ឆ្នាំ ២០១០-២០១៩
បានប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់
តុលា 2012


បានប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់

ការ​ដឹង​ថា ដំណឹងល្អ​ជាការ​ពិត វាសំខាន់​ដើម្បី​មាន​ទីបន្ទាល់ ។ ការ​នៅពិត​ត្រង់​ដ៏​​ខ្ជាប់ខ្ជួនចំពោះ​ដំណឹងល្អ គឺ​ជា​ការ​សំខាន់​សម្រាប់​ការ​ផ្លាស់ប្រែ​ចិត្ត​ជឿ ។

សាររបស់​ខ្ញុំ​ផ្ដោត​លើ​ទំនាក់ទំនង រវាង​ការទទួល​ទីបន្ទាល់​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ និង​ការប្រែចិត្ត​ជឿ​ដល់​ទ្រង់ និង​ដំណឹងល្អ​ទ្រង់ ។ ជាធម្មតា យើង​និយាយ​ពី​ប្រធានបទ​នៃ​ទីបន្ទាល់ និង​ការប្រែចិត្ត​ជឿ ដោយ​ឡែក និង​ដោយ​ឯករាជ ។ ទោះយ៉ាងណា យើង​ទទួល​បាន​ទស្សនវិស័យ​ដ៏​មានតម្លៃ និង​ការជឿជាក់​ខាង​វិញ្ញាណ​ដែល​កាន់តែអស្ចារ្យ ពេល​យើង​ពិចារណា​ពី​ប្រធានបទ​ដ៏​សំខាន់​ទាំងពីរ​នេះ​ជាមួយ​គ្នា ។

ខ្ញុំ​អធិស្ឋាន​សុំឲ្យ​​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ដឹកនាំ និង ​ស្អាង​យើង​ម្នាក់ៗ ។

ឯ​អ្នករាល់គ្នា​វិញ តើថា​ខ្ញុំ​ជា​អ្នកណា ?

យើង​អាច​រៀន​ច្រើន ពី​ទីបន្ទាល់ និង​ការប្រែចិត្តជឿ មកពី​ការបម្រើ​របស់​សាវក​ពេត្រុស ។

ពេល​ព្រះយេស៊ូវ​បាន​យាង​មកដល់​ក្រវល់​ក្រុង​សេសារា-ភីលីព​ហើយ ទ្រង់​បាន​សួរ​សំណួរ​ល្បង​នេះ ទៅ​សិស្ស​ទ្រង់​ថា ៖ « ឯ​អ្នក​រាល់គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នកណា ? »

ពេត្រុស​បាន​ឆ្លើយ​ដោយ​ត្រង់​ថា ៖

« ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។

« រួច​ព្រះយេស៊ូវ​មាន​បន្ទូល​តប​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ អ្នក​មាន​ពរ ត្បិត​មិន​មែន​ជា​សាច់ឈាម ដែល​បាន​សម្ដែង​ឲ្យ​អ្នក​ស្គាល់ទេ គឺ​ព្រះវរបិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ » ( ម៉ាថាយ 16:15–17 ) ។

គំរូ​នៃ​ការឆ្លើយតប​របស់​ពេត្រុស និង​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ បង្ហាញ​ថា ទីបន្ទាល់​គឺ​ជា​ការចេះដឹង​ដោយ​ផ្ទាល់ ពី​សេចក្ដី​ពិត​ខាង​វិញ្ញាណ ដែល​ទទួល​បាន​តាម​វិវរណៈ ។ ទីបន្ទាល់​ជា​អំណោយ​មក​ពី​ព្រះ ហើយ​មាន​ដល់​គ្រប់​កូនចៅ​ទ្រង់ ។ អ្នក​ណា​ដែល​ស្វែងរក​សេចក្ដី​ពិត​ដោយ​ស្មោះត្រង់ អាច​ទទួល​បាន​ទីបន្ទាល់ ដោយ​អនុវត្ត​ជា​ចាំបាច់​នូវ « សេចក្ដី​ជំនឿ​មួយ​ភាគ​តូច » លើ​ព្រះយេស៊ូវគ្រីស្ទ ( អាលម៉ា 32:27 ) ហើយ « ពិសោធ​គុណធម៌​នៃ​ព្រះបន្ទូល » ( អាលម៉ា 31:5 ) បន្ទន់ « តាម​សេចក្ដី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ម៉ូសាយ 3:19 ) ហើយ​ភ្ញាក់ឡើង​ចំពោះ​ព្រះ ( សូមមើល អាលម៉ា 5:7 ) ។ ទីបន្ទាល់​នាំ​ឲ្យ​កើន​ឡើង​នូវ​ការធានា​ខុសត្រូវ​ផ្ទាល់ខ្លួន ហើយ​ជា​ប្រភព​នៃ​គោលបំណង ការអះអាង និង​ក្ដីអំណរ ។

ការស្វែងរក និង​ការ​ទទួលបាន​ទីបន្ទាល់ អំពី​សេចក្ដី​ពិត​ខាង​វិញ្ញាណ តម្រូវ​ឲ្យ​មាន​ការសួរ ស្វែងរក និង​គោះ ( សូមមើល ម៉ាថាយ 7:7; នីហ្វៃទី3 14:7 ) ដោយ​ចិត្តស្មោះ បំណងពិត និង​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ( សូមមើល មរ៉ូណៃ 10:4 ) ។ ធាតុ​សំខាន់​នៃ​ទីបន្ទាល់ គឺ​ការដឹង​ថា ព្រះវរបិតាសួគ៌​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​យើង ថា​ព្រះយេស៊ូវគ្រីស្ទ​ជា​អង្គ​សង្គ្រោះ និង​ថា​ភាពពោរពេញ​នៃ​ដំណឹងល្អ ត្រូវបាន​ស្ដារឡើងវិញ​លើ​ផែនដី ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។

កាលណា​អ្នក​បាន​ប្រែចិត្តជឿ

ពេល​ព្រះអង្គ​សង្គ្រោះ​បង្រៀន​សិស្ស​ទ្រង់ នៅឯ​អាហារ​ចុងក្រោយ​បង្អស់ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពេត្រុស​ថា

« ស៊ីម៉ូនៗ​អើយ មើល សាតាំង​បាន​ចង់ ... រែង​អ្នក​រាល់គ្នា ដូច​ជា​រែង​អង្ករ ៖

« ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាលណា​អ្នក​បាន​ប្រែចិត្ត​វិល​មកវិញ នោះ​ចូរ​ចម្រើន​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង » ( លូកា 22:31–32 ) ។

គួរឲ្យ​ចាប់អារម្មណ៍ សាវក​ដ៏​អស្ចារ្យ​នេះ បាន​និយាយ និង​បាន​ដើរ​ជាមួយ​លោកគ្រូ បាន​ឃើញ​អព្ភូតហេតុ​ជាច្រើន ហើយ​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​ពី​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ ។ តែ សូម្បី​តែ ពេត្រុស​ក៏​ត្រូវការ​ការណែនាំ​បន្ថែម​ពី​ព្រះយេស៊ូវ អំពី​អំណាច​នៃ​ការប្រែចិត្ត​ជឿ និង​ការធ្វើ​ឲ្យ​បរិសុទ្ធ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពី​កាតព្វកិច្ច​របស់​លោក ក្នុង​ការបម្រើ​ដោយ​ស្មោះត្រង់ ។

លក្ខណៈ​គ្រឹះ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន និង​ជា​អចិន្ត្រៃ ក្នុង​ចរិត​ធម្មជាតិ​របស់​យើង ដែល​ការផ្លាស់ប្ដូរ​នេះ​អាចកើតឡើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ការប្រែចិត្តជឿ​ពិត​នាំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​នៅក្នុង​ការជឿ ក្នុង​ដួងចិត្ត និង​ក្នុង​ជីវិត​មនុស្ស​ម្នាក់ ឲ្យ​ទទួលយក និង​គោរព​តាម​ព្រះហឫទ័យ​ព្រះ ( សូមមើល កិច្ចការ 3:19; នីហ្វៃទី 3 9:20 ) ហើយ​រួមទាំង​មនសិការ​ក្នុង​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះគ្រីស្ទ ។

ការប្រែចិត្ត​ជឿ​ជា​ការបង្កើន ការពង្រឹង និង​ការ​ពង្រីក​គ្រឹះ​នៃ​ទីបន្ទាល់ ។ វា​ជា​លទ្ធផល​នៃ​វិវរណៈ​មកពី​ព្រះ រួម​នឹង​ការប្រែចិត្ត ការប្រតិបត្តិ និង​ការឧស្សាហ៍​ព្យាយាម​ផ្ទាល់ខ្លួន ។ អ្នក​ស្វែងរក​សេចក្ដីពិត​ដ៏​ស្មោះ អាច​បាន​ប្រែចិត្តជឿ ដោយ​ការ​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ដ៏​ធំ​ក្នុង​ដួងចិត្ត និង បាន​កើត​ខាង​ឯ​វិញ្ញាណ​ពី​ព្រះ ( សូមមើល អាលម៉ា 5:12–14 ) ។ ពេល​យើង​គោរព​ដល់​ពិធីបរិសុទ្ធ និង សេចក្ដី​សញ្ញា​នៃ​សេចក្ដី​សង្គ្រោះ និង ភាពលើក​តម្កើង ( សូមមើល គ. និង ស. 20:25 ) « ឈានទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ » ( នីហ្វៃទី 2 31:20 ) និង ស៊ូទ្រាំ​ក្នុង​ជំនឿ​ដល់​ទីបញ្ចប់ ( សូមមើល គ. និង ស. 14:7 ) នោះ​យើង​បានកើត​ជាថ្មី​ក្នុង​ព្រះគ្រីស្ទ ( សូមមើល កូរិនថូស ទី 2 5:17 ) ។ ការប្រែចិត្តជឿ​ជា​ការថ្វាយ​ខ្លួន​ ជា​ក្ដី​ស្រឡាញ់ និង​ ជា​ភក្ដីភាព របស់​យើង​ដល់​ព្រះ ក្នុង​ការដឹងគុណ​ចំពោះ​អំណោយទាន​នៃ​ទីបន្ទាល់ ។

គំរូ​នៃ​ការប្រែចិត្តជឿ ក្នុង​ព្រះគម្ពីរ​មរមន

ព្រះគម្ពីរមរមន​មាន​ពេញ​ដោយ​ដំណើរ​រឿង ពី​ការប្រែចិត្តជឿ​ដែល​បំផុស​គំនិត​ទាំងឡាយ ។ អាម៉ាលេកៃ​ជា​កូនចៅ​យ៉ាកុប បាន​ប្រកាស​ថា ៖ « ខ្ញុំ​ចង់​ឲ្យ​អ្នក​មក​រក​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ទទួលទាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ និង ព្រះចេស្ដា​នៃ​សេចក្ដី​ប្រោសលោះ​របស់​ទ្រង់​ចុះ ។ មែនហើយ ចូរមករក​ទ្រង់ ហើយ​ថ្វាយ​ព្រលឹង​អ្នក​ទាំងមូល ជា​ដង្វាយ​ថ្វាយ​ដល់​ទ្រង់ » ( អោមណៃ 1:26 ) ។

ការដឹង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺ​សំខាន់ និង ចាំបាច់ ។ តែ ការ​មកឯ​ព្រះគ្រីស្ទ​ដោយ​ស្មោះ​អស់ពីចិត្ត និង ការ​ថ្វាយ​ព្រលឹង​យើង​ទាំងមូល​ជា​ដង្វាយ គឺ​តម្រូវ​ច្រើន​ជាង​ការ​ដែល​គ្រាន់តែ​ដឹង ។ ការប្រែចិត្ត​ជឿ​តម្រូវ​អស់ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង ( សូមមើល គ. និង ស. 4:2 ) ។

ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន បាន​ឆ្លើយ​តប​ចំពោះ​ការបង្រៀន​របស់​ទ្រង់ ដោយ​ស្រែកថា « ព្រះពរ យើង​ខ្ញុំ​ជឿ​តាម​ពាក្យ​ទាំងអស់ ដែល​ស្ដេច​មាន​បន្ទូល​មក​កាន់​ពួកយើង ហើយ​យើងខ្ញុំ​ក៏​ដឹង​ពី​ការជាក់លាក់ និង ការពិត​នៃ​ពាក្យ​ទាំងនោះ​ដែរ ពីព្រោះតែ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា ដែល​បាន​នាំ​មក​នូវការ​ផ្លាស់ប្ដូរ​យ៉ាងធំ​ដ៏​ពួកយើង ឬ​ក៏​នៅក្នុង​ចិត្ត​យើង​ខ្ញុំ ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត​ទៀតឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្តិ​អំពើ​ល្អ​ជានិច្ច​វិញ » ( ម៉ូសាយ 5:2 ) ។ ការទទួល​យក​ពាក្យ​ដែល​បាន​មាន​បន្ទូល ការទទួល​បាន​ទីបន្ទាល់​នៃ​ភាពពេញលេញ និង ការអនុវត្ត​ជំនឿ​លើ​ព្រះគ្រីស្ទ បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្ដូរ​យ៉ាងធំ​ក្នុង​ចិត្ត និង ការប្ដេជ្ញា​ចិត្ត​ដ៏​មាំមួន ដើម្បី​ធ្វើឲ្យ​កាន់តែ​ប្រសើរឡើង ។

ពួក​លេមិន​ដែល​បាន​ប្រែចិត្ត​ជឿ នៅក្នុង​គម្ពីរ​ហេលេមិន ត្រូវបាន​ពណ៌នា​ថា « ដើរតាម​គន្លង​នៃ​ករណីយកិច្ច​របស់​គេ ហើយ​គេ​បាន​ដើរ​ដោយ​ប្រយ័ត្ន​ប្រយែង​នៅចំពោះ​ព្រះ ហើយ​ពួកគេ​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ និង ក្រិតក្រម​ទាំងឡាយ​របស់​ទ្រង់ និង សេចក្ដី​យុត្តិធម៌​ទាំងឡាយ​របស់​ទ្រង់ ... ។

« ហើយ​ពួកគេ​ខ្នះខ្នែង​ព្យាយាម​ពុំ​ឈប់ឈរ ដើម្បី​គេអាច​នាំ​បងប្អូន​របស់​គេ ដែល​នៅ​សល់​ទាំងប៉ុន្មាន ឲ្យ​ស្គាល់​សេចក្ដីពិត » ( ហេលេមិន 15:5–6 ) ។

ដូច​ជា​គំរូ​ទាំងនេះ​ចង្អុលបង្ហាញ​ដែរ ចរិត​លក្ខណៈ​ចម្បង​ដែល​ទាក់ទង​នឹង​ការប្រែចិត្ត​ជឿ គឺ​ការ​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ដ៏​ធំ​នៅក្នុង​ចិត្ត​យើង ការមានចិត្ត​ចង់​ធ្វើល្អ​ជានិច្ច ការបំពេញ​ករណីយកិច្ច ការដើរ​ដោយ​ប្រយ័ត្ន​ចំពោះ​ព្រះ ការរក្សា​បទបញ្ញត្តិ និង ការបម្រើ​ដោយ​ភាពឧស្សាហ៍​គ្មាន​នឿយហត់ ។ ច្បាស់ណាស់​ថា ព្រលឹង​ដ៏​ស្មោះត្រង់​ទាំងនេះ​មាន​ភក្ដីភាព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះអម្ចាស់ និង ការបង្រៀន​របស់​ទ្រង់ ។

ការដែល​បាន​ប្រែចិត្តជឿ

សម្រាប់​យើង​ភាគច្រើន ការប្រែចិត្តជឿ ជា​ដំណើរការ​ដែល​កំពុង​បន្ត មិនមែន​ជា​ហេតុការណ៍​តែ​ម្ដង ដែលបានមក​ពី​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​នោះទេ ។ ឃ្លា​មួយ​ម្ដងៗ និង ច្បាប់​មួយ​ម្ដងៗ បន្ដិចម្ដងៗ និង ស្ទើរតែ​មិនដឹង ការជម្រុញ គំនិត ពាក្យសម្ដី និង ទង្វើ​របស់​យើង ក្លាយ​ទៅជា​ស្រប​នឹង​ព្រះទ័យ​ព្រះ ។ ការប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ តម្រូវ​ឲ្យ​មាន​ទាំង​ភាពខ្ជាប់ខ្ជួន និង ការអត់ធ្មត់ ។

សាំយូអែល​សាសន៍​លេមិន បាន​កំណត់​ធាតុ​មូលដ្ឋាន​ប្រាំ ក្នុងការ​ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់ ៖ (1)  ជឿ​លើ​ការបង្រៀន និង ការព្យាករណ៍​នៃ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ ដូច​ដែល​ត្រូវបាន​កត់ត្រាទុក​ក្នុង​ព្រះគម្ពីរ (2)  អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ (3)  ប្រែចិត្ត (4)   ទទួលបទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ដ៏​ធំ​ក្នុងចិត្ត និង (5)   « រឹងប៉ឹង និង ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដី​ជំនឿ » ( សូមមើល ហេលេមិន 15:7–8 ) ។ នេះ​ជា​គំរូ​ដែល​នាំ​ទៅកាន់​ការប្រែចិត្ត​ជឿ ។

ទីបន្ទាល់ និង ការប្រែចិត្ត​ជឿ

ទីបន្ទាល់​ជា​ការចាប់ផ្ដើម និង ជា​តម្រូវការ ដើម្បី​មាន​ការប្រែចិត្ត​ជឿ​ជានិច្ច ។ ទីបន្ទាល់​ជា​ចំណុច​ចាប់ផ្ដើម វាមិនមែន​ជា​ទិសដៅ​ផ្ដាច់ព្រ័ត្រ​ទេ ។ ការ​ប្រែចិត្ត​ជឿ​គឺ​សង់​លើ​គ្រឹះទីបន្ទាល់​ដ៏​រឹងមាំ ។

ទីបន្ទាល់​តែម្យ៉ាង វា​​មិន​គ្រប់គ្រាន់ ដើម្បី​ការពារ​យើង ក្នុង​ព្យុះ​នៃ​ភាពងងឹត និង សេចក្ដី​អាក្រក់​នៅ​ថ្ងៃ​ចុងក្រោយ ដែល​យើង​រស់នៅ​បានទេ ។ ទីបន្ទាល់​គឺ​សំខាន់ និង ចាំបាច់ តែ​មិន​គ្រប់គ្រាន់ ដើម្បី​ផ្ដល់​កម្លាំង និង ការការពារ​ខាង​វិញ្ញាណ ដែល​យើង​ត្រូវការ​បាន​នោះទេ ។ សមាជិក​សាសនាចក្រ​មួយ​ចំនួន ដែល​មាន​ទីបន្ទាល់ បាន​ចុះទន់ខ្សោយ និង ចាកចេញ​ពី​ព្រះវិហារ ។ ការចេះដឹង​ខាងវិញ្ញាណ និង ការតាំងចិត្ត​របស់​គេ មិន​សមល្មម​ទៅនឹង​ឧបសគ្គ​ដែល​ពួកគេ​ប្រឈម​មុខ​ទេ ។

មេរៀន​សំខាន់​មួយ អំពី​ទំនាក់ទំនង​រវាង​ទីបន្ទាល់ និង ការប្រែចិត្តជឿ ត្រូវបាន​បង្ហាញ​ក្នុង​ការបម្រើ​ជា​អ្នក​ផ្សាយ​សាសនា​របស់​ពួក​បុត្រា​នៃ​ម៉ូសាយ ។

« មនុស្ស​ជាច្រើន​ដែល​ត្រូវបាន​នាំមក​ឲ្យ​ស្គាល់​សេចក្ដី​ពិត តាមរយៈ​ការផ្សាយ​របស់​អាំម៉ូន និង បងប្អូន​លោក ស្របតាម​វិញ្ញាណ​នៃ​វិវរណៈ និង វិញ្ញាណ​នៃ​ការព្យាករណ៍ និង ព្រះចេស្ដា​នៃ​ព្រះ ដែល​សម្ដែង​អព្ភូតហេតុ​នៅក្នុង​ពួកគេ---មែនហើយ ... ដរាបណា​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ គឺ​ដរាប​ណា​មាន​ពួក​លេមិន​ជាច្រើន​បាន​ជឿ​តាម​ការផ្សាយ​របស់​ពួកគេ ហើយ​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ នោះ​ពួកគេ​ពុំ​បោះបង់ចោល​សាសនា​ឡើយ ។

« ព្រោះ​ពួកគេ​បានក្លាយ​ទៅ​ជា​ប្រជាជន​មួយ​ដ៏​សុចរិត ពួកគេ​បាន​ដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​ពួកគេ​ចុះ ដែល​កុំ​ឲ្យ​ពួកគេ​ប្រយុទ្ធ​នឹង​ព្រះ ឬ តតាំង​នឹង​បងប្អូន​របស់​គេ​ទៀត​ឡើយ ... ។

« ឥឡូវ​នេះ ពួកអ្នក​ទាំងនេះ​ហើយ ដែល​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » ( អាលម៉ា 23:6–8 ) ។

ធាតុ​ចម្បង​ពីរ​ដែល​បាន​ពណ៌នា​ក្នុង​ខ​ទាំងនេះ​គឺ ៖ (1)  ការចេះដឹង​អំពី​សេចក្ដី​ពិត ដែល​អាច​ត្រូវបាន​យល់​ថា​ជា ទីបន្ទាល់​មួយ និង (2)   បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ដែល​ខ្ញុំ​យល់​ថា ជា​ការប្រែចិត្ត​ជឿ​ដល់​ព្រះអង្គ​សង្គ្រោះ និង ដំណឹងល្អ​ទ្រង់ ។ ហេតុនោះ​ហើយ ការរួមផ្សំ​ដ៏​មាន​អំណាច​នេះ គឺ​ទាំង​ទីបន្ទាល់ និង ការប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ បាន​បង្កើត​នូវ​ភាពរឹងប៉ឹង និង ភាព​ខ្ជាប់ខ្ជួន ហើយ​ផ្ដល់​នូវ​ការការពារ​ខាង​វិញ្ញាណ ។

ពួកគេ​មិនបាន​ធ្លាក់​ចេញ​ឡើយ ហើយ​បាន​ទម្លាក់ « ​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​គេ ពួកគេ​មិន​បាន​ប្រឆាំង​នឹង​ព្រះ​ទៀតទេ » ។ ការ​ទុកចោល​នូវ « គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​ » ជាទីស្រឡាញ់ ដូចជា​ភាពអាត្មា​និយម ការឆ្មើងឆ្មៃ និង ការមិន​គោរព​ប្រតិបត្តិ តម្រូវ​ច្រើន​ជាង​គ្រាន់តែ​ការជឿ និង ការដឹង ។ ការជឿ​ក៏​ខ្លាំង ការបន្ទាបខ្លួន ការប្រែចិត្ត និង ការព្រម​ស្ដាប់​តាម ត្រូវមក​មុន​ការ​ទម្លាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​យើង​ចោល ។ តើ​អ្នក និង រូប​ខ្ញុំ​នៅតែ​ជា​ម្ចាស់​នៃ​គ្រឿង​សស្ត្រាវុធ ដែល​រារាំង​មិន​ឲ្យ​យើង​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ដែល​ឬ​ទេ ? បើ​ដូច្នោះ នោះ​យើង​ត្រូវតែ​ប្រែចិត្ត ឥឡូវ​នេះ ។

ចូរ​កត់សម្គាល់​ថា សាសន៍​លេមិន​មិន​បាន​ប្រែចិត្តជឿ​ដល់​ពួក​អ្នក​ផ្សាយ​សាសនា ដែល​បាន​បង្រៀន​គេ ឬ ដល់​កម្មវិធី​ដ៏​អស្ចារ្យ​របស់​សាសនាចក្រ​នោះទេ ។ ពួកគេ​មិន​បាន​ប្រែចិត្ត​ជឿ​ដល់​បុគ្គលិក​លក្ខណៈ​នៃ​អ្នក​ដឹកនាំ​របស់​គេ ឬ ដល់​ការរក្សា​កេរដំណែល​វប្បធម៌ ឬ ដល់​សណ្ដាប់​នៃ​ពួក​អយ្យកោ​របស់​គេ​ឡើយ ។ ពួកគេ​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់---ដល់​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ និង ដល់​ទេវភាព និង គោលលិទ្ធិ​ទ្រង់---ហើយ​ពួកគេ​មិនដែល​ធ្លាក់​ចេញ​ឡើយ ។

ទីបន្ទាល់​ជា​ការចេះដឹង​ខាង​វិញ្ញាណ​ពី​សេចក្ដីពិត ដែល​ទទួល​បាន​តាម​រយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការប្រែចិត្ត​ជឿ​បន្ត​ជាប់​ជានិច្ច ជា​ភក្ដីភាព​ដ៏​ខ្ជាប់ខ្ជួន​ដល់​សេចក្ដី​ពិត​ដែល​បាន​បើកសម្ដែង ដែល​យើង​បាន​ទទួល---ជាមួយ​នឹង​ដួងចិត្ត​ដែល​ស្ម័គ្រ និង សម្រាប់​ហេតុផល​សុចរិត ។ ការ​ដឹង​ថា ដំណឹងល្អ​ជាការ​ពិត វាសំខាន់​ដើម្បី​មាន​ទីបន្ទាល់ ។ ការ​នៅពិត​ត្រង់​ដ៏​​ខ្ជាប់ខ្ជួនចំពោះ​ដំណឹងល្អ គឺ​ជា​ការ​សំខាន់​សម្រាប់​ការ​ផ្លាស់ប្រែ​ចិត្ត​ជឿ ។ យើង​ត្រូវ​ដឹង​ថា ដំណឹងល្អ​គឺ​ពិត ហើយ​ពិតត្រង់​ចំពោះ​ដំណឹងល្អ ។

ទីបន្ទាល់ ការប្រែចិត្តជឿ និង រឿងប្រៀបធៀប​នៃ​ស្រី​ព្រហ្មចារី​ទាំង​ដប់​នាក់

ឥឡូវ ខ្ញុំ​ចង់​ប្រើ​នូវ​ការបកស្រាយ​មួយ​ដែល​អាច​កើត​បាន ពី​រឿង​ប្រៀបធៀប​នៃ​ស្រី​ព្រហ្មចារី​ទាំងដប់​នាក់ ដើម្បី​បញ្ជាក់​ពី​ទំនាក់​ទំនង រវាង​ទីបន្ទាល់ និង ការប្រែចិត្ត​ជឿ ។ ស្រី​ព្រហ្មចារី​ដប់​នាក់ មាន​ប្រាំ​នាក់​ឆ្លាតវៃ និង ប្រាំនាក់​ល្ងង់ បាន​យក​ចង្កៀង​របស់​គេ ហើយ​បាន​ទៅ​ជួប​កូនកំលោះ ។ សូម​គិត​ពី​ចង្កៀង ដែល​ពួក​ស្រី​ព្រហ្មចារី​ប្រើ ថា​ជា​ចង្កៀង​នៃ​ទីបន្ទាល់ ។ ស្រី​ព្រហ្មចារី​ដែល​ល្ងង់ បាន​យក​ចង្កៀង​នៃ​ទីបន្ទាល់​របស់​គេ តែ​ពុំបាន​យក​ប្រេង​ទៅ​ជាមួយ​ទេ ។ សូម​គិត​ពី​ប្រេង​ថា​ជា ប្រេង​នៃ​ការប្រែចិត្ត​ជឿ ។

« ឯ​ពួក​នាង​មាន​គំនិត​វិញ គេ​បាន​យក​ទាំង​ចង្កៀង ហើយ​នឹង​ប្រេង [ នៃ​ទីបន្ទាល់ ] ដាក់​ក្នុង​ដប​ទៅ​ជាមួយ​ផង ។

« តែ​ដោយ​ប្ដី​ក្រ​មក​ពេក បានជា​នាង​ទាំងនោះ​ងោកងុយ ហើយ​ដេក​លក់​ទៅ ។

« លុះ​ដល់​ពាក់កណ្ដាល​អធ្រាត្រ ស្រាប់តែ​ឮ​សូរ​សម្រែក​ថា នែ ប្ដី​មក​ហើយ ចូរចេញ​ទៅ​ទទួល​ចុះ ។

« ស្រី​ព្រហ្មចារី​ទាំងឡាយ​ក៏​ភ្ញាក់​ឡើង រៀបចំ​ចង្កៀង [ នៃ​ទីបន្ទាល់ ] រៀងរាល់​ខ្លួន ។

« ឯ​ពួក​នាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួក​នាងមាន​គំនិត​ថា សូម​ចែកប្រេង [ ជា​ប្រេង​នៃ​ការប្រែចិត្ត​ជឿ ] មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង [ នៃ​ទីបន្ទាល់​យើង​ខ្សោយ និង ] ចង់​រលត់​ហើយ ។

« តែ​ពួក​នាង​ដែល​មាន​គំនិត​ឆ្លើយ​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​និង​នាង​រាល់​គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង ទិញ​សម្រាប់​ខ្លួន​វិញ​ទៅ » ( ម៉ាថាយ 25:4–9 ) ។

តើ​ស្រី​ក្រមុំ​ឆ្លាតវៃ​ទាំងប្រាំ អាត្មានិយម ហើយ​មិនចង់​ចែកចាយ ឬ ពួកគេ​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​ថា ប្រេង​នៃ​ការប្រែចិត្ត​ជឿ ពុំអាច​ខ្ចី​បាន​ឬ ? តើ​កម្លាំង​ខាង​វិញ្ញាណ ដែល​បាន​មក​ពី​ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញាត្តិ​យ៉ាង​ខ្ជាប់ខ្ជួន អាច​ប្រគល់​ឲ្យ​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​បាន​ទេ ? តើ​ការចេះដឹង​ដែល​បាន​មក​ពី​ការសិក្សា​ដ៏​ឧស្សាហ៍ និង ការពិចារណា​ព្រះគម្ពីរ អាច​ប្រគល់​ទៅ​មនុស្ស​ដែល​ត្រូវការ​វា​បានទេ ? តើ​ភាព​សុខសាន្ត ដែល​ដំណឹង​ល្អនាំ​មកដល់​ពួក​បរិសុទ្ធថ្ងៃ​ចុង​ក្រោយ​ដែល​ស្មោះត្រង់ អាច​ត្រូវ​បាន​ផ្ទេរ​ឲ្យ​ទៅ​បុគ្គល​ម្នាក់​ដែល​ជួប​ការលំបាក ឬ ឧបគ្គស​ដ៏​ធំ​ឬ​ទេ ? ចម្លើយ​ដ៏​ច្បាស់​សម្រាប់​សំណួរ​នីមួយៗ​នេះ គឺ មិន​អាច​ទេ ។

ដូច​ស្រី​ព្រហ្មចារី​ឆ្លាតវៃ​បាន​សង្កត់បញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ថា យើង​ម្នាក់ៗ​ត្រូវតែ « ទិញ​សម្រាប់​ខ្លួន​យើង » ។ ស្ត្រី​ដ៏​ប្រកបដោយ​ការបំផុស​គំនិត​ទាំងនេះ ពុំបាន​ពណ៌នា​ពី​ការលក់ដូរ​នោះទេ តែ​ពួកគេ​បាន​សង្កត់​បញ្ជាក់​ពី​ទំនួលខុសត្រូវ​ផ្ទាល់​ខ្លួន​របស់​យើង ក្នុង​ការ​រក្សា​ចង្កៀង​នៃ​ទីបន្ទាល់​របស់​យើង​ឲ្យ​នៅតែ​ឆេះ និង ក្នុងការ​ទទួលបាន​នូវ​ការផ្គត់ផ្គង់​ប្រេង​នៃ​ការប្រែចិត្ត​ជឿ ឲ្យ​បាន​គ្រប់គ្រាន់ ។ ប្រេង​ដ៏​មាន​តម្លៃ​នេះ បានមក​មួយ​តំណក់​ម្ដង​ៗ---« មួយ​បន្ទាត់​ម្ដងៗ [ និង ] មួយ​សិក្ខាបទ​ម្ដងៗ » ( នីហ្វៃទី 2 28:30 ) ដោយ​អត់ធ្មត់ និង ខ្ជាប់ខ្ជួន ។ គ្មាន​ផ្លូវកាត់​ទេ គ្មាន​ការរៀបចំ​ភ្លាមៗ​នោះទេ ។

« ហេតុដូច្នេះហើយ ចូរ​មាន​ចិត្ត​ស្មោះត្រង់ ដោយ​អធិស្ឋាន​ជានិច្ច ដោយ​មាន​ចង្កៀង​បង្កាត់ ហើយ​ឆេះ ហើយ​មាន​ប្រេង​នៅ​ជាមួយ​ផង ដើម្បី​ឲ្យ​អ្នក​អាច​បាន​ប្រុងប្រៀប​ជា​ស្រេច ក្នុ​ងកាល​ការយាង​មក​នៃ​ប្ដី​ថ្មោងថ្មី » ( គ. និង ស. 33:17 ) ។

ទីបន្ទាល់

ខ្ញុំ​សន្យា​ថា ពេល​យើង​មាន​ការចេះដឹង​ពី​សេចក្ដី​ពិត និង បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ នោះ​យើង​នឹង​នៅ​រឹងប៉ឹង និង ខ្ជាប់ខ្ជួន និង មិនដែល​ធ្លាក់​ឡើយ ។ យើង​នឹង​ចង់​ទុកចោល​គ្រឿង​សស្ត្រាវុធ​នៃ​ការបះបោរ​របស់​យើង ។ យើង​នឹង​ទទួល​ពរជ័យ ដោយ​មាន​នូវ​ពន្លឺ​ដ៏​ភ្លឺ​ពី​ចង្កៀង​នៃ​ទីបន្ទាល់​របស់​យើង និង ការផ្គត់ផ្គត់​យ៉ាង​បរិបូណ៌​នូវ​ប្រេង​នៃ​ការប្រែចិត្តជឿ ។ ហើយ​ពេល​យើង​ម្នាក់ៗ កាន់តែ​ប្រែចិត្តជឿ​ពេញលេញ​ហើយ នោះ​យើង​នឹង​ពង្រឹង​គ្រួសារ​យើង មិត្ត​យើង និង អ្នក​ដែល​យើង​ស្គាល់ ។ខ្ញុំ​ថ្លែង​ទីបន្ទាល់អំពី​សេចក្ដី​ពិត​ទាំងនេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អាម៉ែន ។