ចូរ​រៀន​នឹង​ខ្ញុំ​ចុះ

ជំនួប​ពេល​ល្ងាច​ជាមួយ​នឹង​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

សុន្ទរកថា​ទៅកាន់​គ្រូបង្រៀន​ខាង​សាសនា ស៊ី.អ៊ី.អេស•ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨•រោង​ឧបោសថ​ទីក្រុង​សលត៍ លេក​


 

ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​នៅ​ជា​មួយ​នឹង​បងប្អូន​នា​រាត្រី​នេះ ។ ខ្ញុំ​សូម​ផ្ដល់​នូវ​ក្ដីស្រឡាញ់ និង​អំណរគុណ​ចំពោះ​គ្រូបង្រៀន​នៃ​ជំនាន់​កំពុង​ពេញវ័យ​នៅ ក្នុង​ថ្នាក់​សិក្ខាសាលា ថ្នាក់វិទ្យាស្ថាន និង​ការ​អប់រំ​ខាង​សាសនា​នៅ ក្នុង​សាលារៀន មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​ទាំងឡាយ​របស់​សាសនាចក្រ ។ ខ្ញុំ​ស្រឡាញ់​បងប្អូន ហើយ​ខ្ញុំ​មាន​អំណរគុណ​ចំពោះកិច្ចការ​ដ៏​អស្ចារ្យ​របស់​បងប្អូន ។ ខ្ញុំក៏​មាន​អំណរគុណ​ចំពោះ​ក្រុមគ្រួសារ​បងប្អូន និង​ការគាំទ្រ​ដែល​ពួកគេ​បាន​មាន​ចំពោះ​បងប្អូនផងដែរ ។ បងប្អូន​គឺ​ជា​ពរជ័យ​ដ៏​មហិមា​មួយ​ចំពោះ​យុវវ័យ និង​យុវជម្ឈិមវ័យ​ដែល​បងប្អូន​បង្រៀន ។

នា​យប់​នេះ ខ្ញុំ​ចង់​ចែកចាយ​គំនិត​មួយ​ជាមួយ​បងប្អូន ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​ជា​ប្រយោជន៍ នៅពេល​បងប្អូន​ព្យាយាម​ជួយ​ដល់​សិស្ស​ឲ្យ​រៀន​កាន់​តែ​ជ្រៅជ្រះ​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​រៀនសូត្រ​ដំណឹងល្អ​ជ្រៅជ្រះ ជាការ​រៀនសូត្រ​ចេញ​មក​ពី​ដួងចិត្ត និង​ព្រលឹង​ទាំងមូល ដែល​វា​កើត​មាន​នៅ ពេល​សិស្ស​របស់​យើង​ចម្រើន​អំណាច​របស់​ពួកគេ​ដើម្បី ធ្វើ​នូវ​រឿង​បី​យ៉ាង ៖

  1. ១.

    រីកចម្រើន​នៅ​ក្នុង​ចំណេះដឹង និង​ការ​យល់ដឹង​អំពី​ដំណឹងល្អ​ក្នុង​គំនិត និង​ដួងចិត្តរបស់​ពួកគេ ។

  2. ២.

    ស្ថាបនា​ចំណេះដឹង​នោះ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ធ្វើ​សកម្មភាព​ដ៏​មានប្រសិទ្ធភាព និង​សុចរិត ។

  3. ៣.

    រីកចម្រើន​ខាង​អាកប្បកិរិយា និង​អត្តចរិត​ដូចជា​ព្រះគ្រីស្ទ ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ខ្លាំងឡើងៗ ។

ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ បាន​ផ្ដល់​ការ​អញ្ជើញ​មួយ​ឲ្យ​រៀន​នៅ​ក្នុង​បទគម្ពីរ​ពីរ​នេះ​ឲ្យ​បាន​ជ្រៅជ្រះ ។ ទីមួយ គឺម៉ាថាយ ១១:២៨-២៩ ៖ « អស់​អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរមក​ឯ ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក ។ ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង » ។

ទីពីរ គឺ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៩:២៣ ៖ «ចូរ​រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុងភាព​ស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​យើង នោះ​អ្នក​នឹង​បាន​សេចក្ដី​សុខ​សាន្ត​ក្នុង​យើង » ។

នៅ​ក្នុង​បទគម្ពីរ​ទាំង​ពីរ​នេះ ព្រះអម្ចាស់​បាន​ធ្វើ​ការ​អញ្ជើញ ៖ ឲ្យ​រៀន​នឹង​ខ្ញុំ​ចុះ ។ ដូចជា អែលឌើរ ណែល អេ. ម៉ាកស្វែល បាន​កត់ចំណាំ​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​អំពី​ការ​អញ្ជើញ​នេះ​ថា គឺ​ជា​ចំណុច​សំខាន់​នៅ​ក្នុង​ព្រះចេស្ដា​ដ៏​ប្រោសលោះ​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ គ្រីស្ទ និងវាជា​ការ​អញ្ជើញ ឲ្យ​រៀន​សូត្រ​ឲ្យ​ជ្រៅជ្រះ ។ អែលឌើរ ម៉ាកស្វែល បាន​មានប្រសាសន៍​ថា ៖ « មាន​វិធី​ជាក់​លាក់​ជាច្រើន​ដែល​យើង​អាច​ប្រៀបប្រដូច​ទៅនឹង​ខ្លួន​យើង…បទគម្ពីរ​អំពី​ព្រះយេស៊ូវ និង ដង្វាយធួន ប៉ុន្តែ​ទាំងអស់​នោះ​គឺ​ស្ថិត​នៅ​ក្នុង​រង្វង់នៃ​គំនិត​នេះ​ថា ‹ ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ › ។ តាមពិត ពុំ​មាន​ផ្លូវ​ឯ​ណា​ទៀត​ដើម្បី​រៀនសូត្រ​ជ្រៅជ្រះ​ទេ ! »

វិធី​តែ​មួយគត់​ដើម្បី​រៀនសូត្រ​ជ្រៅជ្រះ គឺ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់—តាមរយៈ​វិវរណៈ និង ការបំផុសគំនិត​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដោយសារ​ការសិក្សា​ដ៏​ឧស្សាហ៍ព្យាយាម និង​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម និង​តាមរយៈ​ការបង្រៀន​គ្នា​ទៅវិញទៅមក ដែល​បាន​ចូលរួម​ដោយព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

នេះ​មានន័យ​ថា ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី « រៀន​នឹង​ខ្ញុំ​ចុះ » មាន​អត្ថន័យ​ទំនាក់ទំនង​ពីរ​យ៉ាង​ដែល​ឆ្លើយ​តប​ដោយ​របៀប​ដ៏​ល្អ​មួយ​ចំពោះ មាគ៌ា​របស់​ព្រះអម្ចាស់​ដើម្បី​រៀនសូត្រ​ជ្រៅជ្រះ ។

អត្ថន័យ​ទីមួយ​នៃ « រៀន​នឹង​ខ្ញុំ​ចុះ » គឺ ៖ រៀន​ស្គាល់ខ្ញុំ ។

យើង​រៀន​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការមាន​ជំនឿ​ទៅ​លើ​ទ្រង់ និង​ការបែរ​ទៅ​រក​ទ្រង់​ដើម្បី​ប្រែចិត្ត ស្វែងរក​ការអភ័យទោស​ពី​ទ្រង់ និង​ព្រះចេស្ដា​ប្រោសលោះ​របស់​ទ្រង់ ព្រមទាំង​រក្សា​បទញ្ញត្តិ​របស់​ទ្រង់ ។ ដើម្បី​ស្គាល់​ទ្រង់​គឺ​ត្រូវ​កើត​ពី​ទ្រង់​ខាង​វិញ្ញាណ មាន​បទពិសោធន៍​នៃ​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត​ដ៏​ធំ ការក្លាយ​ជា​បុត្រា និង​បុត្រី របស់​ទ្រង់ ។ ការ​រៀន​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ បើក​ដួងចិត្ត និង​គំនិត​របស់​យើង​ទៅ​កាន់​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​នាំ​ការ​អះអាង​ពី​ក្ដីស្រឡាញ់​របស់ព្រះអម្ចាស់​​ចំពោះ​យើង ។

អត្ថន័យ​ទីពី​នៃ « រៀន​នឹង​ខ្ញុំ​ចុះ » គឺ ៖ រៀន​ពីខ្ញុំ ។

ព្រះ​អម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ដឹង​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​យើង​ត្រូវការ ។ ចំណេះដឹង និង​ការយល់ដឹង​របស់​ទ្រង់ ព្រះបញ្ញាញាណ និង ចរិតលក្ខណៈ​របស់​ទ្រង់ គឺ​ល្អឥតខ្ចោះ​ទាំង​ស្រុង ។ នៅពេល​យើង​ជ្រមុជ​ខ្លួន​យើង​ទៅ ក្នុង​បទគម្ពីរ នោះ យើង​រៀន​មក​ពី គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ។ ដោយសារ​តែ​ទ្រង់​គឺ​ជា​តួអង្គ​នៃ​អាកប្បកិរិយា និង​ចរិត​លក្ខណៈ​ជា​ព្រះ នោះ​ការសិក្សា​ដំណឹងល្អ របស់​យើង​គួរ​តែ​ផ្ដោត​ទៅលើ​ទ្រង់ ។ នៅពេល​យើង​មក​ស្គាល់​ទ្រង់ នោះ​ទ្រង់​សន្យា​ថា​នឹង​ជួយ​យើង​រៀន​កាន់​តែ​ជ្រៅជ្រះ​អំពី ទ្រង់ ។ ប្រាកដ​ណាស់ យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ធ្វើ​ចំណែក​របស់​យើង ប៉ុន្តែ​នៅ ពេល​យើង​ធ្វើ នោះ​ទ្រង់​សន្យា​នឹង​ប្រទាន​ចំណេះដឹង និង​ដាស់​ការយល់ដឹង​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ ទ្រង់​សន្យា​នឹង​តម្កើង​សមត្ថភាព​របស់​យើង​សម្រាប់​សកម្មភាព​សុចរិត ហើយ​ជួយ​យើង​កាន់តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ នេះ​គឺ​ជា​រៀនសូត្រ​ដ៏​ជ្រៅជ្រះ ។

បងប្អូន និង​ខ្ញុំ​ដឹង​ថា​រឿង​ទាំង​នេះ​ពិត ។ បើ​យើង​ស្មោះត្រង់ ព្រះអម្ចាស់​នឹង​បង្រៀន​យើង​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ​នៅ​ក្នុង​ជីវិត​របស់​យើង ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ទទួល​យក​ការ​អញ្ជើញ របស់​ព្រះអង្គសង្គ្រោះ​ដាក់​ក្នុង​ចិត្ត​ដើម្បី​រៀន​អំពី ទ្រង់ ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ បងប្អូន​នឹង​រៀន​កាន់តែ​ជ្រៅជ្រះ ហើយ​បងប្អូន​នឹង​ជួយ​សិស្ស​ឲ្យ​រៀន​កាន់តែ​ជ្រៅជ្រះ​ផងដែរ ។ ខ្ញុំ​ក៏​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ថ្លែង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច​ទាំងនេះ ។ វា​នឹង​មាន​ពេញ​ដោយ​អំណាច​ដល់​សិស្ស​របស់​បងប្អូន ពេល​ពួកគេ​ស្ដាប់​ឮ អ្នក​ថ្លែង​ទីបន្ទាល់​អំពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ក្នុង​ការស្គាល់​ព្រះអម្ចាស់ និង​ការ​រៀនសូត្រ​អំពី​ទ្រង់ ។

ហើយ​ដូច្នេះ ខ្ញុំ​សូម​បញ្ចប់​​សុន្ទរកថា​របស់​ខ្ញុំ​នៅ​យប់នេះ​ជាមួយ​នឹង​សាក្សី​ផ្ទាល់​ខ្លួន​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ព្រះមាន​ព្រះ​ជន្មរស់ ហើយ​ថាព្រះយេស៊ូវ គឺ​ជា​ព្រះ​គ្រីស្ទ ! ខ្ញុំ​ស្គាល់​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ និង​ព្រះចេស្ដា​ប្រោសលោះ​របស់​ទ្រង់​ចេញ​មក​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ និង​ដោយ​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ វា​គឺ​ការរាបសារ និង​អំណរ​ដើម្បី​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការសន្យា​របស់​ទ្រង់​គឺ​ជាការ​ពិត ។ ការ​រៀនសូត្រ​ជ្រៅជ្រះ គឺ​ជា​ការពិត ហើយវា​​គឺ​ជា​ឯកសិទ្ធិ​របស់​យើង និង​ជា​ឯកសិទ្ធិ​របស់​សិស្ស​ដ៏​មាន​តម្លៃ​របស់​យើង ។ ខ្ញុំ សូម ធ្វើ ទីបន្ទាល់ដូច្នោះ នៅ ក្នុង ព្រះនាម នៃ ព្រះយេស៊ូវគ្រីស្ទ អាមែន ។

© 2018 by Intellectual Reserve, Inc. All rights reserved. អនុមតិ​ជា​ភាសា​អង់គ្លេស ៖ ១១/១៧ ។ អនុមតិ​ការបកប្រែ ៖ ១១/១៧ ។ ការបកប្រែ​នៃ « Learn of Me » Cambodian ។ PD60005340 258

បង្ហាញ​សេចក្ដី​យោង

    កំណត់ចំណាំ

  1.  

    ១. ម៉ាថាយ ១១:២៨-២៩។

  2.  

    ២. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:២៣

  3.  

    ៣. ម៉ាថាយ ១១:២៩។

  4.  

    ៤. នែល អេ ម៉ាក់ស្វែល, « Plow in Hope, » Ensign ខែ​ឧសភា ឆ្នាំ ២០០១ទំព័រ ៦១ ។

  5.  

    ៥. លំនាំ​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​យ៉ាង​ច្បាស់​បំផុត​នៅ ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨ ។ សូម​មើល​ខ ៦៣–៦៤, ៦៧, ៧៧–៧៩, ១១៨, ១២២, ១២៥ ។