គ្រូបង្រៀនមកពីព្រះ

ល្ងាច​មួយជា​មួយ​នឹង​អែលឌើរ អិម រ័សុល បាឡឺដ

សុន្ទរកថា​ទៅកាន់​គ្រូបង្រៀន​សាសនា ស៊ី.អ៊ី.អេស• ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦• រោង​ឧបោសថ​ទីក្រុង​សលត៍ លេក​


 

ប្អូនៗ​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​អំណរគុណ​ដែលនៅ​​ជាមួយ​បងប្អូន​យប់នេះ ។ ជាពិសេស​ខ្ញុំ​ចង់​សម្ដែង​ការ​ដឹងគុណ​ចំពោះ​គ្រូបង្រៀន​ទាំងអស់ ព្រមទាំង​ស្វាមីភរិយា​របស់ពួកគាត់ និង​អស់​អ្នកដែល​គាំទ្រ​ដល់​បងប្អូន​​ទាំង​ឡាយ​ដែល​បង្រៀន ។ ខ្ញុំ​មាន​កូនប្រសារ​ម្នាក់​ដែល​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ពេល​ព្រឹកព្រលឹម​ ហើយ​ដូច្នេះ​ខ្ញុំ​ដឹង​អំពី​ការ​ពលិកម្ម និងការ​លះបង់​ដើម្បី​បង្រៀន​ថ្នាក់សិក្ខាសាលា​ពេល​ព្រឹក​ព្រលឹម ហើយ​ខ្ញុំ​បាន​ឃើញ​ឥទ្ធិពល​ដែល​គ្រូបង្រៀន​ពេញម៉ោង​មាន​ទៅលើ​ជំនាន់​ដែល​កំពុង​ពេញវ័យ រួមទាំង​ចៅៗ​ខ្ញុំ​ផងដែរ ។ សូម​ឲ្យព្រះ​ប្រទានពរ​ដល់​បងប្អូន​ទាំងអស់​គ្នា​ចំពោះ​អ្វី​ដែល​បងប្អូន​ធ្វើ ។

កាលពី​ខែ​សីហា​មុន ខ្ញុំ​បាន​ថ្លែ​ង​ទៅកាន់បងប្អូនអំពី​តម្រូវការ​របស់​យើង​ដើម្បី​លើកកម្ពស់​ការ​ទទួលខុសត្រូវ​ដ៏​មហិមា ដែល​យើងមាននោះ ។ ​យើងចាំបាច់​​ត្រូវ​បង្រៀន​ដល់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ឲ្យ​កាន់តែ​ស៊ី​ជម្រៅ និង​កាន់តែ​មាន​អំណាច ជាង​ដែល​យើង​ធ្លាប់​បាន​ធ្វើ​ពីមុន ។ នោះ​គឺ​មានន័យ​ថា យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ល្អប្រសើរជាង​ ឬ​ធ្វើ​ល្អ​ប្រសើរ​ជាង​ដែលយើងធ្លាប់​ធ្វើពីមុន ។

នៅពេល​ខ្ញុំ​គិត​អំពី​ទំនួលខុសត្រូវ​មកពី​ព្រះអម្ចាស់​ និង​ឱកាស​ដើម្បី​និយាយ​ពីរបីម៉ាត់​នា​យប់​នេះ គំនិត​ខ្ញុំ​បាន​គិត​អំពី​ដំណើរ​រឿង​នៃ​ព្រះអង្គសង្គ្រោះយាង​​ទៅជួប​នីកូដេម​នាយប់មួយ ដូច​បាន​កត់ត្រា​នៅក្នុង​ជំពូក​ទីបី នៃ​គម្ពីរ​យ៉ូហាន ។ នីកូដេម​បាន​និយាយ ៖ « លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ ទី​សម្គាល់  ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ » ។

សេចក្ដីថ្លែង​នោះ​មិនគ្រាន់តែ​ប្រកាស​ថាព្រះយេស៊ូវ​ជា--គ្រូបង្រៀន​មកពីព្រះ​ប៉ុណ្ណោះ​ទេ--ប៉ុន្តែ​ក៏​បាន​ប្រាប់ពី​អ្វីដែល​គ្រូបង្រៀនដែលមកពីព្រះ​ធ្វើ​ផងដែរ ៖ ពួកគេ​ធ្វើ​អព្ភូតហេតុ​នៅក្នុងជីវិត​នៃ​អ្នកទាំងឡាយ​ដែល​ពួក​គេ​បង្រៀន ដោយ​សារ​ព្រះគង់នៅ​ជាមួយពួកគេ ។

ខ្ញុំ​ស្គាល់​គ្រូបង្រៀនដូច្នោះ​ច្បាស់​ណាស់ ។ ខ្ញុំ​ចង់​ចែកចាយ​រឿង​ប្រៀបធៀប​មួយ​អំពីគាត់ជាមួយនឹង​បងប្អូន​នា​យប់នេះ ។ វាត្រូវ​បាន​ហៅ​ថា ​« រឿង​ប្រៀបធៀប​នៃ​អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន » ។

មានបងស្រី​ម្នាក់​ត្រូវ​បាន​ហៅ​ឲ្យធ្វើជាអ្នក​ដឹកនាំ​ថ្នាក់​ទារកដ្ឋាន​ក្នុង​វួដ​គាត់ ។ គាត់​ទទួលបាន​ការ​បំពាក់បំប៉ន​យ៉ាង​ល្អ​នៅ​សាកលវិទ្យាល័យ ហើយគាត់​មាន​គំនិត​សម្រាប់​សកម្មភាព និង​ហត្ថកម្ម​ជាច្រើន​សម្រាប់​កុមារតូចៗ​ធ្វើ ។ គាត់​បាន​សម្រេច​ចិត្ត​ថា​ធ្វើ​ឲ្យ​ថ្នាក់​ទារកដ្ឋាន​ក្លាយជា​គំរូគេ​មួយ ។

ជាច្រើន​សប្ដាហ៍​ក្រោយមក គាត់​បាន​បាក់ទឹកចិត្ត ។ ថ្នាក់​ទារកដ្ឋាន​គឺជា​បន្ទុក​មួយ ។ គាត់​ខ្លាច​ក្នុងការ​នៅ​ជាមួយ​កុមារ​តូចៗ ។ ខុស​ពី​ផែនការ​របស់គាត់ កុមារ​តូចៗ​បាន​ឈ្លោះគ្នា យំ ហើយ​មិន​ខ្វល់​ពី​គាត់​រាល់សប្ដាហ៍ ។ គ្មាន​អ្វី​ដំណើរ​ការ​សោះ ។ រាល់សប្ដាហ៍​គាត់​មក​ផ្ទះ​វិញ​ទាំង​ទឹកភ្នែក ។

គាត់​បាន​យំ​ដោយ​មួរម៉ៅ​ថា « ខ្ញុំបាន​ធ្វើ​អស់​ហើយ ! តើ​ខ្ញុំ​អាច​ធ្វើអ្វី​ទៀត ?»

រួច​ក៏មានគំនិត​មួយ​ក្នុង​ចិត្ត​គាត់ ៖ ចូរ​ទូល​សួរ​ដល់ព្រះវរបិតាសួគ៌​នូវអ្វី​ដែល​អ្នក​គួរ​ធ្វើ ។ គាត់​បាន​ជូត​ទឹកភ្នែក រួច​លុត​ជង្គង់ចុះ​អធិស្ឋាន ។ គាត់បានអធិស្ឋាន​អំពី​ថ្នាក់​ទារកដ្ឋាន អំពី​ក្ដីសង្ឃឹម ការ​មួរម៉ៅ និង​ការ​ខកចិត្ត​របស់​គាត់ ។ គាត់​បានអធិស្ឋាន​សុំ​ជំនួយ និងការ​ណែនាំ​របស់ទ្រង់ ។

ព្រះវរបិតា​សួគ៌​បាន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​គាត់ ។ ចំណាប់​អារម្មណ៍​ដ៏​ខ្លាំង​មួយ​បាន​ផុសឡើង ៖ ផែនការ​មេរៀន​របស់អ្នក គឺអំពី អ្នក ។ ចូរ​ផ្ដោត​ទៅលើ​កុមារ​តូច​ រៀន​ស្គាល់ពួកគេ ហើយ​ស្រឡាញ់​ពួកគេវិញ ។

វា​គឺជា​ការ​ប្រឹក្សា​ដ៏ល្អ ជា​​សារលិខិត​ដ៏ល្អ​មួយ ​ប៉ុន្តែ​ពិបាក​ស្ដាប់ឮ ។ បងស្រី​នោះបានដឹង​ថា គាត់ត្រូវ​ប្រែចិត្ត ។ គាត់​ត្រូវការ​អាកប្បកិរិយា​ថ្មី និង​មធ្យោបាយ​ថ្មី​សម្រាប់ថ្នាក់ទារកដ្ឋាន ។ គាត់បាន​អធិស្ឋាន ហើយ​បាន​សិក្សា​បទគម្ពីរ​សុំ​ការ​បំផុសគំនិត ។

នៅពេលគ្រូបង្រៀន​​​នោះ​បាន​ត្រឡប់ទៅថ្នាក់ទារកដ្ឋាន​នាថ្ងៃ​អាទិត្យ​ក្រោយ​ គាត់​ពុំ​មានអារម្មណ៍​ភ័យ​ខ្លាច​ទៀត​ឡើយ ។ គាត់​បានទុកចិត្ត​លើ​ព្រះអម្ចាស់ ។ គាត់បានជួប​កុមារតូចៗ​នៅ​មាត់ទ្វារ ហើយបាន​លុតជង្គង់ចុះ​ត្រឹម​កំពស់​ពួកគេ ហើយ​ស្វាគមន៍​ពួកគេ​តាម​ឈ្មោះ ។ គាត់បាន​និយាយ​នឹង​ពួកគេ​អំពី​ក្រុមគ្រួសារ​ពួកគេ អាហារ​ឆ្ងាញ់ៗ និងអ្វីៗ​ជាច្រើនទៀត ។ គាត់មាន​ពេល​ច្រៀង និងអាន​រឿង ។ កុមារ​មួយចំនួ​ន​បានយំ ហើយបាន​ឈ្លោះគ្នា ប៉ុន្តែ​វាមានអារម្មណ៍​ខុសប្លែក​មួយ​នៅក្នុង​ថ្នាក់ទារកដ្ឋាន​នា​សប្ដាហ៍​នោះ ។ ហើយ​នៅពេល​វា​កន្លង​ហួស បងស្រី​នោះ​នឿយហត់ ប៉ុន្តែ​ពុំ​ភ័យ​ខ្លាច​ទេ ។

បន្ដិចៗម្ដងៗ នៅពេល​បងស្រី​ល្អ​រូបនេះ​កាន់តែ​ស្គាល់កុមារ​តូចៗ នោះ​អារម្មណ៍​របស់​គាត់​អំពី​ពួកគេ​បាន​ផ្លាស់ប្ដូរ ។ អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន​នោះ​ទន្ទឹង​​រង់ចាំ​ឲ្យ​តែ​​ដល់ថ្ងៃ​អាទិត្យ ។ គាត់​រំភើបចិត្ត ហើយរីករាយ​ដើម្បីនៅជាមួយ​កុមារ​ថ្នាក់ទារកដ្ឋាន​របស់គាត់ ។ គាត់​ស្រឡាញ់​ពួកគេ ។

ហើយ … ការ​បំផុសគំនិត​បាន​មក​ដល់ ។ នៅ​សប្ដាហ៍​មួយ គាត់​បាន​យក​ម៉ាស៊ីនថត​ទៅថ្នាក់ទារកដ្ឋាន ហើយ​ថត​រូប​របស់​កុមារ​ម្នាក់ៗ ។ គាត់​បាន​រៀបចំ​ក្ដារខៀនរូបភាព ដាក់​រូប​ថត​កុមារ​ម្នាក់ៗនៅ​លើក្ដារខៀន ​ហើយ​យក​ក្ដារខៀន​ទៅ​កាន់ថ្នាក់​ទារកដ្ឋាន​រាល់សប្ដាហ៍ ។ កុមារ​តូចៗ​ចូលចិត្ត​មើលឃើញ​រូប​ពួកគេ​នៅលើ​ក្ដារខៀន ។ ពួកគេ​ពុំគ្រាន់​តែ​មានអារម្មណ៍​ថាសំខាន់ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ទទួលអារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​ទៀតផង ។

បន្ទាប់ពីមួយរយៈមក អ្នកដឹកនាំ​ថ្នាក់ទារកដ្ឋាន​បានប្រើ​សកម្មភាព​ និង​គម្រោងរបស់គាត់​ដើម្បីបង្រៀន​ដល់កុមារ​តូចៗ ។ កុមារ​តូចៗ​ចូលចិត្ត​វា ។ តាមពិត​កុមារ​តូចៗ​ចូលចិត្ត​ថ្នាក់ទារកដ្ឋាន​ខ្លាំង​ណាស់ ដែល​ពួកគេ​នឹង​រត់ទៅ​ថ្នាក់​ទារកដ្ឋានភ្លាម​បន្ទាប់ពី​ម៉ោង​សាក្រាម៉ង់ ។ កុមារ​តូចៗ​ចូលចិត្ត​នៅ​ក្នុង​ថ្នាក់ទារកដ្ឋាន ។ ពួកគេ​ស្រឡាញ់​អ្នកដឹកនាំ​ថ្នាក់ទារកដ្ឋាន ហើយគាត់​ស្រឡាញ់ពួកគេ ។

មានគោលការណ៍​ជាច្រើន​ដែល​មនុស្ស​ម្នាក់អាច​រៀនមក​ពី​រឿង​ប្រៀបធៀប​នេះ ។ អ្វី​ដែលសំខាន់បំផុត​គឺ សេចក្ដី​ជំនឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ វា​គឺជា​សេចក្ដីជំនឿ​របស់គ្រូបង្រៀន​ ដែល​បាននាំ​គាត់​ឲ្យ​លុតជង្គង់​ចុះ​អធិស្ឋាន សេចក្ដីជំនឿ​បាន​ជម្រុញ​គាត់​ឲ្យ​ប្រែចិត្ត ហើយ​សេចក្ដីជំនឿ​បានដឹកនាំ​គាត់​ឲ្យ​បន្ដ​ឆ្ពោះ​ទៅ​មុខ​ទោះ​ពុំ​ដឹង​ច្បាស់​ពីអ្វី​ដែលគាត់នឹង​ធ្វើ ។ សេចក្ដីជំនឿ គឺជា​គោលការណ៍​ទីមួយ ។

ទីពីរ គឺ​សេចក្ដីសង្ឃឹម ។ ការ​នៅក្នុងថ្នាក់ទារកដ្ឋាន អាច​នឹង​ពិបាក​សម្រាប់កុមារតូចៗ ។ ពួកគេមានអារម្មណ៍​ភ័យ​ខ្លាច ឯកោ ឬសូម្បី​តែ​ថា​ត្រូវ​គេ​បោះបង់​ទៀតផង ។ ពួកគេ​អាច​ឆ្ងល់ ថាតើមានផ្លូវ​ចេញ​​ដែរ​ឬ​ទេ ។ អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន បាន​មានអារម្មណ៍​ដូចគ្នា​នោះ ប៉ុន្តែ​គាត់​បាន​ឆ្លង​កាត់​វា ហើយ​គាត់​បាន​ដឹង​ថា​មានសេចក្ដីសង្ឃឹម​​នៅក្នុង​ព្រះគ្រីស្ទ ។ សេចក្ដីសង្ឃឹម​របស់​គាត់មានភាព « រស់រវើក » « ភ្លឺថ្លា » ហើយ « ចិញ្ចាញចិញ្ចែង » ដែលកុមារតូចៗ​អាច​ដឹង ។

គោលការណ៍​ទីបី គឺ​ភាពរាបសារ ។ ភាព​អំនួត និង​ការ​ទុកចិត្តទៅលើ​សាច់ឈាម គឺជា​គ្រោះថ្នាក់​សម្រាប់​គ្រូបង្រៀន ។ ភាពរាបសារ--ងាយ​ប្រដៅ-- គឺជា​ថ្នាំ​ផ្សះដ៏អស្ចារ្យ​​ចំពោះ​ភាព​អំនួត ។ អ្នកដឹកនាំ​ថ្នាក់ទារកដ្ឋាន បាន​ធ្វើ​សកម្មភាព​ដោយមាន​សេចក្ដីជំនឿ​ទៅលើព្រះគ្រីស្ទ ដើម្បី​បន្ទាប​ខ្លួន​គាត់​ចំពោះព្រះវរបិតាសួគ៌​របស់គាត់ ។ ទ្រង់​បាន​បំភ្លឺគំនិតគាត់ ហើយបាន​ប្រទាន​ប្រាជ្ញាដល់​គាត់​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

គោលការណ៍​ទីបួន គឺ​សេចក្ដីស្រឡាញ់--​សេចក្ដីស្រឡាញ់​ដ៏សុទ្ធសាធ​របស់ព្រះគ្រីស្ទ ។ នៅដើម​ដំបូង កុមារ​តូចៗ​ពុំ​ងាយស្រួល​ដើម្បី​ស្រឡាញ់​ទេ ។ ប៉ុន្តែ​អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋានមាន​ជំនឿ​ទៅលើព្រះគ្រីស្ទ ហើយ​គាត់​បាន​ដើរឆ្ពោះទៅមុខ​ដោយ​ភាព​រាបសារ​ទាំងមានក្ដីសង្ឃឹម​ទៅលើទ្រង់​ដើម្បី​ស្រឡាញ់​កុមារតូចៗ​ទាំងនោះ ។ ព្រះប្រទានពរ​គាត់​ជាសេចក្ដីស្រឡាញ់​ដ៏សុទ្ធសាធ​របស់ព្រះគ្រីស្ទ ហើយកុមារតូចៗ​បានទទួល​អារម្មណ៍​​ដឹង ។ តាមពិត អ្នកដឹកនាំ​ថ្នាក់ទារកដ្ឋាន បានបង្កើត​ចំណង​សប្បុរសធម៌​ជាមួយនឹង​កុមារតូចៗ​ទាំងនោះ ។ ចំណង​ទាំងនោះ បានក្លាយទៅជា​មធ្យោបាយ​ខាង​វិញ្ញាណ​តាមរយៈ​ការ​រៀនសូត្រ ការ​លើកទឹកចិត្ត ហើយសេចក្ដីសង្ឃឹម​អាច​កើតមាន ។

បងប្អូន​ប្រុសស្រី ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​ពរជ័យ​របស់ព្រះ​មានមក​លើ​បងប្អូន មិនថា​យើងបង្រៀននៅកន្លែងណាទេ សូម​ឲ្យ​យើងទាំងអស់គ្នា អនុវត្តគោលការណ៍​​នៃ​សេចក្ដីជំនឿ សេចក្ដីសង្ឃឹម ភាព​រាបសារ និង​សេចក្ដីស្រឡាញ់​ទាំងនេះ ជាមួយ​នឹងភាព​ឧស្សាហ៍ ភាព​ក្លាហាន និងភាព​អត់ធ្មត់​មានកាន់តែ​ខ្លាំង​ជាង​មុន ។ ខ្ញុំដឹង​ថា ប្រសិន​បើ​យើងធ្វើ នោះ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ​នឹង​មាន​នៅជាមួយយើង ហើយយើង​ពិតជា​នឹង​ធ្វើជា​គ្រូបង្រៀន​ដែលមកពីព្រះ ដោយធ្វើការ​អព្ភូតហេតុជាច្រើន​នៅក្នុងជីវិត​របស់សិស្ស​យើង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។