ការពិភាក្សា​តុមូល​ស្ដីពី​ចំណេះចំណាន​ខាង​គោលលទ្ធិ

ការចាក់ផ្សាយ​ស្តីពី​ការប្រជុំ​បំពាក់បំប៉ន​ប្រចាំ​ឆ្នាំ​របស់​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា • ថ្ងៃ​ទី ១៤ ខែ មិថុនា ឆ្នាំ ២០១៦


 

ឆាត អេច វិប ៖ សូម​ស្វាគមន៍​មក​កាន់​ការពិភាក្សា​តុ​មូល ។ យើង​មាន​អំណរគុណ​ដែល​មាន​អែលឌើរ គីម ប៊ី. ក្លាក ចូលរួម​ជាមួយ​យើង​ថ្ងៃ​នេះ លោក​ជា​អ្នក​គ្រប់គ្រង​ការអប់រំ​សាសនាចក្រ ស៊ិស្ទើរ បូនី អូស្ការសុន ជា​ប្រធាន​យុវនារី​ទូទៅ និង ថម វ៉ាលែតា ជា​នាយក​ផ្នែក​កម្មវិធី​សិក្សា​សម្រាប់​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន ។ យើង​ក៏​មាន​អំណរគុណ​ផងដែរ​ចំពោះ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ពីរ​រូប​ដែល​ចូលរួម​ជាមួយ​យើង​ថ្ងៃ​នេះ​គឺ ៖ បងស្រី ហៃឌី វីឌ បង្រៀន​នៅ​ទីក្រុង សលត៍ លេក និង បងប្រុស ដេន ហ៊ែដឡិន បង្រៀន​នៅ​ទីក្រុង ឡេថិន រដ្ឋ យូថាហ៍ ។ សូម​អរគុណ​ចំពោះ​ការចូលរួម​នៅ​ថ្ងៃ​នេះ ។

នៅ​ពេល​យើង​និយាយ​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ យើង​ចង់​ចាប់ផ្ដើម​ដោយ​សួរ​អែល​ឌើរ ក្លាក ថាតើ​លោក​នឹង​ឆ្លើយ​សំណួរ​អំពី​របៀប​ដែល​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​លេច​ជា​រូបរាង​ឡើង—ទាក់ទង​នឹង​ប្រភព និង​គោលបំណង​របស់​វា—និង​មូលហេតុ​ដែល​យើង​នឹង​មាន​កម្មវិធី​នោះ​ដែល​ជា​ចំណេះ​ចំណាន​​គោលលទ្ធិ​ដែរ​ឬ​ទេ ។

អែលឌើរ គីម ប៊ី. ក្លាក ៖ ខ្ញុំ​ពេញ​ចិត្ត​នឹង​ឆ្លើយ​ណាស់ ។ ប្រហែល​មួយ​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​ត្រូវបាន​ស្នើ​ឲ្យ​ពិនិត្យ​មើល​របៀប​ដែល​យើង​អាច​ជួយ​ជំនាន់​កំពុង​ពេញវ័យ​ឲ្យ​ដោះស្រាយ​ចម្ងល់​នានា​ដែល​ពួកគេ​មាន​អំពី​គោលលទ្ធិ ប្រវត្តិ​សាសនាចក្រ ជីវិត​រស់នៅ​ពួកគេ និង​អ្វី​ដែល​កំពុង​កើតឡើង​ជុំវិញ​ពួកគេ​លើ​ពិភព​លោក​នេះ ។ ខ្ញុំ​ក៏​បាន​ចាប់ផ្ដើម​និយាយ​ទៅ​មនុស្ស​មួយ​ចំនួន ហើយ​គិត​អំពី​ឧបសគ្គ​នោះ​ដែរ ។ បងប្រុស វិប និង ខ្ញុំ​បាន​ចំណាយ​ពេល​ខ្លះ​ពិភាក្សា​អំពី​បញ្ហា​ទាំងនោះ​ជាមួយ​គ្នា ។ ថ្ងៃ​មួយ​គាត់​មក​ជួប​ខ្ញុំ​ក្នុង​ការិយាល័យ រួច​ប្រាប់​ថា « ខ្ញុំ​មាន​យោបល់​មួយ » ។ កាល​យើង​អង្គុយ​ទល់​មុខ​គ្នា គាត់​បាន​ប្រាប់​ខ្ញុំ​អំពី​យោបល់​គាត់ នោះ​ខ្ញុំ​បាន​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ ហើយ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​កំពុង​ស្ដាប់​វិវរណៈ ។ គាត់​មាន​បំណង​យក​យោបល់​នេះ​ទៅ​អនុវត្ត​ក្នុង​ថ្នាក់​សិក្ខាសាលា ដែល​ជា​ធម្មតា និង​ជា​ទម្លាប់​យើង​បាន​ចំណាយ​ពេល​រៀន​ចំណេះ​ចំណាន​ខគម្ពីរ ហើយ​យក​ពេល​នេះ​ទៅ​ធ្វើ​អ្វី​មួយ​ដែល​គាត់​ហៅ​ថា « ចំណេះ​ចំណាន​ខាង​គោលលទ្ធិ » ។ យោបល់​នេះ​គឺ​ចង់​ធ្វើ​ឲ្យ​ដូច​អ្វី​ដែល​យើង​បាន​ខិតខំ—ដើម្បី​ជួយ​ដល់​សិស្ស​ថ្នាក់​សិក្ខាសាលា ជា​ពិសេស ដោះស្រាយ ហើយ​ឆ្លើយ​សំណួរ​នានា​ដែល​ពួកគេ​មាន ប៉ុន្តែ​ពួកគេ​ក៏​រៀន​ពី​របៀប​ដើម្បី​អនុវត្ត​គោលលទ្ធិ​ដែល​ពួកគេ​បាន​រៀន​អំពី​ឧបសគ្គ​ដែល​គេ​មាន​ក្នុង​ជីវិត ឧបសគ្គ​ដែល​មិត្តភក្ដិ​គេ​មាន សំណួរ​ដែល​កើតឡើង​ក្នុង​ទិដ្ឋភាព​ផ្សេងៗ​គ្នា ដើម្បី​ឲ្យ​ដំណឹងល្អ​មិន​គ្រាន់​តែ​ក្លាយ​ទៅ​ជា​អ្វី​មួយ​ដែល​ពួក​រស់នៅ​សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ក៏​ជា​អ្វី​មួយ​ដែល​ពួកគេ​ស្រឡាញ់ ហើយ​ចែកចាយ ព្រមទាំង​ក្លាយ​ជា​របៀប​ដែល​ពួកគេ​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ដទៃ​ផង​ដែរ ។ វា​ក្លាយ​ជា​កែវ​ឆ្លុះ​ដែល​ពួកគេ​អាច​មើល​ឃើញ​ជីវិត​ជុំវិញ​ខ្លួន ហើយ​ដំណើរការ​នេះ​ក្លាយ​ជា​មធ្យោបាយ​មួយ​ដ៏​សំខាន់​ដើម្បី​ឲ្យ​ពួកគេ​ប្រែ​ចិត្តជឿ​កាន់តែ​ខ្លាំង​លើ​ព្រះអម្ចាស់ ។ ហើយ​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​របៀប​ដែល​វា​បាន​ចាប់​ផ្ដើម ។

ពេល​អ្នក​មើល​ទៅ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ អ្នក​គួរតែ​ចាត់ទុក​វា​ជា​បទពិសោធន៍​នៃ​វិវរណៈ​មួយ ។ វា​កើត​ឡើង​តាម​រយៈ​វិវរណៈ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នោះ ហើយ​ខ្ញុំ​បាន​ឃើញ​វា​កើត​ឡើង ។ ខ្ញុំ​គិត​ថា វា​គឺ​ជា​អព្ភូតហេតុ​មួយ​ដែល​វិវរណៈ​បាន​កើត​ឡើង​យ៉ាង​រហ័ស ។ ឧទាហរណ៍ ពេល​យើង​នាំ​យក​យោបល់​នេះ​ទៅ​កាន់​គណៈកម្មការ​អប់រំ​ជា​លើក​ដំបូង ហើយ​ពិភាក្សា​ជាមួយ​សមាជិក​គណៈកម្មការ​ប្រតិបត្តិ ពួកគេ​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង ។ គណៈប្រធាន​ទីមួយ និង សមាជិក​គណៈកម្មការ​ក៏​មាន​ចិត្ត​រំភើប​ដែរ ។ ដូច្នេះ ខ្ញុំ​គិត​ថា​នេះ​ជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ ។ ឥឡូវ​យើង​ពិភាក្សា​អំពី​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជា​ចំណុច​ដែល​ត្រូវ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ការពិត និង​ធ្វើ​ឲ្យ​វា​កើតឡើង​បាន ។

បងប្រុស វិប ៖ សូម​អគុណ ។ យើង​អរគុណ​ណាស់​ចំពោះ​ការរួមចំណែក​របស់​លោក​ក្នុង​អ្វី​គ្រប់​យ៉ាង ដើម្បី​បង្កើត​កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​ឡើង ។ មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​រួម​ចំណែក ហើយ​ពិតជា​បាន​ប្រទានពរ​ដល់​កិច្ច​សន្ទនា និង​ការសម្រេចចិត្ត​នានា​របស់​យើង ហើយ​ទីបំផុត​មាន​កម្មវិធី​សិក្សា និង​ការបំពាក់បំប៉ន​ដែល​មាន​សម្រាប់​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ដូច្នេះ សូម​អរគុណ​ច្រើន ។

ផ្នែក​ទីមួយ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​ពួក​យុវវ័យ​ឲ្យ​ស្គាល់​របៀប​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ មិន​គ្រាន់តែ​ឆ្លើយ​សំណួរ​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ពួកគេ​ឲ្យ​រៀន​ពី​របៀប​គិត​អំពី​ព័ត៌មាន និង​របៀប​សិក្សា ព្រមទាំង​របៀប​ងាក​ទៅ​រក​ព្រះ​អម្ចាស់​ដើម្បី​រៀន​អំពី​សេចក្ដីពិត​អស់កល្ប​ជានិច្ច​ដែរ ។ ហេតុអ្វី​បាន​ជា​សំខាន់​ដែល​ត្រូវ​បង្រៀន​ពួកគេ​ជា​ដំបូង​សិន​អំពី​របៀប​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ពី​មុន​ឆ្លើយ​សំណួរ​ពួកគេ ?

ហៃឌី អេច. វីឌ ៖ យើង​សង្កេត​ឃើញ​ក្នុង​ថ្នាក់​សិក្ខាសាលា​ថា នៅ​ពេល​សិស្ស​ចេះ​មូលដ្ឋានគ្រឹះ​នៃ​គោលការណ៍​ខាង​គោលលទ្ធិ​ច្បាស់ នោះ​ពួកគេ​មាន​ទំនុកចិត្ត​ដើម្បី​ឆ្ពោះ​ទៅ​មុខ ហើយ​ព្យាយាម​អនុវត្ត​តាម​យោបល់​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​ពួកគេ តាម​អ្វី​ដែល​យើង​បង្រៀន​ពួកគេ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា ។ ខ្ញុំ​គិត​ថា នោះ​ជា​មូលហេតុ​សំខាន់​ណាស់​ដែល​ពួកគេ​ត្រូវ​មាន​គោលការណ៍​គ្រឹះ​ដើម្បី​សង់​គ្រឹះ​នៅ​លើ​នោះ ។

បងប្រុស វិប ៖ សូម​អគុណ ។

បូនី អិល. អូស្ការ​សុន ៖ ពាក្យ​ចាស់​លោក​ថា « អ្នក​អាច​ឲ្យ​ត្រី​ដល់​មនុស្ស ឬ​អ្នក​អាច​បង្រៀន​មនុស្ស​ឲ្យ​ចាប់​ត្រី » ។ ខ្ញុំ​គិត​ថា ពាក្យ​ស្លោក​នោះ​អនុវត្ត​ក្នុង​កម្មវិធី​នេះ ។ យើង​បង្រៀន​ពួកគេ​អំពី​ជំនាញ​នានា ដែល​នឹង​ចិញ្ចឹម​បីបាច់​ពួកគេ​ខាង​វិញ្ញាណ​ពេញ​មួយ​ជីវិត ប្រសើរ​ជាង​ផ្ដល់​បទគម្ពីរ​ឲ្យ​ពួកគេ​ទន្ទេញ​ចាំ​មាត់ ។

បងប្រុស វិប ៖ សូម​អគុណ ។

បងប្រុស ដេន ហ៊ែដឡិន ៖ ខ្ញុំ​បាន​ឃើញ​ដូច្នោះ​ដែរ​ក្នុង​ថ្នាក់​រៀន​ខ្ញុំ នៅ​ពេល​ខ្ញុំ​សាកល្បង​កម្មវិធី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ ។ ខ្ញុំ​គិត​ថា របៀប​ដែល​កម្មវិធី​សិក្សា​នេះ​ត្រូវ​បាន​បង្កើត​ឡើង ពិតជា​អនុញ្ញាត​ឲ្យ​សិស្ស​សួរ​សំណួរ​ជាច្រើន ។ ហើយ​វា​ធ្វើ​ឲ្យ​ការពិភាក្សា​អំពី​សំណួរ​ខាង​គោល​លទ្ធិ​នេះ​មាន​ភាពប្រសើរ​ឡើង ។ ការ​បង្រៀន​មេរៀន​អំពី « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ចំៗ នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​គ្រឹះ​ដើម្បី​ស្ថាបនា​ពេញ​មួយ​ឆ្នាំ​សិក្សា នៅ​ពេលសិស្ស​សួរ​សំណួរ​ទាំងនេះ​ក្នុង​ថ្នាក់​របស់​អ្នក ។

អែលឌើរ ក្លាក ៖ ខ្ញុំ​អាច​ផ្ដល់​ការសង្កេត​មួយ​បាន​ទេ ? ខ្ញុំ​គិត​ថា អ្នក​ទាំងពីរ​បាន​លើកឡើង​អំពី​សារៈសំខាន់​នៃ​ការរួមចំណែក​របស់​សិស្ស​ក្នុង​ដំណើរការ​នេះ ។ ហើយ​ខ្ញុំ​គិត​ថា អ្វី​ដែល​យើង​រៀន​អំពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ—ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ការពិត​ក្នុង​រាល់​ការរៀនសូត្រ​ទាំងអស់​នោះ—គឺ​បរិបទ​ដែល​ពិត​ជា​មាន​ប្រយោជន៍ ហើយ​ចំៗ​ទៅ​នឹង​គំនិត​របស់​សិស្ស ។ ប៉ុន្តែ​អ្វី​ដែល​យើង​ពិត​ជា​យកចិត្ត​ទុកដាក់​នោះ គឺ​ដំណើរការ​ដែល​ពួកគេ​ឆ្លង​កាត់ ព្រោះ​នោះ​គឺ​ជា​អ្វី​ដែល​នឹង​ផ្លាស់ប្ដូរ​ពួកគេ ។ អ្វី​ដែល​ផ្លាស់ប្រែ​ចិត្ត​ពួកគេ​ឲ្យ​ជឿ​លើ​ព្រះ​អម្ចាស់​នោះ គឺ​ពេល​ពួកគេ​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន​ខាង​វិញ្ញាណ ។ ហើយ​អ្នក​អាច​ទទួល​អ្វី​ដូចនេះ​បាន តែ​តាមរយៈ​ការ​ព្យាយាម​ស្វែងរក​ចំណេះដឹង​ខាង​វិញ្ញាណ​ប៉ុណ្ណោះ ។

បងប្រុស វិប ៖ សូម​អគុណ ។ បងប្រុស វ៉ាលែតា តើ​លោក​ចង់​បន្ថែម​អ្វី​ទេ ?

ថម វ៉ាលែតា ៖ អម​ជាមួយ​អ្វី​ដែល​បាន​ពិភាក្សា​នេះ នោះ​សិស្ស​ក៏​នឹង​មាន​ឱកាស​ធ្វើតាម​គំរូ ហើយ​អនុវត្ត​គោលការណ៍​ទាំងនោះ​ម្ដង​ហើយ​ម្ដង​ទៀត ។ ប្រាកដណាស់ ស្ថានភាព និង​ករណី​សិក្សា​នីមួយ​ដែល​ពួកគេ​ទទួល​បាន​នឹង​ខុស​ប្លែក​ពី​គ្នា​បន្តិច ហើយ​ពួកគេ​នឹង​ត្រូវ​ធ្វើ​សកម្មភាព​ជាមួយ​គោលការណ៍​ទាំងនោះ​ដែល​មាន​បង្រៀន​នៅ​ក្នុង « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ក្នុង​របៀប​មួយ​ខុស​ប្លែក​ពី​គ្នា​បន្តិច។ ពួកគេ​ត្រូវ​ប្រាស្រ័យ​ទាក់ទង​គ្នា ហើយ​ធ្វើការ​ជាមួយ​គ្នា ។ សិស្ស​ម្នាក់​អាច​និយាយ​ថា « ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​ប្រើ​គោលការណ៍​នេះ​នៅ​ពេល​នេះ » ហើយ​សិស្ស​ម្នាក់​ទៀត​នឹង​គិត​ខុស​ពី​នេះ​យោង​លើ​ទិដ្ឋភាព​ផ្សេង​គ្នា ។

បងប្រុស វិប ៖ ដូច្នេះ បន្ថែម​លើ​ការរៀន​អំពី​គោលការណ៍ និង​លំនាំ​សម្រាប់​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ នោះ​ពួកគេ​នឹង​សិក្សា​អំពី​ប្រធានបទ​គោលលទ្ធិ​ទាំង​ប្រាំបួន​ដែល​មាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​សិក្សា Come Follow Me ហើយ​ដែល​យើង​បាន​ប្រើ​វា​ក្នុង​ថ្នាក់​សិក្ខាសាលា​ផង​ដែរ ។ ហើយ​ពួកគេ​អនុវត្ត​តាម​គោលការណ៍​ទាំងនោះ​ក្នុង​ការសិក្សា​អំពី​គោលការណ៍​ខាង​គោល​លទ្ធិ​ខ្លះ​ដែល​បាន​រក​ឃើញ ។ ដូច្នេះ ខ្ញុំ​គិត​ថា​សំណួរ​បន្ទាប់​គឺ ៖ តើ​ការរៀន​អំពី​គោលលទ្ធិ​ពិត​មាន​តម្លៃ​យ៉ាង​ដូចម្ដេច ?

ស៊ិស្ទើរ អូស្ការសុន ៖ តើ​ខ្ញុំ​អាច​លើក​ការ​ដក​ស្រង់​មួយ​ដែល​ខ្ញុំ​គិត​ថា យើង​ទាំងអស់​គ្នា​ធ្លាប់​ឮ​អែលឌើរ ផាកកឺ បាន​ប្រើ​ជាច្រើន​ដង​ក្នុង​មេរៀន​ដែល​លោក​បង្រៀន​យើង​បាន​ទេ ? លោក​មាន​ប្រសាសន៍​ដូចនេះ ៖

« បើ​មនុស្ស​យល់​អំពី​គោលលទ្ធិ​ពិត នោះ​វា​នឹង​កែប្រែ​ឥរិយាបថ ព្រមទាំង​អាកប្បកិរិយា​របស់​មនុស្ស ។

« ការសិក្សា​អំពី​គោលលទ្ធិ​នៃ​ដំណឹងល្អ នឹង​អភិវឌ្ឍ​អាកប្បកិរិយា​បាន​រហ័ស​ជាង ការសិក្សា​អំពី​អាកប្បកិរិយា​ដើម្បី​អភិវឌ្ឍ​អាកប្បកិរិយា​ទៅ​ទៀត » ។

ខ្ញុំ​គិត​ថា ចំណុច​សំខាន់​នៃ​ការថ្លែង​នេះ គឺ​ថា​ការយល់ដឹង​អំពី​គោលលទ្ធិ​នាំ​វា​ចូល​ទៅ​ក្នុង​ចិត្ត​របស់​ពួកគេ ។ វា​គឺ​ជា​អ្វី​មួយ​ដែល​ពួកគេ​នឹង​រក្សា​ទុក​ក្នុង​ខ្លួន​ពួកគេ ហើយ​បញ្ចេញ​មក​ក្រៅ​តាម​របៀប​ដែល​ពួកគេ​រស់នៅ​តាម​ដំណឹងល្អ និង​តាម​របៀប​ដែល​ពួកគេ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ។

បងប្រុស វិប ៖ សូម​អគុណ ។ តើ​មាន​គំនិត​អ្វី​ទៀត​ទេ ?

អែលឌើរ ក្លាក ៖ ខ្ញុំ​មាន​គំនិត​មួយ ។

បងប្រុស វិប ៖ សូម​អញ្ជើញ ។

អែលឌើរ ក្លាក ៖ ស៊ិស្ទើរ អូស្កាសុន បាន​ដកស្រង់​ប្រសាសន៍​ប្រធាន ផាកកឺ ។ លោក​បាន​ប្រើ​ពាក្យ​មួយ ដែល​ស៊ិស្ទើរ​តែង​ប្រើ​ពេល​គាត់​ពន្យល់​វា គឺ​ពាក្យ យល់ អំពី​គោលលទ្ធិ​ពិត ។ ដូច្នេះ​យើង​បង្រៀន​ដើម្បី​ឲ្យ​យល់ ជា​អ្វី​មួយ​ដែល​កើត​ឡើង​ក្នុង​គំនិត និង​ក្នុង​ចិត្ត​របស់​អ្នក ។ នៅ​ពេល​វា​កើតឡើង ហើយ​ជា​អ្វី​ដែល​កើត​ឡើង​មែន​នោះ គឺ​សិស្ស​រៀន​ចេះ​គោលការណ៍​ទាំងឡាយ ហើយ​ពួកគេ​រក្សា​ទុក​វា​ក្នុង​ខ្លួន​ពួក​គេ ។ ខ្ញុំ​គិត​ថា​ពួកគេ​ក៏​យល់​ផងដែរ​ថា ​ពេល​ណា​អ្នក​ប្រព្រឹត្ត​ស្រប​តាម​សេចក្ដីពិត​នោះ​អ្នក​នឹង​មាន​អំណាច​លើ​ជីវិត​អ្នក ។ អំណាច​កើត​ឡើង ព្រោះ​អ្នក​ប្រព្រឹត្ត​ស្រប​តាម​សេចក្ដីពិត​ក្នុង​ជីវិត​អ្នក ។ ហើយ​នោះ​គឺ​ជា​មេរៀន​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​រៀន ។

បងប្រុស វិប ៖ សូម​អគុណ ។ សូម​អញ្ជើញ ។

បងប្រុស វ៉ាលែតា ៖ ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ថា ខ្ញុំ​គិត​ថា​វា​មាន​ប្រយោជន៍ ។ កាល​ណា​ពួកគេ​យល់​ពី​គោលលទ្ធិ​ពិត​នោះ​កាន់តែ​ច្បាស់ នោះ​ពេល​ពួកគេ​នឹង​ប្រឈម​មុខ​នឹង​បញ្ហា ឬ​កង្វល់ ឬ​សំណួរ ឬ​គោលការណ៍​នៃ​ដំណឹងល្អ​មួយ ដែល​ពួកគេ​ព្យាយាម​យល់​ក្នុង​បរិបទ​នៃ​ឥទ្ធិពល​ខាង​លោកិយ ពួកគេ​អាច​ទទួល​យក​បញ្ហា​នោះ ហើយ​ដាក់​វា​ទៅ​ក្នុង​បរិបទ​នៃ​គោលលទ្ធិ​ពិត​វិញ ហើយ​វា​នឹង​ជួយ​ពួកគេ​ឲ្យ​មាន​ទស្សនៈ​ដ៏​អស់កល្ប​មួយ ដែល​បន្ទាប់​ពី​នោះ​អ្នក​អាច​ឆ្លើយ​តប​ចំពោះ​បញ្ហា ឬ​សំណួរ​នោះ​បាន ។

បងប្រុស វិប ៖ នោះ​ពិត​ជា​យោបល់​ល្អ ។ សូម​អរគុណ​អ្នក​ទាំងអស់​គ្នា ។ មាន​យោបល់​ជា​ច្រើន​នៅ​ទីនេះ ការ​មាន​ទី​ពឹងពាក់​ដែល​ពួកគេ​អាច​បែរ​ទៅ​រក និង​ការមាន​សុវត្ថិភាព​នៃ​ការស្គាល់​សេចក្ដី​ពិត ដើម្បី​ថ្លឹងថ្លែង​អ្វី​ផ្សេង​ទៀត​ដែល​ពួកគេ​ស្ដាប់​ឮ​នោះ គឺ​ពិត​ជា​ពរជ័យ​មួយ ។ ដូច្នេះ សូម​អរគុណ ។

តើ​លោក​អាច​ប្រាប់​បន្តិច​អំពី​តួនាទី​របស់​សិស្ស​នៅ​ក្នុង​កិច្ចការ​ទាំងអស់​នេះ​បាន​ទេ ? ខ្ញុំ​ដឹង​ថា​មាន​អ្នក​ខ្លះ​បាន​បារម្ភ​ថា យើង​បន្ត​បន្ថែម​ការរំពឹងចង់​បាន​ពី​ពួកយុវវ័យ​យើង ហើយ​ថា​ពួកគេ​រស់នៅ​ក្នុង​ពិភព​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ការទាម​ទារ និង​ការរំពឹង​ចង់​បាន​ពេល​វេលា ព្រមទាំង​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ ហើយ​កម្មវិធី​នេះ​ជា​អ្វី​មួយ​បន្ថែម​ទៀត ដែល​ពួក​យុវវ័យ​យើង​ត្រូវ​ធ្វើ​តាម ។ តើ​លោក​នឹង​ថ្លែង​ដូចម្ដេច អំពី​ការបង្កើន​ការរំពឹងចង់​បាន​ពី​ពួក​យុវវ័យ​របស់​យើង និង​អ្វី​ដែល​កម្មវិធី​នេះ​នឹង​ត្រូវការ​ពី​ពួកគេ ?

បងប្រុស ហ៊ែដឡិន ៖ គំនិត​របស់​ខ្ញុំ​គឺ​ថា ពេល​ខ្ញុំ​ត្រូវ​បាន​ស្នើ​ឲ្យ​សាកល្បង​កម្មវិធី​នេះ​ដំបូង ហើយ​កាល​ខ្ញុំ​បាន​អាន​មេរៀន « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នោះ​ខ្ញុំ​ពុំ​បាន​សង្ស័យ​នោះ​ទេ ប្រហែល​សង្ស័យ​បន្តិច—មិន​មែន​សង្ស័យ​ថា តើ​ពួកគេ​ត្រូវការ​កម្មវិធី​នេះ​ឬ​អត់​នោះ​ទេ ប៉ុន្តែ​សង្ស័យ​ថា​តើ​ពួកគេ​នឹង​រួមចំណែក​ក្នុង​បរិបទ​ដែល​ខ្ញុំ​បាន​បង្រៀន​នេះ​ឬ​ទេ ។ តើ​ពួកគេ​ពិតជា​យកចិត្ត​ទុកដាក់​ល្មម​គ្រប់​គ្រាន់​ទៅ​លើ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ឬ​ទេ ? បន្ទាប់​ពី​បាន​បង្រៀន​លើក​ដំបូង ខ្ញុំ​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​កម្រិត​នៃ​ការរួម​ចំណែក និង​ភាពសកម្ម និង​ចំណាប់​អារម្មណ៍​ដែល​ពួកគេ​មាន​ទៅ​លើ​កម្មវិធី​នេះ ។ ហើយ​លើស​ពី​នេះ ខ្ញុំ​ភា្ញក់​ផ្អើល​នឹង​បទពិសោធន៍​ជាច្រើន ដែល​ពួកគេ​មាន​រួច​មក​ហើយ​ក្នុង​ជីវិត ជាមួយ​នឹង​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ ខ្ញុំ​គិត​ថា​ត្រង់​ចំណុច​នេះ ខ្ញុំ​បាន​ដឹង​ថា មិន​គ្រាន់តែ​ជា​ការនិយាយ​អំពី​ការរំពឹងចង់​បាន​ពី​ពួកគេ​នោះ​ទេ តែ​ខ្ញុំ​គិត​ថា​ពួកគេ​ចង់​បាន​ការរំពឹង​ចង់​បាន​ជាច្រើន​នោះ​ទៅ​វិញ ។ ខ្ញុំ​គិត​ថា ពួកគេ​ទន្ទឹង​រង់​ចាំ​ចង់​រៀន​អំពី​គោលលទ្ធិ​នានា​ដែល​នឹង​ត្រូវបាន​បង្រៀន និង​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​ស្រប​តាម​ស្ថានភាព​ជា​ច្រើន​ដែល​ពួកគេ​ជួប​ក្នុង​ជីវិត ។ មែនហើយ វា​អាច​ជា​ការរំពឹងទុក​បន្ថែម​បន្ដិច ប៉ុន្តែ​ខ្ញុំ​គិត​ថា ​វា​មិន​មែន​ជា​ការរំពឹងទុក​ដែល​ពួកគេ​មិន​ចូលចិត្ត​នោះ​ទេ ។

បងប្រុស វិប ៖ សូម​អគុណ ។ បងស្រី វីដ ។

បងស្រី វីដ ៖ ពេលខ្លះ រឿង​មួយ​ដែល​យើង​ធ្វើ—គឺ​ជា​ការលំបាក​ដែល​រំពឹង​ឲ្យ សិស្ស​ទាំងនេះ​នឹង​ធ្វើ​ការ​ច្រើន​ជាង​មុន ។ អ្វី​មួយ​ដែល​យើង​ឃើញ​ថា​យើង​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​កែសម្រួល​អ្វី​ដែល​យើង​សុំ​ឲ្យ​ពួកគេ​ធ្វើ​ឲ្យ​ស្រប​ទៅ​នឹង​សេចក្ដីត្រូវការ​របស់​សិស្ស ។ យើង​នឹង​អាន​សំណួរ​ជាមួយ​ពួកគេ ហើយ​យើង​ប្រាកដ​ថា ពួកគេ​ស្គាល់ ហើយ​យល់​ពី​គោលលទ្ធិ​នានា ។ វា​នឹង​ក្លាយ​ជា​បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ​សម្រាប់​សិស្ស​ទាំងនោះ ជា​ជាង​ធ្វើ​ឲ្យ​មាន​ស្ថានភាព​តានតឹង ឬ​មិន​សប្បាយ​ចិត្ត​ដល់​ពួកគេ ។ ហើយ​ថ្ងៃ​បង្រៀន​ដែល​ខ្ញុំ​ចូល​ចិត្ត​ក្នុង​ថ្នាក់​សិក្ខាសាលា​របស់​ខ្ញុំ គឺ​ជា​ពេល​ដែល​ខ្ញុំ​អាច​អង្គុយ​មួយ​ទល់​មួយ​ជាមួយ​នឹង​សិស្ស ហើយ​ប្រាកដ​ថា​សិស្ស​យល់​ពី​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ។

បងប្រុស វិប ៖ សូម​អគុណ ។

ស៊ិស្ទើរ អូស្ការសុន ៖ ពួកគេ​បាន​ធ្វើ​ចំណេះចំណាន​ខគម្ពីរ​រួច​ទៅ​ហើយ ហើយ​បាន​ចំណាយ​ពេល​លើ​ការរៀន​វា ។ ខ្ញុំ​ចាត់ទុក​កម្មវិធី​នេះ​ថា​ជា​ការបំពេញ​ទៅ​លើ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​កន្លង​មក​នេះ​ជាមួយ​នឹង​ចំណេះចំណាន​ខគម្ពីរ ។ ខ្ញុំ​ជឿ​យ៉ាង​មុតមាំ​លើ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា ពួក​យុវវ័យ​យើង​មាន​បំណង​ប្រាថ្នា​ខ្ពស់​ដើម្បី​មាន​ភាពក្លាហាន​ក្នុង​ទី​បន្ទាល់​របស់​ខ្លួន និង​ដើម្បី​រស់នៅ​តាម​ដំណឹង​ល្អ ។ ហើយ​កម្មវិធី​នេះ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​របៀប​កាន់​តែ​ប្រសើរ​មួយ​ដើម្បី​ធ្វើ​ដូចនោះ ដើម្បី​ទទួល​យក​បទគម្ពីរ​ដែល​ពួកគេ—ជា​ច្រើន​នាក់—ស្គាល់​រួច​មក​ហើយ ហើយ​ឥឡូ​នេះ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ការយល់​ដឹង​កាន់តែ​ច្បាស់​អំពី​ខគម្ពីរ​ទាំងនោះ ។ ខ្ញុំ​គិត​ថា ពួក​យុវវ័យ​យើង​នឹង​ឈាន​ដល់​កម្រិត​នៃ​ការរំពឹង​ទុក​ដ៏​ខ្ពស់​បំផុត​ដែល​យើង​បាន​ដាក់ ។ បើ​យើង​មិន​រំពឹងចង់​បាន​អ្វី​មួយ​ពី​ពួកគេ​ទេ ប្រហែល​ជា​ពួកគេ​មិន​អាច​សម្រេច​វា​បាន​ឡើយ ។ ខ្ញុំ​បាន​និយាយ​ដូច្នេះ​កាល​ពី​ពីរ​ឆ្នាំ​មុន​ថា ពេល​យើង​រំពឹងទុក​កាន់តែ​ច្រើន នោះ​ពួក​យុវវ័យ​នឹង​ឆ្លង​កាត់​វា​បាន ។ ហើយ​ខ្ញុំ​បាន​និយាយ​ជាមួយ​លោក​មុន​នេះ​បន្តិច​ថា តើ​មាន​អ្វី​កើត​ឡើង​ជាមួយ …

បងប្រុស វិប ៖ តម្រូវការ និង ការរំពឹង​ទុក​ខ្ពស់ ។

ស៊ិស្ទើរ អូស្ការសុន ៖ … តម្រូវការ ។ សូម​អរគុណ។ ខ្ញុំ​ភ្លេច​ពាក្យ​នោះ ។ នោះ​គឺ​ជា​តម្រូវការ​កាន់តែ​ខ្ពស់​ដើម្បី​ទទួល​បាន​សញ្ញបត្រ​ឥឡូវ​នេះ ។ រីឯ​ស្ថិតិ​បង្ហាញ​ថា ពួក​យុវវ័យ​ទាំងនេះ​នឹង​ឈាន​ដល់​អ្វី​ដែល​យើង​បាន​ស្នើ​ឲ្យ​ពួកគេ​ធ្វើ ព្រោះ​ពួកគេ​មាន​បំណង​ប្រាថ្នា​មួយ​ដើម្បី​ធ្វើ​ជា​មនុស្ស​ដែល​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ប្រែក្លាយ ។

អែលឌើរ ក្លាក ៖ តើ​ខ្ញុំ​អាច​ផ្ដល់​ការសង្កេត​មួយ​ដែរ​បាន​ទេ ? ខ្ញុំ​គិត​ថា​មាន​ទិដ្ឋភាព​មួយ​ទៀត ដែល​ថា បើ​យើង​មិន​ធ្វើ​ឲ្យ​តឹងតែង​ទៅលើ​របៀប​ដែល​យើង​បង្រៀន អ្វី​ដែល​យើង​បង្រៀន និង​អ្វី​ដែល​យើង​រំពឹងទុក​ទេ​នោះ យើង​នឹង​ជួប​សិស្ស​ជា​ច្រើន​នាក់​ដែល​នឹង​និយាយ​មក​កាន់​យើង​ថា « ខ្ញុំ​បាន​រៀន​វា​រួច​មក​ហើយ ។ ខ្ញុំ​ចេះ​វា​ហើយ ។ តើ​លោក​គ្រូ/អ្នក​គ្រូ​មាន​អ្វី​ផ្សេង​ទៀត​ទេ ? ព្រោះ​ខ្ញុំ​បាន​រៀន​វា​តាំង​ពី​ខ្ញុំ​អាយុ​ប្រាំ ប្រាំមួយ និង​ប្រាំពីរ​ឆ្នាំ​មក​ម្ល៉េះ ។ ដូច្នេះ​តើ​មាន​អ្វី​ផ្សេង​ទៀត​ទេ ? » ប្រាកដ​ណាស់ គឺ​មាន​ទៀត ។ មាន​ច្រើន​ទៀត ។ ហើយ​យើង​ត្រូវតែ​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ផ្ដល់​វា​ទៅ​ឲ្យ​ពួកគេ ។

ខ្ញុំ​មាន​ចៅស្រី—ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ដោយ​រឿង​នេះ—ខ្ញុំ​មាន​ចៅ​ស្រី​អាយុ​ប្រាំ​ឆ្នាំ​ម្នាក់​ដែល​បាន​បង្រៀន​មេរៀន​នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​អំពី​យ៉ូសែប​នៅ​ប្រទេស​អេស៊ីប ។ នាង​មាន​អាយុ​ប្រាំ​ឆ្នាំ ។ ប្រាកដណាស់​នាង​ឆ្លាត តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​ដឹង​ហើយ ។ ពេល​នាង​បង្រៀន ខ្ញុំ​បាន​សួរ​នាង​ថា « តើ​ចៅ​បង្រៀន​អំពី​ភរិយា​របស់​ប៉ូទីផារ​ឬ ? » « ចា៎ស ។ មែនហើយ ។ យើង​ដឹង​រឿង​នោះ​ហើយ » ។ ដូចគ្នា​នេះ​ដែរ ខ្ញុំ​គិត​ថា​យើង​កំពុង​ពិភាក្សា​អំពី​ជំនាន់​នៃ​ពួក​យុវវ័យ​ដែល​កំពុង​ចូល​មក​កាន់​សាសនាចក្រ—ព្រោះ​សាសនាចក្រ​នេះ​ពិត​ជា​ព្យាយាម​បង្រៀន​គោលលទ្ធិ​ដល់​មនុស្ស​តាំង​ពី​វ័យ​ក្មេង ។ ហើយ​យើង​ត្រូវ​តែ​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ជំនាន់​ដែល​ចង់​បាន​បន្ថែម​ទៀត ដែល​ពិតជា​ចង់​បាន​ការបង្រៀន​ដ៏​មាន​ឥទ្ធិពល ។ ប្រាកដ​ដូច​អ្វី​ដែល​ប្រធាន ជេ. រ៉ូប៊ីន ក្លាក បាន​មាន​ប្រសាសន៍​ច្រើន​ឆ្នាំ​កន្លង​ទៅ ៖ ពួក​យុវវ័យ​ទាំងនេះ « ចង់​បាន​អ្វី​ចំៗ » ។ ពួកគេ​ចង់​បាន​អ្វី​ច្បាស់លាស់ ត្រឹមត្រូវ ហើយ​ពិត ។ ពួកគេ​ចង់​បាន​អ្វី​ដែល​ជាក់ស្ដែង ។ ហើយ​ចំណេះចំណាន​ខាង​គោលលទ្ធិ​គឺ​ជា​អ្វី​ដែល​ពួកគេ​ចង់​បាន ។

បងប្រុស វិប ៖ វា​នឹង​តម្រូវ​ច្រើន​ពី​គ្រូបង្រៀន​ក្នុង​ការរៀបចំ និង​ការសិក្សា​ដំណឹងល្អ ព្រមទាំង​ជំនាញ និង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ឆ្លើយ​សំណួរ និង​ដឹក​នាំ​សិស្ស​ទៅ​រក​ប្រភព និង​ព័ត៌មាន​ត្រឹមត្រូវ ។ ពេល​និយាយ​អំពី​សិស្ស​ទាំង​នេះ នោះ​ខ្ញុំ​មាន​គំនិត​មួយ​ទៀត​ភ្លាម ៖ ពួកគេ​ពិត​ជា​ស្គាល់​តម្រូវការ​នេះ ។ ពួកគេ​បាន​សួរ​រក​តម្រូវការ​នេះ ។

បងប្រុស ហ័រ បាន​បង្រៀន​ក្នុង​ថ្នាក់​សិក្ខា​សាលា​មួយ​ប៉ុន្មាន​ខែ​មុន ដែល​គាត់​បាន​សួរ​ថា « តើ​ប្អូន​ធ្លាប់​មាន​សំណួរ​អំពី​ប្រវត្តិ​សាសនា​ចក្រ ឬ​គោលលទ្ធិ​ដែល​ប្អូន​បាន​គិត ឬ​មាន​គេ​សួរ​ប្អូន​ដែរ​ឬ​ទេ ? » សិស្ស​ស្ទើរតែ​គ្រប់​គ្នា​បាន​លើក​ដៃ ។ គាត់​បាន​ចាប់ផ្ដើម​សរសេរ​សំណួរ​ពួកគេ​ទាំង​អស់​លើ​ក្ដារខៀន ។ រួច​គាត់​សួរ​ថា « តើ​មាន​ប៉ុន្មាន​នាក់​ដែល​មាន​អារម្មណ៍​ថា អាច​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ​បាន ? » មាន​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ដែល​បាន​លើក​ដៃ ។

គាត់​និយាយ​ថា « បើ​ថ្នាក់​សិក្ខាសាលា​អាច​ជួយ​ប្អូន​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ​បាន ឬ​ជួយ​មនុស្ស​ណា​ម្នាក់​ទៀត ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ តើ​នោះ​នឹង​ប្រទានពរ​ដល់​ប្អូន​ទេ​ឬ ? » នៅ​ក្នុង​ថ្នាក់​នេះ​ទាំងមូល ពួកគេ​មាន​ចិត្ត​រំភើប​ជា​ខ្លាំង​ចំពោះ​យោបល់​នេះ ។ ប្រាកដណាស់ គាត់​បាន​និយាយ​ថា « វា​នឹង​ប្រទានពរ​ដល់​ប្អូន ហើយ​ជួយ​ប្អូន​យ៉ាង​ប្រាកដ ។ ខ្ញុំ​ប្រាកដ​ថា ប្អូន​នឹង​ជួប​រឿង​នេះ ប្រហែល​មួយ​ខែ​ម្ដង » ហើយ​ពួកគេ​បាន​សើច ។ រួច​គាត់​បាន​បន្ដ​ថា « តើ​វា​កើត​ឡើង​ញឹកញាប់​ជាង​នេះ​មែន​ទេ ? » ពួកគេ​បាន​និយាយ​ថា « រាល់​ថ្ងៃ​តែ​ម្ដង ។ រាល់ថ្ងៃ​នៅ​តាម​អ៊ិនធើរណិត ។ រាល់​ថ្ងៃ​នៅ​ឯ​សាលា ជាមួយ​សមាជិក​គ្រួសារ ។ យើង​ត្រូវការ​អ្វី​ដូច​នេះ ព្រោះ​យើង​ជួប​រឿង​នេះ​គ្រប់​ពេលវេលា​ទាំងអស់ » ។

សូម​អរគុណ ។ ខ្ញុំ​គិត​ថា​ពួកគេ​មិន​គ្រាន់តែ​ឈាន​ដល់​កម្រិត​នៃ​ការរំពឹងទុក​របស់​យើង​នោះ​ទេ ប៉ុន្តែ​ពួកគេ​ទទួល​ស្គាល់​សេចក្ដីត្រូវការ​នោះ​ដោយ​ខ្លួន​គេ ហើយ​អន្ទះសា​ដើម្បី​ទទួលបាន​ជំនួយ​នោះ ។

កាល​និយាយ​អំពី​សិស្ស​របស់​យើង និង​បទពិសោធន៍ យើង​អាច​ងាក​ទៅ​រក​បងស្រី វីដ និង បងប្រុស ហ៊ែដឡិន ដើម្បី​បាន​ការពន្យល់​ខ្លះៗ ព្រោះ​អ្នក​ទាំង​ពីរ​បាន​សាកល្បង​កម្មវិធី​នេះ​ហើយ ។ តើ​អ្នក​ទាំងពីរ​អាច​ប្រាប់​យើង​បន្តិច​អំពី​បទពិសោធន៍​របស់​អ្នក​ទាក់ទង​នឹង​ចំណេះចំណាន​ខាង​គោល​លទ្ធិ​បាន​ទេ—ការឆ្លើយតប​របស់​សិស្ស និង​របៀប​ដែល​ពួកគេ​ទទួល​បាន​ពរជ័យ ?

បងស្រី វីដ ៖ យើង​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ នៅ​ពេល​ចាប់ផ្ដើម​កម្មវិធី​នេះ​ក្នុង​ថ្នាក់​សិក្ខា​សាលា​របស់​យើង ។ រឿង​មួយ​ដែល​យើង​ឃើញ​បន្ទាប់​ពី​ថ្ងៃ​ទី ១ គឺ​យើង​បាន​ឲ្យ​សិស្ស​ពីរ​បី​នាក់​កត់ត្រា ស្រប​ពេល​ដែល​យើង​ធ្វើ​ការពិសោធន៍ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រួម​ចំណែក ។ វា​គឺ​ជា​រឿង​គួរ​ឲ្យ​រំភើប នៅ​ពេល​អាន​មតិ​របស់​ពួកគេ​បន្ទាប់​ពី​ពួក​គេ បាន​ទទួល​ស្គាល់​ការរួមចំណែក​នេះ កម្រិត​កាន់តែ​ខ្ពស់​នៃ​ការរួមចំណែក​នៅ​ក្នុង​បទ​គម្ពីរ​នេះ ហើយ​គិត និង ខ្វាយខ្វល់​អំពី​ពួកគេ រួច​អនុវត្ត​ក្នុង​ស្ថានភាព​ជីវិត​ជាក់ស្ដែង នៅ​ពេល​យើង​បង្រៀន​ពួកគេ​អំពី​លំនាំ​នេះក្នុង​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ហើយ​ក្រោយ​មក​អនុវត្ត​វា​តាម​ប្រធានបទ​នៃ​ដំណឹង​ល្អ ។

បងប្រុស ហ៊ែដឡិន ៖ បទពិសោធន៍​ជាក់​លាក់​មួយ​ដែល​ខ្ញុំ​បាន​មាន​គឺ យុវនារី​ម្នាក់​បាន​ចែក​ចាយ​ក្នុង​ថ្នាក់​ពេល​ខ្ញុំ​កំពុង​បង្រៀន​មេរៀន « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ។ ឪពុកម្ដាយ​របស់​នាង​លែងលះ​គ្នា ហើយ​នាង​មាន​សំណួរ​ដែល​ខ្ញុំ​គិត​ថា ពួកយុវវ័យ​ជា​ច្រើន​ក្នុង​ថ្នាក់​មាន​អំពី​ការផ្សារភ្ជាប់​ថា ៖ « តើ​ខ្ញុំ​នឹង​នៅ​ជាមួយ​នរណា​ក្នុង​ភាពអស់កល្ប​នោះ ? តើ​អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរការ​ដូចម្ដេច ? » នាង​បាន​ប្រាប់​អំពី​បទពិសោធន៍​មួយ​ដែល​នាង​បាន​មាន ។ នាង​និយាយ​ថា « ខ្ញុំ​បាន​មាន​សំណួរ​នោះ—វា​បាន​រំខាន​ខ្ញុំ​តាំង​ពី​ឪពុកម្ដាយ​ខ្ញុំ​បាន​លែងលះ​គ្នា​ម្ល៉េះ » ។ ហើយ​នាង​បាន​និយាយ​ថា « ខ្ញុំ​បាន​សម្រេច​ចិត្ត​ស្វែងរក​ចម្លើយ​ដោយ​ខ្លួន​ឯង » ។ ដូច្នេះ​នាង​បាន​ស្វែងរក​នៅ​ក្នុង​ព្រះគម្ពីរ ។ នាង​និយាយ​ថា ដំណើរការ​នោះ​បាន​ចំណាយ​ពេល​មួយរយៈ ប៉ុន្តែ​យប់​មួយ​កាល​នាង​បាន​អាន​ក្នុង​គម្ពីរ គោលលទ្ធិ និង សេចក្តីសញ្ញា​មាន​ខគម្ពីរ​មួយ ... ដែល​នាង​គ្មាន​ការសង្ស័យ​អ្វី​ទាល់តែ​សោះ​ក្នុង​គំនិត​នាង ។ នាង​មិន​បាន​ចែកចាយ​ជាមួយ​យើង​អំពី​ខគម្ពីរ​នោះ​ទេ ។ ខ្ញុំ​គិត​ថា​នោះ​មិនមែន​ជា​ចំណុច​សំខាន់​នៃ​រឿង​របស់​នាង​ឡើយ ។ ប៉ុន្តែ​នេះ​គឺ​ជា​អ្វី​ដែល​នាង​បាន​ថ្លែង ។ នាង​បាន​និយាយ​ថា « កាល​ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​នោះ ខ្ញុំ​ដឹង​ថា ព្រះ​បាន​ឆ្លើយ​នឹង​សំណួរ​របស់​ខ្ញុំ ហើយ​លុបបំបាត់​មន្ទិល​សង្ស័យ​របស់​ខ្ញុំ​ក្នុង​ពេល​នេះ » ។ ខ្ញុំ​គិត​ថា ការថ្លែង​នោះ​ពិត​ជា​មាន​ន័យ​ណាស់ ។ នាង​និយាយ​ថា « បើ​ថ្ងៃ​ក្រោយ ខ្ញុំ​មាន​មន្ទិល​សង្ស័យ​ទាំងនេះ​ម្ដង​ទៀត ខ្ញុំ​ស្គាល់​ពី​លំនាំ​ដែល​ខ្ញុំ​ត្រូវ​ធ្វើតាម​ហើយ » ។ ខ្ញុំ​គិត​ថា​ការណ៍​នោះ​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​យុវនារី​រូប​នេះ​ក្នុង​ការថ្លែង ដូច​អ្វី​ដែល​ខ្ញុំ​ដឹង​នា​ពេល​ឥឡូវ​នេះ​ដែល​ត្រូវ​រស់នៅ​តាម​—គឺ​ដូច​ជា​អ្វី​ដែល​អែលឌើរ ហូឡិន មាន​ប្រសាសន៍​មែន​ទេ ? យើង​ខ្ជាប់ខ្ជួន​ទៅ​នឹង​អ្វី​ដែល​យើង​ដឹង ។ ខ្ជាប់ខ្ជួន​ទៅ​នឹង​ក្ដីជំនឿ​ដែល​យើង​មាន​រហូត​ដល់​ពន្លឺ និង​ចំណេះដឹង​បន្ថែម​កើត​មាន ។ កាល​ឃើញ​យុវនារី​នេះ​រស់នៅ​តាម​អ្វី​ទាំងនោះ ហើយ​អនុវត្ត​វា​ក្នុង​ជីវិត​នាង នោះ​គឺ​ជា​ការបំផុសគំនិត​សម្រាប់​ខ្ញុំ និង​មនុស្ស​គ្រប់​រូប​ក្នុង​ថ្នាក់​របស់​យើង ។

បងប្រុស វិប ៖ សូម​អគុណ ។ លោក​ដឹង​ទេ វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពេល​លោក​មាន​ប្រសាសន៍​ដូច​នោះ ព្រោះ​សប្ដាហ៍​មុន​ខ្ញុំ​បាន​និយាយ​ជាមួយ​នឹង​សិស្ស​ថ្នាក់​សិក្ខា​សាលា​ម្នាក់​នៅក្នុង​ផ្ទះ​របស់​ខ្ញុំ​ផ្ទាល់ ។ យើង​មិន​បាន​គ្រោង​ដូចនោះ​ទេ ប៉ុន្តែ​កូនស្រី​ខ្ញុំ​បាន​ចូល​រៀន​ក្នុង​ថ្នាក់​សាកល្បង​មួយ ។ ខ្ញុំ​បាន​សួរ​ថា តើ​នាង​ចូលចិត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឬ​ទេ ហើយ​នាង​បាន​និយាយ​ថា « ខ្ញុំ​ចូលចិត្ត ។ វា​មាន​ប្រយោជន៍​ជាង​ចំណេះចំណាន​ខគម្ពីរ​ឆ្ងាយ​ណាស់ » ។ ខ្ញុំ​សួរ​ថា « តាម​របៀប​ណា ? » ចម្លើយ​គឺ​ពាក្យ​មួយ​ថា « វា​ទាក់ទង » គ្នា ។ តាម​ពិត បី​ម៉ាត់ ។ ប៉ុន្ដែ ទាក់ទង​គ្នា ។ គឺ​វា​ទាក់ទង​គ្នា ។ ហើយ​នោះ​ជា​មូលហេតុ​ដែល​វា​មាន​ប្រយោជន៍ ។ វា​សំខាន់​សម្រាប់​ខ្ញុំ ព្រោះ​វា​មាន​ប្រយោជន៍​ដោយ​មាន​រឿង​ដែល​ទាក់ទង​នឹង​សំណួរ​ដែល​ខ្ញុំ​មាន និង​ស្ថានភាព​ដែល​ខ្ញុំ​ជួប ។ ដូច្នេះ ​សូម​អរគុណ​ដែល​បាន​និយាយ​ដូច្នោះ ។ តើ​មាន​យោបល់​អ្វី​ទៀត​ទេ ?

បងប្រុស វ៉ាលែតា ៖ តើ​ខ្ញុំ​អាច​លើក​ឡើង​ថា វគ្គបទគម្ពីរ​ចំណេះ​ចំណាន​គោលលទ្ធិ​ទាំងនោះ​មាន​ទំនាក់ទំនង​នឹង​សេចក្ដីថ្លែង​សំខាន់​នៃ​គោលលទ្ធិ​បាន​ទេ ។ កាល​សិស្ស​ទាំងនោះ​កំពុង​រៀន បន្ទាប់​ពី​ពួក​គេ​បាន​អាន​ប្រធានបទ​គោលលទ្ធិ​ទាំងស្រុង​ហើយ នោះ​ពួកគេ​នឹង​សញ្ជឹង​គិត​ពី​សេចក្ដីថ្លែង​ជាក់លាក់​នៃ​គោលលទ្ធិ​ទាំងនេះ ។ វា​មិន​គ្រប់គ្រាន់​ទេ​ដែល​ពួក​យុវវ័យ​ជា​ច្រើន​គិត​ថា « វា​ត្រូវតែ​ជា​ការពិត​ព្រោះ​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា​របស់​ខ្ញុំ ឬ​នរណា​ម្នាក់​បាន​បង្រៀន​ខ្ញុំ » ។ ប៉ុន្តែ​តាម​ពិត​ពួកគេ​មាន​សេចក្ដីថ្លែង​ចេញ​មក​ពី​បទគម្ពីរ និង​ធនធាន​ផ្សេង​ទៀត​ជា​ច្រើន នៅ​ពេល​អ្នក​អាន​ក្នុង​បទពិសោធន៍​រៀនសូត្រ ប្រសាសន៍​របស់​ពួក​ព្យាការី​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​សេចក្ដីថ្លែង​សំខាន់​នៃ​គោលលទ្ធិ​ទាំងនោះ ហើយ​ធ្វើ​ឲ្យ​វា​មាន​ទំនាក់ទំនង​ស្អិតរមួត​នឹង​គ្នា ។

ឧទាហរណ៍​ទី​មួយ​នៅ​ក្នុង « ក្រុម​ព្រះ » គឺ ហេព្រើរ ១២:៩ ៖ « មួយ​ទៀត​យើង​រាល់​គ្នា​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយផ្ចាល​យើង ហើយ​យើង​ក៏​កោត​ខ្លាច​ដល់​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល ចំពោះ​ព្រះវរបិតា​ខាង​វិញ្ញាណ​ជា​ជាង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​រស់នៅ​ទេ​ឬ​អី ? »

ពួក​យុវវ័យ​យើង​នឹង​មិន​ដែល​ភ្លេច​វគ្គ​បទគម្ពីរ​នោះ​ទេ នៅ​ពេល​ពួកគេ​រៀន​អំពី​សេចក្ដីថ្លែង​សំខាន់​នៃ​គោលលទ្ធិ​នោះ ។ ដូច្នេះ កាល​នរណា​ម្នាក់​សួរ​ថា « តើ​អ្នក​ដឹង​ការណ៍​នោះ​តាម​របៀប​ណា ? » នោះ​មាន​ធនធាន​សន្ធឹក​ដែល​ពួកគេ​អាច​ទៅ​ស្វែងយល់ ឬ​ចេញ​ពី​ទំនុកតម្កើង « ខ្ញុំ​ជា​កូន​របស់​ព្រះ » ឬ​វគ្គបទគម្ពីរ​នេះ​ដែល​ប៉ុល​ថ្លែង​ក្នុង​ហេព្រើរ​ថា មែនហើយ ព្រះវរបិតាសួគ៌​គឺ​ជា​បិតា​នៃ​វិញ្ញាណ​ខ្ញុំ ។ វា​ត្រូវបាន​បង្រៀន​យ៉ាង​ល្អ ។ ពេល​ពួកគេ​អាន ស្ថានភាព​ទាំងនេះ នោះ​ពួកគេ​ពិត​ជា​ឃើញ​វិធី​ជា​ច្រើន​ដែល​អាច​អនុវត្ត ហើយ​ដែល​អាច​បង្រៀន​ដល់​មនុស្ស​ដទៃ ។

បងប្រុស វិប ៖ លោក​ដឹង​ទេ នោះ​ជា​រឿង​សំខាន់ ព្រោះ​យើង​បាន​ឮ​ថា​សិស្ស​ជា​ច្រើន​នាក់​អាច​ឆ្លើយ​រាល់​សំណួរ​ក្នុង​ការប្រឡង​បាន​មែន​ទេ ? ពួកគេ​ស្គាល់​អ្វី​ដែល​គោលលទ្ធិ​បង្រៀន ។ ពួកគេ​ថែមទាំង​ស្គាល់​សេចក្ដីយោង​បទគម្ពីរ​ជាច្រើន ប៉ុន្តែ​ពេល​ពួកគេ​ជួប​នឹង​ស្ថានភាព​មួយ ឬ​សំណួរ​មួយ ពួកគេ​មិន​អាច​ធ្វើ​ឲ្យ​អ្វី​ដែល​ពួកគេ​កំពុង​ប្រឈម​មុខ​នោះ​មាន​ទំនាក់ទំនង​ទៅ​នឹង​គោលលទ្ធិ​ដែល​ពួកគេ​បាន​រៀន​ជានិច្ច​នោះ​ឡើយ ។ ដូច្នេះ​ចេញ​ពី​អ្វី​ដែល​លោក​ទើប​មាន​ប្រសាសន៍ ខ្ញុំ​គិត​ថា​វា​ជា​ការណ៍​ល្អ​ដែល​គ្រូបង្រៀន​ត្រូវ​យល់​ថា នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ធ្វើ​ឲ្យ​គោលការណ៍​ខាង​គោលលទ្ធិ​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​ស្ថានភាព​ជីវិត​ជាក់ស្ដែង ឬ​សិក្សា​ករណី​មួយ ដើម្បី​ឲ្យ​ពួកគេ​អាច​ឃើញ​ពី​របៀប​ដែល​វា​មាន​ទំនាក់ទំនង ហើយ​ប្រទាន​ពរ​ពួកគេ​ក្នុង​ជីវិត​ជាក់ស្ដែង ។

បងប្រុស ហ៊ែដឡិន ៖ ខ្ញុំ​ចង់​បន្ថែម​ថា អ្វីៗ​ក្នុង​ស្ថានភាព​នេះ​គឺ​ថា​វា​ត្រូវតែ​ទាក់ទង​គ្នា ។ កាល​ណា​វា​ទាក់ទង​គ្នា​កាន់​តែ​ខ្លាំង នោះ​ខ្ញុំ​គិត​ថា​សិស្ស​កាន់តែ​មាន​ឱកាស​ធ្វើ​ឲ្យ​វា​មាន​ទំនាក់ទំនង​ជាមួយ​ពួកគេ ហើយ​កាន់​តែ​ចង់​បន្ត​រៀន​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ក្នុង​ការសិក្សា​របស់​ខ្ញុំ—នេះ​ប្រហែល​ជា​ទី​ដែល​ការអនុវត្ត និង​ការកែសម្រួល​ទៅ​តាម​កម្មវិធី​សិក្សា​កើត​ឡើង—ប៉ុន្ដែ​បើ​មាន​ការអនុវត្ត​មួយ​ដែល​អ្នក​អាច​មាន​ឧទាហរណ៍​ផ្ទាល់​ខ្លួន​ដែល​ខុស​គ្នា​បន្តិចបន្តួច​ពី​អ្វី​ដែល​មាន​ក្នុង​សៀវភៅ​សិក្សា​នេះ តែ​បើ​វា​ផ្ទាល់ខ្លួន​សម្រាប់​អ្នក ឬ​សម្រាប់​ពួកគេ ខ្ញុំ​គិត​ថា​នោះ​ជា​របៀបដ៏​ល្អ​បំផុត​ដើម្បី​អនុវត្ត​ដូចនោះ ។ តើ​ខ្ញុំ​នឹង …

បងប្រុស វ៉ាលែតា ៖ អូ៎ មិនមែន​ទេ យើង …

បងប្រុស ហ៊ែដឡិន ៖ យល់ព្រម ។

បងប្រុស វ៉ាលែតា ៖ … យល់ព្រម ដោយ​អស់​ពី​ចិត្ត ។ តាម​ពិត រឿង​មួយ​ដែល​យើង​សង្ឃឹម​ចង់​បាន​គឺ​ថា ពួកយុវវ័យ​នឹង​ចាប់ផ្ដើម​លើក​ឡើង​ពី​បញ្ហា និង​សំណួរ និង​ស្ថានភាព​នានា​ក្នុង​ជីវិត​ជាក់ស្ដែង​ពួកគេ ហើយ​អ្នក​អាច​ធ្វើការ​ជាមួយ​ពួកគេ រួម​គ្នា​ក្នុង​ថ្នាក់​រៀន​ដោយ​ការឆ្លើយ អ្នក​ដឹង​ទេ គឺ​ការ​ដាក់​សំណួរ ឬ​បញ្ហា​នោះ​ក្នុង​ទស្សន​អស់កល្ប​មួយ ។ អស្ចារ្យ​ណាស់ ។ យើង​គិត​ថា នោះ​ជា​របៀប​ដែល​អ្នក​ត្រូវ​ធ្វើ ។

ស៊ិស្ទើរ អូស្ការសុន ៖ ខ្ញុំ​អាច​និយាយ​បាន​ថា វា​ជា​ពរជ័យ​មួយ​ដ៏​អស្ចារ្យ ពេល​ខ្ញុំ​មើល​ទៅ​កម្មវិធី​សិក្សា​ពួក​យុវវ័យ​ដែល​ពួកគេ​រៀន​នៅ​ថ្ងៃ​អាទិត្យ​គឺ Come Follow Me ខ្ញុំ​ឃើញ​ថា ពួកគេ​មាន​ទំនាក់ទំនង​យ៉ាង​ល្អ ហើយ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក ។ ពួកគេ​រៀន​នៅ​ក្នុង​ថ្នាក់​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​ចែកចាយ​ពី​ឧទាហរណ៍​នៃ​ជីវិត​ជាក់ស្ដែង ហើយ​ថ្លែង​ទីបន្ទាល់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ ហើយ​ការពង្រឹង​នេះ​ដែល​ធ្វើ​ឡើង​ទាំង​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​នឹង​ក្លាយ​ជា​ពរជ័យ​អស្ចារ្យ​មួយ​ក្នុង​ជីវិត​ពួកគេ ។ កាល​ខ្ញុំ​ឮ​លោក​ណែនាំ​កម្មវិធី​ថ្មី​នេះ​ដល់​ខ្ញុំ​លើក​ដំបូង ខ្ញុំ​ក៏​បាន​មាន​អារម្មណ៍​ការបំផុសគំនិត​ដូចគ្នា​ដែរ ។ ខ្ញុំ​ទទួល​អារម្មណ៍​ថា វា​ជា​វិវរណៈ ។ នេះ​គឺ​ជា​ជំហាន​បន្ទាប់​ដែល​ពួក​យុវវ័យ​យើង​ត្រូវការ ។

បងប្រុស វិប ៖ មែនហើយ ចូរ​យើង​ពិភាក្សា​បន្តិច​អំពី​តួនាទី​របស់​គ្រូ ។ តើ​អ្នក​ទាំងអស់​គ្នា​នឹង​ថ្លែង​ដូចម្ដេច​អំពី​រឿង​នេះ តើ​អ្វី​ជា​តម្រូវការ​ដល់​គ្រូ​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​យ៉ាង​នេះ ?

បងស្រី វីដ ៖ តាម​បទពិសោធន៍​ខ្ញុំ​គឺ​ថា យើង​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​ការទទួលខុសត្រូវ​មួយ​ពី​អែល​ឌើរ បាឡឺដ ដើម្បី​បង្កើន​ចំណេះដឹង​ខាង​ដំណឹងល្អ​របស់​យើង ។ យើង​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ​ជាង​មុន ដើម្បី​ឆ្លើយ​សំណួរ​ពិបាកៗ​របស់​សិស្ស​យើង ។ មិន​តែ​ប៉ុណ្ណោះ យើង​ត្រូវ​ស្គាល់​ដំណើរការ​នេះ​ទាំង​ក្នុង​ទាំង​ក្រៅ ។ យើង​ត្រូវ​រស់នៅ​តាម​វា​ក្នុង​ជីវិត​យើង តាម​របៀប​មួយ​ដែល​យើង​អាច​ថ្លែង​ទីបន្ទាល់​អំពី​វា ហើយ​អាច​ប្រើប្រាស់​វា​ក្នុង​បទពិសោធន៍​ដែល​យើង​មាន​ក្នុង​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​ដោយ​ខ្លួន​យើង​ផ្ទាល់ ដើម្បី​យើង​អាច​ត្រៀមខ្លួន​នៅ​ពេល​ពួកគេ​មក​រៀន​ដោយ​នាំ​យក​សំណួរ​ពិបាកៗ​មក​ជាមួយ ។

បងប្រុស ហ៊ែដឡិន ៖ ខ្ញុំ​ចង់​និយាយ​ថា ត្រៀមខ្លួន ។ ក្នុង​នាម​ជា​គ្រូ ខ្ញុំ​មាន​អារម្មណ៍​ថា ការដើរ​ចូល​ក្នុង​ថ្នាក់ ហើយ​ដាក់​ធុង​សំរាម​លើ​កៅអី​ព្យាណូ ហើយ​ទាត់​ធុង​ចុះឡើង​កាល​យើង​ពិភាក្សា​អំពី​ចំណេះចំណាន​ខគម្ពីរ ថ្ងៃ​ដូចនោះ​មិន​មាន​ទៀត​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ត្រូវការ​ការត្រៀមខ្លួន​បន្តិច ការត្រៀមខ្លួន​បន្ថែម​សម្រាប់​ខ្ញុំ​ដើម្បី​អង្គុយ​ចុះ ។ ព្រោះ​ពួកគេ​ពិតជា—អ្នក​ហៅ​វា​ថា​ជា​បទពិសោធន៍ ប៉ុន្តែ​វា​ពិត​ជា​មេរៀន​ខ្លីៗ ។ ដូច្នេះ​វា​មាន​អ្វី​បន្ថែម​ទៀត​ទៅ​លើ​មេរៀន​នោះ​ពី​មុន​វា​បញ្ចប់ ។ ប៉ុន្តែ​វា​មិន​ខុស​អ្វី​ច្រើន​ពី​ការបង្រៀន​បទគម្ពីរ​តាម​លំដាប់លំដោយ​ក្នុង​អ្វី​ដែល​យើង​ស្គាល់​ថា​ជា​សេចក្ដីថ្លែង​គោលលទ្ធិ​នោះ​ឡើយ ។ យើង​ស្គាល់​វា​យ៉ាង​ច្បាស់ ។ យើង​យល់​អំពី​វា ។ យើង​អនុវត្ត​ការ​បង្រៀន​ទាំងនោះ ។ ដូច្នេះ​លំហូរ​នៃ​ការបង្រៀន​គឺ​ដូចជា​អ្វី​ដែល​យើង​ធ្វើ​ក្នុង​ការបង្រៀន​បទគម្ពីរ​តាម​លំដាប់លំដោយ​ដែរ ប៉ុន្តែ​វា​ត្រូវការ​ការរៀបចំ​បន្ថែម​នៅ​លើ​ការធ្វើ​ការណ៍​នោះ ។

បងប្រុស វិប ៖សូម​អគុណ ។ មាន​សំណួរ​មួយ​ទៀត​អំពី​ករណី​សិក្សា និង​ស្ថានភាព​នានា​ដែល​ត្រូវបាន​លើក​ឡើង ។ ប្រហែល​ខ្ញុំ​សូម​សួរ​អែលឌើរ ក្លាក ។ លោក​គឺ​ជា​គ្រូ​បង្រៀន​ឆ្នើម​មួយ​រូប​ក្នុង​ការប្រើ​សិក្សា​ករណី ហើយ​ខ្ញុំ​បាន​ឃើញ​លោក​បង្រៀន​តាម​របៀប​ដែល​ពិត​ជា​មាន​ឥទ្ធិពល​ពេល​ប្រើ​ជំនាញ​បង្រៀន​ដូចនេះ ។ តើ​លោក​មាន​ប្រសាសន៍​យ៉ាង​ណា អំពី​តម្លៃ​នៃ​ការប្រើ​សិក្សា​ករណី និង​ស្ថានភាព​ជីវិត​ពិត និង​ការជួយ​សិស្ស​ឲ្យ​ភ្ជាប់​គោលលទ្ធិ​ទៅ​នឹង​ជីវិត​ពិត​របស់​ពួកគេ​នោះ ?

អែលឌើរ ក្លាក ៖ខ្ញុំ​គិត​ថា មាន​ពាក្យ​ពីរ​ក្នុង​គំនិត​ខ្ញុំ​ដែល​បាន​ប្រើ​រួច​មក​ហើយ​ក្នុង​ការសន្ទនា​របស់​យើង​នេះ ។ ទី​មួយ​គឺ​វាទាក់ទង​គ្នា—គឺ​ថា​អ្នក​ជ្រើសរើស​អ្វី​ដែល​ពិត​ជា​ទាក់ទង​នឹង​សិស្ស ។ ពួកគេ​រស់នៅ​តាម​អ្វី​ទាំងនេះ ។ ខ្ញុំ​គិត​ថា ឯកសារ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នេះ​ធ្វើ​បាន​ល្អ ។ វា​គឺ​ជា​អ្វី​ដែល​ពិត​ជា​ទាក់ទង​ទៅ​នឹង​ពួកគេ ។ នោះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ដែល​នាំ​មក​នូវ​ពាក្យ​ទី​ពីរ​គឺការរួមចំណែក ។សិស្ស​ពិត​ជា​រួមចំណែក​ជាមួយ​ឯកសារ​នោះ ។ មាន​រឿង​ពីរ​កើត​ឡើង ។ ទី​មួយ​គឺ​ស្ថានភាព ។ ពេល​អ្នក​ចាប់ផ្ដើម​ធ្វើ​វា ហើយ​ចាប់ផ្ដើម​គិត​ថា « តើ​អ្នក​នឹង​ធ្វើ​អ្វី ? » អ្វី​ដែល​កើតឡើង​ក្នុង​គំនិត​របស់​សិស្ស​គឺ​ថា​ពួកគេ​ដាក់​ខ្លួន​គេ​នៅ​ក្នុង​ស្ថានភាព​នោះ ហើយ​ពួកគេ​ចាប់ផ្ដើម​ហាត់​សម​ក្នុង​ចិត្ត​ថា « មែន​ហើយ ។ តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី ? ការណ៍​នោះ​ចាប់ផ្ដើម​ជួយ​ពួកគេ​ខាង​វិញ្ញាណ ឲ្យ​ចុះសម្រុង​នឹង​ព្រះវិញ្ញាណ​ដែល​នឹង​យាង​មក ដែល​ជួយ​បង្រៀន​ពួកគេ​អំពី « នេះ​គឺ​ជា​អ្វី​ដែល​អ្នក​គួរតែ​ធ្វើ » ។

រឿង​មួយ​ទៀត​ដែល​កើត​ឡើង​គឺ​ថា គោលលទ្ធិ​គឺ​រស់​រវើក ។ វា​មាន​ភាពជាក់ស្ដែង ។ វា​មិនមែន​គ្រាន់តែ​ជា​រឿង​ដែល​ពួកគេ​បាន​រៀន ហើយ​និយាយ​ថា « មែនហើយ ខ្ញុំ​ស្គាល់​ការណ៍​នេះ » ។ ឥឡូវ​នេះ​វា​ក្លាយ​ជា​ការពិត ។ វា​ក្លាយ​ជា​អ្វី​ដែល​អ្នក​ប្រើ​ក្នុង​ជីវិត​អ្នក ។ ខ្ញុំ​គិត​ថា យើង​អាច​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា វា​មិន​គ្រាន់តែ​ជា​ការរៀន​អំពី​អ្វី​ទាំងនេះ​ដើម្បី​ព្រឹក​ស្អែក​ឡើង​បើ​មាន​នរណា​ម្នាក់​សួរ​សំណួរ​មួយ នោះ​អ្នក​នឹង​ដឹង​ថា​ត្រូវ​ធ្វើ​ដូចម្ដេច​នោះ​ទេ ។ វា​ជា​សំណួរ​ជាក់ស្ដែង​ដូចជា « ចុះ​បើ​អ្នក​គឺ​ជា​ម្ដាយ​មួយ​រូប ហើយ​អ្នក​មាន​កូន​ដែល​សួរ​សំណួរ​នោះ ? » ការណ៍​នេះ​នឹង​មាន​ឥទ្ធិពល ។ អ្នក​នឹង​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ។ ឬ​បើ​អ្នក​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​រូប ហើយ​អ្នក​ទៅ​ក្នុង​តំបន់​បេសកកម្ម ហើយ​អ្នក​មាន​សាសនា​គន់ការី អ្នក​នឹង​មាន​អារម្មណ៍​ល្អ ព្រោះ​អ្នក​នឹង​មាន​ស្ថានភាព​ជីវិត​ជាក់ស្ដែង ហើយ​អ្នក​នឹង​ក្នុង​ស្ថានភាព​ទាំងនោះ ។ អ្នក​នឹង​មាន​បទពិសោធន៍​ក្នុង​ការគិត​អំពី​ស្ថានភាព​ទាំងនោះ ។ ខ្ញុំ​គិត​ថា នោះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​របស់​វា ។

រឿង​មួយ​ទៀត​ដែល​នឹងកើតឡើង—ដែល​អ្នក​ទាំង​ពីរ​បាន​លើក​ឡើង​រួច​មក​ហើយ​នោះ—គឺ​អ្នក​អាច​ឲ្យ​សិស្ស​ពិភាក្សា​គ្នា ហើយ​ប្រាស្រ័យ​ជាមួយ​គ្នា ។ មាន​ន័យ​ថា អ្នក​ត្រូវ​ទុកចិត្ត​សិស្ស​របស់​អ្នក​ថា​ពួកគេ​ពិត​ជា​នឹង​ធ្វើ​ការពិភាក្សា​នោះ ។ ប៉ុន្តែ​ពួកគេ​នឹង​ធ្វើ ។ ដូច្នេះ​អ្នក​អាច—គ្រូ​អាច—ជំនួស​ឲ្យ  ការគ្រាន់​តែ​ប្រាប់​ពួកគេ​នូវ​អ្វី​គ្រប់​យ៉ាង អ្នក​ក្លាយ​ជា​អ្នក​សួរ​សំណួរ ។ អ្នក​អាច​សង្ខេប​បន្តិច ។ ប៉ុន្តែ​អ្នក​ក៏​អាច​និយាយ​បាន​ដែរ​ថា « សាលី តើ​ប្អូន​គិត​ដូចម្ដេច​អំពី​អ្វី​ដែល​ប៊ីលី​បាន​និយាយ​អម្បាញ់​មិញ​នេះ ? » សាលី​និយាយ​ថា « ខ្ញុំ​គិត​ថា​នោះ​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ទេ » ។ « ហេតុអ្វី​មិន​មែន ? តើ​ប្អូន​គិត​ដូចម្ដេច​អំពី​ការណ៍​នោះ ? » មិន​យូរ​ប៉ុន្មាន សិស្ស​នឹង​ពិភាក្សា ហើយ​ប្រាស្រ័យ​ជាមួយ​គ្នា ហើយ​នោះ​គឺ​ជា​ឥទ្ធិពល​ក្នុង​ថ្នាក់រៀន ព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ។ នោះ​ជា​របៀប​មួយ​ដ៏​មាន​ឥទ្ធិពល​ដើម្បី​ធ្វើ​ឲ្យ​សិស្ស​រួមចំណែក​ក្នុង​ដំណើរការ​មួយ ដែល​នឹង​ប្រទានពរ​ដល់​ជីវិត​ពួកគេ​ជា​រៀង​រហូត ។

បងប្រុស វិប ៖សូម​អគុណ ។ យើង​ប្រហែល​មាន​សំណួរ​មួយ​ទៀត ។ មាន​ការផ្លាស់ប្ដូរ​ជា​ច្រើន​ក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​សម្រាប់​សិស្ស​ខ្លះ នេះ​ជា​ការលំបាក​មួយ​ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​កាន់តែ​ច្រើន​ជាងមុន ឬ​ធ្វើ​អ្វី​ដែល​ខុស​ពី​មុន ឬ​ផ្លាស់ប្ដូរ​តាម​របៀប​ណា​មួយ ។ តើ​មាន​ដំបូន្មាន​អ្វី​សម្រាប់​ពួក​យើង​ដែល​មិន​ទាន់​បាន​ធ្វើ​ការផ្លាស់ប្ដូរ​នេះ​ដែរ​ឬ​ទេ ?

បងប្រុស វ៉ាលែតា ៖ខ្ញុំ​នឹង​បន្ថែម​អំពី​រឿង​នេះ ។ នៅ​ពេល​លោក​មាន​ប្រសាសន៍​អំពី​ការផ្លាស់ប្ដូរ ខ្ញុំ​គិត​ដល់គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១៖ « [ អ្នក​នឹង ] ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ » ។ នគរ​ព្រះវរបិតាសួគ៌​ស្ថាបនា​នៅ​លើ​វិវរណៈ ។ មាន​ពន្លឺ និង​ចំណេះដឹង​បន្ថែម ដែល​កាន់តែ​ភ្លឺស្វាង​ជាងមុន ជា​អ្វី​ដែល​កណ្ឌ​ទី ៥០ បាន​ប្រាប់ ។ យើង​ហាក់​ដូចជា​កំពុង​ឆ្ពោះ​ទៅ​មុខ​តាម​ទិសដៅ​នោះ ។ ហើយ​ខ្ញុំ​ត្រូវ​មាន​សេចក្ដីជំនឿ ក្នុង​នាម​ជា​គ្រូ​មួយ​រូប ដើម្បី​មិនគ្រាន់​តែ​ឆ្លើយ​ជាជាង​ប្រព្រឹត្ត​ចំពោះ​ការផ្លាស់ប្ដូរ​នោះ​ទេ ប៉ុន្តែ​ដើម្បី​ព្យាយាម ហើយ​បន្ត​ទៅ​ទី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទៅ ។ ហើយ​ខ្ញុំ​ត្រូវតែ​មាន​សេចក្ដី​ជំនឿ ប្រសើរ​ជាង​ត្អូញត្អែរ​ថា « ទេ មាន​ការផ្លាស់ប្ដូរ​មួយ​ទៀត​ហើយ ! » ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​មាន​សេចក្ដី​ជំនឿ​ដើម្បី​និយាយ​ថា « បើ​ព្រះវរបិតាសួគ៌​ទ្រង់​ព្រះ​តំរិះ​ថា យើង​អាច​ធ្វើ​កិច្ចការ​នេះ​បាន នោះ​វា​នឹង​ដំណើរការ​ជា​ប្រាកដ » ។ គឺ​ដូចជា « ខ្ញុំ​នឹង​ទៅ ហើយ​នឹង​ធ្វើ » ។ រីឯ​គ្រូ​ទាំងឡាយ ដូច​ជា​អ្នក​ទាំង​ពីរ​នេះ​ដែល​បាន​ធ្វើ​ការសាកល្បង ហើយ​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ​ដែរ ពួកគេ​មាន​ពរ ហើយ​ពួកគេ​ឃើញ​ពរជ័យ​នោះ អ្នក​អាច​ឮ​ក្តី​រំភើប​ពេល​ពួកគេ​និយាយ ។

បងប្រុស វិប ៖សូម​អរគុណ​ច្រើន ។

ស៊ិស្ទើរ អូស្ការសុន ៖តើ​ខ្ញុំ​អាច​បន្ថែម​បាន​ទេ ៖ អ្នក​គ្រប់​គ្នា​ដែល​ធ្វើការ​ជាមួយ​ពួក​យុវវ័យ​ដឹង​ថា ពិភពលោក​កំពុង​ផ្លាស់ប្ដូរ ហើយ​ថា​ពួកគេ​បាន​ឃើញ​ទស្សនវិជ្ជា និង​គំនិត​ជា​ច្រើន ព្រោះ​តែ​ការលេច​ឡើង​នៃ​អ៊ិនធើរណែត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ពួក​គេ​បាន​ឃើញ​រឿង​ដែល​មាន​ឥទ្ធិពល​អវិជ្ជមាន​ក្នុង​ជីវិត​ពួកគេ ជាង​ពេល​ណាៗ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ។ ហើយ​នេះ​គឺជា​ការឆ្លើយតប​ដើម្បី​ឈោង​ទៅ​ជួយ​ពួកគេ​ឲ្យ​ដោះស្រាយ​ឧបសគ្គ​ទាំង​នោះ ។ យើង​ត្រូវ​បន្ត​មាន​ការផ្លាស់ប្ដូរ ។ យើង​ត្រូវ​បន្ត​មាន​ការរីកចម្រើន ។ យើង​ត្រូវ​បន្ត​ពង្រឹង​វិធី​ដែល​យើង​បង្រៀន ហើយ​ប្រាស្រ័យ​ជាមួយ​ពួក​យុវវ័យ​យើង ដើម្បី​ឲ្យ​ពួកគេ​អាច​ដោះស្រាយ​ឧបសគ្គ​ទាំង​នេះ​បាន ។ ខ្ញុំ​គិត​ថា គ្រូ​ភាគច្រើន​នឹង​ទទួល​យក​កម្មវិធី​នេះ ។ ខ្ញុំ​គិត​ថា វា​នឹង​មិន​មែន​ជា​អ្វី​មួយ​ដែល​អវិជ្ជមាន​នោះ​ទេ ៖ « ឱ ! យើង​ត្រូវតែ​ផ្លាស់ប្ដូរ​ទៅ​រក​អ្វី​ដែល​ថ្មី » ។ កម្មវិធី​នេះ​នឹង​ក្លាយ​ជា​ពរជ័យ​ដ៏​មហិមា​មួយ​ក្នុង​ការជួយ​ពួកគេ ឲ្យ​រៀបចំ​ពួក​យុវវ័យ​របស់​ពួកគេ​ដើម្បី​ប្រឈម​មុខ​នឹង​អ្វី​ដែល​ពួកគេ​ត្រូវការ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ។

អែលឌើរ ក្លាក ៖ឆាត តើ​ខ្ញុំ​អាច​បន្ថែម​អ្វី​មួយ​បាន​ទេ ? ខ្ញុំ​ចង់​ថ្លែង​សាក្សី​អំពី​អ្វី​ដែល​បាន​និយាយ​កន្លង​មក និង​អ្វី​ដែល​ស៊ិស្ទើរ អូស្ការសុន បាន​រៀបរាប់​អំពី​ការផ្លាស់ប្ដូរ ។ ខ្ញុំ​ចង់​ថ្លែង​ទៅ​កាន់​គ្រូបង្រៀន​ទាំងឡាយ និង យើង​ទាំងអស់​គ្នា​ឲ្យ​ទម្លាប់​នឹង​កម្មវិធី​នេះ ។ វា​នឹង​កើត​ឡើង ។ ទម្លាប់​នឹង​កម្មវិធី​នេះ​ទៅ ។ ព្រះ​ទ្រង់​ឆ្ពោះ​ទៅ​មុខ​ដោយ​ព្រះចេស្តា​ក្នុង​នគរ​ទ្រង់ ។ ហើយ​អ្វីៗ​កំពុង​តែ​ផ្លាស់ប្តូរ ។ វា​កំពុង​តែ​ផ្លាស់ប្ដូរ ។ ហើយ​វា​នឹង​បន្ត​ផ្លាស់ប្ដូរ ព្រោះ​យើង​ត្រូវ​រៀបចំ​នគរ​ព្រះ​សម្រាប់​ការយាង​ត្រឡប់​មក​របស់​ព្រះអម្ចាស់ ព្រះ​យេស៊ូវគ្រីស្ទ ។ ហើយ​យើង​មិន​ទាន់​សម្រេច​បាន​នៅ​ឡើយ​ទេ ។ វា​ជាក់​ច្បាស់​ណាស់ ។ យើង​នឹង​ឃើញ​អ្វី​ទាំងនេះ​ច្រើន​ឡើង ហើយ​ច្រើនជាង​នេះ​ទៀត ។ នោះ​គឺ​ជា​រឿង​មួយ ។

រឿង​ទី​ពីរ​គឺ​ថា ពេល​ការផ្លាស់ប្ដូរ​កើតឡើង​ដូច​នេះ វា​សំខាន់​ដែល​យើង​ត្រូវ​សួរ​សំណួរ​ពីរ​ដល់​ខ្លួន​យើង ៖ តើ​ខ្ញុំ​គួរតែ​ផ្លាស់ប្ដូរ​អ្វី ? តើ​អ្វី​ខ្លះ​ដែល​ខ្ញុំ​ត្រូវ​តែផ្លាស់ប្ដូរ ? ប៉ុន្តែ អ្នក​ក៏​ត្រូវ​សួរ​ដូចនេះ​ដែរ ៖ តើ​មាន​អ្វី​ដែល​មិន​គួរ​ផ្លាស់ប្ដូរ​ក្នុង​របៀប​ដែល​ខ្ញុំ​ឆ្លើយ​តប​ទៅ​នឹង​ការណ៍​នេះ ? ឧទាហរណ៍ ក្នុង​ចំណេះចំណាន​ខាង​គោលលទ្ធិ មាន​អ្វី​មួយ​ចំនួន​ដែល​ត្រូវ​ផ្លាស់ប្ដូរ ។ អ្នក​ទាំងអស់​គ្នា​បាន​ពិភាក្សា​អស់​ខ្លះ​ហើយ ។ ប៉ុន្តែ​ក៏​មាន​អ្វី​មួយ​ចំនួន​ដែល​មិន​គួរ​ផ្លាស់ប្ដូរ​ដែរ ។ កុំ​បោះបង់​ចោល​អ្វីៗ​ដែល​អ្នក​ដឹង​ថា ពិតជា​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចខិតខំ​ផ្ទាល់ខ្លួន​អ្នក​ចំពោះ​សិស្ស​អ្នក—ដូចជា​ក្ដីស្រឡាញ់​របស់​អ្នក​ចំពោះ​ពួកគេ ព្រះវិញ្ញាណ​ព្រះអម្ចាស់​ក្នុង​ថ្នាក់រៀន ទីបន្ទាល់​របស់​អ្នក ការថ្លែង​ទីបន្ទាល់​បរិសុទ្ធ​ទៅ​កាន់​ពួកគេ​ចេញ​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន ។ អ្វី​ទាំងនោះ​មិន​ផ្លាស់ប្ដូរ​ឡើយ ។ ដំណឹងល្អ​មិន​ផ្លាស់ប្ដូរ​ឡើយ ។ វា​គ្រាន់តែ​ជា​រចនាសម្ព័ន្ធ​ដែល​យើង​ធ្វើ​ឲ្យ​សិស្ស​រួមចំណែក ហើយ​នាំ​ឲ្យ​មាន​ការផ្ដោត​អារម្មណ៍​លើ​ប្រធានបទ​ទៅ​ក្នុង​ថ្នាក់​រៀន​បទគម្ពីរ​តាម​លំដាប់លំដោយ​ប៉ុណ្ណោះ​ដែល​ផ្លាស់ប្ដូរ នោះ​ហើយ​ជា​ភាពខុសប្លែក ។ ដូច្នេះ​យើង​នឹង​ត្រូវ​ផ្លាស់ប្ដូរ​អ្វី​មួយ​ចំនួន ប៉ុន្តែ​មាន​រឿង​ជា​ច្រើន​ដែល​មិន​ផ្លាស់ប្ដូរ ។ ហើយ​យើង​ត្រូវ​បន្ត​ធ្វើ​អ្វី​ទាំងនោះ ហើយ​ប្រាកដ​ថា នៅ​ពេល​អ្នក​ដើរ​ចូល​ក្នុង​ថ្នាក់​រៀន​រាល់​ថ្ងៃ អ្នក​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​អ្នក ។ បើ​អ្នក​ធ្វើ​ដូច​នោះ ហើយ​អ្នក​ប្រើ​ឯកសា​ល្អៗ​ទាំងនេះ នោះ​អ្វី​គ្រប់​យ៉ាង​នឹង​ដំណើរការ​ល្អ​បំផុត ។

បងប្រុស វិប ៖សូម​អគុណ ។ មុន​យើង​បញ្ចប់ ស៊ិស្ទើរ អូស្ការសុន តើ​យើង​អាច​សូម​ឲ្យ​ស៊ិស្ទើរ​ចែកចាយ​អ្វី​ក៏​បាន ដែល​ស៊ិស្ទើរ​ចង់​ចែកចាយ ដោយ​ដឹង​ថា​ស៊ិស្ទើរ​អធិស្ឋាន​រាល់​ថ្ងៃ សម្រាប់​យុវនារី​រាប់​រយ​ពាន់​នាក់​ដែល​អង្គុយ​ក្នុង​ថ្នាក់​សិក្ខា​សាលា ព្រម​ទាំង​ការមាន​បទពិសោធន៍​អំពី​ការបង្រៀន​ថ្នាក់​សិក្ខាសាលា​ពេល​ព្រលឹម ។ ដោយ​មាន​បទពិសោធន៍​នោះ ដោយ​ដឹង​អំពី​អ្វី​ដែល​ត្រូវ​ផ្ដល់​ឲ្យ តើ​ស៊ិស្ទើរ​ចង់​ចែកចាយ​អំពី​អារម្មណ៍​របស់​ស៊ិស្ទើរ​អំពី​កម្មវិធី​នេះ ហើយ​តើ​ស៊ិស្ទើរ​ចង់​ចែកចាយ​អ្វីខ្លះ​អំពី​យុវនារី និង​យុវជន​ក្នុង​ថ្នាក់​សិក្ខាសាលា ?

ស៊ិស្ទើរ អូស្ការសុន ៖ខ្ញុំ​គិត​ថា ពួក​យុវវ័យ​យើង​មាន​ភាពវៃ​ឆ្លាត​ជាង​ជំនាន់​ដែល​យើង​ធ្លាប់​បាន​ឃើញ និង ខ្ញុំ​បាន​សង្កេត ។ ខ្ញុំ​គិត​ថា ពួកគេ​មាន​បំណង​ធ្វើ​អ្វី​ដែល​ត្រូវ ហើយ​ថា​ពួកគេ​ដឹង​កាន់តែ​ច្បាស់​ថា​ពួកគេ​ជា​នរណា ។ លោក​បាន​លើកឡើង​អំពី​ចៅ​ស្រី​អាយុ​ប្រាំ​ឆ្នាំ ដែល​បង្រៀន​មេរៀន​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ ទាំងនេះ​ជា​ពួក​យុវវ័យ​ដែល​នឹង​ចូល​រៀន​ក្នុង​ថ្នាក់​សិក្ខាសាលា​យើង​សព្វ​ថ្ងៃ​នេះ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត​ណាស់​ដែល​យើង​នឹង​ធ្វើ​ការណ៍​នេះ ក៏​ដូចជា​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​របៀប​អនុវត្ត​គោលទ្ធិ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ស្ថានភាព និង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ វា​មិន​មែន​ជា​គោលការណ៍​អរូបី ពិបាក​យល់​ទៀត​ឡើយ ។ វា​នឹង​ជា​អ្វី​មួយ​ដែល​ពួកគេ​ដាក់​ក្នុង​ចិត្ត ហើយ​រៀន ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​វិវរណៈ​ដ៏​ឥត​ឈប់ឈរ ដែល​យើង​ទទួល​បាន​ក្នុង​សាសនាចក្រ​ដែល​ប្រទានពរ ហើយ​ពង្រឹង​ដល់​ពួក​យុវវ័យ​យើង ។ ខ្ញុំ​រំភើប​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​ជាមួយ​នឹង​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

បងប្រុស វិប ៖សូម​អរគុណ​ច្រើន ។ អែលឌើរ ក្លាក តើ​លោក​អាច​និយាយ​បញ្ចប់ ហើយ​ចែកចាយ​អ្វី​ក៏​បាន​ឬ​ទេ ?

អែលឌើរ ក្លាក ៖ដូច​ខ្ញុំ​បាន​លើកឡើង​ពី​ដំបូង​ថា នេះ​គឺ​ជា​វិវរណៈ ។ នេះ​គឺ​ជា​កិច្ចការ​ព្រះអម្ចាស់​ដើម្បី​ផ្ដល់​គោល​ជំហរ អប់រំ ហើយ​អភិវឌ្ឍ​ជំនាន់​កំពុង​ពេញ​វ័យ តាម​របៀប​មួយ​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​ពេល​មុនៗ ។ យើង​ដឹង​ថា នៅ​ពេល​យើង​ចុះចូល​នឹង​ព្រះអម្ចាស់ ហើយ​ធ្វើតាម​ការដឹកនាំ និង​វិវរណៈ​របស់​ទ្រង់ នោះ​យើង​នឹង​ទទួល​បាន​វិវរណៈ និង​ការយល់ដឹង​កាន់តែ​ច្រើន ។ ហើយ​អ្នក​បាន​ចាប់ផ្ដើម​ទទួល​បទពិសោធន៍​នោះ​ហើយ ។ ដូច្នេះ​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ការកែប្រែ​ដ៏​អស្ចារ្យ ហើយ​នឹង​ជា​ពរជ័យ​ដ៏​មហិមា​មួយ​ដល់​គ្រូៗ និង​សិស្ស​ទាំងឡាយ​របស់​យើង ។ ខ្ញុំ​គិត​ថា នេះ​នឹង​ជា​ពរជ័យ​មួយ​ធំ​សម្រាប់​គ្រួសារ​អ្នក ព្រោះ​អ្នក​នឹង​អនុវត្ត​ការណ៍​នេះ​នៅ​ផ្ទះ ។ បើ​អ្នក​មាន​កូន ឬ​ចៅ​នៅ​ផ្ទះ អ្នក​អាច​អនុវត្ត​កម្មវិធី​នេះ​ជាមួយ​ពួកគេ ។ វា​នឹង​ជា​ពរជ័យ​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​គ្រប់​គ្នា ។

ខ្ញុំ​ក៏​ចង់​និយាយ​ខ្លះៗ​ផងដែរ​ឆាត ។ ខ្ញុំ​ច្បាស់​ណាស់​ថា ស៊ិស្ទើរ អូស្ការសុន ក៏​អធិស្ឋាន​សម្រាប់​យុវជន​ដែរ ព្រោះ​យុវជន​ត្រូវ​រៀបការ​នឹង​យុវនារី ។ ហើយ​ពួកគេ​ទាំងអស់​គ្នា​ត្រូវ​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ធ្វើ​ជា​ម្ដាយ និង​ឪពុក​ក្នុង​គ្រួសារ​អស់កល្ប​មួយ ។ បើ​យើង​រក្សា​ទុក​ការណ៍​នេះ​ក្នុង​គំនិត ហើយ​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​កំពុង​ធ្វើ​កិច្ចការ​នៅ​ទីនេះ នោះ​យើង​នឹង​មិន​អី​ទេ ។ យើង​នឹង​មាន​បទពិសោធន៍​អស្ចារ្យ​ជាមួយ​ពួក​យុវវ័យ​ទាំងនេះ ព្រោះ​ពួកគេ​ជា​យុវវ័យ​ដ៏​ឆ្នើម ។ យុវវ័យ​ដ៏​អស្ចារ្យ ។ ប៉ុន្តែ​ពួកគេ​ត្រូវការ​ការណែនាំ ការដឹកនាំ ការគាំទ្រ ការលើកទឹកចិត្ត កម្លាំង​មក​ពី​មនុស្ស​ខ្លះ​ដែល​បាន​ដើរ​លើ​មាគ៌ា​នេះ​មុន​ពួកគេ​បាន​ឆ្ងាយ​បន្តិច និង​ជា​អ្នក​ដែល​ស្គាល់​ព្រះអម្ចាស់ ជា​អ្នក​ដែល​អាច​ធ្វើ​សាក្សី​អំពី​ព្រះ និង​ពលិកម្មធួន​ដ៏​អស្ចារ្យ និង​ជា​អ្នក​ដែល​នាំ​យក​ក្ដីស្រឡាញ់​ទៅកាន់​សិស្ស ហើយ​លើកស្ទួយ​ពួកគេ​ឡើង​ជា​រៀង​រាល់​ថ្ងៃ ។ អ្នក​នឹង​ធ្វើ​ដូច​នោះ ។ ឥឡូវ​នេះ​អ្នក​នឹង​មាន​របៀប​ធ្វើ​វា ដែល​នឹង​ជា​រឿង​អស្ចារ្យ​សម្រាប់​ពួកគេ ។ ពរជ័យ​ជាច្រើន​កើតឡើង​ជុំវិញ​ខ្លួន ។

បងប្រុស វិប ៖សូម​អគុណ ។ សូម​អរគុណ​អ្នក​ទាំងអស់​ច្រើន ។ វា​ជា​រឿង​អស្ចារ្យ​ដែល​បាន​ពិភាក្សា​ជាមួយ​អ្នក​ទាំងអស់​គ្នា​នៅ​ថ្ងៃ​នេះ ។

© 2016 ដោយ Intellectual Reserve, Inc. All rights reserved ។ អនុមតិ​ជា​ភាសា​អង់គ្លេស ៖ 5/16 ។ អនុមតិ​ឲ្យ​បកប្រែ ៖ 5/16 ។ ការបកប្រែ​នៃ “Panel Discussion on Doctrinal Mastery.” Cambodian PD60001875 258

បង្ហាញ​សេចក្ដី​យោង

    កំណត់​ចំណាំ

  1.  

    1. Boyd K. Packer « Little Children » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ១៧ ។

  2.  

    2. សូមមើល J. Reuben Clark Jr., The Charted Course of the Church in Education, បាន​ធ្វើ​កំណែ ( ឆ្នាំ ១៩៩៤ ), ទំព័រ ៣ ។