ឆ្នាំ ២០១០-២០១៩
ការ​ពង្រឹង​សេចក្ដី​ជំនឿ
ខែ មេសា 2015


ការ​ពង្រឹង​សេចក្ដី​ជំនឿ

យើង​គ្រប់គ្នា​អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅតាម​ផ្លូវ​ធ្វើដំណើរ​របស់​យើងម្នាក់ៗ ហើយ​រក​បាន​សេចក្ដីអំណរ ។

ប្រធាន ម៉នសុន នៅ​ព្រឹក​បុណ្យ​អ៊ីសស្ទើរ​នេះ យើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្ដាប់​សំឡេង​​ព្យាការី​ដែល​នៅ​រស់​របស់​យើង ។ យើង​ឲ្យ​តម្លៃ​ពាក្យ​សម្ដី​របស់​លោក រួមទាំង​ការ​ប្រឹក្សា​របស់លោក ឲ្យ «ស្វែងរក​សេចក្ដីអំណរ​នៅក្នុងការ​ធ្វើដំណើរ » ហើយ « អនាគត​ភ្លឺស្វាង​ដូចជា​សេចក្ដីជំនឿ​របស់​លោក » ។

ក្នុង​ឆ្នាំ​នេះ កុមារ​ក្នុង​អង្គការ​បឋម​សិក្សា​កំពុង​ចែករំលែក​ក្ដីរីករាយ និង​ពន្លឺ​នៃ​ក្ដី​ជំនឿ​គេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ កាល​គេ​ច្រៀង​បទ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » ។ ពួកគេ​ច្រៀង​សេចក្ដីពិតថា « ខ្ញុំ​ដឹង​ថា​ទ្រង់មាន​ព្រះជន្ម​​រស់ ! ... ដួងចិត្ត​ខ្ញុំ​ប្រគល់​ទៅទ្រង់ » ដូចជា​កុមារ​អង្គការ​បឋមសិក្សា យើង​គ្រប់គ្នា​អាច​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅតាម​ផ្លូវ​ធ្វើដំណើរ​របស់​យើងម្នាក់ៗ ហើយ​រក​បាន​សេចក្ដីអំណរ ។

ថ្មីៗ​នេះ នៅ​ក្នុង​ការ​ប្រជុំ​​សមាគម​សង្គ្រោះ ខ្ញុំ​បាន​ស្ដាប់​ឮ​ការ​សន្ទនា​របស់​ម្ដាយ​វ័យ​ក្មេង​ម្នាក់​ចែកចាយ​ផ្នែក​មួយ​នៃ​ការផ្លាស់ប្រែចិត្ត​ជឿ​គាត់ ។ គាត់​ធំឡើង​នៅ​ក្នុង​សាសនាចក្រ ដោយ​មាន​ឪពុកម្ដាយ​បង្រៀន​គាត់អំ​ពី​ដំណឹងល្អ ។ គាត់​បាន​ចូល​រួម​ថ្នាក់​បឋមសិក្សា ថ្នាក់​យុវនារី និង​ថ្នាក់​សិក្ខា​សាលា ។ គាត់​ចូលចិត្ត​រៀន និង​​ស្វែងរក​សេចក្ដី​ពិត ។ គាត់មានចម្ងល់​ចង់​ដឹងជានិច្ច​​ថាហេតុអ្វី ។ អែលឌើរ រ័សុល  អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ព្រះអម្ចាស់​អាច​បង្រៀន​ដល់គំនិត​ដែល​មានសំណួរ​តែ​ប៉ុណ្ណោះ » ។ ហើយ​យុវនារី​នេះ​គឺងាយ​ប្រដៅ ។

បន្ទាប់​ពី​ចប់​វិទ្យាល័យ នាង​បាន​ចូលរៀន​នៅ​សាកល​វិទ្យាល័យ​មួយ នាង​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​អ្នក​ត្រឡប់​ពី​ផ្សាយ​សាសនា​ម្នាក់ ហើយ​មាន​ពរ​ដោយ​មាន​កូន​ស្រស់ស្អាត​ជា​ច្រើន​នាក់ ។

ដោយ​មាន​ផ្នត់គំនិត​ចង់​ដឹង ម្ដាយ​ម្នាក់​នេះ​បាន​បន្ត​សួរ​សំណួរ​ជា​ច្រើន ។ ប៉ុន្តែ​ពេល​ដែល​សំណួរ​សួរពិបាក​ទៅៗ នោះ​ចម្លើយ​ក៏​ពិបាក​នឹង​រក​ដែរ ។ ហើយ​នៅ​ពេល​ខ្លះ វា​គ្មាន​ចម្លើយ​ទេ—ឬ​គ្មាន​ចម្លើយ​ដែល​នាំ​មក​នូវ​សន្តិភាពទេ ។ ទីបំផុត ពេល​នាង​បាន​ស្វែងរក​ចម្លើយ នោះ​សំណួរ​កាន់តែ​មាន​ច្រើនឡើងៗ ហើយ​នាង​ចាប់​ផ្ដើម​សង្ស័យ​នឹង​គ្រឹះ​នៃ​សេចក្ដីជំនឿ​របស់​នាង​មួយចំនួន ។

អំឡុង​គ្រា​ច្របូក​ច្របល់​នេះ មនុស្ស​មួយចំនួន​នៅជុំវិញនាង បាន​និយាយ​ថា « ផ្អែកលើ​ជំនឿ​របស់​ខ្ញុំ​ទៅ » ។ ប៉ុន្តែ​នាង​បានគិត​ថា « ខ្ញុំមិនអាច​ទេ ។ អ្នក​ពុំ​យល់ អ្នក​ពុំ​តទល់​នឹង​បញ្ហា​ទាំងនេះ​ផង​ហ្នឹង » ។ នាង​បាន​ពន្យល់​ថា « ខ្ញុំ​ស្ម័គ្រចិត្ត​ដើម្បី​ផ្ដល់​ភាពឱនលំទោន​ចំពោះ​អ្នកទាំងឡាយ​ដែល​គ្មានសង្ស័យ បើពួកគេ​ភាពឱនលំទោន​ចំពោះ​ខ្ញុំ » ។ ហើយ​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ដូច្នោះ ។

នាង​បាន​និយាយ​ថា « ឪពុក​ម្ដាយ​ខ្ញុំ​យល់​ពី​អារម្មណ៍​ខ្ញុំ ហើយ​មិន​បាន​រារាំង​ខ្ញុំនោះទេ ។ ពួកគាត់​បាន​ជ្រើសរើស​ស្រឡាញ់​ខ្ញុំ ពេល​ខ្ញុំ​កំពុង​ស្វែង​រក​ចម្លើយ​ដោយ​ខ្លួនឯង » ។ ដូច​គ្នា​នេះ​ដែរ ជា​ញឹក​ញាប់​ប៊ីស្សព​របស់​ម្ដាយ​វ័យ​ក្មេង​រូប​នេះ បាន​ជួប​ជា​មួយ​គាត់ ហើយ​និយាយ​ពីទំនុកចិត្ត​ដែលមាន​លើ​គាត់ ។

សមាជិក​វួដ​ក៏​មិន​រុញរា​ក្នុង​ការ​ផ្ដល់​ក្ដី​ស្រឡាញ់​ដែរ ហើយ​គាត់​មាន​អារម្មណ៍​ថា​មិនឯកោទេ ។ វួដ​គាត់​មិន​មែន​ជា​កន្លែង​ដែល​ចង់​បាន​មុខមាត់​ទេ វា​ជា​កន្លែង​នៃ​ការ​ថែទាំ​បីបាច់ ។

គាត់​ចាំ​ថា « វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ។ « ក្នុង​អំឡុង​ពេល​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ទំនាក់​ទំនង​ជា​ខ្លាំង​ជាមួយ​ជីដូន​ជីតា​ខ្ញុំ​ដែល​បាន​ចែក​ឋាន​ទៅ​នោះ ។ ពួកគាត់​គាំទ្រ​ខ្ញុំ ហើយ​ជម្រុញ​ឲ្យ​ខ្ញុំ​បន្ត​ព្យាយាម ។ ខ្ញុំ​ហាក់​ឮ​ពួកគាត់​និយាយ​ថា ‹ ចូរ​ផ្ដោត​លើ​អ្វី​ដែល​ចៅ​ដឹង ›» ។

ទោះ​ជា​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ក្ដី គាត់​បាន​ក្លាយ​ជា​សមាជិក​អសកម្ម ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​មិន​បាន​បំបែក​ខ្លួន​ខ្ញុំ​ពី​សាសនាចក្រ​ដោយសារ​តែ​អាកប្បកិរិយា​អាក្រក់ ព្រងើយ​កន្តើយ​ខាង​វិញ្ញាណ ​ដោះសារ​មិន​រស់​តាម​ព្រះបញ្ញតិ្ត ឬ​រក​ច្រក​ចេញ​ឡើយ ។ ខ្ញុំ​ត្រូវ​ការ​ចម្លើយ​ចំពោះ​សំណួរ ‹ តើ​ខ្ញុំ​ជឿ​លើ​អ្វី​ពិត​ប្រាកដ​ទៅ ? »

ពេល​នោះ​គាត់​បាន​អាន​សៀវភៅ​មួយ​ក្បាល​ដែល​សរសេរ​ដោយ​អ្នកម្ដាយ​ថេរេសា ដែល​មាន​អារម្មណ៍​ស្រដៀង​គ្នា​នឹង​គាត់​ដែរ ។ ក្នុង​សំបុត្រ​មួយ​នៅ​ឆ្នាំ ១៩៥៣ អ្នកម្ដាយ​ថេរេសា​បាន​សរសេរ​ថា ៖ « សូម​អធិស្ឋាន​ជា​ពិសេស​សម្រាប់​ខ្ញុំ ដើម្បី​ខ្ញុំ​មិន​បង្ខូច​កិច្ចការ​ទ្រង់ ហើយ​ថា​ព្រះអម្ចាស់​របស់​យើង​អាច​បង្ហាញ​អង្គ​ទ្រង់—ត្បិត​មាន​ភាព​ងងឹត​ដ៏​អាក្រក់​នៅ​ក្នុង​ចិត្ត​ខ្ញុំ ហាក់​ដូច​ជា​អ្វី​គ្រប់​យ៉ាង​បាន​សូន្យ​សុង​ទៅ ។ ម្ដងម្កាល​ខ្ញុំ​ជួប​បទពិសោធន៍​ដូច​នេះ ជួន​​តិច ឬជួន​​ច្រើន ​កាល​ខ្ញុំ​ចាប់​ផ្ដើម ‹ កិច្ចការ​ទ្រង់ › ។ សូម​ឲ្យ​ព្រះអម្ចាស់​យើង​ផ្ដល់​ភាព​ក្លាហាន​ដល់​ខ្ញុំ » ។

មហាសង្ឈ ប៉េរីយេ ​បាន​ឆ្លើយ​តប​ថា ៖ « អ្នក​ម្ដាយ​ជា​ទី​ស្រឡាញ់​ ព្រះ​ដឹកនាំ​ម្ដាយ ម្ដាយ​មិន​នៅ​ក្នុង​ភាព​ងងឹត​ដូច​ដែល​អ្នក​ម្ដាយ​គិត​នោះ​ទេ ។ មាគ៌ា​ដែល​ត្រូវ​ដើរ​តាម មិន​ច្បាស់​លាស់​ភ្លាម​ៗជានិច្ច​ឡើយ ។ សូម​អធិស្ឋាន​រក​ចំណេះ​ដឹង សូម​កុំ​សម្រេច​ចិត្ត​លឿន​ពេក សូម​ស្ដាប់​យោបល់​អ្នក​ដទៃ ហើយ​ពិចារណា​ពី​ហេតុផល​របស់​គេ ។ អ្នក​ម្ដាយ​នឹង​រកឃើញ​អ្វី​មួយ​ដើម្បី​ជួយ​អ្នក​ម្ដាយ​ជានិច្ច ។ … ដោយ​បាន​ដឹកនាំ​ដោយ​សេចក្ដីជំនឿ ការអធិស្ឋាន និង​ហេតុផល​ដោយបំណង​ត្រឹមត្រូវ នោះ​ខ្ញុំ​មាន​ល្មមគ្រប់គ្រាន់ » ។

មិត្ត​ខ្ញុំ​គិត​ថា បើ​អ្នក​ម្ដាយ​ថេរេសា​អាច​ធ្វើតាម​សាសនា​របស់​គាត់​ដោយ​គ្មាន​ចម្លើយ និង​ដោយ​គ្មាន​ការ​បញ្ជាក់​ពី​អ្វី​គ្រប់​យ៉ាង នោះ​ប្រហែល​ជា​គាត់​អាច​ធ្វើ​ដូចគ្នា​ដែរ ។ គាត់​អាច​បោះ​ជំហាន​យ៉ាង​សាមញ្ញ​ទៅ​កាន់​ក្ដី​ជំនឿ—ហើយ​បន្ទាប់​មកបោះ​​មួយ​ជំហាន​ទៀត ។ គាត់​អាច​ផ្ដោត​លើ​សេចក្ដី​ពិត​ដែល​គាត់​ជឿ ហើយ​ឲ្យ​ការ​ពិត​ទាំង​នោះ​ចម្អែត​គំនិត និង​ដួងចិត្ត​គាត់ ។

នៅពេល​ដែល​គាត់​គិត​ពី​អ្វី​ដែល​បាន​កើត​ឡើង គាត់​បាន​និយាយ​ថា « ទីបន្ទាល់​ខ្ញុំ​បាន​ក្លាយ​ដូច​ជា​គំនរ​ផេះ ។ វា​បាន​ឆេះ​សុស​ជាផេះ​​ផង់ទៅហើយ ។ អ្វី​ដែល​នៅ​សល់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ។ គាត់​បាន​បន្ត​ថា « តែ​ទ្រង់​មិន​ទុក​អ្នក​ចោល​ទេ ពេល​អ្នក​មាន​សំណួរ​នោះ ។ នៅ​ពេល​នរណា​ម្នាក់​ព្យាយាម​រក្សា​ព្រះបញ្ញតិ្ត គេ​នឹង​អាច​រកឃើញ​ព្រះ​សង្គ្រោះ​ជានិច្ច ។ ការអធិស្ឋាន និង​ការ​សិក្សា​ព្រះគម្ពីរ​បានក្លាយ​ជា​ទម្លាប់​ដ៏​សំខាន់ » ។

ជំហាន​ដំបូង​របស់​គាត់ គឺ​ត្រូវ​ស្ថាបនា​សេចក្ដី​ជំនឿ​គាត់​ដែល​ត្រូវ​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ពិត​នៃ​ដំណឹងល្អ​ជា​មូលដ្ឋាន ។ គាត់​បាន​ទិញ​សៀវភៅ​ចម្រៀង​កុមារ ហើយ​ចាប់​ផ្ដើម​អានពាក្យពេចន៍​នៃ​បទ​ចម្រៀង​ទាំងឡាយ ។ គាត់​ពេញ​ចិត្ត​បទ​ចម្រៀង​ទាំង​នេះ​ជា​ខ្លាំង ។ គាត់​បាន​អធិស្ឋានសុំ​ឲ្យ​សេចក្ដី​ជំនឿ​សម្រាល​ទម្ងន់​ដែល​គាត់​មាន ។

គាត់​បាន​រៀន​ថា នៅពេល​គាត់​ជួប​ការណ៍​ដែល​ធ្វើ​ឲ្យ​គាត់​មាន​ចម្ងល់ គាត់ « អាច​ព្យាយាម​ស្វែងយល់ ពី​គំនិត​ទាំង​ឡាយ ហើយ​ទទួល​យក​ដំណឹងល្អ​ផ្ទាល់​ខ្លួន » ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​នឹង​សួរ​ថា ‹ តើ​វា​ជា​មាគ៌ា​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​ឬទេ ? › ពេល​ខ្លះ ខ្ញុំ​នឹង​សួរ​ខ្លួន​ឯង​ថា ‹ តើ​ខ្ញុំ​ចង់​បាន​អ្វី​សម្រាប់​កូនៗ​ខ្ញុំ ? › ខ្ញុំ​ដឹង​ថា ខ្ញុំ​ចង់​ឲ្យ​ពួកគេ​រៀបអាពាហ៍​ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នោះ​ជា​ពេល​ដែល​សេចក្ដីជំនឿ​បាន​ត្រឡប់មក​ក្នុងចិត្ត​ខ្ញុំវិញ » ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ថា « មនុស្សធម៌ សេចក្ដីជំនឿ និង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ [នឹង] នៅ​ជា​កត្តា​នៃ គ្រប់ ចម្ងល់​សម្រាប់​ការពិត​ទាំង​អស់ » ។6

ទោះ​ជា​គាត់​មាន​សំណួរ​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​ចងក្រង​ឡើង​ក្ដី គាត់​មិន​អាច​បដិសេធ​ការ​ពិត​ដែល​គាត់​បាន​ដឹង​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ឡើយ ។ គាត់​បាន​ផ្ដោត​លើ​ការ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​ព្រះអង្គ​សង្គ្រោះ ។ គាត់​បាន​និយាយ​ថា « ប៉ុន្តែ​នៅ​ទីបញ្ចប់ ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ម្ដង​ទៀត ដោយសារ​ខ្ញុំ​ចូលចិត្ត​អារម្មណ៍​ដែល​ខ្ញុំ​មាន​ពេល​អាន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ » ។

គាត់​បាន​បញ្ចប់​ថា « អ្នក​ត្រូវ​តែ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​ការ​ពិត​នៅ​ក្នុង​គម្ពីរ​នោះ » គាត់​បាន​មាន​វា​ម្ដង​ទៀត​ ។ គាត់​បាន​ពន្យល់​ថា « ខ្ញុំ​បាន​អាន​​ក្នុង​គម្ពីរ​ម៉ូសាយ ហើយ​មាន​អារម្មណ៍​ថា​ត្រូវ​ចំណុច ៖ ‹ សូម​ជឿ​ដល់​ព្រះ​ចុះ សូម​ជឿ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ហើយ​ថា​ទ្រង់​បាន​បង្កើត​វត្ថុ​សព្វសារពើ …  សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា និង​គ្រប់​ព្រះ​ចេស្ដា ទាំង​នៅ​លើ​ស្ថានសួគ៌ និង​នៅ​លើ​ផែនដី​ផង សូម​ជឿ​ថា មនុស្ស​ពុំ​យល់​នូវ​អ្វី​ទាំង​អស់ ដែល​ព្រះ​ទ្រង់​អាច​យល់​បាន​នោះ​ឡើយ ›» ។

ក្នុង​ពេល​នោះ មាន​ការ​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​លេង​ព្យាណូ​ក្នុង​ថ្នាក់​បឋម​សិក្សា ។ គាត់​បាន​និយាយ​ថា « វា​ជា​ការ​ល្អ​ណាស់ » ។ ខ្ញុំ​ចង់​ឲ្យ​កូនៗ​ខ្ញុំ​នៅ​ក្នុង​ថ្នាក់​បឋម​សិក្សា ហើយ​ពេលនេះ​ខ្ញុំ​អាច​នៅ​ជាមួយ​ពួកគេ ។ ម្យ៉ាងទៀត​ខ្ញុំ​ពុំ​ទាន់​ត្រៀម​ខ្លួន​បង្រៀន​នៅ​ឡើយ​ទេ » ។ នៅពេល​គាត់​បម្រើ គាត់​បានបន្ដ​ទទួលអារម្មណ៍​ពីមនុស្ស​ដែល​នៅជុំវិញគាត់​នូវការ​អញ្ជើញថា « ចូរ​មក​ចុះ យើង​ចង់បាន​អ្នករាល់គ្នា មិនថា​អ្នករាល់គ្នាស្ថិត​ក្នុងស្ថានភាព​អ្វីទេ យើង​នឹង​ជួប​អ្នកនៅទីនោះ ។ សូម​ផ្ដល់​នូវ​ទេព​កោសល្យ​ទាំង​ឡាយ​ដែល​អ្នក​មាន » ។

ពេល​លេ​ង​ភ្លេង​អង្គការ​បឋមសិក្សា ជាញឹកញាប់​គាត់​គិត​អំពី​ខ្លួនគាត់ « នេះ​ជា​ក្ដី​ពិត​ដែលខ្ញុំស្រឡាញ់ ។ ខ្ញុំ​នៅ​តែ​អាច​ថ្លែង​ទី​បន្ទាល់ ។ ខ្ញុំ​នឹង​និយាយ​អ្វី​ដែល​ខ្ញុំ​ដឹង ហើយ​ពិត​ប៉ុណ្ណោះ ។ វា​ប្រហែល​មិន​មែន​ជា​ការ​ផ្ដល់​ចំណេះ​វិជ្ជា​ដ៏​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ផ្ដល់​ជូន​របស់​ខ្ញុំ ។ ខ្ញុំ​ទទួល​បាន​ទីបន្ទាល់​យ៉ាង​ខ្លាំង​នៃ​អ្វី​ដែល​ខ្ញុំ​បាន​ថ្លែង ។ វា​ប្រសើរ​ណាស់​ក្នុង​ការ​ត្រឡប់​មក​វត្តមាន​នៃ​ដំណឹងល្អ និង​មាន​ការ​បញ្ជាក់​ម្ដង​ទៀត » ។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ កាល​ដែល​ខ្ញុំ​បាន​ស្ដាប់​ម្ដាយ​វ័យ​ក្មេង​រូប​នោះ​ចែក​ចាយ​ពី​រឿង​នៃ​ការ​ធ្វើ​ដំណើរ​របស់​គាត់ ខ្ញុំ​ត្រូវ​បាន​ដាស់តឿន​ថា « នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ » ដែល​យើង​ត្រូវ​សង់​គ្រឹះ​របស់​យើង ។ ខ្ញុំ​ក៏​ត្រូវ​បាន​រំឭក​ពី​ការ​ប្រឹក្សា​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ដែរ​ថា ៖ « ចូរ​តោង​ឲ្យជាប់​ទៅនឹង​អ្វី​ដែឡអ្នក​បាន​ដឹង​រួច​ហើយនោះ ហើយ​ឈរ​ឲ្យ​រឹងមាំ​រហូត​ដល់ទទួលបាន​ចំណេះ​ដឹង​បន្ថែម » ។9

អំឡុង​មេរៀន​របស់​គាត់ ខ្ញុំ​បាន​ដឹង​យ៉ាង​អស់​ពី​ចិត្ត​ថា ចម្លើយ​ទៅ​នឹង​សំណួរ​ដ៏​ស្មោះត្រង់​របស់​យើង កើត​មាន​នៅ​ពេល​យើង​ព្យាយាម​ស្វែង​រក និង​នៅពេល​ដែល​យើង​រស់នៅ​តាម​ដំណឹងល្អ ។ ខ្ញុំ​ត្រូវ​បាន​ដាស់តឿន​ថា សេចក្ដី​ជំនឿ​របស់​យើង​អាច​ជួយ​យើង​ឲ្យ​ជឿលើ​អ្វី​ដែល​យើង​មិន​យល់​ក្នុង​ពេល​នេះ ។

ហើយ ខ្ញុំ​ពិត​ជា​ចង់​ក្លាយ​ដូច​ជា​មនុស្ស​ដែល​នៅ​ជុំវិញ​ស្រ្តី​វ័យ​ក្មេង​ម្នាក់​នោះ​ណាស់ ជា​មនុស្ស​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​គាំទ្រ​គាត់ ។ ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ បាន​មាន​ប្រសាសន៍​ថា ៖ « ទីបំផុត​យើង​គឺ​ជា​អ្នក​ដំណើរ​ស្វែងរក​ពន្លឺ​នៃ​ព្រះ ​ពេល​យើង​ធ្វើ​ដំណើរ​ស្ថិត​នៅ​លើ​មាគ៌ា​នៃ​ភាពជាសិស្ស ។ យើង​ពុំ​ដាក់ទោស​អ្នក​ដទៃ​ចំពោះ​កម្រិត​ពន្លឺ​ដែល​គេ​អាច​មាន ឬ​គ្មាននោះ​ទេ តែ​យើង​ចិញ្ចឹម​បីបាច់ ហើយ​លើកទឹកចិត្ត​ឲ្យ​មាន​ពន្លឺ​ដរាប​វា​ភ្លឺ​ឡើង​ច្បាស់ ត្រចះត្រចង់ ហើយ​ពិតប្រាកដ ។​​១០

ពេល​កុមារ​ថ្នាក់​បឋម​សិក្សា​ច្រៀនងបទ « ការអធិស្ឋាន​របស់​កុមារ » ពួកគេ​បាន​សួរ​ថា ៖ « ព្រះវរបិតា​អើយ ទ្រង់​នៅ​ទីនេះ​ឬ ? តើ​ទ្រង់​ឮ​ហើយ​ឆ្លើយ​ការ​អធិស្ឋាន​កូន​ឬទេ ?១១

យើង​ក៏​ប្រហែល​ឆ្ងល់​ដែរ​ថា « តើ​ព្រះវរបិតា ទ្រង់​នៅ​ទីនេះ​ឬ ? » ត្រឹម​តែ​រីករាយ—ដូច​ជា​មិត្តភក្ដិ​ខ្ញុំ—ពេល​ដែល​ចម្លើយ​មក​យ៉ាង​ស្ងៀមស្ងាត់ ជា​ការ​អះអាង​យ៉ាង​សាមញ្ញ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា​ការ​អះអាង​ដ៏សាមញ្ញ​ទាំង​នោះ កើតមាន នៅពេល​ព្រះឆន្ទៈទ្រង់​ក្លាយជា​ឆន្ទៈ​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការ​ពិត​គឺ​នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ ហើយ​ដំណឹងល្អ​ទ្រង់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​សម្គាល់

  1. ថូម៉ាស អេស. ម៉នសុន «Finding Joy in the Journey» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 85។

  2. ថូម៉ាស អេស. ម៉នសុន « Be of Good Cheer » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩២។

  3. « ខ្ញុំ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​ស្រឡាញ់​ខ្ញុំ » នៅ ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោសលោះ​ខ្ញុំ​នៅ​រស់ ៖ គម្រោង​​ពេលវេលាម៉ោង​ចែកចាយ ២០១៥ ( ឆ្នាំ ២០១៤ ), ២៩ ។

  4. រ័សុល  អិម ណិលសុន នៅក្នុង អិម. រ័សុល បាឡឺដ « What Came from Kirtland » (Brigham Young University fireside, ថ្ងៃទី ៦ ខែ​វិច្ឆិកា ឆ្នាំ ១៩៩៤); speeches.byu.edu

  5. នៅក្នុង Mother Teresa: Come Be My Light; The Private Writings of the Saint of Calcutta, បានបោះពុម្ព​ដោយ Brian Kolodiejchuk ( ឆ្នាំ ២០០៧ ), ១៤៩–៥០; punctuation standardized ។

  6. ជែហ្វ្រី  អ័រ ហូឡិន « Be Not Afraid, Only Believe » (evening with Elder Jeffrey R. Holland, ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៥); lds.org/broadcasts

  7. ម៉ូសាយ ៤:៩ ។

  8. សូមមើលហេលេមិន ៥:១២

  9. ជែហ្វ្រី  អ័រ ហូឡិន « Lord, I Believe » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ។

  10. ឌៀថើរ  អេស្វ អុជដូហ្វ, « Receiving a Testimony of Light and Truth, »EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១៤, ២២ ។

  11. « ការអធិស្ឋាន​របស់កុមារ » Children’s Songbook, ១២ ។