ឆ្នាំ ២០១០-២០១៩
បព្វជិតភាព—គឺ​ជា​អំណោយ​មួយ​ដ៏​ពិសិដ្ឋ
ខែ មេសា 2015


បព្វជិតភាព—គឺ​ជា​អំណោយ​មួយ​ដ៏​ពិសិដ្ឋ

យើង​ម្នាក់ៗ​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណោយ​ដ៏​មាន​តម្លៃ​បំផុត ដែល​បាន​ប្រគល់​ដល់​មនុស្ស​លោក ។

អនុស្សាវរីយ៍​គួរ​ឲ្យ​ចងចាំ​បំផុត​របស់​ខ្ញុំ គឺ​ចូលរួម​ការប្រជុំ​បព្វជិតភាព​ ក្នុង​នាម​ជា​ឌីកុន​ម្នាក់​ដែល​ទើប​បាន​តែងតាំង និង ការច្រៀង​ទំនុក​តម្កើង « មក​រាល់​បុត្រា​នៃ​ព្រះ ដែល​បាន​ទទួល​បព្វជិតភាព » ។ ល្ងាចនេះ ចំពោះ​បងប្អូន​ដែល​ជួបជុំ​គ្នា​ទីនេះ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ និង​នៅ​ទូទាំង​ពិភពលោក ខ្ញុំ​សូម​លើក​ឡើង​វិញ​ពី​ទំនុក​តម្កើង​ដ៏​ពិសេស​នោះ ហើយ​ថ្លែង​ទៅ​កាន់​បងប្អូន​ថា « មក​រាល់​បុត្រា​នៃ​ព្រះ ដែល​បាន​ទទួល​បព្វជិតភាព » ។ ទោះជា​យើង​មាន​អាយុ ទំនៀមទម្លាប់ ឬ សញ្ជាតិ​ទីទៃ​ពី​គ្នា​ក្ដី ក៏​យើង​បាន​រួបរួម​គ្នា​តែ​មួយ​ក្នុង​ការហៅ​បព្វជិតភាព​របស់​យើង​ដែរ ។

ចំពោះ​យើង​ម្នាក់ៗ ការស្ដារឡើងវិញ​នៃ​បព្វជិតភាព​អើរ៉ុន ទៅ​ដល់អូលីវើរ ខៅឌើរី និង យ៉ូសែប ស៊្មីធ ដោយ យ៉ូហាន បាទីស្ទ គឺ​ជា​រឿង​ដ៏​សំខាន់ ។ ស្រដៀងគ្នា​ដែរ​នោះ ការស្តារឡើងវិញ​នៃ​បព្វជិតភាព​មិលគីស្សាដែក ទៅ​ដល់ យ៉ូសែប និង អូលីវើរ ដោយ ពេត្រុស យ៉ាកុប និង យ៉ូហាន គឺ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​តម្លៃ ។

ចូរ​យើង​ទទួលយក​ការហៅ ទំនួលខុសត្រូវ និង ករណីយកិច្ច​ដោយ​ប្រាកដប្រជា​បំផុត ដែល​មាន​ក្នុង​បព្វជិតភាព​ដែល​យើង​កាន់ ។

ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ទំនួល​ខុសត្រូវ​ធំ​មួយ កាល​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​លេខា​កូរ៉ុម​ឌីកុន​របស់​ខ្ញុំ ។ ខ្ញុំ​បាន​រៀបចំ​ដោយ​យកចិត្តទុកដាក់​ទៅ​លើ​កំណត់ត្រា​ដែល​ខ្ញុំ​រក្សា ព្រោះ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​នូវ​អ្វី​ដែល​ខ្ញុំ​ដឹង​អំពី​របៀប​បំពេញ​ការហៅ​នោះ ។ ខ្ញុំ​មាន​មោទនភាព​ក្នុង​ការងារ​ខ្ញុំ ។ ការធ្វើ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន ឲ្យ​អស់​ពី​សមត្ថភាព គឺ​ជា​គោលដៅ​ខ្ញុំ​ក្នុង​គ្រប់​តំណែង​ដែល​ខ្ញុំ​កាន់ ។

ខ្ញុំ​សង្ឃឹម​ថា យុវជន​ដែល​ត្រូវបាន​តែងតាំង​បព្វជិតភាព​អើរ៉ុន គឺ​ត្រូវបាន​ផ្ដល់​ការយល់ដឹង​ខាង​វិញ្ញាណ​អំពី​ភាពពិសិដ្ឋ​នៃ​ការហៅ​ដែល​គេ​ត្រូវ​បាន​តែងតាំង​នោះ ក៏​ដូចជា​ឱកាស​ដើម្បី​តម្កើង​ការហៅ​នោះ​ដែរ ។ ខ្ញុំ​បាន​ទទួល​ឱកាស​បែប​នេះ​ក្នុង​នាម​ជា​ឌីកុន​ម្នាក់ កាល​គណៈប៊ីស្សព​បាន​ស្នើ​ឲ្យ​ខ្ញុំ​នាំ​យក​សាក្រាម៉ង់​ទៅ​ធ្វើ​នៅ​ផ្ទះ​ជនពិការ​ម្នាក់ ដែល​រស់នៅ​ប្រហែល​ជា ជាង​មួយ​គីឡូម៉ែត​ពី​សាលាប្រជុំ ។ នា​ព្រឹក​ថ្ងៃ​អាទិត្យ​ដ៏​ពិសេស​នោះ ខ្ញុំ​បាន​គោះ​ទ្វារ​ផ្ទះ​បងប្រុស រ៉ាយ ហើយ​បាន​ឮ​សំឡេង​ខ្សាវៗ​មក​ថា « ចូល​មក » ។ ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ខ្ទម​ដ៏​ទន់ទាប​នោះ តែ​​ជា​បន្ទប់​ដែល​ពោរ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​ចូល​ទៅ​ជិត​គ្រែ​​បងប្រុស រ៉ាយ ហើយ​បាន​ដាក់​នំប៉័ង​មួយ​ចំណិត​ទៅ​ក្នុង​មាត់​គាត់​ដោយ​ប្រុង​ប្រយ័ត្ន ។ រួច​ខ្ញុំ​បាន​កាន់​ពែង​ទឹក ដើម្បី​គាត់​អាច​ទទួលទាន​ទឹក​នោះ ។ ពេល​ខ្ញុំ​បាន​ដើរ​ចេញ​មក ខ្ញុំ​បាន​ឃើញ​ទឹកភ្នែក​ក្នុង​ភ្នែក​គាត់ កាល​គាត់​ពោល​ថា « សូម​ព្រះប្រទាន​ពរ​ដល់​ប្អូន » ។ ហើយ​ព្រះ​ពិតជា​បាន​ប្រទាន​ពរ​ខ្ញុំ​មែន—ដោយ​អំណរគុណ​ចំពោះ​តំណាង​ដ៏​ពិសិដ្ឋ​នៃ​សាក្រាម៉ង់ និង ចំពោះ​បព្វជិតភាព​ដែល​ខ្ញុំ​កាន់ ។

គ្មាន​ឌីកុន គ្រូ ឬ សង្ឃ​នៅ​ក្នុង​វួដ​យើង​ម្នាក់​ណា​នឹង​ភ្លេច​ពី​អនុស្សាវរីយ៍​នៃ​ទស្សនកិច្ច ដែល​យើង​បាន​ធ្វើ​នៅ​ឯ ក្លាកសិន យូថាហ៍ បាន​ឡើយ ជា​ទស្សនកិច្ច​នៅ​ផ្នូរ​របស់ ម៉ាទិន ហារីស ដែល​ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​បី​នាក់​នៃ​ព្រះគម្ពីរ​មរមន ។ ពេល​យើង​ឈរ​ជុំ​វិញ​បង្គោល​ថ្ម​ដែល​សម្គាល់​ផ្នូរ​របស់​គាត់ ហើយ​ពេល​អ្នក​ដឹកនាំ​កូរ៉ុម​ម្នាក់ អាន​ឲ្យ​យើង​ស្ដាប់​នូវ​ពាក្យពេចន៍​ដ៏​មាន​អនុភាព​ចេញ​ពី « ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ » ដែល​មាន​នៅ​ដើម​ព្រះ​គម្ពីរ​​មរមន នោះ​យើង​បាន​បង្កើន​ក្ដី​ស្រឡាញ់​ចំពោះ​កំណត់ត្រា​ដ៏​ពិសិដ្ឋ​នោះ និង ចំពោះ​ក្ដីពិត​នៅ​ក្នុង​កំណត់ត្រា​នោះ ។

អំឡុង​ឆ្នាំ​នោះ គោលដៅ​យើង​គឺ ត្រូវ​ប្រែក្លាយ​ដូចជា​ពួក​បុត្រា​នៃ​ម៉ូសាយ ។ ពួក​បុត្រា​នោះ​ត្រូវបាន​គេ​ថ្លែង​ថា ៖

« ពួក​គេ​បាន​មាំ​មួន​នៅ​ក្នុង​ការ​ស្គាល់ពី​សេចក្ដីពិត ព្រោះ​ពួកគេ​ជា​មនុស្ស​ដែល​មាន​យោបល់​ដ៏ជ្រាល​ជ្រៅ ហើយ​គេ​បាន​ព្យាយាម​ពិចារណា​មើល​បទគម្ពីរ ដើម្បី​ឲ្យ​គេ​អាច​ស្គាល់​ព្រះបន្ទូល​នៃ​ព្រះ ។

« ប៉ុន្តែ នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ ពួកគេ​បាន​ប្រគល់​ខ្លួន​ទៅ​ក្នុង​ការអធិស្ឋាន និង ការតមអាហារ​ជាច្រើន ហេតុដូច្នេះហើយ ពួកគេ​ប្រកប​ដោយ​វិញ្ញាណ​នៃ​ការព្យាករណ៍ និង វិញ្ញាណ​នៃ​វិវរណៈ ហើយ​កាល​ណា​គេ​បង្រៀន គឺ​គេ​បង្រៀន​ដោយ​អានុភាព និង សិទ្ធិអំណាច​ពី​ព្រះ » ។

ខ្ញុំ​គិត​ថា គ្មាន​គោលដៅ​ណា​សក្ដិសម​ជាង​នេះ​ ដែល​យុវជន​ម្នាក់​ត្រូវ​មាន ដើម្បី​បាន​ពិពណ៌នា​ថា​ជា​បុត្រា​នៃ​ម៉ូសាយ​ដ៏​ក្លាហាន និង សុចរិតនោះ​ ។

កាល​ខ្ញុំ​ចូលដល់​​អាយុ ១៨ ឆ្នាំ ហើយ​ត្រៀមខ្លួន​ចូល​បម្រើ​កងទ័ព​​ដែល​តម្រូវ​ឲ្យ​​យុវជន​ធ្វើ​ជា​ចាំបាច់​​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ នោះ​ខ្ញុំ​ទទួល​បាន​អនុសាសន៍ឲ្យ​ទទួល​បព្វជិតភាព​មិលគីស្សាដែក ប៉ុន្តែ ជា​ដំបូង​ខ្ញុំ​ត្រូវ​ទូរសព្ទ​ទៅ​ប្រធាន​ស្តេក​ខ្ញុំ ប៉ុល ស៊ី ឆាលដ៍ ដើម្បី​ទទួល​ការសម្ភាសសិន​ ។ គាត់​គឺ​ជា​បុគ្គល​ដែល​ស្រឡាញ់ ហើយ​យល់ដឹង​ពី​បទគម្ពីរ ហើយ​គាត់​មាន​បំណង​ឲ្យ​មនុស្ស​ទាំង​ពួង ស្រឡាញ់ ហើយយល់ដឹង​លើ​បទគម្ពីរ​ស្រដៀងគ្នា​នេះ​ដែរ ។ ដោយ​បាន​ឮ​ពី​មិត្តភក្ដិ​ខ្លះ​ៗ​អំពី​ការសម្ភាស​ដ៏​លម្អិត និង ហ្មត់ចត់ ខ្ញុំ​ចង់ដឹង​ខ្លះៗ​អំពី​តម្រិះ​ខាង​បទគម្ពីរ​របស់​ខ្ញុំ ដូច្នេះ កាល​ខ្ញុំ​ទូរសព្ទ​ទៅ​គាត់ ខ្ញុំ​បាន​សុំ​ជួប​នៅ​ថ្ងៃ​អាទិត្យ​ក្រោយ នៅ​មួយ​ម៉ោងមុន​​ការប្រជុំ​សាក្រាម៉ង់​របស់​គាត់ ។

គាត់​ឆ្លើយ​ថា ៖ « ឱ ប្អូន​ប្រុស ម៉នសុន អើយ ពេល​វេលា​ប៉ុណ្ណឹង​នឹង​មិន​អនុញ្ញាត​ឲ្យ​យើង​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​អាន​ព្រះគម្ពីរ​ឡើយ » ។ រួច​គាត់​ណែនាំ​ថា ម្ដង​បី​ម៉ោង​ពីមុន​ការប្រជុំ​សាក្រាម៉ង់ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​នាំ​យក​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ដែល​មាន​គូសចំណាំ និង ដាក់​សេចក្ដីយោង ។

កាល​ខ្ញុំ​ទៅ​ដល់​ផ្ទះ​គាត់​នៅ​ថ្ងៃ​អាទិត្យ គាត់​បាន​ទទួល​ខ្ញុំ​យ៉ាង​កក់ក្ដៅ រួច​បាន​ចាប់ផ្ដើម​ការសម្ភាស ។ ប្រធាន ឆាលដ៍ មាន​ប្រសាសន៍​ថា « ប្អូនប្រុស ម៉នសុន ប្អូន​កាន់​បព្វជិតភាព​អើរ៉ុន ។ តើ​ប្អូន​ធ្លាប់​មាន​ពួក​ទេវតា​បម្រើ​ដល់​ប្អូន​ដែរ​ឬ​ទេ ? ខ្ញុំ​ឆ្លើយ​ថា មិន​ដែល​មាន​ទេ ។ កាល​គាត់​សួរ​ខ្ញុំ ថា​តើ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​ការបម្រើ​នោះ​ដែរ​ឬ​ទេ ខ្ញុំ​ឆ្លើយ​ម្ដង​ទៀត​ថា ខ្ញុំ​មិន​ធ្លាប់​ដឹង​ទេ ។

គាត់​បាន​ប្រាប់​ថា « ប្អូនប្រុស ម៉នសុន សូម​សូត្រ​ឡើង​វិញ​នូវ គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌ​ទី ១៣ » ។

ខ្ញុំ​បាន​ចាប់ផ្ដើម​សូត្រ « នៅ​លើ​អ្នក​ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ ដោយ​នូវ​ព្រះនាម​នៃ​ព្រះមែស៊ី ខ្ញុំ​សូម​ប្រគល់​បព្វជិតភាព​អើរ៉ុន ដែល​កាន់​កូនសោ​ទាំងឡាយ​អំពី​ការ​បម្រើ​នៃ​ពួក​ទេវតា… »

ប្រធាន ឆាលដ៍ បន្លឺ​ថា « ឈប់​សិន » ។ រួច​គាត់​បាន​ទូន្មាន​ក្នុង​សំឡេង​លួងលោម និង ស្រទន់​ថា « ប្អូនប្រុស ម៉នសុន សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន ប្អូន​តម្រូវ​ឲ្យ​ធ្វើ​ការបម្រើ​នៃ​ពួក​ទេវតា » ។

នៅ​ថ្ងៃ​នោះ​ហាក់​ដូច​ជា​មាន​ទេវតា​មួយ​អង្គ បាន​គង់​នៅ​ក្នុង​បន្ទប់​នោះ ។ ខ្ញុំ​ពុំ​អាច​បំភ្លេច​ការសម្ភាស​នោះ​បាន​ឡើយ ។ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ពី​ពេល​ដ៏​អស្ចារ្យ​នោះ ដែល​យើង​បាន​អាន​ទាំង​អស់​គ្នា អំពី​ទំនួល​ខុសត្រូវ ករណីយកិច្ច និង ពរជ័យ​នៃ​បព្វជិតភាព​អើរ៉ុន និង បព្វជិតភាព​មិលគីស្សាដែក—ជា​ពរជ័យ​ដែល​ពុំ​គ្រាន់តែ​កើតឡើង​ចំពោះ​យើង​នោះ​ទេ ថែម​ទាំង​កើតឡើង​ចំពោះ​ក្រុមគ្រួសារ និង មនុស្ស​ដទៃ​ដែល​យើង​នឹង​មាន​ឯកសិទ្ធ​បម្រើ​ផងដែរ ។

ខ្ញុំ​ត្រូវបាន​តែងតាំង​ជា​អែលឌើរ ហើយ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​ចាកចេញ​ទៅ​បំពេញ​កាតព្វកិច្ច​ទ័ព​ជើងទឹក សមាជិក​ក្នុង​គណៈប៊ីស្សព​មួយ​រូប​នៃ​វួដ​ខ្ញុំ បាន​មក​ចូលរួម​នឹង​គ្រួសារ រួមទាំង​មិត្តភក្ដិ​ខ្ញុំ​នៅ​ស្ថានីយ​រថភ្លើង ដើម្បី​លា​គ្នា ។ ពីមុន​ឡើង​លើ​រថភ្លើង គាត់​បាន​ដាក់​កូន​សៀវភៅ​មួយ​ក្នុង​ដៃ​ខ្ញុំ​ដែល​មាន​ចំណងជើង ក្បួន​ច្បាប់​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​បាន​សើច ហើយ​ពោល​ថា ខ្ញុំ​មិន​មែន​ចេញ​ទៅ​បេសកកម្ម​នោះ​ទេ ។

គាត់​ឆ្លើយ​ថា « យ៉ាងណា​ក៏​ដោយ យក​វា​ទៅ ។ វា​នឹង​មាន​ប្រយោជន៍ » ។

វា​ពិត​ជា​មាន​ប្រយោជន៍​មែន ។ ខ្ញុំ​ត្រូវការ​វត្ថុ​រឹង​បួន​ជ្រុង ដាក់​នៅ​បាត​កាបូប​ខ្ញុំ ដើម្បី​ឲ្យ​សំលៀកបំពាក់​ខ្ញុំ​នៅ​មាន​ភ្លី និង​មិន​សូវ​ជ្រួញ ។ កូន​សៀវភៅ ក្បួន​ច្បាប់​អ្នក​ផ្សព្វផ្សាយ​សាសនា ជា​អ្វី​ដែល​ខ្ញុំ​ត្រូវការ ហើយ​វា​ត្រូវ​បាន​ទុក​ដាក់​បាន​យ៉ាង​ល្អ ក្នុង​កាបូប​ខ្ញុំ​រយៈ​ពេល ១២ សប្ដាហ៍ ។

នៅ​យប់​មុន​វិស្សមកាល​បុណ្យគ្រីស្ទម៉ាស យើង​បាន​គិត​ពី​ផ្ទះ​របស់​យើង ។ បន្ទាយទាហាន​មាន​សភាព​ស្ងាត់​ជ្រងំ ប៉ុន្តែ សភាពស្ងាត់​ជ្រងំ​នោះ​ត្រូវ​បាន​រំខាន​ដោយ​មិត្ត​ក្បែរ​គ្រែ​ខ្ញុំ──ជា​យុវជន​ម្នាក់ លីលែនដ៍ មែរ៉ល──ដែល​បាន​ចាប់ផ្ដើម​ថ្ងូរ​ដោយ​ការឈឺចាប់ ។ ខ្ញុំ​បាន​សួរ​​ថា​ហេតុអ្វីហ្នឹង រួច​គាត់​ឆ្លើយ​ថា គាត់​ឈឺ​ធ្ងន់ ។ គាត់​ពុំ​ចង់​ទៅ​ឱសស្ថាន​ក្នុង​បន្ទាយ​ឡើយ ព្រោះ​គាត់​ដឹង​ថា បើ​ធ្វើ​ដូច្នោះ​គាត់​នឹង​មិន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​នៅ​ថ្ងៃ​ស្អែក​នោះ​ទេ ។

ប៉ុន្មាន​ជាច្រើន​​ម៉ោង​ក្រោយ​មក គាត់​​ឈឺ​កាន់តែធ្ងន់​ទៅៗ ។ ទីបំផុត ដោយ​ដឹង​ថា​ខ្ញុំ​មាន​តំណែង​ជា​អែលឌើរ គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ផ្ដល់​ការប្រសិទ្ធពរ​បព្វជិតភាព ។

ខ្ញុំ​មិន​ដែល​ផ្ដល់​ការប្រសិទ្ធពរ​បព្វជិតភាព​ពី​មុន​ទេ ខ្ញុំ​មិន​ដែល​ទទួល​បាន​ការប្រសិទ្ធពរ​ទេ ហើយ​ខ្ញុំ​មិន​ដែល​ធ្វើ​សាក្សី​ចំពោះ​ពរជ័យ​ដែល​កំពុង​ផ្ដល់​ឲ្យ​នោះ​ដែរ ។ កាល​កំពុង​អធិស្ឋាន​ដោយ​ស្ងៀមស្ងាត់ ខ្ញុំ​ចងចាំ​ពី​កូន​សៀវភៅ ក្បួន​ច្បាប់​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​ទុក​នៅ​បាត​កាបូប​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ចាក់​របស់​របរ​ចេញ​ពី​កាបូប ហើយ​យក​កូន​សៀវភៅ​នោះ​ចេញ​មក ។ ខ្ញុំ​បាន​អាន​អំពី​របៀប​ប្រសិទ្ធពរ​ដល់​អ្នក​ឈឺ ។ ខ្ញុំ​បាន​ប្រសិទ្ធពរ ដោយ​មាន​ទាហាន​ជើង​ទឹក​ជា​ច្រើន​ឈរ​មើល​ទាំង​ងឿងឆ្ងល់ ។ ខ្ញុំ​មិន​ទាន់​ទាំង​បាន​ដាក់​របស់​របរ​ចូល​ក្នុង​កាបូប​ខ្ញុំ​វិញ​ផង ស្រាប់តែ លីលែនដ៍ មែរ៉ល បាន​គេង​លក់​បាត់​ទៅ​ហើយ ។ គាត់​បាន​ភ្ញាក់​ឡើង​នៅ​ព្រឹក​ស្អែក ទាំង​មាន​អារម្មណ៍​ល្អ ។ យើង​មាន​អារម្មណ៍​ដឹងគុណ​ជា​ខ្លាំង ចំពោះ​អំណាច​បព្វជិតភាព ។

ជា​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​មាន​ឱកាស​កាន់តែ​ច្រើន​ឥត​គណនា ដើម្បី​ប្រសិទ្ធពរ​​ដល់​អ្នក​ដែល​ត្រូវការ​ការប្រសិទ្ធពរ ។ ឱកាស​នៃ​ការប្រសិទ្ធពរ​ម្ដងៗ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​ព្រះ​បាន​ប្រទាន​អំណោយ​ពិសិដ្ឋ​នេះ​មក​ដល់​ខ្ញុំ ។ ខ្ញុំ​គោរព​ដល់​បព្វជិតភាព ។ ខ្ញុំ​បាន​ឃើញ​អំណាច​របស់​វា​ច្រើន​ដង​ហើយ ។ ខ្ញុំ​បាន​ឃើញ​នូវ​ភាពសក្ដិសិទ្ធ​របស់​វា ។ ខ្ញុំ​ស្ញើច​ចំពោះ​អព្ភូតហេតុ ដែលកើត​មាន ។

បងប្អូន​ប្រុស​អើយ យើង​ម្នាក់ៗ​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណោយ​ដ៏​មាន​តម្លៃ​បំផុត ដែល​បាន​ប្រគល់​ដល់​មនុស្ស​លោក ។ ពេល​យើង​គោរព​បព្វជិតភាព​យើង ហើយ​រស់នៅ​ឲ្យ​ជីវិត​យើង ​មាន​ភាពសក្ដិសម​គ្រប់​ពេល ហើយ​ពរជ័យ​នៃ​បព្វជិតភាព​នឹង​កើត​មាន​តាមរយៈ​យើង ។ ខ្ញុំ​ស្រឡាញ់​ព្រះបន្ទូល​ចែង​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១ ខទី ៤៥ដែល​ប្រាប់​យើង​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​មាន​ភាព​សក្ដិសម​ថា ៖ « ក៏​សូម​ឲ្យ​ចិត្ត​អ្នក… ពេញ​ទៅ​ដោយ​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំងអស់ និង​ដល់​ពួក​អ្នក​ជឿ​ផង ហើយ​សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក​ដោយ​ឥត​ឈប់ឈរ​ឡើយ ខណៈ​នោះ​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ ហើយ​គោលលទ្ធិ​អំពី​បព្វជិតភាព​នឹង​ចុះ​មក​លើ​ព្រលឹង​របស់​អ្នក​ដូចជា​ទឹកសន្សើម​ចុះ​ពី​លើ​មេឃ » ។

ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​នៃ​ព្រះ យើង​រួម​ចំណែក​ក្នុង​កិច្ចការ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​បាន​ទទួល​ការហៅ​ពី​ទ្រង់ ដូច្នេះ យើង​កំពុង​បំពេញ​កិច្ចការ​​ទ្រង់ ។ ចូរ​យើង​រៀន​ពី​ទ្រង់ ។ ចូរ​យើង​ដើរ​តាម​ស្នាម​ព្រះបាទា​ទ្រង់ ។ ចូរ​យើង​រស់នៅ​តាម​ព្រះសិក្ខាបទ​ទ្រង់ ។ ដោយ​ការធ្វើ​ដូច្នេះ យើង​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​រាល់​ការបម្រើ ដែល​ទ្រង់​ហៅ​ឲ្យ​ធ្វើ ។ នេះ​គឺ​ជា​កិច្ចការ​ទ្រង់ ។ នេះ​គឺ​ជា​សាសនាចក្រ​ទ្រង់ ។ ប្រាកដណាស់ ទ្រង់​ជា​អង្គដឹកនាំ​យើង ជា​ស្ដេច​នៃ​សិរីល្អ ជា​បុត្រា​នៃ​ព្រះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​សូម​ធ្វើ​សាក្សី​នេះ​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ ជា​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​សម្គាល់

  1. « មក​រាល់​បុត្រា​នៃ​ព្រះ » ទំនុក​តម្កើង លេខ ១៩៩ ។

  2. អាលម៉ា ១៧:២–៣ ។