ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់
ព្រះ​យេស៊ូវ គឺ​ជា​ព្រះ​គ្រីស្ទ — ដែល​ជា​ម្ចាស់​នៃ​មេត្រី​ភាព​របស់​យើង ។


ព្រះ​យេស៊ូវ គឺ​ជា​ព្រះ​គ្រីស្ទ — ដែល​ជា​ម្ចាស់​នៃ​មេត្រី​ភាព​របស់​យើង ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ នេះ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​ណាស់ ។ តន្ត្រី​បាន​ប្រគុំ​យ៉ាង​ពិរោះ​បំផុត ហើយ​សារលិខិត​នានា ​បាន​បណ្ដាល​ឲ្យ​ដួង​ចិត្ត​របស់​យើង​បាន​ស្កប់ស្កល់ ។ អារម្មណ៍​នៃ​បុណ្យ​គ្រីស្ទម៉ាស ធ្វើ​ឲ្យ​ព្រលឹង​របស់​យើង​រំជើបរំជួល​ណាស់ !

អនុស្សាវរីយ៍​នៃ​បុណ្យ​គ្រីស្ទម៉ាស​ នាំ​ឲ្យ​យើង​ចងចាំ​ពី​ក្រុមគ្រួសារ អំណោយ និង​ការបម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ។ ទាំង​នេះ​ គឺ​ជា​មូលហេតុ​ដ៏​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស ដែល​សំខាន់​ជាង​គេ​នោះ​ជា​អំណោយ ដែល​ព្រះ​វរបិតា​សួគ៌​បាន​ប្រទាន​ឲ្យ ។ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​បុត្រ​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ » ។ 1

ការផ្ដោត​អារម្មណ៍​លើ​ព្រះ​អម្ចាស់ និង ជីវិត​អស់កល្ប​ជានិច្ច អាច​ជួយ​យើង​ពុំ​មែន​គ្រាន់តែ​នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស​នោះ​ទេ គឺ​ជួយ​យើង​លុយ​កាត់​ឧបសគ្គ​នានា​នៃ​ជីវិត​រមែង​ស្លាប់ ។ មនុស្ស​ពុំ​ល្អ​គ្រប់​លក្ខណ៍​រស់នៅ​លើ​ពិភព​លោក​ជាមួយ​នឹង​មនុស្ស​ពុំ​ល្អ​គ្រប់​លក្ខណ៍​ដទៃ​ទៀត ។ ពិភព​របស់​យើង​ គឺ​ជា​ពិភព​មួយ​ធ្លាក់ ដែល​ត្រូវ​បាន​ទម្លាក់​ដោយ​បំណុលដ៏​​ច្រើន​ហួស​ប្រមាណ សង្គ្រាម គ្រោះ​ធម្មជាតិ ជំងឺ​ឆ្លង និង​មរណភាព ។

ឧបសគ្គ​ផ្ទាល់​ខ្លួន​កើតមាន ។ ឪពុក​ម្នាក់​អាច​បាត់បង់​ការងារ ។ ម្ដាយ​វ័យ​ក្មេង​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ។ កូន​ប្រុស ឬ កូន​ស្រី​ម្នាក់​ អាច​វង្វេង​ដើរ​ផ្លូវ​ខុស ។ ទោះ​អ្វី​ក៏​ដោយ​ដែល​បណ្ដាល​ឲ្យ​មាន​ការព្រួយ​បារម្ភ​នោះ យើង​ម្នាក់ៗ​ប្រាថ្នា​ចង់​បាន​មេត្រី​ភាព​ក្នុង​ចិត្ត ។

សារលិខិត​របស់​ខ្ញុំ​នា​ល្ងាច​នេះ​ ស្ដី​ពី​ប្រភព​នៃ​មេត្រីភាព​ដ៏​ពិត និង ជា​និរន្តរ៍ ព្រះ​យេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ — ដែល​ជា​ម្ចាស់​នៃ​មេត្រីភាព​របស់​យើង ។ 2 ងារ​មួយ​នេះ​ត្រូវ​បាន​តាំង​ឡើង​បន្ថែម​លើ​ងារ​ដទៃៗ​ទៀត ដែល​ទ្រង់​ត្រូវ​តាំង​ឡើង​តាំង​ពី​មុន​ផែនដី​មក​ម្ល៉េះ ។

ទ្រង់​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វរបិតា​ទ្រង់ ដើម្បី​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក ។ ងារ​ទាំង​ពីរ​នេះ​គឺ — ព្រះ​មែស៊ី និង ព្រះ​គ្រីស្ទ — ដែល​កំណត់​ដែន​ទំនួល​ខុស​ត្រូវ​របស់​ទ្រង់​ថា​ ជា​មួយ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង ។ 3

នៅ​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​របស់​ព្រះ​វរបិតា​ទ្រង់ ព្រះ​យេស៊ូវ គឺ​ជា​ព្រះ​ដ៏​បង្កបង្កើត​នៃ​ផែនដី​នេះ និង ពិភព​ដទៃៗ​ទៀត ។ 4 ព្រះ​យេស៊ូវ​ គឺ​ជា​អង្គ​គាំទ្រ​យើង​នៅ​ចំពោះ​ព្រះ​វរបិតា ។ 5 ព្រះ​យេស៊ូវ​គឺ​ជា អេម៉ាញូអែល​ដែល​ត្រូវ​បាន​សន្យា​ថា​នឹង​យាង​មក 6 យើង​​ជា​ព្រះ​ដ៏​ជា​ព្រះ និង ជា​ព្រះ​យេហូវ៉ា​ក្នុង​ជំនាន់​សម្ព័ន្ធ​មេត្រី​ចាស់ ។ 7

ទ្រង់​ត្រូវ​បាន​បញ្ជូន​ដោយ​ព្រះ​វរបិតា​ទ្រង់ ដើម្បី​សម្រេច​បាន​ដង្វាយ​ធួន ដែល​ជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​ប្រវត្តិសាស្ត្រ​មនុស្ស​លោក ។ ដោយសារ​តែ​ដង្វាយ​ធួន​របស់​ទ្រង់ ជីវិត​រមែង​ស្លាប់​បាន​ក្លាយ​ជា​ជីវិត​មួយ​ដ៏​ពិត សម្រាប់​មនុស្ស​ទាំង​ពួង ហើយ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច អាច​មាន​ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ជ្រើស​ដើរ​តាម​ទ្រង់ ។ 8 ទិសដៅ​ទាំង​នេះ​គឺ​ជា​កិច្ចការ និង សិរី​ល្អ​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ។ 9

ព្រះយេស៊ូវ ​បាន​ធ្វើ​ជា​គំរូ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​យើង ដោយ​បាន​បង្រៀន​ពី​របៀប​រស់នៅ ស្រឡាញ់ និង​សិក្សា​រៀន​សូត្រ ។ ទ្រង់​បាន​បង្រៀន​យើង​ពី​របៀប​អធិស្ឋាន អភ័យទោស និង កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ 10

ទ្រង់​បាន​បង្រៀន​យើង​ពី​របៀប​ខ្វាយខ្វល់​ពី​មនុស្ស​ដទៃ​ឲ្យ​ច្រើន​ ជាង​យើង​ខ្វាយខ្វល់​ពី​ខ្លួន​ឯង ។ ទ្រង់​បាន​បង្រៀន​យើង​ពី​សេចក្តី​មេត្តា​ករុណា និង​សណ្ដាន​ចិត្ត​ល្អ — ដែល​ធ្វើ​ការផ្លាស់ប្ដូរ​នៅ​ក្នុង​ជីវិត​រស់នៅ​យើង​ តាម​រយៈ​ព្រះ​ចេស្ដា​របស់​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​យើង​ពី​របៀប​ស្វែងរក​មេត្រីភាព​ក្នុង​ចិត្ត និង គំនិត ។ នៅ​ថ្ងៃ​ណា​មួយ ពួកយើង​នឹង​ឈរ​នៅ​ចំពោះ​ព្រះភក្រ្ត​ទ្រង់​ក្នុង​នាម​ទ្រង់​ជា​ចៅក្រម​ដ៏​យុត្តិធម៌ និង ជា​មេ​សម្រេច​ក្ដី​ដ៏​ប្រកប​ដោយ​មេត្តា​ធម៌ ។ 11

ព្រះ​រាជ​កិច្ច​ទំនួល​ខុស​ត្រូវ​ដ៏​ពិសិដ្ឋ​ទាំង​នេះ​របស់​ព្រះ​អម្ចាស់ នាំ​ឲ្យ​យើង​គោរព​បូជា​ទ្រង់​ជា​ម្ចាស់​នៃ​មេត្រីភាព​ដ៏​មិន​ចេះ​ផុត​រលត់​នៃ​យើង ។ យើង​សរសើរ​តម្កើង​ទ្រង់​សម្រាប់​ឯកសិទ្ធ​យើង​ជា​ឪពុក​ម្ដាយ ជីដូនជីតា និង​ជា​គ្រូ​បង្រៀន​នៃ​កូន​ចៅ ។

រដូវ​បុណ្យ​គ្រីស្ទម៉ាស ជា​ពេល​វេលា​ដ៏​មាន​តម្លៃ​សម្រាប់​ក្រុម​គ្រួសារ ។ ពេល​វេលា​នៅ​ជាមួយ​ក្រុម​គ្រួសារ​គឺ​ជា​ពេល​វេលា​ដ៏​ពិសិដ្ឋ ។ ពួក​យើង​អាច​ជួយ​កូនៗ​របស់​យើង​ត្រឡប់​ទៅ​រក​ព្រះ​អង្គ​សង្គ្រោះ ។ តន្ត្រី​អាច​ជួយ​យើង​បាន ។ កូនៗ​របស់​យើង​ចូលចិត្ត​ច្រៀង​បទ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » 12

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ស្ថានសួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា » ។ 13

ទ្រង់​អាច​នាំ​សេចក្ដី​សុខសាន្ត​ដល់​អ្នក​ដែល​មាន​ជីវិត​ត្រូវ​បាន​ញាំញី​ដោយ​សង្គ្រាម ។ គ្រួសារ​ជា​ច្រើន​ត្រូវ​រំខាន​ដោយ​ករណីយកិច្ច​យោធា បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៏​សង្គ្រាម ដែល​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​អំឡុង​សង្គ្រាម​នៅ​ប្រទេស កូរ៉េ ។

សង្គ្រាម​នៅ​សម័យ​យើង​នេះ​មាន​សភាព​កាន់តែ​ជឿនលឿន ហើយ​នៅ​តែ​ធ្វើ​ឲ្យ​គ្រួសារ​បែកបាក់ ។ អ្នក​ដែល​រងទុក្ខ​អាច​បែក​មក​រក​ព្រះ​អម្ចាស់​បាន ។ សារលិខិត​ទ្រង់​ជា​សារលិខិត​លួងចិត្ត​នៃ​មេត្រីភាព​លើ​ផែនដី និង ក្ដី​សុខ​ដល់​មនុស្ស​លោក ។ 14

មេត្រីភាព​អាច​កើត​មាន​ដល់​អ្នក​ដែល​មាន​អារម្មណ៍​សោកសៅ ។ រាងកាយ​ខ្លះ​មាន​របួស ។ មនុស្ស​ដទៃ​ទៀត​ពើត​ផ្សា​ខាង​វិញ្ញាណ​ដោយ​ហេតុ​តែ​ការបាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ ការប៉ះ​ទង្គិច​ខាង​អារម្មណ៍ ។ បង​ប្អូន​ប្រុស​ស្រី មេត្រីភាព​អាច​កើត​មាន​ដល់​ព្រលឹង​អ្នក ពេល​អ្នក​ស្ថាបនា​ក្ដី​ជំនឿ​លើ​ម្ចាស់​នៃ​មេត្រីភាព ។

« តើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​អ្នក​ណា​ឈឺ​ទេ ? ចូរ​នាំ​អ្នក​ទាំង​នោះ​មក​ទី​នេះ​ចុះ ។ តើ​មាន​នរណា​ខ្វិន ឬ​ខ្វាក់ ឬ​គ ឬ​បាក់​ដៃ​បាក់​ជើង ឬ​ឃ្លង់ ឬ​ស្ពឹក​ស្រពន់ ឬ​ថ្លង់  … ឬ​ក៏​ត្រូវ​រង​ទុក្ខ​ដោយ​ហេតុ​ណា​ផ្សេង​ទៀត ? ចូរ​នាំ​ពួក​គេ​មក​ទី​នេះ​ចុះ ហើយ​យើង​នឹង​ប្រោស​ឲ្យ​ពួកគេ​បាន​ជា » ។ 15

« ដ្បិត​យើង​ឃើញ​ថា សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ល្មម​គ្រប់គ្រាន់ ដើម្បី​ឲ្យ​យើង​ប្រោស​អ្នក​ឲ្យ​បាន​ជា​ហើយ » ។ 16

មេត្រីភាព​អាច​កើត​មាន​ដល់​បុគ្គល​ម្នាក់​ដែល​ឈឺ​ចាប់​ដោយ​ទុក្ខ​ព្រួយ ។ ទោះ​ជា​ទុក្ខព្រួយ​កើត​ចេញ​ពី​កំហុស ឬ អំពើបាប​ក្ដី ក៏​ព្រះ​អម្ចាស់​មាន​ព្រះ​ទ័យ​តម្រូវ​ឲ្យ​មាន​ការប្រែចិត្ត ។ បទ​គម្ពីរ​អង្វរ​យើង​ឲ្យ « រត់ [ ពី ] សេចក្ដី​ស្រើបស្រាល​របស់​យុវវ័យ​​ចេញ  … [ ហើយ ] អំពាវនាវ​ដល់​ព្រះ​អម្ចាស់​អំពី​ចិត្ត​ដ៏​បរិសុទ្ធ​វិញ » ។17 ក្រោយ​មក « ប្រទាល​មុខ​សះ​នៅ​ស្រុក​កាឡាត » អាច​ប្រោស​ព្រលឹង​ដែល​រងទុក្ខ​ដោយ​អំពើបាប ។ 18

សូម​គិត​ពី​ការផ្លាស់ប្ដូរ​ចិត្ត​របស់ ចន ញូវតុន កើត​នៅ​ទីក្រុង ឡុងដ៏ ក្នុង​ឆ្នាំ 1725 ។ គាត់​ប្រែចិត្ត​ពី​ជីវិត​ពេញ​ដោយ​បាប​ជា​ឈ្មួញ​លក់​ទាសករ ហើយ​ក្លាយ​ជា​សាសនាចារ្យ​និកាយ​អែងហ្គ្លិកខេន ។ ដោយ​មាន​ការផ្លាស់ប្តូរ​ចិត្ត​គំនិត​ដ៏​ខ្លាំង​នោះ ចន បាន​សរសេរ​ទំនុក​តម្កើង « ព្រះគុណ​អស្ចារ្យ » ។

ព្រះ​គុណ​អស្ចារ្យ ! ជា​ស័ព្ទ​ពិរោះ

ដែល​ប្រោស​មនុស្ស​យ៉ាង​ដូច​ខ្ញុំ ។

ពី​ដើម​បាត់បង់ តែ​ទ្រង់​សង្គ្រោះ

ក៏​ខ្វាក់ តែ​ទ្រង់​អប់រំ ។ 19

« នៅ​ស្ថានសួគ៌​នឹង​មាន​សេចក្ដី​អំណរ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​ម្នាក់​ដែល​ប្រែចិត្ត​វិញ » ។ 20

មេត្រីភាព​អាច​កើត​មាន​ដល់​អ្នក​ដែល​នឿយព្រួយ​មាន​បន្ទុក​ធ្ងន់ ៖

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង ។

« ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។ 21

មេត្រីភាព ​អាច​កើត​មាន​ដល់​អ្នក​ដែល​យំ​សោក ។ ព្រះអម្ចាស់​បាន​បន្ទូល​ថា « មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ៖ ដ្បិត​អ្នក​ទាំង​នោះ ​នឹង​បាន​សេចក្ដី​កម្សាន្ត​ចិត្ត » ។ 22 ពេល​យើង​ទ្រាំ​ឈឺចាប់​ដោយ​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់ យើង​អាច​ពេញ​ដោយ​មេត្រីភាព​នៃ​ព្រះ​អម្ចាស់​ តាម​រយៈ​ការខ្សឹប​ប្រាប់​របស់​ព្រះ​វិញ្ញាណ ។

« អ្នក​ណា​ដែល​ស្លាប់​ក្នុង​យើង នោះ​នឹង​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់​ឡើយ ដ្បិត​សេចក្ដី​ស្លាប់​នឹង​បាន​ទៅ​ជា​សេចក្ដី​ផ្អែមល្ហែម​ដល់​ពួកគេ​វិញ » ។ 23

« ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ​នោះ​មិន​មែន​ដូច​ជា​លោកិយ​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ។24

« ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ​ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ៖

« ឯ​អ្នក​ដែល​រស់នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ » ។ 25

មេត្រីភាព ​អាច​កើត​មាន​ដល់​អ្នក​ដែល​ស្វះស្វែង​រក​ម្ចាស់​នៃ​មេត្រីភាព​ដោយ​អស់​ពី​ចិត្ត ។ សារលិខិត​ទ្រង់​ជា​សារលិខិត​ផ្អែមល្ហែម និង​សង្គ្រោះ ដែល​អ្នក​ផ្សាយ​សាសនា​យើង​ប្រកាស​ពេញ​ពិភពលោក ។ គេ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ​តាម​រយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។26 អ្នក​ផ្សាយ​សាសនា ​បង្រៀន​បន្ទូល​ព្រះអម្ចាស់​ដែល​ផ្លាស់ប្ដូរ​ជីវិត​នេះ​ថា ៖ « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ។ 27

មេត្រីភាព​ អាច​កើត​មាន​ដល់​អ្នក​ជ្រើស​ដើរ​តាម​មាគ៌ា​របស់​ព្រះ ។ ការអញ្ជើញ​របស់​ទ្រង់ ​ត្រូវបាន​​ស្ដែង​ក្នុង​បន្ទូល​ប្រាំ​​ម៉ាត់​ថា ៖ « ចូរ មក​តាម​ខ្ញុំ​ចុះ » ។ 28

យើង​នឹង​ច្រៀង​សរសើរ​ម្ចាស់​នៃ​មេត្រីភាព 29 ដ្បិត​ទ្រង់​នឹង​យាង​មក​ម្ដង​ទៀត ។ នោះ « សិរីល្អ​នៃ​ព្រះ​យេហូវ៉ា​នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំងឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា » ។ 30 ដោយ​ជា​ព្រះមែស៊ី​នៃ​សហសវត្សរ៍ ទ្រង់​នឹង​ជា​ស្ដេច​លើ​អស់​ទាំង​អស់​ទាំង​ស្ដេច ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់ ។ 31

ពេល​យើង​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​នឹង​នាំ​យើង​ទៅ​នៅ​នឹង​ទ្រង់ និង ព្រះ​វរបិតា​សួគ៌​យើង​ជា​គ្រួសារ​មួយ ។ ការ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​របស់​យើង​ក្នុង​ជីវិត​រមែង​ស្លាប់ បើ​យើង​នៅ​តែ​ស្មោះ​ត្រង់​នឹង​ក្ដី​សញ្ញា​នានា​ដែល​យើង​ធ្វើ បើ​យើង​កាន់ខ្ជាប់​ដល់​ចុង​បំផុត នោះ​យើង​នឹង​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់​ចំពោះ​អំណោយ​មហិមា​ជាង​អ្វី​ទាំង​អស់​ពី​ព្រះ គឺ​ជា​ជីវិត​អស់​កល្ប ។ 32 ក្នុង​វត្តមាន​ដ៏​បរិសុទ្ធ​ទ្រង់ គ្រួសារ​យើង​អាច​រួមរស់​ជា​និរន្តរ៍ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​ខ្ញុំ​អើយ សូម​ឲ្យ​ព្រះ​ប្រទានពរ​ដល់​អ្នក ! សូម​ឲ្យ​បុគ្គល​ម្នាក់ៗ​មាន​បុណ្យ​គ្រីស្ទម៉ាស​ដ៏​រីករាយ ! ហើយ​សូម​ឲ្យ​អ្នក​ និង​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក រីករាយ​នឹង​ព្រះពរ​ព្រះ​អម្ចាស់​របស់​យើង​ជា​ដរាប — ដែល​ជា​ម្ចាស់​នៃ​មេត្រីភាព — ខ្ញុំ​សូម​អធិស្ឋាន​ក្នុង​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។