ខ្ញុំ​នឹង​លះបង់ខ្លួន​ថ្វាយ​ទ្រង់

រ៉ូសែល  ធី អូសហ្គូស្សធ័ប

ប្រធាន​សាលាថ្ងៃអាទិត្យ​ទូទៅ

ការប្រជុំធម្មនិដ្ឋានស៊ី.អ៊ី.អែស. សម្រាប់​យុវមជ្ឈិមវ័យវ័យក្មេង• ថ្ងៃទី3 ខែ វិច្ឆិកា ឆ្នាំ 2013 • សាកលវិទ្យាល័យព្រិកហាំ យ៉ង់

 

វា​ជា​ឱកាស​ដ៏អស្ចារ្យ​មួយ​ដោយ​បាន​ជួប​អ្នករាល់គ្នា​នា​ល្ងាច​នេះ ឱ បងប្អូនប្រុសស្រីវ័យក្មេង​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ។ ខ្ញុំ​ចង់​ឲ្យ​អ្នកដឹង​ថា វា​ជាពរជ័យ​ខ្លាំង​ណាស់​ដែល​ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​នៅ​ជាមួយ​នឹង​អ្នក​នាល្ងាច​នេះ ។ ពេល​យើង​សម្លឹង​មើល​អ្នក យើង​មើលឃើញ​លទ្ធភាព​​ជាច្រើន ។ អ្នក​ពោរពេញ​ដោយ​សក្ដានុពល ។ មិនថា​ក្ដីសង្ឃឹម​អ្នក​ខ្ពស់​ប៉ុណ្ណា​ទេ ខ្ញុំ​មក​ទីនេះ​ដើម្បី​ប្រាប់អ្នក​ថា វា​អាច​ខ្ពស់​ជាង​នោះ​ទៀត ។ អ្នក​អាច​សម្រេច​បាន​​ក្នុង​ជីវិត​នេះ លើស​ពី​ការ​គិត​របស់​អ្នក​ទៅទៀត ។ ដោយ​មាន​ព្រះអម្ចាស់​នៅ​ក្បែរ​អ្នក អ្នក​អាចឃើញ​ពី​អព្ភូតហេតុ ។ អ្នកអាច​រះឡើង​ខ្ពស់​​លើស​អ្វីៗ​ដែល​ទាញ​អ្នក​ចុះ ។ អ្នក​អាច​បដិសេធ​អំពើអាក្រក់ ហើយ​ឱប​ក្រសោប​​អ្វី​ដែល​ល្អ ។ អ្នក​បាន​មក​ផែនដីសម្រាប់​គោលបំណង​មួយ ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់​ នោះ​អ្នក​នឹង​អាច​សម្រេច​គោលបំណង​នោះ​បាន ។

ខ្ញុំ​សង្ឃឹម​ថា អ្នកដឹង​ថា​ មាន​មនុស្ស​ជាច្រើន​កំពុងអធិស្ឋាន​ឲ្យ​អ្នក ។ មាន​ការ​អធិស្ឋាន​ជាច្រើន​​បាន​ធ្វើ​ឡើង​ក្នុង​សាសនាចក្រ​នេះ​ជា​រៀងរាល់ថ្ងៃ​សម្រាប់​យុវវ័យ​ក្នុង​សាសនាចក្រ ​សម្រាប់​យុវមជ្ឈិមវ័យ ។ ពេល​ខ្លះ ពេល​អ្នក​មាន​ពេល​ស្ងប់ស្ងាត់​មួយ ខ្ញុំ​អញ្ជើញ​អ្នក​ឲ្យ​គិត​នូវ​រាល់ការអធិស្ឋាន​ដែល​បាន​ធ្វើ​ឡើង​រាល់ថ្ងៃ ​ជា​ពិសេស​សម្រាប់អ្នក---ជា​ជំនាន់កំពុង​ពេញ​វ័យ ។ ការ​អធិស្ឋាន​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការ​អធិស្ឋាន​ដោយ​ពួក​អ្នកមានសិទ្ធិអំណាច​ទូទៅ និង​អ្នកដឹកនាំទូទៅ​ក្នុង​សាសនាចក្រ ការ​អធិស្ឋាន​របស់​ពួក​អ្នកដឹកនាំ​ស្ដេក និង​វួដ និង​ការ​អធិស្ឋាន​របស់​ឪពុកម្ដាយ សមាជិកគ្រួសារ​ផ្សេងទៀត និង​មិត្ត​ភក្ដិ---ខ្ញុំ​ឮការអធិស្ឋាននេះ​ជាច្រើន ។ វា​ពោល​ចេញ​ពី​ចិត្ត ។ ខ្ញុំ​សង្ឃឹមថា អ្នក​នឹង​គិត​ពី​ព្រះចេស្ដា​ដែល​កំពុង​ទាញ​មក​ពី​ស្ថានសួគ៌​ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក ។

ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នក​មាន​អារម្មណ៍​នូវ​ក្ដីស្រឡាញ់ មិន​ត្រឹមតែពី​មនុស្ស​ដែល​អ្នក​ស្គាល់ទេ តែ​ពី​ជន​ដែល​មើលថែ ហើយ​ខ្វល់ខ្វាយ​ពី​អ្នក ទោះជា​ពួកគេ​ពុំ​ដែល​ជួប​អ្នក​ក្ដី ។ ខ្ញុំ​ដឹង​ថា បើ​ប្រធាន​ ម៉នសុន នៅ​ទីនេះ​ នា​ថ្ងៃ​នេះ លោក​នឹង​បង្ហាញ​ក្ដីស្រឡាញ់​លោក​ចំពោះ​អ្នក ។ យើង​មាន​ព្យាការី​នៅរស់ ​ដែល​ស្រឡាញ់​យុវវ័យ​ក្នុង​សាសនាចក្រនេះ ។

ភរិយា​ខ្ញុំ និង​ខ្ញុំ មាន​អំណរគុណ​ជាខ្លាំងចំពោះ​ក្រុម​ចម្រៀងសម្រាប់ការ​ច្រៀងបទ « I Will Give Myself to Him » (ខ្ញុំ​នឹងលះបង់​ខ្លួន​ថ្វាយ​​ទ្រង់) ។ យើង​និពន្ធ​វា​សម្រាប់​ពួក​អ្នកផ្សាយ​សាសនា កាល​យើង​បម្រើ​ក្នុង​បេសកកម្ម ទីក្រុង​ដាកូតា រ៉ាភីត ខាងត្បូង តែ​ទំនុកចម្រៀង​អនុវត្ត​ចំពោះ​យើង​គ្រប់​គ្នានៅ​ក្នុង​ជីវិត​យើង ។ វគ្គទីមួយ​ចែង​ថា ៖

ទ្រង់​លះបង់ព្រះជន្ម​សម្រាប់​ខ្ញុំ ទ្រង់​សុគត​ដើម្បី​ខ្ញុំ​អាច​រស់ ។
តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​សម្រាប់ទ្រង់ ? តើ​ខ្ញុំ​អាច​ផ្ដល់​អ្វី​ទៅ ?1

ទាំងនេះ​ គឺជា​ពាក្យ​របស់​មនុស្ស​ម្នាក់​ដែល​កំពុង​សញ្ជឹងគិត​ពី​ពរជ័យ​នៃ​ដង្វាយធួន ជា​ពរជ័យ​នៃ​ការ​ទទួល​អារម្មណ៍​នូវ​ក្ដីស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​យើង និង​ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​គ្រប់​គ្នា​មាន​គ្រា​ដូច្នេះ---ជា​ពេល​ដែល​យើង​ដឹង​ថា ​ព្រះអម្ចាស់​ខ្វល់ខ្វាយ​ពី​យើង ។

​ខ្ញុំ​អញ្ជើញ​អ្នក​ឲ្យ​សញ្ជឹងគិត​ឥឡូវនេះ​ពី​ពរជ័យ​ដែល​អ្នកទទួល​​ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​បើ​មាន​នរណាម្នាក់​ក្នុង​ចំណោម​អ្នក​ទស្សនា​នេះ ដែល​កំពុង​គិត​ចង់​ចូល​សាសនាចក្រ ខ្ញុំ​អញ្ជើញ​អ្នក​ឲ្យ​គិត​ពីពរជ័យ​ដែល​អ្នក​កំពុងស្វែង​រក ។ រួច​​ខ្ញុំ​ចង់​ឲ្យ​អ្នក​ចែកចាយ​ពរនោះជាមួយ​នឹង​មនុស្ស​អង្គុយ​ក្បែរអ្នក ។ បើ​អ្នកមិន​ស្គាល់បុគ្គលនោះ---វា​កាន់តែ​ប្រពៃ​ទៀត---ព្រោះ​អ្នក​អាច​ស្គាល់គ្នា ​ពេល​អ្នក​ចែកចាយ ។ សូម​ចែកចាយ​ពរជ័យ​ជាច្រើន តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន​នៅ​មួយ ឬ​ពីរ​នាទី​ក្រោយ ។

ថ្មីៗនេះ ខ្ញុំ​បាន​អញ្ជើញ​សិស្ស​មួយ​ក្រុម​ទៅ​ផ្ទះ​ខ្ញុំ​​ ដើម្បី​ពិភាក្សា​ពី​ប្រធាន​បទ​សម្រាប់​ល្ងាច​នេះ ។ ចូរ​យើង​មើល​ពី​អ្វី​ដែល​ពួកគេ​បាន​និយាយ ពេល​ខ្ញុំ​សុំ​ឲ្យ​ពួកគេ​ចែកចាយ​អារម្មណ៍ពួកគេពី​ពរជ័យ​​ក្នុង​ជីវិត​ពួកគេ ៖

បុរស  1: ចំណេះដែល​ខ្ញុំ​មាន---ជា​ចំណេះ​ពី​ផែនការ​សង្គ្រោះ ព្រះវរបិតាសួគ៌ខ្ញុំ និង​ពី​រូបរាង​ពិត​ទ្រង់ និង​ពី​អ្វី​ដែល​ទ្រង់ចង់ប្រទាន​ឲ្យ​ខ្ញុំ និង​ការ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ ដើម្បីរស់នៅ​ឲ្យ​ស្រប​តាម​អ្វី​ដែល​ទ្រង់​ចង់​ប្រទាន​ឲ្យ​ខ្ញុំ ។ ពរ​ដែល​កើតពី​អំណាច​ផ្សារភ្ជាប់ និង​ព្រះវិហារ​បរិសុទ្ធ​នៅ​លើ​ផែនដី---ដោយដឹង​ថា ខ្ញុំ​អាច​រួមរស់​នឹង​គ្រួសារ​ខ្ញុំ​ជា​និរន្តរ៍ ជា​គ្រួសារ ។

ស្ត្រី  1: ចំណេះដឺង​ពី​ដង្វាយធួន រួចហើយ​ជា​សមត្ថភាព​ទទួល​បាន​អំណាច​ដែល​កើតចេញ​ដង្វាយធួន ។ ភាគច្រើន ​គឺ​តាមរយៈពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​អារម្មណ៍​នូវ​ទំនាក់ទំនង​ដ៏​ពិត​មួយ​នឹង​ព្រះវរបិតា​តាមរយៈពិធីបរិសុទ្ធ​ទាំងនោះ​ និង​ សេចក្ដីសញ្ញាដែល​ខ្ញុំ​បាន​ធ្វើ​នឹង​ទ្រង់ ។ ដើម្បី​មាន​អំណាច​​ក្នុង​ជីវិត​យើង ដើម្បី​មាន​កម្លាំង និង អ្វី​ទាំងអស់​ដែល​យើង​ត្រូវការ​ដើម្បី​ត្រឡប់ទៅទ្រង់វិញ ។

ស្ត្រី  2: ឱកាស និង ឯកសិទ្ធិមាន​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាមួយយើងជានិច្ច ដើម្បី​ដឹកនាំការ​សម្រេចចិត្ត​យើង​ក្នុង​ការ​ដាក់ឆន្ទៈ​យើង​ និង​ផ្ដល់​ការ​លួងលោម និង​កម្លាំង​ដល់​យើង និង​អំណាច​ដើម្បី​រស់នៅ​ក្នុងជីវិតនេះ រួចហើយ​រួមរស់​នឹង​ទ្រង់​បន្ទាប់ពី​ជីវិត​នេះ ។

បុរស  2: ខ្ញុំ​មាន​អារម្មណ៍​ថា ទាំងអស់​នេះ​ជា​ពរ​ជ័យ​បព្វជិតភាព​ដែល​មាន​សម្រាប់​ទាំង​បុរស និង​ស្ត្រី ។ ខ្ញុំ​មាន​អំណរគុណណាស់​សម្រាប់​បព្វជិតភាពដែល​បាន​ស្ដារ​ឡើងវិញ ដើម្បី​យើងអាច​មាន​ពរ​ទាំងនេះ ៖ ព្រះវិហារ​បរិសុទ្ធ ព្រះវិញ្ញាណ​បរិសុទ្ធ ឱកាស​ទទួល​បាន​ដង្វាយធួន ។

ស្ត្រី  3: ខ្ញុំ​មាន​អំណរគុណណាស់​ដោយ​ដឹង​ថា​ខ្ញុំ​អាច​រីកចម្រើន ហើយ​ថា​ជីវិត​នេះគឺ​ពុំមែ​ន​ការ​មិន​អើរពើរ---ឬអង្គុយ​ស្ងៀម​នោះទេ ។ វាជា​ការ​ក្រោក​ឈរ​ឡើង ហើយ​ដើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ ។ ហើយ​ចំពោះ​ខ្ញុំ ការ​រីកចម្រើន​ជា​ការ​ចាំបាច់​ដើម្បី​ដឹង​ថា ការណ៍​នោះ​កើត​ឡើង ហើយ​វានៅ​តែ​កើត​ឡើងលើស​ពីការ​ស្លាប់ទៅទៀត ។

បុរស 3: ព្រះគម្ពីរមរមន។ ក្នុងនាម​ជា​និស្សិត​ម្នាក់​ខ្ញុំ​ចំណាយពេល​ជាច្រើន​អាន​រឿង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ការពារនេះ---ដូចជា តើរឿងនេះ​ពិត​ទេ? តើ​ការ​សន្និដ្ឋាន​អ្វីខ្លះ​ដែល​វា​មាន ? តើ​ខ្ញុំនឹង​វែក​ញែក​រឿង​ដែល​វា​បាន​លើក​ឡើង​តាម​របៀប​ណា ? តែ​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ងាយ​ស្រួល​ណាស់ ពេលខ្ញុំ​អាន​ព្រះគម្ពីរ​មរមន ដោយសារ​វា​ពិត---បាន​បកប្រែ​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ។

បើ​គ្មាន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ​ទេ នោះយើង​នឹង​គ្មាន​ពរជ័យដែ​ល​មិត្ត​ខ្ញុំ​ទើប​លើក​ឡើង​ឡើយ ។ ការ​គិត​ពិត​ពរ​ជ័យ​យើងផ្ដល់​កម្លាំង​ដល់​យើង​ឲ្យ​ដើរ​ឆ្ពោះទៅមុខ​ក្នុង​ជីវិត តែ​យើង​គ្រប់​គ្នា​ដឹង​ថា ការ​ដើរ​ឆ្ពោះ​ទៅ​មុខ​មាន​ការ​លំបាក ។ នេះ​ជា​ជីវិត​រមែង​ស្លាប់ ហើយ​វា​មិន​ស្រួល​ឡើយ ។ វគ្គទីពីរ​នៃ​បទចម្រៀង​ដែល​ក្រុម​ចម្រៀង​ច្រៀង​ចែង​ថា ៖

ពេល​អ្នក​ផ្សេងងាកចេញ ពេល​នរណា​ម្នាក់​ទំនង​ជា​មិន​ខ្វល់
តើ​ខ្ញុំ​អាច​មាន​អារម្មណ៍​ពី​ក្ដីស្រឡាញ់​ទ្រង់​បែបណា ? តើ​ខ្ញុំ​នឹង​ដឹង​ថា​ទ្រង់​គង់នៅ​ទីនោះ​តាម​របៀបណា ?
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ពេល​ការ​ឈឺចាប់ និង​ភាព​សោកសៅ​កើត​មាន​ចំពោះ​ជនដែល​សួរ​រក​ហេតុផល
តើ​ខ្ញុំ​នឹង​ក្ដីសុខសាន្ត​ដល់​ពួកគេ​តាម​របៀប​ណា ? តើ​ខ្ញុំ​នឹង​ជួយ​ពួកគេ​ឲ្យ​សាកល្បង​តាម​របៀប​ណា ?2

នៅ​ពេល​នេះ ខ្ញុំ​អញ្ជើញ​អ្នក​ឲ្យ​សរសេរ---ឬគ្រាន់តែ​គិតទុក​ក្នុង​ចិត្ត---ពី​ឧបសគ្គដែល​អ្នក​កំពុង​ជួប​ក្នុង​ជីវិត​នៅ​ពេល​នេះ ពី​កង្វល់​ដែល​ពេល​ខ្លះ​វាធ្វើ​ឲ្យ​អ្នក​ភ្ញាក់ឡើង​នៅ​ពេល​យប់ ។ ជាថ្មី​ម្ដងទៀត ពេល​តន្ត្រី​​បញ្ចប់ យើង​នឹង​បែរ​មក​ជួប​គ្នា​វិញ ។

ខ្ញុំ​បាន​សួរ​មិត្ត​ខ្ញុំដែល​បាន​មក​ផ្ទះ​ខ្ញុំ​ថាតើ​ពួកគេ​មាន​​ឧបសគ្គ​​អ្វីខ្លះ ហើយ​នេះ​ជាអ្វីដែល​ពួកគេ​បាន​និយាយ ៖

ស្ត្រី  2: គំនិត​ជាច្រើន​បាន​កើត​ឡើង​ភ្លាមៗ! រឿង​មួយ​ដែល​ខ្ញុំ​បាន​គិត​គឺ​ថា វា​ងាយ​ស្រួល​ដើម្បី​ចងភ្ជាប់​នូវ​តម្លៃ និង អត្តសញ្ញា​អ្នក​នឹង​ជោគជ័យ​ ៖ ខ្ញុំ​មិន​ទាន់រៀបការ​ទេ ឬ​ខ្ញុំ​មិន​ទាន់​មាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញា ឬ​អនុបណ្ឌិត​ទេ ឬ​រឿងដែល​អ្នកសម្រេច​បាន ឬ​មិន​បាន​ធ្វើ ។

បុរស  2: ការ​ថែរក្សា​ជីវិត​ខាង​វិញ្ញាណ​ដែល​យើង​មាន​កាល​យើង​បម្រើ​ព្រះអម្ចាស់​ពេញម៉ោង ។ នោះ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​ត្រូវ​ជ្រើសរើស​រាល់ថ្ងៃ មិន​ថា​ខ្ញុំ​អាច​បន្ត​ធ្វើ​ទម្លាប់​ដដែល​ដែល​ខ្ញុំ​បាន​មាន​នៅ​បេសកកម្ម​បាន​ដែរ​ឬអត់​នោះទេ ។

បុរស  1: រឿង​ធំបំផុត​មួយ​ដែល​នាំ​ព្រះវិញ្ញាណ​មក​ក្នុង​ជីវិត​យើងក្នុង​បេសកកម្ម​គឺ​ឱកាស​យើង​ដើម្បី​បម្រើ និង​ថ្លែងទីបន្ទាល់ដែល​បន្ត​តាមរយៈ​ការ​បង្រៀន និង​ការ​សួរ​សុខទុក្ខ​តាម​ផ្ទះ និង​តាមរយៈការ​រាប់អាន---ដោយ​មាន​ឱកាស​ធ្វើ​រឿង​ដ៏​មាន​តម្លៃ​ជាច្រើន ។ ហើយ​ព្រះវិញ្ញាណ​ដូចគ្នា​នោះ​អាច​គង់​ជាមួយ​យើង ពេល​យើង​បម្រើ​ដល់​អ្នកដទៃ ។

បុរស  3: ការ​ស្វែងរកតុល្យភាព​ត្រឹមត្រូវ​រវាង​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ និង​ការ​បំផុស​គំនិត​ក្នុង​ការ​សម្រេច​ចិត្ត​ដែល​អ្នក​ធ្វើ​ក្នុង​ជីវិត និង​ការ​ធ្វើ​វា​ដោយ​ខ្លួន​ឯង ។ អ្នកខ្លះទំនង​ដូចជា​គេ​មាន​ការ​ដឹកនាំ​ច្រើន​ពី​ព្រះអម្ចាស់ ។ ហើយ​ខ្លះ​ទៀត ត្រូវ​ធ្វើ​កិច្ចការ​ជាច្រើន ពី​មុន​គេ​ដឹង​ថា អ្វីខុស អ្វី​ត្រូវ​នោះ ។

ស្ត្រី  1: រឿង​មួយ​សំខាន់ ដូចជា​ពរជ័យ​ដែល​បាន​ពន្យា​ពេល និង​ការ​យល់ថា វា​នឹង​កើត​ឡើង​នៅ​ពេល​ណាមួយ ។ តែ​ត្រូវ​តែ​មាន​ជំនឿ ហើយ​ទុកចិត្ត ហើយ​ដាក់​ឆន្ទៈ​យើង​នឹង​ព្រះវរបិតា​សួគ៌ ។

ស្ត្រី  3: ហេតុអ្វី​រឿង​អាក្រក់​កើត​ចំពោះ​មនុស្សល្អ ? ឬ​រឿង​លំបាក---រឿង​ដ៏​លំបាក​បំផុត---កើត​ឡើង​ចំពោះ​មនុស្ស​ល្អ ? នោះ​ជា​រឿងមួយ​ដែល​ខ្ញុំ​បាន​គិត ។ ឧទាហរណ៍ ខ្ញុំ​ទើបដឹងថា ឪពុកខ្ញុំ​មាន​ជំងឺ​មហារីក ។ ហើយ​ខ្ញុំ​បាន​គិត​ថា « ហេតុអ្វី​បាន​ជា​នោះ​អាច​កើត​ឡើង​លើ​បុរស​ម្នាក់​នេះដែល​ខិតខំ​បម្រើ​យ៉ាង​ខ្លាំងដូច្នេះទៅវិញ ?»

មិន​ថា​ឧបសគ្គ​ជា​អ្វី​នោះ​ទេ ខ្ញុំ​ថ្លែងទីបន្ទាល់ថា ប្រធាន​បទ​ដែល​យើង​នឹង​ពិភាក្សា​នា​ល្ងាច​នេះ ​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​វា​បាន ។

ដើម្បីចាប់ផ្ដើម ចូរ​យើង​គិតមួយ​ភ្លែត​សិនពី​ការប្រជុំធម្មនិដ្ឋាន​ស៊ី.អ៊ី.អែស​ របស់​យើង​កាល​ពី​លើក​មុន ។ ក្នុង​ពរជ័យ​របស់​សាវក​ដែល​អែលឌើរ រ័សុល  អិម ណិលសុន បាន​ប្រកាស​នៅ​ពេល​នោះ ។ លោក​ថ្លែងថា « ខ្ញុំ​ប្រទានពរ​អ្នក...ថា ព្រះទ័យ [ព្រះ] ​នឹង​បាន​សម្រេច​តាមរយៈអ្នក និង​ដោយ​សារ​អ្នក » ។3សូម​គិត​ពី​ឥទ្ធិពល​នៃ​ពាក្យ​ទាំងនេះ ។ បើ​ព្រះទ័យ​ព្រះ​ត្រូវ​បាន​សម្រេច​ដោយសារ​យើង និង​តាមរយៈយើង នោះ​ឆន្ទៈយើង​នឹង​ត្រូវ​ដូចគ្នា​នឹង​ព្រះទ័យ​ព្រះ​ដែរ ។ យើង​ត្រូវតែ​ចង់​បាន​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ ។

មាន​គ្រាមួយ អែលឌើរ នែល  អេ ម៉ាក់ស្វែល បាន​ថ្លែង​ថា ៖ « ពេល​អ្នក​ដាក់ឆន្ទៈអ្នកថ្វាយ​ព្រះ អ្នក​កំពុង​ថ្វាយ​ទ្រង់​នូវ​វត្ថុ តែមួយ​គត់ ដែល​អ្នកពិតជា អាច ថ្វាយ​ទ្រង់ នោះ​គឺជា​ឆន្ទៈអ្នក​ដើម្បី​ថ្វាយ​ទ្រង់ ។ កុំ​ចាំស្វែងរក​អសនៈ ឬ​ចាប់ផ្ដើម​ដាក់​អំណោយ​នៃ​ឆន្ទៈអ្នក​នៅ​លើ​វានោះយូរពេក !»4

ល្ងាចនេះ ខ្ញុំ​អញ្ជើញ​អ្នក​ឲ្យ​គិត​ជាមួយ​ខ្ញុំ​ពី​សំណួរ​ចំនួន​បី ៖ (1) តើ​ពាក្យ ឆន្ទៈ មាន​ន័យ​ដូចម្ដេច ? (2) តើ​យើង​ថ្វាយ​ឆន្ទៈ​យើង​ដល់​ព្រះ​តាមរបៀប​ណា ? និង(3) តើ​យើងអាច​ដឹងថា​ យើងកំពុង​មាន​ជោគជ័យ​តាមរបៀបណា ?

ទីមួយ តើ​ពាក្យ ឆន្ទៈ មាន​ន័យ​ដូចម្ដេច ? ជារឿយៗ យើង​មិន​និយាយពី​ឆន្ទៈ ទេ យ៉ាង​ហោច​ណាស់​​ប្រើ​ពាក្យ​នោះ ។ ពេលខ្លះ​យើង​និយាយថា « ការតាំងចិត្ត » ។ ឧទាហរណ៍ « ខ្ញុំមិន​អាច​ឃាត់​ចិត្ត​មិនហូបនំ ឈីសខេក នោះ​បាន​ទេ »។ ដូច្នះ ឆន្ទៈ គឺជា « ចិត្ត​រេទៅធ្វើ​អ្វី​មួយ »​​5​​   ជា​ក្ដីប្រាថ្នា​ដែល​នាំ​ឲ្យ​យើង​ធ្វើ​សកម្មភាព ។

បើ​អ្នក​សួរ​មនុស្ស​នៅ​អាមេរិកឲ្យ​ប្រាប់​នូវ​វត្ថុដ៏សំខាន់​បំផុត​សម្រាប់​សុខភាព​រាងកាយ​យើងចំនួនពីរ នោះ​ជិត 95  ភាគរយនិយាយថា « របប​អាហារ និង​ ហាត់ប្រាណ » ---ដូចជា​យើងបាន​គិត ។ រួច បើ​អ្នក​សួរ​មនុស្សដដែល​នេះ​ថា « តើ​អ្នក​ហូប​អាហារត្រឹមត្រូវ ហើយ ហាត់ប្រាណ​គ្រប់គ្រាន់ដែរឬទេ ?» តើ​អ្នក​គិតថា គេ​នឹង​និយាយ​​យ៉ាង​ណា​ដែរ ? រវាង​ពី 5  ទៅ 10  ភាគរយ និយាយ​ថា​ពួកគេ​បាន​ធ្វើ ។ មាន​នូវកត្តា​ច្បាស់លាស់​មួយ​រវាង​ការ​ដឹង​អ្វីមួយ និង​ការ​ធ្វើ​វា ។ មនុស្ស​ភាគច្រើន​ដឹង​ពីអ្វី​ដែល​ពួកគេ​គួរ​ធ្វើ តែ​តិចតួចណាស់​ដែល​នឹងធ្វើ​វា ។

មាន​ឧទាហរណ៍​មួយ​ក្នុង​បេសកកម្ម​យើង​​បង្ហាញ​ថា ពេល​យើង​មាន​ជំនួយ​យើងអាច​បង្កើត​ឆន្ទៈនឹង​ធ្វើ​អ្វី​ដែល​យើង​ដឹង​ថា​យើង​គួរ​ធ្វើ ។

មាន​គ្រា​មួយ​​ ជំនួយ​ការ​យើង​ម្នាក់​បាន​និយាយ​ទៅ​ដៃគូគាត់ថា « ខ្ញុំ​ឡើងទម្ងន់​ជិត​ 14 គ.ក្រ តាំង​ពី​ខ្ញុំ​បម្រើ​បេសកកម្ម ។ ខ្ញុំ​មិនត្រឡប់​ទៅ​ផ្ទះ​ក្នុងរូបរាង​បែបនេះ​ទេ ។ តើ​ឯង​អាច​ជួយ​ខ្ញុំ​សម្រក​ទម្ងន់ខ្លះ​បាន​ទេ ?» (គាត់​ធ្លាប់ក្នុង​ក្រុម​កីឡា​បាល់បោះ ហើយ​គាត់​មិន​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​បែប​នោះទេ ) ។

ដៃគូគាត់​យល់ព្រម ។

ក្រោយពីនោះ​មិនយូរ​ប៉ុន្មាន ខ្ញុំបាន​ដើរ​ពី​ក្រោយ​អ្នកផ្សាយ​សាសនា​ទាំងពីរ​នាក់​នេះ​ក្នុង​ជួរ​ហូប​អាហារ​ប៊ូហ្វេមួយ ។ អ្នកផ្សាយ​សាសនា​ដែល​ចង់​ស្រក​ទម្ងន់​បាន​ដើរ​ទៅ​យក​នំ ប្រោននី ។ ដៃគូគាត់​បាន​ខ្សឹបដាក់ត្រចៀក​ប្រាប់​ថា « កុំ​យក​វា​អី » ។

ដោយ​រៀង​ឃ្លាន​បន្តិច អ្នកផ្សាយសាសនា​នោះ​បាន​តប​វិញ​ថា « ខ្ញុំ​ត្រូវ​តែ​យក​វា » ។

ដៃគូគាត់ប្រាប់ថា « ទេ​កុំ​យក​វា ឯង​មិន​ត្រូវការ​វា​ទេ » ។

អ្នកផ្សាយ​សាសនា​មិន​បាន​យក​នំ​ ប្រោននី នោះ​ឡើយ ។

អ្នកផ្សាយ​សាសនានោះ​ច​ង់​ស្រក​ទម្ងន់ តែ​គាត់​ត្រូវការ​ជំនួយ​ឲ្យ​យក​ឈ្នះ​លើ​ក្ដីប្រាថ្នា​គាត់​ចង់​បាន​នំ ប្រោននី នោះ ។ សូម​ចាំពី​ឃ្លា​ក្នុង​បទចម្រៀង​នោះ​ដែល​ចែងថា « តើ​ខ្ញុំ​នឹង​ជួយ​ពួកគេ​ឲ្យ​​ខិតខំ​តាម​របៀប​ណា ? » ដៃគូ​នោះ​កំពុង​ជួយ​មិត្ត​ខ្លួន​ឲ្យ​ខិតខំ​ធ្វើ​អ្វី​ដែល​គាត់​ពិត​ជា​ចង់​ធ្វើ​ តែ​មិន​អាច​ធ្វើ​បាន​បើ​គ្មាន​ជំនួយ​បន្តិចបន្តួច​ពី​មនុស្ស​ម្នាក់​ផ្សេងទៀត​នោះ ។ គាត់​កំពុង​ព្យាយាម​ជួយ​អ្នក​ផ្សាយ​សាសនា​នោះ​ឲ្យ​មើល​ឃើញ​ថា ក្ដីប្រាថ្នាគាត់​ដើម្បី​មាន​សុខភាព​ល្អអាច​យក​ឈ្នះ​លើ​ក្ដីប្រាថ្នា​គាត់ចង់​បាន​នំ​ ប្រោននី នោះ ។ គាត់​បា​នព្យាយាម​ជួ​យ​អ្នកផ្សាយ​សាសនា​នោះ​ឲ្យ​ពង្រឹង ឆន្ទៈ ខ្លួន ។

មារសត្រូវ​នឹង​ធ្វើ​ឲ្យ​យើង​ជឿថា គ្មាន​រឿង​បែបនោះ​ឡើយ---ថា​យើង​គ្មាន​ជម្រើសទេ យើង​ត្រូវធ្វើ​តាម​ក្ដីប្រាថ្នាពី​ធម្មជាតិ​របស់​យើង---ដើម្បី​ហូប​នំ ប្រោននី ឲ្យ​បាន​ច្រើន​តាម​យើងអាច​ធ្វើ​បាន ។ មាន​មនុស្ស​ខ្លះ​បាន​ជឿ​ទាំងខុស​ថា ឆន្ទៈ​យើង​ត្រូវបាន​កំណត់​ដោយ​ហ្សេន​យើង ហើយ​ថា​យើងមិន​អាច​គ្រប់គ្រង​វា​បាន​ឡើយ ។

ដើម្បីបង្ហាញ​ថាសំណួរ​នេះ​សំខាន់​ប៉ុណ្ណា ខ្ញុំ​សូមចែកចាយ​នូវ​ពាក្យ​ដកស្រង់​មួយ​ពី​អត្ថបទ​ព័ត៌មាន​មួយ​ថ្មីៗ​នេះ ។ អ្នកនិពន្ធ​នោះ​ជា​សាស្ត្រាចារ្យ​ផ្នែកជីវសាស្ត្រ ។ នេះ​ជា​របៀប​ដែល​គាត់​ចាប់​ផ្ដើមការ​និពន្ធគាត់​ដែល​មាន​ចំណង​ជើង​ថា « ហេតុអ្វីបាន​ជា​យើង​គ្មាន​នូវ​សម្បជញ្ញៈ » ។ ចំណង​ជើង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍ ដោយសារ ក្នុងនាម​ជា​សមាជិក​សាសនាចក្រ​ម្នាក់ ខ្ញុំ​ដឹងថា យើងពិត ជា​មាន​ឆន្ទៈ ។

គាត់ពន្យល់ថា ការ​សម្រេចចិត្ត​ដែល​យើង​គិត​ថា​យើង​ធ្វើ យើង​មិន​អាច​ធ្វើ​វា​បាន​ឡើយ ។ វាបាន​និយាយ​ពីការ​ជ្រើសរើស​ដែល​យើង​ធ្វើ​សម្រាប់​អាហារ​ពេល​ព្រឹក​នៅព្រឹក​នេះថា ៖ « អ្នកអាច មាន​អារម្មណ៍ ថា អ្នក​ដូចជា​បាន​ធ្វើ​ការ​ជ្រើសរើស តែ​តាម​ពិត​ការ​សម្រេចិត្ត​អ្នក ...ហូប​ស៊ុត ឬ នំ ផែនខេក [ព្រឹកនេះ] ត្រូវ​បាន​កំណត់យូរ​មក​ហើយ ពី​មុន​អ្នក​ដឹង​ទៅទៀត---ប្រហែល​ជាតាំងពី​មុន​អ្នក​ក្រោក​ពី​ដេក​ថ្ងៃ​នេះ​ទៅទៀត​ផង ។ ហើយ ‹ឆន្ទៈ› អ្នក​គ្មាន​ចំណែក​ក្នុងការ​សម្រេច​ចិត្ត​នោះ​ឡើយ » ។6

ដូច្នេះ គាត់កំពុង​និយាយ​ថា យើង​គ្មាន​ឆន្ទៈ គ្មាន​ការ​គ្រប់គ្រង​លើ​ក្ដីប្រាថ្នា​យើង​ទេ ។ យើង​គ្រាន់តែ​ធ្វើ​តាម​អ្វី​ក៏​ដោយ​ដែល​ហ្សេន​យើង​បញ្ជា​។ ពេល​ខ្ញុំ​អាន​អត្ថបទនេះ ខ្ញុំចង់ប្រាប់គាត់ពី​អ្នកផ្សាយ​សាសនា​យើង ។ គាត់​ពិត​ជា​បាន​ធ្វើ​ការ​ជ្រើសរើស ។ គាត់​ពិត​បាន​ស្រក​ទម្ងន់ជិត 14 គ.ក្រ ។ ឆន្ទៈ គាត់​យក​ឈ្នះ​លើ​ក្ដីប្រាថ្នា​ខាង​រូបកាយ​គាត់​ ។

យើង​រៀន​ក្នុង​វិវរណៈ ទាំង​ពីបុរាណ និង សម័យទំនើប ថា យើងពិត ជា​មាន​សិទ្ធិជ្រើសរើស ថា​យើង​ពិត​ជា​មាន​ឆន្ទៈ ថា​យើងពិត​ជាមាន​ក្ដីប្រាថ្នា ហើយ​ថា​ក្ដីប្រាថ្នាទាំងនោះ​អាច​ផ្លាស់ប្ដូរ​បាន ។ ក្នុង​សន្និសីទទូទៅ​ថ្មីៗ​នេះ អែលឌើរ រ័សុល  អិម ណិលសុន បាន​ថ្លែងថា ៖ « យើង​អាច​ផ្លាស់ប្ដូរ​ឥរិយា​បថ​យើង​បាន ។ រាល់ក្ដីប្រាថ្នា​យើង​អាច​កែប្រែ​បាន​ ។ តាម​របៀប​ណា ?...ការ​ផ្លាស់ប្ដូរ​ជានិរន្តរ៍...អាច​កើត​មាន​តែ​តាមរយៈព្រះចេស្ដា​ព្យាបាល សម្អាត ហើយ​ជួយ នៃ​ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទប៉ុណ្ណោះ » ។7

ពេល​អែលឌើរ ម៉ាក់ស្វែល បាន​ថ្លែងថា ឆន្ទៈយើងជា​វត្ថុតែ​មួយ​គត់​ដែល​យើងអាច​ថ្វាយ​ដល់ព្រះ លោក​កំពុងបង្រៀន​ថា អ្វីផ្សេងទៀត​ដែល​យើង​ថ្វាយ​ដល់ទ្រង់វិញ ​ជាអ្វី​មួយ​ដែល​ព្រះប្រទាន​ដល់​យើងរួច​ហើយ ។ ពេល​យើង​ថ្វាយ​ដង្វាយ​មួយភាគ​ដប់ និង​ដង្វាយ​ផ្សេងៗ យើង​គ្រាន់តែ​ថ្វាយ​ត្រឡប់ទៅព្រះ​វិញ​នូវ​អ្វីដែល​ទ្រង់​ប្រទានយើង​មុន ។ ឧទាហរណ៍ រាល់ប្រាក់ដែល​យើង​រក​បាន​ក្នុង​ជីវិត​នេះ កើត​មាន​ចំពោះ​យើង​ដោយសារ​ការ​បង្កបង្កើត​របស់​ព្រះ ។ បើ​យើង​ថ្វាយ​ពេល​វេលា​យើង យើង​ថ្វាយ​នូវ​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​រួចហើយ---ជាពេលវេលា​យើង​លើ​ផែនដីនេះ ។ តែ​ពេល​យើង​ថ្វាយឆន្ទៈយើង​ដល់​ទ្រង់ នេះ​ជា​អំណោយ​មួយ​ដ៏វិសេសវិសាល​ដែល​យើង​ថ្វាយ ។ ពេល​យើង​ថ្វាយ​ឆន្ទៈ​យើង យើង​ថ្វាយ​ខ្លួន​យើង​ទាំងស្រុង ដោយ​គ្មាន​ទុកអ្វីសោះ ។

នេះ​ជាអ្វី​ដែល​មិត្ត​ខ្ញុំ​បាន​និយាយ​ពេល​ខ្ញុំ​បាន​សុំ​ឲ្យ​ពួកគេ​ស្រាវជ្រាវ​បទគម្ពីរ រួច​ផ្ដល់​ជា​គំនិត​របស់​ពួកគេ​ស្ដីពី​អត្ថន័យ​នៃ​ពាក្យ​ឆន្ទៈ ៖

បុរស  3: ការ « ព្រមទទួល​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់​ទ្រង់​ទតឃើញ​ថាល្អ[ចំពោះ​ពួកគេ] ដូចជាកូន​ក្មេង​ព្រម​ធ្វើ​តាម​ឪពុក​ខ្លូន » ។8 ដូច្នេះ វា​និយាយ​ពីការ​ងាក​ទៅរក ការទទួល​យក និង​ការ​យល់ព្រម ។ រួច​យើង​បាន​និយាយពី​វាបន្តិច​ ហើយ​វា​នាំ​យើង​ទៅ​រក​បទគម្ពីរ​ផ្សេងទៀត​ក្នុង​ហេលេមិន​ទី 3 ។

បុរស  1: ហេលេមិន3:35--- « មែនហើយ គឺ​រហូត​ដល់​ធ្វើ​ឲ្យ​ចិត្ត​គេ​បរិសុទ្ធ ហើយ​ញែក​ចិត្ត​គេ​ចេញ​ជា​បរិសុទ្ធ រីឯ​ការ​ញែក​ចិត្ត​ចេញ​បរិសុទ្ធ​បាន​មកដោយ​សារ​ពួកគេ​បាន​ប្រគល់ចិត្ត​ដល់​ព្រះ »។

បុរស  3: ខ្ញុំ​ដឹងថា ការណ៍​នេះ​មិន​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​ទេ តែវា​ពិត​ជា​ដំណើរ​ការ​មួយ​ដែល​កើតឡើង​តាម​ពេលវេលា និង​ការ​ខិតខំ ។

បុរស 2: ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា​អ្នក​ទទួល​បាន​កម្លាំង ។ ពេល​អ្នក​ធ្វើ​ការ​ជ្រើសរើស​ត្រឹមត្រូវ វា​ងាយ​នឹង​ធ្វើ​ជ្រើសរើស​ត្រឹមត្រូវ​នៅ​ពេល​ក្រោយ ។ ការ​អធិស្ឋាន និង​ការ​សិក្សា​ព្រះគម្ពីរ​រាល់ថ្ងៃ ព្រម​ទាំង​ការ​គិត និង​ការ​សរសេរ​កំណត់ហេតុ ។

ស្ត្រី  2: ក្នុង​ម៉ូសាយ 5:2 ចែង​ពី​របៀប​ដែល​គេ​ពិពណ៌នាពីការ​ផ្លាស់ប្ដូរ​ដ៏ធំ​ក្នុង​ខ្លួន​យើង និង​ក្នុង​ចិត្ត​យើងរហូត​ដល់​យើងគ្មាន « បំណង​នឹងប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើល្អ​ជានិច្ច​វិញ » ។

ស្ត្រី  1: វា​គួរ​ឲ្យ​អស់​សំណើច​ណាស់ ដោយសារ​យើង​បាន​អាន​បទគម្ពីរ​ដូចគ្នា តែ​យើងការ​សន្ទនា​ខុស​គ្នា​ទាំងស្រុង ។ ខ្ញុំ​បាន​គិត​ថា​វា​អស្ចារ្យ​ណាស់​នៅ​ក្នុង​ហេលេមិន 3:35 ស្ដីពី​ការ​បែរ​ចិត្ត​យើង​មក​រក​ព្រះ និង​ពី​របៀប​ដែលធ្វើ​ឲ្យ​យើង​បរិសុទ្ធ ។ ខ្ញុំ​គិ​ត​ថា​ វា​ត្រូវ​ការ​ការ​ទុកចិត្តយ៉ាងច្រើន​ដើម្បី​បែរ​ទៅរក​ទ្រង់ ហើយ​និយាយ​ថា « ឥឡូវនេះ ខ្ញុំ​នឹង​ទុកចិត្ត​លើ​ផែនការ​ទ្រង់។ ខ្ញុំ​នឹង​ថ្វាយ​ឆន្ទៈ​ខ្ញុំ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់ប្រើវាធ្វើឲ្យ​ខ្ញុំ​ក្លាយ​ជាមនុស្ស​ដែល​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រែក្លាយ »។

បុរស  2: យើង​បាន​និយាយ​ពី​សង្គ្រាម​នៅ​ស្ថានសួគ៌---ពី​របៀប​ដែល​យើង​ច្បាំង​ដើម្បីសិទ្ធិជ្រើសរើស និង​របៀប​ដែល​យើង​សម្រេចចិត្ត​ដើរ​តាម​ព្រះគ្រីស្ទ ហើយ​ធ្វើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ ។ យើង​បាន​និយាយ​ពី​របៀបដែល​នៅ​ក្នុង​ជីវិតនេះ ភាគច្រើន​វា​ជា​ចម្បាំង​នៃឆន្ទៈ ៖ តើ​យើងនឹង​ចង់​បាន​អ្វី​ដែល​ព្រះគ្រីស្ទ​ចង់​បាន ក្លាយ​ដូចជាទ្រង់ ជាជាងគ្រាន់តែនិយាយ​ថា យើង​នឹងធ្វើ​រឿង​ដែល​ទ្រង់សុំ​ឲ្យ​យើងធ្វើ តើ​នឹង​យើង​ចង់​ធ្វើ​វា​ដែរទេ ?

ដូច្នេះ ការ​ថ្វាយ​ឆន្ទៈ​យើង​ដល់​ព្រះអម្ចាស់​ពុំ​មាន​ន័យ​ថា យើងថ្វាយ​សិទ្ធិជ្រើសរើស​យើង​នោះទេ ។ ការ​ផ្ទុយ​មាន​ពិត ។ កាល​ណា​យើង​ថ្វាយ​ឆន្ទៈ​យើង​ដល់ព្រះអម្ចាស់​កាន់តែច្រើន នោះ​សមត្ថភាព​អនុវត្ត​សិទ្ធិជ្រើសរើស​យើងកាន់តែចម្រើន​ឡើង​ថែមទៀត ។ ការ​ដឹង​អ្វី​ដែល​ព្រះចង់​ឲ្យ​យើងដឹង ការ​និយាយ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​យើង​និយាយ ការ​ធ្វើ​អ្វី​ដែល​​ទ្រង់​ចង់​យើ​ងធ្វើ នាំ​យើង​ឲ្យ​ក្លាយ​ជា​អ្វីដែល​ទ្រង់​ចង់​ឲ្យ​យើង​ប្រែក្លាយ ។ ព្រះ​ប្រទាន​សិទ្ធិ​ជ្រើសរើស​ដល់​យើង ដើម្បី​យើង​អាចងាកទៅ​រក​ទ្រង់ បើ​មិន​ដូច្នោះទេ យើង​អាច​ងាករក​ការ​ល្បួង ។

ពេល​អ្នក​មើល​ចូល​ឲ្យ​ជ្រៅ អ្នក​អាច​រកឃើញ​ក្ដីប្រាថ្នា​ដែល​នាំ​ទៅរក​សកម្មភាព​ដ៏មាន​តម្លៃ​បំផុត​របស់​អ្នក ។ អ្នក​នឹង​ឃើញ​ថា ខ្ញុំ​មិន​ថ្លែង​ថា « ការណ៍​នោះ​នាំ​ទៅរក​សកម្ម​ភាព​ផ្សេងទៀតឡើយ »---ដោយសារ​សកម្មភាព​យើងខ្លះ​មិន​ត្រូវបាន​កើត​ឡើង​ដោយ​ក្ដីប្រាថ្នាជ្រាលជ្រៅ ហើយ​រឹង​មាំ​បំផុត​របស់​យើង​ឡើយ ។ សកម្មភាពខ្លះកើត​ដោយ​គំនិត​បន្តិចបន្តួច ។ សកម្ម​ភាព​ខ្លះ​ទំនង​ជាផ្ទុយ​ទាំង​ស្រុង​នឹង​អ្វី​ដែល​យើង​ប្រាថ្នាចង់​បាន​យ៉ាង​ខ្លាំង ។

មាន​គ្រា​មួយ​ យុវជន​ម្នាក់​បាន​មក​រក​ខ្ញុំ​ឲ្យ​ជួយ​ក្នុង​ដំណើរ​ការ​ប្រែចិត្ត ។ កាល​រៀបរាប់ពី​ភាពសោក​ស្ដាយ​​ដែល​គាត់មាន​ចំពោះ​អ្វី​ដែល​គាត់បាន​ធ្វើ គាត់​បាន​ថ្លែង​ថា « ពេល​ក្រឡេក​មើល​ទៅក្រោយវិញ នោះ ខ្ញុំ​មិន​ចង់​ជឿ​ថា ខ្ញុំ​ធ្វើ​រឿង​នេះ​សោះ ។ វា​ហាក់ដូចជា​មនុស្ស​ម្នាក់ទៀត​ធ្វើ​រឿង​នេះ ពុំ​មែន​ជា​ខ្ញុំ​នោះ​ទេ » ។ ក្នុងចិត្ត​គាត់ គាត់​មិន​ចង់​ធ្វើ​អ្វីដែល​គាត់​បាន​ធ្វើ​ឡើយ តែ​ពេល​មនុស្ស​ខាង​សាច់ឈាម​បាន​គ្រប់គ្រង​ខ្លួន​គាត់ បាន​ធ្វើ​ឲ្យ​​គាត់​ងាក​រកការ​ល្បួង​នៃ​មារសត្រូវ ជាជាង​ងាករក​ព្រះវិញ្ញាណ​បរិសុទ្ធ ដែលទ្រង់​នឹង​ជួយគាត់​ឲ្យ​តតាំង​នឹង​ការ​ល្បួង ។9 គាត់​បាន​និយាយ​ពី​ឆន្ទៈ ។ គាត់​ចង់​ធ្វើ​ជាមនុស្ស​ល្អ តែ​​មាន​ផ្នែក​ខ្លះ---ជា​កត្តាខ្លះ​ក្នុង​ឆន្ទៈគាត់---មិន​បាន​ងាកទៅ ។ គាត់​បាន​លាក់បាំង​ផ្នែក​តូចនោះ ហើយ​នោះ​ជា​អ្វី​ដែល​នាំគាត់​ឲ្យ​ធ្វើ​អ្វី​មួយដែល​គាត់​បាន​សោកស្ដាយ ។ តែ​គាត់​បាន​មក​រក​អ្នក​ដឹកនាំ​បព្វជិតភាព​ឲ្យ​កែតម្រូវរឿង​ទាំងឡាយ---ដើម្បី​ក្លាយ​ជាមនុស្សដូចពីមុន ជា​បុត្រា​ស្មោះត្រង់​ម្នាក់​នៃ​ព្រះវរបិតា​គាត់ ។ គាត់​បាន​មកដើម្បី​គាត់​អាច​សាកល្បង​ងាក​រាល់ឆន្ទៈ​គាត់​ រក​ព្រះអម្ចាស់ ដោយ​មិន​លាក់​បាំង​អ្វី​ទាំងអស់​នៅ​ពេល​នេះ ។

យុវជន​រូបនេះជួប​នឹង​ការ​ផ្លាស់ប្ដូរ​ដូងចិត្ត​មួយ ។ គាត់ « ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិតទៀត​ឡើយ ប៉ុន្តែចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ » ។10 ក្ដីប្រាថ្នាគាត់បាន​ផ្លាស់​ប្ដូរ ហើយ​ដោយសារ​បំណង​គាត់​ផ្លាស់ប្ដូរការ​ប្រព្រឹត្ត​គាត់​ដ៏​ផ្លាស់ប្ដូរ​ដែរ ។ គាត់បាន​ដាក់​មនុស្ស​ខាង​សាច់ឈាម​ចុះ ហើយ​ងាក​ឱប​ក្រសោប​យក​ព្រះវិញ្ញាណ ។ ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​ជាការ​ផ្លាស់ប្ដូរបំណង ពុំ​មែន​គ្រាន់តែ​ទង្វើរ​នោះ​ទេ ។ យើង​ត្រូវ​ធ្វើ​រឿង​ល្អ តែ​លើស​ពី​នោះ​ទៀត យើង​ត្រូវធ្វើ​វាដោយ​ហេតុផល​ត្រូវត្រឹម ។

ក្រាហ្វិក៖ ឌីយ៉ាក្រាម

រូបភាព​នេះ​ជួយ​ខ្ញុំ​យល់​ពី​ទំនាក់ទំនង​រវាង​បំណង ឬ​ក្ដីប្រាថ្នា​យើង និងទង្វើ​យើង ។ ពេល​យើង​ដើរ​លើ​ផ្លូវ​សេចក្ដីសញ្ញានៃ​ភាពជាសិស្ស បំណងយើង​បរិសុទ្ធ ហើយ​ទង្វើរ​យើងសុចរិត ។ យើង​ធ្វើ​រឿងល្អ​ដោយសារ​យើង​ស្រឡាញ់​ព្រះអម្ចាស់ និង​កូនចៅទ្រង់ ។ តែ​វា​ក៏អាចធ្វើ​រឿងល្អ​មួយ​ដោយ​មាន​បំណង​មិន​សុចរិត​ដែរ ។ រួច​យើង​នឹង​ដើរ​តួជា​មនុស្ស​លាក់ពុត---យើង​ធ្វើ​ល្អ​ដោយសារយើង​ចង់​ឲ្យឃើញ​ថា​ខ្លួន​ល្អ ឬ​ដោយសារ​យើង​ចង់​ឲ្យមើល​ទៅ​ល្អ​ជាង​មនុស្ស​ផ្សេងទៀត ។

បើ​យើងធ្វើ​ទង្វើរ​ទុច្ចរិតដោយ​បំណង​ទុច្ចរិត ដូចជា​បទគម្ពីរ​បាន​ចែង គឺ​ថា​យើង « [កំពុង​បះបោរ] ដោយ​ចេតនា​ទាស់​នឹង​ព្រះ » ។11 ជន​បែប​នេះមាន​មោទនភាព​ចំពោះ​រឿង​អាក្រក់​ដែល​គេធ្វើ ។ តែ​ពេល​យើង​ពិត​ជា​ចង់ធ្វើ​ល្អ តែ​បាន​រំអិលដួល យើង​កំពុងងាករក​មនុស្ស​ខាង​សាច់ឈាម​ដែល​នៅ​ក្នុង​ខ្លួន​យើង ។ ពេល​យើង​រក​ឃើញថា ខ្លួន​ឯងស្ថិត​នៅ​លើ​ផ្លូវ​ផ្សេង​ក្រៅពី​ផ្លូវ​នៃ​ភាព​ជាសិស្ស យើង​ត្រូវ​ងាក​ទៅរក​ព្រះចេស្ដា​នៃដង្វាយធួន​ដោយ​ការ​ប្រែចិត្ត ហើយ​យើង​បាន​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ​ម្ដងទៀត ។

ដំណើរការ​ប្រែចិត្ត​នេះគឺពិត​ជា​ដំណើរ​ការ​ផ្លាស់ប្ដូរ​ក្ដីប្រាថ្នា ។ វា​ជា​ដំណើរការ​នៃការ​រក​កន្លែង​សម្រាប់​ព្រះវិញ្ញាណ ។ ហើយ​ពេលយើង​ទុក​កន្លែង​ឲ្យ​ព្រះវិញ្ញាណ នោះ​គ្មាន​កន្លែង​សម្រាប់​អំពើ​បាប​ឡើយ ។

ដូច្នេះ ឆន្ទៈយើង​នឹង​ក្លាយជា​កម្លាំង​រួបរួម​នៃ​ក្ដីប្រាថ្នា ឬ​បំណង​យើង ។ ឆន្ទៈយើង​នឹង​បង្ហាញ​នូវ​រាល់​ទង្វើរ​យើង ។ តើ​យើង​ពង្រឹង​ឆន្ទៈយើង​តាមរបៀបណា ? តើ​យើងអាច​ថ្វាយ​ឆន្ទៈ​យើង​ដល់​ព្រះអម្ចាស់​តា​ម​របៀប​ណា ? ខ្ញុំ​អញ្ជើញ​ក្រុម​ចម្រៀង​ឲ្យ​ច្រៀង​ម្ដងទៀត​នូវ​វគ្គបន្ទរ​នៃ​បទចម្រៀង ដែល​គេ​ច្រៀង​ពេល​បើក​កម្មវិធីល្ងាចនេះ​ ។ សូម​ស្ដាប់​ពាក្យ​ទាំងនោះដោយ​យក​ចិត្តទុកដាក់ ។

ខ្ញុំ​នឹង​និយាយ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​និយាយ ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ទ្រង់​ចង់​បាន ។
ខ្ញុំ​នឹង​ធ្វើ​ជា​សាក្សី​ដល់​ពិភពលោក​ពី​បុត្រា​របស់​ព្រះ ។
ខ្ញុំ​នឹង​ថ្វាយ​ខ្លួន​ដល់​ទ្រង់— ទាំងចិត្ត ឆន្ទៈ និង​ព្រលឹងខ្ញុំ ។
ខ្ញុំ​នឹង​ច្រៀងពី​ក្ដីស្រឡាញ់​ប្រោសលោះ ជា​ចម្រៀង​ដែល​ព្យាបាល​ខ្ញុំ​ជានិច្ច ។12

យើង​អាចថ្លែង​អ្វី​ដែល​ទ្រង់​ចង់​ថ្លែង ។

កាល​បម្រើ​ជា​ប្រធាន​ស្តេក ខ្ញុំ​បាន​សម្ភាស​ប្អូន​ស្រី​ម្នាក់​ដែល​ទើប​រៀបការ​ថ្មីៗ ។ ខ្ញុំ​បាន​សួរ​ថា « តើ​ការរៀបការ​ប្អូន​យ៉ាង​ម៉េចដែរ ? »

នាង​តប​ថា « ខ្ញុំ​គិត​ថា មិនអីទេ ។ យើង​មិន​ឈ្លោះ​គ្នា​ច្រើន​ទេ » ។

ខ្ញុំ​បាន​សួរ​ថា « តើ​ប្អូន​ចង់​មាន​ន័យយ៉ាង​ម៉េចដែរ មិន​ច្រើន​ទេ នោះ ? »

នាង​ថ្លែង​ថា « លោក​ដឹងស្រាប់​ហើយ គូស្វាមី​ភរិយា​តែង​ឈ្លោះ​គ្នា » ។

ខ្ញុំ​តប​ថា « មិន​គ្រប់​គ្នា​ទេ ។ ភរិយាខ្ញុំ និង​ខ្ញុំ​មិន​ឈ្លោះ​គ្នា​ទេ ។ ឪពុកម្ដាយ​ខ្ញុំ​ក៏​អត់​ដែរ » ។

រួច​យើង​បាន​មាន​ការសន្ទនា​មួយ​ដ៏​ល្អ​ស្ដីពី​របៀប​ដែល​នាង និង​ស្វាមី​នាង​អាច​និយាយ​រក​គ្នា​ដោយ​ក្ដីស្រឡាញ់ ជាជាង​ដោយ​ខឹង ឬដោយ​ភាព​គ្រោតគ្រាត ។

យើង​អាច​និយាយ​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​និយាយ ។ យើងអាច​បំបាត់​ភាពគ្រោតគ្រាតចេញ​ពី​សម្ដី​ និង​ សំឡេង​យើង​បាន ។ យើង​អាច​លើកស្ទួច​គ្នាជាជាង​រិះគន់​គ្នា​ទៅវិញទៅមក ។

គ្រាមួយ ខ្ញុំ​បាន​អមដំណើរ​អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន ទៅ​រៀប​ចំ​គណៈប្រធាន​ស្ដេក​មួយ​ឡើងវិញ ។ ពេល​យើងដើរ​ចូល​ក្នុង​សណ្ឋាគារដែល​យើង​ស្នាក់នៅ លោក​បាន​ស្គាល់​ស្មៀន​នៅ​សណ្ឋាគារ​នោះ ហើយ​បាន​សួរ​នាង​ថា « តើ​មិត្ត​ប្រុសដ៏​ល្អរបស់​ប្អូន​យ៉ាង​ម៉េ​ច​ហើយ ? »

នាង​តប​ថា « អូ៎ យើង​ចែក​ផ្លូវ​គ្នា​ពីរ​បី​សប្ដាហ៍​មុន » ។

លោក​ថ្លែង​ថា « មិនអី​ទេ ប្អូន​នឹង​រក​ម្នាក់ទៀត ហើយ​គាត់​នឹង​ល្អ​ជាង​អ្នក​មុនទៀត » ។

នាង​ញញឹម ហើយ​យើង​បន្ត​ដើរ​ទៅទៀត ។ លុះស្អែក​ឡើង ខ្ញុំ​បាន​មើលពេល​អែលឌើរ ហូរឡិន ​សរសើរសមាជិក និង​អ្នកដឹកនាំម្ដងម្នាក់ៗ ។ លោក​ធ្វើ​វាយ៉ាងងាយ​តាម​ធម្មជាតិរហូត​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដែល​យើង​បាន​ជួប​មាន​អារម្មណ៍​ល្អពី​ខ្លួន​ឯង និង​ពី​ជីវិត---ដោយ​សារ​លោក​បាន​លើក​ពួកគេ​ឡើង ។

យើង​គ្រប់គ្នា​អាច​ធ្វើ​កិច្ចការ​នេះ​បាន ។ បើ​ព្រះអម្ចាស់​គង់​នៅទីនេះ ទ្រង់នឹង​លើក​មនុស្សគ្រប់គ្នា​ឡើង​ឲ្យ​ដើរ​លើ​ផ្លូវទ្រង់ ដូចជា​ទ្រង់​បាន​ធ្វើ​ពេល​ទ្រង់គង់​លើ​ផែនដី​ដែរ ។ យើងគ្រប់គ្នា​អាច​និយាយ​អ្វី​ទ្រង់​ចង់ថ្លែង ។

ពេល​មនុស្ស​ម្នាក់​សួរ​ខ្ញុំថាតើ​ការ​បម្រើ​ជាមួយ​នឹង​ពួក​អ្នកមានសិទ្ធិអំណាច​ទូទៅ​យ៉ាង​ម៉េច​ដែរ រឿង​ដំបូង​​ដែល​ខ្ញុំ​គិត​ឃើញ​គឺ​ក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​ពេល​ខ្ញុំនៅ​ក្បែរ​ពួកលោក ។ មនុស្ស​ម្នាក់​អាចគិត​ថា ការ​ឈរ​នៅ​វេទិកា​ក្នុង​មជ្ឈមណ្ឌល​សន្និសីទទូទៅ​ជារឿង​គួរ​ឲ្យ​ភ័យ​ខ្លាច ដោយសារ​គណៈប្រធាន​ទីមួយ និងកូរ៉ុម​នៃ​ពួក​ដប់ពីរនាក់​អង្គុយ​ពី​ក្រោយ​អ្នក ពេល​អ្នកនិយាយ ។ ប៉ុន្តែ​ពួកគេផ្ដល់​ឲ្យ​អ្នក​នូវ​អារម្មណ៍​ថា អ្នកអាច​ធ្វើ​វាបាន ។

ពេលអ្នក​និយាយ​ចប់ភ្លាម ពួក​ដប់ពីរនាក់​បាន​ចាប់ដៃ​អ្នក ដើម្បី​អរគុណ​អ្នក​សម្រាប់​ការ​បរិច្ចាគ​របស់​អ្នក​នៅ​ក្នុងការ​ប្រជុំនោះ ពេល​អ្នក​ដើរ​ទៅ​កន្លែងអង្គុយ​អ្នក​វិញ ។ ពេល​រឿងនេះ​កើតឡើង​ជា​លើក​ដំបូង ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​បន្តិច ។ ខ្ញុំ​មិន​បាន​រំពឹងទុក​ថា ពួកលោក​មាន​ការ​រាក់ទាក់បែប​នោះ​ទេ តែ​ពួក​លោក​​បាន​ធ្វើ​ ។ ពួកលោកលើក​តម្លើង​មនុស្ស​គ្រប់គ្នា​នៅ​តាម​ផ្លូវ​ពួកលោក ដូចជា​ព្រះគ្រីស្ទ​បានធ្វើ ។ នេះ​ពិតជានិមិត្តរូប​របស់​​ប្រធាន​ម៉នសុន ។

ប្រធាន ម៉នសុន បង្ហាញ​ក្ដីស្រឡាញ់​ដល់​មនុស្ស​គ្រប់គ្នា ។ ក្រោយ​ពី​សម័យ​ប្រជុំ​មួយ​ក្នុង​សន្និសីទ​ខែតុលា ប្រធាន​ម៉នសុន បាន​ឃើញ​ក្មេង​ប្រុស​តូច​ម្នាក់​គ្រវី​ដៃ​ដាក់​លោក ។ លោក​បាន​បក់ដៃ​ឲ្យ​ក្មេងប្រុស​នោះ​មកជិត​លោក ។ រួចលោក​បាន​ចាប់ដៃ​ក្មេងប្រុស​នោះ ។ ក្មេង​ប្រុស​នោះមាន​ចិត្ត​រំភើប​ខ្លាំង​ណាស់ ។

នៅ​គ្រាមួយ​ទៀត ក្រោយ​ពី​ការ​សម្ដែង​មួយ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ ប្រធានម៉នសុន បាន​នៅ​ក្រោយ​ពី​ការ​ប្រជុំនោះ​ចាប់ដៃនឹង​យុវវ័យ​ជាច្រើន​តាម​ដែល​អាច​ធ្វើ​បាន ។ លោកបាន​ដើរ​ទៅ​លើ​វេទិកា ហើយ​សំដៅ​ទៅរក​យុវវ័យពិការ​មួយ​ក្រុម​ ។ ទោះជា​យុវវ័យ​ទាំងនេះ​មិន​អាច​និយាយ​មក​កាន់​ប្រធាន​ម៉នសុន ក្ដី តែ​ស្នាមញញឹម​លើ​ផ្ទៃមុខ​ពួកគេ​បាន​បង្ហាញពី​អំណរគុណដែល​ពួកគេ​មានចំពោះ​ការ​ចាប់ដៃ និង​រាក់ទាក់អស់ពីចិត្ត​នោះ ។

បើ​យើង​ឈោងជួយ​គ្នា​ទៅវិញ​ទៅមក នោះសមត្ថភាព​យើង​ដើម្បី​ជួយ​នឹង​កើនឡើងថែមទៀត ។ នេះ​ជា​ការ​គូសបញ្ជាក់ដ៏ច្បាស់បំផុត​មួយ​ថា យើង​កំពុង​ថ្វាយ​ឆន្ទៈយើង​ដល់​ព្រះ ។

ដូច្នេះ យើងអាច​និយាយ​អ្វី​ដែល​ព្រះអម្ចាស់​ចង់ឲ្យ​យើង​និយាយ ។ យើង​ក៏​អាច​ធ្វើ​អ្វី​ទ្រង់​ចង់​បាន​ដែរ ។ ពេល​ខ្លះ​ទង្វើរ​គឺ​សំខាន់​ជាងពាក្យ​សម្ដី ។

ពេល​យើងចិញ្ចឹម​គ្រួសារ​យើង ភរិយា​ខ្ញុំមាន​ជំងឺឆ្លង​ធ្ងន់ធ្ងរ​មួយ ហើយ​ត្រូវ​សម្រាក​នៅ​មន្ទីរ​ពេទ្យ ។ ខ្ញុំ​ខំ​រៀបចំម្ហូប​នៅ​លើ​តុ ហើយ​មើល​ថែ​កូនតូចៗទាំងប្រាំ​របស់​យើង កាល​គាត់បាន​ស្រួល​ខ្លួនឡើង​វិញ ។ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ការ​ច្រើន​ដើម្បី​រៀបចំ​អាហារ​នោះ​ទេ ។ អាហារ​ត្រូវ​បាន​យក​មក​ដល់​មាត់ទ្វារ​ផ្ទះ​យើង​ជា​បន្ត​បន្ទាប់---យ៉ាងច្រើន រហូត​ដល់​យើង​ហូប​វា​មិន​អស់ ។ ដូច្នេះ ខ្ញុំ​បាន​ចាប់ផ្ដើម​ដាក់​ម្ហូប​ទាំងនោះ​ក្នុង​ទូរទឹកកក​រហូតដល់​វា​ពេញ ។

ទង្វើរ​ទាំងនេះ​ទំនង​ជា​តូចបើ​ប្រៀបធៀប​នឹង​ទង្វើរ​នៃការ​បម្រើ​មួយចំនួន តែ​ខ្ញុំ​សូម​ប្រាប់អ្នក​ថា ម្ហូប​ទាំងនោះ​មានន័យ​ខ្លាំង​ណាស់ ។ វា​ជួយ​សង្គ្រោះ​ខ្ញុំ ។ ភរិយា​ខ្ញុំ​មាន​សុខភាព​ទន់ខ្សោយ ហើយ​ខ្ញុំ​បាន​បាក់ទឹកចិត្ត ។ តែ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ ​ទៅ​ទូរទឹកកក​ ហើយ​រក​មើល​ម្ហូប​សម្រាប់​អាហារ​ល្ងាចនោះ​ ។ ដោយ​មាន​ម្ហូប​ដែល​សមាជិកវួដ​ដ៏​ល្អ​ទាំងនោះ​បាន​យក​មក​ឲ្យ​ដល់​មាត់ទ្វារ​យើង ពួកគេ​បានថ្វាយ​ឆន្ទៈពួកគេ​ដល់​ព្រះ ។ ពួកគេ​បាន​ធ្វើ​អ្វីដែល​ទ្រង់​ចង់បាន ។

សមាជិក​វួដទាំងនោះ​មាន​បំណងបរិសុទ្ធ​ ដើម្បី​ជួយ​គ្រួសារ​មួយ​ដែល​មាន​សេចក្ដីត្រូវការ តែវាក៏​អាច​ធ្វើ​រឿងល្អ​មួយ ដោយ​មានបំណង​មិន​ត្រឹមត្រូវ​ដែរ ។ នោះ​ដូចជា​ព្រះបង្រៀន​ថា រឿងល្អ​ដែល​យើង​ធ្វើ​ត្រូវ​រាប់​ថា​ជា​រឿង​អាក្រក់​ដោយសារ​​យើង​មាន​ចិត្ត​មិន​ត្រឹមត្រូវ ។13 យើង​ពិតជា​មាន​បំណង​ល្អ តែ​យើង​ធ្វើ​វាដោយ​ទើសទាល់ ។ ដូច្នេះ ក្ដីប្រាថ្នា​ជាអ្វី​ៗទាំងអស់ ។ យើង​ត្រូវ​ចង់​បាន​អ្វី​ដែល​ព្រះ​ចង់​បាន ។ យើង​ត្រូវ​និយាយ​អ្វី​ដែល​ទ្រង់ចង់​ថ្លែង ដោយសារ​យើង ចង់ និយាយ​អ្វី​ដែល​ទ្រង់​ចង់​ថ្លែង ។ យើង​​ត្រូវ​ធ្វើ​អ្វី​ដែល​ទ្រង់​ចង់បាន ដោយសារ​យើង ចង់ ធ្វើ​អ្វី​ដែល​ទ្រង់ចង់បាន ។ ហើយយើងត្រូវធ្វើ​ជា​សាក្សី​ពី​ព្រះរាជបុត្រា​សំណប់​ព្រះ ដោយសារ​យើង ចង់ ធ្វើជា​សាក្សី ។ រួច​យើង​ដឹង​ថា យើង​កំពុង​ថ្វាយ​ព្រលឹងយើង​ទាំងមូល​ដល់​ទ្រង់---គ្មាន​ផ្នែក​តូច​ណា​មួយ​របស់​យើងចង់​ធ្វើ​អ្វី​មួយ​ផ្ទុយពី​ព្រះទ័យ​ទ្រង់​ឡើយ ។

ការ​និយាយ និង ការ​ធ្វើ​រឿង​ត្រឹមត្រូវ​កាន់តែ​មាន​ភាព​ងាយ​ស្រួល ពេល​យើង​សន្យា​ចំពោះ​ព្រះ​អម្ចាស់ ។

សេចក្ដីសញ្ញាដើរតួ​មួយ​យ៉ាង​សំខាន់​កក្នុង​ការ​អភិវឌ្ឍឆន្ទៈ ។ ពេល​យើង​ជ្រមុជទឹក យើង​ធ្វើ​សេចក្ដី​សញ្ញា​យក​ព្រះនាម​ទ្រង់​មក​ដាក់​លើខ្លួន​យើង---ធ្វើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ ។ រួច រាល់ថ្ងៃ​បរិសុទ្ធ យើង​រំឭក​សេចក្ដីសញ្ញានោះ ។ យើង​បង្ហាញ​ដល់​ព្រះវរបិតាយើង​ម្ដង​ទៀត​ថា យើង​នៅ​តែ​មាន​ឆន្ទៈ​លើក​ដាក់​ព្រះនាម​ទ្រង់លើ​ខ្លួន​យើង ហើយ​ចងចាំ​ទ្រង់ និង​គោរព​ព្រះបញ្ញត្តិ​ទ្រង់ ។ រាល់ពេល​យើង​យកដៃចាប់ចំណិត​នំប៉័ង​នៃ​សាក្រាម៉ង់​ដោយ​សក្ដិសម ឬលើក​ពែងទឹកនោះ​មក​ផឹក យើង​កំពុង​ថ្វាយ​ឆន្ទៈ​យើង​ដល់​ទ្រង់ ។ យើង​នឹង​និយាយ​ថា « ខ្ញុំ​នឹង​ធ្វើ​ជា​សាក្សីដល់​ពិភពលោក​ស្ដីពី​ព្រះរាជបុត្រាសំណប់​​នៃ​ព្រះ ‍» ។14

ពេលយើង​ផ្សារ​ភ្ជាប់​នឹង​ដៃគូ​អស់កល្ប​របស់​យើង​ក្នុងព្រះវិហារ​បរិសុទ្ធ យើង​ធ្វើ​សេចក្ដីសញ្ញា​ម្ដងទៀត​ដែល​វា​ពង្រឹង​ដល់​ឆន្ទៈយើង ។ យើងអាច​មាន​អារម្មណ៍ពី​ព្រះចេស្ដា​ដ៏ខ្លាំង​ក្លា​នៃដង្វាយធួនគ្រប់ពេល​យើង​ចូល​ដំណាក់បរិសុទ្ធ​នៃ​ព្រះ ។ គឺ​នៅ​ទីនោះ​ហើយ​ដែល​យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​លះបង់​ខ្លួន​យើង​ថ្វាយ​ព្រះ​អម្ចាស់ ។ នេះ​ជា​ហេតុផល​ដែល​អែលឌើរ ម៉ាក់ស្វែល បាន​ថ្លែង​ថា « កុំ​ចាំស្វែងរក​អសនៈ [ហើយ]​ចាប់ផ្ដើម​ដាក់​អំណោយ​នៃ​ឆន្ទៈអ្នក​នៅ​លើ​វានោះយូរពេក » ។15 លោកអាច​ថ្លែង​ជា​ការ​ប្រៀបធៀប តែខ្ញុំ​ជឿ​ថា លោក​ក៏​ថ្លែងយ៉ាងច្បាស់​ផងដែរ​ពីរបៀប​ដែល​យើង​អាច​ថ្វាយ​ឆន្ទៈយើង​ដល់​ព្រះ ដោយ​ការ​ធ្វើ​ និង ការរក្សា​សេចក្ដីសញ្ញា​នឹង​ទ្រង់ ។

ដូច្នេះ យើងរាល់គ្នា អាចថ្វាយខ្លួន ដួងចិត្ត—ឆន្ទៈ ​ និងព្រលឹងយើងដល់ទ្រង់។​ ពេលយើងអនុវត្តតាមផ្លូវនេះកាន់តែច្រើន ព្រះអម្ចាស់នឹងកាន់តែប្រទានដល់យើងនូវក្តី​ស្រឡាញ់របស់ទ្រង់ដែរ។ ហើយពេលយើងមានអារម្មណ៍នូវក្តីស្រឡាញ់ទ្រង់កាន់តែច្រើន យើងក៏កាន់តែដឹងថា យើងកំពុងតែមានជោគជ័យក្នុងការថ្វាយឆន្ទៈយើងដល់ទ្រង់ដែរ។

ខ្ញុំ​សង្ឃឹម​ថា ​យើងកំពុង​រៀន​ពី​អ្វី​មួយ​នៅ​ល្ងាច​នេះ ​ដែល​នឹង​ជួយ​យើងបំពេញ​ពរជ័យ​របស់​អែលឌើរ នែលសុន---ដើម្បី​ឲ្យ​ព្រះទ័យ​ព្រះ​បាន​សម្រេច​ដោយសារ​យើង និង​តាមរយៈយើង ។ ពេល​ខ្ញុំ​សួរ​មិត្ត​ខ្ញុំ​ថាពួកគេ​បាន​រៀន​អ្វីខ្លះ នេះ​ជា​ពាក្យសម្ដីពួកគេ ៖

បុរស  2: ខ្ញុំ​គិត​ថា ជារឿយៗ​ខ្ញុំបាន​ភ្ជាប់​ទៅនឹង​សិទ្ធិជ្រើសរើស ហើយ​ថ្វាយ​ឆន្ទៈខ្ញុំ​ដល់​ព្រះ ហើយ​វា​បាន​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញនូវ​រឿងពីរ​ផ្សេងគ្នា ។ វា​មាន​អារម្មណ៍​ថា ខ្ញុំ​ធ្វើ​រឿង​ត្រឹមត្រូវ​ច្រើន តែ​ឥឡូវ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ទៅ ហើយ​ធ្វើ​ឲ្យ​បំណង​ខ្ញុំ​បរិសុទ្ធ ដើម្បី ខ្ញុំ​អាច​ក្លាយ​ជាអ្វី​ដែល​ទ្រង់ចង់​ឲ្យ​ខ្ញុំ​​ប្រែក្លាយ ។

ស្ត្រី 2: ខ្ញុំចូល​ចិត្ត​ធ្វើ​ការ​តភ្ជាប់ ។ ខ្ញុំ​កំពុងគិត​ថា នេះជា​អ្វី​ដែល​កំពុងកើត​ឡើង​ក្នុង​ជីវិត​ខ្ញុំ ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​សិក្សា ហើយ​បុគ្គល​ម្នាក់នេះ​ដែល​និយាយ​រឿងនោះ ។ ដូច្នេះហើយ ខ្ញុំ​គិត​ថា ខ្ញុំ​កំពុង​ធ្វើ​ការ​តភ្ជាប់​ជាច្រើន ។

បុរស  1: មិនថា​ឧបសគ្គ​យើងជាអ្វី​នោះទេ យើង​ត្រូវ​ថ្វាយ​ខ្លួន​យើង​ដល់ព្រះ​ឲ្យ​បាន​ច្រើន។ ដូចជា​ប្រធាន អាវរិង ថ្លែង​ថា ៖ « ទោះ​ជា​ថ្ងៃ​នេះ​មាន​រឿង​លំបាក​បែបណា​ក្ដី វា​នឹង​បាន​ប្រសើរ​ឡើងនៅថ្ងៃ​ស្អែក បើ [យើង] ជ្រើសរើស​បម្រើ [ព្រះ] នៅ​ថ្ងៃ​នេះ » ។16

បុរស  3: ការ​ថ្វាយ​ចិត្ត និងឆន្ទៈ​យើង​ដល់​ព្រះ ... រឿង​ដំបូង​ដែល​ទ្រង់​នឹង​ធ្វើ​គឺ​ទ្រង់​ធ្វើ​ឲ្យ​បាន​បរិសុទ្ធ ។ គឺ​វា​ពុំមែន​មាន​ន័យថា ពេល​យើង​ថ្វាយ​ចិត្ត​យើង​ដល់ព្រះ នោះ​ទ្រង់នឹង​យក​វា​ទៅ​ដាក់ក្នុង​ទូដែក​មួយ​ធំ​ភ្លាម ហើយ​មាន​បន្ទូល​ថា « មែនហើយ យើង​ត្រូវបាន​ថ្វាយ​ឲ្យ​នូវ​ចិត្ត​មួយ​ទៀត​ហើយ » នោះទេ។ ទ្រង់​យក​វា ហើយ​ធ្វើ​ឲ្យ​វា​បរិសុទ្ធ ហើយ​ប្រទាន​វា​មក​ឲ្យ​យើង​វិញ ហើយ​មាន​បន្ទូល​ថា « ឥឡូវ​នេះ ចូរ​យក​វា​ទៅ​ប្រើ ហើយ​ធ្វើ​រឿង​ដ៏អស្ចារ្យ » ។ ខ្ញុំ​ពុំ​ធ្លាប់គិត​ពី​អ្វី​ដែល​បាន​កើត​ឡើង​ក្រោយ​ពេល​យើង​ថ្វាយ​វា​ដល់​ទ្រង់​ទេ ។ ខ្ញុំ​បាន​គិត​ថា វា​ចប់សព្វគ្រប់ហើយ តែ​វា​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើ​មប៉ុណ្ណោះ ។

ស្ត្រី  3: ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ដឹង​គ្រប់រឿង​នោះ​ទេ ហើយ​វា​ទំនង​ដូចជា​កាល​ខ្ញុំ​រៀន​កាន់តែ​ច្រើន ខ្ញុំ​កាន់តែ​ដឹង​ថា​ខ្ញុំ​មិន​ដឹង​រឿង​ច្រើន​ណាស់ ។ តែ​ខ្ញុំ​ពិត​ជា​ដឹង​ថា ព្រះមាន​ព្រះជន្មរស់ ។ ហើយ​ខ្ញុំគិត​ថា ថ្ងៃនេះ​ជា​ការ​បញ្ជាក់​បន្ថែម​ទៀតពី​រឿង​នោះ---ថា​ទ្រង់​ជ្រាប ហើយ​ទ្រង់​ពិត​ជា​ខ្វល់ខ្វាយ ហើយ​រង់ចាំ ហើយ​ចង់​ប្រទាន​ពរ​ដល់​កូនចៅទ្រង់ ដែល​ជា​យើង​រាល់គ្នា ។

ស្ត្រី  1: ប្រហែល​ជា​បីថ្ងៃ​មុន ខ្ញុំ​បាន​ទទួល​ការ​ប្រសិទ្ធពរ​បព្វជិតភាព​មួយ​សម្រាប់​អ្វី​មួយ​ដែល​នឹង​កើត​ឡើង​ក្នុង​ជីវិត​ខ្ញុំ ។ ហើយ​មាន​អ្វីមួយ​ដែល​បាន​និយាយ​នៅ​ក្នុងការ​ប្រសិទ្ធពរ​នោះ គឺថា​ត្រូវទុកចិត្ត​លើ​ព្រះ​ឲ្យ​បាន​ច្រើន ហើយ​ដាក់ថ្វាយ​នូវ​ឆន្ទៈខ្ញុំ ។ តែ​នៅ​ក្នុងការ​ប្រសិទ្ធនោះ​ខ្ញុំ​មាន​អារម្មណ៍ជាក់លាក់ថា ខ្ញុំ​ត្រូវ​សិក្សា​ពី​រឿងនោះឲ្យ​យល់​ថាតើ​វា​មាន​ន័យ​យ៉ាង​ម៉េច​ដែរ? តើ​វា​ផ្លាស់ប្ដូររឿង​ដែល​ខ្ញុំ​ធ្វើ​រាល់ថ្ងៃ​យ៉ាង​ណា​ដែរ និង​ពី​របៀប​ដើម្បី​ថ្វាយ​ខ្លួន​ខ្ញុំទាំងស្រុង​ដល់​ទ្រង់ ។

ដូច្នេះ ការ​ថ្វាយ​ឆន្ទៈយើង​ដល់​ព្រះអម្ចាស់​ជាអ្វី​មួយដែល​យើងធ្វើ​រាល់ថ្ងៃ ។ វា​ពុំ​មែន​ជា​ទង្វើរ​​​ដោយ​ឡែកនោះទេ ។ វា​ពុំ​មែន​ជា​ចុងបញ្ចប់​ទេ តែ​វា​ទើបជា​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ។ យើងអាចនិយាយ​អ្វី​ដែល​ទ្រង់​ចង់ឲ្យយើង​ថ្លែង ។ យើងអាចធ្វើ​អ្វី​ដែល​ទ្រង់​ចង់​បាន ។ យើង​អា​ធ្វើ​ជា​សាក្សី​ដល់ពិភព​លោក​​ពី​ព្រះរាជបុត្រា​សំណប់​ព្រះ---បាន​ទាំងអស់ ដោយសារ​យើង​ ចង់ ធ្វើ​រឿង​ទាំងនេះ ។ ពេល​ការ​ផ្លាស់ប្ដូរ​នេះ​កើតឡើង​ក្នុង​ចិត្ត​យើង ការ​ដឹងគុណ​យើង​ចំពោះ​ដង្វាយធួន​កើនឡើងយ៉ាងខ្លាំងរហូតដល់វា​បាន​ពង្រឹង​យើង​ជា​បន្តបន្ទាប់ ។

អាលម៉ា​ថ្លែង​ថា « បើសិន​ជា​អ្នករាល់គ្នាបាន​ចាប់អារម្មណ៍​ចង់ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្ដីស្រឡាញ់​ដែល​ប្រោសលោះ ខ្ញុំ​សូម​សួរ​ថា តើ​អ្នករាល់គ្នា​អាច​ចាប់អារម្មណ៍​យ៉ាងនេះ​ឥឡូវនេះ​ទេ ? »17

ចម្រៀង​នៃ​ក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ ជា​បទ​មួយ​នៃ​ក្ដីអំណរ​ក្នុង​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ វា​ពុំចាំបាច់ជា​បទ​ដែល​មាន​ទំនុកភ្លេង និងទំនុក​ច្រៀង​នោះទេ ។ វា​ជាចម្រៀង​នៃអារម្មណ៍ ។ ពាក្យ​ដែល​យើង​អាច​ប្រើ​ ដើម្បី​បង្ហាញ​ការ​ដឹងគុណ​របស់​យើង​ ពេល​យើង​ចង់​ច្រៀង​បទ​នៃ​ក្ដីស្រឡាញ់​ដែល​ប្រោសលោះផ្លាស់ប្ដូរ​ជានិច្ច អាស្រ័យ​លើ​ពរជ័យ​ជាក់លាក់​ដែល​យើង​ទទួល ។ តែ​អារម្មណ៍​នៃ​ការ​ដឹង​គុណ​នេះ​សម្រាប់​ព្រះអង្គសង្គ្រោះ​គឺដូចជា​ចម្រៀង​មួយ​បទ ។ ​វា​អាច​លេងដោយ​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដងទៀត​ក្នុង​ចិត្ត​យើងគ្រប់ពេលដែល​យើង​គិត​ពី​របៀប ​ដែល​ព្រះអម្ចាស់​បាន​សង្គ្រោះ​យើងពី​អ្វី​គ្រប់​យ៉ាង​ដែល​បានអូសទាញ​យើង ។

នោះ​ជា​ហេតុផល​ដែល​អាលម៉ា​សួរ​យើង​ថា តើ​យើង​មាន​អារម្មណ៍ចង់​ច្រៀង​វា​ឥឡូវ​នេះ​ដែរទេ ។ ឥឡូវ​នេះ​ជា​ពេល​ដ៏សំខាន់​បំផុត ។ បើ​យើង​មាន​អារម្មណ៍​ចង់​រីករាយ​ក្នុង​ដង្វាយ​ធួន​នៃព្រះគ្រីស្ទ​នាពេល​នេះ នោះ​ចិត្ត​យើង​គឺត្រឹមត្រូវ ។ យើង​ថ្វាយ​ឆន្ទៈ​យើង​ដល់​ទ្រង់ ហើយ​ទ្រង់​កំពុង​ពង្រឹង​ឆន្ទៈ​យើង ។ បើយើង​ត្រូវ​បាន​រឿង​នៃ​លោកិយ​អូសទាញ ចិត្ត​យើង​មិន​ត្រឹមត្រូវ​ទេ ហើយ​ឆន្ទៈ​យើង​នឹង​មិន​បាន​ពង្រឹង​ឡើយ ។

នៅ​ផ្នែ​ចុងក្រោយ​នៃ​ព្រះគម្ពីរ​មរមន សាសន៍​នីហ្វៃ ដែល​គ្រា​មួយ​ជា​មនុស្ស​សុចរិត បាន​ងាក​ចេញ​ពី​ព្រះអម្ចាស់ ។ ពួកគេ​បា​ន​ចាប់ផ្ដើម​អួតអាង​នៅ​ក្នុង​កម្លាំង​ពួកគេ ​ជាជាង​រីករាយ​ក្នុង​កម្លាំង​របស់​ព្រះ​អម្ចាស់ ។ ពួកគេបះបោរទាស់​នឹង​ព្រះ​ដោយ​ចេតនា ។ ចុះ​តើមាន​អ្វី​បាន​កើត​ឡើង​ដល់​ពួកគេ ? ពួកគេ​ត្រូវ​បាន​ទុក​ចោលឲ្យប្រើ​កម្លាំង​ខ្លួន​ឯង---រហូត​ដល់​ពួកគេបាន​បាត់បង់​អ្វីៗគ្រប់យ៉ាង ។18

យើង​មិន​គួរ​ធ្វើ​បែប​នោះ​ទេ ។ យើង​ដឹង​ថា នៅ​ក្នុង​ជីវិត​នេះយើង​មិនអាច​ធ្វើ​វាដោយ​ខ្លួន​ឯង​បាន​ឡើយ ។ គឺ​យើង​មិនអាច​ធ្វើ​វា​បាន​នោះទេ ។ យើងត្រូវការ​ជំនួយ​ពី​ព្រះអម្ចាស់ ។ យើងត្រូវការ​ជំនួយ​ពី​គ្នា​ទៅវិញ​ទៅមក ។ និយាយ​ឲ្យ​សាមញ្ញ​ទៅគឺ​យើង​មិន​អាច​ពឹង​ផ្អែក​​លើ​កម្លាំង​យើង​តែ​ម្យ៉ាង​បាន​ឡើយ ។ ព្រះហស្ដ​ព្រះអម្ចាស់​លាតសន្ធឹង​អញ្ជើញ​យើង ដើម្បី​ទ្រង់អាច​ពង្រឹងយើង ដើម្បី​យើងនឹង​មិន​ត្រូវ​ទុកចោល​ឲ្យ​ប្រើ​កម្លាំង​ផ្ទាល់ខ្លួន​តែ​ម្យ៉ាង ។19

ខ្ញុំ​ដឹង​ថា យើងអាច​ទទួល​យក​ការ​អញ្ជើញ​ទ្រង់ឲ្យ​មក ហើយទទួល​ការ​ពង្រឹង មក ហើយ​ទទួល​ការ​អភ័យ​ទោស មក​ ហើយ​ទទួល​អារម្មណ៍​ពី​ក្ដីស្រឡាញ់ដ៏​ឥត​ព្រំដែន​របស់​ទ្រង់ ។ រួច ដោយ​មាន​ចិត្ត​រីករាយ យើង​នឹង​ចង់​ច្រៀង​បទ​នៃ​ក្ដីស្រឡាញ់​ដែល​ប្រោសលោះ---គឺ​ពុំ​មែន​ម្ដងម្កាល​នោះ​ទេ ។ យើង​នឹង​ចង់​ច្រៀង​វា​ជានិច្ច ។ ពេល​យើង​ទទួល​កម្លាំងដើម្បី​ធ្វើ​អ្វីមួយ​ពិបាក យើង​នឹង​ច្រៀង​បទ​នោះ​ក្នុង​ចិត្ត​យើង ។ ពេល​យើង​អនុញ្ញាត​ឲ្យ​សេចក្ដីពិត​ស្វែង​រក​យើង ហើយ​លើក​តម្កើង​ព្រលឹង​យើង យើង​នឹង​ច្រៀង​បទនោះ ។ ពេល​យើង​ទទួល​បាន​ការ​អភ័យទោស យើង​នឹង​ច្រៀង​បទនោះ ។ ហើយ​ពេល​យើង​ទទួល​បាន​ក្ដីស្រឡាញ់​ទ្រង់ យើងនឹង​ច្រៀង​បទនោះ ។

រាល់ពេល​យើងច្រៀង​វា យើងនឹង​ថ្វាយ​ឆន្ទៈយើង​ដល់ទ្រង់ ជា​អំណោយតែ​មួយ​គត់ដែល​យើង​ថ្វាយ​ទ្រង់ ។ ទ្រង់​នឹងមិន​គ្រាន់តែ​ទទួល​យក​អំណោយ​នេះ​ប៉ុណ្ណោះទេ ។ ទ្រង់​នឹង​ពង្រីកវា ហើយ​ធ្វើ​ឲ្យ​វា​កាន់តែ​មានន័យ​ស៊ីជម្រៅ ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​មានអារម្មណ៍ថា​រឹងមាំ ។ ទ្រង់​នឹង​ជួយ​បង្កើន​សមត្ថភាព​យើង​ដើម្បី​ស្រឡាញ់ និង​ទទួល​ការ​ស្រឡាញ់ ។ ទ្រង់​នឹង​នាំ​យើង​ចេញ​ពី​ភាព​ងងឹតទៅ​កាន់​ពន្លឺ ។ ទ្រង់​នឹង​ព្យាបាល ហើយ​ជួយ​យើង​តាម​របៀប​ដែល​ធ្វើ​ឲ្យ​យើងអត់ទោស និង​ទទួល​បាន​ការ​អភ័យទោស ។

ខ្ញុំ​ថ្លែងទីបន្ទាល់ថា ទ្រង់​ជា​ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ​យើង ។ ខ្ញុំ​ថ្លែងទីបន្ទាល់ថា ព្រះវរបិតា​ស្រឡាញ់​យើងល្មម​នឹង​បញ្ជូន​ទ្រង់​មក​កាន់​ផែនដី​ដើម្បី​រស់នៅ ហើយ​សុគត​សម្រាប់​យើង ។ ខ្ញុំ​ដឹង​ថា នេះ​ជា​សាសនាចក្រ​ទ្រង់ ។ ខ្ញុំ​ដឹង​ថា ព្យាការីទ្រង់​ដែល​នៅរស់ ប្រធាន ថូម៉ាស  អេស ម៉នសុន យល់ពី​ក្ដី​ត្រូវការ​របស់​សមាជិក​សាសនាចក្រ ហើយ​ដឹង​ពី​របៀប​ជួយ​យើង​ឲ្យ​រក​ផ្លូវ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

© 2013 ដោយ Intellectual Reserve, Inc. រក្សា​សិទ្ធិគ្រប់យ៉ាង ។ អនុមតិ​ជា​ភាសាអង់គ្លេស ៖ 1/13 ។ អនុមតិ​ការ​បកប្រែ ៖ 1/13 ។ ការ​បកប្រៃ​នៃ I Will Give Myself to Him ។ Cambodian ។ PD50048935 258

បង្ហាញ​សេចក្ដី​យោង

    កំណត់ចំណាំ

  1.  

    1. រ៉ូសែល  ធី អូសហ្គូស្សធ័ប និង ឡូឡា អូសហ្គូស្សធ័ប, អ៊ឺ ស្ទីវ ស្កាង, « I Will Give Myself to Him » (ឆ្នាំ2009) ។

  2.  

    2. រ៉ូសែល  ធី អូសហ្គូស្សធ័ប និង ឡូឡា អូសហ្គូស្សធ័ប « I Will Give Myself to Him » ។

  3.  

    3. រ័សុល  អិម ណិលសុន « Youth of the Noble Birthright: What Will You Choose? » (Church Educational System devotional ថ្ងៃទី  6 ខែ កញ្ញា ឆ្នាំ 2013), LDS.org ។

  4.  

    4. នែល  អេ ម៉ាក់ស្វែល « Remember How Merciful the Lord Hath Been » Ensign Liahona, ខែ ឧសភា ឆ្នាំ 2004  ទំព័រ 46 ។

  5.  

    5.  វចនានុក្រម​អង់គ្លេស Oxford តាម​អ៊ិនធើរណែត “will”; oed.com ។

  6.  

    6. ជែរី  អេ. ខូអីន « Why You Don’t Really Have Free Will » USA Today ថ្ងៃទី  1 ខែ មករា ឆ្នាំ 2012, usatoday30.usatoday.com/news/opinion/forum/story/2012–01–01/free-will-science-religion/52317624/1

  7.  

    7. រ័សុល  អិម ណិលសុន « Decisions for Eternity » Ensign Liahona,ខែ វិច្ឆិកា ឆ្នាំ 2013  ទំព័រ 108 ។

  8.  

    8.  ម៉ូសាយ 3:19  ។

  9.  

    9. សូមមើល ម៉ូសាយ 3:19 ។

  10.  

    10.  ម៉ូសាយ 5:2  ។

  11.  

    11.  ម៉ូសាយ 15:26  ។

  12.  

    12. រ៉ូសែល  ធី អូសហ្គូស្សធ័ប និង ឡូឡា អូសហ្គូស្សធ័ប « I Will Give Myself to Him » ។

  13.  

    13. សូមមើល មរ៉ូណៃ 7:9 ។

  14.  

    14. សូមមើលមរ៉ូណៃ 4:3, 5:2 ។

  15.  

    15. នែល  អេ ម៉ាក់ស្វែល «Remember How Merciful the Lord Hath Been» ទំព័រ  46 ។

  16.  

    16. ហិនរី  ប៊ី អាវរិង « This Day » Ensign Liahona, ខែ ឧសភា ឆ្នាំ 2007  ទំព័រ 91 ។

  17.  

    17.  អាលម៉ា 5:26  ។

  18.  

    18. សូមមើល ហេលេមិន 4:13 ។

  19.  

    19. សូមមើល ម៉ាថាយ 11:28 ។