ឆ្នាំ ២០១០-២០១៩
ការទន្ទឹង​មើល​ផ្លូវ​កូន​ប្រុស​ខ្ជះខ្ជាយ
ខែ មេសា 2015


ការទន្ទឹង​មើល​ផ្លូវ​កូន​ប្រុស​ខ្ជះខ្ជាយ

សូម​ឲ្យ​បងប្អូន និង ខ្ញុំ ទទួល​បាន​វិវរណៈ​ដើម្បី​ដឹង​ពី​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​ទៅ​រក​អ្នក​ទាំងឡាយ​ដែល​វង្វេង​បង់ ។

ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ បាន​ចំណាយ​ពេល​នៃ​ការ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី ដើម្បី​បង្រៀន​អំពី​ការ​ព្យាបាល និង ព្រះចេស្ដា​ប្រោសលោះ​របស់​ទ្រង់ ។ គ្រាមួយ​នៅ​ក្នុង លូកា ជំពូក​ទី ១៥ នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ទ្រង់​ត្រូវ​គេ​ទិតៀន​ចំពោះ​ការសោយ​អាហារ និង ចំណាយ​ពេល​នៅ​ជាមួយ​មនុស្ស​មាន​បាប ( សូម​មើល លូកា ១៥:២ ) ។ ព្រះអង្គសង្គ្រោះ​បាន​ទាញ​យក​ឱកាស​ពី​ការទិតៀន​នេះ ដើម្បី​បង្រៀន​យើង​ទាំងអស់​គ្នា​អំពី​មធ្យោបាយ​ក្នុង​ការប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​ពុំ​រស់នៅ​តាម​ដំណឹងល្អ ។

ទ្រង់​បាន​មាន​បន្ទូល​តប​ទៅ​អ្នក​ដែល​ទិតៀន​ទ្រង់ ដោយ​សួរ​សំណួរ​ពីរ​ថា ៖

« ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​មួយ​រយ តែ​បាត់​មួយ តើ​មិន​ទុក​ចៀម​កៅសិប​ប្រាំបួន​ឲ្យ​នៅ​ទី​រហោស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​មួយ ដែល​បាត់​ទាល់​តែ​ឃើញ​ទេ​ឬ​អី » ? (លូកា ១៥:៤ ) ។

« ឬ​មាន​ស្ត្រី​ឯ​ណា ដែល​មាន​ប្រាក់​ដប់​ដួង បើ​បាត់​មួយ តើ​មិន​អុជ​ចង្កៀង ហើយ​បោស​ផ្ទះ​រក​អស់​ពី​ចិត្ត ទាល់​តែ​បាន​ឃើញ​ទេ​ឬ​អី » ? (លូកា ១៥:8 ) ។

រួច​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ពី​រឿងប្រដូច​នៃ​កូន​ប្រុស​ខ្ជះខ្ជាយ ។ រឿង​ប្រដូច​នេះ មិនមែន​អំពី​ចៀម​មួយ​រយ ឬ កាក់​ដប់​ដួង​ឡើយ តែ​ជា​កូនប្រុស​ដ៏​មាន​តម្លៃ​មួយ​រូប​ដែល​បាន​វង្វេង​បង់ ។ តាមរយៈ​រឿង​ប្រដូចនេះ តើ​ព្រះអង្គសង្គ្រោះ​បង្រៀន​យើង​អ្វី​ខ្លះ អំពី​មធ្យោបាយ​ក្នុង​ការប្រព្រឹត្ត ពេល​មាន​សមាជិក​គ្រួសារ​ម្នាក់​មិន​រស់នៅ​តាម​ដំណឹងល្អ ?

កូនប្រុស​ខ្ជះខ្ជាយ​នោះ​ប្រាប់​ឪពុក​ថា វា​ត្រូវការ​ចំណែក​មរតក​វា​ឥឡូវនេះ ។ គាត់​ចង់​ចាកចេញពី​សុវត្ថិភាព​នៃ​គេហដ្ឋាន​របស់​គាត់ និង​គ្រួសារ ទៅ​ស្វែងរក​ខាងលោកិយ (សូមមើល លូកា ១៥:១២–១៣) ។ សូម​ចំណាំ​ថា ក្នុង​រឿងប្រដូច​របស់​ព្រះអង្គសង្គ្រោះ​នោះ ឪពុក​បាន​ឆ្លើយ​តប​នឹង​កូនប្រុស​នោះ​វិញ​ដោយ​ក្ដីស្រឡាញ់ ដោយ​ផ្ដល់​ឲ្យ​ចំណែក​មរតក​វា ។ តាម​ពិត​ទៅ ឪពុក​ពិត​ជា​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​គាត់​អាច​បញ្ចុះបញ្ចូល​កូនប្រុស​នោះ​កុំ​ឲ្យ​ទៅ ។ ប៉ុន្តែ កាល​កូន​ពេញ​វ័យ​នោះ​បាន​សម្រេច​ចិត្ត​ហើយ ឪពុក​ក៏​អនុញ្ញាត​ឲ្យ​វា​ទៅ ។ ពេល​នោះ​ឪពុក​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ដ៏​ស្មោះ ហើយ​គាត់​បាន​មើល និង​រង់ចាំ (សូមមើល លូកា ១៥:២០) ។

គ្រួសារ​ខ្ញុំ​មាន​បទពិសោធន៍​ស្រដៀង​នេះ​ដែរ ។ បងប្អូន​ប្រុស​ស្មោះត្រង់​ទាំង​ពីរ បង​ស្រី​ដ៏​អស្ចារ្យ​របស់​ខ្ញុំ បាន​ចិញ្ចឹម​បីបាច់​ដោយ​ឪពុកម្ដាយ​គួរ​ឲ្យ​យក​តម្រាប់​តាម ។ យើង​ត្រូវបាន​បង្រៀន​ដំណឹងល្អ​ក្នុង​ផ្ទះ យើង​បាន​ពេញ​វ័យ ហើយ​បងប្អូន​យើង​ទាំង​បួន​នាក់​សុទ្ធតែ​បាន​ផ្សារភ្ជាប់​ជាមួយ​ស្វាមី/ភរិយា​យើង​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យ៉ាង​ណា​ក៏​ដោយ ក្នុង​ឆ្នាំ ១៩៩៤ បងស្រី​យើង ស៊ូសាន ចាប់ផ្ដើម​មិន​ពេញ​ចិត្ត​នឹង​សាសនាចក្រ និង ការបង្រៀន​ខ្លះ ។ គាត់​រង​ឥទ្ធិពល​ពី​ជន ដែល​ចំអក ហើយ​ទិតៀន​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​កាល​ពី​ដំបូង ។ គាត់​បាន​បណ្ដោយ​ឲ្យ​ក្ដីជំនឿ​លើ​ព្យាការី និង សាវក​កំពុង​រស់នៅ ចុះ​អន់​ថយ ។ យូរៗ​ទៅ មន្ទិល​របស់​គាត់​គ្រប​ដណ្ដប់​លើ​ក្ដី​ជំនឿ ហើយ​គាត់​បាន​សម្រេចចិត្ត​ចេញ​ពី​សាសនាចក្រ ។ បងស្រី ស៊ូសាន អនុញ្ញាត​ឲ្យ​ខ្ញុំ​ចែកចាយ​រឿង​របស់​គាត់ ដោយ​សង្ឃឹម​ថា​អាច​នឹង​ជួយ​មនុស្ស​ដទៃ​បាន ។

ពួក​បងប្អូន​ប្រុស​ខ្ញុំ និង ខ្ញុំ ថែមទាំង​ម្ដាយ​មេម៉ាយ​យើង​បាន​ខកចិត្ត ។ យើង​គិត​មិន​ដល់​ពី​អ្វី ដែល​អាច​នាំ​ឲ្យ​គាត់​បោះបង់​ក្ដី​ជំនឿ​ទាល់តែសោះ ។ ជម្រើស​របស់​បងស្រី​ខ្ញុំ ហាក់​ដូចជា​បំផ្លាញ​ដួងចិត្ត​របស់​ម្ដាយ​យើង​ដូច្នោះ​ដែរ ។

ពួក​បងប្អូន​ប្រុស​ខ្ញុំ និង ខ្ញុំ​បាន​បម្រើ​ជា​ប៊ីស្សព និង ប្រធាន​កូរ៉ុម​នានា ហើយ​យើង​មាន​បទពិសោធន៍​រីករាយ​នឹង​ជោគជ័យ​ក្នុង​វួដ និង សមាជិក​កូរ៉ុម កាល​យើង​ទុក​ចៀម​កៅសិប​ប្រាំបួន​ចោល ហើយ​ទៅ​រក​ចៀម​មួយ​ដែល​បាត់ ។ ប៉ុន្តែ ជាមួយ​បងស្រី​យើង ការខិតខំ​មិន​ដែល​ស្បើយ​ក្នុង​ការសង្គ្រោះ​គាត់ ហើយ​អញ្ជើញ​គាត់​មក​វិញ បាន​ត្រឹមតែ​រុញ​គាត់​ឲ្យ​កាន់តែ​ឆ្ងាយ​ទៅៗ​ប៉ុណ្ណោះ ។

ពេល​យើង​ស្វែងរក​ការណែនាំ​ពី​ព្រះ អំពី​របៀប​យើង​អាច​ប្រព្រឹត្ត​ចំពោះ​គាត់​ដោយ​ត្រឹមត្រូវ វា​បង្ហាញ​ថា យើង​ត្រូវតែ​យក​តម្រាប់​តាម​ឪពុក​ក្នុង​រឿង​ប្រដូច​នៃ​កូន​ប្រុស​ខ្ជះខ្ជាយ ។ ស៊ូសាន បាន​សម្រេច​ចិត្ត​ខ្លួន​គាត់ ហើយ​យើង​ត្រូវ​តែ​ឲ្យគាត់ទៅ​-- ប៉ុន្តែ​យើង​ឲ្យ​គាត់​ដឹង​ និង​ទទួលអារម្មណ៍​នូវ​ក្ដី​ស្រឡាញ់​ដ៏​ស្មោះ​របស់​យើង​មានចំពោះ​គាត់ ។ ដូច្នេះ ដោយ​ក្ដី​ស្រឡាញ់ និង សណ្ដានចិត្ត យើង​ឃ្លាំ​មើល ហើយ​ទន្ទឹង​មើល​ផ្លូវ ។

ម្ដាយ​ខ្ញុំ​មិន​ដែល​ឈប់​ស្រឡាញ់ និង ឈប់​បារម្ភ​ពី​បងស្រី ស៊ូសាន បន្តិច​ឡើយ ។ រាល់​ដង​ដែល​ម្ដាយ​ខ្ញុំ​ចូល​ព្រះវិហារ​បរិសុទ្ធ គាត់​បាន​ដាក់​ឈ្មោះ​បងស្រី ស៊ូសាន ទៅ​ក្នុង​បញ្ជី​ឈ្មោះ​អធិស្ឋាន ហើយ​មិនដែល​បាត់បង់​ក្ដី​សង្ឃឹម​ឡើយ ។ បងប្រុស​ខ្ញុំ និង ភរិយា​គាត់ ដែល​រស់នៅ​ក្បែរ​បងស្រី ស៊ូសាន ជាង​គេ​ក្នុង​រដ្ឋ កាលីហ្វូញ៉ា បាន​អញ្ជើញ​គាត់​ចូលរួម​ក្នុង​កម្មវិធី​គ្រួសារ​ជានិច្ច ។ ពួកគេ​ចម្អិន​អាហារ​ពេល​ល្ងាច​ក្នុង​ផ្ទះ​ពួកគេ រាល់ឆ្នាំ​នៅ​ថ្ងៃ​កំណើត​បងស្រី ស៊ូសាន ។ ពួកគេ​ធ្វើ​ឲ្យ​ប្រាកដ​ថា បាន​រក្សា​ទំនាក់ទំនង​ជាមួយ​គាត់ ហើយ​ឲ្យ​គាត់​ដឹង​ពី​ក្ដី​ស្រឡាញ់​ស្មោះ​ពី​ពួកគេ ។

ប្អូនប្រុស​ខ្ញុំ និង ភរិយា​គាត់ បាន​ជួយ​ដល់​កូនៗ​បងស្រី ស៊ូសាន ក្នុង​រដ្ឋ យូថាហ៍ ហើយ​ថែរក្សា និង ស្រឡាញ់​ពួកគេ ។ ពួកគេ​ធ្វើ​ឲ្យ​ប្រាកដ​ថា កូនៗ​របស់​គាត់​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​ជួបជុំ​គ្រួសារ​ជានិច្ច ហើយ​កាល​ចៅស្រី​បងស្រី ស៊ូសាន ទទួល​បុណ្យជ្រមុជទឹក ប្អូនប្រុស​ខ្ញុំ​នៅ​ទី​នោះ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នោះ ។ បងស្រី ស៊ូសាន មាន​គ្រូ​បង្រៀន​តាម​ផ្ទះ និង សួរសុខទុក្ខ​ជា​ទីស្រឡាញ់​ដែល​មិន​ចេះ​ចុះចាញ់ ។

កាល​កូនៗ​យើង​ចេញ​បេសកកម្ម ហើយ​រៀបការ បងស្រី ស៊ូសាន ត្រូវបាន​អញ្ជើញ ហើយ​ចូលរួម​ក្នុង​កម្មវិធី​គ្រួសារ​ទាំងនេះ ។ យើង​ព្យាយាម ដោយ​ឧស្សាហ៍​ដើម្បី​បង្កើត​កម្មវិធី​គ្រួសារ ដើម្បី​បងស្រី ស៊ូសាន និង កូនៗ​គាត់​អាច​ចូលរួម​ជាមួយ​យើង ហើយ​ដឹង​ថា យើង​ស្រឡាញ់​ពួកគេ ហើយថា​ពួកគេ​ជា​ផ្នែក​នៃ​គ្រួសារ​យើង ។ កាល​បងស្រី ស៊ូសាន ទទួល​វិញ្ញាបនប័ត្រ​កម្រិត​ខ្ពស់​នៅ​សាកលវិទ្យាល័យ កាលីហ្វូញ៉ា យើង​បាន​ទៅ​ចូលរួម​អបអរសាទរ​ការទទួល​វិញ្ញាបនប័ត្រ​របស់​គាត់ ។ ទោះជា​យើង​ពុំ​អាច​ទទួល​យក​ជម្រើស​របស់​គាត់​ទាំងអស់​ក្ដី យើង​ពិត​ជា​អាច​ឱប​គាត់ ។ យើង​ស្រឡាញ់ យើង​ឃ្លាំ​មើល ហើយ​យើង​ទន្ទឹង​មើល​ផ្លូវ ។

ក្នុង​ឆ្នាំ ២០០៦ គឺ ១២ ឆ្នាំ​បន្ទាប់​ពី​បងស្រី ស៊ូសាន ចេញ​ពី​សាសនាចក្រ កូនស្រី​យើង ខាធី ផ្លាស់​លំនៅ​ជាមួយ​ស្វាមី​នាង​ទៅ​រដ្ឋ កាលីហ្វូញ៉ា ដើម្បី​ចូល​រៀន​សាលា​ច្បាប់ ។ ពួកគេ​រស់នៅ​ក្នុង​ទីក្រុង​តែ​មួយ​នឹង​បងស្រី ស៊ូសាន ។ ស្វាមី/ភរិយា​វ័យ​ក្មេង​នេះ​គិត​ពី​អ៊ំស្រី​គេ​គឺ​បងស្រី ស៊ូសាន ចំពោះ​ជំនួយ និង ការគាំទ្រ ហើយ​ពួកគេ​ស្រឡាញ់​គាត់ ។ បងស្រី ស៊ូសាន បាន​ជួយ​មើល​ចៅស្រី​យើង លូស៊ី ហើយ​គាត់​បាន​បង្រៀន លូស៊ី ឲ្យ​អធិស្ឋាន​ជា​រៀង​រាល់​យប់ ។ ថ្ងៃ​មួយ ខាធី បាន​ទូរសព្ទ​មក ហើយ​សួរ​ថា​តើ​ខ្ញុំ​គិត​ថា​បងស្រី ស៊ូសាន នឹង​ត្រឡប់​មក​សាសនាចក្រ​វិញ​ដែរ​ឬ​ទេ ។ ខ្ញុំ​បាន​អះអាង​ថា ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​នឹង​ត្រឡប់​មក​វិញ ហើយ​យើង​ត្រូវ​បន្ត​អត់ធ្មត់​តទៅទៀត ។ កាល​បី​ឆ្នាំ​ក្រោយ​កន្លង​ផុតទៅ យើង​បាន​បន្ត​ស្រឡាញ់ ឃ្លាំ​មើល ហើយ​ទន្ទឹង​មើល​ផ្លូវ ។

ប្រាំមួយ​ឆ្នាំ​កន្លង​ផុត​ទៅ ភរិយា​ខ្ញុំ ម៉ាស្យា បាន​អង្គុយ​នៅ​ជួរ​ខាង​មុខ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នេះ ។ ខ្ញុំ​ត្រូវបាន​គាំទ្រ​ឲ្យ​ធ្វើ​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ថ្មី​មួយ​រូប​នៅ​ថ្ងៃ​នោះ ។ ម៉ាស្យា ដែល​តែងតែ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ បាន​សរសេរ​សារ​មួយ​ឲ្យ​ខ្ញុំ​ថា « អូន​គិត​ថា ដល់​ពេល​បងស្រី ស៊ូសាន ត្រឡប់​មក​សាសនាចក្រ​វិញ​ហើយ » ។ កូន​ស្រី​ខ្ញុំ ខាធី បាន​ផ្ដល់​យោបល់​ឲ្យ​ខ្ញុំ​ចេញ​ពី​ការប្រជុំ ហើយ​ទូរសព្ទ​ទៅ​បងស្រី ស៊ូសាន ដើម្បី​អញ្ជើញ​គាត់​ឲ្យ​មើល​សន្និសីទ​ទូទៅ​នៅ​ថ្ងៃ​នោះ ។

ដោយ​បាន​បំផុសគំនិតមកពី​ស្ត្រី​ពីរ​រូប​នេះ ខ្ញុំ​ដើរ​ចេញ​ទៅ​បន្ទប់​រង់ចាំ ហើយ​ទូរសព្ទ​ទៅ​បងស្រី​ខ្ញុំ ។ ខ្ញុំ​បាន​ផ្ញើរ​សារ​ជា​សំឡេង​ទៅ​គាត់ ហើយ​អញ្ជើញ​គាត់​ឲ្យ​មើល​សម័យ​ប្រជុំ​នៃ​សន្និសីទ​នោះ ។ គាត់​បាន​ទទួល​សារ​នោះ ។ យើង​រីករាយ​ព្រោះ​គាត់​ត្រូវបាន​បំផុស​ឲ្យ​មើល​សម័យ​ប្រជុំ​សន្និសីទ​នោះ ។ គាត់​បាន​ស្ដាប់​ព្យាការី និង ពួក​សាវក​ដែល​គាត់​ធ្លាប់​ស្រឡាញ់​កាល​ពី​មុន ។ គាត់​បាន​ឮ​ឈ្មោះ​ដែល​មិន​ធ្លាប់​ឮ​ពី​មុន​មក​ដូចជា ប្រធាន អុជដូហ្វ និង អែលឌើរ បែដណា ឃុក គ្រីស្តូហ្វឺសិន និង អាន់ឌើរសិន ។ អំឡុង​ពេល​នៃ​បទពិសោធន៍​ដែលបញ្ជូន​មកពី​ស្ថានសួគ៌​នេះ និង​បទពិសោធន៍​ផ្សេងៗ​ទៀត ដែលបងស្រី​ខ្ញុំ-- ដូចជា​កូន​ប្រុស​ខ្ជះខ្ជាយ-- បាន​ដឹង​ខ្លួន ( សូមមើលលូកា ១៥:១៧) ។ ប្រសាសន៍​ព្យាការី និង ពួក​សាវក និង ក្ដី​ស្រឡាញ់​ពី​គ្រួសារ​គាត់ បាន​ធ្វើ​ឲ្យ​គាត់​ត្រឡប់​មក​សាសនាចក្រ​វិញ ។ ១៥ ឆ្នាំ​ក្រោយ​មក បងស្រី​ខ្ញុំ​ដែល​វង្វេង​បង់ ត្រូវ​បាន​រក​ឃើញ​ហើយ ។ ការឃ្លាំ​មើល និង​ការទន្ទឹង​មើល​ផ្លូវ​បាន​បញ្ចប់​ហើយ ។

បងស្រី ស៊ូសាន រ៉ាយរ៉ាប់​បទពិសោធន៍​នេះ ដូចជា លីហៃ រ៉ាយរ៉ាប់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​អញ្ជឹង ។ គាត់​បាន​លែង​ដំបង​ដែក ហើយ​ឃើញ​ថា​គាត់​ស្ថិត​ក្នុង​អ័ព្ទ​នៃ​សេចក្ដី​ងងឹត ( សូម​មើល នីហ្វៃ​ទី ១ ៨:២៣ ) ។ គាត់​និយាយ​ថា គាត់​ពុំ​ដឹង​ថា​ខ្លួន​បាន​វង្វេង​ឡើយ ដរាប​ដល់​ក្ដីជំនឿ​គាត់​បាន​ភ្ញាក់​រលឹក​ដោយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​បាន​បែងចែក​យ៉ាង​ច្បាស់​រវាង​អ្វី​ដែល​គាត់​ជួប​ប្រទះ​ក្នុង​លោកិយ និង អ្វី​ដែល​គ្រួសារ​គាត់​បាន​ផ្ដល់​ឲ្យ ។

អព្ភូតហេតុ​មួយ​បាន​កើតឡើង​ជាង​ប្រាំមួយ​ឆ្នាំ​មុន ។ បងស្រី ស៊ូសាន បាន​បន្ត​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន ។ គាត់​បាន​ទទួល​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ គាត់​បាន​បម្រើ​ជា​អ្នក​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​សព្វថ្ងៃ​នេះ បង្រៀន​ក្នុង​ថ្នាក់​គោលការណ៍​នៃ​ដំណឹងល្អ​ក្នុង​វួដ​របស់​គាត់ ។ បង្អួច​ស្ថានសួគ៌​បាន​បើក​ទៅ​កូនចៅ​របស់​គាត់ ហើយ​ទោះបី​ជា​មាន​លទ្ធផល​ពិបាកៗក្ដី តែ​វាធ្វើ​ឲ្យគាត់​មានអារម្មណ៍​ថាពុំ​ទៅណា​ទេ ។

អ្នករាល់គ្នាមួយចំនួន ដូចជា​គ្រួសារ​នែលសុន មានសមាជិក​គ្រួ​សារ​ដែល​វង្វេង​ផ្លូវ​របស់ពួកគេ​ជា​បណ្ដោះ​អាសន្ន ។ ការណែនាំ​ពី​ព្រះអង្គសង្គ្រោះ​ដល់​អ្នក​ដែល​មាន​ចៀម ១០០ គឺ​ត្រូវ​ទុក​កៅសិប​ប្រាំបួន​ចោល ហើយ​ទៅ​សង្គ្រោះ​ចៀម​មួយ​ដែល​បាត់ ។ ការណែនាំ​ពី​ទ្រង់​ដល់​អ្នក​ដែល​មាន​កាក់ ១០ ដួង ហើយ​ហាត់​មួយ គឺ​ត្រូវ​ស្វែងរក​ឲ្យ​ទាល់​តែ​ឃើញ ។ នៅ​ពេល​អ្នក​ដែល​វង្វេង​បង់​ជា​កូន​ប្រុស​ស្រី បងប្អូន​ប្រុស​ស្រី​របស់​អ្នក ហើយ​ពួកគេ​បាន​សម្រេចចិត្ត​ចាកចេញ​ពី​សាសនាចក្រ យើង​រៀន​ក្នុង​គ្រួសារ​ថា អ្វី​ដែល​យើង​អាច​ធ្វើ​គឺ យើង​ស្រឡាញ់​បុគ្គល​នោះ​អស់​ពី​ចិត្ត ហើយ​យើង​ឃ្លាំ​មើល យើង​អធិស្ឋាន ហើយ​យើង​ទន្ទឹង​មើល​ផ្លូវ​ដើម្បី​ព្រះ​ហស្ត​ព្រះអម្ចាស់​បាន​លូក​មក​ជួយ ។

ប្រហែលជា​មេរៀន​សំខាន់បំផុត​ដែលព្រះអម្ចាស់​បាន​បង្រៀន​ខ្ញុំ​តាមរយៈ​ដំណើរ​ការ​នេះ បាន​កើតឡើង​អំឡុង​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​យើង បន្ទាប់ពី​បងស្រី​របស់​យើង​បាន​ចាកចេញ​ពី​សាសនាចក្រ ។ កូន​ប្រុស​របស់យើង ដេវីឌ ជាអ្នក​អាន ពេល​យើង​បាន​សិក្សា​ជុំ​គ្នា​លូកា ១៥។ នៅ​ពេល​គាត់​អាន​រឿង​ប្រដូច​អំពី​កូន​ប្រុស​ខ្ជះខ្ជាយ ខ្ញុំ​បាន​ឮ​ខគម្ពីរ​នេះ​មាន​សភាព​ខុស​គ្នា​នៅ​ថ្ងៃ​នោះ ជាង​ពេល​ខ្ញុំ​ឮ​កាល​ពី​មុន​មក ។ ចំពោះ​ហេតុផល​ខ្លះ ខ្ញុំ​តែង​គិត​អំពី​កូន​ប្រុស​ដែល​នៅ​ឯ​ផ្ទះ ។ នៅពេល​ដេវីឌ​អាន​នៅ​ព្រឹក​នោះ ខ្ញុំ​បាន​ដឹង​ថា មាន​របៀប​មួយចំនួនដែល​ខ្ញុំ គឺ​ដូចជា​កូន​ប្រុស​ខ្ជះខ្ជាយ​អញ្ចឹង​ដែរ ។ យើង​ទាំងអស់គ្នា​បាន​ធ្លាក់ចុះ​ពីសិរីល្អ​នៃ​ព្រះបិតា (សូមមើលរ៉ូម ៣:២៣) ។ យើង​ទាំងអស់​គ្នា​ត្រូវការ​ដង្វាយធួន​នៃ​ព្រះអង្គសង្គ្រោះ​មក​ព្យាបាល ។ យើង​ទាំងអស់​វង្វេង ហើយ​ត្រូវ​តែ​ត្រឡប់​មក​វិញ ។ វិវរណៈ​នេះ​នៅ​ថ្ងៃ​នោះ បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា បងស្រី​ខ្ញុំ និង ខ្ញុំ​ទាំង​ពីរ​នាក់​ត្រូវការ​ក្ដីស្រឡាញ់ និង ដង្វាយធួន​ព្រះអង្គសង្គ្រោះ ។ បងស្រី ស៊ូសាន និង ខ្ញុំ​ពិត​ជា​បាន​ត្រឡប់​មក​វិញ​តាម​ផ្លូវ​តែ​មួយ ។

ព្រះបន្ទូល​ព្រះអង្គសង្គ្រោះ​ក្នុង​រឿងប្រដូច ដែល​ឪពុក​បាន​ស្វាគមន៍​កូន​ប្រុស​ខ្ជះខ្ជាយ​របស់​គាត់​ពិតជា​ធ្វើ​ឲ្យ​រំជួលចិត្ត​ណាស់ ហើយ​ខ្ញុំ​ជឿ​ថា ពួកគេ​អាច​ជា​ការពិពណ៌នា​អំពី​បទពិសោធន៍​ដែល​អ្នក និង ខ្ញុំ​នឹង​មាន​ជាមួយ​ព្រះវរបិតា នៅ​ពេល​យើង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ ។ ពួកគេ​បង្រៀន​យើង​អំពី​ឪពុក​មួយ​រូប ដែល​ស្រឡាញ់ ទន្ទឹង​មើល​ផ្លូវ ហើយ​ឃ្លាំ​មើល ។ ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា ៖ « នោះ​វា​ក៏​ក្រោក​ឡើង​ដើរ​ទៅ លុះ​ឪពុក​ឃើញ​ពីចម្ងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា » ( លូកា ១៥:២០ ) ។

សូម​ឲ្យ​បងប្អូន និង ខ្ញុំ​ទទួល​បាន​វិវរណៈ​ដើម្បី​ស្គាល់​ពី​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការជួយ​អ្នក​ដែល​វង្វេង​បង់ ហើយ​បើ​ចាំបាច់ ត្រូវ​មាន​ការអត់ធ្មត់ និង ក្ដី​ស្រឡាញ់​មក​ពី​ព្រះវរបិតា និង បុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ពេល​យើង​ស្រឡាញ់ ឃ្លាំ​មើល និង ទន្ទឹង​មើល​ផ្លូវ​កូន​ប្រុស​ខ្ជះខ្ជាយ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។