ឆ្នាំ ២០១០-២០១៩
មាន​ទាំង​យុត្តិធម៌ ស្រឡាញ់ និងសេចក្ដី​មេត្តាករុណា
ខែ មេសា 2015


មាន​ទាំង​យុត្តិធម៌ ស្រឡាញ់ និងសេចក្ដី​មេត្តាករុណា

ព្រះយេស៊ូវ​គ្រីស្ទ​បានរងទុក្ខ សុគត ហើយ​រស់​ឡើងវិញ​ពី​សេចក្ដីស្លាប់ ដើម្បី​ទ្រង់​អាច​លើក​យើង​ឡើងទៅ​ដល់​ជីវិត​ដ៏អស់កល្បជានិច្ច ។

ដោយ​គ្មាន​ខ្សែ រណប ឬ​ឧបករណ៍​ឡើង​ភ្នំ បងប្អូន​ប្រុស​ពីរនាក់—គឺ ជីមមី អាយុ ១៤​ឆ្នាំ និង​ចន​អាយុ ១៩​ឆ្នាំ ( ​ឈ្មោះន​ពុំ​មែនជាឈ្មោះពិត​របស់ពួកគេ​ទេ )—ប៉ង​ឡើង​ជ្រលង​ភ្នំ នៃ​ឧទ្យាន​ ស្នូ ខានយុង ស្តេត នៅ​ក្នុង​តំបន់​ប៉ែក​ខាង​ត្បូង រដ្ឋ​យូថាហ៍ ដែល​ជា​កន្លែង​កំណើត​ខ្ញុំ ។ នៅ​ជិត​កំពូល​នៃ​ការ​ឡើង​ដ៏​លំបាក ពួកគេ​បាន​រកឃើញ​ថា ជម្រាល​ភ្នំ​ចោទ​បណ្ដាល​ឲ្យ​ពួកគេ​មិន​អាច​ឡើង​ដល់​កំពូល​បាន ។ ឥឡូវ​ពួកគេ​​ឡើងក៏​មិនរួច ​ចុះក៏​មិនរួច​ដែរ ។ ពួកគេ​បាន​ជាប់គាំង​នៅ​ទីនោះ ។ បន្ទាប់​ពី​ការ​រិះរក​មធ្យោបាយ ចន បាន​រកឃើញ​ចន្លោះ​ល្មម​ស្បែក​ជើង​ប្អូន​ប្រុស​គាត់​ឲ្យ​ឡើង​ទៅ​ផ្ទាំង​ថ្ម​ខាង​លើ​ដោយ​មាន​សុវត្ថិភាព ។ តែ​គ្មាន​មធ្យោបាយណា​​ដើម្បី​ទាញ​ខ្លួន​គាត់​ឡើង​ទេ ។ កាល​គាត់​ខំ​រក​លំនឹង​ទប់​ដៃ ឬ​ជើង​កាន់​តែ​ខ្លាំង សាច់ដុំ​គាត់​ក៏​ចុក​រមួល​កាន់​តែ​ខ្លាំង​ដែរ ។ គាត់​ចាប់​ផ្ដើម​​ស្លន់ស្លោ ហើយ​គាត់​ចាប់​ផ្ដើម​ភ័យ​ខ្លាចត្រូវ​​បាត់​បង់​ជីវិត ។

ដោយ​មិន​អាច​ទ្រាំទ្រ​បាន​យូរ​ទៀត ចន បាន​សម្រេច​យក​ជម្រើស​តែមួយ គឺ​ត្រូវ​លោត​ឡើង​ទៅ​ឈោង​ចាប់​ផ្ទាំង​ថ្ម​ខាង​លើ ។ បើ​ជោគជ័យ នោះ​គាត់​អាច​ទាញ​ខ្លួន​គាត់​ទៅ​កន្លែង​មាន​សុវត្ថិភាព​ជាមួយ​កម្លាំង​ដៃ​ដែលគាត់​នៅ​មាន ។

គាត់​បាន​និយាយ​ផ្ទាល់​មាត់​ថា ៖

« មុន​ពេល​ខ្ញុំ​លោត ខ្ញុំ​បាន​ប្រាប់​ ជីមមី ​ឲ្យ​ដើរ​រក​មែក​ឈើ​មាំ​ល្មម​ហុចចុះ​មក​ឲ្យ​ខ្ញុំ ទោះ​ខ្ញុំ​ដឹង​ថា​គ្មាន​របស់​បែប​នោះ​នៅ​តាម​កំពូល​ថ្ម​ភ្នំ​ក្ដី ។ វា​គ្រាន់​តែ​ជា​ឧបាយកល​ប៉ុណ្ណោះ ។ បើ​ការ​លោត​របស់​ខ្ញុំ​បរាជ័យ យ៉ាង​ហោច​ណាស់ ​ប្អូន​ប្រុស​ខ្ញុំ​មិន​បាន​ឃើញ​ខ្ញុំ​ធ្លាក់​ស្លាប់​ដែរ ។

« ខ្ញុំ​បាន​អធិស្ឋាន​ជា​លើក​ចុង​ក្រោយ​ថា សូម​កុំ​ឲ្យ​ប្អូន​ខ្ញុំ​ឃើញ​ខ្ញុំ​ធ្លាក់​អី—ហើយ​ខ្ញុំ​ចង់​ឲ្យ​គ្រួសារ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ពួកគេ ហើយ​ថា​ ជីមមី​ អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​យ៉ាង​មាន​សុវត្ថិភាព​ដោយ​ខ្លួន​ឯង—ហើយ​ខ្ញុំ​ក៏​បាន​លោត​ឡើង ។ ខ្ញុំ​បាន​លោត​មួយ​ទំហឹង ហើយ​តោង​ផ្ទាំង​ថ្ម​បាន​ត្រឹម​កូយ​ដៃ​ខ្ញុំ ។ តែ​ពេល​ខ្ញុំ​បោះ​ដៃ​លើ​ផ្ទាំង​ថ្មនោះ ខ្ញុំ​ស្ទាប​គ្មាន​ឃើញ​អ្វី​សោះ​លើក​លែង​តែ​ខ្សាច់​នៅ​លើ​ថ្ម​រាប​នោះ ។ ខ្ញុំ​នៅ​តែ​ចាំ​​ពី​អារម្មណ៍គ​គ្រាតនៅទីនោះ ​ដោយ​គ្មាន​អ្វី​ឲ្យ​ចាប់​សោះ—គ្មាន​គែម គ្មាន​ពន្លក គ្មាន​អ្វី​ឲ្យ​តោង​សោះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ម្រាម​ដៃ​របស់​ខ្ញុំ​ចាប់​ផ្ដើម​រអិល​ចុះ​ពី​ផ្ទាំង​ដែល​ពេញ​ដោយ​គ្រាប់​ខ្សាច់ ។ ខ្ញុំ​ដឹង​ថា​ជីវិត​របស់​ខ្ញុំ​ចប់​ពេល​នោះ​ហើយ ។

« តែ​រំពេច​នោះ មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​កើតឡើង មាន​ដៃ​ពីរ​ឈោង​ចាប់​កដៃ​ខ្ញុំ​ពី​លើ​ផ្ទាំង​ថ្ម ជាមួយ​នឹង​កម្លាំង​ដ៏ខ្លាំង​ដែល​មិន​សម​នឹង​ទំហំ​ដៃ​ដ៏​តូច​នោះ​សោះ ។ ប្អូន​ប្រុស​ដ៏​ស្មោះត្រង់​របស់​ខ្ញុំ មិនបាន​ទៅ​រកមើល​មែក​ឈើ​ដែល​ប្រឌិត​នោះ​ទេ ។ គេ​ស្មាន​​ដឹង​ថា​ខ្ញុំ​ចង់​ធ្វើ​អ្វី ហើយ​គេ​មិន​បាន​ដើរ​ចេញ​មួយ​ជំហាន​ឡើយ ។ គេ​បាន​រង់ចាំ​មើល—ដោយ​ស្ងៀមស្ងាត់ ស្ទើរ​តែ​មិន​ដក​ដង្ហើម—គេ​ដឹង​យ៉ាង​ប្រាកដ​ថា ​ខ្ញុំ​ព្យាយាម​លោត​ដោយ​ល្ងីល្ងើ ។ នៅពេល​ខ្ញុំ​លោត គេ​បាន​ចាប់​ដៃ​ខ្ញុំ​ជាប់ ហើយ​មិន​ទុក​ឲ្យ​ខ្ញុំ​ធ្លាក់​ឡើយ ។ ការ​ព្រួតដៃ​គ្នា​ដ៏​ខ្លាំង​ជា​បងប្អូន បាន​សង្គ្រោះ​ជីវិត​ខ្ញុំ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​ព្យួរ​ខ្លួន​​ស្ទើរ​ធ្លាក់​ស្លាប់​នោះ » ។

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់​ខ្ញុំ​អើយ ថ្ងៃ​នេះ​គឺ​ជា​អាទិត្យ​បុណ្យអ៊ីស្ទើរ ។ ទោះ​ជា​យើង​គួរ រំឭក ជានិច្ច ( អ្វី​ដែល​យើង​សន្យា​ក្នុង​ការអធិស្ឋាន​នៅ​ការ​ប្រជុំ​សាក្រាម៉ង់​រាល់​សប្ដាហ៍​ថា​យើង​នឹង​ធ្វើ​តាម ) ក្ដី ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​ពិសិដ្ឋ​ប្រចាំ​ឆ្នាំ សម្រាប់​ការ​ចងចាំ​ដ៏​ពិសេស​នៃ​ការ​យក​ព្រះទ័យ​ទុកដាក់​នៃ​ព្រះគ្រីស្ទ នឹង​ព្រះហស្ថ​ដ៏​អង់អាច​ដែល​ឈោង​ជួយ​ហួសពីសេច​ក្ដី​ស្លាប់ ដើម្បី​សង្គ្រោះ​យើង​ពី​ការ​ធ្លាក់​ចុះ ការ​បរាជ័យ ​ទុក្ខសោក និង​អំពើ​បាប​របស់​យើង ។ ស្រប​ទៅ​នឹង​ប្រវត្តិ​រឿង​ដែល​បាន​ប្រាប់​ដោយ​គ្រួសារ​ ចន និង ជីមមី ខ្ញុំ​សូម​បង្ហាញ​អំណរគុណ​សម្រាប់​ដង្វាយ​ធួន និង​ការ​រស់ឡើង​វិញ​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​សូម​ទទួល​ស្គាល់​ព្រឹត្តិការណ៍​នៅ​ក្នុង​ផែនការ​ដ៏​ទេវភាព​របស់​ព្រះ​ដែល​ជា​លទ្ធផល និង​បញ្ជាក់​ន័យ​ដល់ « ក្ដី​ស្នេហ៍​ព្រះគ្រីស្ទ​ឲ្យ​ដល់​[យើង] » ។

នៅ​ក្នុងសង្គម​កំណើន​ខាង​​ផ្លូវ​លោក​របស់យើង វា​ខុស​ប្រក្រតី​ វា​នឹង​ហួស​សម័យ បើ​និយាយ​អំពី​អ័ដាម និង​អេវ៉ា ឬសួនច្បារ​អេដែន ឬ​ពី « វាសនា​នៃ​ការ​ធ្លាក់​ចុះ »​ របស់​ពួកគេ​មក​ក្នុង​ជីវិត​រមែង​ស្លាប់​នោះ ។ ទោះ​ជា​យ៉ាងណា ការពិត​យ៉ាង​សាមញ្ញគឺ​ថា ​យើង មិន​អាច យល់​ទាំង​ស្រុង​ពី​ដង្វាយធួន និង​ការ​រស់ឡើង​វិញ​នៃ​ព្រះគ្រីស្ទ ហើយ​យើង នឹង​មិន មាន​អំណរគុណ​​ល្មមគ្រប់​គ្រាន់​ចំពោះ​គោលបំណង​តែ​មួយ​គត់​នៃ​កំណើត និង​ការ​សុគត​របស់​ទ្រង់​នោះ​ទេ—ម្យ៉ាង​វិញ​ទៀត គ្មាន​មធ្យោបាយ​ណា​ដែល​យើង​អាច​ប្រារព្ធ​បុណ្យ​គ្រីស្ទម៉ាស់ បុណ្យ​អ៊ីស្ទើរ​យ៉ាង​ពិត​ប្រាកដ—ដោយ​មិន​យល់​ថា ​ពិត​ជាមាន​អ័ដាម និង​អេវ៉ា​ដែល​ធ្លាក់ចុះ​ពី​សួនច្បារ អេដែន ដោយមាន​ទាំង​លទ្ធផល​​មក​ជាមួយផង​​នោះឡើយ ។

ខ្ញុំ​មិន​ដឹង​ពី​រឿង​លម្អិត​នៃ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​លើ​ភព​ផែនដី​នេះ​មុន​ពេល​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា អ័ដាម និង​អេវ៉ា​ត្រូវ​បាន​បង្កើត​ក្រោម​ព្រះហស្ថ​ដ៏​ទេវភាព​នៃ​ព្រះ ហើយ​ថា​មាន​ពេល​មួយ​ដែល​គេ​រស់​នៅ​តែ​ពីរនាក់ នៅ​ក្នុង​កន្លែង​ដូច​ស្ថានសួគ៌​ដែល​គ្មានសេច​ក្ដី​ស្លាប់ ឬ​គ្រួសារ​ក្នុង​ពេល​អនាគត ហើយ​តាម​រយៈ​ជម្រើស​ជា​បន្តបន្ទាប់ ពួកគេ​បាន​រំលង​បញ្ញត្តិ​ព្រះ​ដែល​តម្រូវ​ឲ្យ​ពួកគេ​ចាកចេញ​ពីសួនច្បារ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​​កូនចៅ​ មុនពេល​ការ​ស្លាប់​ខាង​រាងកាយ ។ បន្ថែម​ពី​លើ​ទុក្ខព្រួយ និង​ភាព​ស្មុគស្មាញ​នៃ​ស្ថានភាព​ពួកគេ នោះ​ការ​ធ្លាក់​ចុះ​របស់​ពួកគេ​ក៏​មាន​លទ្ធផល​ខាង​វិញ្ញាណ​ដែរ គឺ​ការ​កាត់​ចេញ​ពីវត្ត​មាន​ព្រះ​ជា​រៀង​រហូត ។ ដោយ​សារ​យើង​កើត​នៅ​ក្នុង​ពិភព​លោក​ដែល​ធ្លាក់ចុះ ហើយ​ដោយ​សារ​យើង​ក៏​នឹង​រំលង​ក្រិត្យ​វិន័យ​នៃ​ព្រះ​ដែរ យើង​ក៏​មាន​ទោស​ដូច​គ្នា​នឹង​អ័ដាម និង​អេវ៉ា​បាន​ជួប​ប្រទះ​ដែរ ។

វា​ជា​រឿង​ជំពាក់ជំពិន​ណាស់ ! ពូជ​មនុស្ស​ទាំង​អស់ គឺ​នៅ​ក្នុង​ការ​ធ្លាក់ចុះ—បុរស ស្ត្រី និង​កុមារ​គ្រប់​រូប​នៅ​ក្នុង​រាងកាយ ​ដែលធ្លាក់​ទៅរក​​ការ​ស្លាប់​ជា​រៀងរហូត ហើយ​​រុញទៅ​រក​ការ​សោកសៅ​ខាង​វិញ្ញាណ​ដ៏​អស់កល្ប ។ តើ​នេះ​ជា​អ្វី​ដែល​ជីវិត​ត្រូវ​ទទួល​ឬ ? តើ​នេះ​គឺ​ជា​លទ្ធផល​ចុងក្រោយ​នៃ​បទពិសោធន៍​មនុស្ស​ឬ ? តើ​យើង​នៅ​ជាប់​ក្នុង​ជ្រលង​ភ្នំ​ដ៏​ត្រជាក់​ណាមួយ​ក្នុង​ចក្រវាឡ​ព្រងើយ​កន្តើយ​ឬ យើង​ម្នាក់ៗ​កំពុង​ស្វែង​រក​ការ​គាំទ្រ យើង​ម្នាក់ៗ​កំពុង​រក​អ្វី​តោង—គ្មាន​អ្វី​សោះ​ លើកលែង​តែ​ខ្សាច់​ដែល​រអិល​ចុះ​នៅ​ក្រោម​ម្រាម​ដៃ​យើង​ប៉ុណ្ណោះ គ្មាន​អ្វី​ជួយ​យើង​សោះ គ្មាន​អ្វី​ឲ្យ​ចាប់​សោះ ហើយ​លើស​ពី​នេះ​ទៀត គ្មាន​អ្វី​ចាប់​យើង​សោះ ? តើ​គោល​បំណង​តែមួយ​គត់​របស់​យើង​ក្នុង​ជីវិត​ដែល​គ្មាន​គោលដៅ—គឺ​ត្រូវ​សម្រេច​បាន​អ្វី​ដែល​យើង​អាច​ធ្វើ​ក្នុង​ជីវិត និង​ស៊ូទ្រាំ​ ប្រហែល​ជា​ចិតសិប​ឆ្នាំ ហើយ​បន្ត​ធ្លាក់​ចុះ​ជា​រៀង​រហូត​ឬ ?

ចម្លើយ​ទៅនឹង​សំណួរ​ទាំង​នោះ គឺ​ពុំច្បាស់លាស់ និង​​ស្ថិតសេ្ថរទេ ! ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ជាមួយ​ព្យាការី​បុរាណ និង​សម័យ​ទំនើប​ថា « អ្វីៗ​សព្វសារពើ​បាន​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជ្រាប​គ្រប់​ការណ៍​ទាំង​អស់ » ។ ម្ល៉ោះ​ហើយ ​ចាប់​តាំង​ពី​ពេល​ដែល​អ័ដាម និង​អេវ៉ា​បាន​ដើរ​ចេញ​ពី​សួនច្បារ​អេដែនមក ព្រះ​វរបិតា​នៃយើង​ទាំង​អស់​គ្នា​ បាន​ជ្រាប​ពី​ការ​សម្រេច​ចិត្ត​របស់​អ័ដាម និង​អេវ៉ា​ជាមុនហើយ រួច​ទ្រង់​បាន​បញ្ជូន​ទេវតា​មក​ពី​ស្ថាន​សួគ៌ ​ហើយ​ប្រកាស​ដល់​ពួកគេ—ហើយ​រហូត​មក​ដល់​ជំនាន់​យើង—ការ​ធ្លាក់​ចុះ​នេះ ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​សុភមង្គល​ដ៏​អស់​កល្ប​របស់​យើង ។ វា​គឺ​ជា​ចំណែក​នៃផែនការ​ដ៏​ទេវភាព​របស់ទ្រង់ ដែល​មាន​ព្រះអង្គសង្គ្រោះ ជា​ព្រះរាជបុត្រា​នៃ​ព្រះផ្ទាល់— ដែល​ជា « អ័ដាម » ម្នាក់ទៀត ដែល​សាវក​ប៉ុលនឹង​ហៅ​ទ្រង់—ដែល​នឹង​យាង​មក​នៅ​ក្នុង​ពេល​ដ៏​ត្រឹមត្រូវ ដើម្បី​ធ្វើដង្វាយ​ធួន​សម្រាប់​ការ​រំលង​របស់​អ័ដាម​ទីមួយ ។ ដង្វាយធួន​នោះ នឹង​យក​ឈ្នះ​លើ​សេច​ក្ដី​ស្លាប់​ខាង​រូបកាយ និង​ប្រទាន​ការ​រស់​ឡើង​វិញ​ដល់​មនុស្ស​ដែល​បាន​កើត ឬ​នឹង​​កើត​មក​លើ​ផែន​ដី​នេះ​ដោយ​គ្មាន​លក្ខខណ្ឌ ។ ដោយសេច​ក្ដី​មេត្តា​ករុណា ដង្វាយធួន​ក៏​ប្រទាន​នូវ​ការ​អភ័យ​ទោស​សម្រាប់​អំពើ​បាប​ផ្ទាល់​ខ្លួន​របស់​យើង​គ្រប់​គ្នា តាំង​ពី​ការ​ធ្លាក់​របស់​អ័ដាម​ដល់ទីបញ្ចប់​នៃ​ពិភព​លោក ក្រោម​លក្ខខណ្ឌ​នៃ​​ការ​ប្រែចិត្ត និង​ការ​គោរព​តាម​ព្រះបញ្ញត្តិ​ដ៏​ទេវភាព​ទាំង​ឡាយ ។

ក្នុង​នាម​ជា​សាក្សី​ដែល​បាន​តែង​តាំង​ម្នាក់​របស់​ទ្រង់ ខ្ញុំ​សូម​ប្រកាស​នៅព្រឹកបុណ្យ​អ៊ីស្ទើរ​នេះ​ថា ព្រះយេស៊ូវ​នៃ​ណាសារ៉ែត គឺជា ហើយ​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក « អ័ដាម​ចុង​ក្រោយ » ជា​អ្នក​និពន្ធ និង​អ្នក​បញ្ចប់​សេចក្ដីជំនឿ​របស់​យើង ជា​អាល់ផា និង​អូមេកា នៃជីវិត​ដ៏អស់កល្បជានិច្ច ។ « ព្រោះ​ដូចជា​គ្រប់​មនុស្ស​ទាំងអស់​បាន​ត្រូវ​ស្លាប់ ក្នុងលោកអ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ប៉ុល​បាន​ប្រកាស​យ៉ាង​ដូច្នោះ ។ ហើយ​ព្យាការី និង​អយ្យកោ​ លីហៃ ​បាន​មាន​ប្រសាសន៍​ថា ៖ « អ័ដាម​ធ្លាក់​ខ្លួន​ដើម្បី​ឲ្យ​មាន​មនុស្ស​លោក  … ហើយ​ព្រះ​មែស៊ី​នឹង​យាង​មក នៅ​កាល​ដ៏​ពេញ​កំណត់ ដើម្បី​ទ្រង់​អាច​ប្រោស​លោះ​កូនចៅ​មនុស្ស​ឲ្យ​រួច​ពីការ​ធ្លាក់ » ។ ក្នុង​ចំណោម​ព្យាការី​ទាំង​អស់​ក្នុង​ព្រះគម្ពីរ​មរមន យ៉ាកុប​បាន​បង្រៀន​នៅ​ក្នុង​​ទេសនកថា​ទាំង​ពីរ​ថ្ងៃ​ អំ​ពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ថា « ដំណើរ​រស់​ឡើង​វិញ​ក៏​ត្រូវ … មាន​ដល់ … មនុស្សលោក​ដោយ​ព្រោះ​ការ​ធ្លាក់ » ។

ដូច្នេះ នៅ​ថ្ងៃ​នេះ​យើង​សាទរ​ចំពោះអំណោយ​ទាន​នៃ​ជ័យ​ជំនះ​លើ​គ្រប់​ការ​ធ្លាក់​ចុះ​ដែល​យើង​ធ្លាប់​បាន​ជួប​ប្រទះ ទុក្ខសោក​ទាំងពួង​ដែល​យើង​ធ្លាប់​ស្គាល់ ការបាក់​ទឹកចិត្ត​ទាំង​អម្បាលម្មាន​ដែលយើង​ធ្លាប់​មាន ការភ័យខ្លាច​ទាំង​ប៉ុន្មាន​ដែល​យើង​ធ្លាប់​បាន​ជួប—យើង​ក៏​សាទរ​ចំពោះ​អំណោយ​ទាន​នៃ​ការ​រស់ឡើង​វិញ​ពីសេចក្ដី​ស្លាប់ និង​ការ​អភ័យទោស​ពី​អំពើ​បាប​របស់​យើង​ដែរ ។ ជ័យ​ជំនះ​នេះ​កើត​មាន​ចំពោះ​យើង ដោយសារ​ព្រឹត្តិការណ៍​​ដែល​បាន​កើតឡើង​នៅ​សប្ដាហ៍​ដូច​គ្នា​នេះ​ ជិត​ពីរ​សហវត្សរ៍​មក​ហើយ ​ក្នុង​ក្រុង​យេរ៉ូសាឡិម ។

ការ​ចាប់​ផ្ដើម​នៃ​ការ​ឈឺចាប់​ខាង​វិញ្ញាណ​ក្នុង​សួនច្បារ​គែតសេម៉ានី ឈាន​ទៅ​ការ​ឆ្កាង​នៅ​លើ​ឈើ​ឆ្កាង​នៅ​កាល់វ៉ារី ហើយ​បញ្ចប់នៅ​​ត្រឹម​ព្រលឹម​ថ្ងៃ​អាទិត្យ​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ផ្នូរ ជា​អង្គ​ដែល​គ្មាន​បាប បរិសុទ្ធ និង​ជា​អង្គ​ដ៏​ពិសិដ្ឋ ជា​បុត្រា​បង្កើត​របស់​ព្រះ ទ្រង់​បាន​ធ្វើ​អ្វី​ដែល​គ្មាន​មនុស្ស​ឯណា​ ដែល​បាន​ស្លាប់​ទៅ​ ធ្លាប់​បាន​ធ្វើ​ឬ​អាច​ធ្វើ​​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក ។ នៅក្រោម​ព្រះចេស្ដា​របស់​ទ្រង់​ផ្ទាល់ ទ្រង់​បាន​រស់​ពី​សេចក្ដី​ស្លាប់ រូបកាយ​ទ្រង់​ពុំ​បំបែក​ពី​វិញ្ញាណ​របស់ទ្រង់​ម្ដងទៀត​ឡើយ ។ តាម​ព្រះទ័យ​ទ្រង់ ទ្រង់​បាន​ស្រាយ​សំពត់ស្នប​ដែល​ប្រើ​សម្រាប់​រុំ​ព្រះសព​ទ្រង់​ចេញ ហើយ​បាន​បត់​កន្សែង​ដែល​គ្រប​ព្រះភ័ក្រ​ទ្រង់​យ៉ាង​ស្អាត​ដាក់ « នៅ​ទីកន្លែង​ដោយ​ខ្លួនវិញ »១០ ព្រះគម្ពីរ​បាន​ចែង​ដូច្នោះ ។

ដំណើររតៗ​មក​​នៃ​បុណ្យ​អ៊ីស្ទើរ​ដំបូង​នៃ​ដង្វាយធួន និង​ការ​រស់ឡើងវិញ​នោះ​ បង្កើត​ជាគ្រា​ដ៏​​សំខាន់បំផុត ជាអំណោយទាន​ដ៏សប្បុរស​បំផុត ឈឺចាប់​បំផុត និង​ដែលបង្ហាញពី​ក្ដីស្រឡាញ់​ដ៏បរិសុទ្ធ​បំផុត តាម​ដែលធ្លាប់​បង្ហាញ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ ។ ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​សំណប់​តែ​មួយគត់​របស់ព្រះ បាន​រង​ទុក្ខ សុគត ហើយ​បាន​រស់ឡើងវិញ​ពីស្លាប់ ដើម្បី​ទ្រង់​អាច​ចាប់​យើង​បាន​ពេល​យើង​ធ្លាក់ ឱប​យើង​នៅ​នឹង​ព្រះទ័យទ្រង់ ហើយ​ ដូចជា​ផ្លេក​បន្ទោរ​នៅក្នុង​ព្យុះ​រដូវ​ក្ដៅ តាមរយៈ​ការ​គោរពប្រតិបត្តិ​របស់​យើង​ចំពោះ​បទបញ្ញត្តិ​ទ្រង់ នោះ​យើង​ត្រូវ​លើក​ឡើង​ទៅ​ជីវិត​ដ៏អស់កល្បជានិច្ច ។

ក្នុង​បុណ្យអ៊ីស្ទើរ​នេះ ខ្ញុំអរគុណ​ទ្រង់​ និង​ព្រះបិតា ដែលប្រទាន​ទ្រង់​ដល់​យើង​ទាំងអស់គ្នា ដែល​ព្រះយេស៊ូវ​នៅតែ​គង់​ជា​ជ័យ​ជំនះ​ឈ្នះលើ​សេចក្ដីស្លាប់ ទោះ​បីជា​ទ្រង់​គង់​ដោយ​ព្រះបាទា​មាន​ស្នាម​របួស​ក្ដី ។ បុណ្យអ៊ីស្ទើរ​នេះ ខ្ញុំ​អរគុណ​ទ្រង់ និង​ព្រះបិតា ដែល​ប្រទាន​ទ្រង់​ដល់​យើង​ទាំងអស់គ្នា ដែល​ទ្រង់​នៅបន្ដ​លាត​សន្ធឹង​នូវ​ព្រះគុណ​ដែល​ពុំ​មានទីបញ្ចប់ ​ទ្រង់​បាន​លាត​ព្រះហស្ថ​ដោយ​មាន​ស្នាម​ដែកគោលចាក់​ទម្លុះ​បាត​ព្រះហស្ថ​ និង​កព្រះហស្ថទ្រង់ ។ បុណ្យអ៊ីស្ទើរ​នេះ ខ្ញុំ​អរគុណ​ទ្រង់ និង​ព្រះបិតា​ ដែល​ប្រទាន​ទ្រង់​ដល់​យើង​ទាំងអស់គ្នា ដែល​យើងអាច​ច្រៀង​នៅ​ខាង​មុខ​​​សួនច្បារដែល​លោហិត​បានបង្ហូរ​ ឈើ​ឆ្កាងដែលដំ​ដែកគោល និង​ផ្នូរ​ទទេ​រដ៏​រុងរឿង​ ។

ឱ​វា​អស្ចារ្យណាស់ រុងរឿង​ណាស់ និង​ពេញលេញ​ណាស់

នោះ​រុងរឿង​សព្វ​គ្រប់​ហើយ​ណា

មាន​ទាំង​យុត្តិធម៌ ស្រឡាញ់ និងក្ដី​មេត្តា

ក្នុង​ភាព​សុខសាន្ត​អស្ចារ្យ !១១

នៅ​ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃព្រះអម្ចាស់​ ​ព្រះយេស៊ូវគ្រីស្ទ​ ដែល​បាន​រស់ឡើងវិញ អាម៉ែន ។