ឆ្នាំ ២០១០-២០១៩
ជឿ, គោរពប្រតិបត្តិ, និង​កាន់ខ្ជាប់
មេសា 2012


ជឿ, គោរពប្រតិបត្តិ, និង​កាន់ខ្ជាប់

ចូរជឿ​ថា ការ​បន្ត​រឹងមាំ និង​ស្មោះត្រង់​ដល់​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​គឺ​ជា​ការសំខាន់​បំផុត។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា​វា​សំខាន់​មែន។

ប្អូនស្រី​វ័យក្មេង​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ទំនួលខុសត្រូវ​ក្នុងការ​និយាយ​ទៅ​កាន់​អ្នក​គឺ​ជា​ការណ៍​ដ៏​រាបទាប​ណាស់ ។ ខ្ញុំ​អធិស្ឋាន​ដើម្បី​មាន​ជំនួយ​ដ៏​ទេវភាព ថា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​សក្ដិសម​ទៅ​នឹង​ឱកាស​បែបនេះ ។

20 ឆ្នាំមុន អ្នក​មិន​ទាន់​បាន​ចាប់​ផ្ដើម​ដំណើរ​អ្នក ឆ្លងកាត់​ភាពរមែង​ស្លាប់​នេះ​នៅ​ឡើយ​ទេ ។ អ្នក​បាន​រស់​នៅ​ក្នុង​ផ្ទះ​នៅ​ស្ថានសួគ៌​របស់​អ្នក ។ នៅទីនោះ អ្នក​បាន​នៅ​ក្នុង​ចំណោម​ពួកអ្នក​ដែល​ស្រឡាញ់​អ្នក និង​បារម្ភ​ពី​សុខុមាលភាព​ដ៏​អស់កល្ប​របស់​អ្នក ។ ទីបំផុត ជីវិត​លើផែនដី​បានក្លាយ​ជា​ការចាំបាច់​ដល់​ការរីកចម្រើន​របស់​អ្នក ។ គ្មាន​ការសង្ស័យ​ទេ​ថា ពាក្យលា​ត្រូវបាន​និយាយ ហើយ​ការបង្ហាញ​នូវ​ទំនុកចិត្ត​ត្រូវបាន​ផ្ដល់​ឲ្យ ។ អ្នក​បានទទួល​រូបកាយ ហើយ​ក្លាយជា​រមែងស្លាប់, ត្រូវកាត់ចេញ​ពី​វត្តមាន​នៃ​ព្រះបិតាសួគ៌​យើង ។

ទោះយ៉ាងណា ការស្វាគមន៍​ដែល​ពេញ​ដោយ​ក្ដី​អំណរ​បានរង់ចាំ​អ្នក​នៅលើផែនដី​នេះ ។ ឆ្នាំ​ដំបូងៗ​ទាំងនោះ​មាន​តម្លៃ​ណាស់ ជា​ឆ្នាំ​ដ៏​ពិសេស ។ សាតាំង​គ្មាន​អំណាច​ល្បួង​អ្នក​ទេ ត្បិត​អ្នក​មិនទាន់​មាន​ការទទួលខុសត្រូវ​នៅឡើយ ។ អ្នក​គឺ​គ្មានទោស​ទេ​ចំពោះ​ព្រះ ។

មិនយូរប៉ុន្មាន អ្នក​បាន​ចូល​ទៅ​ក្នុង​គ្រា​នោះ ដែល​អ្នក​ខ្លះ​ដាក់ឈ្មោះ​ថា​ជា « គ្រា​នៃ​យុវវ័យ​ឈាមរាវ » ។ ខ្ញុំ​ចូលចិត្ត​ហៅ​ថា​ជា « គ្រា​នៃ​យុវវ័យ​ឆ្នើម » ជាង ។ ជា​គ្រា​មួយ​នៃ​ឱកាស, រដូវកាល​នៃ​ការលូតលាស់, ពេល​នៃ​ការអភិវឌ្ឍន៍---ដែល​រួមមាន​ការទទួលចំណេះដឹង និង​ដំណើរ​ស្វែងរក​សេចក្ដី​ពិត ។

គ្មាន​នរណា​ម្នាក់​បាន​ពណ៌នា​គ្រាយុវវ័យ​ថា​ស្រួល​នោះទេ ។ ជាញឹកញាប់ គ្រា​នោះ​ជា​ឆ្នាំ​ទាំងឡាយ​នៃ​អសន្តិសុខ, នៃ​អារម្មណ៍​ថា​អ្នក​មិនល្អ​គ្រប់គ្រាន់, នៃ​ការព្យាយាម​ចូលចុះ​ជាមួយ​អ្នក​មាន​អាយុ​ស្របាល​អ្នក ។ នេះ​ជាពេល​ដែល​អ្នក​កំពុង​កាន់តែ​ក្លាយ​ជា​មាន​ភាពឯករាជ---ហើយ​ប្រហែល​ជា​មានបំណង​ចង់បាន​សេរីភាព​កាន់តែ​ច្រើន​ជាង​ដែល​ឪពុកម្ដាយ​អ្នក​ចង់​ឲ្យ​អ្នក​ឥឡូវនេះ ។ វា​ក៏​ជា​គ្រា​ដ៏​សំខាន់​បំផុត ដែល​សាតាំង​នឹង​ល្បួង​អ្នក ហើយ​នឹង​ធ្វើ​អស់​ពី​សមត្ថភាព​វា ដើម្បី​បញ្ឆោត​អ្នក​ចេញ​ពី​ផ្លូវ ដែល​នឹង​នាំ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​នៅ​ស្ថានសួគ៌​ដែល​អ្នក​បាន​មក​ពី​ផ្ទះ​នោះ​ឯង ហើយ​ត្រឡប់​ទៅ​អ្នក​ជាទីស្រឡាញ់​របស់​អ្នក​ដែល​នៅ​ទីនោះ ហើយ​ត្រឡប់​ទៅ​ព្រះបិតាសួគ៌​អ្នកវិញ ។

ពិភពលោក​នៅជុំវិញ​អ្នក​មិន​បាន​ប្រដាប់​ដោយ​អ្វីៗ​ដែល​ផ្ដល់​ជំនួយ​ដែល​អ្នក​ត្រូវការ ដើម្បី​ឆ្លងកាត់​ដំណើរ​ដ៏​គ្រោះថ្នាក់​នេះ​ទេ ។ មនុស្ស​ជាច្រើន​ក្នុង​សង្គម​យើង​សព្វថ្ងៃ​នេះ ហាក់ដូច​ជារអិលធ្លាក់​ពី​ខ្សែពួរ​សុវត្ថិភាព និង​រសាត់អណ្ដែត​ចេញពី​ចំណត​នៃ​ភាពសុខសាន្ត ។

ការអត់ឱន​ចំពោះ​ទុច្ចរិតភាព, អសីលធម៌, រូបអាសអាភាស, គ្រឿងញៀន, អំណាច​នៃ​សម្ពាធ​ពី​មិត្តភក្ដិ---ទាំងអស់នេះ និង​ច្រើនទៀត---បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​ត្រូវ​បោះ​ទៅ​ក្នុង​សមុទ្រ​នៃ​អំពើបាប ហើយ​ត្រូវខ្ទេចខ្ទាំ​លើ​ថ្ម​ប៉ប្រះទឹក​ដ៏​ស្រួច​នៃ​ការបាត់បង់​ឱកាស, ពរជ័យ​ត្រូវបាត់បង់, និង​ក្ដី​សុបិន្ត​ដែល​សាត់ព្រាត់ ។

តើ​មាន​ផ្លូវមួយ​ទៅកាន់​សុវត្ថិភាពទេ ? តើ​មាន​ការរត់គេច​ពី​ការបំផ្លិចបំផ្លាញ​ដ៏​សាហាវ​នោះទេ ? ចម្លើយ យ៉ាងឮ​រំពង​គឺមាន ! ខ្ញុំ​ផ្ដល់​ដំបូន្មាន​ដល់​អ្នក ឲ្យ​សម្លឹង​មើល​ទៅ​បង្គោល​ភ្លើងហ្វារ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​បាននិយាយ​វា​ពី​មុន ហើយ​ខ្ញុំ​នឹង​និយាយ​វា​ម្ដងទៀត​ថា ៖ គ្មាន​អ័ព្ទ​ដែលក្រាស់​ហួស, គ្មាន​យប់​ដែល​ងងឹត​ហួស, គ្មាន​ខ្យល់​ព្យុះ​ដែល​ខ្លាំង​ហួស, គ្មាន​អ្នក​ដើរកប៉ាល់​ណា​ដែល​វង្វេង​ហើយ​បង្គោល​ភ្លើងហ្វារ​របស់​ព្រះអម្ចាស់​មិន​អាច​សង្គ្រោះ​នោះឡើយ ។ វា​ដង្ហោយ​ហៅ​កាត់​ព្យុះ​ជីវិត ។ វា​ហៅ​ថា « នេះ​ជា​ផ្លូវ​ទៅកាន់​សុវត្ថិភាព ។ នេះ​ជាផ្លូវ​ទៅ​ផ្ទះ » ។ វា​បញ្ជូន​សញ្ញា​នៃ​ពន្លឺ​ចេញទៅ ដែល​អាច​មើលឃើញ​ដោយ​ស្រួល ហើយ​មិន​ដែល​រលត់ឡើយ ។ បើ​ធ្វើតាម សញ្ញា​ទាំងនោះ​នឹង​ដឹកនាំ​អ្នក​ត្រឡប់​ទៅ​ផ្ទះស្ថានសួគ៌​អ្នក​វិញ ។

រាត្រី​នេះ ខ្ញុំ​ចង់​និយាយ​ជាមួយ​អ្នក​ពី​សញ្ញា​សំខាន់​បី ពី​បង្គោលភ្លើង​ហ្វារ​របស់​ព្រះអម្ចាស់ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ត្រឡប់​ទៅ​ព្រះបិតា ដែល​រង់ចាំ​អ្នក​យ៉ាង​អន្ទះសា​ដល់​ការត្រឡប់​មកផ្ទះ​វិញ​ដោយ​ជោគជ័យ​របស់​អ្នក ។ សញ្ញា​ទាំងបី​នោះ​គឺ ជឿ, គោរព​ប្រតិបត្តិ និង​កាន់ខ្ជាប់ ។

ទីមួយ ខ្ញុំ​លើកឡើង​ពី​សញ្ញា​មួយ​ដែល​ជា​មូលដ្ឋាន និង​ចាំបាច់ ៖ ជឿ ។ ចូរជឿ​ថា អ្នក​ជា​បុត្រី​នៃ​ព្រះបិតាសួគ៌ ថា​ទ្រង់​ស្រឡាញ់​អ្នក និង​ថា​អ្នក​នៅទីនេះ​សម្រាប់​គោលបំណង​ដ៏​រុងរឿង​មួយ---គឺ​ដើម្បី​ទទួល​ការសង្គ្រោះ​ដ៏​អស់កល្ប​របស់​អ្នក ។ ចូរជឿ​ថា ការ​បន្ត​រឹងមាំ និង​ស្មោះត្រង់​ដល់​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​គឺ​ជា​ការសំខាន់​បំផុត ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា​វា​សំខាន់​មែន !

មិត្ត​វ័យក្មេង​របស់​ខ្ញុំ​អើយ ចូរ​ជឿ​ក្នុង​ពាក្យ​ដែល​អ្នក​និយាយ​រាល់សប្ដាហ៍ ពេល​អ្នក​សូត្រ​បាវចនា​ក្រុម​យុវនារី ។ ចូរគិត​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងនោះ ។ មាន​សេចក្ដី​ពិត​នៅ​ទី​នោះ ។ ចូរ​ពុះពារ​ជានិច្ច ដើម្បី​រស់​នៅ​តាម​គុណសម្បត្តិ​ដែល​បាន​ដាក់​នោះ ។ ចូរជឿ ដូចដែល​បាវចនា​របស់​អ្នក​ថា បើ​អ្នក​ទទួល និង​ធ្វើតាម​គុណសម្បត្តិ​ទាំងនោះ នោះ​អ្នក​នឹង​ត្រៀមខ្លួន ដើម្បី​ពង្រឹង​ផ្ទះ និង​គ្រួសារ, ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ, ទទួល​ពិធីការ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ, និង​ត្រេកអរ​ជាមួយ​នឹង​ពរជ័​នៃ​ការលើក​តម្កើង ។ ទាំងនេះ​ជា​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដ៏​អស្ចារ្យ ហើយ​ដោយ​ការធ្វើតាម នោះ​អស់មួយ​ជីវិត​អ្នក​នៅទីនេះ និង​បន្ទាប់ទៀត អ្នក​នឹង​សប្បាយ​ជាង​ដែល​អ្នក​មិន​គោរព​តាម ។

ភាគច្រើន​នៃ​អ្នករាល់គ្នា​ត្រូវបាន​បង្រៀន​ពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ តាំង​ពី​ពេល​អ្នក​ទើប​ចេះដើរ ។ អ្នក​ត្រូវបាន​បង្រៀន​ដោយ​ឪពុកម្ដាយ​ដែលពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​គ្រូ​ដែល​ពេញ​ដោយ​ការខ្វល់ខ្វាយ ។ សេចក្ដី​ពិត​ទាំងឡាយ​ដែល​ពួកគេ​បាន​ផ្ដល់​ដល់​អ្នក បាន​ជួយ​អ្នក​ទទួល​នូវ​ទីបន្ទាល់​មួយ អ្នក​បាន​ជឿ​នូវអ្វី​ដែល​អ្នក​បាន​រៀន ។ ទោះជា​យ៉ាងណា ទីបន្ទាល់​នោះ​អាច​បន្ត​ចិញ្ចឹម​បីបាច់​ខាងវិញ្ញាណ និង​លូតលាស់ កាលដែល​អ្នក​សិក្សា, អធិស្ឋាន​សុំ​ការណែនាំ, និង​ចូលរួម​ក្នុង​ការប្រជុំ​នៅ​ព្រះវិហារ​របស់​អ្នក​រាល់​សប្ដាហ៍ វា​គឺ​ស្រេចលើ​អ្នក ថា​អ្នក​បន្ត​រក្សា​ទីបន្ទាល់​នោះ​ឲ្យ​នៅ​រស់រាន​ឬអត់ ។ សាតាំង​នឹង​ព្យាយាម​អស់ពីកម្លាំង​វា​ដើម្បី​បំផ្លាញ​ទីបន្ទាល់នោះ ។ ពេញ​មួយ​ជីវិត​អ្នក អ្នក​នឹង​ត្រូវការ​បីបាច់​វា ។ ដូចជា​អណ្ដាតភ្លើង​ដែល​ឆេះ​យ៉ាង​ចែងចាំង គឺ​ទីបន្ទាល់​របស់​អ្នក---បើមិនបន្ត​បីបាច់​ទេ---នឹង​ត្រូវ​ខ្សោយទៅជា​រងើកភ្លើង​ក្រហម ហើយ​បន្ទាប់​មក​ត្រជាក់​ទាំងស្រុង​តែម្ដង ។ អ្នក​មិន​ត្រូវ​ឲ្យ​ការណ៍​នេះ​កើត​ឡើង​ឡើយ ។

ក្រៅ​ពី​ការចូលរួម​ការប្រជុំ​ថ្ងៃ​អាទិត្យ និង​សកម្មភាព​ពេល​រាត្រី​នៅថ្ងៃ​ធម្មតា​របស់​អ្នក ពេល​អ្នក​មាន​ឱកាស​ចូលរួម​ថ្នាក់សិក្ខាសាលា ទោះ​ពេល​ព្រឹក​ព្រលឹម ឬ​ពេល​ដែល​សាលា​អនុញ្ញាត​ឲ្យ​ចេញ​មក​រៀន​ក៏​ដោយ ចូរ​ចាប់យក​ប្រយោជន៍​ពី​ឱកាសនោះ ។ ពួកអ្នក​ជាច្រើន​កំពុង​រៀន​ថ្នាក់​សិក្ខាសាលា​ឥឡូវនេះ ។ ដូច​ជា​អ្វីទាំងអស់​ក្នុង​ជីវិត​អ្នក​ដែរ ភាគ​ច្រើន​នៃ​អ្វី​ដែល​អ្នក​ទទួល​ពី​បទពិសោធន៍​ថ្នាក់​សិក្ខាសាលា​របស់​អ្នក​អាស្រ័យ​ទៅ​លើ​ចរិតលក្ខណៈ និង​ឆន្ទៈ​ក្នុង​ការ​រៀន​របស់​អ្នក ។ សូម​ឲ្យ​ចរិតលក្ខណៈ​អ្នក ជា​មនុស្សម្នាក់​ដែល​មាន​ការបន្ទាបខ្លួន និង​មានបំណង​ដើម្បី​រៀន ។ ខ្ញុំ​មាន​អំណរគុណ​ណាស់​សម្រាប់​ឱកាស​ដែល​ខ្ញុំ​បាន​មាន ដើម្បី​ចូលរួម​ថ្នាក់សិក្ខាសាលា​ពេលព្រឹក កាល​ជា​យុវជន​ម្នាក់ ត្បិត​វា​ដើរតួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន និង​ការ​អភិវឌ្ឍន៍​ទីបន្ទាល់​ខ្ញុំ ។ ថ្នាក់​សិក្ខាសាលា​អាច​ផ្លាស់​ប្ដូរ​ជីវិត​បាន ។

ជាច្រើន​ឆ្នាំ​កន្លងទៅហើយ ខ្ញុំ​នៅ​ក្នុង​ក្រុមប្រឹក្សា​នាយក ជាមួយ​នឹង​បុរសដ៏​ល្អ​ម្នាក់ ដែល​មាន​ភាពជោគជ័យ​យ៉ាង​សម្បើម​ក្នុង​ជីវិត ។ ខ្ញុំ​ស្ងើច​សរសើរ​ដល់​សេចក្ដី​សុចរិត និង​ភាព​ស្មោះត្រង់​របស់​លោក​ចំពោះ​សាសនាចក្រ ។ ខ្ញុំ​បាន​រៀន​ថា លោក​បានទទួល​ទីបន្ទាល់ ហើយ​បាន​ចូលរួម​ក្នុង​សាសនាចក្រ​ដោយសារ​ថ្នាក់​សិក្ខាសាលា ។ ពេល​លោក​បានរៀបការ ភរិយា​លោក​ជា​សមាជិក​នៃ​សាសនាចក្រ​អស់មួយ​ជីវិត​គាត់ ។ លោក​មិន​ទាន់​ជា​សាសនាចក្រ​ណាមួយ​ឡើយ ។ ជាច្រើនឆ្នាំ និង​ថ្វីបើ​នាង​បាន​ខិតខំ​យ៉ាងណា ក៏​លោក​មិនបាន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​ក្នុង​សាសនាចក្រ​ជាមួយ​ភរិយា និង​កូនៗ​លោក​ឡើយ ។ ក្រោយមក លោក​បាន​ចាប់ផ្ដើម​បើកឡាន​ជូន​កូនស្រី​ពីរនាក់​របស់លោក​ទៅ​រៀន​ថ្នាក់​សិក្ខាសាលា​ពេល​ព្រឹក ។ លោក​នៅ​ក្នុងឡាន​ពេល​កូន​ស្រី​លោក​រៀន​ក្នុង​ថ្នាក់ ហើយ​បន្ទាប់​មក​លោក​ជូនពួកគេ​ទៅ​សាលារៀន ។ ថ្ងៃមួយ មានភ្លៀងធ្លាក់ ហើយកូន​ស្រី​ម្នាក់​បាននិយាយ​ថា « ប៉ា សូម​ចូល​មក​ក្នុង​មក ។ ប៉ា​អាច​អង្គុយ​នៅ​បន្ទប់ធំ​បាន » ។ លោក​បានយល់ព្រម ។ ទ្វារ​ទៅកាន់ថ្នាក់រៀន​បើកចំហរ ហើយ​លោក​បាន​ចាប់ផ្ដើម​ស្ដាប់ ។ ដួងចិត្ត​លោក​ត្រូវបាន​ប៉ះពាល់ ។ បន្ទាប់ពីនោះ​រហូត​ដល់​ដាច់​ឆ្នាំ​សិក្សា លោក​បាន​ចូលរៀន​ថ្នាក់​សិក្ខាសាលា​ជាមួយ​កូនស្រី​លោក ដែល​ទីបំផុត​នាំទៅកាន់​ភាព​ជាសមាជិក​របស់​លោក និង​ការសកម្ម​ក្នុង​សាសនាចក្រ​អស់មួយ​ជីវិត ។ ចូរ​ឲ្យ​ថ្នាក់​សិក្ខាសាលា​ជួយ​ស្ថាបនា និង​ពង្រឹង​ទីបន្ទាល់​អ្នក ។

នឹង​មាន​ពេល​ដែល​អ្នក​ប្រឈមមុខ​នឹង​ឧបសគ្គ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ទីបន្ទាល់​អ្នក ឬ​អ្នក​អាច​បោះបង់​វា កាល​អ្នក​តាមរក​អ្វី​ដែលគួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេងទៀត ។ ខ្ញុំ​សូមអង្វរ​ដល់​អ្នក​ឲ្យ​រក្សា​វា​ឲ្យ​រឹងមាំ ។ វា​ជា​ការទទួល​ខុសត្រូវ​របស់​អ្នក ហើយ​ជា​របស់​អ្នក​តែ​ម្នាក់​ប៉ុណ្ណោះ ក្នុងការ​រក្សា​អណ្ដាតភ្លើង​ដែល​ឆេះ​ចែងចាំង​របស់​វា ។ តម្រូវ​ឲ្យ​មាន​ការខំប្រឹងប្រែង តែ​វា​ជា​ការប្រឹងប្រែង​ដែល​អ្នក​នឹង​មិនដែល​ស្ដាយក្រោយ​ឡើយ ។ ខ្ញុំ​ចាំ​ពី​ពាក្យ​ក្នុង​បទចម្រៀង​មួយ​ដែល​បាន​និពន្ធ​ដោយ Julie de Azevedo Hanks ។ ដោយ​សំដៅដល់​ទីបន្ទាល់​របស់​គាត់ គាត់​បាន​សរសេរ​ថា ៖

កាត់​វាយោនៃការផ្លាស់ប្ដូរ

ព័ទ្ធ​ដោយ​ពពក​នៃ​ក្ដីឈឺចាប់

ខ្ញុំ​ការពារ​វា​ដោយ​ជីវិត​ខ្ញុំ

ខ្ញុំ​ត្រូវការ​ភាពកក់ក្ដៅ---ខ្ញុំ​ត្រូវការ​ពន្លឺ

ទោះ​ខ្យល់ព្យុះ​បក់បោក​យ៉ាងខ្លាំង

ខ្ញុំ​ឈរ​ទប់ទល់​នឹង​ដំណក់ភ្លៀង

ខ្ញុំ​បន្ត

ជា​អ្នក​រក្សា​អណ្ដាតភ្លើង ។1

ចូរ​ឲ្យ​អ្នក​ជឿ បន្ទាប់​មក​ចូរ​ឲ្យ​អ្នក​រក្សា​អណ្ដាតភ្លើង​នៃ​ទីបន្ទាល់អ្នក​ឲ្យ​ឆេះ​ចែងចាំង មិនថា​មាន​អ្វី​កើតឡើង​ឡើយ ។

បន្ទាប់ទៀត យុវនារី​អើយ ចូរអ្នកគោរពប្រតិបត្តិ ។ ចូរគោរព​ឪពុកម្ដាយ​អ្នក ។ ចូរគោរព​ក្រិត្យវិន័យ​ព្រះ ។ ក្រិត្យវិន័យ​ត្រូវបានប្រទាន​ដល់​យើង​ដោយ​ព្រះបិតាសួគ៌​របស់​យើង​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ។ នៅ​ពេល​​យើង​គោរព ជីវិត​យើង​នឹង​កាន់តែ​ពេញលេញ និង​មិន​សូវ​ស្មុគស្មាញ ។ ឧបសគ្គ និង​បញ្ហា​របស់​យើង​នឹង​ងាយ​ទ្រាំទ្រ​ជាង ។ យើង​នឹង​ទទួល​ពរជ័យ​ដែល​បាន​សន្យា​ដោយ​ព្រះអម្ចាស់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ព្រះអម្ចាស់​ទ្រង់​តម្រូវ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រតាម ហើយ​ពួក​ដែល​ស្ម័គ្រចិត្តតាម ហើយ​ស្ដាប់​បង្គាប់ នឹងបាន​បរិភោគផល​ល្អ​នៃ​ដែនដី​ស៊ីយ៉ូន នៅគ្រា​ចុងក្រោយ​បង្អស់នេះ » ។2

អ្នក​មាន​ជីវិត​តែមួយ​ប៉ុណ្ណោះ​ដើម្បី​រស់នៅ ។ ចូរ​រក្សា​វា​ឲ្យ​រួចផុត​ពី​បញ្ហា​តាមដែល​អ្នក​អាច​ធ្វើ​បាន ។ អ្នក​នឹង​ត្រូវល្បួង ពេល​ខ្លះ​ដោយ​បុគ្គល​ទាំងឡាយ ដែល​អ្នក​បានគិត​ថា​ជាមិត្ត​អ្នក ។

ច្រើនឆ្នាំ​កន្លង​មកហើយ ខ្ញុំ​បាន​និយាយ​ទៅកាន់​អ្នក​ប្រឹក្សា​ក្នុង​ថ្នាក់ ម៉ៃម៉េត ម្នាក់ ដែល​បាន​ប្រាប់ខ្ញុំ​ពី​បទពិសោធន៍​ដែល​នាង​មាន​ជាមួយ​នឹង​យុវនារី​ក្នុង​ថ្នាក់​នាង ។ យុវនារី​នេះ​ត្រូវបានល្បួង​ម្ដងហើយ​ម្ដង​ទៀត ឲ្យ​ចាកចេញ​ពី​ផ្លូវ​នៃ​ក្ដី​ពិត ហើយ​ដើរតាម​ផ្លូវវាង​នៃ​អំពើបាប ។ ដោយ​ចេះតែមាន​ការលួងលោម​ឥតដាច់​ពី​មិត្តភក្ដិ​នៅ​សាលា នៅទីបំផុត នាង​បាន​យល់ព្រម​ដើម្បី​ដើរតាម​ផ្លូវវាង​នោះ ។ ផែនការ​ត្រូវបានដាក់ ៖ នាងនឹង​ប្រាប់​ឪពុកម្ដាយ​នាង​ថា នាង​ទៅ​សកម្មភាព​ពេល​យល់​របស់​ក្រុមយុវនារី ។ ទោះយ៉ាងណា នាង​បានដាក់ផែនការ​ថា គ្រាន់តែនៅទីនោះ​រហូត​ដល់​មិត្ត​ស្រី និង​មិត្តប្រុស​របស់​ពួកគេ​មកយកនាង​ប៉ុណ្ណោះ ។ បន្ទាប់មក ពួកគេ​នឹង​ទៅ​ជប់លៀង ជាកន្លែង​ដែល​មាន​គ្រឿង​ស្រវឹង និង​មាន​អាកប្បកិរិយា​ហិង្សា​ទាំងស្រុង ដែល​ក្មេងស្រី​នេះ​យល់​ថា​ជាការត្រឹមត្រូវ ។

គ្រូ​បាន​អធិស្ឋាន​សុំ​ការបំផុស​គំនិត​ដើម្បី​ជួយ​ដល់​ក្មេងស្រី​ទាំងអស់ តែ​ជាពិសេស​គឺ​យុវនារី​នេះ​តែម្ដង ដែល​ហាក់​ដូច​ជា​មិន​ច្បាស់លាស់​សោះ អំពី​ការតាំងចិត្ត​របស់នាង​ចំពោះ​ដំណឹងល្អ ។ គ្រូ​បានទទួល​ការបំផុស​នៅយប់នោះ​ថា ត្រូវ​បោះបង់​អ្វី​ដែល​គាត់​បាន​រៀបផែនការ​ពីមុន ហើយ​និយាយ​ទៅកាន់​យុវនារី​ទាំងឡាយ​អំពី​ការបន្ត​មាន​ភាពស្អាតស្អំ​ខាង​សីលធម៌​វិញ ។ ពេល​គាត់​ចាប់ផ្ដើម​ចែកចាយ​គំនិត និង​អារម្មណ៍​គាត់ យុវនារី​នោះ​បាន​មើល​នាឡិកា​នាង​ជាញឹកញាប់ ដើម្បី​ប្រាកដ​ថា​នាង​មិន​ខកខាន​ការណាត់​ជាមួយ​មិត្ត​នាង ។ ទោះយ៉ាងណា ពេល​ដែល​ការពិភាក្សា​ចេះ​តែ​ដំណើរការ​ទៅមុខ ដួងចិត្ត​នាង​ត្រូវបាន​ប៉ះពាល់ សតិសម្បជញ្ញៈ​នាង​បាន​ភ្ញាក់ឡើង ហើយ​ការ​សម្រេចចិត្ត​របស់​នាង​បាន​ផ្លាស់​ប្ដូរ​ជាថ្មី ។ ពេល​មាន​ស៊ីផ្លេ​ផ្ទួនៗ​ហៅនាង នាង​មិនបាន​អើពើ​ទេ ។ នាង​បានបន្ត​នៅ​យប់នោះ​ជាមួយ​គ្រូ និង​យុវនារី​ផ្សេងទៀត​ក្នុង​ថ្នាក់ ។ ការល្បួង​ឲ្យ​វាងចេញ​ពី​ផ្លូវ​ដែល​ព្រះអនុញ្ញាត ត្រូវបានជៀសវាង ។ សាតាំង​ធ្វើ​មិនបានសម្រេច​ទេ ។ យុវនារី​នោះ​បានបន្ត​នៅ បន្ទាប់​ពី​យុវនារី​ផ្សេងទៀត​ចាកចេញ ដើម្បី​អរគុណ​គ្រូនាង សម្រាប់​មេរៀន និង​ឲ្យ​គាត់​ដឹង ថា​តើ​វាបាន​ជួយ​នាង ឲ្យជៀសវាង​ពី​អ្វី​ដែល​អាច​បណ្ដាល​ឲ្យ​មាន​លទ្ធផល​ដ៏​អាក្រក់​យ៉ាងណា ។ ការអធិស្ឋាន​របស់​គ្រូ​ម្នាក់​ត្រូវបាន​ឆ្លើយតប ។

ជាលទ្ធផល ខ្ញុំ​បានរៀន​ថា ដោយសារ​នាង​បាន​ធ្វើការ​សម្រេចចិត្ត មិនទៅ​ជាមួយ​មិត្តនាង នៅយប់នោះ---ក្មេងប្រុសស្រី​ល្បីៗ​ក្នុងសាលា---បានគេចចេញ​ពី​ក្មេងស្រី​នោះ ហើយ​នាង​មិនមាន​មិត្តភក្ដិ​នៅសាលា​អស់ជាច្រើនខែ ។ ពួកគេ​មិនអាច​ទទួលយកបាន​ថា នាង​មិនមាន​បំណង​ធ្វើ​នូវអ្វី​ដែល​ពួកគេ​បានធ្វើ ។ វា​ជាគ្រាមួយ​ដ៏​លំបាក និង​ឯកោ​ខ្លាំងណាស់​សម្រាប់នាង តែ​នាង​បានបន្ត​ខ្ជាប់ខ្ជួន ហើយ​ទីបំផុត បាន​មាន​មិត្តភក្ដិ​ដែល​មាន​បទដ្ឋាន​ដូចគ្នា ។ ឥឡូវនេះ ជាច្រើនឆ្នាំ​ក្រោយមក នាង​បាន​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​កូន​ដ៏​ស្រស់ស្អាត​បួននាក់ ។ តើ​ជីវិត​នាង​អាច​ខុសប្លែក​គ្នា​យ៉ាងណា ។ ការសម្រេចចិត្ត​របស់​យើង​កំណត់​ពី​ជោគវាសនា​យើង ។

យុវនារី​ដ៏​មានតម្លៃ​អើយ ចូរ​ធ្វើ​ការសម្រេចចិត្ត​ទាំងអស់​ដែល​អ្នក​គិត​ថា​ឆ្លងកាត់​ការសាកល្បង​នេះ ៖ « តើ​វា​ប៉ះពាល់​អ្វី​ដល់​ខ្ញុំ ? តើ​វា​ចំណេញ​អ្វី​ដល់​ខ្ញុំ ? » ហើយ​ចូរកុំ​ឲ្យ​ផ្ដោត​ថា « តើ​អ្នក​ដទៃ​នឹង​គិត​យ៉ាងណា ? » តែ​ថា « តើ​ខ្ញុំ​នឹង​គិត​យ៉ាងណា​ពី​ខ្លួន​ខ្ញុំ ? » ចូរ​ឲ្យ​សម្លេង​ដ៏​តូច​រហៀង​មាន​ឥទ្ធិពល​លើ​អ្នក ។ ចូរចាំថា អ្នក​កាន់បព្វជិតភាព​ម្នាក់ ដែល​មាន​សិទ្ធិ​អំណាច​បានដាក់​ដៃ​គាត់​លើ​ក្បាលអ្នក​ពេល​អ្នក​ទទួល​ពិធី​បញ្ជាក់ ហើយ​និយាយថា « ចូរទទួលយក​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ។ ចូរ​បើក​ចិត្តអ្នក គឺ​សូម្បី​តែ​ព្រលឹងអ្នក ស្ដាប់​សម្លេង​ដ៏​ពិសេស​នោះ ដែល​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត ។ ដូច​ព្យាការី​អេសាយ​បានសន្យាថា « ត្រចៀក​នឹងឮ​ពាក្យ ... ថា គឺផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ » ។3

លក្ខណៈ​ធម្មតា​នៃ​ពេលវេលា​ទាំងឡាយ​របស់​យើង​គឺ​មាន​អំណោយផល ។ ទស្សនាវដ្តី និង​កម្មវិធី​ទូរទស្សន៍​បង្ហាញ​ពី​តារា​ភាពយន្ត, ពួក​វីរបុរស​ផ្នែក​អត្តពលកម្ម---ជាពួកអ្នក​ដែល​ពួកយុវវ័យ​ជាច្រើន​ប្រាថ្នា​ចង់​ធ្វើ​ដូច---ដោយ​មិន​ខ្វល់ខ្វាយ​ពី​ក្រិត្យវិន័យ​ព្រះ ហើយ​ចូលរួម​ដោយ​បើកចំហរ​ក្នុង​ការប្រព្រឹត្ត​ដែល​ពេញ​ដោយ​អំពើបាប ហាក់ដូច​ជា​គ្មាន​លទ្ធផល​អាក្រក់​សោះ ។ កុំជឿ​វា​អី ! មាន​ពេល​មួយ​ក្នុងការគិតគូរ---សូម្បីតែ​ជា​ការធ្វើ​បញ្ជី​សមតុល្យ ។ នាង ស៊ីនដេរីឡា គ្រប់គ្នា​មាន​ពេល​ពាក់កណ្ដាល​អធ្រាត្រ​របស់​នាង---បើ​មិន​ក្នុង​ជីវិតនេះ​ទេ គឺ​ក្នុង​ជីវិត​បន្ទាប់ទៀត ។ ថ្ងៃជំនុំ​ជំរះ​នឹង​មក​ដល់​យើង​ទាំងអស់គ្នា ។ តើ​អ្នក​បានរៀបចំ​ហើយ​ឬ​នៅ ? តើ​អ្នក​ពេញចិត្ត​នឹង​ទង្វើ​អ្នកផ្ទាល់​ហើយ​ឬនៅ ?

បើ​មាន​នរណាម្នាក់​ដួល​ក្នុងដំណើរ​របស់​នាង ខ្ញុំ​សន្យា​ដល់​អ្នក​ថា មាន​ផ្លូវ​មួយ​ដើម្បី​ត្រឡប់មកវិញ ។ ដំណើរការ​នោះ​ត្រូវបានហៅ​ថា ការប្រែចិត្ត ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​សុគត ដើម្បី​ផ្ដល់​ដល់​អ្នក និង​ខ្ញុំ​នូវ​អំណោយ​ដ៏​មានពរជ័យ​នេះ ។ ទោះ​ជា​ផ្លូវ​លំបាក តែ​ការសន្យា​គឺ​ពិត ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា ៖ « ទោះបើ​អំពើបាប​របស់​ឯង​ដូចជា​ពណ៌​ក្រហមទែង គង់តែ​នឹង​បាន​ស​ដូច​ហិមៈ » ។4 « ហើយ​នឹង​លែង​នឹកចាំ​ពី [ អំពើ​បាប​ទាំងនោះ ] ទៀត​ជាដរាប​ទៅ » ។4

ប្អូនស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំអើយ អ្នក​មាន​អំណោយ​នៃ​សិទ្ធិ​ជ្រើសរើស​ដ៏​មានតម្លៃ ។ ខ្ញុំ​សូម​អង្វរ​អ្នក​ឲ្យ​ជ្រើសរើស​ដើម្បី​គោរព​ប្រតិបត្តិ ។

ជាចុងក្រោយ សូម​ឲ្យ​អ្នក​កាន់ខ្ជាប់ ។ តើ​ការ​កាន់ខ្ជាប់​មានន័យ​យ៉ាងណា ? ខ្ញុំ​ស្រឡាញ់​និយមន័យ​នេះ ៖ អត់ទ្រាំ​ទប់ទល់​ដោយ​ក្ដីក្លាហាន ។ ក្ដីក្លាហាន​អាច​ជាការចាំបាច់​សម្រាប់​អ្នក​ដើម្បី​ជឿ ពេលខ្លះ វា​ចាំបាច់​ផងដែរ ពេល​អ្នក​គោរព​ប្រតិបត្តិ ។ ច្បាស់ណាស់ ថា​វា​តម្រូវ​ឲ្យ​អ្នក​កាន់ខ្ជាប់​រហូត​ដល់​ថ្ងៃនោះ គឺ​ថ្ងៃ​ដែល​អ្នក​នឹង​ចាកចេញ​ពី​ជីវិត​រមែង​ស្លាប់​នេះ​ទៅ ។

ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​និយាយ​ជាមួយ​បុគ្គល​ជាច្រើន ដែល​បាន​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​មាន​បញ្ហា​ច្រើនណាស់ គឺ​ជា​កង្វល់​ពិតមែន ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ឧបសគ្គ​ទាំងឡាយ​ក្នុង​ជីវិត​ធ្ងន់​ហួល ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ទៅ ? » ខ្ញុំ​បាន​ផ្ដល់​ដល់​ពួកគេ ហើយ​ឥឡូវនេះ ខ្ញុំ​ផ្ដល់​ដល់អ្នក​ដែរ នូវ​យោបល់​ដ៏​ជាក់លាក់​នេះ ៖ ចូរ​ស្វែងរក​ការណែនាំ​ពី​ស្ថានសួគ៌ មួយ​ថ្ងៃ​ម្ដង ។ រស់នៅ​ដោយ​ខ្វាយខ្វល់​ពី​អនាគត​គឺ​ជា​ការលំបាក តែ​រស់នៅ​ដោយ​យកចិត្តទុកដាក់​ពី​ពេលឥឡូវ​នេះ វា​ងាយ​ទេ ។ យើង​ម្នាក់ៗ​អាច​ប្រែ​ជា​ពិត​បាន​តែ​មួយ​ថ្ងៃ---បន្ទាប់​មក​មួយ​ថ្ងៃ​ថែមទៀត ហើយក្រោយមក​មួយ​ថ្ងៃ​ទៀត---រហូត​ទាល់តែ​យើង​បានរស់នៅ ដោយ​ទទួលការណែនាំ​ពី​ព្រះវិញ្ញាណ​អស់មួយ​ជីវិត, អស់មួយជីវិត​គឺ​នៅជិត​ព្រះអម្ចាស់, អស់មួយជីវិត​នៃ​ការធ្វើល្អ និង​សុចរិត ។ ព្រះអង្គ​សង្គ្រោះ​បានសន្យា​ថា « ចូរ​ផ្ចង់​មកយើង ហើយ​កាន់ខ្ជាប់​ដរាប​ដល់​​ចុង​បំផុត ទើបអ្នករាល់គ្នា​នឹងរស់ ត្បិត​យើង​នឹង​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច ដល់​អ្នកណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់ទីបំផុត » ។6

មិត្ត​វ័យក្មេង​របស់​ខ្ញុំ​អើយ ត្បិត​ដោយ​គោលបំណង​នេះ​ហើយ ដែល​អ្នក​បាន​មក​ឯ​ជីវិត​រមែងស្លាប់​នេះ ។ គ្មាន​អ្វី​ផ្សេងទៀត​ដែល​សំខាន់​ជាង​គោលដៅ ដែល​អ្នក​ព្យាយាម​សម្រេច​នេះទេ---ដែល​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ក្នុង​នគរ​នៃ​ព្រះបិតា​អ្នក ។

អ្នក​មាន​តម្លៃ​ណាស់ ជា​បុត្រី​ដ៏​មានតម្លៃ​នៃ​ព្រះបិតាសួគ៌​យើង ដែល​បានបញ្ជូន​មក​ផែនដី ក្នុង​ថ្ងៃ និង​ពេល​នេះ សម្រាប់​គោលបំណង​មួយ ។ អ្នក​ត្រូវបាន​រក្សាទុក​រហូត​ដល់​វេលានេះ ។ ការណ៍​ដ៏​អស្ចារ្យ និង​រុងរឿង​ទាំងឡាយ​គឺ​ស្ថិត​នៅ​ក្នុង​ឃ្លាំង​សម្រាប់​អ្នក​ហើយ បើ​អ្នក​គ្រាន់តែ ជឿ, គោរព​ប្រតិបត្តិ, និង​កាន់ខ្ជាប់ ។ សូម​ឲ្យ​នេះ​ជា​ពរជ័យ​សម្រាប់​អ្នក ខ្ញុំ​អធិស្ឋាន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ​របស់​យើង អាមែន ។