ឆ្នាំ ២០១០-២០១៩
ការថែរក្សា​សិទ្ធិជ្រើសរើស ការ​​ការពារ​សេរីភាព​សាសនា​ឲ្យ​គង់វង្ស
ខែ មេសា 2015


ការថែរក្សា​សិទ្ធិជ្រើសរើស ការ​​ការពារ​សេរីភាព​សាសនា​ឲ្យ​គង់វង្ស

ការប្រើប្រាស់​សិទ្ធិជ្រើសរើស​យើង​ដោយ​ស្មោះត្រង់ អាស្រ័យ​លើ​ការមាន​សិទ្ធិសេរីភាព​សាសនា ។

នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​នេះ ៖ ជា​ថ្ងៃ​មួយ​នៃ​ការដឹងគុណ និង គោរព​នឹក​ចាំ​ពី​ដង្វាយធួន​នៃ ព្រះអង្គ​សង្គ្រោះ​ ​ព្រះយេស៊ូវគ្រីស្ទ និង ការរស់​ឡើងវិញ​​សម្រាប់​មនុស្ស​លោកទាំងអស់​ ។ យើង​ថ្វាយបង្គំ​ទ្រង់ មាន​អំណរគុណ​ចំពោះ​សេរីភាព​សាសនា សេរីភាព​ក្នុង​ការមក​ជួបជុំ​គ្នា សេរីភាព​ក្នុង​ការថ្លែង​សុន្ទរកថា និង សិទ្ធិជ្រើសរើស​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ ។

ដូច​ពួក​ព្យាការី​បាន​ព្យាករ​ទុក អំពី​គ្រា​ចុងក្រោយ​នេះ​ដែល​យើង​រស់នៅ​នេះ​ថា មាន​មនុស្ស​ជា​ច្រើន​ភាន់ច្រឡំ​ថាតើ​យើង​ជា​នរណា និង​​យើង​ជឿលើអ្វី ។ អ្នក​ខ្លះ​ជា​មនុស្ស « និយាយ​បង្កាច់​គេ… [ ហើយ ] ហើយ​មិន​ចូលចិត្ត​នឹង​ការល្អ » ។ អ្នក​ខ្លះ​ទៀត « រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ [ ហើយ ] យក​សេចក្ដី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត » ។

ពេល​មនុស្ស​ជុំវិញ​ខ្លួន​យើង​ជ្រើសរើស​​ពី​របៀប​ដែល​ត្រូវ​ឆ្លើយតប​នឹង​ជំនឿ​យើង នោះ​យើង​មិន​ត្រូវ​ភ្លេចទេ​ថា សិទ្ធិជ្រើសរើស​ខាង​ក្រម​សីលធម៌ គឺ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ផែនការ​ព្រះ​ដែល​មាន​សម្រាប់​កូនចៅ​ទ្រង់​ ។ ផែនការ​ដ៏​អស់កល្ប​នោះ បាន​បង្ហាញ​ដល់​យើង​ក្នុង​ការប្រជុំ​ប្រឹក្សា​នៅ​ស្ថានសួគ៌​ពីមុន​កំណើត​លើ​ផែនដី ដែល​រួម​មាន​អំណោយ​នៃ​សិទ្ធិជ្រើសរើស ។

ក្នុង​ការប្រជុំ​ប្រឹក្សា​ដ៏​ធំ​នោះ លូស៊ីហ្វើរ ដែល​គេ​ស្គាល់​ថា​ជា​សាតាំង បាន​ប្រើ​សិទ្ធិ​ជ្រើសរើស​វា ដើម្បី​ប្រឆាំង​នឹង​ផែនការ​ព្រះ ។ ព្រះ​មាន​បន្ទូល​ថា ៖ « មក​ពី … សាតាំង​បាន​បះបោរ​ទាស់​នឹង​យើង ហើយ​បាន​ខំ​រក​បំផ្លាញ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស ដែល​យើង​ជា​ព្រះអម្ចាស់​ដ៏​ជា​ព្រះ បាន​ប្រទាន​ដល់​មនុស្ស … នោះ​យើង​បាន​បណ្ដាល​ឲ្យ​វា​ត្រូវ​បណ្ដេញ​ចុះ » ។

លោក​បាន​បន្ត​ថា ៖ « ហើយ​វា​បាន​បំបែរ​មួយ​ភាគ​បី​នៃ​ពួក​ពលបរិវារ​ស្ថានសួគ៌​ចេញ​ពី​យើង​ផង ពី​ព្រោះ​តែ​សិទ្ធិជ្រើសរើស​របស់​ពួកគេ » ។

ដោយហេតុនោះ កូន​វិញ្ញាណ​របស់​ព្រះវរបិតាសួគ៌ ដែល​ជ្រើសរើស​បដិសេធ​ចោល​ផែនការ​ទ្រង់ ហើយ​ដើរតាម លូស៊ីហ្វើរ បាន​បាត់បង់​ជោគវាសនា​ដ៏​ទេវភាព​របស់​ខ្លួន ។

ព្រះយេស៊ូវគ្រីស្ទ បាន​មាន​បន្ទូល​ដោយ​ប្រើ​សិទ្ធិជ្រើសរើស​របស់​ទ្រង់​ថា ៖

« ទូល​បង្គំ​នៅ​ឯណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ ។

« សូម​ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ផង​ព្រះអង្គ​រហូត » ។

ព្រះយេស៊ូវ ដែល​បាន​ប្រើ​សិទ្ធិជ្រើសរើស​របស់​ទ្រង់ ដើម្បី​គាំទ្រ​ផែនការ​ព្រះវរបិតាសួគ៌ ត្រូវបាន​ប្រកាស ហើយ​តែងតាំង​ដោយ​ព្រះវរបិតា ឲ្យ​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ ដែល​បាន​តែងតាំង​ទុក​ជា​មុន ដើម្បី​ធ្វើ​ពលិកម្មធួន​សម្រាប់​យើង​ទាំងអស់​គ្នា ។ ស្រដៀងគ្នា​ដែរ ការប្រើ​សិទ្ធិជ្រើសរើស​យើង ដើម្បី​គោរព​ព្រះបញ្ញត្តិ អាច​ធ្វើ​ឲ្យ​យើង​យល់​បាន​ច្បាស់​ថា យើង​ជា​នរណា ហើយ​ទទួល​ពរជ័យ​ទាំងអស់ ដែល​ព្រះវរបិតាសួគ៌​មាន—រួម​ទាំង​ឱកាស​មាន​រូបកាយ រីកចម្រើន មាន​ក្ដី​អំណរ មាន​គ្រួសារ និង គ្រង​ជីវិត​ដ៏​អស់កល្ប ។

ដើម្បី​គោរព​ព្រះបញ្ញត្តិ យើង​ត្រូវ​ស្គាល់​គោលលទ្ធិ​ជា​ផ្លូវការ​នៃ​សាសនាចក្រ ដើម្បី​កុំ​ឲ្យ​យើង​បែកឆ្ងាយ​ពី​ការបង្រៀន​នៃ​ព្រះគ្រីស្ទ​ដោយសារ​ការយល់ឃើញ​ផ្សេងៗ​គ្នា​នៃ​បុគ្គលម្នាក់ៗ ។

ពរជ័យ​ដែល​យើង​រីករាយ​ឥឡូវនេះ បាន​មក​ពី​ការដែល​យើង​ជ្រើស​ដើរតាម​ព្រះអង្គសង្គ្រោះ​កាល​ពី​មុន​ជីវិត​នេះ ។ ចំពោះ​បងប្អូន​ដែល​ស្ដាប់​ឮ ឬ អាន​ពាក្យ​ពេចន៍​ទាំងនេះ មិន​ថា​បងប្អូន​ជា​នរណា ហើយ​កាល​ពី​អតីតកាល​បងប្អូន​ជា​អ្វី​នោះ​ទេ សូម​ចងចាំ​ថា ៖ វា​មិន​ហួស​ពេល ដើម្បី​ធ្វើ​ជម្រើស​ដដែល​នោះ​ម្ដង​ទៀត ហើយ​ដើរ​តាម​ទ្រង់ឡើយ ។

តាមរយៈ​សេចក្ដីជំនឿ​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ការជឿ​លើ​ដង្វាយធួន​របស់​ទ្រង់ ការប្រែចិត្ត​ពី​អំពើបាប​របស់​យើង និង ការទទួល​បុណ្យជ្រមុជទឹក លំដាប់​នោះ​យើង​អាច​ទទួលបាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដ៏​អស្ចារ្យ ។ អំណោយទាន​នេះ ផ្ដល់​ជាចំណេះដឹង និង ការយល់ដឹង ការណែនាំ និង កម្លាំង ដើម្បី​រៀន ហើយ​បង្កើន​ទីបន្ទាល់ អំណាច ការលាង​សម្អាត​ ដើម្បី​យកឈ្នះ​លើ​អំពើបាប ហើយ​លួងលោមចិត្ត និង លើកទឹកចិត្ត​ឲ្យ​ស្មោះត្រង់​ក្នុងទុក្ខ​លំបាក ។ ពរជ័យ​ដែល​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន​នៃ​ព្រះវិញ្ញាណ​នេះ បង្កើន​សេរីភាព និង អំណាច​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រូវ ដ្បិត « កន្លែង​ណា​ដែល​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នោះ​ក៏​មាន​សេរីភាព​ដែរ » ។

ពេល​យើង​រស់នៅ​ដោយ​មាន​សេរីភាព​ខាង​វិញ្ញាណ​នា​ថ្ងៃ​ចុងក្រោយ​នេះ យើង​ត្រូវតែ​យល់​ថា ការប្រើ​សិទ្ធិជ្រើសរើស​របស់​យើង​ដោយ​ស្មោះត្រង់ អាស្រ័យ​លើ​ការមាន​សេរីភាព​ខាង​សាសនា ។ យើង​ដឹង​ហើយ​ថា សាតាំង​មិន​ចង់​ឲ្យ​យើង​មាន​សេរីភាព​ប្រភេទ​នេះ​ទេ ។ វា​ព្យាយាម​បំផ្លាញ​សិទ្ធិសេរីភាព​ខាង​ក្រមសីលធម៌​នៅ​ស្ថានសួគ៌ ហើយ​​លើ​ផែនដីសព្វថ្ងៃ វា​កំពុង​បន្ទាបបន្ថោក ប្រឆាំង និងផ្សាយ​​​ការភាន់ច្រឡំ​យ៉ាង​ពេញ​ទំហឹង អំពី​សេរីភាព​ខាងសាសនា—ថា​វា​ជា​អ្វី និង ហេតុអ្វី​បាន​ជា​វា​សំខាន់​ចំពោះ​ជីវិត​ខាង​វិញ្ញាណ និង សេចក្តី​សង្គ្រោះរបស់​យើង ។

មាន​កត្តា​គ្រឹះ​បួន​ក្នុង​សេរីភាព​សាសនា ដែល​យើង​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ត្រូវតែ​ពឹង​ផ្អែក​ និង ការពារ ។

ទីមួយ​គឺ​សេរីភាព​ក្នុង​ការជឿ ។ គ្មាន​នរណា​ត្រូវ​គេ​ទិតៀន បៀតបៀន ឬ វាយប្រហារ​ពី​សំណាក់​បុគ្គលណា ឬ រដ្ឋាភិបាលណា​ ចំពោះ​អ្វី​ដែល​ពួកគេ​ជឿ​ទៅលើ​​ព្រះ​នោះ​ទេ ។ វា​គឺ​ជា​រឿង​ផ្ទាល់ខ្លួន និង​សំខាន់​បំផុត ។ សេចក្ដីប្រកាស​មួយ​អំពី​ជំនឿ​យើង ទាក់ទង​នឹង​សេរីភាពខាង​​សាសនា បាន​​ថ្លែង​ថា ៖

« គ្មាន​រដ្ឋាភិបាល​ណា​អាច​នៅ​ក្នុង​សេចក្ដីសុខសាន្ត​បាន​ឡើយ លើកលែង​តែ​ច្បាប់​ទាំងឡាយ​ត្រូវបាន​បង្កើត​ឡើង ហើយ​ទ្រទ្រង់​ ដែល​នឹង​ធានា​ដល់​បុគ្គល​ម្នាក់ៗ នូវ​សេរីភាព​ខាង​សតិសម្បជញ្ញៈ ។ …

« … ចៅក្រម​ខាង​រដ្ឋការ គប្បី​បង្ខែបង្ខាំង​កុំ​ឲ្យ​មាន​ទោស​ឧក្រិដ្ឋ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ត្រួតត្រា​លើ​សម្បជញ្ញៈ​ឡើយ [ ឬ ] ជិះជាន់​លើ​សេរីភាព​នៃ​ព្រលឹង​ឲ្យ​សោះ » ។

សេរីភាព​គ្រឹះ​ខាង​ជំនឿ​នេះ ត្រូវបាន​ទទួល​ស្គាល់​ពី​ពេល​នោះ​មក ដោយ​អង្គការ​សហប្រជាជាតិ ក្នុង​សេចក្ដី​ប្រកាស​ជា​សាកល​អំពី​សិទ្ធិ​មនុស្ស និង តាមរយៈ​ឯកសារ​សិទ្ធិមនុស្ស​ជាតិ និង អន្តរជាតិ ។១០

កត្តា​គ្រឹះ​ទីពីរ​នៃ​សេរីភាព​សាសនា គឺ​សេរីភាព​ក្នុង​ការចែកចាយ​សេចក្ដីជំនឿ និង សាសនា​យើង​ជាមួយ​មនុស្ស​ដទៃ ។ ព្រះអម្ចាស់​បញ្ជា​យើង​ថា « ត្រូវ​ឲ្យ​បង្រៀន​ពាក្យ​ទាំងនេះ​ដល់​ពួក​កូនចៅ​ឯង … ក្នុង​កាល​ដែល​ឯង​អង្គុយ​នៅ​ក្នុង​ផ្ទះ » ។១១ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួកសិស្ស​ទ្រង់​ថា « ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​លោកិយ​ទាំងមូល ហើយ​ផ្សាយ​ដំណឹងល្អ​ទូទៅ​ដល់​គ្រប់​មនុស្ស​ទាំងអស់​ចុះ » ។១២ ក្នុង​នាម​ជា​ឪពុកម្ដាយ អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង សមាជិក​ផ្សាយ​សាសនា យើង​ផ្អែក​លើ​សេរីភាព​សាសនា ដើម្បី​បង្រៀន​គោលលទ្ធិ​នៃ​ព្រះអម្ចាស់ ក្នុង​គ្រួសារ​យើង​នៅ​ពាសពេញ​ពិភពលោក ។

សិលាគ្រឹះ​ទីបី​នៃ​សេរីភាព​ខាង​សាសនា គឺ​ជា​សិទ្ធិសេរីភាព​ដើម្បីបង្កើត​អង្គការ​សាសនា ព្រះវិហារ ដើម្បី​ថ្វាយបង្គំ​ដោយ​សុខសាន្ដ​ជាមួយ​នឹង​អ្នកដទៃ ។ មាត្រា​នៃ​សេចក្ដីជំនឿ​ទី​ដប់​មួយ ប្រកាស​ថា « យើង​ខ្ញុំ​សូម​អះអាង​យក​សិទ្ធិ​ក្នុង​ការ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​មហិទ្ធីឬទ្ធិ ស្រប​តាម​ការ​ណែនាំ​នៃ​សម្បជញ្ញៈ​របស់​យើង​ខ្ញុំ ហើយ​សូម បណ្ដោយ​ឲ្យ​មនុស្ស​ទាំងអស់ មាន​សិទ្ធិ​ដូចគ្នា ចូរ​ឲ្យ​គេ​ថ្វាយ​បង្គំ​តាម​របៀប​ណា​នៅ​ទីណា ឬ​អ្វី​ក៏​ដោយ​ដែល​គេ​ប្រាថ្នា » ។ ឯកសា​រសិទ្ធិ​មនុស្ស​អន្តរជាតិ និង រដ្ឋធម្មនុញ្ញ​ជាតិ​នៃ​ប្រទេស​ជា​ច្រើន គាំទ្រ​ដល់​គោលការណ៍​នេះ ។

កត្តា​គ្រឹះ​ទីបួន​នៃ​សេរីភាព​សាសនា គឺ​សេរីភាព​ក្នុង​ការរស់នៅ​តាម​ជំនឿ​យើង—គឺ​ជា​សេរីភាព​នៃ​សេចក្តីជំនឿ ដែល​មិន​គ្រាន់តែ​អនុវត្ត​ក្នុង​ផ្ទះ និង សាលាជំនុំ​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ក្នុង​ទីសាធារណៈ​ទៀត​ផង ។ ព្រះអម្ចាស់​មិន​គ្រាន់តែ​បញ្ជា​យើង​ឲ្យ​អធិស្ឋាន​តែ​ស្ងាត់​លាក់បាំង​ប៉ុណ្ណោះ​ទេ១៣ ប៉ុន្តែ​ថែមទាំង​ឲ្យ​យើង​ចេញ​ទៅ « ឲ្យ​ពន្លឺ [ យើង ] បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការណ៍​ល្អ​ដែល [ យើង ] ប្រព្រឹត្ត រួច​សរសើរ​តម្កើង​ដល់​ព្រះ​វរបិតា​នៃ [ យើង ] ដែល​គង់​នៅ​ស្ថាន​សួគ៌ » ។១៤

មនុស្ស​ខ្លះ​ទាស់ចិត្ត កាល​យើង​ពិភាក្សា​ពី​សាសនា​យើង​នៅ​ទី​សាធារណៈ ប៉ុន្តែ​មនុស្ស​ទាំងឡាយ​ដែល​ជា​អ្នក​ទទូច​ចង់​បាន​ទស្សនវិស័យ និង សកម្មភាព​ខ្លួន​ឲ្យ​មាន​ភាពចុះសម្រុង​គ្នា​ក្នុង​សហគមន៍ ជា​ញឹកញាប់​កាត់បន្ថយ​ភាពចុះសម្រុង​នោះ​ចំពោះ​អ្នក​ជឿ​សាសនា ដែល​គេក៏​ចង់​បាន​ទស្សនវិស័យ និង សកម្មភាព​ខ្លួន​ឲ្យ​មាន​ភាពចុះសម្រុង​ដែរ​នោះ ។ កង្វះ​​ការគោរពជា​ទូទៅ​​ចំពោះ​ទស្សនវិស័យ​ខាង​សាសនា កំពុង​ធ្វើ​ឲ្យ​ធ្លាក់​យ៉ាង​ឆាប់​រហ័ស​ទៅ​ក្នុង​ភាព​មិន​ចុះសម្រុង​ក្នុង​សង្គម និង នយោបាយ ចំពោះ​មនុស្ស​ដែល​កាន់​សាសនា និង រដ្ឋ​ធម្មនុញ្ញ​សាសនា ។

ពេល​យើង​ជួប​ប្រទះ​នឹង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង ឲ្យ​បន្ទាប​បទដ្ឋាន​យើង បោះបង់​ចោល​សេរីភាព​ខាង​សាសនា ហើយ​បង្ខូច​សិទ្ធិជ្រើសរើស សូម​ពិចារណា​ពី​អ្វី ដែល​ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​ការទទួល​ខុសត្រូវ​របស់​យើង ។ ក្នុង​គម្ពីរ​អាលម៉ា យើង​អាន​អំពី អាំលីសៃ ថា​ជា​មនុស្ស « ប្រកប​ដោយ​កលល្បិច » និង​ជា « ទុច្ចរិត » ដែល​សង្វាត​ធ្វើ​ជា​ស្ដេច​គ្រប់គ្រង​ប្រជាជន ហើយ « ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​ទាំងឡាយ​របស់​គេ និង ឯកសិទ្ធិ​ទាំងឡាយ » ដែល « នេះ​ធ្វើ​ឲ្យ​ភិតភ័យ​ដល់​ប្រជាជន​នៃ​សាសនាចក្រ » ​។១៥ ពួកគេ​ត្រូវបាន​បង្រៀន​ដោយ​ស្ដេច ម៉ូសាយ ឲ្យ​បន្លឺ​សំឡេង​ចំពោះ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ត្រឹមត្រូវ ។១៦ ហេតុដូច្នេះហើយ ពួកគេ « បាន​ប្រជុំ​គ្នា​ទូទៅ​អស់​ទាំង​ផែនដីគឺ​មនុស្ស​គ្រប់​រូប​ស្រប​តាម​គំនិត​របស់​ខ្លួន ថា​តើ​គេ​គាំទ្រ ឬ ជំទាស់​នឹង​អាំលីសៃ តាម​ក្រុម​ដោយ​ឡែកៗ ដោយ​មាន​ការជជែក​គ្នា​ជា​ខ្លាំង និង ការទាស់ទែង​គ្នា » ។១៧

ក្នុង​ការពិភាក្សា​ទាំងនេះ សមាជិក​សាសនាចក្រ និង អ្នក​ដែល​​មិនមែន​សមាជិក មាន​ឱកាស​ប្រជុំ​គ្នា ទទួល​បទពិសោធន៍​ខាង​ស្មារតី​នៃ​សាមគ្គីភាព និង ទទួល​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ « ហើយ​ហេតុការណ៍​បាន​កើតឡើង​ថា សំឡេង​របស់​ប្រជាជន​ទាស់​នឹង​អាំលីសៃ​ថា គាត់​មិន​ត្រូវ​ធ្វើ​ជា​ស្ដេច​លើ​ប្រជាជន​ទេ ។១៨

ក្នុង​នាម​ជា​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​យើង​មាន​ទំនួលខុសត្រូវ​មួយ​ដើម្បីធ្វើការ​រួម​គ្នា​​ជាមួយ​នឹង​ពួក​អ្នកជឿដែលមាន​ចិត្ត​ដូចគ្នា ដើម្បី​បន្លឺ​សំឡេង​របស់​យើង​ចំពោះអ្វី​ដែលត្រូវ ។ ទន្ទឹម​នឹងគ្នា​នោះ​​សមាជិក​មិន​គួរ​អះអាង ឬ បង្ហាញ​ថា​ពួកគេ​ថ្លែង​ជំនួស​ឲ្យ​សាសនាចក្រ​ឡើយ នោះ​យើង​ទាំងអស់​គ្នា​ត្រូវបាន​អញ្ជើញ ក្នុង​មុខងារ​យើង​ជា​ប្រជាពលរដ្ឋ ដើម្បី​ថ្លែង​សាក្សី​ផ្ទាល់ខ្លួន​ដោយ​ជំនឿស៊ប់ និង ក្ដីស្រឡាញ់— « គឺ​បុរស [ និង​ស្ត្រី ] គ្រប់​រូប​ស្រប​តាម​គំនិត [ របស់​ខ្លួន ] » ។១៩

ព្យាការី យ៉ូសែប ស្ម៊ីធ មាន​ប្រសាសន៍​ថា ៖

« ខ្ញុំ​មាន​ចិត្ត​ក្លាហាន​នឹង​ប្រកាស​ចំពោះ​ស្ថានសួគ៌​ថា ខ្ញុំ​ពិតជា​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ស្លាប់ ក្នុង​ការការពារ​សិទ្ធិ​របស់​ពួក​ប្រែសប៊ីធារាន ពួក​បាទីស្ទ ឬ មនុស្ស​ល្អ​ម្នាក់​ក្នុង​និកាយ​ដទៃ [ ជា​ពួក​មរមរន ] ចំពោះ​គោលការណ៍​តែ​មួយ ដែល​នឹង​ជាន់ឈ្លី​សិទ្ធិ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នៃ​ពួក​កាតូលិក​រ៉ូម៉ាំង ឬ និកាយ​ណា​មួយ​ទៀត ដែល​ពុំ​មាន​ប្រជាប្រិយភាព និង ទន់ខ្សោយ​ក្នុង​ការការពារ​ខ្លួន ។

« នេះ​ជា​ក្ដីស្រឡាញ់​នៃ​សេរីភាព ដែល​បំផុសគំនិត​ព្រលឹង​ខ្ញុំ— គឺ​សេរីភាព​ខាង​សង្គម និង ខាង​សាសនា ចំពោះ​ពូជ​សាសន៍​ទាំង​ពួង » ។២០

បងប្អូន​ប្រុស​ស្រី យើង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការថែរក្សា​សេរីភាព និង សិទ្ធិ​ដ៏​ពិសិដ្ឋ​ទាំងនេះ សម្រាប់​ខ្លួន​ និង សណ្ដាន​ក្រោយយើង ។ តើ​បងប្អូន និង ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ?

ទីមួយ យើង​ត្រូវតែ​មាន​ចំណេះដឹង ។ ចូរ​ដឹង​ពី​បញ្ហា​កើត​មាន​ក្នុង​សហគមន៍​បងប្អូន ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​សេរីភាព​សាសនា ។

ទីពីរ ដោយ​នូវ​សមត្ថភាព​ផ្ទាល់ខ្លួន សូម​ចូលរួម​ជាមួយ​មនុស្ស​ដទៃ ដែល​រួមចំណែក​ក្នុង​ការតាំងចិត្ត​ជាមួយ​បងប្អូន​ចំពោះ​សេរីភាព​សាសនា ។ ធ្វើការ​គៀក​ស្មា​គ្នា​ដើម្បី​ការពារ​សិទ្ធិសេរីភាព​ខាង​សាសនា ។

ទីបី ចូរ​រស់នៅ​តាម​ជីវិត​របស់​បងប្អូន ដើម្បី​ធ្វើជា​គំរូ​ល្អ​ចំពោះ​អ្វី​ដែល​បងប្អូន​ជឿ—ក្នុង​ពាក្យពេចន៍ និង ទង្វើ ។ របៀប​ដែល​យើង​រស់នៅ​ដោយ​អនុវត្ត​តាម​សាសនា​យើង មាន​សារៈសំខាន់​ខ្លាំង​​ជាង​អ្វី​ដែល​យើង​ថ្លែង​អំពី​សាសនា​យើង​ទៅ​ទៀត ។

ការយាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះអង្គសង្គ្រោះ​ជិត​មក​ដល់​ហើយ ។ ចូរ​យើង​កុំ​បង្អង់​ក្នុង​បុព្វហេតុ​ដ៏​ធំ​នេះ​ឡើយ ។ ចូរ​ចាំ​ពី​មេទ័ព​មរ៉ូណៃ ដែល​បាន​លើកឡើង​ពី​ប្រធានបទ​នៃ​សេរីភាព ដែល​បាន​ចារ​ជា​ពាក្យ​ថា ៖ « ក្នុង​ការចងចាំ​ដល់​ព្រះ​របស់​យើង សាសនា និង សេរីភាព​របស់​យើង និង សេចក្ដីសុខសាន្ត​របស់​យើង ភរិយា​របស់​យើង និង កូនចៅ​របស់​យើង២១ ចូរ​ចាំ​ពី​ការឆ្លើយ​តប​របស់​ប្រជាជន ៖ ពេល​ពួកគេ​ប្រើ​សិទ្ធិជ្រើសរើស​របស់​ខ្លួន នោះ​ពួកគេ « បាន​នាំ​គ្នា​រត់​មក » ដោយ​នូវ​សេចក្ដី​សញ្ញា​ថា​នឹង​ធ្វើ ។២២

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់ កុំ​ដើរ​ឲ្យ​សោះ ! ត្រូវតែ​រត់ ! រត់​ទៅ​ទទួល​ពរជ័យ​នៃ​សិទ្ធិ​ជ្រើសរើស តាមរយៈ​ការធ្វើតាម​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការប្រើ​សេរីភាព ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង ដើម្បី​ធ្វើ​តាម​ព្រះឆន្ទៈ​ទ្រង់ ។

ខ្ញុំ​ថ្លែង​ជា​សាក្សីពិសេស​របស់ខ្ញុំ​នៅថ្ងៃ​បុណ្យអ៊ីស្ទើរ​ដ៏ពិសេស​នេះថា​ ព្រះយេស៊ូវ​គ្រីស្ទ បាន​ប្រើ​សិទ្ធិ​សេរីភាព​របស់ទ្រង់ ដើម្បីធ្វើ​តាម​ព្រះឆន្ទៈ​របស់ព្រះបិតា​យើង ។

យើង​ច្រៀង​អំពី​ព្រះអង្គសង្គ្រោះ​​ថា « ព្រះលោហិត​ដ៏​វិសេស​នោះ​ទ្រង់​បាន​បង្ហូរ ហើយ​ទ្រង់​បាន​លះបង់​ឲ្យ​ការបូជា » ។២៣ ដោយសារ​ទ្រង់​បាន​ធ្វើ​ដូចនោះ យើង​មាន​ឱកាស​ពិសេស « ដើម្បី​នឹង​រើស​យក​ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » តាមរយៈ​ព្រះចេស្ដា និង ពរជ័យ​នៃ​ដង្វាយធួន​ទ្រង់ ។២៤​ សូម​ឲ្យ​យើង​រើស​យក​ការដើរតាម​ទ្រង់​នៅ​ថ្ងៃ​នេះ និង ដរាប​តទៅ សូម​សូម​អធិស្ឋាន​ក្នុង​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។