ឆ្នាំ ២០១០-២០១៩
ចូរស្វែងរក​ការរៀនសូត្រ ៖ អ្នក​មាន​កិច្ចការ​ត្រូវធ្វើ
មេសា 2012


ចូរស្វែងរក​ការរៀនសូត្រ ៖ អ្នក​មាន​កិច្ចការ​ត្រូវធ្វើ

ចូរ​ផ្ដល់​ពរ​ដល់​កូនចៅ​អ្នក និង​ផ្ទះពេល​អនាគត​របស់​អ្នក ដោយ​ការរៀនសូត្រ​ឥឡូវ​នេះ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន។

យុវនារី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ យើង​ស្រឡាញ់​អ្នក​គ្រប់គ្នា​ណាស់ ។ យើង​ឃើញ​អ្នក​ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញទៅ​យ៉ាង​ក្លាហាន​ទៅ​ក្នុង​ពិភពលោក ជាកន្លែង​ដែល​មាន​ឧបសគ្គ​ធំ​ធេង រួម​នឹង​ឱកាស​ដ៏​អស្ចារ្យ​ផងដែរ ។ នេះ​ប្រហែល​ជាធ្វើ​ឲ្យ​អ្នក​ឆ្ងល់​ថា « តើ​មាន​អ្វី​សម្រាប់​ខ្ញុំ​នៅក្នុង​ពេល​អនាគត ? » ខ្ញុំ​អះអាង​ចំពោះ​អ្នក​ថា ក្នុង​នាម​អ្នក​ជា​បុត្រីប្រកប​ដោយ​គុណធម៌​របស់​ព្រះ នោះ​អនាគត​របស់​អ្នក​នឹង​ចែងចាំង ! អ្នក​រស់នៅ​ក្នុង​គ្រា​មួយ ដែល​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ត្រូវបាន​ស្ដារ​ឡើង​វិញ ហើយ​សេចក្ដី​ពិត​ទាំងនេះ​អាចរកឃើញ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​បានទទួល​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​អ្នក​ជ្រមុជទឹក ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធនឹង​បង្រៀន​អ្នក​នូវ​សេចក្ដី​ពិត និង​រៀបចំ​អ្នក​ឲ្យ​ឆ្លង​ឧបសគ្គ​ទាំងឡាយ​ក្នុង​ជីវិត ។

ព្រះបានប្រទាន​ដល់​អ្នក​នូវ​សិទ្ធិជ្រើសរើស​ក្នុង​ជីវិត​រមែង​ស្លាប់ និង​ឱកាស​ដើម្បី​រៀន ពេល​នៅ​លើ​ផែនដី​នេះ ហើយ​ទ្រង់​មាន​កិច្ចការ​សម្រាប់​អ្នក​ធ្វើ ។ ដើម្បី​សម្រេចកិច្ចការនេះ អ្នក​មាន​ទំនួលខុសត្រូវ​ផ្ទាល់ខ្លួន​ម្នាក់ៗ ដើម្បី​ស្វែងរក​ការរៀន​សូត្រ ។ គន្លឹះ​ទៅកាន់​អនាគត​របស់​អ្នក ដែល​ជា « រស្មី​ដ៏​ចែងចាំង​នៃ​ក្ដីសង្ឃឹម »1 របស់​អ្នក អាច​រកបាន​ក្នុង​កូនសៀវភៅ​ថ្មី ដើម្បី​កម្លាំង​នៃ​យុវវ័យ ក្នុង​ផ្នែក​បទដ្ឋាន​នៃ​ការអប់រំ និង​ក្នុង​គុណសម្បត្តិ​ក្រុមយុវនារី​គឺ ចំណេះវិជ្ជា ។

« ការអប់រំ ... នឹង​បើក​ទ្វារ​នៃ​ឱកាស » ។2 កាលដែល​អ្នក​ធ្វើតាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​គឺ « ស្វែងរក​ការរៀន​សូត្រ គឺ​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដី​ជំនឿ​ផង​ »3 នោះ​អ្នក​មិនត្រឹម​តែ​ទទួល​ចំណេះ​វិជ្ជា​ពី​ការសិក្សា​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ក៏​បន្ថែម​ការយល់ដឹង កាលដែល​អ្នក​រៀន​ដោយ​សេចក្ដី​ជំនឿ ។

ចូរ​ស្វែងរក​ការរៀនសូត្រ​ដោយ​ការសិក្សា​យ៉ាង​ឧស្សាហ៍​ព្យាយាម ។ កម្រណាស់​ដែល​អ្នក​នឹង​អាច​ចំណាយ​ពេល​ច្រើន​ក្នុងការ​លះបង់​ដល់​ការរៀន​សូត្រ ដូច​ដែល​អ្នក​អាច​ធ្វើ​បាន​ឥឡូវនេះ ។ ប្រធាន ហ្គរដុន  ប៊ី. ហ៊ីងគ្លី បាន​ផ្ដល់​ដំបូន្មាន​ដ៏​ឆ្លាតវៃ​ដល់​ពួក​យុវវ័យ​នៃ​សាសនាចក្រ​ថា ៖ « គំរូ​នៃ​ការសិក្សា ដែល​អ្នក​សង់ឡើង អំឡុង​ការសិក្សា​ជាផ្លូវការ​របស់​អ្នក នឹង​ជះឥទ្ធិពល​យ៉ាង​ធំធេង​ដល់​បំណង​ប្រាថ្នា​ក្នុង​ការទទួល​ចំណេះ​វិជ្ចា​អស់មួយជីវិត​អ្នក » ។4 « អ្នក​ត្រូវតែ​ទទួល​ការអប់រំ​ទាំងអស់​ដែល​អ្នក​អាច​ទទួល ។ ... ចូរលះបង់​អ្វី​ក៏​ដោយ​ដែល​ត្រូវលះបង់ ដើម្បី​មានគុណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​នៃ​ពិភពលោក [ នេះ ] ។ ... ចូរ​ហ្វឹកហ្វឺន​គំនិត និង​ដៃ​អ្នក​ដើម្បី​ក្លាយ​ជា​កម្លាំង​មួយ​សម្រាប់​សេចក្ដី​ល្អ កាលដែល​អ្នក​ឆ្ពោះ​ទៅ​មុខ​ក្នុង​ជីវិត​អ្នក » ។5

ក្នុង​ការនិយាយ​ជាពិសេស​ចំពោះ​យុវនារី ប្រធាន ថូម៉ាស  អេស ម៉នសុន បានមានប្រសាសន៍​ថា ៖ « ជាញឹកញាប់ យើង​មិន​ដឹង​ពី​អនាគត​ទេ ហេតុនេះហើយ យើង​គួរ​រៀបចំ​សម្រាប់​ស្ថានភាព​ដែល​យើង​មិនអាច​ទាយទុកមុនបាន ។ ... ខ្ញុំ​សូម​ឲ្យ​អ្នក​តាមរក​ការអប់រំ​របស់​អ្នក ហើយ​រៀន​នូវ​ជំនាញ​ទាំងឡាយ​ដែល​មាន​ប្រយោជន៍ ដើម្បី​ពេល​ដែល​ស្ថានភាព​បែបនោះ​កើតឡើង នោះ​អ្នក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ផ្ដល់​ឲ្យ » ។6

យុវនារី សូម​ធ្វើតាម​ដំបូន្មាន​ព្យាការី​ដ៏​ឆ្លាតវៃ និង​បំផុសគំនិត ។ ចូរធ្វើ​ជា​សិស្ស​ល្អ ។ ចូរក្រោកឡើង ហើយ​បញ្ចាំងពន្លឺ​ចេញ​ទៅ នៅក្នុង​សាលា​របស់អ្នក ដោយ​ខិតខំ​រៀន, ស្មោះត្រង់, និង​សុចរិត ។ បើ​អ្នក​កំពុង​មាន​ការពិបាក ឬ​បាក់ទឹកចិត្ត​ក្នុង​លទ្ធផល​នៅ​សាលា ចូរ​ស្វែងរក​ជំនួយ​ពី​ឪពុកម្ដាយ, គ្រូ, និង​សមាជិក​សាសនាចក្រ​ដែល​អាច​ជួយ​បាន ។ កុំ​បោះបង់​ឡើយ !

ចូរ​ធ្វើ​បញ្ជី​មួយ​នូវ​អ្វី​ដែល​អ្នក​ចង់រៀន បន្ទាប់មក « ចែកចាយ​គោលដៅ​ការអប់រំ​របស់​អ្នក​ជាមួយ​គ្រួសារ​អ្នក, មិត្តភក្ដិ, និង​អ្នកដឹកនាំ ដើម្បី​ពួកគេ​អាច​គាំទ្រ និង​លើកទឹកចិត្ត​អ្នក » ។7 នេះ​ជា​គំរូ​នៃ​ការអភិវឌ្ឍន៍​ផ្ទាល់ខ្លួន ។

ជាមួយ​នឹង​បច្ចេកវិជ្ជា អ្នក​កំពុង​ធ្វើ​បន្ទាល់​ពី​ការរីក​ចម្រើន​ខាងចំណេះដឹង ។ អ្នកកំពុង​ជួបប្រទះ​ឥតដាច់​នូវ​សម្លេង, វីដេអូ, និង​ប្រព័ន្ធ​ទំនាក់ទំនង ។ ចូរ​រើស ហើយ​កុំ​អនុញ្ញាត​ឲ្យការរីកចម្រើន​នៃព័ត៌មាន​​នេះ​រំខាន​អ្នក ឬ​ពន្យឺត​ការលូតលាស់​របស់​អ្នក​ឡើយ ។ ចូរ​ក្រោកឡើង យុវនារី ! ចូរ​អ្នក​កំណត់​ពី​គោលដៅ​របស់​ខ្លួន ។ ចូរ​អ្នក​សម្រេចចិត្ត​ទៅ​លើ​អ្វី​ដែល​ចូល​ក្នុង​គំនិត និង​ដួងចិត្ត​អ្នក ។

ការរៀន​សូត្រ​ដ៏​សំខាន់​បំផុត​មួយចំនួន​របស់​អ្នក នឹង​មាន​នៅ​ក្រៅ​ថ្នាក់រៀន ។ មាន​ស្ត្រី​ដ៏​គំរូ​នៅ​ជុំ​វិញ​អ្នក ដែល​អាច​បង្រៀន​អ្នក​ពី​ជំនាញ​ក្នុង​កិច្ចការ​ផ្ទះ, សិល្បៈ, តន្ត្រី, ប្រវត្តិ​គ្រួសារ, កីឡា, និពន្ធ, ឬ​ការនិយាយស្តី ។ ចូរ​ស្គាល់​ពួកគេ ហើយ​សុំ​ពួកគេ​ឲ្យ​បង្រៀន​អ្នក ។ ពេល​អ្នក​បាន​រៀន​អ្វី​ដែល​ថ្មី ចូរ​បង្រៀន​វា​ក្នុង​កម្មវិធី ម៉្ញូឆល ឬ​ធ្វើ​ជា​គ្រូបង្រៀន​ដល់​យុវនារី​ផ្សេងទៀត ជា​ផ្នែក​នៃ​តម្រូវការ​សម្រាប់​រង្វាន់​សត្វឃ្មុំ​របស់​អ្នក ។

ក្រៅ​ពី​ម្ដាយ​ដ៏​ល្អ​របស់​ខ្ញុំ ខ្ញុំ​មាន​គ្រូ​ជាច្រើន​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​ស្គាល់​ពី​ដំណើរ​ការ​នៃ​ការ​បង្រៀន​ដំបូង​បំផុត​ពេល​ខ្ញុំ​អាយុ​ប្រាំបួន​ឆ្នាំ ។ គ្រូ​ថ្នាក់​កុមារ​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ប៉ាក់​រូប « ខ្ញុំ​នឹង​នាំពន្លឺ​ដំណឹងល្អ​ទៅ​ក្នុង​ផ្ទះ​ខ្ញុំ » ដែល​ភ្ជួរ​នៅក្នុង​បន្ទប់​ខ្ញុំ​ពេល​ខ្ញុំ​នៅ​ជា​យុវនារី ។ គ្រូខ្ញុំ​បាន​ណែនាំ​ខ្ញុំ, កែលម្អ​ខ្ញុំ, ហើយ​តែងតែ​លើកទឹកចិត្ត​ខ្ញុំ ។ ក៏មាន​គ្រូ​ផ្សេងៗ​ទៀត​ជាបន្តបន្ទាប់ ។ អ្នក​ដេរ​សម្លៀកបំពាក់​ដ៏​អស្ចារ្យ​ពីរនាក់​ក្នុង​វួដ​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ដេរ ។ ដោយ​មាន​ការណែនាំ, ការអត់ធ្មត់, និង​ការលើកទឹកចិត្ត​ពី​ពួកគាត់ ខ្ញុំ​បាន​បញ្ចូល​រ៉ូប​មួយ​ទៅក្នុង​ការ​ប្រកួតដេរ ពេល​ខ្ញុំ​មាន​អាយុ 14 ឆ្នាំ ហើយ​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​នោះ ! ការណ៍​នេះ​បាន​ពង្រីក​បំណង​ប្រាថ្នា​ខ្ញុំ​ក្នុង​ការទទួល​ចំណេះដឹង និង​ធ្វើ​ឲ្យ​បាន​ប្រសើរ​ក្នុង​ផ្នែក​ផ្សេងទៀត​ផងដែរ ។

ឥឡូវនេះ ការទទួល​ចំណេះដឹង​គឺ​មាន​តម្លៃ​ណាស់ ពេល​ដែល​អ្នក​ក្លាយ​ជា​ម្ដាយ​ម្នាក់ ។ « កម្រិត​នៃ​ការអប់រំ​របស់​ម្ដាយ​ម្នាក់​មាន​នូវ​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​លើ​ជម្រើស​ខាង​ការអប់រំ​របស់ [ កូនៗ ] គាត់ » ។8 ការអប់រំ​របស់​ម្ដាយម្នាក់​អាច​ជា « ការ​គេចផុត​ពី​ភាពក្រីក្រ » ។9 ស្ត្រី​ដែល​មាន​ការអប់រំ « ទំនង​ជា ៖ ផ្ដល់​កំណើត​ដល់​កូន​ដែល​មាន​សុខភាព​ល្អ​ជាង, មាន​កូន​មាន​សុខភាព​ល្អជាង, មាន​ទំនុកចិត្ត​ជាង, ងាយរសាយចិត្ត និង​មាន​ការពិចារណា និង​ការកាត់ក្ដី​ដែល​ប្រសើរ​ជាង » ។10

យើង​រៀន​នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ថា « ម្ដាយ​មាន​ភារកិច្ច​ទីមួយ​ដើម្បី​ថែទាំ​បីបាច់​កូន​ចៅ​របស់​ខ្លួន » ។11 ការផ្ដល់​ការអប់រំ​ដល់​កូនចៅ​អ្នក​ជា​ផ្នែក​មួយ​នៃ​ការ​ថែទាំ​នោះ ហើយ​ជា​ទំនួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​របស់​អ្នក ។ ដូចជា​ពួក​កម្លោះ​ពីរពាន់​នាក់ ដែល «ត្រូវ​បាន​បង្រៀន​ដោយ​ម្ដាយ​​គេ» 12 អ្នក​នឹង​ក្លាយ​ជា​គ្រូ​ដ៏​សំខាន់​បំផុត ដែល​កូន​អ្នក​មាន ដូច្នេះ​ចូរ​ជ្រើសរើស​ការ​រៀនសូត្រ​របស់​អ្នក​ដោយ​ប្រុងប្រយ័ត្ន ។ ចូរ​ផ្ដល់​ពរ​ដល់​កូនចៅ​អ្នក និង​ផ្ទះពេល​អនាគត​របស់​អ្នក ដោយ​ការរៀនសូត្រ​ឥឡូវ​នេះ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ។

ចូរស្វែងរក​ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ ។ យើងរៀន​ដោយ​ក្ដី​ជំនឿ កាលដែល​យើងទទួល​ចំណេះដឹង​ខាង​វិញ្ញាណ​ដោយ​ភាព​ឧស្សាហ៍ តាម​រយៈ​ការអធិស្ឋាន, ការសិក្សា​ព្រះគម្ពីរ, និង​ការប្រតិបត្តិ និង​កាលដែល​យើង​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​អង្គ​ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត​គ្រប់យ៉ាង ។ បើ​អ្នក​ពិតជា​ធ្វើ​ផ្នែក​របស់​អ្នក​ដើម្បី​ទទួល​ចំណេះដឹង នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាចបំភ្លឺ​គំនិត​របស់​អ្នក​បាន ។ កាលដែល​អ្នក​ពុះពារ​ដើម្បី​រក្សា​ខ្លួនអ្នក​ឲ្យ​សក្ដិសម នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ផ្ដល់​ការណែនាំ និង​បន្ថែមពន្លឺ​ដល់​ការរៀនសូត្រ​របស់​អ្នក ។

កាល​ខ្ញុំ​ជា​យុវនារី​ម្នាក់ ខ្ញុំ​បាន​ខ្ចីស្គី​ដែល​វែង​ខ្លាំងណាស់, និង​ស្បែកជើង​ក៏​ធំ​ពេក​ដែរ, ហើយ​មិត្ត​ម្នាក់​បាន​បង្រៀន​ខ្ញុំ​ជិះស្គី ! យើង​បាន​ទៅ​នៅ​ថ្ងៃ​មួយ​នា​និទាឃរដូវ ដែល​មាន​ពន្លឺ​ព្រះអាទិត្យ, មាន​ព្រិល​ស្អាត​បំផុត និង​ពពក, មេឃ​ពណ៌​ខៀវ ។ ការបារម្ភ​ពី​ជម្រាល​ដ៏​ចោត​បាន​ផ្លាស់​ប្ដូរ​ទៅជា​មាន​ភាពរីករាយ ពេល​ដែល​ខ្ញុំ​បានរៀន ។ ហើយ​ទោះ​ខ្ញុំ​បាន​ដួល​ជាច្រើន​ដង​លើ​ស្គី​ដ៏វែង​នោះ ក៏​ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​បន្ត​ព្យាយាម ។ ខ្ញុំ​បាន​ជាប់​ចិត្ត​ជាមួយ​នឹង​កីឡា !

ទោះយ៉ាងណា មិន​យូរប៉ុន្មាន ខ្ញុំ​បាន​ដឹងថា ស្ថានភាព​អាកាសធាតុ និង​ថ្ងៃ​ជិះស្គី​ទាំងអស់​មិន​សុទ្ធតែ​ល្អ​បែបនោះទេ ។ នៅ​ថ្ងៃ​ដែល​មេឃស្រទំ យើង​បានជិះស្គី​ក្នុង​ស្ថានភាព​មួយ​ដែល​ហៅ​ថា « ពន្លឺ​ព្រាលៗ » ។ ពន្លឺ​ព្រាលៗ​កើតឡើង​នៅពេល​ដែល​ផ្នែក​ខ្លះៗនៃពន្លឺ​ពី​ព្រះអាទិត្យ​ត្រូវបាន​បាំង​ដោយ​ដុំពពក ។ ពេលមើល​ទៅ​​ព្រិល​ពណ៌ស​នោះ អ្នក​នឹង​ឃើញ​ថា មិន​អាច​ដឹង​ពី​ជម្រៅ ហើយ​វាពិបាក​នឹង​វិនិច្ឆ័យ​ពី​ចំណោត​នៃ​ជម្រាល ឬ​ក៏​ឃើញ​កន្លែង​រដិបរដុប ហើយ​ក៏ចំពប់​លើ​កន្លែង​រដិបរដុប​នោះ ។

យុវនារី អ្នក​អាច​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​ដល់​អនាគត​របស់​អ្នក ដូច​ដែល​ខ្ញុំ​បានសម្លឹង​ទៅ​ជម្រាល​ស្គី​ដ៏​ចោត​នោះ​អញ្ចឹង ។ ពេល​ខ្លះ អ្នក​អាច​មាន​អារម្មណ៍ថា អ្នក​កំពុង​រស់​នៅ​ក្នុង​ពន្លឺ​ព្រាលៗ​នោះ ដែល​មិនអាច​មើល​ឃើញ​អ្វី​ដែល​ដែល​នៅ​ខាង​មុខ​អ្នក ។ ការរៀន​ដោយ​ជំនឿ​នឹង​ផ្ដល់​ដល់​អ្នក​នូវ​ទំនុកចិត្ត ហើយ​នឹង​ជួយ​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ពេលវេលា​នៃ​ភាពមិន​ច្បាស់លាស់​ទាំងឡាយ ។

ក្នុង ម៉ាថាយ ជំពូក​ទី 25 ការប្រៀបធៀប​ពី​ស្ត្រី​ព្រហ្មចារីយ​ដប់នាក់​បង្រៀន​យើង​ថា ការរៀបចំ​ខាង​វិញ្ញាណ​គឺ​សំខាន់​ខ្លាំងណាស់ ហើយ​ត្រូវតែ​សម្រេច​ឲ្យ​បាន​ដោយ​បុគ្គល​ម្នាក់ៗ ។ អ្នក​នឹង​ចាំ​ថា ស្ត្រី​ព្រហ្មចារីយ​ដប់នាក់ ត្រូវបាន​អញ្ជើញ​ឲ្យហែហម​កូនកំឡោះ​ទៅក្នុង​ពិធីជប់លៀង​មង្គលការ តែ​មាន​តែ​ស្ត្រី​ព្រហ្មចារីយ​ឈ្លាសវៃ​ប្រាំនាក់​ប៉ុណ្ណោះ ដែល​បាន​រៀបចំ​ដោយ​មាន​ប្រេង​ក្នុង​ចង្កៀង​របស់គេ ។

« ឯ​ពួកនាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួកនាង​មាន​គំនិត​ថា សូមចែក​ប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ ។

« តែ​ពួកនាង​ដែល​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​និង​នាងរាល់​គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះលក់​ប្រេង ទិញ​សម្រាប់​ខ្លួន​វិញ​ទៅ ។

« តែ​កំពុង​ដែល​នាង​ទាំងនោះ​ទៅទិញ ប្ដី​ក៏​មកដល់ ហើយ​ពួកនាង​ដែល​បាន​បម្រុង​ជាស្រេច ក៏​ចូល​ទៅ​ក្នុង​រោង​ការ​ជាមួយ​គ្នា រួច​គេបិទ​ទ្វារ » ។13

អ្នក​អាចគិត​ថា វា​ដូចជា​អាត្មា​និយម​ដែល ស្ត្រី​ព្រហ្មចារីយ​ឈ្លាសវៃ​ប្រាំនាក់​នោះ​មិន​បាន​ចែក​ប្រេង​របស់​គេ តែ​វាមិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ។ ការរៀបចំ​ខាងវិញ្ញាណ​ត្រូវតែ​បានមក​ដោយ​ផ្ទាល់ខ្លួន​ម្នាក់ៗ មួយ​ដំណក់​ម្ដងៗ ហើយ​មិន​អាច​ចែកចាយ​បានទេ ។

ឥឡូវ​នេះ ជា​ពេល​សម្រាប់​អ្នក ដើម្បី​អនុវត្ត​ខ្លួនឯង​ដោយ​ឧស្សាហ៍ ដើម្បី​ពង្រីក​ចំណេះដឹង​ខាង​វិញ្ញាណ​របស់​អ្នក---មួយដំណក់ម្ដងៗ---តាមរយៈ​ការអធិស្ឋាន, ការសិក្សា​ព្រះគម្ពីរ, និង​ការប្រតិបត្តិ ។ ឥឡូវ​នេះ ជា​ពេល​សម្រាប់​អ្នក ដើម្បី​ស្វែងរក​ការអប់រំ​របស់​អ្នក---មួយដំណក់ម្ដងៗ ។ គំនិត និង​សកម្មភាព​ដ៏​ប្រកប​ដោយ​គុណធម៌​នីមួយៗ ក៏​បន្ថែម​ប្រេង​ដល់​ចង្កៀង​របស់​អ្នក​ផងដែរ ដែល​ធ្វើឲ្យ​អ្នក​សម​នឹង​ទទួល​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​គ្រូ​ដ៏​ទេវភាព​របស់យើង ។

ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​អ្នក លើ​ដំណើរ​របស់​អ្នក​ក្នុង​ជីវិត​នេះ សូម្បីតែ​ពេល​អ្នក​មាន​អារម្មណ៍​ថា អ្នក​នៅក្នុង​ពន្លឺ​ព្រាលៗ ដោយ​មិន​ច្បាស់លាស់​ពី​អ្វី​នៅ​ខាងមុខ​ក៏​ដោយ ។ អ្នក​មិន​ត្រូវ​ភ័យខ្លាច​ឡើយ ។ ពេល​អ្នក​ស្ថិត​នៅ​លើផ្លូវ​ដែល​នាំ​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្ប នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​អ្នក ក្នុងការសម្រេចចិត្ត និង​ការរៀន​សូត្រ​របស់អ្នក ។

ខ្ញុំ​ថ្លែងទីបន្ទាល់​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ថា បើ​អ្នក​នឹង​ស្វែងរក​ការរៀនសូត្រ គឺ​មិន​ត្រឹម​តែ​ដោយ​ការសិក្សា​ទេ តែ​ដោយ​សេចក្ដី​ជំនឿ​ដែរ​នោះ អ្នក​នឹង​ត្រូវបាន​ដឹកនាំ​ក្នុង​អ្វី​ដែល « ព្រះអម្ចាស់ ... នឹងត្រូវការ​អ្នក​ធ្វើ និង​អ្វី​ដែល​អ្នក​នឹង​ត្រូវ​ដឹង » ។14

ខ្ញុំ​បានទទួល​ពរជ័យ​លោកអយ្យកោ​របស់​ខ្ញុំ​ពេល​ជា​យុវនារី​ម្នាក់ ហើយ​ត្រូវបាន​ទូន្មាន​ឲ្យ​រៀបចំ​ខ្លួន​ឲ្យមាន​ការអប់រំ​ល្អ និង​ឲ្យ​រៀន​ឲ្យ​បាន​ឆាប់ៗ​ក្នុង​ជីវិត នូវ​គុណធម៌​ទាំងនោះ ដែល​ជួយ​ដល់ការធ្វើ​ជា​មេផ្ទះ និង​ថែទាំ​គ្រួសារ ។ ខ្ញុំ​ពិត​ជា​ចង់​បាន​ពរជ័យ​នៃ​គ្រួសារ​មួយ ទោះ​យ៉ាងណា ពរជ័យ​នោះ​មិន​ត្រូវបានបំពេញ រហូត​ដល់​ខ្ញុំ​អាយុ 37 ឆ្នាំ គឺ​ពេល​ដែល​ខ្ញុំ​បាន​រៀបការ​ នៅទីបំផុត ។ ស្វាមី​ខ្ញុំ​ជាបុរស​ពោះម៉ាយ ដូច្នោះ​ថ្ងៃ​ដែល​យើង​បានផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​ស្វាមី​ម្នាក់ និង​គ្រួសារ​មួយ​ដែល​មាន​កូន​បួននាក់​ភ្លាមៗ ។

ជាយូរ​មក​ហើយ​ពីមុន​នោះ មាន​ពេល​ជាច្រើន​ដែល​ខ្ញុំ​បាន​មាន​អារម្មណ៍​ដូច​ជា​ខ្ញុំ​កំពុង​ជិះ​ស្គី​ក្នុង​ពន្លឺ​ព្រាល​នោះ ដោយ​សួរ​ថា « តើ​មាន​អ្វី​សម្រាប់​ខ្ញុំ​នៅក្នុង​ពេល​អនាគត ? » ខ្ញុំ​បាន​ព្យាយាម​ដើរ​តាម​ដំបូន្មាន​ក្នុង​ពរជ័យ​លោកអយ្យកោ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​សិក្សា​យ៉ាង​ឧស្សាហ៍ ដើម្ប​ក្លាយ​ជា​គ្រូបង្រៀន​ម្នាក់ ហើយ​បានបន្ត​ការអប់រំ​របស់​ខ្ញុំ ដើម្បី​ក្លាយ​ជា​នាយិកា​សាលា​បឋមសិក្សា ។ ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះបិតា​សួគ៌​របស់​ខ្ញុំ ហើយ​បាន​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​ជឿ​យ៉ាងមុតមាំ​ចំពោះ​ការសន្យា​របស់​ព្យាការី ដែល​បាន​អះអាង​ចំពោះ​ខ្ញុំ​ថា បើ​ខ្ញុំ « បន្ត​ពិត និង​ស្មោះត្រង់, រក្សា​ក្ដី​សញ្ញា​របស់​ខ្ញុំ, បម្រើ​ព្រះ, ស្រឡាញ់​ព្រះបិតា​នៅស្ថានសួគ៌ និង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ [ របស់​ខ្ញុំ ] នោះ [ ខ្ញុំ ] នឹង​មិន​បាត់បង់​ពរជ័យ​អស់កល្ប​ជានិច្ច​ណា​មួយ ដែល​ព្រះបិតាសួគ៌​មាន​សម្រាប់​កូនចៅ​ដ៏​ស្មោះត្រង់​របស់​ទ្រង់​នោះទេ » ។15

ខ្ញុំ​ដឹង​ថា ការអប់រំ​របស់​ខ្ញុំ​បាន​រៀបចំ​ខ្ញុំ​សម្រាប់​ជីវិត​មួយ ដែល​មិនមាន​អ្វី​ដូចជា​ខ្ញុំបាន​ស្រមៃ កាលពី​នៅ​ជា​យុវនារី​ម្នាក់​នោះ​ឡើយ ។ ខ្ញុំ​បានគិត​ថា ខ្ញុំ​សិក្សា​ផ្នែកអប់រំ ដើម្បី​បង្រៀន​ក្នុង​សាលា និងកូនៗ​ក្នុង​ពេល​អនាគត​របស់​ខ្ញុំ តែខ្ញុំ​ពុំ​បាន​ដឹង​ថា ព្រះអម្ចាស់​ក៏​បាន​រៀបចំ​ខ្ញុំ​ឲ្យ​បង្រៀន​ភាសា​អង់គ្លេស នៅ​ប្រទេស ម៉ុងហ្គោលី ផងដែរ នៅក្នុង​បេសកកម្ម​ជាមួយ​ស្វាមី​ខ្ញុំ និង​ឲ្យ​បង្រៀន​យុវនារី​ក្នង​សាសនាចក្រ​ទូទាំង​ពិភពលោក និង​បង្រៀន​ចៅៗ​របស់​ខ្ញុំ​ពី​តម្លៃ​នៃ​ចំណេះវិជ្ជា---ជា​ពរជ័យ​ទាំងអស់​ដែល​ខ្ញុំ​មិន​ដែល​ស្រមៃ​ឃើញ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះបិតា​នៅ​ស្ថានសួគ៌​របស់​យើង​ស្គាល់ និង​ស្រឡាញ់​អ្នក ។ ទ្រង់​បាន​ដាក់​ការទុកចិត្ត​ដ៏​ធំធេង​លើ​អ្នក និង​មាន​កិច្ចការ​មួយ​ដែល​មាន​តែ​អ្នក​ប៉ុណ្ណោះ​អាច​ធ្វើបាន ។ ខ្ញុំ​ចង់​អះអាង​ចំពោះ​អ្នក​ថា អ្នក​នឹង​ត្រូវរៀបចំ​សម្រាប់​កិច្ចការ​ដ៏​អស្ចារ្យ​នោះ បើ​អ្នក​ស្វែងរក​ការរៀនសូត្រ​ដោយ​សារ​ការសិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿ​ផងដែរ​នោះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​នេះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។

កំណត់ចំណាំ

  1. ហ្គរដិន  ប៊ី. ហ៊ីងគ្លី, «Reaching Down to Lift Another,» Liahona, Jan. 2002, 67; Ensign, ខែ​វិច្ឆិកា ឆ្នាំ 2001, 54 ។

  2. ដើម្បី​កម្លំាង​នៃ​យុវវ័យ ( កូនសៀវភៅ ឆ្នាំ 2011), ទំព័រ 9 ។

  3. គោលលទ្ធិ និង​សេចក្តី​សញ្ញា 88:118 ។

  4. ហ្គរដិន  ប៊ី. ហ៊ីងគ្លី, Way to Be! Nine Ways to Be Happy and Make Something of Your Life (ឆ្នាំ 2002),ទំព័រ 28 ។

  5. ហ្គរដិន  ប៊ី. ហ៊ីងគ្លី, «Seek Learning,» New Era, Sept. 2007, ទំព័រ 2, 4 ។

  6. ថូម៉ាស  អេស. ម៉នសុន, «If Ye Are Prepared Ye Shall Not Fear,» Liahona and Ensign, Nov. 2004, ទំព័រ 116 ។

  7. ដើម្បី​កម្លំាង​នៃ​យុវវ័យ, ទំព័រ 9 ។

  8. Cheryl Hanewicz and Susan  R. Madsen, «The Influence of a Mother on a Daughter’s College Decision,» Utah Women and Education Project, Research Snapshots, no. 3, (ខែ មករា ខែ 2011): 1 ។

  9. ម៉ាជូរី ខតធីស, «Mom’s Education Key to Halt Poverty Cycle,» Deseret News, ថ្ងៃ​ទី 23 ខែ កញ្ញា ឆ្នាំ 2011, A1 ។

  10. អូលែន វ៉កឃើរ, «More Utah Women Need to Finish College,» Salt Lake Tribune, ថ្ងៃ​ទី 30 ខែ តុលា ឆ្នាំ 2011, ទំព័រ 4 ។

  11. «គ្រួសារ៖ ការប្រកាស​ដល់​ពិភពលោក» Liahona andEnsign ខែវិច្ឆិកា ឆ្នាំ 2010, 129 ។

  12. អាលម៉ា 56:47  ។

  13. ម៉ាថាយ 25:8–10  ។

  14. ហិនរី  ប៊ី អាវរិង «Education for Real Life,» Ensign, ខែ​តុលា ឆ្នាំ 2002, ទំព័រ 18 ។

  15. M.   Russell Ballard, «Preparing for the Future,» Ensign, ខែ​កញ្ញា ឆ្នាំ 2011, ទំព័រ 27 ។