ឆ្នាំ ២០១០-២០១៩
ចូរក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ
មេសា 2012


ចូរក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ

របៀប​ដ៏​ប្រសើរ​បំផុត​មួយ ដើម្បី​យើង​អាច​ក្រោកឡើង ហើយ​បញ្ចេញ​ពន្លឺ​ទៅ គឺ​ត្រូវ​គោរព​បទបញ្ញត្តិ​របស់​ព្រះ​ដោយ​ទំនុកចិត្ត។

វា​ជា​ឯកសិទ្ធិ​សម្រាប់​ខ្ញុំ ដែល​បាន​ចូលរួម​ជាមួយ​អ្នកនា​ល្ងាចនេះ ។ រៀងរាល់​ខែ​មករា ខ្ញុំ​រង់ចាំ​យ៉ាង​អន្ទះសារ​ដល់​ការ​ប្រកាស​ពី​ប្រធាន​បទម៉ូឆលថ្មី ។ ទោះ​យ៉ាងណា ខ្ញុំ​តែង​យកពេល​មួយ​ស្របក់ ដើម្បី​វាយតម្លៃ ថាតើ​ខ្ញុំ​បាន​ស្ទាត់​ជំនាញ​លើ​មេរៀន​ទាំងឡាយ​របស់​ប្រធានបទ​ឆ្នាំ​មុន​ ឬទេ ។

ចូរ​រំឮក​ពី​ប្រធានបទ​បច្ចុប្បន្ន មួយ​ភ្លែត ៖ « សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក ដោយ​ឥតឈប់ឈរ​ឡើយ »1 « ឲ្យ​ខ្ជាប់ខ្ជួន ហើយ​នឹងនរ គឺ​ពោរពេញ​ទៅ​ដោយ​អំពើ​ល្អ​ជានិច្ច »2 « ចូរ​ធ្វើ​ជាគំរូ​ដល់​ពួក​អ្នក​ជឿ »3 « ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ »4 ហើយ​និង​មាត្រា​នៃ​សេចក្ដី​ជំនឿ​ទី​ដប់បី ៖ « យើង​ខ្ញុំ​ជឿ​លើ​ការប្រព្រឹត្ត​ដោយ​ទៀងត្រង់, ត្រឹមត្រូវ, បរិសុទ្ធ, គុណធម៌, ហើយ​លើ​ការធ្វើ​ល្អ​ដល់​មនុស្ស​ទាំងអស់ » ។5

ការសិក្សា និង​ការ​ផ្ដោត​លើ​បទគម្ពីរ​ទាំងនេះ​អស់​មួយ​ឆ្នាំ​ពេញ បាន​ជួយ​ឲ្យ​វា​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ដួងចិត្ត, ព្រលឹង, និង​ទីបន្ទាល់​របស់​យើង ។ យើង​សង្ឃឹម​ថា អ្នក​នឹង​បន្ត​ធ្វើ​តាម​ការណែនាំ​នៃ​បទគម្ពីរ​ទាំងនេះ កាល​ដែល​យើង​បង្វែរ​ការផ្ដោត​របស់​យើង​ទៅ​កាន់​ប្រធានបទ ម៉ូឆល ឆ្នាំ 2012 ដែល​មាន​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។

ក្បាល​កណ្ឌ​ទី 115 ពន្យល់​ថា ៖ ឆ្នាំ​គឺ 1838 ហើយ​ទីកន្លែង​គឺ ហ្វាវែស្ទ រដ្ឋ​មីសសួរី ។ យ៉ូសែប ស៊្មីធ ត្រូវបាន « ប្រាប់​ឲ្យ​ដឹង​ពី​ព្រះហឫទ័យ​នៃ​ព្រះ អំពី​ការកសាង​ទី​នោះ និង​ដំណាក់​នៃ​ព្រះអម្ចាស់ » ។ ព្យាការី​មាន​ភាព​សុទិដ្ឋិនិយម និង​ពេញ​ដោយ​ការ​លើក​ទឹកចិត្ត ។ នៅ​ក្នុង​ខ 5 ជាកន្លែង​ដែល​យើង​យក​មកធ្វើ​​ប្រធានបទ​សម្រាប់​ឆ្នាំ​នេះ ព្រះអម្ចាស់​ប្រាប់​លោក​ថា « ប្រាកដ​មែន យើង​ប្រាប់​អ្នក​ទាំងអស់​គ្នា​ដូច្នេះ​ថា ៖ ចូរ​ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ប្រយោជន៍​ឲ្យ​ពន្លឺ​របស់​អ្នក​អាច​បាន​ទៅ​ជា​បមាណី​ដល់​សាសន៍​នានា » ។

តើ​អ្នក​គិត​ពី​អ្វី ពេល​អ្នក​ឮ​ពាក្យ​ថាចូរក្រោកឡើង? ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ពី​អ្នក---ជា​យុវវ័យ​ដ៏​ឆ្នើម​​របស់​សាសនាចក្រ ។ ខ្ញុំ​មើល​ឃើញ​អ្នក​កំពុង​ក្រោកឡើង​យ៉ាង​ឧស្សាហ៍​ពី​គ្រែ​របស់​អ្នក​រៀងរាល់​ព្រឹក ដើម្បី​ទៅ​ថ្នាក់​សិក្ខាសាលា ។ ខ្ញុំ​ឃើញ​អ្នក​ក្រោកឡើង​ដោយ​ស្មោះត្រង់ ពី​ការ​លុតជង្គង់​ក្រោយពី​អធិស្ឋាន​ចប់​រាល់ថ្ងៃ ។ ខ្ញុំ​គិត​ពី​អ្នក​ថា ក្រោកឡើង​ដោយ​ក្លាហាន ដើម្បី​ចែកចាយ​ទីបន្ទាល់ និង​ការពារ​បទដ្ឋាន​អ្នក ។ ខ្ញុំ​ត្រូវបាន​បំផុសគំនិត​ដោយ​ការ​តាំងចិត្ត​របស់​អ្នក ចំពោះ​ដំណឹងល្អ និង​គំរូល្អ​របស់​អ្នក ។ ពួក​អ្នក​ជាច្រើន​បាន​ទទួល​ការអញ្ជើញ​នេះ​រួចហើយ គឺ​ដើម្បី​ក្រោកឡើង ហើយ​បញ្ចេញ​ពន្លឺ​ទៅ ហើយ​ពន្លឺ​របស់​អ្នក​លើក​ទឹកចិត្ត​អ្នក​ដទៃ​ទៀត​ឲ្យ​ធ្វើ​ដូចគ្នា​ដែរ ។

របៀប​ដ៏​ប្រសើរ​បំផុត​មួយ ដើម្បី​យើង​អាច​ក្រោកឡើង ហើយ​បញ្ចេញ​ពន្លឺ​ទៅ គឺ​ត្រូវ​គោរព​បទបញ្ញត្តិ​របស់​ព្រះ​ដោយ​ទំនុកចិត្ត ។ យើង​រៀន​ពី​បទបញ្ញត្តិ​ទាំងនេះ​ក្នុង​ព្រះគម្ពីរ, ពី​ព្យាការី​សម័យ​ទំនើប, និង​ពីក្នុង​កូន​សៀវភៅ​ដើម្បី​កម្លាំង​នៃ​យុវជន ។ អ្នក​គ្រប់​គ្នា​គួរតែ​មាន​កូន​សៀវភៅ​នោះ​មួយ​ច្បាប់​ខ្លួនឯង ។ ក្នុង​កូនសៀវភៅ​ផ្ទាល់​របស់​ខ្ញុំ ខ្ញុំ​បាន​គូសរង្វង់​ពាក្យសម្រាប់ និង​ពាក្យ​អ្នក កាល​ដែល​បាន​បង្រៀន​ដល់​ខ្ញុំ​ដោយ​មិត្ត​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់ ។ ទង្វើ​ដ៏​សាមញ្ញ​នេះ​រំឭក​ខ្ញុំថា បទដ្ឋាន​ទាំងនេះគឺ​មិន​គ្រាន់តែ​ជា​សេចក្ដី​ណែនាំ​ទូទៅ​ប៉ុណ្ណោះ​ទេ---វា​គឺ​ពិសេស​សម្រាប់ខ្ញុំ ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​ចំណាយ​ពេល​គូស​ពាក្យ​ទាំងនោះ​នៅ​ក្នុង​កូន​សៀវភៅ​អ្នក​ផ្ទាល់, អានវា​ពី​ដើម​ដល់​ចប់, និង​ទទួល​អារម្មណ៏​ពី​ព្រះវិញ្ញាណ​ដែល​ធ្វើ​បន្ទាល់​ដល់​អ្នក​ថា បទដ្ឋាន​ទាំងនោះ​គឺ​សម្រាប់​អ្នក​ផងដែរ ។

ប្រហែល​មាន​ពួកអ្នក​ដែល​ត្រូវបាន​ល្បួង​មិន​ឲ្យ​ខ្វល់ ឬ​ច្រានចោល​បទដ្ឋាន​ដែល​មាន​ក្នុង​កូន​សៀវភៅ​ដើម្បី​កម្លាំង​នៃ​យុវវ័យ ។ ពួកគេ​អាចមើល​ទៅ​កូន​សៀវភៅ ហើយ​និយាយ​ថា « ម៉ាក់ មើល​សៀវភៅ​នេះ​មិន​និយាយ​អំពី [ បញ្ចូល​ពី​អ្វី​ដែល​កំពុង​និយាយ ] » ។ ឬ​ពួកគេ​អាច​ដោះសារ​ចំពោះ​ខ្លួន​គេ​ថា « អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​មិន​អាក្រក់​ដល់​ថ្នាក់​នោះ​ទេ ។ ខ្ញុំ​មិន​អាក្រក់​ដូចជា [ បញ្ចូល​ឈ្មោះ​មិត្ត​ម្នាក់ ឬ​អ្នក​ស្គាល់​ម្នាក់ ]  » ។

ប្រធាន ហារ៉ូល  ប៊ី. លី បាន​បង្រៀន​ថា « បទបញ្ញត្តិ​ដែល​សំខាន់​បំផុត​ជាង​បទបញ្ញត្តិ​ណា​ទាំងអស់​របស់​ព្រះ​គឺ បទបញ្ញត្តិ​មួយ​ដែល​អ្នក​កំពុង​មាន​ការ​ពិបាក​បំផុត​ដើម្បី​គោរព​នោះ​ឯង » ។6 ស្ដេច​បេនយ៉ាមីន​បាន​ពន្យល់​ថា « យើង​ពុំ​អាច​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​អស់​នូវការណ៍​ទាំងឡាយ ដែល​អ្នក​រាល់​គ្នា​អាច​ប្រព្រឹត្ត​អំពើ​បាប​នោះទេ ព្រោះ​មាន​ផ្លូវ និង​បែប​ផ្សេងៗ​គ្នា គឺ​មាន​ជាច្រើន​ណាស់​ដែល​យើង​ពុំ​អាច​រៀបរាប់​បាន​ឡើយ » ។7 បើ​អ្នក​កំពុង​ពិបាក​ក្នុង​ការ​រក្សា​បទដ្ឋាន និង​បទបញ្ញត្តិ​ទាំងនេះ នោះ​ខ្ញុំ​លើកទឹកចិត្ត​អ្នក​ឲ្យ​ស្វែងរក​ការគាំទ្រ​នៅក្នុង​ដំណឹងល្អ ។ ចូរអាន​ព្រះគម្ពីរ​របស់​អ្នក ។ ចូរ​ចំណាយ​ពេល​លើ​គេហទំព័រ​ជាផ្លូវការ​របស់​សាសនាចក្រ​គឺ LDS.org ដើម្បី​រក​ចម្លើយ​ដល់​សំណួរ​របស់​អ្នក ។ ចូរ​និយាយ​ទៅកាន់​ឪពុកម្ដាយ, អ្នក​ដឹកនាំ​សាសនាចក្រ​អ្នក, និង​ពួក​អ្នក​ដែល​មានគំរូល្អ កាល​ដែល​គេ​រស់​នៅ​តាម​ដំណឹងល្អ ។ ចូរ​អធិស្ឋាន ។ ចូរ​ប្លុង​ចិត្ត​ចំពោះ​ព្រះបិតា​សួគ៌​របស់​អ្នក ដែល​ស្រឡាញ់​អ្នក ។ ចូរ​ប្រើ​អំណោយទាន​នៃ​ការ​ប្រែចិត្ត​ជារៀងរាល់​ថ្ងៃ ។ ចូរបម្រើ​អ្នក​ដទៃ ។ ហើយ​សំខាន់​បំផុត ចូរ​ស្ដាប់ និង​គោរព​ដល់​ការបំផុស​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ប្រធាន ថូម៉ាស  អេស ម៉នសុន លើក​ទឹកចិត្ត​ដល់​យើង​ទាំងអស់​គ្នា​ដោយ​​ពាក្យ​ទាំងនេះ​ថា ៖ « មិត្តភក្ដិ​វ័យក្មេង​របស់​ខ្ញុំ​អើយ ចូរ​រឹងមាំឡើង ។ ... ទោះ​បី​ជាមាន​ការ​ទាក់​ទាញ, អាច​ផ្លាស់​ប្តូរ​បាន, អ្នកដឹង​ពី​អ្វី​ដែល​ត្រូវ និង​អ្វី​ដែល​ខុស ហើយពុំ​អាច​លាក់​បាំង​បានឡើយ ។ ... បើសិន​ជា​មិត្ត​ភក្តិ​របស់​អ្នក​ជំរុញ​អ្នក​ឲ្យ​ធ្វើ​អ្វី​ៗ​ដែល​អ្នក​ដឹង​ថា​ខុស អ្នក​គឺ​ជា​មនុស្ស​ម្នាក់​គត់​ដែល​គំាទ្រ​អ្វី​ដែល​ត្រូវ ទោះ​បី​ជា​អ្នក​ធ្វើ​តែ​ឯង​ក៏​ដោយ » ។8

ព្រះវរបិតាសួគ៌​មិន​ចង់​ឲ្យ​យើង​មើល​ទៅ​ពិភពលោក ហើយ​ធ្វើតាម​ការនិយម​ដែល​តែងតែ​ផ្លាស់ប្ដូរ​របស់​វាទេ ។ ទ្រង់​ចង់​ឲ្យ​យើង​សម្លឹង​ទៅទ្រង់ ហើយ​ធ្វើ​តាម​ការណែនាំ​ដែល​មិន​ផ្លាស់​ប្ដូរ​របស់​ទ្រង់​វិញ ។ ទ្រង់​ចង់​ឲ្យ​យើង​រស់​នៅ​តាម​ដំណឹងល្អ ហើយ​ដឹកនាំ​អ្នក​ផ្សេងទៀត​មក​រក​ដំណឹងល្អ ដោយ​កំណត់​បទដ្ឋាន​ឲ្យ​ខ្ពស់ ។

ព្រះគម្ពីរ​ផ្ដល់​គំរូ​អស្ចារ្យ​ជាច្រើន​ដែល​បង្ហាញ​ពី​គំនិត​នេះ ។ ក្នុង​ព្រះគម្ពីរ​ពួកចៅហ្វាយ ក្នុង​សញ្ញាចាស់ យើង​រៀន​ពី សាំសុន ។ សាំសុន​បាន​កើត​មក​ដោយ​មាន​នូវ​សក្ដានុពល​ដ៏​អស្ចារ្យ ។ ម្ដាយ​គាត់​បានទទួល​ការសន្យា​ថា « វា​នឹង​ចាប់​តាំង​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល ឲ្យរួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលីស្ទីន » ។9 តែ​កាល​ដែល​សាំសុន​បាន​ធំឡើង គាត់​បាន​មានបំណង​ធ្វើ​តាម​ការល្បួង​របស់​ពិភពលោក​ច្រើន​ជាង​ការដឹកនាំ​របស់​ព្រះ ។ គាត់​បាន​ធ្វើ​ការ​ជ្រើសរើស​ទាំងឡាយ ដោយព្រោះ​វា « ពេញ​ចិត្ត​ដល់ [ គាត់ ] ណាស់ »10 ជាជាង​ដោយព្រោះ​វា​ជា​អ្វី​ដែល​ត្រឹមត្រូវ ។ ម្ដងហើយ​ម្ដងទៀត ព្រះគម្ពីរ​ប្រើ​ឃ្លា​ថា « ហើយ​សាំសុន​បាន​ចុះ​ទៅ »11ពេល​ដែល​ប្រាប់​ពី​ដំណើរ, សកម្មភាព, និង​ជម្រើស​​របស់​សាំសុន ។ ជំនួស​ឲ្យ​ការ​ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ទៅ ដើម្បី​បំពេញ​សក្ដានុពល​ដ៏​អស្ចារ្យ​របស់​គាត់ នោះ​សាំសុន​ ត្រូវ​ពិភពលោក​យក​ឈ្នះ​បាន, បានបាត់បង់​អំណាច​ដែល​ព្រះប្រទាន​ឲ្យ, ហើយ​បាន​ស្លាប់​ដោយ​សោកនាកម្ម​មួយ ។

មួយ​វិញទៀត ព្រះគម្ពីរ​ផ្ដល់​ពី​គំរូ​ដានីយ៉ែល ។ ដានីយ៉ែល​បាន​កើតមក​ដោយ​មាន​សក្ដានុពល​ដ៏​អស្ចារ្យ ។ ក្នុង​គម្ពីរ​ដានីយ៉ែល ជំពូក 6 យើងអាន​ថា « រួចមក​ដានីយ៉ែល​បាន​ត្រឡប់​ជា​កំពូល​លើ​ពួក​អធិបតី និង​ពួកចៅហ្វាយ​ទាំង​ប៉ុន្មាន ត្បិត​លោក​មាន​វិញ្ញាណ​យ៉ាង​ស្រួចស្រាល់ » ។12 ពេល​ដែល​ឧបសគ្គ​ខាង​លោកិយ​កើតមាន​ដល់​ដានីយ៉ាល នោះ​លោក​មិន​បាន​សម្លឹង​ចុះទៅលោកិយ​ទេ---លោក​បាន​ក្រោកឡើង ហើយ​បាន​សម្លឹង​ទៅ​ស្ថានសួគ៌ ។ ជំនួស​ឲ្យ​ធ្វើ​តាម​ច្បាប់​លោកិយ​របស់​ស្ដេច​ដែល​មិន​ឲ្យ​អធិស្ឋាន​ទៅ​កាន់​នរណា​ឡើយ​ក្រៅ​ពី​ស្ដេច​អស់ 30 ថ្ងៃ នោះ​ដានីយ៉ែល « ចូល​ទៅ​ក្នុង​ផ្ទះរបស់​លោក រីឯ​បង្អួច​នៃ​បន្ទប់​របស់​លោក ខាងក្រុង​យេរូសាឡិម​ក៏​នៅ​ចំហ លោក​លុតជង្គង់​ចុះ​អធិស្ឋាន ហើយ​អរព្រះគុណ​ដល់​ព្រះ​របស់​លោក 1 ថ្ងៃ 3ដង ដូច​កាល​ពី​មុន » ។13

ដានីយ៉ែល​មិន​បាន​ខ្លាច​នឹង​ក្រោកឡើង ហើយ​បញ្ចាំញ​ពន្លឺ​ចេញទៅ​នោះទេ ក្នុង​ការ​ធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះ ។ ទោះ​លោក​បាន​នៅ​យ៉ាង​ពិបាក​ក្នុងរូង​ខ្លា​មួយ​យប់ ដោយ​សារ​បាន​ឈរ​សម្រាប់​អ្វី​ដែល​ត្រឹមត្រូវ ក៏​លោក​ត្រូវបាន​ការពារ និង​ប្រទានពរ​សម្រាប់​ការ​គោរព​របស់​លោក ។ ពេល​ស្ដេច​ដារីយុស បាន​យក​ដានីយ៉ែល​ចេញ​ពី​រូង​ខ្លា នៅ​ព្រឹក​បន្ទាប់​នោះ ទ្រង់​បាន​ចេញ​បញ្ជា​ថា មនុស្ស​គ្រប់​គ្នា​គួរ​កោតខ្លាច​ដល់​ព្រះ​របស់​ដានីយ៉ែល ហើយ​ធ្វើតាម​គំរូ​ដ៏​ស្មោះត្រង់​របស់​ដានីយ៉ែល ។ ពិតណាស់ ដានីយ៉ែល​បង្ហាញ​យើង​ថា វា​មាន​ន័យ​យ៉ាងណា​ក្នុង​ការ​ធ្វើ​ជា​គំរូ​មួយ​ដល់​ជាតិសាសន៍​នានា ហើយ​មិនដែល​បន្ទាប​បទដ្ឋាន​របស់​យើង ពេល​ប្រឈមមុខ​នឹង​ការល្បួង​ខាង​លោកិយ ។

ខ្ញុំ​ត្រូវបាន​ប្រទាន​ពរ ដែល​បាន​ស្ដាប់​គំរូ​នៃ​យុវវ័យ​ជាច្រើន​ក្នុង​សម័យ​ទំនើប​នេះ គឺ​ដូច​ជា​អ្នក​អញ្ចឹង ដែល​មិន​ភ័យ​ខ្លាច​ក្នុង​ការ​ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ហើយ​អនុញ្ញាត​ឲ្យ​ពន្លឺ​របស់​គេ​ក្លាយ​ជា​បទដ្ឋាន​ក្នុង​ចំណោម​មិត្តភក្ដិ​របស់​គេ ។ ចូអាណា ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​នៃ​សាសនាចក្រតែ​បីនាក់​នៅ​វិទ្យាល័យ​នាង ហើយ​ជា​យុវនារី​តែ​ម្នាក់​គត់​នៅ​ក្នុង​វួដនាង ។ នាង​បាន​តាំងចិត្ត​ចំពោះ​ខ្លួនឯង និង​ចំពោះ​ព្រះ​ថា នាង​នឹង​មិន​ប្រើ​ភាសា​អសុរស​ទេ ។ ពេល​នាង​ត្រូវបាន​គេ​ចាប់គូរ​ជាមួយ​នឹង​យុវជន​ម្នាក់​សម្រាប់​កិច្ចការ​មួយ​របស់​សាលា ដែល​យុវជន​នោះ​មិន​បាន​មាន​ការតាំងចិត្ត​ដូចនាង​ទេ នោះ​នាង​មិន​បាន​បន្ទាប​បទដ្ឋាន​របស់​នាង​ទេ ។ នាង​បាន​សុំ​គេ​ឲ្យ​គោរព​ដល់​តម្លៃ​របស់​នាង ។ ជា​ច្រើន​ដង ដោយ​មាន​ការ​រំឭក​ដែល​រាបសា និង​មិន​សូវ​រាបសា​ខ្លះ នោះ​មិត្ត​របស់​នាង​បាន​បង្កើត​ទម្លាប់​ថ្មី ហើយ​បាន​ប្រើ​ភាសា​ដែល​ល្អជាងមុន ។ មនុស្ស​ជាច្រើន​បាន​កត់សម្គាល់​ពី​ការផ្លាស់​ប្ដូរ រួម​ទាំង​ឪពុក​របស់​យុវជន​នេះ​ផងដែរ ដែល​បាន​អរគុណ ចូអាណា សម្រាប់​ឥទ្ធិពល​ល្អ​របស់​នាង​ចំពោះ​ជីវិត​កូន​ប្រុសគាត់ ។14

ក្នុង​កិច្ចការ​ហ្វឹកហ្វឺន​ថ្មីមួយ​នៅ​ប្រទេស ហ្វីលីពីន ខ្ញុំ​បាន​ជួប ខារិន ដែល​បាន​ចែកចាយ​បទពិសោធន៍​មួយ ដែល​នាង​បាន​មាន ក្នុងនាម​​ជា​យុវនារី​ម្នាក់​ក្នុង​ថ្នាក់ ឡូរ៉ល កាល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​គ្រប់​គ្រង​សណ្ឋាគារ និង​ភោជនីយដ្ឋាន ។ គ្រូ​ម្នាក់​បាន​តម្រូវ​ឲ្យ​សិស្ស​គ្រប់​រូប​រៀន​ធ្វើ និង​ភ្លក់​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ ដែល​ពួកគេ​នឹង​ដាក់​លក់​នៅក្នុង​ភោជនីយដ្ឋាន​របស់​ពួកគេ ។ ភេសជ្ជៈ​ខ្លះ​មាន​ជាតិ​ស្រា ហើយ ខារិន បាន​ដឹង​ថា វា​ប្រឆាំង​នឹង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ក្នុង​ការ​ភ្លក់​វា ។ ដោយ​ប្រឈម​មុខ​នឹង​លទ្ធផល​ធ្ងន់ធ្ងរ នោះ ខារិន បាន​មាន​ភាពក្លាហាន​ដើម្បី​ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ហើយ​នាង​មិន​បាន​ទទួល​ទានភេសជ្ជៈ​នោះទេ ។

ខារិន បាន​ពន្យល់​ថា ៖ « គ្រូ​របស់​ខ្ញុំ​បាន​មក​រក​ខ្ញុំ ហើយ​បាន​សួរ​ខ្ញុំ​ពី​មូលហេតុ​ដែល​ខ្ញុំ​មិន​ផឹក ។ គាត់​បាននិយាយ​ថា ‘ កញ្ញា ខារិន តើ​អ្នក​នឹង​ដឹង​ពី​រសជាតិ ហើយ​ប្រលង​ជាប់​មុខវិជ្ជា​ដ៏​សំខាន់​នេះ​យ៉ាងណាទៅ បើ​អ្នក​មិន​ទាំង​ភ្លក់​វា​ផង​នោះ ? ’ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ហើយ​ក្នុង​នាម​ជាសមាជិក យើង​មិន​ផឹក​អ្វី​ដែល​គ្រោះថ្នាក់​ដល់​យើង​នោះទេ ។ អ្វី​ក៏​ដោយ​ដែល​គាត់​បាន​រំពឹង​ពី​ខ្ញុំ សូម្បី​តែ​ត្រូវប្រលង​ធ្លាក់ ក៏​ខ្ញុំ​នឹង​យល់ តែ​ខ្ញុំ​នឹង​មិន​បរាជ័យ​ក្នុង​ការរស់នៅ​តាម​បទដ្ឋាន​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ឡើយ » ។

ជា​ច្រើន​សប្ដាហ៍​ផុតទៅ ហើយ​គ្មាន​អ្វី​ត្រូវបាន​និយាយ​ដល់​ថ្ងៃ​នោះទេ ។ នៅ​ចុង​បញ្ចប់​នៃ​ឆមាស​នោះ ខារិន បាន​ដឹង​ថា ពិន្ទុ​ចុងក្រោយ​របស់​នាង​នឹង​ប៉ះពាល់​ព្រោះ​ការ​បដិសេធ​មិន​ភ្លក់​ភេសជ្ជៈ​ទាំងនោះ ។ នាង​ស្ទាក់​ស្ទើរ​ក្នុង​ការ​មើល​ពិន្ទុ​នាង តែ​ពេល​នា​ង​បាន​សម្លឹង​មើល នាង​បាន​ឃើញ​ថា នាង​បាន​ទទួល​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ថ្នាក់ ។​

នាង​បាន​និយាយ​ថា ៖ « តាម​រយៈ​បទពិសោធន៍​នេះ ខ្ញុំ​បាន​រៀន​​ថា ព្រះ ... នឹង​ពិតជា​ប្រទាន​ពរ​យើង ពេល​យើង​ធ្វើ​តាមទ្រង់ ។ ខ្ញុំ​ក៏​ដឹង​ថា ទោះ​បើ​ខ្ញុំ​ទទួល​ពិន្ទុ​ធ្លាក់​ក៏​ដោយ ខ្ញុំ​នឹង​មិន​ស្ដាយ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ឡើយ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​មិន​ដែល​បរាជ័យ​ក្នុង​ព្រះនេត្រ​ទ្រង់​ឡើយ ពេល​ដែល​ខ្ញុំ​ជ្រើស​ធ្វើ​អ្វី ដែល​ខ្ញុំ​ដឹង​ថា​ត្រូវ » ។15

យុវនារី​ជា​ទី​ស្រឡាញ់ អ្នករាល់​គ្នា​បាន​កើត​មក​ដោយ​មាន​សក្ដានុពល​ដ៏​អស្ចារ្យ ។ អ្នក​ជា​បុត្រី​ជា​ទី​ស្រឡាញ់​របស់​ព្រះបិតាសួគ៌ ។ ទ្រង់​ស្គាល់ និង​ស្រឡាញ់​អ្នក ។ ទ្រង់​អញ្ជើញ​អ្នក​ឲ្យ « ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ » ហើយ​ទ្រង់​សន្យា​ថា ពេល​អ្នក​ធ្វើ​ដូច្នោះ នោះ​ទ្រង់​នឹង​គាំទ្រ និង​ប្រទាន​ពរ​អ្នក ។ ខ្ញុំ​សូម​អធិស្ឋាន​ថា អ្នក​គ្រប់​គ្នា​នឹង​មាន​សេចក្តី​ក្លាហាន ដើម្បី​ទទួល​ការ​អញ្ជើញ​របស់​ទ្រង់ ហើយ​ទទួល​ការ​សន្យា​របស់​ទ្រង់ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។