ទោះ​អ្នក​ជាអ្វី​ក៏​ដោយ ចូរ​ធ្វើ​ផ្នែក​អ្នក​ឲ្យ​បាន​ល្អ៖ ជៀសវាង​ពី​ការ​ពាក់​របាំង​មុខ​ដែល​បិទបាំង​អត្តសញ្ញាណ

អែលឌើរ ឃ្វីនថិន  អិល ឃុក

នៃ​កូរ៉ុម​នៃ​ពួក​ដប់ពីរនាក់

ការប្រជុំធម្មនិដ្ឋានស៊ីអីអេស សម្រាប់​មជ្ឈិមវ័យវ័យក្មេង • ថ្ងៃទី 4 ខែ​មិនា ឆ្នាំ 2012 • សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ –អៃដាហូ


 
អែលឌើរ ឃ្វីនថិន  អិល ឃុក

ខ្ញុំ​រីករាយ​ដែល​មាន​ឱកាស​និយាយ​ទៅកាន់​អ្នក ជា​មជ្ឈិមវ័យ​វ័យ​ក្មេង ។ ខ្ញុំ​នាំមក​នូវ​ក្ដី​ស្រឡាញ់ និង​ការសួរសុខទុក្ខ ពី​គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរនាក់ដល់​អ្នក ។ ជាការ​អស្ចារ្យ​ដែល​បាន​មក​ទីនេះ នៅ​មជ្ឈមណ្ឌល​សន្និសីទ ប៊ីវ៉ាយយូ-អៃដាហូ ។ ខ្ញុំ​អាច​ស្រមៃ​ឃើញ​ថា អ្នក​នៅក្នុង​ទីកន្លែង​ខុសៗ​គ្នា​នៅ​ទូទាំង​ពិភពលោក ។

កាល​ខ្ញុំ​នៅ​ក្មេង​ដូច​អ្នក ប្រធាន ដេវីឌ  អូ មិកឃេ គឺ​ជា​ព្យាការី ។ ប្រធាន មិកឃេ បាន​បម្រើ​ជា​ប្រធាន​សាសនាចក្រ ពី​ឆ្នាំ 1951 ដល់ 1970 ជា​ឆ្នាំ​ដែល​ខ្ញុំ​ឈាន​ចូល​អាយុ 30 ឆ្នាំ ។ យើងតែង​តែ​មាន​អ្វី​ដែល​ពិសេស អំពី​ព្យាការី​ដែល​បម្រើ​ក្នុង​ពេល​អ្នក​ជា​មជ្ឈិមវ័យ​វ័យ​ក្មេង ។ ខ្ញុំ​ស្រឡាញ់ និង​សរសើរ​ដល់​ប្រធាន មិកឃេ ។ លោក​តែងរៀបរាប់​ពី​ដំណើរ​រឿង​ពិត ដែល​បាន​កើតឡើង​ពេល​លោក​ជា​អ្នក​ផ្សព្វផ្សាយ​នៅ​ប្រទេស ស្កត ។ លោក​បាន​ប្រាប់​ពី​ការនឹកផ្ទះ បន្ទាប់​ពី​ចូល​បេសកកម្ម ត្រឹម​តែ​មួយ​រយៈ​ខ្លី និង​គ្រាន់តែ​បាន​ចំណាយ​ពេល​ពីរបី​ម៉ោង មើល​ក្នុង​ទីក្រុង​ជិតៗ ប្រសាទ ស្ទើរលីង ខាសល ។ ពេល​លោក និង​ដៃគូ​លោក​ត្រឡប់​ពី​ទស្សនា​ប្រាសាទ​វិញ ពួកលោក​បាន​ឆ្លងកាត់​អគារ​មួយ ដែល​ថ្ម​នៅ​ពី​លើ​ទ្វារ មាន​សិលាចារឹក​ជាមួយ​នឹង​ការដកស្រង់​មួយ ដែល​ជាធម្មតា ឧទ្ទិស​ដល់ សេកស្ពៀរ ដែល​អាន​ថា ៖ ទោះ​អ្នក​ជាអ្វី​ក៏​ដោយ ចូរ​ធ្វើ​ផ្នែក​អ្នកឲ្យ​បាន​ល្អ ។

ក្នុងការរំឭកដល់​បទពិសោធន៍​នេះ ក្នុង​សុន្ទរកថា​ក្នុង​ឆ្នាំ 1957 ប្រធាន មិកឃេ បាន​ពន្យល់​ថា ៖ ខ្ញុំ​បាន​និយាយ​ទៅកាន់​ខ្លួន​ឯង ឬ​ទៅកាន់​វិញ្ញាណ​ដែល​នៅក្នុង​ខ្លួន​ខ្ញុំ​ថា « អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ជាង​នេះ​ទៀត អ្នក​មក​ទីនេះ ក្នុង​នាម​ជា​តំណាង​ម្នាក់​របស់​ព្រះអម្ចាស់ យេស៊ូវគ្រីស្ទ ។ អ្នក​បាន​ទទួល​ទំនួល​ខុសត្រូវ​នេះ ជា​តំណាង​ម្នាក់​របស់​សាសនាចក្រ ។ បន្ទាប់​មក ខ្ញុំ​បាន​គិត [ អំពី ] អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​មុនពេល​ថ្ងៃត្រង់​នោះ ។ យើង​បាន​ដើរ​ទស្សនា យើង​បាន​ទទួល​ការណែនាំ និង​ព័ត៌មាន​ប្រវត្តិសាស្រ្ត​បន្ថែម​ទៀត វា​ជាការពិត ហើយ​ខ្ញុំ​មាន​អារម្មណ៍​រំភើប... ។ ទោះជាយ៉ាងណា នោះ​មិន​មែន​ជា​កិច្ចការ​ផ្សព្វផ្សាយ​ទេ... ។ ខ្ញុំ​បានទទួល​សារ​ដែលមាន​នៅ​លើ​ថ្ម​នោះ ហើយ​ចាប់​ពី​គ្រា​នោះ​មក យើង​បាន​ព្យាយាម​ធ្វើ​ផ្នែក​របស់​យើង ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស ស្កត » 1

សារ --ទោះ​អ្នក​ជាអ្វី​ក៏​ដោយ ចូរ​ធ្វើ​ផ្នែក​អ្នកឲ្យ​បាន​ល្អ នេះ --សំខាន់​ណាស់ ហើយ​មាន​ឥទ្ធិពល​ចំពោះ អែលឌើរ មិកឃេ ដែល​លោក​បាន​ប្រើ​វា​សម្រាប់​ជាការ​បំផុស​គំនិត​អស់​មួយ​ជីវិត​លោក ។ លោក​បាន​ប្ដេជ្ញា​ថា មិនថា​ទំនួល​ខុសត្រូវ​អ្វី​ដែល​លោក​មាន លោក​នឹង​ធ្វើ​ឲ្យអស់​ពី​សមត្ថភាព​លោក ។

ពេល អែលឌើរ ដាវីឌ  ប៊ី ហេត ជា​ប្រធាន​បេសកកម្ម​នៅ​ប្រទេសស្កត លោក​បាន​ដាក់​សិលាចារឹក​ដើម ហើយ​បាន​ធ្វើ​សិលា​ចម្លង​មួយ​ទៀត ដែល​សព្វថ្ងៃ​នេះ មាននៅក្នុង​ជម្ឈមណ្ឌល​ហ្វឹកហ្វឺន​អ្នក​ផ្សព្វផ្សាយ​នៅ ទីក្រុងប្រូវ៉ូ រដ្ឋយូថាហ៍ ។ អ្នក​ភាគច្រើន​បាន​ឃើញ​ឃ្លា​នោះ ហើយ​បាន​ពិចារណា​ពី​សារសំខាន់​នៃ​សារ​របស់​វា ។ ថ្មីៗនេះ អែលឌើរ រ័សុល  អិម ណិលសុន បាន​បញ្ចាក់​ជាថ្មីទៀត នៅ​ឯ​ខួប​លើកទី 50 របស់​ជម្ឈមណ្ឌល​ហ្វឹកហ្វឺន​អ្នក​ផ្សព្វផ្សាយ ។

កាល​ដែល​ខ្ញុំ​នឹកគិត​​ថា អ្នក​ជា​នរណា នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា អ្នក​ប្រហែល​ជា​មិន​មាន​អំណរគុណ​ពេញលេញ​សម្រាប់​ភាពសំខាន់​នៃ​ជំនាន់​របស់​អ្នក​ទេ ។ ជាទូទៅ សង្គម​ផ្ដល់ងារ ដល់​ជំនាន់​ផ្សេងៗ​ដែល​រស់នៅ​សព្វថ្ងៃនេះ ។ មនុស្ស​ចាស់​បំផុត​ក្នុង​ចំណោម​យើង នៅ​ក្នុង​សហរដ្ឋ និង​ប្រទេស​ផ្សេងៗ​ទៀត ត្រូវបាន​គេ​ដាក់​ឈ្មោះ​ថា​ជា « ជំនាន់​ដ៏​អស្ចារ្យ​បំផុត » ដោយ​សារ​អ្វី​ដែល​ពួកលោក​បាន​តស៊ូ​នៅក្នុង​គ្រា​ដែល​មាន​វិបត្តិ​ដ៏​ធំ​ជា​សកល ក្នុង​ទសវត្ស 1930 ហើយ​បន្ទាប់​មក បាន​ជោគជ័យ​ក្នុង​សង្គ្រាម​លោក​លើក​ទី II និង​ការកសាង​ពិភពលោកមួយ​ដែល​ល្អ​ជាងមុន បន្ទាប់​ពី​សង្គ្រាម​នោះ ។ បងប្រុស​ចាស់ទុំ​មួយ​ចំនួន​ក្នុង​សាសនាចក្រ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំងនេះ ។ ប្រធាន ថូម៉ាស  អេស ម៉នសុន នៅក្នុង​ទ័ព​ជើង​ទឹក​សហរដ្ឋ, ប្រធាន ប៊យ  ឃេ ផាកកឺ បម្រើ​ក្នុង​ទ័ព​អាកាស​សហរដ្ឋ, អែលឌើរ អិល  ថម ភែរី ជា​កងម៉ារីន ​សហរដ្ឋ ។ បន្តិចទៀត ខ្ញុំ​នឹង​ចែកចាយ​ជាមួយ​អ្នក​ពី​បទពិសោធន៍ ដែល​ពួកលោក​មាន និង​មេរៀន​ទាំងឡាយ​ដែល​ពួកលោក​បាន​រៀន និង​បង្រៀន ។

ជំនាន់​របស់​អ្នក​បាន​កើត​នៅ​ទសវត្សរ៍ 1980 និង​ដើម​ទសវត្សរ៍ 1990 ដែល​បច្ចុប្បន្ននេះ ត្រូវបាន​សំដៅ​ដល់​ថា​ជា « ជំនាន់​សហស្សវត្សរ៍ » ។ អ្នក​អត្ថាធិប្បាយ​ខ្លះ​មាន​ការសង្ស័យ​អំពី​អ្វី​ដែល​ជំនាន់​អ្នក​នឹង​សម្រេច​បាន ។ ខ្ញុំ​ជឿ​ថា អ្នក​មាន​សាវតា និង​គ្រឹះ ដើម្បី​ធ្វើ​ជា​ជំនាន់​មួយ​ដ៏​ល្អបំផុត ជា​ពិសេស នៅក្នុង​ការ​សម្រេច​បាន​នូវ​ផែនការ​ព្រះបិតា​សួគ៌​យើង ។

ហេតុអ្វី​ខ្ញុំ​និយាយ​ដូច្នេះ ? ជំនាន់​អ្នក​មាន​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន​ច្រើន​ជាង​ជំនាន់​មុនៗ ហើយ​អ្នក​មាន​ការបំពាក់បំប៉ន​ល្អ​បំផុត ជាង​ជំនាន់​ណា​ទាំងអស់ ពី​ថ្នាក់​កុមារ, ថ្នាក់​យុវជន និង​យុវនារី ។ ជាងនោះ​ទៀត ប្រហែលជា 375,000 នៃ​អ្នក បាន​បម្រើ ឬ​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ ។ អ្នក​តំណាង​ឲ្យ​ជាង​មួយ​ភាគ​បី នៃ​អ្នក​អ្នក​ផ្សព្វផ្សាយ​ទាំងអស់ ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ។ សាំយូអែល ស្ម៊ីធ ជា​អ្នក​ផ្សព្វផ្សាយ​ដំបូងគេ​ក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ត្រូវបាន​តែងតាំង​ជា​អែលឌើរ និង​ញែកចេញ​ជា​អ្នក​ផ្សព្វផ្សាយ នៅ​ថ្ងៃទី 6 ខែ មេសា ឆ្នាំ 1830 ជា​ថ្ងៃ​ដែល​សាសនាចក្រ​ត្រូវបាន​ស្ថាបនា ។ ពេល​អ្នក​សញ្ជឹងគិត​ពី​អ្នក​ផ្សព្វផ្សាយ​ទាំងអស់ ដែល​បាន​បម្រើ​តាំងពី​ពេល​នោះ​មក វា​អស្ចារ្យ​ណាស់​ដែល មួយភាគ​បី គឺ​នៅក្នុង​ក្រុម​អាយុ​របស់​អ្នក ។ ជាការ​ប្រៀបធៀប មាន​អ្នក​ផ្សព្វផ្សាយ​តែ 76,000 នាក់ ឬ​តិចជាង 8 ភាគរយ ប៉ុណ្ណោះ ដែល​បាន​បម្រើ​ក្នុង​រយៈ 12 ឆ្នាំ ពេល​ខ្ញុំ​មាន​អាយុ​ពី 18 ដល់ 30 ឆ្នាំ ។ ទោះយ៉ាងណា​ក៏​ដោយ សម្រាប់​អស់​អ្នក​ដែល​ពុំ​មាន​ឱកាស​បម្រើ​បេសកកម្ម ការរួមចំណែក​របស់​អ្នក​គឺ​សំខាន់​ណាស់ ។ ស្ទើរតែ​ពាក់កណ្ដាល​នៃ​គណៈ​ប្រធាន​ទីមួយ និង​ពួកដប់ពីរនាក់ ពុំ​បាន​មាន​ឱកាស​បម្រើ​បេសកកម្ម​ទេ ។

សូម​ជៀសវាង​ពី​ការសម្ដែង​អាកប្បកិរិយា​ចេញ​ទៅ ដោយ​ការ​ពាក់​របាំង​មុខ

គិត​ពី​សក្ដានុពល​ដ៏​ធំសម្បើម សម្រាប់​សេចក្ដី​ល្អ​ដែល​អ្នក​មាន តើ​អ្វី​ដែល​ជា​កង្វល់​របស់​ខ្ញុំ​ចំពោះ​អនាគត​អ្នក ? តើ​ដំបូន្មាន​អ្វី​ដែល​ខ្ញុំ​អាច​ផ្ដល់​ដល់​អ្នក ? ទីមួយ នឹងមាន​សម្ពាធ​ដ៏​ធំ​មួយ​លើ​អ្នក​ម្នាក់ៗ ក្នុង​ការ​សម្ដែង​ចេញ​នូវ​អាកប្បកិរិយា--សូម្បី​តែ​ពាក់​របាំងមុខ--ហើយ​ក្លាយ​ជា​មនុស្ស​ម្នាក់ ដែល​មិន​ជា​ឆ្លុះ​បញ្ចាំង​ពី​អ្នក​ជា​នរណា ឬ​អ្នក​ដែល​អ្នក​ចង់​ក្លាយជា ។

កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន អែលឌើរ អិល  ថម ភែរី និង​ខ្ញុំ រួម​ជាមួយ​នឹង ម៉ៃឃល អូធើរសុន,2 នៅក្នុង​ភារកិច្ច​របស់​យើង​ខាង​កិច្ចការ​សាធារណៈ បានជួប​ជាមួយ អប្រាហាំ ហ្វកមែន នៅ​ការិយាល័យ​ទីក្រុង នូវយោក របស់​លោក ។ លោក ហ្វកមែន ជា​ប្រធានសមាគមជាតិ ​ប្រឆាំង​នឹង​ការ​បរិហារកេរ្ដិ៍ ។ បេសកកម្ម​របស់​សមាគម​គឺ ដើម្បី​បញ្ឈប់​ការ​បរិហារចំពោះ​ប្រជាជន Jewish ។ លោក​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះ​អស់​ជិត 40 ឆ្នាំ មកហើយ ។ ដំណើរ​ជីវិត​របស់​លោក ដែល​បាន​នាំ​លោក​មក​ក្នុង​តំណែង​នេះ គឺ​គួរ​ឲ្យ​ទាក់ទាញ​អារម្មណ៍​ខ្លាំងណាស់ ។ លោក​បាន​កើត​នៅ​ដើម​សង្គ្រាម​លោក​លើក​ទី  II ។ ឪពុកម្ដាយ​លោក គឺ យ៉ូសែប និង ហេលែន ហ្វកមែន បាន​ប្រឈម​នឹង​បញ្ញត្តិ​ទាំងឡាយ​ដែល​ប្រឆាំង​នឹង​ពួកអ្នក​កាន់​សាសនាយូដា, ពួកគាត់​បានប្រគល់ អប្រាហាំ ទៅ​ជនជាតិ ប៉ូឡូញ​ម្នាក់ ដែល​ជាក្មេង​ស្រី​សាសនា កាតូលិក មុន​ពេល​ពួកគាត់​បាន​ចូល​ក្នុង​ជំរុំ​ជនភាគតិច​នៃ​អ្នក​កាន់​សាសនាយូដា នៅក្នុង​រាជធានី វិលណា ប្រទេស លីទុយអានី ក្នុង​ខែ កញ្ញា ឆ្នាំ 1941 ។ អប្រាហាំ មាន​អាយុ 13 ខែ នា​ពេល​នោះ ។ ឪពុកម្ដាយ​គាត់​រួច​ជីវិត​ពី​សង្គ្រាម និង​ពី​ការសម្លាប់​ពួក​អ្នក​កាន់​សាសនាយូដា តែ​ពុំ​បាន​ជួបជុំ​ជាមួយ​នឹង អប្រាហាំ វិញ​ទេ រហូត​ដល់​លោក​មាន​អាយុ 4 ឆ្នាំ ។ វាត្រូវបាន​គេ​ប៉ាន់ស្មាន​ថា មាន​កុមារ យូដា 1.5 លាន​នាក់ ត្រូវវិនាស​នៅក្នុង​នរក ណាស៊ី នោះ ។ អប្រាហាំ ត្រូវបាន​ការពារ​ដោយ​ស្រី​សាសនាកាតូលិកនោះ ដែល​បាន​យក​លោក​ទៅ​ព្រះវិហារ​រាល់​ថ្ងៃ អាទិត្យ ហើយ​បាន​លាក់​អត្តសញ្ញាណ​ជា​ពួកយូដារបស់​លោក ។3 វាមិន​ជា​ការភ្ញាក់​ផ្អើល​ទេ ដែល អប្រាហាំ ហ្វកមែន បាន​ឧទ្ទិស​ជីវិត​របស់​លោក​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ប្រឆាំង​ពួកយូដា, ការ​ស្អប់, ជាតិសាសន៏និយម, និង​ការរើសអើង ។

យើង​បាន​ធ្វើ​ការ​ជាមួយ​លោក ហ្វកមែន ក្នុង​ឱកាស​ពីមុនៗ​ដែរ ហើយ​កោតសរសើរ​ចំពោះ​ក្ដី​ក្លាហាន និង​ការប្ដេជ្ញា​ចិត្ត​របស់​លោក ។ ក្នុង​ជំនួប​ប្រជុំ​របស់​យើង ជាមួយ​លោក នៅ​ទីក្រុង នូវយោក ខ្ញុំ​បាន​សួរ​លោក​ពី​ដំបូន្មាន ដែល​លោក​ចង់​ផ្ដល់ឲ្យ​យើង ទាក់ទងនឹង​ទំនួល​ខុសត្រូវ​របស់​យើង​ក្នុង​កិច្ចការ​សាធារណៈ សម្រាប់​សាសនាចក្រ ។ លោក​បាន​គិត​មួយ​សន្ទុះ ហើយ​បាន​ពន្យល់​ពី​សារសំខាន់​នៃ​ការ​លើកទឹកចិត្ត​មនុស្ស កុំឲ្យពាក់​របាំង​មុខ ។ លោក​បាន​អធិប្បាយ​ពី​ពួក កូ ក្លូស ក្លាន ។ វាជា​អង្គការ​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង និង​ក៏​គួរ​ឲ្យ​តក់ស្លុត​ណាស់ ចំពោះ​ប្រជាជន​អាមេរិក​ភាគច្រើន​នៅ​ពេល​ដើម​សតវត្សរ៍​នោះ ។ ដោយ​មាន​រ៉ូប និង​របាំង​មុខដូចៗគ្នា ដែល​មិន​អាច​កំណត់​បាន​ទេ​ថា នរណា​ជា​អ្នក​ចូលរួម​នោះ ពួកគេ​បាន​ដុត​ឈឺ​ឆ្កាង​នៅលើ​វាលស្មៅ​របស់​ពួកអ្នក​ដែល​ជា​មុខព្រួញ​របស់​គេ ហើយ​បាន​តែងតាំង​ខ្លួនឯង ដោយ​ហៅថា​ជា​អ្នកយាម​ដ៏​មាន​សីលធម៌ ។ ក្នុង​ចំណោម​ពួកអ្នក​ដែល​ជា​មុខព្រួញ​ធំ​បំផុត​គឺ ពួក​អាមេរិក​ស្បែក​ខ្មៅ តែ​ក៏​មាន​ពួកកាតូលិក, ពួកយូដា, និង​ពួក​ជន​ឥន្តោប្រវេសន៍​ផងដែរ ។ ពួកអ្នក​សកម្ម​ប្រយុទ្ធ​របស់​គេ បាន​ចូលរួម​ក្នុង​ការ​វាយ​ប្រហារ, ការរំលោភ​បំពានរូបកាយ, និង​សូម្បី​តែ​ជា​ឃាតកម្ម ។ លោក ហ្វកមែន បាន​ចង្អុល​បង្ហាញ​ថា ពួក កូ ក្លូស ក្លាន មួយ​ចំនួន​តូច ជា​ពួក​ដែល​ចូលចិត្ត​គម្រាម​កំហែង​គេ​ដែល​មាន​ពាក់​អាវពណ៌​ត្នោត នៅក្នុង​អំណាច​ផ្ដាច់ការ​ក្នុង​ទសវត្សរ៍ 1930 នៅ​ទ្វីប​អ៊ឺរ៉ុប ។ តែ​ពួកគេ​ភាគច្រើន ដែល​ពុំមាន​ពាក់​របាំងមុខ ជាទូទៅ គឺ​ជា​មនុស្ស​ធម្មតា រួមទាំង​អ្នក​ជំនួញ និង​អ្នក​ទៅ​កាន់​ព្រះវិហារ​ផងដែរ ។ លោក​បាន​កត់សម្គាល់​ថា ការ​លាក់បាំង​អត្តសញ្ញាណ​របស់​ពួកគេ និង​ការ​ពាក់​របាំងមុខ​អាច​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​សកម្មភាព ដែល​ជាធម្មតា ពួកគេ​ជៀសវាង ។4 ការប្រព្រឹត្ត​របស់​ពួកគេ​មាន​ការប៉ះពាល់​យ៉ាង​អាក្រក់​ចំពោះ​សង្គម​អាមេរិក ។

ដំបូន្មាន​របស់ លោក ហ្វកមែន គឺ​ដើម្បី​បញ្ជាក់​ពី​សារសំខាន់​នៃ​មនុស្ស​ដែល​ជៀសវាង​ពី​របាំង​មុខ ដែល​លាក់បាំង​អត្តសញ្ញាណ​ពិត​របស់​គេ ។

ក្នុង​ប្រវត្តិសាស្រ្ត​សាសនាចក្រ​ពី​ដំបូងៗ​របស់​យើង ព្យាការី យ៉ូសែប, អិមម៉ា និង​កូនភ្លោះ​អាយុ 11 ខែ របស់​ពួកគាត់ គឺ យ៉ូសែប និង ជូលី នៅឯ​ភូមិ ហៃរុម, រដ្ឋ អូហៃអូ ក្នុង​កសិដ្ឋាន ចនសុន ។ កូន​ទាំងពីរ​បាន​រងគ្រោះ​ដោយ​រោគ​កញ្ជ្រឹល ។ យ៉ូសែប និង​កូន​ប្រុស​តូច​របស់​លោក កំពុង​គេង​លើ​គ្រែមាន​កង់ ជិត​ទ្វារ​ខាង​មុខ ។

បងប្រុស ម៉ាក អិល. ស្ដេកឃើរ បាន​រៀបរាប់​អំពីរឿង​ដែល​បាន​កើត​ឡើង​ថា៖

អំឡុង​យប់នោះ មាន​មនុស្ស​មួយ​ក្រុម​មាន​លាប​មុខ​ខ្មៅ​បាន​សម្រុកចូល​តាមទ្វារ ហើយ​បាន​អូស​ព្យាការី​ចេញ​ក្រៅ ជាពេល​ដែល​គេ​វាយ​លោក និង​ចាក់​ជ័រ​កៅស៊ូ​លើ​លោក និង ស៊ីឌនី រិកដុន ។

« ពេល អិមម៉ា បាន​ឃើញ​គេ​វាយ និង​ចាក់​ជ័រ​លើ យ៉ូសែប គាត់​បាន​សន្លប់ ។ …

«...  ទោះ​ជា​ព្យាការី​បាន​បាក់​ធ្មេញ​មួយ, មាន​របួស​ជា​ទម្ងន់​នៅ​ចំហៀង, អស់សក់​មួយ​ដុំ, និងត្រូវ​ឧស្ម័ន​អាស៊ីត​ដុត ក៏​ដោយ ក៏​លោក​បាន​បង្រៀន​សាសនា នៅ​ថ្ងៃ​ថ្វាយ​បង្គំ​ថ្ងៃ​អាទិត្យ​ជា​ធម្មតា ។ ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ដែល​បាន​ជួបជុំ​នៅ​ទីនោះ មាន​យ៉ាងហោច​ណាស់​បួននាក់​ដែល​ជា​ពួក​ជនកំណាច​នោះ » ។5

ផ្នែក​ដែល​ជា​សោកនាកម្ម​បំផុត​នៃ​ការវាយប្រហារ​នេះ គឺ យ៉ូសែប តូច ត្រូវបាន​ដាក់​ឲ្យ​ត្រូវខ្យល់​ពេល​យប់ ពេល​ដែល​ឪពុក​គេ​ត្រូវបាន​អូស​ចេញ​ទៅ ហើយ​គេ​បាន​មាន​ផ្ដាសាយ​ដ៏​ធ្ងន់ ហើយ​បាន​ស្លាប់​ពីរបី​ថ្ងៃ​ក្រោយមក ។

វាគួរ​ឲ្យ​ចាប់​អារម្មណ៍​ផងដែរ ពួក​អ្នក​ដែល​ចូលរួម​ក្នុង​ការ​ធ្វើ​ទុក្ករកម្ម​ដល់​ព្យាការី យ៉ូសែប និង​បងប្រុស ហៃរុម បានគូស​មុខ​ផងដែរ ដើម្បី​ព្យាយាម​លាក់​បាំង​អត្តសញ្ញាណ​ពិត​របស់​គេ ។6 ពួកអ្នក​ដែល​លាក់បាំង​អត្តសញ្ញាណ​ខ្លួន ហើយ​ចូល​ក្នុង​បក្សព័ន្ធ​សម្ងាត់ គឺ​ជាអ្នកដែលយើងព្រួយបារម្ភ ។ យើង​រៀន​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា លូស៊ីហ្វើរ « ...ចាក់រុក​កូនចៅ​មនុស្ស​ឲ្យ​ធ្វើ​បក្សព័ន្ធ​សម្ងាត់​នៃ​អំពើ​ឃាតកម្ម និង​គ្រប់​កិច្ចការ​សម្ងាត់​ទាំងឡាយ​នៃ​សេចក្ដី​ងងឹត » ។ (នីហ្វៃទី 2 9:9; សូមមើលផងដែរ នីហ្វៃទី 3 6:27–30) ។

ឥឡូវ ខ្ញុំ​មិនមែន​និយាយ​ថា អ្នក​ខ្លះ​ៗ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អាក្រក់​បែបនេះ ដែល​ខ្ញុំ​ទើប​បាន​ពណ៌នា​នេះ​ទេ ។ ខ្ញុំ​ពិត​ជា​ជឿ​ថា ក្នុង​ជំនាន់​យើង ពេល​ដែល​ធ្វើ​ជា​ជន​អនាមិក គឺ​ងាយ​ស្រួស​ជាង​ពេល​ណាៗ​ទាំងអស់ នោះ​ក៏​មាន​នូវ​គោលការណ៍​សំខាន់ៗ ដែល​រួម​មាន​ការ​មិន​ពាក់​របាំងមុខ ហើយ « ស្មោះដល់​ជំនឿ​ដែល​ពួកបរិសុទ្ធ​ត្រូវបៀតបៀន » ។7

ការ​ការពារ​ដ៏​អស្ចារ្យ​មួយ​របស់​អ្នក ក្នុង​ការ​តទល់​នឹង​ជម្រើស​អាក្រក់ៗ គឺ​កុំ​ពាក់​របាំងមុខ​នៃ​ភាពអនាមិក ។ បើ​អ្នក​ធ្លាប់​ឃើញ​ថា ខ្លួន​ចង់​ធ្វើ​ដូច្នោះ សូម​ដឹង​ថា វា​ជា​សញ្ញា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ ហើយ​ជា​ឧបករណ៍​មួយ​របស់​ពួក​មាសត្រូវ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​មិនគួរ​ធ្វើ ។ មូលហេតុ​មួយ ដែល​យើង​ទូន្មាន​ពួកអ្នក​ផ្សព្វផ្សាយ​ឲ្យ​ស្លៀកពាក់សមរម្យ ហើយ​ឲ្យ​ពួកអែលឌើរ កោរពុកមាត់​ឲ្យ​ស្អាត គឺ​ដើម្បី​កុំ​ឲ្យ​មាន​សំណួរ​ថា ពួកគេ​ជា​នរណា និង​ពួកគេ​គួរ​ប្រព្រឹត្ត​របៀបណា ។ អ្នក​ខ្លះ​នឹង​សួរ​ថា ៖ តើ​នោះ​មិនគ្រាន់​តែ​ជា​ការ​បង្ហាញ​ខាងក្រៅ​ទេ​ឬ​អី ? ខ្ញុំ​មិន​គិត​ដូច្នោះ​ទេ ។ សូមគិត​ពី​របៀប​ដែល ការស្លៀកពាក់ និងការតុបតែង ត្រូវបាន​ពណ៌នា​ក្នុង​ព្រះគម្ពីរមរមន ដោយ​ព្យាការី មរ៉ូណៃ ដែល​បាន​ប្រៀបធៀប​ពី​ការ​ស្លៀកនូវ « ប្រដាប់​ស្លៀកពាក់​ដ៏​វិចិត្រ » ។ លោក​បាន​ប្រៀបប្រដូច​ថា សេចក្ដី​ឆ្មើងឆ្មៃ​បង្ហាញ​ដោយ​ការ​ស្លៀក​នូវ « ប្រដាប់​ស្លៀកពាក់​ដ៏​វិចិត្រ » ជាមួយនឹង « ...ការឈ្នានីស និង​ប្រកួត​ប្រជែង និង​កលល្បិច និង​ការបៀតបៀន និង​អំពើ​ទុច្ចរិត​គ្រប់​បែបយ៉ាង... »(មរមន 8:36) ។ ជាពិសេស ខ្ញុំ​បារម្ភ​ថា ក្នុង​ជំនាន់​របស់​យើង របៀប​ស្លៀកពាក់ និង​តុបតែង អាច​ជា​ការបង្ហាញ​នូវ​ការ​បះបោរ ឬ​ខ្វះការ​ប្រកាន់​ខ្ជាប់​ទៅ​នឹង​បទដ្ឋាន​ដ៏​មានសីលធម៌ ហើយ​ជះឥទ្ធិពល​អវិជ្ជមាន​ចំពោះ​បទដ្ឋាន​ដ៏​មាន​សីលធម៌​របស់​អ្នក​ដទៃ​ទៀត ។

ប្រព្រឹត្ត​ស្រប​ទៅនឹង​ជំនឿ​ពិត​របស់​អ្នក

ដំបូន្មាន​ទីពីរ​ដែល​ខ្ញុំ​នឹង​ផ្ដល់​គឺ ៖ ប្រព្រឹត្ត​ស្រប​ទៅនឹង​ជំនឿ​ពិត​របស់​អ្នក ដោយ​ការ​ចំណាយ​ពេល​របស់​អ្នក ទៅលើ​អ្វី​ដែល​នឹង​អភិវឌ្ឍ​ចារិតលក្ខណៈ​របស់​អ្នក និង​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់​តែ​ដូចព្រះគ្រីស្ទ ។ ខ្ញុំ​សង្ឃឹម​ថា គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក ដែល​មើល​ឃើញ​ជីវិត​ថា ធំបំផុត​គឺ ការសប្បាយ និង​ការកម្សាន្តនោះ​ទេ «តែ​ជា​ពេល​ប្រុងប្រៀបខ្លួន​ទៅ​ជួបនឹង​ព្រះវិញ» (អាលម៉ា 34:32) ។

គំរូ​ដ៏​អស្ចារ្យ​មួយ​ពី​ការ​ធ្វើ​ផ្នែក​របស់​អ្នក និង​ប្រើ​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ត្រូវបាន​បង្ហាញ​ដោយ​ក្នុង​ជីវិត អែលឌើរ អិល.   ថម ភែរី ពេល​លោក​ជា​កងទ័ព កិច្ចការ​របស់​លោក​គឺ​កាន់​ទ័ព​សហរដ្ឋ​ប្រចាំ​នៅ​ប្រទេស ជប៉ុន នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក  II ។ ​ អែលឌើរ ភែរី បាន​ចែកចាយ​រឿងនេះ ពេល​លោក​បាន​ថត​ទីបន្ទាល់​ពិសេស​របស់​លោក ពី​ព្រះអង្គ​សង្គ្រោះ ដែល​បាន​បង្ហាញ​ក្នុង​មជ្ឈមណ្ឌល​អ្នក​ទស្សនា​របស់​យើង ។

ដំណើររឿងរបស់អែលឌើរ ភែរី

«មានបទពិសោធន៍មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ដែល​រំឭក​ខ្ញុំ​ជាញឹកញាប់​អំពី​ក្ដី​អំណរ ដែល​ជាលទ្ធផល​មក​ពី​​ការសួរ​សំណួរ​ថា ‹តើ​ព្រះអង្គសង្គ្រោះ​នឹង​ធ្វើ​អ្វី នៅ​ក្នុង​ស្ថានភាព​នេះ ?›

«ខ្ញុំ​ស្ថិត​នៅ​ក្នុង​ចំណោម​ម៉ារីន​ទីមួយ ដែល​ទៅ​មាត់​សមុទ្រ​ប្រទេស​ជប៉ុន បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព បន្ទាប់​ពី​សង្គ្រាម​លោកលើកទី II ។ នៅ​ពេល​យើង​ចូល​ទៅ​ដល់​ទី​ក្រុង​ណាហ្គាសាគី ដែល​ត្រូវ​បំផ្លិច​បំផ្លាញ​នោះ វា​គឺ​ជា​បទពិសោធន៍​ដ៏​សោកសៅ​បំផុត​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ផ្នែក​ដ៏ធំ​មួយ​នៃ​ទីក្រុង​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង ។ មាន​សាកសពមួយ​ចំនួន​ពុំ​ទាន់​បាន​បញ្ចុះ​នៅ​ឡើយ ។ ក្នុងនាម​ជា​កងទ័ពសកម្ម យើង​បាន​បង្កើត​ទីស្នាក់​ការ​កណ្ដាល​ ហើយ​បាន​ចេញ​ទៅ​ធ្វើ​ការ ។

«ស្ថានភាព​​គឺ​សោះកក្រោះ​ណាស់ ហើយ​គ្នា​យើង​ពីរបី​នាក់​ចង់​ធ្វើ​ឲ្យ​បាន​ច្រើន ។ យើង​បាន​ទៅ​កាន់​បព្វជិតនៅ​កងពល​របស់​យើង ហើយ​បាន​សុំ​ការអនុញ្ញាត​ដើម្បី​ជួយ​សាង​សង់​ព្រះវិហារ​ពួកគ្រីស្ទាន​សារ​ឡើង​វិញ ។ ដោយ​សារ​តែ​ការ​ដាក់​កំហិត​របស់​រដ្ឋាភិបាល​អំឡុង​ពេល​សង្គ្រាម នោះ​ព្រះវិហារ​ទាំង​នេះ​ស្ទើរ​តែ​ឈប់​ដំណើរ​ការ​ទាំង​ស្រុង ។ អគារ​មួយ​ចំនួន​របស់​ពួកគេ ត្រូវ​បាន​បែកបាក់​ជា​ដំណំ ។ ក្រុម​របស់​យើង​មួយ​ក្រុម បាន​ស្ម័គ្រ​ចិត្ត ដើម្បី​ជួសជុល និងបូក​ថ្មកំបោក​ឡើង​វិញ ដល់​សាលាជំនុំ​ទាំងនេះ អំឡុង​ពេល​ម៉ោង​ទំនេរ​របស់​យើង ដើម្បី​ពួកគេ​អាច​មាន​កម្មវិធី​សម្រាប់​ពួកគ្រីស្ទាន​ម្ដង​ទៀត ។

«យើង​ពុំ​ចេះ​ភាសាទេ ។ អ្វីដែល​យើង​អាច​ធ្វើ​គឺ​ការងារ​ខាង​កម្លាំង​កាយ ក្នុង​ការ​ជួយ​ជួសជុល​អគារ​ទាំងនោះ ។ យើង​បាន​រក​ឃើញ​គ្រូគង្វាល ដែល​ពុំ​អាច​ធ្វើ​កិច្ចការបម្រើ អំឡុង​ឆ្នាំ​មាន​សង្គ្រាម ហើយ​បាន​លើក​ទឹកចិត្ត​ពួកគាត់​ឲ្យ​ត្រឡប់​មក​កាន់​វេទិកា​របស់​ពួកគាត់​វិញ។ យើង​មាន​បទពិសោធន៍​យ៉ាង​ច្រើន​ជាមួយ​ប្រជាជន​ទាំង​នេះ នៅ​ពេល​ពួកគេ​បាន​មាន​សេរីភាព​ក្នុង​ការ​អនុវត្ត​ជំនឿ​គ្រីស្ទាន​របស់​ពួកគេ​ម្ដងទៀត ។

«ព្រឹត្តការណ៍​មួយ​បាន​កើតឡើង​ នៅ​ពេល​យើង​ចាក​ចេញ​ពី​ណាហ្គាសាគី ត្រឡប់​ទៅផ្ទះ​វិញ ដែល​ខ្ញុំ​ចងចាំ​ជាប់​ជានិច្ច ។ នៅ​ពេល​យើង​ឡើង​ជិះ​លើ​រទេះភ្លើង ដែល​ដឹក​យើង​ទៅ​កាន់​កប៉ាល់​ត្រឡប់​មក​ផ្ទះ​វិញ យើង​ត្រូវ​បាន​កង​ម៉ារីនជាច្រើន​​ទៀត​សើច​ចំអក ។ ពួកគេ​មាន​មិត្ត​ស្រី​មក​និយាយ​លា​ពួកគេ ។ ពួកគេ​សើច​ចំអក​ដាក់​យើង ហើយ​បង្ហាញ​ថា​យើង​ខកខាន​ពុំ​មាន​ការ​សប្បាយ​ពេល​នៅក្នុង​ប្រទេស​ជប៉ុន ។ យើង​គ្រាន់​តែមក​ចំណាយ​ពេល​ឥត​ប្រយោជន៍ ទៅ​ធ្វើការ និង​បូក​កំបោ​លាបជញ្ជាំង ។

«គ្រាន់​តែ​បន្ទាប់​ពី​ការ​ចំអន់​របស់​ពួកគេ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​មុខ​បន្ដិច នៅជិត​នឹង​ស្ថានីយ​រទេះភ្លើង​នោះ មាន​ពួកគ្រីស្ទាន​ជនជាន​ជប៉ុន​យ៉ាង​ច្រើន ប្រហែល​ជា​ 200 នាក់ មក​ពី​ព្រះវិហារ​ដែល​យើង​ជួយជួសជុល ​ច្រៀងបទ ‘Onward, Christian Soldiers’ ។ ពួកគេ​បាន​មក ហើយ​ជូន​អំណោយ​ដល់​យើង ។ បន្ទាប់មក​ពួកគេ​បាន​ឈរ​តាមបណ្ដោយ​ផ្លូវ​រទេះភ្លើង ។ ហើយ​នៅ​ពេល​រទេះភ្លើង​ធ្វើ​ដំណើរ​ចេញ​ទៅ យើង​បាន​ឈោង​ដៃ​ទៅ​ប៉ះ​ដៃ​របស់​ពួកគេ ។ យើង​ពុំ​អាច​និយាយ​ចេញ​ទេ អារម្មណ៍​របស់​យើង​ក្ដុកក្ដួល​ណាស់ ។ ប៉ុន្តែ​យើង​មាន​អំណរ​គុណ​ដែល​យើង​អាច​ជួយ​បង្កើត​ក្រុមគ្រីស្ទាន​ឡើង​វិញ តាម​វិធី​តូចតាច​មួយចំនួន នៅ​ក្នុង​ជាតិសាសន៍មួយ បន្ទាប់​ពីសង្គ្រាម ។

«​ខ្ញុំ​ដឹង​ថា​ព្រះ​មានព្រះជន្ម​រស់ ។ ខ្ញុំ​ដឹង​ថា យើង​ទាំងអស់​គ្នា​ជាកូន​របស់​ទ្រង់ ហើយ​ទ្រង់​ស្រឡាញ់​យើង ។ ខ្ញុំ​ដឹង​ថា ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់ទ្រង់​មក​កាន់​ពិភពលោក ដើម្បី​ធ្វើ​ពលិកម្ម​ដង្វាយធួន​សម្រាប់​មនុស្ស​លោក ។ ហើយ​អ្នក​ទាំងឡាយ​ណា​ដែល​ក្រសោប​យក​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ធ្វើ​តាម​ទ្រង់ នឹង​មាន​ក្ដី​អំណរ​ជីវិត​អស់​កល្ប​ជានិច្ច ជា​អំណោយទាន​ដ៏មហិមា​បំផុត​លើស​អំណោយ​ទាន​នានា​របស់​ព្រះ ។ ខ្ញុំ​ដឹង​ថា ទ្រង់​បាន​ដឹកនាំ​ការ​ស្ដារ​ដំណឹងល្អ​ឡើង​វិញ នៅ​ទីនេះ​លើ​ផែនដី តាមរយៈ​ការ​បម្រើ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ខ្ញុំ​ដឹង​ថា​ក្ដី​អំណរ និង​សុភមង្គល​ដ៏​យូរអង្វែង​បំផុត ដែល​យើង​នឹង​អាច​រក​បាន​អំឡុង​ពេល​ជីវិត​នេះ នឹង​កើត​មាន​តែ​តាមរយៈ​ការធ្វើ​តាម​ព្រះអង្គសង្គ្រោះ, ការគោរព​តាម​ច្បាប់​របស់​ទ្រង់ និង​ការរក្សា​បទបញ្ញត្តិ​របស់ទ្រង់ប៉ុណ្ណោះ ។ ទ្រង់​មានព្រះជន្ម​រស់ ។ នេះ​ជា​សាក្សី​របស់ខ្ញុំ​ចំពោះ​អ្នក​ នៅ​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​ទ្រង់ ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន» ។ 8

សូម​គិត​ពី​ភាពសំខាន់​នៃ​ទាហាន​មួយ​ចំនួន ដែល​ចំណាយ​ពេល​ស្ដារឡើង​វិញ​នូវ​ព្រះវិហារ​ពួក គ្រីស្ទានទាំងឡាយ ដោយ​ប្រៀបធៀប​ទៅ​ទាហាន​ផ្សេងទៀត​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​មិនបានការ, ឆ្កួតលីលា, ឬ​អាក្រក់ ។ សូម​ពិចារណា ហើយ​មាន​មនសិការ ក្នុង​ការ​ជ្រើសរើស​ពី​របៀប​ដែល​អ្នក​ប្រើ​ពេល​វេលា​របស់​អ្នក ។

ការ​មើល​វីដេអូ​នេះ រំឭក​ខ្ញុំ​ពី​អនុស្សាវរីយ​កាល​ពី​កុមារ ពេល​ខ្ញុំ​អាយុ 5 ឆ្នាំ ។ ប្រធាន​ស្ដេក​របស់​យើង​គឺ​ជា​ឪពុក​របស់ អែលឌើរ ភែរី ។ នៅ​ចុងបញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី II លោក​បាន​ឲ្យ​ទាហាន​ដែល​ត្រឡប់​ពី​សង្គ្រាម​ទាំងអស់​អង្គុយ​លើវេទិកា​នៅ​សាលាជំនុំ អំឡុង​ការប្រជុំ​សាក្រាម៉ង ។ ពួកគេ​បាន​មក ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ទាហាន​ដ៏​ស្អាត​បំផុត​របស់​គេ ហើយ​ម្នាក់ៗ​បាន​ថ្លែង​ទីបន្ទាល់​ខ្លីៗ ។ ប្រធាន ភែរី បាន​យំ ពេលដែល​​កូនប្រុស​លោក​ទាំងពីរ គឺ អែលឌើរ ភែរី និង​ប្អូនប្រុស​លោក​ឈ្មោះ ថេត បាន​ថ្លែង​ទីបន្ទាល់ ។ ក្នុងនាមជា​ក្មេងប្រុស​តូច​ម្នាក់ វា​ជា​ការបំផុស​គំនិត និង​ដក់​អារម្មណ៍​ណាស់ សម្រាប់ខ្ញុំ ។ ខ្ញុំ​មិន​ចាំ​ពី​អ្វី​ដែល​ពួកលោក​បាន​និយាយ​ទេ តែ​ខ្ញុំ​ពិត​ជា​ចាំ​ថា ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា ។

ដូចដែល​អ្នក​បាន​ឃើញ​ហើយ ពី​គំរូ​របស់ អែលឌើរ ភែរី ក្នុង​វីដេអូ​នេះ ខ្ញុំ​មិន​និយាយ​ពី​ការសម្ដែង​ឲ្យ​ឃើញ​ពី​សាសនា​របស់​អ្នក ឬ​ពី​ការ​ស្មោះត្រង់​ដែល​ស្ដែង​តែ​ខាង​ក្រៅ​នោះទេ ។ នោះ​អាច​ជា​ការ​អាម៉ាស់​ដល់​អ្នក និង​ដល់​សាសនាចក្រ ។ ខ្ញុំ​កំពុង​និយាយ​ពី​អ្នក​ក្លាយ​ជា​អ្វី​ដែល​អ្នក​គួរ​តែ​ក្លាយ ។ ពេល​យើង​កំពុង​រៀបរាង​សៀវភៅ​ណែនាំ​សម្រាប់​អ្នក​ផ្សព្វផ្សាយ ប្រកាស​ដំណឹងល្អ​របស់​យើង យើងបាន​មានអារម្មណ៍​ថា វា​អាច​ជា​សៀវភៅ​ណែនាំ​ដ៏​មាន​ប្រយោជន៍​អស់​មួយ​ជីវិត សម្រាប់​អ្នក​ផ្សព្វផ្សាយ និង​សមាជិក ជាពិសេស ជំពូកទី  6 « តើ​អ្នក​អាចអភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​តាម​របៀប​ណា » ។ កាលដែល​អ្នក​ព្យាយាម​ធ្វើ​ផ្នែក​របស់​អ្នក ហើយ​កំណត់​ពី​លក្ខណៈ​ទាំងឡាយ​ដែល​អ្នក​ចង់​អភិវឌ្ឍ​ អ្នកនឹងចង់​កត់ត្រា និង​សិក្សា​ពី​វគ្គ​ទាំងឡាយ​នៃ​ព្រះគម្ពីរ ដែល​​បង្រៀនពី​លក្ខណៈ​មួយ​ចំនួន​ដើម្បី « ដាក់គោលដៅ និង​ធ្វើ​ផែនការ​ដើម្បី​អនុវត្ត​លក្ខណៈ [ ទាំងនោះ ] នៅក្នុង​ជីវិត​របស់​អ្នក » និង « អធិស្ឋាន​សុំ​ពី​ព្រះអម្ចាស់​ឲ្យ​ជួយ​អ្នក​អភិវឌ្ឍលក្ខណៈ [ ទាំងនោះ ] » ។9 ក្នុង​ការធ្វើ​ដូច្នេះ អ្នក​ត្រូវតែ​មិន​ពាក់​របាំងមុខ និង​លាក់បាំង​អត្តសញ្ញាណ​ពិត​របស់​អ្នក​ឡើយ ។

អ្នក​ខ្លះ​អាច​ធ្លាក់​ទៅក្នុង​ការប្រព្រឹត្ត ដែល​នាំ​ទៅ​ហួស​ពី​ការសប្បាយ និង​ការកម្សាន្ត ។ ពួកអ្នក​ដែល​ពាក់ព័ន្ធ​នឹង​រូប​អាសគ្រាម ឬ​ទម្រង់​ណា​ក៏​ដោយ​ដែល​មិន​មាន​សីលធម៌ គឺ​កំពុង​តែស្ដែង​ចេញ​នូវ​អ្វី​ដែល​ខុស​ពី​អ្វី​ដែល​ពួកគេ​ចង់​ក្លាយ ឬ​គួរ​ក្លាយ​ជា​យ៉ាង​ពិតប្រាកដ ។ វាគួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​ស្ទើរតែ​គ្រប់គ្នា ដែល​ពាក់ព័ន្ធ​នឹង​រូបអាសគ្រាម ទទួល​យក​នូវ​អត្តសញ្ញាណ​ដែល​ខុសឆ្គង ហើយ​លាក់បាំង​ការចូលរួម​របស់ខ្លួន ។ ពួកគេលាក់បាំង​ការ​ប្រព្រឹត្ត​របស់​គេ ដែល​ពួកគេ​ដឹង​ថា ជាកំហុស និង​បំផ្លាញ ដល់​អ្នក​គ្រប់​គ្នា ដែល​ពួកគេ​ខ្វល់ខ្វាយ ។ រូបអាសគ្រាម ជារោគចង្រៃ ដែល​មិនត្រឹម​តែ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ជំហរ​សីលធម៌​ របស់​មនុស្ស​ចំពោះព្រះ​ប៉ុណ្ណោះ​ទេ ​វា​ថែមទាំង​អាច​បំផ្លាញ​អាពាហ៍​ពិពាហ៍ និង​គ្រួសារ ព្រមទាំង​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ដល់​សង្គម​ទៀតផង ។ ទាំង​ការញៀន អ៊ិនធើរណិត និង​រូបអាសគ្រាម ធ្វើ​ឲ្យ​អន្តរាយ​ដល់​អាពាហ៍​ពិពាហ៍ ។11 កាល​ដែល​អ្នក​ឈាន​ទៅ​មុខ​ជាមួយ​នឹង​អាពាហ៍​ពិពាហ៍​ អ្នក​ត្រូវតែ​មិន​ពាក់​របាំង​មុខ​ណា​មួយ ដែល​លាក់បាំង​ការប្រព្រឹត្ត​មិន​សមរម្យ ដែល​នឹង​បង្ខូច​ដល់​អ្នក និង​អាពាហ៍​ពិពាហ៍​របស់​អ្នកឡើយ ។

សម្រាប់​ពួកអ្នក​ដែល​បាន​ធ្លាក់​ចូល​ក្នុង​ទម្លាប់​ដ៏​វិនាស​នេះ សូម​ទុកចិត្ត​ចុះ​ថា អ្នក​អាច​ប្រែចិត្ត និង​ព្យាបាលបាន ។ ការប្រែចិត្ត​នឹង​ត្រូវ​ដើរ​មុន​ការព្យាបាល ។ ការព្យាបាល​អាចជា​ដំណើរការ​ដ៏​យូរ​មួយ ។ ប៊ីស្សព​របស់​អ្នក អាច​ផ្ដល់​ដំបូន្មាន​ពី​របៀប​ដែល​អ្នក​អាច​ទទួល​ជំនួយ​ដែល​អ្នក​ត្រូវការ​ដើម្បី​ទទួល​ការព្យាបាល ។ យើង​បាន​សុំ​ដល់​ប៊ីស្សព​ទាំងឡាយ ឲ្យ​ណែនាំ​អ្នក​ដល់​អ្នក​ដែល​អាច​ជួយ​អ្នក​បាន​ល្អ​បំផុត ។

រូបអាសគ្រាម និង​ភាពអសីលធម៌​ខាង​ផ្លូវភេទ ក្រៅ​ពី​នោះ ក៏​មាន​នូវការប្រព្រឹត្ត​បោកប្រាស់​ដែល​បំពុល​ដល់​សង្គម និងធ្វើ​ឲ្យ​អន្តរាយ​ដល់​សីលធម៌​ជាមូលដ្ឋាន​ផងដែរ ។ សព្វថ្ងៃ​នេះ វា​ជា​រឿង​ទូទៅ ក្នុង​ការ​បិទបាំង​អត្តសញ្ញាណ​នរណា​ម្នាក់ ពេល​សរសេរ​ទាក់ទងគ្នានៅតាម​អ៊ីធើណេត នូវការស្អប់ខ្ពើម, យង់ឃ្នង, និង​ឆ្កួត​លីលា ដោយ​មិនបញ្ចេញ​ឈ្មោះ ។ អ្នក​ខ្លះ​ចាត់ទុក​វា​ជា​រឿង​គួរឲ្យ​ត្រេកត្រអាល ។ វិទ្យាស្ថាន​ជាក់លាក់​នានា​ព្យាយាម​រុករក​ការសរសេរ​ទាំងនោះ ។ តួយ៉ាង កាសែត New York Times នឹង​មិនបណ្ដោយ​ឲ្យ​មាន​យោបល់​ដែល​មាន​ការវាយប្រហារ, អាសអាភាស, បាទផ្សា, ប្រមាថ, ក្លែងបន្លំ, មិនច្បាស់លាស់, និងស្រែកឡូឡានោះទេ …

«កាសែត The Times ក៏​បាន​លើក​ទឹកចិត្ត​ផងដែរ ឲ្យ​ប្រើ​ឈ្មោះពិត ព្រោះ ‹ យើង​បាន​ឃើញ​ថា មនុស្ស​ដែល​ប្រើ​ឈ្មោះ​របស់​ពួកគេ បន្ត​មាន​ការសន្ទនា​ដ៏​គួរ​ចាប់ចិត្ត និង​គោរព ›» ។11

សាវក ប៉ុល បាន​សរសេរ​ថា

« កុំ​ច្រឡំ​ឡើយ ពីព្រោះ​ពួកម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ ។

ចូរភ្ញាក់​ដឹងខ្លួន​ឡើង ខាងឯ​សេចក្ដី​សុចរិត​ចុះ កុំ​ឲ្យ​ធ្វើបាបឡើយ ត្បិត​អ្នក​រាល់​គ្នា​ខ្លះ​មិន​ស្គាល់​ព្រះ​ទេ » (កូរិនថូសទី1  15:33–34) ។

វាច្បាស់ណាស់​ថា ការប្រាស្រ័យ​ទាក់ទង​ដែល​អាក្រក់ មិន​ត្រឹមតែ​ជា​បញ្ហា​នៃ​កិរិយា​អាក្រក់​ប៉ុណ្ណោះ​ទេ តែ​បើ​ត្រូវបាន​អនុវត្ត​ដោយ​ពួក​អ្នក​ដែល​ជា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ពួកគេ​អាច​ជះឥទ្ធិពល​ដ៏​អាក្រក់​ដល់​ពួក​អ្នក​ដែល​ពុំ​មានចំណេះដឹង​ពី​ព្រះ ឬ​ទីបន្ទាល់​ពី​ព្រះអង្គ​សង្គ្រោះ ។

ការប្រើ អិនធើរណិតណាក៏​ដោយ ដែល​កំហែង, បំផ្លាញ​ដល់​កិត្តិយស, ឬ​ដាក់​មនុស្ស​ម្នាក់​ក្នុង​ពន្លឺ​អាក្រក់ គឺ​ជា​រឿង​មិន​គួរ​លើកលែង ។ អ្វី​ដែល​យើង​កំពុង​ឃើញ​ក្នុង​សង្គម គឺ​ថា ពេល​មនុស្ស​ពាក់​របាំង​នៃ​ភាពអនាមិក ពួកគេ​ទំនង​ជា​នឹង​ពាក់ព័ន្ធ​ក្នុង​ការប្រព្រឹត្ត​បែបនេះ ដែល​ជា​ការបំផ្លិចបំផ្លាញ​ខ្លាំង ក្នុង​ទំនាក់ទំនងសង្គម ។ វា​ក៏បំផ្លាញ​ដល់​គោលការណ៍​មូលដ្ឋាន​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ផងដែរ ។

សារដំណឹង​ជាមូលដ្ឋាន​មួយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​បានរៀន​ពី​យុវវ័យ គឺ « ត្បិត​ព្រះទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បានជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​វិញ » (យ៉ូហាន 3:16; សូមមើលផងដែរ គ. និងស. 34:3) ។ ព្រះអង្គ​សង្គ្រោះ​បាន​ពន្យល់​ថា ទ្រង់​មិន​បាន​មក​ដើម្បីថ្កោល​ទោស​ពិភពលោក​នេះ​ទេ តែ​ដើម្បី​សង្គ្រោះ​វិញ ។ បន្ទាប់​មក ទ្រង់​ពណ៌នា​ពី​អត្ថន័យ​នៃ​ការថ្កោលទោស​ថា ៖

« ពន្លឺ​បាន​មក​ក្នុង​លោកីយ តែ​មនុស្ស​លោក​ចូលចិត្ត​នឹង​សេចក្ដី​ងងឹត ជាជាង​ពន្លឺ ពីព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំងប៉ុន្មាន សុទ្ធតែអាក្រក់ » ។

« ត្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះតែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មកឯពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំងប៉ុន្មាន​បាន​បើក​ឲ្យ​ឃើញ ។

តែ​អ្នកណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​វិញ នោះ​តែង​មកឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើដែល​ខ្លួន​ប្រព្រឹត្ត បាន​សម្តែង​មក​ឲ្យ​ដឹង​ថា បានធ្វើ​ដោយ​នូវ​ព្រះ » (យ៉ូហាន 3:19–21; សូមមើល ខ 17–21) ។

ពួក​សុចរិត​មិន​ត្រូវការ​ពាក់​របាំង​ដើម្បី​បិទបាំង​អត្តសញ្ញាណ​របស់​គេ​ឡើយ ។ ខ្ញុំ​ស្រឡាញ់​ដំណើរ​រឿង​ពិត​របស់​ជីវិត​របស់​ប្រធាន ថូម៉ាស ​ អេស ម៉នសុន ។ គាត់​មិន​ទាន់​ឈាន​ចូល​អាយុ 18 ឆ្នាំ ទេ​ រហូត​ទាល់តែ​ជិតចប់​សង្គ្រាម​លោក​លើក​ទី  II ។ ការពិត​ទៅ សង្គ្រាម​នៅ​អ៊ឺរ៉ុប បាន​ចប់​ហើយ តែ​សង្គ្រាម​នៅ​ប៉ាស៊ីហ្វិក​នៅ​បន្ត ។

លោក​បាន​ចុះឈ្មោះ​ជា​ទាហាន​ជើងទឹក​សហរដ្ឋ ហើយ​ត្រូវ​គេ​បញ្ជូន​តាមកប៉ាល់​ទៅ សាន ឌីអាហ្គូ, រដ្ឋ​កាលីហ្វូញ៉ា ។ អ្នក​នឹង​នឹកឃើញ​ពី​ដំណើរ​រឿង​របស់​លោក​កាលនៅសន្និសីទ​ទូទៅ​ចុងក្រោយ ។ នៅ​ថ្ងៃ​អាទិត្យ​ដំបូង ពលបាលត្រី​បាន​ឲ្យ​គ្រប់គ្នា​តម្រង់ជួរ​ទៅ​ព្រះវិហារ ។ គាត់​បាន​បញ្ចូន​ពួកកាតូលិកទៅ​មួយ​កន្លែង, ពួកយូដា ទៅ​មួយ​កន្លែង​ទៀត, ហើយ​ព្យាយាម​បញ្ជូន​អ្នក​នៅ​សល់ទាំងប៉ុន្មាន ទៅ​ការប្រជុំ​របស់​ពួកប្រូតេស្ដង់ ។ ប្រធាន ម៉នសុន បាន​មានប្រសាសន៍​ថា លោក​ដឹង​ថា លោក​មិន​មែន​ជា កាតូលិក, យូដា, ឬ ប្រូតេស្ដង់ទេ លោក​ជា​ពួក​មរមន ។ លោក​បាន​មាន​ភាពក្លាហាន ដើម្បី​ឈរ​នៅ​នឹង​កន្លែង ហើយ​រីករាយ​ដែល​បាន​ឃើញ​ថា មាន​សមាជិក​ស្មោះត្រង់​ផ្សេង​ទៀត​ឈរ​នៅ​ពី​ក្រោយ​លោក ។ វាងាយ​នឹង​ទៅ​ជាមួយ​នឹង​ក្រុមធំ ទៅកាន់​ការប្រជុំ​របស់​ពួក ប្រូតេស្ដង់ ។ លោក​បាន​ប្ដេជ្ញា ដើម្បី​កំណត់​អត្តសញ្ញាណ​ថា លោក​ជា​នរណា ហើយ​បាន​ធ្វើ​នូវ​ផ្នែក​របស់​លោក​ស្រប​ទៅ​តាម​នោះ ។12

ដាក់គោលដៅ​ត្រឹមត្រូវ

ដំបូន្មាន​ទីបី​របស់​ខ្ញុំ ទាក់ទង​ទៅ​នឹង​គោលដៅ​ខ្លះៗ ដែល​អ្នក​គួរ​ពិចារណា ។ ក្នុង​ពេល​ប្រហាក់​ប្រហែល​គ្នា​ដែរ​នោះ អែលឌើរ ភែរី នៅក្នុង​ប្រទេស ជប៉ុន ជាមួយ​កងម៉ារិន, ប្រធាន ប៊យ ឃេ ផាកកឺ បានបម្រើ​ក្នុង​ប្រទេស ជប៉ុន ជាមួយ​ទ័ព​អាកាស នៅ​ចុងបញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី  II ។

ក្នុង​ប្រសាសន៍​របស់​លោក នៅ​ខួប 100 ឆ្នាំ របស់​ថ្នាក់​សិក្ខាសាលា ថ្ងៃទី 22 មករា ឆ្នាំ​នេះ លោក​បាន​ពន្យល់ថា នេះ​ជា​ពេល​ដ៏​លូតលាស់​ខ្លាំងណាស់​ក្នុង​ជីវិតលោក ។13 ក្នុង​ឆ្នាំ 2004 ខ្ញុំ​បាន​អមដំណើរ​ប្រធាន ផាកកឺ ទៅ​ប្រទេស​ជប៉ុន ។ លោក​បាន​មាន​ឱកាសដើរ​លើ​ផ្លូវ​ដដែល​មួយ​ចំនួន​ដែល​លោកធ្លាប់​ដើរ និង​រំលឹក​ពី​បទពិសោធន៍ និង​ការសម្រេចចិត្ត​ខ្លះ ដែល​លោក​បាន​ធ្វើ​នៅ​ពេលនោះ ។ លោក​បាន​រៀបរាប់​រឿង​ខ្លះ ក្នុង​សុន្ទរកថា​ថ្នាក់​សិក្ខាសាលា ។ ដោយ​បាន​ការអនុញ្ញាត​ពី​លោក ខ្ញុំ​សូម​ចែកចាយ​គំនិត និង​អារម្មណ៍​ផ្សេងៗ​ទៀត​ដល់​អ្នក ។

ប្រធាន ផាកកឺ ពណ៌នា​ពី​បទពិសោធន៍ ដែល​បាន​កើតឡើង​នៅ​លើ​កោះមួយ​ចេញ​ពី​ឆ្នេរ អូគីណាវ៉ា ។ លោក​ចាត់ទុក​ថា នេះ​ជា​ភ្នំ​របស់​លោក​នៅក្នុង​ទីរហោស្ថាន ។ ការរៀបចំ​ផ្ទាល់ខ្លួន​របស់​លោក និង​ការជួបជុំ​ជាមួយ​សមាជិក​ផ្សេងទៀត បាន​ធ្វើ​ឲ្យ​ជំនឿ​លោក​ចាក់​ជ្រៅ​ទៅ​ក្នុង​ការបង្រៀន​របស់​ដំណឹងល្អ ។ អ្វី​ដែល​លោក​នៅខ្វះ​ គឺ​ការ​បញ្ជាក់---ការចេះដឹង​ដ៏​ពិត​ពី​អ្វី​ដែល​លោក​បានទទួល​អារម្មណ៍​ថា​ពិត​រួចទៅហើយ ។

អ្នក​និពន្ធ​ជីវប្រវត្តិ​របស់​ប្រធាន ផាកកឺ ពេលនោះ​បានទាក់អារម្មណ៍​នឹង​អ្វី​ដែល​បាន​កើតឡើង ៖ ( ដកស្រង់ ) « ឆ្លើយ​តប​ទៅ​នឹង​ភាពសុខសាន្ត​នៃ​ការបញ្ជាក់​ដែល​លោក​បាន​ស្វែងរក​នោះ លោក​បាន​មក​ប្រទល់​មុខ​នឹង​នរកសង្គ្រាម តទល់​នឹង​អ្នក​ដែល​គ្មាន​ទោស ។ ដោយ​ព្យាយាម​នៅតែឯង និង​រកពេល​ដើម្បី​គិត នោះ​ថ្ងៃ​មួយ លោក​បាន​ឡើង​ទៅ​ចំណោទ​នៅលើ​សមុទ្រ ។ នៅ​ទី​នោះ លោក​បាន​ឃើញ​សំណល់​ខ្ទម​ចាំចម្ការ​ចាស់មួយ ដែល​មាន​ចម្ការ​ដំឡូងផ្អែមនៅជិតនោះ ។​ លោក​បានឃើញ​សាកសព​ស្តូកស្តឹង​នៃ​ម្តាយ​ម្នាក់ និង​កូន​ពីរនាក់​ត្រូវបានសម្លាប់នៅកណ្តាលរុក្ខជាតិដែលងាប់ៗ ។ ទិដ្ឋភាព​នោះ​ធ្វើឲ្យ​លោក​ពេញ​ដោយ​ភាពទុក្ខព្រួយ​យ៉ាង​ជ្រាលជ្រៅ រួមផ្សំ​ជាមួយ​នឹង​អារម្មណ៍​នៃ​ក្ដី​ស្រឡាញ់​ចំពោះ​គ្រួសារ​លោក​ផ្ទាល់ និង​ចំពោះ​គ្រួសារ​ទាំងអស់ » ។14

ក្រោយមក លោក​បាន​ចូល​ទៅក្នុង​លានដ្ឋាន ជាកន្លែង​ដែល​លោក​បាន​សញ្ជឹងគិត, ពិចារណា, និង​អធិស្ឋាន ។ ដោយ​គិត​ត្រឡប់​ទៅវិញ​ពី​ព្រឹត្តិការណ៍​នេះ ប្រធាន ផាកកឺ បាន​ពណ៌នា​ពី​អ្វី ដែល​ខ្ញុំ​ហៅ​ថា​ជា បទពិសោធន៍​នៃ​ការបញ្ជាក់​ខាង​វិញ្ញាណ ។ លោក​បាន​ទទួល​ការបំផុស ថា​អ្វី​ដែល​លោក​ត្រូវ​ធ្វើ​សម្រាប់​ជីវិត​លោក ។ ពិតណាស់ លោក​ពុំ​បាន​គិត​ថា លោក​នឹង​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​មុខងារ​ដ៏​ខ្ពស់ និង​បរិសុទ្ធ ដែល​លោក​កាន់​នៅ​សព្វថ្ងៃ​នេះ នោះទេ ។ ការនិមិត្ត​របស់​លោក​គឺ លោក​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​ម្នាក់ សង្កត់​ធ្ងន់​លើ​ការបង្រៀន​នៃ​ព្រះអង្គ​សង្គ្រោះ ។ លោក​បាន​សម្រេច​ថា លោក​នឹង​រស់​នៅ​ដោយ​សុចរិត ។ លោក​បាន​យល់​ តាម​របៀប​មួយ​ដ៏​ប្រពៃ​ថា លោក​នឹង​ត្រូវ​រក​ប្រពន្ធ​ដ៏​សុចរិត​ម្នាក់ ហើយ​ថា ពួកគេ​នឹង​បីបាច់​គ្រួសារ​ដ៏​ធំ​មួយ​ជាមួយ​គ្នា ។ ទាហាន​ក្មេង​នេះ បាន​ដឹង​ថា ជម្រើស​ការងារ​របស់​លោក នឹង​ផ្ដល់​នូវ​ផល​សមរម្យ ហើយ​ដៃគូ​ដ៏​ផ្អែម​ល្អែម​របស់​លោក​ត្រូវ​មាន​អាទិភាព​ដូចគ្នា​នឹងលោក ហើយ​មាន​ឆន្ទៈ​ដើម្បី​រស់នៅ​ដោយ​ពុំ​មាន​​របស់​របរ​គ្រប់គ្រាន់ ។

សម្រាប់​ពួកអ្នក​ដែល​បាន​ស្គាល់ បងស្រី ដុនណា ផាកកឺ សម្រាប់ ប្រធាន ផាកកឺ គាត់​ជា​ដៃគូ​ដ៏​ឥតខ្ចោះ ។ មិនដែល​មាន​លុយ​ច្រើន​នោះ​ទេ តែ​ពួកគាត់​ពុំ​មាន​អារម្មណ៍​ដកថយ ទោះ​តាម​របៀប​ណា​ក៏ដោយ ។ ពួកគាត់​ចិញ្ចឹម​កូន 10 នាក់ ហើយ​តម្រូវ​ឲ្យ​មាន​ការ​លះបង់ ។ ពួកគាត់​មាន​ចៅ 60 នាក់ និង​ចៅទួត 79 នាក់ ។

ខ្ញុំ​អាច​ចាំបាន​ពី​អារម្មណ៍​ដ៏​ទន់ភ្លន់​ដែល​ខ្ញុំ​មាន ពេល​ខ្ញុំ​បានរៀន​ថា លោក​មាន​ការខ្មាស់អៀន ពេលដែល​លោក​ជា​អ្នក​មានសិទ្ធិ​អំណាច​ថ្មី​ម្នាក់ ពីព្រោះ​លោក​គ្មាន​អាវ​សល្អ​ពាក់​ទេ ពេលលោក​ត្រូវ​ទៅ​ប្រជុំ​អ្នកដឹកនាំ​សាសនាចក្រ ជាមួយ​បងប្អូនប្រុសរៀមច្បង​ទាំងឡាយ ។

ខ្ញុំ​ចែកចាយ​ដំណើរ​រឿង​ពិត​នេះ ជាមួយ​អ្នក ព្រោះ​ជាញឹកញាប់ គោលដៅ​យើង ផ្អែក​លើ​អ្វី​ដែល​ពិភពលោក​ឲ្យ​តម្លៃ ។ កត្តា​ចាំបាច់​ទាំងឡាយ គឺ​ពិត​ជា​សាមញ្ញា​ណាស់ សម្រាប់​សមាជិក​ដែល​បាន​ទទួល​ពិធីការ​បរិសុទ្ធ​នៃ​ការសង្គ្រោះ​រួចហើយ ។ ចូរសុចរិត ។ កសាង​គ្រួសារ​មួយ ។ ស្វែងរក​របៀប​ត្រឹមត្រូវមួយ​ដើម្បី​ផ្គត់ផ្គង់ ។ បម្រើ​ដូច​ដែល​បាន​ហៅ ។ ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀនថា « ...ត្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរណ៌​ទេ » (លូកា 12:15) ។ បន្ទាប់​មក ទ្រង់​បាន​ប្រើ​នូវការ​ប្រៀបធៀប​មួយ ដូច​បាន​កត់ត្រាក្នុងលូកា ៖

« មាន​ស្រែចម្ការ​របស់​អ្នក​មាន​ម្នាក់ បាន​កើត​ផល​ចម្រើន​ជា​បរិបូរណ៌ ៖

« ហើយ​អ្នក​នោះ​រិះគិត​ក្នុង​ចិត្តថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូចម្ដេច ត្បិត​អញ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​អញ​ទាំងនេះ​ទេ ?

« ទើបយល់​ថា អ្នក​ត្រូវ​ធ្វើ​យ៉ាងនេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅទៀត រួច​ប្រមូលផល និង​ទ្រព្យសម្បត្តិ​ទៅ​ផ្ទុក​នៅ​ទីនោះ ។

« នោះ​អញ​នឹង​ប្រាប់​ដល់​ចិត្តថា ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សម្រាប់​ជាយូរឆ្នាំ​ទៅ​មុខបាន​ហើយ ចូរ​ឯង​ឈប់​សម្រាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ ។

« ប៉ុន្តែ​ព្រះទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងីល្ងើ​អើយ នៅ​វេលាយប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណាវិញ ?

« អ្នកណា​ដែល​ប្រមូល​ទ្រព្យសម្បត្តិ ទុកបំរុង​តែ​ខ្លួនឯង តែ​ឥតមាន​ខាងឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ » (លូកា 12:16–21) ។

កសាង​ប្រទេស និង​សហគមន៍​ដែល​អ្នក​រស់​នៅ

បើ​អ្នក​នឹងក្លាយ​ជា​ជំនាន់​មួយ​ដែល​អ្នក​ត្រូវ​ក្លាយ នោះ​អ្នក​នឹង​កសាង​ប្រទេស និង​សហគមន៍​ដែល​អ្នក​រស់​នៅ បន្ថែម​លើ លក្ខណៈ, គុណសម្បត្តិ, និង​ការសម្រេចចិត្ត​ផ្ទាល់ខ្លួន ។ ជំនាន់​របស់​អ្នក ដូច​ជា​ជំនាន់​ដ៏​អស្ចារ្យ​បំផុត​ផងដែរ នឹង​ត្រូវ​ការពារ​សេចក្ដី​សុចរិត និង​សេរីភាព​ខាង​សាសនា ។ កេរដំណែល​របស់​ពួកជូឌីអូ/គ្រីស្ទាន ដែល​យើង​ទទួល គឺ​មិនត្រឹម​តែ​មានតម្លៃ​ប៉ុណ្ណោះ​ទេ តែ​ចាំបាច់​សម្រាប់​ផែនការ​ព្រះបិតា​នៅ​ស្ថានសួគ៌​នៃ​យើង​ផងដែរ ។ យើង​ត្រូវ​ថែរក្សា​វា​សម្រាប់​ជំនាន់​អនាគត​របស់​យើង ។ យើង​ត្រូវ​ចូលរួម​នឹង​មនុស្ស​ល្អ, ជាមួយ​គ្រប់​ជំនឿ​ទាំងអស់, ជា​ពិសេស​ពួកអ្នក​ដែល​មាន​ទំនួល​ខុសត្រូវ​ចំពោះព្រះ សម្រាប់​ការប្រព្រឹត្ត​របស់​គេ ។ ទាំងនេះ​គឺ​ជា​មនុស្ស​ដែល​នឹងយល់​ថា ហេតុអ្វី​យើង​និយាយ នៅ​ល្ងាចនេះ​អំពី « ទោះ​អ្នក​ជាអ្វី​ក៏​ដោយ ចូរ​ធ្វើ​​ផ្នែក​​អ្នកឲ្យ​បាន​ល្អ » ។ ការរីកចម្រើន​ដ៏​ជោគជ័យ​នៃ​តម្លៃ ជូឌីអូ/គ្រីស្ទាន និង​សេរីភាព​ខាង​សាសនា នឹង​ដៅ​ជំនាន់​របស់​អ្នក​ជា​ជំនាន់​ដ៏​អស្ចារ្យ ដូចដែល​វា​ត្រូវតែ​ជា​បែបនោះ ។

ជាមួយ​នឹង​ឧបសគ្គ​ដែល​មាន​ក្នុង​ពិភពលោក​សព្វថ្ងៃនេះ គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ មាន​ការបារម្ភ​ជាពិសេស​ពី​ការចូលរួម​ឲ្យ​បានត្រឹមត្រូវ​ក្នុង​ដំណើរ​ការ​ខាងនយោបាយ នៅក្នុង​ប្រទេស​ដែល​អ្នក​រស់នៅ ។ សាសនាចក្រ​មាន​ភាព​អព្យាក្រឹត​ចំពោះ​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយ ហើយ​មិនគាំទ្រ​បេកជន ឬ​គណបក្ស​ណាទេ ។ ទោះជាយ៉ាង​ណា យើង​រំពឹង​ថា សមាជិក​របស់​យើង​នឹង​ចូលរួម​យ៉ាងពេញលេញ ក្នុងការ​គាំទ្រ​ដល់​បេកជន និង​គណបក្ស​ដែល​ជា​ជម្រើស​ផ្ទាល់​របស់​គេ ដោយ​ផ្អែកលើ​គោលការណ៍​ទាំងឡាយ ដែល​នឹង​ការពារ​រដ្ឋាភិបាល​ល្អ ។ គោលលទ្ធិ​របស់​យើង​គឺ​ច្បាស់លាស់ ៖ អស់​អ្នក​ណា​ដែល « ទៀងត្រង់ » និង « មានគំនិត... នោះ​គួរ​ព្យាយាម​ស្វែងរក » ( គ. និង ស. 98:10 ) ។ « កាលណា​មនុស្ស​ទុច្ចរិត​គ្រប់គ្រង នោះ​ប្រជាជន​ទួញសោក » ( គ. និង ស. 98:9 ) ។ នេះ​មាន​ន័យ​ថា គ្រប់គ្នា​គួរ​មាន​អារម្មណ៍​ថា​មានកាតព្វកិច្ច ដើម្បី​បោះឆ្នោត ។

ក្នុង​រដ្ឋទាំងឡាយ​នៅក្នុង​សហរដ្ឋ ដែល​មាន​ការប្រជុំ​គណបក្ស​នានា អ្នក​គួរ​ស្គាល់​ពី​បញ្ហា និង​បេកជន ហើយ​ចូលរួម​ឲ្យ​បានពេញលេញ ។ ឧទាហរណ៍ ការប្រជុំ​គណបក្ស​នៅ​រដ្ឋ យូថាហ៍ និង អៃដាហូ សម្រាប់​គណបក្ស​ផ្សេងៗ នឹង​ប្រព្រឹត្ត​ទៅ ចាប់ផ្ដើម​ពី​សប្ដាហ៍​នេះ រហូត​ដល់​ពាក់កណ្ដាល​ខែ មេសា ។ បើអ្នក​ចូលរួម អ្នក​នឹង​អនុញ្ញត​ឲ្យ​ចូលរួម​ចំណែក ។ យើង​សង្ឃឹម​ថា អ្នក​នឹង​រកមើល​ពេលវេលា​នៃ​ការប្រជុំ​គណបក្ស សម្រាប់គណបក្ស​ដែល​ជា​ជម្រើស​របស់​អ្នក ហើយ​មាន​អារម្មណ៍កាតព្វកិច្ច​ក្នុង​ការចូលរួម ។ យើង​សង្ឃឹម​ថា ការណ៍​នេះ​ពិត​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ទាំង​សមាជិក និង​អ្នក​មិនមែន​សមាជិក ក្នុង​រដ្ឋ​ទាំងអស់ និង​ក្នុង​ប្រទេស​ទាំងអស់ ដែល​មាន​ការបោះឆ្នោត ។ តម្លៃ​នៃ​សេរីភាព​គឺ​ខ្ពង់ខ្ពស់​ណាស់ ហើយ​លទ្ធផល​នៃ​ការ​មិន​រួមចំណែក ក៏​ធំធេងពេក​ដែរ សម្រាប់​ប្រជាពលរដ្ឋ​ណាដ៏​ដោយ ដែល​មាន​អារម្មណ៍​ថា ពួកគេ​អាចព្រងើយ​កន្ដើយ​ចំពោះ​ទំនួល​ខុសត្រូវរបស់​ពួកគេ ។

សូមដឹង​ថា យើង​មាន​ទំនុកចិត្ត​ដ៏​ធំ​លើ​អ្នក ។ ថ្នាក់ដឹកនាំ​នៃ​សាសនាចក្រ​ជឿដោយ​ស្មោះត្រង់​ថា អ្នក​អាច​ស្ថាបនា​នគរ​បាន មិនដូច​ជំនាន់​មុនៗ ។ អ្នក​មិន​គ្រាន់តែ​ទទួល​ក្ដី​ស្រឡាញ់ និង​ទំនុកចិត្ត​របស់​យើង​ប៉ុណ្ណោះទេ គឺមានទាំង​ការអធិស្ឋាន និង​ពរជ័យ​របស់​យើង​ផងដែរ ។ យើង​ដឹង​ថា ជោគជ័យ​នៃ​ជំនាន់​អ្នក គឺចាំបាច់ ដល់​ការ​ស្ថាបនា​ជាបន្តបន្តាប់​របស់​សាសនាចក្រ និង​ការលូតលាស់​នៃនគរ ។ យើង​អធិស្ឋាន​ថា អ្នក​នឹង​ប្រព្រឹត្ត​បាន​ល្អ​លើ​ផ្នែក​របស់​អ្នក ៖ កាលដែល​អ្នក​ជៀសវាង​ពី​ការ​ពាក់​របាំងមុខ, ប្រព្រឹត្ត​ស្រប​ទៅនឹង​អត្តសញ្ញាណ​ពិត​របស់​អ្នក, ដាក់​គោលដៅ​ត្រឹមត្រូវ, និង​ស្ថាបនា​ប្រទេស និង​សហគម​ដែល​អ្នក​រស់​នៅ ។

ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ពី​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ដែល​ជាឧបករណ៍​នៃ​ព្រះ ។ យ៉ូសែប ស្ម៊ីធ ពិតជាបាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះវរបិតា​នៅស្ថានសួគ៌​របស់​យើង ជាបិតា​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ដោយ​មាន​ផែនការ​មួយ​ដែល​ប្រទានពរ​ដល់​កូនចៅ​ម្នាក់ៗ​របស់​ទ្រង់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បម្រើ​ដល់​យើង និង​ថ្លែង​ទីបន្ទាល់ពី​ព្រះវរបិតា និង​ព្រះរាជបុត្រា ។ ខ្ញុំ​ថ្លែងទីបន្ទាល់​ទាំងនេះ ក្នុង​នាម​ជា​សាក្សី​មួយរូប​នៃ​ព្រះអង្គ​សង្គ្រោះ ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាមែន ។

© 2012 by Intellectual Reserve, Inc. All rights reserved. English approval: 2/12. Translation approval: 2/12. Translation of What E’er Thou Art, Act Well Thy Part: Avoid Wearing Masks That Hide Identity. Language. PD50039044 xxx

Show References

    កំណត់ចំណាំ

  1.  

    1. ដេវីឌ អូ. ម៉ាក់ឃេ, នៅ​ក្នុង Francis M. Gibbons, David O. McKay: Apostle to the World, Prophet of God– (ឆ្នាំ 1986), 45; សូមមើលផងដែរ «Pres. McKay Speaks to Pioneer Stake Youth,» Church News, ថ្ងៃទី 21 ខែ​កញ្ញា ឆ្នាំ 1957, 4 ។

  2.  

    2. ម៉ៃឃល អូទើសុន គឺ​ជា​នាយកគ្រប់គ្រង​នៃ​ការិយាល័យផ្នែក​កិច្ចការ​សាធារណៈ​របស់​សាសនាចក្រ ។

  3.  

    3. សូមមើល យ៉ូសែប ហ្វកមែន, In the Shadow of Death (ឆ្នាំ 2011), 10 ។

  4.  

    4. ការប្រជុំ​ជាមួយ​នឹង​អប្រាហាំ ហ្វកមែន នៅ​ក្នុង​ការិយាល័យ​របស់​គាត់​នៅ​ក្នុង​ទី​ក្រុង​នូវយោក រដ្ឋ​នូវយោក ថ្ងៃ​ទី 14 ខែ​មិថុនា ឆ្នាំ 2011 ។

  5.  

    5. ម៉ាក អិល. ស្ដាកឃើរ, «Remembering Hiram, Ohio,» Ensign, ខែ តុលា ឆ្នាំ 2002, 35, 37 ។

  6.  

    6. សូមមើល Teachings of Presidents of the Church: Joseph Smith (ឆ្នាំ 2007), 24 ។

  7.  

    7. –«True to the Faith,» Hymns, no. 254 ។

  8.  

    8. អិល. ថម ភែរី, បាន​ចម្លង​ចេញ​មកពី Special Witnesses of Christ (DVD, 2003) ។

  9.  

    9.  ប្រកាសដំណឹងល្អ​របស់​យើង៖ ការណែនាំ​ទៅ​កាន់​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា [ឆ្នាំ 2004], 123; សូមមើលទំព័រ 115–26 ។

  10.  

    10. សូមមើល អេលីស្សាប៊ែត ស្ទើត, «Internet Addiction Harming Marriage,» Deseret News, ថ្ងៃទី 20 ខែ​កក្កដា ឆ្នាំ 2011,​http://www.deseretnews.com/article/700164510/Internet-addiction-harming-marriage.html ។

  11.  

    11. ម៉ាក ប្រេន, នៅក្នុង «The Public Forum,» The Salt Lake Tribune, ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2011, A16 ។

  12.  

    12. សូមមើល ថូម៉ាស អេស. ម៉នសុន, «ហាន​ឈរ​តែម្នាក់ឯង» Ensign, ខែ​វិច្ឆិកា ឆ្នាំ 2011, 61–62; សូមមើលផងដែរ​ Heidi Swinton, To the Rescue: The Biography of Thomas S. Monson (ឆ្នាំ 2010), 96–97 ។

  13.  

    13. –13. សូមមើល ប៊យ ឃេ. ផាកកឺ, «របៀប​ដើម្បី​រស់រានមានជីវិត​ក្នុង​ព្រំដែន​របស់មាសត្រូវ » ការចាក់​ផ្សាយ ពិធីប្រារព្ធខួបលើកទី 100 ឆ្នាំ​នៃ​ថ្នាក់សិក្ខាសាលា ថ្ងៃទី 22 ខែ​មករា ឆ្នាំ 2012, http://seminary.lds.org/history/centennial/eng/how-to-survive-in-enemy-territory/ ។

  14.  

    14. –លូស៊ីល ស៊ី. ថាត, Boyd K. Packer: A Watchman on the Tower (ឆ្នាំ 1995), 58––59 ។