​អ្វីមួយ​ចំពោះ​អ្នកទាំងឡាយ​ដែល​រិះគន់​ដល់សាសនា​របស់គាត់ ។ គាត់បាននិយាយ​ថា គាត់ស្មាន​ថា​អ្វី​ដែល​ពួកគេ​កំពុង​និយាយ​គឺពិត ហើយគាត់​បានដឹង​ថា គាត់ពុំ​អាច​ការពារ​ជំនឿគាត់ទេ បើ​គាត់​ព្យាយាម​នោះ ។

រូបភាព
Pioneer Family in front of a log home

ក្រោយមក អេលីស្សាប៊ែត និង​គ្រួសារ​គាត់​បានផ្លាស់​ទីលំនៅ ។ អេលីស្សាប៊ែត បាន​និយាយ​ថា គាត់មានពេល​ច្រើន​ដើម្បីគិត ហើយ​មិន​ត្រូវ​ឲ្យមានការ​រំខាន​គ្រប់ពេល​នោះទេ ។ ជាញឹកញាប់ គាត់បាន​ចុះ​ទៅបន្ទប់ក្រោមដី ហើយអធិស្ឋាន​ដល់ព្រះវរបិតាសួគ៌​ទូល​សួរ​អំពី​អ្វី​ដែល​ធ្វើ​ឲ្យគាត់​ស្មុកស្មាញ--​អំពី​រឿង​ទាំងឡាយ​ដែល​ពួកមនុស្ស​ឆ្លាតៗ​បាន​និយាយ អំពី​ដំណឹងល្អថា​​គឺ​ជា​ការ​ឆ្កួតលីលា និងអំពី​យ៉ូសែប ស៊្មីធ និង ព្រះគម្ពីរ​មរមន ។

នា​យប់មួយ អេលីស្សាប៊ែត មានសុបិន​មួយ ។ គាត់​បាន​​និយាយ​ថា ៖ « វា​ហាក់​ដូចជា​ខ្ញុំ​កំពុង​ឈរ​នៅ​​ផ្លូវ​រទេះ​ដ៏​តូចចង្អៀត​​មួយ ដែលនាំ​ទៅ​តាម​ជើង​ភ្នំ ហើយ​នៅ​ពាក់កណ្ដាលផ្លូវ​​ឡើងទៅ​ភ្នំនោះ ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​មើលចុះក្រោម ហើយកំពុង​និយាយ ឬ​ហាក់ដូចជា​កំពុង​និយាយ​ទៅ​បុរស​វ័យ​ក្មេង​ម្នាក់ ដែល​កំពុង​លុតជង្គង់ ​អើត​មើល​រូង​មួយ​ក្នុង​ដី ។ ដៃរបស់គាត់​បាន​លាតទៅ​ ហាក់ដូចជា​គាត់​ឈោង​ទៅ​យកអ្វីមួយពី​ក្នុង​រូង​នោះ ។ ខ្ញុំ​អាច​មើល​ឃើញ​​ថ្ម ដែល​ហាក់ដូចជា​បាន​គាស់​ចេញ​ពី​មាត់រូង​នោះមក ដែលក្មេង​ប្រុស​បាន​លុតជង្គង់​លើ ។ នៅ​តាមផ្លូវ​មានមនុស្ស​ជាច្រើន ប៉ុន្តែ​គ្មាន​ពួកគេ​ណា​ម្នាក់​ហាក់ដូចជា​ចាប់អារម្មណ៍​នឹង​បុរស​ពីនាក់​នៅ​តាមជើងភ្នំនោះ​សោះ ។ មានអ្វីៗ​ផ្សេងទៀត​នៅក្នុង​សុបិន​នោះ ដែលបាន​ធ្វើ​ឲ្យខ្ញុំ​ចាប់​អារម្មណ៍​យ៉ាង​ចម្លែក ដែលខ្ញុំ​បានភ្ញាក់ដឹងខ្លួន​ឡើង … ខ្ញុំ​ពុំ​អាច​ប្រាប់​សុបិន​របស់ខ្ញុំទៅនរណា​ម្នាក់​ទេ តែ​ខ្ញុំ​ហាក់ដូចជា​បាន​ស្កប់​ស្កល់​នឹង​អត្ថន័យ​ដែល​ទេវតា​មរ៉ូណៃ បាន​ណែនាំ​ក្មេង​ប្រុស​យ៉ូសែប នៅគ្រា​ដែល​លោក​បាន​ទទួល​ផ្ទាំង​ចំណារ​នោះ​ដែរ ។

នៅ​​និទារឃរដូវ ឆ្នាំ ១៨៩៣ អេលីស្សាប៊ែត បាន​ទៅ​ទីក្រុង​សលត៍លេក ដើម្បីចូមរួម​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ ។ គាត់​បាន​ពិពណ៌នាអំពី​បទពិសោធន៍​របស់គាត់ថា ៖ « នៅ​ក្នុង​នោះ ខ្ញុំ​បាន​មើល​ឃើញ​រូបភាព​ដូចគ្នា​ [ដែល] ​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​ខ្ញុំ ដែល​ខ្ញុំ​គិត​ថា​វា​គឺជា​កញ្ចក់បង្អួច​ [មួយ] ដែលមានពណ៌ ។ ខ្ញុំ​មានអារម្មណ៍​ស្កប់ស្កល់​ថា បើ​ខ្ញុំ​ឃើញ​កូនភ្នំ​គូម៉ូរ៉ា​ដោយផ្ទាល់ វា​នឹង​មើលទៅមិន​ជាក់​ស្ដែង​​​ទេ ។ ខ្ញុំ​មានអារម្មណ៍​ស្កប់ស្កល់​ដែលខ្ញុំ​បាន​ឃើញ​សុបិន​មួយ ពីរូបភាព​របស់ទេវតា​មរ៉ូណៃ​បាន​ប្រគល់​​ផ្ទាំង​ចំណារ​មាស​ដល់ យ៉ូសែប ស៊្មីធ » ។

រូបភាព
Old portrait of Elizabeth Staheli

ជាច្រើនឆ្នាំ​បន្ទាប់​ពី​សុបិន​នេះ និង​ជាច្រើន​ខែ​ពីមុនគាត់​ទទួលមរណៈភាព ក្នុង​ជន្មាយុ ៨៨ វស្សា នោះ អេលីស្សាប៊ែត ​បាន​ទទួល​ការ​បំផុស​ដ៏មានអានុភាព ។ គាត់​បាន​មានប្រសាសន៍​ថា « គំនិត​បានផុសឡើង​ចំពោះ​ខ្ញុំ​យ៉ាង​ច្បាស់ … ដូចជា​នរណា​ម្នាក់​បាន​ប្រាប់មក​ខ្ញុំ, … ‹ ចូរ​កុំ​កប់ទុក​ទីបន្ទាល់​របស់អ្នក​នៅក្នុង​ដីឡើយ › » ។

ជាច្រើន​ជំនាន់​ក្រោយមក កូនចៅ​របស់​ អេលីស្សាប៊ែត បាន​បន្ដ​ទទួល​បាន​កម្លាំង​មកពី​ទីបន្ទាល់​របស់គាត់ ។ យើងក៏​​រស់នៅ​ក្នុងពិភពលោក​មួយ​ដែល​មាន​អ្នកសង្ស័យ និង​រិះគន់​ជាច្រើន ដែល​ចំអក និង​ជំទាស់​នឹង​សេចក្ដីពិត​ដែល​យើង​កាន់ខ្ជាប់​​ជាទីស្រឡាញ់​ដូចជា​ អេលីស្សាប៊ែត ដែរ ។ យើង​អា​ន​នឹង​ស្ដាប់​ឮ​រឿង​ភាន់ច្រឡំ និង​សារលិខិត​ប្រឆាំង ។ យើង​នឹង​ត្រូវ​តែ​ខំ​អស់ពីលទ្ធភាព​របស់យើង​ដើម្បី​តោង​ឲ្យជាប់​នូវ​អ្វីៗ​ដែលជា​ពន្លឺ និង​សេចក្ដីពិត ដែល​យើង​មាន​ក្នុង​ពេលនេះ ជាពិសេស​នៅក្នុង​ស្ថានភាព​ពិបាកៗ​ដូចជា​ អេលីស្សាប៊ែត ផងដែរ ។ ចម្លើយចំពោះការ​អធិស្ឋាន​របស់យើង អាច​នឹង​មិន​ទទួល​បាន​ដោយ​ឃើញ​ស្ដែង​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​រក​ពេល​ស្ងប់ស្ងាត់​ដើម្បី​ស្វែងរក​ពន្លឺ និង​សេចក្ដីពិត​កាន់តែ​ច្រើនជាង​នោះ ។ ហើយនៅពេល​យើងទទួលបាន​វា វាគឺ​ជា​ទំនួលខុសត្រូវ​របស់យើង​ដើម្បីរស់នៅតាម ចែកចាយ និង​ការពារ​វា ។

ខ្ញុំ​សូមបន្សល់ទុក​ទីបន្ទាល់ខ្ញុំ​នឹង​បងប្អូនថា ខ្ញុំ​ដឹង​ នៅពេល​យើង​បំពេញក្នុង​ដួងចិត្ត​ និង​គេហដ្ឋា​របស់យើង​ដោយពន្លឺ និង​សេចក្ដីពិត​របស់ព្រះអង្គសង្គ្រោះ នោះ​យើង​នឹង​មាន​កម្លាំង​ក្នុង​ខ្លួន​ដើម្បីទប់ទល់​គ្រប់កាលៈទេសៈ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. « ក្រុមគ្រួសារ​គឺមកពីព្រះ » គម្រោង​​ពេលវេលាចែកចាយឆ្នាំ​​ ២០១៤ ៖ ក្រុមគ្រួសារ​គឺ​ជានិរន្ដរ៍ ( ឆ្នាំ ២០១៣ ), ២៨–២៩ ។

  2. សូម​មើល មរ៉ូណៃ ១០:៥ ។

  3. « ក្រុមគ្រួសារ​គឺមកពីព្រះ » ។

  4. ឌៀថើរ  អេស្វ អុជដូហ្វ, « Receiving a Testimony of Light and Truth, »EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១៤, ២១ ។

  5. សូមមើល អេលីស្សាប៊ែត ស្តាហ៊ីលី វ៉កឃើរ «My Testimony, Written for My Children and Their Children after I Am Gone,» ឆ្នាំ ១៩៣៩ ទំព័រ ២២–២៦, University of Nevada, Las Vegas, Special Collections, punctuation, capitalization, and spelling standardized ។