ឆ្នាំ ២០១០-២០១៩
ក្លាយជា​សិស្ស​ដ៏​ពិត​ម្នាក់
តុលា 2012


ក្លាយជា​សិស្ស​ដ៏​ពិត​ម្នាក់

នៅពេល​យើង​គោរពតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ហើយ​បម្រើ​ដល់​ប្រជាជន​របស់​យើង នោះ​យើង​ក្លាយជា​សិស្ស​ដ៏​ប្រសើរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ពួកយើង​ទាំងឡាយ​ណា​ដែល​បាន​ចុះ​ក្នុង​ទឹក​នៃ​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ចុះ​សេចក្ដីសញ្ញា​ថា យើង​នឹង​ទទួល​ដាក់​លើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ឬ និយាយ​ម្យ៉ាងទៀត​ថា យើង​ប្រកាស​ចំពោះ​ខ្លួនឯង​ថា​យើង​ជា សិស្ស​របស់​ព្រះអម្ចាស់ ។ យើង​បាន​រំឭក​សេចក្ដីសញ្ញា​នោះ​រាល់​សប្ដាហ៍ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ ហើយ​យើង​បង្ហាញ​ភាពជា​សិស្ស​នោះ​តាមរយៈ​របៀប​ដែល​យើង​រស់នៅ ។ ភាពជា​សិស្ស​បែប​នោះ ត្រូវបាន​បង្ហាញ​យ៉ាង​ស្រស់​បំព្រង​ក្នុង​ពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​ម៉ិកស៊ិក ។

វា​ជា​រដូវ​ផ្ការីក​ដ៏​ស្រស់​មួយ​សម្រាប់​សហគមន៍ ដែល​ដុះ​ផ្លែផ្កា​នៅក្នុង​ប្រទេស​ម៉ិកស៊ិក​ភាគខាង​ជើង ។ ដើមឈើ​ហូបផ្លែ​មាន​ផ្ការីក​សុះសាយ ដោយ​សេចក្ដី​សង្ឃឹម​ថា​នឹង​ប្រមូលផល​បាន​ច្រើន​ពេល​ចម្រូត ។ គម្រោង​នានា​ក៏​បាន​ធ្វើ​ហើយ​ដើម្បី​សង​ប្រាក់កម្ចី​ទាំងអស់ ដើម្បី​ដូរ​សម្ភារ​ដែល​ត្រូវការ និង ផ្លែឈើ​ដ៏​ពេញ​ញ៉ាំ ហើយបំពេញ​ការប្ដេជ្ញា​ផ្ទាល់ខ្លួន​ដូចជា ថ្លៃ​សាលា​សម្រាប់​សមាជិក​គ្រួសារ ។ គម្រោង​សម្រាប់​វិស្សមកាល​ជា​គ្រួសារ​ក៏​បាន​ធ្វើ​រួច​ហើយ ។ ឯ​បរិយាកាស​ក៏​មាន​ភាព​អំណោយ​ផល​ដែរ ។ បន្ទាប់មក នៅពេល​រសៀល​ថ្ងៃ​ច័ន្ទ​នា​ចុង​ខែ​មីនា ព្យុះ​នា​រដូវ​រងា​បាន​កើតឡើង ហើយ​ក៏​បាន​ចាប់ផ្ដើម​ធ្លាក់​ព្រិល ។ ព្រិល​បាន​ធ្លាក់​រហូតដល់​ប្រហែល​ម៉ោង​បី​ទៀបភ្លឺ ។ បន្ទាប់មក នៅពេល​ពពក​រសាត់​បាត់ សីតុណ្ហភាព​ក៏​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ។ ពេញ​មួយ​យប់ និង ព្រឹក​ព្រលឹម​នោះ មាន​ការខិតខំ​តាម​គ្រប់វិធី​ដើម្បី​សង្គ្រោះ​យ៉ាងហោច​ណាស់​មួយ​ផ្នែក​នៃ​ផល​ផ្លែ​នោះ ។ អ្វី​ទាំងអស់​គ្មាន​ប្រយោជន៍​នោះ​ទេ ។ វា​ឡើង​ត្រជាក់​ខ្លាំងពេក ហើយ​ដំណាំ​នោះ​ត្រូវ​កក​ទាំងអស់ ។ វា​គ្មាន​ផ្លែឈើ​ណា​នឹង​ត្រូវ​ច្រូតកាត់ និង លក់​ក្នុង​ឆ្នាំ​នេះ​ទេ ។ ថ្ងៃ​អង្គារ​បាន​មកដល់ ដោយ​ការបាត់បង់ដ៏​ឈឺចាប់ និង ខូចចិត្ត​នូវ​​គម្រោង ក្ដី​សង្ឃឹម និង សុបិន​ដ៏អស្ចារ្យ​ទាំងឡាយដែល​មាន​​ថ្ងៃ​មុន ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ ខ្ញុំ​បាន​ទទួល​អ៊ីម៉េល​មួយ​ពី សានត្រា ហាត ​ជា​ភរិយា​របស់​ចន ហាត ដែល​ពេលនោះ​ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​នៃ​ព្រះវិហារ​បរិសុទ្ធ ខូឡូនា ហួរេស៍ ឈីហូហូ អំពី​ភាពហិនហោច​ទាំងនោះ។ ខ្ញុំ​សូម​ដកស្រង់​ចំណែក​អ៊ីម៉េល​នោះ​ថា ៖ « ចន ក្រោកឡើងពីព្រលឹម--​ប្រហែល​ម៉ោង 6:30 ព្រឹក​---រត់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​មើល​ថា តើ​យើង​គួរតែ​លុបចោល​វគ្គ​អំណោយ​ទាន​ពិសិដ្ឋ​ព្រឹក​នេះ​ឬ​ក៏​អត់ ។ គាត់​បាន​ត្រឡប់​មក​វិញ​ដោយ​និយាយ​ថា អ្វីៗ​មិនមាន​បញ្ហា​នោះ​ទេ ដូច្នេះ​យើង​អាច​នៅ​បន្ត​វគ្គ​នៅ​ព្រឹក​នោះ​បាន ។ យើង​គិត​ថា ប្រហែល​ជា​អ្នក​ធ្វើការ​ខ្លះៗ​ដែល​គ្មាន​ដំណាំ​នឹង​មក ហើយ​យើង​អាច​ឲ្យ​អ្នកធ្វើការ​ទាំងនោះ​ចូលរួម​វគ្គ​នោះ​បាន ... ។ វា​គួរឲ្យ​ស្ញប់ស្ញែង​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​បុរស​ទាំងនោះ​មក ម្នាក់​ហើយ​ម្នាក់​ទៀត ។ ពួកគេ​នៅ​តែ​មក ទាំង​មិន​បាន​គេង​ពេញ​មួយ​យប់ ហើយ​ដោយ​ដឹង​ថា​ដំណាំ​របស់​ពួកគេ​បាន​ខូច​បាត់បង់​ក៏​ដោយ​នោះ ... ។ ខ្ញុំ​បាន​មើល​ទៅ​ពួកគេ អំឡុងពេល​ការប្រជុំ​រៀបចំ​របស់​យើង ឃើញ​ថា​ពួកគេ​ងងុយ​ខ្លាំង​ណាស់ ។ ពួកគេ​នៅ​តែ​មក ទោះបីជា​ពួក​គេ​អាច​មាន​ហេតុ​ផល​ដ៏​សម្យរម្យ​ដើម្បី​នឹង​មិន​មក​ក៏​ដោយ​ ។ មាន​មនុស្ស 38 នាក់​បាន​មក​ប្រជុំ​ក្នុង​វគ្គ​នោះ ( មួយ​វគ្គ​ពេញ ) ! វា​គឺជា​ព្រឹក​ដែល​លើកកម្លាំង​មួយ​សម្រាប់​យើង ហើយ​យើង​បាន​អរគុណ​ដល់​ព្រះវរបិតាសួគ៌​សម្រាប់​មនុស្ស​ល្អ​ដែល​បាន​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ មិន​ថា​មាន​អ្វី​កើតឡើង​នោះ​ទេ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​អំពី​ព្រះវិញ្ញាណ​ដ៏​ពិសេស​មួយ​នៅ​ទីនោះ​នាព្រឹកនេះ ។ ខ្ញុំ​ប្រាកដ​ថា ទ្រង់​បាន​សព្វព្រះហឫទ័យ​ដែល​ដឹង​ថា យើង​ស្រឡាញ់​ដំណាក់​របស់​ទ្រង់ ហើយ​មាន​អារម្មណ៍​ថា វា​គឺជា​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​ទៅ​នា​ព្រឹក​ដ៏​ពិបាក​មួយ​បែប​នោះ » ។

រឿង​នោះ មិន​បាន​បញ្ចប់ត្រឹម​ហ្នឹង​ទេ ហើយ​តាម​ពិត​វា​នៅ​មាន​បន្ដ​ទៀត ។

ភាគច្រើន​នៃ​អ្នក​ដែល​បាន​បាត់បង់​ផល​ដំណាំ​របស់​ពួកគេ​នោះ មាន​ដី​ខ្លះ​នៅ​ទំនេរ​ដែល​ត្រូវ​ដាំ​ដំណាំ​ឆ្លាស់គ្នា​ក្នុង​រដូវ​នោះ ដូចជា​ម្ទេស ឬ សណ្ដែក ។ យ៉ាង​ហោច​ណាស់ ដំណាំ​ទាំងនេះ​អាច​ល្មម​ផ្គត់ផ្គង់​ដល់​ចរន្ត​សាច់​ប្រាក់​សម្រាប់​ជីវភាព​រស់នៅ រហូតដល់​រដូវកាល​ដាំ​ដុះ​ឆ្នាំ​ក្រោយ​ទៀត ។ ទោះ​យ៉ាងណា​ក្ដី មាន​បងប្រុស​ដ៏​ល្អ​ម្នាក់​ជាមួយ​នឹង​គ្រួសារ​ថ្មីថ្មោង​មួយ ដែល​មិន​មាន​ដី​សល់ ហើយ​ត្រូវ​ប្រឈម​នឹង​ការគ្មាន​ចំណូល​អ្វី​សោះ​ក្នុង​ពេល​មួយ​ឆ្នាំ ។ អ្នកផ្សេង​ក្នុង​សហគមន៍​នោះ ដែល​បាន​ឃើញ​ស្ថានភាព​បន្ទាន់​របស់​បងប្រុស​នោះ ហើយ​បាន​ធ្វើ​តាម​គំនិត​ផ្តូច​ផ្ដើម និង ការចំណាយ​ផ្ទាល់​ខ្លួន​គេ ក៏បាន​រៀបចំ​ដី​មួយ​កន្លែង ដោយ​ប្រើ​សម្ភារ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដើម្បី​ព្យួរាស់​ដី​នោះ ព្រមទាំង​បាន​ផ្ដល់​កូន​ម្ទេស​ដល់​គាត់​ឲ្យ​ដាំ​ទៀត​ផង ។

ខ្ញុំ​ស្គាល់​បុរស ដែល​ខ្ញុំ​ទើបតែ​បាន​និយាយ​នេះ ។ ដោយ​ស្គាល់​ពួកគេ ខ្ញុំ​មិន​មាន​ការភ្ញាក់ផ្អើល​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នោះ​ទេ ។ ប៉ុន្ដែ​អ្នក​ដែល​មិន​បាន​ស្គាល់​ពួកគេ ប្រហែល​ជា​នឹង​មាន​សំណួរ​ពីរ ដែល​សំណួរ​ទាំងពីរ​នោះ​នឹង​ចាប់ផ្ដើម​ដោយ​ពាក្យ​ថា ហេតុអ្វី ។ ហេតុអ្វី​បានជា​ពួកគេ​មក​ព្រះវិហារ​បរិសុទ្ធ ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ ហើយ​បម្រើ​ទាំង​មិន​បាន​សម្រាក​ពេញ​មួយ​យប់ ដោយ​គ្រាន់តែ​ដឹង​ថា ពួកគេ​បាន​បាត់បង់​ចំណូល​របស់​ពួកគេ​មួយ​ភាគ​ធំ​ពេញ​មួយ​ឆ្នាំ​នេះ ? ហេតុអ្វី​បានជា​ពួកគេ​ប្រើ​អ្វី​ដែល​មាន​តិចតួច ហើយ​ជា​ធនធាន​ដ៏​មាន​តម្លៃ​បំផុត​ដើម្បី​ជួយ​ដល់​អ្នកផ្សេង​ដែល​ត្រូវការ​ជំនួយ​ដ៏​ខ្លាំង សូម្បី​តែ​ពេលនោះ​ពួកគេ​ក៏​នៅក្នុង​ស្ថានភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់​មួយ​ដែរ​នោះ ?

ប្រសិនបើ​អ្នក​យល់​ថា ដូចម្ដេចទៅ​ហៅថា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ម្នាក់ នោះ​អ្នក​នឹង​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំងពីរ​នេះ​ហើយ ។

ការធ្វើ​សេចក្ដី​សញ្ញា​ក្លាយជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ គឺជា​ការចាប់ផ្ដើម​នៃ​ដំណើរ​ពេញ​មួយ​ជីវិត ហើយ​ផ្លូវ​នេះ​មិន​តែងតែ​ងាយស្រួល​នោះ​ទេ ។ នៅពេល​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​ខិតខំ​ធ្វើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ និង បម្រើ​ប្រជាជន​របស់​យើង​ដូចជា​ទ្រង់​បាន​បម្រើ​ពួកគេ​ដែរ នោះ​យើង​នឹង​ក្លាយ​ដូចជា​ទ្រង់​កាន់តែ​ខ្លាំង​ឡើង​ដោយ​ចៀស​មិន​រួច ។ ការក្លាយ​ដូចជា​ទ្រង់ និង ការក្លាយជា​តែ​មួយ​ជាមួយ​នឹង​ទ្រង់ គឺជា​គោលដៅ និង កម្មវត្ថុ​ដ៏​ចុង​បំផុត​មួយ---ហើយ​ជាមូលដ្ឋាន វា​គឺជា​និយមន័យ​តែមួយ​គត់​នៃ​ភាពជា​សិស្ស​ដ៏​ពិត​នោះ ។

ដូច​ដែល​ព្រះអង្គ​សង្គ្រោះ បាន​សួរ​សិស្ស​របស់​ទ្រង់ នៅពេល​ទ្រង់​បាន​យាង​ទៅ​ទ្វីប​អាមេរិច « ដូច្នេះ តើ​អ្នករាល់គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ ? » ហើយ​បន្ទាប់មក ដោយ​ឆ្លើយ​នឹង​សំណួរ​របស់​ទ្រង់​ផ្ទាល់ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « យើង​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា ត្រូវ​ឲ្យ​បាន​ដូចជា​យើង » ( នីហ្វៃទី 3 27:27 ) ។

ការក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ គឺ​មិនមែន​ជា​កិច្ចការ​ងាយស្រួល​​នោះ​ទេ ជាពិសេស​នៅក្នុង​ពិភពលោក​មួយ​ដែល​យើង​រស់នៅ​នេះ ។ យើង​ជួប​នឹង​ឧបសគ្គ និង ការសាកល្បង​ទាំងឡាយ​ជាក់ស្ដែង​រាល់ថ្ងៃ​នៅក្នុង​ជីវិត​យើង ។ មាន​ហេតុផល​មួយ​ចំពោះ​ការណ៍​នេះ ហើយ​វា​គឺជា​គោលបំណងដ៏​សំខាន់​មួយ​នៃ​ជីវិត​រមែង​ស្លាប់ ។ ដូច​ដែល​យើង​អាន​ក្នុង អ័ប្រាហាំ 3:25 ថា « ហើយ​យើង​នឹង​សាកល្បង​ពួកគេ​មើល បើសិនជា​ពួកគេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួកគេ​នឹង​បញ្ជា​ដល់​ពួកគេ » ។

​ការសាកល្បង ឬក៏​ឧបសគ្គ​ទាំងនេះ ខុសគ្នា​តាម​ធម្មជាតិ និង កម្លាំង ។ ប៉ុន្ដែ គ្មាន​នរណា​ម្នាក់​នឹង​ចាកចេញ​ពី​ជីវិត​រមែង​ស្លាប់​នេះ ដោយ​មិន​បាន​ឆ្លងកាត់​ការសាកល្បង​នោះ​ទេ ។ ភាគច្រើន យើង​ស្រមៃ​ឧបសគ្គ​នោះ​ថា​ជា​ការបាត់បង់​ដំណាំ ឬ ការងារ​មួយ ការស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ ជំងឺ អសមត្ថភាព​ខាង​រាងកាយ ខួរក្បាល ឬ ខាង​អារម្មណ៍ ភាពក្រីក្រ ឬក៏​ការបាត់បង់​មិត្តភក្ដិ ។ ទោះយ៉ាងណា​ក្ដី សូម្បីតែ​ការសម្រេច​បាន​នូវ​កម្មវត្ថុ​ដែល​មាន​ប្រយោជន៍​ដ៏​សម្យរម្យ ក៏​អាច​នាំ​គ្រោះថ្នាក់​នៃ​ការឆ្មើងឆ្មៃ​ដ៏​ឥត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពួកគេ​ដែរ ជា​អ្វី​ដែល​យើង​ចង់​បាន​នូវ​កិត្តិយស​របស់​មនុស្ស​ជាជាង​អំណាច​ស្ថានសួគ៌ដែរ ។ ទាំងនេះ​អាច​រួមមាន​ភាពល្បីល្បាញ​ខាង​លោកិយ ការទទួលស្គាល់​ជា​សាធារណៈ វីរភាព​ខាង​រាងកាយ ទេពកោសល្យ​ខាង​សិល្បៈ ឬ ខាង​អត្តពលកម្ម ការរីកចម្រើន និង ទ្រព្យសម្បត្តិ ។ ទាក់ទង​នឹង​ឧបសគ្គ​ចុងក្រោយ​ទាំងនេះ ពួកយើង​ខ្លះ​អាច​មាន​អារម្មណ៍​ស្រដៀង​នឹង​អ្វី​ដែល​បាន​លើកឡើង​ដោយ Tevye នៅក្នុង Fiddler on the Roof ៖ « ប្រសិនបើ​ទ្រព្យសម្បត្តិ គឺជា​បណ្ដាសា​មួយ សូមឲ្យ [ ​ព្រះ ] ​វាយ​ខ្ញុំ​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​នោះ ហើយ​ថា​ខ្ញុំ​នឹង​មិន​ត្រឡប់​មក​វិញ​ឡើយ ! » ។ 1

ប៉ុន្ដែ​ប្រភេទ​ឧបសគ្គ​ចុងក្រោយ​ទាំងនេះ អាច​កាន់តែ​គួរ​ឲ្យ​ខ្លាច និង កាន់​តែ​គ្រោះថ្នាក់ ព្រមទាំង​ពិបាក​​យក​ឈ្នះ​ខ្លាំង​ជាង​ឧបសគ្គ​ពីមុនៗ​ទៅ​ទៀត ។ ភាពជា​សិស្ស​របស់​យើង នឹង​ត្រូវ​អភិវឌ្ឍ និង បង្ហាញ មិនមែន​ដោយសារ​ប្រភេទ​ឧបសគ្គ​ដែល​យើង​ត្រូវ​ជួប​នោះ​ទេ ប៉ុន្ដែ​ដោយ​របៀប​ដែល​យើង​តស៊ូ​នឹង​ឧបសគ្គ​នោះ ។ ដូចដែល​យើង​ត្រូវ​បាន​បង្រៀន​ដោយ​ប្រធាន ហែនរី  ប៊ី អាវរិង ៖ « ដូច្នេះ ការសាកល្បង​ដ៏​ធំ​បំផុត​នៃ​ជីវិត គឺ​ដើម្បី​ដឹង​ថា​តើ​យើង​នឹង​ស្ដាប់ និង ប្រតិបត្តិ​តាម​ការបញ្ជា​របស់​ព្រះ​នៅ​កណ្ដាល​ព្យុះ​ទាំងឡាយ​នៃ​ជីវិត​ដែរ​ឬ​ទេ ។ វា​មិនមែន​ត្រូវ​ស៊ូទ្រាំ​នឹង​ព្យុះ​នោះ​ទេ ប៉ុន្ដែ​ត្រូវ​ជ្រើសរើស​អ្វី​ដែលត្រឹមត្រូវ កាល​ដែល​ព្យុះ​វា​បក់បោក​យ៉ាង​ខ្លាំង​នោះ ។ ហើយ​សោកនាដកម្ម​នៃ​ជីវិត គឺ​ការបរាជ័យ​នៅក្នុង​ការសាកល្បង​នោះ ហើយ​មិន​បាន​សក្ដិសម​ដើម្បី​ត្រឡប់​ទៅរក​ផ្ទះ​នៅ​ស្ថានសួគ៌​របស់​យើង​វិញ​ដោយ​ភាពរុងរឿង​នោះ » ។ ( « Spiritual Preparedness: Start Early and Be Steady » លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 38 ) ។

ខ្ញុំ​គឺជា​ជីតា​ដ៏​មាន​មោទនភាព​ចំពោះ​ចៅ 23 នាក់ ។ ពួកគេ​មិន​ដែល​ឈប់​កោតសរសើរ​ដល់​ខ្ញុំ ដោយការ​ទទួល​យក​សេចក្ដីពិត​ដ៏​អស់កល្ប​របស់​ពួកគេ ទោះជា​នៅក្នុង​វ័យ​ក្មេងខ្ចី​របស់​គេ​ក្ដី ។ នៅពេល​ខ្ញុំ​កំពុង​រៀបចំ​ការនិយាយ​នេះ ខ្ញុំ​សុំ​ពួកគេ​ម្នាក់ៗ​ឲ្យ​ផ្ញើរ​និយមន័យ​ខ្លីៗ​មួយ​អំពី​ន័យ​នៃ​ការក្លាយ​ជា​សិស្ស ឬ អ្នកដើរ​តាម​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ​របស់​ពួកគេ​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​ចម្លើយដ៏​អស្ចារ្យ​មកពី​ពួកគេ​ទាំង​អស់​គ្នា ។ ប៉ុន្តែ​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​អ្នក​នូវ​ចម្លើយ​​នេះ​ពី​ចៅប្រុស ប៊េនយ៉ាមីន ដែល​មាន​អាយុ​ប្រាំបី​ឆ្នាំ​ថា ៖ « ការក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ម្នាក់​មានន័យ​ថា ការក្លាយជា​គំរូ​មួយ ។ វា​មានន័យ​ថា ការធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ហើយ​កំពុង​រៀបចំ​ដើម្បី​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា ។ វា​មានន័យ​ថា ការបម្រើ​ដល់​អ្នកដទៃ ។ វា​មានន័យ​ថា អ្នក​អាន​ព្រះគម្ពីរ និង អធិស្ឋាន ។ វា​មានន័យ​ថា អ្នក​រក្សា​ថ្ងៃសិល្ប៍​ទុក​ជា​បរិសុទ្ធ ។ វា​មានន័យ​ថា អ្នក​ស្ដាប់តាម​ការបំផុស​គំនិត​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​មានន័យ​ថា ការទៅ​ព្រះវិហារ និង ទៅ​ព្រះវិហារ​បរិសុទ្ធ » ។

ខ្ញុំ​យល់ស្រប​តាម​ប៊េនយ៉ាមីន ។ ភាពជា​សិស្ស គឺជា​ការធ្វើ និង ការក្លាយ​ទៅជា ។ នៅពេល​យើង​គោរពតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ហើយ​បម្រើ​ដល់​ប្រជាជន​របស់​យើង នោះ​យើង​ក្លាយជា​សិស្ស​ដ៏​ប្រសើរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ការគោរពប្រតិបត្តិ​តាម​ព្រះរាជ​បំណង​របស់​ទ្រង់ នាំមក​នូវ​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រមទាំង​ពរជ័យ​ទាំងឡាយ​នៃ​សេចក្ដី​សុខសាន្ដ ក្ដីអំណរ និង សុវត្ថិភាព​ដែល​តែងតែ​អម​នឹង​អង្គ​ទី​បី​នៃ​ក្រុម​ព្រះ ។ ហើយ​ពរជ័យ​ទាំង​នោះ មិន​អាច​មក​តាម​របៀប​ណា​ផ្សេង​ទៀត​បាន​ទេ ។ ទីបំផុត វា​មក​ដោយ​ការប្រតិបត្តិ​តាម​ដ៏​ពេញលេញ​តាម​ព្រះបំណង​របស់​ទ្រង់ ដែល​នឹង​ជួយ​យើង​ឲ្យ​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ជាថ្មី​ម្ដង​ទៀត ការក្លាយ​ដូចជា​ទ្រង់ និង ការក្លាយជា​តែ​មួយ​ជាមួយ​នឹង​ទ្រង់ គឺជា​គោលដៅ និង កម្មវត្ថុ​ដ៏​ចុង​បំផុត​មួយ---ហើយ​ជាមូលដ្ឋាន វា​គឺជា​និយមន័យ​តែមួយ​គត់​នៃ​ភាពជា​សិស្ស​ដ៏​ពិត​នោះ ។

ភាពជា​សិស្ស គឺជា​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ថា​បាន​អនុវត្ត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខូឡូនា ហួរេស៍ និង នៅក្នុង​តំបន់​ក្បែរៗ​នោះ ក្នុង​ភាព​ជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា ដោយ​សេចក្ដី​ជំនឿ​ដែល​បាន​បញ្ជាក់​ពី​ការតាំងចិត្ត​របស់​ពួកគេ​ចំពោះ​ព្រះ និង ចំពោះ​គ្នា​ទៅវិញទៅមក ដោយ​មិន​គិត​ពី​ការសាកល្បង​ដ៏​លំបាក ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ បម្រើ​ដល់​អ្នកដទៃ និង សម្រប​ឆន្ទៈ​របស់​យើង​ទៅ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ នោះ​យើង​នឹង​ក្លាយជា​សិស្ស​ដ៏​ពិត​របស់​ទ្រង់​ពិត​មែន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។

Note

  1. សូមមើល Joseph Stein, Jerry Bock, Sheldon Harnick, Fiddler on the Roof ( ឆ្នាំ 1964), 61 ។