ឆ្នាំ ២០១០-២០១៩
សូម​នៅ​ក្បែរ​ដើម​ឈើ​នោះ
ខែ មេសា 2015


សូម​នៅ​ក្បែរ​ដើម​ឈើ​នោះ

ការនិមិត្ត​របស់លីហៃ​អំពី​ដើម​នៃ​ជីវិត​គឺ​ជា​រឿង​ប្រៀបធៀប​ដ៏មានអានុភាព​អំពី​ការ​កាន់ខ្ជាប់​ដល់​ចុង​បំផុត ។

មុន​ពេល​ប្រធាន ហើ ប៊ើរ ​ជេ ហ្គ្រេន ​ទទួល​មរណភាព មាន​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់​បាន​ទៅ​លេង​ផ្ទះ​លោក ។ មុនពេល​​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នោះ​ចេញទៅវិញ ប្រធាន ហ្គ្រេន​ បាន​អធិស្ឋាន​ថា « ឱ​ព្រះ​អើយ សូម​ប្រទាន​ពរ​ដល់​ខ្ញុំ​កុំ​ឲ្យ​ខ្ញុំ​បាត់បង់​ទីបន្ទាល់​ខ្ញុំ​ឡើយ ហើយ​សូម​រក្សា​ភាពស្មោះត្រង់​រហូត​ដល់​ថ្ងៃ​បំផុត ! » បន្ទាប់ពី​អស់រយៈពេល​​ជិត​ ២៧ ឆ្នាំ​ក្នុង​នាម​​​ជា​ប្រធាន​សាសនាចក្រ នេះ​គឺ​ជា​ការទូល​អង្វរ​ដ៏ស្មោះ​អស់​ពី​ចិត្ត​របស់​លោក ។ គំរូ​របស់​លោក​គឺ​ជា​ការរំឭក​ដ៏​មាន​អំណាច​ថា គ្មាន​នរណា​ម្នាក់​អាច​គ្មាន​ការល្បួង​ពី​សាតាំង​ទេ ទោះ​នៅ​ជំនាន់​ណា​ក៏​ដោយ ។ អាវុធ​ដ៏​ខ្លាំង​បំផុត​ពីរ​យ៉ាង​របស់​សាតាំង​គឺ​ការរំខាន និង ការបោក​បញ្ឆោត ។

ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុតជា​សញ្ញាសម្គាល់អំពីភាព​ជា​​សិស្ស​ដ៏​ពិត ហើយ​សំខាន់​ចំពោះ​ជីវិត​អស់​កល្ប​ជានិច្ច ។ ប៉ុន្តែ​នៅពេល​យើង​ជួប​ប្រទះ​នឹង​ការសាកល្បង និង ឧបសគ្គ​ជាញឹកញាប់​យើង​ត្រូវ​បាន​ប្រាប់​នូវ​ឃ្លា​សាមញ្ញ​មួយ​ថា « សូម​ទ្រាំ​បន្តិច » ។ ខ្ញុំ​សូម​ពន្យល់​ឲ្យ​ច្បាស់​ថា « សូម​ទ្រាំ​បន្តិច » មិន​មែន​ជា​គោលការណ៍​នៃ​ដំណឹង​ល្អ​ឡើយ ។ ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មាន​ន័យ​ថា ការមក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​ល្អ​ឥតខ្ចោះ​យ៉ាង​ខ្ជាប់ខ្ជួនក្នុង​ទ្រង់​ ។

បើការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​គឺ​ជា​អ្វី​ដែល​សំខាន់​ចំពោះ​ជីវិត​អស់​កល្ប​ជានិច្ច ហេតុអ្វី​ក៏យើងលំបាក​ដើម្បី​មាន​ភាព​ស្មោះត្រង់​ដូច្នេះ ? យើង​លំបាក​ នៅពេល​យើង​ត្រូវ​ជ្រើសរើស​យក​អាទិភាព​នានា ។ ការ​គោរព​ប្រតិបត្តិ​ធម្មតាៗ និង​ការ​តាំងចិត្ត​ពុំ​មុតមាំ​ធ្វើ​ឲ្យ​សេចក្ដីជំនឿ​ទន់ខ្សោយ ។ ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត តម្រូវ​ឲ្យ​មាន​ការតាំងចិត្ត​ទាំងស្រុង ចំពោះ​ព្រះសង្គ្រោះ និង ចំពោះ​​សេចក្តី​សញ្ញា​របស់​យើង ។

ការ​និមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត គឺ​ជា​រឿង​ប្រៀបធៀប​មួយ​ដ៏​មាន​ឥទ្ធិពល​អំពី​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ សូម​សិក្សា និង ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​សុបិនរបស់​​លីហៃ ហើយប្រៀប​​ប្រដូច​វា​មក​នឹង​ខ្លួនអ្នក​ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ សូម​ពិចារណាអំពី​​គោលការណ៍​ចំនួន​ប្រាំមួយ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដែល​វា​ជួយ​យើង​ឲ្យ​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។

១. ចូរ​កុំ​ភ្លេច​អធិស្ឋាន

យើង​ចាប់​ផ្តើម​ត្រង់​​ពេល​លីហៃ​នៅតែ​ម្នាក់​ឯង « ទីចោល​ស្ងាត់​មួយ​ដ៏​ងងឹត ហើយ​អាប់អួរ » ។ យើង​ម្នាក់ៗ​ធ្លាប់​ជួប​គ្រា​នៃ​ភាព​ងងឹត និង ឯកោ ។ « កាល​ជីវិត​ងងឹត និង លំបាក ចូរ​កុំ​ភ្លេច​អធិស្ឋាន » ។ សូម​ធ្វើ​តាម គំរូ​របស់​ប្រធាន ហើរប៊ើ ជេ. ហ្គ្រេន ។ សូម​អធិស្ឋាន​សុំ​កម្លាំង​ដើម្បី​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ សូម​ទូល​សួរ​ព្រះវរបិតា​សួគ៌ « តើ​មាន​អ្វី​ទៀត​ដែល​ទ្រង់​ចង់​ឲ្យ​ទូល​បង្គំ​ធ្វើ ? »

២. ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​ល្អ​ឥតខ្ចោះ​ក្នុង​ទ្រង់​ចុះ

ដើម​​ឈើ​​ជីវិត ​គឺ​ត្រូវ​បាន​ផ្តោត​យ៉ាង​ខ្លាំង​នៅ​ក្នុង​សុបិន​របស់​លីហៃ ។ អ្វី​គ្រប់​យ៉ាង​ផ្តោត​ទៅលើ​ដើម​ឈើ​ជីវិត ។ ដើម​ឈើ​តំណាង​ឲ្យ​ព្រះគ្រីស្ទ ដែល​បង្ហាញ​យ៉ាង​ច្បាស់​អំពី​សេចក្តី​ស្រឡាញ់​នៃ​ព្រះ។ ផ្លែ​ឈើ គឺ​ជា​ដង្វាយធួន​ដ៏​និរន្តរ៍​មួយ ហើយ​គឺ​ជា​ភស្តុតាង​ដ៏​ធំ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​យើង​គឺ​ជា​ការណ៍​ដ៏​ផ្អែមល្ហែម និង គួរ​ឲ្យ​ប្រាថ្នា​ចង់​បាន​ជាង​អ្វីៗ​ទាំងអស់ ។ ដើម្បី​ដឹង​ពី​អំណោយ​នេះ យើង​ត្រូវ​តែ « មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​ក្នុង​ទ្រង់ » ទ្រង់​គឺ​ជា « ​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត » ។ យើង​អាច​បំពេញ​ក្នុង​ជីវិត​របស់​​ជាមួយ​នឹង​ភាពជោគជ័យ និង​ការ​ធ្វើ​ល្អ ប៉ុន្តែ​នៅ​ទីបំផុត បើ​យើង​ពុំ​ចូល​ទៅក្នុង​សេចក្ដីសញ្ញា​ពិសិដ្ឋ ដើម្បី​ធ្វើ​តាម​ព្រះគ្រីស្ទ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដោយស្មោះត្រង់​ទេ ​នោះ​យើង​នឹង​បាត់​បង់​ទីសម្គាល់​ទាំងស្រុង សូន្យសុង ។

៣. ឈាន​ទៅ​មុខ​ដោយ​ជំនឿ

មាន​ផ្លូវ​មួយ​ដែល​នាំ​ទៅ​កាន់​ដើម​ឈើ​ជីវិត គឺ​ទៅ​កាន់​ព្រះគ្រីស្ទ ។ វា​គឺ​ជា​ផ្លូវ​ត្រង់ ហើយ​ចង្អៀត តឹងរឹង និង ប្រាកដប្រជា ។ បទបញ្ញត្តិ​របស់​ព្រះ​គឺ​តឹងរឹង ប៉ុន្តែ​ពុំ​មែន​គ្មាន​ព្រំ​ដែន​នោះ​ទេ ។ បទ​បញ្ញត្តិ​ទាំងនោះ​ការពារ​យើង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ខាង​វិញ្ញាណ និង ខាង​សាច់​ឈាម ហើយ​ការពារ​យើង​កុំ​ឲ្យ​វង្វេង​ផ្លូវ ។

ការគោរព​ប្រតិបត្តិ​បង្កើត​ជំនឿ​លើ​ព្រះគ្រីស្ទ ។ សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​នៃ​សកម្មភាព និង អានុភាព ។ ការធ្វើតាម​គំរូ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ជាប់​លាប់ នាំ​ឲ្យ​មាន​អានុភាព និង សមត្ថភាព​ខាង​វិញ្ញាណ ។ បើ​គ្មាន​អំណាច​នៃ​ដង្វាយធួន​ដ៏​រឹងមាំ បាន​ផ្តល់​ឲ្យ​ទេ នោះ​យើង​មិន​អាច​បន្ត​នៅ​លើ​ផ្លូវ និង កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ឡើយ ។

« អ្នករាល់គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ » ។

៤. ព្រះគម្ពីរ​មរមន​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​ការសង្គ្រោះ​ខាង​វិញ្ញាណ

ដំណើរ​ជីវិត​គឺ​មាន​ឧបសគ្គ ។ វា​ងាយ​ស្រួល​នឹង​ត្រូវ​បង្វែរ​ស្មារតី​ ធ្លាក់ចុះ​ពីផ្លូវ ហើយ​វង្វេង ។ សេចក្តី​ទុក្ខ​លំបាក​គឺ​មិន​អាច​ចៀស​រួច ហើយ​ជា​ផ្នែក​ចាំបាច់​មួយ​នៃ​ការរីកចម្រើ​នអស់​កល្ប​ជានិច្ច​របស់​យើង ។ ពេល​សេចក្តី​វេទនា​ចូល​មក ចូរ​កុំ​ឲ្យ​អ្វី​ដែល​អ្នក​មិន​យល់​ច្បាស់​ទៅ​បំផ្លាញ​អ្វីៗ​ដែល​អ្នក​ដឹង​ឡើយ ។ ចូរ​អត់ធ្មត់ តោង​ជាប់​សេចក្តី​ពិត នោះ​ការយល់​ដឹង​នឹង​បាន​ប្រទាន​មក ។ ការសាកល្បង​គឺ​ដូច​ជា​អ័ព្ទ​ដ៏​ធំ​នៃ​សេចក្តី​ងងឹត ដែល​អាច​កំបាំង​ភ្នែក​យើង ហើយ​ពង្រឹង​ចិត្ត​យើង ។ លុះត្រា​តែ​យើង « កាន់​ខ្ជាប់​ជានិច្ច »7 ក្នុងការ​សិក្សា​ព្រះបន្ទូល​ព្រះ ហើយ​រស់នៅ​តាម​ព្រះបន្ទូល បើ​មិន​ដូច្នោះ​ទេ យើងនឹងត្រូវ​​ក្លាយជា​មនុស្ស​ខ្វាក់​​ខាង​វិញ្ញាណ ជាជាង​មាន​គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ​ ។ សូម​ព្យាយាម​សិក្សា​ព្រះ​គម្ពីរ​មរមន និង ពាក្យ​សម្តី​របស់​ព្យាការី​ដែល​កំពុង​រស់​នៅ​ឲ្យ​បាន​រៀងរាល់​ថ្ងៃ រៀងរាល់​ថ្ងៃ ​រៀងរាល់​ថ្ងៃ ! វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​ការសង្គ្រោះ​ខាង​វិញ្ញាណ និង ចៀស​ផុត​ពី​ការបោកបញ្ឆោត ។ បើ​គ្មាន​ព្រះគម្ពីរ​ទេ នោះ​យើង​នឹង​វង្វេង​ខាង​វិញ្ញាណ ។

៥. ចូរ​កុំ​ឲ្យ​គេបង្វែរ​ស្មារតី និង បោកបញ្ឆោត​ឡើយ

ប្រុង​ស្តាប់ ​មាន​ន័យ​ថា ​ការផ្តោត​អារម្មណ៍​យ៉ាង​យកចិត្ត​ទុក​ដាក់ ។ ការប្រុងស្តាប់តាម​​​អស់​អ្នក​ដែល​គ្មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ នោះ​នឹង​ពុំ​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ទ្រង់​ឡើយ ។ ការស្វែងរក #spaciousbuilding (អគារ​ដ៏ធំទូលាយ) តាម​អ៊ិនធើរណែត ដើម្បី​ទទួល​​ចំណេះ​ដឹង​​ នឹងពុំ​ដឹកនាំអ្នក​​ទៅ​រក​សេចក្តី​ពិតបាន​ឡើយ ។ វា​ពុំមាន​បង្ហោះទេ ។ មានតែ​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ​ដែល​មាន « ព្រះបន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។8 អ្វី​ផ្សេង​ទៀត​គ្រាន់តែ​ជា​ពាក្យ​សម្ដី​ប៉ុណ្ណោះ ។ អគារ​ដ៏​ធំ ហើយ​ទូលាយ​ តំណាង​ឲ្យ « គំនិត​ដ៏​ឥត​ប្រយោជន៍ និង ជា​សេចក្តី​ឆ្មើងឆ្មៃ »9 នៃ​ពិភព​លោក—ពាក្យ​ម្យ៉ាង​ទៀត​ថា បង្វែរ​​ស្មារតី និង បោកបញ្ឆោត ។ អគារ​នោះ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​ស្លៀកពាក់​ស្អាតៗ ដែល​ហាក់​ដូច​ជា​មាន​អ្វីៗ​គ្រប់​យ៉ាង ។ ប៉ុន្តែ​ពួកគេ​សើច​ចំអក​ដល់​ព្រះអង្គ​សង្គ្រោះ និង អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់ ។ ពួកគេ« រៀន​ជានិច្ច ប៉ុន្តែ ពុំ​អាច​នឹង​ចេះ​ដល់​ថ្នាក់​នៃ​សេចក្តី​ពិត​ឡើយ » ។10 តាម​គំនិត​លោកិយ​ពួកគេ​អាច​ត្រឹមត្រូវ ប៉ុន្តែ​ពួកគេ​វង្វេង​ខាង​វិញ្ញាណ ។

៦. សូម​នៅ​ក្បែរ​ដើម​ឈើ​នោះ

សារលិខិត​របស់​លីហៃ​គឺឲ្យ​នៅ​ក្បែរ​ដើម​ឈើ​នោះ។ យើង​បន្ត​នៅ ​ពីព្រោះ​យើង​បាន​ប្រែចិត្តជឿ​ចំពោះ​ព្រះ​អម្ចាស់​ហើយ។ អាលម៉ា​បាន​បង្រៀន​ថា « មើល​ចុះ ទ្រង់​បាន​កែប្រែចិត្ត​របស់​គេ មែន​ហើយ ទ្រង់​បាន​ដាស់​ពួកគេ​ឲ្យ​ភ្ញាក់​ពី​ដំណេក​ដ៏​លង់លក់ ហើយ​គេ​ក៏​បាន​ភ្ញាក់​ឡើង​ចំពោះ​ព្រះ » ។11 នៅពេល​យើង​ថ្វាយ​ដួង​ចិត្ត​ដល់​ព្រះ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផ្លាស់ប្តូរ​និស្ស័យ​យើង ហើយ​យើង​នឹង​ប្រែចិត្ត​ជឿ​កាន់តែខ្លាំង​​ចំពោះ​ព្រះអម្ចាស់ ហើយយើង​​ពុំ​ស្វែងរក​អគារ​ដ៏​ធំ និង ទូលាយ​ទៀតឡើយ ។ បើសិន​យើង​ឈប់​ធ្វើ​កិច្ចការ​ទាំងនោះ​ដែល​នាំ​មកនូវ​ការ​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង នោះ​យើង​ខ្សោយ​ខាង​វិញ្ញាណ​​ហើយ ។ ការក្បត់សាសនា​គឺ​ជា​ការ​ប្រឆាំង​នឹង​ការប្រែចិត្ត​ជឿ ។

ជូន​ចំពោះ​អ្នក​ផ្សាយ​សាសានា​ទាំងអស់តាំង​ពីពេលមុន និង បច្ចុប្បន្ន ៖ អែលឌើរ និង ស៊ីស្ទើរ អ្នក​មិន​អាច​ត្រឡប់​ពី​បេសកកម្ម​របស់​អ្នក ហើយ​ត្រឡប់​ទៅ​កាន់​ផ្លូវ​ចាស់​នៃ​លោកិយ​វិញ​ ហើយ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ឲ្យ​តម្លៃ​ទៅ​លើ​វីដេអូ​ហ្គេម​ដែល​មិន​ស្អាតស្អំ ដែល​នាំ​ឲ្យ​វិញ្ញាណ​យើង​ចុះ​ខ្សោយនោះឡើយ ។ ឬ​អ្នក​អាច​បណ្តោយ​ខ្លួនឲ្យ​​មើល​ការណ៍​អាសគ្រាម​លើ​អ៊ិនធើរណែត ហើយមិន​​អើពើ​នឹង​គុណធម៌ និង ព្រហ្មចារីភាព​ដោយ​មិន​ខ្លាច​ក្រែង​ពីផលវិបាក​ខាង​វិញ្ញាណ​នោះ​ឡើយ ។ បើអ្នក​បាត់បង់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ​នោះ​អ្នក​វង្វេង​ផ្លូវ​ហើយ ។ ចូរ​កុំ​ឲ្យ​គេបង្វែរ​​ស្មារតី និង បោកបញ្ឆោត​ឡើយ ។

កូនសិស្ស​ពិត​បន្ត​ភ្ញាក់​រឭក​ចំពោះ​ព្រះអម្ចាស់​រាល់​ថ្ងៃ​តាម​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន​ដ៏​មាន​ន័យ ការស្រេកឃ្លាន​សិក្សា​ព្រះគម្ពីរ ការគោរព​ប្រតិបត្តិ​ផ្ទាល់​ខ្លួន និង ការបម្រើ​ដោយពុំ​គិត​ពី​ខ្លួន​ឯង ។ សូម​នៅ​ក្បែរ​ដើរ​ឈើ​នោះ ហើយ​បន្ត​ភ្ញាក់​ដឹង​ខ្លួន ។

ច្រើន​ឆ្នាំ​មក​ហើយ ស៊ីស្ទើរ ភៀរសិន និង ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​គ្រប់គ្រង​លើ​បេសកកម្ម​តាកូម៉ា វ៉ាស៊ីនតោន ។ ការហៅ​បម្រើ​នោះ​គឺជា​ក្តី​រំភើប​មួយយ៉ាងពិត ។ ​​ដោយមាន​ការភ័យខ្លះៗ ​ខ្ញុំ​បាន​ជួប​ជាមួយ​ប្រធាន និង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ កន្លែង​ធ្វើការខ្ញុំ ​​ប្រាប់​ពួកគាត់​​អំពី​ការហៅ​បម្រើ​​ខ្ញុំ ។ ពួកគេ​​អន់​ចិត្ត​ខ្លាំង​ណាស់ ចំពោះការសម្រេច​ចិត្ត​របស់​ខ្ញុំចាកចេញ​ពី​ក្រុមហ៊ុន ។ ពួកគេ​បាន​សួរ​ថា « ពេល​អ្នក​សម្រេច​បែប​នេះ ​ហេតុអ្វី​ក៏​អ្នក​មិន​ព្រម​ពិភាក្សា​នឹង​ពួកយើង​ជាមុន​សិន ? »

នៅ​ចំពេល​នោះ ចម្លើយ​ដ៏​ប្រពៃ​មួយ​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ។ ខ្ញុំ​ថ្លែង​ថា « ខ្ញុំ​ធ្វើ​ការសម្រេច​ចិត្ត​នេះ​ តាំង​ពី​អាយុ​១៩ ឆ្នាំ មក​ម៉្លេះ ពេល​ខ្ញុំ​បាន​ធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ​ជាមួយ​ព្រះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ។ ខ្ញុំ​បាន​កសាង​ជីវិត​ខ្ញុំ​ទាំងមូល​លើ​សេចក្តី​សញ្ញា​ទាំង​នោះ ហើយ​ខ្ញុំ​មាន​ចិត្ត​រក្សា​វា​​ពេញលេញ​ក្នុង​ពេល​ឥឡូវ​នេះ » ។

ពេលយើង​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ នោះ​គ្មាន​ការ​ត្រឡប់​ក្រោយ​ឡើយ ។ ការចុះចូល ការ​ចុះចាញ់ និង​ការចេញ ពុំ​មែន​ជា​ជម្រើស​ទេ ។ នៅ​ក្នុង​នគរ​របស់​ព្រះ មាន​បទដ្ឋាន​នៃ​ភាព​ល្អបំផុត​សម្រាប់​ភាព​លើក​តម្កើង ។ វា​តម្រូវ​ឲ្យ​មាន​ភាព​ជា​សិស្ស​ដ៏​ក្លាហាន ! វា​គ្មាន​កន្លែង​សម្រាប់​សិស្ស​មធ្យម ឬ សិស្ស​ឥតខ្វល់​នោះ​ឡើយ ។ ភាពជាមធ្យម​ គឺ​ជា​សត្រូវ​នៃ​ភាព​ល្អ​បំផុត ហើយ​ការ​តាំង​ចិត្ត​មធ្យមៗ ​នឹង​ឃាំង​អ្នកមិន​ឲ្យកាន់​ខ្ជាប់​ដរាបដល់​​ចុង​បំផុត ។

បើ​អ្នក​កំពុង​មានបញ្ហា ភាន់ច្រឡំ ឬ វង្វេង​ខាង​វិញ្ញាណ ខ្ញុំ​សូម​ជម្រុញ​អ្នក​ឲ្យ​ធ្វើ​កិច្ចការ​មួយ ​ដែល​ខ្ញុំ​ដឹង​ថា​នឹង​នាំ​អ្នក​ឲ្យ​ត្រឡប់​មក​លើ​ផ្លូវ​ត្រឹមត្រូវ​វិញ ។ ចូរ​ចាប់​ផ្ដើម​​ម្ដងទៀត​ដើម្បី​សិក្សា​ព្រះគម្ពីរមរមន​ដោយ​ការ​អធិស្ឋាន ហើយ​រស់នៅ​តាម​ការ​បង្រៀន​ជា​រៀងរាល់ថ្ងៃ រាល់ថ្ងៃ រាល់​ថ្ងៃ ! ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​ដ៏​អស្ចារ្យ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ថា វា​នឹង​ផ្លាស់ប្តូរ​ជីវិត​អ្នក ហើយ​ពង្រឹង​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ធ្វើ​តាម​ព្រះគ្រីស្ទ ។ ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់អ្នក ហើយ​ជួយ​អ្នក​មើល​ឃើញ « ការណ៍​ដែល​ពួកគេ​ពិត​ជា​មាន » ។១២ទ្រង់​នឹង​បង្ហាញ​នូវ​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​បន្ទាប់ ។ នេះ​ជា​ការសន្យា​របស់​នីហ្វៃ​សម្រាប់​អ្នក ៖

« ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​ពួកគេ​ថា… អស់​អ្នក​ណា​ដែល​ប្រុង​ស្តាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​តោង​ជាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ នោះ​នឹង​មិន​ត្រូវ​វិនាស​ឡើយ សូម្បី​តែ​ការល្បួង​ទំាងឡាយ និង ព្រួញ​ភ្លើង​ទាំងឡាយ​របស់​មារសត្រូវ​ក៏​មិន​អាច​ឈ្នះ​លើ​គេ ដល់​ទៅ​ធ្វើ​ឲ្យ​គេ​ខ្វាក់ ដើម្បី​នាំ​គេ​ទៅ ឯ​សេចក្តី​បំផ្លិចបំផ្លាញ​បាន​ដែរ ។

« ហេតុដូច្នោះ​ហើយ ខ្ញុំ … បាន​ទូន្មាន​ពួកគេឲ្យ​ពួកគេ​ស្ដាប់បង្គាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ​អម្ចាស់ … ហើយ​ចងចាំ និង​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់​ជានិច្ច​នៅគ្រប់ការណ៍​ទាំងអស់ » ។១៣

បងប្អូន​ប្រុស​ស្រី​អើយ ការកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​គឺ​ជា​ការសាកល្បង​ដ៏​ធំ​នៃ​ភាពជាសិស្ស ។ ភាពជា​សិស្ស​​ជា​រៀងរាល់​ថ្ងៃរបស់​យើង​ ​នឹង​កំណត់​ពី​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។ សូម​ភ្ញាក់​ដឹងខ្លួន​នៅ​​ចំពោះ​ព្រះ សូម​តោង​ជាប់​នឹង​សេចក្តី​ពិត សូម​រក្សា​សេចក្តី​សញ្ញា​ពិសិដ្ឋ​របស់​អ្នក​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ ហើយ​សូម​នៅ​ក្បែរ​ដើម​ឈើ​នោះ !

ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ដែល​បានរស់ឡើង​វិញ ព្រះគ្រីស្ទ​ដ៏​មានព្រះជន្មរស់ ។ ខ្ញុំ​ដឹង​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ។ បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​​គឺ​ថា ខ្ញុំ​នឹង​នៅ​ពិត ហើយ​ស្មោះត្រង់​រហូត​ដល់​ទី​បញ្ចប់​​ ។ នៅ​ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។