ឆ្នាំ ២០១០-២០១៩
តន្ត្រី​នៃ​ដំណឹង​ល្អ
ខែ មេសា 2015


តន្ត្រី​នៃ​ដំណឹង​ល្អ

តន្ត្រី​នៃ​ដំណឹងល្អ​គឺ​ជា​អារម្មណ៍​ខាងវិញ្ញាណ​ដ៏​អំណរ ដែល​បាន​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ។ វា​នាំ​ឲ្យមានការ​ផ្លាស់ប្ដូរ​ក្នុងដួងចិត្ត ។

ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​ស្តាប់​កិច្ច​សម្ភាសន៍​តាម​វិទ្យុ​មួយ​អំពី​វេជ្ជបណ្ឌិត​វ័យ​ក្មេង​ម្នាក់ ដែល​ធ្វើការ​នៅ​មន្ទីរពេទ្យ​មួយ​នៅ ណាវ៉ាហូ ឥណ្ឌា ។ គាត់​បាន​ប្រាប់​ពី​បទពិសោធន៍​មួយ​ដែល​គាត់​បាន​ជួប​នា​យប់​មួយ នៅពេល​បុរស​ចំណាស់​អាមេរិកាំង​ដើម​ម្នាក់​ដែល​មាន​សក់​ក្រង​វែង​អន្លាយ​ បាន​ចូល​មក​បន្ទប់​សង្គ្រោះ​បន្ទាន់ ។ វេជ្ជបណ្ឌិត​វ័យ​ក្មេង​នោះ​បាន​កាន់​ក្តារគាប​ក្រដាស​សរសេរ​ដើរ​តម្រង់​ទៅ​បុរស​នោះ ហើយ​សួរថា « តើ​មាន​អ្វី​ឲ្យ​ខ្ញុំ​ជួយ​លោក​ទេ ? » បុរស​ចំណាស់​នោះ​សម្លឹង​ទៅ​មុខ​ត្រង់ ហើយ​គ្មាន​ស្តី​អ្វី​មួយ​ម៉ាត់​សោះ ។ ដោយ​ខ្វះ​អំណត់​វេជ្ជបណ្ឌិត​វ័យ​ក្មេង​នោះ​បាន​សួរ​ម្តង​ទៀត ។ គាត់​និយាយ​ថា « ខ្ញុំ​មិន​អាច​ជួយ​លោក​បាន​ទេ បើ​លោក​មិន​និយាយ​ជាមួយ​ខ្ញុំ​នោះ » ។ « សូម​ប្រាប់​ខ្ញុំ​ពី​មូលហេតុ​ដែល​លោក​មក​កាន់​មន្ទីរពេទ្យ​នេះ » ។

ក្រោយ​មក​បុរស​ចំណាស់​នោះ​បាន​មើល​គាត់​ហើយ​បាន​សួរ​ថា « តើ​លោក​វេជ្ជបណ្ឌិត​ចេះ​រាំទេ ?» ខណៈ​ដែល​វេជ្ជបណ្ឌិត​វ័យ​ក្មេង ពិចារណា​អំពី​សំណួរ​ដ៏​ចម្លែក​នោះ គាត់​គិត​ថា​ប្រហែល​អ្នក​ជំងឺ​របស់​ខ្លួន​គឺ​ជា​គ្រូពេទ្យ​ម្នាក់​របស់​កុលសម្ព័ន្ធ​ដែល​ប្រើ​ការ​ព្យាបាល​តាម​ទម្លាប់​កុលសម្ព័ន្ធ​ចាស់​បុរាណ គាត់​ស្វែងរក​ការព្យាបាល​ជំងឺ​តាមរយៈ​ចម្រៀង និង ការរាំ ជាជាង​ការព្យាបាល​ដោយ​ប្រើ​វេជ្ជបញ្ជា ។

វេជ្ជបណ្ឌិត​រូប​នោះ​បាន​ឆ្លើយ​ថា « ទេ ខ្ញុំ​មិន​ចេះ​រាំ​ទេ ។ តើ​លោក​ចេះ​រាំ​ឬ ? បុរស​ចំណាស់​រូប​នោះ​បាន​ងក់​ក្បាល​ថា​ចេះ ។ វេជ្ជបណ្ឌិត​នោះ​បាន​សួរថា « តើ​លោក​អាច​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​រាំ​ផង​បាន​ទេ ? »

ចម្លើយ​របស់​បុរស​ចំណាស់​ម្នាក់​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ច្រើន​អស់​ជា​យូរ​ឆ្នាំ​មក​នេះ ។ លោក​បាន​ឆ្លើយ​ថា « ខ្ញុំ​អាច​បង្រៀន​អ្នក​ឲ្យ​ចេះរាំ​បាន ប៉ុន្តែ​អ្នក​ត្រូវតែ​ចេះ​ស្តាប់​តន្ត្រី​សិន » ។

ពេល​ខ្លះ​នៅ​ក្នុង​គេហដ្ឋាន​យើង នោះ​យើងបង្រៀន​ដ៏​ជោគជ័យ​ពី​អ្វី​ដែល​យើង​គួរ​ធ្វើ ពុំ​​ទទួល​​ជោគជ័យ​ក្នុង​ការជួយ​ដល់សមាជិក​គ្រួសារ​របស់​យើង​ឲ្យ​ចេះ​ស្ដាប់​តន្ត្រី ។ ហើយ​ដូច​ជា​គ្រូពេទ្យ​ចំណាស់​នោះ​បាន​ដឹង​ថា វា​ពិបាក​ណាស់​ក្នុង​ការរាំ​ដោយ​គ្មាន​តន្ត្រី​នោះ ។ ការរាំ​ដោយ​គ្មាន​តន្ត្រី​គឺ​វា​ឆ្គង ហើយ​មិន​ពេញលេញ—ថែម​ទាំង​គួរ​ឲ្យ​អៀន​ខ្មាស់​ទៀត​ផង ។ តើ​អ្នក​ធ្លាប់​សាកល្បង​ទេ ?

នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា កណ្ឌ​ទី ៨ ព្រះអម្ចាស់​បាន​បង្រៀន យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី​ថា « មែនហើយ មើល​ចុះ យើង​នឹង​ប្រាប់​អ្នក​នៅ​ក្នុង​គំនិត​របស់​អ្នក និង នៅ​ក្នុង​ចិត្ត​របស់​អ្នក ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នឹង​សណ្ឋិត​មក​លើ​អ្នក ហើយ​ដែល​នឹង​គង់​នៅ​ក្នុង​ចិត្ត​របស់​អ្នក » ខ ២) ។ យើង​រៀន​ជំហាន​រាំ​ជាមួយ​គំនិត​យើង ប៉ុន្តែ​យើង​ស្តាប់​តន្ត្រី​ជាមួយ​ដួងចិត្ត​យើង​វិញ ។ ជំហាន​រាំ​នៃ​​ដំណឹង​ល្អ​គឺ​ជា​កិច្ចការ​ដែល​យើង​ធ្វើ ក្តី​អំណរ​ចំពោះ​ហេតុផល​ដែលតន្ត្រីនៃ​​ដំណឹង​ល្អ​គឺ​ជា​អារម្មណ៍ខាង​វិញ្ញាណ​ដ៏​មាន​អំណរ​ដែល​ប្រទាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​នាំ​មក​នូវ​ការផ្លាស់ប្តូរ​ក្នុង​ដួងចិត្ត ហើយ​គឺ​ជា​ប្រភព​នៃ​បំណង​ប្រាថ្នា​ដ៏​សុចរិត​ទាំងអស់ ។ អ្វីៗ​ដែល​យើង​គួរ​ធ្វើ តម្រូវ​ឲ្យ​មាន​វិន័យ ប៉ុន្តែ​ក្តី​អំណរ​នៃ​អ្វីៗ​ដែល​យើង​គួរ​ធ្វើ​នឹង​ក្លាយ​ជា​បទពិសោធន៍ នៅពេល​យើង​រីករាយ​ចំពោះ​ហេតុផល​ដែល​យើង​គួរ​ធ្វើ​តែ​ប៉ុណ្ណោះ ។

មាន​មនុស្ស​ខ្លះ​ចំអក​ឡកឡាយ​ដល់​សមាជិក​សាសនាចក្រ​ចំពោះ​អ្វីៗ​ដែល​យើង​ធ្វើ ។ នោះ​វា​សមហេតុ​សមផល​ហើយ ។ អស់​អ្នក​ដែល​ធ្វើទង្វើ​តែងតែ​លេច​ចេញ​នូវ​ភាព​ចម្លែក ឬ ឆ្គង ឬ ប្រើ​ពាក្យ​ក្នុង​ព្រះគម្ពីរ​ថា « ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ » (ពេត្រុសទី ១ ២:៩) ចំពោះ​អស់​អ្នក​ដែល​មិន​រីករាយ​ចំពោះ​ហេតុផល​ដែល​យើង​គួរ​ធ្វើ ។ តើ​អ្នក​ធ្លាប់​ឈប់​ឡាន​អ្នក​នៅ​ភ្លើង​ស្តុប ក្បែរ​ឡាន​ដែល​មាន​តៃកុង​កំពុង​តែរាំ ហើយ​ស្រែក​ច្រៀង​យ៉ាង​ក្តែងៗ​—​តែ​អ្នក​មិន​អាច​ស្តាប់​ឮ​ដោយ​សារ​បង្អួច​ឡាន​អ្នក​របស់​អ្នក​បាន​បិទ​ដែរ​ឬ​ទេ ? តើ​គាត់​មើល​ទៅ​មិន​ដូច​ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ​ទេ​ឬ​អី ? បើសិន​កូនចៅ​របស់​យើង​រៀន​អ្វី​ដែល​គួរ​ធ្វើ ដោយ​គ្មាន​អំណរ​ចំពោះ​ហេតុផល​ដ៏​ល្អ​ដែល​គួរ​ធ្វើ​តាម​ដំណឹង​ល្អ​ទេ នោះ​នៅទីបំផុត ពួកគេ​នឹង​មិន​ស្រណុក​ចិត្ត​ជាមួយ​ទង្វើ​នេះ​ឡើយ ហើយ​នឹង​ឈប់​ធ្វើ​ទង្វើ​នេះ ឬ កាន់តែ​អាក្រក់ នោះ​បន្ត​ធ្វើ​ទង្វើ​ទាំង​នេះ ដោយ​ព្រោះតែ​សម្ពាធ​ដែល​ពួកគេ​ទទួល​ពី​មនុស្ស​ដទៃ​ដែល​ធ្វើ​ទង្វើ​នេះ​នៅ​ជុំវិញ​ខ្លួន​គេ​ប៉ុណ្ណោះ ។

ឧបសគ្គ​សម្រាប់​យើង​គ្រប់​គ្នា ដែល​ព្យាយាម​បង្រៀន​ដំណឹង​ល្អ​គឺ​ត្រូវ​ពង្រីក​នូវ​កម្មវិធី​សិក្សា​ឲ្យ​លើស​ពី​ការគ្រាន់តែ​អ្វីៗ​ដែល​យើង​គួរ​ធ្វើ​ទៅ​ទៀត ។ សុភមង្គល​របស់​កូន​ចៅ​យើង អាស្រ័យ​លើ​សមត្ថភាព​ពួកគេ​ក្នុង​ការរីករាយ និង ស្រឡាញ់​ហេតុផល​ដ៏​អស្ចារ្យ​នៃ​អ្វីៗ​ដែល​គួរ​ធ្វើ​តាម​នៃ​ដំណឹង​ល្អ ។ តើ​យើង​ធ្វើ​វា​យ៉ាង​ដូចម្តេច​ទៅ ?

ទីមួយ យើង​ត្រូវតែ​ធ្វើ​ឲ្យ​ជីវិត​ផ្ទាល់​ខ្លួន​យើង​ស្រប​តាម​ហ្វ្រេ​កង់​ដ៏​ត្រឹមត្រូវ​នៃ​ព្រះវិញ្ញាណ ។ បើ​ត្រឡប់​មើល​ទៅ​សម័យ​មុន​ការប្រើ​កុំព្យូទ័រ យើង​រកឃើញ​ស្ថានីយ៍​វិទ្យុ​ដែល​យើង​ចូលចិត្ត ដោយ​រាវរក​លេខ​ប៉ុស្តិ៍ រហូត​វា​ត្រង់​ចំ​យ៉ាង​កំហិត​ជាមួយ​នឹង​ប្រេកង់​នៃ​ស្ថានីយ៍​វិទ្យុ ។ នៅពេល​យើង​រាវ​ជិតដល់​​ប៉ុស្តិ៍​នោះ យើង​ឮ​តែ​សំឡេង​រ៉ែៗប៉ុណ្ណោះ ។ ប៉ុន្តែ ពេល​យើង​ស៊ីរ៉េ​វា នោះ​តន្ត្រី​ដែល​យើង​ចូលចិត្ត​អាច​ស្តាប់​បាន​ឮ​ច្បាស់ ។ នៅ​ក្នុង​ជីវិត​យើង យើង​ត្រូវតែ​ស្រប​ជាមួយ​ប្រេកង់​ត្រឹមត្រូវ ដើម្បី​រីករាយ​ចំពោះ​ហេតុផល​ដែល​យើង​គួរធ្វើ​តាម​ព្រះវិញ្ញាណ ។

នៅពេល​យើង​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក នោះ​យើង​ពោរពេញ​ដោយ​តន្ត្រី​នៃ​ស្ថានសួគ៌​ដែល​អម​មក​ជាមួយ​នូវ​ការប្រែចិត្ត​ជឿ ។ ដួងចិត្ត​របស់​យើង​បាន​ផ្លាស់ប្តូរ ហើយ​ធ្វើ​ឲ្យ​យើង​គ្មាន​បំណង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្តិ​អំពើ​ល្អ​ជានិច្ច​វិញ ។ (ម៉ូសាយ ៥:២) ។ ប៉ុន្តែ​ព្រះវិញ្ញាណ​មិន​តស៊ូ​នឹង​ចិត្ត​កំណាញ់ ឬ ភាពឆ្មើងឆ្មៃ ឬ ច្រណែន​នោះ​ទេ ។ បើ​យើង​គ្មាន​ឥទ្ធិពល​ដ៏​ទន់ភ្លន់​នេះ​នៅ​ក្នុង​ជីវិត​យើង​ទេ នោះ​ភាព​ចុះសម្រុង​ចំពោះ​ដំណឹង​ល្អ អាច​ប្រែ​ទៅ​ជា​ចម្រូងចម្រាស់ ហើយ​ទីបំផុត​អាច​ត្រូវ​បាន​សាបរលាប​ទៅវិញ ។ អាលម៉ា​បាន​សួរសំណួរ​ដ៏​រំជួល​ចិត្ត​មួយ​ថា ៖ « បើសិន​ជា​អ្នក​រាល់​គ្នា​បាន​ចាប់​អារម្មណ៍​ចង់​ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្តី​ស្រឡាញ់​ដែល​ប្រោសលោះ ខ្ញុំ​សូម​សួរ​ថា តើ​អ្នក​អ្នក​រាល់​គ្នា​អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ​ឥឡុវ​នេះ​ទេ ? » (អាលម៉ា ៥:២៦) ៕

ឪពុក​ម្តាយ​ទាំងឡាយ​អើយ បើជីវិត​យើង​មិន​ស្រប​គ្នា​នឹង​ដំណឹងល្អ​ទេ​នោះ យើង​ត្រូវ​តែ​ផ្លាស់ប្តូរ​វា​ចេញ​ទៅ ។ ដូច​ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​បង្រៀន​យើង​កាល​ពី​ខែ តុលា​មុន​ថា យើង​ត្រូវ​ពិចារណា​ពី​ផ្លូវ​ដែល​ជើង​យើង​ត្រូវ​ដើរ » ( សូមមើល « ​ពិចារណា​ពី​ផ្លូវ​ដែល​ជើង​ឯងដើរ » Ensign Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៨៦–៨៨ ) ។ យើង​ដឹង​ពី​របៀប​ធ្វើ​វា ។ យើង​ត្រូវតែ​ដើរ​តាម​ផ្លូវ​ដដែល​ដែល​យើងបាន​ដើរ​កាល​យើង​បាន​ឮ​ចង្វាក់​នៃ​តន្ត្រី​សួគ៌​នៃ​ដំណឹង​ល្អ​ពី​ដំបូង​នោះ ។ យើងអនុវត្ត​សេចក្ដីជំនឿទៅលើ​ព្រះគ្រីស្ទ ប្រែចិត្ត ហើយ​ទទួល​ទាន​សាក្រាម៉ង់ យើង​ទទួល​អារម្មណ៍​ពីព្រះចេស្ដា​​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ខ្លាំង ហើយ​តន្ត្រី​នៃ​ដំណឹងល្អ​ចាប់​ផ្ដើម​លេង​ម្ដងទៀត​នៅក្នុងជីវិត​របស់យើង ។

ទីពីរ ពេល​យើង​មាន​អំណរ​ចំពោះ​ហេតុផល​ដែល​យើង​គួរ​ធ្វើ នោះ​យើង​ត្រូវតែ​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​វា​នៅ​ក្នុង​គេហដ្ឋាន​យើង ។ វា​មិនមែន​ជា​ការបង្ខំ ឬ សង្កត់សង្កិន​ឡើយ ។ « គ្មាន​អំណាច ឬ ឥទ្ធិពល​ណា​អាច ឬ គប្បី​កាន់កាប់ ដោយសារ​អំណាច​បព្វជិតភាព​បាន​ឡើយ »—​ឬ គ្មាន​អំណាច ឬ ឥទ្ធិពល​ក្នុង​នាម​ជា​ឪពុក ឬ ម្តាយ ឬ អ្នក​ធំ​បំផុត ឬ អ្នក​ពូកែ​ឡូឡា​ខ្លាំង​បំផុត​អាច ឬ គប្បី​កាន់កាប់​បាន​ឡើយ—« លើកលែង​តែ​ដោយ​ការលួងលោម ដោយការអត់ធ្មត់ ដោយការទន់ភ្លន់ និង ការស្លូតបូត  …ដោយការ​ស្រឡាញ់​ស្មោះត្រង់ [ និង ] ដោយ​ចិត្ត​ល្អ » ប៉ុណ្ណោះ ។ (គ និង ស ១២១:៤១–៤២) ។

ហេតុ​អ្វី​ឥរិយាបថ​ទាំងនេះ​នាំ​ឲ្យ​មាន​អំណាច និង ឥទ្ធិពល​កើន​ឡើង​នៅ​ក្នុង​គេហដ្ឋាន ? ដោយសារ​ឥរិយាបថ​ទាំងនេះ​យាង​វិញ្ញាណ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ឥរិយាបថ​ទាំង​នេះ​ធ្វើ​ឲ្យ​ដួង​ចិត្ត​យើង​ស៊ី​ចង្វាក់​ទៅ​នឹង​តន្ត្រី​នៃ​ដំណឹង​ល្អ ។ នៅពេល​មាន​ឥរិយាបថ​ទាំង​នេះ នោះ​អ្វីៗ​ដែល​យើង​គួរធ្វើ​នឹង​មាន​ពីធម្មជាតិ និង ដោយ​អំណរ ព្រោះ​សមាជិក​គ្រប់​គ្នា​នៅ​ក្នុង​គ្រួសារ ​ពុំ​ចាំបាច់​គម្រាម ឬ បំភ័យ ឬ បង្ខំ​ឡើយ ។

ពេល​កូនៗ​យើង​នៅ​តូច យើង​អាច​ច្រៀង​បំពេរ​ពួកគេ​ដោយ​សេចក្តី​ស្រឡាញ់​ស្មោះត្រង់ ហើយ​នៅពេល​ពួកគេ​ចចេស និង បដិសេធ​មិន​ចូល​ដេក​នៅ​ពេល​យប់ នោះ​យើង​ត្រូវតែ​ច្រៀង​បំពេរ​ដោយ​ការអត់ធ្មត់ ។ នៅពេល​ពួកគេ​ជំទង់ នោះ​យើង​ត្រូវ​ជៀសវាង​ពី​សម្រែក​នៃ​ជម្លោះ និង ការគម្រាម ផ្ទុយ​ទៅ​វិញ​ត្រូវ​ច្រៀង​នូវ​ចម្រៀង​នៃ​ការលួងលោម​ដ៏​ពិរោះ—​ហើយ​អាច​ច្រៀង​វគ្គ​ទី​ពីរ​នៃ​ច្រៀង​បំពេរ​ដោយ​ការអត់ធ្មត់ ។ ឪពុក​ម្តាយ​អាច​ធ្វើការ​យ៉ាង​ស៊ីចង្វាក់​គ្នា​ដើម្បី​បង្ហាញ​នូវ​ឥរិយាបថ​ទន់ភ្លន់ និង ស្លូតបូត ។ យើង​អាច​ហៅ​កូនៗ​របស់​យើង​ឲ្យ​ធ្វើការណ៍​នេះ​ជាមួយ​យើង នៅពេល​យើង​បង្ហាញ​ទឹក​ចិត្ត​ល្អ​ចំពោះ​អ្នក​ជិតខាង​ណា​ម្នាក់​ដែល​ត្រូវការ​ជំនួយ ។

ការណ៍​នេះ​ពុំ​អាច​មក​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ ព្រោះ​តន្ត្រីករ​ដ៏​ជោគជ័យ​គ្រប់រូប​ដឹង​ថា វា​តម្រូវ​ឲ្យ​មាន​ការឧស្សាហ៍​អនុវត្ត ​ទើប​លេង​តន្ត្រីបាន​ពិរោះ ។ បើ​ការខិតខំ​តាំង​ពី​ដំបូង​ដើម្បី​និពន្ធ​តន្ត្រី​នោះ​ហាក់​បី​ដូច​ជា​មិន​សូវ​ស៊ី​ចង្វាក់​គ្នា​ទេ នោះ​សូម​ចាំ​ថា​ភាព​មិន​ស៊ី​ចង្វាក់​គ្នា​នោះ ​មិន​អាច​កែខៃ​ដោយ​ការ​រិះគន់​បាន​ឡើយ ។ ភាព​មិន​ស៊ី​ចង្វាក់​គ្នា​នៅ​ក្នុង​គេហដ្ឋាន ​គឺ​ដូច​ជា​ភាពងងឹង​មួយ​នៅ​ក្នុង​បន្ទប់ ។ វា​មិន​ល្អ​សោះ​ដើម្បី​ស្តី​បន្ទោស​ភាព​ងងឹត​នោះ ។ យើង​ត្រូវតែ បណ្តេញ ភាពងងឹត​ចេញ​ដោយ​ដាក់​ពន្លឺ​ចូល​វិញ ។

ដូច្នេះ បើ​ក្រុម​ចម្រៀង​នៅ​ក្នុង​គ្រួសារ​អ្នក ស្រែកឡូឡា ឬ ជិះជាន់​ខ្លាំង​ពេក ឬ បើ​កូន​ជំទង់ៗ​នៅ​ក្នុង​ក្រុម​តន្ត្រី​នៃ​គ្រួសារ​អ្នក​ទ្រហឹង​អឹងអាប់​ពេក ឬ ឈ្លោះ​គ្នា ឬ បើកូន​តូចៗ​ដ៏​រពិស​របស់​យើង មិន​ត្រូវ​រូវ​គ្នា ឬ​រញ៉េរញ៉ៃ នោះ​សូម​អត់ធ្មត់​ចុះ ។ បើសិន​អ្នក​មិន​កំពុង​តែ​រីករាយ​ចំពោះ​ហេតុផល​ដែល​អ្នក​គួរ​ធ្វើ​នៃ​ដំណឹង​ល្អ​នៅ​ក្នុង​គេហដ្ឋាន​អ្នក​ទេ នោះ​សូម​ចងចាំ​ឃ្លា​នេះ ៖ សូម​បន្ត​ហ្វឹកហាត់​វា ។ ដោយ​មាន​ជំនួយ​ពី​ព្រះ នោះ​នៅ​ថ្ងៃ​មួយ​តន្ត្រី​នៃ​ដំណឹង​ល្អ នឹង​ធ្វើ​ឲ្យ​គេហដ្ឋាន​អ្នក​ពោរពេញ​ដោយ​ក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន ។

ទោះ​ជា​អ្នក​បាន​ធ្វើ​យ៉ាង​ល្អ​ក៏​ដោយ តន្ត្រី​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់​របស់​យើង​ឡើយ ។ នឹង​នៅ​តែ​មាន​ពេលខ្លះ​រីករាយ និង កើតទុក្ខ នឹង​នៅ​តែ​មាន​ពេលខ្លះ​ត្រូវ​គ្នា និង ឈ្លោះ​គ្នា​នៅ​ក្នុង​ជីវិត​យើង ។ ការណ៍​នេះ​គឺ​ជា​រឿង​ធម្មជាតិ​នៃ​ជីវិត​លើ​ភពផែនដី​នេះ ។

ប៉ុន្តែ​នៅពេល​យើង​បន្ថែម​ភាពរីករាយ​ទៅ​លើ​អ្វីៗ​ដែល​យើង​ត្រូវ​ធ្វើ នោះ​ពេល​ខ្លះ​ចង្វាក់​ដ៏​ស្មុគស្មាញ​នៃ​ជីវិត​អាពាហ៍ពិពាហ៍ និង គ្រួសារ​បែរ​ឆ្ពោះ​ទៅ​រក​តុល្យភាព​ដ៏​ចុះ​សម្រុង​គ្នា​មួយ ។ ទោះជា​បញ្ហា​លំបាកៗ​របស់​យើង​នឹង​បន្ថែម​សំឡេង​សោកសៅ​កាន់តែ​ច្រើន ហើយ​បន្ត​ឮ​ដដែលៗ​ក្ដី ។ គោលលទ្ធិ​អំពី​បព្វជិតភាព​នឹង​ចុះ​មក​លើ​ព្រលឹង​របស់​យើង​ដូច​ជា​ទឹក​សន្សើម​មក​ពី​មេឃ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ទៅ​ជា​គូកន​យើង​ជានិច្ច ហើយ​ដំបងពេជ្រ​របស់​យើង—​សេចក្តី​យោង​ដ៏​ច្បាស់​អំពី​អំណាច និង ឥទ្ធិពល—នឹង​ទៅ​ជា​ដំបង​ពេជ្រ​នៃ​សេចក្តី​សុចរិត និង សេចក្តី​ពិត​ដែល​មិន​ចេះ​ប្រែប្រួល ។ ហើយ​អំណាច​គ្រប់គ្រង​របស់​យើង​នឹង​ទៅ​ជា​អំណាច​គ្រប់គ្រង​ដ៏​នៅ​អស់កល្ប​អស់​កាល​ជានិច្ច ។ ហើយ​ដោយ​ឥត​ការបង្ខិតបង្ខំ នោះ​វា​នឹង​ហូរ​មក​លើ​យើង​ជា​រៀង​ដរាប​តទៅ ( សូមមើល សូមមើល គ និង ស ១២១:៤៥–៤៦) ។

សូម​ឲ្យ​ការណ៍​នេះ​មាន​ដល់​ជីវិត​យើង​ម្នាក់ៗ និង គេហដ្ឋាន​យើង​គ្រប់​គ្នា ជា​ការអធិស្ឋាន​ខ្ញុំ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។