«​ដោយ​ព្រោះ​យើង​រស់ នោះ​អ្នករាល់​គ្នា​នឹង​រស់​ដែរ»

ដោយ​អែលឌើរ សាយអាន  អែម បូវែន

នៃ​ពួកចិតសិបនាក់


ដោយសារទ្រង់ ជាព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​របស់យើង អារម្មណ៍​នៃ​ភាព​សោកសៅ ភាពឯកោ និង អស់សង្ឃឹមទាំងនោះ នឹង​លេប​ត្របាក់ដោយ​ភាពពេញ​លេញ​នៃ​ក្ដីអំណរ​នៅ​ថ្ងៃ​មួយ ។

ពេល​បម្រើ​បេសកកម្ម​នៅ​ឈីលី​កាល​ពី​ក្មេង ដៃគូ​របស់​ខ្ញុំ និង ខ្ញុំ​បាន​ជួប​គ្រួសារ​មួយ​ដែល​មាន​សមាជិក​ប្រាំពីរ​នាក់​ក្នុង​សាខា ។ ម្ដាយ​ចូលរួម​ជារៀងរាល់​សប្ដាហ៍​ជាមួយ​នឹង​កូនប្រាំនាក់របស់គាត់ ។ យើង​សន្មត់ថា ពួកគេ​ជា​សមាជិកសាសនាចក្រ​​យូរ​ហើយ ។ បន្ទាប់ពី​ប៉ុន្មាន​សប្ដាហ៍​មក យើង​បាន​ដឹង​ថា ពួកគេ​ពុំ​ទាន់​​បានទទួលបុណ្យជ្រមុជទឹកទេ ។

យើង​ទំនាក់ទំនង​នឹង​គ្រួសារ​នោះ​ភ្លាម ហើយ​បាន​សួរ​បើ​សិនជា​យើងអាច​ទៅ​ផ្ទះ​បង្រៀន​ដល់​ពួកគេ ។ ឪពុករបស់​ពួកគេ​​ពុំ​ចាប់​អារម្មណ៍​ក្នុង​ការ​រៀន​អំពី​ដំណឹងល្អ​ទេ ប៉ុន្តែ​ក៏​ពុំ​​ជំទាស់​នឹង​ការ​បង្រៀន​របស់​យើង​ដល់​គ្រួសារ​គាត់​ដែរ ។

បងស្រី រ៉ាម៉ៃរ៉េស បាន​រៀន​មេរៀន​យ៉ាងឆាប់​រហ័ស ។ គាត់​រំភើប​ចិត្ត​ចង់​រៀន​រាល់គោលលទ្ធិ​ទាំងអស់​ ដែល​យើង​បាន​បង្រៀន ។ នា​ល្ងាចមួយ នៅពេល​យើង​ពិភាក្សា​អំពី​បុណ្យជ្រមុជទឹក​ដល់​ទារក​តូចៗ នោះ​យើង​បាន​បង្រៀន​ថា កុមារតូចៗ ពុំ​ទាន់​ដឹង​ខុសត្រូវ ហើយ​ពុំ​ចាំបាច់​ទទួលបុណ្យជ្រមុជទឹក​ទេ ។ យើង​បាន​អញ្ជើញ​គាត់​ឲ្យ​អាន​នៅ​ក្នុង​គម្ពីរ​មរ៉ូណៃ ៖

« មើល​ចុះ ឪពុក​ប្រាប់​កូន​ថា នេះ​ជា​ការណ៍​ដែល​ពួក​កូន​ត្រូវ​បង្រៀន-- គឺ​ការ​ប្រែចិត្ត និង​ បុណ្យជ្រមុជ​ទឹក​ដល់​អស់​អ្នក​ណា ដែល​ដឹង​ខុស​ និង ត្រូវ ហើយ​មាន​សមត្ថភាព​នឹង​ប្រព្រឹត្ត​អំពើ​បាប មែនហើយ ចូរ​បង្រៀន​ពួក​មាតាបិតា ឲ្យ​ប្រែចិត្ត ហើយ​ទទួល​បុណ្យជ្រមុជទឹក ហើយ​បន្ទាប​ខ្លួន​ដូចជា​កូន​ក្មេង​តូចៗ​ចុះ ហើយ​ពួកគេ​ទាំអស់​គ្នា​នឹង​បាន​សង្គ្រោះ ជាមួយ​នឹង​កូន​ក្មេង​តូចៗ​របស់​គេ​ដែរ ។

« ហើយ​កូន​ក្មេង​តូចៗ​របស់​គេ ពុំ​ចាំបាច់​មាន​ការ​ប្រែចិត្ត ឬ​បុណ្យជ្រមុជទឹក​ឡើយ មើល​ចុះ​បុណ្យ​ជ្រមុជ​ទឹក គឺ​ចំពោះ​ការ​ប្រែចិត្ត ដើម្បី​បំពេញ​ព្រះបញ្ញត្តិ​ទាំងឡាយ ដែល​នាំ​មក​នូវ​ការ​ផ្ដាច់​បាប ។

ប៉ុន្តែ​កូន​ក្មេងតូចៗរស់នៅ​ក្នុង​ព្រះគ្រីស្ទ គឺ​ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ បើ​ពុំ​មែន​ដូច្នោះ​ទេ នោះ​ព្រះគឺ​ជា​ព្រះដ៏លំអៀង និង ជាព្រះដ៏​ប្រែប្រួល ហើយ​ចេះ​រើស​មុខ​មនុស្ស ត្បិត​មាន​កូន​ក្មេង​ជាច្រើន​បាន​ស្លាប់​ទៅ ដោយ​ពុំ​បាន​ទទួល​បុណ្យជ្រមុជទឹក ! » ។ 1

បន្ទាប់​ពី​ការ​អាន​ខគម្ពីរនេះ បងស្រី រ៉ាម៉ៃរ៉េស ចាប់​ផ្ដើមយំ ។ ដៃគូខ្ញុំ និង​ ខ្ញុំ​ មានអារម្មណ៍​ច្របូក​ច្របល់ ។ ខ្ញុំ​បាន​សួរ​ថា « បងស្រី រ៉ាម៉ៃរ៉េស តើ​យើង​បាន​និយាយ ឬ ធ្វើ​អ្វីមួយ​ដែលធ្វើ​ឲ្យ​បង​អន់​ចិត្ត​ឬ ? »

គាត់​និយាយ​ថា « អូ៎ ទេ អែលឌើរ អ្នក​ពុំ​បាន​ធ្វើ​អ្វី​ខុស​ទេ ។ កាលពីប្រាំមួយ​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​មាន​កូនប្រុស​តូច​ម្នាក់ ។ គាត់​បាន​ស្លាប់​មុន​ពេល​យើង​ឲ្យ​គាត់ទទួលបុណ្យជ្រមុជទឹក ។ សង្ឃ​របស់​យើង បាន​ប្រាប់​យើង​ថា ដោយ​សារ​គាត់​ពុំ​បាន​ទទួលបុណ្យជ្រមុជទឹក នោះ​គាត់​នឹង​ទៅ​នៅ​កន្លែង​មួយផ្សេង​​ជារៀងរហូត ។ អស់រយៈពេល​ប្រាំ​មួយ​ឆ្នាំហើយ ដែល​ខ្ញុំ​រែកនូវ​បន្ទុក​ និង កំហុស​នោះ ។ បន្ទាប់​ពី​អាន​ខគម្ពីរនេះ ខ្ញុំ​ដឹង​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ថា វា​គឺជា​ការ​ពិត ។ ខ្ញុំ​បាន​ដឹង​ថា​ទម្ងន់​ដ៏ធ្ងន់​បាន​ដក​ចេញ​ពី​ខ្ញុំ ហើយ​ទាំង​នេះ គឺ​ជា​ទឹកភ្នែក​នៃ​ក្ដី​អំណរ ។

ខ្ញុំ​ត្រូវ​បានរំឭក​អំពី​ការបង្រៀន​របស់​ព្យាការីយ៉ូសែប ស្ម៊ីធ ដែល​បាន​បង្រៀន​អំពី​គោលលទ្ធិ​លួងលោម​ចិត្ត​នេះ​ថា ៖ « ព្រះអម្ចាស់​បាន​យក​មនុស្ស​ជាច្រើន​ទៅ ទាំង​ទារកតូចៗ ដើម្បី​ពួកគេ​អាច​គេច​ចេញ​ពី​ភាពច្រណែន​នៃ​មនុស្ស និង ភាព​ទុក្ខសោក និង សេចក្ដី​អាក្រក់​នៃ​ពិភពលោក​បច្ចុប្បន្ន​នេះ ត្បិតពួកគេ​បរិសុទ្ធ​ណាស់ គួរ​ឲ្យ​ស្រឡាញ់ណាស់ ដើម្បី​រស់នៅ​លើ​ផែនដីនេះ​ ហេតុដូច្នោះ​ហើយ បើ​គិត​ដោយ​ត្រឹមត្រូវ ជំនួស​ឲ្យ​ការ​ទួញ​សោក នោះ​យើង​មាន​ហេតុដែល​ត្រូវ​រីករាយ នៅពេល​ពួកគេ​ត្រូវ​បាន​រំដោះ​ចេញ​ពី​សេចក្ដី​អាក្រក់ ហើយ​យើង​នឹង​ជួបពួកគេ​ម្ដងទៀត​ក្នុង​ពេលឆាប់ៗ » ។ 2

បន្ទាប់ពី​គាត់រងទុក្ខក្នុង​​ទុក្ខព្រួយ និង ការ​ឈឺចាប់ ​ដែល​ស្ទើរ​តែ​ពុំ​អាច​រែក​បានអស់រយៈ​ពេល​ប្រាំមួយ​ឆ្នាំ គោលលទ្ធិពិត ដែល​បាន​បើក​សម្ដែង​ដោយ​ព្រះវរបិតាជាទីស្រឡាញ់​នៅ​ស្ថានសួគ៌ តាមរយៈព្យាការី​នៅ​រស់ នាំ​មកនូវ​ភាពសុខសាន្ដ​ដ៏ផ្អែម​ល្ហែម​ដល់​ស្ត្រី​ដែល​រងទុក្ខ​នេះ ។ បងស្រី រ៉ាម៉ៃរ៉េស និង​កូនៗ​របស់គាត់ ដែល​មាន​អាយុ​ប្រាំបី​ឆ្នាំឡើងទៅ បាន​ទទួលបុណ្យជ្រមុជទឹក ។

ខ្ញុំ​ចាំ​ពី​ការ​សរសេរ​សំបុត្រ​ទៅ​គ្រួសាររបស់​​ខ្ញុំពី​ការ​សម្តែង​នូវ​អំណរ​គុណ ដែល​ខ្ញុំមាន​ក្នុងដួងចិត្ត​ខ្ញុំ ចំពោះ​ចំណេះដឹង​នៃ​រឿងនេះ​ និង​សេចក្ដីពិតដ៏​​ច្បាស់លាស់ និង មាន​តម្លៃ​ជាច្រើន​ផ្សេងទៀត នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ពុំ​ដែល​គិត​អំពី​គោលការណ៍​ពិត​ដ៏អស្ចារ្យ​នេះ នឹង​មាន​ឥទ្ធិពល​ចំពោះ​ខ្ញុំ​នា​ពេល​អនាគត ហើយស្ដែងឲ្យ​ឃើញ​ថា​វា​​ជា​ប្រទាល​មុខ​សះ​របស់​ខ្ញុំ​ទេ ។

ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នកទាំងឡាយ​ដែល​បាត់​បង់​កូន ហើយ​បាន​សួរ​សំណួរ​ថា « ហេតុអ្វី​ក៏​ជា​រូបខ្ញុំដូច្នេះ ? » ឬ អាច​នឹង​សង្ស័យ​ចំពោះសេច​​ក្ដីជំនឿ​​ខ្លួន ទៅ​លើ​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់ ។ ខ្ញុំ​​អធិស្ឋាន​​ថា តាម​រយៈ​​អំណាចព្រះវិញ្ញាណ​បរិសុទ្ធ ខ្ញុំ​អាច​នាំ​​ក្ដីសង្ឃឹម​ ភាព​សុខសាន្ដ​ និង ការ​យល់​ដឹង​ខ្លះ​មាន​ដល់​ពួកគេ ។ ខ្ញុំ​មាន​បំណង​ធ្វើជា​ឧបករណ៍​មួយ ដើម្បី​នាំមក​នូវ​ការ​ស្ដារ​​សេចក្ដីជំនឿ​របស់​អ្នកទៅ​លើ​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​​យើង​ឡើងវិញ ដែល​ទ្រង់​ស្គាល់​អ្វីៗគ្រប់យ៉ាង ហើយ​អនុញ្ញាត​ឲ្យ​យើង​មានបទពិសោធន៍​ចំពោះ​ការសាកល្បង ដើម្បី​យើង​អាច​ដឹង និង ស្រឡាញ់​ទ្រង់ ហើយ​យល់​ថា បើ​គ្មាន​ទ្រង់ គឺ​យើង​គ្មាន​អ្វីទាំងអស់ ។

នៅ​ថ្ងៃទី 4 ខែ​កុម្ភៈ ឆ្នាំ 1990 កូន​ទីប្រាំមួយ ដែលជា​កូនប្រុសទីបី​របស់​យើង ​បាន​កើត​មក ។ យើង​បាន​ដាក់​ឈ្មោះ​គាត់​ថា ថៃសុន ។​ គាត់​ជា​ទារក​តូច​ដ៏ស្រស់ស្អាត ហើយ​គ្រួសារ​បាន​ស្វាគមន៍​គាត់​ដោយដួងចិត្ត​បើកចំហរ និង​ ដៃលាតត្រដាង ។ បងប្អូនប្រុសស្រី​របស់​គាត់ មានមោទនភាពណាស់​ចំពោះ​គាត់ ។ យើង​ទាំងអស់​គ្នា​បាន​គិត​ថា គាត់​គឺជា​ក្មេងប្រុស​តូច​ដ៏ល្អឥតខ្ចោះ​បំផុត ដែល​កើត​មក ។

ពេល ថៃសុន មាន​អាយុ​ប្រាំបីខែ គាត់​បាន​លេប​ដីស​មួយដុំ ដែល​គាត់​បាន​ឃើញ​នៅ​លើ​កំរាលព្រំ ។ ដីសនោះ​បាន​ស្ទះ​នៅ​បំពង់ ថៃសុន​ ហើយ​គាត់​លែង​ដកដង្ហើម​រួច ។ បងប្រុស​របស់​គាត់ បាន​នាំ​ ថៃសុន ឡើង​លើផ្ទះ ស្រែក​ដោយ​រញ្ជួល​ចិត្ត​ថា « ប្អូនតូច​ឥត​ដកដង្ហើមទេ ប្អូនតូច​ឥត​ដក​ដង្ហើមទេ » ។ យើង​បាន​ចាប់​ផ្ដើម​ធ្វើចលនា​បេះដូង ហើយទូរស័ព្ទ​ហៅ​ 911 ។

វេជ្ជបណ្ឌិតជំនួយ​បាន​មកដល់ ហើយ​បាន​ប្រញាប់​នាំ​ ថៃសុន ទៅ​មន្ទីរពេទ្យ ។ នៅបន្ទប់រង់ចាំ យើង​បាន​បន្ដ​អធិស្ឋាន​យ៉ាង​ខ្លាំង នៅពេល​យើង​ទូលអង្វរ​ដល់ព្រះ​សុំឲ្យ​មាន​អព្ភូតហេតុ ។ បន្ទាប់ពី​មួយ​សន្ទុះធំមក វេជ្ជបណ្ឌិត​បាន​មក​ក្នុង​បន្ទប់​ ហើយ​និយាយ​ថា « ខ្ញុំ​សូម​អភ័យទោស ។ យើង​ពុំ​អាច​ជួយ​អ្វី​បាន​ទៀត​ទេ ។ អ្នកចង់​ធ្វើ​អី​ក៏​ធ្វើចុះ » ។ បន្ទាប់មក​គាត់​បាន​ចាកចេញទៅ ។

នៅពេល​យើង​ចូល​ក្នុង​បន្ទប់​ដែលដាក់ ថៃសុន យើង​បាន​ឃើញ​កូនតូច​ដែល​គ្មានជីវិត​របស់​យើង​គ្រប​ដណ្ដប់​ដោយ​ក្ដីអំណរ ។ វា​ហាក់ដូចជា​គាត់​មាន​រស្មី​សេឡេស្ទាល​នៅ​ព័ទ្ធ​ជុំ​វិញ​រូបកាយ​តូច​របស់គាត់​ដូច្នោះដែរ ។ គាត់​ពេញដោយ​រស្មី និង ភាពបរិសុទ្ធ ។

នៅគ្រានោះ មានអារម្មណ៍ថា ពិភពលោក​យើង​ដល់​ទីបញ្ចប់ហើយ ។ តើ​យើង​អាច​ត្រឡប់ទៅ​ប្រាប់កូនៗ​ផ្សេងទៀត ហើយ​ព្យាយាម​ពន្យល់​ថា ថៃសុន ឈប់​មក​ផ្ទះ​ទៀត​ហើយ​ដោយ​របៀប​ណា ?

ខ្ញុំ​នឹង​និយាយ​ពីទស្សនៈខ្ញុំ ពេល​ខ្ញុំ​ប្រាប់​បញ្ចប់នូវ​បទពិសោធន៍​នេះ ។ ខ្ញុំ និង​ ភរិយា​ដ៏​ប្រពៃ​របស់​ខ្ញុំ បាន​ទទួលបទពិសោធន៍​ការសាកល្បង​នេះ​ជាមួយ​គ្នា ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​ប្រាប់ឲ្យ​អស់​ពីអារម្មណ៍​របស់​ម្ដាយទេ ហើយ​នឹង​ពុំ​ចង់​ធ្វើដូច្នោះដែរ ។

វា​ពិបាក​ដើម្បីពិពណ៌នា​អំពីអារម្មណ៍ដ៏​ច្របូកច្របល់​ ដែល​ខ្ញុំ​មាន​ក្នុង​គ្រានោះ​នៃ​ជីវិត​ខ្ញុំ​ណាស់ ។ ខ្ញុំ​មានអារម្មណ៍​ដូចជា​ខ្ញុំ​ស្ថិត​ក្នុងសុបិន​អាក្រក់​ស្ទើរ​តែ​គ្រប់ពេល ហើយ​ថា បើខ្ញុំ​ភ្ញាក់ឡើងយ៉ាងឆាប់នោះ​សុបិនអាក្រក់​នេះ​នឹង​កន្លងផុតទៅ ។ ខ្ញុំ​ពុំអាច​គេង​អស់ជាច្រើន​យប់ ។ ជាញឹកញាប់ ខ្ញុំដើរ​នៅ​ពេល​យប់​ពី​បន្ទប់មួយទៅបន្ទប់មួយទៀត ដើម្បី​មើល​ប្រាកដ​ថា កូនៗ​ផ្សេងទៀត​របស់​យើងទាំងអស់ មាន​សុវត្ថិភាព ។

អារម្មណ៍​ថាមានកំហុស​ធ្វើទណ្ឌកម្ម​ក្នុងព្រលឹង​ខ្ញុំ ។ ខ្ញុំខុស​ណាស់ ។ ខ្ញុំមាន​អារម្មណ៍​​​ថាខុសមក​ពីខ្ញុំ ។ ខ្ញុំ​ជា​ឪពុក​របស់​គាត់ ខ្ញុំ​គួរ​តែ​ការពារ​គាត់​ឲ្យ​បាន​ច្រើនជាង​នេះ ។ បើ​ខ្ញុំគ្រាន់​តែ​ធ្វើ​អ្វីមួយតែ​ប៉ុណ្ណោះ ។ ពេលខ្លះ រហូត​ដល់​សព្វថ្ងៃ​នេះ អស់រយៈពេល 22 ឆ្នាំ​ក្រោយមក អារម្មណ៍នោះ ចាប់ផ្ដើម​ចូលមក​ក្នុង​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​ចាំបាច់​ត្រូវ​បំបាត់​វា​ចោលភ្លាម ពីព្រោះ​វា​អាច​នឹងជាការ​បំផ្លិច​បំផ្លាញ ។

ប្រហែលជាមួយខែ​បន្ទាប់ពី ថៃសុន បាន​ស្លាប់ទៅ ខ្ញុំ​ជួបសម្ភាស​ជាមួយ​អែលឌើរ ឌីន អិល. ឡាសិន ។ គាត់​បាន​ចំណាយពេល​ស្ដាប់ខ្ញុំ ហើយ​ខ្ញុំ​ដឹងគុណគាត់ជានិច្ច​ចំពោះ​ដំបូន្មាន និង​ក្ដីស្រឡាញ់​របស់​គាត់ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​មិន​គិត​ថា ព្រះអម្ចាស់​នឹង​ចង់​ឲ្យ​អ្នក​ដាក់ទណ្ឌកម្ម​ខ្លួនឯង ដោយសារ​តែ​ការ​ស្លាប់​របស់​កូន​ប្រុសតូច​អ្នកទេ » ។ ខ្ញុំ​មានអារម្មណ៍​ក្ដី​ស្រឡាញ់​ពី​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ តាម​រយៈ​​អ្នកបម្រើ​ម្នាក់​របស់​ទ្រង់ ។

ទោះ​ជា​យ៉ាងណា ​គំនិតនៃ​ការ​ដាក់​ទោសខ្លួន​ បន្ដ​កើតមានក្នុង​គំនិតខ្ញុំ ហើយ​មិនយូរប៉ុន្មាន​ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ខឹង ។ « នេះ​មិន​យុត្តិធម៌ទេ ! តើព្រះអាច​ធ្វើ​ដូច្នេះ​ចំពោះ​ខ្ញុំ​បាន​ដោយ​របៀប​ណា ? ហេតុអ្វី​ក៏ជា​រូបខ្ញុំដូច្នេះ ? ​តើ​ខ្ញុំ​បាន​ធ្វើ​អ្វី ទើប​ខ្ញុំ​ទទួល​រឿង​នេះ ? » ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ទាំងខឹង​នឹង​មនុស្ស​ដែល​ព្យាយាម​លួងលោមចិត្ត​យើងទៀត ។ ខ្ញុំ​ចាំ​មិត្ត​ភក្ដិ​និយាយ​ថា « ខ្ញុំ​ដឹងពី​អារម្មណ៍​​អ្នក »។ ខ្ញុំគិត​ក្នុង​ខ្លួន​ឯង​ថា « អ្នក​ពុំ​ដឹង​ថា​ខ្ញុំ​មានអារម្មណ៍​យ៉ាង​ណា​ទេ ។ ចេញពី​ខ្ញុំ​ទៅ » ។ មិន​យូរ​ប៉ុន្មាន​ខ្ញុំ​ឃើញ​ថា ការអាណិត​ខ្លួន ក៏​អាច​មាន​គ្រោះ​ថ្នាក់​ផងដែរ ។ ខ្ញុំ​ខ្មាស់​នឹង​ខ្លួន​ឯង ដែល​មាន​គំនិត​មិន​ល្អ​អំពី​មិត្ត​ជាទីស្រឡាញ់ ដែល​គ្រាន់​តែ​ព្យាយាម​ជួយ​តែប៉ុណ្ណោះ​នោះ ។

នៅពេល​ខ្ញុំ​មានអារម្មណ៍ដឹង​​ថា កំហុស កំហឹង និង ការអាណិត​ខ្លួន កំពុង​ព្យាយាមគ្របដណ្ដប់មក​លើ​ខ្ញុំ នោះ​ខ្ញុំ​បាន​អធិស្ឋាន​សុំ​ឲ្យ​ដួងចិត្ត​របស់​ខ្ញុំ ឲ្យ​បានផ្លាស់ប្ដូរ ។ ​តាមរយៈ​បទពិសោធន៍​ដ៏ពិសិដ្ឋ​ផ្ទាល់​ខ្លួន​នេះ ព្រះអម្ចាស់​បាន​ប្រទានដួងចិត្ត​ថ្មី​ដល់ខ្ញុំ ហើយ​ទោះ​ជា​វា​នៅតែ​មាន​ភាព​ឯកកោ និង ឈឺ​ចាប់​ក្ដី ក៏​ទស្សនៈ​របស់​ខ្ញុំ​ទាំងមូល​បានផ្លាស់ប្ដូរ​ដែរ ។ ខ្ញុំ​បាន​ឲ្យ​ដឹង​ថា ខ្ញុំ​ពុំ​ត្រូវ​បាន​បាត់បង់​ទេ ប៉ុន្តែ​មាន​នូវពរ​ជ័យ​ដ៏​អស្ចារ្យ​មួយ កំពុងរ​ង់ចាំ​ខ្ញុំ បើ​ខ្ញុំបង្ហាញ​ថា​ខ្លួន​ខ្ញុំ​ស្មោះត្រង់ ។

ជីវិត​ខ្ញុំ​បានផ្លាស់ប្ដូរ ហើយ​ខ្ញុំ​អាច​មើល​ទៅ​មុខ​ដោយ​ក្ដី​សង្ឃឹម ជាជាង​មើល​មក​ក្រោយ​ដោយ​ភាពអស់​សង្ឃឹម ។ ខ្ញុំ​ថ្លែងទីបន្ទាល់ថា ជីវិត​នេះ ពុំមែនជាទី​បញ្ចប់ទេ ។ ពិភពវិញ្ញាណ​មានពិត ។ ការបង្រៀន​របស់​ព្យាការី​ស្ដីអំពី​ជីវិត​បន្ទាប់​ពី​សេចក្ដីស្លាប់​ជា​ការ​ពិត ។ ជីវិត​នេះ គឺ​ជាជំហាន​បណ្ដោះអាសន្ន ដើម្បី​ឆ្ពោះទៅមុខ​តាមផ្លូវ​របស់​យើង​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​​យើង ។

ថៃសុន នៅតែ​មាន​ចំណែក​ដ៏​សំខាន់​ក្នុងគ្រួសារ​យើង ។ អស់ជាច្រើនឆ្នាំមកនោះ វាជា​ការអស្ចារ្យ​ដើម្បី​មើល​ឃើញ​ក្ដីមេត្តាករុណា និង ព្រះទ័យ​ល្អ​របស់ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​នៅ​ស្ថានសួគ៌ ដែលបាន​អនុញ្ញាត​ឲ្យ​គ្រួសារ​យើង​មានអារម្មណ៍​ទទួលស្គាល់​ឥទ្ធិពល​របស់​ ថៃសុន ។ ខ្ញុំ​ថ្លែងទីបន្ទាល់ថាស្បៃ​វាំងននស្ដើង ។ អារម្មណ៍​នៃ​ភក្ដីភាព ក្ដីស្រឡាញ់ និង សាមគ្គីភាព​ក្នុង​គ្រួសារ​មានដូចគ្នា ពុំ​បញ្ចប់​នៅពេល​មនុស្ស​ជាទីស្រឡាញ់​យើង បាន​ឆ្លង​ទៅ​ម្ខាង​ទៀត​នៃ​វាំងនន​ទេ ផ្ទុយទៅវិញ​អារម្មណ៍ទាំង​នោះ គឺមាន​ភាពកាន់តែខ្លាំង​ក្លា ។

ពេលខ្លះ មាន​មនុស្ស​មក​​សួរ​ថា « តើ​អ្នក​ត្រូវការ​ពេល​យូរប៉ុណ្ណាទៅ ដើម្បីនឹង​បំភ្លេច​វា ? ការពិតគឺ​ថា អ្នក​នឹង​ពុំ​អាច​បំភ្លេច​វា​ទាំងស្រុង​ទេ ទាល់តែ​អ្នក​ជួបគ្នា​ម្ដងទៀត​ជាមួយ​នឹង​មនុស្ស​ជាទីស្រឡាញ់​ដែល​បាន​ឃ្លាត​ទៅ​នោះ ។ ខ្ញុំ​នឹង​ពុំ​មាន​ក្ដីអំណរពេញលេញ​ទេ រហូត​ដល់​យើង​បាន​រួបរួមគ្នា​នៅ​ព្រឹក​នៃ​ការ​រស់ឡើងវិញ​ជា​លើក​ទីមួយ ។

« ត្បិត​មនុស្សជា​វិញ្ញា​ណ ។ វត្ថុធាតុ​ទាំងឡាយ​សុទ្ធ​តែ​​មាន​នៅ​អស់កល្បជានិច្ច ហើយ​វិញ្ញាណ និង​វត្ថុធាតុ​នៅ​ជាប់​គ្នា ដោយ​ឥត​បែកបាក់​ឡើយ គឺ​បាន​ទទួល​នូវភាព​ពោរពេញ​នៃ​សេចក្ដី​អំណរ ។

« ហើយ​កាលណា​បែកបាក់ពីគ្នា នោះ​មនុស្ស​ពុំ​អាច​ទួល​នូវ​ភាព​ពោរពេញ នៃ​សេចក្ដី​អំណរ​បាន​ឡើយ » ។ 3

ប៉ុន្តែ​ក្នុងពេល​នេះ ដូចជា​ព្រះអង្គសង្គ្រោះ​បានបង្រៀន យើង​អាច​បន្ដ​មាន​ក្ដី​ត្រេកអរ ។ 4

ខ្ញុំ​បាន​ដឹង​ថា ភាព​ល្វីងជូរចត់ ការឈឺចាប់​ដែល​ស្ទើរតែ​ពុំ​អាច​រែក​បាន អាច​ប្រែជា​ផ្អែម​ល្ហែម នៅពេល​អ្នក​បែរ​ទៅរក​ព្រះវរបិតាសួគ៌​របស់​អ្នក ហើយ​ទូលអង្វរ​សុំ​ការ​លួងលោមចិត្ត​របស់ទ្រង់ ដែល​កើត​មាន​តាមរយៈ​ផែនការ​ទ្រង់ ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និង អង្គលួងលោមចិត្ត​របស់ទ្រង់ ដែល​ជា​ព្រះវិញ្ញាណបរិសុទ្ធ ។

ឱ​នោះ​ជា​ពរជ័យ​ដ៏រុងរឿង​យ៉ាង​ណា នៅក្នុងជីវិត​យើង ។ តើ​វា​នឹង​ពុំ​ជា​រឿងដ៏អកុសល​ទេឬអី បើ​យើង​ពុំ​មាន​អារម្មណ៍​ទុក្ខសោក​ខ្លាំង​ នៅពេល​យើង​បាត់បង់​កូននោះ ? ខ្ញុំ​ដឹងគុណ​ចំពោះ​ព្រះវរបិតាសួគ៌​ខ្ញុំ​ក្រៃលែង ដែល​ទ្រង់​បាន​អនុញ្ញាត​ឲ្យយើង​ស្រឡាញ់​យ៉ាងជ្រាលជ្រៅ និង ស្រឡាញ់​ដ៏អស់កល្បជានិច្ច ។ ខ្ញុំ​មានអំណរគុណណាស់​ចំពោះ​គ្រួសារ​ដ៏អស់កល្បជានិច្ច ។ ខ្ញុំ​មានអំណរគុណ​ណាស់​ ដែល​ទ្រង់​បាន​បើកសម្ដែង​ម្ដងទៀត តាមរយៈ​ព្យាការី​នៅរស់​របស់ទ្រង់ នូវ​ផែនការ​នៃ​ការ​ប្រោសលោះ​ដ៏​រុងរឿង ។

សូម​ចាំថា នៅពេល​អ្នក​ចូលរួម​ក្នុងពិធីបុណ្យសព​របស់​មនុស្ស​ជាទីស្រឡាញ់​អ្នក អារម្មណ៍​ទាំងឡាយ​ដែល​មានក្នុងដួងចិត្ត​អ្នក នៅពេល​អ្នក​ចាកចេញពី​ទីបញ្ចុះសព ហើយ​ក្រឡេក​ទៅ​មើល ក្ដាមឈូស​នៅឯកកោ​នោះ-- ​ងឿង​ឆ្ងល់ប្រសិនបើដួងចិត្ត​របស់​អ្នក​នឹង​ត្រូវ​ខ្ទេចខ្ទាំ ។

ខ្ញុំ​ថ្លែងទីបន្ទាល់ថា ដោយសារទ្រង់ ជាព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​របស់យើង អារម្មណ៍​នៃ​ភាព​សោកសៅ ភាពឯកោ និង អស់សង្ឃឹមទាំងនោះ នឹង​លេប​ត្របាក់ដោយ​ភាពពេញ​លេញ​នៃ​ក្ដីអំណរ​នៅ​ថ្ងៃ​មួយ ។ ខ្ញុំ​ថ្លែងទីបន្ទាល់ថា យើង​អាច​ពឹងផ្អែក​ទៅលើ​ទ្រង់ ហើយនៅពេលទ្រង់​មានបន្ទូលថា ៖

« ខ្ញុំ​មិន​ចោល​អ្នករាល់គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នករាល់គ្នា​វិញ ។

« បន្ដិចទៀត លោកិយនឹង​លែង​ឃើញ​ខ្ញុំ តែអ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំវិញ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នករាល់គ្នា​នឹង​រស់​ដែរ » ។ 5

ខ្ញុំ​ថ្លែងទីបន្ទាល់ ដូច​បាន​ថ្លែង​ក្នុង សៀវភៅ​ប្រកាសដំណឹងល្អ​របស់យើង ,ថា « នៅពេល​យើង​ពឹងផ្អែក​ទៅ​លើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​អាច​ជួយ​យើង​ឲ្យស៊ូទ្រាំ​ការសាកល្បង​ ជម្ងឺ និង ការឈឺចាប់​របស់​យើង ។ យើងអាច​ពេញ​ដោយ​ក្ដីអំណរ ភាពសុខសាន្ដ និង ការលួងលោមចិត្ត ។ អ្វីដែល​អយុត្តិ​ធម៌​ក្នុងជីវិត អាច​បានយុត្តិធម៌វិញ តាមរយៈ​ដង្វាយធួន​នៃព្រះយេស៊ូវ​គ្រីស្ទ » ។ 6

ខ្ញុំ​ថ្លែងទីបន្ទាល់ថា នៅ​ព្រឹក​នៃ​ការរស់ឡើងវិញ​ជាលើកទីមួយ​ដ៏រុងរឿង​នោះ មនុស្សជាទីស្រឡាញ់​របស់​អ្នក និង របស់​ខ្ញុំ នឹង​ចេញមក​ពី​ផ្នូរ ដូច​បាន​សន្យា​ដោយ​ព្រះអម្ចាស់​ផ្ទាល់ ហើយ​យើង​នឹង​មាន​ភាពពេញលេញ​នៃ​ក្ដីអំណរ ។ ដោយសារទ្រង់រស់ នោះ​ពួកគេ និង ពួកយើង​ក៏​នឹង​រស់​ដែរ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ អាម៉ែន ។

Mostrar las referencias

  1.  

    1  មរ៉ូណៃ 8:10–12  ។

  2.  

    2  Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ 2007 ), 176 ។

  3.  

    3  គោលលទ្ធិ និង សេចក្ដី​សញ្ញា 93:33–34  ។

  4.  

    4 សូមមើល យ៉ូហាន 16:33 ។

  5.  

    5  យ៉ូហាន 14:18–19 

  6.  

    6  Preach My Gospel: A Guide to Missionary Service ( ឆ្នាំ 2004 ), 52 ។