ឆ្នាំ ២០១០-២០១៩
សូម​សួរ​​អ្នក​ផ្សព្វ​ផ្សាយ​ទៅ!ពួកគេ​អាច​ជួយ​អ្នក​បាន!
តុលា 2012


សូម​សួរ​​អ្នក​ផ្សព្វ​ផ្សាយ​ទៅ ! ពួកគេ​អាច​ជួយ​អ្នក​បាន !

អ្នក​ផ្សព្វ​ផ្សាយ​ទាំង​អស់ ទាំង​ចាស់ក្មេង បម្រើ​ដោយ​ក្តី​សង្ឃឹម​ថា​នឹង​ជួយ​ឲ្យ​មនុស្ស​ដទៃ​ទទួល​បាន​ជីវិត​ប្រសើ​រឡើង ។

បង​ប្អូន​ប្រុស​ស្រី​ និង មិត្ត​ទាំងឡាយ​ជា​ទី​ស្រឡាញ់ យើង​សូម​បង្ហាញ​ក្តី​ស្រឡាញ់ និង ស្វាគមន៍​ចំពោះ​អ្នក​គ្រប់​គ្នា ។ យើង​រំភើបចិត្ត​ជាមួយ​នឹង​ការ​ប្រកាស​របស់​ប្រធាន ថូម៉ាស  អេស. ម៉នសុន នាព្រឹកនេះ ដែល​បាន​កែ​សម្រួល​អាយុ តិចបំផុត​សម្រាប់​ការ​បម្រើ​ផ្សព្វផ្សាយសាសនាទៅអាយុ 18 ឆ្នាំ សម្រាប់​យុវជន​​ ហើយ 19 ឆ្នាំ​សម្រាប់​យុវនារី ។ តាមរយៈជម្រើស​នេះ មាន​យុវវ័យ​របស់​យើង​ជាច្រើន អាច​រីករាយ​នឹង​ពរជ័យ​នៃ​បេសកកម្ម ។

កាលពីពីរ​ឆ្នាំ​កន្លងទៅ និង​ជា​ការ​បញ្ជាក់​សារជាថ្មី​ដោយអានុភាព​នាព្រឹកនេះ ប្រធាន ម៉នសុន បាន​ប្រកាស​ថា « យុវជន​ដែល​មាន​ភាព​សក្ដិសម មាន​លទ្ធភាព គួរ​តែ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា គឺ​ជា​កាតព្វកិច្ច​បព្វជិតភាព— ជាកាតព្វកិច្ចមួយ ដែល​ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង ដែល​បាន​ទទួល​យ៉ាងច្រើន​នោះ » ។1 ជាថ្មី​ម្ដងទៀត លោក​បាន​ពន្យល់ថា សម្រាប់​យុវនារី បេសកកម្ម​គឺ​ជា​ជម្រើស​ដ៏ស្វាគមន៍​មួយ ប៉ុន្តែ​ពុំ​មែន​ជា​ការទទួលខុសត្រូវ​ទេ ។ ហើយ​ជាថ្មី​ទៀត លោក​បាន​អញ្ជើញ​គូស្វាមីភរិយា​ចាស់ទុំជាច្រើន​ឲ្យ​បម្រើ ។

ការ​រៀប​ចំ​សម្រាប់​បេសកកម្ម​មួយ​គឺ​សំខាន់​ណាស់ ។ បេសកកម្ម​គឺ​ជាទង្វើ​ស្ម័គ្រ​ចិត្ត​​បម្រើ​ដល់​ព្រះ និង មនុស្ស​ជាតិ ។ អ្នក​ផ្សព្វ​ផ្សាយ ទ្រ​ទ្រង់ដល់​​ឯក​សិទ្ធិ​នោះ ដោយការមាន​ប្រាក់​សន្សំ​ផ្ទាល់​ខ្លួន ។ ឪពុកម្តាយ ក្រុម​គ្រួសារ មិត្ត​ភក្តិ និង អ្នក​បរិច្ចាគដល់​មូលនិធិ​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ទូទៅ ក៏​អាច​ជា​ការ​ជួយផង​ដែរ ។ អ្នក​ផ្សព្វ​ផ្សាយ​ទាំង​អស់ ទាំង​ចាស់ក្មេង បម្រើ​ដោយ​ក្តី​សង្ឃឹម​ថា​នឹង​ជួយ​ឲ្យ​មនុស្ស​ដទៃ​ទទួល​បាន​ជីវិត​ប្រសើ​រឡើង ។

ការ​សម្រេចចិត្ត​ដើម្បី​បម្រើ​បេសកកម្ម នឹងមាន​ឥទ្ធិ​ពល​លើ​ជោគ​វាសនា​ខាង​វិញ្ញាណ​របស់​អ្នក​ផ្សព្វ​ផ្សាយ ហើយនិង ញាត្តិ​សន្តានខ្លួន​សម្រាប់​ជំនាន់​ខាង​មុខ ។ ឆន្ទៈ​ដើម្បី​បម្រើ​គឺ​ជា​ភស្តុតាង​​ធម្មតា​មួយ​របស់​អ្នក​ដែល​ប្រែ​ចិត្ត​ជឿ សក្តិសម និង រៀប​ចំ ។

នៅ​ក្នុង​ពិភព​លោក​ដ៏​ធំ​ទូលាយ​នេះ មាន​មនុស្ស​ជា​ច្រើនដែលមិន​មែន​ជា​សមាជិក​នៃ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​ស្គាល់យើង និង អ្នក​ផ្សព្វ​ផ្សាយ​យើង​​​បាន​​តិច​តួចណាស់ ។ អ្នក​​បាន​​ចូលរួម​ស្តាប់​នៅ​ទី​នេះ ដោយ​សារ​អ្នក​ចង់​ដឹង​បន្ថែម​ពី​ពួក​មរមន និង​ អ្វី​ដែល​អ្នក​ផ្សព្វ​ផ្សាយ​យើង​បង្រៀន ។ នៅ​ពេល​អ្នក​រៀន​បន្ថែម​ទៀត​ពី​យើង នោះ​អ្នក​នឹង​ដឹង​ថា យើង​មាន​គុណ​សម្បត្តិ​ជា​ច្រើន​ដូច​ជា​អ្នក​មាន​ដែរ ។ យើង​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​រក្សា​អ្វី​ដែល​ល្អ និង ពិត ហើយ​បន្ទាប់​មក​មើល​ថា​តើ​យើង​អាច​បន្ថែម​បាន​ទៀត​ឬទេ ។ នៅ​ក្នុង​ពិភព​លោក​ដែល​ពេញទៅ​ដោយ​​បញ្ហា​នេះ យើង​ពិត​ជា​ត្រូវ​ការ​ជំនួយ​ពីមួយ​គ្រា​ទៅមួយ​គ្រា​ ។ សាសនា សេចក្តី​ពិត​អស់​កល្ប និង អ្នក​ផ្ស​ព្វ​ផ្សាយ​យើង គឺ​ជា​ជំនួយ​ចាំ​បាច់សម្រាប់​អ្នក ។​

អ្នក​ផ្សព្វ​ផ្សាយ​វ័យ​ក្មេង​យើង​ពន្យាពេលការសិក្សា ការងារ ការដើរលេងជាគូរបស់​គេ និង អ្វីៗ​ផ្សេង​ទៀតដែល​​មជ្ឈិម​វ័យ​វ័យ​ក្មេង​ចង់ធ្វើ​ពេល​មាន​អាយុ​ស្របាល​នេះ ។​ សម្រាប់​រយៈពេល 18 ទៅ​ 24 ខែ ពួកគេ​ទុកកិច្ច​ការ​នោះ​មួយ​អន្លើ ដោយ​សា​រ​តែ បំណង​ដ៏​មហាលសាលរបស់​គេ​​ដើម្បី​បម្រើ​ព្រះ​អម្ចាស់​ ។ 2 ហើយ​មាន​អ្នក​ផ្ស​ព្វ​ផ្សាយ​យើង​ខ្លះ​បម្រើទាំង​មាន​វ័យ​ចំណាស់ ។ ខ្ញុំ​ដឹង​ថា​ក្រុម​គ្រួសារ​គេ​ត្រូវ​បាន​ប្រទាន​ពរ ។ បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​គ្រួសារ​យើង​ផ្ទាល់ មាន​មនុស្ស​ប្រាំ​បី​នាក់​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ម៉ោង—កូន​ស្រី​បីនាក់ ស្វាមី​របស់​គេ ចៅ​ស្រី​ម្នាក់ និង ចៅ​ប្រុស​ម្នាក់ ។

មាន​អ្នក​ខ្លះប្រហែល​​ឆ្ងល់​ពី​ឈ្មោះថា​ មរមន ។​ វា​គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​យើង ។ វា​មិន​មែន​ជា​ឈ្មោះពិត​ប្រាកដ​យើង​ទេ តែជា​ទូទៅ​​យើង​ត្រូវ​បាន​គេ​ស្គាល់​ថា ពួក​មរមន ។ ពាក្យ​នេះ​បាន​មក​ពី ព្រះ​គម្ពីរ​ពិសិដ្ឋ​មួយក្បាល​ដែល​ហៅ​ថា ព្រះគម្ពីរ​មរមន ។

ឈ្មោះ​ពិត​របស់​សាសនា​ចក្រគឺ សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សាសនា​ចក្រ​នេះ​គឺ​ត្រូវ​បាន​ស្តារពី​សាសនា​ចក្រ​ដើម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​វិញ ។ នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ទ្រង់​បាន​រៀប​ចំ​សាសនា​ចក្ររបស់​ទ្រង់ឡើង ។ ទ្រង់​បាន​ហៅ​សាវក កូរ៉ុមចិត​សិប​នាក់ និង​ អ្នក​ដឹក​នាំ​ដទៃទៀត ​ដែល​ទ្រង់​បាន​ប្រទាន​សិទ្ធិ​អំណាច​ដើម្បី​សម្តែង​ក្នុង​ព្រះ​នាម​ទ្រង់ ។ 3 បន្ទាប់​ពី​ព្រះ​គ្រីស្ទសុគត​ និង សាវក​ទ្រង់​បាន​ស្លាប់ នោះ​មនុស្ស​​បាន​ផ្លាស់​ប្តូរ​ ពិធី​បរិសុទ្ធ និង គោល​លទ្ធិ ។ សាសនា​ចក្រ​ដើម និង បព្វជិតភាព​បាន​បាត់​បង់ ។ បន្ទាប់​ពីយុគ្គ​ខ្មៅ​ងងឹត​ និង ក្រោម​ការ​ដឹកនាំ​​របស់​ព្រះ​បិតាសួគ៌ នោះព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ស្តារ​សាសនា​ចក្រ​ទ្រង់ឡើង​វិញ ។ ឥឡូវ​សាសនា​ចក្រ​នេះ​រស់​ឡើងវិញ ​ស្តារឡើង​វិញ ហើយ​ដំណើរ​ការ​ ក្រោម​ការ​ដឹក​នាំ​ដ៏​ទេវភាព​ទ្រង់ ។4

យើង​ធ្វើ​តាម​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ និង ការ​បង្រៀន​ទ្រង់ ។ យើង​ដឹង​ថា បន្ទាប់​ពី​ការ​ឈ្នះ​លើ​ការ​សុគតដ៏​រុង​រឿងរបស់​ទ្រង់ នោះព្រះ​អម្ចាស់​ដែល​រស់​ឡើង​វិញ ​បាន​បង្ហាញ​ខ្លួន​ដល់​ពួក​សិស្សទ្រង់​ជា​ច្រើន​ដង ។ ទ្រង់​សោយ​អាហារ​ជាមួយពួក​គេ ។ ទ្រង់​យាង​ជាមួយ​ពួកគេ ។ មុន​ការ​យាង​ទៅ​ស្ថាន​សួគ៌​ជា​លើក​ចុង​ក្រោយ ទ្រង់​បាន​បញ្ជា​ពួកគេ​ថា​ « ចូរ​ទៅ​បញ្ចុះ​បញ្ចូលឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍​ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹកឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជ​បុត្រា និង ព្រះ​វិញ្ញាណ​បរិសុទ្ធចុះ » ។ 5 សាវក​បាន​ស្តាប់​តាម​ការ​ណែ​នាំ​នោះ ។ ពួកគេ​ក៏​បាន​ហៅ​អ្នក​ផ្សេង​ទៀត ដើម្បី​ជួយ​គេ​បំពេញ​តាម​ការ​បញ្ជា​របស់​ព្រះ​អម្ចាស់ ។

សព្វ​ថ្ងៃ ក្រោម​ការ​ដឹក​នាំ​ពី​ពួកសាវក​ និង ព្យាការី​សម័យ​ទំនើប កិច្ចការដដែល​នោះ​បាន​ផ្តល់​ឲ្យ​ដល់​អ្នក​ផ្សព្វ​ផ្សាយ​​នៃ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ ។ អ្នក​ផ្សព្វ​ផ្សាយ​ទាំង​នេះ​បម្រើ​ជាង​ 150 ប្រទេស​ ។ ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ នោះ​ពួកគេ​ព្យាយាម​បំពេញ​បញ្ជា​ដ៏​ទេវភាព​នោះ​—ត្រូវ​បានរំឭក​ឡើង​វិញ​នៅ​ក្នុង​សម័យ​របស់​យើង​ដោយ​ព្រះ​អម្ចាស់​ទ្រង់​ផ្ទាល់​—​ដើម្បី​នាំមក​នូវ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ ទៅកាន់​ពិភពលោក ហើយ​ប្រទាន​ពរ​ដល់​មនុស្ស​គ្រប់​ទីកន្លែង ។ 6

អ្នក​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​វ័យជំទង់​​​ ឬ ពេល​អាយុ​ជិត​ 20 ឆ្នាំ គឺ​មាន​បទ​ពិសោធន៍​ខាង​លោកិយ៍ នៅ​ខ្ចីណាស់ ។ តែ​ពួកគេ​ត្រូវបាន​ប្រទាន​ពរដោយ​មាន​អំណោយ—ដូច​ជា ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្តី​ស្រឡាញ់​នៃ​ព្រះ និង ទី​បន្ទាល់នៃ​សេចក្តី​ពិត​—​ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​សារ​ទូត​ដែល​មាន​ឥទ្ធិពល​របស់​ព្រះ​អម្ចាស់ ។ ពួកគេ​ចែក​ចាយ​ព័ត៌មាន​ល្អៗ​​នៃដំណឹង​ល្អ ដែល​នឹង​នាំ​សេចក្តី​អំណរ​ និង សុភមង្គល​ពិតដ៏​អស់​កល្ប​ដល់​អស់​អ្នក​ដែល​ស្តាប់​សារ​លិខិត​របស់គេ ។ ហើយ​មាន​គ្រា​ជា​ច្រើន ដែល​ពួកគេ​ ធ្វើ​បែប​នេះ​បាន​នៅ​ក្នុង​ប្រទេស និង ភាសា​ដែល​ផ្សេង​ពី​ពួកគេ ។

ពួកអ្នក​ផ្សព្វ​ផ្សាយ​ព្យាយាម​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ទាំង​ពាក្យ​សម្តី និង ទង្វើ ។ ពួកគេ​បង្រៀន​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង ដង្វាយ​ធួន​ទ្រង់ ។ 7 ពួកគេ​បង្រៀន​ពី​ការ​ពិត​នៃ​ការ​ស្តារ​ឡើង​វិញ​នៃ​សាសនា​ចក្រ​ព្រះ​គ្រីស្ទ​ពី​បុរាណ​តាម​រយៈ​ព្យាការី​សម័យ​ចុង​ក្រោយ​ដំបូង​គេ​គឺ យ៉ូសែប ស្ម៊ីធ ។

អ្នក​ប្រហែល​ជា​បាន​ជួប ឬ ព្រ​ងើយ​កន្តើយ​នឹង​អ្នក​ផ្សព្វ​ផ្សាយ​យើង​ពី​មុនមក ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​ខ្លាច​ពួកគេ តែ​នឹង​រៀន​ជាមួយ​គេ ។ ពួកគេ​គឺ​ពិត​ជា​សារ​ទូត​ពី​ស្ថាន​សួគ៌ដែល​បាន​បញ្ជូន​មក​កាន់​អ្នក ។

ការណ៍​នេះ​បាន​កើត​មាន​ដល់ ជែរី ដែល​មានអាយុ 60 ឆ្នាំ​ ជា​សុភាព​បុរសជឿ​ខាងនិកាយ​ប្រូ​តេ​ស្តង់​​ ដែល​រស់នៅ​ក្នុងទីក្រុង មេសា រដ្ឋ​អារីហ្សូណា ។ ឪពុក​របស់ ជែរី គឺ​ជា​ សមាជិក​នៃ​ព្រះ​វិហារ​ បាប់​ទីស ម្តាយ​គាត់​ជា​សមាជិក​នៃ​ព្រះ​វិហារ មេតូឌីស ។ ថ្ងៃមួយ​មិត្ត​ជិត​ស្និទ្ធិរបស់​ ជែរី ឈ្មោះ ព្រីស៊ីឡា បាន​ប្រាប់​គាត់​ពី​ការ​ឈឺ​ចាប់​ ដែល​នាង​បាន​ទទួល​បន្ទាប់​ពីការ​ស្លាប់​កូន​របស់​នាង​ អំឡុង​ពេល​សំរាល និង ការ​លែង​គ្នា​ដ៏​​ល្វីង​ជូរ​ចត់ ដែល​បាន​កើត​ឡើង​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នោះ ។ ដោយការ​​ពុះ​ពារ ក្នុង​នាម​ជា​ម្តាយ​ទោល ព្រីស៊ីឡា មាន​​កូន​បួន​នាក់ ស្រីបី និង ប្រុសម្នាក់ ។ នៅ​ពេល​នាង​បាន​ប្រាប់​ពី​កង្វល់​ក្នុង​ចិត្ត​នាង​ដល់​ ជែរី នាង​បាន​សារភាព​នាងថា នាង​បានគិត​ថា​ចង់​សម្លាប់​ខ្លួន​ ។ ដោយ​កម្លាំង និង ក្តី​ស្រឡាញ់​ទាំងអស់ដែល ជែរី អាចប្រមូល​ផ្តុំ គាត់​បាន​ព្យាយាម​ជួយ​នាង​ឲ្យ​យល់​ថា ជីវិត​នាង​មាន​តម្លៃ ។ គាត់​បាន​អញ្ជើញ​នាង​ឲ្យ​ចូល​រួម​សាសនា​ចក្រ​គាត់ តែ ព្រីស៊ីឡា បាន​ពន្យល់ថា នាង​បាន​បោះ​បង់​ព្រះ​ចោល​ហើយ ។

ជែរី មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ ។ ក្រោយមក ពេល​កំពុង​ស្រោច​ទឹក​ផ្កា​នៅ​សួន​មុខ​ផ្ទះ បុរស​ដែល​មាន​ជំនឿ​រូប​នេះ បាន​អធិស្ឋាន​ដល់​ព្រះ​សុំ​ការ​ណែនាំ ។ ពេល​គាត់​អធិស្ឋាន នោះ​គាត់​ឮសំឡេង​ចេញ​ពី​ដួង​ចិត្ត​គាត់ថា « សូមឲ្យ​ក្មេង​ប្រុស​ជិះ​កង់​នោះ​ឈប់ » ។ ដោយ​មាន​អារម្មណ៍​ច្របូក​ច្របល់ ជែរី ឆ្ងល់​ថា​តើ​នេះ​មាន​ន័យ​យ៉ាង​ណា ។ នៅ​ពេល​គាត់​គិត​ពី​ការ​បំផុស​គំនិត​នេះ គាត់​បាន​មើល​ទៅ​ថ្នល់​ ហើយ​ឃើញ​ក្មេង​ប្រុស​ពីរនាក់​ពាក់ អាវស និង ក្រវ៉ាត់​ក កំពុង​ជិះ​កង់​សំដៅ​មក​ផ្ទះ​គាត់ ។ ដោយ​អស្ចារ្យ​នឹង « ភាព​ចៃដន្យ​ » នេះ នោះ​គាត់​បាន​មើល​ពួកគេ​ជិះ​កង់​កាត់​ចេញ​ទៅ ។ បន្ទាប់​មក​ ដោយ​ដឹង​ថា​ស្ថាន​ភាព​នោះ​តម្រូវ​ឲ្យ​គាត់​ធ្វើ នោះ​គាត់​ស្រែក​ហៅ « ឈប់​សិន ! អ្នក​ទាំង​ពីរ សូម​ឈប់​សិន ! ខ្ញុំ​ចង់​និយាយ​ជាមួយ​អ្នក ! »

ដោយ​​មើលទៅ​​ទាំង​ឆ្ងល់​ តែ​រំភើប នោះ​ក្មេង​ប្រុស​ទាំងពីរ​បាន​ឈប់ ។ នៅពេល​ពួកគេ​មក​ដល់ ជែរី បានឃើញ​ថា​ពួកគេ​ពាក់​ស្លាក​ឈ្មោះ​ដែល​សម្គាល់​ថា ពួកគេ​ជា​អ្នក​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ ។ ជែរី បាន​មើល​ពួក​គេ ហើយ​និយាយថា « នេះ​ដូច​ជា​ចម្លែក​បន្តិច តែ​ខ្ញុំ​បាន​អធិស្ឋាន ហើយ​ខ្ញុំ​ត្រូវ​បាន​ប្រាប់​ថា សូមឲ្យ​ក្មេង​ប្រុស​ជិះ​កង់​នោះ​ឈប់ ។ ខ្ញុំ​បាន​មើល​ទៅ​ថ្នល់​ ហើយ​អ្នក​ក៏​មកដល់ ។ តើ​អ្នក​អាច​ជួយ​ខ្ញុំ​បានទេ ? »

អ្នក​ផ្សព្វ​ផ្សាយ​ញញឹម ហើយ​ម្នាក់​បាន​និយាយ​ថា « បាទ ! ពួក​ខ្ញុំ​អាច​ជួយ​បាន » ។

ជែរី បាន​ពន្យល់ថា គាត់​ពិត​ជា​ខ្វាយ​ខ្វល់​ពី​ ព្រីស៊ីឡា ។ មិន​យូរ​ប៉ុន្មាន​ អ្នក​ផ្សព្វ​ផ្សាយ​បាន​ជួប​នឹង ព្រីស៊ីឡា កូន​ៗនាង និង ជែរី ។ ពួកគេ​បាន​ពិភាក្សា​ពី​គោល​បំណង​នៃ​ជីវិត និង ផែន​ការ​អស់​កល្ប​របស់​ព្រះ​សម្រាប់​ពួកគេ ។ ទាំង ជែរី និង ព្រីស៊ីឡា ហើយកូនៗ​នាង​បាន​រីក​ចម្រើន​ក្នុង​ក្តី​ជំនឿ​តាមរយៈ​ ការ​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះ ​ការសិក្សា​ព្រះ​គម្ពីរ​មរមនរបស់គេ និង ក្តី​ស្រឡាញ់​រាក់​ទាក់​ជាមួយ​សមាជិក​នៃ​សាសនា​ចក្រ ។ ជែរី មាន​ជំនឿ​រឹង​មាំ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​រួច​ហើយ ហើយកាន់​តែ​រឹង​មាំ​ឡើង ។ ការ​សង្ស័យ និង គំនិត​ចង់​សម្លាប់​ខ្លួន​របស់ Pricilla បាន​ប្រែ​ទៅ​ជា​ក្តី​សង្ឃឹម និង សុភមង្គល ។ ពួកគេ​បានទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ក្លាយ​ជា​សមាជិក​នៃ​សាសនា​ចក្រ​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើងវិញ ។ 8

មែន​ហើយ អ្នក​​ផ្សព្វ​ផ្សាយ​អាច​ជួយ​បាន​រឿង​ជា​ច្រើន​ទៀត ។ តួយ៉ាង មាន​អ្នក​ខ្លះ​ចង់​ដឹង​បន្ថែម​ទៀត​ពី​ដូន​តា​របស់​អ្នក ។ អ្នក​អាច​ស្គាល់​ឈ្មោះ​របស់​ឪពុក​ម្តាយ​ និង ជីដូន​ជីតា​ទាំង​បួន​របស់​នាក់បាន​ ចុះ​ជីដូន​ជីតាទួតទាំង​ប្រាំ​បី​នាក់​របស់​អ្នក​វិញ​នោះ ? តើ​អ្នក​ស្គាល់​ឈ្មោះ​ពួកគាត់​ទេ ? តើ​អ្នក​ចង់​ដឹង​ថែម​ទៀត​ពី​ពួកគាត់​ទេ ? សូម​សួរ​​អ្នក​ផ្សព្វ​ផ្សាយ​ទៅ ! ពួកគេ​អាច​ជួយ​អ្នក​បាន ! 9 ពួកគេ​​អាច​ចូល​ទៅ​យ៉ាង​លឿន​ដល់​កំណត់​ត្រា​ពង្ស​ប្រវត្តិ​គ្រួសារដ៏​ធំ​នៃ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

អ្នក​ទាំង​អស់​គ្នា​ខ្លះ​ គឺ​ជា​សមាជិក​ តែ​បច្ចុប្បន្ន​មិន​បាន​ចូល​រួមក្នុង​សាសនា​ចក្រ​បាន​​ពេញ​លេញ​ទេ ។ អ្នក​ស្រឡាញ់​ព្រះ​អម្ចាស់ ហើយ​តែង​តែ​គិត​ពី​ការត្រឡប់​មក​កាន់​ក្រោល​ទ្រង់​វិញ ។ តែ​អ្នក​មិន​ដឹង​ថា​ចាប់​ផ្តើម​ដោយ​របៀប​ណាទេ ។ ខ្ញុំ​ឲ្យ​យោបល់​អ្នក​ថា សូម​សួរ​អ្នក​ផ្សព្វ​ផ្សាយ ! 10 ពួកគេ​អាច​ជួយ​អ្នក​បាន ! ពូកគេ​អាច​ជួយ​អ្នក​ដោយ​បង្រៀន​មនុស្ស​ជា​ទី​ស្រឡាញ់​អ្នក ។ យើង និង អ្នក​ផ្សព្វ​ផ្សាយ​ ស្រឡាញ់​អ្នក ហើយ​មាន​បំណង​នាំ​ក្តី​អំណរ និង ពន្លឺ​នៃ​ដំណឹង​ល្អ​ត្រឡប់​ទៅ​ក្នុង​ជីវិត​អ្នក​វិញ ។

មាន​អ្នក​ខ្លះ​ចង់​ដឹង​ពី​របៀប​យក​ឈ្នះ លើ​ការ​ញៀន ឬ ចង់​រស់​នៅ​បាន​យូរ​ជាង ហើយ​រីករាយ​នឹង​សុខភាព​ដែល​ល្អ​ជាង ។ សូម​សួរ​​អ្នក​ផ្សព្វ​ផ្សាយ​ទៅ ! ពួកគេ​អាច​ជួយ​អ្នក​បាន ! ការ​សិក្សាជាឯករាជ្យ​មួយ​បាន​បង្ហាញ​ថា សមាជិក​នៃ​សាសនាចក្រ​នៃព្រះ​យេស៊ូវ​គ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ គឺ​ជា​ក្រុម​មនុស្ស​ដែល​មាន​សុខភាព​ល្អ ។ អាត្រា​ស្លាប់​នៅ​ក្នុង​ចំណោម​ពួកគេគឺ​ទាប​បំផុត ហើយ​ពួកគេ​មាន​អាយុ​វែង​ជាង​មនុស្ស​ផ្សេងទៀត នេះ​ជា​ការ​​រាយ​ការណ៍​យ៉ាង​ច្បាស់​ពី​ក្រុម​អ្នក​សិក្សា​អស់​ពេល​ជា​ច្រើន​ឆ្នាំមក​ហើយ​នៅ​ក្នុង​សហរដ្ឋ​ ។ 11

មាន​អ្នក​ខ្លះ អាច​ទទួល​អារម្មណ៍​ថា ជីវិត​នេះ​មាន​ភាព​រវល់ និង វីវក់ តែ​ក្នុង​ជម្រៅ​នៃ​ដួង​ចិត្ត​អ្នក នោះ​អ្នក​ទទួល​អារម្មណ៍​ថា​នៅ​តែមាន​​ការ​ឈឺ​ចាប់​ឥត​ន័យ ដោយ​គ្មាន​ទិសដៅ ឬ គោលដៅ ។ សូម​សួរ​​អ្នក​ផ្សព្វ​ផ្សាយ​ទៅ ! ពួកគេ​អាច​ជួយ​អ្នក​បាន ! ពួកគេ​អាច​ជួយ​អ្នក​ឲ្យ​រៀន​ថែម​ទៀត​ពី​គោល​ដៅ​ពិត​នៃ​ជីវិត​នេះ—​ហេតុ​អ្វី​បាន​ជា​អ្នក​មក​លើ​ផែន​ដី​នេះ ហើយ​តើ​អ្នក​នឹង​ទៅ​ណា​បន្ទាប់​ពី​ស្លាប់ ។ អ្នក​អាច​រៀន​ពី​របៀប​ដែល​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​ប្រទាន​ពរ​ដល់​ជីវិត​អ្នក​​លើស​ពី​អ្វីៗ​ដែល​អ្នក​គិត​ស្រម៉ៃ​ក្នុង​ពេល​បច្ចុប្បន្ននេះ ។

បើសិន អ្នក​មាន​កង្វល់​ពី​គ្រួសារ​អ្នក សូម​សួរ​​អ្នក​ផ្សព្វ​ផ្សាយ​ទៅ ! ពួកគេ​អាច​ជួយ​អ្នក​បាន ! ការ​ពង្រឹង​អាពាហ៍​ពិពាហ៍ និង​ ក្រុម​គ្រួសារ គឺ​ជា​កិច្ច​ការ​សំខាន់​បំផុត​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ក្រុម​គ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត ។ សូម​សួរ​​អ្នក​ផ្សព្វ​ផ្សាយ​ ឲ្យ​បង្រៀន​អ្នក​ពី​របៀប​ដើម្បី​ឲ្យ​ការណ៍​នេះ​កើត​មាន​ដល់​គ្រួសារ​អ្នក ។

អ្នក​ផ្សព្វ​ផ្សាយ​អាច​ជួយ​អ្នក ជាមួយ​នឹង​បំណង​សម្រាប់​ការ​ចេះដឹង​ដ៏​អស្ចារ្យ ។ វិញ្ញាណ​មនុស្ស​ចង់​បាន​ការ​ត្រាស់​ដឹង ។ មិន​ថា​សេចក្តី​ពិត​បាន​មក​ពី​មន្ទីរ​ពិសោធន៍​វិទ្យាសាស្ត្រ ឬ ដោយ​វិវរណៈ​មក​ពី​ព្រះ នោះ​យើង​អាច​ស្វែង​រក​វាបាន ! សិរី​ល្អ​នៃ​ព្រះ​ គឺ​ជា​បញ្ញា ។ 12

បង្កើន​ការ​សិក្សារួម​មាន​ទាំង ​ខាង​វិញ្ញាណ ព្រម​ទាំង​ខាង​ខាង​សាច់​ឈាមផង​ដែរ ។ យើង​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​យល់​ពីគម្ពីរ​ពិសិដ្ឋ​ ។ ថ្មី​ៗ​នេះ ការ​សិក្សា​ឯករាជ្យ​មួយ​បាន​រក​ឃើញ​ថា ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ មាន​ចំណេះ​ដឹង​ច្រើន​បំផុត​អំពី​ព្រះ​គ្រីស្ទ និង គម្ពីរបរិសុទ្ធ ។ 13 បើ​សិន​អ្នក​ចង់​យល់​គម្ពីរ​បរិសុទ្ធ​ គម្ពីរ​មរមន​បាន​ប្រសើរ​ជាងនេះ ហើយ​ទទួល​ការ​យល់​ដឹង​ទូលំទូលាយ​ពី​ភាព​ជា​បងប្អូន​នៃ​មនុស្ស និង ភាព​ជា​បិតា​របស់​ព្រះនោះ សូម​សួរ​​អ្នក​ផ្សព្វ​ផ្សាយ​ទៅ ! ពួកគេ​អាច​ជួយ​អ្នក​បាន ! ​

មាន​មនុស្ស​ច្រើន​នៃ​អ្នក​ទាំង​អស់​គ្នា មាន​បំណងធំធេងដើម្បី​ជួយ​មនុស្ស​ដែល​ទ័ល​ក្រ ។ ដោយ​សារ​យើង​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ នោះពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ក៏​បានផ្តល់​តាម​សេចក្តី​ត្រូវ​ការ​នោះ​ឥត​ឈប់ឈរ ។ 14 មនុស្ស​គ្រប់​គ្នា​អាច​ចូល​រួម​ជាមួយ​យើង​ ដើម្បី​ជួយ​អ្នក​ទ័លក្រ ហើយ​ផ្តល់​ការ​សង្គ្រោះ​ជន​រង​គ្រោះ​ ដោយ​គ្រោះ​ធម្មជាតិ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ពិភពលោក ។ បើ​សិន​អ្នក​ចង់​ចូល​រួម​នោះ សូម​សួរ​​អ្នក​ផ្សព្វ​ផ្សាយ​ទៅ ! ពួកគេ​អាច​ជួយ​អ្នក​បាន !

ហើយ​បើសិនអ្នក​ចង់​ដឹង​បន្ថែម​អំពី​ជីវិត​បន្ទាប់​ពី​សេចក្តី​ស្លាប់ ស្ថាន​សួគ៌ ផែនការ​ព្រះ​សម្រាប់​អ្នក បើសិន​អ្ន​ក​ចង់​ដឹង​បន្ថែម​ពី​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដង្វាយ​ធួន​ទ្រង់ និង​ សាសនា​ចក្រ​ដែល​បានស្តារ​ឡើង​វិញ​របស់​ទ្រង់​ដូច​ដែល​មាន​តាំង​ពី​បុរាណ​នោះ សូម​សួរ​​អ្នក​ផ្សព្វ​ផ្សាយ​ទៅ ! ពួកគេ​អាច​ជួយ​អ្នក​បាន !

ខ្ញុំ​ដឹង​ថា ព្រះ​មាន​ព្រះ​ជន្ម​រស់នៅ ។ ព្រះ​យេស៊ូវ​ គឺ​ជា​ព្រះ​គ្រីស្ទ ។ សាសនា​ចក្រ​ទ្រង់​ត្រូវ​បាន​ស្តារ​ឡើង​វិញ ។ ដោយចិត្ត​ក្លៀវ​ក្លា ខ្ញុំ​សូម​អធិស្ថាន​ថា សូម​ឲ្យ​ព្រះ​ប្រទាន​ពរដល់​​អ្នក​គ្រប់​គ្នា និង អ្នក​ផ្សព្វ​ផ្សាយ​ដ៏​អស្ចារ្យរបស់​​យើង​ម្នាក់​ៗ នៅ​ក្នុង​ព្រះនាម​ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. Thomas S. Monson, “As We Meet Together Again,” Liahona, Nov. 2010, 5–6.

  2. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា 4:3 ។

  3. សូមមើល ម៉ាថាយ​ 10:1; លូកា​ 6:13; 10:1; អេភេសូរ 4:11–12. ។

  4. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា 1:30

  5. ម៉ាថាយ 28: 19 ។

  6. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា 68:8; 84:62; 112:28 ។

  7. សូមមើល កូរិនថូសទី  1 2:2; នីហ្វៃទី  2 25–26 ។

  8. ការ​សម្ពាសន៍​ផ្ទាល់​មកពី ដបុលយូ  ត្រស៊ី វ៉តុន អតីត​ប្រធាន​បេសកកម្ម​ អារីហ្សូណា មេសា ។

  9. កន្លែង​ដែល​ខ្ញុំ​បាន​និយាយ​ឃ្លា​អញ្ជើញថា « សូម​សួរ​អ្នក​ផ្សព្វ​ផ្សា​យ​ទៅ » អ្នក​ក៏​អាច​សួរ​មិត្ត​ភក្តិ​ដែល​ជា​សមាជិក​នៃ​សាសនា​ចក្រ​សម្រាប់​ជំនួយ​ផង​ដែរ ។

  10. សាច់​ញាត្តិ មិត្ត​ភក្តិ និង អ្នក​ដឹកនាំ​សាសនាចក្រ​ដែល​ចូល​រួម​យ៉ាង​សកម្មអាច​សុំ​​ឲ្យ​ជួយ​ដោយ​រីករាយ ។

  11. សូមមើល ជេមស៍  អ៊ី. អ៊ិន​ស្រម និង លេស្ទើរ ប្រេស្រូ « Lifestyle and Reduced Mortality among Active California Mormons, 1980–2004, » Preventative Medicine វ៉ុល 46 ( ឆ្នាំ 2008), 135 ។

  12. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា 93:36 ។

  13. សូម​មើល U.S. Religious Knowledge Survey (Pew Forum on Religion and Public Life ថ្ងៃទី  28 ខែ​កញ្ញា ឆ្នាំ 2010 ), 7 ។

  14. សូម​មើល រ៉ាម ណាន, វ៉ាន់ អ៊ីវាន់ និង ដានីញ៉ែល  ដបុលយូ ឃើទីស Called to Serve: The Prosocial Behavior of Active Latter-day Saints (University of Pennsylvania School of Social Policy and Practice (2012), “Mormon Volunteerism Highlighted in New Study” (Mar. 16, 2012), គេហ​ទំព័រ​ http://www.mormonnewsroom.org/article/mormon-volunteerism-report;; Pew Research Center, Mormons in America; Certain in Their Beliefs but Uncertain of Their Place in Society (Pew Forum on Religion and Public Life, Jan. 12 ឆ្នាំ 2012 ), 43; Robert  D. Putnam and David  E. Campbell, American Grace: How Religion Divides and Unites Us ( ឆ្នាំ 2010 ), 444–54 ផង​ដែរ ។