ឆ្នាំ ២០១០-២០១៩
ទស្សនៈវិស័យ​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប
ខែ មេសា 2015


ទស្សនៈវិស័យ​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប

សម្រាប់​ការសម្រេចចិត្ត​ដែល​ទាក់ទង​នឹង​ភាព​ដ៏​អស់កល្ប ការមាន​ទស្សៈវិស័យ​ខាង​ដំណឹងល្អ គឺ​ជា​រឿង​សំខាន់ ។

ក្នុង​វិវរណៈ​មួយ​ដែល​បាន​ប្រទាន​ដល់​ម៉ូសេ យើង​ត្រូវបាន​ប្រាប់​អំពី​ព្រះឆន្ទៈ​ព្រះវរបិតាសួគ៌​ថា ៖ « ដ្បិត​មើលចុះ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង សិរីល្អ​របស់​យើង —គឺ​ដើម្បី​នំា​ឲ្យ​មាន​អមតភាព និង ជិវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។ យោង​តាម​ព្រះបន្ទូល​នេះ ព្រះវរបិតា​មាន​ព្រះទ័យ​ប្រទាន​ឱកាស​ដល់​មនុស្ស​គ្រប់​គ្នា ដើម្បី​ទទួល​បាន​ក្ដី​អំណរ​ដ៏​ពេញលេញ ។ វិវរណៈ​ថ្ងៃ​ចុងក្រោយ​សម្ដែង​ថា ព្រះវរបិតាសួគ៌​បង្កើត​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​សម្រាប់​កូនចៅ​ទ្រង់​ទាំងអស់ ជា​ផែនការ​ដ៏​ពិសេស ដើម្បី​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​នឹង​ទ្រង់​វិញ ។

ការយល់ដឹង​អំពី​ផែនការ​នៃ​សុភមង្គល​នេះ ផ្ដល់​ឲ្យ​យើង​នូវ​ទស្សនៈវិស័យ​អស់កល្ប​មួយ ហើយ​ជួយ​យើង​ឲ្យ​តម្លៃ​ពិត​លើ​ព្រះបញ្ញត្តិ ពិធី​បរិសុទ្ធ សេចក្ដី​សញ្ញា ថែមទាំង​ការសាកល្បង និង ការឈឺចាប់ ។

គោលការណ៍​គ្រឹះ​មួយ​មក​ពី​អាលម៉ា ៖ « ហេតុដូច្នេះ​ហើយ ទើប​ព្រះ​ទ្រង់​ប្រទាន​បញ្ញត្តិ​ទាំងឡាយ​ដល់​គេ បន្ទាប់​ពី​បាន​ប្រាប់​ឲ្យ​គេ​ដឹង​នូវ​ផែនការ​នៃ​សេចក្ដី​ប្រោសលោះ » ។

វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​កត់ចំណាំ​អំពី​ដំណើការ​នៃ​ការបង្រៀន ។ ព្រះវរបិតាសួគ៌​បាន​បង្រៀន អ័ដាម និង អេវ៉ា ជា​ដំបូង​អំពី​ផែនការ​ប្រោសលោះ បន្ទាប់​មក​ទ្រង់​ប្រទាន​ព្រះបញ្ញត្តិ​ដល់​ពួកគាត់ ។

នេះ​ជា​សេចក្ដីពិត​ដ៏​សំខាន់ ។ ការយល់ដឹង​អំពី​ផែនការ​នេះ នឹង​ជួយ​មនុស្ស​ឲ្យ​គោរព​ព្រះបញ្ញត្តិ សម្រេចចិត្ត​បាន​កាន់តែ​ប្រសើរ និង​មាន​គោលដៅ​ត្រឹមត្រូវ ។

អំឡុង​ពេល​ខ្ញុំ​បម្រើ​ក្នុង​សាសនាចក្រ ខ្ញុំ​បាន​ឃើញ​ការលះបង់ និង ភាពស្មោះត្រង់​នៃ​សមាជិក​សាសនាចក្រ​ក្នុង​ប្រទេស​ផ្សេងៗ​គ្នា ដែល​ប្រទេស​ខ្លះ​មាន​ការប៉ះទង្គិច​ខាង​នយោបាយ សង្គម ឬ សេដ្ឋកិច្ច ។ កត្តា​តែ​មួយ ដែល​ខ្ញុំ​ឃើញ​សមាជិក​ស្មោះត្រង់​ទាំងនេះ​មាន​ដូចគ្នា គឺ​ទស្សនៈវិស័យ​ដែល​ពួកគេ​មាន​សម្រាប់​ភាពអស់កល្ប ។ ទស្សនៈវិស័យ​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប​នេះ នាំ​យើង​ឲ្យ​យល់​ពី​តួនាទី ដែល​យើង​មាន​ក្នុង​ផែនការ​ព្រះ ដើម្បី​ទទួល​យក​ភាពលំបាក និង វឌ្ឍនភាព​តាមរយៈ​ភាពលំបាក​ទាំងនោះ ដើម្បី​សម្រេចចិត្ត និង ដើម្បី​ធ្វើ​ឲ្យ​សក្ដានុពល​យើង​ក្លាយ​ជា​គោលការណ៍​សំខាន់​ក្នុង​ជីវិត ។

ទស្សនៈវិស័យ គឺ​ជា​របៀប​ដែល​យើង​មើល​ឃើញ​ការណ៍​ទាំងឡាយ​ពី​ចម្ងាយ ហើយ​ធ្វើ​ឲ្យ​យើង​រីករាយ​នឹង​តម្លៃ​ដ៏​ពិត​របស់​វា ។

វា​ហាក់​ដូច​ជា​យើង​ឈរ​ក្នុង​ព្រៃ ហើយ​មាន​ដើមឈើ​មួយ​នៅ​ចំ​ពី​មុខ​យើង ។ បើ​យើង​មិន​ឈាន​ថយក្រោយ​បន្តិច​ទេ​នោះ យើង​នឹង​មិន​អាច​វិនិច្ឆ័យ​បាន​ថា ព្រៃ​គឺ​ជា​អ្វី​នោះ​ឡើយ ។ គ្រា​មួយ ខ្ញុំ​បាន​ទៅ​លេង​ព្រៃ អាម៉ាហ្សូន នៅ​ទីក្រុង ឡេទីស្យ៉ា ប្រទេស កូឡុំប៊ី ក្បែរ​ព្រំដែន​ប្រេស៊ីល និង ប៉េរូ ។ ខ្ញុំ​ពុំ​អាច​ដឹង​អំពី​ទំហំ​ព្រៃ​នោះ​ទេ លុះត្រា​តែ​បាន​ជិះ​យន្តហោះ​ពី​លើ ហើយ​មើល​ឃើញ​នឹង​ភ្នែក ។

ពេល​កូនៗ​យើង​នៅ​តូច ពួកគេ​បាន​មើល​ប៉ុស្ដិ៍​កុមារ​លើ​ទូរទស្សន៍ ដែល​មាន​កម្មវិធី​មួយ​ឈ្មោះ​ថា តើ​អ្នក​អាច​មើល​ឃើញ​អ្វី ? កាមេរ៉ា​បាន​ថត​ពង្រីក​វត្ថុ​មួយ​យ៉ាង​ជិត ហើយ​កុមារ​ត្រូវ​ទាយ​ថា​នោះ​ជា​អ្វី នៅ​ពេល​វត្ថុ​នោះ ត្រូវបាន​បង្រួម​ឲ្យ​ឃើញ​បន្តិចម្ដងៗ​ដាក់​លើ​អេក្រង់ ។ ពេល​វត្ថុ​ទាំងមូល​ត្រូវ​បាន​បង្រួម​ឲ្យ​ឃើញ នោះ​អ្នក​អាច​ប្រាប់​ដោយ​ងាយ​ថា វា​ជា​សត្វ​ឆ្មា រុក្ខជាតិ ផ្លែឈើមួយចំណិត ជា​ដើម ។

ខ្ញុំ​ចាំ​ថា ពេល​មួយ​ពួកគេ​បាន​មើល​កម្មវិធី​នោះ ហើយ​វា​បាន​បង្ហាញ​វត្ថុ​មួយ​ដែល​ពង្រីក​ជិត​បំផុត មើល​ទៅ​គួរ​ឲ្យ​ខ្ពើម ហើយ​រអើម តែ​ពេល​បង្រួម​ឲ្យ​ច្បាស់ ពួក​គេ​ឃើញ​ថា វា​ជា​ភីស្សា​មួយ​ដ៏​ឆ្ងាញ់ ។ រួច​ពួកគេ​ពោល​មក​កាន់​ខ្ញុំ​ថា « ប៉ា ទិញ​ភីស្សា​ដែល​ឆ្ងាញ់​ដូច​នោះ​មួយ​មក ! » បន្ទាប់​ពី​ពួកគេ​បាន​យល់​ថា វា​ជា​អ្វី​ហើយ​នោះ វត្ថុ​មួយ​ដែល​ពី​ដំបូង​មើល​ទៅ​មិន​គួរ​ឲ្យ​ពេញ​ចិត្ត បែរ​ជា​មាន​ការទាក់ទាញ​នៅ​ទី​បំផុត​ទៅ​វិញ ។

ខ្ញុំ​សូម​ចែកចាយ​បទពិសោធន៍​មួយ​ទៀត ។ ក្នុង​ផ្ទះ​យើង ក្មេងៗ​ចូលចិត្ត​លេង​ល្បែង​ផ្គុំ​រូប ។ យើង​ទាំងអស់​គ្នា​ប្រហែល​សុទ្ធតែ​ធ្លាប់​បាន​លេង​ល្បែង​នេះ​ដែរ ។ ល្បែង​នេះ​ខ្លះ បង្កើត​ឡើង​ដោយ​ចំណែក​តូចៗ ។ ខ្ញុំ​ចាំ​ថា កូន​យើង​ម្នាក់ ( ខ្ញុំ​សូម​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​គាត់ ) បាន​ផ្ដោត​អារម្មណ៍​លើ​ចំណែក​តូចៗ​នីមួយៗ ហើយ​កាល​គាត់​ពុំ​អាច​ដាក់​ចំណែក​នោះ​ទៅ​ក្នុង​ចន្លោះ​ត្រឹមត្រូវ​ទេ​នោះ គាត់​តែង​ខឹងសម្បា ហើយ​គិត​ថា​រូប​មួយ​ផ្ទាំង​នេះ​ពុំ​ត្រឹមត្រូវ​ទេ ហើយ​ចង់​បោះ​វា​ចោល ។ ទីបំផុត គាត់​យល់​ពី​របៀប​លេង​ល្បែង​ផ្គុំ​រូប ដែល​គាត់​យល់​ថា ចំណែក​នីមួយៗ​មាន​ចន្លោះ​របស់​វា​នៅ​ក្នុង​រូប​ដែល​បាន​ផ្គុំ​រួច ទោះ​ជា​គាត់​ពុំ​ដឹង​ថា​វា​ត្រូវ​នឹង​ចន្លោះ​របស់​វា​ណា​មួយ​ក្ដី ។

នេះ​ជា​របៀប​មួយ ដើម្បី​គិត​ពី​ផែនការ​នៃ​ព្រះអម្ចាស់ ។ យើង​មិន​ត្រូវ​ខ្វល់​ពី​ចំណែក​តូចៗ​ដាច់​ពី​គ្នា​របស់​វា​នោះ​ទេ តែ​ត្រូវ​ព្យាយាម​គិត​ពី​រូបភាព​ទាំងមូល ដោយ​រក្សា​វា​ក្នុង​គំនិត នូវ​លទ្ធផល​ចុង​បញ្ចប់​ដែល​នឹង​លេច​ឡើង ។ ព្រះអម្ចាស់​ជ្រាប​ពី​ចន្លោះ ដែល​ចំណែក​នីមួយៗ​ត្រូវ​ដាក់​ចូល ដើម្បី​ឲ្យ​ត្រូវ​នឹង​ផែនការ។ ព្រះបញ្ញត្តិ​ទាំងអស់​សុទ្ធតែ​មាន​សារៈសំខាន់​ដ៏​អស់កល្ប ក្នុង​បរិបទ​នៃ​ផែនការ​សុភមង្គល​ដ៏​មហិមា ។

វា​មាន​សារៈសំខាន់​ក្រៃលែង ថា​យើង​ពុំ​សម្រេចចិត្ត​ចំពោះ​តម្លៃ​ដ៏​អស់កល្ប ចេញ​ពី​ទស្សនៈវិស័យ​នៃ​ជីវិត​រមែងស្លាប់​ឡើយ ។ សម្រាប់​ការសម្រេចចិត្ត​ដែល​ទាក់ទង​នឹង​ភាព​ដ៏​អស់កល្ប ការមាន​ទស្សៈវិស័យ​ខាង​ដំណឹងល្អ គឺ​ជា​រឿង​សំខាន់ ។

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា ៖ « ទោះជា ‹ យើង​ផ្ដោត › ទៅ​លើ​ក្ដី​សង្ឃឹម​ដ៏​ធំ និង ខ្ពស់​បំផុត​ក្ដី តែ​អ្វី​ដែល​យើង​សង្ឃឹម​ក្នុង​ជីវិតនេះ​​អាចផ្សេង ។ យើង​អាច​នឹង​សង្ឃឹម​ថា ​បាន​ឡើង​ប្រាក់​ខែ មាន​ការណាត់ជួប​ពិសេស ជាប់​ឆ្នោត​តំណាង​រាស្ត្រ ឬ មាន​ផ្ទះ​មួយ​ធំ—ជា​ការណ៍​ដែល​អាច ឬ មិន​អាច​នឹង​សម្រេច​បាន ។ សេចក្ដីជំនឿ​លើ​ផែនការ​ព្រះបិតា ផ្ដល់​ឲ្យ​យើង​នូវ​ការតស៊ូ ទោះជា​ក្ដីសង្ឃឹម​រយៈ​ពេល​ខ្លី​ទាំងនេះ​មិន​ត្រូវ​បាន​សម្រេច​ក្ដី ។ ក្ដីសង្ឃឹម​ជួយ​យើង​ឲ្យ ‹ ចូលរួម​យ៉ាង​ក្លៀវក្លា › ក្នុង​បុព្វហេតុ​ល្អៗ ទោះជា​ក្ដីសង្ឃឹម​ទាំងនោះ​ហាក់​ដូចជា​មិន​អាច​សម្រេច​បាន​ក្ដី ( សូម​មើល  គ. និង ស. ៥៨:២៧ ) »

ការ​គ្មាន​ទស្សនៈវិស័យ​ដ៏​អស់កល្ប ឬ បាត់បង់​វា អាច​នាំ​យើង​ឲ្យ​ចាត់ទុក​ទស្សនៈវិស័យ​ខាង​លោកិយ ជា​បទដ្ឋាន​ផ្ទាល់ខ្លួន ហើយ​ធ្វើ​ការសម្រេច​ចិត្ត ដែល​ពុំ​ស្រប​នឹង​ព្រះឆន្ទៈ​នៃ​ព្រះ ។

ព្រះគម្ពីរ​មរមន​ប្រាប់​ពី​ឥរិយាបថ​ដែល នីហ្វៃ និង លេមិន និង លេមយួល មាន ។ ពួកគេ​បាន​រងទុក្ខ​វេទនា និង ការលំបាកដ៏​ច្រើន​​ឥត​គណនា ប៉ុន្តែ ផ្នត់គំនិត​ពួកគេ​មាន​សភាព​ខុស​គ្នា​ស្រឡះ ។ នីហ្វៃ​ពោល​ថា « ហើយ​ព្រះពរ​នៃ​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​ប្រទាន​មក​លើ​យើង​នោះ​ច្រើន​ណាស់ គឺ​នៅ​ពេល​ដែល​យើង​បាន​ចិញ្ចឹម​ជីវិត​ដោយ​សាច់​ឆៅ នៅ​ក្នុង​ទីរហោស្ថាន នោះ​ប្រពន្ធ​យើង​មាន​ទឹកដោះ​គ្រប់គ្រាន់ សម្រាប់​បំបៅ​កូនៗ ហើយ​មាន​កម្លាំង​មាំមួន មែនហើយ​ដូចជា​ប្រុសៗ​ដែរ ហើយ​ពួកគេ​បាន​ចាប់ផ្ដើម​ទ្រាំទ្រ​នឹង​ការធ្វើ​ដំណើរ​ដោយ​ពុំ​បាន​រអ៊ូរទាំ​ឡើយ » ។

ផ្ទុយ​ទៅ​វិញ លេមិន និង លេមយួល បាន​រអ៊ូរទាំ​យ៉ាង​ខ្លាំង ។ « ហើយ​លេមិន និង លេមយួល ដែល​ជា​បង​បង្អស់ បាន​រអ៊ូរទាំ​ទាស់​នឹង​ឪពុក​គេ​យ៉ាង​ដូច្នោះ ។ ហើយ​ពួកគេ​បាន​រអ៊ូរទាំ​ពីព្រោះ គេ​មិន​បាន​ដឹង​អំពី​ព្រឹត្តិ្កការណ៍​នៃ​ព្រះ ដែល​បាន​បង្កើត​ពួកគេ​មក » ។ ការមិន​បាន​ដឹង ឬ ការមើលស្រាល « ព្រឹត្តិការណ៍​នៃ… ព្រះ » គឺ​ជា​របៀប​នៃ​ការបាត់បង់​ទស្សនៈវិស័យ​ដ៏​អស់កល្ប ហើយ​ការរអ៊ូរទាំ​គ្រាន់តែ​ជា​សញ្ញា​មួយ​ប៉ុណ្ណោះ ។ ទោះជា​លេមិន និង លេមយួល បាន​ឃើញ​អព្ភូតហេតុ​ជា​ច្រើន​ជាមួយ​នីហ្វៃ​ក្ដី ក៏ពួកគេ​បន្លឺ​ថា ៖ « យើង​បាន​ដើរ​រសាត់ព្រាត់​នៅ​ក្នុង​ទីរហោស្ថាន​អស់​ពេល​ជា​ច្រើន​ឆ្នាំ ហើយ​ប្រពន្ធ​យើង​បាន​ធ្វើការ​នឿយហត់ ដោយ​មាន​ផ្ទៃពោះ​ផង ហើយ​គេ​បាន​បង្កើត​កូន​នៅ​ក្នុង​ទីរហោស្ថាន ហើយ​រងទុក្ខ​គ្រប់​យ៉ាង លើកលែង​តែ​សេចក្ដីស្លាប់ ហើយ​ប្រសិនបើ​គេ​បាន​ស្លាប់​មុន​ពេល​ចាកចេញ​ពី​ទីក្រុង​យេរ៉ូសាឡិម នោះ​គឺ​ជា​ប្រសើរ​ជាង​ត្រូវ​រងទុក្ខ​សេចក្ដី​វេទនា​បែប​នេះ » ។

ទាំង​ពីរ​នេះ​ជា​ផ្នត់គំនិត​ខុស​គ្នា​ស្រឡះ ទោះជា​ពួកគេ​ជួប​ប្រទះ​នឹង​ការលំបាក និង ការទុក្ខវេទនា​ស្រដៀង​គ្នា​ក្ដី ។ ជាក់ស្ដែង ទស្សនៈវិស័យ​ពួកគេ​មាន​សភាព​ខុស​គ្នា ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​សរសេរ​ដូច​ខាង​ក្រោម​នេះ ៖ « បើ​យើង​ចាត់ទុក​ជីវិត​រមែងស្លាប់ ជា​ភាពស្ថិតស្ថេរ​ទាំងស្រុង នោះ​ការឈឺចាប់ ភាពសោកសៅ បរាជ័យ និង ជីវិត​ដ៏​ខ្លី​នេះ នឹង​ក្លាយ​ជា​មហន្តរាយ​ដល់​យើង ។ តែ​បើ​យើង​ចាត់ទុក​ជីវិត​ជា អ្វី​មួយ​ដែល​មាន​តាំង​ពី​មុន​កំណើត បន្ត​ទៅ​បន្ទាប់​ពី​សេចក្ដី​ស្លាប់ នោះ​អ្វី​ទាំងអស់​អាច​នឹង​ទុក​ជា​ទស្សនៈវិស័យ​ដ៏​ត្រឹមត្រូវ » ។

អែលឌើរ ដាវីឌ  ប៊ី ហេត បាន​តំណាល​ពី​ជាង​ចម្លាក់​ឈ្មោះ ម៉ៃឃើលលែនជែឡូ ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការមើល​ឃើញ​អ្វី​គ្រប់​យ៉ាង​ក្នុង​ទស្សនៈវិស័យ​ត្រឹមត្រូវ ៖ « នៅ​ពេល​ជាង​ចម្លាក់​នោះ ឆ្លាក់​ថ្ម​ម៉ាប ក្មេងប្រុស​ម្នាក់​មក​មើល​គាត់​ឆ្លាក់​រាល់​ថ្ងៃ​ទាំង​ការអៀនប្រៀន ។ នៅ​ពេល​ថ្ម​នោះ​លេច​ឡើង​ជា​រូបរាង ដាវីឌ បាន​ធ្វើ​ឲ្យ​ពិភពលោក​កោតសរសើរ ក្មេង​ប្រុស​នោះ​បាន​សួរ ម៉ៃឃើលលែនជែឡូ ថា ‹ តើ​លោក​អាច​ធ្វើ​ឲ្យ​វា​ចេញ​ជា​រូបរាង​នេះ​យ៉ាង​ដូចម្ដេច ? › »

ទស្សនៈវិស័យ​ដែល​ជាង​ចម្លាក់​មើល​ឃើញ​ក្នុង​ថ្ម​ម៉ាប​នោះ ខុស​ពី​ទស្សនៈវិស័យ​របស់​ក្មេងប្រុស​ដែល​មើល​គាត់​ឆ្លាក់ ។ ការយល់​ឃើញ​របស់​ជាង​ចម្លាក់​អំពី​ភាពដែល​អាច​ទៅ​រួច ដែល​មាន​ក្នុង​ថ្ម​នោះ ធ្វើ​ឲ្យ​គាត់​បង្កើត​បាន​ជា​ស្នាដៃ​សិល្បៈ​មួយ ។

ព្រះអម្ចាស់​ជ្រាប​ពី​អ្វី ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​សម្រេច​ជាមួយ​យើង​ម្នាក់ៗ ។ ទ្រង់​ជ្រាប​ពី​បែបបទ ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​សម្រេច​ក្នុង​ជីវិត​យើង ហើយ​យើង​គ្មាន​សិទ្ធិ​ណែនាំ​ដល់​ទ្រង់​ឡើយ ។ គំនិត​ទ្រង់​ខ្ពស់​ជាង​គំនិត​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​មាន​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់ ដ៏​ឧត្ដុងឧត្តម និង ពេញ​ដោយ​ក្ដី​ករុណា ដែល​បាន​រៀបចំ​ផែនការ​សម្រាប់​ជា​សុភមង្គល​ដ៏​អស់កល្ប​នៃ​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​បុត្រា​ទ្រង់ និង ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ ខ្ញុំ​ដឹង​ថា ប្រធាន ថូម៉ាស អេស ម៉នសុន គឺ​ជា​ព្យាការី​របស់​ព្រះ ។ ខ្ញុំ​ថ្លែង​រឿង​ទាំងនេះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។