ឆ្នាំ ២០១០-២០១៩
ការ​ប្រសិទ្ធពរ​សាក្រាម៉ង់
តុលា 2012


ការ​ប្រសិទ្ធពរ​សាក្រាម៉ង់

យើង​នឹង​ត្រូវ​បាន​ប្រទាន​ពរ នៅពេល​យើង​មាន​ការដឹងគុណ​ចំពោះ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ រំឭក​សេចក្ដី​សញ្ញា​របស់​យើង ទទួល​អារម្មណ៍​អភ័យទោស ហើយ​ទទួល​ការបំផុសគំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ខ្ញុំ​បាន​ធំ​ឡើង​នៅ រីកប៊ើហ្គ រដ្ឋ​អៃដាហូ ជា​កន្លែង​ដែល​ខ្ញុំ​បាន​ទទួល​នូវ​ឥទ្ធិពល និង​​បាន​បង្រៀន​ដោយ​គ្រួសារ មិត្តភក្ដិ គ្រូបង្រៀន និង អ្នកដឹកនាំ​ដ៏​ល្អ ។ មាន​បទពិសោធន៍​ដ៏ពិសេស​នៅ​ក្នុង​ជីវិត​របស់​យើង​ទាំងអស់​គ្នា ដែល​មានឥទ្ធិពល​មក​លើ​ព្រលឹង​របស់​យើង ហើយ​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​ជារៀងរហូត ។ មាន​បទពិសោធន៍​មួយ​បាន​កើត​ឡើង​ក្នុង​យុវវ័យ​ខ្ញុំ ។ បទពិសោធន៍​នេះ បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ ។

ខ្ញុំ​តែងតែ​សកម្ម​នៅ​ក្នុង​សាសនាចក្រ ហើយ​រីកចម្រើន​នៅ​ក្នុង​បព្វជិតភាព​អើរ៉ុន ។ នៅ​ពេល​ខ្ញុំ​នៅ​វ័យ​ក្មេង បងប្រុស យ៉ាកុប គ្រូបង្រៀន​ខ្ញុំ បាន​សុំ​ខ្ញុំ​ឲ្យ​សរសេរ​នៅ​លើ​កាត​មួយ​អំពី​អ្វី​ដែល​ខ្ញុំ​បាន​គិត អំពី​ម៉ោង​សាក្រាម៉ង់​ ។ ខ្ញុំ​បាន​យក​កាត​ខ្ញុំ​មក ហើយ​ចាប់​ផ្ដើម​សរសេរ ។ ចំណុច​ដំបូង នៅ​លើ​បញ្ជី គឺ​ជា​ការ​ប្រកួត​កីឡា​បោះបាល់ ដែល​យើង​បាន​ឈ្នះ​កាល​ពី​យប់​មុន ។ ហើយ​បន្ទាប់​មក​ជា​ការ​ដើរ​លេង​បន្ទាប់​ពី​ការប្រកួតនោះ និង​រឿង​ស្រដៀង​គ្នា​ផ្សេង​ទៀត​នៅ​ក្នុង​បញ្ជី ។ ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពុំ​កត់មុន​គេ​ឡើយ ហើយ​ពុំ​បាន​គិតថា​សំខាន់​សោះ ។

នៅ​រាល់​ថ្ងៃ​អាទិត្យ យើង​បាន​សរសេរ​នូវ​រឿង​ដែល​យើង​គិត អំឡុង​ពេល​សាក្រាម៉ង់​នៅ​លើ​កាត​មួយ ។ ចំពោះ​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ម្នាក់ ការប្រជុំ​សាក្រាម៉ង់ និង សាក្រាម៉ង់ បាន​រំឭក ពង្រីកអត្ថន័យ និង មាន​ប្រយោជន៍​ខាង​វិញ្ញាណ ។ ខ្ញុំ​បាន​រង់​ចាំ​ដោយ​អន្ទះសារ​ដល់​ថ្ងៃ​អាទិត្យ និង ឱកាស​ដើម្បី​ទទួលទាន​សាក្រាម៉ង់ ដោយ​សារ​ការ​យល់​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​កំពុង​ផ្លាស់ប្ដូរ​ខ្ញុំ ។ ជា​រៀងរាល់​ថ្ងៃអាទិត្យ​រហូត​ដល់​ថ្ងៃ​នេះ នៅ​ពេល​ខ្ញុំ​ទទួល​ទាន​សាក្រាម៉ង់ ខ្ញុំ​អាច​មើល​កាត​ខ្ញុំ ហើយ​រំឭក​បញ្ជី​របស់​ខ្ញុំ ។ ចំណុច​ដំបូងគេ​បំផុត ដែល​តែងតែ​មាន​នៅ​ក្នុង​បញ្ជី​ខ្ញុំ​ឥឡូវ​នេះ គឺ​ព្រះអង្គសង្គ្រោះ​នៃ​មនុស្ស​លោក ។

នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី យើង​អាន​អំពី​គ្រា​ដែល​ព្រះអង្គសង្គ្រោះ និង សាវក​ទ្រង់ បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​បន្ទប់​ខាង​លើ​មួយ សម្រាប់​អាហារ​បុណ្យ​រំលង ។

« រួច​ទ្រង់​ក៏​យក​នំប៉័ង​មក​អរព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​បន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពីខ្ញុំ​ចុះ ។

« នោះ​ទ្រង់​បាន​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​បន្ទូល​ថា ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម​ដែល​ត្រូវ​ច្រួច​ចេញ​សម្រាប់​អ្នក​រាល់​គ្នា » 1

ព្រះយេស៊ូវ​ក៏​បាន​បង្កើត​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ អំឡុង​ពេល​ទ្រង់​យាង​ទៅ​ជួប​នឹង​ពួកសាសន៍​នីហ្វៃ ។ 2 ខ្ញុំ​បាន​ដឹង​អំពី​សារៈសំខាន់​នៃ​ព្រឹត្តការណ៍​ទាំងពីរ​នេះ ។​

ប្រធាន ដេវីឌ  អូ មិកឃេ បាន​មានប្រសាសន៍​ថា « ខ្ញុំ​ចាប់​អារម្មណ៍​ចង់​បញ្ជាក់​ថា ព្រះអម្ចាស់​បាន​តាំង​ជា​ការប្រជុំ​ដ៏​សំខាន់​បំផុត នៅ​ក្នុង​សាសនាចក្រ ហើយ​នោះ​គឺ​ជា​ការប្រជុំ​សាក្រាម៉ង់ » ។ 3 បើ​យើង​រៀបចំ​សម្រាប់​សាក្រាម៉ង់​ដោយ​ត្រឹមត្រូវ នោះ​យើង​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​យើង ។ ខ្ញុំ​ចង់​ផ្ដល់​យោបល់​ជា​គោលការណ៍​ចំនួន​ប្រាំ ដែល​អាច​ប្រទានពរ​ដល់​ជីវិត​របស់​យើង នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម ។

I. មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ

គោលការណ៍​ទី​មួយ គឺ​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​ព្រះវរបិតា​សួគ៌ អំឡុង​ពេល​សាក្រាម៉ង់ ចំពោះ​ដង្វាយធួន​នៃ​ព្រះបុត្រា​ទ្រង់ ។ រឿង​ខាង​ក្រោម​មាន​ប្រាប់​អំពី​ការ​ចែក​សាក្រាម៉ង់ ។

« សាក្រាម៉ង់ ពុំ​មាន​អត្ថន័យ​ច្រើន​ចំពោះ​ខ្ញុំ​ទេ រហូត​ដល់​ថ្ងៃ​អាទិត្យ ដែល​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​ឌីកុន ។ ល្ងាច​នោះ បន្ទាប់​ពី​ខ្ញុំ​បាន​ចែកសាក្រាម៉ង់ ជា​លើក​ទីមួយ ។ មុន​ពេល​ការប្រជុំ ឌីកុន​ម្នាក់​បាន​ដាស់​តឿន​ខ្ញុំ​ថា ‹ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​បងប្រុស ស្មេត ។ អ្នក​អាច​នឹង​ដាស់​គាត់​ឡើង ! › ទីបំផុត​ពេលវេលា​បាន​មក​ដល់​ខ្ញុំ ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ចែក​សាក្រាម៉ង់ ។ ខ្ញុំ​បាន​ចែក​ដល់​ប្រាំ​មួយ​ជួរ​ដំបូង​បាន​យ៉ាងល្អ ។ កុមារ និង មនុស្ស​ពេញវ័យ បាន​ទទួលទាន​នំប៉័ង​ដោយមិន​ខ្វល់ ឬ ជា​បញ្ហា​គួរ​កត់​សំគាល់​ឡើយ ។ បន្ទាប់​មក ខ្ញុំ​ទៅ​ដល់​ជួរ​ទីប្រាំពីរ ជាជួរ​ដែល​បងប្រុស ស្មេត តែង​តែ​អង្គុយ ។ ប៉ុន្តែ​ខ្ញុំ​ភ្ញាក់ផ្អើល ។ គាត់ពុំ​ដេក​ទេ ។ គាត់​បាន​យក​នំប៉័ង​ហាក់​ដូច​ជា​គិត និង មាន​គារវភាព​យ៉ាង​ខ្លាំង មិន​ដូច​ជា​អ្នកដទៃ​ជាច្រើន​ទៀត ដែល​ខ្ញុំ​បាន​ចែក​ឲ្យ​ទេ ។

« ប៉ុន្មាន​នាទី​ក្រោយ​មក ខ្ញុំ​ចែក​ទឹក​ទៅ​ដល់​ជួរ​ទីប្រាំពីរ​ម្ដង​ទៀត​ ។ គ្រា​នេះ ​មិត្ត​ខ្ញុំ​និយាយ​ត្រូវ ។ បងប្រុស ស្មេត បាន​អង្គុយ​ឈ្ងោក​ក្បាល​ចុះ ហើយ​ភ្នែក​ធំ​គាត់​បិទ ។ គាត់​ដេក​យ៉ាង​ច្បាស់ ។ តើ​ខ្ញុំ​អាច​ធ្វើ ឬ អាច​និយាយ​អ្វី​បាន ? ខ្ញុំ​បាន​មើល​មួយ​សន្ទុះ ទៅ​ថ្ងាស​គាត់ ដែល​ជ្រីវជ្រួញ និង នឿយហត់​ពី​ការ​លំបាក និង ភាព​វេទនា​ជាច្រើន​ឆ្នាំ​មក​នេះ ។ គាត់​បាន​ចូលរួម​ក្នុង​សាសនាចក្រ​កាល​ពី​វ័យក្មេង ហើយ​ជួប​ប្រទះ​នឹង​ការបៀតបៀន​យ៉ាងច្រើន​នៅ​ក្នុង​ទីក្រុង​អាល្លឺម៉ង់​តូច​របស់​គាត់ ។ ខ្ញុំ​បាន​ស្ដាប់​ឮ​រឿង​ជា​ច្រើន​ដង​ក្នុង​ការប្រជុំ​ថ្លែង​ទីបន្ទាល់ ។ ទីបំផុត ខ្ញុំ​បាន​សម្រេច​ចិត្ត​គោះ​ស្មា​គាត់​តិចៗ ដោយ​សង្ឃឹម​ថា ដាស់​គាត់​ឡើង ។ នៅ​ពេល​ខ្ញុំ​ហៀប​ធ្វើ​ដូច្នោះ នោះ​គាត់​បាន​ងើប​ក្បាល​ឡើង​យឺតៗ ។ មាន​ទឹកភ្នែក​នៅ​លើ​ថ្ពាល់​គាត់ ហើយ​ពេល​ខ្ញុំ​មើល​ទៅ​កែវភ្នែក​គាត់ ខ្ញុំ​បាន​ឃើញ​សេចក្ដី​ស្រឡាញ់ និង ក្ដី​អំណរ ។ គាត់​បាន​លូកយក​​ពែង​ទឹក​ដោយ​ស្ងៀម​ស្ងាត់ ។ ទោះ​ជា​ខ្ញុំ​ទើប​តែ​អាយុ​ដប់​ពីរ​ឆ្នាំ​ក្ដី ក៏​ខ្ញុំ​អាច​នៅ​ចាំ​យ៉ាង​ច្បាស់​អំពី​អារម្មណ៍​ដែល​ខ្ញុំ​មាន​ នៅពេល​ខ្ញុំ​មើល​បុរស​រឹងមាំ​នេះ ទទួល​ទាន​សាក្រាម៉ង់ ។ ខ្ញុំ​ដឹង​ដោយ​គ្មាន​សង្ស័យ​ថា គាត់​ទទួល​អារម្មណ៍​អ្វី​មួយ​អំពី​សាក្រាម៉ង់ ដែល​ខ្ញុំ​ពុំ​ធ្លាប់​មាន ។ ខ្ញុំ​ប្ដេជ្ញា​ថា ខ្ញុំ​ចង់​មាន​អារម្មណ៍​ដូច​គ្នា​នោះ​ដែរ » ។ 4

បងប្រុស ស្មេត បាន​ទំនាក់ទំនង​នឹង​ស្ថានសួគ៌ ហើយ​ស្ថានសួគ៌​បាន​ទំនាក់ទំនង​នឹង​គាត់ ។

II. សូម​ចងចាំ​ថា យើង​កំពុង​តែ​រំឭក​អំពី​សេចក្ដី​បុណ្យជ្រមុជទឹក​

គោលការណ៍​ទីពីរ គឺ​ដើម្បី​ចងចាំ​ថា យើង​កំពុង​តែ​រំឭក​អំពី​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​យើង នៅ​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។ ការសន្យា​មួយ​ចំនួន ដែល​យើង​ធ្វើ​ជា​កំណត់ត្រា​នៅក្នុង​បទគម្ពីរ ដែល​រួមមាន ៖

« ... ចូលរួម​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅ​ថា ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ... ទួញ​យំ​ជា​មួយ​នឹង​អ្នកណា​ដែល​ទួញ​យំ...  ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ » ។ 5

« មក​ដោយ​មាន​ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប ... យល់​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ប្ដេជ្ញា​ថា​នឹង​បម្រើ​ទ្រង់​ដល់​ចុង​បំផុត » 6 និង​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ និង ចងចាំ​ទ្រង់​ជានិច្ច ។​ 7

ការអធិស្ឋាន​ពិធីសាក្រាម៉ង់ ជា​ការរំឭក​មួយ​អំពី​សេចក្ដី​សញ្ញា​ទាំង​នេះ ។ នៅ​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​រំឭក​ការតាំង​ចិត្ត​របស់​យើង ក្នុង​ការ​រស់​នៅ​តាម​សេចក្ដី​សញ្ញា​ទាំង​នេះ ។ ខ្ញុំ​ជឿ​ថា វា​នឹង​ជា​ការ​សមរម្យ​ដើម្បី​ទន្ទេញ​ចាំ​ការអធិស្ឋាន​ពិធីសាក្រាម៉ង់​នៅក្នុង​ចិត្ត និង គំនិត​របស់​យើង ។ នោះ​នឹង​ជួយ​យើង​ផ្ដោត​ទៅលើ​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក​របស់​យើង ។ ទោះ​ជា​យើង​មាន​អាយុ 8 ឬ 80 ឆ្នាំ​ក្ដី នៅ​ពេល​យើង​ទទួលបុណ្យ​ជ្រមុជទឹក យើង​សង្ឃឹម​ថា យើង​នឹង​ពុំ​អាច​បំភ្លេច​ថ្ងៃ​នោះ និង សេចក្ដី​សញ្ញា​ដែល​យើង​បាន​ធ្វើ​បាន​ឡើយ ។

III. អំឡុង​សាក្រាម៉ង់ យើង​អាច​ទទួល​អារម្មណ៍​អភ័យទោស​ពី​អំពើ​បាប​របស់​យើង

ទីបី អំឡុង​ពេល​សាក្រាម៉ង់ យើង​អាច​ទទួល​អារម្មណ៍​អភ័យទោស​ពី​អំពើបាប​របស់​យើង ។ បើ​យើង​បាន​ចំណាយ​ពេល​មុន​ការ​ប្រជុំ​សាក្រាម៉ង់ ប្រែចិត្ត​ពី​អំពើបាប​របស់​យើង នោះ​យើង​អាច​ចេញ​ពី​ការ​ប្រជុំ​សាក្រាម៉ង់​ទៅ​ដោយ​មាន​អារម្មណ៍​ស្អាត និង បរិសុទ្ធ ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ មាន​ប្រសាសន៍​ថា ៖ « សាក្រាម៉ង់ រំឭក​ដំណើរ​ការ​នៃ​ការ​អភ័យទោស ។ ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ នៅ​ពេល​បម្រើ​សាក្រាម៉ង់ នោះ​គឺ​ជា​ពិធី​មួយ ដើម្បី​រំឭក​ដំណើរ​ការ​នៃ​ការអភ័យទោស ។ ... ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ អ្នក​សម្អាត​ខ្លួន ដើម្បី​ដល់​ពេល​មួយ ពេល​អ្នក​ស្លាប់​ទៅ នោះ​វិញ្ញាណ​របស់​អ្នក​នឹង​ស្អាតស្អំ » ។ 8 ការទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម អាចជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ដូច​ជា​រាស្ត្រ​របស់​ស្ដេច​បេនយ៉ាមីន ដែល « ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ដោយ​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំងឡាយ​របស់​គេ ហើយ​ដោយ​មាន​សេចក្ដី​សុខសាន្ដ​ក្នុង​សតិសម្បជញ្ញៈ » ។ 9

IV. យើង​អាច​ទទួល​ការ​បំផុស​គំនិត ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំងឡាយ​របស់​យើង

គោលការណ៍​ទីបួន គឺ​ថា យើង​អាច​ទទួល​ការបំផុស​គំនិត​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​យើង អំឡុង​ការប្រជុំ​សាក្រាម៉ង់ ។ នៅពេល​ខ្ញុំ​ជា​ប្រធាន​បេសកកម្ម​នៅ បូលីវ៉ា ភរិយា​ខ្ញុំ ម៉ារី អាន និង ខ្ញុំ​មាន​ពរ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ប្រធាន​បេសកកម្ម​ជាមួយ​ប្រធាន ហែនរី ប៊ី អាវរិង ។ នៅ​ក្នុង​ការប្រជុំ​នោះ គាត់​បាន​បង្រៀន​ថា មាន​វិធី​សំខាន់​បី​ដើម្បី​រៀបចំ​ទទួល​បានប្រយោជន៍​ពី​ការប្រជុំ ។ យើង​គួរ​តែ​មក​ជា​មួយ​បញ្ហា​របស់​យើង រាបសារ​ដូច​ជា​កូន​ក្មេង​ត្រៀម​ខ្លួន​រៀន ហើយ​ដោយ​មាន​បំណងប្រាថ្នា​ជួយ​ដល់​កូនចៅ​របស់ព្រះ ។

នៅពេល​យើង​មក​ការប្រជុំ​សាក្រាម៉ង់​ដោយ​រាបសារ នោះ​យើង​អាច​មាន​ពរ​ដើម្បី​ដឹង​នូវ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រចាំ​ថ្ងៃ​របស់​យើង ។ យើង​ត្រូវ​តែ​មក​ដោយ​បាន​ត្រៀម​ខ្លួន មាន​ឆន្ទៈ​ស្ដាប់ ហើយ​គ្មាន​ការ​រំខាន ។ នៅ​ក្នុង​គម្ពីរ​យើង​អាន​ថា « ប៉ុន្តែ​មើលចុះ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​សិក្សា​ក្នុង​គំនិត​របស់​អ្នក រួចហើយ​អ្នក​ត្រូវ​សុំ​ដល់​យើង បើសិន​ជា​ការណ៍​នោះ​ត្រឹមត្រូវ ហើយ​បើសិនជា​ត្រឹមត្រូវ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​ទ្រូង​របស់​អ្នក​ខ្មួល​ខ្មាញ់​ខាង​ក្នុង ហេតុដូច្នោះ​ហើយ អ្នក​នឹង​មាន​អារម្មណ៍​ថា ការណ៍​នោះ​ត្រឹមត្រូវ » ។ 10 យើង​អាច​ដឹង​នូវ​អ្វី​ដែល​យើង​គួរ​ធ្វើ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​យើង ។

V. ការទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម នឹង​ជួយ​យើង​ឲ្យ​ពោរពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ

គោលការណ៍​ទីប្រាំ ការទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម នឹង​ជួយ​យើង​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អំឡុង​ពេល​នៃ​ការ​បង្កើត​ពិធីសាក្រាម៉ង់ កាល​ដែល​ទ្រង់​យាង​ទៅ​ជួប​ពួកសាសន៍​នីហ្វៃ ព្រះយេស៊ូវ​បាន​ថ្លែង​ថា « អ្នក​ណា​ទទួល​ទាន​នំប៉័ង​នេះ គឺ​ទទួលទាន​រូបកាយ​យើង​ទៅ​ក្នុង​ព្រលឹង​អ្នក​នោះ ហើយ​អ្នក​ណា​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​នេះ គឺ​ផឹក​លោហិត​យើង​ទៅ​ក្នុង​ព្រលឹង​អ្នក​នោះ ហើយ​ព្រលឹង​អ្នក​នោះ នឹង​ពុំ​ចេះ​ស្រេក​ឃ្លាន​ឡើយ តែ​បាន​ឆ្អែត​ជានិច្ច » ។ 11 ពួកគេ​បាន​សន្យា​ថា បើ​ពួកគេ​ស្រេកឃ្លាន​សេចក្ដីសុចរិត នោះ​ពួកគេ​នឹង​ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការអធិស្ឋាន​សាក្រាម៉ង់​ក៏​សន្យា​ផងដែរ​ថា បើ​យើង​រស់នៅ​តាម​សេចក្ដីសញ្ញា​របស់​យើង នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​យើង​ជានិច្ច ។ 12

អែលឌើរ មេលវិន  ជី បាឡាដ បាន​មានប្រសាសន៍ថា ៖ « ខ្ញុំ​ជា​សាក្សី​ម្នាក់​ថា មាន​ព្រះវិញ្ញាណ​ចូលរួម​ក្នុង​ការ​បម្រើ​សាក្រាម៉ង់ ដើម្បី​ធ្វើ​ឲ្យ​ព្រលឹង​កក់​ក្ដៅ តាំង​ពី​ក្បាល​ដល់​ចុង​ជើង អ្នក​អាច​ដឹង​ថា​របួស​ខាង​វិញ្ញាណ​ត្រូវ​បាន​ព្យាបាល ហើយ​បន្ទុក​ត្រូវ​បាន​សម្រាល ។ ការលួងលោមចិត្ត និង សុភមង្គល កើត​មាន​ក្នុង​ព្រលឹង ដែល​មាន​បំណង​ប្រាថ្នាពិត និង​សក្ដិសម​ក្នុង​ការទទួលទាន​អាហារ​ខាង​វិញ្ញាណ​នេះ » ។ 13

យើង​នឹង​ត្រូវ​បាន​ប្រទាន​ពរ នៅពេល​យើង​មាន​ការដឹងគុណ​ចំពោះ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ រំឭក​សេចក្ដី​សញ្ញា​របស់​យើង ទទួល​អារម្មណ៍​អភ័យទោស ហើយ​ទទួល​ការបំផុសគំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍ ។ វា​នឹង​ជា​ការប្រជុំ​សាក្រាម៉ង់​ដ៏​អស្ចារ្យ​មួយ បើ​សាក្រាម៉ង់ ផ្ដោត​សំខាន់​ក្នុង​ការ​ថ្វាយបង្គំ​របស់​យើង ។ ខ្ញុំ​សូម​បង្ហាញ​នូវ​ការ​ដឹង​គុណ​របស់​ខ្ញុំ​ចំពោះ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។