ឆ្នាំ ២០១០-២០១៩
ការ​ចូលរួមដោយឧស្សាហ៍
តុលា 2012


ការ​ចូលរួមដោយឧស្សាហ៍

មាន​រឿង​អស្ចារ្យ​ជា​ច្រើន បាន​កើត​មាន ហើយ​បន្ទុក​ជាច្រើន​ត្រូវ​បាន​សម្រាល តាមរយៈ​ការ​ខិត​ខំ​របស់​មនុស្ស​ជាច្រើន « ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​បព្វហេតុ​ល្អ » ។

អែលឌើរ ភែរី ខ្ញុំ​គិត​ថា លោកគឺ​ជា​មនុស្សចាស់​អាយុ 90 ឆ្នាំ ដែល​រឹងប៉ឹង​ជាងគេ​បំផុត នៅ​ក្នុង​សាសនាចក្រ​ទាំងមូល ។ អ្នករាល់គ្នា​មាន​ចាប់​អារម្មណ៍​ទេ ពេល​គាត់​លោត​ចេញ​ពី​កៅ​អី​របស់​គាត់​នោះ ។

បងប្អូនប្រុសស្រីជាទីស្រឡាញ់​របស់​ខ្ញុំ ជារៀងរាល់ពេល ខ្ញុំចូលចិត្តប៉េងប៉ោះទំស្រស់ ឬ បរិភោគផ្លែភីចទំជោរ បេះពីដើម គំនិតរបស់ខ្ញុំបែរត្រឡប់ទៅ 60 ឆ្នាំមុន នៅពេលឪពុកខ្ញុំមានចម្ការ​ភិចដ៏តូចមួយនៅឯ ក្រុង ហូលីដេ រដ្ឋយូថាហ៍ ។ គាត់បានរក្សាសំបុកឃ្មុំនៅទីនោះ ដើម្បីនឹងរោយលំអងផ្កាភីចរីកស្គុស​ស្គាយ ដែលទីបំផុតនឹងក្លាយទៅជាផ្លែភិចដ៏ធំនឹងឆ្ងាញ់។

លោកឪពុកស្រឡាញ់សត្វឃ្មុំដ៏ស្លូតរបស់គាត់ ហើយមានចិត្តអស្ចារ្យអំពីរបៀបដែលពួកវារាប់​ពាន់ក្បាល ធ្វើការរួម​គ្នា ដើម្បីនឹងផ្លាស់ប្តូរទឹកដមផ្កា ដែលបានប្រមូលពីផ្កាភិចរីករបស់គាត់ ទៅជាទឹកឃ្មុំដ៏​ផ្អែមពណ៌មាស—ជាអាហារដ៏មានអត្ថប្រយោជន៍បំផុតពីធម្មជាតិ។ ការពិត អ្នក​ខាង​អាហារបំប៉ន ប្រាប់​យើងថា វាគឺជា​អាហារមួយមុខ​ដែលមានរួមនឹងសារធាតុ—អង់ស៊ីម វាតាមីន ខនីជ និងទឹក—ចាំបាច់ដើម្បីទ្រទ្រង់ជីវិត។

លោកឪពុកតែងតែចង់​ឲ្យ​​​ខ្ញុំចូល​រួម​នៅក្នុងកិច្ចការរបស់គាត់នឹងសំបុក​ឃ្មុំដែរ ប៉ុន្តែខ្ញុំសប្បាយចិត្ត ឲ្យគាត់ថែទាំឃ្មុំ។ ប៉ុន្តែ តាំងពីថ្ងៃ​នោះមក ខ្ញុំបានរៀនជាច្រើនអំពីសំបុកឃ្មុំដែលវាមានរបៀបរៀបរយ​យ៉ាងខ្លាំង​—មួយសំបុកមានឃ្មុំប្រហែលជា 60,000 ក្បាល។

ឃ្មុំធ្វើ​ឲ្យលំអងផ្ការោយ រួច​ប្រមូលទឹកលំអង ហើយពូនផ្តុំវាទៅជាទឹកឃ្មុំ។ វាគឺជាភារិកិច្ចដ៏ធំក្រៃលែង ដែលស្ថិតនៅក្នុងខ្លួនវា ដោយព្រះបង្កើតរបស់យើង។ គេប៉ាន់​ស្មានថា វាអាចនឹង ផលិតបានតែមួយផោន (0.45 kg) នៃទឹកឃ្មុំ ពេល​ដែល​ឃ្មុំជាមធ្យម​មាន​ពី 20,000 ទៅ 60,000 ក្បាលនៅក្នុងសំបុក ត្រូវតែប្រមូល​ទឹកលំអងរាប់លាន ហើយធ្វើដំណើរ​ស្មើរ​នឹងការ​ធ្វើ​ដំណើរ​ពីរដងជុំវិញផែនដី)។ ក្នុងជីវិតដ៏ខ្លីរបស់វារយៈពេលប៉ុន្មានសប្តាហ៍ទៅ​បួន​ខែ ឃ្មុំតែមួយអាចធ្វើការ​បរិច្ចាកទឹកឃ្មុំទៅក្នុងសំបុកបានតែ ០.42 ម.ល. តែប៉ុណ្ណោះ។

ថ្វីបើហាក់ដូចជាមិនសូវសំខាន់ក្តី បើប្រៀបទៅនឹងចំនួនសរុប ចំនួនបរិច្ចាកដ៏តិចនៃឃ្មុំ​និមួយ ៗ គឺសំខាន់ណាស់ចំពោះជីវិតក្នុងសំបុក។ ឃ្មុំសំអាងលើគ្នាទៅវិញទៅមក។ ការងារដ៏ធំ សម្រាប់ឃ្មុំពីរបីក្បាលគឺត្រូវបានសម្រាល ដោយព្រោះតែឃ្មុំទាំងអស់បំពេញតាមផ្នែករៀងៗ​ខ្លួន។

សំបុកឃ្មុំតែងតែជានិមិត្តរូបដ៏សំខាន់មួយ​នៅក្នុងប្រវត្តិសាសនាចក្រយើង។ យើងរៀនដឹងនៅ​ក្នុងព្រះគម្ពីរមរមនថា ពួកយ៉ារេឌបានយកសំបុកឃ្មុំទៅជាមួយពួកគេ ( សូមមើល អេធើរ 2:3 ) នៅពេលពួកគេធ្វើដំណើរទៅ ទ្វីបអាមេរិករាប់ពាន់ឆ្នាំមុន ។ ព្រិកហាំយ៉ង់ បានជ្រើសសំបុកឃ្មុំជានិមិត្តរូបមួយ ដើម្បីនឹងលើកស្ទួយ និងបំផុសគំនិតនូវឋាមពលសហការ ចាំបាច់ក្នុងចំណោមពួកអ្នកត្រួសត្រាយ ដើម្បីនឹងផ្លាស់​ប្តូរ ទីហួត ហែងជុំវិញសតល៍ ឡេកដ៏ធំទៅជាជ្រលងភ្នំដែលមានជីវជាតិ ដែលយើងមានសព្វថ្ងៃនេះ។ យើងគឺជា អ្នកទទួលផលនៃចក្ខុវិស័យ និង ការ​ប្រឹង​ប្រែងរបស់គេដែរ។

និមិត្តរូបនៃសំបុកឃ្មុំ គឺអាចរកឃើញនៅខាងក្នុង និង ​ខាងក្រៅនៃព្រះវិហារបរិសុទ្ធជាច្រើនរបស់ យើង។ វេទិការដែល​ខ្ញុំ​កំពុងឈរនេះ បានធ្វើពីឈើរវ៉ល់ណាត់ ដុះនៅក្នុងទីវាលខាងក្រោយផ្ទះរបស់ ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី ហើយមានឆ្លាក់​ជាសំបុកឃ្មុំនៅ​លើ​នេះ​ផង​ដែរ​ ។

និមិត្តរូបទាំងអស់នេះ បញ្ជាក់នូវការពិតមួយថា ការណ៍ដ៏ធំទាំងឡាយត្រូវបានសម្រេច ហើយបន្ទុកត្រូវបានសម្រាល តាមរយៈការខិតខំរបស់​មនុស្ស​ជាច្រើនរូប « ដើម្បីនឹងចូលប្រឡូក នៅក្នុងទង្វើដ៏ល្អក្រៃ​លែង » (គ និង​ ស 58:27 ) ។ សូមគិតស្រម៉ៃអំពីអ្វីដែលពួកបរិសុទ្ធ​រាប់លាននាក់ អាចសម្រេចបាននៅ​ក្នុង​ពិភព​លោក​នេះ​ បើ​យើងផ្តោត​ការ​​ធ្វើ​ការ​ដូច​ជា​​សត្វឃ្មុំនោះ ដោយ​ប្តេជ្ញា​​​​យក​ចិត្ត​ទុក​ដាក់​លើ​ការបង្រៀនរបស់ព្រះ​អម្ចាស់ ព្រះ​យេស៊ូវគ្រីស្ទ។

ព្រះអង្គសង្គ្រោះបានបង្រៀននូវបញ្ញត្តិដំបូងដ៏ធំមួយគឺ៖

« ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង។

« ហើយបញ្ញត្តិទី2ក៏បែបដូចគ្នាដែរគឺថា ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង »

« បណ្តាក្រឹត្យវិន័យនឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនូវបទបញ្ញត្តិទាំង2ប្រការនេះឯង » ( ម៉ាថាយ 22:37, 39–40 )

ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះគឺងាយស្រួល ប៉ុន្តែអត្ថន័យនៃ​ពាក្យ នោះ​មានជម្រៅជ្រៅ និង សំខាន់។ យើង​គប្បីស្រឡាញ់ព្រះ ហើយស្រឡាញ់ មើលថែអ្នកជិតខាងយើងដូចជាខ្លួនយើង។ ចូរគិត​ស្រម៉ៃនូវទង្វើល្អដែលយើងអាចធ្វើនៅក្នុងពិភពលោក បើយើងរួមគ្នា ដោយ​សាមគ្គីក្នុង​នាម​ជា​អ្នកដើរតាមព្រះគ្រីស្ទ ឆ្លើយតបចំពោះសេចក្តីត្រូវការអ្នកដទៃ ដោយខំព្យាយាមប្រឹងប្រែង និងបម្រើ អស់អ្នកនៅជុំវិញយើងដែល​ជា—ក្រុមគ្រួសារយើង មិត្តយើង អ្នកជិតខាងយើង និងពលរដ្ឋយើង។

ដូចដែលលិខិតរបស់យ៉ាកុបកត់​ត្រាថា​ ការបម្រើពិតជាអត្ថន័យនៃសាសនាដែល​បរិសុទ្ធ ( សូមមើល យ៉ាកុប 1:27 ) ។

យើងអានអំពីការបម្រើ ដែលសមាជិកក្នុង​សាសនា​ចក្រ ផ្តល់ទូទាំងពិភពលោក ហើយជាពិសេស ការបម្រើខាងមនុស្សធម៌ដែល​បានផ្តល់នៅក្នុងបណ្តាវិបត្តិអាសន្ន—អគ្គីភ័យ ទឹកជំនន់ ខ្យល់ព្យុះ ខ្យល់ គួច ។ ការ​ឆ្លើយ​តប​ចំពោះតម្រូវការជាច្រើន និង អំណរគុណ​ទាំងនេះ​ គួរ​តែបន្តទៅមុខ ជារបៀបដើម្បី នឹងជួយសម្រាលបន្ទុក។ ចុះចំណែកជីវិតប្រចាំថ្ងៃរបស់យើងយ៉ាង​ម៉េច​វិញ ? ដោយ​សារ​ពួកគ្រីស្ទាន មាន​សេចក្តី​ស្រឡាញ់​ខ្លាំង​ចំពោះ​អ្នក​ដទៃ តើ​ការ​ប្រមូល​ផ្តុំ​នូវ​ទង្វើមនុស្ស​ធម៌​តូចៗរាប់លានដែល​បាន​ធ្វើ​ឡើង​ប្រ​ចាំ​ថ្ងៃ ដោយ​ពួក​យើង​មាន​ប្រសិទ្ធភាព​យ៉ាង​ណា​? យូរៗ​ទៅ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ ចំពោះកូនទាំងអស់របស់ព្រះវរបិតាសួគ៌យើង តាមរយៈការបង្ហាញសេចក្តីស្រឡាញ់ ដល់​ពួកគេ​ដោយយើងរាល់គ្នា។ សព្វ​ថ្ងៃ​នេះ​ពិភពលោកដែលមានវិបត្តិ មាន​តម្រូវការសេចក្តី​ស្រឡាញ់​របស់ព្រះគ្រីស្ទនេះ ជាងពេលណាៗទាំងអស់ ហើយពិភពលោក​នេះ​នឹងត្រូវ​ការ​ក្តីស្រឡាញ់​នេះ​កាន់​តែ​ច្រើន​ឡើង​នៅ​ពេល​ខាង​មុខ​ទៀត ។

ទង្វើនៃការបម្រើប្រចាំថ្ងៃដ៏ងាយទាំងនេះ អាច​នឹង​មិន​​មាន​ទំហំ​ធំចំពោះ​ពួកគេ​ទេ ប៉ុន្តែនៅពេលដាក់​បញ្ចូល​គ្នា​ទៅ​ វា​ហាក់​ដូច​ជា​ទឹក​ឃ្មុំ​ចំណុះ 0.42 ម.ល របស់​ឃ្មុំ​ដែល​បាន​បរិច្ចាកដោយ​ឃ្មុំ​មួយ​ក្បាល​អញ្ចឹង​ ។ មានអំណាចនៅ​ក្នុងសេចក្តីស្រឡាញ់សម្រាប់ព្រះ និង កូនចៅ​​ទ្រង់ ហើយនៅ ពេលសេចក្តីស្រឡាញ់ត្រូវ​បញ្ចេញ​តាម​រយៈ​សកម្មភាពដ៏សប្បុរស​រាប់​លាន​របស់​ពួក​គ្រីស្ទាន នោះ វា​នឹង​ពង្រីក និង​ បីបាច់ពិភព​លោកជា​មួយ​នឹង​ទឹក​ដម​ទ្រទ្រង់​ជីវិត​នៃ​សេចក្តីជំនឿ សេចក្តី​សង្ឃឹម និង សេចក្តីសប្បុរស។

តើយើងគប្បីនឹងធ្វើអ្វីដើម្បីឲ្យ​បាន​ ដូចជាសត្វឃ្មុំដ៏ឧស្សាហ៍ និង មាន​នូវ​ការ​លះបង់​នោះ​ជា ផ្នែកនៃ ធម្មជាតិរបស់យើងនោះ? យើងរាល់គ្នាជាច្រើនរូបមានករណី​​កិច្ចចូលរួមការប្រជុំក្នុង​សាសនា​ចក្រ ។ យើងខំធ្វើការនៅក្នុងការហៅរបស់យើង ហើយ​ជាពិសេសនៅ​ថ្ងៃអាទិត្យ។ នោះពិតជា ការណ៍​មួយ​ដ៏​ប្រពៃ ។ ​ប៉ុន្តែ តើ​គំនិត និង ដួងចិត្តយើងបាន​ចូល​រួម​ដោយ​ឧស្សាហ៍ ក្នុងទង្វើល្អនៅពេញមួយ​សប្តាហ៍ទេ? តើយើងគ្រាន់តែធ្វើការ​នោះ​ឲ្យ​រួចតែ​ពី​ដៃ ឬក៏យើងពិតជាបានប្រែចិត្តជឿ ចំពោះដំណឹងល្អរបស់ព្រះគ្រីស្ទ? តើយើងនឹងថែគ្រាប់ពូជនៃសេចក្តីជំនឿដែលបានដាក់ នៅ ក្នុងចិត្តយើង ដើម្បី​ឲ្យ​វា​ដុះ​កាន់​តែ​ជ្រៅ​នៅ​ក្នុង​ព្រលឹង​​យើង​បាន​ដោ​យ​របៀប​ណា​ ? តើយើង នឹងធ្វើឲ្យមានការផ្លាស់ប្តូរដូង​ចិត្តដ៏ធំនោះ ដូចដែលអាលម៉ាបាននិយាយ ថាជា​ការ​ចាំបាច់ដើម្បី​បាន សុភមង្គល និង ភាពសុខសាន្តអស់កល្បជានិច្ចបាន​ដោយ​របៀប​ណា ? (សូមមើល អាលម៉ា 5:12–21 )។

សូមចាំថា ទឹកឃ្មុំមាននូវ​សារធាតុទាំងអស់ ចាំបាច់ដើម្បីទ្រទ្រង់ជីវិតរមែងស្លាប់។ ហើយគោលលទ្ធិ និង ដំណឹងល្អរបស់ព្រះគ្រីស្ទ គឺ ជារបៀបតែមួយគត់​ដើម្បីទទួល​បាន ជីវិតដ៏អស់កល្បជានិច្ច។ គឺនៅពេលដែលទីបន្ទាល់របស់យើងបានរីក​ចម្រើន​ឡើង​ហួស​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​គំនិត ហើយ​ចូល​ទៅ​ក្នុង​ដួង​ចិត្ត​យើង នោះ​វា​នឹង​ជម្រុញឲ្យ​​ក្តីស្រឡាញ់ និងការ​​បម្រើរបស់​យើង​ក្លាយ​ដូច​ជា​ព្រះអង្គសង្រ្គោះ ។ គឺដល់ពេលនោះហើយ ដែលយើងក្លាយទៅជាសិស្សដែលប្រែចិត្តជឿ យ៉ាងជ្រាលជ្រៅរបស់ព្រះគ្រីស្ទ ពង្រឹងឡើងដោយព្រះវិញ្ញាណ ដើម្បីមាន​ឥទ្ធិពលដល់​ដួង​ចិត្ត បងប្អូនយើង។

នៅពេលដួងចិត្តយើងមិនផ្តោតទៅលើរបស់ខាងលោកិយនេះ នោះ​យើងនឹងពុំស្វែង​រក​នូវ​ការ​សរសើរ​ពី​អ្នក​ដទៃ ឬ ចង់​បាន​ភាព​ស្កប់​ស្កល់​ចំពោះ​សេចក្តី​ឆ្មើង​ឆ្មៃ​យើងទេ ( សូមមើល គ និង​ ស 121:35--37 )។ ផ្ទុយទៅវិញ យើងលើក​ដាក់​លើ​ខ្លួន​នូវ​លក្ខណៈសម្បត្តិ​នៃ​ ព្រះគ្រីស្ទ ដែលព្រះយេស៊ូវ បានបង្រៀនថា៖

  • យើងមានចិត្តទន់ភ្លន់ និងការស្លូតបូត និងដោយការស្រឡាញ់ស្មោះត្រង់ ( សូមមើល គ និង ស 121:41) ។

  • យើងមានចិត្ត​ដោយឥតលាក់ពុតឬដោយឥតមានឧបាយកលឡើយ (សូមមើល គ និង ស 121:42) ។

  • យើងពេញទៅដោយសេចក្តីសប្បុរសដល់មនុស្សទាំងអស់ (សូមមើល គ និង ស 121:45) ។

  • គុណធម៌តុបតែងគំនិតអ្នកជានិច្ច (សូមមើល គ និង ស 121:45) ។

  • យើងពុំមានបំណងប្រព្រឹត្តិអំពើទុច្ចរិត (សូមមើលម៉ូសាយ 5:2) ។

  • ព្រះវិញ្ញាណបរិសុទ្ធគឺជាដៃ​គូ​ដ៏ខ្ជាប់ខ្ជួន ហើយគោលលទ្ធិនៃបព្វជិតភាព នឹងស្រោច​មក​លើព្រលឹង​​អ្នក ដូចជាទឹកសន្សើមចុះពីលើមេឃ ( សូម​មើល គ និង ស 121:45--46 ) ។

ឥឡូវនេះ បងប្អូន​ប្រុស​ស្រី ខ្ញុំមិនលើក​ទឹកចិត្តខាងសាសនាខ្លាំង​យ៉ាងហួសហេតុពេកឡើយ។ គឺផ្ទុយពីនោះទៅ​វិញ! ខ្ញុំស្នើ​សុំ​ដោយ​សាមញ្ញ ថា យើងត្រូវតែបោះជំហានជាលំដាប់នៅក្នុង​ការប្រែចិត្តជឿដ៏ពេញ លេញរបស់​យើង​ ចំពោះដំណឹងល្អព្រះគ្រីស្ទ ដោយដាក់​គោលលិទ្ធិចូល​ទៅ​ក្នុង​ជម្រៅ​ដួង​ចិត្ត និង​​ ​ព្រលឹង​យើង យើង​នឹង​ប្រព្រឹត្ត ហើយរស់​នៅ​ស្រប​តាម​គោលលិទ្ធិ​ទាំង​នោះ​—ហើយមាន​សុចរិតភាព​—ចំពោះអ្វីដែលយើងជឿ។

សុចរិតភាពនេះធ្វើឲ្យជីវិតយើងងាយស្រួល និង ពង្រីកចំណាប់អារម្មណ៍យើង ចំពោះព្រះ​វិញ្ញាណ និង តម្រូវការរបស់អ្នកដទៃ។ វានាំមកនូវសេចក្តីអំណរចូលក្នុងជីវិតយើង និង ភាពសុខសាន្តចំពោះព្រលឹង​យើង​ —ជា​ប្រភេទនៃសេចក្តីអំណរ និង ភាពសុខសាន្តដែលមានមកដល់យើងពេលយើងប្រែចិត្ត​ពី​អំពើបាប​របស់យើង ហើយដើរតាមព្រះអង្គ​សង្គ្រោះ ដោយការរក្សាព្រះបញ្ញត្តិរបស់ទ្រង់។

តើយើងអាចធ្វើការផ្លាស់ប្តូរនេះបែបណាទៅ ? តើយើងអាចធ្វើ​ឲ្យក្តីស្រឡាញ់របស់​ព្រះគ្រីស្ទ អាចជ្រួត​ជ្រាប​ក្នុងដួងចិត្តយើងយ៉ាង​ដូចម្តេច ? មាននូវការអនុវត្តប្រចាំថ្ងៃដ៏ងាយស្រួលមួយ ដែលអាច ធ្វើឲ្យមានការផ្លាស់ប្តូរសម្រាប់សមាជិក នៃសាសនាចក្រគ្រប់​រូប រួមទាំង​ អ្នករាល់គ្នាដែលជាកុមារា កុមារី យុវជន យុវនារី មជ្ឈិមវ័យវ័យក្មេង​នៅ​លីវ និងឪពុកម្តាយដែរ។

ការអនុវត្តដ៏ងាយស្រួលនោះគឺ ការអធិស្ឋានរៀង​រាល់ព្រឹករបស់អ្នក ទូលសុំព្រះវរបិតាសួគ៌ឲ្យដឹក នាំអ្នក ដើម្បីឲ្យស្គាល់ឱកាស ដើម្បីបម្រើកូនចៅដ៏មានតម្លៃណាម្នាក់របស់ទ្រង់។ រួច​ហើយសូមឲ្យ ដួងចិត្តអ្នកពេញទៅដោយសេចក្តីជំនឿ និង សេចក្តីស្រឡាញ់ពេញក្នុងមួយថ្ងៃ ​ស្វែងជួយ​ដល់ នរណាម្នាក់ ។ សូមបន្ដ​ផ្តោតយកចិត្តទុកដាក់ ដូចជាសត្វឃ្មុំខំរកផ្កា ​ប្រមូល​ទឹកដមផ្កា និង លំអងផ្កា។ បើអ្នកធ្វើបែបនេះ ចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់អ្នក នឹងត្រូវបានពង្រីកឡើង ហើយអ្នកនឹងរកឃើញឱកាសទាំងឡាយដើម្បីបម្រើ ដែលអ្នកពុំ​ធ្លាប់​គិត​ពី​មុន​មក ។

ប្រធាន ថូម៉ាស  អេស. ម៉នសុន បានបង្រៀនថា ព្រះវរបិតាសួគ៌ឆ្លើយតបនឹង​ការអធិស្ឋានតាម​របៀប​ជាច្រើន គឺ​តាម រយៈយើងរាល់គ្នា—តាមរយៈអ្នក និង ខ្ញុំ—តាមរយៈពាក្យសំដី និង ទង្វើ​ល្អយើង តាមរយៈ ទង្វើនៃការបម្រើ និង សេចក្តីស្រឡាញ់ដ៏សាមញ្ញរបស់យើង។

ហើយប្រធាន ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល បាននិយាយថា៖ «ព្រះស្គាល់យើង ហើយ ទ្រង់មើលថែយើង។ ប៉ុន្តែជាធម្មតា គឺតាមរយៈមនុស្សម្នាក់ទៀត ដែលទ្រង់បំពេញតាម​សេចក្តីត្រូវការរបស់យើង។ ហេតុ ដូច្នេះហើយ ជា​ការ​សំខាន់ដែល យើងបម្រើគ្នាទៅវិញទៅមក » ( Teachings of Presidents of the Church: Spencer  W. Kimball [ ឆ្នាំ 2006 ], ទំព័រ 82 ) ។

ខ្ញុំដឹងថាបើអ្នកធ្វើបែបនេះ—នៅក្នុងផ្ទះ សាលារៀន កន្លែងធ្វើការ និងនៅក្នុងព្រះវិហារ—ព្រះ វិញ្ញាណនឹងដឹកនាំអ្នក នោះអ្នកនឹងអាចយល់ពី​អស់អ្នកដែលស្ថិតក្នុងតម្រូវការនៃការបម្រើចាំ បាច់ ដែលអ្នកអាចផ្តល់។ អ្នកនឹងត្រូវបានបំផុសដោយព្រះវិញ្ញាណ និង ការ​ជម្រុញ​ដ៏​ល្អ​​ដើម្បីធ្វើ​ឲ្យ​ពិភពលោក​ទទួល​ឥទ្ធិពល​នៃ សេចក្តីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។

សូម​ចាំ​ថា ដូចគ្នា​នឹង​ទឹកឃ្មុំ​ដ៏តិចតួច 0.42 ម.ល ដែល​ឃ្មុំ​បាន​ផ្តល់​ឲ្យ​ទៅ​សំបុក បើយើងប្រមូល​​ផ្តុំ​ការ​ប្រឹង​ប្រែង​​ប្រកប​ដោយ​ការ​អធិដ្ឋាន រាប់​ពាន់​ រាប់លាន ដើម្បី​ចែក​ចាយសេចក្តីស្រឡាញ់​របស់ព្រះចំពោះកូនចៅទ្រង់ តាមរយៈការបម្រើជាគ្រីស្ទាន នោះ​នឹងមកនូវលទ្ធផលល្អដ៏ធំធេង ដែលនឹងនាំពន្លឺរបស់ព្រះគ្រីស្ទ ទៅ​កាន់​ពិភព​លោក​ដ៏​ងងឹត​នេះ ។ ដោយ​រួប​រួមគ្នា យើងនឹង​នាំ​សេចក្តី ស្រឡាញ់ និង សេចក្តីមេត្តាកុរណាមកក្នុង​ក្រុមគ្រួសារយើងផ្ទាល់ និងអស់អ្នក ដែលឯកកោ ក្រខ្សត់ អ្នក​ខូចចិត្ត និង កូនចៅរបស់ព្រះវរបិតាដែលកំពុងតែស្វែងសេចក្តីពិត និង ភាពសុខសាន្ត។

បងប្អូនប្រុសស្រី វាគឺជាការអធិស្ឋានដ៏រាបទាបរបស់ខ្ញុំ សុំឲ្យ​យើងនឹងទូលសុំក្នុងការអធិស្ឋាន ប្រចាំថ្ងៃយើង សុំការបំផុសគំនតដើម្បីនឹងរកឃើញនរណាម្នាក់ ដែលយើងអាចផ្តល់ ការបម្រើ​ដ៏មានអត្ថន័យ រួមទាំងការបម្រើក្នុងការចែករំលែកសេចក្តីពិតនៃ​ដំណឹង​ល្អ និង ទីបន្ទាល់យើង​ ។ នៅរាល់​យប់ យើងនឹងអាចនិយាយថា «បាន » ចំពោះ​សំណួរថា «តើខ្ញុំបានធ្វើអ្វី ល្អនៅក្នុងលោកកីយថ្ងៃនេះឬទេ តើខ្ញុំបានជួយអ្នកដែលខ្វះខាតឬទេ ? » ( , Hymns,, no. 223 ) ។

នេះគឺជាកិច្ចការរបស់ព្រះ ។ ចូរយើងខិតខំក្នុង​កិច្ចការ​នេះដោយស្មោះស្ម័គ្រ ដូចជាឃ្មុំតូចៗ​ដ៏ឧស្សាហ៍ កំពុងតែធ្វើការ ខ្ញុំសូមអធិស្ឋានដោយចិត្តរាបទាបនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។