ឆ្នាំ ២០១០-២០១៩
ផែនការ​នៃ​សុភមង្គល
ខែ មេសា 2015


ផែនការ​នៃ​សុភមង្គល

គោលបំណង​នៃ​សកម្មភាព​សាសនាចក្រ​ទាំងអស់ គឺ​ដើម្បី​មើល​ថា​ស្វាមី និង​ភរិយា​រួមនឹង​កូនៗ​ពួកគេ​មាន​ក្ដី​រីករាយ​នៅ​ក្នុង​គេហដ្ឋាន និង​ផ្សាភ្ជាប់​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ជា​ច្រើន​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី II ខ្ញុំ​បាន​ចូល​រៀន​មហាវិទ្យាល័យ ។ នៅ​ទីនោះ​ហើយ​ដែល​ខ្ញុំ​បាន​ជួប ដូណា ស្ម៊ីធ ។ កាល​នោះ ខ្ញុំ​បាន​ដឹង​ថា​គ្រឿង​ផ្សំ​ពីរ​យ៉ាង​ដែល​ចាំបាច់​ដើម្បី​មាន​អាពាហ៍ពិពាហ៍​ជោគជ័យ​នោះ​ជា​គឺ នំ​ឃុកឃី និង ការថើប ។ ខ្ញុំ​បាន​គិត​ថា នោះ​គឺ​ជា​ការណ៍​ល្អ​ណាស់ ។

ខ្ញុំ​បាន​ទៅ​រៀន​មហាវិទ្យាល័យ​ពេល​ព្រឹក ក្រោយ​មក​ត្រឡប់​ទៅ​ទីក្រុង ប្រ៊ីកហាំ​វិញ ដើម្បី​ធ្វើ​ការ​ក្នុង​ហ្គារ៉ាស​ឡាន​ឪពុក​ខ្ញុំ​ពេល​រសៀល ។ ម៉ោង​រៀន​ព្រឹក​ចុង​ក្រោយ​របស់ ដូណា​ គឺ​ជា​ម៉ោង​គេហវិជ្ជា ។ ខ្ញុំ​បាន​ឈាង​ចូល​លេង​ថ្នាក់​នាង​ពី​មុន​ចេញ​ពី​សាលា ។ ទ្វារ​ថ្នាក់​រៀន​នាង​មាន​កញ្ចក់​ស្រអាប់​ព្រាលៗ ប៉ុន្តែ​បើ​ខ្ញុំ​ឈរ​នៅ​ក្បែរ​កញ្ចក់​នោះ នាង​អាច​ឃើញ​ស្រមោល​ខ្ញុំ​នៅ​ខាង​ក្រៅ​ថ្នាក់ ។ នាង​នឹង​ចេញ​មក​លបៗ​ ​មាន​នំឃុកឃី​មួយ ហើយ​ថើប​ខ្ញុំ ។ នោះ​ជា​រឿង​ដែល​នាំ​ឲ្យ​យើង​រៀបការ ។ យើង​បាន​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ហើយ​នោះ​ជា​ការចាប់ផ្តើម​ដំណើរ​ផ្សង​ព្រេង​នៃ​ជីវិត​យើង ។

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ខ្ញុំ​ត្រូវ​បាន​បង្រៀន​ជា​ញឹកញាប់​ពី​គោលការណ៍​ដ៏​សំខាន់​មួយ​ថា ៖ គោលបំណង​នៃ​សកម្មភាព​ទាំងអស់​ក្នុង​សាសនាចក្រ គឺ​ដើម្បី​ឃើញ​ថា បុរស និង ស្ត្រី​ព្រម​ទាំង​កូនៗ​របស់​ខ្លួន រីករាយ​នៅ​ក្នុង​គេហដ្ឋាន បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​សម្រាប់​វេលាកាល​នេះ និង សម្រាប់​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច ។

នៅ​ដើម​ដំបូង​ឡើយ៖

« ក្រុម​ព្រះ​ក៏​យាង​ចុះ​ទៅ​បង្កើត​មនុស្ស ឲ្យ​ដូច​រូប​ព្រះ​ទាំងឡាយ គឺ​ដូច​ជា​រូប​នៃ​ព្រះ នោះ​ព្រះ​ទាំងឡាយ​ទ្រង់​បាន​បង្កើត​គេ​មក គឺ​ជា​ប្រុស​ជា​ស្រី ព្រះទាំងឡាយ​ទ្រង់​បាន​បង្កើត​គេ​ឡើង ។

« ហើយ​ក្រុម​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​ប្រទាន​ពរ​ដល់​ពួកគេ ។ ហើយ​ក្រុម​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​បណ្តាល​ឲ្យ​ពួកគេ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាសពេញ​លើ​ផែនដី ហើយ​បង្ក្រាប​ផែនដី » (អ័ប្រាហាំ ៤:២៧–២៨) ។

ដូច្នេះ​ហើយ វដ្ត​នៃ​ជីវិត​មនុស្ស​បាន​ចាប់ផ្តើម​លើ​ផែនដី​នេះ​នៅពេល « អ័ដាម​ក៏​ស្គាល់​ប្រពន្ធ​គាត់ ហើយ​នាង​បង្កើត​បាន​កូនប្រុស​កូន​ស្រី​ទាំងឡាយ ហើយ​ពួកគេ​បាន​ចាប់​ផ្តើម​បង្កើត​កូន​ជា​ច្រើន​ឡើង ហើយមាន​ពេសពេញ​លើ​ផែនដី ។

« ហើយ …ពួក​កូន​ប្រុស​កូន​ស្រី​របស់​អ័ដាម​បាន​ចាប់ផ្តើម​បែកចេញ​ជា​គូៗ​នៅ​លើ​ដែនដី … ហើយ​ពួកគេ​ក៏​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ទាំងឡាយ » (ម៉ូសេ ៥:២–៣) ។

ព្រះបញ្ញត្តិ​ឲ្យ​បង្កើត​កូន​ជា​ច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី​ពុំ​ដែល​លុប​ចេញ​ឡើយ ។ វា​ចាំបាច់​ចំពោះ​ផែនការ​ប្រោសលោះ ហើយ​គឺ​ជា​ប្រភព​នៃ​សុភមង្គល​របស់​មនុស្ស​លោក ។ តាមរយៈ​ការអនុវត្ត​ដ៏​សុចរិត​នៃ​អំណាច​នេះ នោះ​យើង​នឹង​អាច​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌​យើង ហើយ​ដកពិសោធន៍​នូវ​ភាព​ពេញលេញ​នៃ​សេចក្តី​អំណរ​គឺ​ភាព​ជា​ព្រះ ។ អំណាច​នៃ​ការបង្កើត​កូន​ពុំ​មែន​ជា​ផ្នែក​ចៃដន្យ​មួយ​នៃ​ផែនការ​នៃ​សុភមង្គល​ឡើយ វា​ជា​ផែនការ​នៃ​សុភមង្គល និង​ជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​សុភមង្គល ។

បំណង​ប្រាថ្នា​ចង់​បាន​ដៃគូ​ក្នុង​មនុស្ស​លោក​នៅ​តែ​បន្ត ហើយ​រឹងមាំ​យ៉ាង​ខ្លាំង ។ សុភមង្គល​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ក្តី​អំណរ និង ភាពតម្កើង​ឡើង​របស់យើង​គឺ​ផ្អែក​លើ​របៀប​ដែល​យើង​ឆ្លើយ​តប​ចំពោះ​ចំណង់​ទាក់ទាញ​អារម្មណ៍​ខាង​រូបកាយ​ដែល​មាន​នេះ ។ នៅពេល​អំណាច​នៃ​ការបង្កើត​កូន​មាន​ភាព​ចាស់​ទុំ​នៅ​ក្នុង​គំនិត​បុរស​ស្ត្រី​តាំង​ពី​ក្មេង ដែល​អារម្មណ៍​ផ្ទាល់​ខ្លួន​កើតឡើង តាម​របៀប​ធម្មជាតិ នោះ​វា​មិន​ដូច​ជា​ការដកពិសោធន៍​ផ្សេង​ទៀត​នៃ​រូបកាយ​ឡើយ ។

មែនហើយ ការបង្កើត​ដៃគូ​ចាប់ផ្តើម​ជាមួយ​នឹង​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា ។ ទោះ​ជា​ប្រពៃណី​អាច​ខុស​គ្នា​ក្តី វា​ដុះដាល​ឡើង​ជាមួយ​នឹង​អារម្មណ៍​នៃ​ការរំភើប និង ការយកចិត្ត​ទុក​ដាក់ ពេលខ្លះ​ជា​អារម្មណ៍​បដិសេធ ។ មាន​ពេល​ខ្លះ​នៅ​ក្រោម​ពន្លឺ​ព្រះច័ន្ទ និង មាន​ផ្កា​កូលាប មាន​សំបុត្រ​ស្នេហា ចម្រៀង​ស្នេហា កំណាព្យ ការកាន់ដៃ​គ្នា និង​ការបង្ហាញ​សេចក្តី​ស្រឡាញ់​ផ្សេងៗ​ទៀត​រវាង​យុវជន​ម្នាក់ និង យុវនារី​ម្នាក់ ។ ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​នាក់​នោះ ​មិន​ចាប់​អារម្មណ៍​ថា​មាន​អ្វី​កើត​ឡើង​នៅ​ជុំ​វិញ​ខ្លួន​ឡើយ ហើយ​ពួកគេ​ដកពិសោធន៍​អារម្មណ៍​នៃ​សេចក្តី​អំណរ ។

ហើយ​បើ​អ្នក​គិត​ថា ភាព​រីករាយ​ទាំងស្រុង​នៃ​ក្តី​ស្នេហា​វ័យ​ក្មេង​គឺ​កើត​មក​ពី​អំណាច​នៃ​ការបង្កើត នោះ​អ្នក​ពុំ​ទាន់​ធ្លាប់​បាន​ឃើញ​ក្តី​ស្រឡាញ់​នៃ​អាពាហ៍ពិពាហ៍​ដ៏​យូរអង្វែង​ដែល​មាន​ការលះបង់ និង ផ្អែមល្ហែម​ឡើយ ។ ដៃគូ​ដែល​រៀបការ​រួច​ត្រូវ​បាន​សាកល្បង​ដោយ​ការល្បួង ការយល់ខុស បញ្ហា​ហិរញ្ញវត្ថុ វិបត្តិ​គ្រួសារ ជំងឺ ហើយ​អំឡុង​ពេល​នៃ​បទពិសោធន៍​នេះ នោះ​ក្តី​ស្រឡាញ់​នឹង​កាន់តែ​កើន​ឡើង ។ ជា​ក្តី​ស្រឡាញ់​ដែល​មានភាព​ចាស់​ទុំ​មាន​សុភមង្គល ដែល​អ្នក​រៀបការ​ថ្មោងថ្មី​មិន​អាច​យល់​ឡើយ ។

ក្តី​ស្រឡាញ់​ពិត​តម្រូវ​ឲ្យ​រក្សាទុកនូវ​ក្តី​ស្រឡាញ់​នោះ រហូត​ក្រោយ​ពី​រៀបការ​សិន ដែល​បើក​អំណាច​ពិសិដ្ឋ​ដល់​ការ​បង្កើត​កូន ។ មានន័យ​ថា​ចៀសវាង​ពី​ស្ថានភាព​ដែល​បង្កើត​ចំណង់​ប្រាថ្នា​ខាង​រូបកាយ ។ ក្តី​ស្នេហ៏​ពិត​គឺ​ជា​ការគិតថា មានតែ​បន្ទាប់​ពី​ការសច្ចា​នៃ​ដៃគូ​អស់កល្ប​ដ៏​ស្មោះត្រង់ ពិធី​រៀបការ​តាម​ច្បាប់ និង ពេញ​ច្បាប់ មែន​ហើយ​បន្ទាប់​ពី​ពិធី​បរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​អំណាច​នៃ​ការបង្កើត​នេះ​កើតមានបាន ចំពោះ​​ព្រះនេត្រ​ព្រះ​សម្រាប់​ការបង្ហាញ​ក្តី​ស្រឡាញ់​ដ៏​ពេញលេញ ។ ការណ៍​នេះ​អាច​ធ្វើ​បាន តែ ជាមួយ​ដៃគូ​អស់កល្ប​ជានិច្ច​របស់​អ្នក​ប៉ុណ្ណោះ ។

នៅពេល​ចូលទៅ​ដោយ​ភាពសក្តិសម ដំណើរការ​នេះ​រួមបញ្ចូល​គ្នា​នូវ​រូបកាយ ដួងចិត្ត និង វិញ្ញាណ​ដ៏​ស្អាតស្អំ​ និង លើកតម្កើង​បំផុត ដែល​ទាក់ទង​នឹង​ពាក្យ​ថា ក្តី​ស្រឡាញ់ ។ ការណ៍​នេះ​ពុំ​មាន​ស្មើ​គ្នា​ទេ ពុំ​មាន​ដូច​គ្នា​នៅ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​ឡើយ ។ វា​នឹង​បាន​ស្មើ​គ្នា​នៅពេល​សេចក្តី​សញ្ញា​ត្រូវ​បាន​ធ្វើ ឬ រក្សា​ឲ្យ​នៅ​អស់កល្ប​ជានិច្ច « ដ្បិត​នៅ​ក្នុង​នោះ​គឺ​ជា​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ ដែល​បាន​តែងតាំង​ឡើង ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ទទួល​កិត្តិយស និង សិរីល្អ » ( គ និង ស ១២៤:៣៤ ) « គឺ​ជា​សិរីល្អ​ដែល​នឹង​បាន​ពូជ​ដ៏​បរិបូរណ៌ និង បន្តបន្ទាប់ ជារៀង​ដរាប​តទៅ » ( គ និង ស ១៣២:១៩ ) ។

ប៉ុន្តែ​ក្តី​ស្នេហា​ដែល​អណ្តែតអណ្តូង​មិន​អាច​ពេញ​លេញ​ឡើយ វា​ជា​ការចាប់​ផ្តើម​ប៉ុណ្ណោះ ។ ក្តី​ស្នេហា​ត្រូវ​បាន​រក្សា​ឲ្យ​គង់ ពេល​ដែល​មាន​កូន​ចៅ ដែល​កើត​មក​ពី​អំណាច​នៃ​ការបង្កើត​កូន​ដែល​បាន​ប្រទាន​ឲ្យ​ដល់​ដៃគូ​នៅ​ក្នុង​អាពាហ៍ពិពាហ៍ ។ ការចាប់កំណើត កើ​តមាន​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​រវាង​ស្វាមី និង​ភរិយា ។ រូបកាយ​ដ៏​តូច​ចាប់ផ្តើម​កើត​មាន​តាម​របៀប​មួយ​ដ៏​អស្ចារ្យ ។ កុមារ​កើត​មក​តាម​របៀប​មួយ​ដែល​មិន​គួរ​ឲ្យ​ជឿ កុមារ​ត្រូវ​បាន​បង្កើត​មក​តាម​រូបរាង​របស់​ឪពុក​ម្តាយ​នៅ​លើ​ផែនដី​របស់​ខ្លួន ។ នៅ​ក្នុង​រូបកាយ​រមែង​ស្លាប់​នេះ វិញ្ញាណ​អាច​ដឹង និង​ទទួល​អារម្មណ៍​ពី​រឿង​ខាង​វិញ្ញាណ ។ ការសម្ងំ​របស់​វិញ្ញាណ​នៅ​ក្នុង​រូបកាយ​រមែង​ស្លាប់​របស់​កុមារ​នេះ​គឺ​ជា​អំណាច​ដើម្បី​បង្កើត​ពូជពង្ស​តាម​រូបរាង​របស់​ខ្លួន​ផ្ទាល់ ។

« វិញ្ញាណ​និង រូបកាយ​គឺ​ជា​ព្រលឹង​នៃ​មនុស្ស » ( គ និង ស ៨៨:១៥ ) ហើយ​មាន​ក្រិត្យវិន័យ​ខាង​វិញ្ញាណ និង រូបកាយ​ដើម្បី​ធ្វើ​តាម បើសិន​យើង​ចង់​រីករាយ ។ មាន​ក្រិត្យវិន័យ​អស់កល្ប រួម​ទាំង​ក្រិត្យវិន័យ​ដែល​ទាក់ទង​នឹង​អំណាច​នៃ​ការបង្កើត​ជីវិត​នេះ « មាន​ក្រិត្យ​វិន័យ​មួយ​ដ៏​ពុំ​អាច​ដក​ចេញ​បាន ដែល​បាន​ធ្វើ​នៅ​ស្ថានសួគ៌ មុន​កំណើត​លោកិយ​មក​ម្ល៉េះ ដែល​គ្រប់​ព្រះពរ​ទាំងអស់​ផ្អែក​ទៅលើ » ( គ និង ស ១៣០:២០ ) ។ មាន​ក្រិត្យវិន័យ​ខាង​វិញ្ញាណ ដែល​បាន​ផ្តល់​ន័យ​ឲ្យ​បទដ្ឋាន​សីលធម៌​សម្រាប់​មនុស្ស​លោក ( សូមមើល​ការបកប្រែ​របស់យ៉ូសែប ស្ម៊ីធ រ៉ូម ៧:១៤–១៥ [ នៅ​ក្នុង Bible appendix ] នីហ្វៃ​ទី ២ ២:៥; គ និង ស ២៩:៣៤; ១៣៤:៦) ។ មាន​សេចក្តីសញ្ញា​​ដែល​ចង ផ្សាភ្ជាប់ និង ការពារ ហើយ​ផ្តល់​ការសន្យា​នៃ​ពរជ័យ​ដ៏​អស់កល្ប ។

អាលម៉ា ដាស់តឿន​ ស៊ិបឡុន​ កូនប្រុស​គាត់​ថា « ចូរ​ឲ្យ​ឃើញ​ថា កូន​ទប់អស់​ទាំង​តណ្ហា​របស់​កូន ដើម្បី​ឲ្យ​កូន​អាច​បាន​ពោរពេញ ទៅ​ដោយ​សេចក្តី​ស្រឡាញ់ » (អាលម៉ា ៣៨:១២) ។ បង្ហៀរ​សេះ​ត្រូវបាន​ប្រើ​ដើម្បី​នាំផ្លូវ ដឹកនាំ បង្ខាំង ។ យើង​ត្រូវតែ​ទប់​អស់​ទាំង​តណ្ហា​របស់​យើង ។ ពេល​ដែល​វា​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ស្រប​ច្បាប់ នោះ​អំណាច​នៃ​ការ​បង្កើតកូន​នឹង​ប្រទានពរ ហើយ​នឹង​ត្រូវ​បាន​ញែកចេញ ( សូមមើល Teachings of Presidents of the Church: Joseph F. Smith [ឆ្នាំ ១៩៩៨] ទំព័រ ១៥៨ ) ។

ការល្បួង​តែងតែ​មាន ។ ពីព្រោះ​សាតាំង​មិន​អាច​បង្កើត​ជីវិត​ឡើយ វា​ច្រណែន​ដល់​អស់​អ្នក​ដែល​មាន​អំណាច​ដ៏​មហិមា​នោះ ។ វា និង អ្នក​ដើរ​តាម​វា ​ត្រូវ​បាន​បណ្តេញ​ចេញ ហើយ​បាត់បង់​សិទ្ធិ​ដើម្បី​ទទួល​រូបកាយ​រមែង​ស្លាប់​នេះ ។ « វា​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​លោក​ទាំងអស់​មាន​ទុក្ខ​វេទនា​ដូច​វា​ដែរ » ។ (នីហ្វៃទី ២ ២:២៧) ។ វា​នឹង​ល្បួង បើសិន​វា​អាច​ធ្វើ​បាន ដើម្បី​បំផ្លាញ ធ្វើ​ឲ្យ​ខូច ហើយ​បើអាច​ទៅ​រួច​ វា​នឹង​បំផ្លាញ​អំណោយ​ទាន​នេះ ​ដែល​យើង​អាច​រីកចម្រើន​ដ៏​អស់កល្ប បើយើង​សក្តិសម ( សូមមើល គ និង ស. ១៣២:២៨–៣១) ។

បើសិន​យើង​បំពាន​លើ​អំណាច​នៃ​ការបង្កើត​ជីវិត​នេះ ឬ នាំ​មនុស្ស​ដទៃ​ទៀត​ឲ្យ​រំលង​វា​ដែរ នោះ​នឹង​មាន​ការដាក់ទោស​កាន់តែ « ឈឺ » និង ​« ធ្ងន់ធ្ងរ » ( គ និង ស ១៩:១៥) ជាង​ការត្រេកត្រអាល​ខាង​រូបកាយ​ទាំងអស់​នោះ​ទៅ​ទៀត ។

អាលម៉ា បាន​ប្រាប់​ កូរីអានតុន កូនប្រុស​របស់​ខ្លួន​ថា « តើ​កូន​ពុំ​ដឹង​ទេ​ឬ​ថា អំពើ​ទាំង​នេះ គឺ​ជា​អំពើ​គួរ​ខ្ពើមឆ្អើម​បំផុត​នៅ​ចំពោះ​ព្រះនេត្រ​នៃ​ព្រះអម្ចាស់ មែនហើយ​គឺគួរ​ខ្ពើមឆ្អើម​បំផុត​ជាង​បាប​ទាំងអស់​ក្រៅ​ពី​ការខ្ចាយឈាម​ជន​ឥតទោស ឬ បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ? » អាលម៉ា ៣៩:៥ ។ យើង​មិន​អាច​រត់គេច​ចេញ​ពី​លទ្ធផល ពេល​យើង​រំលង​ច្បាប់​ឡើយ ។

ការបង្ហាញ​អំណាច​នៃ​ការបង្កើត​កូន​ដែល​ត្រឹមត្រូវ​តាម​ច្បាប់ ដែល​បាន​អនុញ្ញាត គឺ​បានតែ​រវាង​ស្វាមី និង ភរិយា រវាង​បុរស និង​ស្រី្ត​ដែល​បាន​រៀបការ​ស្របច្បាប់ និង ពេញ​ច្បាប់​ប៉ុណ្ណោះ ។ អ្វីៗ​ដែល​ក្រៅ​ពី​នេះ​គឺ​បំពាន​ព្រះបញ្ញត្តិ​ព្រះ​ហើយ ។ ចូរ​កុំ​ចុះចាញ់​ការល្បួង​ដ៏​អប្រិយ​នៃ​សាតាំង​ឡើយ ដ្បិត​គ្រប់​ទាំង​បំណុល​នៃ​ការរំលង​ត្រូវតែ​សង​វិញ « ឲ្យ​គ្រប់ បើ​មិន​ដូច្នេះ​ទេ នោះ​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ » (ម៉ាថាយ ៥:២៦) ។

គ្មាន​កន្លែង​ណា ដែល​សេចក្តី​សប្បុរស និង ក្តី​មេត្តា​របស់​ព្រះអម្ចាស់ បង្ហាញ​ច្រើន​ជាង​នៅ​ក្នុង​ការប្រែចិត្ត​ឡើយ ។

ពេល​មាន​របួស រូបកាយ​របស់​យើង​អាច​ជា​បាន​ដោយ​ខ្លួន​ឯង​វិញ តែ​ពេល​ខ្លះ​ត្រូវការ​ពេទ្យ​ជួយ ។ ម៉្យាង​ទៀត បើ​របួស​នោះ​ធំ នោះ​នឹង​មាន​ស្លាកស្នាម​ដែល​បន្សល់​ទុក​ពីមុខ​របួស​នោះ ។

ជាមួយ​នឹង​រូបកាយ​ខាង​វិញ្ញាណ​យើង​វិញ វា​ជារឿង​មួយ​ផ្សេង​ទៀត ។ វិញ្ញាណ​របស់​យើង​នឹង​ខូចខាត​ពេល​យើង​ធ្វើ​កំហុស ឬ ប្រព្រឹត្ត​អំពើ​បាប ។ វា​មិន​ដូច​ជា​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់​យើង​ឡើយ នៅពេល​បញ្ចប់​ដំណើរការ​ប្រែចិត្ត នោះ​គ្មាន​ស្នាម​នៅ​សល់​ឡើយ នេះ​ដោយ​ព្រោះ​តែ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ការសន្យា​នោះ​គឺ ៖ « មើលចុះ អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន អ្នក​ឈ្មោះ​ថា​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ » (គ និង ស ៥៨:៤២) ។

នៅពេល​យើង​និយាយ​អំពី​ជីវិត​អាពាហ៍ពិពាហ៍ និង គ្រួសារ នោះ​នឹង​មាន​សំណួរ​មួយ​ដែល​ចៀស​មិន​រួច​មក​ក្នុង​គំនិត​គឺ​ថា « តើ​មាន​ការលើកលែង​អ្វី​ខ្លះ ? » មនុស្ស​មួយ​ចំនួន​កើត​មក​ខ្វះ​សមត្ថភាព ហើយ​មិន​អាច​បង្កើត​កូន​បាន ។ ជន​ស្លូតត្រង់​មួយ​ចំនួន​បាន​ប្រេះឆា​​ក្នុង​អាពាហ៍ពិពាហ៍​ខ្លួន ដោយសារ​ភាព​មិន​ស្មោះត្រង់​របស់​ស្វាមី ឬ ភរិយា​ខ្លួន ។ អ្នក​ផ្សេង​ទៀត​មិន​រៀបការ​ទេ ហើយ​រស់នៅ​ដោយ​សក្តិសម​ក្នុង​ភាព​នៅ​លីវ​របស់​ខ្លួន ។

ឥឡូវ​នេះ ខ្ញុំ​សូម​ផ្តល់​នូវ​ការលួងលោម​នេះ ៖ ព្រះ​ជា​ព្រះវរបិតា​យើង ! គ្រប់​ការបង្ហាញ​ក្តី​ស្រឡាញ់ និង ក្តី​សប្បុរស​ដែល​ឪពុក​លើ​ផែនដី​ធ្វើ គឺ​ត្រូវ​បាន​តម្កើង​នៅ​ក្នុង​ទ្រង់​ដែល​ជា​ព្រះវរបិតា និង​ព្រះ​យើង ហួស​ពី​សមត្ថភាព​នៃ​គំនិត និង ការយល់​ដឹង​នៃ​ជីវិត​រមែង​ស្លាប់​យើង​ទៅ​ទៀត ។ ការកាត់​សេចក្តី​របស់​ទ្រង់​យុត្តិធម៌ សេចក្តី​មេត្តាករុណា​ទ្រង់​គ្មាន​ព្រំដែន គ្មាន​អំណាច​អ្វី​នៅ​លើ​ផែនដី​នេះ​ធំ​ជាង​ព្រះចេស្តា​ទ្រង់​ឡើយ ។ « បើ​សិន​ជា​យើង​មាន​ទី​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនា លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត » (កូរិនថូសទី ១ ១៥:១៩) ។

ឥឡូវនេះ ដោយ​គាវរភាព​នោះ​ ខ្ញុំ​សូម​ប្រើ​ពាក្យ ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ស្រម៉ៃឃើញ​បន្ទប់​ផ្សារភ្ជាប់ និង អាសនា​ជាមួយ​គូស្វាមី​ភរិយា​ដែល​លុត​ជង្គង់​នៅ​ទី​នោះ ។ ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ ​គឺ​មាន​ន័យ​លើស​ពី​អាពាហ៍ពិពាហ៍​ទៅទៀត ដ្បិត​អាពាហ៍ពិពាហ៍​នេះ អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ដោយ​ការសន្យា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ព្រះគម្ពីរ​បាន​ចែង​ថា​យើង « នឹង​បានគ្រង​បល្ល័ង​ទាំងឡាយ នគរ​ទាំងឡាយ ក្សត្របុរី​ទាំងឡាយ និង អំណាច​ទាំងឡាយ អំណាច​គ្រប់គ្រង​ទាំងឡាយ » (គ និង ស ១៣២:១៩) ។ ខ្ញុំ​ឃើញ​ក្តី​អំណរ​ដែល​រង់ចាំ​អស់​អ្នក​ដែល​ទទួល​នូវ​អំណោយ​ដ៏​មហិមា​នេះ ហើយ​ប្រើ​វា​ដោយ​សក្តិសម ។

ស៊ីស្ទើរ ដូណា ស្ម៊ីធ ផាកកឺ និង ខ្ញុំ បាន​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​អាពាហ៍ពិពាហ៍​អស់​ពេល ៧០ ឆ្នាំ​ហើយ ។ នៅពេល​ដែល​នាង​ក្លាយ​ជា​ភរិយា​ខ្ញុំ ជា​ម្តាយ​​កូនៗ​ខ្ញុំ ខ្ញុំ​​ថ្លែង​ពី​នាងមិន​អស់​ទេ ។ អារម្មណ៍​គឺ​ជ្រាលជ្រៅ​ណាស់ ហើយ​អំណរគុណ ដែល​ខ្ញុំ​មាន​គឺ​មិន​អាច​ថ្លែង​អស់​ឡើយ ។ រង្វាន់​ដ៏​ធំ​មហិមា​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ជីវិត​នេះ និង ជីវិត​បន្ទាប់ គឺ​ជា​កូនៗ និង ចៅៗ​យើង ។ រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ខ្ញុំ​មាន​អំណរគុណ​សម្រាប់​ឱកាស​ទាំងឡាយ​ដែល​មាន​នាង​នៅ​ក្បែរ​ខ្ញុំ និង ការសន្យា​របស់​ព្រះអម្ចាស់​ដែល​បាន​ប្រទាន​ថា ​នឹង​គ្មាន​ទី​បញ្ចប់​នោះ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ និង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ជា​អង្គ​ដឹកនាំ​សាសនាចក្រ ។ តាមរយៈ​ដង្វាយធួន​ទ្រង់ និង អំណាច​នៃ​បព្វជិតភាព នោះ​ក្រុមគ្រួសារ​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ អាច​នៅ​ជាមួយ​គ្នា​រហូត​ដល់​អស់កល្ប​ជានិច្ច ។ ដង្វាយធួន​ដែល​អាច​ប្រែក្លាយ​យើង​ម្នាក់ៗ​ឲ្យ​គ្មាន​ស្លាកស្នាម ។ វា​មាន​ន័យថា មិនថា​អ្វី​ដែល​យើង​បាន​ធ្វើ កន្លែង​ណា​ដែល​យើង​បាន​ទៅ ឬ​របៀប​ណា​វា​បាន​កើត​ឡើង​នោះទេ បើ​យើង​ពិត​ជា​ប្រែចិត្ត​មែន ទ្រង់​បាន​សន្យា​ថា​ទ្រង់​នឹង​សង្គ្រោះ​យើង ។ ហើយ​នៅពេល​ទ្រង់​សង្គ្រោះ អ្វី​ទាំងឡាយ​នឹង​ត្រូវ​បាន​ដោះស្រាយ ។ មាន​ពួកយើង​ជា​ច្រើន​ដែល​ច្របូកច្របល់​ជាមួយ​នឹង​អារម្មណ៍​ថា​មាន​កំហុស ហើយ​មិន​ដឹង​ថា​ត្រូវ​គេចវេស​យ៉ាងណា ។ អ្នក​គេចរួច​ដោយ​ទទួល​យក​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ហើយ​ការ​ឈឺចាប់​ទាំងអស់​អាច​ក្លាយ​ជា​ភាព​ស្រស់ស្អាត និង​ក្ដីស្រឡាញ់​អស់កល្ប​ជានិច្ច ។

ខ្ញុំ​មាន​អំណរគុណ​ជាខ្លាំង​សម្រាប់​ពរជ័យ​នៃ​ព្រះយេស៊ូវគ្រីស្ទ សម្រាប់​អំណាច​នៃ​ការ​បង្កើតកូន សម្រាប់​អំណាច​នៃ​ការ​ប្រោសលោះ សម្រាប់​ដង្វាយធួន—ដង្វាយធួន​ដែល​អាច​លាង​សម្អាត​គ្រប់​ស្នាមប្រឡាក់​មិន​ថា​វា​ពិបាក ឬ​យូរ ឬ​ច្រើនដង​ប៉ុណ្ណាទេ ។ ដង្វាយធួន​អាច​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព​ជាថ្មី ដើម្បី​ឆ្ពោះ​ទៅមុខ​ដោយ​ស្អាតបាត និង​សក្ដិសម ក្នុង​ការ​ស្វែងរក​មាគ៌ា​ដែល​អ្នក​បាន​ជ្រើសរើស​ក្នុងជីវិត ។

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ព្រះមាន​ព្រះជន្មរស់ ថា​ព្រះយេស៊ូវ​គឺ​ព្រះគ្រីស្ទ ថា​ដង្វាយធួន​មិនមែន​ជា​រឿង​ធម្មតា​ទេ វា​សម្រាប់​សាសនាចក្រ​ទាំងមូល ។ ដង្វាយធួន​គឺ​សម្រាប់​បុគ្គល ហើយ​បើ​អ្នក​មាន​អ្វី​ដែល​អំពល់​ដល់​អ្នក—ជាយូរ​មក​ហើយ​ស្ទើរ​តែ​មិន​អាច​ចាំ​បាន—សូម​ទទួល​យក​ដង្វាយ​ធួន ។ ដង្វាយធួន​នឹង​សម្អាត​អ្នក ហើយ​ទ្រង់​មិន​នឹកចាំ​អំពើ​បាប​របស់​អ្នក​ទៀត​ឡើយ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។