ឆ្នាំ ២០១០-២០១៩
សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់
ខែ មេសា 2015


សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់

ការឃើញ និង ការ​ជឿ​លើ​អព្ភូតហេតុ​របស់​ព្រះអម្ចាស់​ក្នុង​ការ​ស្ថាបនា​នគរ​របស់​ទ្រង់​លើ​ផែនដី​នេះ​អាច​ជួយ​យើង​ឲ្យ​ឃើញ ហើយ​ជឿ​ថា ព្រះចេស្តា​របស់​ព្រះអម្ចាស់​កំពុង​ធ្វើ​ការនេះ​ក្នុង​ជីវិត​ផ្ទាល់​របស់​យើង​ផង​ដែរ ។

នៅពេល​យើង​ច្រៀង ខ្ញុំ​ទទួលបានអារម្មណ៍​ដ៏​ខ្លាំង​ដោយ​គំនិត​ថា នៅ​គ្រា​នេះ មាន​ពួកបរិសុទ្ធ​រាប់រយ​ពាន់នាក់ ប្រហែល​ជា​រាប់លាន​នាក់​នៅក្នុង​ប្រទេស​ចំនួន ១៥០ ប្រទេស បាន​បន្លឺ​សំឡេង​រួម​គ្នា​ក្នុង ៧៥ ភាសា1ច្រៀងសរសេរ​ថ្វាយព្រះ​ថា ៖

សូម​យាង​ឱ​ស្តេច​នៃ​ស្តេច !

យើង​រង់ចាំ​ទ្រង់​ជាយូរ

រង់ចាំ​ចំអេង​ស្លាប់​ទ្រង់

ដើម្បី​រំដោះ​រាស្ត្រ​ទ្រង់​ឲ្យ​មាន​សេរី ។

« សូម​យាង​ឱ​ស្តេច​នៃ​ស្តេច ! » យើង​ជា​គ្រួសារ​អ្នកជឿ​ទូទាំង​ពិភពលោក ជា​ពួកសិស្ស​នៃព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។

យើង​បាន​ទទួល​យក​ព្រះនាម​ទ្រង់​ដាក់លើ​ខ្លួន​យើង ហើយ​រាល់​សប្តាហ៍​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ នោះ​យើង​សន្យា​ថា យើង​នឹង​ចងចាំ​ទ្រង់ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ យើង​ទាំងអស់​គ្នា​នៅ​ឆ្ងាយ​ពី​ភាព​ល្អឥត​ខ្ចោះ ប៉ុន្តែ​យើង​មិន​លេង​សើច​ចំពោះ​សេចក្តីជំនឿ​យើង​ឡើយ ។ យើង​ជឿ​លើ​ទ្រង់ ។ យើង​ថ្វាយ​បង្គុំទ្រង់ ។ យើង​ធ្វើ​តាម​ទ្រង់ ។ យើង​ស្រឡាញ់​ទ្រង់​យ៉ាង​ខ្លាំង ។ បុព្វហេតុ​ទ្រង់​គឺ​ជា​បុព្វហេតុ​ដ៏​ធំ​មហិមា​នៅ​លើ​ពិភព​ទាំងអស់ ។

បងប្អូន​ប្រុស​ស្រី យើង​រស់​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ មុន​ការយាង​មក​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ជា​ពេល​មួយ​ដែល​មាន​ការចូល​រួម​ជាបន្តបន្ទាប់​នៃ​អ្នក​ជឿ​គ្រប់​ជំនាន់ ។ យើង​រស់​នៅ​ក្នុង​សម័យ​នៃ​សង្គ្រាម និង ពាក្យ​ចចាមអារ៉ាម​អំពី​សង្គ្រាម​ទាំងឡាយ សម័យ​នៃ​គ្រោះ​ធម្មជាតិ សម័យ​ដែល​ពិភពលោក​ត្រូវ​បាន​រង​ប៉ះ​ទង្គិច​ដោយ​ការភាន់ច្រឡំ និង ចលាចល ។

ប៉ុន្តែ យើង​ក៏​រស់​នៅ​ក្នុង​យុគ្គ​សម័យ​នៃ​ការស្តារ​ឡើង​វិញដ៏​រុងរឿង​ផងដែរ ជា​ពេល​ដែល​ដំណឹង​ល្អ​ត្រូវ​បាន​នាំ​ទៅ​កាន់​ពេញ​សព្វផែនដី—​ជាពេល​មួយ​ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា « នឹង​បង្កើត​ឡើង​នូវ...ប្រជាជន​បរិសុទ្ធ​មួយ » ដែល​​ប្រដាប់ « ដោយ​អាវុធ​នៃ​សេចក្តី​សុចរិត និង ដោយ​ព្រះចេស្តា​នៃ​ព្រះ » ។

យើង​រីករាយ​ក្នុង​ថ្ងៃ​ទាំង​នេះ ហើយ​អធិស្ឋាន​ថា​យើង​អាច​ប្រឈម​មុខ​ដោយ​ក្លាហាន​ជាមួយ​ឧបសគ្គ និង ភាព​មិន​ប្រាកដ​ប្រជា​របស់​យើង ។ ការលំបាក​សម្រាប់​មនុស្ស​មួយ​ចំនួន​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​អ្នក​ដទៃ​ទៀត ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​មិន​ជួប​ការលំបាក​ឡើយ ។ អែលឌើរ នែល  អេ ម៉ាក់ស្វែល មាន​ម្ដង​នោះ​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា « បើ​អ្វីៗ​គ្រប់យ៉ាង​នឹង​ល្អ​ឥតខ្ចោះ​សម្រាប់​អ្នក​ក្នុង​ពេល​ឥឡូវ​នេះ សូម​ចាំប​ន្ដិច » ។

ថ្វី​ត្បិត​តែ​ព្រះអម្ចាស់​បាន​អះអាង​នឹង​យើង​ម្ដងហើយ​ម្ដងទៀត​ថា យើង « ពុំចាំបាច់​ភ័យខ្លាចឡើយ » ក្ដី ក៏​ការ​រក្សា​ទស្សនៈវិស័យ​​ច្បាស់​លាស់ និង​ការ​មើល​ឃើញ​ហួស​ពី​ពិភពលោក​នេះ ពុំ​តែង​តែ​ងាយស្រួលដែរ នៅពេល​យើង​ស្ថិត​នៅក្នុង​ការសាកល្បង​នោះ ។

ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​សំខាន់​មួយ អំពី​ការ​រក្សា​ទស្សនៈវិស័យ​ដ៏អស់កល្បជានិច្ច ។

ដប់​ប្រាំបី​ឆ្នាំ​មក​ហើយ ខណៈ​កំពុង​ធ្វើ​ដំណើរ​លើ​រថភ្លើង​ទៅ​ប្រទេស ស្វីស ជាមួយ​ប្រធាន​ម៉នសុន នោះ​ខ្ញុំ​បាន​សួរ​លោក​អំពី​ទំនួល​ខុសត្រូវ​ដ៏​ធ្ងន់​មួយ​នេះ ។ ចម្លើយ​របស់​លោក​បាន​ពង្រឹង​សេចក្តីជំនឿ​ខ្ញុំ ។ លោក ថ្លែង​ថា « នៅ​ក្នុង​គណៈប្រធាន​ទី​មួយ យើង​ធ្វើ​កិច្ចការ​គ្រប់យ៉ាង​ដើម្បី​រំកិល​កិច្ចការ​នេះ​ឲ្យ​ឆ្ពោះ​ទៅ​មុខ ។ ប៉ុន្តែ​នេះ​គឺ​ជា​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ហើយ​ទ្រង់​ដឹកនាំ​កិច្ចការ​នេះ ។ ទ្រង់​គឺ​ជា​ចង្កូត ។ យើង​ភ្ញាក់ផ្អើល​ពេល​យើង​ឃើញ​ទ្រង់​បើក​ឱកាស​ ដែល​យើង​មិន​អាច​ធ្វើ​បាន ហើយ​សម្តែង​អព្ភូតហេតុ ​ដែល​យើង​មិន​អាច​នឹង​ស្មាន​ដល់ » ។

បងប្អូន​ប្រុសស្រី​អើយ ការឃើញ និង ការ​ជឿ​លើ​អព្ភូតហេតុ​របស់​ព្រះអម្ចាស់​ក្នុង​ការ​ស្ថាបនា​នគរ​របស់​ទ្រង់​លើ​ផែនដី​នេះ​អាច​ជួយ​យើង​ឲ្យ​ឃើញ ហើយ​ជឿ​ថា ព្រះចេស្តា​របស់​ព្រះអម្ចាស់​កំពុង​ធ្វើ​ការនេះ​ក្នុង​ជីវិត​ផ្ទាល់​របស់​យើង​ផង​ដែរ ។

ព្រះអម្ចាស់​បាន​ប្រកាស​ថា « យើង​អាច​ធ្វើ​កិច្ចការ​របស់​យើង​បាន » ។ យើង​ម្នាក់ៗ​ព្យាយាម​ធ្វើចំណែក​របស់​យើង ប៉ុន្តែ​ទ្រង់​គឺ​ជា​វិស្វករ​ដ៏​ឆ្នើម ។ នៅ​ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា​ទ្រង់ នោះ​ព្រះអង្គ​បាន​បង្កើត​ពិភព​លោក​នេះ ។ « គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ទ្រង់ ហើយ​ក្នុង​បណ្ដា​របស់​ដែល​បាន​បង្កើត​មក​ទាំងប៉ុន្មាន នោះ​គ្មាន​អ្វី​ណាមួយ​កើតមក​ក្រៅពីទ្រង់ឡើយ »នៅពេល​យើង​ដឹង​ខ្លួន​ខាង​វិញ្ញាណ ហើយ​ភ្ញាក់ដឹង​ខ្លួន នោះយើង​មើល​ឃើញ​ព្រះហស្ថ​ទ្រង់​ឈោង​ទៅ​ទូទាំង​ពិភពលោក ហើយ​យើង​មើល​ឃើញ​ព្រះហសត្ថ​របស់​ទ្រង់​នៅក្នុងជីវិត​ផ្ទាល់ខ្លួន​របស់​យើង ។

ខ្ញុំ​សូម​ចែក​ឧទាហរណ៍​មួយ ។

នៅ​ក្នុង​ឆ្នាំ ១៨៣១ ដែល​មាន​តែ​សមាជិក​សាសនាចក្រ​ ៦០០​នាក់ ​នោះ​ព្រះ​អម្ចាស់​បាន​ប្រកាស​ថា « កូនសោ​ទាំងឡាយ​នៃ​នគរ​ព្រះ​ត្រូវ​បាន​ផ្ទុកផ្តាក់​ដល់​មនុស្ស​នៅ​លើ​ផែនដី ហើយ​ពី​ពេល​នេះ​តទៅ ដំណឹង​ល្អ​នឹង​ត្រូវ​រមៀ់ល​ចេញ​ទៅ​ដល់​ទីបំផុត​ផែនដី ដូច​ជា​ថ្ម​ដែល​ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ​ឥត​ដៃ​ណា​ធ្វើ​នឹង​រមៀល​ចេញ​ទៅ រហូត​ដល់​បាន​ពេញ​ផែនដី​ទាំង​មូល » ។10

ព្យាការី នីហ្វៃ បាន​ព្យាករ​ថា នៅក្នុង​ជំនាន់​របស់​យើង ​សមាជិក​នៃ​សាសនាចក្រ​មាន « ចំនួន​តិច​ណាស់ » ​បើ​ធៀប​ទៅ​នឹង​ប្រជាជន​នៃ​ផែនដី ប៉ុន្តែ​ថា​ពួកគេ​នឹង​មាន « នៅ​ពាសពេញ​លើ​ផ្ទៃផែនដី​ដែរ » ។11

ឧទាហរណ៍​ដ៏​អស្ចារ្យ​បី​នៃ​ព្រះចេស្តា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ការកសាង​នគរ​ទ្រង់​គឺ ការប្រកាស​អំពី​ព្រះវិហារបរិសុទ្ធ​នៅ​ថ្ងៃ​នេះ ដោយ​ប្រធាន​ម៉នសុន ។ កាលពី​ពីរបី​ទស្សវត្សរ៍​មុន​ តើ​នរណា​ខ្លះ​ដែល​អាច​ស្រម៉ៃ​ថា​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ប្រទេស ហៃទី ថៃ និង កូតឌីវ័រ ?

ទីតាំង​នៃ​ព្រះ​វិហារ​បរិសុទ្ធ​មួយ​គឺ​មិន​ងាយស្រួល​សម្រេច​យក​ឡើយ ។ វា​បាន​កើតឡើង​ដោយ​សារវិវរណៈ​មកពី​ព្រះអម្ចាស់​ទៅកាន់​ព្យាការី​ទ្រង់ ដែល​ប្រាប់​ឲ្យ​ដឹង​នូវកិច្ចការ​ដ៏​អស្ចារ្យ ដែលត្រូវធ្វើ ហើយ​ទទួលស្គាល់​សេចក្ដីសុចរិត​របស់​ពួកបរិសុទ្ធ ដែល​នឹង​រក្សាទុក និង​ថែរក្សា​ដល់សំណាក់​របស់ទ្រង់​នៅជា​ច្រើន​ជំនាន់​ ។១២

រូបភាព
Thomas S. Monson of the Quorum of the Twelve Apostles, visiting Haiti. On April 17, 1983 he dedicated Haiti for the preaching of the gospel and also dedicated a site for the first meetinghouse to be built in Haiti. It was the first visit to the island by a member of the Quorum of the Twelve. (Ensign Aug. 1983, p. 79; Church News, May 22, 1983, p. 4)
រូបភាព
A group of Missionaries with Elder Andersen

ភរិយា​ខ្ញុំ ខាធី ​និង រូប​ខ្ញុំ​បាន​ទៅ​លេង​ប្រទេស ហៃទី កាល​ពី​ពីរ​ឆ្នាំ​មុន ។ នៅ​លើ​កំពូល​ភ្នំ​ខ្ពស់​ យើងមើល​ឃើញ ទីក្រុង ផត អូ ព្រីន យើង​បាន​ចូលរួម​ជាមួយ​ពួកបរិសុទ្ធ​ហៃទី​ក្នុង​ពិធី​ឧទ្ទិស​​រំឭក​នៃ​ប្រទេស​នោះ ដោយ​អែលឌើរ ថូម៉ាស អេស ម៉នសុន ទើប​តែ​កន្លង​ទៅ​ ៣០ ឆ្នាំ​មុន​​ប៉ុណ្ណោះ ។ គ្មាន​នរណា​ម្នាក់​បំភ្លេច​ការបំផ្លិចផ្លាញ​ដោយ​ផែនដី​រំញ្ជួយ​កាល​ពី​ឆ្នាំ ២០១០ ឡើយ ។ ជាមួយ​សមាជិក​ដ៏​ស្មោះត្រង់ និង ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ក្លាហាន បាន​ប៉ះប៉ូវ​ស្ទើរតែ​ទាំងស្រុង​ដល់​ប្រជាជន​ហៃទី នោះ​សាសនាចក្រ​នៅ​លើ​កោះ​នេះ​បាន​បន្ត​រីកចម្រើន និង រឹងមាំ ។ វា​តម្កើង​ក្តី​ជំនឿ​ខ្ញុំ ឲ្យ​ឃើញ​ពួក​បរិសុទ្ធ​សុចរិត​នៃ​ព្រះ ស្លៀកពាក់​ស ដែល​មាន​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ ដើម្បី​ដឹកនាំ និង ធ្វើ​ពិធី​បរិសុទ្ធ​ពិសិដ្ឋ​នៅ​ក្នុង​ដំណាក់​ព្រះអម្ចាស់ ។

រូបភាព
Sathit and Juthamas Kaivaivatana of Bangkok Thailand.
រូបភាព
President Kaivaivatana and other members of the Thailand Bangkok Thailand North Stake leadership..

តើ​នរណា​អាច​​គិត​ស្រម៉ៃ​ពី​ដំណាក់​នៃ​ព្រះអម្ចាស់​នៅ​ក្នុង​ទីក្រុង​បាំងកក​ដ៏​ស្រស់​ស្អាត​នោះ ? គ្រិស្តសាសនិក​មាន​ចំនួន​តែ​មួយ​ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​ពុទ្ធ​សាសនិក​គោល​ក្នុង​ប្រទេស​ថៃ ។ ដូចជា​​ប្រទេស​ហៃទីដែរ យើង​ក៏​ឃើញ​នៅក្នុងទីក្រុង​បាំងកក​ថា ព្រះអម្ចាស់​បាន​ប្រមូល​ផ្ដុំ​ពួកជម្រើស​នៅលើ​ផែនដី ។ ខណៈ​ដែល​កាលពី​ប៉ុន្មានខែ​មុន យើង​បាន​ជួប​នឹង សាធីត និង ជូថាម៉ាស កៃវៃ​វាត់ថាណា និង​កូនៗ​ជា​ទី​ស្រឡាញ់​របស់ពួកគេ ។ សាធីត​បាន​ចូល​សាសនាចក្រ​កាល​គាត់​មាន​អាយុ ១៧​ឆ្នាំ ហើយ​បម្រើ​បេសកកម្ម​នៅ​លើ​ទឹក​ដី​កំណើត​ខ្លួន ។ ក្រោយ​មក​គាត់​បាន​ជួប ជូថាម៉ាស​ នៅ​ថ្នាក់​វិទ្យាស្ថាន ហើយ​ពួកគេ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្រុង​ម៉ានីល ។ នៅក្នុង​ឆ្នាំ ១៩៩៣ គ្រួសារ​​កៃវៃ​វាត់ថាណា ត្រូវ​បាន​ឡាន​ដឹក​ទំនិញ​មួយ​បុក ដោយសារ​អ្នកបើក​បរ​ងងុយ​ដេក ហើយ​សាធីត ត្រូវ​ស្លាប់​ពាក់កណ្ដាល​ខ្លួន ពី​ដើម​ទ្រូង​ចុះក្រោម ។ សេចក្តី​ជំនឿ​របស់​ពួកគេ​ពុំ​ប្រែប្រួល​ឡើយ ។ សាធីត គឺ​ជា​គ្រូបង្រៀន​ដ៏​គួរ​ឲ្យកោតសរសើរ​នៅ​សាលា​អន្ដរជាតិ បាំងកក ។ គាត់​បម្រើ​ជា​ប្រធាន​ស្តេក​ខាង​ជើង​ទីក្រុង​បាំងកក​ប្រទេស​ថៃ។ ​យើង​ឃើញ​អព្ភូតហេតុ​របស់​ព្រះ​គឺ​នៅ​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ និង​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ។

រូបភាព
Couples in the Ivory Coast

អព្ភូតហេតុ​នៃ​សាសនាចក្រ​នៅ កូតឌីវ័រ​មិន​អាច​រៀបរាប់​ដោយ​គ្មាន​ឈ្មោះ​របស់​គូស្វាមី​ភរិយា​ពីរ​គូ​បាន​ឡើយ ៖ ភ្វីលីព និង អែននែលី អាសាដ ព្រមទាំង ឡូសីន និង អាហ្គាធី អាហ្វើ ។ ពួកគេ​ចូល​សាសនាចក្រ​នេះ​កាល​ពួកគេ​ជា​គូស្វាមី​ភរិយា​រៀបការ​វ័យ​ក្មេង​នៅ​ឯ​ទ្វីប អើរ៉ុប ម្នាក់​នៅ​ក្នុង​ប្រទេស អាល្លឺម៉ង់ ហើយ​ម្នាក់​ទៀត​នៅ​ក្នុង​ប្រទេស​បារាំង ។ នៅ​ក្នុង​ទស្សវត្សរ៍​ឆ្នាំ ១៩៨០ នោះ​ភីលីព និង ឡូសីន បាន​ទទួល​អារម្មណ៍​ថា​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​អាហ្វ្រិក​ដែល​ជា​ប្រទេស​កំណើត​ខ្លួន​ក្នុង​គោលបំណង​ស្ថាបនា​នគរ​ព្រះ ។ សម្រាប់​បងស្រី អាសាដ​វិញ គឺ​ជា​ជនជាតិ​អាល្លឺម៉ង់ បាន​ចេញ​ពី​គ្រួសារ​ខ្លួន ហើយ​អនុញ្ញត្ត​ឲ្យ​បងប្រុស អាសាដ ចាកចេញ​ពី​ការងារ​ខ្លួន​ដែល​ជា​វិស្វករ​ជួសជុល​ដ៏​មាន​ស្នាដៃ បាន​តម្រូវ​ឲ្យ​មាន​នូវ​ជំនឿ​ដ៏​ខ្លាំង ។ គូស្វាមី​ភរិយា​ទាំង​ពីរ​នេះ បាន​ជួប​គ្នា​លើក​ដំបូង​នៅ​ក្នុង កូតឌីវ័រ ហើយ​បាន​ចាប់​ផ្តើម​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​មួយ ។ ការណ៍​នេះ​បាន​កើត​ឡើង​៣០ ឆ្នាំ​មក​ហើយ ។ ឥឡូវ​នេះ​មាន​ស្តេក ប្រាំបី និង សមាជិក ចំនួន​២៧០០០ នាក់​នៅ​ក្នុង​ទឹកដី​ប្រទេស​អាហ្វ្រិក​ដ៏​ស្រស់ស្អាត​នេះ ។ គ្រួសារ អាហ្វើ បន្ត​បម្រើ​ដោយ​គុណធម៌ ដូច​គ្នា​នឹង​គ្រួសារ អាសាដ​ដែរ ដែល​ថ្មីៗ​នេះ​ទើបតែ​បញ្ចប់​បេសកកម្ម​មក​ពី ព្រះវិហារ​បរិសុទ្ធ អាក្រា ហ្គាណា ។

តើ​អ្នក​អាច​ឃើញ​ព្រះ​ចេស្តា​របស់​ព្រះ​រំកិល​កិច្ចការ​ទ្រង់​ឆ្ពោះ​ទៅ​មុខ​ដែរ​ឬ​ទេ ? តើ​អ្នកអាច​មើល​ឃើញព្រះហស្ថ​របស់ព្រះ​នៅក្នុង​ជីវិត​របស់​អ្នក​ផ្សព្វផ្សាយសាសនា​នៅក្នុង​ប្រទេស​ហៃទី ឬ គ្រួសារ​កៃវៃ​វាត់ថាណា នៅ​ប្រទេស​ថៃ​ឬទេ ? តើ​អ្នក​អាច​ឃើញ​ព្រះ​ចេស្តា​របស់​ព្រះ​នៅ​ក្នុង​ជីវិត​របស់​គ្រួសារ អាសាដ និង អាហ្វើ​ឬ​ទេ ? តើ​អ្នក​អាច​ឃើញ​ព្រះ​ចេស្តា​របស់​ព្រះ​នៅ​ក្នុង​ជីវិត​អ្នក​ដែរ​ឬ​ទេ ?

« ហើយ​មនុស្ស​មិនដែល​ជំទាស់​ព្រះ​ក្នុង​ការណ៍​ណា​មួយ​ឡើយ …លើកលែង​តែ​អស់​អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​ព្រះ​ហស្ត​របស់​ទ្រង់​នៅ​ក្នុង​គ្រប់​ទាំងអស់ » ។១៣

អព្ភូតហេតុ​របស់​ព្រះ​ មិន​គ្រាន់​តែ​កើត​ឡើង​ក្នុង​ប្រទេស ហៃទី ប្រទេស ថៃ ឬ កូតឌីវ័រ​នោះ​ទេ ។ សូម​មើល​ជុំវិញ​ខ្លួន​អ្នក ។១៤ « ព្រះ​ទ្រង់​ចងចាំ​អស់​ទាំង​ប្រជាជន …មែនហើយ ទ្រង់​រាប់​ចំនួន​រាស្ត្រ​ទ្រង់ ហើយ​ព្រះហឫទ័យ​នៃ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​គ្រប​ដណ្តាប់​ផែនដី​ទាំង​មូល » ។១៥

ពេល​ខ្លះ​យើង​អាច​ឃើញ​ព្រះចេស្តា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​នៃ​មនុស្ស​ដទៃ ប៉ុន្តែ​ឆ្ងល់​ថា « តើ​ខ្ញុំ​អាច​ឃើញ​ព្រះចេស្តា​របស់​ព្រះ​កាន់តែ​ច្បាស់​នៅ​ក្នុង​ជីវិត​ខ្ញុំ​ផ្ទាល់​ដោយ​របៀប​ណា ? »

ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា ៖

« ចូរ​កុំ​សង្ស័យ​ឡើយ » ។១៦

« កុំ​ខ្លាច​អី ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ » ។១៧

« គ្មាន...[ ចាប ] ​ណា​មួយ​ធ្លាក់ ​[ ទៅ ] ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ​[ ជ្រាប ]​ ឡើយ …

« យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន » ។១៨

ចូរ​ចងចាំ​អ្នក​បម្រើ​ដែល​អំពាវនាវ​ដល់​ព្យាការី អេលីសេ នៅ​ក្នុង​ពេល​ពួកគេ​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​មារសត្រូវ ៖ « វរហើយ ចៅហ្វាយ​ខ្ញុំ​អើយ ! [ តើ ]​យើង​នឹង​ធ្វើ​ដូច​ម្តេច ? »១៩

អេលីសេ​បាន​ឆ្លើយ​ថា ៖

« កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត ។

« [ នោះ ]​អេលីសេ​ក៏​អធិស្ឋាន​ថា ...ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ ។ ហើយ​ព្រះអម្ចាស់ ​[ បាន​បើក ]​ ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គាត់​[ បាន​ឃើញ ] ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង រទេះ​ចំបាំង​ដែល​សុទ្ធ​តែ​ជា​ភ្លើង » ។ ២០

ពេល​អ្នក​រក្សា​បទបញ្ញត្តិ ហើយ​អធិស្ឋាន​ដោយ​ក្តី​ជំនឿ​ដើម្បី​ឃើញ​ពី​ព្រះចេស្តា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​អ្នក នោះ​ទ្រង់​នឹង​បើក​ភ្នែក​ខាង​វិញ្ញាណ​របស់​អ្នក​ឲ្យ​កាន់តែ​ធំ ហើយ​អ្នក​ឃើញ​កាន់តែ​ច្បាស់​ថា​អ្នក​មិន​នៅ​តែ​ឯង​នោះទេ ។

ព្រះគម្ពីរ​បង្រៀន​ថា យើង​គួរតែ « [ ឈរ ] យ៉ាង​រឹងប៉ឹង​នៅ​ក្នុង​សេចក្តី​ជំនឿ ជឿ​ដល់​អ្វី​ដែល​កើត​ឡើង » ។២១ តើ​អ្វី​កើត​ឡើង ?តើ​អ្វី​កើត​ឡើង ? ព្រះអង្គ​សង្គ្រោះ​បាន​អធិស្ឋាន​ថា ៖

« ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ ។

« សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ ។ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ » ។22

យើង​ទាំងអស់​គ្នា​ទើប​បាន​ច្រៀង​បទ « សូម​យាង​ឱ​ស្តេច​នៃ​ស្តេច ! »

ក្តី​ជំនឿ​យើង​កើន​ឡើង នៅពេល​យើង​ចូលរួម​ការត្រឡប់​មក​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ គំនិត​អំពី​នៃ​ការយាង​មក​របស់​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប ។ វា​នឹង​ក្លាយ​ជា​ការណ៍​អស្ចារ្យ​ណស់ ។ ព្រំដែន និង ភាព​ធំ​សម្បើម ភាព​ធំធេង និង សិរី​រុងរឿង​នេះ​នឹង​មាន​លើស​ពី​ភ្នែក​នៃ​ជីវិត​រមែង​ស្លាប់​ដែល​ធ្លាប់​បាន​ឃើញ ឬ បាន​ជួប​ប្រទះ​ឡើយ ។

នៅ​ថ្ងៃ​នោះ ទ្រង់​មិន​យាង​ចុះ​មក​ដោយ « ​រុំ​ក្នុង​សំពត់​ផ្នត់​ផ្ទុំ​ក្នុង​ស្នូក​ទៀត​ឡើយ» ២៣ ប៉ុន្តែ​ទ្រង់​នឹង​យាង​មក « លើ​ពពក​នៅ​លើ​មេឃ បំពាក់​ដោយ​ព្រះចេស្តា និង សិរី​ល្អ​ជា​ខ្លាំង ជាមួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ​ទាំងអស់ » ។២៤ យើង​នឹង​ឮ « សំឡេង​មហា​ទេវតា និង..​ត្រែ​របស់​ព្រះ​ផង » ។២៥ ព្រះអាទិត្យ និង ព្រះ​ចន្រ្ទ​នឹង​ផ្លាស់ប្តូរ ហើយ « តារា​ទាំងឡាយ ​[ នឹង ] ត្រូវ​គ្រវាត់​ចេញ​ពី​កន្លែង​របស់​ខ្លួន » ។២៦ អ្នក និង ខ្ញុំ ឬ អស់​អ្នក​ដែល​ធ្វើ​តាម​យើង​គឺ « ពួក​បរិសុទ្ធ …នឹង​ចេញ​មក​ពី [ ទិស​ទាំងបួន ] នៃ​ផែនដី » ។២៧ « នឹង​បាន​ប្រោស​ឲ្យ​មាន​ជីវិត ហើយលើក​ឡើង​ទៅ​ជួប​ទ្រង់ » ។២៨  អស់​អ្នក​ដែល​ស្លាប់​ក្នុង​សេចក្តី​សុចរិត នោះ​ពួកគេ​នឹង « បាន​លើក​ឡើង​ទៅ​ជួប​ទ្រង់​នៅ​កណ្តាល…នៃ​ផ្ទៃ​មេឃ » ។២៩

បន្ទាប់​មក​នោះ បទពិសោធន៍​ដែល​មិន​អាច​នឹក​ដល់​នឹង​កើត​មាន ៖ « ព្រះអម្ចាស់​មាន​បន្ទូល​ថា អស់​ទាំង​មនុស្ស​នឹង​បាន​ឃើញ​យើង​គ្រប់​គ្នា » ។៣០ តើ​ការណ៍​នេះ​កើត​ឡើង​ដោយ​របៀប​ណា ? យើង​មិន​ដឹង​នោះទេ ។ ប៉ុន្តែ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា​វា​នឹង​កើត​ឡើង—​គឺ​ពិត​ជា​កើត​ឡើង​តាម​ពាក្យ​ព្យាករ ។ យើង​នឹង​លុត​ជង្គង់​ចុះ​ដោយ​គាវរភាព ។ « ហើយ​ព្រះអម្ចាស់ ទ្រង់​នឹង​បន្លឺ​សំឡេង​របស់​ទ្រង់ ហើយ​អស់​ទាំង​ចុង​ផែនដី​នឹង​បាន​ឮ » ។៣១ « ហើយ​សំឡេង​នោះ​នឹង… ដូច​ជា​សូរ​ទឹក​ច្រើន ហើយ​ដូច​ផ្គរ​លាន់​យ៉ាង​ខ្លាំង » ។៣២ « ហើយ​ព្រះអម្ចាស់​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​ទ្រង់​នឹង​ឈរ​នៅ​កណ្តាល​រាស្ត្រ​ទ្រង់ » ។៣៣

បន្ទាប់​មក​ការជួបជុំ​គ្នា​នៃ​ពួកទេវតា​ស្ថានសួគ៌ និង ពួក​បរិសុទ្ធ​នៅ​លើ​ផែនដី​ដែល​នឹង​មិន​អាច​បំភ្លេច​បាន​នឹង​មក​ដល់ ។៣៤ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​ អេសាយ​បាន​ប្រកាស​ថា « ហើយ​អស់​ទាំង​ចុង​ផែនដី បាន​ឃើញ​សេចក្តី​សង្គ្រោះ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា » ។៣៥ ហើយ​ទ្រង់ « នឹង​សោយរាជ្យ​លើ​សាច់​ឈាម​ទាំងអស់ » ។៣៦

នៅ​ក្នុង​ថ្ងៃ​នោះ អ្នក​សួរ​ដេញ​ដោរ​ច្រើន​នឹង​ត្រូវ​បាន​ស្ងាត់​មាត់ « ព្រោះ​គ្រប់​ទាំង​ត្រចៀក​នឹង​បាន​ឮ…  ហើយ​គ្រប់​ទាំង​ជង្គង់​ត្រូវ​លុត​ចុះ ហើយ​គ្រប់​​ទាំង​អណ្តាត​ត្រូវ​ទទួល​ស្គាល់ »៣៧ ថា​ព្រះ​យេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ព្រះរាជ​បុត្រា​នៃ​ព្រះ ព្រះ​អង្គ​សង្គ្រោះ និង ព្រះ​ប្រោសលោះ​នៃ​ពិភព​លោក ។

ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​អ៊ីស្ទើរ ។ យើង​រីករាយ​ជាមួយ​ពួក​គ្រីស្ទាន​នៅ​ទូទាំង​ពិភពលោក​ក្នុង​ដំណើរ​រស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ទ្រង់ និង នៅ​ក្នុង​ការរស់​ឡើង​វិញ​ផ្ទាល់​ខ្លួន​ដែល​បាន​សន្យា ។ សូម​ឲ្យ​យើង​រៀប​ចំ​ខ្លួន​សម្រាប់​ការយាង​មក​របស់​ទ្រង់​ដោយ​ចូលរួម​ព្រឹត្តិការណ៍​ដ៏​រុងរឿង​ទាំង​នេះ​ម្តង​ហើយ​ម្តង​ទៀត​នៅ​ក្នុង​គំនិត​យើង​ផ្ទាល់ និង​ជាមួយ​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​សុំ​ឲ្យ​ការអធិស្ឋាន​របស់​ទ្រង់​គឺ​ជា​ការអធិស្ឋាន​របស់​យើង ៖ « សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ ។ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ » ។៣៨ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ « សូម​យាង​ឱ​ស្តេច​នៃ​ស្តេច ! » ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ខណៈ​ដែលសន្និសីទទូទៅ ត្រូវ​បាន​បកប្រែ​ជា ៩៤ ភាសា នោះពុំ​មែន​គ្រប់ភាសា ត្រូវ​បាន​បកប្រែ​ដំណាលៗ​គ្នា​នោះ​ទេ ក៏​ពុំ​មែន​មាន​គ្រប់សម័យ​ប្រជុំ​ទាំងអស់គ្នាដែរ ។ សម្រាប់​សម័យប្រជុំ​ថ្ងៃសៅរ៍​ពេលរសៀល នៃ​សន្និសីទទូទៅ​នេះ មាន ៧៥ ភាសា ត្រូវ​បាន​បកប្រែ​បន្ដ​ផ្ទាល់ ។

  2. « សូម​យាង​ឱ​ស្តេច​នៃ​ស្តេច ! » ទំនុក​ដំកើង លេខ ៥៩ ។

  3. នៅថ្ងៃអង្គារ​ ទី ៣១  ខែ​មិនា ឆ្នាំ ២០១៥ ការិយាល័យ​គណៈប្រធានទីមួយ បាន​ផ្ញើ​អ៊ីម៉ែល​មួយ​មកខ្ញុំ ប្រាប់​ថា ខ្ញុំ​នឹង​និយាយ​នៅថ្ងៃអាទិត្យ​ពេលរសៀល ថ្ងៃទី  ៥ ខែ មេសា បន្ទាប់ពី​ទំនុក​ដំកើង​ជា​ក្រុម​ជំនុំ​ច្រៀងបទ « សូម​យាង​ឱ​ស្តេច​នៃ​ស្តេច ! » ។ អត្ថបទ​ទំនុកដំកើត​អំពី​ការ​ស្ដារឡើង​វិញ​ដ៏អស្ចារ្យ​នេះ បាន​សរសេរ​ដោយ​ ផាលី  ភី ប្រាត្ត គឺ​ជា​ការ​ទូលអង្វរ​ដោយ​រាបសារ​ដល់​ព្រះអង្គសង្គ្រោះ​ដើម្បី​ត្រឡប់​មក​កាន់​ផែនដី ។ វា​តំណាង​ឲ្យ​សារលិខិត​នៃ​ការ​និយាយ​ក្នុង​សន្និសីទ​របស់​ខ្ញុំ មានអានុភាព​ជាង​ទំនុក​តម្កើង​ដទៃទៀត​ដែល​យើង​ច្រៀង ។ ខ្ញុំ​ត្រូវ​បាន​ទទួលអារម្មណ៍​ដ៏ជ្រាលជ្រៅ​ដោយ​សារ​តែ​សារៈសំខាន់​នៃ​ពួកបរិសុទ្ធ​ដែលមានជំនឿ​គ្រប់ទីកន្លែង មកចូលរួម​ជាមួយគ្នា​នៅ​ថ្ងៃ​អាទិត្យ​បុណ្យអ៊ីស្ទើរ បន្លឺ​សំឡេង​របស់យើង​ថ្វាយ​ព្រះ និងច្រៀង​ស្រុះ​គ្នានូវ​បទ « សូម​យាង​ឱ​ស្តេច​នៃ​ស្តេច ! » ។ យើង​បាន​រង់ចាំ​ទ្រង់​ជា​យូរ » ។ ដោយដឹង​ថាខ្លួន​ខ្ញុំផ្ទាល់​ពុំ​មាន​អ្វី​នៅក្នុង​ការ​ជ្រើសរើស​តន្រ្តី​សម្រាប់​សន្និសីទទូទៅ ខ្ញុំ​ងឿង​ឆ្ងល់​ថា​តើ​អ្នកទាំងឡាយ​ដែល​ទទួល​ខុស​ត្រូវ​ខាង​តន្ត្រី​នឹង​ដឹង​ពី​ការនិយាយ​សន្និសីទ​របស់ខ្ញុំ​ដែលមាន​ចំណេះជើង​ថា « សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ » រួច​ហើយ​ជ្រើសរើស​ទំនុក​តម្កើង​នេះ​អំពី​ការ​យាង​មកជា​លើក​ទីពីរ​របស់ព្រះអង្គសង្គ្រោះ​បាន​របៀប​ណា ។ ក្រោយមក​ខ្ញុំ​បាន​ដឹង​ថា អ្នកនាំ​ក្រុម​ចម្រៀង​រោងឧបោសថ បាន​ផ្ដល់អនុសាសន៍​ទំនុក​តម្កើង​ដល់​គណៈប្រធាន​ទីមួយ​នៅ​ដើម​ខែ​មិនា រាប់​សប្ដាហ៍​មុន​ពេល​ការ​ឡើងនិយាយ​របស់​ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​គណៈ​ប្រធានទីមួយ​សម្រាប់ការ​បកប្រែ ។ កាលពីលើក​មុនបទ « សូម​យាង​ឱ​ស្តេច​នៃ​ស្តេច ! » ត្រូវ​បាន​ច្រៀង​ជាទំនុក​តម្កើង​ជា​ក្រុមជំនុំ​នៅក្នុងសន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០០២ ។ យើង​ម្នាក់ៗ​ព្យាយាម​ដើម្បីធ្វើនូវ​ចំណែក​របស់​យើង ប៉ុន្តែ​ទ្រង់​គឺ​ជា​វិស្វករ​ដ៏​ឆ្នើម ។

  4. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០០:១៦ ។

  5. នីហ្វៃទី ១ ១៤:១៤ ។

  6. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០:៥៥ ។

  7. បទពិសោធន៍​ផ្ទាល់​ខ្លួន ខែ ឧសភា ឆ្នាំ ១៩៩៧ ។

  8. នីហ្វៃទី ២ ២៧:២០ ។

  9. យ៉ូហាន 1:3 ។

  10. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៥:២ ។

  11. នីហ្វៃទី ១ ១៤:១២ ។

  12. នៅ​និទារឃរដូវ​ឆ្នាំ ២០០១ ពេល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ខ្ញុំ​បាន​ចែកចាយ​ជាមួយ​នឹង​ប្រធាន ជែមស៍  អ៊ី ហ្វោស្ដ នៃ​គណៈប្រធានទីមួយ​នូវ​កត្តា​ដ៏​គួរ​ឲ្យចាប់អារម្មណ៍​ជាច្រើនដោយ​រំភើបចិត្ត​ជាខ្លាំង អំពី​ពួកបរិសុទ្ធ​ដែល​រស់នៅ​ក្នុង​ទីក្រុង កូរិទីបា​ ដោយ​សង្ឃឹម​ថា លោក​នឹង​ចែក​ព័ត៌មាន​តទៅ​ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី ។ ប្រធាន ហ្វោស្ដ បាន​បញ្ឈប់​ខ្ញុំ​នៅពាក់​កណ្ដាល​ប្រយោគ ។ លោក​មានប្រសាសន៍​ថា « នែល យើង​ពុំ​បញ្ចុះបញ្ចូល​ប្រធាន​ទេ ។ ការ​សម្រេចចិត្ត​អំពី​ទីកន្លែង​ត្រូវ​សង់​ព្រះវិហារបរិសុទ្ធ គឺ​រវាង​ព្រះអម្ចាស់ និង​ព្យាការី​របស់ទ្រង់ » ។ ព្រះវិហារ​បរិសុទ្ធ​ប្រេស៊ីល កូរិទីបា​ ត្រូវ​បាន​ឧទ្ទិស​ឆ្លង​នៅ​ឆ្នាំ ២០០៨ ។

  13. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:២១ ។

  14. អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​នៃ​ព្រះចេស្តា​របស់​ព្រះអម្ចាស់​គឺ​ការរីកចម្រើន​នៃ​នគរ​របស់​ទ្រង់​នៅ​ទូទាំង​រដ្ឋ​នានា​នៅ​សហរដ្ឋ​នេះ​ទៅ​កាន់​ទីក្រុង និង ទីប្រជុំជន​នានា​នៅ​ក្នុង​គ្រប់​រដ្ឋ​ទាំងអស់ ។ នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ទៀត ។ នៅ​ក្នុង​ខែ ឧសភា ឆ្នាំ ២០០៦ ខ្ញុំ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទៅ​សន្និសីទ​ស្តេក​មួយ​នៅ​ដិកតុន រដ្ឋ តិចសាស ។ ខ្ញុំ​បាន​ស្នាក់នៅ​ផ្ទះ​របស់​ប្រធាន​ស្ដេក ប្រធាន វ៉ុន  ជេ ហ្វីឌើរស្តូន ។ បងស្រី អែនដ្រាស បាន​ប្រាប់​ខ្ញុំ​ពី​សាសនាចក្រ​កាល​ពី​ដំបូង​នៅ​ទីក្រុង ដិនតុន ដោយ​បាន​ចាប់​ផ្តើម​ជាមួយ​ឪពុក​ម្តាយ​របស់​គាត់ គឺ លោក​ឪពុក​ចន និង អ្នក​ម្តាយ​ម៉ាហ្គារ៉ែត ផតធើរ ។ មាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​តែ​មួយ​គត់​នៅពេល​ដំបូង​នោះ ។ ប៉ុន្តែ​គ្រួសារ​របស់​លោក​ផតធើរ បាន​ចែកចាយ​ដំណឹង​ល្អ​ជាមួយ គ្រួសារ រ៉ាហ្គដែល ដែល​ក្រោយ​មក​បាន​ចែកចាយ​ដំណឹង​ល្អ​នេះ​ដល់​គ្រូសារ ណូប៊ល និង គ្រួសារ ម៉ាទីណូស ។ ពិតណាស់ អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បន្ថែម​ការរួមចំណែក​យ៉ាង​សំខាន់ ។ ក្រុមគ្រួសារ​ជាច្រើន​បាន​ចូលរួម​សាសនាចក្រ ។ មាន​មនុស្ស​ផ្សេង​ទៀត​មក​ពី​ប៉ែក​ខាង​លិច​បាន​ប្តូរទីលំនៅ​ទៅ​ទីក្រុង ដិនតុន ។ សព្វថ្ងៃ​នេះ កន្លែង​ដែលធ្លាប់ជា​សាខា​តូច​មួយ ឥឡូវ​មាន​ស្ដេក​ចំនួនបួន ហើយ​កូន​ប្រុស​ម្នាក់របស់​គ្រួសារ ម៉ាទីនូស ជា​អែលឌើរ ជេម ប៊ី ម៉ាទីនូស ដែល​បាន​ចូលរួម​ក្នុង​សាសនាចក្រ ពេល​គាត់​មានអាយុ ១៦ ឆ្នាំ បម្រើ​ជា​អ្នកមានសិទ្ធិអំណាច​ទូទៅ​នៃ​សាសនាចក្រ ។

  15. អាលម៉ា ២៦:៣៧ ។

  16. ម៉ាថាយ ១២:២១

  17. ម៉ាកុស ៥:៣៦

  18. សូម​មើល ម៉ាថាយ ១០:២៩, ៣១

  19. ពង្សាវតាក្សត្រទី ២ ៦:១៥

  20. ពង្សាវតាក្សត្រទី ២ ៦:១៦-១៧

  21. ម៉ូសាយ ៤:១១

  22. យ៉ូហាន ៦:៩-១០; សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:៦

  23. លូកា ២:១២

  24. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៥:៤៤ ។

  25. ពង្សាវតាក្សត្រទី ១ ៤:១៦

  26. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣:៤៩ ។

  27. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៥:៤៦ ។

  28. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៩៦ ។

  29. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៩៧ ។

  30. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០១:២៣ ។

  31. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៥:៤៩ ។

  32. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣:២២ ។

  33. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៣:២៥ ។

  34. សូម​មើល ម៉ូសេ ៥:៦៣

  35. អេសាយ ៥២:១០

  36. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 133:25 ។

  37. គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:១០៤ ។

  38. ម៉ាថាយ ៦:១០