ឆ្នាំ ២០១០-២០១៩
ការបូជា
មេសា 2012


ការបូជា

ជីវិត​នៃ​ការបម្រើ និងការបូជា​របស់​យើង ជា​ការបង្ហាញ​ដ៏​សមគួរ​បំផុត ពី​ការតាំងចិត្ត​របស់​យើង ក្នុង​ការបម្រើ​លោកចៅហ្វាយ និង​អ្នក​ជិតខាង​យើង ។

ការបូជា​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ហៅ​ថា​ជា « ព្រឹត្តិការណ៍​ដ៏វិសេសវិសាល​បំផុត​នៃ​ព្រឹត្តិការណ៍​ទាំងអស់ តាំងពី​ការចាប់ផ្ដើម​ការបង្កបង្កើត រហូត​ដល់​អស់កល្ប​ជានិច្ច » ។1 ការបូជា​នោះ ជា​សារដំណឹង​សំខាន់​ជាងគេ​របស់​ព្យាការី​ទាំងអស់ ។ វា​ត្រូវបាន​ធ្វើឲ្យ​ឃើញ​ជាមុន ដោយ​ការ​បូជា​សត្វ ដែល​មាន​ក្នុង​ច្បាប់​ម៉ូសេ ។ ព្យាការី​ម្នាក់​បាន​ប្រកាស​ថា អត្ថន័យ​ទាំងស្រុង​របស់​ក្រិត្យ​វិន័យ​គឺ « [ បាន ] ចង្អុល​ទៅ​ការ​បូជា​ដ៏​មហិមា និង​ចុងក្រោយ​បង្អស់ [ នៃ ] ... ព្រះរាជបុត្រា​នៃ​ព្រះ មែនហើយ គឺ​និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ( អាលម៉ា 34:14 ) ។ ព្រះយេស៊ូវគ្រីស្ទ បាន​ស៊ូទ្រាំ​នូវ​ការរងទុក្ខ​ដែល​មិន​អាច​យល់​បាន ដើម្បី​ទ្រង់​ផ្ទាល់​ធ្វើ​ការបូជា​មួយ​សម្រាប់​អំពើ​បាប​របស់​មនុស្ស​ទាំងអស់ ។ ការបូជា​នោះ​ត្រូវ​ថ្វាយ​នូវអ្វី​ដែល​ល្អបំផុត---កូនចៀម​ឈ្មោល​ឥតខ្ចោះមួយ---សម្រាប់​អំពើអាក្រក់​ច្រើនបំផុត---ជា​អំពើ​បាប​នៃ​ពិភពលោក​ទាំងមូល ។ ក្នុង​ពាក្យ​ដ៏​គួរឲ្យ​ចងចាំ​របស់ អ៊ីឡៃស្សា  អរ ស្នូ ថា ៖

ទ្រង់​បាន​បង្ហូរ​លោហិត​ដ៏​មាន​តម្លៃ​របស់​ទ្រង់​ដោយ​មិនគិតថ្លៃ

ទ្រង់​បាន​ប្រទាន​ព្រះជន្ម​ទ្រង់​ដោយ​មិន​គិត​ថ្លៃ

ជា​ការបូជា​មួយ​ដែល​គ្មាន​បាប​សោះ សម្រាប់​អំពើ​បាប

សង្គ្រោះ​ដល់​ពិភពលោក​ដែល​កំពុង​ផុតរលត់ ។2

ការបូជា​នោះ---ដែល​ជា​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ---ជា​ចំនុច​កណ្ដាល​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។

ការរងទុក្ខ​ដែល​មិន​អាច​យល់​បាន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការ​បង្ហូរ​ព្រះលោហិត បាន​បញ្ចប់​ការបូជា តែ​វា​មិន​បាន​បញ្ចប់​សារសំខាន់​នៃ​ការបូជា​នៅក្នុង​ផែនការ​ដំណឹងល្អ​នោះទេ ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង ​តម្រូវ​ឲ្យ​យើងបន្ដ​​ថ្វាយ​ការបូជា តែ​ការបូជា​ដែល​ទ្រង់​តម្រូវ​នៅ​សព្វថ្ងៃ​នេះ គឺ​យើង « ត្រូវ​ថ្វាយ​ដល់ [ ទ្រង់ ] នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​វិញ » ( នីហ្វៃទី 3 9:20 ) ។ ជាគោល ទ្រង់​ក៏​បញ្ជា​ឲ្យ​យើង​ម្នាក់ៗ---ត្រូវ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅ​វិញ​ទៅមក ដើម្បី​ធ្វើតាមតែ​បន្ដិច​បន្ដួច​នៃ​ការបូជា​របស់​ទ្រង់ ដោយ​ការ​ធ្វើ​ការបូជា​ពេលវេលា និង​អាទិភាព​ដ៏​អាត្មានិយម​របស់​យើង​ផ្ទាល់ ។ ក្នុង​បទ​ទំនុក​តម្កើង​ដ៏​បំផុស​គំនិត​មួយ យើង​ច្រៀង​ថា « ពលិកម្ម​នាំ​មក​នូវ​ពរជ័យ​ពី​ស្ថានសួគ៌ » ។2

ខ្ញុំ​នឹង​និយាយ​ពី​ការបូជា​ក្នុង​ជីវិត​រមែង​ស្លាប់ ដែល​ព្រះអង្គ​សង្គ្រោះ​របស់​យើង​សុំ​ឲ្យ​យើង​ធ្វើ ។ នេះ​នឹង​មិន​រួម​បញ្ចូល​ការបូជា​ទាំងឡាយ ដែល​យើង​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ ឬក៏​ទង្វើ​ដែល​អាច​ត្រូវបាន​ជម្រុញ​ដោយ​ការរក​ប្រយោជន៍​ផ្ទាល់​ខ្លួន ជាជាង​ការបម្រើ ឬ​ការបូជា​នោះទេ ( សូមមើល នីហ្វៃទី 2 26:29 ) ។

I.

សាសនា​ពួកគ្រីស្ទាន មាន​នូវ​ប្រវត្តិ​នៃ​ការបូជា រួមទាំង​ការបូជា​ដ៏​ធំបំផុត ។ ក្នុង​គ្រា​ដំបូងៗ​នៃ​ជំនាន់​ពួក គ្រីស្ទាន ប្រជាជន រ៉ូម បាន​ស្លាប់​រាប់ពាន់នាក់​ដោយ​សារ​ជំនឿ​របស់​គេ ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។ សតវត្សរ៍​ក្រោយៗ​មក ការជំទាស់​គ្នា​ខាង​គោលលទ្ធិ​បាន​បែងចែក​ពួក គ្រីស្ទាន ក្រុមខ្លះ​បាន​ធ្វើទុក្ខ​បុកម្នេញ និង​សូម្បី​តែ​ដល់​ថ្នាក់​សម្លាប់​ដល់​សមាជិក​នៃ​ក្រុម​ផ្សេងៗ​ទៀត ។ ពួក គ្រីស្ទាន ត្រូវបាន​សម្លាប់​ដោយ​ពួក គ្រីស្ទាន ផ្សេងទៀត គឺ​ជា​ទុក្ករកម្ម​ដ៏​សោកសៅ​បំផុត​នៃ​សាសនា​ពួក គ្រីស្ទាន ។

ពួក គ្រីស្ទានs ជាច្រើន​បាន​ផ្ដល់​ការបូជា​ដោយ​ស្ម័គ្រចិត្ត ដែល​បាន​ជម្រុញ​ដោយ​ជំនឿ​ក្នុង​ព្រះគ្រីស្ទ និង​បំណង​ដើម្បី​បម្រើ​ទ្រង់ ។ អ្នក​ខ្លះ​បាន​ជ្រើសរើស​ដើម្បី​លះបង់​ជីវិត​ពេញវ័យ​ទាំងអស់​របស់​ខ្លួន​ចំពោះ​កិច្ចការ​លោក​ចៅហ្វាយ ។ ក្រុម​ដ៏ឧត្ដម​នេះ​រួម​មាន​អង្គការសាសនា ព្រះវិហារកាតូលិក និង​ពួកអ្នក​ដែល​បាន​ផ្ដល់​ការបម្រើ​អស់​មួយ​ជីវិត ក្នុង​នាម​ជា​ពួក​អ្នក​ផ្សព្វផ្សាយ គ្រីស្ទាន នៅក្នុង​សាសនា ប្រូតេស្ដង់ ផ្សេង​ទៀត ។ គំរូ​របស់​ពួកគេ គឺ​ជា​ការពុះពារ និង​ការបំផុស​គំនិត តែ​អ្នក​ជឿ​ទៅលើ​ព្រះគ្រីស្ទ​ភាគច្រើន ពុំបាន​រំពឹងទុក ហើយ​ក៏​មិន​អាច​លះបង់​ពេលវេលា​ពេញ​មួយជីវិត​របស់​ពួកគេ ដើម្បី​ការ​បម្រើ​ខាង​សាសនា​ឡើយ ។

II.

សម្រាប់​អ្នក​ដើរតាម​ព្រះគ្រីស្ទ​ភាគ​ច្រើន ការបូជា​របស់​យើង គឺ​រួមបញ្ចូល​ទាំង​អ្វី​ដែល​យើង​អាច​ធ្វើ​រាល់ថ្ងៃ ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​ធម្មតា​យើង ។ ក្នុងបទពិសោធន៍​នេះ ខ្ញុំមិន​ស្គាល់​ក្រុមណាមួយ ដែល​មាន​សមាជិក​ធ្វើ​ការ​បូជា​ច្រើន​ជាង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នោះទេ ។ ការបូជា​របស់គេ---ការបូជា​របស់អ្នក ជា​បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ---គឺ​វា​ផ្ទុយ​ពី​ដំណើរ​ស្វែងរក​ខាង​លោកិយ​ដែល​យើង​ដឹង​ថា ជា​ការបំពេញចិត្ត​ខ្លួន​ផ្ទាល់ ។

គំរូ​ទីមួយ​របស់​ខ្ញុំ គឺ​ពួក​អ្នក​ត្រួសត្រាយ​មរមន​របស់​យើង ។ ការបូជា​ដ៏​វីរភាព​នៃ​ជីវិត, ទំនាក់ទំនង​គ្រួសារ, ផ្ទះ, និង​ភាពសុខស្រួល​របស់​ពួកគេ គឺ​ជា​គ្រឹះ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ។ សារ៉ា រីច បាន​និយាយ​ពី​អ្វី​ដែល​បាន​ជម្រុញ​ពួក​អ្នក​ត្រួសត្រាយ​ទាំងនេះ ពេល​គាត់​បាន​ពណ៌នា​ពី​ស្វាមី​របស់​គាត់ ឆាលឡេស ដែល​ត្រូវបាន​ហៅ​ទៅ​បម្រើ​បេសកកម្ម ៖ « នេះ​ពិត​ជាពេល​មួយ​ដ៏​លំបាក សម្រាប់​ខ្ញុំ ក៏​ដូច​ជា​ស្វាមី​ខ្ញុំ តែ​កាតព្វកិច្ច​បាន​ហៅ​យើង​ឲ្យ​ឃ្លាត​មួយ​រយៈ ហើយ​ដោយ​ដឹង​ថា យើង [ កំពុង ] ធ្វើ​តាម​ព្រះទ័យ​នៃ​ព្រះអម្ចាស់ នោះ​យើង​មាន​បំណង​បូជា​អារម្មណ៍​ផ្ទាល់​ខ្លួន​យើង ដើម្បី​ជួយ​កិច្ចការ ... នៃ​ការជួយ​កសាង​នគរ​ព្រះ​លើ​ផែនដី » ។4

ថ្ងៃនេះ កម្លាំង​ដ៏ជាក់ស្ដែង​បំផុត​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ការបម្រើ និង​ការបូជា​របស់​សមាជិក​ដោយ​មិន​គិត​ពី​ខ្លួន​ឯង ។ មុន​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​មួយ​របស់​យើង​ឡើង​វិញ អ្នក​បម្រើ​​ខាង គ្រីស្ទាន ម្នាក់ បាន​សួរ​ប្រធាន ហ្គរដុន   ប៊ី ហ៊ិងគ្លី ថា ហេតុអ្វី​បានជា​មិន​មាន​តំណាង​ឈឺឆ្កាង​ណា​សោះ ដែល​ជាតំណាង​ដ៏​សាមញ្ញ​បំផុត​នៃ​ជំនឿ​ពួក គ្រីស្ទាន ។ ប្រធាន ហ៊ិងគ្លី បាន​ឆ្លើយ​តប​ថា និមិត្ត​សញ្ញា​នៃ​ជំនឿ​ពួក គ្រីស្ទាន របស់យើង គឺ « ការ​រស់​នៅ​របស់​សមាជិក​យើង » ។5 ជាការពិត ជីវិត​នៃ​ការបម្រើ និងការបូជា​របស់​យើង ជា​ការបង្ហាញ​ដ៏​សមគួរ​បំផុត ពី​ការតាំងចិត្ត​របស់​យើង ក្នុង​ការបម្រើ​លោកចៅហ្វាយ និង​អ្នក​ជិតខាង​យើង ។

III.

យើង​ពុំ​មាន​បព្វជិត​ដែល​បានទទួល​ការហ្វឹកហ្វឺន​យ៉ាងជំនាញ និង​មាន​ប្រាក់ខែ​នោះទេ នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ដោយហេតុនោះ សមាជិក​ដែល​មិនមាន​ប្រាក់ខែ និង​ជំនាញ​ដែល​ត្រូវបានហៅ​ឲ្យ​ដឹកនាំ និង​បម្រើ​ដល់​ក្រុមជំនុំ​យើង ត្រូវតែ​បម្រើ​ទាំងអស់ ទាំង​ការប្រជុំ, កម្មវិធី, និង​សកម្មភាព​ជាច្រើន​ក្នុង​សាសនាចក្រ ។ ពួកគេ​ធ្វើ​កិច្ចការ​នេះ​ក្នុង​ក្រុមជំនុំ​ជាង 14,000 កន្លែង គ្រាន់តែ​នៅ​ក្នុង​សហរដ្ឋ និង​កាណាដា​ប៉ុណ្ណោះ ។ ពិតណាស់ យើង​មិន​មាន​អ្វី​ប្លែក​នោះទេ ដែល​មាន​សមាជិក​ដែល​មិនមាន​ប្រាក់ខែ និង​ជំនាញ​ក្នុង​ក្រុមជំនុំ​របស់​យើង ដែល​បម្រើ​ជា​គ្រូបង្រៀន និង​ជា​អ្នកដឹកនាំ​នោះ ។ ប៉ុន្តែ​ទំហំ​ពេលវេលា​ដែល​ត្រូវបាន​លះបង់​ដោយ​សមាជិក​របស់​យើង ដើម្បី​ហ្វឹកហ្វឺន និង​បម្រើ​គ្នា​ទៅវិញ​ទៅមក​គឺ​ធំធេញ​ប្លែក​ពី​គេ ។ ការប្រឹងប្រែង​របស់​យើង​ដើម្បី​មាន​គ្រូបង្រៀន​តាមផ្ទះ​ចុះសួរសុខទុក្ខ​ដល់​គ្រួសារ​នីមួយៗ​ក្នុង​ក្រុមជំនុំ​យើង​ជា​រៀងរាល់​ខែ និង​មាន​គ្រូបង្រៀន​សួរសុខទុក្ខ​ពី​សមាគមសង្គ្រោះ​ជួប​ជាមួយ​ស្ត្រី​ពេញ​វ័យ​ម្នាក់ៗ​ជារៀង​រាល់​ខែ គឺ​ជា​គំរូ​ទាំងឡាយ​ពី​ការណ៍​នេះ ។ យើង​ដឹង​ពី​ការបម្រើ​ដែល​មិន​អាច​ប្រៀបបាន​ក្នុង​គ្រប់​អង្គការ​ក្នុង​ពិភពលោក ។

គំរូ​ដ៏​ល្បី​មួយ​នៃ​ការបម្រើ និង​ការបូជា​របស់ អិល.ឌី.អែស ដែល​ខុស​ពី​គេ គឺ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង ។ បច្ចុប្បន្ន​មាន​បុរស និង​ស្ត្រី​វ័យក្មេង​ច្រើនជាង 50,000 នាក់ និង​បុរស និង​ស្ត្រី​វ័យ​ចំណាស់​ជាង 5,000 នាក់ ។ ពួកគេ​លះបង់​ចាប់ពី​ប្រាំមួយ​ខែ ទៅ​ពីរឆ្នាំ​នៃ​ជីវិត​របស់​គេ ដើម្បី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ផ្ដល់​សេវា​មនុស្ស​ធម៌​ក្នុង 160 ប្រទេស ក្នុង​ពិភពលោក ។ កិច្ចការ​របស់​ពួកគេ​តែងតែ​រួមបញ្ចូល​ការបូជា រួមទាំង​ចំនួន​ឆ្នាំ​ដែល​គេ​ផ្ដល់​ដល់​កិច្ចការ​ព្រះអម្ចាស់ និង​ការបូជា​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​ផ្គត់​ផ្គង់​ផ្នែក​ថវិកា​របស់​គេ​ផងដែរ ។

ពួកអ្នក​ដែល​នៅ​ផ្ទះ---ឪពុកម្ដាយ និង​សមាជិក​គ្រួសារ​ផ្សេងទៀត---​ក៏​បាន​បូជា​ផងដែរ ដោយ​រស់នៅ​ដោយ​គ្មាន​ភាពជាដៃគូ និង​គ្មាន​ការបម្រើ​ពី​ពួក​​អ្នក​ផ្សព្វផ្សាយ ដែល​ពួកគេ​បាន​បញ្ជូន​ទៅ ។ ជា​ឧទាហរណ៍ យុវជន​ជនជាតិ​ប្រេស៊ីល​ម្នាក់​បាន​ទទួល​ការហៅ​ជា​អ្នក​ផ្សព្វផ្សាយ ពេល​គេ​កំពុង​ធ្វើការ​ដើម្បី​ផ្គត់ផ្គត់​បងប្អូន​ប្រុសស្រី​របស់​​គេ បន្ទាប់​ពី​ឪពុក​ម្ដាយ​បាន​ស្លាប់​ទៅ ។ អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់​បាន​ពណ៌នា​ពី ការ​ជួប​ប្រឹក្សា​គ្នា​របស់​កូនៗ​ទាំងនេះ ហើយ​ចងចាំ​ពី​ឪពុកម្ដាយ​ដែល​បាន​ស្លាប់ទៅ​ហើយ​របស់​ពួកគេ ដែល​បាន​បង្រៀន​ពួកគេ​ពី​របៀប​ដើម្បី​ពួកគេ​គួរ​រៀបចំ​ខ្លួន​បម្រើ​ព្រះ ។ យុវជន​នោះ​បាន​ទទួល​ការ​ហៅ​របស់​គ ហើយ​ប្អូនប្រុស​អាយុ 16 ឆ្នាំ បានទទួល​ខុសត្រូវ​ជំនួស ក្នុង​ការ​ផ្គត់ផ្គត់​គ្រួសារ ។6 ពួកយើង​ភាគច្រើន​ស្គាល់​គំរូ​ផ្សេងៗ​ទៀត​ពី​ការ​បូជា ដើម្បី​បម្រើ​បេសកកម្ម ឬ​ដើម្បី​ផ្តត់ផ្គង់​ដល់​អ្នក​ផ្សព្វផ្សាយ​ម្នាក់ ។ យើងមិន​បាន​ដឹង​ពី​ការបម្រើ និង​ការបូជា​ដោយ​ស្ម័គ្រចិត្ត​ផ្សេងទៀត​បែប​ន នៅក្នុង​អង្គការ​ណា​ផ្សេងទៀត​ក្នុង​ពិភពលោក​នេះ​ទេ ។

ជាញឹកញាប់​យើង​ត្រូវបាន​ចោទសួរ​ថា « តើ​អ្នក​បញ្ចុះបញ្ចូល​មនុស្ស​វ័យក្មេង និង​សមាជិក​វ័យ​ចាស់​របស់​អ្នក​យ៉ាងណា ដើម្បី​ឲ្យ​ពួកគេ​ទុកចោល​សាលារៀន ឬ​ការចូលនិវត្តន៍​របស់​ពួកគេ ដើម្បី​បូជា​របៀប​នេះ​នោះ ? » ខ្ញុំ​បាន​ឮ​មនុស្ស​ជាច្រើន​ពន្យល់​បែបនេះ​ថា ៖ « ដោយ​ដឹង​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​ខ្ញុំ---ព្រះគុណ​ទ្រង់​ក្នុង​ការ​រងទុក្ខ​សម្រាប់​អំពើ​បាប​ខ្ញុំ និង​ការ​ឈ្នះ​ក្ដីស្លាប់ ដើម្បី​ខ្ញុំ​អាច​រស់​ម្ដង​ទៀត---នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​មានឯកសិទ្ធិ​ក្នុង​ការ​ធ្វើ​ការបូជា​ដ៏​តូច​នេះ ដែល​ខ្ញុំ​ត្រូវបាន​សុំ​ឲ្យ​ធ្វើ​ក្នុង​ការបម្រើ​ទ្រង់ ។ ខ្ញុំ​ចង់​ចែកចាយ​នូវការយល់​ដឹង​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ » ។ តើ​យើង​បញ្ចុះ​បញ្ចូល​អ្នក​ដើរតាម​នៃ​ព្រះគ្រីស្ទ​បែបនេះ ឲ្យ​បម្រើ​ដោយ​របៀបណា ? ដូច​ព្យាការី​បាន​ពន្យល់​ថា « យើង [ គ្រាន់តែ ] សុំ​ពួកគេ​ប៉ុណ្ណោះ » ។7

ការបូជា​ផ្សេងទៀត​ដែល​បាន​មក​ពី​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ គឺ​ជា​ការបូជា​របស់​ពួកអ្នក ដែល​អនុវត្ត​ការបង្រៀន​របស់​ពួកអ្នក​ផ្សព្វផ្សាយ ហើយ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ ។ សម្រាប់​អ្នក​ប្រែចិត្ត​ជឿ​ជាច្រើន ការបូជា​ទាំងនេះ​គឺ​សំខាន់​ណាស់ រួមទាំង​ការបាត់បង់​ទំនាក់ទំនង​មិត្តភក្ដិ និង​គ្រួសារ​ផងដែរ ។

ជាច្រើន​ឆ្នាំ​កន្លង​មកហើយ នៅក្នុង​សន្និសីទ​នេះ យើង​បាន​ឮ​ពី​យុវជន​ម្នាក់ ដែល​បាន​រកឃើញ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ពេល​គេ​កំពុងសិក្សា​ក្នុង​សហរដ្ឋ ។ ពេល​បុរស​នេះ​​​ជិត​ត្រឡប់​ទៅ​ទឹកដី​កំណើត​វិញ ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី បាន​សួរគេ​ថា តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​គេ ពេល​ដែល​គេ​ត្រឡប់ទៅ​ផ្ទះ​វិញ​ក្នុង​នាម​ជា​ពួក​គ្រីស្ទាន​ម្នាក់ ។ យុវជន​នោះ​បាន​ឆ្លើយ​តប​ថា « គ្រួសារ​ខ្ញុំ​នឹងខកចិត្ត ពួកគេ​ប្រហែល​ជា​ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ ហើយ​ចាត់ទុក​ថា​ខ្ញុំ​បាន​ស្លាប់​ហើយ ។ សម្រាប់​អនាគត និង​ការងារ​របស់​ខ្ញុំ គ្រប់​ឱកាស​ទាំងអស់​ប្រហែល​ត្រូវ​បិទទ្វារ​ចំពោះខ្ញុំ » ។

ប្រធាន ហ៊ិងគ្លី បាន​សួរថា « តើ​អ្នក​មាន​បំណង​ឲ្យ​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​ដំណឹងល្អ​ឬទេ ? »

យុវជន​នោះ​បាន​ឆ្លើយ​ដោយ​ទឹកភ្នែក​ថា « វា​ជាការពិត មែនទេ ? » ពេល​ដែល​ត្រូវបាន​បញ្ជាក់​ហើយ គេ​បាន​ឆ្លើយ​ថា « ដូច្នេះ តើ​មាន​បញ្ហា​អ្វី​ទៀត ? »8 នោះ​ជា​វិញ្ញាណ​នៃ​ការបូជា​ក្នុង​ចំណោម​សមាជិក​ថ្មី​របស់​យើង​ជាច្រើន​នាក់ ។

គំរូ​ផ្សេងទៀត​នៃ​ការបម្រើ និង​ការបូជា មាន​ក្នុង​ជីវិត​សមាជិក​ស្មោះត្រង់​ជាច្រើន ដែល​បម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ។ ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​ពិសេស​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ តែ​សារសំខាន់​នៃ​ការបូជាបែបនោះ គួរ​តែ​អាច​យល់​បាន​ដោយ​ពួក​គ្រីស្ទាន​ទាំងអស់ ។ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ពុំ​មាន​ប្រពៃណី​នៃ​ការបម្រើ​ក្នុង​វត្ត​នោះទេ តែ​យើង​នៅ​តែ​អាច​យល់ ហើយ​គោរព​ដល់​ការបូជា​នៃ​ពួកអ្នក​ដែល​ពួកសាសនា​គ្រីស្ទាន​ជម្រុញ​ពួកគេ​ឲ្យ​លះបង់​ជីវិត​របស់​ពួកគេ​ដល់​សកម្ម​ភាព​សាសនា​នោះ ។

មួយ​ឆ្នាំ​កន្លង​មក​ហើយ នៅ​ក្នុង​សន្និសីទ​នេះ ប្រធាន ថូម៉ាស  អេស. ម៉នសុន បាន​ចែកចាយ​គំរូ​មួយ​នៃ​ការបូជា​ទាក់ទង​នឹង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។ ឪពុក​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដ៏​ស្មោះត្រង់​ម្នាក់ ដែល​នៅ​លើ​កោះ​ដាច់ស្រយាល​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក បាន​ធ្វើ​ការងារ​ដោយ​ប្រើ​កម្លាំងកាយ​យ៉ាងធ្ងន់ នៅ​កន្លែង​ដ៏​ឆ្ងាយ​អស់​ពេល​ប្រាំមួយ​ឆ្នាំ ដើម្បី​មាន​លុយ​គ្រប់គ្រាន់​នាំ​ភរិយា និង​កូន 10 នាក់ រៀបការ និង​ផ្សារភ្ជាប់​អស់កល្ប​ជានិច្ច នៅ​ព្រះវិហារ​បរិសុទ្ធនូវែស្សឺឡង់ ។ ប្រធាន ម៉នសុន បានពន្យល់​ថា « អ្នក​ដែល​យល់​ពី​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច មកពី​ព្រះវិហារ​បរិសុទ្ធ ដឹងថា គ្មាន​ការពលិកម្ម​ណាមួយ​មហិមា​ខ្លាំងពេក, គ្មាន​តម្លៃណា​ខ្ពស់​ពេក, និង​គ្មាន​ការពុះពារ​ណា​លំបាក​ពេក ដើម្បី​ទទួល​ពរជ័យ​ទាំងនោះទេ » ។9

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​គំរូ​ដ៏​អស្ចារ្យ​នៃ​ក្ដី​ស្រឡាញ់, ការបម្រើ, និង​ការបូជា​នៃ​ពួក​គ្រីស្ទាន ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ខ្ញុំឃើញ​អ្នក​បំពេញ​ការហៅ​បម្រើ​របស់​អ្នក​ក្នុង​សាសនាចក្រ ជាញឹកញាប់ ជា​ការបូជា​ដ៏​ធំ​នៃ​ពេលវេលា និង​ធនធាន ។ ខ្ញុំ​ឃើញ​អ្នក​បម្រើ​បេសកកម្ម​ដោយ​ការចំណាយ​ផ្ទាល់ខ្លួន ។ ខ្ញុំ​ឃើញ​អ្នក​លះបង់​ជំនាញ​វិជ្ជាជីវៈ​របស់​អ្នក​ដោយ​រីករាយ ក្នុង​ការ​បម្រើ​មនុស្ស​ទូទៅ ។ ខ្ញុំ​ឃើញ​អ្នក​ខ្វល់ខ្វាយ​ចំពោះ​អ្នក​ទាល់​ក្រ តាមរយៈ​ការប្រឹងប្រែង​ផ្ទាល់​ខ្លួន និង​តាមរយៈ​ការគាំទ្រ​ដល់​សុខមាលភាព​សាសនាចក្រ និង​ការបរិច្ចាគ​ដល់​ផ្នែក​មនុស្សធម៌ ។10 ទាំងអស់​នេះ​ត្រូវបាន​អះអាង​ក្នុង​ការសិក្សា​ថ្នាក់ជាតិ​មួយ ដែល​បាន​សន្និដ្ឋាន​ថា សមាជិក​សកម្ម​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ « ស្ម័គ្រចិត្ត និង​បរិច្ចាគ​ច្រើន​ជាង​ជនជាតិ​អាមេរិក​ដែល​មាន​ជីវភាព​មធ្យម ហើយ​មាន​ចិត្ត​ល្អ​ក្នុង​ការបរិច្ចាគ​ពេល​វេលា និង​ប្រាក់កាស [ 20 ភាគរយ ] ច្រើនជាង​អ្នក​កាន់​សាសនា​ក្នុង​សហរដ្ឋ » ។11

គំរូ​​នៃ​ការ​ផ្ដល់​កម្លាំង​ដល់​អ្នក​ដទៃ បាន​ពង្រឹង​ដល់​យើង​ទាំងអស់​គ្នា ។ វា​រំឭក​យើង​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ៖

« បើ​អ្នក​ណា​ចង់មក​តាមខ្ញុំ នោះ​ត្រូវ​ឲ្យ​លះកាត់​ចិត្ត​ខ្លួនឯង​ចោល ។ …

« ព្រោះ​អ្នកណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹងបាត់​ជីវិត​ទៅ ៖ តែ​អ្នកណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹងបាន​វិញ » ( ម៉ាថាយ 16:24–25 ) ។

IV.

ប្រហែល​គំរូ​ដ៏​សំខាន់ និង​ច្បាស់បំផុត​នៃ​ការបម្រើ និង​ការបូជា​ដោយ​មិនគិត​ខ្លួន​ឯង គឺ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​គ្រួសារ​យើង ។ ម្ដាយ​លះបង់ខ្លួនឯង​ដើម្បី​បង្កើត និង​បីបាច់​កូនៗ ។ ស្វាមី​លះបង់​ខ្លួនឯង​ដើម្បី​ផ្គត់​ផ្គង់​ប្រពន្ធ និង​កូនៗ ។ ការបូជា​ដែល​មាន​ក្នុង​ការបម្រើ​ដ៏សំខាន់​អស់កល្ប​ជានិច្ច ដល់​គ្រួសារ​យើង គឺច្រើន​សន្ធឹក​សន្ធាប់ ហើយ​វា​ច្បាស់​ហួស​ប្រមាណ ដែល​យើង​ត្រូវតែ​ពណ៌នា ។

ខ្ញុំ​ក៏​ឃើញពួក​បរិសុទ្ធ​ដែល​គ្មាន​ភាពអាត្មា​និយម​យក​កូន​មក​ចិញ្ចឹម រួម​ទាំង​កូន​ដែល​ពិការ និង​ព្យាយាម​ផ្ដល់​ដល់​កូនចិញ្ចឹម នូវ​ក្ដី​សង្ឃឹម និង​ឱកាស ដែល​មិន​បានមាន​ដល់​ពួកគេ​ពី​មុនមក ។ ខ្ញុំ​ឃើញ​អ្នក​ថែទាំ​សមាជិកគ្រួសារ និង​អ្នក​ជិតខាង ដែល​រងទុក្ខ​ដោយ​កូនកើត​មក​មិន​គ្រប់​លក្ខណៈ, ជំងឺ​ផ្លូវ​ចិត្ត និង​រូបកាយ, និងការលំបាក​ដែល​មានដល់មនុស្ស​ចាស់ ។ ព្រះអម្ចាស់ស្គាល់​អ្នក​ផងដែរ ហើយ​ទ្រង់​បណ្ដាល​ឲ្យ​ព្យាការី​ទ្រង់​ប្រកាស​ថា « កាល​ដែល​អ្នក​បូជា​សម្រាប់​គ្នា​ទៅវិញ​ទៅមក និង​សម្រាប់​កូនចៅ​អ្នក នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​អ្នក » ។12

ខ្ញុំ​ជឿថា ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ដែល​ផ្ដល់​ការបម្រើ និង​ការបូជា​ដោយ​គ្មាន​អាត្មានិយម ក្នុង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ពេញដោយ​ការគោរព គឺ​ប្រកាន់ខ្ជាប់​ដល់​គុណតម្លៃ​ដ៏​អស់កល្ប​ជានិច្ច ខ្លាំងជាង​ក្រុម​ផ្សេងៗ​ណា​ទាំងអស់ ។ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ចាត់ទុក​ការបូជា​ពេល​វេលា និង​ធនធាន​របស់​ខ្លួន ថា​ជា​ផ្នែក​នៃ​ការរៀន និង​ការ​ធ្វើ​ឲ្យ​សក្ដិសម​សម្រាប់​ភាព​អស់កល្បជានិច្ច ។ នេះ​ជា​សេចក្ដី​ពិត​ដែល​បាន​បើក​សម្ដែង​ក្នុង ការបង្រៀន​ពី​សេចក្ដី​ជំនឿ (Lectures on Faith) ដែល​បាន​បង្រៀន​ថា « សាសនា​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការបូជា​អ្វី​ទាំងអស់ គឺ​មិន​ដែល​មាន​អំណាច​គ្រប់គ្រាន់ ដើម្បី​បង្កើត​ជំនឿ​ដែល​ចាំបាច់​ដល់​ជីវិត និង​សេចក្ដី​សង្គ្រោះ​នោះទេ ។ ... វា [ គឺ ] តាមរយៈ​ការបូជា​នេះ​ប៉ុណ្ណោះ ដែល​ព្រះ​បាន​តែងតាំង​មនុស្ស​នោះ​ឲ្យ​រីករាយ​ជាមួយ​នឹង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » ។13

ដូចជា​ការបូជា​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ចំនុច​កណ្ដាល​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ នោះ​យើង​ជា​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ត្រូវតែ​ធ្វើ​ការបូជា​ផ្ទាល់ខ្លួន ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​​គោលដៅ ដែល​ផែនការ​នោះ​ផ្ដល់​ដល់​យើង ។

ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​តែ​មួយ​គត់​នៃ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច ។ ខ្ញុំ​ដឹង​ថា ដោយ​សារ​ការបូជា​ដ៏​ធួន​របស់​ទ្រង់ នោះ​យើង​មាន​នូវ​ការ​ធានា​អះអាង​ពី​អមតៈភាព និង​ឱកាស​សម្រាប់​ជីវិត​អស់កល្ប ។ ទ្រង់​ជា​ព្រះអម្ចាស់, ព្រះអង្គសង្គ្រោះ, និង​ព្រះប្រោសលោះ​របស់​យើង ហើយ​ខ្ញុំ​ថ្លែងទីបន្ទាល់​ពី​ទ្រង់ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។

កំណត់ចំណាំ

  1. Bruce  R. McConkie, The Promised Messiah: The First Coming of Christ (1981), ទំព័រ 218 ។

  2. «How Great the Wisdom and the Love,» Hymns, no. 195 ។

  3. « សរសើរ​ដល់​លោក » ទំនុក​ដំកើង​ព្រះ ទំព័រ 50 ។

  4. សារ៉ា រីច នៅ​ក្នុង Guinevere  Thomas Woolstenhulme, «I Have Seen Many Miracles,» ក្នុង Richard  E. Turley Jr. and Brittany  A. Chapman, eds., Women of Faith in the Latter Days: Volume 1, 1775–1820 (ឆ្នាំ 2011), ទំព័រ 283 ។

  5. Gordon  B. Hinckley, «The Symbol of Our Faith,» Liahona and Ensign, ខែ មេសា ឆ្នាំ 2005, ទំព័រ 3 ។

  6. សូមមើល Harold  G. Hillam, «Sacrifice in the Service,» Ensign, ខែ វិច្ឆិកា ឆ្នាំ 1995, ទំព័រ 42 ។

  7. Gordon  B. Hinckley, «The Miracle of Faith,» Liahona, ខែ​កក្កដា ឆ្នាំ 2001, ទំព័រ 84; Ensign, May 2001, ទំព័រ 68 ។

  8. Gordon  B. Hinckley, «It’s True, Isn’t It?» Tambuli, ខែ​តុលា ឆ្នាំ 1993, ទំព័រ 3, 4; Ensign, ខែ​កក្កដា ឆ្នាំ 1993, 2; សូមមើល​ផងដែរ Neil  L. Andersen, «It’s True, Isn’t It? Then What Else Matters?» Liahona និង Ensign, ខែ​ឧសភា ឆ្នាំ 2007, ទំព័រ 74 ។

  9. Thomas  S. Monson, «The Holy Temple—a Beacon to the World,» Liahona និង Ensign, May 2011, ទំព័រ 91--92 ។

  10. សម្រាប់​គំរូ​នេះ សូមមើល Naomi Schaefer Riley, «What the Mormons Know about Welfare,» Wall Street Journal, ថ្ងៃទី 18 ខែ​កុម្ភៈ ឆ្នាំ 2012, ទំព័រ A11 ។

  11. រ៉េម ស៊ីណាន និង​អ្នក​ដទៃ, «Called to Serve: The Prosocial Behavior of Active Latter-day Saints» (draft), 16 ។

  12. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន, «To the Single Adult Brethren of the Church,» Ensign, ខែ​ឧសភា ឆ្នាំ 1988, ទំព័រ 53 ។

  13. Lectures on Faith (ឆ្នាំ 1985), ទំព័រ 69 ។