គណៈប៊ីស្សព​ជាអធិបតី

ទីប្រឹក្សា​ទីមួយ​នៅ​ក្នុ​ងគណៈប៊ីស្សព​ជាអធិបតី


 

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ យប់​នេះ គឺជាកិត្តិយស និង ឯក​សិទ្ធិ​​ដ៏​មហិមា របស់ខ្ញុំដើម្បី​មាន​ឱកាស​និយាយ​ទៅ​កាន់​អ្នក ។ ខ្ញុំ​មាន​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​មជ្ឈិមវ័យ​វ័យ​ក្មេង​នៃ​សាសនាចក្រ ហើយ​ខ្ញុំ​រីករាយ​ដែល​អាច​ចំណាយ​ពេល​ខ្លះៗ នា​ល្ងាច​នេះ​ជាមួយ​អ្នករាល់គ្នា ។

អ្នករាល់គ្នា​រាប់ពាន់​នាក់ គឺ​ស្ថិត​នៅក្នុង​រោងឧបោសថ​ដ៏ស្រស់​ស្អាត​នេះ ។ ហើយ​មាន​អ្នករាល់គ្នា​ជាច្រើន​នាក់​ទៀត ដែល​ខ្ញុំ​មើល​ពុំ​ឃើញ ដែល​កំពុង​តែ​ចូលរួម​នៅ​តាម​សាលាប្រជុំ​រាប់ពាន់ នៅជុំវិញ​ពិភពលោក ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​អ្នក​តាំង​ចិត្ត និង មាន​បំណង​ប្រាថ្នា ​រៀន ។ ថ្វីបើចម្ងាយ​បំបែក​យើង​ពីគ្នា​យ៉ាង​ណា​ក្តី ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ អាច​មាន​វត្តមាន​នៅ​គ្រប់​កន្លែង​ដែល​យើង​នៅ ។ វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បង្កើត​ជា​ចំណង​ពិសេសមួយ​រវាង​យើង​ទាំងអស់​គ្នា គឺមាន​លើស​ពី​ការ​ចាក់​ផ្សាយ​តាម​ផ្កាយរណប​ទៅទៀត ។ ខ្ញុំ​អធិស្ឋាន​សុំឲ្យ​ទ្រង់​គង់​នៅ​នឹង​យើង ដើម្បី​ទ្រង់​នឹង​បង្រៀន​យើង និង​ ដឹកនាំ​យើង ហើយ​បំផុសគំនិត​យើង​នា​ល្ងាចនេះ ។

ជីវិត​មាន​នូវ​ភាព​ភ្ញាក់​ផ្អើល​ច្រើន​ណាស់

យើង​ស្ថិត​នៅក្នុង​បន្ទប់​ដ៏ប្រណិត​មួយ ជា​វិមាន​ប្រវត្តិសាស្ត្រ ដែល​ផ្ដល់​ជា​ការ​គោរព​ចំពោះ​សេចក្ដីជំនឿ និង ភាព​ឧស្សាហ៍ព្យាយាម​របស់​ពួកអ្នក​ត្រួសត្រាយ​ផ្លូវ ដែល​បាន​រក​ឃើញ​ទីក្រុង​សលត៌ ឡេក ។ ខ្ញុំ​បាន​ចូល​ក្នុង​រោងឧបោសថ​នេះ ជាលើក​ដំបូង​ពេល​ខ្ញុំ​មានអាយុ 16 ឆ្នាំ ។ គឺ​នៅអំឡុង​ពេល​ការ​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​របស់​ខ្ញុំ​មក​កាន់​សហរដ្ឋ​អាមេរិក ។ ឪពុក​របស់​ខ្ញុំ​បាន​ស្នើរឲ្យ​ខ្ញុំ​ទៅ​ជាមួយ​គាត់ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​អាជីវកម្ម​របស់គាត់​ទៅ​រដ្ឋ​កាលីហ្វូញ៉ា ។ ក្នុង​នាម​ជា​យុវជន​ដែល​បាន​ធំឡើង​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំងម្នាក់ នោះ​ខ្ញុំ​បាន​រីករាយ​ខ្លាំង​ចំពោះ​ការ​អញ្ជើញ​នេះ ។ ទីបំផុត ខ្ញុំ​​បាន​ទៅ​ឃើញ​ប្រទេសអាមេរិក​ហើយ ! ចិត្ត​រំភើប​របស់ខ្ញុំ ​មាន​គឺ​កាន់​តែខ្លាំងឡើង ដោយ​សារ​តែ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​យើង គឺ​មាន​បញ្ចូល​ថ្ងៃ​ចុង​សប្ដាហ៍​នៅក្នុង​ទីក្រុង​សលត៍ ឡេក ដើម្បី​ចូលរួម​សន្និសីទទូទៅ ។

ខ្ញុំ​នៅ​ចាំ​អំពី​ការ​មក​ដល់​រដ្ឋ​យូថាហ៍​របស់​យើង​តាម​ឡានជួល ហ្វត មើស្ដាង របស់យើង ។ រយៈពេល​ជាច្រើន​ម៉ោង​ដែល​យើង​បាន​ចំណាយ​នៅ​តាមផ្លូវ យើង​បាន​ឆ្លង​កាត់ព្រិល វាល​ហួតហែង​កន្ទុយភ្នែក ជ្រលងភ្នំពណ៌ទឹកក្រូច​យ៉ាង​ធំ និង ភ្នំធំៗ ។ ទេសភាព​​មាន​លក្ខណៈ​ជា​អាមេរិក​ខាង​លិច​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​បើកភ្នែក​ធំៗ​ដោយ​សង្ឃឹម​ថា នឹង​មើល​ឃើញ​ក្មេង​ឃ្វាលគោ ឬ ជនជាតិ​អាមេរិកាំងស្បែកក្រហមនៅ​តាម​មហាវិថី ។

នៅ​ថ្ងៃ​ស្អែក​ឡើង ដោយ​សារទង្វើល្អ​របស់​មិត្ត​ម្នាក់ នោះ​យើង​បាន​អង្គុយ​នៅ​រោងឧបោសថ​នេះ ក្នុង​ជួរ​ទីមួយ ដើម្បី​ចូលរួម​សម័យ​ប្រជុំ​សន្និសីទ ។ ខ្ញុំ​ស្ងើច​សរសើរ​ខ្លាំង​ណាស់ ។ នៅ​ក្នុង​ការ​ប្រជុំទាំងមូល​ ខ្ញុំ​ព្យាយាម​តោងចាប់​ពាក្យ​ពីរបីម៉ាត់​ជា​ភាសា​អង់គ្លេស ដែល​ខ្ញុំ​អាច​យល់​បាន ។ ខ្ញុំ​នៅ​ចាំ​ប្រសាសន៍​របស់​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន-- ប៉ុន្តែ​ពុំ​មែន​ពាក្យ​របស់​គាត់​ទាំងស្រុង​ទេ វា​ជា​អារម្មណ៍​ដិតជាប់​នៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ កាល​ពី​យុវវ័យ ។ ខ្ញុំមាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​តែ​នៅក្នុង​សុបិន​មួយ ជា​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ដ៏អស្ចារ្យ​មួយ ។

ពេល​នោះ តើ​ខ្ញុំ​អាច​នឹកគិត​អំពី​អ្វី​ដែល​នឹង​កើត​មាន​នា​ល្ងាច​នេះ​ដោយ​របៀប​ណា ? តើ​ខ្ញុំ​អាចធ្លាប់​នឹកគិត​អំពី​ការ​ឡើងនិយាយ​នៅ​ក្នុ​ងរោងឧបោសថ​ដដែល​នេះ នៅ​ពីមុខ​ការ​ប្រជុំ​ដូច្នេះឬ​ទេ ? ប្រាកដ​ណាស់​ថា មិន​ដែល​គិត​សោះ !

ជីវិត​មាន​ការណ៍គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាច្រើន ពិត​ទេ ? សូម្បី​តែ​កាលពី​ប្រាំ​ឆ្នាំ​មុន ខ្ញុំ​ពុំ​ដែល​ធ្លាប់​គិត​ពី​វា​សោះ ។ ពេល​នោះ​ ខ្ញុំ​រស់​នៅ​ទីក្រុង​ប៉ារីសជាមួយ​គ្រួសារ​ខ្ញុំ​ ហើយ​ជីវិត​របស់​យើង​ហាក់​ដូចជា​បាន​រៀប​ចំទាំង​ស្រុង ។ កូន​ប្រាំ​នាក់​របស់​យើង បា​ន​កើត​នៅ​គ្លីនិក​ដដែល​ជិត​ផ្ទះ​របស់​យើង ។ ចំពោះ​យើង យើង​ពុំ​អាចនឹក​គិត​​ថា​ជីវិត​មាន​អ្វី​ខុស​ប្លែក ឬ​ទៅ​កន្លែង​ណា​ផ្សេង​ជាង​រស់នៅ​ក្នុង​សង្កាត់​ដ៏​សុខសាន្ដ​នេះ នៅ​ជាយ​​ក្រុង​ប៉ារីស​ ដែល​មាន​កូនៗ និង​មិនយូរ​ប៉ុន្មាន​មាន​ចៅៗ​នៅ​ជុំ​វិញ​យើង​នោះ​ទេ ។ ក្រោយមក​មាន​ល្ងាច​មួយ ប្រធាន​ ម៉នសុន បាន​ទូរស័ព្ទ​ទៅ​ផ្ទះ​របស់​យើង ហើយ​ជីវិត​របស់​យើង​បាន​ផ្លាស់ប្តូរទាំងស្រុង ។

តាំងពី​ពេល​នោះ​មក គ្រួសារ​ខ្ញុំ និង ខ្ញុំ​បាន​រក​ឃើញ​ក្ដី​អំណរជា​ច្រើន​នៃ​ជីវិត​នៅក្នុង​រដ្ឋ​យូថាហ៍ ដូចជា​-- ទីតាំង​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ ការឡើងភ្នំ ការ​អាំង​សាចក្រោយ​ផ្ទះពេល​ព្រះអាទិត្យលិច ការ​រីករាយ​នឹង​ហាំប៊ឺហ្គើរ​គ្រប់​ប្រភេទ ( ទាំង​ឆ្ងាញ់ និង មិន​ឆ្ងាញ់! ) ល្បែង​បាល់​ឱប Cougars ... ឬ Utes ។ ហើយ​ គ្មាន​នរណា​ដឹង​ទេ​ថា​ ក្មេង​ឃ្វាលគោ​ដែល​អ្នកជួប​នៅ​ថ្ងៃ​ស្អែក​តាម​មហាវិថី អាច​ថាជារូប​ខ្ញុំនេះហើយ !

អនាគត​គឺ​មិន​អាច​ដឹង​បាន

ការ​ចាត់តាំង​របស់​ខ្ញុំ ជា​សមាជិក​មួយរូប​នៃ​គណៈ​ប៊ីស្សព​ជា​អធិបតី គឺ​គួរ​ឲ្យ​រំភើប​ចិត្ត​ និង បំផុស​គំនិត ។ ទោះ​ជា​យ៉ាង​ណា បទពិសោធន៍​នេះ គឺ​ខុស​ប្លែក​គ្នា​ខ្លាំង​ណាស់ ពីអ្វី​ដែល​ខ្ញុំ​បាន​ដាក់​​ផែនការ​ ​កាលពី​នៅក្មេង ។ កាល​ពី​ក្មេង​ខ្ញុំ​ចង់​ធ្វើ​ជាបុរាណ​វិទូ ។ យាយ​របស់​ខ្ញុំត្រូវ​​មើល​ថា ខ្ញុំ​បាន​ទទួល​ការ​អប់រំល្អ ។ គាត់​បាន​ផ្ដល់​សៀវភៅ​មួយ​ក្បាល​ដល់​ខ្ញុំ​អំពី ផារ៉ោន​វ័យក្មេង ​ ដែល​ឥឡូវ​ត្រូវ​បាន​​ស្គាល់​ថា ជា​ស្ដេច Tut ហើយ​ ខ្ញុំ​បាន​បង្កើត​ចំណង់​ខាង​អរិយធម៌​ពីបុរាណ ចេញ​ពី​សៀវភៅ​នោះ។ ខ្ញុំ​បាន​ចំណាយ​ពេលចុង​សប្ដាហ៍​​ ដើម្បី​គូរ​រូប​ទាហាន​ពីបុរាណ ហើយ​ជញ្ជាំង​បន្ទប់​ខ្ញុំ មាន​ពេញ​ដោយ​រូបភាព​ទាំង​នេះ ។ ខ្ញុំបាន​សុបិន​ថា ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​ទៅ​ប្រទេស​អេស៊ីព្ទ ដើម្បី​ចូលរួម​ក្នុង​ជីករក​ព្រះវិហារ​អេស៊ីព្ទ​ពីបុរាណ និង ជីកផ្នូរ​របស់​ជនជាតិផារ៉ោន ។ ​ ។

បួនទស្សវត្សរ៍​ក្រោយ​មក ខ្ញុំ​នៅ​តែ​ពុំ​មែនជា​បុរាណ​វិទូ ហើយ ​នឹង​ពុំ​ប្រែ​ជា​បុរាណវិទូ​ទេ ។ ខ្ញុំ ពុំ​ដែល​បាន​ទៅ​អេស៊ីព្ទ ហើយ​ការងារ​ចុង​ក្រោយ​របស់​ខ្ញុំ​ មុន​ពេល​ជា​អ្នក​មានសិទ្ធិ​អំណាច​ទូទៅ គឺ​ជា​អ្នក​ចែកចាយគ្រឿង​​ម្ហូបអាហារ ។ គ្មាន​ទាក់ទង​នឹង​ផែនការ​កាលពី​កុមារភាព​ខ្ញុំ​សោះ !

​ ជាទូទៅ យុវវ័យ គឺ​ជា​ពេល​ដ៏​ល្អបំផុត​ដើម្បី​ដាក់​ផែនការ​ផ្ទាល់​ខ្លួន ។ យើង​ម្នាក់ៗ​មាន​សុបិន​ពីកុមារភាព​របស់​យើង ។ ក្នុង​នាម​ជា​មជ្ឈិមវ័យ​វ័យក្មេង អ្នក​គួរ​តែ​នៅ​មាន​សុបិន​សម្រាប់​អនាគត-- អ្នករាល់គ្នា​ម្នាក់ៗ ! ប្រហែល​ជាវា​គឺ​ជា​ការ​សង្ឃឹម​ថានឹងសម្រេច​ជា​កីឡាករ ការ​បង្កើត​កិច្ចការ​វិចិត្រសីល្បៈ​ដ៏​ប្រណិត​មួយ ឬការទទួលបាន​សញ្ញាបត្រ ឬ តំណែង​អាជីព ដែល​អ្នក​ព្យាយាម​ទទួល​បាន​ តាមរយៈ​កិច្ចការ និង ការ​អត់ធ្មត់ ។ ប្រហែល​ជា​អ្នក​ មាន​រូបភាព​ដ៏មានតម្លៃ​បំផុត នៅក្នុង​គំនិត​អ្នក​អំពី​អនាគត​ស្វាមី ឬ ភរិយា​របស់​អ្នក រូបរាង​របស់គាត់ ឬ នាង អត្តចរិត​របស់​គាត់​ឬ​នាង សម្បុរភ្នែក ឬ សក់​របស់​គេ​និង កូនចៅ​ល្អៗ ដែល​នឹង​ប្រទានពរ​ដល់​គ្រួសារ​របស់​អ្នក ។

តើ​មាន​អ្នករាល់​គ្នា​ប៉ុន្មាន​នាក់ ដែល​ការ​ប៉ងប្រាថ្នា​របស់​ខ្ញុំ​នឹង​ក្លាយ​ជា​ការ​ពិត ? ជីវិត​ពោរពេញ​ដោយ​ភាព​ពុំ​ពិតប្រាកដ ។ ការភ្ញាក់​ផ្អើល​ជាច្រើន នឹង​កើត​ឡើង​នៅ​លើ​ផ្លូវ​ជីវិត​ ។ តើ​នរណា​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក កន្លែង​ដែល​អ្នក​នឹង​នៅ​ក្នុងរយៈពេល​ពីរបីឆ្នាំទៀត ហើយ​នឹង​អ្វី​ដែល​អ្នក​នឹង​ធ្វើ​នោះ ? ជីវិត​គឺ​ដូចជា​ប្រលោមលោក​ ដែល​គម្រោង​មានភាពពិបាក​នឹង​ស្មាន ។

នោះ​នឹង​មាន​គ្រា​ដ៏សំខាន់ ដែល​អ្នក​អាច​នឹង​ផ្លាស់ប្ដូរ​ទិសដៅ​នៃ​ជីវិត​អ្នក​មួយ​រំពេច ។ គ្រា​ដូច្នោះ អាច​មាន​មិន​ច្រើន​ជាង​ការ​មើល ឬ ការ​សន្ទនា ព្រឹត្តការណ៍​ដែល​គ្មាន​ព្រៀងទុកជាដើម ។ វ៉ាឡេរី និង ខ្ញុំ​នៅ​ចាំ​ពីគ្រា​ ដែល​យើង​ស្រឡាញ់​គ្នា​នោះ​យ៉ាង​ច្បាស់ ។ វាគឺ​អំឡុង​ពេល​ការ​ហាត់​សម​របស់​ក្រុម​ចម្រៀង​វួដ​មជ្ឈិម​វ័យ​វ័យ​ក្មេង​របស់​យើង​នៅ​ទីក្រុង​ប៉ារីស ។ នោះ គឺ​ជា​រឿង​ពុំ​បាន​​រំពឹង​ទុកទាំងស្រុង » យើង​បាន​ស្គាល់​គ្នា​តាំងពីកុមារភាព ប៉ុន្ដែយើង​ពុំ​ដែល​មាន​អារម្មណ៍មនោសញ្ចេត​នា​ចំពោះ​គ្នា​នោះ​ទេ ។ ​នា​ល្ងាច​នោះ ខ្ញុំ​អង្គុយ​លេង​ព្យាណូ ហើយ​នាង​ច្រៀង​ក្នុង​ក្រុមចម្រៀង ។ យើង​បាន​ប្រទាក់ភ្នែក​គ្នា ហើយ​មាន​អ្វី​មួយបាន​កើត​ឡើង ។ ជាវិនាទី​ដ៏អស់កល្បជានិច្ច!

នោះ​នឹង​មាន​ឱកាស​ថ្មី ដែល​នឹង​បង្ហាញ​រូបរាង​នៅ​ក្នុង​ជីវិត​របស់​អ្នក ដូចជា ការប្រកាស​ថ្មីៗ មកពី​ប្រធាន ម៉នសុន អំពី​អាយុ​ចេញ​បម្រើ​ផ្សព្វផ្សាយសាសនា ។ បន្ទាប់ពី​ការ​ប្រកាសនេះ​មក​ពី​ព្យាការី​ ប្រហែល​ជា​មាន​យុវជន និង យុវនារី​រាប់ពាន់​នាក់​ក្នុង​សាសនាចក្រ​នាគ្រានេះ ដែល​ស្ថិត​ក្នុងដំណើរ​ការ​នៃ​ការ​ផ្លាស់ប្ដូរ​ផែនការ​ពួកគេ​សម្រាប់​ការ​ចេញ​បម្រើ​បេសកកម្ម ។1

ពេល​ខ្លះ ទិសដៅ​ដែល​ផ្លាស់ប្ដូរ​ជីវិត​របស់យើង កើត​មកពី​ឧបសគ្គ ឬ ការ​ខកចិត្ត ​ដែល​មិនរំពឹងទុក។ ខ្ញុំ​បាន​រៀន​តាមបទពិសោធន៍ ដែល​យើង​គ្រប់គ្រង​បាន​តែផ្នែក​ខ្លះ​ប៉ុណ្ណោះ​នៃ​ស្ថានភាព​ជីវិត​របស់យើង ។

ប៉ុន្តែ​មនុស្ស​ជាច្រើន​ពុំ​ចូល​ចិត្ត​អ្វី​ដែលគេ​មិនដឹងទេ ។ ភាព​មិនពិតប្រាកដ​នៃ​ជីវិត បង្កើត​ឲ្យ​មាន​ការខ្វះ​ទំនុកចិត្ត​ខ្លះៗ ការភ័យ​ខ្លាច​នឹង​អនាគត ដែល​បង្ហាញ​រាង​វា​តាម​របៀប​ផ្សេង ។ មនុស្ស​ខ្លះ ស្ទាក់ស្ទើរ​នឹង​ធ្វើ​ការ​តាំងចិត្ត​ចេញ​ពី​ភាពភ័យខ្លាច​នៃ​ការ​បរាជ័យ សូម្បី​តែ​ឱកាស​ល្អ បាន​បង្ហាញ​ខ្លួន​ឡើង​ក្ដី ។ ឧទាហរណ៍ ពួកគេ​អាច​នឹង​ពន្យាពេលរៀបការ ការសិក្សា ពន្យាពេល​​ចាប់ផ្ដើម​គ្រួសារ ឬ ពន្យាពេល​​ការ​ចាប់ផ្ដើមនៅក្នុង​សកម្មភាព​អាជីព​នឹងនរ​មួយ ដោយចូល​​ចិត្តតែ « ដើរ​លេង » ឬ ​នៅ​ក្នុងភាពកក់ក្ដៅ​នៃ​ផ្ទះ​របស់​ឪពុក​ម្ដាយ​ពួកគេ​ជាដើម ។

ទស្សនៈ​មួយ​ទៀត ដែល​នឹង​ដាក់​កម្រិត​យើង គឺ​ត្រូវ​បាន​បង្ហាញ​ដោយ​ភាសិត​នេះ​ថា ៖ « ចូរ​ស៊ី ផឹក ហើយ​អរសប្បាយទៅ​​ចុះ ត្បិត​ស្អេក​ឡើង​យើង​ត្រូវ​ស្លាប់​ហើយ​» (នីហ្វៃទី  2 28:7) ។ ឃ្លា​នេះ ឲ្យ​យោបល់​ថា ដោយ​សារ​យើង​ពុំ​ដឹង​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក ហើយ​យើង​នឹង​ត្រូវ​ស្លាប់ជាប្រកដ​នោះ នោះ​យើង​គួរ​តែ​បណ្ដោយ​ខ្លួន​យើង​តាម​គ្រា​បច្ចុប្បន្ន​វិញ ។ ទស្សនៈ​នេះ ជួយ​ឲ្យ​បណ្ដោយ​ខ្លួន​តាម​ការ​សប្បាយ​ភ្លាមៗ ដោយ​មិន​គិត​អំពី​ផលវិបាក​នាពេល​អនាគតឡើយ ។

ដើរ​តាម​ផ្លូវ​នៃ​សុភមង្គល

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ សារលិខិត​របស់ខ្ញុំ​សម្រាប់​អ្នក​ថ្ងៃ​នេះ គឺ​ថា មានផ្លូវ​ផ្សេង​មួយ ពី​ផ្លូវ​នៃភាពភ័យ​ខ្លាច និង ការសង្ស័យ ឬ ការ​បណ្ដោយ​ខ្លួន-- ជា​ផ្លូវ​មួយ​ដែលនាំ​ឲ្យ​មាន​ភាពសុខសាន្ដ ទំនុកចិត្ត និង ភាព​ស្ងប់ស្ងាត់​ក្នុងជីវិត ។ អ្នក​ពុំ​អាច​គ្រប់គ្រង​ស្ថានភាព​ទាំងអស់​ក្នុង​ជីវិត​អ្នកទេ ។ រឿងទាំងឡាយ​ ទាំង​ល្អ និង ឧបសគ្គ នឹង​កើត​ឡើង​ចំពោះ​អ្នក ដែល​អ្នក​ពុំ​ដែល​រំពឹង​ទុក​សោះ ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​ប្រកាស​ថា អ្នក​អាច​គ្រប់គ្រង​លើ​សុភមង្គល​ផ្ទាល់​ខ្លួន​អ្នក​បាន ។ អ្នក​គឺ​ជា​ស្ថាបត្យករ​នៃ​សុភមង្គល ។

ខ្ញុំ​អាច​នៅ​ចាំ​ពាក្យ​ដ៏​ឈ្លាស​វៃទាំង​នេះ ដែល​ប្រធានឌៀថើរ  អេស្វ អុជដូហ្វ បាន​ថ្លែង​អំឡុង​ពេលសន្និ សីទ​ទូទៅ​មុន​ថា ៖

« ពេល​​យើង​កាន់តែ​ចាស់ យើង​កាន់តែ​មើល​ទៅ​អតីតកាល ហើយ​ទទួល​ស្គាល់​​ថា​កាលៈទេសៈ​ខាងក្រៅ​ ​មិនជា​សំខាន់ ឬ សម្រេច​ពី​សុភមង្គល​របស់​យើង​នោះ​ទេ ... ។

«… យើង​គឺជា​អ្នក កំណត់​សុភមង្គល​របស់យើង » 2

ទេ សុភមង្គល​របស់អ្នក ពុំ​មែនប្រាកដ​ថា​​ជា​លទ្ធផល​នៃ​ស្ថានភាព​នៃជីវិត​របស់អ្នក​នោះទេ ។ វា​ជា លទ្ធផល​នៃ​ទស្សនៈវិស័យ​ខាងវិញ្ញាណ​របស់​អ្នក និង គោលការណ៍​ដែល​អ្នក​ដាក់ទីតាំង​​ជីវិត​របស់អ្នក​ច្រើន​ជាង ។ គោលការណ៍​ទាំងនេះ នឹង​នាំ​​សុភមង្គលមកអ្នក​ ដោយ​មិន​គិត​អំពី​ឧបសគ្គ និង ការភ្ញាក់ ផ្អើល​ដែល​ពុំ​រំពឹងទុក ដែល​អ្នក​នឹង​ប្រឈម​មុខ​ដោយ​ចៀស​មិនរួច អំឡុង​ការ​ធ្វើដំណើរ​របស់​អ្នក​នៅ​លើ​ផែនដី​នេះ​នោះទេ ។​

ល្ងាច​នេះ ខ្ញុំ​ស្នើ​ឲ្យ​រំឭក​ជាមួយ​អ្នក​នូវ​គោលការណ៍​សំខាន់ៗ​ទាំងនេះ​មួយចំនួន ។

1. ការទទួលស្គាល់​តម្លៃ​ផ្ទាល់​ខ្លួន​របស់​អ្នក

គោលការណ៍​ទីមួយ​គឺ ៖ ចូរទទួល​ស្គាល់​អំពី​តម្លៃ​ផ្ទាល់​ខ្លួន​អ្នក 

នារដូវ​ក្ដៅ​នេះ គ្រួសារ​ខ្ញុំ និង ខ្ញុំ បាន​ចំណាយ​ពេល​ពីរបី​ថ្ងៃ​សម្រាក​នៅតាមខេត្ដ ជា​តំបន់​ដ៏ធំ​នៃ​ប្រទេសបារាំង​ប៉ែក​ខាង​ត្បូង ។ ល្ងាច​មួយ បន្ទាប់​ពី​ព្រះអាទិត្យ​លិច ហើយ​ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​ជនបទ នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្ដល់​ភាព​ស្ងប់ស្ងាត់​ដល់​ខ្លួន​ខ្ញុំមួយ​សន្ទុះ ដោយ​ការ​ដេក​នៅ​លើ​កៅអីទម្រេត​នៅ​ខាង​ក្រៅ​ផ្ទះ ។ អ្វីៗ​គ្រប់​យ៉ាង​ងងឹត ដែល​ខ្ញុំ​ពិបាក​នឹង​មើល​យល់​អ្វីៗ​ដែល​នៅ​ជុំ​វិញ​ខ្ញុំ ។ ភ្នែក​របស់​ខ្ញុំ​បាន​មើល​ទៅ​លើ​មេឃ ។ ដំបូង​ឡើយ វា​មានភាព​ខ្មៅ​​មើល​មិន​យល់ ។ រំពេច​នោះ មាន​ពន្លឺ​មួយ​លេច​មក​លើ​មេឃ ដូចជា​ផ្កាភ្លើង បន្ទាប់មក​មាន​ពីរ មានបី ។ យូរៗទៅ ពេល​ភ្នែក​ខ្ញុំ​សម្រប​ទៅនឹង​ភាពងងឹត ខ្ញុំ​ឃើញ​ថា​ខ្លួន​ខ្ញុំស្ងើច​នឹងចំនួន​ផ្កាយ​ដ៏ច្រើន ។ អ្វី​ដែល​ខ្ញុំ​បាន​គិត គឺ​ថា មេឃ​ពណ៌​ខ្មៅ បាន​ផ្លាស់​ទៅ​ជា​​ Milky Way ។

ខ្ញុំ​បាន​គិត​ថា ៖ « នេះ​គឺ​ជាទំនាក់ទំនង​ផ្ទាល់​ខ្លួន​យើង​តែ​បន្ដិច​ជាមួយ​នឹង​ព្រះ ។ តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែលជឿ​ថា ទ្រង់​នៅ​ដ៏​សែន​ឆ្ងាយ ឬ ពុំ​មាន​វត្តមាន​នោះ ? មនុស្ស​ទាំងនោះ រក​ឃើញ​ថា​​ជីវិត​គឺ​ខ្មៅ​ងងឹត ហើយងងឹតសូន្យសុង ។ ពួកគេ​ពុំ​ចំណាយពេល ឬ​ធ្វើ​ការ​ខិតខំ​ដើម្បី​មើល​ទៅ​លើ​មេឃ ដើម្បី​មើល​ថា ទ្រង់គង់​នៅទីនោះ យ៉ាង​ជិត​នឹង​យើង » ។

គំនិត​ខ្ញុំ​បន្ដ​ងឿង​ឆ្ងល់ ។ ខ្ញុំ​បាន​សញ្ជឹងគិត​អំពី​ភាព​ធំអនេកនៃ​សាកលលោក ដែល​បង្ហាញ​ខ្លួន​វា​នៅ​ចំពោះ​ភ្នែក​ខ្ញុំ ហើយ​ខ្ញុំ​បានសួរ​ខ្លួន​ឯង​ពី​ភាព​ពុំ​សំខាន់​នៃ​រូប​កាយ​ខ្ញុំ​ថា « តើ​ខ្ញុំ​ជា​អ្វី ពី​មុខភាព​សម្បើម និង ​រុងរឿង​នេះ ? » ខគម្ពីរ​មួយ​បាន​ចូល​មកក្នុងគំនិត​ខ្ញុំ ។ វា​គឺ​ជា​ខគម្ពីរ​មួយ​ដ៏​ល្អ ជា​ទំនុកដំកើង​មួយ​របស់​ដេវីឌ ដែលជា​កវី​តែងតែ​បំផុសគំនិត​ដល់​ខ្ញុំ ​។

« កាល​ណា​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជាការ​ដែលព្រះហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ នឹង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិស្ឋានទុក

« នោះ​តើ​មនុស្ស​ជាអ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ ? » (ទំនុកដំកើង 8:3–4 ) ។ បញ្ចប់​ពាក្យ​ដកស្រង់ ។

ភ្លាម​នោះ​ឃ្លា​ដ៏លួងលោម​ចិត្តនេះ​បាន​មក​តាមក្រោយ ៖

« ត្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្ដិច​ទេ ក៏​បាន​បំពាក់​សិរីល្អ នឹង​កេរ្តិ៍ ឈ្មោះ​ឲ្យ​ទុកជា​មកុដ » (ទំនុក​ដំកើង 8:5) ។

នេះ​គឺ​ជា​ភាព​ប្លែក និង អព្ភូតហេតុ​នៃ​ការ​បង្ក​បង្កើត ។ សាកល​លោក គឺ​ធំធេង ហើយ​គ្មាន​ដែន​កំណត់ ប៉ុន្តែ​ក្នុង​ពេល​ដំណាល​គ្នា​នោះ យើង​ម្នាក់ៗ​មាន​តម្លៃ​ពិសេស រុងរឿង និង គ្មាន​ព្រំដែន នៅក្នុង​ព្រះ​នេត្រ​​របស់​អង្គ​បង្កបង្កើត​របស់យើង ។ វត្តមាន​ខាង​រូបកាយ​របស់ខ្ញុំ គឺ​តូច​ក្រៃលែង ប៉ុន្តែ​តម្លៃ​ផ្ទាល់​ខ្លួន​ខ្ញុំ គឺ​សំខាន់ពុំ​អាច​វាស់​វែង​បាន​ចំពោះ​ព្រះវរបិតាសួគ៌ខ្ញុំ​ ។

ប្រធាន ឌៀថើរ បាន​ប្រកាស​ថា ៖

« មិន​ថា​អ្នក​នៅ​ក​ន្លែង​ណា ស្ថានភាព​របស់អ្នក​យ៉ាង​ណាឡើយ នោះ​អ្នក​ពុំ​ត្រូវ​បាន​បំភ្លេច​ឡើយ ។ មិន​ថា​ជីវិត​របស់​អ្នក​ខ្មៅ​ងងឹត​ប៉ុណ្ណា​ មិន​ថា​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សំខាន់​យ៉ាង​ណា មិន​ថា​អ្នក​គិត​ថា​មានភាព​លើសលប់​ប៉ុណ្ណាទេ ព្រះវរបិតាសួគ៌​របស់​អ្នក ពុំ​បំភ្លេច​អ្នក​ឡើយ ។ តាមពិត ទ្រង់​ស្រឡាញ់​អ្នក​ដោយ​ក្ដី​ស្រឡាញ់​គ្មាន​ព្រំដែន ។

...  អ្នក​ត្រូវបាន​ស្គាល់ និង ចងចាំ​ដោយ​ព្រះអង្គ​ដ៏​មហិមា​បំផុត ប្រកប​ដោយ​ព្រះចេស្ដា និង ​រុងរឿង​នៃ​សាកលលោក ! អ្នក​ត្រូវ​បាន​ស្ដេច​នៃ​ទីលំហ​គ្មាន​ដែនកំណត់ និង ពេល​វេលា​ជារៀងរហូត​ស្រឡាញ់ ! » 3

ការ​ដឹង​ថា ព្រះ​ស្គាល់ និង ស្រឡាញ់​យើង​ដោយ​ផ្ទាល់ គឺ​ដូចជា​ពន្លឺ​មួយ ដែល​បំភ្លឺ​ជីវិត​យើង ហើយ​ផ្ដល់​អត្ថន័យ​ដល់​ជីវិត ។ ខ្ញុំ​ចាំ​អំពី​យុវនារី​ម្នាក់ ដែល​មក​ជួប​ខ្ញុំ​បន្ទាប់ពី​ការ​ប្រជុំ ដែល​ខ្ញុំ​បាន​និយាយ​នៅ​ទីក្រុង រ៉ុម ប្រទេសអ៊ីតាលី ។ សម្លេង​របស់​នាង ពោរពេញ​ទៅដោយ​ការ​រំជួលចិត្ត ហើយ​នាង​បាន​និយាយ​មក​ខ្ញុំ​អំពី​បងស្រី​នាង ដែល​បាន​ឆ្លង​កាត់​គ្រា​លំបាក និង ទុក្ខ​ព្រួយ ។បន្ទាប់មក នាង​​បាន​សួរ​ខ្ញុំ​នូវ​សំណួរ​នេះ​ថា ៖ « តើ​ខ្ញុំ​អាច​ជួយ​គាត់​ឲ្យ​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់គាត់​​ដោយ​របៀប​ណា ? »

តើ​នោះពុំ​មែន​ជា​សំណួរ​សំខាន់​ទេ​ឬអី ? តើ​យើង​អាច​ដឹង​ថា ព្រះ​ស្រឡាញ់​យើង​ដោយ​របៀប​ណា ? ជាញឹកញាប់ យើង​មាន​អារម្មណ៍​អំពី​តម្លៃ​ផ្ទាល់​ខ្លួន​យើង ផ្ដោត​ទៅ​លើ​ក្ដីស្រឡាញ់ និង ចំណាប់​អារម្មណ៍ ដែល​យើង​ទទួល​មក​ពី​អ្នកទាំងឡាយ​ដែល​នៅ​ជុំ​វិញ​យើង ។ ប៉ុន្តែ​ក្ដី​ស្រឡាញ់​នេះ គឺ​ពេល​ខ្លះ​ពុំមានគ្រប់គ្រាន់ឡើយ ។ ក្ដីស្រឡាញ់​របស់​មនុស្ស ជាញឹកញាប់​ពុំល្អ​ឥតខ្ចោះ ពុំពេញលេញ ឬ អត្មានិយម ។

ទោះ​ជាយ៉ាងណា ក្ដីស្រឡាញ់​របស់ព្រះ​ឥតខ្ចោះ ពេញលេញ និង ពុំ​អត្មានិយម ។ មិន​ថា​ខ្ញុំជានរណា មិន​ថា​ខ្ញុំ​មាន​មិត្ត ឬ អត់ មិន​ថា​ខ្ញុំ​មាន​ប្រជាប្រិយ ឬ​ អត់ ហើយ​សូម្បី​តែ​ខ្ញុំ​មានអារម្មណ៍​ថា គេបដិសេធ ឬ ធ្វើ​ទុក្ខ​ក្ដី ខ្ញុំ​មាន​ការ​អះអាង​ទាំងស្រុង​មួយថា ព្រះវរបិតាសួគ៌​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ។ ទ្រង់​ស្គាល់​តម្រូវការ​ខ្ញុំ ទ្រង់​យល់​កង្វល់​ខ្ញុំ ទ្រង់​ចង់​ប្រទានពរ​ដល់ខ្ញុំ ។ ហើយ​ការបង្ហាញ​ពីក្ដីស្រឡាញ់​ដ៏មហិមាបំផុត​របស់ទ្រង់ ចំពោះ​ខ្ញុំ​គឺថា ទ្រង់ « ស្រឡាញ់​មនុស្ស​លោក​ដល់ម្ល៉េះ បាន ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ » (យ៉ូហាន 3:16) ។ ទ្រង់​ពុំ​បាន​ដក​ពែងល្វីង​របស់ព្រះអង្គសង្គ្រោះចេញទេ ហើយ​ប្រាកដណាស់ ទ្រង់​ឈឺ​ចាប់​ក្នុង​ព្រះអង្គទ្រង់ ពេល​ទ្រង់​មើល​បុត្រា​ទ្រង់​រងទុក្ខ​ក្នុង​សួនច្បារ​គេតសេម៉ានី និង នៅ​លើ​ឈើ​ឆ្កាង ។ ព្រះគ្រីស្ទ បាន​ធ្វើ​ឲ្យធួន​ចំពោះ​អំពើបាប​មនុស្ស​ទាំងអស់ ហើយ​ផ្នែក​មួយ​នៃ​ដង្វាយធួន​ដ៏​មហិមា​នោះ គឺ​សម្រាប់​ខ្ញុំ ហើយ​បម្រុង​ទុក​សម្រាប់​ខ្ញុំ​ថ្ងៃ​នេះ ។ ​អំណោយ​គ្មាន​ព្រំដែននេះ បាន​ចែក​​ចាយ​ដោយ​ព្រះបិតា និង ព្រះបុត្រា​ទ្រង់ បញ្ជាក់​នៅក្នុង​ព្រលឹង​ខ្ញុំ​​អំពី​តម្លៃ​ផ្ទាល់​ខ្លួន ដែល​ខ្ញុំ​មាន​ចំពោះ​ទ្រង់ ។

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ ចូរ​គិតពីអត្ថន័យ​របស់​វា​ចំពោះ​អ្នក បើ​អ្នក​អាច​មើល​ឃើញ​ខ្លួន​អ្នក​ ដូច​ជា​ព្រះ​មើល​មក​អ្នក ។ ចុះ​បើ​អ្នក​បាន​មើល​ខ្លួន​អ្នក​ដោយ​ក្ដី​ស្រឡាញ់​ ចិត្តមេត្តា និង ទំនុក​ចិត្ត​​ដូចគ្នា ដែល​ព្រះមានទៅ​វិញ​នោះ ? ចូរ​នឹក​គិត​អំពី​ឥទ្ធិពល​ដែល​វា​នឹង​មាន​ក្នុង​ជីវិត​អ្នក ដើម្បី​យល់​ពី​សក្ដានុពល​ដ៏​អស់កល្ប​របស់អ្នក ដូចជាព្រះ​យល់នោះ ។ បើ​អ្នក​អាច​មើល​ខ្លួន​អ្នក​តាម​ព្រះនេត្រ​ទ្រង់ តើ​ឥទ្ធិពល​អ្វី​នឹង​មាន​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

ខ្ញុំ​ធ្វើ​ទីបន្ទាល់​ថា ទ្រង់​គង់​នៅទីនោះ ។ សូម​ស្វែង​រក​ទ្រង់ ! ចូរស្រាវជ្រាវ និង សិក្សា ។ ចូរអធិស្ឋាន និង សួរ ។ ខ្ញុំ​សន្យា​អ្នក​ថា ព្រះនឹង​បញ្ជូន​សញ្ញាដែល​អ្នក​អាច​មើល​ឃើញ អំពី​ការ​មានព្រះជន្ម​របស់ទ្រង់ និង ក្ដី​ស្រឡាញ់​របស់ទ្រង់​ចំពោះ​អ្នក ។ វា​អាច​នឹង​មក​តាមរយៈ​ចម្លើយ​ចំពោះ ការ​អធិស្ឋាន វាអាច​នឹង​ជា​ឥទ្ធិពល​ទន់ភ្លន់​នៃព្រះវិញ្ញាណ​បរិសុទ្ធ មកលួងលោម ឬ កំសាន្ដ​ចិត្ត​អ្នក វាអាចជា​ការបំផុសគំនិត​ភ្លាមៗ ឬ កម្លាំង​ថ្មី​មួយ ដែល​អ្នក​ដឹង​ថា ពុំ​កើត​មកពី​អ្នក​នោះ​ឡើយ វាអាចជា​សមាជិក​គ្រួសារ មិត្តភក្តិ ឬ អ្នកដឹកនាំ​បព្វជិតភាព ដែល​មក​ចំពេល ចំកន្លែង ដើម្បី​ប្រទានពរ​ដល់ជីវិត​អ្នក ។ តាម​របៀប​មួយ ឬ របៀប​ផ្សេង នៅពេល​អ្នក​ឈោង​ទៅ​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​អ្នកដឹង​ថា ទ្រង់​គង់​នៅ​ទីនោះ ។

2. ប្រែក្លាយ​ជា​ខ្លួន​អ្នក

ឥឡូវ គោលការណ៍ទីពីរ​នៃសុភមង្គលគឺ ៖ ប្រែ​ក្លាយ​ជា​ខ្លួន​អ្នក ។

ឃ្លា​នេះ​ថា « ប្រែ​ក្លាយ​ជា​ខ្លួន​អ្នក » គឺ​ត្រូវបាន​ទទួលស្គាល់ចំពោះ ភីនដា ជា​កវីនិពន្ធ​កំណាព្យ​របស់ក្រិច​ដែលល្បី​​បំផុត​មួយ ។4 វាស្ដាប់ទៅដូចជាចម្លែកណាស់ ។ តើ​ខ្ញុំ​អាច​ក្លាយ​ជានរណាដែល​ជា​ខ្ញុំរួច​​ទៅ​ហើយ​ដោយ​របៀប​ណា ?

ខ្ញុំ​សូម​បង្ហាញ​គោលការណ៍​នេះ តាមរយៈ​រឿង​មួយ ។ ថ្មីៗ​នេះ ខ្ញុំ​បាន​មើល​ខ្សែ​ភាពយន្ដ​មួយ ចំណង​ជើង​ថា Age of Reason (អាយុនៃ​ហេតុផល ) ។ ខ្សែភាពយន្ដ​នេះ ប្រាប់​រឿង​របស់ មើរហ្គើរីត ដែល​ជា​នាយកធនាគារ​ដ៏​រុងរឿង​ម្នាក់ ដែល​បាន​នាំ​ឲ្យ​មាន​ជីវិត​ដ៏​រវល់ ពេញ​ទៅដោយ​ការ​ធ្វើ​ដំណើរ និង សន្និសីទ នៅទិសទាំងបួន​នៃ​ផែនដី ។ ទោះ​ជា​គាត់បានរៀបការ​ហើយ​ក្ដី គាត់បាន​និយាយ​ថា គាត់​គ្មាន​ពេល​ដើម្បី​មាន​កូន​ទេ ។

ពេល​គាត់​មាន​អាយុ 40 ឆ្នាំ គាត់​បាន​ទទួល​សំបុត្រ​អាថ៌កំបាំង​មួយ ដែល​និយាយ​ថា ៖ « ជូន​ចំពោះ​ខ្ញុំ​ជាទីស្រឡាញ់ ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ 7 ឆ្នាំ​ហើយ ហើយ​ខ្ញុំ​កំពុង​សរសេរ​សំបុត្រ​នេះ​ដល់​អ្នក ដើម្បី​ជួយ​អ្នក​ចងចាំ​ការសន្យា​ទាំងឡាយ ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​អាយុ​នៃហេតុផល ហើយ​ដើម្បី​ឲ្យ​អ្នកចាំ​ផងដែរ​ថា ខ្ញុំ​ចង់​ក្លាយ​ជា​នរណា » ។ រំពេច​នោះ Marguerite បាន​យល់​ថា អ្នក​សរសេរ​សំបុត្រ​នោះ គ្មាន​នរណា​ក្រៅ​ពី​ខ្លួន​គាត់​ទេ ពេល​គាត់​មាន​អាយុ 7 ឆ្នាំ ។ អ្វីដែល​មាន​តមកទៀត គឺ​មាន​ច្រើន​សន្លឹក ដែល​ក្មេង​ស្រីតូច​បាន​ពិពណ៌នា​លម្អិល​អំពី​គោលដៅ​ជីវិត​របស់នាង ។

Marguerite បាន​ដឹង​ថា មនុស្ស​ដែលគាត់​​បាន​ប្រែក្លាយ គឺ​ពុំ​ដូច​គ្នា​នឹង​អ្វី​ដែល​គាត់​ចង់​ប្រែក្លាយ​ ពេល​គាត់​នៅ​ក្មេង​នោះ​ទេ ។ នៅពេល​គាត់​សម្រេច​ចិត្ត​ថា ត្រូវការ​​ធ្វើ​ជា​មនុស្ស​ដែល​គាត់​នឹក​ស្រម៉ៃ កាលពី​កុមារ នោះ​ជីវិត​ដែលមានផែនការ និង ការ​រៀបចំ​យ៉ាង​ល្អ​របស់​គាត់ បាន​ផ្លាស់​ប្ដូរ​ទាំងស្រុង ។ គាត់​បាន​ផ្សះផ្សាយ​នឹង​គ្រួសារ​គាត់ ហើយ​កំណត់ធ្វើ​ការ​លះបង់ពេល​វេលា​ដែល​នៅ​សល់​ក្នុង​ជីវិត​គាត់ ទៅ​បម្រើ​ដល់​មនុស្ស​ដែល​ខ្វះខាត ។​5

មិត្ត​ជាទីស្រឡាញ់​របស់​ខ្ញុំ បើ​អ្នក​ត្រូវ​បាន​ទទួល​សំបុត្រ​មួយ​កាល​ពី​អតីតកាល​របស់អ្នក​ក្នុង​ពេល​នេះ តើ​វា​​នឹង​និយាយ​យ៉ាង​ណា ? តើ​អ្វី​នឹង​មាន​នៅ​ក្នុង​សំបុត្រ​មួយ ដែល​អ្នក​បាន​សរសេរ​ដល់​ខ្លួន​អ្នក​ នៅ​ថ្ងៃ​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់អ្នក នៅពេល​អ្នក​មាន​អាយុប្រាំបី​ឆ្នាំ ? ខ្ញុំ​នឹង​ត្រឡប់ទៅគិត​​កាន់​តែ​ឆ្ងាយ​ជាង​នោះទៅទៀត ។ បើសិនជា​អាចធ្វើទៅ​បានសម្រាប់​អ្នក ដើម្បី​ទទួលសំបុត្រ​មួយ​មកពី​ជីវិត​មុនផែនដី​របស់អ្នក តើ​វា​នឹង​និយាយ​អ្វី​ខ្លះ ? តើ​វា​នឹង​មានឥទ្ធិពល​អ្វី​ខ្លះ​មក​លើ​អ្នក ក្នុង​សំបុត្រ​ដូច្នោះ ដែលយើង​បាន​ភ្លេច ប៉ុន្តែ​វា​ជាពិភព​ពិត បើ​អ្នក​នឹង​ទទួល​បាន​វា​នៅ​ថ្ងៃ​នេះ ?

​សំបុត្រ​នេះ អាច​និយាយ​អ្វី​ដូច​នេះ​ថា ៖ « ជូន​ខ្ញុំ​ជាទីស្រឡាញ់ ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក ដើម្បី​អ្នក​នឹង​ចងចាំ​ថា ​ខ្ញុំ​ចង់​ប្រែក្លាយជា​នរណា ។ ខ្ញុំ​បាន​ស្រែក​ដោយ​អំណរ ចំពោះ​ឱកាស​ទៅ​កាន់​ផែនដី ។ ខ្ញុំ​ដឹង​ថា ជីវិត​លើ​ផែនដី គឺ​ជាផ្លូវ​សំខាន់​មួយ ដើម្បី​អាច​ឲ្យ​ខ្ញុំ​រីកចម្រើន​នូវ​សក្កានុពល​ពេញលេញ​របស់ខ្ញុំ និង រស់នៅ​ជារៀងរហូត​ជាមួយ​ព្រះវរបិតាសួគ៌​ខ្ញុំ ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​ចងចាំ​ថា បំណងប្រាថ្នា​ដ៏​ធំបំផុត​របស់ខ្ញុំ គឺ​ក្លាយជា​សិស្ស​ម្នាក់​របស់​ព្រះអង្គសង្គ្រោះ​យើង ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​គាំទ្រ​ផែនការ​ទ្រង់ ហើយ​នៅពេល​ខ្ញុំ​នៅ​លើ​ផែនដី ខ្ញុំ​ចង់ជួយ​ទ្រង់​នៅក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​របស់ទ្រង់ ។ សូម​ចងចាំ​ផងដែរ​ថា ខ្ញុំ​ចង់​មាន​ចំណែក​ក្នុង​គ្រួសារមួយ ដែល​នឹង​នៅ​ជាមួយ​គ្នា​ដ៏អស់កល្បជានិច្ច » ។

គំនិត​ចុង​ក្រោយ​នេះ បាន​រំឭក​ខ្ញុំ​អំពី​ចម្រៀង​ដ៏ពិរោះ ដែល​មាន​នៅ​ក្នុង​ទំនុក​ដំកើងសាសនាចក្រ​​ភាសាបារាំង​-- ជាចម្រៀង​មួយ​ដែល​ពុំ​មាន​នៅ​ក្នុង​ទំនុក​ដំកើង​នៃ​ប្រទេស​ដទៃទៀត ។ វា​មាន​ចំណង​ជើង​ថា « Souviens-toi, » ដែល​មាន​ន័យ​ថា « ការចងចាំ » ហើយ​គឺជា​ឈុត​ចំពោះ​តន្ត្រី​មកពី New World Symphony ដោយ អាតុនីន ដ្វូរាក់ ។ វា​គឺ​ជា​ចម្រៀង​របស់​ឪពុក​ម្ដាយ​ម្នាក់ ថ្លែង​ទៅ​កាន់​កូន​ដែលទើប​នឹង​កើត ។

ខ្ញុំ​សូម​អាន​វគ្គ​ទីបី​ទៅ​កាន់​អ្នក ៖
« សូម​ចាំ កូន​ម្ដាយ ៖ ពី​ដើម​ដំបូង
យើង​ជា​មិត្ត​លេង​នៅ​ក្នុង​វេហាជាមួយ​គ្នា ។
រួច​ហើយ​ថ្ងៃ​មួយ ក្នុ​ងក្ដី​អំណរ យើង​បាន​ជ្រើសរើស
​ទទួល​យក​ផែនការនៃ​ជីវិត​ដ៏មហិមា​មកពី​ព្រះអម្ចាស់ ។​
នា​ល្ងាច​នោះ កូន​ម្ដាយ​អើយ យើង​បាន​សន្យា
ដោយ​សេចក្ដី​ស្រឡាញ់ និង ក្ដីសេចជំនឿ ដើម្បី​រួបរួម​នឹង​គ្នា​សារជាថ្មី » ។6

« សូម​ចាំ កូន​ម្ដាយ ។ » ការ​ផ្សង​ព្រេង​ដ៏​ធំមួយ​នៃ​ជីវិត​ គឺ​ជា​ការ​ស្វែងរក​ឲ្យ​ឃើញ ថា​យើង​គឺ​ជា​នរណា​ពិត យើង​ម​ក​ពី​កន្លែង​ណា រួច​ហើយ​រស់នៅ​ដោយ​សុខុដុម​យ៉ាង​ខ្ជាប់​ខ្ជួន​ជាមួយ​នឹង​អត្តសញ្ញាណ និង គោលបំណង​នៃ​ជីវិត​រស់នៅ​របស់​យើង ។

ព្រិកហាំ យ៉ង់ បាន​មានប្រសាសន៍​ថា ៖ « មេរៀន​ដ៏​ធំបំផុត ដែល​អ្នក​អាច​រៀន​គឺ​ត្រូវ​ស្គាល់​ខ្លួន​អ្នក... ។ អ្នក​ត្រូវ​មក​ទី​នេះ ដើម្បី​រៀននូវ​រឿង​នេះ... ។ គ្មាន​មនុស្ស​ណា​ម្នាក់ អាច​ស្គាល់​ខ្លួន​គេ​បាន​ពេញលេញ​ ដោយ​គ្មានការ​យល់​ដឹង​ច្រើន ឬ បន្ដិចបន្តួច​អំពី​រឿង​របស់​ព្រះ​នោះទេ​ ហើយ​គ្មាន​មនុស្ស​ណា​អាច​រៀន និង យល់​ដឹង​នូវ​រឿង​របស់ព្រះ ដោយ​គ្មាន​ស្គាល់​ខ្លួន​ឯង​នោះ​ដែរ ៖ គាត់​ត្រូវ​តែ​ស្គាល់​ខ្លួនឯង ឬ គាត់​ពុំ​​អាច​ស្គាល់​ព្រះ​សោះ​ឡើយ » 7

ថ្មីៗ​នេះ កូន​ស្រី​របស់​ខ្ញុំ​បាន​បង្ហាញ​ខ្ញុំ​ថា រូបាធិដ្ឋាន​ដ៏​ល្អបំផុត​មួយ​នៃ​គោលការណ៍​នេះ គឺ​មាន​នៅ​ក្នុ​ង​ខ្សែ​ភាពយន្ដ The Lion King ( ស្ដេច​តោ ) ។ ជំនាន់​របស់​អ្នកធំឡើង​បាន​ស្ដាប់​ឮ និង មើល​ឃើញ​នូវ​ខ្សែភាព​យន្ដ​នេះ ។ អ្នក​ប្រហែល​ជា​អាច​ចាំ​អំពី​ទិដ្ឋភាព​ដែល​ ស៊ីមបា ត្រូវ​បាន​ឪពុក​របស់​វា មូហ្វាសា ដែល​ជាស្ដេច​តោ​បាន​ស្លាប់​ទៅ​ហើយនោះ​ មក​ជួបវា ។ បន្ទាប់​ពី​ឪពុក​វា​ស្លាប់ ទៅ ស៊ីមបា បាន​រត់​ចេញ​ឆ្ងាយ​ពី​នគរ ដោយ​សារ​តែ​វា​មាន​អារម្មណ៍​សោក​ស្ដាយចំពោះ​ការ​ស្លាប់​របស់​ឪពុក​វា ។ វាចង់​រត់​គេច​ពី​ការទទួលខុសត្រូវ​របស់​វា ក្នុង​នាម​ជា​អ្នក​ស្នង​តំណែង ។

ឪពុក​របស់​វា​បាន​លេច​មក​ជួប​វា ហើយ​ព្រមាន​ថា ៖ « កូន​បាន​ភ្លេច​ថា​ ខ្លួន​កូន​ជា​នរណា​ហើយ ហើយ​កូន​ក៏​បាន​ភ្លេច​ឪពុក​ដែរ ។ ចូរ​មើល​ទៅ​ក្នុង​ខ្លួន​របស់​កូន ស៊ីមបា ។ កូន​គឺហួស​ពី​អ្វី​ដែល​កូន​បាន​ប្រែ​ក្លាយ ។ កូន​ត្រូវ​តែ​ទទួល​នូវ​តំណែង​កូន​ក្នុង​វដ្ដ​នៃ​ជីវិត » ។ បន្ទាប់មក​​មាន​នូវ​​ការ​អញ្ជើញ​នេះ ត្រូវ​បាន​និយាយ​សារឡើងវិញ​ជាច្រើន​ដងថា៖ « ចូរ​ចាំថា កូនជានរណា … ចូរ​ចាំ​ថា កូន​ជា​នរណា » ។

ស៊ីមបា ត្រូវ​បាន ញ័ររន្ធត់​ដោយ​បទពិសោធន៍​នេះ បាន​សម្រេចចិត្ត​ទទួល​យក​ជោគ​វាសនា​របស់​វា ។ វា​បានទុកចិត្ត​លើ​មិត្ត​របស់​វា ជា​ស្វា​សីល៍​ថា ៖ «​វា​ហាក់​ដូចជា​ខ្យល់​កំពុង​តែ​ផ្លាស់​ប្ដូរ» ។

ស្វា​ឆ្លើយតប​ថា « ការ​ផ្លាស់ប្ដូរ​គឺជា​ការល្អ» ។

ហើយ​ស៊ីមបា បាន​និយាយ​ថា « ប៉ុន្តែ​វា​ពុំ​ងាយ​ស្រួល​ទេ ។ ខ្ញុំ​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ។ ប៉ុន្តែ​ការ​ត្រឡប់ទៅវិញ មានន័យ​ថា ខ្ញុំ​ត្រូវ​ប្រឈម​មុខ​នឹង​អតីតកាល​របស់​ខ្ញុំ ។ ខ្ញុំ​បាន​រត់​គេច​ពី​វា​អស់រយៈ​ពេលជា​យូរ​មក​ហើយ »។

ស្វាបាន​សួរ​វាថា « តើ​ឯង​ទៅ​ណា ? » ។

ស៊ីមបា បាន​ស្រែក​ថា « ខ្ញុំ​ត្រឡប់​ទៅ​វិញ ! » ។8

យើង​ទាំងអស់គ្នា​អាច​ទទួលយក-- ឬ មកវិញ-- កន្លែង​របស់​យើង​នៅ​ក្នុង​វដ្តជីវិត ។ ចូរ​ប្រែក្លាយ​ជា​ខ្លួន​អ្នក​យ៉ាង​ណា​ឲ្យ​ពិត ។ សុភមង្គល​ និង សមត្ថភាព​របស់​អ្នក ដើម្បី​ស្វែងរក​តុល្យភាព​នៅ​ក្នុង​ជីវិត​របស់អ្នក នឹង​កើត​មាន​ឡើង​នៅពេល​អ្នក​រកឃើញ ទទួល​ស្គាល់ និង ទទួល​យក​អត្តសញ្ញាណ​ពិត​របស់អ្នក ក្នុង​នាម​ជា​កូន​ម្នាក់​របស់​ព្រះវរបិតាសួគ៌​យើង រួច​ហើយ​រស់នៅ​ស្រប​តាម​ចំណេះ​ដឹង​នេះ ។

3. ទុកចិត្ត​ទៅ​លើ​ការ​សន្យា​របស់​ព្រះ

ឥឡូវ ខ្ញុំ​ចែកចាយ​ជាមួយ​អ្នក​នូវ​គោលការណ៍​ទី​បី នៃ​សុភមង្គល ៖ ចូរ​ទុក​ចិត្ត​ទៅ​លើ​ការ​សន្យា​របស់​ព្រះ ។

ខ្ញុំ​ស្រឡាញ់​ពាក្យ​លើក​ទឹកចិត្ត​ទាំងនេះ មកពី​ប្រធាន ថូម៉ាស  អេស ម៉នសុន​ថា ៖ « អនាគត​គឺ​ភ្លឺ​ថ្លា​ដូចជា​សេចក្ដី​ជំនឿ​របស់អ្នក » ។ 9 ជោគជ័យ និង សុភមង្គល​ក្នុង​ជីវិតរបស់​យើង គឺ​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​សេចក្ដីជំនឿ និង ទំនុក​ចិត្ត ដែល​យើង​មាន​ថា ព្រះអម្ចាស់​នឹង​ដឹកនាំ ហើយ​ណែនាំ​យើងឲ្យ​សម្រេច​នូវជោគវាសនា​របស់​យើង ។

ខ្ញុំ​បាន​កត់សម្គាល់​ថា បុរស​ស្ត្រី ដែល​សម្រេច​នូវ​ភាព​ប៉ិនប្រសប់​ដ៏អស្ចារ្យ​ក្នុង​ជីវិត ជាញឹកញាប់​គេ​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​អនាគត​របស់គេ តាំងពី​ក្មេងវ័យមក​​ម្ល៉េះ ។ ឧទាហរណ៍​មួយ​អំពី​រឿង​នេះ គឺ Winston Churchill (វិនស្ដុន ឈើឈីល) គាត់ជា​រដ្ឋ​បុរស​ប្រទេសអង់គ្លេសដ៏​ល្បី​ឈ្មោះ ។ ក្នុង​នាម​ជា​យុវជន​ម្នាក់ គាត់​មាន​ទំនុកចិត្ត​យ៉ាង​មាំ​ទៅ​លើ​អនាគត​របស់គាត់ ។ ខណៈ​ពេល​ដែល​គាត់​បម្រើ​នៅ​ក្នុង​ទ័ពសេះ​វរសេនាធំ នៅ​ប្រទេស​ឥណ្ឌា អាយុ 23 ឆ្នាំ គាត់​បាន​សរសេរ​ទៅ​ម្ដាយ​គាត់​ថា « ខ្ញុំ​មាន​ជំនឿ​ទៅ​លើ​ផ្កាយ​របស់​ខ្ញុំ --ដែល​ខ្ញុំ​ប៉ង​ចង់​ធ្វើ​អ្វី​មួយ​នៅ​ក្នុង​ពិភពលោក​ » 10 ។ ឱ នោះ​ជា​ពិត​ជាមើលឃើញមុនមែន ! ជាលទ្ធផល គាត់​បានមើល​ឃើញ​ថា គាត់​នឹង​ក្លាយ​ជា​មនុស្ស​សំខាន់​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​របស់​គាត់ ហើយ​គាត់​បាន​ក្លាយ​ជា​បុរស​ដែល​ដឹកនាំ​ចក្រភព​អង់គ្លេស​ទទួល​បាន​ជោគជ័យ​អំឡុង​សង្គ្រាម​លោក​លើកទី  II ។

ខ្ញុំ​ជឿ​ថា សមាជិក​វ័យ​ក្មេង​ម្នាក់​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ មាន​ផ្កាយ​ជាច្រើន​នៅ​លើ​មេឃ​ដឹកនាំ​អ្នក ។ ព្រះ​កំពុង​តែ​ទត​មើល​មក​លើ​អ្នក ហើយ​បាន​ធ្វើ​ការសន្យា​ជាច្រើន​ចំពោះ​អ្នក ។

ខគម្ពីរ​មួយ​ក្នុង​គម្ពីរ​ម៉ាឡាគី គឺ​ជា​បេះដូង​នៃ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ ហើយ​វា​ត្រូវ​បាន​ដក​ស្រង់​ដោយ​ទេវតា​មរ៉ូណៃ​រាល់​ការ​យាង​មកជួប​របស់​ទ្រង់​ជាមួយ​នឹងក្មេង​ប្រុស​​យ៉ូសែប ស្ម៊ីធ ។ ទេវតា​មានបន្ទូល​ថា ដកស្រង់​ចេញ​មកពី អេលីយ៉ា ជាព្យាការី​ថា ៖ « លោក​នឹង​ដាក់​នៅ​ក្នុង​ចិត្ត​នៃ​កូនចៅ​នូវ​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក ហើយ​ចិត្ត​នៃ​កូនចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពូក​របស់​ពួកគេ​វិញ » (J យ៉ូសែប ស្ម៊ីធ-- ប្រវត្តិ 1:39J) ។

អរគុណ​ចំពោះ​ការស្ដារឡើងវិញ បងប្អូន​ប្រុសស្រី​វ័យ​ក្មេង​របស់​ខ្ញុំ អ្នក​គឺ​ជា​កូនចៅ​នៃ​ការ​សន្យា ។ អ្នក​នឹង​ទទួល​ជា​មរតក​ដែល​បាន​សន្យា​នឹង​ឪពុក​របស់​អ្នក ។ ការសន្យាទាំងនេះ មកពី​ព្រះអម្ចាស់ ធ្វើ​ឲ្យ​អ្នក​មាន​ចំណែក​នៅ​ក្នុង​ជំនាន់​ហ្លួង ។

មនុស្ស​ជាច្រើន ដែល​ខ្ញុំ​កំពុង​និយាយ រាប់​ចូល​នូវ​ពួកត្រួសត្រាយផ្លូវ​ដ៏​ថ្លៃថ្នូ​នៅ​ក្នុង​ចំណោម​ជីដូន​ជីតា​របស់អ្នក ជា​មនុស្ស​ដ៏អស្ចារ្យ ដែល​បាន​ជួយ​ស្ថាបនា​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ ដោយ​ភាព​ក្លាហាន និង ការពលិកម្ម​របស់ពួកគេ ។ ជំនាន់​នៃ​ពួកបរិសុទ្ធ​ដ៏អង់អាច បានដើរ​មុន​អ្នក ។ អ្នកដទៃ​ទៀត កំពុង​ស្ដាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ គឺ​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​គ្រួសារ​របស់​ពួកគេ​ផ្ទាល់ និង​ទឹកដី​កំណើត​គេ​ផ្ទាល់ ។ អ្នក​គឺ​ជា​ខ្សែទីមួយ​ដែល​នឹង​ក្លាយ​ជា​តំណរប្រទាក់​ដ៏អស់កល្បជានិច្ច​មួយ ។ មិន​ថា​រឿង ឬ កេរតំណែល​របស់អ្នក​ជាអ្វីទេ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ អ្នក​ទាំងអស់​គ្នា​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​គ្រួសារ​ខាង​វិញ្ញាណ​មួយ ។ ពង្សប្រវត្តិ​ខាងវិញ្ញាណ​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ម្នាក់ៗ ជា​កូនចៅ​នៃ​ពួកឪពុក​ទាំងឡាយ ហើយ​ជា​អ្នក​ទទួល​នូវ​ការ​សន្យា​របស់​ព្រះ​ចំពោះ​ពួកគេ ដូច​បាន​ប្រាប់ ជាមុន​ដោយពួកព្យាការី ។

សូម​អាន ​​ពរជ័យ​អយ្យកោ​របស់អ្នក​សារឡើងវិញ ។ នៅ​ក្នុង​ពរជ័យ​នេះ ព្រះអម្ចាស់​បញ្ជាក់​ថា អ្នក​ចងភ្ជាប់​ទៅ​នឹងពូជ​អំបូរ​មួយ​នៃពូជ​អំបូរ​អ៊ីស្រាអែល​ទាំងដប់ពីរ ហើយ​ដោយ​សារ​រឿងនេះ និង​តាមរយៈ​ភាព​ស្មោះ​ត្រង់​របស់​អ្នក អ្នក​ក្លាយ​ជា​អ្នក​គ្រង​នូវ​ពរជ័យ​ដ៏​ច្រើន​ដែល​បាន​សន្យា​ដល់​អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ។ ព្រះ​បាន​សន្យា​នឹង​អ័ប្រាហាំ​ថា « ចំពោះ មនុស្ស​ជាច្រើន​ដែល​ទទួល​ដំណឹងល្អ​នេះ នោះ​នឹង​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​ [ គាត់ ] ហើយ​នឹង​ត្រូវ​បាន​រាប់​ថា​ជាពូជ ​[ គាត់ ] ហើយ​នឹង​ក្រោក​ឡើង ហើយ​ជូន​ពរ​ដល់​ [ គាត់ ] ជា​ឪពុក​របស់​គេ » (អ័ប្រាហាំ 2:10) ។ នៅ​ក្នុង​ការ​អាន​​ពរជ័យ​អយ្យកោ​របស់អ្នក សូមយកចិត្ត​ទុកដាក់​ខ្លាំង​ទៅ​លើ​ការសន្យា​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​អ្នក​ផ្ទាល់ ។ សូម​នឹកគិត​អំពី​ពរជ័យ​នីមួយៗ​ទាំងនោះ ។ តើ​វា​មានន័យ​យ៉ាង​ណា​ចំពោះ​អ្នក ?

ការសន្យា​ទាំង​នេះ គឺ​ជាក់ស្តែងក្រៃលែង ហើយ​បើ​យើង​ធ្វើ​នូវ​ចំណែក​របស់​យើង នោះ​ព្រះ​នឹង​ធ្វើ​នូវ​ចំណែក​របស់​ទ្រង់ ។ ខ្ញុំ​ពិត​ជា​ចូលចិត្ត​ពាក្យទាំង​នេះ ​ដែល​បាន​ប្រកាស​ដោយ​អាល​ម៉ា​ នៅ​ថ្ងៃ​ដែល​គាត់​បាន​ប្រគល់​កំណត់ត្រា​ពិសិដ្ឋ​ទៅ​ឲ្យ​កូន​ប្រុស​របស់​គាត់​ ហេលេមិន ថា ៖

« ឱ ហេលេមិន កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​ចងចាំ ចូរ​ចងចាំ​ថា  …។

«…  បើ​សិន​ជា​កូន​កាន់​តាម​បញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ហើយ​ថែ​វត្ថុ​ពិសិដ្ឋ​ទាំងនេះ ស្របតាម​ការ​ដែល​ព្រះ ទ្រង់​បាន​បញ្ជា​កូន... មើល​ចុះ គ្មាន​អំណាច​នៃ​ផែនដី ឬ​ស្ថាននរក​អាច​ដក​យក​វត្ថុ​ទាំង​នោះ​ពី​កូន​បាន​ឡើយ ព្រោះ​ព្រះ​ទ្រង់​ប្រកប​ដោយ​ព្រះចេស្ដា ក្នុង​ការ​ធ្វើ​ឲ្យព្រះបន្ទូល​ទាំងអស់​របស់​ទ្រង់​បាន​សម្រេច ។​

« ព្រោះ​ទ្រង់​នឹង​បំពេញ​អស់​ទាំង​ពាក្យ​សន្យា​របស់ទ្រង់ ដែល​ទ្រង់​នឹង​ធ្វើ​ជាមួយ​នឹង​កូន ត្បិត​ទ្រង់​បាន​បំពេញ​ពាក្យ​សន្យា​ទាំងឡាយ ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ពួក​អយ្យកោ​របស់​យើង​ដែរ » (អាលម៉ា 37:13, 16, 17 ) ។

ការ​បំពេញ​នូវ​ការ​សន្យា​របស់ព្រះ គឺ​តែងតែ​ចងភ្ជាប់​ទៅ​នឹង​ការ​ប្រតិបត្តិ​ចំពោះ​ក្រិត្យ​វិន័យទាំងឡាយ ដែល​មាន​ជាមួយ​វា​នោះ ។ ព្រះអម្ចាស់​មាន​បន្ទូលថា « យើង​ជា​ព្រះអម្ចាស់​ជាប់​សន្យា កាលណា​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​អ្វី ដែល​យើង​មាន​បន្ទូល ប៉ុន្តែ​កាលណា​អ្នក​រាល់គ្នា​មិន​ប្រព្រឹត្ត​តាមអ្វី ដែល​យើង​មាន​ព្រះបន្ទូល​ទេ នោះ​អ្នករាល់គ្នា​ពុំ​មាន​សេចក្ដី​សន្យា​ឡើយ » (គ. និង ស. 82:10) ។

ផ្ទុយ​ទៅវិញ ការសន្យា​ទាំងនេះ ពុំ​ធានា​ថា អ្វីៗ​ទាំងអស់​ដែល​កើត​មាន​ក្នុង​ជីវិត​របស់យើង នឹង​បានស្របតាម​ការ​រំពឹងទុក និង បំណង​ប្រាថ្នា​របស់យើង​​ឡើយ ។ តែ​ការសន្យា​របស់​ព្រះ អះអាង​ថា អ្វី​ដែល​កើត​ឡើង​ចំពោះ​យើង នឹង​កើត​ឡើង​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ។ ពេល​ខ្លះ ការ​សាកល្បង​ដែល​ពុំ​រំពឹងទុក នឹង​បង្ហាញ​ខ្លួន​វា​ឡើង ដែល​យើង​ត្រូវ​តែ​យក​ឈ្នះ ពេល​ខ្លះ​ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា នឹង​ត្រូវ​បាន​ពន្យា​ពេល​ជា​យូរ ។ ប៉ុន្តែ​ពេល​វេលា​នឹង​មក​ដល់ ជា​ពេល​ដែល​យើង​នឹង​ដឹង​ថា ការ​សាកល្បង​ទាំងនេះ និង ការពន្យា​ពេល​ទាំងនេះ គឺ​សម្រាប់​សេចក្ដី​ល្អ និង ការរីកចម្រើន​ដ៏អស់​កល្ប​ជានិច្ច​របស់​យើង ។ តើ​យើង​អាច​សុំ​អ្វី​ច្រើន​ជាង​នេះ​ទៀត ?

រឿង​ដ៏​ធំ​បំផុត​ដែល​យើង​អាច​ប្រាថ្នា​នៅ​ក្នុង​ជីវិត គឺ​សម្រប​ឆន្ទៈ​របស់​យើង​ទៅ​តាម​ព្រះទ័យ​របស់​ព្រះ​អម្ចាស់ --ទទួល​យក​របៀប​វារៈ​របស់ទ្រង់​សម្រាប់​ជីវិត​របស់​យើង ។ ទ្រង់​ដឹងអ្វីៗ​ទាំងអស់​តាំង​ពី​ដើម​ដំបូង ទ្រង់​មាន​ទស្សនវិស័យ​ដែល​យើង​គ្មាន ហើយ​ទ្រង់​ស្រឡាញ់​យើង​ដោយ​ក្ដី​ស្រឡាញ់​គ្មាន​ព្រំដែន ។

ខ្ញុំ​សូម​បង្ហាញ​នូវ​គោលការណ៍​នេះ តាមរយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ ។ ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​សម្រេច​ចិត្ត​រៀបចំ​ខ្លួន​ទៅ​ធ្វើ​ការ​ប្រឡង ចូល​សាលា​ពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​បារាំង ។ ការ​រៀប​ចំ​នេះ ដែល​មាន​រយៈ​ពេល​មួយឆ្នាំ គឺ​មាន​ការ​លំបាក​ ហើយ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចការ​ផ្ទាល់​ខ្លួន​ជារៀង​រាល់​ថ្ងៃ ។ នៅ​ដើម​ឆ្នាំ ខ្ញុំ​បាន​សម្រេចចិត្ត​ថា មិន​ថា​មាន​កិច្ចការ​ច្រើន​ប៉ុណ្ណា​ទេ ខ្ញុំ​នឹង​មិន​ឲ្យ​​ការ​សិក្សា​របស់ខ្ញុំ​រារាំង​ខ្ញុំ​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​ប្រជុំ​ថ្ងៃ​អាទិត្យ ឬ រារាំង​ខ្ញុំ​មិន​ឲ្យ​ចូលរួម​ក្នុង​ថ្នាក់វិទ្យាស្ថានមួយ​សប្ដាហ៍​ម្ដង​នោះ​ឡើយ ។ ខ្ញុំ​ក៏​បាន​យល់​ព្រម​បម្រើ​ជា​ស្មៀន​ក្នុង​វួដ​មជ្ឈិមវ័យ​វ័យក្មេង​របស់​ខ្ញុំ ដែល​តម្រូវ​ឲ្យ​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ទៅ​ធ្វើ​ការ​ជា​រៀង​រាល់​សប្ដាហ៍ ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ព្រះអម្ចាស់​នឹង​ទទួល​ស្គាល់​ភាព​ស្មោះ​ត្រង់​របស់ខ្ញុំ ហើយ​នឹង​ជួយ​ខ្ញុំ​សម្រេច​នូវ​គោលដៅ​របស់​ខ្ញុំ ។

នៅ​ចុង​ឆ្នាំ នៅពេល​ដល់​ពេល​ប្រឡង ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ធ្វើ​អស់ពីសមត្ថភាព ។ ខ្ញុំ​ ​អធិស្ឋាន​កាន់​តែ​អង់អាច និង តមអាហារ ។ នៅពេល​ខ្ញុំ​ទៅ​ដល់​ការ​ប្រឡង​​ក្នុង​សាលា​ដ៏ល្បីនោះ ខ្ញុំ​មាន​ទំនុក​ចិត្ត​ទាំងស្រុង​ថា ព្រះអម្ចាស់​នឹង​ឆ្លើយ​តប​ចំពោះ​បំណង​ប្រាថ្នា​របស់ខ្ញុំ ។ ជាអកុសល ព្រឹត្តការណ៍​ដែល​បាន​បង្ហាញ​ឡើង ក្នុង​របៀប​មួយ​ដែល​ផ្ទុយ​ពី​អ្វី​ដែល​ខ្ញុំ​បាន​សង្ឃឹមទុក ។ ការ​ប្រឡង​ផ្ទាល់​មាត់​នៅ​ក្នុង​ប្រធាន​បទ​ដែល​ចេះ​ជាងគេ ត្រូវ​បាន​វិនាស​ដោយ​ពុំ​រំពឹងទុក -- ខ្ញុំ​បាន​ទទួល​​ចំណាត់​ថ្នាក់ ដែល​រារាំង​ខ្ញុំមិន​ឲ្យ​ចូលរៀន​ក្នុង​សាលា​ ដែល​ខ្ញុំ​ចង់​រៀន​យ៉ាង​ខ្លាំង​នេះ ។ ខ្ញុំ​អន់ចិត្ត​យ៉ាង​ខ្លាំង ។ តើ​ហេតុ​អ្វី​ក៏​ព្រះអម្ចាស់​អាច​​បោះបង់​ខ្ញុំ​ចោល ពេល​ខ្ញុំ​បាន​ស៊ូទ្រាំ​នៅក្នុងភាពស្មោះត្រង់​របស់ខ្ញុំ​ដូច្នេះ ?

នៅពេល​ខ្ញុំ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រឡង​ផ្ទាល់​មាត់ សម្រាប់​សាលា​ទីពីរ​ក្នុង​បញ្ជី​របស់ខ្ញុំ ខ្ញុំ​មាន​ពេញ​ដោយ​ភាព​សង្ស័យ និង ភាព​មិន​ជឿជាក់ ។ នៅ​ក្នុង​សាលា​នេះ ការ​ប្រឡង​ដែល​លំបាក​បំផុត​គឺ​ការសម្ភាសន៍​រយៈ​ពេល​ 45 នាទី​នៅ​ក្នុងគណៈ​មេប្រយោគ​ដែល​មាន​នាយក​សាលា​ធ្វើជា​អធិបតី ។ ការ​សម្ភាសន៍​ដំបូង​គឺ​ធម្មតា-- រហូត​ដល់​ពេលដែល​ខ្ញុំ​ត្រូវ​បាន​សួរ​នូវ​សំណួរ​ដែល​ពុំ​សូវ​សំខាន់​ថា ៖ « យើង​ដឹង​ថា​ អ្នក​បាន​សិក្សា​ច្រើន​ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រឡង​នេះ ។ ប៉ុន្តែ​យើង​នឹង​ចង់​ដឹង​អំពី​សកម្មភាព​ផ្សេងៗ ដែល​អ្នក​ធ្វើ​ក្រៅ​ពី​ការ​សិក្សា​របស់អ្នក » ។ បេះដូង​របស់​ខ្ញុំ​គាំង​មួយ​សន្ទុះ ! ពេញ​​មួយ​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​តែ​រឿង​ពីរ​យ៉ាង​ប៉ុណ្ណោះគឺ ៖ សិក្សា និង ទៅ​ព្រះវិហារ ! ខ្ញុំ​ដឹង​ថា វា​គឺ​ជាគ្រា​នៃ​សេចក្ដី​ពិត ។ ខ្ញុំ​ខ្លាច​ថា គណៈ​មេប្រយោគ​នឹង​បកប្រែ​ខុស​ចំពោះ​សមាជិភាព​របស់ខ្ញុំ​នៅ​ក្នុង​សាសនាចក្រ ។ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​ ការ​សម្រេច​ចិត្ត​ថានៅ​ស្មោះ​ត្រង់​ចំពោះ​គោលការណ៍​របស់​ខ្ញុំ​ក្នុង​រយៈ​ពេល​មួយវិនាទីនោះ ។

ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ។ បន្ទាប់មក ខ្ញុំ​បាន​ពិពណ៌នា​អំពី​សកម្មភាព​របស់​ខ្ញុំ​នៅ​ក្នុង​សាសនាចក្រដូចជា ៖ ការ​ប្រជុំ​នៅ​ថ្ងៃ​ឈប់សម្រាក ថ្នាក់វិទ្យាស្ថាន និង កាតព្វកិច្ច​របស់ខ្ញុំ​ក្នុង​នាម​ជា​ស្មៀន​វួដ​ រយៈពេល​ប្រហែលជា 15 នាទី ។

នៅ​ពេល​ខ្ញុំ​បាន​បញ្ចប់ នាយក​សាលា​បាន​មានប្រសាសន៍​ថា ៖ « អ្នក​ដឹង​ទេ ខ្ញុំ​រីករាយ​ដែល​អ្នក​និយាយ​ដូច្នោះ ។ ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​សិក្សា​នៅ​ក្នុង​សហរដ្ឋ​ ។ មិត្ត​ដ៏​ល្អ​ម្នាក់​របស់​ខ្ញុំ គឺ​ជា​មរមន ។ គាត់​គឺ​ជា​យុវជន​ដ៏​អស្ចារ្យ​មួយរូប ជា​មនុស្ស​ម្នាក់​ដែល​មាន​លក្ខណៈ​សម្បត្តិ​ជា​មនុស្ស​យ៉ាង​អស្ចារ្យ ។ ខ្ញុំ​គិត​ថា ពួក​មរមន​គឺ​ជា​មនុស្ស​ល្អ​ណាស់ » ។

អូ៎ ធូរខ្លួន ! ថ្ងៃ​នោះ ខ្ញុំ​បាន​ទទួល​ចំណាត់​ថ្នាក់​ល្អ​បំផុតមួយដែល​អាច​ធ្វើ​ទៅ​បាន ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​អាច​ចូលរៀន​ក្នុង​សាលា​នេះ ជា​កន្លែងនៃ​កិត្តិយសមួយ ។

ខ្ញុំ​បាន​អរគុណ​ព្រះអម្ចាស់​ចំពោះ​សេចក្ដី​ល្អ​របស់ទ្រង់ ។ ទោះ​ជា​យ៉ាង​ណា នៅ​គ្រានោះ ខ្ញុំ​ពុំ​អាច​នាំ​ខ្លួន​ខ្ញុំ​ឲ្យ​ទទួល​យក​នូវ​ការ​បរាជ័យ នៅ​សាលា​ដ៏ល្បី​បំផុត​នោះ​ទេ ។ ខ្ញុំ​បាន​មាន​នូវ​អារម្មណ៍​នៃ​ការ​បរាជ័យ និង ភាពអយុត្តិធម៌​ក្នុង​ខ្លួន​អស់រយៈពេល​ជាយូរ ។ ខ្ញុំចំណាយ​ពេល​ជាច្រើន​ឆ្នាំ ដើម្បី​ ខ្ញុំ​យល់​អំពី​ពរជ័យ​ប្រកប​ដោយអព្ភូតហេតុ ​អំពី​ការ​បរាជ័យ​របស់​ខ្ញុំ​ក្នុង​ការ​ចូលរៀន​នៅ​សាលា​ដែល​ខ្ញុំ​សុបិន​ចង់​រៀន​នោះ ។ នៅ​ក្នុង​សាលា​ទីពីរ ខ្ញុំ​បាន​ជួប​នឹង​មនុស្ស​សំខាន់ៗ ។ ប្រយោជន៍​នៃ​ការ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ពួកគេ បាន​ក្លាយ​ជា​ភស្ដុតាង​នៅពេញ​ជីវិត​​អាជីព​របស់ខ្ញុំ ហើយ​បន្ដ​នៅ​មាន​ដល់​សព្វថ្ងៃ គឺ​មាន​សារៈសំខាន់​ក្នុង​ជីវិត​របស់​ខ្ញុំ និង ជីវិត​គ្រួសារ​ខ្ញុំ ។ ឥឡូវ​ខ្ញុំ​បាន​ដឹង​ថា ទោះ​ជាតាំង​ពី​​នៅ​វ័យ​ក្មេង​ ព្រះអម្ចាស់​បាន​ដឹកនាំ​ជំហាន​ខ្ញុំ ​ដោយការ​ដឹង​មុន​អំពី​បេសកកម្ម ដែលទ្រង់​នឹង​សុំ​ឲ្យ​ខ្ញុំ​សម្រេច​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត​របស់​ខ្ញុំ ។

បងប្អូនប្រុសស្រី​របស់ខ្ញុំ បន្ទាប់ពី​អ្នក​បាន​ធ្វើ​អស់ពី​ថាមពល​របស់​អ្នក​ហើយ តែបើ​រឿង​នៅ​តែ​ពុំ​បាន​ដូច​ដែល​អ្នក​សង្ឃឹម ឬ រំពឹងទុក ចូរ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​នូវ​ឆន្ទៈ​របស់​ព្រះវរបិតាសួគ៌​អ្នក ។ យើង​ដឹង​ថា ទ្រង់នឹង​មិន​ដាក់​ទោស​មក​លើ​យើង​នូវ​អ្វី​ដែល​ពុំ​មែន​សម្រាប់​សេចក្ដី​ល្អ​របស់​យើងនៅ​ទីបំផុត​​នោះ​ឡើយ ។ ចូរ​ស្ដាប់​នូវ​សម្លេង​ស្ងប់​ស្ងាត់ ដែលខ្សឹបក្នុង​ត្រចៀក​យើង​ថា « ត្បិត​សាច់ឈាម​ទាំងអស់​នៅ ក្នុង​ព្រះហស្ត​របស់​យើង​ហើយ ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ » (គ. និង ស. 101:16 ) ។

ថ្មីៗ​នេះ ខ្ញុំ​បាន​មើល​ខ្សែភាពយន្ដ​ដ៏​អន្លង់អន្លោច​មួយ ដែល​ជា​ដំណែល​ប្រវត្តិ​សាស្ត្រ​នៃ​ក្រុម​រទេះរុញ វីលលី និង ម៉ាទីន ។ នៅ​ក្នុង​ខែ ឧសភា ឆ្នាំ 1856 ក្រុម​​ពីរបន្ដ​បន្ទាប់គ្នាមាន​ពួកបរិសុទ្ធ​ច្រើន​ជាង​មួយ​ពាន់​នាក់ បាន​ចាក​ចេញ​ពី​ប្រទេស​អង់គ្លេស​ទៅជ្រក​កោន​នៅ​​រដ្ឋ​យូថាហ៍ ។ នៅពេល​ពួកគេ​បាន​ទៅ​ដល់​ប្រាំ​មួយ​ខែ​ក្រោយ​មក​នៅ​ក្នុង​ទីក្រុង​សលត៍ ឡេក នៅ​ចុង​បញ្ចប់​នៃ​ការ​ធ្វើ​ដំណើរ​ដ៏​គ្រោះ​ថ្នាក់​របស់​ពួកគេ នោះ​មាន​ពួកគេ​ច្រើន​ជាង 200 នាក់​បាន​បាត់​ខ្លួន ។ ភាគ​ច្រើន​ពួកគេ​ស្លាប់​ដោយ​សារ​ជម្ងឺ ការ​ស្រេកឃ្លាន ឬ ការ​អស់កម្លាំង នៅ​តាម​ផ្លូវ​ ដែលនាំ​ពួកគេ​ទៅ​កាន់​កន្លែង​ដែល​គេ​ហៅ​ថា « ទីក្រុង​ស៊ីយ៉ូន » ។

អ្នក​ត្រួសត្រាយផ្លូវ​ម្នាក់​​នៅ​ក្នុង​ខ្សែ​ភាព​យន្ដ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ។ គាត់​បាន​ធ្វើ​ឲ្យ​ក្រុម​រទេះ​រុញ​ឲ្យសើចក្អាកក្អាយ និង ក្លៀវក្លា​ដោយ​សារ​គាត់ ។ ទោះ​ជា​យ៉ាង​ណា គាត់​ពុំ​ដូចជា​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ភាគ​ច្រើន​ទេ ។ គាត់ជាបុរស​មាឌតូច ហើយ​ពិការ​ធ្ងន់ធ្ងរ គាត់​គឺ​ជា​អព្ភូត​ហេតុ​មួយ ! ខ្ញុំ​បាន​ដឹង​ថា អ្នក​ត្រួសត្រាយ​ផ្លូវ​ដ៏អង់​អាច​នេះ គឺជា​ Robert Pierce នៃទីក្រុង Cheltenham ប្រទេស​អង់គ្លេស ។

ដៃគូ​ធ្វើ​ដំណើរ​ម្នាក់​របស់​គាត់​បាន​ពិពណ៌នា​ពី​គាត់​ថា​ « គាត់​ជាអ្នក​ធ្វើ​ដំណើរ​ដែល​ពិការ​​បំផុត ដែល​ខ្ញុំ​ធ្លាប់​ឃើញ ។ អវៈយវៈ​ផ្នែក​ខាង​ក្រោមរបស់​គាត់ ខ្វិន ហើយ​រាងកាយគាត់ពិការ​ទាំងស្រុង ប៉ុន្តែ​គាត់​រឹង​មាំ​ក្នុងសេចក្តី​ក្ដីជំនឿ ។ គាត់​អាច​រុញ​ខ្លួន​គាត់ទៅ​មុខនឹង​ឈើច្រត់​​ដោយ​ល្បឿន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល » ។ 11

នៅ​ថ្ងៃ​មួយ Robert Pierce បាន​ដើរ​ខុស​ផ្លូវ ហើយ​​ក្រុម​រទេះ​រុញពុំ​ឃើញ​គាត់ ។ មាន​បុរស​មួយចំនួន​បាន​បញ្ជូន​ឲ្យ​ទៅ​រក​គាត់ ហើយ​ទីបំផុត​រក​ឃើញ​គាត់​នៅ​ក្នុង​ស្ថានភាព​មិន​ល្អ​មួយ ។ ខ្ញុំ​ដក​ស្រង់​ពាក្យ​ពួកគេ​ថា ៖

« យើង​ភ្ញាក់​ផ្អើល​ យើង​បាន​ឃើញ​មាន​ឆ្កែ​ចចក​ពណ៌​ប្រផេះ​ពីរ​ក្បាល​យ៉ាង​ធំ ដើរ​ក្រវ៉ែល​​នៅជុំ​វិញ​ដើម​ឈើ​ចាស់​មួយ ហើយ​មានឥន្ទ្រី​ប្រាំមួយ​ក្បាល ​ហើរ​សំកាំង​ពីលើ​ដើមឈើ រងចាំ​ឲ្យ​គាត់​ឈប់​ស្រែក និង ឈប់​ក្រវី​ឈើច្រត់​របស់គាត់ ដូច្នេះ​ពួក​វា​អាច​​សង្គ្រប់​លើ​គាត់ ហើយ​ហែក​គាត់​ស៊ី​ជា​ចំណី នៅ​ក្នុង​ស្ថានភាព​ដើរ​មិន​រួច​របស់គាត់ នៅ​ក្រោម​ដើម​ឈើ​នោះ  …។

« យើង​បាន​ទៅ​ដល់​ទាន់​ពេល ដើម្បី​សង្គ្រោះ​គាត់​ពី​គ្រោះ​កម្ម នាំ​គាត់​ចេញ​មក ហើយ​ដាក់​គាត់​នៅ​លើ​រទេះ ដែល​យើង​បាន​យក​ទៅ នាំ​គាត់​ឲ្យ​ជិះ​ត្រឡប់​ទៅ​កាន់ជំរំវិញ » ។

ហើយ​ឥឡូវ ការ​យល់​យ៉ាង​ច្បាស់​​មួយ​​អំពី​អារម្មណ៍ល្អ របស់​​ Robert គឺថា​ ៖ « របៀប​ដែល​ជន​ក្រី​ក្ររូប​នេះ ​បាន​សុំ​យើង​ឲ្យ​អនុញ្ញាត​ឲ្យ​គាត់​ដើរ នៅពេល​គាត់​បាន​និយាយ​ថា គាត់​សន្យា​ថា នៅពេល​យើង​ចាប់​ផ្ដើម​ការធ្វើ​ដំណើរ​របស់យើង នោះ​គាត់​នឹង​ដើរ​ដោយ​ខ្លួន​គាត់​នៅ​តាម​ផ្លូវ​ទៅ​កាន់​ទីក្រុង​សលត៌ ឡេក » ។

បន្ទាប់មក ផ្នែក​ដែល​កំសត់​នៃ​រឿង​នេះគឺ ៖ « ទោះ​ជា​យ៉ាង​ណា យើង​គ្រាន់​តែ​បាន​សង្គ្រោះ​គាត់​ឲ្យ​ធ្វើ​ដំណើរ​បាន​ពីរបី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នៅល្ងាច​នៃ​ការធ្វើ​ដំណើរដោយ​លំបាក​របស់គាត់​នៅ​​ថ្ងៃ​ទីប្រាំមួយ ក្នុង​លោកិយ​នេះ​បាន​បញ្ចប់ ហើយ​គាត់​ត្រូវ​បាន​បញ្ចុះ​នៅ​មាត់ច្រាំង​នៃ​ទន្លេ ​ អេកខន » ។ 12

បងស្រី ចូលីន អាល់ភីន ដែល​បាន​ចងក្រង​រឿង រ៉ូប៊ើត ភៀស និយាយ​អំពី​គាត់​ថា ៖ « វា​គឺ​ជា​ភាព​អស្ចារ្យ​យ៉ាង​ពិត ដែល​ រ៉ូប៊ើត ភៀស បាន​ធ្វើ​ដំណើរ 600 គីឡូម៉ែត្រ​ទៅ​ហើយ ដោយ​ឈើ​ច្រត់​របស់គាត់ មុន​ពេល​គាត់​បានចុះចាញ់នឹង​ការ​លំបាក​នៃ​ការ​សាកល្បង ។ ដួង​ចិត្ត​គាត់​ប្រាថ្នាចង់​​ប្រមូល​ផ្ដុំ​នឹងពួកបរិសុទ្ធ​ក្នុងស៊ីយ៉ូន ហើយ​ពុំ​ជា​បន្ទុក​ចំពោះ​អ្នកធ្វើ​ដំណើរ​ផ្សេង​របស់គាត់ទេ ... ។ រ៉ូប៊ើត ពុំ​ចងបាន​ជំនួយ​ ឬ ការ​ព្យាបាល​ជាពិសេស​អ្វី​នោះ​ទេ » 13 ។

បងប្អូន​ប្រុស​ស្រី​ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖ ហេតុ​អ្វីក៏​​ព្រះដែល​បាន​សង្គ្រោះ​បុរស​ នៃ​ក្ដី​ជំនឿ​ដ៏​ខ្លាំង​នេះ​​​ដោយ​អព្ភូតហេតុ​ចេញ​ពី​សត្វ​ចចក និង ឥន្ទ្រី​ ​អនុញ្ញាត​ឲ្យ​គាត់​ស្លាប់​នៅ​តាម​ផ្លូវ ក្នុង​រយៈពេល​ពីរបីថ្ងៃ​ក្រោយមក​ដូច្នេះ ?

ការ​ស្លាប់​របស់គាត់ គឺ​ជា​ភាព​ស្ងប់​ស្ងាត់​បំផុត​មួយ ។ នៅ​ក្នុង​ខ្សែ​ភាពយន្ដ គាត់​និយាយ​យ៉ាង​ខ្លី​មុនពេល​បញ្ចប់​​ថា ៖

« អ្នកផ្សព្វផ្សាយសាសនា​ប្រាប់ខ្ញុំ​ថា ខ្ញុំ​សំខាន់ ហើយ​ថ្ងៃ​មួយ​ខ្ញុំ​នឹងបាន​​ល្អ​វិសេស !  …

« ខ្ញុំ​តែងតែ​ចង់​បាន​រូបកាយ​រឹងមាំ ។ ឥឡូវ​ខ្ញុំ​នឹង​ទទួលបាន​វា ។ នៅពេល​អ្នក​ទៅ​ដល់​ក្រុង​ស៊ីយ៉ូន ចូរ​គិតអំពី​ខ្ញុំ » ។14

ពេល​ខ្ញុំ​គិត​ពី​ រ៉ូប៊ើត ភៀស ខ្ញុំ​គិត​អំពី​ពាក្យ​សម្ដី​មកពី​សំបុត្រ​របស់ប៉ុល ទៅ​កាន់​ប្រជាជន​ហេព្រើរ​ថា ៖

« អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្ដីជំនឿ ឥតទទួល​សេចក្ដី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មានទេ តែ​គេ​បាន​ឃើញ​ពី​ចម្ងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នកដទៃ ដែលគ្រាន់តែ​សំណាក់​នៅ​ផែនដី​ប៉ុណ្ណោះ ។

«… ពួក​អ្នក​ដែល​និយាយដូច្នោះ នោះ​សម្ដែង​ច្បាស់​ថា គេ​ជា​អ្នករក​ស្រុក​សម្រាប់​ខ្លួន​គេ​ពិត … ។

« តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក​មួយដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ » ( ហេព្រើរ 11:13, 14,   16 ) ។

នៅ​ចុង​បញ្ចប់ រ៉ូប៊ើត ភៀស បាន​ដឹង​ថា ជោគ​វាសនា​ទីបំផុត​របស់គាត់ គឺ​នគរ​ស្ថានសួគ៌ ពុំ​មែន​ជា​ជ្រលងភ្នំ​សលត៌ ឡេក​នោះទេ ។

វា​ក៏​ដូច្នេះ​សម្រាប់​យើង​ទាំងអស់​គ្នា​ដែរ ។ ការសន្យាទាំងឡាយ​របស់ព្រះអម្ចាស់ អះអាង​យើង​ពី​ជោគ​វាសនា​នៅទីបំផុត​របស់យើង ។ ផ្លូវ​សម្រាប់​យើង​ម្នាក់​ៗ នឹង​មានផ្សេងៗ​គ្នា ស្រប​តាម​ការ​ដឹងជា​មុន​របស់ព្រះ ។ ស្ថានភាព​របស់​យើង អាច​ផ្លាស់​ប្ដូរ ព្រឹត្តការ​ដែលពុំ​រំពឹងទុក​អាច​កើត​ឡើង ប៉ុន្តែ​ការ​សន្យា​ទាំងឡាយ​របស់​ព្រះ ចំពោះ​យើង ​មាន​ពិតតាមរយៈ​សេចក្ដី​ស្មោះត្រង់​របស់​យើង ។

បងស្រី អាននី  ស៊ី ភិនហ្គ្រី បាន​រៀបរាប់​យ៉ាង​ល្អ​អំពី​អត្ថន័យ​ នៃ​ការ​មាន​ជំនឿ​ទៅ​លើ​ការ​សន្យា​របស់ព្រះអម្ចាស់​ ។ គាត់​បាន​ចាប់​ផ្ដើម​ដោយ​ការ​ដក​ស្រង់​ពាក្យ​របស់អែលឌើរ ប្រ៊ូស  អ័រ ម៉ាក់ខន់ឃី ដូច​ខាង​ក្រោម ៖

« ‹ សេចក្ដី​ជំនឿ​ដែល​មាន​ទម្រង់​ពេញ​លេញ និង បរិសុទ្ធ តម្រូវ​ឲ្យ​មាន​ការ​ធានាយ៉ាងមុតមាំ ហើយ... មាន​ទំនុកចិត្ត​ទាំងស្រុង​ថា [ ព្រះ ] នឹង​ស្ដាប់​ឮ​ការអង្វរ​របស់យើង ហើយ​ប្រទាន​តាម​សំណើរ​របស់​យើង › ​តាមពេល​វេលា​របស់ទ្រង់​ផ្ទាល់ ។ ដោយ​ជឿ​ថា យើង​ក៏​អាច ‹ ឈរ​ដោយ​រឹងមាំ​នៅ​ក្នុង​សេចក្ដីជំនឿ › នា​ថ្ងៃ​នេះ និង ថ្ងៃ​ស្អែក » ។

បងស្រី បាន​បន្ដ​ទៀត​ថា ៖

« វា​ពុំ​សំខាន់​ថា​យើង​រស់នៅកន្លែង​ណា ឬ​ស្ថានភាព​ជាបុគ្គល​របស់យើង​ជាអ្វីនោះទេ ។ ការរស់នៅ​ដោយសុចរិត​រាល់ថ្ងៃ​របស់យើង អាច​បង្ហាញ​ក្ដី​ជំនឿ​មួយ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទត​ឃើញ​ហួស​ពី​ការឈឺ​ចាប់ ការ​ខកចិត្ត និង ការ​សន្យា​ដែលពុំ​បាន​សម្រេច​ក្នុង​ជីវិត​រមែងស្លាប់​នេះ ។ វា​គឺ​ជា​រឿង​ដ៏​រុងរឿង​ដើម្បីមាន​ក្ដីជំនឿ ដែល​អាច​ជួយ​យើង​ឲ្យ​ទន្ទឹង​ចាំ​ថ្ងៃ​នោះ ‹ ជាពេល​ដែល​សេចក្ដី​​សន្យា​ទាំងអស់ត្រូវ​បាន​ផ្ដល់​ដល់​ពួកបរិសុទ្ធ › »15

បងប្អូនប្រុសស្រី​របស់ខ្ញុំ ស្ថានភាព​ជីវិត​របស់ខ្ញុំ​សព្វថ្ងៃ​នេះ ជាក់​ស្ដែង​ គឺ​ខុសប្លែក​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀបផែនការ នៅពេល​ខ្ញុំមាន​វ័យ​ស្របាលអ្នក ។ ទោះ​ជាយ៉ាងណា ខ្ញុំ​ពុំ​ជឿ​ថា ខ្ញុំ​នឹង​បាន​សប្បាយខ្លាំង​ដូច្នេះ​ទេ ។ បើ​មាន​នរណា​ម្នាក់​បាន​ផ្ដល់​ឲ្យ​ខ្ញុំ នៅពេលខ្ញុំ​មានអាយុ 20 ឆ្នាំ​ នូវ​ដំណើរ​រឿង​នៃ​ជីវិត​ខ្ញុំ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​យល់​ព្រម​ដោយ​ពុំ​ស្ទាក់ស្ទើរ​ដើម្បី​រស់នៅ​ក្នុងអនាគត​នោះ ។

អនាគត​របស់អ្នក គឺ​ភ្លឺ​ថ្លា​ដូចជា​ជំនឿ​របស់​អ្នក

ខ្ញុំ​ចង់​និយាយ​ជំនួស​ឲ្យ វ៉ាឡេរី និង​ខ្ញុំ ។ កាលណា​ខ្ញុំ​កាន់​តែសញ្ជឹង​គិត​អំពី​ទិសដៅ​នៃ​ជីវិត​រស់នៅ​របស់​យើង នោះ​ខ្ញុំ​កាន់​តែ​ជឿ​ថា អ្វី​ដែល​ធ្វើឲ្យ​មាន​ភាព​ខុស​ប្លែក គឺ​ស្ថិត​នៅ​ក្នុង​យុវវ័យ​របស់យើង ដែល​យើង​បាន​ចែកចាយ​ទស្សនៈ​ដូចគ្នា​អំពីជីវិត​អស់កល្ប​មួយ ។ យើង​ចង់​ចាប់​ផ្ដើម​គ្រួសារ​អស់​កល្បជានិច្ច ។ យើង​ដឹង​ពីមូលហេតុ​ដែល​យើង​នៅ​លើ​ផែនដី និង អ្វី​ដែល​ជា​គោលដៅ​ដ៏អស់កល្ប​ជានិច្ច​របស់យើង ។ យើង​ដឹង​ថា ព្រះ​ស្រឡាញ់​យើង ហើយ​ថា​យើង​មាន​តម្លៃ​យ៉ាង​មហិមា នៅ​ក្នុង​ព្រះនេត្រ​របស់ទ្រង់ ។ យើង​មាន​ទំនុកចិត្ត​ទាំងស្រុង​ថា ទ្រង់​នឹង​ឆ្លើយ​ការអធិស្ឋាន​របស់យើង តាម​របៀប​របស់ទ្រង់ និង​តាម​ពេល​ដែល​ទ្រង់​ទតឃើញ​ថា​ល្អ ។ ខ្ញុំ​ពុំ​ដឹង​ថា បើ​សិនជា​យើង​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ទទួល​តាម​ឆន្ទៈ​របស់​ទ្រង់​នៅ​គ្រប់​រឿង​នោះទេ ដោយ​សារ​តែ​អ្វី​ដែល​យើង​ត្រូវ​រៀន-- ហើយ​ថា​យើង​នៅ​បន្ដ​រៀន ។ ប៉ុន្តែ​យើង​ចង់​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​របស់យើង ដើម្បី​ដើរតាមទ្រង់ ហើយ​ថ្វាយ​ខ្លួន​យើង​ដល់​ទ្រង់ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ ជាមួយ​ប្រធាន ម៉នសុន ថា « អនាគត​របស់​អ្នក គឺ​មានភាព​ភ្លឺ​ថ្លា​ដូចជា​ក្ដីជំនឿ​របស់​អ្នកន » ។ សុភមង្គល​របស់​អ្នក គឺ​អាស្រ័យ​ទៅ​លើ​គោលការណ៍​ដែល​អ្នក​ជ្រើសរើស​ធ្វើ​តាម ច្រើនជាង​ស្ថានភាព​ខាង​ក្រៅ​នៃ​ជីវិត​របស់​អ្នក ។ ចូរ​ស្មោះត្រង់​ចំពោះគោលការណ៍​ទាំងនោះ ។ ព្រះស្គាល់​អ្នក ហើយ​ស្រឡាញ់​អ្នក ។ បើ​អ្នក​រស់នៅ​តាម​ផែនការ​ដ៏អស់កល្ប​របស់ទ្រង់ ហើយ​បើ​អ្នក​មាន​ជំនឿ​ទៅ​លើ​ការ​សន្យា​របស់ទ្រង់ នោះ​អនាគត​របស់អ្នក​នឹង​ភ្លឺ​ស្វាង !

តើ​អ្នក​មាន​ក្ដីសុបិន និង គោលដៅ​ឬទេ ? ល្អណាស់ ! សូម​ខិតខំ​ដោយអស់ពី​ដួងចិត្ត​អ្នក ដើម្បី​សម្រេច​វា ។ បន្ទាប់មក ទុក​ឲ្យ​ព្រះអម្ចាស់​ធ្វើនូវ​ចំណែក​ដែល​នៅ​សេសសល់ ។ ទ្រង់​នឹង​ដឹកនាំ​អ្នក​ត្រង់​កន្លែង​ណា ដែល​អ្នក​ពុំ​អាច​ដឹកនាំ​ខ្លួន​អ្នក​ ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្វី​ដែល​អ្នកពុំ​អាច​ប្រែក្លាយ​ដោយ​ខ្លួន​ឯង ។

សូម​ទទួល​យក​ព្រះឆន្ទៈទ្រង់​នៅគ្រប់​ពេល​ទាំង​អស់ ។ សូម​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ទៅ​កន្លែង​ណា ដែល​ទ្រង់​សុំ​ឲ្យ​អ្នកទៅ និង ធ្វើនូវ​អ្វី​ដែល​ទ្រង់​សុំ​ឲ្យ​អ្នក​ធ្វើ ។ ប្រែក្លាយ​ជា​បុរស និង ស្ត្រី ដែល​ទ្រង់​ចិញ្ចឹមបី​បាច់​​អ្នក​ឲ្យ​ប្រែក្លាយ ។

ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​អ្នក​នឹង​ទទួល​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​យើង​ក្នុង​ជីវិត​អ្នក ដើម្បី​អ្នក​នឹង​ដឹង​ពី​របៀប​ទុក​ចិត្ត​លើ​ខ្លួន​អ្នក ដូចជា​ទ្រង់​ទុក​ចិត្ត​អ្នក ។ ខ្ញុំ​អធិស្ឋានសុំ​ឲ្យ​អ្នក​នឹង​ស្មោះត្រង់​ជានិច្ច គ្រប់ពេល និង គ្រប់​ទីកន្លែង ។ ខ្ញុំ​សូម​បង្ហាញ​ក្ដី​ស្រឡាញ់​របស់ខ្ញុំចំពោះ​អ្នក និង​ការ​កោតសរសើរ​របស់​ខ្ញុំ​ និង ការ​គោរព​ដ៏​ជ្រាលជ្រៅ​របស់ខ្ញុំ​ចំពោះ​គំរូ និង ភាព​រឹងមាំ ដែល​អ្នក​មាន​នៅទូទាំង​ពិភពលោក​នេះ ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ជីវិត​នេះ គឺ​ជា​គ្រា​ដ៏អស្ចារ្យ​នៃភាពអស់កល្បជានិច្ច ។ យើង​នៅទីនេះ ដោយ​មាន​គោលដៅ​ដ៏​រុងរឿង​មួយ ដែល​ជា​ការ​រៀបចំ​ខ្លួន​ដើម្បី​ជួប​ព្រះ ។ ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ មាន​ព្រះជន្ម​រស់ ហើយ​ដង្វាយធួន​របស់​ទ្រង់ គឺ​ជា​អំណោយទាន​នៃ​ក្ដី​ស្រឡាញ់​ដ៏​និរន្ដរ៍​មួយ ដែល​បើក​ទ្វារ​ទៅ​កាន់​សុភមង្គល​ដ៏​អស់កល្ប​មួយ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ មាន​នៅ​លើ​ផែនដី​ម្ដងទៀត ក្នុង​ទម្រង់​ដ៏​ឥត​ខ្ចោះ​មួយ ដែល​មាន​ព្យាការី​របស់​ព្រះ ដឹកនាំ ។ វា​គឺ​ជា​ក្ដីអំណរ និង ឯកសិទ្ធិ​ដ៏​ធំ​មួយ ដើម្បី​ស្ថិត​នៅ​ក្នុង​សាសនាចក្រ​នេះ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។​

© 2012 ដោយ Intellectual Reserve, Inc ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។ អនុម័ត​ជាភាសាអង់គ្លេស ៖ 5/12 ។ ការ​អនុម័ត​ការ​បកប្រែ ៖ 5/12 ។ ការ​បក​ប្រែ​នៃ We Are the Architects of Our Own Happiness ។ Cambodian ។ PD50039054 258

បង្ហាញ​សេចក្ដី​យោង

    Notes

  1.  

    1. សូមមើល ថូម៉ាស  អេស. ម៉នសុន « Welcome to Conference » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2012, 4–5 ។

  2.  

    2. ឌៀថើរ អែហ្វ អុជដូហ្វ « Of Regrets and Resolutions » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2012, 23 ។

  3.  

    3. ឌៀថើរ អែហ្វ អុជដូហ្វ « Forget Me Not » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2011, 122–23 ។

  4.  

    4. សូមមើល Pindar (ca. 522–443 B.C.), Pyth. 2.72 ។

  5.  

    5.  L‘âge de raisonWith Love … from the Age of Reason, ដឹកនាំ​ដោយ Yann Samuell (ប្រទេស​បារាំង ឆ្នាំ 2010; សហរដ្ឋ ឆ្នាំ 2011), រូបភាព​មាន​ចលនា ។

  6.  

    6. « Souviens-toi » Cantiques (1993), no. 179 ។

  7.  

    7.  Discourses of Brigham Young, sel. John A. Widtsoe ( ឆ្នាំ 1954), 269 ។

  8.  

    8.  The Lion King, បាន​ដឹកនាំ​ដោយ Rob Minkoff and Roger Allers ( ឆ្នាំ 1994; Walt Disney Studios Home Entertainment, ឆ្នាំ 2011), DVD ។

  9.  

    9. ថូម៉ាស  អេស. ម៉នសុន « Be of Good Cheer » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2009, 92 ។

  10.  

    10. Winston Churchill, quoted in John Charmley, Churchill ៖ The End of Glory, A Political Biography ( ឆ្នាំ 1993), 20 ។

  11.  

    11. John William Southwell, បាន​ដក​ស្រង់​នៅ​ក្នុង Jolene S. Allphin, Tell My Story, Too, 8th ed. ( ឆ្នាំ 2012), 287 ។

  12.  

    12. Southwell, នៅ​ក្នុង Tell My Story, Too, 287 ។

  13.  

    13. Allphin, Tell My Story, Too, 288 ។

  14.  

    14.  17 Miracles, បាន​ដឹកនាំ​ដោយ T. C. Christensen (2011; EXCEL Entertainment and Remember Films, 2011), DVD ។

  15.  

    15. Anne C. Pingree, « Seeing the Promises Afar Off » Ensignលីអាហូណា, ខែ​វិច្ឆិកា ឆ្នាំ 2003, 14–15 ។