Skip to Content Skip to Navigation

ការ​ចូល​មក​ស្គាល់

រូសម៉ារី អិម វិក្សស៊ុម
ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ


រូសម៉ារី អិម វិក្សស៊ុម,  “ការ​ចូល​មក​ស្គាល់,”  May 2011

ការប្រជុំ​ពិសេស CES សម្រាប់​មជ្ឈិមវ័យ​វ័យក្មេង • ថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2011 • សាកលវិទ្យាល័យ រដ្ឋយូថាហ៍

ខ្ញុំ​មាន​សេចក្តី​អំណរ​ដែល​បាន​មក​​សាកលវិទ្យាល័យ រដ្ឋយូថាហ៍ ក្នុង​ទីក្រុង ​ លូហ្គែន នេះ ។ ពេល​ដែល​ស្វាមី​ខ្ញុំ ជែក និង​ខ្ញុំ បាន​បើកឡាន​កាត់​ជ្រលង សាឌីន មក​ក្នុង​ជ្រលង​នេះ នៅ​យប់​នេះ ដោយ​ហេតុ​ណា​មួយ​នោះ ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​កំពុង​តែ​ត្រឡប់​មក​ផ្ទះ​វិញ​អញ្ចឹង ។ សូម​ឲ្យ​ខ្ញុំ​ប្រាប់​ថា​ហេតុ​អ្វី ។

នេះ​ជា​កន្លែង​ដែល​ខ្ញុំ​បាន​ចាប់​ផ្តើម​ស្គាល់​ខ្លួន​ឯង

ច្រើន​ឆ្នាំ​មក​ហើយ នៅ​ថ្ងៃ​មួយ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ដ៏​ស្រស់​ស្អាត កាល​ដែល​យើង​បាន​ដាក់​ឥវ៉ាន់​ចូល​ក្នុង​ឡាន​គ្រួសារ​យើង ។ អ្នក​ដឹង​ទេ ខ្ញុំ​បាន​ទៅ​សកលវិទ្យាល័យ​ជាមួយ​ប្អូន​ស្រី​ភ្លោះរបស់​ខ្ញុំ ហើយ​ម៉ាក់​យើង​​បើក​ឡាន​ជូន​យើង​ទៅ លូហ្គែន ដើម្បី​យើង​អាច​ចូល​រៀន​នៅ​សាកលវិទ្យាល័យ រដ្ឋយូថាហ៍​នេះ ។ យើង​បាន​ឃើញ​រូបភាព​នៃ​បរិវេណ​សាលា​ដ៏​ស្រស់​ស្អាត​នេះ ។ ហើយ​ក្នុង​រូបភាព​ខ្លះ ដើម​ឈើ​ដុះ​ដូច​ជា​មុម​អញ្ចឹង ដូចនេះ ។ គេ​ប្រាប់​យើង​ថា ពុំ​មាន​ខ្យល់​បក់​នៅ លូហ្គែន ទេ ដើមឈើ​វា​ដុះ​បែបនោះ​តែ​ម្តង ។ ទោះយ៉ាងណា យើង​​រំភើប​ចិត្ត ។ យើង​បាន​ដាក់​​សំលៀក​បំពាក់​គ្រប់​កំផ្លេ ស្បែកជើង​គ្រប់​គូ​របស់​យើង ព្រម​ទាំង​អាហារ​ដើម្បី​ស្តុក​ទុក​ក្នុង​ទូ ក្នុង​ឡាន​នោះ ។ យើង​ស្ទើរ​តែ​មិន​អាច​មើល​មក​ខាង​ក្រៅ​តាម​បង្អួច​ឡាន​បាន​នោះ​ទេ ។ ពេល​យើង​បើក​ឡាន​ចូល​ក្នុង​ជ្រលង​នេះ ខ្ញុំ​រំភើប​ចិត្ត​ណាស់ ។ ខ្ញុំ​ស្ទើរ​តែ​មិន​អាច​រង់ចាំ​បាន​ចំពោះ​ការ​ផ្សង​ព្រេង​ក្នុង​ពេល​ខាង​មុខ​នោះ​ទេ ។

ក្នុង​បរិវេណ​សាលា យើង​អាច​ទទួល​អារម្មណ៍​នៃ​ក្តី​រំភើប​នៅ​ក្នុង​អាកាស កាល​ដែល​និស្សិត​ទាំង​ឡាយ​កំពុង​យក​ឥវ៉ាន់​ចេញ​ពី​ឡាន ជញ្ជូន​ដាក់​ក្នុង​បន្ទប់​ពួក​គេ ។ ចំពោះ​ខ្ញុំ និង​ប្អូន​ស្រី វា​ជា​លើក​ទី​មួយ​ហើយ ដែល​យើង​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ ហើយ​មាន​អារម្មណ៍​ថាកាន់តែ​មាន​សិទ្ធិ​អំណាច កាល​ដែល​យើង​ភ្ជួរ​ខោអាវ​ក្នុង​ទូ និង​រៀប​បន្ទប់​យើង ។ យើង​មាន​ផ្ទាំង​រូបភាព​ពីរ​លើ​ជញ្ជាំង ។ រូបភាពមួយ​សរសេរ​ថា « ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ »  ( សុភាសិត 3:5 ) ។ បងប្រុស​យើង​បាន​ឲ្យ​យើងនូវ​រូបភាព​មួយ​ទៀត ។ វា​សរសេរ​ថា « បបូរមាត់​ដែល​ប៉ះ​ស្រា នឹង​មិន​ដែល​ប៉ះ​បបូរមាត់​ខ្ញុំ​ឡើយ » ។

ពេល​យើង​យក​ឥវ៉ាន់​ចេញ​អស់​ពី​ឡាន​ហើយ យើង​បាន​ឈរ​លើ​ផ្លូវ​​ពី​មុខ​សាល មឿន នៅ​ទី​នេះ ដោយ​កាន់​របស់​ពីរបី​ចុង​ក្រោយ​ដែល​យក​ពី​កៅអី​ខាង​ក្រោយ ។ នៅ​ទី​នោះ យើង​បាន​រាដៃ​លា​ម៉ាក់​របស់​យើង ដោយ​កាន់​ក្រឡ​ផ្លែ​ប៉េស​ក្នុង​ដៃ​យើង ។ បន្ទាប់​មក ពេល​ដែល​ម៉ាក់​បើក​ឡាន​ចេញ​ទៅ នោះ​ការ​ពិត​បាន​ស្ដែង​ឡើង ។ យើង​បាន​បែរ​រក​គ្នា ហើយ​និយាយ​ដោយ​មាន​ទឹក​ភ្នែក​ជោគ​ថ្ពាល់​ថា « តើ​យើង​បាន​ធ្វើ​អ្វី ? យើង​កំពុង​គិត​អ្វី ? វា​អាច​ទៅ​ជា​យ៉ាង​នេះ​ដូច​ម្តេច​ទៅ អ្វី​ដែល​យើង​គិត​ថា​គួរ​ឲ្យ​ចង់​សាក​ល្បង​នោះ ប្រែក្លាយ​ជា​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច និង​តក់​ស្លុត​ទៅ​វិញ ? » ខ្ញុំ​ដឹង​តិច​ណាស់​ថា ក្នុង​ថ្ងៃ និង​ឆ្នាំ​ទាំង​ឡាយខាង​មុខ ក្នុង​បរិវេណ​សាលា​នេះ ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ទាំង​ឡាយ ដែល​នឹង​កំណត់​ពេល​ដែល​នៅ​សល់​នៃ​ជីវិត​ខ្ញុំ ។ ទី​នេះ​ហើយ​ដែល​ខ្ញុំ​បាន​រកឃើញ​នូវ​ជំនឿ​ផ្ទាល់​ខ្លួន​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ប្រឈម​មុខ​នឹង​ការ​ការ​ពារ​សេចក្តី​ជំនឿ​របស់ខ្ញុំ ។ ខ្ញុំ​បាន​បង្កើត​មិត្ត​​អស់​មួយ​ជីវិត​ខ្ញុំ ។ ការ​អធិស្ឋាន​របស់​ខ្ញុំ​កាន់​តែ​មាន​ភាព​ស្មោះត្រង់ ។ ទីបន្ទាល់​ខ្ញុំ​ចាប់​ផ្តើម​លូត​លាស់ ។ ខ្ញុំ​បាន​រៀន​ថា វា​ជា​ជម្រើស​ផ្ទាល់​ខ្លួន ក្នុង​ការ​ឈរ​ឡើង​សម្រាប់​បទដ្ឋាន​របស់​ខ្ញុំ និង​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​លូត​លាស់​ឡើង ខាង​ការ​អប់រំ និង​ខាង​វិញ្ញាណ ។

តើ​ខ្ញុំ​ជា​នរណ​ឲ្យ​ពិត​ប្រាកដ ? ក្នុង​ឆ្នាំ​ទាំង​នោះ ពេល​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា​បរាជ័យ—ហើយ​យូរៗ​ម្ដង ខ្ញុំ​បាន​ភ្លក់​នូវ​ក្តី​សង្ឈឹម និង​ជោគជ័យ ។ វា​ជា​ដំណើរ​ចាកចេញពី​ការ​នឹក​ផ្ទះ—អូ វា​ជា​ការ​នឹក​ផ្ទះ​ដ៏​ទារុណ​មួយ—​ទៅ​កាន់​ភាព​ឯករាជ្យ​ដ៏​រីក​រាយ​មួយ ។ ខ្ញុំ​ដូច​ជា អាំម៉ូន និង​បងប្អូន​គាត់ ក្នុង​ព្រះគម្ពីរ​មរមន ដែល​ទទួល​បទពិសោធន៍​នៃ « ការរងទុក្ខ…ការទុក្ខសោក និង…សេចក្តី​អំណរ​ដែល​មិន​អាច​ថ្លែង​អស់​បាន » ( អាលម៉ា 28:8 ) ក្នុង​ពេល​តែ​មួយ ។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​ចាក​ចេញ​ពី​ផ្ទះ​ដ៏​សុខ​ស្រួល​របស់​ខ្ញុំ ដើម្បី​រីក​ចម្រើន និង​រៀន​មេរៀន​ជីវិត​ទាំង​នេះ ។ គ្មាន​ការ​សង្ស័យ​ទេ​ថា ជ្រលង ខាសឆ៍ គឺ​សាកលវិទ្យាល័យ​នេះ បរិវេណ​សាលា​នេះ គឺ​ស្រស់​ស្អាត​ណាស់​សម្រាប់​ខ្ញុំ ។ ត្បិត នៅ​ទី​នេះ​ហើយ ដែល​ខ្ញុំ​ចាប់​ផ្តើម​ស្គាល់​ខ្លួន​ឯង ហើយ​ក្នុង​ដំណើរ​ការ​នៃ​ការ​ស្គាល់​ខ្លួន​ឯង​នេះ ខ្ញុំ​បាន​ចាប់​ផ្តើម​ស្គាល់​ព្រះអង្គសង្គ្រោះ​ផង​ដែរ ។ ក្នុង​ជីវិត​អ្នក តើ​អ្វី​ដែល​អ្នក​ដឹង និង​នៅ​កន្លែង​ណា​ដែល​អ្នក​រៀន​វា ?

វាគឺ​អំពី « ការ​ចូលមក​ស្គាល់ » ដែល​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​នៅ​រាត្រី​នេះ ។

ចូរ​ស្វែង​រក​កន្លែង​មួយ​ដែល​អ្នក​អាច​ចូល​មក​ស្គាល់​ដោយ​ខ្លួន​អ្នក​ផ្ទាល់

ពេល​យើង​បាន​ចាក​ចេញ​ពី​វត្តមាន​នៃ​ព្រះវរបិតាសួគ៌ និង​ពី​ផ្ទះ​ដ៏​សុខ​ស្រួល​របស់​យើង​នៅ​ជីវិត​មុន​ផែន​ដី​ មក​កាន់​ផែន​ដី​នេះ យើង​បាន​មក​ដោយ​ការ​រៀប​ចំ​ជា​ស្រេច ដើម្បី​រៀន និង​ទទួល​ការ​សាក​ល្បង ។ ឥឡូវ​នេះ នៅ​លើ​ផែនដី​នេះ យើង​អាច​ឃើញ​ខ្លួនឯង​និយាយ​ថា « តើ​ខ្ញុំ​បាន​ធ្វើ​អ្វី ? » យើង​ នៅទី​នេះ កំពុង​ដើរ​លើ​ផ្លូវមួយ​។ យើង​កំពុង​រស់​នៅ​តាម​ផែនការ​នៃ​ព្រះវរបិតាសួគ៌​យើង—ផែនការ​សង្គ្រោះ ភាព​ដ៏​ពេញ​លេញ​នៃ​ដំណឹង​ល្អ​នេះ ។ ហើយ​វា​ជាផែនការ​នៃ​សុភមង្គល ! យ៉ូសែប ស្មីធ បាន​មាន​ប្រសាសន៍​ថា ផែនការ​សង្គ្រោះ​គឺ​ជា « អំណោយល្អបំផុត​មួយ​នៃ​ស្ថាន​សួគ៌ ដល់​មនុស្ស​លោក » ។1

បទពិសោធន៍​នៃ​ភាព​រមែង​ស្លាប់​នេះ ដែល​យើង​ធ្លាប់​គិត​ថា គួរ​ឲ្យ​ចង់​សាកល្បង អាច​ក្លាយ​ជា​គួរ​ឲ្យ​ភ័យ​ខ្លាច និង​តក់​ស្លុត ពេល​ខ្លះ—ហើយ​ពិត​ជា​លំបាក ! អារក្ស​រារាំង​យើង​ពី​ការ​ចង​ចាំ​ពី​អ្វី​ដែល​យើង​ធ្លាប់​ដឹង ។ ឥឡូវ​​យើង​ដើរ​ដោយ​ជំនឿ តែយើង​ដើរ​ដោយ​ការ​ចេះដឹង​ថា យើង​អាច​ចូល​មក​ស្គាល់​នូវ​អ្វី​ដែល​យើង​ធ្លាប់​ស្គាល់​ពី​មុន ។ ព្រះវរបិតាសួគ៌​យើង​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ។ យើង​ត្រូវ​បាន​បង្កើត​មក មិន​គ្រាន់​តែ​ជាមួយ​នឹង​គោលបំណង​នៃ​ការ​ត្រឡប់​ទៅ​កាន់​ទ្រង់វិញ​ប៉ុណ្ណោះ​ទេ តែ​តាម​ពិត​ទៅ​គឺ​ក្លាយ​ដូច​ជា​ទ្រង់ ។ ឥឡូវ យើង​កំពុង​រៀន​ម្តង​ទៀត ថា​តើ​យើង​ស្គាល់​ទ្រង់​ច្បាស់​ប៉ុណ្ណា ។ ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍​ថា « អ្នក​ស្គាល់​គ្នា​ច្បាស់​ណាស់ ជាមួយ​នឹង​​ព្រះ​ជា​ព្រះវរបិតា​សួគ៌​យើង…ត្បិត​គ្មាន​ព្រលឹង​ណាមួយ ដែល​ថា​មិន​បាន​រស់​នៅ​ក្នុង​ដំណាក់​ទ្រង់ ជាមួយ​ទ្រង់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នោះ​ទេ [ ក្នុង​ជីវិត​មុន​ផែនដី ] ហើយ​ឥឡូវ អ្នក [ លើផែនដី​នេះ ] ព្យាយាម​ដើម្បី​ស្គាល់​ទ្រង់ ដែល​តាមពិត​ទៅ អ្នក​គ្រាន់​តែ​ភ្លេច​ទ្រង់​នូវ​អ្វី​ដែល​អ្នក​បាន​ស្គាល់​ហើយ​ប៉ុណ្ណោះ » ។2

យើង​បាន​ស្គាល់​ទ្រង់​ពេល​នោះ តែ​មាន​តែ​តាម​ការ​ខិត​ខំ​របស់​យើង​ប៉ុណ្ណោះ ដែល​យើង​នឹង​ចូល​មក​ស្គាល់​ទ្រង់​នៅ​ទី​នេះ ។ យើង​មិន​ឯកោ​ទេ ក្នុង​ដំណើរ​ស្វែង​រក​របស់​យើង ត្បិត​ទ្រង់​មាន​បន្ទូល​ថា « យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ… ដើម្បី​ទ្រ​អ្នក​ឡើង » ( គ និង ​ស 84:88 ) ។

អាលម៉ា បាន​ចូល​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ ហើយ​បន្ទាប់​មក​បាន​បង្រៀន​ប្រជាជន​នៅ​ទឹក​មរមន ។ គាត់​បាន​ប្រកាស​ប្រាប់ « ពួក​គេ​អំពី​ការ​ប្រែ​ចិត្ត និង​សេចក្តី​ប្រោសលោះ និង​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះអម្ចាស់ » ( ម៉ូសាយ 18:7 ) ។ នៅ​ទី​នោះ​ហើយ ដែល​ប្រជាជន​បាន​ចូល​ក្នុង​សេចក្តី​សញ្ញា​នៃ​បុណ្យ​ជ្រមុជ​ទឹក ដើម្បី « ឈរ​ជា [ សាក្សីម្នាក់ ] ​ដល់​ព្រះ នៅ​គ្រប់​ពេល និង​គ្រប់​សេចក្តី និង​គ្រប់​ទី​កន្លែង…ដើម្បី​ឲ្យ [ ពួកគេ ] អាច​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( ម៉ូសាយ 18:9 ) ។ ពួក​គេ​បាន​លូតលាស់​ក្នុង​ជំនឿ ពួក​គេ​បាន​រៀន​ប្រតិបត្តិ​ថ្ងៃ​សីល ពួក​គេ​បាន​រៀន​ធ្វើ​ការ​ដោយ​ដៃ​ផ្ទាល់​សម្រាប់​ផ្គត់​ផ្គង់​ខ្លួន​គេ « ហើយ​ពួក​គេ​បាន​ដើរ​ដោយ​ត្រង់​នៅ​ចំពោះ​ព្រះ គឺ​បាន​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ » ( ម៉ូសាយ 18:29; សូមមើល​ខ 20–29 ) ។

ឥឡូវ​យើង​អាន​ថា ៖ « ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ការណ៍​ទាំង​អស់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​មរមន មែន​ហើយ នៅក្បែរ​ទឹក​មរមន គឺ​នៅ​ក្នុង​ព្រៃ​ក្បែរ​ទឹក​មរមន មែន​ហើយ [ ឱ ] ទី​កន្លែង​មរមន ទឹក​មរមន ព្រៃ​មរមន ម្តេច​ក៏​ល្អ​ដល់​ម្លះ​ហ្ន៎ ចំពោះ​ភ្នែក​នៃ​ពួក​អ្នក ដែល​បាន​ស្គាល់​ព្រះ​ដ៏​ប្រោសលោះ​របស់​ខ្លួន » ( ម៉ូសាយ 18:30 ) ។

ហេតុ​អ្វី​យើង​ត្រូវ​បាន​នាំ​ទៅ​ឯ​ទឹក​មរមន ដោយ​ឆ្លងកាត់​នូវ​ទេសភាព​ដែល​ព័ទ្ធ​ជុំ​វិញ​នោះ នៅក្នុង​បទគម្ពីរនេះ ? តើ​ការ​ពិពណ៌នា​នេះ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កន្លែង​នោះ—គឺ​ទឹក​មរមន ? ប្រហែល​យើង​គួរ​តែ​ពិចារណា​ពី​ទេសភាព​ជុំ​វិញ​ខ្លួន​យើង និង​តួនាទី​អ្វី​ដែល​វាមាន ក្នុង​ដំណើរ​ស្វែង​រក​របស់​យើង ដើម្បី​ចូល​មក​កាន់​ការចេះ​ដឹង​អំពី​ព្រះអង្គ​ប្រោសលោះ​យើង ។

ឥឡូវ​ដល់​ពេល​ហើយ ។ បើអ្នក​មិន​ទាន់​បាន​ធ្វើ​ដូច្នោះ​ទេ នេះ​គឺ​ជា​ពេល​ដើម្បី​រក​មើល​កន្លែង ដែល​អ្នក​អាច​ចូល​មក​កាន់​ការ​ចេះដឹង​អំពី​ព្រះអង្គ​ប្រោសលោះ​អ្នក ។ តើ​ទឹក​មរមន​របស់​អ្នក​នៅ​កន្លែងណា ? តើ​កន្លែង​នោះ​ស្អាត​យ៉ាង​ណា​ដល់​ភ្នែក​អ្នក ?

ដើម្បី​រក​កន្លែង​ស្រស់​ស្អាត​នោះ​ឃើញ អ្នក​អាច​ចង់​សួរ​ខ្លួន​ឯង​នូវ​សំណួរ​បួន​នេះ ។

1. ចូល​មក​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ​

សំណួរ​លេខ 1 ៖ តើ​ខ្ញុំ​នឹង ចូល​មក​ស្គាល់ ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ?

យុវជន​ម្នាក់​បាន​មាន​បទពិសោធន៍​ពេល​គេ​នៅ​ជា​កុមារ​ម្នាក់ ជា​ក្មេង​តូច​ណាស់ ក្រោម​អាយុ​បី​ឆ្នាំ​ទៅ​ទៀត ។ គេ​ត្រូវ​បាន​យក​មក​ចិញ្ចឹម​ដោយ​គ្រួសារ​មួយ​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បិរសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ បរិយាកាស​​បាន​ផ្លាស់​ប្តូរ​យ៉ាង​សម្បើម ។ គេ​ត្រូវ​បាន​យក​មក​ចិញ្ចឹម ហើយ​បាន​ចាក​ចេញ​ពី​ផ្ទះ​នៅ​អ៊ឺរ៉ុប​ខាង​កើត ហើយ​បាន​មក​រស់​នៅ​សហរដ្ឋ​ប៉ែក​ខាង​កើត—​ជាមួយ​គ្រួសារ​ថ្មី ភាសា​ថ្មី និង​អារម្មណ៍​ថ្មី ។ នៅ​ថ្ងៃ​អាទិត្យ គ្រួសារ​ថ្មី​របស់​គេ​នឹង​នាំ​គេ​ទៅ​ថ្នាក់​ទារកដ្ឋាន ។ វា​នៅ​ក្នុង​ព្រះវិហារ តាម​ច្រក​ដើរ ក្នុង​បន្ទប់​ថ្នាក់​ទារកដ្ឋាន​នោះ ពេល​ដែល​គេ​បាន​មានអារម្មណ៍—ពេល​ដែល​គេ​បាន​ចូល​មក​ស្គាល់​ភាពសុខសាន្ត និង​ក្តី​ស្រឡាញ់​ដែល​គេ​មិន​ដែល​ធ្លាប់​ទទួល​ពី​មុន ។ វា​ជា​បទពិសោធន៍​ដំបូង​របស់​គេ​ពី​ការ​ស្គាល់​ព្រះវិញ្ញាណ ។ ឥឡូវ​នេះ ដោយ​ជា​យុវជន​ម្នាក់ ជួនកាល​គេ​ទៅ​កាន់​បន្ទប់​ថ្នាក់​ទារកដ្ឋាន​នោះ ដើម្បី​ឮ​សម្លេង និង​ឃើញទិដ្ឋភាព និង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ដែល​គេ​ធ្លាប់​បាន​ទទួល​នៅ​ទី​នោះ ។ ឱ ថ្នាក់​ទារក​ដ្ឋាន ម្តេច​ក៏​ល្អ​ដល់​ម្លេះ​ហ្ន៎ ដល់​ភ្នែក​នៃ​ក្មេង​នោះ ដែល​បាន​ចូល​មក​ដល់​ការ​ចេះ​ដឹង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅទី​នោះ ។

មរមន ប្រាប់​យើង​ថា « ដោយ​សារ​ការ​ស្លូតបូត និង​ចិត្ត​សុភាព​រាបសា ទើប​មាន​វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជា​ព្រះ​ដ៏​ជា​ជំនួយ ដែល​ពោរពេញ​ទៅ​ដោយ​សេចក្តី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ » ( មរ៉ូណៃ 8:26 ) ។

មរមន បាន​ពណ៌នា​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​ចង់​ពណ៌នា​ថា ៖ « អ្នក​នឹង​បាន​ទទួល​ព្រះវិញ្ញាណ​របស់​យើង គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​ព្រះ​ដ៏​ជា​ជំនួយ ដែល​នឹង​បង្រៀន​អ្នក​អំពី​ការណ៍​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ​សេចក្តី​សុខសាន្ត​នៃ​នគរ » ( គ និង ស 36:2 ) ។

ក្នុង​គម្ពីរ​អាលម៉ា យើង​រៀន​ពី​របៀប​ដែល​កូន​ប្រុស​ម៉ូសាយ បាន​ចូល​មក​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ គម្ពីរ​នោះ​ថា ៖

« គេ​បានព្យាយាម​ពិចារណា​មើល​បទគម្ពីរ ដើម្បី​ឲ្យ​គេ​អាច​ស្គាល់​ព្រះ​បន្ទូល​នៃ​ព្រះ ។

« ប៉ុន្តែ នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ ពួក​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ក្នុង​ការ​អធិស្ឋាន និង​ការ​តម​អាហារ » ( អាលម៉ា 17:2–3 ) ។

បន្ទាប់មក ពួក​គេ​បាន​ចេញ​ទៅ​បង្រៀន ។ ពួក​គេ​ជា​យុវជន​ធម្មតា ដែល​មាន​ភាព​ក្លាហាន​អស្ចារ្យ ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​បំណង​ប្រាថ្នា ដើម្បី​ស្គាល់​ព្រះបន្ទូល​នៃ​ព្រះ ។

អាំម៉ូន បាន​និយាយ​ថា « មួយភាគ​នៃ​ព្រះវិញ្ញាណនេះ​គង់​នៅ​ក្នុង​ទូល​បង្គំ ដែល​ប្រទាន​ដល់​ទូល​បង្គំ​នូវ​ដំរិះ និង​អំណាច​ផង ស្រប​តាម​សេចក្តី​ជំនឿ និង​បំណង​របស់​ទូល​បង្គំ​ដែល​នៅ​ក្នុង​ព្រះ » ( អាលម៉ា 18:35 ) ។

បិតា​ស្ដេច​ឡាម៉ូណៃ បាន​ទទួល​អារម្មណ៍​ព្រះវិញ្ញាណ តាម​ការ​បង្រៀន​របស់​អើរ៉ុន ហើយ​បាន​មាន​បន្ទូល​ថា « យើង​នឹង​បោះ​បង់… អ្វីៗ​ទាំង​អស់​ដែល​យើង​មាន មែន​ហើយ យើង​នឹង​ទម្លាក់​នគរ​យើង ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​សេចក្តី​អំណរ​ដ៏​ធំនេះ » ( អាលម៉ា 22:15 ) ។

ទាំង ឡាម៉ូណៃ និង​បិតា​ទ្រង់ បាន​ទទួល​អារម្មណ៍​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​ពួកទ្រង់​រៀន​ពី​ផែនការ​សង្គ្រោះ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​សព្វ​ថ្ងៃ​នេះ ដែល​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ បង្រៀន​សារដំណឹង​ដដែល​នោះ​ជុំ​វិញ​ពិភពលោក ។ ចំពោះ​អ្នក ដែល​បាន​បម្រើ​បេសកម្ម​ហើយ ៖ តើ​អ្នក​ចង​ចាំ​ពី​ការ​ទទួល​អារម្មណ៍​​​ព្រះវិញ្ញាណ ពេល​ដែល​អ្នក​ឈរ ហើយ​ថ្លែង​ទីបន្ទាល់​ពី​ភាពពោរពេញ​នៃ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ដែរ​ឬទេ ?

អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​និយាយ នៅ​តាម​ផ្លូវ​ទៅកាន់​ព្រលាន​យន្តហោះ ថា « ខ្ញុំ​ខ្លាច​ក្នុង​ការ​ត្រឡប់​ទៅ​ផ្ទះ ។ ចុះ​បើ​ខ្ញុំ​មិន​បាន​ទទួល​អារម្មណ៍​ព្រះវិញ្ញាណ​ខ្លាំង​ដូច​នេះ បន្ទាប់​ពី​បេសកម្ម​ខ្ញុំ ? »

ខ្ញុំ​បាន​ប្រាប់​នាង​ថា « ពេល​អ្នក​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ចូល​ក្នុង​ជីវិត​អ្នក ហើយ​រស់​នៅ​ដោយ​ស័ក្តិសម នោះ​ព្រះវិញ្ញាណ​នឹង​តែង​តែ​នៅ​ជាមួយ​អ្នក » ។

2. ចូល​មក​ស្គាល់​សេចក្តីពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន

សំណួរ​លេខ 2 ៖ តើ​ខ្ញុំ​នឹង ចូល​មក​ស្គាល់ ព្រះគម្ពីរ​មរមន​ថា​ពិត​ដោយ​របៀប​ណា ?

ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​នៅ BYU–Idaho ខែ មិថុនា ឆ្នាំ 2004 អែលឌើរ ខ្លេថុន អិម គ្រីស្ទីនសិន ជា​សាស្រ្តចារ្យ​សាលា​ពាណិជ្ចកម្ម Harvard បាន​ប្រាប់​ពី​ការ​សម្រេច​ចិត្ត​របស់​គាត់​ដើម្បី​រៀន​ថា​បើ​ព្រះគម្ពីរ​មរមន​ពិត​ឬ​ទេ ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សាពី​សាកលវិទ្យាល័យ BYU គាត់​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ Oxford នៅ​អង់គ្លេស ។ ពេលនោះ​ហើយ ដែល​គាត់​បាន​ចូល​មក​ដល់​ការ​សន្និដ្ឋាន​ថា « [គាត់] ​មិន​បាន​ដឹង​ទេ​ថា​ព្រះគម្ពីរ​មរមន​ពិត ។ [ គាត់ ] ​បាន​អាន​ព្រះគម្ពីរ​មរមន [ រហូត​ដល់ពេល​នោះ ] គឺ​ប្រាំពីរ​ដង​ក្នុង​ជីវិត [របស់​គាត់] គ្រប់​ពេល​នៃ​ការ​អាន​ទាំង​ប្រាំពីរ​ដង​នោះ [គាត់] បាន​អាន​ចប់ និង​បាន​លុត​ជង្គង់​អធិស្ឋាន ហើយ​សុំដល់​ព្រះ សុំ​ប្រាប់ [គាត់] បើ​វា​ពិត ហើយ [គាត់] មិន​បាន​ទទួល​ចម្លើយ​សោះ ។ ពេលដែល[គាត់]បានគិតឡើងវិញ [គាត់]បានដឹងថាហេតុអី្វបានជា[គាត់]មិនអាចទទួលបានចម្លើយ តាំងពីការអានទាំង​ប្រាំពីរ​ដងពីមុន ដែល  បាន​ ​ដាក់ឲ្យធ្វើ​ពី​ឪពុកម្តាយ ពី​គ្រូ​នៅ BYU ពី​ប្រធាន​បេសកម្ម ឬ​ពី​គ្រូ​ថ្នាក់​សិក្ខាសាលា ដោយសាតែគោលបំណង [របស់​គាត់]ពេលនោះ គឺ​ដើម្បីគ្រាន់តែ​អាន​ឲ្យ​ចប់​ប៉ុណ្ណោះ ។ តែ​ពេល​នេះ [គាត់] ពិត​ជា​ត្រូវ​ការ​ដឹង​ដោយ [ខ្លួន​គាត់] ថា​បើ​ព្រះគម្ពីរ​មរមន​ពិតឬអត់ ។ រហូត​ដល់​ចំណុច​នោះ​ក្នុង​ជីវិត [របស់​គាត់] [គាត់] បាន​គាំទ្រ​ខ្លួនឯង​លើ​ជំនឿ​នៃ​គោលលទ្ធិ​សាសនាចក្រ ហើយ​នៅ​ក្នុង​ការ​ទុកចិត្ត​ឪពុក​ម្ដាយ [គាត់] ព្រោះ [គាត់] បាន​ដឹង​ថា​ពួក​គាត់​បានដឹង​ថា​វា​ពិត ហើយ [គាត់] ទុក​ចិត្តឪពុក​ម្ដាយ [គាត់] ។ តែ​ទី​បំផុត ពេល [គាត់] បាន​មក​ដល់ Oxford ជា​លើក​ទី​មួយ​នៅ​ក្នុង​ជីវិត [គាត់] ពិត​ជា​ត្រូវ​ការ​ដឹង​ថា​វា​ពិត » ។

Oxford គឺ​ជា​សាកលវិទ្យាល័យ​មួយ​ក្នុង​ចំណោម​សាកលវិទ្យាល័យ​ដែល​ចាស់​ជាង​គេ​ក្នុង​ពិភពលោក ។ គាត់​បាន​រស់​នៅ​ក្នុង​អគារ​មួយ​​ដែល​បាន​សង់​ឡើង​ក្នុង​ឆ្នាំ 1410 ។ គាត់​បាន​មាន​ប្រសាសន៍ថា « វា​មើល​ទៅ​ស្អាត​ណាស់ [តែ] ពិបាក​នឹង​រស់​នៅ ។ វាគ្រាន់​តែ​មាន​ [កន្លែង​] តូច​មួយ​ដែល​គេ​បាន​ចោះ [ជាប្រហោងមួយ] នៅជញ្ជាំង​ថ្ម ហើយ​បញ្ចូល [ម៉ាស៊ីន​កំដៅ] ទៅ ។ [គាត់] បានសម្រេច​ចិត្តថា [គាត់] នឹងតាំង​ចិត្ត​អាន​ព្រះគម្ពីរ​មរមន​រៀង​រាល់​យប់​ពី​ម៉ោង 11 ដល់​ម៉ោង 12 [យប់] ដើម្បី​ឲ្យដឹង​ថា​បើ​វា​ពិត » ។ [គាត់] បាន​និយាយ​ថា គាត់ « បាន​ឆ្ងល់​ថា​បើ [គាត់] ហ៊ាន​ចំណាយ​ពេល​ច្រើន​បែប​នោះ ព្រោះ [គាត់] ស្ថិតនៅ​ក្នុង​កម្មវិធី​មួយ​ដែល​តម្រូវ​ឲ្យ​សិក្សា​ច្រើន​ណាស់ ត្រូវ​សិក្សាគណិតវិទ្យា​ដែល​អនុវត្ត​សម្រាប់​សេដ្ឋកិច្ច ហើយ [គាត់] ត្រូវ​ព្យាយាម​បញ្ចប់វា​ក្នុង​ពេល​ពីរ​ឆ្នាំ ចំណែក​អ្នក​ផ្សេង​ត្រូវ​បញ្ចប់​ក្នុង​ពេល​បី​ឆ្នាំ ហើយ [គាត់] មិន​ដឹង​ថា​បើ​គាត់​អាច​ចំណាយ​ពេល​មួយ​ម៉ោង​រាល់​ថ្ងៃ​ដល់​ការ​អាន​នោះបានឬអត់ ។ តែ [គាត់] បាន​ធ្វើ » ។ គាត់ « បាន​ចាប់ ផ្តើម​នៅ​ម៉ោង 11:00 ដោយ​ការ​លុត​ជង្គង់​អធិស្ឋាន ក្បែរ​កៅអី ជិត​ម៉ាស៊ីន​កំដៅ​នោះ ហើយ​[អធិស្ឋាន] ដោយ​ឮៗ ។ [គាត់] បាន​ទូល​ព្រះ ថាតើ [គាត់] ប្រកដ​ប្រជា​យ៉ាង​ណា​ក្នុង​ការ​ចង់​ដឹង​ថា​ព្រះគម្ពីរ​នេះ​ពិត​ទេ ហើយ [គាត់] បាន​ទូល​ទ្រង់​ថា បើ​ទ្រង់​នឹង​បើក​សម្ដែង​ដល់ [គាត់] ថា​វាពិត នោះ [គាត់] មាន​បំណង​ប្រគល់​ជីវិត [គាត់] ក្នុង​ការ​កសាង​នគរ​របស់​ទ្រង់ ។ ហើយ [គាត់ បាន​ទូល​ព្រះអម្ចាស់] បើ​វា​មិន​ពិត នោះ [គាត់] ក៏​ត្រូវ​ការ​ដឹង​វា​យ៉ាង​ប្រាកដ​ដែរ ព្រោះ [គាត់] នឹង​ប្រគល់​ជីវិត [គាត់] ក្នុង​ការ​ស្វែង​រក​​អ្វី​ដែល​ពិត ។ បន្ទាប់​មក [គាត់] អង្គុយ​លើ​កៅអី ហើយ… អាន​ទំព័រ​ទីមួយនៃ​ព្រះគម្ពីរ​មរមន [នោះ] ហើយ​ពេល [គាត់] អាន​ដល់​ចុង​ទំព័រ [នោះ] [គាត់] បាន​ឈប់ ហើយ [គាត់] បាន​គិត​ពី​អ្វី​ដែល [គាត់] បាន​អាន​ក្នុង​ទំព័រ​នោះ ហើយ​សួរ [ខ្លួន​ឯង] ថា ‘ តើ​វា​អាច​ត្រូវ​បាន​សរសេរ​ដោយ​គ្រូ​បោក​ប្រាស់​ម្នាក់​ដែល​ព្យាយាម​បញ្ឆោត​មនុស្ស ឬ​វា​ពិត​ជា​ត្រូវ​បាន​សរសេរ​ដោយ​ព្យាការី​នៃ​ព្រះ ? ហើយ [តើ] វា​មាន​ន័យ​អ្វី​ក្នុង​ជីវិត​របស់​ខ្ញុំ ? ’ បន្ទាប់​មក [គាត់] បាន​ដាក់​គម្ពីរ​ចុះ ហើយ​លុត​ជង្គង់​អធិស្ឋាន ហើយ​សួរ​ទ្រង់​ដោយ​ឮៗ​ម្តង​ទៀត​ថា ‘ សូម​ប្រាប់​ទូលបង្គំ​បើ​នេះ​ជា​ព្រះគម្ពីរ​ពិត ’ ។[ហើយ] បន្ទាប់​មក [គាត់] អង្គុយ​លើ​កៅអី ហើយ​ទាញ​គម្ពីរ​មក ហើយ​បើក​អាន​ទំព័រ​មួយ​ទៀត ឈប់​នៅ​ចុង​ទំព័រ ហើយ​ធ្វើ​ដូច​មុន​ទៀត ។ [គាត់] បាន​ធ្វើ​ដូច្នេះ រយៈពេល​មួយ​ម៉ោង រាល់​យប់ ពី​មួយ​យប់​ទៅ​មួយ​យប់ ក្នុង​បន្ទប់​ដ៏​សើម ត្រជាក់​នោះ នៅឯ Queen’s College Oxford ។

« រហូត​ដល់​ពេល [គាត់] អាន​ដល់​ជំពូក​ទាំង​ឡាយ​នៅ​ចុង នីហ្វៃ ទី2 យប់​មួយ ពេល [គាត់] អធិស្ឋាន ហើយ​អង្គុយ​លើ​កៅអី [គាត់] ហើយ​បើក​គម្ពីរ មួយ​រំពេច​នោះ ស្រាប់​តែ​មាន​ព្រះវិញ្ញាណ​ដ៏​កក់​ក្តៅ និង​ពេញ​ដោយ​ក្តី​ស្រឡាញ់​មួយ បាន​ចូល​មក​ក្នុង​បន្ទប់​នោះ ដែល​បាន​ហ៊ុំ​ព័ទ្ធ [គាត់] ហើយ​បានជ្រាប​ចូល​ក្នុង​ដួង​ព្រលឹង [គាត់] ហើយ​បាន​ក្រសោប [គាត់] ក្នុង​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់ ដែល [គាត់] មិន​នឹក​ស្រមៃ​ថា [គាត់] អាច​ទទួល​បាន ។ ហើយ [គាត់] ចាប់​ផ្តើម​យំ… ហើយ​មិន​បាន… ឈប់​យំ​ទេ ព្រោះ​កាល [គាត់] បាន​សម្លឹង​​ទៅ​កាន់​ពាក្យ​ទាំង​ឡាយ​ក្នុង​គម្ពីរ​មរមន​ទាំង​ទឹក​ភ្នែក​នោះ [គាត់] បាន​ឃើញ​សេចក្តី​ពិត​ក្នុង​ពាក្យ [ទាំង​នេះ] ដែល [គាត់] មិន​ដែល​នឹក​ស្រមៃ​ថា [គាត់] អាច​យល់​បាន​ពី​មុន​មក ។ [គាត់] អាច​ឃើញ​ពី​សិរីល្អ​នៃ​ភាព​អស់​កល្ប ។ [គាត់] អាច​ឃើញ​អ្វី​ដែល​ព្រះ​រក្សា​ទុក​សម្រាប់ [គាត់] ដែល​ជា​បុត្រា​ម្នាក់​របស់​ទ្រង់ ។ [គាត់] មិន​ចង់​ឈប់​យំ​ទេ ។ ព្រះវិញ្ញាណ​​បាន​គង់​ជាមួយ [គាត់] អស់​ពេញ​មួយ​ម៉ោង​នោះ បន្ទាប់​មក រៀង​រាល់​យប់ ពេល [គាត់] អធិស្ឋាន ហើយ​អង្គុយ​អាន​ព្រះគម្ពីរ​មរមន ក្បែរ [ម៉ាស៊ីន​កំដៅ] ក្នុង​បន្ទប់ [របស់​គាត់] នោះ​ព្រះវិញ្ញាណ​ដដែល​នោះ​បាន​ត្រឡប់​មក​វិញ ហើយ​វា​បាន​ផ្លាស់​ប្តូរ​ដួង​ចិត្ត និង​ជីវិត [គាត់] ជា​រៀង​រហូត » ។

គាត់និយាយ​ថា ឥឡូវ គាត់​ក្រឡេក​មើល​ទៅ​លើ​ភាព​ប្រទាញ​ប្រទង់​ដែល​គាត់​បាន​ជួប « ដែល​ឆ្ងល់​ថា​តើ [គាត់] អាច​ចំណាយ​ពេល​មួយ​ម៉ោង​រាល់​ថ្ងៃ ពី​ការ​សិក្សា [របស់គាត់] ​ដើម្បី​ស្វែង​រក​បើ​ព្រះគម្ពីរ​មរមន​ពិតឬទេ » ។ គាត់​បាន​និយាយ​ថា « ក្នុង​គ្រប់​ការ​អប់រំ​ទាំង​អស់​ដែល [គាត់] ស្វែង​រក ការស្គាល់​សេចក្តី​ពិត​នេះ​​ជា​ការ​ចេះ​ដឹង​ដ៏​មាន​តម្លៃ​បំផុត​មួយ ដែល [គាត់] បាន​ទទួល ។

ឥឡូវ គាត់​ចូល​ចិត្ត​ត្រឡប់​ទៅ Oxford ។ គាត់​និយាយ​ថា « មនុស្ស​ភាគ​ច្រើន​នៅ​ទី​នោះ ជា​និស្សិត ឬ​ជា​អ្នក​ទេសចរណ៍ ដែល​ទៅ​ទី​នោះ​ដើម្បី​មើល​សាកលវិទ្យាល័យ​ដ៏​ស្រស់​ស្អាត » ។ តែ​គាត់​ចូល​ចិត្ត « ត្រឡប់​ទៅ​ទីនោះ ព្រោះ​​ [វា​ជា] កន្លែង​ដ៏​ពិសិដ្ឋ​មួយ ហើយ [គាត់] អាច​ក្រឡេក​មើល​តាម​បង្អួច​នៃ​បន្ទប់​នោះ ដែល [គាត់] បាន​រស់​នៅ » ហើយ​គិត​ថា « នោះ​ជា​កន្លែង​ដែល​ខ្ញុំ​បាន​ដឹង​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ [ហើយ] ថា​ទ្រង់​ជា​អង្គប្រោសលោះ​ដែល​មាន​ព្រះជន្មរស់​របស់​ខ្ញុំ ហើយ​ថា​យ៉ូសែប ស្មីធ ជា​ព្យាការី​នៃ​ការ​ស្តារ​ឡើង​វិញ​សម្រាប់​សាសនាចក្រ​ដ៏​ពិត » ។

អែលឌើរ គ្រីស្ទីនសិន បាន​មាន​ប្រសាសន៍​ទៅ​កាន់​និស្សិត​នៅ BYU–Idaho ថា ៖ « អ្នក​ខ្លះ ប្រហែល​ជា​បានមក រ៉េចប៊ើក នេះ ដោយ​បាន​ដឹង​ដោយ​ខ្លួន​អ្នក​រួច​ហើយ​ថា នេះ​ជា​សាសនាចក្រ​នៃ​ព្រះ ។ តែ​ចំពោះ​អ្នក​ខ្លះ​ទៀត ដែល​រស់​នៅ​ដោយ​ទីបន្ទាល់​របស់​អ្នក​ដទៃ​នៅ​ឡើយ​នោះ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​ទុក​ពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​រក​ឲ្យ​ឃើញ​ដោយ​ខ្លួន​ឯង​បើ​នេះ​ជា​ការ​ពិត ព្រោះ​វា​នឹង​ផ្លាស់​ប្តូរ​ដួង​ចិត្ត​អ្នក ដូច​ជា​វា​បាន​ផ្លាស់​ប្តូរ​ដួង​ចិត្ត​ខ្ញុំ​ដែរ » ។3

ក្នុង យ៉ូហាន 5:39 យើង​អាន​ថា « អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ » ។

អែលឌើរ ប៊្រូស ស៊ី ហាហ្វែន បាន​មាន​ប្រសាសន៍​ថា « យើង​អាច​បាន​ជីវិត​អស់កល្ប​ជានិច្ច បើ​យើង​ចង់​បាន​វា តែ​​លើកលើង​តែ​គ្មាន​អ្វី​ផ្សេង​ទៀត ដែល​យើង​ចង់​បាន​ជាង​នោះ » ។4

ការ​ចូល​មក​ស្គាល់​សេចក្តី​ពិត​បាន​មក​ពី​ការ​ខំ​ប្រឹង​ប្រែង ។ ហើយ​កាល​យើង​ផ្តល់​ការ​ប្រឹង​ប្រែង​កាន់​តែ​ខ្លាំង​ប៉ុណ្ណា រង្វាន់​ក៏​កាន់​តែ​ធំ​ប៉ុណ្ណោះ​ដែរ ។ មរ៉ូណៃ បាន​មាន​ប្រសាសន៍​ថា « ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ទទួល​នូវ​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ បើសិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​សូម​សួរ​ដោយ​ចិត្ត​ស្មោះស គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្តី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ »  ( មរ៉ូណៃ 10:4 ) ។

3. ចូល​មក​ស្គាល់​ផែនការ​នៃ​​ព្រះវរបិតាសួគ៌

សំណួរ​លេខ 3 ៖ តើ​ខ្ញុំ​នឹង ចូល​មក​ស្គាល់ ផែនការ​ផ្ទាល់​ខ្លួន​ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​ខ្ញុំ​ដោយ​របៀប​ណា ?

យើង​ម្នាក់ៗ​ធ្វើ​ការ​ជ្រើសរើស​ទាំងឡាយ​លើ​ផ្លូវ​របស់​យើង​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។ ផែនការ​របស់​ទ្រង់​សម្រាប់​យើង គឺ​ជា​ផែន​ការ​នៃ​សុភមង្គល ។ យ៉ូសែប ស្មីធ បាន​មាន​ប្រសាសន៍​ថា « សុភមង្គល​គឺ​ជា​គោល​ដៅ និង​ការ​រចនា​​នៃ​ជិវិត​របស់​យើង » ។5 ព្រះវរបិតាសួគ៌​យើង ចង់​ឲ្យ​យើង​ទទួល​ក្តី​អំណរ ។ យើង​ម្នាក់ៗ​កំពុង​គូស​ផែនទី​នៃ​ផ្លូវ​ផ្ទាល់​ខ្លួន​យើង ។ យើង​ខុស​គ្នា ។ បុគ្គលិកលក្ខណៈ ទេពកោសល្យ និង លក្ខណៈខាង​រាងកាយ និង​ខាង​ផ្លូវ​ចិត្ត​របស់​យើង ខុសៗ​គ្នា ។ ខ្លះ​បាន​មក​ពី​ព្រះ​ប្រទាន ។ ភាគច្រើន​បាន​មក​ពី​វិន័យ​ផ្ទាល់​ខ្លួន ។ បំណង​ប្រាថ្នា​របស់យើង​អាច​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​របស់​យើង​បាន ។

នេះ​ជា​គំរូមួយ ៖ ក្មេង​ស្រី​ថ្នាក់​ទីពីរ​ម្នាក់​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ពិការភាព​ក្នុង​ការ​ចងចាំ​ខាង​ចក្ខុ ។ អ្នក​ចិត្ត​វិទ្យា​ប្រចាំ​សាលា​បាន​និយាយ​ថា « ដោយ​សារ​ការ​អសមត្ថភាព​ខាង​ការ​ចង​ចាំ​នេះ នាង​នឹង​តែង​តែ​បាន​លេខ​ចុង​គេ​នៅ​ក្នុង​ថ្នាក់ » ។ ឪពុក​ម្តាយ​នាង​បាន​ជ្រើស​រើស​មិន​ប្រាប់​នាង​ពី​ភាពពិការ​របស់​នាង​ទេ ។ ក្នុង​ការ​ព្យាយាម​រៀន​ឲ្យ​បាន​ល្អ​ក្នុង​សាលា នាង​ត្រូវ​ខំ​ខ្លាំង​ណាស់ ដើម្បី​សម្រេច​អ្វីៗដែល​ភាគ​ច្រើន​អាច​សម្រេច​បាន​យ៉ាង​ងាយ ។ នាង​មាន​មិត្ត​ល្អ​ជុំ​វិញ​នាង ដែល​រៀន​ពូកែ ។ ការណ៍​នោះ​បាន​ជួយ​ដល់​សន្ទុះ​របស់​នាង ។ វាចំណាយ​ពេល​ច្រើន​ជាង​សម្រាប់​នាង​ដើម្បី​រៀន​តារាង​លេខគុណ​ក្នុង​ថ្នាក់​ទី​បី និង​រៀន​ពី​រាជធានី​ក្នុង​សហរដ្ឋ នៅ​ថ្នាក់​ទីប្រាំ ។ នាង​បាន​ចុះ​ឈ្នោះ​សម្រាប់​ថ្នាក់ AP ក្នុង​វិទ្យាល័យ ហើយ​បន្ត​រីក​ចម្រើន ។ ចំនួន​ម៉ោង​ដែល​នាង​ចំណាយ​ក្នុង​ការ​សិក្សា​ជា​ភស្ដុតាង​នៃ​ការ​បូជា​របស់​នាង ។ សព្វថ្ងៃ​នេះ នាង​ជា​គលានុប្បដ្ឋាយិកា​ថែរក្សា​ផ្នែក​បេះដូង ។ ហើយ​ជា​គលានុប្បដ្ឋាយិកា​ដ៏​ល្អម្នាក់ផងដែរ ! នាង និង​ព្រះវរបិតាសួគ៌​របស់​នាង​មាន​ផែនការមួយ ។

រឿង​មួយ​ទៀត​គឺ ៖ ប្រហែល​មួយ​ឆ្នាំ​មុន ខ្ញុំ​បាន​ចូល​រួម​នៅ​ថ្នាក់​យុវនារី ។ គ្រូ​បាន​សុំ​យើង​ឲ្យ​សរសេរ អី្វដែលជា អាទិភាព​ចម្បង​របស់​យើងចំនួន10​លើ​បញ្ជី​មួយ ។ ខ្ញុំ​ចាប់​ផ្តើម​សរសេរ​ភ្លាម ។ ខ្ញុំ​សារភាព​ថា គំនិត​ទីមួយ​របស់​ខ្ញុំ​ចាប់​ផ្តើម​ដោយ « លេខ 1 ៖ សម្អាត​ថត​ខ្មៅដៃ​ក្នុង​ចង្រ្កាន​បាយ » ។ ពេល​យើង​បញ្ចប់​បញ្ជី​របស់​យើង អ្នក​ដឹក​នាំ​យុវនារី បាន​សុំ​​យើង​ឲ្យ​ចែក​ចាយ​អ្វី​ដែល​យើង​សរសេរ ។ អែបប៊ី ដែល​ទើប​នឹង​មាន​អាយុ 12 កាល​ពី​ពីរ​ខែមុន បាន​អង្គុយ​ជិត​ខ្ញុំ ។ នេះ​ជា​​បញ្ជី​របស់ អែបប៊ី ៖

  • 1. ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​រដ្ឋយូថាហ៍ ។

  • 2. ក្លាយ​ជា​អ្នករចនា​ម៉ូត​ខាង​ក្នុង​ម្នាក់ ។

  • 3. ទៅ​បម្រើ​បេសកម្ម​នៅ​ប្រទេស​ឥណ្ឌា ។

  • 4. រៀបការ​ជាមួយ​អ្នក​ត្រឡប់​ពី​បេសកម្ម​ម្នាក់ ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • 5. មាន​កូន​ប្រាំ​នាក់ និង​ផ្ទះមួយ ។

  • 6. បញ្ជូន​កូនៗ​ទៅ​បម្រើ​បេសកម្ម និង​មហាវិទ្យាល័យ ។

  • 7. ក្លាយ​ជា​លោក​យាយ « ឲ្យ​នំ​ឃុកឃី » ។

  • 8. ទម្រើស​ចៅៗ ។

  • 9. រៀន​ដំណឹង​ល្អ​បន្ថែម​ទៀត និង​រីក​រាយ​នឹង​ជីវិត ។

  • 10. ត្រឡប់ និង​រស់​នៅ​ជាមួយ​ព្រះវរបិតា​នៅ​ស្ថានសួគ៌ ។

តើ​អ្នក​ជឿ​ទេ ! ខ្ញុំ​និយាយ​ថា « អរគុណ អែបប៊ី ដែល​បាន​បង្រៀន​ខ្ញុំ​អំពី​ការ​មាន​ទស្សនៈ​មួយ​នៃ​ផែនការ ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​យើង​ម្នាក់ៗ » ។ អ្នក​ដាក់​ផែនការមួយ ហើយ​អ្នក​រស់​នៅ​តាម​ផែនការ​នោះ​ឲ្យ​ល្អ​បំផុត ។ វា​នឹង​មាន​ផ្លូវ​វៀង​ជា​ច្រើន ។ ប្រហែល​ជា​គ្មាន​ស្ពាន​នៅ​ទី​នេះ ហើយ​អ្នក​អាច​ជួប​ផ្លូវ​ទាល់​នៅ​ទី​នោះ ឬ​អ្នក​អាច​វង្វេង តែ​អ្នក​អាច​ត្រឡប់​មក​លើ​ផ្លូវ​វិញ​បាន ។

ប្រធាន ថូម៉ាស អេ៎ស ម៉នសុនបាន​មាន​ប្រសាសន៍​ថា « បើអ្នក​ធ្វើ​អ្វី​ដែល​មិន​សូវ​ដូច​ជា​អ្វី​ដែល​អ្នក…​បានដាក់​ផែនការ អ្នក​ស្ទើរ​តែ​ជានិច្ចកាល​អាច​ធ្វើ​វា​ឲ្យ​ត្រូវ​វិញ​បាន យក​ឈ្នះវា រៀន​ពី​វា » ។6 អ្នក​អាច​គិត​ថា គ្មាន​ផ្លូវ​នឹង​ត្រឡប់​មក​វិញ​ទេ ។ បច្ចាមិត្រ​ញញឹម​ចំពោះ​គំនិត​បែប​នោះ ។ សូម​ឲ្យ​ខ្ញុំ​អះអាងចំពោះ​អ្នក​ថា មាន​ផ្លូវ​ត្រឡប់​មក​វិញ ។ ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា ៖ « ដៃ​យើង​នៅ​តែ​លូក​រាល់ៗ​ថ្ងៃ » ( នីហ្វៃទី2 28:32 ) ។   ទ្រង់​មាន​បន្ទូល​ថា « នេះហើយ​ជា​កិច្ចការ​របស់​យើង និង​សិរី​ល្អ​របស់​យើង—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ 1:39 ) ។ ខ្ញុំ​ចូល​ចិត្ត​គិត​ថា ព្រះ​កំពុង​ធ្វើ​ការ​ខ្លាំង​ជាង​យើង​ទៅ​ទៀត​ក្នុង​ការ​នាំ​យើង​ត្រឡប់​ទៅ​វិញ ។

ទីមួយ ទ្រង់​រំពឹង​ឲ្យ​យើង​ស្វែង​រក​កន្លែងយើង​ក្នុង​ផែនការ​របស់​ទ្រង់ ហើយ​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​អាច ដើម្បី​រស់​តាម​ផែនការ​នោះ ដោយ​គោរព​បទបញ្ញត្តិ និង​ឈរ​នៅ​កន្លែង​បរិសុទ្ធ ។ បើ​គោលដៅ​ខ្ពស់​បំផុត​របស់យើង ជា​ការលើក​ដម្កើង នោះ​ផែនការ​យើង​ដើម្បី​ទៅ​ដល់​ទី​នោះ នឹង​ចាប់​ផ្តើម​ដឹកនាំ​គ្រប់​ការ​សម្រេច​ចិត្ត​របស់​យើង ។ យើង​មិន​ដើរ​តែ​ម្នាក់​ឯង​នោះ​ទេ ។ ទ្រង់​ស្រឡាញ់​យើង ហើយ​ទ្រង់​ស្គាល់​យើង​ដោយ​ផ្ទាល់ ។ ទ្រង់​ចូល​រួម​ក្នុង​គ្រប់​ការណ៍​ទាំង​អស់​ក្នុង​ជីវិត​យើង ហើយ​គ្រប់​ពេល យើង​អាច​ទទួល​អារម្មណ៍​នៃ​ស្នាម​ព្រះហស្ត​ទ្រង់ លើ​ខ្នង​យើង ពេល​យើង​ដើរ​លើ​ផ្លូវ​នោះ ។

4. ចូលមក​ស្គាល់​ព្រះវរបិតា និង​ព្រះរាជបុត្រា​

សំណួរ​លេខ 4 ៖ តើយើង​អាច ចូលមក​ស្គាល់ ព្រះវរបិតា និង​ព្រះរាជបុត្រា​សំណប់​របស់​ទ្រង់ ដោយ​របៀប​ណា ?

ការ​ចូលមក​ស្គាល់ ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ជា​គោលបំណង​នៃ​ជីវិត​យើង ។

ពេល​អធិស្ឋាន​ទៅ​ព្រះវរបិតា ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា « នេះ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ( យ៉ូហាន 17:3 ) ។

លេមិន និង​លេមយួល « មិន​បាន​ដឹង​ពី​ព្រឹត្តិការណ៍​នៃ​ព្រះ ដែល​បាន​បង្កើត​ពួកគេ » ( នីហ្វៃទី1 2:12 ) ។ ស៊ី. អេស. លូវីស បាន​មាន​ប្រសាសន៍​ថា « បើ​អ្នក​មាន​ភាព​ឆ្មើង​ឆ្មៃ អ្នក​មិន​អាច​ស្គាល់​ព្រះ​ទេ » ។7 បច្ចាមិត្រ​​មិន​មាន​បំណង​ឲ្យ​យើង​ចូល​មក​ស្គាល់​ព្រះ​នោះ​ទេ ។ វា​មាន​បំណង​ឲ្យ​យើង ច្របូកច្របល់ លែងមាន​អារម្មណ៍ ហ៊ុំព័ទ្ធ​ដោយ​សម្លេង ការ​រំខាន និង​អ្វី​ក៏​ដោយ ដែល​នឹង​រំខាន​ដល់​គ្រា​ដ៏​ស្ងប់​ស្ងៀម ពេល​យើង​ស្វែង​រក​ព្រះអម្ចាស់ ។ ការ​ជាប់​ទាក់​ទង​ក្នុង​អ្វី​ក៏​ដោយ​ដែល​ហួសហេតុ​ពេក គឺ​ជា​ឧបករណ៍​មួយ​ទៀត​របស់​សាតាំង ។ មាន​តែ​យើង​ប៉ុណ្ណោះ ដែល​អាច​បង្កើត​ពេល​វេលា​ដើម្បី​ស្គាល់​ព្រះអម្ចាស់​បាន ។

ពេល​យើង​បន្ទាបខ្លួន ងាយ​ប្រដៅ ឬ​រាបសា យើង​បានខិត​ជិត​ទ្រង់ ។ ហ្វ្រែនស៊ីស វេបស្ទើរ ដែល​បាន​ដើរ​តាម​ផ្លូវ​លំ​ដ៏​លំបាក​នៅ វៃអូម៉ីង ជាមួយ​នឹង​ក្រុម​រទេះ ម៉ាទីន ក្នុង​ឆ្នាំ 1856 បាន​មាន​ប្រសាសន៍​ក្នុង​ការ​ការពារ​ក្រុម​ថា « យើង​គ្រប់​គ្នា​បាន​ឆ្លងកាត់​មក ជាមួយ​នឹង​ការ​ចេះដឹង​ដ៏ឥតខ្ចោះ​ថា ព្រះ​មាន​ព្រះជន្ម​រស់ ត្បិត​យើង​បាន​ស្គាល់​ទ្រង់​ក្នុង​គ្រា​លំបាក​បំផុត​របស់​យើង » ។8

យើង​ចូល​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ ពេល​យើង​អនុញ្ញាត​ឲ្យ​ទ្រង់​ចូល​ក្នុង​ជីវិត​យើង ។ យើង​កាន់​តែ​ស្រែក​ឃ្លាន​ក្នុង​ការ​អភ័យទោស និង​កាន់​តែ​មាន​ឆន្ទៈ​ក្នុង​ការ​បម្រើ ពេល​ទ្រង់​ជា​ផ្នែក​នៃ​ជីវិត​យើង ។ ពេល​ដួងចិត្ត​យើង​បើក ហើយ​ទទួល នោះ​យើង​កាន់​តែ​ក្លាយ​ដូច​ទ្រង់ ។ ពេល​នោះ​ហើយ​ដែល​យើង​ឃើញ​ថា ទ្រង់​បាន​គង់​ជាមួយ​យើង​គ្រប់​ពេល ។ យើង​មាន​ភាព​សុខសាន្ត ។ ការ​សាក​ល្បង​យើង មិន​មែន​ជា​បន្ទុក​ទៀត​ទេ តែ​ជា​ពរជ័យ​វិញ ព្រោះ​វា​បាន​ត្រួស​ត្រាយ​ផ្លូវ​ដែល​នាំ​យើង​ទៅ​កាន់​ទ្រង់ ។

ប៉ុល មាន​ប្រសាសន៍​ថា « យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា    សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំទ្រ សេចក្តី​ទ្រាំទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំ​ថ្នឹក

« សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម

សេចក្តី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ខ្មាស់​ឡើយ ពីព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទានមក​យើង​ហើយ » ( រ៉ូម 5:3–5 ) ។

ស៊ី. អេស. លូវីស សំដៅ​ចំពោះ​អ្នក​ដែល​ចូល​មក​ស្គាល់​ព្រះគ្រីស្ទ​ថា​ជា « មនុស្ស​ថ្មី » ។ គាត់​បាន​មាន​ប្រសាសន៍​ថា « មនុស្ស​ថ្មី​មាន​នៅ​ទី​នេះ និង​ទី​នោះ​ពាស​ពេញ​ផែន​ដី ។ …ម្តង​ម្កាល​មនុស្ស​ម្នាក់​ជួប​ពួក​គេ ។ មុខ និង​សម្លេង…គេ ខុស​ពី​យើង ៖ ដែល​ខ្លាំងជាង ស្ងប់ជាង សប្បាយជាង ចែងចាំងជាង ។ ពួកគេ​ចាប់​ផ្តើម នៅ​កន្លែង​ដែល​យើង​ភាគ​ច្រើន​ចាក​ចេញ ។ …ពួក​គេ​មិន​បាន​ចាប់​អារម្មណ៍​ខ្លួន​ឯង​ទេ ។ អ្នក​ទោរទន់​ក្នុង​ការ​គិត​ថា អ្នក​មាន​ចិត្តល្អ​ចំពោះ​គេ ពេល​គេ​ពិត​ជា​មាន​ចិត្តល្អ​ចំពោះ​អ្នក ។ ពួក​គេ​ស្រឡាញ់​អ្នក​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត​ស្រឡាញ់​អ្នក តែ​ពួក​គេ​ត្រូវ​ការ​អ្នក​តិច​ជាង ។ …ជា​ធម្មតា ពួកគេ​ហាក់​មាន​ពេល​ច្រើន ៖ អ្នក​នឹង​ឆ្ងល់​ថា បាន​ពេល​នោះ​មក​ពី​ណា ។ …

« … ដើម្បី​ក្លាយ​ជា​មនុស្ស​ថ្មី មាន​ន័យ​ថា​ត្រូវ​ទំលាក់​ចោល​នូវ​អ្វី ដែល​ឥឡូវ​នេះ ​យើង​ហៅ​ថា ‘ ខ្លួនយើង ’ ។ចេញពី​ខ្លួន​យើង ទៅ​ជា​ព្រះគ្រីស្ទ យើង​ត្រូវ​តែ​ទៅ ។ ត្រូវ​ឲ្យ​ឆន្ទៈ​ទ្រង់​​ក្លាយ​ជារបស់​យើង ហើយ​​យើង​ត្រូវ​គិត​ពី​គំនិត​ទ្រង់ » ។9

ដំណើរការ​នៃ​ការ​ចូល​មក​ស្គាល់​ដោយ​ខ្លួន​យើង​ផ្ទាល់

ដើម្បី​ចូល​មក​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ចូល​មក​ស្គាល់​ភាពពោរពេញ​នៃ​ព្រះគម្ពីរ​មរមន ដើម្បី​ចូល​មក​ស្គាល់​ផែនការ​នៃ​ព្រះវរបិតាសួគ៌ ដែល​មាន​សម្រាប់​យើង​ម្នាក់ៗ ហើយ​​ដើម្បី​ចូល​មក​ស្គាល់​ព្រះវរបិតា និង​ព្រះរាជបុត្រា គឺ​ជា​ដំណើរ​ការ​ដ៏​អស្ចារ្យ​មួយ ។

មាន​គំរូ​មួយ​នៅ​ទី​នេះ ជាមួយ​នឹង​បំណង​ប្រាថ្នា​នីមួយៗ ដើម្បី​ចូល​មក​ស្គាល់ ។ តើ​អ្នក​អាច​ឃើញ​វាទេ ?

នីហ្វៃ បាន​កំណត់​គំរូ ពេល​គាត់​មាន​ប្រសាសន៍​ថា « តើ​បងៗ​មិន​ចាំ​រឿង​ទាំង​ឡាយ ដែល​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ទេ​ឬ ?—បើសិន​ជា​អ្នក​ណា​មិន​ធ្វើ​ចិត្ត​រឹង​រូស ហើយ​សូម​ដល់​យើង ដោយ​សេចក្តី​ជំនឿ ដោយ​ជឿ​ថា អ្នក​នឹង​បាន​ទទួល ដោយ​មាន​ចិត្ត​ឧស្សាហ៍​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​រឿង​ទាំង​នេះ នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​អ្នក​ដឹង​ជា​ប្រាកដ » ( នីហ្វៃ ទី1 15:11 ) ។

តើ​អ្នក​អាច​ឃើញ​ពី​ដំណើរ​ការ​នោះ​ទេ ?

នីហ្វៃ ប្រាប់​យើង​ពី​ដំណើរ​ការ​នោះ ដែល​រួម​មាន ៖

  • • ការ​មាន​ដួង​ចិត្ត​ទន់ទាប ។

  • • ការសុំ​ដោយ​ជំនឿ ។ សុំ​ជំនួយ​ទ្រង់​តាម​ការ​អធិស្ឋាន ។

  • • ការ​ឧស្សាហ៍​កាន់​តាម​បញ្ញត្តិ​ទាំងឡាយ ហើយ​ធ្វើ​តាម​ឆន្ទៈ​ព្រះអម្ចាស់ ។

  • • ការស្គាល់​ព្រះហស្ត​ទ្រង់ ។ នោះ​ជា​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ស្គាល់ ។ ការ​ឃើញ​ព្រះហស្ត​ទ្រង់​ក្នុង​ជីវិត​អ្នក នោះ​វា​ជា​ការ​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​របស់​ទ្រង់ ។ អ្នក​កាន់​តែ​ស្គាល់​ព្រះហស្ត​ទ្រង់​ខ្លាំង​ប៉ុណ្ណា នោះ​ទ្រង់​នឹង​កាន់​តែ​ចូល​ក្នុង​ជីវិត​អ្នក​ច្រើន​ប៉ុណ្ណោះ​ដែរ ។ នោះ​ហើយ​ជា​របៀប​ដែល​អ្នក​ចូល​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ ដែល​អ្នក​ធ្លាប់​ស្គាល់​មក​ហើយ ។

ប្រជាជន​នៅ​ទឹក​មរមន បាន​លូតលាស់​ក្នុង​ជំនឿ​តាម​រយៈ​ការ​អធិស្ឋាន ។ ដោយ​ឧស្សាហ៍​ព្យាយាម ពួកគេ​បាន​អនុវត្ត និង​រៀន​ប្រតិបត្តិ​ថ្ងៃ​សីល ។ ពួក​គេ​បាន​រៀន​ធ្វើ​ការ​ដោយ​ដៃ​គេ និង​បម្រើ ដោយ​ការចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ខាងវិញ្ញាណ​ និង​ខាង​សាច់​ឈាម ។ កូន​ប្រុស​ម៉ូសាយ បាន​ស្រាវ​ជ្រាវ​បទគម្ពីរ និង​បាន​ប្រគល់​ខ្លួន​ទៅ​ក្នុង​ការ​អធិស្ឋាន និង​ការ​តម​អាហារ ។ ពួកគេ​បាន​ធ្វើ​នូវ​អ្វី​ដែល​តម្រូវ​ឲ្យ​ធ្វើ​ផងដែរ ដើម្បី​ចូល​មក​ស្គាល់​ព្រះ ។

ខ្ញុំ​ស្ងើច​សរសើរ​ណាស់ ដែល​អែលឌើរ គ្រីស្ទីនសិន បាន​អធិស្ឋាន​ឮៗ ហើយ​បាន​សន្យា​ចំពោះ​ព្រះអម្ចាស់​ថា បើ​ទ្រង់​នឹង​បើក​បង្ហាញ​ដល់​គាត់ ពី​ភាព​ពោរពេញ​នៃ​ព្រះគម្ពីរ​មរមន នោះគាត់​នឹងប្រគល់​ជីវិត​គាត់​ក្នុង​ការ​កសាង​នគរ​របស់​ទ្រង់ ។ គាត់​មាន​ភាព​ឧស្សាហ៍​ព្យាយាម ជាមួយ​នឹង​ការ​លះបង់​ពេល​យប់​របស់​គាត់ នោះ​គាត់​បាន​ចូល​មក​ស្គាល់​ព្រះ ។

អែបប៊ី បាន​ដាក់​ផែនការ​មួយ ហើយ​ដោយ​ឧស្សាហ៍​ព្យាយាម នាង​បាន​រស់​តាម​ផែន​ការ​នោះ ។ គោលដៅ​របស់​នាង​ក្នុង​ការ​ត្រឡប់​ទៅ​ផ្ទះ​ព្រះវរបិតាសួគ៌​នាង នឹង​គាំទ្រ​ដល់​ការ​សម្រេច​ចិត្ត​ប្រចាំ​ថ្ងៃ​របស់​នាង ។ នាង​កំពុង​ចូល​មក​ស្គាល់​ថា ព្រះអម្ចាស់​មាន​ផែនការ​មួយ​សម្រាប់​នាង ។

ការ​ចូល​មក​ស្គាល់​សម្រាប់​ខ្លួន​ឯង​ផ្ទាល់ គឺ​ជា​រឿង​ផ្ទាល់​ខ្លួន​ណាស់ ។ ហើយ​យើង​អាច​ទទួល​បទពិសោធន៍​នៃ « ការ​ចូល​មក​ស្គាល់ » ជា​ច្រើន​ដង​ណាស់​ក្នុង​ជីវិត​យើង ។ វា​ជា​ដំណើរ​ការ​នៃ​ការ​ចងចាំ​ពី​អ្វី​ដែល​យើង​ធ្លាប់​បាន​ស្គាល់​ពី​មុន​ហើយ ។ សូម​ដឹង​ថា ៖ អ្នក​ពិត​ជា​ស្គាល់​ទ្រង់ ហើយ​បើ​អ្នក​ឆ្ងល់​ថា​ទ្រង់​ធ្លាប់​ស្គាល់​អ្នក​ទេ គ្រាន់​តែ​សួរ​ប៉ុណ្ណោះ ។ ចម្រៀង​ថ្នាក់​កុមារ “A Child’s Prayer” ចាប់​ផ្តើ​ម​ដោយ « ព្រះវរបិតាសួគ៌ ទ្រង់​គង់​ទីនោះ​ឬ ? ទ្រង់​ឮ​ហើយ​ឆ្លើយ​តប​ការ​អធិស្ថាន​កូន​ឬទេ ? »10 ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ចា៎ ! ទ្រង់​ឮ ! ព្រះអម្ចាស់​អាច​បង្រៀន​យើង​ពេល​យើង​សួរ ។ លុតជង្គង់​អធិស្ឋាន ហើយ​សួរឮៗ​ថា « តើ​ទូល​បង្គំ​ពិត​ជា​បុត្រា ឬ​បុត្រី​នៃ​ទ្រង់​ឬ ? តើ​ទ្រង់​ស្រឡាញ់​ទូល​បង្គំ​ទេ ? » បន្ទាប់​មក ចូរ​ស្តាប់ ។ មាន​អ្វី​មួយ​ដែល​រាបទាប​ណាស់​អំពី​ការ​សួរ​នោះ ។ ការ​សួរ​គឺ​ជា​ទង្វើ​នៃ​ជំនឿ ។

យ៉ូសែប ស្មីធ ពេល​ជា​ក្មេង​ប្រុស​អាយុ 14 ឆ្នាំ ក្នុង​កន្លែង​ដ៏​ស្រស់​ស្អាត នៅ New York ក្នុង​ក្រុង Palmyra ក្នុង​ព្រៃ​ពិសិដ្ឋ បាន​សួរ​ដោយ​ជំនឿ ដើម្បី​ចូល​មក​ស្គាល់ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​បាន​ឃើញ​តួអង្គ​ពីរ ហើយ​តួ​អង្គ​នោះ​បាន​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ជា​ពិត​ប្រាកដ ។ …ខ្ញុំ​ដឹង​ថា​ខ្ញុំបាន​ឃើញ​ការ​និមិត្ត ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការ​និមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ » ( យ៉ូសែប ស្មីធ—ប្រវត្តិ 1:25 ) ។ « ហើយ​ឥឡូវ​នេះ បន្ទាប់​ពី​ទីបន្ទាល់​ជា​ច្រើន​ដែល​បាន​ថ្លែង​អំពី​ទ្រង់ នេះ​គឺ​ជា​ទីបន្ទាល់​ចុង​ក្រោយ​បង្អស់ ដែល​យើង​ខ្ញុំ​សូម​ថ្លែង​អំពី​ទ្រង់ ៖ គឺ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ! » (  គ និង​ស 76:22 )

នៅ​យេរូសាឡិម នៅ​ឯ​ផ្នូរ ចុងបញ្ចប់​នៃ​ថ្ងៃ​សីល កាល​ដែល​ថ្ងៃជិត​រះ ជា​ថ្ងៃ​ទីមួយ​ក្នុង​សប្តាហ៍ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់​ដាឡា និង​ម៉ារា​ម្នាក់​ទៀត បាន​ជួប​ជាមួយ​នឹង​ទេវតា​ពីរ​អង្គ ក្នុង​សួន​ដ៏​ស្រស់​ស្អាត ។ ទេវតា​មាន​បន្ទូលថា ៖

« កុំ​ឲ្យ​ភ័យ​អី ត្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះយេស៊ូវ ដែល​ត្រូវ​ឆ្កាង ។

តែ​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ត្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ » ( សូមមើល ម៉ាថាយ 28:5--6, លេខយោង 2ក, 3ក, និង 5ក ពី​ការ​បក​ប្រែ​របស់​យ៉ូសែប ស្មីធ ) ។

តាម​រយៈ​ការ​ចូល​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់ ជា​ព្រះយេស៊ូវគ្រីស្ទ យើង​ចូល​មក​ដឹង​ថា តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ទ្រង់​នឹង​សម្រាល​គ្រប់​ការ​ឈឺចាប់ ។ ទ្រង់នាំ​មក​នូវ​ភាព​ធូរ​ស្បើយ និង​ការ​លួង​លោម ដល់​អ្នក​មាន​ទុក្ខ​ព្រួយ ។ ទ្រង់​អាច​លើក​បន្ទុក​របស់​យើង ហើយ​នាំ​ក្តី​សុខ​សាន្ត​ដល់​គ្រប់​អារម្មណ៍ ដែល​មិន​ពេញលេញ និង​គ្រប់​បំណង​ប្រាថ្នា​ដើម្បី​ផ្លាស់​ប្តូរ ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​មាន​ប្រសាសន៍ថា « គ្មាន​អ្វី ​ដែល​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ទៀត​នោះ​ទេ ពេល​យើង​ឆ្លង​កាត់​វាំងនន​ទៅ​ម្ខាង​ទៀត ដើម្បី​ដឹង​ថា​តើ​យើង​ស្គាល់​ព្រះវរបិតា​យើង​ច្បាស់​ប៉ុណ្ណា ហើយ​យើង​ស្គាល់​ព្រះភ័ក្រ្ត​ទ្រង់​ច្បាស់​យ៉ាង​ណា ចំពោះ​យើង » ។11 យើង​ស្គាល់​ទ្រង់ !

នៅ​សាកលវិទ្យាល័​យរដ្ឋ​យូថាហ៍​នេះ គឺ​ជា​ទឹក​មរមន​របស់​ខ្ញុំ ។ បរិវេណ​សាលា​នេះ​ស្រស់​ស្អាត​ដល់​ភ្នែក​ខ្ញុំ ត្បិត​នៅ​ទី​នេះ​ហើយ ដែល​ខ្ញុំ​ចាប់​ផ្តើម​ចូល​មក​ស្គាល់​ការ​ចេះ​ដឹង​ពី​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ។ ខ្ញុំ​ឈរ​ជា​សាក្សី​នៃ​ព្រះវរបិតា និង​ព្រះរាជបុត្រា​ដោយ​មោទនភាព ។ តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ខ្ញុំ​ដឹង​ថា​ពួក​ទ្រង់​មាន​ព្រះជន្ម​រស់ ។ អ្នក​មាន​តម្លៃ​ណាស់​សម្រាប់​ទ្រង់ ហើយ​ទ្រង់​ស្គាល់​អ្នក​ដោយ​ផ្ទាល់ ។ អ្នក​បាន​ស្គាល់​ពួក​ទ្រង់​យ៉ាង​ច្បាស់ ពី​មុន​អ្នក​មក​ផែន​ដី​នេះ ។ កាល​ដែល​អ្នក​ដើរ​លើ​ផ្លូវ ចូរ​កាន់​ខ្ជាប់ ។ ព្រះវរបិតា​សួគ៌​ចាំ​អោបក្រសោប​អ្នក ។ ខ្ញុំ​ស្រឡាញ់​អ្នក ។ ខ្ញុំ​អធិស្ឋាន​សម្រាប់​អ្នក​ជា​កូនៗ​របស់​ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន​។

© 2011​​ ដោយ  Intellectual Reserve, Inc.  រក្សាសិទ្ធគ្រប់យ៉ាង ។  អនុមតិជាភាសាអង់គ្លេស៖ ​2/11 ។ អនុមតិការបកប្រែ៖ ​2/11 ។ ការបកប្រែនៃ Coming to Know ។ Cambodian ។ PD50029874 258

Notes

1. យ៉ូសែប ស្ម៊ីធ នៅក្នុង History of the Church 2:23 ។

2. Brigham Young, Discourses of Brigham Young, sel. John A. Widtsoe (1954), ទំព័រ 50 ។

3. Clayton M. Christensen, “Decisions for Which I’ve Been Grateful” ( ការប្រជុំធម្មនិដ្ឋាន​នៅ​សកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ ថ្ងៃទី 8 ខែ មិថុនា ឆ្នាំ 2004 ), http://www.byui.edu/Presentations/Transcripts/Devotionals/2004_06_08_Christensen.htm.

4. Bruce C. Hafen , ក្នុង​របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ 2004, ទំព័រ 101; ឬ Ensign, ខែ ឧសភា ឆ្នាំ 2004, ទំព័រ 98; ជាអក្សរទ្រេត​ក្នុង​ច្បាប់​ដើម ។

5. យ៉ូសែប ស្មីធ នៅ​ក្នុង​ History of the Church, 5:134 ។

6. Thomas S. Monson, “Joy in the Journey,” in Awake, Arise, and Come unto Christ: សុន្ទរកថា​ពី​សន្និសីទ​ស្រ្តី​នៅ BYU ឆ្នាំ 2008 ( ឆ្នាំ 2009 ), ទំព័រ 3 ។

7. C. S. Lewis, Mere Christianity ( ឆ្នាំ 1980 ), ទំព័រ 124 ។

8. Francis Webster, ដកស្រង់​ពី Gordon B. Hinckley, ក្នុង​របាយការណ៍​សន្និសីទ ខែ​តុលា ឆ្នាំ 1991, ទំព័រ 77; ឬ Ensign, ខែ វិច្ឆកា ឆ្នាំ 1991, ទំព័រ 54 ។

9. Lewis, Mere Christianity, ទំព័រ 223–24 ។

10. “A Child’s Prayer,” Children’s Songbook, ទំព័រ 12 ។

11. Ezra Taft Benson, “Jesus Christ—Gifts and Expectations,” in Speeches of the Year, 1974 (1975), ទំព័រ 313 ។

^ Back to top