ឈរ​នៅក្នុង​ព្រៃ​ពិសិដ្ឋ

អែលឌើរ ម៉ាលីន ឃេ ជែនសិន

នៃ​ពួកចិតសិប

ការប្រជុំធម្មនិដ្ឋាន ស៊ី. អ៊ី. អេស. សម្រាប់​មជ្ឃិមវ័យ​វ័យក្មេង​នៅលីវ • ថ្ងៃទី 6 ខែ​ឧសភា ឆ្នាំ 2012 • សាក្រាម៉ែនតូ រដ្ឋ​កាលីហ្វូញ៉ា


 
អែលឌើរ ម៉ាលីន  ឃេ ជែនសិន

សួស្ដី បងប្អូន​ប្រុសស្រី ។ ខ្ញុំ​មាន​អំណរគុណ​ជា​ខ្លាំង តែ​ក៏​មាន​ការបន្ទាបខ្លួន​ជាខ្លាំង​ផងដែរ ដែល​បាន​ទទួល​ការចាត់តាំង​ដ៏​ពិសេស​នេះ ដោយ​គណៈប្រធាន​ទីមួយ ដើម្បី​និយាយ​ទៅ​កាន់​អ្នក នារាត្រី​នេះ ។ ដោយសារ ប្រធាន ហារីសសិន បាន​ប្រកាស​ពី​ថ្ងៃ​កំណើតឈាន​ចូល 70 ឆ្នាំ របស់​ខ្ញុំ នោះ​ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​ថា ខ្ញុំ​ធ្លាប់គ្មាន​ស្នាមជ្រួញ, មាន​សក់​ខ្មៅ, និង​ពេញ​កម្លាំង ដូច​ជា​អ្នក​ដែរ—ជា​ផ្នែកមួយ​នៃ​អ្វី ដែល​ព្រះគម្ពីរ​ហៅ​ថា « តំណ​មនុស្ស​មាន​វ័យ​ធំឡើង » ។ ខ្ញុំ​មិន​ប្រាកដ​ថា អ្វី​ជា​ពាក្យ​ផ្ទុយ​សម្រាប់​ពាក្យ មានវ័យ​ធំឡើង នោះទេ—ប្រហែល « ទ្រុតទ្រោម » ឬ « ចុះអន់ថយ »—តែ​ទោះ​វា​ជា​អ្វី​ក៏​ដោយ វា​ពណ៌នា​ពី​ដំណាក់កាល​នៃ​ជីវិត​ខ្ញុំ ក្នុង​ពេល​ឥឡូវនេះ ហើយ​ស្ដាប់ទៅ វាមិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ​ចំពោះខ្ញុំ !

ថ្វីបើ​ខ្ញុំ​កំពុង​និយាយ​ទៅ​អ្នក ពី​សាលជំនុំ​ដ៏​ស្រស់ស្អាត ជិត​ព្រះវិហារ​បរិសុទ្ធ សាក្រាម៉ង់តូ កាលីហ្វូញ៉ា ក៏ដោយ ក៏​ក្នុង​ភ្នែក​នៃ​គំនិត​ខ្ញុំ ខ្ញុំ​អាច​ឃើញ​ពួកអ្នក​រាប់រយ​ពាន់​នាក់​ទៀត—ដែល​និយាយ​ជិត 40 ភាសា ផ្សេងៗគ្នា—ដែល​បាន​ជួបជុំ​គ្នា​ពាសពេញ​ពិភពលោក ។ ខ្ញុំ​មាន​ពរជ័យ ដែល​បាន​ទៅ​កាន់​ប្រទេស​ជាច្រើន​របស់​អ្នក, ស្ដាប់​អ្នក​និយាយ និង​ថ្លែង​ទីបន្ទាល់​ក្នុង​ភាសា​កំណើត​របស់​អ្នក និង​ធ្វើ​ជា​សាក្សី​ដោយ​ផ្ទាល់​ដល់​ជំនឿ និង​ការឧទ្ទិស​របស់​អ្នក​ចំពោះ​ព្រះអម្ចាស់ ។ ខ្ញុំ​ស្រឡាញ់ ហើយ​សរសើរ​អ្នក​ចំពោះ​ភាពសុចរិត​របស់​អ្នក ។ ខ្ញុំ​ដឹង​ថា ជីវិត​ក្នុង​វ័យ​អ្នក អាច​ជាការលំបាក ហើយ​ខ្ញុំ​ដឹង​ថា ជួនកាន​យើង​ធ្វើ​ខុស ហើយ​ត្រូវការ​ប្រែចិត្ត ។ តែ​ខ្ញុំ​ពិត​ជា​អរគុណ​អ្នក​ដោយ​ស្មោះស្ម័គ្រ សម្រាប់​ការព្យាយាម​ឈរ​យ៉ាង​រឹងមាំ ក្នុង​ជំនឿ​របស់​អ្នក ចំពោះ​ព្រះគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់ ។ បំណង​ដ៏​ខ្លាំង​បំផុត​របស់​ខ្ញុំ នារាត្រី​នេះ គឺ​ថា ខ្ញុំ​អាច​ត្រូវបាន​ប្រទាន​ពរ ឲ្យ​និយាយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​ពង្រីក​សេចក្ដី​ជំនឿ​អ្នក ។

​ទីកន្លែង​ដ៏​ពិសិដ្ឋ​

មាន​កន្លែង​នានា​លើ​ផែនដី​នេះ ដែល​ត្រូវបាន​ធ្វើ​ឲ្យ​ពិសិដ្ឋ ដោយ​ព្រោះ​អ្វី​ដែល​បាន​កើតឡើង​នៅទីនោះ ។ យោងតាម​គម្ពីរ​សញ្ញាចាស់ កន្លែង​មួយ​បែបនេះ​គឺ ភ្នំស៊ីណាយ ឬ « ភ្នំព្រះ » ( និក្ខមនំ 3:1,សូមមើលផងដែរ និក្ខមនំ 3:12; 34:2 ) ជា​កន្លែង​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​អង្គទ្រង់​ដល់​ម៉ូសេ នៅ​គុម្ព​បន្លា​ដែល​មាន​ភ្លើងឆេះ​នោះ ។ កាលដែល​ម៉ូសេ​បាន​ឈាន​ចូល​ទៅ​គុម្ពបន្លា ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​លោក​ថា ៖ « កុំ​ឲ្យ​មកជិត​នេះ​ឡើយ ចូរ​ដោះស្បែកជើង​ចេញ ត្បិត​កន្លែង​ឈរ​នោះ​ជា​ដី​បរិសុទ្ធ » ( និក្ខមនំ 3:5 ) ។

មាន​ម្ដងនោះ​ គ្រួសារ​ខ្ញុំ និង​ខ្ញុំ​ត្រូវបាន​ប្រទានពរឲ្យ​​បាន​រស់នៅ​ក្នុង​កន្លែង​ពិសិដ្ឋ ។ ក្នុង​ឆ្នាំ 1993—បួន​ឆ្នាំ​បន្ទាប់​ពី​ការហៅ​របស់​ខ្ញុំ​ក្នុង​ពួកចិតសិប—យើង​ត្រូវបាន​ស្នើសុំ​ឲ្យ​បម្រើ​ក្នុង​បេសកកម្ម នូវយ៉ក រ៉ូឆេស្ទ័រ របស់​សាសនាចក្រ រយៈពេល​ពីរឆ្នាំ ។ បេសកកម្ម​នោះ​រួម​មាន​ទីក្រុង ប៉ាលម៉ៃរ៉ា ( កន្លែង​ដែល យ៉ូសែប ស៊្មីធ និង​គ្រួសារ​លោក​បាន​រស់នៅ​ភាគច្រើន​ក្នុង​ទសវត្ស 1820 ) និង​ ហ្វាយ៉ែត្ត ( កន្លែង​ដែល​សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ក្នុង​ខែ មេសា ឆ្នាំ 1830 ) ។ ប្រហែល 177 គីឡូម៉ែត្រ ខាង​ត្បូង​ទីក្រុង ប៉ាលម៉ៃរ៉ា ក្នុង​រដ្ឋ ផែនសីលវេញ៉ា គឺ​ជា​ទីតាំង​នៃ​ភូមិ ហារម៉ូនី ( កន្លែង​ដែល យ៉ូសែប ស៊្មីធ បានជួប អិមម៉ា ហេល និង​ជា​កន្លែង​ដែល​ពួកគាត់​បាន​រស់នៅ ពេល​ជា​គូស្វាមីភរិយា​ថ្មោងថ្មី ខណៈ​ដែល​ភាគច្រើន​នៃ​ព្រះគម្ពីរមរមន​ត្រូវបាន​បកប្រែ​ក្នុង​ចុង​ទសវត្ស 1820 ) ។ ជាទូទៅ​កន្លែង​នេះ ត្រូវបាន​គេស្គាល់​ថា​ជា « ទីកំណើត​នៃ​ការស្ដារឡើងវិញ » ដោយ​នេះ​ជា​កន្លែង​ដែល​សាសនាចក្រ​បាន​កើតឡើង ។ វា​ជា​ស្រុក​ដ៏​វិចិត្រ ដែល​ពេញ​ដោយ​ទីជម្រាល, ទីទួល​ដែល​មាន​ព្រៃ​ដុះ​ពាសពាញ ទន្លេ និង​អូរ​ដែល​មាន​ទឹក​ថ្លា​ឆ្វង់ ហើយ​ប្រជាជន​ស្រស់ស្អាត និង​រួសរាយ ។ វា​ក៏​ជា​កន្លែង​មួយ​ដែល​ពិសិដ្ឋ ដោយ​ព្រោះ​អ្វី​ដែល​បាន​កើតឡើង​នៅទីនោះ​ផងដែរ ។

ព្រៃ​ពិសិដ្ឋ

ក្នុង​ព្រៃ​មួយ​ដែល​មាន​ដើម​ប៊ីច, ដើមអូក, ដើម​ម៉េផល, និង​ដើមឈើ​ផ្សេងៗ ខ្ពស់ៗ ប្រហែល​ជិត​កន្លះ​គីឡូម៉ែត្រ ខាងលិច​ផ្ទះ​របស់​គ្រួសារ យ៉ូសែប និង លូស៊ី ម៉ាក ស៊្មីធ ជិត ប៉ាលម៉ៃរ៉ា ។ យ៉ូសែប ស៊្មីធ ដែល​មាន​អាយុ 14 ឆ្នាំ ក្នុងការនិមិត្ត បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ក្នុង​និទាឃរដូវ ឆ្នាំ 1820 ។ ការបើកសម្ដែង​ដ៏​ទេវភាព​នេះ ដែល​ជា​ការឆ្លើយតប​ទៅ​នឹង​ការអធិស្ឋាន​របស់​យ៉ូសែប ស៊្មីធ ដើម្បី​ដឹង​សេចក្ដី​ពិត ទាក់ទងនឹង​សាសនា និង​ពី​របៀប​លោក​អាច​ទទួលបាន​ការផ្ដាច់បាប​នោះ បាន​ចាប់ផ្ដើម​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ ក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ ។ វា​ក៏​បាន​ធ្វើឲ្យ​ព្រៃ​នោះ​ក្លាយ​ជា​កន្លែង​ដ៏​គួរឲ្យ​គោរព ក្នុង​ប្រវត្តិសាស្រ្ត​សាសនាចក្រ​ផងដែរ—ជា​កន្លែង​មួយ​ដែល​យើង​ផ្ដល់​ឈ្មោះ​ថា ៖ « ព្រៃ​ពិសិដ្ឋ » ។

ខណៈ ខ្ញុំ​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម គ្រួសារ​ខ្ញុំ និង​ខ្ញុំ​បានផ្ដួចចិត្ត​ស្រឡាញ់​ព្រៃ​នោះ និង​ទទួល​អារម្មណ៍​នៃ​ភាពពិសិដ្ឋ​របស់​វា ។ យើង​បាន​ទៅ​ទីនោះ​ជាញឹកញាប់ ។ រៀងរាល់​ខែ ពេល​ដែល​មាន​ពួកអ្នក​ផ្សព្វផ្សាយ​ថ្មី​មកដល់ ហើយ​ពេល​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​ដែល​ចប់​ត្រូវចាកចេញ យើង​បាន​នាំ​ពួកគេ​ទៅ​ទីនោះ ។ ទម្លាប់​របស់​យើង គឺ​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ផ្លូវចូល​ទៅ​កាន់​ព្រៃ ហើយ​បន្ទាប់ពី​​ច្រៀង​បទ ដែល​បាន​ច្រៀង​យ៉ាង​ពិរោះ នារាត្រី​នេះ គឺ​បទ—«ការអធិស្ឋាន​ដំបូង​របស់​យ៉ូសែប ​ស៊្មីធ »1—យើង​បាន​សូម​ឲ្យ​ពួក​អែលឌើរ ស៊ីស្ទើរ បែកគ្នា ហើយ​ទៅរក​កន្លែង​ផ្ទាល់​ខ្លួន​​ក្នុង​ព្រៃ ជា​កន្លែង​ដែល​ពួកគេ​ម្នាក់ៗ​អាច​ទូល​ទៅកាន់ព្រះ ដោយ​ការអធិស្ឋាន ហើយ​អាច​ធ្វើ និង​រៀប​រាប់​ពី​ការតាំងចិត្ត​ផ្ទាល់ខ្លួន​របស់​ពួកគេ​ទៅ​ទ្រង់ ។ ទស្សនកិច្ច​ទាំងឡាយ ទៅកាន់​ព្រៃ​ពិសិដ្ឋ​នេះ បាន​ក្លាយ និង​នៅតែ​ជា​បទពិសោធន៍​ដ៏​មាន​តម្លៃ សម្រាប់​អស់អ្នក​ដែល​មាន​ពរជ័យ​បាន​ទៅ​ទស្សនា​ទីនោះ ។

ទោះយ៉ាងណា ខ្ញុំ​ដឹងថា មាន​អ្នក​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ក្នុង​ចំណោម​អ្នក ដែល​នឹង​អាច​ទៅ​កាន់​ព្រៃពិសិដ្ឋ​ដោយ​ផ្ទាល់ ។ ដោយហេតុផល​នេះ​ហើយ ក្នុង​និទាឃរដូវ ឆ្នាំ 2012 នេះ—គឺ 192 ឆ្នាំ បន្ទាប់​ពី​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស៊្មីធ—ខ្ញុំ​ចង់​ឲ្យ​អ្នក​មកមើល​ព្រៃពិសិដ្ឋ​ឲ្យ​ច្បាស់ ជាមួយ​ខ្ញុំ ។ សូម​ឈរ​នៅទីនោះ​ជាមួយ​ខ្ញុំ នារាត្រី​នេះ​ ពេលដែល​ខ្ញុំ​ចែកចាយ​ជាមួយ​អ្នក នូវ​ទស្សនីយភាព​ជាក់ស្ដែង​មួយ​ចំនួន​ពី​ព្រៃ​នោះ, មូលហេតុ​នៃ​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ផ្ទាល់​ចំពោះ​កន្លែង​ពិសិដ្ឋ​នោះ, និង​មេរៀន​ជីវិត​ដ៏​មាន​តម្លៃ​នានា ដែល​មនុស្ស​ម្នាក់​អាច​រៀន​នៅទីនោះ ។

បងប្រុស រ៉ូប៊ឺត ភែរ៉ុត ជា​អ្នក​ថែរក្សា​ព្រៃ និង​ជា​ធម្មជាតិ​វិទូ​ម្នាក់ រស់​នៅ​ទីក្រុង ប៉ាលម៉ៃរ៉ា សាសនាចក្រ​បានជួល​គាត់​ធ្វើការ ខ្ញុំ​ជំពាក់​គាត់ ដែល​បាន​នាំ​​ខ្ញុំ​ឲ្យ​យល់​ច្បាស់​ពី​ព្រៃពិសិដ្ឋ ដែល​ខ្ញុំ​នឹង​ចែកចាយ ។ ទោះ​មិន​ទាន់ក្លាយ​​ជា​សមាជិក​នៃ​សាសនា​យើង ក៏​បងប្រុស ភែរ៉ុត គោរព​ដល់​ព្រៃពិសិដ្ឋ ហើយ​ផ្ដល់​ការថែទាំ​ដោយ​ស្រឡាញ់ និង​យ៉ាង​ស្ទាត់ជំនាញ ។

ការ​ប្រៀបធៀប​នៃ​ព្រះ​គម្ពីរទាក់​ទង​នឹង​ដើមឈើ

កាលដែល​ខ្ញុំ​បាន​ដើរ​ដោយ​គារវភាព កាត់​ព្រៃពិសិដ្ឋ ឬ​អង្គុយ​ទាំងគិត នៅលើ​កៅអី​ដែល​គេ​ដាក់​នៅទីនោះ ជាញឹកញាប់ ខ្ញុំ​សញ្ជឹងគិត​ពី​ការ​ប្រៀបធៀប​នៃ​ព្រះ​គម្ពីរទាក់​ទង​នឹង​ដើមឈើ, គ្រាប់ពូជ, ផ្លែ, ឫសឈើ, និង​ព្រៃប្រឹក្សា ។ ដោយ​គ្មាន​ការ​សង្ស័យទេ​ថា អ័ដាម និង​អេវ៉ា ដែល​ជា​ឪពុកម្ដាយ​ដើមយើង បាន​ទទួល​មេរៀន​ទីមួយ​ពី​ការថែរក្សា​រុក្ខជាតិ ។ ព្យាការី​យ៉ាកុប បាន​ដកស្រង់​សម្ដី​របស់​ស៊ីណូស ក្នុង​ព្រះគម្ពីរ​មរមន ចែកចាយ​ពី​រូបាធិដ្ឋាន​ដ៏​ស្មុគស្មាញ​មួយ ឬ​រឿង​ពី​ដើម​អូលីវ​ស្រុក និង​អូលីវ​ព្រៃ កាលដែល​លោក​បង្រៀន​ពី​ការ​ខ្ចាត់ព្រាត់ និង​ការ​ប្រមូលផ្ដុំ​វង្ស​អ៊ីស្រាសអែល (សូមមើល យ៉ាកុប  5 ។ ហើយ​ក្នុង​ចំណោម​យើង ជាពិសេស បើ​យើង​ធ្លាប់​បម្រើ​បេសកកម្ម តើ​អ្នកណា​ដែល​មិន​បាន​អាន ហើយ​អានឡើងវិញ និង​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ពី​គ្រាប់​ពូជ​នៃ​សេចក្ដី​ជំនឿ ដែល​អាលម៉ា​អញ្ជើញ​យើង​ឲ្យ​ដាំ ថា​ដោយ​ការថែទាំ​យ៉ាង​អត់ធ្មត់ និង​ការបីបាច់​ដ៏​ត្រឹមត្រូវ នឹង​ក្លាយជា « ដើមមួយ​ពន្លក​ឡើង​ជា​ជីវិត​អស់កលល្ប​ជានិច្ច » នោះ ( អាលម៉ា 32:41; សូមមើល ខ 32:27–43 ) ?

វា​ក៏​ដូច​គ្នា​នឹង​ព្រៃ​ពិសិដ្ឋ​ដែរ ។ អ្នក​សង្កេត​ពី​ធម្មជាតិ​ដ៏យកចិត្តទុក​ដាក់​​ម្នាក់—ជាពិសេស ពេល​គាត់​ត្រូវបាន​រួម​ដំណើរ​ដោយ​ធម្មជាតិ​វិទូ​ដ៏​ជំនាញ​ម្នាក់​របស់ រ៉ូប៊ឺត ភែរ៉ុត—នោះ​គាត់​អាចរៀន​មេរៀន​ចាំបាច់​មួយ​ចំនួន ពី​ប្រព័ន្ធ​អេកូ​នៅទីនោះ ។ ខ្ញុំ​សូម​ចែកចាយ​ដោយ​សង្ខេប នូវ​មេរៀន​ចំនួន​បួន​នៃ​មេរៀន​ទាំងឡាយ​នោះ ជាមួយ​អ្នក នារាត្រីនេះ ៖

មេរៀន​ជីវិត​ពី​ព្រៃ​ពិសិដ្ឋ

មេរៀនទី 1 ៖ ដើមឈើ​តែងតែ​ដុះ​ឡើង​ឆ្ពោះ​ទៅ​ពន្លឺ ។

បាតុភូត​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ដែល​ត្រូវ​សង្កេត​ក្នុង​ព្រៃពិសិដ្ឋ គឺ​ដើមឈើ​ដែល​ដុះ​លើ​ជាយ​ព្រៃ​ពីដើមមក ព្រម​ទំាង​ដើម​ទាំងឡាយ ដែល​ដុះ​ជា​ជួរ​តាម​ផ្លូវ​ដើរ​ជាច្រើន​ខាង​ក្នុង​នោះ ។ ភាគច្រើន ពួកវា​លូត​ឆ្ពោះ​ទៅ​ក្រៅ—ដើម្បី​គេច​ផុត​ពី​ម្លប់​ឈើ​ដែល​គ្របលើ​វា—បន្ទាប់មក ដុះ​ឆ្ពោះ​ទៅលើ ដើម្បី​ស្រូប​យក​ពន្លឺ​ថ្ងៃ​ល្អ​បំផុត ។ ដើម និង​មែក​ដែល​កោង​ដុះ​ខុស​ពី​ដើម​ជិតៗ​នោះ ដែល​ដុះ​ស្ទើរតែ​ត្រង់​ឥតខ្ចោះ​តែម្ដង ។ ស្ទើរតែ​ដូចជា​គ្រប់​សរីរៈ​ដែល​មាន​ជីវិត​ទាំងអស់​ដែរ ដើមឈើ​ត្រូវការ​ពន្លឺ ដើម្បី​មាន​ជីវិត​រស់ និង​លូតលាស់ ។ វា​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ស្រូប​ពន្លឺ​ថ្ងៃ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ជម្រុញ​ឲ្យ​មាន​រស្មី​សំយោគ—ដែល​ជា​ដំណើរ​ការ​នៃ​ការ​ផ្លាស់​ប្តូរ​ថាមពល​ពន្លឺ ទៅ​ជា​ថាមពល​គីមី ឬ « ថាមពល » ដែល​ស្ទើរតែ​គ្រប់​សរីរៈ​មាន​ជីវិត​ទាំងអស់​ប្រើប្រាស់​វា ។

ខ្ញុំ​ប្រាកដ​ថា គំនិត​ដ៏​ក្មេង​ខ្ចី និង​ឈ្លាសវៃ​របស់​អ្នក ដឹង​រួច​ទៅហើយ ថាតើ​ពាក្យ​ប្រៀបធៀប​ពី​ព្រៃពិសិដ្ឋ​នេះ នាំ​យើង​ទៅឯណា​នោះ ! « ពន្លឺ » គឺ​ជា​កត្តា​កាន់តែ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ឆាប់​មាន​ប្រតិកម្ម នៅក្នុង​ផ្នែក​ខាង​វិញ្ញាណ ជាជាង​ខាង​ធម្មជាតិ ។ វា​អញ្ចឹង​មែន ព្រោះ​ពន្លឺ​ចាំបាច់​ដល់​ការលូតលាស់​ខាង​វិញ្ញាណ និង​ការយល់ដឹង​ពី​សក្ដានុពល​ដ៏​ពេញលេញ​របស់​យើង ក្នុងនាម​ជា​បុត្រា និង​បុត្រី​នៃ​ព្រះ ។

« ភាពងងឹត » គឺ​ផ្ទុយ​ពី​ពន្លឺ ហើយ​តំណាង​ឲ្យ​កងកម្លាំង​ក្នុង​លោកិយ ដែល​ព្យាយាម​បំបែក​យើង​ពី​ព្រះ និង​បង្អាក់​ផែនការ​ដ៏​ទេវភាព​របស់​ទ្រង់ សម្រាប់​ជីវិតយើង ។ ជា​ធម្មតា គឺ​បន្ទាប់​ពី​ភាពងងឹត ឬ​នៅក្នុង​ទីងងឹត ដែល​កងកម្លាំង​អារក្ស ប្រើ​ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​របស់​វា ។ ក្នុង​ដំណាក់កាល​ជីវិត​អ្នក ការធ្វើខុស​ច្បាប់​ព្រហ្មចារីភាព, ទង្វើ​លួច​ឆក់, ល្បែង​ស៊ីសង, បង្ខូច​ច្បាប់​គតិបណ្ឌិត, និង​ឥរិយាបទ​ផ្សេងៗ​ទៀត ដែល​ហាមឃាត់​ដោយ​ព្រះបិតាសួគ៌​យើង គឺ​ជានិច្ចកាល​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្រោម​ការគ្របបាំង​នៃ​ភាពងងឹត ។ សូម្បី​ពេល​យើង​ជ្រើសរើស​ធ្វើ​ខុស​ទាំងថ្ងៃ—ឧទាហរណ៍ ដូច​ជា​ការ​លួច​បើក​ចាក់​ក្នុង​ពេល​ប្រលង, លួច​ស្នាដៃ​និពន្ធ​របស់​អ្នកដទៃ, និយាយដើម​ចំអន់លេង​ពី​នរណាម្នាក់, ប្រើ​ពាក្យ​អសុរស, ឬ​កុហក់—ក្នុង​ករណី​បែបនេះ យើង​មិនអាច​ទប់​មិន​ឲ្យ​មាន​អារម្មណ៍​នៃ​ភាពងងឹត​បានទេ ។

ជាការ​ល្អ ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ « ប្រទាន​ពន្លឺ​ដល់​មនុស្ស​គ្រប់​រូប​ណា ដែល​មក​ក្នុង​លោកិយ ហើយ​ព្រះវិញ្ញាណ​បំភ្លឺ​គ្រប់​មនុស្ស​ពាសពេញ​លោកិយ ដែល​ប្រុងស្ដាប់​តាម​សម្លេង​នៃ​ព្រះវិញ្ញាណ ។

«ហើយ​មនុស្ស​គ្រប់​រូបណា ដែល​ប្រុងស្ដាប់​តាម​សម្លេង​នៃ​ព្រះវិញ្ញាណ នោះ​មករក​ព្រះ គឺ​ព្រះវរបិតា » ( គ. និង ស. 84:46–47 ) ។

បទគម្ពីរ​ចេញមក​ពី គោលលទ្ធិ និង​សេចក្ដី​សញ្ញា នេះ ពិពណ៌នា​យ៉ាង​ល្អ ពី​ការឈោង​របស់​មនុស្ស ឆ្ពោះ​ទៅលើ ជាសភាវគតិ​ខាង​វិញ្ញាណ​ដែល​ព្រះ​ប្រទាន ដែល​យើង​ទាំងអស់​គ្នា​មាន—បើ​យើង​មិន​រារាំង​វា—ហើយ​ក្នុងការ​ធ្វើ​ដូច្នោះ គឺ​ដើម្បី​ឆ្ពោះទៅឯ​ពន្លឺ គឺ​ឆ្ពោះ​ទៅ​ព្រះ និង​ព្រះរាជបុត្រា​ទ្រង់ និង​ក្លាយ​កាន់តែ​ដូច​ពួកទ្រង់ ។ ព្រះគ្រីស្ទ​បាន​មាន​បន្ទូល​ពី​ខ្លួនទ្រង់​ផ្ទាល់​ថា « ខ្ញុំ​ជា​ពន្លឺ​លោកិយ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ( យ៉ូហាន 8:12 ) ។

ដោយការ​យល់​ពី​ព្រះគម្ពីរ នោះ​អ្នក​អាច​ប្រាប់​បាន​ជាច្រើន ពី​ពាក្យមួយ ដោយ​ពាក្យ​ផ្សេងទៀត​ដែល​នៅ​ជិត​វា ។ ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ចូរ​កត់សម្គាល់ ថាតើ​ពាក្យ ពន្លឺ, ព្រះវិញ្ញាណ, សេចក្ដី​ពិត, និង​ព្រះយេស៊ូវគ្រីស្ទ នៅជិតៗគ្នា ញឹកញាប់​យ៉ាងណា ។ ពាក្យ​ទាំងនោះ​មាន​អត្តន័យ​ស្ទើរ​ដូចគ្នា ហើយ​ពាក្យ​ទាំងអស់​នោះ នាំ​យើង​ទៅ​លើ​កាន់តែ​ខ្ពស់ និង​ទៅកាន់​ផ្លូវ​ជីវិត​ដែល​កាន់តែ​បរិសុទ្ធ​ជាង ។

ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​អស់ពីចិត្ត​ខ្ញុំ សូម​ឲ្យ​អ្នក​ជៀសវាង​ពី​សេចក្ដី​ងងឹត​នៃ​អំពីបាប នៅក្នុង​គ្រប់​ទម្រង់​ដ៏​អាក្រក់​របស់​វា ហើយ​សូម​បំពេញ​ឲ្យ​ជីវិត​អ្នក​នូវ ព្រះវិញ្ញាណ, សេចក្ដី​ពិត, និង​ពន្លឺ​នៃ​ព្រះអង្គ​សង្គ្រោះ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​ធ្វើ​ការណ៍​នេះ​បាន​ដោយ​របៀប​ជាច្រើន ហើយ​ខ្ញុំ​សូម​ណែនាំ​របៀប​ទាំងនេះ ៖ ចូរស្វែងរក​មិត្តដែល​ថ្លៃថ្នូរ, តន្រ្ដី និង​សិល្បៈ​ដែល​បំផុស​គំនិត, ចំណេះដឹង​ចេញពី​សៀវភៅ​ដែល​ល្អ​បំផុត ( ជាពិសេស​ព្រះគម្ពីរ ), ពេល​អធិស្ឋាន​ដោយ​ស្មោះត្រង់, ពេល​ស្ងប់​ស្ងាត់​ក្នុង​ធម្មជាតិ, សកម្មភាព និង​ការសន្ទនា​ល្អៗ, និង​ជីវិត​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់​ពី​ក្ដី​ស្រឡាញ់ និង​ការបម្រើ ។ ចូរ​ចងចាំ​ជានិច្ច និង​ជាពិសេស ក្នុង​ការ​ស្វែងរក​ដៃគូ​អស់កល្ប ពី​ការប្រកាស​របស់​ព្រះ​ដែល​ថា « សេចក្ដីពិត​អោបក្រសោប​សេចក្ដីពិត គុណធម៌​ស្រឡាញ់​គុណធម៌ ពន្លឺ​នៅជាប់​នឹង​ពន្លឺ » ( គ. និង ស. 88:40 ) ។ គោលការណ៍​​នៃ​សេចក្ដី​ល្អ​ទាក់ទាញ​សេចក្ដីល្អ​នេះ ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ថា បើ​យើង​រស់នៅ​ក្នុង​ពន្លឺ​នៃ​ដំណឹងល្អ នោះ​ទីបំផុត យើង​នឹង​រក​ដៃគូ​មួយ ដែល​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដី​ល្អ និង​សេចក្ដី​សុចរិត​ស្របគ្នា​ដែរ ។ ខ្ញុំ​ដឹង​ថា បើ​យើង​កាន់តែ​ខំប្រឹងប្រឹង​បំពេញ​ពន្លឺ​ឲ្យ​ជីវិត​យើង​ផ្ទាល់​ប៉ុណ្ណា នោះ​វា​ក៏​កាន់តែ​មាន​កន្លែង​សម្រាប់​សេចក្ដី​ងងឹត​តូច​ប៉ុណ្ណោះ​ដែរ ហើយ​នៅទីបំផុត យើង​នឹង​កាន់តែ​ក្លាយ​ដូច​ព្រះគ្រីស្ទ ដែល​ជា​ពន្លឺ​នៃ​លោកិយ ។

ដោយសារ​ពរជ័យ​ដ៏​ពិសេស ដែល​ខ្ញុំ​មាន​នារាត្រី​នេះ ដើម្បី​និយាយ​ទៅកាន់​អ្នក ជា​ពិសេស​ចំពោះ​ពួក​បរិសុទ្ធ​វ័យក្មេង នោះ​ខ្ញុំចង់​ដំឡើង​សម្លេង​នៃ​ការព្រមាន តែ​ក៏​ជា​សម្លេង​នៃ​ការលើកទឹកចិត្ត និង​ក្ដី​សង្ឃឹម ទាក់ទង​នឹង​សេចក្ដី​ងងឹត ដែល​នឹង​រាតត្បាត​ជីវិតអ្នក ដោយ​ជៀសមិនរួច បើ​អ្នក​ជាប់ពាក់ព័ន្ធ​នឹង​រូបអាសអាភាស ។ ការប្រើប្រាស់​សម្ភារ​អាសអាភាស ក្នុង​របៀបណា​ក៏​ដោយ គឺ​ជា​ការ​ប្រមាថ​ដល់​ព្រះ និង​បង្ខូច​ដល់​បញ្ញត្តិទ្រង់ ដែល​ថា យើង​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​កំផិត​ឡើយ « ឬ​ប្រព្រឹត្តិ​អំពើ​អ្វី​ដូច​នោះ​ឲ្យ​សោះ » ( គ. និង ស. 59:6 ) ។ ស្ទើរតែ​ជានិច្ចកាល ការប្រើ​រូបអាសអាភាស​នាំ​យើង​ទៅកាន់​ការញៀន​ក្នុង​ការ​បង្ខូច​ច្បាប់​ព្រហ្មចារីយភាព ។ ការមើល​សម្ភារ​អាសអាភាស​ម្ដងហើយ​ម្ដងទៀត និង​បន្ត​ពីនោះ​គឺ​ការចូលរួម​ក្នុងគ្រប់​ទម្រង់នៃ​​ការរំលង​ខាង​ផ្លូវភេទ អាច​បង្កើត​ការញៀន​មួយ ដែល​ត្រូវ​តែ​ដោះស្រាយ និង​ព្យាបាល ដោយ​ការ​ថែទាំ​ដូចគ្នា​នឹង​ការញៀន​គ្រឿងស្រវឹង និង​ថ្នាំញៀន​ដែរ ។

បើ​រូប​អាសអាភាស​បាន​ញាំញី​ជីវិតអ្នក​រួចទៅហើយ ហើយ​ជា​បញ្ហារ៉ាំ​រ៉ៃ និង​​កើតឡើង​ផ្ទួនៗ នោះ​ខ្ញុំ​សូម​អង្វរ​អ្នក​ឲ្យ​ស្វែងរក​ជំនួយ​ទាំងខាង​សាសនា និង​ខាង​អ្នក​ជំនាញ ។ សូម​ដឹង​ថា ការញៀន​រូបអាសអាភាស​គឺ​មិនមែន​គ្រាន់តែ​ជា « បញ្ហា​តូច » ដែល​អ្នក​អាច​យកឈ្នះ​បាន​ក្នុង​ទីស្ងាត់ ដោយ​ការអធិស្ឋាន, ការសិក្សា​ព្រះគម្ពីរ, និង​ការគ្រប់គ្រង​ខ្លួនឯង​នោះទេ ។

ដោយសារ​ការញៀន​នឹង​រូបអាសអាភាស អាច​បង្អន់​អំណាច​នៃ​ឆន្ទៈ ក្នុង​ការ​ជ្រើស​ល្អ​លើ​ការអាក្រក់ នោះ​អ្នក​នឹង​ត្រូវការ​ភាពស្លូតបូត និង​បន្ទាប​ខ្លួន ឱបក្រសោប​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ទទួល​ពរជ័យ​នៃ​អំណាច​ដង្វាយធួន​ដែល​អាច​ធ្វើ​ឲ្យ​អ្វីៗ​កើតឡើង​បាន ។ តើ​ការណ៍​នេះ​មាន​ន័យ​ដូចម្ដេច នៅក្នុង​ន័យ​ធម្មតា គឺ​ថា បើអ្នក​ប្រឹងប្រែង​ឲ្យ​អស់ពីសមត្ថភាព​អ្នក—ដែល​រួមទាំង​ការ​ឆ្លងកាត់​ដំណើរការ​នៃ​ការប្រែចិត្ត ដោយ​មាន​ជំនួយ​ពី​ប៊ីស្សព ឬ​ប្រធានសាខា​អ្នក ដើម្បី​ទទួល​បាន​ការអត់ទោស​ដល់​អំពើបាប និង​ឆ្លងកាត់​ដំណើរការ​ដ៏​វែងឆ្ងាយ​នៃ​ការ​ជា​ឡើងវិញ ដែល​រួមមាន​ការប្រឹក្សា​ជំនាញ និង​អាច​ជា​ការគាំទ្រ​ជាក្រុម ដើម្បី​យកឈ្នះ​ការញៀន​របស់​អ្នក—បើ​អ្នក​នឹង​ធ្វើ​នូវ​ការណ៍​ទាំងនេះ នោះ​អំណាច​នៃ​ដង្វាយធួន​ដែល​អាច​ធ្វើ​អ្វីៗ​ឲ្យ​កើតឡើង​បាន ( ដែល​វចនានុក្រម​ព្រះគម្ពីរប៊ីប​បាន​ពិពណ៌នា​ថា ជា​មធ្យោបាយ​ដ៏​ទេវភាព​នៃ​ជំនួយ ឬ​កម្លាំង 2) គឺ​អំណាច​នៃ​ដង្វាយធួន​ដែល​អាច​ធ្វើ​អ្វីៗ​ឲ្យ​កើតឡើង​បាននេះ នឹង​ជួយ​អ្នក​ឲ្យ​យកឈ្នះ​នូវ​ចំណង់​ដ៏​ខ្លាំង​នៃ​ការញៀន​រូបអាសអាភាស ហើយ​យូរទៅ​នឹង​ព្យាបាល​ឥទ្ធិពល​ដ៏​សាហាវ​របស់​វា ។ តាមរយៈ​អំណាច​នៃ​ដង្វាយធួន នោះ​ទាំង​ការ​អត់ទោស​ដល់​អំពើបាប និង​ការជា​ឡើងវិញ​ពី​ការញៀន​អាច​ធ្វើទៅបាន ហើយ​ទាំងពីរនេះ​គឺ​អស្ចារ្យ​ណាស់ ។

សូម​មេត្តា​គេចចេញ​ពី​ភាពងងឹត ដូច​ជា​ដើមឈើ ដែល​តែងតែ​ព្យាយាម​ដុះ​ឆ្ពោះ​ទៅរកពន្លឺ ។

មេរៀនទី 2 ៖ ដើមឈើ​ត្រូវការ​អ្វី​ដែល​ខុស​ពីវា ដើម្បី​បំពេញ​ការវាស់វែង​ពី​ការបង្កបង្កើត​របស់​វា ។

មាន​មតិ​ផ្សេងៗ​គ្នា​អំពី​ការគ្រប់គ្រង​ព្រៃឈើ ដែល​ត្រូវបាន​គេ​ធ្វើតាម អស់​ជាច្រើន​ឆ្នាំ ក្នុងការ​ថែរក្សា​ព្រៃ​ពិសិដ្ឋ ។ មាន​ម្ដង​នោះ គេ​បាន​ជ្រើសរើស​តំបន់​សាកល្បង​មួយ ហើយ​ប្រើប្រាស់​ការអនុវត្ត​មួយ ដែល​ត្រូវគេ​ស្គាល់​ថា​ជា « រំដោះ​ភាព​ក្រិន » ។ វា​កើត​ឡើង​​ដោយ​របៀបនេះ ៖ អ្នកថែ​រក្សាព្រៃ​បាន​កំណត់​ពី​អ្វី ដែល​ពួកគេ​មាន​អារម្មណ៍​ថា ជា​ដើមឈើ​ខ្ចីៗដែល​អាច​ក្លាយ​ជា​ដើម​ធំបំផុត និង​​មាន​សុខភាព​ល្អបំផុត នៅក្នុង​តំបន់​សាកល្បង​នោះ បន្ទាប់មក ពួកគេ​បាន​កាត់​ចេញ និង​តម្រឹម​​ដើម​ដែល​មិន​សូវ​មាន​ផលល្អ និង​ដើម​តូចៗ​ដែល​ដុះ​ក្រោម​ដើម​ធំៗ ។ ការសន្មត់នោះ​​គឺ​ថា ដោយ​ការ​កាត់ចេញ​ដើម​ជាច្រើន​នោះ គឺ​កុំ​ឲ្យ​ពួកវា​ប្រជែង​យក​ទឹក, ពន្លឺថ្ងៃ, និង​ជីវជាតិ​ដី ដើម្បី​ឲ្យ​ដើម​ជម្រើស​ទាំងនោះ​អាច​ត្រូវបាន « រំដោះ » ឲ្យ​ដុះ និង​លូតលាស់ ក្នុង​របៀប​ដ៏​អស្ចារ្យ ។

ច្រើន​ឆ្នាំ​កន្លងទៅ វា​ជាក់ស្ដែង​ណាស់​ថា អ្វី​ដែល​កើតឡើង​គឺ​វា​ផ្ទុយ​ពី​អ្វី​ដែល​គេ​បាន​សន្មត់ ។ ពេល​ដែល​ពុំ​មាន​ការ​ប្រជែង​ពី​ដើមផ្សេងៗ នោះ​ដើម​ដែល​គេ​ជ្រើសរើស​ទាំងនោះ​បាន​ឆ្អែតឆ្អន់ ។ ជំនួស​ឲ្យ​ការលូត​ទៅលើ ឆ្ពោះទៅ​ពន្លឺ ពួកវា​ពន្យឺត​ការដុះ​ត្រង់​របស់​វា​វិញ ដោយ​វា​មាន​ដុះ​មែក​នៅទាបៗ​ជាច្រើន ដែល​នៅទីបំផុត វា​នឹងពុំមាន​ប្រយោជន៍​ទេ នៅពេល​ដែល​ស្លឹក​ធំៗ​ដុះ​គ្រប​ជិត ហើយ​ពេល​ដើមឈើ​នោះកាន់តែ​តឿ—ខ្ញុំ​អាច​រៀបរាប់បាន ! ក្នុង​ពេលនោះ ដើមឈើ ដែល​ត្រូវបាន​កាត់ចេញ​នោះ បាន​ដុះ​ពន្លក​ឡើងវិញ​ជា​គុម្ពឈើ​មាន​មែក​ធាង​ជាច្រើន ដែល​នឹង​មិនក្លាយ​ជា​ដើម​ល្អ​ទេ តែ​វា​បន្ត​ស្រូបយក​ទឹក និង​ជីជាតិ​ទាំងឡាយ ។ គុម្ពឈើ​ដូច​ជា​ដើមឈើ​ទាំងនេះ បន្ត​ប្រជែង​ជាមួយ​ដើមឈើ​ជម្រើស តែ​មិនមែន​ក្នុង​របៀបមួយ ដែល​នាំ​មក​នូវការលូតលាស់​ជា​វិជ្ជមានដល់​ដើម​ណាមួយ​នោះទេ ។ ជាលទ្ធផល ពុំមាន​ដើម​ណាមួយ​នៅក្នុង​តំបន់​សាកល្បង​នោះ អាច​ប្រៀបធៀប​ជាមួយ​នឹង​ដើម​ទាំងឡាយ ដែល​គេ​ទុកឲ្យដុះ​តាមធម្មជាតិ​នោះទេ ទោះជា​ទំហំ ឬ​ភាពរឹងមាំ​ក៏​ដោយ ហើយ​ដើមទាំងនោះ​ត្រូវតែ​យកឈ្នះ ដើម​ដែល​ខុស​ពីវា ដើម្បី​វាអាច​រស់ និង​លូតលាស់ ។

ដូច​អ្នក​ដឹង​ហើយ គោលលទ្ធិ​សំខាន់​មួយ​នៃ​ព្រះគម្ពីរ​មរមន គឺ​ថា ត្រូវតែ​មាន​ការផ្ទុយ​គ្រប់​ការណ៍​ទាំងអស់ ។ ពិភពលោក​មួយ​ដែល​មាន​ការផ្ទុយ ផ្ដល់​នូវ​ជម្រើស​រវាង​ល្អ និង​អាក្រក់ ដើម្បី​ឲ្យ​សិទ្ធិ​ជ្រើសរើស​អាច​អនុវត្ត ។ វាសំខាន់​ស្មើគ្នា គឺ​គោលការណ៍​ដែល​ថា ត្រូវតែមាន​ការផ្ទុយ ដើម្បី​មាន​ការ​លូតលាស់​ខាង​វិញ្ញាណ—ឬ​ដូច​លោកឪពុក​លីហៃ​ថា—ដើម្បី​ឲ្យ « សេចក្ដី​បរិសុទ្ធ » អាចកើតឡើង​បាន ( នីហ្វៃទី 2 2:11 ) ។ ខ្ញុំ​ចង់​សង្កត់​ធ្ងន់​ថា ការយល់​ពី​គោលការណ៍​នេះ—គឺថា ការលូតលាស់​ខាង​វិញ្ញាណ​តម្រូវឲ្យ​មាន​ការផ្ទុយ និងការ​លំបាក—ហើយ​ការក្រសោប​យក​គោលការណ៍​នេះ ក្នុង​វ័យ​របស់​អ្នក គឺ​ជា​គន្លឹះ​មួយ ក្នុង​ការ​ទទួល និង​មាន​ភាពរីករាយ​ជាទូទៅ​ក្នុង​ជីវិត ។ វា​ក៏​ចាំបាច់​ផងដែរ​ដល់​ការទទួល​បទពិសោធន៍​ដែល​ត្រូវការ ដល់​ការ​រីកចម្រើន និង​ការអភិវឌ្ឍន៍​ផ្ទាល់​ខ្លួន ។

មិនយូរ មិនឆាប់ យើង​ទាំងអស់​គ្នា នឹង​ជួបប្រទះ​ការផ្ទុយ និងការលំបាក ។ ការផ្ទុយ និង​ការលំបាក​ខ្លះ​កើតឡើង​ដោយ​ព្រោះ​ជាលទ្ធផល នៃ​ការរស់នៅ​ទីនេះ​ក្នុងជីវិតរមែងស្លាប់ នៅក្នុង​ពិភព​ដែល​ធ្លាក់ ។ វា​ជា​អ្វី​ដែល​មនុស្សទាំងអស់​គ្នា​មាន ។ ការផ្ទុយ​បែបនោះ​អាចកើតឡើង​ក្នុង​ទម្រង់​ជាច្រើន ។ វា​អាច​ជា​កម្លាំង​នៃ​ធម្មជាតិ ។ វា​អាច​​ជា​ជំងឺ​ផ្សេងៗ ( ខ្ញុំ​ហាក់ដូច​ជា​ឆាប់គ្រុន​ផ្ដាសាយ ទោះ​ខ្ញុំ​បាន​ចាក់ថ្នាំ​ការពារ​ក៏​ដោយ ! ) ។ វា​អាច​កើតឡើង​ក្នុង​ទម្រង់​ជា​ការល្បួង ។ សម្រាប់​មនុស្ស​ខ្លះ វា​មានន័យ​ថា វា​មិន​បាន​ដូច​ការរំពឹងទុក ( ខ្ញុំ​ចង់បាន​កំពស់ 1 ម៉ែត្រ 95  តែ​ខ្ញុំ​បានរៀន​ដើម្បី​មាន​ភាពរីករាយ​ជាមួយ​នឹង​កំពស់ 1  ម៉ែត្រ 75  ដែល​ខ្ញុំ​មាន ហើយ​ត្រូវបន្ទាប​កន្លែង​និយាយ​ដោយ​ចៀសមិនរួច ពេល​ខ្ញុំ​ឡើង​និយាយ ) ។ វា​ក៏​អាច​ជា​ទម្រង់​នៃ​ភាពឯកោ, ភាពមិន​ឥតខ្ចោះ ឬ​ភាពពិការ​ខាង​រាងកាយ ឬ​ខាង​ផ្លូវ​ចិត្ត—បញ្ជី​នៃការផ្ទុយ​គឺ​ស្ទើរតែ​គ្មាន​ទីបញ្ចប់—ក៏​ដូច​ជា​ពរជ័យ​នៃ​ការរីកចម្រើន និង​ការអភិវឌ្ឍន៍​ផ្ទាល់ខ្លួន​ផងដែរ បើ​យើង​មាន​ក្ដី​ជំនឿ ដើម្បី​មើល​ទៅឆ្ងាយ និង​ស៊ូទ្រាំ​ទាំងអស់យ៉ាង​ល្អ​ ។ ខ្ញុំ​យក​នូវការ​លួងលោម​ដ៏​អស្ចារ្យ ពី​បន្ទូល​ព្រះអម្ចាស់ ចំពោះ​យ៉ូសែប ស៊្មីធ ក្នុង​គុក​លីប៊ើធី នៅពេលមួយ ពេល​បន្ទុក​យ៉ូសែប ធ្ងន់​ហួស​ដែល​ស្ទើរតែ​មិន​អាច​ទ្រាំទ្រ​បាន ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖ « បុត្រ​យើង​អើយ ចូរ​អ្នក​ដឹង​ថា គ្រប់ការណ៍​ទាំងនេះ នឹង​ផ្ដល់​ការពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជាការល្អ​ដល់​អ្នក​ទៅវិញ » ( គ. និង ស. 122:7 ) ។

ជួនកាល ការផ្ទុយ និង​ការលំបាក កើតឡើង​ដោយព្រោះ​ជម្រើស​ដែល​នាំ​ទៅផ្លូវខុស​របស់​យើង​ផ្ទាល់ ។ សុខភាពមិន​ល្អ ឬ​របួស​ដែល​អាច​កើតមក​ពី​របៀបរស់នៅ​ដែល​មិន​ប្រុងប្រយ័ត្ន, ការឈឺចាប់​ និង​ទុក្ខព្រួយ ដែល​កើតមក​ពី​ការបំបាក់​ក្រិត្យវិន័យ​ព្រះ, ការសោកស្ដាយ ដែល​យើង​មាន ក្រោយពី​ពេល​យើង​មិន​បាន​ប្រើ​ឲ្យ​អស់​នូវ​ពេលវេលា ឬ​ទេពកោសល្យ​របស់​យើង—លក្ខខណ្ឌ​​ទាំងអស់​នេះ​គឺ​ជា​ អ្វី​ដែល​យើង​បង្កើត​ឡើង​ដោយ​ខ្លួនឯង ។ យើង​ទាំងអស់​គ្នា​គួរ​មាន​អំណរគុណ​យ៉ាងខ្លាំង ដល់​ព្រះអង្គ​សង្គ្រោះ​យើង ដែល​បាន​ប្រទាន​ដង្វាយធួន ជា​របៀបមួយ​ដើម្បី​យើង​ជួសជុល​អ្វី​ដែល​ខូចបង់​វិញ​បាន ។

ខ្ញុំ​បាន​កត់សម្គាល់​ថា ពេល​ប្រឈម​នឹង​ការផ្ទុយ ជាញឹកញាប់​យើង​សួរ​ថា « ហេតុអ្វី »—ហេតុអ្វី​ជា​ខ្ញុំ ? ហេតុអ្វី​ឥឡូវនេះ ? ហេតុអ្វី​ដូច្នេះ ?—នៅ​ពេល​ត្រូវ​សួរថា « តើ​អ្វី » ដែល​មាន​ប្រយោជន៍​ជាង ។ មាន​ម្ដង ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​នៃ​ការលួងលោម​មួយ ទៅ​គូស្វាមី​ភរិយា​មួយគូ ដែល​មានទុក្ខព្រួយ​ជាខ្លាំង ដោយសារ​ស្វាមី​កំពុង​ជិត​ស្លាប់​ដោយ​សារ​ជំងឺ​ដែល​មិន​មើល​មិន​ជា​មួយ ។ ការឆ្លើយតប​របស់​ពួកគេ​គឺ​រាបទាបណាស់ ៖ ពួកគេ​រៀបរាប់​ពី​ពរជ័យ​ទាំងឡាយ ដែល​ព្រះ​បាន​ប្រទាន​ដល់​ពួកគេ អស់ពេល​ជាច្រើន​ឆ្នាំ​ដែល​ពួកគេ​នៅ​ជាមួយ​គ្នា បន្ទាប់មក​ដោយ​ភាពស្មោះត្រង់​បាន​ឆ្ងល់​ថា « តើ​អ្វី » ទៅ​ដែល​ព្រះ​ព្យាយាម​បង្រៀន​ពួកគេ ក្នុង​ការបង្រៀន​ចុងក្រោយ​នេះ ។

មាន​ដើមឈើ​​ក្នុង​ព្រៃពិសិដ្ឋ ដែល​បងប្រុស ភែរ៉ុត ហៅថា « ដើមឈើ​គុណភាព » ។ ដើម​ឈើទាំងនេះ​​បង្ហាញ​ថា ការផ្ទុយ​អាច​ជា​ប្រយោជន៍​ដល់​យើង ហើយ​ថា នៅក្នុង​ពេល​ដ៏​លំបាក​ក្រៃលែង​របស់​យើង នោះ​ជាញឹកញាប់​មាន​អ្វី​ជាច្រើន​ដែល​ត្រូវ​ទទួល ។ ដើមឈើ​ទាំងនេះ​ត្រូវតែ​មានប្រតិកម្ម និង​សម្របទៅនឹង​ ​ទម្រង់​នៃ​ការផ្ទុយ និង​ភាពមិន​អនុគ្រោះ​ផ្សេងៗ ហើយ​ពេលខ្លះ សូម្បីតែ​ជា​ការ​បាន​ល្អ​ប្រសើរ​ឡើងវិញពី​ការខូចខាត​ដោយ—ផ្លេកបន្ទោរ, សន្ទុះ​ខ្យល់​យ៉ាង​ខ្លាំង, ព្រិល ឬ​ទឹកកក​ដែល​ផ្ដុំ​ជាដុំ​យ៉ាងធ្ងន់, ការបៀតបៀន និង​ការបំពាន​ពី​មនុស្ស​ដែល​មិន​ចេះ​ខ្វល់ខ្វាយ, និង​ជួនកាល សូម្បីតែ​ជា​ការរុករាន​ពី​ដើមឈើ​ដែល​នៅជិត ! ចេញពី​ស្ថានភាព​មិន​អនុគ្រោះ​ទាំងនេះ ក៏​មាន​នូវ​ដើមឈើ​ដែល​រឹងមាំ​បំផុត និងដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត នៅក្នុង​ព្រៃ​នោះ ។ អ្វី​ដែល​ដើមទាំងនោះ​ខ្វះខាត​នូវ​ភាពស្រស់ស្អាត នោះ​វា​បាន​ជំនួស​វិញ​នូវ​ភាពរឹងមាំ និង​គុណភាព​របស់​វា ។

ពី​បទពិសោធន៍​ជីវិត​ខ្ញុំ​ផ្ទាល់ ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​ថា ការផ្ទុយ, ការលំបាក, និង​ភាពមិនអនុគ្រោះ បង្កើត​ជា​គុណភាព​ និង​ការលូតលាស់ ។ បទពិសោធន៍​ជីវិត​ខ្ញុំ​ផ្ទាល់ ដែល​ពិបាក​បំផុត និង​ទាមទារ​ឲ្យ​មាន​ការប្រឹងប្រែង​បំផុត—គឺអារម្មណ៍​នៃ​ភាពមិន​ពេញលេញ និង​ការដឹងខ្លួន អំឡុងពេល​យុវវ័យ​របស់​ខ្ញុំ, បេសកកម្ម​របស់​ខ្ញុំ​ទៅ​ប្រទេស​អាល្លឺម៉ង់ ពេល​ជា​បុរស​វ័យក្មេង​ម្នាក់ និង​ការរៀន​ភាសា​អាល្លឺម៉ង់, ការរៀន​ដើម្បី​ទទួល​សញ្ញាបត្រ​ផ្នែក​ច្បាប់ និង​ការប្រលង​ឲ្យ​ជាប់, ការប្រឹងប្រែង​របស់​ខ្ញុំ ដើម្បី​ធ្វើ​ជា​ស្វាមី និង​ឪពុក​ល្អ និង​ដើម្បី​ផ្គត់ផ្គង់ ទាំងខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ដល់​គ្រួសារ​ខ្ញុំ ដែល​មាន​កូន​ប្រាំបី​នាក់, ការបាត់បង់​ឪពុកម្ដាយ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​​ខ្ញុំ, សូម្បី​តែ​លក្ខណៈ​ទូទៅ និង​ការ​បារម្ភជាញឹកញាប់ ពី​ការបម្រើ​របស់​ខ្ញុំ ក្នុ​ងនាម​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់ ( រួម​ទាំង​ការរៀបចំ និង​ផ្ដល់​សុន្ទរកថា​ដល់​អ្នក នារាត្រី​នេះ )—ទាំងអស់​នេះ និង​ផ្សេងៗទៀត ទោះ​ជា​លំបាក តែ​វា​បាន​ផ្ដល់​បទពិសោធន៍​ដល់​ខ្ញុំ និង​ជា​ការណ៍​ល្អ​ដល់​ខ្ញុំ​វិញ !

ខ្ញុំ​ដឹង​ថា វា​មិន​ងាយ​នឹង​បញ្ចុះ​បញ្ចូល​ពួក​អ្នក​ជា​មនុស្ស​វ័យ​ក្មេង​ឲ្យ​ជឿ​នោះទេ ថា​ការឈឺចាប់​បន្ដិច​បន្តួច​ជា​ការល្អ​សម្រាប់​អ្នក​វិញ​នោះ តែ​ដោយស្មោះត្រង់ វា​ពិត​ជា​អញ្ចឹង​មែន ។ បើ​យើង​ត្រូវ​ទទួល « គ្រប់​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​យើង​មាន » ( គ. និងស 84:38) នោះ​វា​នឹង​មិនកើតឡើង ដោយ​គ្មាន​ការ​ផ្ដល់​ត្រឡប់វិញ​នូវ​អ្វី​ទាំងអស់​ដែល​យើង​មាន​នោះទេ ។ ព្រះបិតាសួគ៌​យើង​ចង់បាន​បុត្រា​បុត្រី​ដ៏​ឧត្ដម ហើយ​ដូច​លីហៃ​បាន​បង្រៀន​ថា ភាព​បរិសុទ្ធ​អាច​កើតមាន​ឡើង​តែតាម​ការលំបាក និង​ការសាកល្បង​ប៉ុណ្ណោះ ។ មនុស្ស គឺ​ដូច​ដើមឈើ​ដែរ តម្រូវ​ឲ្យ​មាន​ការផ្ទុយ ដើម្បី​បំពេញ​ការវាស់វែង​ពី​ការបង្កបង្កើត​របស់ពួកគេ ។

មេរៀន​ទី 3 ៖ ដើមឈើ​ដុះ​ល្អបំផុត​នៅក្នុង​ព្រៃ មិនមែន​ក្នុង​កន្លែង​ដាច់ពីគេ​នោះទេ ។

បើ​អ្នក​គិត​ពី​វា ក្នុង​ធម្មជាតិ វា​ចម្លែកណាស់ ដែល​ឃើញ​ដើមឈើ​មួយ​ដុះ​តែឯង​នោះ ។ ជានិច្ចកាល ពួកវា​ដុះ​ផ្ដុំ​គ្នា​ក្នុង​ព្រៃ​តូចៗ ហើយ​យូរៗទៅ ព្រៃតូចៗ​អាច​ក្លាយ​ជា​ព្រៃ​ធំៗ ។ ទោះយ៉ាងណា ព្រៃពិសិដ្ឋ​គឺ​វា​លើស​ពី​ការគ្រាន់តែ​មាន​ក្រុម​ដើមឈើ​ទាំងឡាយ ។ វា​ជា​ប្រព័ន្ធ​អេកូ​ដ៏​ស្មុគស្មាញ​មួយ ដែល​រួមមាន​អំបូរ​រុក្ខជាតិ និង​សត្វ​ជាច្រើន ។ មាន​ភាពទាក់ទងគ្នា​ទៅវិញ​ទៅមក​មួយ ដែល​អាច​ធ្វើការអង្កេត​បាន ក្នុង​ចំណោម​ផ្កាព្រៃ, គុម្ពព្រៃ, រុក្ខជាតិ, ដើមឈើ, ផ្សិត, ស្លែ, សត្វស្លាប, សត្វកកេរ, ទន្សាយ, ក្ដាន់, និង​ផ្សេងៗទៀត ​ខុសៗ​គ្នា ដែល​នៅទីនោះ ។ អំបូរ​ទាំងនេះ​ធ្វើអន្តរកម្ម និង​ពឹងផ្អែក​លើគ្នា​ទៅវិញ​ទៅមក ដើម្បី​មាន​អារហារ, ជម្រក, និង​បរិយាកាសសង្គម និង​ស៊ីសង្វាក់គ្នា​មួយ ដែល​អំបូរទាំងអស់​អាច​ទទួល​បទពិសោធន៍​នៃ​វដ្ដ​ជីវិត​របស់​ពួកវា ។

ផែនការ​របស់​ព្រះ​សម្រាប់​ជីវិត​យើង គឺ​គិត​គូរ​ពី​ភាពទាក់ទងគ្នា​ទៅវិញ​ទៅមក​ស្រដៀង​គ្នា​មួយ និង​ពីសង្គម​របស់​យើង ។ យើង​ត្រូវ​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​យើង​កើតឡើង​ជាមួយគ្នា មិនមែន​តែ​ឯង​នោះទេ ។ សាសនាចក្រ​កសាង​សាលា​ជំនុំ មិនមែន​អាស្រម​ឥសី​ទេ ។ យើង​ត្រូវបាន​ស្នើសុំ​ឲ្យ​ចូលរួម​ក្នុង​វួដ ឬ​សាខា​ជាក់លាក់—មិនមែន​ជ្រើសរើស​ក្រុមជំនុំ ដូច​ក្នុង​សាសនា​ខ្លះៗ​នោះទេ ។ គោលនយោបាយ​ដ៏​ឈ្លាសវៃ​នេះ តម្រូវ​ឲ្យ​យើង​រៀន​ចុះសម្រុង​គ្នា​ទៅវិញ​ទៅមក និង​ដើម្បី​ទទួល​ខុសត្រូវ ចំពោះមុខ​​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​យើង មិនមែន​រត់ ហើយ​លាក់​ខ្លួន ពេល​លំបាក​នោះទេ ! យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ស្រឡាញ់​អ្នក​ជិតខាង​យើង ( រួមទាំង​សមាជិក​គ្រួសារ​ផងយើង​ដែរ ) ហើយ​ការ​រៀន​ស្រឡាញ់​ពួកអ្នក​ដែល​នៅជិត​យើង​បំផុត ជាញឹកញាប់ គឺ​ពិបាក​ជាង​ការស្រឡាញ់​ដោយ​ប្រយោល​ដល់ « មនុស្ស​ទាំងអស់​ក្នុង​ពិភពលោក » ។ តាំងពី​ដំបូង​នៃ​ការ​ស្ដារ​ឡើងវិញ ពួកបរិសុទ្ធ​ត្រូវបាន​បញ្ជា​ឲ្យ « មកឯ​ស៊ីយ៉ូន » និង​ឲ្យ​ប្រមូលផ្ដុំ​គ្នា​ក្នុង​សហគមន៍​នានា ដែល​យើង​អាច​រៀន​រស់នៅ​ស្របគ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ការ​គោរពដល់​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ដើម្បី « ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក ... ដើម្បីទួញ​យំ​ជាមួយ​នឹង​អ្នកណា​ដែល​ទួញយំ ... និង​កំសាន្ត​ទុក្ខ​ដល់​ដល់​អស់​អ្នកណា​ដែល​កំពុងត្រូវការ​កំសាន្ត​ទុក្ខ » ( ម៉ូសាយ 18:8–9 ) ។ ក្នុង​នាម​ជា​បុត្រ​នៃ​ព្រះ ការដែល​យើង​​នៅ​ម្នាក់ឯង គឺ​វា​មិនចម្រើនឡើង​ជាង​ដើមឈើ​ដែល​ដុះ​តែឯង​នោះទេ ។ ដើមឈើ​ដែល​មាន​សុខភាពល្អ​ត្រូវការ​ប្រព័ន្ធ​អេកូ មនុស្ស​ដែល​មាន​សុខភាពល្អ​ត្រូវការគ្នា​ទៅវិញ​ទៅមក ។

អរគុណ​ណាស់ ដែល​ក្នុង​ខ្លួន​យើង​ទាំងអស់​គ្នា​ត្រូវការ​ចូលក្នុង​សង្គម, ត្រូវការ​ភាពជាដៃគូ, មិត្ត​ដែល​ស្មោះត្រង់ ។ ដោយ​ជា​សមាជិក​ក្នុង​គ្រួសារ​ដ៏​អស់កល្ប​នៃ​ព្រះ យើង​ទាំងអស់​គ្នាចង់បាន​ជាខ្លាំង​នូវ​សេចក្ដី​សោមនស្ស និង​សន្តិសុខ ដែល​ទំនាក់ទំនង​ជិតស្និត និង​យូរអង្វែង​អាច​ផ្ដល់​ឲ្យ ។ អ្នក​នឹង​រៀនថា ការបង្កើត​ទំនាក់​ទំនង​បែបនោះ​ត្រូវការពេលវេលា, ការប្រឹងប្រែង, និង​សេចក្ដី​សប្បុរស​យ៉ាង​បរិបូរណ៌ ។ ដូច​មរមន​បាន​បង្ហាញ​ពី​វា​ថា « សេចក្ដី​សប្បុរស ... ពុំ​រកប្រយោជន៍​ផ្ទាល់​ខ្លួន »—មិនមែន​របៀប​ផ្ទាល់ខ្លួន, ​មិនមែន​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន, ហើយ​ប្រាកដ​ណាស់ គឺមិនមែន​ការសប្បាយ​ផ្ទាល់ខ្លួន ( មរ៉ូណៃ 7:45 ) ។ ថ្វីបី​បណ្ដាញ​អ៊ិនធើរណិត និង​បណ្ដាញ​សង្គម ផ្ដល់​ជា​ទម្រង់​មួយ​នៃ​ការ​ចូល​ក្នុង​សង្គម ក៏​បណ្ដាញ​ទាំងនោះ​មិន​អាច​ជំនួស​ឲ្យ​ការ​ទាក់ទង​ដ៏​ស្មោះត្រង់, បើកចំហ, និង​ដោយ​ផ្ទាល់​មុខ ដែល​ត្រូវ​តែ​ធ្វើឡើង​ដើម្បី​បង្កើត​ទំនាក់ទំនង​ដ៏​ពិតប្រាកដ និង​យូរអង្វែង​មួយ​នោះ​បានទេ ។

ប្រាកដណាស់ មន្ទីរ​ពិសោធន៍​ដំបូង​បំផុត និង​ល្អបំផុត ដើម្បី​រៀន​ចុះសម្រុង​គ គឺ​ផ្ទះ​នោះឯង ។ វាគឺ​នៅ​ផ្ទះ ដែល​យើង​រៀន​មេរៀន​នៃ​ការបម្រើ, ភាពមិនអាត្មានិយម, អភ័យទោស, និង​អត់ធ្មត់ ដែល​ចាំបាច់​ដល់​ការបង្កើត​ទំនាក់ទំនង​ដ៏​យូរអង្វែង​ជាមួយ​អ្នក​ផ្សេង ។ ខ្ញុំ​គិត​ថា ដោយ​ព្រោះ​ហេតុផល​នេះហើយ ដែល​ផ្នែកមួយ​នៃ​ការ​មាន « ភាពសក្ដិសម​សម្រាប់​ព្រះវិហារបរិសុទ្ធ » គឺ​ជា​ការតម្រូវ​ថា យើង​រស់នៅ​ក្នុង​ក្ដី​ស្រឡាញ់ និង​ចុះសម្រុង​ជាមួយ​សមាជិក​ក្នុង​គ្រួសារ​យើង​ផ្ទាល់ ។

វាសប្បាយ ដែល​សាសនាចក្រ​ដែល​ពេញ​ដោយ​ការបំផុសគំនិត​នេះ ក៏​បានផ្ដល់​ឱកាស​ដ៏​អស្ចារ្យ និង​ការរៀបចំ​ដែល​យើង​អាច​អភិវឌ្ឍន៍​ខាង​ផ្នែក​សង្គម​ផងដែរ ។ តាំង​ពី​ក្មេង​បំផុត រហូត​ដល់​ចាស់​បំផុត យើង​នៅក្នុង​វួដ ឬ​សាខា​មួយ និង​នៅក្នុង​ស្ថាប័ន​មួយ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ និង​ការចូល​ក្នុង​សង្គម​រីកចម្រើន​ឡើង ។ ក្នុង​ការហៅ​បម្រើ, ការប្រជុំ, ថ្នាក់, កូរ៉ុម, ក្រុមប្រឹក្សា, សកម្មភាព, និង​ឱកាស​ផ្សេងៗ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​ក្នុង​សាសនាចក្រ យើង​អភិវឌ្ឍ​លក្ខណៈ​សម្បត្តិ និង​ជំនាញ​ខាង​សង្គម ដែល​ជួយ​រៀបចំ​យើង​សម្រាប់​របៀប​រៀបរយ​ក្នុង​សង្គម ដែល​នឹង​មាន​ក្នុង​ស្ថានសួគ៌ ។ និយាយ​ពី​របៀប​រៀបរយ​ដែល​ខ្ពស់​ជាង​នេះ ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ​យ៉ូសែប ស៊្មីធ ថា ៖ « ហើយ​ទំនាក់ទំនង​ដែល​មាន​នៅក្នុង​ចំណោម​ពួកយើង​នៅទីនេះ​យ៉ាងណា នោះ​ក៏​នឹង​មាន​ក្នុង​ចំណោម​យើង​នៅទីនោះ​យ៉ាង​នោះដែរ គ្រាន់តែ​រួបរួម​ដោយ​សិរីល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ជា​សិរីល្អ​ដែល​យើង​ពុំ​មាន​ការពិសោធន៍​នៅពេល​ឥឡូវ​នេះ​ប៉ុណ្ណោះ » ( គ. និង ស. 130:2 ) ។

បើ​យើង​សង្ឃឹម​ចង់​រីករាយ​នឹង​ទំនាក់ទំនង​នៃ​ស្ថានសួគ៌ និង​សិរី​រុងរឿង​របស់​វា ក្នុង​ពិភព​ដែល​នឹង​មក នោះ​យើង​ត្រូវ​បន្ត​រីកចម្រើន​​ក្នុង​សង្គម ក៏​ដូច​ជា​ខាង​វិញ្ញាណ ពេល​នៅលើ​ផែនដី ។ ដូចជា​ដើមឈើ​ដែរ មនុស្ស​លូតលាស់​​បាន​ល្អបំផុត​ក្នុង​សហគមន៍ មិនមែន​តែឯង​ទេ ។

មេរៀន​ចុងក្រោយ​ទី 4 ៖ ដើមឈើ​ទាញយក​ភាពរឹងមាំ​ពី​ជីជាតិ​ដែល​បង្កើត​ដោយ​ដើមឈើ​ពីតំណ​មុនៗ ។

មាន​ពេល​មួយ ដែល​មាន​ការថែទាំ​ព្រៃពិសិដ្ឋ ពេលដែល​ពួកអ្នក​គ្រប់គ្រង​សម្រេច​ថា ព្រៃ​នោះ​គួរ​មាន​លក្ខណៈ​ស្រស់ស្អាត ។ គម្រោង​ការបម្រើ​សម្រាប់​ពួកយុវវ័យ និង​ពួក​អ្នក​ផ្សព្វផ្សាយ ត្រូវបាន​រៀបចំ​ជា​ដំណាក់ៗ ដើម្បី​សម្អាត​ដើម, មែក​ដែល​បាក់ៗ, និង​ដើមតូចៗ​ដែល​ដុះ​ពីក្រោម​ដើម​ធំៗ, និង​សូម្បីតែ​កំណាត់ឈើ និង​ស្លឹក​ងាប់ៗ ។ មិន​យូរប៉ុន្មាន តាមការ​អនុវត្ត​នេះ ភាពរឹងមាំ​នៃ​ព្រៃឈើ​នោះ​ចាប់ផ្ដើម​ថមថយ ។ ដើមឈើ​លូតលាស់​យឺត, មាន​ដើម​ថ្មី​តែ​បន្តិច​បន្តួច​លិច​ពន្លក​ឡើង, អំបូរ​ផ្កា និង​រុក្ខជាតិ​ព្រៃ​ខ្លះ​ចាប់ផ្ដើម​បាត់បង់, និង​ចំនួន​នៃ​សត្វព្រៃ និង​សត្វស្លាប​ធ្លាក់ចុះ ។

ពេល​បងប្រុស ភែរ៉ុត បាន​ទទួល​ថែរក្សា​ព្រៃ​នោះ​ជាច្រើន​ឆ្នាំ​​កន្លងមកហើយ គាត់​បាន​ផ្ដល់​យោបល់​ថា ត្រូវទុក​ឲ្យ​ព្រៃ​នេះ​នៅ​តាម​ធម្មជាតិ​ឲ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើទៅបាន ។ ដើម និង​មែក​ដែល​ធ្លាក់​មក​ត្រូវបាន​ទុក​ឲ្យ​រលួយ និង​ផ្ដល់ជីជាតិ​ដល់​ដី ។ ស្លឹក​ត្រូវទុក​ឲ្យ​នៅ​កន្លែង​ដែល​វា​ធ្លាក់មក ។ អ្នក​ទស្សនា​ត្រូវបាន​សុំ​ឲ្យ​នៅ​លើ​ផ្លូវ​ដែល​មាន​គំនូស ដើម្បី​កាត់បន្ថយ​ការរំខាន​ដល់​ព្រៃឈើ និង​ការ​ធ្វើ​ឲ្យ​​ដី​ដែល​នៅក្នុង​ព្រៃ​ហាប់ណែន​ពេក ។ ក្នុង​រយៈពេល​តែ​ពីរបីឆ្នាំ ព្រៃ​បានចាប់ផ្ដើម​​ដុះ​ឡើងវិញ​ដោយ​ខ្លួន​វា ក្នុង​របៀប​មួយ​ដ៏​អស្ចារ្យ ។ សព្វថ្ងៃ​នេះ វា​លូតលាស់​ជិត​ដូច​ស្ថានភាព​ពី​មុន​ហើយ ដោយ​មាន​រុក្ខជាតិ​សម្បូរបែប និង​សត្វព្រៃ​ជាច្រើន ។

មេរៀន​ដែល​ត្រូវរៀន​ពី​បទពិសោធន៍​ក្នុង​ការគ្រប់គ្រង​ព្រៃឈើ​នេះ គឺ​ពេញចិត្ត​ខ្ញុំ​ណាស់ ។ ឥឡូវនេះ ប្រាំពីរ​ឆ្នាំ​ហើយ ដែល​ខ្ញុំ​មាន​ឯកសិទ្ធ​បម្រើ​ជា​អ្នកប្រវិត្តសាស្រ្ត និង​អ្នក​កត់ត្រា​របស់​សាសនាចក្រ ។ នេះ​ជា​មុខតំណែង​មួយ ដែល​បាន​បង្កើត​ឡើង​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ក្នុង​ការឆ្លើយតប​ដល់​ការបញ្ជា​របស់​ព្រះអម្ចាស់ នៅថ្ងៃ​ដែល​សាសនាចក្រ​ត្រូវបាន​ស្ថាបនា ថា ៖ « មើលចុះ នឹង​មាន​បញ្ជី​មួយ​កត់ទុក​នៅក្នុង​ចំណោម​អ្នក​រាល់គ្នា » ( គ. និង ស. 21:1 ) ។ ផ្ដើមដំបូង​ដោយ​ការតែងតាំង អូលីវើរ ខៅឌើរី ជាអ្នកប្រវិត្តសាស្រ្ត និង​អ្នក​កត់ត្រា​ទីមួយ​របស់​សាសនាចក្រ—តាំងពីថ្ងៃ​នោះ—ហើយ​បន្ត​រហូត​ដល់​បច្ចុប្បន្ន—វា​ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​ពី​ប្រវត្តិ​សាសនាចក្រ​របស់​យើង​ដែល​ត្រូវបាន​រក្សាទុក ។ យ៉ូហាន វិតមើរ បាន​ជំនួស អូលីវើរ ខៅឌើរី និង​ត្រូវបាន​បញ្ជា​ដោយ​ព្រះអម្ចាស់ ឲ្យ​រក្សា​ប្រវត្តិ « អំពីការណ៍​ដ៏​សំខាន់ៗ​ទាំងឡាយ ... ដែល​នឹង​ទៅជាការល្អ​ដល់​សាសនាចក្រ និង​ដល់​តំណ​មនុស្ស​មាន​វ័យ​ធំឡើង ដែល​នឹង​ធំឡើង​នៅលើ​ដែនដី​ស៊ីយ៉ូន » ( គ. និង ស. 69:3,  8 ) ។

ហេតុអ្វី​បានជា​ការរក្សា​បញ្ជី និង​ការប្រមូល​ផ្ដុំ, ការទុកដាក់, និង​ការចែកចាយ​ប្រវត្តិ ជា​ការ​សំខាន់​ម៉្លេះ ក្នុង​សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ ? ហេតុ​អ្វី​វា​ជា​ការចាំបាច់​សម្រាប់​អ្នក ដែល​ជា​អ្នក​មាន​ចំណែក​ក្នុង « តំណ​មនុស្ស​មាន​វ័យ​ធំឡើង » សព្វថ្ងៃ​នេះ ក្នុងការយកចិត្ត​ទុកដាក់ និង​ទាញ​យក​ការរឹងមាំ​ពី​តំណ​មុនៗ ? និយាយ​ម្យ៉ាង​ទៀត​គឺ​ថា តើ​យើង​ជា​មនុស្ស​ចាស់​នេះ មាន​អ្វី​ដើម្បី​ផ្ដល់​ឲ្យ​ខ្លះទៅ ?

ជាការឆ្លើយតប ខ្ញុំ​សូមណែនាំ​ថា វា​មិន​អាច​ទៅរួច​ទេ ដើម្បី​រស់នៅ​ឲ្យ​បាន​ពេញលេញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ—បើ​គ្មាន​គ្រឹះ​ពី​មុន​ទេ​នោះ—គឺ​វា​នឹង​ឆ្ងាយ​ពី​ផែនការ​ដែល​បាន​ដាក់ សម្រាប់​គោលដៅ​អនាគត​របស់​យើង​ណាស់ ។ សេចក្ដី​ពិត​នេះ​បាន​នាំ​ឲ្យខ្ញុំ​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង កាលពី​ប៉ុន្មាន​ខែមុន​នេះ ក្នុង​ជំនួប​មួយ​ជាមួយ​គូស្វាមី​ភរិយា​ដ៏​ល្អ​មួយគូ ដែល​បានទទួល​បទពិសោធន៍​ដ៏​ចម្លែក​បំផុត​មួយ ដោយ​បាន​ការអនុញ្ញាត នោះ​ខ្ញុំ​នឹងចែកចាយ ។ ប៉ុន្មាន​ឆ្នាំ ក្រោយ​ពី​រៀបការ និង​មាន​កូន​ចៅ​ច្រើន​នាក់ ភរិយា​បាន​មាន​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ ។ នាង​បាន​​នៅ​ក្នុង​មន្ទីរពេទ្យ​អស់​ជាច្រើន​សប្ដាហ៍ ដោយ​សន្លប់​ឥត​ដឹងខ្លួន ។ ពេល​នាង​ដឹងខ្លួន នាង​បាន​រងនូវការ​បាត់បង់​ការចងចាំ​ទាំងស្រុង ! នាង​ពុំ​ចាំ​ប្រវិត្ត​អ្វី​សោះ ។ ដោយ​ពុំ​មាន​ការចងចាំ​ពី​អតីតកាល​របស់​នាង នាង​ពុំ​មាន​ព័ត៌មាន​អ្វី​សោះ ។ នាង​ពុំ​ស្គាល់​ស្វាមីនាង, កូនៗ​នាង, ឬ​ឪពុកម្ដាយ​នាង​ទេ ! ពេល​ដែល​ស្វាមី​បាន​រៀបរាប់​រឿង​នេះ​ដល់​ខ្ញុំ ដោយទុកចិត្ត គាត់​បាន​ប្រាប់ខ្ញុំ​ថា ក្នុង​ប៉ុន្មាន​ខែ បន្ទាប់​ពី​គ្រោះថ្នាក់ គាត់​មាន​ការបារម្ភ​ថា ភរិយាគាត់​នឹង​វង្វេង​បាត់ បើ​ពុំ​មាន​នរណា​នៅជាមួយ​ទេ ។​ គាត់​ក៏​បារម្ភ​ថា ភរិយា​គាត់​នឹង​មិន​ស្រឡាញ់​គាត់​ម្ដងទៀតទេ ។ អំឡុងពេល​ទាក់ទងគ្នា គាត់​សង្ហា ជា​បុរស​វ័យក្មេង​មាន​រាង​មាំមួន ហើយ​មាន​សក់​ពេញ​ក្បាល ។ ឥឡូវនេះ នៅ​ពាក់កណ្ដាល​ជីវិត​ហើយ គាត់​រាង​ធាត់ ហើយ​មិន​សូវ​មាន​សក់ទេ !

សំណាង​ល្អ យ៉ាងហោច​ណាស់​បញ្ជី​ផ្នែក​ខ្លះ​ត្រូវបាន​រក្សាទុក ។ ស្វាមី​បាន​រក្សាទុក​សំបុត្រ​ដែល​ប្រពន្ធ​គាត់​បាន​សរសេរ ពីមុន និង​អំឡុង​ពេល​បេសកកម្ម​គាត់ ។ ទាំងនេះ​បាន​ផ្ដល់​ជា​ភស្តុតាង​ថា ពួកគេ​ទាំងពីរ​នាក់​ពិត​ជា​បាន​ស្រឡាញ់​គ្នា ។ គាត់​ក៏​បាន​រក្សា​ទុក​កំណត់ហេតុ​ដែល​មាន​នូវ​ការកត់ត្រា​ដ៏​មាន​ប្រយោជន៍​ផងដែរ ។ យូរៗទៅ ភរិយា​បាន​នឹកឃើញ​រឿង​​អតីតកាល​ឡើងវិញ​ច្រើន តាមរយៈ​ការចែកចាយ​ប្រវិត្ត​នោះ ដោយ​អ្នក​ជាទីស្រឡាញ់​របស់​នាង ។

ស្ថានភាព​ដ៏​ប្លែក និង​ទន់ភ្លន់​នេះ បង្ហាញ​យ៉ាង​ច្បាស់ ពី​ទំនាក់ទំនង​ដ៏​សំខាន់​នៃ​អតីតកាល ដល់​បច្ចុប្បន្ន និង​ដល់​អនាគត ។ វា​ក៏​ជួយ​យើង​ឲ្យ​កាន់តែ​មាន​អំណរគុណ​ចំពោះ​អត្ថន័យ​នៃ​សេចក្ដី​ពិត​របស់​ព្រះអម្ចាស់ ដែល​បាន​បើកសម្ដែង​ដល់​យ៉ូសែប ស៊្មីធ ផងដែរ​ថា ៖ « សេចក្ដីពិត​គឺ​ជា​ការចេះដឹង អំពី​ការណ៍​ទាំងឡាយ​ដែល​មាន​នៅពេលនេះ និង​ការណ៍​ទាំងឡាយ​ដែល​មាន​មកហើយ ហើយ​និង​ការណ៍​ទាំងឡាយ​ដែល​នឹង​មាន​ខាងមុខ » ( គ. និង ស. 93:24 ) ។ ការចេះដឹង​ដែល​យើង​មាន ពី​អតីតកាល ដោយសារតែ​បញ្ជី​ទាំងឡាយ​ដែលបាន​រក្សាទុក និង​ពី​អនាគត​យើង ដោយសារតែ​ព្រះគម្ពីរ និង​ការបង្រៀន​ដែល​ប្រកប​ដោយ​ការព្យាករណ៍​របស់​ព្យាការី​នៅរស់ ផ្ដល់​ដល់​យើង​នូវបរិបទ ដែល​ជួយ​យើង​ប្រើប្រាស់​សិទ្ធិជ្រើសរើស​របស់​យើង ដោយ​ឈ្លាសវៃ ពេល​យើង​មាន​ជីវិត ។ ពេល​អនុវត្ត នោះការចេះដឹង​ខ្នាត​នេះ ផ្ដល់​ដល់​យើង​នូវ​ទស្សនៈវិស័យ​មួយ​ដែល​កាន់តែ​ដូចព្រះ ព្រោះ​វា​នាំ​យើង​ឲ្យ​កាន់​តែ​មាន​សមត្ថភាព​ដូចទ្រង់ ដូច​ទ្រង់​មាន​បន្ទូល​ថា « គ្រប់ការណ៍​ទាំងអស់ ... មាន​វត្តមាន​ចំពោះ​ព្រះនេត្រ [ ទ្រង់ ] » ( គ. និង ស. 38:2 ) ។

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ មកពី​គ្រប់ជាតិសាសន៍ នោះ​យើង​ទាំងអស់​គ្នា​មាន​ចំណែក​ក្នុង​ប្រវត្តិសាស្រ្ត​សាសនាចក្រ​ពី​មុន​ដូចគ្នា ។ វាសំខាន់​សម្រាប់​យើង​ទាំងអស់​គ្នា ក្នុងការស្គាល់​ពី​ប្រវត្តិសាស្ត្រ​សាសនាចក្រ​របស់​យើង ជាពិសេស ជា​អ្វី​ដែល​ខ្ញុំ​នឹង​ហៅ​ថា​ជា « រឿងរ៉ាវ​ដែល​កើតឡើង​ដំបូងៗ » របស់​សាសនាចក្រ ។ រឿងទាំងនេះ​គឺ—ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស៊្មីធ, ការចេញ​មក​នូវ​ព្រះគម្ពីរ​មរមន, ការយាងមកជួប​នៃ​ពួកទេវតា យ៉ូហាន​បាទីស្ទ, ពេត្រុស, យ៉ាកុប, និង​យ៉ូហាន, អេលីយ៉ា, អេលីយ៉ាស, និង​អ្នក​ផ្សេងៗ​ទៀត—រឿង​ទាំងនេះ មាន​នូវ​សេចក្ដី​ពិត​ដែល​ជាគ្រឹះ ដែល​ការស្ដារឡើង​វិញ​នៃ​ដំណឹងល្អ​ផ្អែក​លើ ។

គួរឲ្យ​សោកស្ដាយ ក្នុង​ជំនាន់​បច្ចេកវិជ្ជា​ដែល​មាន​ព័ត៌មាន​ជាច្រើន​នេះ—មានព្រឹត្តិការណ៍​សំខាន់ៗ និង​មនុស្ស​សំខាន់ៗ​មួយ​ចំនួន​ក្នុងប្រវត្តិ​​សាសនាចក្រ—មាន​ពួកបរិសុទ្ធ​មួយ​ចំនួន​បាន​ក្លាយ​ទៅជា​តក់ស្លុត​ចំពោះ​ជំនឿ​ពួកគេ ហើយ​ចាប់ផ្ដើម​សង្ស័យ​ការជឿ​ដែល​មាន​ជាយូរ​ហើយ​នោះ ។ ចំពោះ​បុគ្គល​ទាំងឡាយ​ដែល​មាន​ការសង្ស័យ​បែបនោះ ខ្ញុំ​សូម​ផ្ញើ​ក្ដី​ស្រឡាញ់ និង​ការយល់ និង​ការអះអាង​របស់​ខ្ញុំ​ថា បើពួកគេ​តោងជាប់​នឹង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ ហើយព្យាយាម​សិក្សា​ពី​ប្រវត្តិ​សាសនាចក្រ​ប្រកប​ដោយការ​អធិស្ឋាន—គឺ​សិក្សា​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ទទួល​បាន​ការយល់ដឹង​ដ៏ជ្រាលជ្រៅ​បន្ថែមទៀត ជាជាង​ការចេះដឹង​តែ​មួយ​ផ្នែក ឬ​មិន​ពេញលេញ—នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​ពី​ជំនឿ​របស់​គេ ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ប្រវត្តិ​សាសនាចក្រ ដោយ​ការ​មាន​បន្ទូល​នូវ​សេចក្ដី​សុខសាន្ត​ដល់​គំនិត​ពួកគេ ។ ក្នុង​របៀបនេះ ពួកគេ​អាច​មាន​ភាពនឹងន ក្នុង​ការប្រាកដប្រជា​របស់ពួកគេ ទាក់ទងនឹង​ប្រវត្តិសាស្ត្រ​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ ហើយ​ពុំ « ត្រូវ​គ្រប់ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន » ( អេភេសូរ 4:14 ) ទៀត​ឡើយ ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា គឺ​ដូចជា​ពួកអ្នក​ជាច្រើន​ដែរ ខ្ញុំ​បាន​ដាក់គ្រឹះ​នៃ​បុព្វហេតុ​ជីវិត​ខ្ញុំ លើ​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត ដែល​ទាក់ទង​នឹង​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស៊្មីធ និង​ព្រឹត្តិការណ៍​សំខាន់ៗ​ផ្សេងទៀត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ ហើយ​ខ្ញុំ​ដឹង​ថា យើង​នឹង​មិនដែល​ខកចិត្ត​ឡើយ ។

ប្រវត្តិសាស្ត្រ ក្នុង​ទម្រង់​មូលដ្ឋាន​បំផុត​របស់​វា គឺជា​កំណត់ត្រា​មួយ ពី​ប្រជាជន និង​ជីវិត​ពួកគេ ហើយ​ពី​ជីវិត​ទាំងនោះ ក៏កើត​មាន​ជា​រឿង និង​មេរៀន​ទាំងឡាយ ដែល​អាច​ពង្រឹង​ដល់​អ្វី​ដែល​យើង​ជឿ, អ្វី​ដែល​យើង​តំណាង​ឲ្យ, និង​អ្វី​ដែល​យើង​គួរធ្វើ ពេល​ជួប​ការលំបាក ។ មិនមែន​រឿងទាំងអស់​ដែល​បង្កើត​ប្រវត្តិសាស្ត្រ​យើង​ឡើង សុទ្ធតែ​ពី​លក្ខណៈវីរភាព​របស់​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស៊្មីធ ឬ​ពី​បេសកកម្ម​របស់ វិលហ្វូឌ វូឌដ្រុព្វ ទៅ​ប្រទេស​អង់គ្លេស​នោះទេ ។ តាមពិតទៅ រឿង​ដ៏​អស្ចារ្យ​មួយ​ចំនួន គឺ​មក​ពី​ជីវិត​របស់​ពួកបរិសុទ្ធ​ដ៏​សាមញ្ញ​ទាំងឡាយ ដូច​ពួក​យើង​ភាគច្រើន​ដែរ ។ ពួកគេ​ជា​មនុស្ស​ដ៏​ជាទី​ស្រឡាញ់ ហើយ​ខ្ញុំ​គិត​ថា មាន​គុណ​ប្រយោជន៍ ពេល​ដែល​រឿង​ទាំងនោះ​រួមមាន​ជីដូន​ជីតា​របស់​យើង​ផងដែរ​នោះ ។

តួយ៉ាង នៅក្នុង​ទសវត្ស​ឆ្នាំ 1920 លោកតា និង​លោកយាយ ជែនសិន របស់​ខ្ញុំ—ថ្វីបើ​បាន​ធ្វើការ​យ៉ាង​ហត់នឿយ​អស់ជាយូរ​ក៏​ដោយ—ក៏​ត្រូវបាន​បង្ខំ​ឲ្យ​ប្រគល់​កសិដ្ឋាន​ដែល​ពួកគាត់​បានទិញ ហើយ​បាន​រស់នៅ​ក្នុង​រដ្ឋ អៃដាហូ ទៅ​អ្នកលក់​វិញ​ដែរ ។ ពួកគាត់​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​នៅ​រដ្ឋ យូថាហ៍ ជាមួយ​កូន​តូចៗ​របស់​ពួកគាត់​វិញ តែ​ពួកគាត់​មិនអាច​ចាកចេញ​បានទេ ទាល់តែ​ពួកគាត់​ដោះស្រាយ​បំណុល $350 សិន ។ នេះ​ហាក់ដូច​ជា​លុយ​តែ​បន្តិច​បន្តួច​ទេ​នៅ​សព្វថ្ងៃនេះ តែ​វា​ច្រើន​សម្រាប់​ពួកគាត់​ពេលនោះ ។ លោកតា​បានព្យាយាម​ខ្ចី​លុយ​ពី​មនុស្ស​ផ្សេងៗ តែ​ពុំ​ខ្ចី​ពុំ​បាន​ទេ ។ ការខ្ចី​លុយ​ពី​ធនាគារ​គឺ​មិន​អាច​ធ្វើទៅបាន​ទេ ដោយសារ​ស្ថានភាព​ទាល់ក្រ​របស់​ពួកគាត់ ។ លោកតា​លោកយាយ​បាន​អធិស្ឋាន​សុំ​ជំនួយ​រាល់ថ្ងៃ ។ ព្រឹក​ថ្ងៃ​អាទិត្យ​មួយ នៅ​ក្នុង​ការប្រជុំ​បព្វជិតភាព បុរស​ម្នាក់​ដែល​លោកតា​ពុំធ្លាប់​​ស្គាល់​សោះ បាន​មក​កាន់​លោកតា ហើយ​បាន​ប្រាប់​ថា គាត់​បាន​ឮ​ពី​បញ្ហា​​លោកតា ហើយ​នឹង​ឲ្យ​លោកតា​ខ្ចី​លុយ $350 ដោយ​រំពឹង​ថា ពេល​លោកតា​ទៅដល់ យូថាហ៍ ហើយ លោកតា​នឹង​សង​គាត់​វិញ​ឲ្យ​បាន​ឆាប់បំផុត​តាមដែល​អាច​ធ្វើ​ទៅបាន ។ កិច្ចព្រមព្រៀង​ត្រូវបាន​បំពេញ​ដោយ​ការ​ចាប់ដៃ ហើយ​លោកតា​បាន​រក្សា​ពាក្យ​សម្ដី​របស់​គាត់ ។

រឿង​ដ៏​សាមញ្ញ​នេះ ដែល​បាន​កត់ត្រា​ដោយ​លោកតា ជែនសិន របស់​ខ្ញុំ គឺ​ជា​រតនៈ​សម្បត្តិមួយ​​របស់​គ្រួសារ ។ វា​បំផុស​គំនិត​ខ្ញុំ ពី​ការបង្ហាញ​នូវ​លក្ខណៈ​សម្បត្តិ​នៃ​ការ​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម, ភាព​ស្មោះត្រង់, ការយកឈ្នះ​ការលំបាក, ភាពសាមគ្គី​ក្នុង​គ្រួសារ, និង​សំខាន់​បំផុត​សម្រាប់​ខ្ញុំ វា​បង្ហាញ​ពី​ព្រះហស្ដ​នៃ​ព្រះ​ក្នុង​ជីវិត​លោកតា​លោកយាយ​ដ៏​ស្មោះត្រង់​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ទាញ​យក​ភាពរឹងមាំ និង​ការលើក​ទឹកចិត្ត​យ៉ាង​អស្ចារ្យ ពី​គំរូ​របស់​ពួកលោក និង​គំរូ​អ្នក​ដទៃ​ទៀត ទាំងគំរូ​អស្ចារ្យ និង​សាមញ្ញ របស់​មនុស្ស​ជំនាន់​មុនៗ ។

អ្នក​អាច​ឃើញ​រឿង​ស្រដៀង​គ្នា​នេះ នៅក្នុង​កន្លែង និង​ក្នុង​គ្រួសារ​អ្នក​ផ្ទាល់ ។ ទីណា​ដែល​មាន​រឿង​បែបនោះ ខ្ញុំ​សូម​ឲ្យ​អ្នក​ចងក្រង​វា​ទុក, ថែ​រក្សា​វា, ហើយ​ចែកចាយ​វា ។ បន្ត​ថែរក្សា​វា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត ។ កូនៗ​របស់​ខ្ញុំ ( ហើយ​ឥឡូវ​នេះ ​ភាគច្រើន​បំផុត​គឺ​ចៅៗ​ខ្ញុំ ) តែងតែ​ចូលចិត្ត​ខ្លាំងណាស់ ពេល​ខ្ញុំ​ប្រាប់​ពួកគេ​ពី « ពេល​ខ្ញុំ​នៅ​ជា​ក្មេង​ប្រុស​តូចមា្នក់ » ! ខ្ញុំ​បាន​ឮ​គេ​និយាយ​ថា មនុស្ស​ម្នាក់​អាចត្រូវបាន​ពង្រឹង និង​រីកចម្រើន​តាមរយៈ​បទពិសោធន៍ ហើយ​ខ្ញុំ​ជឿ​ដូចគ្នា​នោះ គឺ​ពិត​ចំពោះ​ក្រុមគ្រួសារ ។ រឿង​ល្អៗ—បើ​ជា​រឿង​ពិត—ក្លាយ​ជា​ប្រវត្តិសាស្រ្ត​ដ៏​ល្អ ។ ចូរ​ចាំ​ថា មនុស្ស គឺ​ដូច​ជា​ដើមឈើ​ដែរ ទាញ​យក​ភាពរឹងមាំ​ពី​ជីជាតិ​ទាំងឡាយ ដែល​បាន​បង្កើតឡើង​ដោយ​តំណ​មុនៗ ។

ការបញ្ចប់

ឥឡូវ​នេះ កាលដែល​ខ្ញុំ​បញ្ចប់ ខ្ញុំ​ចង់​ឲ្យ​អ្នក​ត្រឡប់ទៅ​ព្រៃពិសិដ្ឋ​ជាមួយ​ខ្ញុំ​វិញ ហើយ​ឈរ​នៅទីនោះ​ជាមួយ​ខ្ញុំ គឺ​នៅជិត​ដើម​មួយ​ដែល​គេ​ហៅ​ថា « ដើម​សាក្សី » ។ មាន​ដើមឈើ​ទាំងឡាយ​ដែល​ដុះ​ក្នុង​ព្រៃ​នោះ 192 ឆ្នាំ មកហើយ នៅពេល​ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស៊្មីធ កើតឡើង ។ មាន​បីដើម​នៃ​ដើមឈើ​ទាំងនោះ ដែល​នៅតែ​រស់​ក្នុង​ព្រៃ​នោះ ហើយ​ដើម​សាក្សី​បី​ទៀត​ដែល​ងាប់ នៅតែ​ឈរ​នៅ​នៅទីនោះ ដោយ​ព្រោះ​ការប្រឹងប្រែង​ក្នុង​ការថែរក្សា​យ៉ាងជំនាញពី​បងប្រុស ភែរ៉ុត ។

ពេល​យើង​កំពុង​បម្រើ​បេសកកម្ម​ជិត ប៉ាល់ម៉ៃរ៉ា ជួនកាល ខ្ញុំ​ធ្លាប់​ទៅ​ក្នុង​ព្រៃពិសិដ្ឋ​ម្នាក់ឯង ហើយ​ឈរ​ដោយ​គារវភាព នៅជិត​ដើមសាក្សី​ដែល​ខ្ញុំ​ចូលចិត្ត​ជាងគេ ។ ខ្ញុំ​ធ្លាប់​ស្រមៃ​ថា បើ​ដើម​នោះ​អាច​និយាយ​បាន នោះ​វា​នឹង​ប្រាប់​ខ្ញុំ ពី​អ្វី​ដែល​វា​បាន​ឃើញ នៅ​ថ្ងៃ​មួយ នា​និទាឃរដូវ ក្នុង​ឆ្នាំ 1820 នោះ ។ តែ​ខ្ញុំ​ពិត​ជា​មិន​ត្រូវ​ការ​ដើម​នោះ​ប្រាប់​ខ្ញុំ​ទេ—ខ្ញុំ​បាន​ដឹង​រួច​ទៅហើយ ។ ដោយគុណ​ប្រយោជន៍​នៃ​បទពិសោធន៍​ខាងវិញ្ញាណ និង​អារម្មណ៍​ដែល​បាន​ចាប់ផ្ដើម​ក្នុង​យុវវ័យ​របស់​ខ្ញុំ និង​បន្ត​ដល់​វេលា​នេះ នោះ​ខ្ញុំ​បាន​ដឹង ដោយ​មិនបាច់​ពឹង​ផ្អែក​លើ​ទីបន្ទាល់​របស់អ្នក​ផ្សេងទេ ថា​ព្រះ​ជា​ព្រះវរបិតា​​យើង មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង​អង្គ​ប្រោសលោះ​នៃ​មនុស្ស​លោក​ទាំងអស់ ។ ខ្ញុំ​ដឹងថា តួអង្គ​ដ៏​មាន​សិរី​រុងរឿង​ទាំងពីរ​អង្គ​នេះ បាន​យាង​មក​ជួប​យ៉ូសែប ស៊្មីធ ក្នុង​ព្រៃពិសិដ្ឋ ក្នុង​និទាឃរដូវ ឆ្នាំ 1820 ។ ពួកទ្រង់​បាន​លើក​យ៉ូសែប​ឡើង ឲ្យ​ធ្វើ​ជា​ព្យាការី​ដំបូង​នៃ​សម័យកាន់កាប់​ត្រួតត្រានៃ​ដំណឹងល្អ​ចុងក្រោយ​នេះ ។ ដោយ​ធ្វើ​កិច្ចការ​ក្រោម​ការដឹកនាំ​របស់​ពួកទ្រង់ យ៉ូសែប ស៊្មីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន, បាន​ទទួល​កូនសោ និង​សិទ្ធិអំណាច​​បព្វជិតភាព, និង​បាន​ស្ថាបនា​សាសនាចក្រ​ព្រះគ្រីស្ទ​ម្ដងទៀត នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។ យើង​មានពរជ័យ​យ៉ាង​ធំក្រៃលែង ដែល​បាន​រស់​នៅ​នា​ពេលនេះ និង​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។

សេចក្ដីពិត​ដ៏​រុងរឿង​ទាំងនេះ ដែល​ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់ មាន​ការចាប់ផ្ដើម​នៅក្នុង​ព្រៃ​ពិសិដ្ឋ ។ ដោយ​ប្រៀបធៀប កាលដែល​អ្នក​បាន​ឈរ​ជាមួយ​ខ្ញុំ​ក្នុង​ព្រៃពិសិដ្ឋ​នារាត្រី​នេះ ចូរ​ឈរ​ជានិច្ច​នៅក្នុង​គំនិត​អ្នក និង​ក្នុង​ដួងចិត្ត​អ្នក ក្នុង​កន្លែង​ដ៏​ពិសិដ្ឋ និង​រស់នៅ​ដោយពិត ចំពោះ​សេចក្ដី​ពិត​ដែល​ព្រះ​បាន​ផ្ដើម​បើកសម្ដែង​នៅទីនោះ ។

ចូរចងចាំ​ផងដែរ នូវ​មេរៀនជីវិត​ដែល​ព្រៃពិសិដ្ឋ​បង្រៀន ៖

  1. 1.

    ពេល​អំណាច​នៃ​សេចក្ដី​ងងឹត​ព្យាយាម​បំផ្លាញ​អ្នក—ដូច​ដែល​វា​ធ្លាប់​ធ្វើចំពោះ​យ៉ូសែប ស៊្មីធ ដ៏​ក្មេងខ្ចី ចូរ​ឈរ​នៅក្នុង​ព្រៃពិសិដ្ឋ ហើយ​ចងចាំ​ពី​សសរ​ពន្លឺ ដែល​ភ្លឺ​ជាង​ពន្លឺ​ព្រះអាទិត្យ​ទៅទៀត ( សូមមើល យ.ស.—ប្រវត្តិ 1:15–17 ) ។

  2. 2.

    ពេល​ការផ្ទុយ និង​ការ​លំបាក​​បាំង​ផ្លូវ​អ្នក ហើយ​ក្ដី​សង្ឃឹម​រលត់​ទៅ ចូរ​ឈរ​នៅ​ក្នុង​ព្រៃពិសិដ្ឋ ហើយ​ចងចាំ​ថា « គ្រប់ការណ៍​ទាំងនេះ នឹង​ផ្ដល់​ការពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជា​ការល្អ​ដល់​អ្នក​វិញ » ( គ. និង ស. 122:7 ) ។

  3. 3.

    ពេល​មាន​ភាពឯកោ និង​នៅតែឯង ហើយ​អ្នក​មាន​ការលំបាក​ក្នុង​ការ​កសាង​ទំនាក់ទំនង​ដ៏​ពេញលេញ​ជាមួយ​មនុស្ស ចូរ​ឈរ​នៅក្នុង​ព្រៃពិសិដ្ឋ ជាមួយ​សហគមន៍​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ដែល​បាន​ចុះ​សេចក្ដី​សញ្ញា ដើម្បី​ជួយ​រែក​​បន្ទុក​អ្នក និង​លួងលោម​អ្នក ពេល​អ្នក​ត្រូវការ ។

  4. 4.

    ហើយ​ពេល​បទពិសោធន៍ ឬ​មនុស្ស ឬ​មាន​ការយល់​ឃើញ​ខុសៗ​គ្នា​ពី​សេចក្ដីពិត ធ្វើ​ឲ្យ​ជំនឿ​អ្នក​ធ្លាក់​ចុះ ឬ​បង្កើត​ជា​ការសង្ស័យ​ពី​ការស្ដារឡើងវិញ នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ចូរ​ឈរ​នៅក្នុង​ព្រៃពិសិដ្ឋ ហើយ​យក​កម្លាំង និង​ការលើកទឹកចិត្ត ពី​ជំនាន់​ទាំងឡាយ​នៃ​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់ ដែល​បាន​ឈរ​យ៉ាង​មាំមួន​នៅទីនោះ ពីមុន​អ្នក ។

នេះ​ជា​ការអធិស្ឋាន​របស់​ខ្ញុំ​សម្រាប់​អ្នក មិត្ត​វ័យក្មេង​របស់​ខ្ញុំ​អើយ ហើយ​ខ្ញុំ​សូម​ផ្ដល់​វា ដោយ​ក្ដី​ស្រឡាញ់ និង​នៅក្នុង​ព្រះនាម​នៃ​ព្រះ​យេស៊ូវគ្រីស្ទ អាមែន ។

© 2012 ដោយ Intellectual Reserve, Inc. រក្សា​សិទ្ធិគ្រប់យ៉ាង ។ អនុមតិ​ជាភាសាអង់គ្លេស ៖ 5/12 ។ អនុមតិ​ការ​បកប្រែ ៖ 5/12 ។ ការ​បកប្រែ​នៃ​ Stand in the Sacred Grove ។Cambodian ។ PD50039048 258

Show References

    កំណត់ចំណាំ

  1.  

    1.  ទំនុកដំកើង ទំព័រ 26 ។

  2.  

    2. សូមមើល Bible Dictionary, «Atonement»; សូមមើល​ផងដែរ Guide to the Scriptures, «Atone, Atonement,» scriptures.lds.org ។