ឆ្នាំ ២០១០-២០១៩
ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ
ខែ មេសា 2015


ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ

តើ​អ្នកអាច​ប្រាកដ​ថា ឥរិយាបទ​របស់អ្នក​នៅថ្ងៃ​ឈប់សម្រាក​នឹង​នាំ​ឲ្យ​មានក្ដីអំណរ និង​សេចក្ដី​រីករាយ​យ៉ាង​ដូចម្ដេច ?

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ សន្និសីទ​អំឡុង​ពីរ​ថ្ងៃ​នេះ ពិតជា​មាន​ភាពអស្ចារ្យ ។ យើង​ត្រូវបាន​បំផុស ដោយ​តន្ត្រី​ដ៏​បំផុសគំនិត និង ការអធិស្ឋាន​ដ៏​ក្បោះក្បាយ ។ វិញ្ញាណ​យើង​ត្រូវបាន​ស្អាង​ឡើង ដោយ​សារលិខិត​នៃ​ពន្លឺ និង សេចក្ដីពិត ។ នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​នេះ យើង​រួម​គ្នា​ថ្លែង​អំណរគុណ​ព្រះ​ម្តងទៀត​ដោយ​ស្មោះ​សម្រាប់​ព្យាការី !

យើង​ម្នាក់ៗ​គួរ​សួរ​ខ្លួនឯង​ថា ៖ ដោយសារ​តែ​អ្វី ដែល​ខ្ញុំ​បាន​ឮ ហើយ​ទទួល​អារម្មណ៍​ក្នុង​សន្និសីទ​នេះ តើ​ខ្ញុំ​នឹង​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ? មិន​ថា​ចម្លើយ​បងប្អូន​ជា​អ្វី​នោះ​ទេ ខ្ញុំ​ក៏​សូម​អញ្ជើញ​បងប្អូន ឲ្យ​ប្រើ​អារម្មណ៍ និង ឥរិយាបថ​បងប្អូន​ទៅ​លើ​ថ្ងៃ​ឈប់​សម្រាក ។

ខ្ញុំ​ចាប់​អារម្មណ៍​ទៅ​លើ​ពាក្យពេចន៍​អេសាយ ដែល​បាន​ហៅ​ថ្ងៃ​ឈប់​សម្រាក​ថា​ជា « ថ្ងៃ​មួយ​ដ៏​សប្បាយ » ។ ប៉ុន្តែ ខ្ញុំ​ឆ្ងល់​ថា​តើ​ថ្ងៃ​ឈប់​សម្រាក ពិតជា​ថ្ងៃ​មួយ​ដ៏​សប្បាយ​សម្រាប់​បងប្អូន និង សម្រាប់​ខ្ញុំ​មែន​ឬ​ទេ ?

ក្នុងនាម​ជា​គ្រូពេទ្យ​វះកាត់​ដ៏​មមាញឹក ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​​ខ្ញុំបាន​​រក​ឃើញ​ក្ដី​រីករាយ​នៅក្នុង​ថ្ងៃឈប់សម្រាកជា​លើក​ដំបូង នៅពេលខ្ញុំ​ដឹង​ថា ថ្ងៃ​ឈប់សម្រាក​ក្លាយជា​ថ្ងៃ​មួយ​សម្រាប់​ការ​ព្យាបាល​ផ្ទាល់ខ្លួន ។​ នៅ​រាល់​ចុងសប្ដាហ៍ ដៃ​ខ្ញុំ​ស្ពឹក​ស្រពន់​ដោយ​ការដុះលាង​នឹង​សាប៊ូ ទឹក និង សសៃ​ច្រាស​ជា​ច្រើន​ដង ។ ខ្ញុំ​ក៏​ត្រូវការ​ការសម្រាក​ពី​ការងារ​ដ៏​ពិបាក​នេះ​ដែរ ។ ថ្ងៃ​អាទិត្យ​គឺ​ជា​ថ្ងៃ ដែល​ជួយ​សម្រាល​បាន​យ៉ាង​ច្រើន ។

តើ​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ដូចម្ដេច កាល​ទ្រង់​មាន​បន្ទូល​ថា « ថ្ងៃ​ឈប់​សម្រាក​បាន​តាំង​សម្រាប់​ឲ្យ​មនុស្ស មិន​មែន​ជា​មនុស្ស​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ទេ » ? ខ្ញុំ​ជឿ​ថា ទ្រង់​មាន​ព្រះទ័យ​ឲ្យ​យើង​យល់​ថា ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​អំណោយ​មក​ពី​ទ្រង់ បាន​ប្រទាន​ដល់​យើង ដើម្បី​សម្រាក​ពី​អស់​ទាំង​ការតានតឹង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ និង ឱកាស​ដើម្បី​ធ្វើ​ឲ្យ​ស្រស់ស្រាយខាង​វិញ្ញាណ និង សាច់ឈាម​ឡើង​វិញ ។ ព្រះ​បាន​ប្រទាន​ថ្ងៃ​ពិសេស​នេះ​ដល់​យើង មិនមែន​សម្រាប់​ការកម្សាន្ត ឬ ប្រកប​ការងារ​ប្រចាំ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ ដើម្បី​សម្រាក​ពី​កិច្ចការ ដោយ​មាន​ធូរស្រាល​ខាង​សាច់ឈាម និង វិញ្ញាណ ។

ក្នុង​ភាសា​ហេព្រើ ពាក្យ ថ្ងៃ​ឈប់​សម្រាក មាន​ន័យ​ថា « សម្រាក » ។ គោលបំណង​នៃ​ថ្ងៃ​ឈប់​សម្រាក មាន​តាំង​ពី​កំណរកំណើត​ផែនដី​មក​ម្ល៉េះ កាល​បាន​បង្គ្រប់​កិច្ចការ​ចំនួន​ប្រាំមួយ​ថ្ងៃ ព្រះអម្ចាស់​បាន​ឈប់​សម្រាក​ពី​ការបង្កើត​របស់​ទ្រង់ ។ បន្ទាប់​ពី​ទ្រង់​បើក​សម្ដែង​បញ្ញត្តិ​ដប់​ប្រការ​ដល់ ម៉ូសេ ព្រះ​បាន​បញ្ជា​ឲ្យ​យើង « នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក ហើយ​រក្សា​វា​ឲ្យ​បរិសុទ្ធ » ។ ក្រោយ​មក ថ្ងៃ​ឈប់​សម្រាក​ត្រូវបាន​រក្សា ដើម្បី​ជា​ការរំឭក​ពី​ការរំដោះ​ពួក​អ៊ីស្រាអែល​ចេញ​ពី​សេវកភាព​របស់​គេ​ក្នុង​ប្រទេស​អេហ្ស៊ីប ។ ប្រហែល​សំខាន់​បំផុត ថ្ងៃ​ឈប់​សម្រាក ត្រូវបាន​ប្រទាន​ជាសេចក្ដី​សញ្ញា​ដ៏និរន្ដរ៍​ ជាការរំឭក ដ៏ខ្ជាប់ខ្ជួន​ថា​​ព្រះអម្ចាស់​អាច​ញែក​រាស្ត្រ​ទ្រង់ឲ្យ​បរិសុទ្ធ​ ។

មិន​តែ​ប៉ុណ្ណោះ សព្វថ្ងៃ​នេះ យើង​ទទួលទាន​សាក្រាម៉ង់​នៅ​ថ្ងៃ​ឈប់​សម្រាក ក្នុង​ការនឹកចាំ​ពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ម្យ៉ាងទៀត យើង​ចុះ​សេចក្ដី​សញ្ញា​ថា យើង​នឹង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​ទ្រង់ ។

ព្រះអង្គសង្គ្រោះ​លើក​នាម​ទ្រង់​ថា ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សម្រាក ។ វា​ជា​ថ្ងៃ​របស់​ទ្រង់ ! ទ្រង់​បញ្ជា​ដដែលៗ​ឲ្យ​យើង គោរព ថ្ងៃ​ឈប់​សម្រាក១០ចាត់ទុក ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​ដ៏​វិសុទ្ធ ។១១ យើង​ចុះ​សេចក្ដី​សញ្ញា​ដើម្បី​ធ្វើ​ដូចនោះ ។

តើ​យើង ចាត់ទុក ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​ដ៏​បរិសុទ្ធ ​យ៉ាង​ដូចម្ដេច ? កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​រៀន​ពី​បញ្ជី​មួយ ដែល​គេ​ចុះ​អំពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង កិច្ចការ​ដែលមិន​ត្រូវ ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ទាល់តែ​ក្រោយ​មក​ទៀត ទើប​ខ្ញុំ​បាន​រៀន​ចេញ​ពី​ព្រះគម្ពីរ​ថា ទង្វើ និង ឥរិយាបថ​ខ្ញុំ​នៅ​ថ្ងៃ​ឈប់​សម្រាក គឺជា ទីសម្គាល់ រវាង​ខ្ញុំ និង ព្រះវរបិតាសួគ៌ ។១២ ដោយ​មាន​ការយល់ដឹង​បែប​នោះ ខ្ញុំ​ពុំ​ត្រូវការ​បញ្ជី​នៃ​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង មិន​ត្រូវ​ធ្វើ​ទៀត​ឡើយ ។ ពេល​ខ្ញុំ​សម្រេចចិត្ត​ថាតើ​សកម្មភាព​ណា ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​សួរ​ខ្លួនឯង​ថា « តើ ទីសម្គាល់ ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ដល់​ព្រះ » ? សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​ជម្រើស​ខ្ញុំ នៅ​ថ្ងៃ​ឈប់​សម្រាក​មាន​ភាព​ច្បាស់លាស់​ឡើង ។

ទោះជា​គោលលទ្ធិ​អំពី​ថ្ងៃ​ឈប់​សម្រាក មាន​តាំង​ពី​បុរាណ​មក​ម្ល៉េះ ក៏​វា​ត្រូវបាន​បន្ត​នៅ​សម័យ​ថ្ងៃ​ចុងក្រោយ​នេះ ជា​ផ្នែក​នៃ​សេចក្ដី​សញ្ញា​ថ្មី​ដោយ​ភ្ជាប់​មក​នូវ​ការសន្យា​មួយ​ដែរ ។ សូម​ស្ដាប់​សេចក្ដីប្រកាស​ដ៏​ទេវភាព​នេះ​ថា ៖

« ហើយ​ប្រយោជន៍​ឲ្យ​អ្នក​អាច​រក្សា​ខ្លួន​បាន​ពេញលេញ កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ នោះ​អ្នក​ត្រូវ​ទៅ​ដំណាក់​នៃ​ការអធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់​របស់​អ្នក​ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង​ចុះ

« ត្បិត​ប្រាកដមែន ថ្ងៃ​នេះ​ត្រូវបាន​ចាត់​ទុក​ដល់​អ្នក ដើម្បី​ឲ្យ​សម្រាក​ពី​ការងារ​ទាំងឡាយ​របស់​អ្នក ហើយ​ដើម្បី​ថ្វាយ​ភក្ដីភាព​របស់​អ្នក​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត  …

« ហើយ​នៅ​ថ្ងៃ​នេះ …ចូរ​អ្នក​រៀបចំ​អាហារ​ដល់​អ្នក​ដោយ​ចិត្ត​ស្មោះស្ម័គ្រ​ប៉ុណ្ណោះ ប្រយោជន៍​ឲ្យ​ការតម​របស់​អ្នក អាច​បាន​ល្អ​ឥតខ្ចោះ …ប្រយោជន៍​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​អាច​បាន​ពេញ ។  …

« ដរាប​ណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ការទាំងនេះ​ដោយ​អំណរគុណ ដោយ​ទឹកចិត្ត និង ទឹកមុខ​រីករាយ …នោះ​ផល​បរិបូរ​នៃ​ផែនដី ជា​របស់​ផង​អ្នក​រាល់​គ្នា​ហើយ » ។១៣

សូម​គិត ថាតើ​សេចក្ដី​ប្រកាស​នោះ​អស្ចារ្យ​យ៉ាង​ណា​ទៅ ! ផល​បរិបូរ​នៃ​ផែនដី ត្រូវ​បាន​សន្យា​ប្រទាន​ឲ្យ​អ្នក​ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​ដ៏​វិសុទ្ធ ។១៤ វា​សម​ហេតុផល ដែល អេសាយ បាន​ហៅ​ថ្ងៃ​ឈប់​សម្រាក​ថា​ជា « ថ្ងៃ​មួយ​ដ៏​សប្បាយ » ។

តើ​បងប្អូន​អាច​ធានា​ថា ឥរិយាបថ​បងប្អូន​នៅ​ថ្ងៃ​ឈប់​សម្រាក នឹង​នាំ​សេចក្ដី​អំណរ និង ការរីករាយ​ដល់​បងប្អូន​យ៉ាង​ដូចម្ដេច ? បន្ថែម​លើ​ការទៅ​ព្រះវិហារ ការទទួលទាន​សាក្រាម៉ង់ និង ការឧស្សាហ៍​ព្យាយាម​ក្នុង​ការហៅ​បម្រើ តើ​មាន​សកម្មភាព​ណា​ទៀត ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ​ចំពោះ​បងប្អូន ? តើ​ទីសម្គាល់​អ្វី ដែល​បងប្អូន​នឹង​បង្ហាញ​ដល់​ព្រះអម្ចាស់ ដើម្បី​សម្ដែង​ក្ដីស្រឡាញ់​ទៅ​កាន់​ទ្រង់ ?

ថ្ងៃ​ឈប់​សម្រាក ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស ដើម្បី​ពង្រឹង​ទំនាក់ទំនង​ក្នុង​គ្រួសារ ។ ប្រាកដ​ណាស់ ព្រះ​មាន​ព្រះទ័យ​ឲ្យ​យើង​ម្នាក់ៗ ដែល​ជា​កូនចៅ​ទ្រង់ ត្រឡប់​ទៅ​រក​ទ្រង់​វិញ ជា​ពួក​បរិសុទ្ធ​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្រួសារ និង ជាមួយ​បុព្វការីជន និង សណ្ដាន​ក្រោយ​របស់​យើង ។១៥

យើង​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ នៅ​ពេល​យើង​បង្រៀន​ដំណឹងល្អ​ដល់​កូនៗ​យើង ។ ការទទួលខុសត្រូវ​យើង​ក្នុង​នាម​ជា​ឪពុកម្ដាយ ស្ដែង​ចេញ​យ៉ាង​ច្បាស់ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « ដរាប​ណា​ឪពុក​ម្ដាយ​មាន​កូនចៅ​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន…ដែល ពុំ​បាន បង្រៀន​កូនចៅ​ឲ្យ​យល់​នូវ​គោលលទ្ធិ​អំពី​ការ​ប្រែចិត្ត សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ និង អំពី​បុណ្យ​ជ្រមុជ​ទឹក ហើយ​និង​អំពី​អំណោយ​ទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយសារ​ការ​ដាក់​ដៃ​លើ កាល​មាន​អាយុ​ប្រាំបី​ឆ្នាំ នោះ​អំពើ​បាប​នឹង​ធ្លាក់​មក​លើ​ក្បាល​របស់​ឪពុក​ម្ដាយ​វិញ » ។១៦

ច្រើន​ឆ្នាំ​មក​ហើយ ដែល​គណៈប្រធាន​ទី​មួយ បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​គុណភាព​នៃ​ពេល​វេលា​ជាមួយ​គ្រួសារ ។ ពួក​លោក​ចែង​ថា ៖

« យើង​អំពាវនាវ​ដល់​ឪពុកម្តាយ​ទាំងឡាយ ឲ្យ​លះបង់​អស់​ពី​សមត្ថភាព​​របស់​ពួកគេ ដើម្បី​បង្រៀន និង ចិញ្ចឹម​កូនចៅ​របស់​ពួកគេ នៅ​ក្នុង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដែល​នឹង​រក្សា​ពួកគេ​ឲ្យ​នៅ​ជិត​នឹង​សាសនាចក្រ ។ គេហដ្ឋាន​គឺ​ជា​មូលដ្ឋានគ្រឹះ​នៃ​ជីវិត​សុចរិត ហើយ​គ្មាន​កត្តា​ណាមួយ អាច​មក​ជំនួស​ឲ្យ​តំណែង ឬ បំពេញ​មុខងារ​ដ៏​សំខាន់​របស់​គេហដ្ឋាន នៅ​ក្នុង​ការទទួល​ភារកិច្ច​មក​ពី​ព្រះ​បាន​ឡើយ ។

« យើង​សូម​ទូន្មាន​ដល់​ឪពុកម្តាយ និង កូនចៅ​ទាំងឡាយ ឲ្យ​ដាក់​អាទិភាព​ខ្ពស់​បំផុត​ទៅ​លើ ការអធិស្ឋាន​ជា​គ្រួសារ រាត្រី​ជួបជុំ​ក្រុមគ្រួសារ ការសិក្សា និង ការបង្រៀន​ដំណឹងល្អ ហើយ​នឹង​សកម្មភាព​ជា​គ្រួសារល្អៗ ។ ទោះ​ជា​មាន​តម្រូវការ ឬ សកម្មភាព​ដទៃ​ទៀត​ដែល​មើល​ទៅ ហាក់​ដូចជា​សក្តិសម និង ត្រឹមត្រូវ​ក៏​ដោយ ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​វា​មក​ជំនួស​កាតព្វកិច្ច ដែល​បាន​ចាត់​មក​ពី​ព្រះ​នោះ​ឡើយ មាន​តែ​ឪពុកម្តាយ​ប៉ុណ្ណោះ ទើប​អាច​ធ្វើ​បាន​ដោយ​សក្តិសម » ។១៧

ពេល​ខ្ញុំ​គិត​អំពី​ដំបូន្មាន​នេះ ខ្ញុំ​ពិតជា​ចង់​ក្លាយ​ជា​ឪពុកម្ដាយ​វ័យ​ក្មេង​ម្ដង​ទៀត ។ សព្វថ្ងៃ​នេះ ឪពុក​ម្ដាយ​ទាំងឡាយ​មាន​ធនធាន​ដ៏​អស្ចារ្យ ដើម្បី​ជួយ​ឲ្យ​ពេល​វេលា​នៅ​ជាមួយ​គ្រួសារ​កាន់តែ​មាន​អត្ថន័យ នៅ​ថ្ងៃ​ឈប់​សម្រាក និង ថ្ងៃ​ដទៃ​ទៀត ។ ពួកគេ​មាន LDS.org, Mormon.org, the Bible videos, the Mormon Channel, the Gospel Art Library, the Friend, the New Era, the Ensign, the Liahona, និង​ធនធាន​ច្រើន—បន្ថែម​ទៀត ។ ធនធាន​ទាំងនេះ​មាន​ប្រយោជន៍​បំផុត ចំពោះ​ឪពុកម្ដាយ​ក្នុង​ការទទួល​បន្ទុក​នៃ​តួនាទី​ដ៏​ពិសិដ្ឋ ដើម្បី​បង្រៀន​កូនៗ​របស់​ខ្លួន ។ គ្មាន​កិច្ចការ​ណា​ទៀត ដែល​ប្រពៃ​ជាង​ការធ្វើ​ជា​ឪពុកម្ដាយ​ដ៏​សុចរិត និង ដែល​ចេះ​គិតគូ​នោះ​ទេ ។

ពេល​បងប្អូន​បង្រៀន​ដំណឹងល្អ បងប្អូន​នឹង​ចេះ​កាន់តែ​ច្រើន ។ នេះ​ជា​របៀប​ដែល​ព្រះអម្ចាស់ ជួយ​បងប្អូន​ឲ្យ​យល់​ដំណឹងល្អ​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ថា ៖

« យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះបញ្ញត្តិ​មួយ​ថា ត្រូវ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោលលទ្ធិ​នៃ​នគរ ។

« ចូរ​អ្នក​រាល់គ្នា​ព្យាយាម​បង្រៀន  … ដើម្បី​ឲ្យ​អ្នក​អាច​ត្រូវបាន​បង្គាប់​ឲ្យ​បាន​ល្អ​ទៅ​ទៀត … អំពី​គោលលទ្ធិ អំពី​ក្រឹត្យវិន័យ​នៃ​ដំណឹងល្អ អំពី​គ្រប់​ទាំងអស់ ដែល​ទាក់ទង​ទៅ​នឹង​នគរ​ព្រះ » ។១៨

ការសិក្សា​ដំណឹងល្អ​តាម​របៀប​នោះ ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ ។ ការសន្យា​នេះ​អនុវត្ត​ចំពោះ​គ្រប់​ទំហំ​គ្រួសារ សមាសភាព ឬ ទីតាំង ។

បន្ថែម​លើ​ពេល​វេលា​ជាមួយ​គ្រួសារ បងប្អូន​អាច​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ​បាន ដោយ​ការធ្វើ​ពង្សប្រវត្តិ ។ ការស្រាវជ្រាវ និង ការស្វែងរក​សមាជិក​គ្រួសារ ដែល​បាន​ចាកចេញពី​ផែនដី​នេះ​មុន​បងប្អូន—ជា​អ្នក​ដែល​ពុំ​មាន​ឱកាស​ទទួល​យក​ដំណឹងល្អ​កាល​នៅ​មាន​ជីវិត— អាច​នាំ​មក​នូវ​អំណរ​ដ៏​មហិមា ។

ខ្ញុំ​បាន​ទទួល​បទពិសោធន៍​នេះ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ។ ជាច្រើន​ឆ្នាំ​កន្លង​ទៅ ភរិយា​ជាទីស្រឡាញ់​របស់ខ្ញុំ វិនឌី បាន​តាំងចិត្ត​រៀន​អំពី​របៀប​ស្រាវជ្រាវ​ពង្សប្រវត្តិ ។ ការ​រីកចម្រើន​របស់គាត់​គឺ​យឺតៗ​នៅ​ពេលដំបូងឡើយ តែ​បន្ដិចម្ដងៗ គាត់​បាន​ដឹង​ថា​វា​ងាយស្រួល​ដើម្បីធ្វើកិច្ចការ​ពិសិដ្ឋ​នេះ ។ ហើយ​ខ្ញុំ​មិន​ដែល​ឃើញ​គាត់​សប្បាយ​បែបនេះ​ឡើយ ។ បងប្អូន​ក៏​ដូច្នេះ​ដែរ មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ក្រៅ ឬ ទៅ​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ឡើយ ។ ដោយ​មាន​កុំព្យូទ័រ និង ឧបករណ៍​ចល័ត​នៅ​ផ្ទះ បងប្អូន​អាច​ស្វែងរក​ឈ្មោះ​អ្នក​ស្លាប់ដែល​កំពុង​សុំ​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ពួកគាត់ ។ សូម​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ ដោយ​ការស្វែងរក​បុព្វការីជន ហើយ​រំដោះ​ពួកគាត់​ពី​ស្ថាន​ឃុំ​ព្រលឹង !១៩

សូម​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ ដោយ​ការបម្រើ​មនុស្ស​ដទៃ ជា​ពិសេស​អ្នក​ដែល​មាន​អារម្មណ៍​មិន​ល្អ ឬ អ្នក​ដែល​ឯកោ ឬ កំសត់​ទុរគត ។២០ ការតម្កើង​វិញ្ញាណ​ពួកគេ នឹង​តម្កើង​វិញ្ញាណ​របស់​បងប្អូន​ដែរ ។

កាលអេសាយពិពណ៌នា​ថ្ងៃ​ឈប់​សម្រាក​ថា​ជា « ថ្ងៃ​មួយ​ដ៏​សប្បាយ » លោក​ក៏​បាន​បង្រៀន​យើង​ពី​របៀប ធ្វើ​ឲ្យ​វា​មាន​ភាពសប្បាយ​ដែរ ។ លោក​បាន​ថ្លែង​ថា ៖

« បើ​ឯង​ឃាត់​ជើង​ឯង… មិន​ឲ្យ​ធ្វើ​តាម​អំពើ​ចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​អញ បើ​ឯង​រាប់​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​រីករាយ​ចិត្ត… ព្រម​ទាំង​ប្រតិបត្តិ​តាម [ ព្រះ យេហូវ៉ា ] ផង ឥត​ធ្វើតាម​អំពើ​ចិត្ត​របស់​ខ្លួន ឬ ស្វែងរក​សេចក្ដី​អំណរ​ដល់​ខ្លួន​ឯង ៖

« គ្រា​នោះ​ឯង​នឹង​បាន​ចិត្ត​រីករាយ ក្នុង​ព្រះយេហូវ៉ា »២១

ការមិន​ធ្វើតាម « អំពើ​ចិត្ត​របស់​ខ្លួន » នៅ​ថ្ងៃ​ឈប់​សម្រាក ទាមទារ​ឲ្យ​មាន​ការលុតដំ​ខ្លួន ។ បងប្អូន​អាច​នឹង​ត្រូវ​ចៀសវាង​ពី​ការណ៍ ដែល​បងប្អូន​អាច​ចូលចិត្ត​នឹង​ធ្វើ ។ បើ​បងប្អូន​ជ្រើសរើស​រីករាយ ក្នុង​ព្រះ​យេហូវ៉ា បងប្អូន​នឹង​មិន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ឈប់​សម្រាក ដូចជា​នៅ​ថ្ងៃ​ដទៃ​ទៀត​នោះ​ទេ ។ ទម្លាប់ និង សកម្មភាព​កម្សាន្ត​នានា អាច​ធ្វើ​ឡើង​នៅ​ថ្ងៃ​ដទៃ​បាន ។

ចូរ​គិត​រឿងនេះ ៖ ​នៅក្នុង​ការ​ថ្វាយដង្វាយមួយភាគក្នុងដប់ យើង​ប្រគល់​ថ្វាយ​មួយក្នុង​ដប់​នៃ​ការ​រីកចម្រើន​​របស់​យើង​ថ្វាយព្រះអម្ចាស់ ។ ក្នុង​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​បរិសុទ្ធ យើង​រក្សា​មួយ​ថ្ងៃ​ក្នុង​ចំណោម​ប្រាំពីរ​ថ្ងៃ ទុក​សម្រាប់​ទ្រង់ ។ ដូច្នេះ​វា​ជា​ឯកសិទ្ធិ​យើង ក្នុង​ការលះបង់ ទាំង​ប្រាក់កាស និង ពេលវេលា​ថ្វាយ​ទៅ​ទ្រង់ ដែល​បាន​ប្រទាន​ជីវិត​ដល់​យើង ។២២

សេចក្ដី​ជំនឿ​លើ​ព្រះ​នាំ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ថ្ងៃ​ឈប់​សម្រាក សេចក្ដី​ជំនឿ​លើ​ថ្ងៃ​ឈប់​សម្រាក​នាំ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ។ ថ្ងៃ​ឈប់​សម្រាក​ដ៏​ពិសិដ្ឋ ពិតជា​ថ្ងៃ​មួយ​ដ៏​សប្បាយ ។

ឥឡូវនេះ ពេល​សន្និសីទ​នេះ​ឈាន​ចូល​ដល់​ទីបញ្ចប់ យើង​ដឹង​ថា ថ្វីបើ​យើង​រស់នៅ​ទីណា​ក៏​ដោយ យើង​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​ក្នុង​គ្រួសារ​យើង អ្នក​ជិតខាង និង មិត្តភក្ដិ ។២៣ អ្នក​ជឿ​ដ៏​ស្មោះស្ម័គ្រ រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។

ខ្ញុំ​សូម​បញ្ចប់​ដោយ​ពាក្យ​អង្វរ​របស់​មរ៉ូណៃ កាល​លោក​បាន​បញ្ចប់​ការសរសេរ​ព្រះគម្ពីរ​មរមន ។ លោក​បាន​សរសេរ​ថា « ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ទ្រង់ ហើយ​ចូរ​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធចុះ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង អស់​ពី​កម្លាំង​របស់​អ្នក នោះ…អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ » ។២៤

ដោយ​ក្ដី​ស្រឡាញ់​អស់​ពី​បេះដូង ខ្ញុំ​សូម​បន្សល់​ការណ៍​នេះ​នៅ​នឹង​អ្នក ទុក​ជា​ការអធិស្ឋាន ទីបន្ទាល់ និង ពរជ័យ​ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។