ឆ្នាំ ២០១០-២០១៩
ដោយសារ​សេចក្ដី​ជំនឿ នោះ​ការណ៍​ទាំងអស់​ត្រូវ​បាន​បំពេញ
តុលា 2012


ដោយសារ​សេចក្ដី​ជំនឿ នោះ​ការណ៍​ទាំងអស់​ត្រូវ​បាន​បំពេញ

សេចក្ដី​ជំនឿ​នឹង​ជួយ​យើង​ឲ្យ​ឡើង​តាម​ផ្លូវ​​នៃ​ដំណឹងល្អ​ដោយ​សុវត្ថិភាព, យក​ឈ្នះ​លើ​រាល់​ឧបសគ្គ​ខាង​សាច់ឈាម ហើយ​ត្រឡប់​ទៅ​កាន់​វត្តមាន​ដ៏​មហាអស្ចារ្យ​​នៃ​ព្រះវរបិតាសួគ៌​យើង ។

អស់​ពេល​មិន​យូរ​ប៉ុន្មាន​កន្លង​ទៅ ពួកយើង​បី​បួន​នាក់ នៅក្នុង​គ្រួសារ ណាស បាន​ឡើង​ទៅ​​ដល់​កំពូល​ភ្នំ ហូណា ពិឆុ ជា​កំពូល​ដ៏​ខ្ពស់​មួយស្ថិត​នៅ​​ក្បែរ​សំណង់​បែកបាក់នៃទីក្រុង ម៉ាឆុ ពិឆុ របស់​​​ប្រជាជន អ៊ិនខេន ពី​បុរាណ​នៅ​លើ​​ជួរ​ភ្នំ​នៃ​ប្រទេស ពេរូ ។ វា​គឺជា​ការ​ឡើង​ចំណោត​ដ៏​ចោត​ខ្លាំង​មួយ​ដោយ​​មាន​ទិដ្ឋភាព​ដ៏​អស្ចារ្យ និង ការអាច​ធ្លាក់​ចុះ​ដោយ​ងាយ។ ជា​ការ​គួរ​ឲ្យ​ក្រៀម​ក្រំ មាន​អ្នកឡើង​ភ្នំ​ខ្លះបាន​ស្លាប់​ដោយសារ​ការ​ធ្លាក់​ចេញ​ពី​ផ្លូវ​ដ៏​ចង្អៀត និង ចោត​នោះ ។ ដើម្បី​ចៀសវាង​ពី​សោកនាដកម្ម​បែបនោះ គេ​បាន​ដាក់​ខ្សែកាប​ដើម្បី​ការពារ ​ភ្ជាប់​នឹង​ថ្ម​ដ៏​រឹងមាំ​ប្របតាម​ភ្នំ ហូណា ពិឆុ ។ យើង​បាន​កាន់​តាម​ខ្សែកាប​ទាំងនោះ នៅពេល​យើង​ឡើង ហើយ​វា​អាច​ជួយ​យើង​ឲ្យ​ទៅ​ដល់​កំពូល​ភ្នំ​ដោយ​សុវត្ថិភាព ទិដ្ឋភាពនៅ​ទីនោះ​គឺ អស្ចារ្យខ្លាំង​ណាស់ !

ដូចជា​ផ្លូវទៅ​កាន់​​ភ្នំ ហូណា ពិឆុ ដែរ ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​យើង​គឺជា​ចំណោត​ដ៏​ចោត និង ពិបាក​មួយ ជា​ផ្លូវ​មួយ​ដែល​ត្រូវការ​ជំនួយ​ពី​ព្រះវរបិតាសួគ៌​របស់​យើង​ដើម្បី​​បាន​ដើរ​​ដល់​ទី​បញ្ចប់ដោយ​ជោគជ័យ ។ ដោយ​ហេតុផល​នោះ​ហើយ ទើប​ទ្រង់បាន​ស្ថាបនា​នូវ​​គោលការណ៍ និង ពិធីការ​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ ដើម្បី​នាំ​យើង​ទៅកាន់​ព្រះអង្គ​សង្រ្គោះ និង អំណាច​ដ៏សង្គ្រោះ​របស់​ទ្រង់ ។1 គោលការណ៍​ទី​មួយ​នៃ​គោលការណ៍​ទាំងនោះ​គឺ​​ជា សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ 2 គឺ​ដូចជា​ខ្សែកាប​លើ​ភ្នំ ហូណា ពិឆុ អញ្ចឹង​៖ ប្រសិនបើ​វា​មាំ ហើយបាន​​ភ្ជាប់​យ៉ាង​ណែន​ទៅនឹង​ « សិលា​នៃ​ព្រះដ៏​ប្រោសលោះ​របស់​យើង » 3សេចក្ដី​ជំនឿ​នឹង​ជួយ​យើង​ឲ្យ​ឡើង​តាម​ផ្លូវ​​នៃ​ដំណឹងល្អ​ដោយ​សុវត្ថិភាព, យក​ឈ្នះ​លើ​រាល់​ឧបសគ្គ​ខាង​សាច់ឈាម4 ហើយ​ត្រឡប់​ទៅ​កាន់​វត្តមាន​ដ៏​មហាអស្ចារ្យ​​នៃ​ព្រះវរបិតាសួគ៌​យើង ។ ការណ៍​ទាំងអស់​ត្រូវ​បាន​បំពេញ ដោយសារ​សេចក្ដី​ជំនឿ ។5

សេចក្ដី​ជំនឿ គឺជា​គោលការណ៍​មួយ​នៃ​សកម្មភាព និង អំណាច ។6 សេចក្ដី​ជំនឿ « គឺ​ពុំ​មែន​ជា​ដំរិះ​ដ៏​ឥតខ្ចោះ​នូវ​អ្វីៗ​ទាំងឡាយ​នោះ​ទេ ហេតុដូច្នេះហើយ បើសិនជា [ យើង ] មាន​សេចក្ដី​ជំនឿ នោះ [ យើង ] សង្ឃឹម​ទៅលើ​អ្វីៗ​ដែល​មើល​មិន​ឃើញ ហើយ​ដែល​ពិត » ។7 វា​គឺជា​ការធានា​មួយ8 ពីព្រះវិញ្ញាណ​ ទទួលបាន​តាមរយៈ​ការ​រៀន​សូត្រ​របស់យើង ដែល​នាំ​យើង​ឲ្យ​ធ្វើសកម្មភាព9 ​ឲ្យ​ធ្វើតាម​គំរូ​នៃ​ព្រះអង្គ​សង្គ្រោះ និង កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​ប្រកប​ដោយ​ការអធិស្ឋាន ទោះបីជា​ក្នុង​ពេល​ដ៏​ពលិកម្ម និង ឧបសគ្គ​ក្ដី ។10 សេចក្ដី​ជំនឿ នាំ​យើង​ឲ្យ​មាន​នូវ​អំណាច​នៃ​ព្រះអម្ចាស់ ដែល -- ក្នុង​ចំណោម​រឿង​ផ្សេងៗ -- វា​ត្រូវ​បាន​សម្ដែង​ដោយ​សេចក្ដី​សង្ឃឹម​មួយ​ថា​ការណ៍​ល្អ​នឹង​មក11 ; អព្ភូតហេតុទាំងឡាយ​ដែល​​បញ្ជាក់​ពី​សេចក្ដី​ជំនឿ12; និង ការការពារ​ដ៏​ទេវភាព​ក្នុង​ពេល​មាន​បញ្ហា​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ។13

ជីវិត​របស់ អាន រ៉ូលី ជា​ស្ដ្រី​ត្រួសត្រាយ​ផ្លូវ​ម្នាក់​នៅ​ជំនាន់​មុន​នៃ​សាសនាចក្រ បង្ហាញ​ពី​របៀប​ដែល​ការអនុវត្ត​សេចក្ដី​ជំនឿ​ ​ជះ​ឥទ្ធិពល​ដល់​ជីវិតរបស់​យើង​សម្រាប់​ការណ៍​ល្អ ។ ជា​ស្រ្ដី​មេម៉ាយ​មក​ពី​ប្រទេស​អង់គ្លេស​ម្នាក់ បងស្រី រ៉ូលី បាន​អនុវត្ត​សេចក្ដី​ជំនឿ​របស់​គាត់​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការហៅ​របស់​ព្យាការី​ឲ្យ​ប្រមូល​គ្នា​ទៅ​ស៊ីយ៉ូន ។ គាត់​គឺជា​សមាជិក​ម្នាក់​នៃ​ក្រុម​រទេះ​តូចៗ វីលី ដែល​ជួប​ប្រទះ​នឹង​គំនរ​ព្រិល​យ៉ាង​ក្រាស់​តាម​ផ្លូវ​នា​រដូវ​រងា​ក្នុង​ឆ្នាំ 1856 ។ ពួកគេ​បាន​ទៅ​ដល់​ចំណុច​មួយ​នៃ​ការធ្វើ​ដំណើរ​ដែល​កូន​ទាំង​ប្រាំពីរ​នាក់​របស់​គាត់ បាន​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង ។ គាត់​បាន​សរសេរ​ថា ៖ « ខ្ញុំ​ឈឺចាប់​ពេល​ឃើញ​កូនៗ​របស់​ខ្ញុំ​គ្មាន​អាហារ​ញ៉ាំ ។ ... យប់​បាន​មក​ដល់ ហើយ​គ្មាន​អាហារ​សម្រាប់​បាយ​ល្ងាច​ទេ ។ ខ្ញុំ​បាន​សុំ​ជំនួយ​ពី​ព្រះ ដូច​ដែល​ខ្ញុំ​តែងតែ​ធ្វើ​រាល់ដង ។ ខ្ញុំ​លុត​ជង្គង់​ចុះ ដោយ​ចងចាំ​ពី​នំ​សមុទ្រ​រឹង​ពីរ​ដែល ... សល់​ពី​ដំណើរ​សមុទ្រ​មក ។ វា​មិន​សូវ​ធំ​ទេ ហើយ​រឹង​ណាស់​ដែល​មិន​អាច​កាច់​បាន ។ ពិត​ណាស់ វា​មិន​ល្មម​សម្រាប់​មនុស្ស 8 នាក់​ញ៉ាំ​នោះ​ទេ ប៉ុន្ដែ​នំប៉័ង 5 ដុំ និង ត្រី 2 ក៏​មិន​គ្រប់​សម្រាប់​មនុស្ស 5000 នាក់​បរិភោគ​ដែរ តែ​​តាមរយៈ​អព្ភូតហេតុ​មួយ ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​​វាគ្រប់ល្មម ។ ដូច្នេះ ដោយ​មាន​ជំនួយ​ពី​ព្រះ នោះ​គ្មាន​ការ​អ្វី​ដែល​ពុំ​អាច​ធ្វើ​បាន​នោះ​ឡើយ ។ ខ្ញុំ​បានរក​ឃើញ​​នំ ហើយ​ដាក់​វា​លើ​ឆ្នាំង​ធំ​មួយ ហើយ​គ្រប​វា​ដាក់​ទឹក ហើយ​សុំ​ព្រះ​ឲ្យ​ប្រទានពរ ។ បន្ទាប់មក ខ្ញុំ​គ្រប​ឆ្នាំង ហើយ​ដាក់​វា​លើភ្លើង ។ ពេល​ខ្ញុំ​បើក​គម្រប​បន្ដិច​ក្រោយ​មក ខ្ញុំ​ឃើញ​ឆ្នាំង​នោះ​ពេញ​ដោយ​អាហារ ។ ខ្ញុំបាន​​លុត​ជង្គង់​ចុះ​ជាមួយ​នឹង​គ្រួសារ​ខ្ញុំ ហើយ​អរព្រះគុណ​ព្រះ​សម្រាប់​ការល្អ​របស់​ទ្រង់ ។ យប់​នោះ គ្រួសារ​របស់​ខ្ញុំ​មាន​អាហារ​គ្រប់គ្រាន់​ញ៉ាំ » ។14

អាន រ៉ូលី បាន​រស់នៅ​តាម​ដំណឹងល្អ​ដោយ​ការពលិកម្ម​ផ្ទាល់ខ្លួន​យ៉ាង​ធំ ។ គាត់​បាន​ត្រូវការ​ជំនួយ ហើយ​បាន​សុំ​ជំនួយ​នោះ​នៅ​ក្នុង​​ការអធិស្ឋាន ។ ដោយសារ​តែ​សេចក្ដី​ជំនឿ​របស់​គាត់ គាត់​ពោរពេញ​ដោយ​ក្ដីសង្ឃឹម ហើយ​បាន​ផ្ដល់​អាហារ​យ៉ាង​អព្ភូតហេតុ​ដល់​គ្រួសារ​របស់​គាត់ ។ ព្រះអម្ចាស់​ក៏​បាន​ប្រទានពរ​ដល់​គាត់​ ឲ្យ​មាន​សមត្ថភាព​ដ៏​សំខាន់​អស់កល្ប​ជានិច្ច​​ដើម្បី​ « តស៊ូដោយ​សេចក្ដី​ជំនឿ​ដល់​ទីបញ្ចប់ » ដែរ ។115 ថ្វីបើ​អនាគត​មិន​ច្បាស់លាស់​ក៏​ដោយ ក៏​គាត់​មិន​បាន​ទាមទារ​ចង់​ដឹង​ពី​របៀប​ដែល​គាត់​ត្រូវ​ចិញ្ចឹម​កូនៗ​របស់​គាត់​នៅ​ថ្ងៃ​ស្អែក​ឡើយ ផ្ទុយមក​វិញ គាត់​ « [ បាន​ ] រង់ចាំ​ ព្រះអម្ចាស់​ » ដោយ​អត់ធ្មត់16 ហើយ​បន្ដ​ទៅ​មុខ​ដោយ​ក្ដី​សង្ឃឹម -- ដូចជា​ទំនុក​តម្កើង​ដ៏​ល្អ​នេះ​បង្ហាញ​ថា ៖

នាំ ពន្លឺ​ដ៏​ល្អ មក​ភាពងងឹត​នៅ​ជុំវិញ​ខ្ញុំ សូម​នាំ​ខ្ញុំ​ទៅ​មុខ !

យប់​ងងឹត ហើយ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ សូម​នាំ​ខ្ញុំ​ទៅ​មុខ !

សូម​នាំ​ជើង​ខ្ញុំ ខ្ញុំ​មិន​សុំ​មើល​អនាគត​ទេ

វា​ល្មម​ចំពោះ​ខ្ញុំ​គ្រាន់តែ​ឃើញ​ជំហាន​បន្ទាប់​នៅ​ពីមុខ​ខ្ញុំ ។17

យើង​ផងដែរ ក៏អាច​អនុវត្ត​សេចក្ដី​ជំនឿ​បែបនេះ​នៅក្នុង​ព្រះអម្ចាស់​បាន ដោយការ​​ជឿ និង ទុកចិត្ត​ថា​ព្រះ​ដ៏​សប្បុរស និង ឥត​ផ្លាស់ប្ដូរ​របស់​យើង18 នឹង​ប្រទានពរ​ដល់​យើង​ដោយ​អំណាច​ដ៏​អព្ភូតហេតុ​របស់​ទ្រង់​ដែល​សមរម្យ​នឹង​កាលៈទេសៈ​របស់​យើង ស្របតាម​ពេលវេលា​របស់​ទ្រង់ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ យើង​ក៏​នឹង​ឃើញ​នូវ​ឥទ្ធិពល​របស់​ព្រះ​សម្ដែង​ឡើងនៅក្នុង​ជីវិត​របស់​យើងដែរ ។

ព្រះអម្ចាស់​បញ្ជា​ដល់​យើង​ឲ្យយក « សេចក្ដី​ជំនឿ​ទុក​ជា​ខែល ដែល​អ្នករាល់​គ្នា​នឹង​អាច​រំលត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​ពួកទុច្ចរិត ដោយសារ​ខែល​នោះ​បាន » ។19 សាតាំង​នឹង​ប្រើ​នូវ​រឿង​ទាំង​នោះដូច​ជា​ ការសង្ស័យ ការភ័យខ្លាច ឬ អំពើ​បាប​ដើម្បី​ល្បួង​យើង​ឲ្យ​លែង​ចោល​នូវ​សេចក្ដី​ជំនឿ ហើយ​​បាត់​បង់​នូវ​​ការការពារ​ដែល​សេចក្ដី​ជំនឿ​ផ្ដល់​ឲ្យ ។ សូម​យើង​ពិនិត្យដោយស​ង្ខេប​នូវ​ឧបសគ្គ​ចំពោះ​សេចក្ដី​ជំនឿ​ទាំងនេះ​មួយម្តងៗ ដើម្បី​យើង​អាច​ស្គាល់ និង មិន​ស្តាប់​តាម​​ការល្បួងរបស់​​បច្ចាមិត្ត​​នោះ​ឡើយ ។20

ទីមួយ ការមិន​ជឿ​លើ​ព្រះអម្ចាស់ ឬ ដំណឹងល្អ​របស់​ទ្រង់ នឹង​ធ្វើ​ឲ្យ​យើង​រឹង​ទទឹង​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ ។21 ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ការសង្ស័យ គឺ​សាមញ្ញ ។ ដូច​ដែល​សេ្ដច​បេនយ៉ាមីន​បាន​ថ្លែង​ថា « សូម​ជឿ​ដល់​ព្រះ​ចុះ សូម​ជឿ​ថា ទ្រង់​មាន​ព្រះជន្ម​រស់នៅ ហើយ​ថា​ទ្រង់​បាន​បង្កើត​វត្ថុ​សព្វសារពើ ទាំង​នៅ​លើ​ស្ថានសួគ៌ និង នៅលើ​ផែនដី​ផង សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា និង គ្រប់​ព្រះចេស្ដា​ទាំង​នៅ​លើ​ស្ថានសួគ៌ និង នៅលើ​ផែនដី​ផង សូម​ជឿ​ថា មនុស្ស​ពុំ​យល់​នូវ​អ្វី​ទាំងអស់ ដែល​ព្រះ​ទ្រង់​អាច​យល់​បាន​នោះ​ឡើយ » ។22

ប្រសិនបើ​អ្នក​ឃើញ​ថា សេចក្ដី​ជំនឿ​របស់​អ្នក​យោល ដោយសារ​ការឥត​ជំនឿ ឬ ការសង្ស័យ សូម​ចាំ​ថា សូម្បី​សាវក​ពី​បុរាណ​ទូល​ដល់​ព្រះអម្ចាស់​ថា « សូម​ទ្រង់​ចម្រើន​សេចក្ដី​ជំនឿ​ដល់​យើង​ខ្ញុំ​ទៀត​ផង » ។23 សូម​ចាំ​ថា សេចក្ដី​ជំនឿ និង ហេតុផល គឺជា​ដៃគូ​ដ៏​ចាំបាច់ សូម​ពិចារណា​ពី​ភាពស្រដៀង​គ្នា​ខាងក្រោម ៖ សេចក្ដី​ជំនឿ និង ហេតុផល គឺ​ដូចជា​ស្លាប​យន្ដហោះ​ពីរ​អញ្ចឹង ។ ស្លាប​ទាំងពីរ​សំខាន់​ដើម្បី​ធ្វើឲ្យ​ការ​ហោះហើរអាច​ធ្វើ​ទៅ​បាន​ ។ ចេញ​ពី​គំនិត​របស់​អ្នក ប្រសិនបើ​ហេតុផល​ហាក់ដូចជា​ផ្ទុយ​នឹង​សេចក្ដី​ជំនឿ សូម​ឈប់​បន្តិច ហើយ​សូម​ចាំ​ថា គំនិត​របស់​យើង​គឺ​ពិត​ជា​មាន​កម្រិត បើ​ប្រៀបធៀប​នឹង​គំនិត​របស់​ព្រះអម្ចាស់ ។24 សូម​កុំ​បោះបង់​សេចក្ដី​ជំនឿចោល​ទៀត​ឡើយ គឺ​ដូច​ជា​អ្នក​បាន​ផ្ដាច់​ស្លាប​មួយ​​ពី​យន្ដហោះអំឡុង​​ពេល​ហោះហើរ​ដែរ ។ ផ្ទុយមក​វិញ សូម​ថែរក្សា​បំណែក​នៃ​សេចក្ដី​ជំនឿ និង ឲ្យ​មាន​ក្ដី​សង្ឃឹម​ដែល​វាផ្តល់​ឲ្យ ​​ក្លាយជា​យុថ្កា​មួយ​ដល់​ព្រលឹង​របស់​អ្នក -- និង ចំពោះ​ហេតុផល​របស់​អ្នក ។25 ហេតុ​នេះ​ហើយ​បានជា​យើង​ត្រូវបាន​បញ្ជា​ឲ្យ « ស្វែងរក​ការរៀនសូត្រ ... ដោយសារ​ការសិក្សា និង ដោយសារ​សេចក្ដី​ជំនឿ​ផង » ។26 សូម​ចាំ​ថា សេចក្ដី​ជំនឿ​នាំមុខ និង បង្កើតនូវ​​អព្ភូតហេតុ​ទាំងឡាយ​ សម្រាប់​ពេល​ដែល​យើង​មិន​អាច​ពន្យល់​ដោយ​ចំណេះដឹង​ដែល​យើង​បាន​ទទួល​តាមរយៈ​បទពិសោធន៍​ផ្ទាល់​របស់​យើងនោះ ដូចជា​​ឆ្នាំង​ធំ​មួយ​ពេញ​ដោយ​អាហារ​ចេញ​ពី​នំ​តូច​ពីរដុំ ឬ ការ​តស៊ូ​ដោយ​សេចក្ដី​ជំនឿតទល់​​នឹង​ឧបសគ្គ​​ទាំងឡាយដែរ ។27

ទី​ពីរ ការភ័យ​ខ្លាច​ ដែល​បណ្តាល​មក​ពី​ការ​ចុះ​ខ្សោយ​​នៃ​​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​ ។ សាវក ពេត្រុស បាន​សំឡឹង​ទៅ​ព្រះអម្ចាស់​នា​យប់​មាន​ខ្យល់ព្យុះ​​មួយ ហើយ​បាន​ដើរ​លើ​ទឹក -- រហូតដល់​គាត់​ក្រឡេក​ចេញ​ពី​កន្លែង​ដែល​គាត់​មើល​ហើយ « បាន​ឃើញ​ខ្យល់បក់​ជា​ខ្លាំង [ នោះ ] គាត់​មាន​ចិត្ត​ភ័យ » ហើយ​បន្ទាប់មក​បាន​លិច​ទៅក្នុង​សមុទ្រ​ព្យុះ​​នោះ​ទៅ ។28 គាត់​អាច​បន្ដ​ដើរ ប្រសិនបើ​គាត់​មិន​ភ័យ​ខ្លាច​នោះ ! ជាជាងយើង​​ផ្ដោតលើខ្យល់​បក់ និង ភ័យ​ខ្លាច​ចំពោះ​ខ្យល់បក់ និង រលក​ដ៏​ខ្លាំង​នៅក្នុង​ជីវិត​របស់​យើង ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ « មើល​មក​ឯ​យើង ដោយ​នូវ​គ្រប់​ទាំង​គំនិត ; ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ » ។29

ទី​បី អំពើ​បាប​បន្ថយ​វត្តមាន​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​របស់​យើង ហើយ​ដោយ​គ្មាន​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​នឹង​ខ្វះ​កម្លាំង​ខាង​វិញ្ញាណ​ដើម្បី​តោង និង អនុវត្តនូវ​​សេចក្ដី​ជំនឿ​ហើយ ។ វា​ល្អ​បំផុត​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង​ដើម្បី « កុំ​ប៉ះពាល់​ដល់​អំណោយទាន​អាក្រក់ ឬ វត្ថុ​ដែល​ពុំ​ស្អាត​ឡើយ »30 ហើយ​ដើម្បី « មាន​ចិត្ត​ព្យាយាម​ក្នុង​ការកាន់​តាម​គ្រប់​អស់​ទាំង​ព្រះបញ្ញត្តិ​ចុះ ក្រែង ... សេចក្ដី​ជំនឿ​របស់​អ្នក​វិនាស​បាត់ ហើយ​ក្រែង​ពួកខ្មាំង​សត្រូវ​របស់​អ្នក​មាន​ជ័យជំនះ​មក​លើ​អ្នក » ។31 ប្រសិនបើ​អំពើបាប​បាន​បំផ្លាញ​ជីវិត​របស់​អ្នក ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​អនុវត្ត « សេចក្ដី​ជំនឿ​ចំពោះ​ការប្រែចិត្ត »32 ហើយ​ព្រះអង្គ​សង្គ្រោះ​នឹង​បន្សុទ្ធ និង ព្យាបាល​ជីវិត​របស់​អ្នក តាមរយៈ​ដង្វាយធួន ។

បងប្អូន​ប្រុស​ស្រី ស្របតាម​សេចក្ដី​ជំនឿ​របស់​យើង ព្រះអម្ចាស់​នឹង​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់ ហើយ​ធ្វើការ​ជាមួយ​យើង​ដើម្បី​យក​ឈ្នះ​រាល់​ឧបសគ្គ ។33 ទ្រង់​ធ្វើ​ដូច្នេះ​សម្រាប់ អាន រ៉ូលី ហើយ​បាន​ធ្វើ​ដូច្នេះ​សម្រាប់​រាស្ដ្រ​របស់​ទ្រង់​ក្នុង​ជាតិសាសន៍​ទាំងអស់ និង គ្រប់​ជំនាន់ និង សម័យ​ទាំងអស់ ។ ដោយសារ​ទ្រង់​គឺជា « ព្រះ​នៃ​អព្ភូតហេតុ » និង « ពុំ​ផ្លាស់ប្ដូរ » នោះ​ទ្រង់​នឹង​ប្រទានពរដល់​យើង​ម្នាក់ៗ​ឲ្យ​មាន​ក្ដីសង្ឃឹម ការការពារ និង អំណាច​ស្របតាម​សេចក្ដី​ជំនឿ​របស់​យើង លើ​ទ្រង់​ផង​ដែរ ។34 សេចក្ដី​ជំនឿ​ដ៏​ខ្ជាប់ខ្ជួន​ទៅលើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​នឹង -- ដូចជា​ខ្សែកាប​នៅលើ​ផ្លូវ​ឡើង​ទៅ​​ភ្នំ ហូណា ពិឆុ ដែរ — ចាក់ឬស​អ្នក និង អ្នកជាទី​ស្រឡាញ់​របស់​អ្នក​ទៅ​នឹង​សិលា​នៃ​ព្រះដ៏​ប្រោសលោះ​របស់​យើង​ » 35និង អំណាច​សង្គ្រោះ​ដ៏​គ្មាន​គូ​ប្រៀប​របស់​ទ្រង់ ។

ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា « អនាគត​គឺ​មាន​សង្ឃឹម​ដូចជា​សេចក្ដី​ជំនឿ​របស់​អ្នក​ដែរ » ។36 ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដ៏មានក្ដី​សង្ឃឹម និង ​វិសេស​បំផុត​នោះ ហើយ​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​បន្ដ​ទៅ​មុខ​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ « គ្មាន​អ្វី​ដែល​ផាត់​ដោយ​ខ្យល់​ឡើយ » ។37 ខ្ញុំ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ទ្រង់​មាន​ព្រះជន្ម​រស់ ទ្រង់​ជា « មេ​ផ្ដើម ហើយ​ជា​មេ​សម្រេច​នូវ​សេចក្ដី​ជំនឿ [ ​របស់​យើង ] »38 ហើយ « ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់ » ។39 ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នេះ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។