អារម្មណ៍​មួយ​នៃ​ភាព​ជា​កម្មសិទ្ធិ

ការចាក់​ផ្សាយ​ស្តី​ពី​ការប្រជុំ​បំពាក់បំប៉ន​ប្រចាំ​ឆ្នាំ​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​សាសនា • ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៦


 

តើ​ខ្ញុំ​អាច​ប្រាប់​បងប្អូន​យ៉ាង​ដូចម្ដេច ដើម្បី​បញ្ជាក់​ពី​ការ​ដឹង​គុណ​របស់​ខ្ញុំ ចំពោះ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថាន​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​គ្រួសារ​ខ្ញុំ​នោះ ? ក្នុង​ចំណោម​កូន​របស់​យើង​ទាំង ១១ នាក់ គឺ​ពួក​គេ​ម្នាក់ៗ​បាន​ចូល​រៀន​ថ្នាក់​សិក្ខាសាលា អស់​រយៈ​ពេល​បួន​ឆ្នាំ ហើយ​បើ​សរុប​ទៅ​គឺ​រយៈពេល ៤៤ ឆ្នាំ​នៃ​ថ្នាក់​សិក្ខា​សាលា​នៅ​ក្នុង​ផ្ទះ​របស់​យើង ។ ចៅៗ​របស់​យើង​ក៏​បាន​ចូលរៀន​ថ្នាក់​សិក្ខា​សាលា​អស់​រយៈពេល ៨ ឆ្នាំ​ផងដែរ ដូច្នោះ​វា​អស់​រយៈពេល ៥២ ឆ្នាំ ។ ស្វាមី​របស់​ខ្ញុំ​បង្រៀន​ថ្នាក់​វិទ្យាស្ថាន ហើយ​កូនៗ​របស់​យើង​ដែល​បាន​ទៅ​រៀន​ក្រៅ​សហរដ្ឋ ក៏​បាន​ចូល​រៀន​ថ្នាក់​វិទ្យាស្ថាន​ដែរ ។ ពួកយើង​ជំពាក់​គុណ​ដល់​បងប្អូន ។ សូម​អរគុណ​ច្រើន​ណាស់ ! ការ​និយាយ​រយៈពេល ១៥ នាទី​នេះ​ពុំ​អាច​តប​ស្នង​បំណុល​នៃ​ពេលវេលា​ដែល​ខ្ញុំ​ជំពាក់​បងប្អូន​ឡើយ ។

ក្រៅ​ពី ចំនួន ម៉ោង​នៅក្នុង​ថ្នាក់​រៀន​នោះ ខ្ញុំ​ចង់​ពិចារណា​អំពី​បទពិសោធន៍​នៃ​ការប្រែចិត្ត​ជឿ ដែល​កើត​ឡើង​ដោយ​សារ បរិយាកាស នៅ​ទីនោះ នៅក្នុង​បន្ទប់​រៀន​របស់​អ្នក ។ តើ​បងប្អូន​មាន​ដឹង​ទេ​ថា បងប្អូន​មាន​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា ? ក្នុង​នាម​ជា​គ្រូបង្រៀន​ដែល​បាន​ហៅ ញែកចេញ នោះ​ការទទួល​បាន​ព្រះចេស្តា​ពី​ស្ថានសួគ៌​ជំនួស​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក​គឺ​ពិត​ជា​ខ្លាំង​ក្លា​ណាស់ ។ យុវវ័យ​គប្បី​ទទួល​អារម្មណ៍​នៃ​ភាពខុសគ្នា​ដ៏​ច្បាស់​មួយ រវាង​ពិភពលោក​ខាង​ក្រៅ និង កន្លែង​ដែល​បងប្អូន​ជួប​គ្នា​រៀន​នេះ ។ យើង​រង​ឥទ្ធិពល​ពី​លោកិយ​នេះ ដែល​ពេល​ខ្លះ យើង​គ្មាន​ជម្រើស​ឡើយ—ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ដឹង​ពី​ឥទ្ធិពល​នៃ​គំនិត​របស់​មនុស្ស​អាយុ​ស្របាល​គ្នា ការទទួល​យក​ដ៏​មាន​ប្រជាប្រិយភាព ទស្សនៈ​លោកិយ និង ការនិយម​តាម​អ៊ិនធើរណែត ។ ពួក​យើង​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​រឿង​ទាំង​នោះ ។ មាន​កំណាព្យ​មួយ​បាន​សរសេរ​ថា « យើង​រួម​រស់​នឹង​លោកិយ​ច្រើន​ពេក​ហើយ គឺ​គ្រប់​ពេលវេលា » ។

តើ​យើង​អាច​បង្កើត​កន្លែង​មួយ ដែល​ពិភពលោក​នេះ​គ្មាន​ឥទ្ធិពល​មក​លើ​យើង ហើយ ឃ្លាត ឆ្ងាយ​ពី​យើង​យ៉ាង​ដូចម្តេច ? យើង​នឹង​ដាក់​អ្វី​មួយ​ឲ្យ​នៅ​ជាប់​ជានិច្ច​ដែល​ល្អ​ប្រសើរ​ជាង​គឺ​—ព្រះវិញ្ញាណ—ជំនួស​វា​វិញ ។ យើង​បំពេញ​ថ្នាក់​រៀន​របស់​យើង​ជាមួយ​សេចក្តី​ពិត និង ភាពទៀងត្រង់ ជា​គុណធម៌​ពីរ​យ៉ាង​ដែល​គ្មាន​នៅ​ក្នុង​លោកិយ​នេះ ។ ការ​ស្វែងរក​សេចក្ដីពិត​ដោយ​ស្មោះត្រង់​របស់​សិស្ស អាច​ផ្តល់​ដល់​សិស្ស​អ្នក​នូវ​ការយល់ដឹង​ដ៏​ពិតប្រាកដ​ខាង​វិញ្ញាណ ដែល​នៅ​ជាប់​ជាមួយ​ពួកគេ កាល​ពួកគេ​ដើរ​ទៅ​កាន់​ពិភពលោក​ខាង​ក្រៅ​វិញ​នោះ ។

ព្រះអង្គសង្គ្រោះ​បាន​ជ្រើស​យក​កន្លែង​នានា ដែល​មិនមែន​ជា​របស់​លោកិយ​នេះ ដើម្បី​បង្រៀន​ដល់​អ្នក​ដើរ​តាម​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​នៅ​ជើង​ភ្នំ នៅក្នុង​ផ្ទះ នៅ​ក្បែរ​អណ្តូង​ទឹក នៅក្បែរ​វាល​ស្រែ នៅលើ​ទូក និង ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន ។ ទ្រង់​ស្គាល់​រាស្ត្រ​របស់​ទ្រង់ ។ ទ្រង់​សម្រប​តាម​បរិយាកាស​របស់​ពួកគេ ។ ទ្រង់​បាន​ប្រមូល​ពួកគេ​ចេញ​ពី​លោកិយ​នេះ ហើយ​បាន​ប្រមូល​ពួកគេ​ឲ្យ​រស់នៅ​តាម​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ ។ បងប្អូន​ទាំងអស់​គ្នា​ដែល​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន អាច​ធ្វើ​បែប​នេះ​បាន នៅក្នុង​ថ្នាក់​រៀន មិន​ថា​នៅ​ព្រះវិហារ នៅ​សាលា​រៀន ឬ នៅ​ផ្ទះ​របស់​បងប្អូន​ផ្ទាល់​ឡើយ ។

មែនហើយ ពួកគេ​នឹង​ចូល​ទៅ​ថ្នាក់​រៀន​របស់​បងប្អូន​ដោយ​មាន​ឥរិយាបថ​ផ្សេងៗ​គ្នា ។ តើ​ពួកគេ​នឹង​ចាកចេញ​ពី​ថ្នាក់​នោះ​យ៉ាង​ដូចម្តេច ? នេះ​គឺ​ជា​ឱកាស​របស់​បងប្អូន​ដើម្បី​ភ្ជាប់​ពួកគេ​ទៅ​នឹង​សេចក្តីពិត​ដ៏​មាន​អានុភាព ដែល​ទាក់ទង​នឹង​ជីវិត​ផ្ទាល់​ខ្លួន​ពួកគេ ។ វា​នឹង​ក្លាយ​ជា​ទំនាក់ទំនង​ដ៏​យូរ​អង្វែង​មួយ បើ​ព្រះវិញ្ញាណ​បរិសុទ្ធ​គាំទ្រ​ដល់​ការប្រឹង​ប្រែង​របស់​បងប្អូន ហើយ​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការប្រមូល​ផ្តុំ​នោះ​ឲ្យ​មាន​ភាព​កក់ក្ដៅ ប្រយោជន៍​ឲ្យ​សិស្ស​បាន​ស្តាប់​ទទួល​យក ហើយ​រស់នៅ​តាម​សេចក្តីពិត​ទាំង​នោះ​យ៉ាង​ពិត​ប្រាកដ ។ សំណើច ភាពរីករាយ និង មិត្តភាព​សង្គម​ដែល​មាន​នៅក្នុង​ថ្នាក់​សិក្ខា​សាលា និង ថ្នាក់វិទ្យាស្ថាន​ពិត​ជា​ជួយ ហើយ​យុវវ័យ​មាន​ចំណុច​ទាំង​នោះ​ច្រើន​ណាស់ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ធ្វេសប្រហែស​នឹង​ម៉ោង​រៀនសូត្រ​ឡើយ ។ មាន​តែ​សេចក្តីពិត​ខាង​គោលលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ដែល​មាន​អំណាច​នៃ​សេចក្តីសង្គ្រោះ—ហើយ​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​កូនចៅ​របស់​ទ្រង់​បាន​សង្គ្រោះ ! យើង​ធ្វើ​កិច្ចការ​នេះ​ក្រោម​ព្រះចេស្តា និង ការដឹកនាំ​របស់​ទ្រង់ ។

ភាពពិត​ប្រចាំ​ថ្ងៃ​នៃ​សេចក្តី​ប្រោសលោះ​របស់​ព្រះគ្រីស្ទ គប្បី​ក្លាយ​ជា​ការផ្តោត​ចិត្ត​ដ៏​ខ្លាំង​បំផុត​នៅក្នុង​គំនិត​របស់​យើង និង​សិស្ស ។ នៅពេល​ពួកគេ​ទទួល​អារម្មណ៍​ថា ទ្រង់​នឹង​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​អំពើ​អាក្រក់​នៃ​លោកិយ​នេះ នោះ​សេចក្តីសង្ឃឹម និង ទំនាក់​ទំនង​ខាង​វិញ្ញាណ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួកគេ ! ថ្នាក់​រៀន​របស់​បងប្អូន​អាច​ក្លាយ​ជា​កន្លែង​មួយ​នៃ​ទំនាក់ទំនង​នេះ ។ ពួកគេ​នឹង​រៀន​ដោយ​បើក​ចិត្ត​គំនិត​ថា ទ្រង់​នឹង​នាំ​ផ្លូវ​ពួកគេ ទ្រង់​នឹង​រុំ​របួស​ឲ្យ​យើង ហើយ​ទ្រង់​នឹង​ធ្វើ​ការណ៍​នោះ​ភ្លាម បើ​យុវវ័យ​នឹង​បើក​ដួងចិត្ត​ទទួល ហើយ​ទុកចិត្ត​លើ​ទ្រង់​នោះ ។ ឱ​លោក​គ្រូ​អ្នក​គ្រូ​ជា​ទីស្រឡាញ់​អើយ ខ្ញុំ​គិត​ថា នោះ​ហើយ​គឺជា​តួនាទី​របស់​បងប្អូន ។ តើ​បងប្អូន​ប្រាកដ​ថា បងប្អូន​នឹង​និយាយ​ជាមួយ​សិស្ស​នៅ​ក្នុង​ថ្នាក់​ដោយ​ស្មោះត្រង់ ? ដោយ​ឥត « ធ្វើ​ពុត​ជា​គ្រប់​លក្ខណ៍ » ឡើយ ! ហើយ​បញ្ជាក់​ឲ្យ​ប្រាកដ​ថា​បងប្អូន​ជា​មនុស្ស​ពិត​បាន​ទេ ដោយ​ឲ្យ​ពួកគេ​ដឹង​ថា​បងប្អូន​ត្រូវ​ខិតខំ​ឆ្លង​កាត់​ឧបសគ្គ​នានា​ដូច​ពួកគេ​ដែរ ដោយ​កំពុង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​គោរព​តាម ហើយ ទុកចិត្ត​ព្រះអង្គ​សង្គ្រោះ ។ ភាព​ពិត​នេះ​នឹង​ក្លាយ​ជា​អំណោយ​ដ៏​ពេញ​ចិត្ត​មួយ​សម្រាប់​សិស្ស​របស់​បងប្អូន ហើយ​ក្រោយ​មក​ពួកគេ​នឹង​មាន​លំនាំ​មួយ ក្នុង​ការ​អនុវត្ត​ដំណឹង​ល្អ​ដ៏​ពិត​នេះ​ទៅ​នឹង​ឧបសគ្គ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដូច​ដែល​បងប្អូន​បាន​ធ្វើ ។

ការបង្កើត​ថ្នាក់​រៀន​មួយ​បែប​នេះ​តម្រូវ​ឲ្យ​មាន​ការញែកដឹង​ខាង​វិញ្ញាណ ដូច្នេះ​គ្រូ​បង្រៀន​ដ៏​ស្មោះសរ​សួរ​សំណួរ​ដល់​ព្រះ​ថា « តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ? » ការបង្កើត​ថ្នាក់​បែប​នោះ​តម្រូវ​ឲ្យ​មាន​ភាពស្មោះ​ត្រង់​ដ៏​ក្លាហាន ដូច្នេះ​គ្រូបង្រៀន​វាយតម្លៃ​ខ្លួន​ឯង ហើយ​សួរ​ថា « តើ​ខ្ញុំ​គប្បី​ផ្លាស់ប្តូរ​អ្វី​ខ្លះ នៅក្នុង​របៀប​បង្រៀន​របស់​ខ្ញុំ ? តើ​ខ្ញុំ​ពិតជា​ដោះស្រាយ​សេចក្តី​ត្រូវការ​របស់​សិស្ស​បាន​មែន​ឬ ? តើ​ខ្ញុំ​អាច​ផ្ដល់​នូវ​បរិយាកាស​ល្អ​បំផុត​ក្នុង​ថ្នាក់​រៀន សម្រាប់​ការរៀន​ដំណឹង​ល្អ​យ៉ាង​ដូចម្តេច ? »

តើ​បងប្អូន​ឃើញ​ពី​របៀប​នៃ​ការបង្កបង្កើត​ផែនដី​របស់​ព្រះអម្ចាស់​ថា ជា​លំនាំ​មួយ​សម្រាប់​ការបង្កើត​បរិយាកាស​មួយ​ក្នុង​ថ្នាក់​រៀន​របស់​អ្នក​ដែរ​ឬ​ទេ ? ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា​ទ្រង់ ព្រះ​អម្ចាស់​បាន​បង្កើត​ថ្នាក់​រៀន​ដែល​ចាត់​មក​ពី​ព្រះ ដែល​យើង​ហៅ​ថា​ផែនដី ៖

  • ដោយ​សេចក្តី​ជំនឿ

  • ដោយ​ផែនការ​ខាង​វិញ្ញាណ

  • ដោយ​កិច្ចខិតខំ​ដ៏​មាន​ក្តីស្រឡាញ់ និង មាន​របៀប​រៀបរយ

  • ដោយ​ការគោរព​ប្រតិបត្តិ​ឥត​ល្អៀង និង

  • ដោយ​ការដឹង​ពី​សេចក្តីត្រូវការ​របស់​កូនចៅ​ព្រះវរបិតាសួគ៌ ដើម្បី​លូតលាស់ និង ចម្រើន​ឡើង ។

បងប្អូន​ក៏​អាច​ធ្វើ​តាម​របៀប​របស់​ព្រះ​អម្ចាស់​បាន​ដែរ នៅក្នុង​របៀប​ខាង​សាច់​ឈាម​ផ្ទាល់​ខ្លួន​ដែល​មាន​កំណត់​មួយ ដើម្បី​បង្កើត​កន្លែង​ខាង​វិញ្ញាណ​នៃ​សេចក្តីពិត និង សេរីភាព ។ ការបង្កើត​បែប​នេះ​តម្រូវ​ឲ្យ​មាន​ដួងចិត្ត​បរិសុទ្ធ ។ បើ​បងប្អូន​គ្មាន​បំណង​នោះ​ទេ បងប្អូន​ពុំ​អាច​បង្កើត​កន្លែង​ដ៏​បរិសុទ្ធ​នៃ​ការរៀន​សូត្រ​បាន​ឡើយ ។

វា​ជា​តួនាទី​របស់​បងប្អូន ។ ខ្ញុំ​ចូលចិត្ត​គិតថា នៅក្នុង​ថ្នាក់​រៀន​ដ៏​ល្អ​បំផុត​គឺ​ពិត​ជា​គ្មាន​កន្លែង​ទំនេរ​នោះ​ទេ ! ថ្នាក់​រៀន​ទាំងមូល​គឺ​ពោរ​ពេញ​ដោយ​ក្តីស្រឡាញ់ និង ការទទួល​យក ដែល​បាន​ស្ថាបនា​ឡើង​ដោយ​សេចក្តីជំនឿ​លើ​ដង្វាយធួន និង ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។

ខ្ញុំ​ពុំ​មែន​ប្រកាស​ថា យុវវ័យ​ទាំងអស់​អាច​ត្រូវ​បាន​ស្រឡាញ់ និង ទទួល​យក​នោះ​ទេ ! បងប្អូន​ដឹង​ពី​រឿង​នោះ ។ ប៉ុន្តែ​ព្រះ​ស្រឡាញ់​ពួកគេ ហើយ​ទ្រង់​នឹង​ប្រទាន​ដល់​យើង​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​ចំពោះ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ នូវ​សេចក្តីស្រឡាញ់​របស់​ទ្រង់​សម្រាប់​សិស្ស​ទាំង​នេះ បើ​យើង​ទូលអង្វរ​ដោយ​អស់​ពី​កម្លាំង​ចិត្ត ។

ព្រះវរបិតាសួគ៌​គឺ​ជា​ប្រភព​មួយ​ដ៏​មាន​សុវត្ថិភាព និង គួរ​ឲ្យ​ស្រឡាញ់​សម្រាប់​កូនចៅ​ទាំងអស់​របស់​ទ្រង់—ទ្រង់​ពុំ​បាន​តម្រូវ​ឲ្យ​មាន​បទដ្ឋាន​គុណសម្បត្តិ​នៃ​ក្តីស្រឡាញ់​របស់​ទ្រង់​ឡើយ ។ ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​ទ្រង់ លាត​សន្ធឹង​ព្រះហស្ត​របស់​ទ្រង់​ដល់​មនុស្ស​ទាំង​អស់ ហើយ​មាន​បន្ទូល​ថា « ចូរ​មក » ដោយ​មិន​គិត​ពី​ភាពខុសគ្នា​នៃ​ទីបន្ទាល់ រូបរាង ឥរិយាបថ និង ជីវប្រវត្តិ​របស់​យើង​ឡើយ ។ លោកគ្រូ អ្នក​គ្រូ​អើយ បងប្អូន​អាច​ធ្វើ​ការណ៍​ដូច​គ្នា​នេះ​បាន ហើយ​បំពេញ​សេចក្តីត្រូវការ​សិស្ស​ទាំង​ខាង​សតិ​អារម្មណ៍ ខាង​វិញ្ញាណ និង ខាង​បញ្ញា​ស្មារតី ។

ចៅ​ស្រី​របស់​ខ្ញុំ​ប្រាប់​ពី​បាតុកម្ម​ដ៍​ធំ​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ​នៅ​បរិវេណ​សាលារៀន នៅ​ទល់មុខ​ផ្លូវ​នៃ​អគារ​ថ្នាក់​សិក្ខាសាលា​របស់​នាង ។ សិស្ស​ថ្នាក់​វិទ្យាល័យ​កំពុង​ប្រឆាំង​តវ៉ា​នឹង​ច្បាប់​មួយ ហើយ​ហ្វូង​មនុស្ស​កកកុញ​បាន​ប្រជុំ​គ្នា​ស្រែក​តវ៉ា និង លើក​បដា​ផ្សេងៗ ។ នាង​បាន​ដើរ​កាត់​ហ្វូង​បាតុករ​ដើម្បី​ចូល​ទៅ​អគារ​ថ្នាក់​សិក្ខាសាលា​នោះ ។ នាង​បាន​និយាយ​ថា « វា​ចម្លែក​ណាស់ ។ ខ្ញុំ​ត្រូវ​ដើរ​កាត់​បាតុកម្ម​នោះ ហើយ​វា​ពិត​ជា​ល្អ​ណាស់​ដែល​ខ្ញុំ​អាច​ចូល​ទៅក្នុង​អគារ​ថ្នាក់​សិក្ខាសាលា​បាន ។ នៅពេល​ខ្ញុំ​ចូល​ដល់​ក្នុង​ថ្នាក់ ខ្ញុំ​មាន​អារម្មណ៍​ថា ‹ ខ្ញុំ​មាន​សេចក្ដី​សុខ​នៅ​ទីនេះ មិនមែន​នៅ​ខាង​ក្រៅ​នោះ​ទេ › » ។ នាង​ក៏​បាន​និយាយ​ថា គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​របស់​នាង​បាន​ឈរ​នៅ​ខាង​ក្រៅ​អគារ រកមើល​សិស្ស​របស់​គាត់ ដោយ​បោយ​ដៃ​ហៅ​ពួកគេ ដូច​លីហៃ​បាន​ធ្វើ ឲ្យ​មក​កាន់​អគារ​ថ្នាក់​សិក្ខាសាលា ជា​កន្លែង​មួយ​ដើម្បី​ទទួលទាន​សេចក្តីស្រឡាញ់​នៃ​ព្រះ ។

តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ចៅស្រី​ខ្ញុំ​មាន​ចិត្ត​ក្លាហាន​ដើរ​កាត់​ហ្វូង​មនុស្ស​កំណាច​ទាំងនោះ រហូត​មក​ដល់​ថ្នាក់​របស់​នាង ? តើ​ថ្នាក់​រៀន​នោះ​មាន​អំណាច​អូស​ទាញ​អ្វីទៅ​ដែល​អាច​ធ្វើ​ឲ្យ​នាង​បន្ត​ដើរ​ឆ្ពោះ​ទៅ​មុខ​បាន ? វា​ប្រហែល​ជា​ងាយ​ស្រួល​ដល់​នាង​គេច​មិន​ចូល​រៀន​ថ្នាក់​សិក្ខាសាលា​នា​ថ្ងៃ​នោះ ប៉ុន្តែ​បាន​បន្ត​ទៅ​ទៀត ។ ហេតុអ្វី ? នាង​មាន​អារម្មណ៍​ថា នាង​មាន​សេចក្ដីសុខ មាន​មនុស្ស​ត្រូវការ​នាង ហើយ​ស្រឡាញ់​នាង ។ នាង​បាន​ទុកចិត្ត​លើ​ស្ថានភាព​ក្នុង​ថ្នាក់​រៀន និង ស្ថានភាព​នៃ​ដួងចិត្ត​របស់​គ្រូ ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល បាន​បង្រៀន​ថា « ស្ថានសួគ៌​គឺ​ជា​កន្លែង​មួយ ប៉ុន្តែ​វា​ក៏​ជា​ស្ថានភាព​មួយ​ផងដែរ » ។ សិស្ស​នឹង​មាន​ពរ នៅពេល​ពួកគេ​ដើរ​ចូល​មក​ក្នុង​ថ្នាក់ កាល​ដែល « ស្ថានភាព » ក្នុង​ថ្នាក់​រៀន​មាន​អារម្មណ៍​ពី​សួគ៌ា ។ បន្ទាប់​មក​យើង​អាច​ដោះស្រាយ កង្វល់ និង ឧបសគ្គ​នានា​របស់​យុវវ័យ ហើយ​បង្រៀន​ពី​របៀប​ដែល​គោលលទ្ធិ​ឆ្លើយ​ចម្លើយ​របស់​ពួកគេ ។

លោក​ឆាត វិប អ្នក​គ្រប់គ្រង​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​បាន​និយាយ​ថា « យើង​កំពុង​ប្រែ​កាន់តែ​មាន​ប្រសិទ្ធភាព​នា​ពេល​អនាគត នៅក្នុង​ថ្នាក់​រៀន​របស់​យើង … អំពី​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​របៀប​មួយ​ដែល ការពារ និង ស្អាង​ឡើង ហើយ​ជួយ​យុវវ័យ​ឲ្យ​មក​រក​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក » ។ ចៅៗ​របស់​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ការការពារ និង ស្អាងឡើង​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។

ចៅ​ប្រុស​ខ្ញុំ​ម្នាក់​និយាយ​ថា ជួនកាល​នៅ​ពេល​សិស្ស​កំពុង​ដើរ​ពី​វិទ្យាល័យ​ទៅ​អគារ​ថ្នាក់​សិក្ខាសាលា នោះ​ពួកគេ​ឮ​ពាក្យ​ចំអក និង សម្រែក​មើល​ងាយ ។ ដូច​ជា​សម្រែក​ថា « ហ្អេ៎ ពួក​មរមន ! »

តើ​ស្ថានភាព​នេះ​មិន​ដូច​នៅក្នុង នីហ្វៃទី ១ ៨:៣៣ ដែល​ជា​ពាក្យ​មក​ពី​អស់​អ្នក​ដែល​នៅ​អគារ​ដ៏​ធំ ហើយ​ទូលាយ​នោះ​ទេ​ឬ ? « ពួក​គេ​ចង្អុល​មើលងាយ​ដល់​ខ្ញុំ និង​ពួក​អ្នក​ដែល​បរិភោគ​ផ្លែឈើ​ផង​នោះ ប៉ុន្តែ ពួក​យើង​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ» ។

ការប្តេជ្ញាចិត្ត​មួយ​ចំនួន​របស់​ចៅ​ប្រុស​ខ្ញុំ គឺ​ជា​ការបញ្ជាក់​ថា មាន​កម្លាំង​ខាង​វិញ្ញាណ​មួយ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​របស់​គាត់ ។ គាត់​ដឹង​ថា​មាន ការទទួល​យក សុវត្ថិភាព និង សេចក្តីពិត​ដែល​ស្អាង​គ្នា​ឡើង និង ការការពារ​កំពុង​រង់ចាំ​គាត់​នៅ​ក្នុង​ថ្នាក់​រៀន​គាត់ ។ ហេតុដូច្នោះ​ហើយ គាត់​អាច​ព្រងើយ ឬ « ឥត​យក​ចិត្ត​ទុកដាក់ » នឹង​ការមើល​ងាយ ពី​ពិភពលោក​បាន ។

ថ្នាក់​សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថាន​នឹង​ផ្តល់​នូវ​អារម្មណ៍​មួយ​នៃ​ភាព​ជា​កម្មសិទ្ធិ ចំពោះ​សិស្ស​ដែល​ស្វះស្វែង​រក​ខាង​វិញ្ញាណ ។ ខ្ញុំ​ជឿ​ជាក់​ថា ថ្នាក់​រៀន​របស់​បងប្អូន​អាច​ក្លាយ​ជា​ទី​ដ៏​បរិសុទ្ធ កាល​ណា​ព្រះវិញ្ញាណ​គង់​នៅ​ទីនោះ ដោយ​បង្រៀន​ដល់​សិស្ស​ថា ពួកគេ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ហើយ​ថា​ទ្រង់​ត្រូវការ​ពួកគេ ។

យុវវ័យ​កំពុង​មក​រក​បងប្អូន ។ នោះ​ជា​សកម្មភាព​នៃ​សេចក្ដីជំនឿ​ក្នុង​ផ្នែក​របស់​ពួកគេ ។ តើ​មាន​អ្វី​ខ្លះ​ដែល​រង់ចាំ​ពួកគេ​នៅក្នុង​ថ្នាក់​បងប្អូន​នោះ ?

ខ្ញុំ​បាន​និយាយ​ជាមួយ​យុវនារី​ដ៏​វាងវៃ និង​ស្មោះ​ត្រង់​នៅ​ប្រទេស​កម្ពុជា និង ម៉ុងហ្គោលី​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ។ កាល​ពួកគេ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ នោះ​ខ្ញុំ​មាន​ក្តី​រំភើប​ជា​ខ្លាំង​ចំពោះ​ជំនឿ​ដ៏​ខ្ជាប់ខ្ជួន​របស់​ពួកគេ ។ ខ្ញុំ​បាន​សួរ​ពួកគេ « តើ​មាន​អ្វី​ខ្លះ ដែល​បាន​រក្សា​សេចក្តី​ជំនឿ​របស់​ប្អូន​លើ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​រឹងមាំ ខណៈ​ដែល​មិត្តភក្តិ​នៅ​សាលា ឬ ឪពុកម្តាយ​របស់​ប្អូន​គ្មាន​ជំនឿ​ដូច​ប្អូន​នោះ ? »

ពួកគេ​ឆ្លើយ​ដូច​គ្នា​ថា « ថ្នាក់​សិក្ខាសាលា ។ ថ្នាក់​សិក្ខាសាលា » ។

« ហេតុអ្វី​ថ្នាក់​សិក្ខាសាលា ? » ខ្ញុំ​បាន​សួរ ។

ចម្លើយ​មាន​ដូចជា « ដោយសារ​ខ្ញុំ​រៀន​ដំណឹង​ល្អ​បាន​ច្រើន​បន្ថែម​ទៀត ហើយ​ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​នៅ​ក្នុង​ថ្នាក់​នោះ » ។

សិស្ស​ជាច្រើន​ដែល​ចូល​មក​ក្នុង​ថ្នាក់ ហើយ​អង្គុយ​នៅ​ពី​មុខ​បងប្អូន មាន​ចម្ងល់​យ៉ាង​ច្រើន​អំពី​គោលការណ៍​នៃ​ដំណឹង​ល្អ ឬ ប្រវត្តិ​សាសនាចក្រ ។ សូម​គិត​ថា ថ្នាក់​រៀន​របស់​បងប្អូន​ជា​កន្លែង​មួយ​នៃ​ភាព​ច្បាស់​លាស់ សេចក្ដី​ជំនឿ និង ការទទួល​យក​ជំនឿ​ផ្សេងៗ​គ្នា​ជា​ច្រើន ។ សូម​និយាយ​ទៅ​សិស្ស​ទាំងអស់​គ្នា​ថា « សូម​មក​រៀន ហើយ​នាំ​ទាំង​ជំនឿ​អ្នក​មក​ផង ។ វា​មិន​សំខាន់​ថា តើ​ជំនឿ​នោះ​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ ។ ខ្ញុំ​នឹង​ផ្តល់​កន្លែង​មួយ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ និង ការទទួល​យក​ដល់​អ្នករាល់​គ្នា » ។ សិស្ស​នឹង​ពុំ​ស្តាប់ ឬ​ចូលរួម​ក្នុង​ថ្នាក់​ឡើយ ប្រសិនបើ​ពួកគេ​ពុំ​ឃើញ​ថា មេរៀន​ដែល​អ្នក​កំពុង​បង្រៀន​អាច​អនុវត្ត​ចំពោះ​ជីវិត​ផ្ទាល់​របស់​ពួកគេ​បាន ជា​ពិសេស​ប្រសិនបើ​ពួកគេ​កំពុង​មាន​ជម្លោះ​ផ្ទៃ​ក្នុង​នោះ ។ តើ​គ្រូបង្រៀន​មាន​ឆន្ទៈ​បើក​ឲ្យ​មាន​ការពិភាក្សា​ដោយ​បើក​ចំហរ ត្រង់ៗ​អំពី ការភ័យ​ខ្លាច ឬ មន្ទិល​សង្ស័យ​នានា​ដែល​សិស្ស​ខ្លួន​មាន​ដែរ​ឬ​ទេ ? តើ​បងប្អូន​នឹង​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​របៀប​ដែល​ដំណឹង​ល្អ​អាច​ជួយ​ក្នុង​ស្ថានភាព​ជាក់​លាក់​របស់​ពួកគេ និង ភ្ជាប់​ការពិភាក្សា​របស់​ពួកគេ​ទៅនឹង​គោលលទ្ធិ​ដែរ​ឬ​ទេ ? ខ្ញុំ​នឹង​និយាយ​វា​ម្តង​ទៀត ៖ ភ្ជាប់​ការពិភាក្សា​ទៅនឹង​គោលលទ្ធិ ។

ការសួរសុខទុក្ខ​យុវវ័យ​នៅ​ថ្នាក់​រៀន​នា​ថ្ងៃ​អាទិត្យ ព្រមទាំង​ការសិក្សា​ពី​របាយការណ៍​ថ្នាក់​រៀន​មក​ពី​ក្រុមប្រឹក្សា​អន្តរជាតិ​ទូទៅ​របស់​យើង ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ប្រដូច​យុវវ័យ​មួយ​ចំនួន​ទៅ​នឹង​ហ្វូង​មនុស្ស​ដែល​លីហៃ​បាន​ឃើញ ។ យុវវ័យ​សព្វថ្ងៃ​នេះ​ជា​ច្រើន កំពុង កាន់ខ្ជាប់​ទៅ​នឹង​ដំបង​ដែក ប៉ុន្តែ​អ័ព្ទ​នៃ​សេចក្តី​ងងឹត​ទេឡេស្ទាល​កំពុង​ជះ​ឥទ្ធិពល​លើ​ពួកគេ​យ៉ាង​ខ្លាំង ។ គ្រូបង្រៀន​ដែល​មាន​ការញែក​ដឹង នឹង​ស្តាប់​យោបល់​របស់​ពួកគេ​ដោយ​ក្តីស្រឡាញ់ ដែល​ជា​យោបល់​ទទួល​ឥទ្ធិពល​ពី​ពិភពលោក ហើយ​ធ្វើ​ឲ្យ​យុវវ័យ​និយាយ​ពី​ការលំបាក​របស់​ពួកគេ ឬ សួរ​សំណួរ​អំពី​ជំនឿ​ទន់ខ្សោយ​ដែល​ពួកគេ​អាច​មាន ។ តើ​ពួកគេ​អាច​និយាយ​អំពី​ភាព​មិន​ប្រាកដ​ប្រជា​របស់​ខ្លួន នៅក្នុង​ថ្នាក់​របស់​បងប្អូន​ដែរ​ឬ​ទេ ? ពួកគេ​ត្រូវការ​ចំណត​មួយ ជា​កន្លែង​ដែល​ពួកគេ​ឈាន​ជើង​ចេញ​ពី​អ័ព្ទ​នោះ ហើយ​បោះ​ជំហាន​ចូល​មក​ក្នុង​កន្លែង​នៃ​សេចក្តី​ជំនឿ​ដ៏​រឹងមាំ និង ការចិញ្ចឹម​បីបាច់​របស់​បងប្អូន ។ កន្លែង និង បរិយាកាស​មួយ​ដែល​ទាក់ទង​នឹង​ពួកគេ ។ ពួកគេ​ត្រូវការ​អារម្មណ៍​មួយ​នៃ​ភាព​ជា​កម្មសិទ្ធិ នៅ​កន្លែង​នោះ ! អារម្មណ៍​មួយ​អំពី​គោលលទ្ធិ​នៅ​កន្លែង​នេះ ។

ប្រសិន​បើ​ពួកគេ​ចូល​មក​ក្នុង​ថ្នាក់​ដោយ​ស្មារតី​ស្មោះ​សរ​មួយ​ចង់​ដឹង ពិតជា​ស្វែងរក​ភាពច្បាស់លាស់​នៃ​ដំណឹង​ល្អ នោះ​អ្នក​មាន​ការទទួលខុសត្រូវ​ដ៏​អស្ចារ្យ​ដើម្បី​ស្តាប់​ដោយ​ការយល់ចិត្ត ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ចម្លើយ​នានា ដោយ​ផ្អែក​លើ​ពាក្យ​ទូន្មាន​ពី​ព្យាការី គោលលទ្ធិ​នៃ​ដំណឹង​ល្អ និង ប្រវត្តិ​សាសនាចក្រ ។ តើ​បងប្អូន​ធ្វើ​បែប​នេះ​ដោយ​របៀប​ណា ? បទពិសោធន៍ និង ទីបន្ទាល់​ជាក់ស្តែង​ផ្ទាល់​របស់​បងប្អូន​ងាយ​នឹង​ជះ​ឥទ្ធិពល​លើ​គំនិត​យុវវ័យ​ណាស់ ។ ការទុកចិត្ត​ដែល​បងប្អូន​ថ្លែង​អំពី​សេចក្តី​ល្អ​របស់​ពួកគេ នឹង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ដួងចិត្ត​ពួកគេ ។ ពួកគេ​នឹង​ដឹង​ថា តើ​បងប្អូន​ពិត​ជា​កំពុង​ព្យាយាម​យល់​ពី​ពួកគេ​ដោយ​ស្មោះ​សរ​ដែរ​ឬ​ទេ ។

យើង​ទាំងអស់​គ្នា​ធ្លាប់​ឮ​ការដកស្រង់​នេះ ប៉ុន្តែ​ខ្ញុំ​ចង់​ចែកចាយ​វា​ម្តង​ទៀត ព្រោះ​វា​ពិតជា​អស្ចារ្យ​ណាស់ ។ អែលឌើរ អិម. រ័សុល បាឡឺដ បាន​មាន​ប្រសាសន៍ ៖ « ពេលវេលា​កន្លង​ផុតទៅ​ហើយ ពេល​សិស្ស​ម្នាក់​បាន​សួរ​សំណួរ​ស្មោះត្រង់​មួយ ហើយ​គ្រូបង្រៀន​បាន​ឆ្លើយ​តបថា ‹ កុំ​បារម្ភ​អំពីវា ! › ពេលវេលា​កន្លង​ផុត​ទៅ ពេល​សិស្ស​ម្នាក់​បាន​លើក​ចម្ងល់​ដោយ​ស្មោះ​ឡើង រួច​គ្រូ​បង្រៀន​ថ្លែង​ទីបន្ទាល់​របស់​គាត់ ជា​ចម្លើយ​មួយ​ដើម្បី​ចៀស​វាង​ពី​បញ្ហា​នោះ ។ ពេលវេលា​កន្លង​ផុត​ទៅ​ហើយ ពេល​សិស្ស​ត្រូវបាន​ការពារ​ពី មនុស្ស​ដែល​វាយប្រហារ​សាសនាចក្រ » ។ ធនធាន​សាសនាចក្រ​ដែល​អាច​ទុកចិត្ត​បាន—ប្រាកដ​ណាស់​គឺ​ព្រះគម្ពីរ—ផ្តល់​ការណែនាំ​ចំពោះ​សំណួរ​ស្មុគស្មាញ​មួយ​ចំនួន​នៃ​ដំណឹង​ល្អ ។

យុវវ័យ​ត្រូវការ​ចម្លើយ​ដែល​ទាក់ទង​នឹង​ពួកគេ ហើយ​ពួកគេ​ត្រូវការ​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ពួកគេ ។ គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ដែល​មាន​ប្រសិទ្ធភាព​នៅ​ទីក្រុង នូវ យោក បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ​ថា « ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ខ្លាំង​បំផុត នៅពេល​សិស្ស​ចែកចាយ​បទពិសោធន៍ របស់​ពួកគេ សំណួរ របស់​ពួកគេ និង អារម្មណ៍​របស់​ពួកគេ ។ វា​ជា​រឿង​មួយ​ដែល​មិន​អាច​បដិសេធ​បាន » ។

ក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ថ្លែង​ថា « ការ​សួរសំណួរ និង​ការ​ស្វែងរក​ចម្លើយ គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការខិតខំ​របស់​យើង​ដើម្បី​រៀន​អំពី​សេចក្ដី​ពិត » ។ សំណួរ ឬ ចម្ងល់​មួយ​ចំនួន​របស់​សិស្ស​ហាក់​ដូចជា​ព្យាយាម​រករឿង ។ សូម​ស្រឡាញ់​ពួកគេ ទោះ​ពួកគេ​ជា​មនុស្ស​បែប​ណា​ក្តី ហើយ​សូម​ឲ្យ​ពួកគេ​ដឹង​ថា អ្នក​មាន​អំណរគុណ​ចំពោះ​ការស្វែងរក​ដ៏​ស្មោះត្រង់​របស់​ពួកគេ ។ នៅពេល​យើង​ពុំ​ដឹង​ពី​ចម្លើយ យើង​និយាយ​ថា « ខ្ញុំ​ពុំ​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចង់​និយាយ​ជាមួយ​អ្នក » ។ ក្រោយ​មក សូម​ធ្វើ​ការជាមួយ​សិស្ស​ដោយ​ការគោរព និង ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ស្វែងរក​ចម្លើយ​ដ៏​ល្អ​បំផុត​ដែល​អាច​មាន ។ ប៉ុន្តែ អ្នក​ត្រូវ​បញ្ឈប់​ការឆ្លើយ​យ៉ាង​លម្អិត​ចំពោះ​សំណួរ​នានា​របស់​សិស្ស ។ លោក​គ្រូ អ្នក​គ្រូ​អើយ សូម​បោះ​ស្លាបព្រា​របស់​អ្នក​ចោល ហើយ​ហុច​ប៉ែល​ឲ្យ​សិស្ស​របស់​អ្នក​វិញ ! ពួកគេ​ត្រូវតែ​ជីក​រក​ចម្លើយ​នោះ​ផងដែរ !

ពួកគេ​អាច​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដូច​ដែល​ឯកសារ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចែង​ថា នៅពេល​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ពិនិត្យមើល​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ហើយ​បន្ត​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។ ខ្ញុំ​ចូលចិត្ត​ការផ្តោតសំខាន់​ក្នុង​សារលិខិត​គ្រឹះ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ សូម​រៀនសូត្រ​ដោយ​ស្មោះត្រង់ បន្ទាប់​មក​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​កំពុង​រៀន​ទៅ​នឹង​ជីវិត​ផ្ទាល់​របស់​អ្នក ។

ស្ថានភាព​នៃ​ថ្នាក់​រៀន​របស់​បងប្អូន​នឹង​ក្លាយ​ជា​ថ្នាល​បណ្តុះ​សកម្មភាព​ដែល​ផ្តោត​លើ​រឿង​ខាង​វិញ្ញាណ ។ ឫស​គល់​សំខាន់​នៃ​ថ្នាក់​សិក្ខាសាលា​នោះ​គឺ​ជា​ថ្នាល​នេះ​ហើយ—ជា​កន្លែង​មួយ​ដែល​គ្រាប់ពូជ​នៃ​សេចក្តី​ជំនឿ និង ការរស់នៅ​តាម​ដំណឹង​ល្អ​ត្រូវបាន​ចិញ្ចឹមបី​បាច់ និង ថែទាំ ។

លោក​គ្រូ អ្នក​គ្រូ​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​អើយ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បង្កើត​ថ្នាក់​រៀន​មួយ​ដែល​មាន​ទំនុក​ចិត្ត សេចក្តីជំនឿ និង ការអនុវត្ត ។—ជា​កន្លែង​មួយ​សម្រាប់​ការរីកចម្រើន​ខាង​វិញ្ញាណ ជា​កន្លែង​ព្យាបាល​អ្នក​មាន​ទុក្ខព្រួយ ដែល​មិន​អាច​មើល​ឃើញ ដ្បិត​ឆ្ងល់​អំពី​សេចក្តីពិត​នៃ​ដំណឹង​ល្អ ឬ សម្រាប់​សិស្ស​ដែល​អាច​យល់​ច្រឡំ​អំពី​អត្តសញ្ញាណ​នៃ​ភាព​ជា​ព្រះ​របស់​ពួកគេ ។

វិល្លាម វ៉តវ៉ស បាន​សរសេរ​ពី​ពួកយើង​ថា​ជា​ទារក​ទើប​កើត « ព្រោះ​យើង​កើត​មក​មាន​ទេវភាព​ជាប់​នឹង​យើង​មក​ពី​ព្រះ ដែល​ជា​ផ្ទះ​របស់​យើង » ។ តើ​បងប្អូន​អាច​មើល​ទៅ​សិស្ស​របស់​ខ្លួន​ថា​ជា « អ្នក​កើត​ជា​ថ្មី » មក​ពី​ព្រះ ដែល​មាន​ទំនុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ កាល​ពួកគេ​ចេញ​ពី​ថ្នាក់​រៀន ហើយ​ប្រឈម​មុខ​នឹង​ពិភពលោក​ជា​ថ្មី​ទៀត ? ខ្ញុំ​មាន​ទំនុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ដ្បិត​ខ្ញុំ​ដឹង​អំពី​ព្រះចេស្តា​នៃ​ការប្រែចិត្តជឿ​របស់​ដង្វាយ​ធួន​ទ្រង់ ។ ខ្ញុំ​ស្គាល់​ព្រះគុណ ការអភ័យទោស និង សេចក្តីស្រឡាញ់​ដ៏​ឥត​ដែន​កំណត់​របស់​ទ្រង់ ដើម្បី​សង្គ្រោះ​អ្នក​ប្រែចិត្ត និង អ្នក​ស្វែងរក​សេចក្តីពិត​ដែល​បន្ទាបខ្លួន ។

បងប្អូន​មាន​ការទទួលខុសត្រូវ​ពី​ព្រះ​ដើម្បី​ញែកដឹង​ដោយ​ប្រាជ្ញា និង សេចក្តីស្រឡាញ់​អំពី តម្រូវការ​របស់​សិស្ស​អ្នក ហើយ​បង្រៀន​ដោយ​ព្រះវិញ្ញាណ ដូច្នោះ​ហើយ​បងប្អូន​អាច​បោយ​ដៃ​ហៅ​ពួកគេ​ចេញ​ពី​អ័ព្ទ​នៃ​ការឥតជំនឿ ឲ្យ​ទៅ​កាន់​កន្លែង​មួយ​នៃ​សេចក្តីពិត សុវត្ថិភាព និង សេចក្តីជំនឿ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

© 2016 ដោយ Intellectual Reserve, Inc. All rights reserved ។ អនុមតិ​ជា​ភាសា​អង់គ្លេស ៖ ៥/១៦ ។ អនុមតិ​ឲ្យ​បកប្រែ ៖ ៥/១៦ ។ ការបកប្រែ​នៃ « A Sense of Place » ។ Cambodian ។ PD60001875 258

បង្ហាញ​សេចក្ដី​យោង

    កំណត់​ចំណាំ

  1.  

    1. William Wordsworth « The World Is Too Much with Us » បន្ទាត់​ទី ១ ។

  2.  

    2. Spencer W. Kimball « Glimpses of Heaven » Ensign ខែ ធ្នូ ឆ្នាំ ១៩៧១ ទំព័រ ៣៩ ។

  3.  

    3. Chad H Webb ( Seminaries and Institutes of Religion Global Faculty Meeting ខែ មករា ឆ្នាំ ២០១២ ) si.lds.org/help/program-detailsការគូសបញ្ជាក់​ត្រូវបាន​បន្ថែម ។

  4.  

    4. M. Russell Ballard, «The Opportunities and Responsibilities of CES Teachers in the 21st Century» ( Evening with a General Authority ថ្ងៃ​ទី ២៦. កុម្ភៈ ឆ្នា ២០១៦ ) broadcasts.lds.org ។

  5.  

    5. ការ​ឆ្លើយឆ្លងផ្ទាល់​ខ្លួន ។

  6.  

    6. Doctrinal Mastery Core Document ( Church Educational System manual ឆ្នាំ ២០១៦ ) ទំព័រ ២ ។

  7.  

    7. William Wordsworth, « Ode: Intimations of Immortality from Recollections of Early Childhood » stanza ៥ បន្ទាត់​ទី ៧–៨ ។