ដំបូង​ធ្វើការ​សង្កេត បន្ទាប់មក​បម្រើ

ដោយ លីនដា  ខេ ប៊ើតុន

ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ


ដោយ​ការអនុវត្ត នោះ​យើង​ម្នាក់ៗ​អាច​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​បម្រើ​កូនចៅ​ព្រះ ។

ភស្តុតាង​មួយ​ដ៏​អស្ចារ្យ​ដែល​យើង​មាន​ គឺថា​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង ប្រធាន ថូម៉ាស  អេស. ម៉នសុន គឺជា​អ្នកបម្រើ​ដ៏​ជម្រើស​របស់​ព្រះអម្ចាស់ នោះ​គឺ​ថា លោកបាន​រៀន​ធ្វើតាម​គំរូ​ព្រះអង្គ​សង្គ្រោះ -- ការបម្រើ​ដល់​បុគ្គល​ម្នាក់ៗ ម្តង​ម្នាក់ៗ ។ ពួកយើង​ដែល​បាន​ចូល​ក្នុង​ទឹក​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក បាន​ធ្វើ​សេចក្ដី​សញ្ញា​ថា​នឹង​ធ្វើ​ដូចគ្នានេះ ។ យើង​បាន​ចុះ​សេចក្ដី​សញ្ញា​ថា « នឹង​ចងចាំ [ ព្រះអង្គ​សង្គ្រោះ ] ជានិច្ច ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ »1 ហើយ​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « នេះ​ជា​សេចក្ដី​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់​គ្នា​ដែរ » ។2

សូម​សម្គាល់​របៀប​ដែល​ពាក្យ​ខាងក្រោម​ពី​ប្រធាន ម៉នសុន បញ្ចូល​ការអញ្ជើញ​ដូចគ្នា ៖ « យើង​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​អ្នក​ដែល​ត្រូវការ​ការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការគាំទ្រ ការលួងលោម សន្ដានចិត្ត​ល្អ​របស់​យើង ។ ... យើង​គឺជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​នេះ ដោយ​មាន​បញ្ជា​ឲ្យ​បម្រើ និង ជួយ​កូនចៅ​ទ្រង់ ។ ទ្រង់​ពឹង​លើ​យើង​ម្នាក់ៗ » ។3

តើ​អ្នក​ឮ​ទេ -- ការអញ្ជើញ​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ? សម្រាប់​មនុស្ស​ខ្លះ ការបម្រើ​មនុស្ស​ម្នាក់​ម្តងៗ ដោយ​ការធ្វើតាម​គំរូ​​ព្រះអង្គ​សង្គ្រោះ មិនមែន​កើត​ឡើង​ដោយ​ងាយស្រួល​នោះ​ទេ ។ ប៉ុន្ដែ​ដោយ​ការអនុវត្ត នោះ​យើង​ម្នាក់ៗ​អាច​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​បម្រើ​កូនចៅ​ព្រះ ។ ដើម្បី​ជួយ​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​កាន់តែ​ខ្លាំង ខ្ញុំ​សូម​ស្នើ​ឲ្យ​ចាំ​នូវ​ឃ្លា​នេះ ៖ « ដំបូង​ធ្វើការ​សង្កេត បន្ទាប់មក​បម្រើ » ។

អស់​រយៈពេល​ជិត 40 ឆ្នាំ​កន្លង​ទៅ ស្វាមី​របស់​ខ្ញុំ និង ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ការណាត់ជួប​នា​យប់​ថ្ងៃសុក្រ​របស់​យើង ។ យើង​ទើប​តែ​បាន​រៀបការ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ភ័យ​ដោយសារ​នេះ​គឺជា​លើក​ទី​ពីរ​របស់​ខ្ញុំ ដែល​ចូលរួម​ក្នុង​នាម​ជា​អ្នក​ទើប​នឹង​រៀបការ​ហើយ​ថ្មី​ម្នាក់ ។ បងស្រី​ម្នាក់ ដែល​អង្គុយ​ជិត​ខ្ញុំ​បាន​កត់សម្គាល់ ។ គាត់​បាន​ផ្អៀងមក​ជិត ហើយ​ខ្សឹប​ដោយ​គោរព​ថា « កុំ​ភ័យ ខ្ញុំ​នឹង​ជួយ​អ្នក » ។ ភាពភ័យខ្លាច​របស់​ខ្ញុំ​បាន​ស្ងប់ ហើយ​ខ្ញុំ​អាច​រីករាយ​នឹង​វគ្គ​ពិធី​បរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ពេញលេញ ។ ដំបូង គាត់​បាន​សង្កេត បន្ទាប់មក​បម្រើ ។

យើង​ទាំងអស់​គ្នា ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើតាម​ការបង្រៀន​របស់​ព្រះយេស៊ូវ និង បម្រើ​ដល់​អ្នកដទៃ ។ ការអញ្ជើញ​នេះ មិន​មាន​កំណត់​ចំពោះ​តែ​បងប្អូន​ស្រី​ល្អ​នោះ​ទេ ។ នៅពេល​ខ្ញុំ​ចែកចាយ​ពី​គំរូ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​​របស់​សមាជិកដែល​បាន​រៀន​សង្កេតដំបូង ហើយ​បន្ទាប់មក​បម្រើនោះ សូម​ស្ដាប់​រក​ការបង្រៀន​របស់​ព្រះយេស៊ូវ​ដែល​ពួកគេ​បាន​លើកឡើង ។

កុមារ​ថ្នាក់​បឋមសិក្សា​អាយុ​ប្រាំមួយ​ឆ្នាំ​ម្នាក់​បាន​និយាយ​ថា ៖ « នៅពេល​ខ្ញុំ​ត្រូវ​បាន​ជ្រើស​ឲ្យ​ធ្វើជា​អ្នកជួយ​ក្នុង​ថ្នាក់ ខ្ញុំ​អាច​ជ្រើស​មិត្ត​ម្នាក់​ឲ្យ​ធ្វើការ​ជាមួយ​ខ្ញុំ ។ ខ្ញុំ​បាន​ជ្រើស [ ក្មេងប្រុស​ម្នាក់​នៅក្នុង​ថ្នាក់​ខ្ញុំ ដែល​ចូលចិត្ត​រករឿង​ខ្ញុំ ] ដោយសារ​គាត់​មិន​ដែល​ត្រូវ​បាន​គេ​ជ្រើស​នោះ​ទេ ។ ខ្ញុំ​ចង់​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ល្អ » ។4

តើ​ក្មេង​នេះ​បាន​សង្កេត​អ្វី ? គាត់​បាន​សម្គាល់​ថា ក្មេង​ដែល​ចូលចិត្ត​ឆាឆៅ​ក្នុង​ថ្នាក់​នេះ ​មិនដែល​ត្រូវ​បាន​គេ​ជ្រើស​នោះ​ទេ ។ តើ​គាត់​បាន​ធ្វើអ្វី​ក្នុង​ការបម្រើ ? គាត់​បាន​ជ្រើស​យក​ក្មេង​នោះ​ជា​មិត្ត​របស់​គាត់ ជា​អ្នកជួយ​ក្នុង​ថ្នាក់​យ៉ាង​សាមញ្ញ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា « ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នកណា​ដែល​ប្រទេច​ផ្ដាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នកណា​ដែល​ស្អប់​អ្នករាល់គ្នា » ។5

នៅក្នុង​វួដ​មួយ ដំបូង​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ទាំងឡាយ​បាន​សង្កេត ហើយ​ឥឡូវ​បាន​បម្រើ​តាម​របៀប​ដ៏​មាន​ន័យ​មួយ ។ រាល់​សប្ដាហ៍ ពួក​យុវជន​ទាំងនោះ​មកដល់​មុនម៉ោង ហើយ​ឈរ​នៅ​ខាងក្រៅ​សាលា​ប្រជុំ កណ្ដាល​ភ្លៀង ព្រិល ឬ កំដៅ​ដ៏​ក្ដៅ រង់ចាំ​ការមកដល់​របស់​សមាជិក​ចំណាស់​ជាច្រើន​នៅក្នុង​វួដ​របស់​គេ ។ ពួកគេ​ជួយ​លើក​រទេះ និង ឈើច្រត់​ចេញ​ពី​រថយន្ដ ហុច​ដៃ​ជា​ជំហរ​យ៉ាង​មាំ​ឲ្យ​ពួកគាត់​តោង និង បណ្ដើរ​ពួកគាត់​ដោយ​អំណត់​ទៅក្នុង​អគារ ។ ពួកគេ​ពិត​ជា​កំពុង​បំពេញ​កាតព្វកិច្ច​របស់​គេ​ចំពោះ​ព្រះ​មែន ។ នៅពេល​ពួកគេ​សង្កេត ហើយ​បន្ទាប់មក​បម្រើ នោះ​ពួកគេ​កំពុងតែ​រស់នៅ​តាម​គំរូ​នៃ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ថា ៖ « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំងនេះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ។6 នៅពេល​កម្មវិធី​សិក្សា​របស់​ពួកយុវជន​ថ្មី​ត្រូវ​បាន​អនុវត្ត នោះ​យុវជន​ទាំងនេះ​នឹង​រក​ឱកាស​ថ្មីៗ​ជាច្រើន​ទៀត​ដើម្បី​បម្រើ​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ ។

ការសង្កេត និង ការបម្រើ​ពេលខ្លះ​ត្រូវការ​កិច្ច​ខិតខំ​ជា​ខ្លាំង ។ យុវនារី​ដ៏​មាន​ការបំផុស​គំនិត​ម្នាក់​ឈ្មោះ អាឡិចសាន់​ត្រា បាន​កត់សម្គាល់​លើ​បងប្អូន​ជីដូន​មួយ​នាង​ឈ្មោះ មេឌីសុន ដែល​មិន​អាច​បញ្ចប់​គម្រោង​តម្រូវការ​ទាំងឡាយ​នៃ​ការអភិវឌ្ឍ​ខ្លួន​របស់​នាង​បាន ដោយសារ​នាង​មាន​អត្តវិស័យ​ប្លែក​ពី​ធម្មតា​ដ៏​ធ្ងន់ធ្ងរ ។ អាឡិចសាន់​ត្រា បាន​ប្រជុំ​យុវនារី​នៅក្នុង​វួដ​របស់​នាង ប្រឹក្សា​ជាមួយ​នឹង​អ្នកដឹកនាំ​នាង ហើយ​សម្រេច​ថា​ធ្វើ​អ្វី​មួយ​សម្រាប់ ម៉ាតឌី ដែល​មិន​អាច​ជួយ​ខ្លួន​នាង​បាន ។ យុវនារី​ម្នាក់ៗ បាន​បំពេញ​ផ្នែក​មួយ​នៃ​សកម្មភាព និង គម្រោង​ការអភិវឌ្ឍ​ខ្លួន​ជំនួស ម៉ាតឌី ដើម្បី​ជួយ​ឲ្យ​នាង​បាន​ទទួល​មេដាយផ្ទាល់​របស់​នាង ។7

យុវនារី​ទាំងនេះ នឹង​បន្ដ​ក្នុង​តួនាទី​ជា​ម្ដាយ និង បងប្អូន​ស្រី​ក្នុង​សមាគម​សង្រ្គោះ​​យ៉ាង​ល្អ ដោយសារ​ពួកគេ​ដំបូង​បាន​រៀន​សង្កេត និង បម្រើ​តាម​របៀប​ដ៏​សប្បុរស ។

ប្រធាន ម៉នសុន បាន​រំឭក​យើង​ថា សេចក្ដី​សប្បុរស « គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » 8— ឬ និយាយ​ម្យ៉ាង​ទៀត​ថា​ជា​ការសង្កេត និង ការបម្រើ « គឺ​ជាក់ច្បាស់ នៅពេល​ស្ដ្រីមេម៉ាយ​ចំណាស់​ម្នាក់ ត្រូវ​បាន​គេ​ចងចាំ ហើយ​យក​ទៅ​កាន់​តួនាទី​ក្នុង​វួដ » ហើយ « នៅពេល​បងស្រី​ដែល​អង្គុយ​តែ​ម្នាក់​ឯង​នៅក្នុង​សមាគម​សង្គ្រោះ​នោះ ទទួល​បាន​ការអញ្ជើញ ‹ សូម​មក--អង្គុយ​ក្បែរ​យើង › » ។9 ក្រឹត្យវិន័យ​មាស គឺ​អនុវត្ត​បាន​នៅ​ទីនេះ ៖ « អស់​ទាំង​ការ​អ្វី​ដែល​អ្នក​រាល់គ្នា ចង់​ឲ្យ​មនុស្ស​លោក [ ឬ ស្ដ្រី ] ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ » ។10

ស្វាមី​ដែល​ចេះ​សង្កេត​មួយ បាន​បម្រើ​តាម​របៀប​ដ៏​សំខាន់​ពីរ ។ គាត់​ដំណាល​ថា ៖

« ខ្ញុំ​បាន​កំពុង​ជួយ​ភរិយា​របស់​ខ្ញុំ​នា​ថ្ងៃ​អាទិត្យ​មួយ ក្នុង​ថ្នាក់​បឋមសិក្សា​របស់​នាង​ដែល​ពេញ​ទៅ​ដោយ​ក្មេង​អាយុ​ប្រាំពីរ​ឆ្នាំ​ដ៏​ខ្លាំងក្លា ។ ពេល​ដល់​ម៉ោង​ចែកចាយ​របស់​ថា្នក់​បឋមសិក្សា ខ្ញុំ​បាន​សង្កេត​ឃើញ​សិស្ស​ម្នាក់​បាន​អង្គុយ​រួញ​លើ​កៅអី​នាង ហើយ​មើល​ទៅ​លើ​ផ្ទៃ​មុខ​មាន​អារម្មណ៍​មិន​ល្អ​ឡើយ ។ ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា នាង​ត្រូវការ​ការលួងលោម ដូច្នេះ​ខ្ញុំ​បាន​អង្គុយ​ជិត​នាង ហើយ​សួរ​ដោយ​សំឡេង​តិចៗ​ថា​មាន​រឿង​អី ។ នាង​មិន​ឆ្លើយ​ទេ …  ដូច្នេះ​ខ្ញុំ​ក៏​ច្រៀង​យ៉ាង​ស្រទន់​ដាក់​នាង ។

« ថ្នាក់​បឋមសិក្សា​កំពុង​រៀន​ចម្រៀង​ថ្មី​មួយ ហើយ​នៅពេល​យើង​បាន​ច្រៀង ‹ បើសិន​ខ្ញុំ​ស្ដាប់​ដោយ​ដួងចិត្ត​របស់​ខ្ញុំ ខ្ញុំ​ឮ​សំឡេង​របស់​ព្រះអង្គ​សង្រ្គោះ › ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​អារម្មណ៍​ស្រាល និង កក់ក្ដៅ​ចម្លែក​មែនទែន​ក្នុង​ដួងព្រលឹង​របស់​ខ្ញុំ ។ ... ខ្ញុំ​បាន​ទទួល​ទីបន្ទាល់​ផ្ទាល់ខ្លួន​មួយ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ​ចំពោះ​នាង ... និង រូប​ខ្ញុំ ។ ... ខ្ញុំ​បាន​ដឹង​ថា យើង​គឺជា​ព្រះហស្ដ [ របស់​ព្រះអង្គ​សង្រ្គោះ ] នៅពេល​យើង​បម្រើ​មនុស្ស​ម្នាក់ » ។11

បងប្រុស​ដែល​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នេះ មិន​ត្រឹម​តែ​សម្គាល់​ឃើញ​តម្រូវការ​ជួយ​ភរិយា​របស់​គាត់​នៅក្នុង​ថ្នាក់​មួយ​ដែល​មាន​ក្មេង​អាយុ​ប្រាំពីរ​ខ្លាំងក្លា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គាត់​ថែម​ទាំង​បាន​ផ្ដល់​ការបម្រើ​ផ្ទាល់​ទៅ​ដល់​ក្មេង​ម្នាក់​ដែល​ត្រូវការ​ជំនួយ​ទៀត​ផង ។ គាត់​បាន​ធ្វើតាម​ព្រះអង្គ​សង្រ្គោះ ដែល​បាន​បង្រៀន​ថា « អ្វីៗ​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​យើង​ធ្វើ​យ៉ាង​ណា នោះ​អ្នក​ត្រូវ​ធ្វើ​តាម​យ៉ាង​នោះ​ដែរ » ។12

ថ្មីៗ​នេះ ដោយសារ​ទឹកជំនន់​មួយ បាន​បើក​ឱកាស​ជាច្រើន​សម្រាប់​ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ធ្វើការសង្កេត​ជាមុន ហើយ​បន្ទាប់មក​បម្រើ ។ បុរស ស្រ្ដី យុវវ័យ និង កុមារ​បាន​ឃើញ​ការរកស៊ី និង ផ្ទះ​ជាច្រើន​ត្រូវ​បំផ្លាញ ហើយ​ពួកគេបាន​ឈប់​ធ្វើ​នូវ​អ្វីៗ​មួយ​ឡែក​សិន ដើម្បី​ជួយ​សម្អាត និង ជួសជុល​សំណង់​បាក់បែក​ទាំងនោះ ។ អ្នកខ្លះ​បាន​សង្កេត​ពី​តម្រូវការ​ដែល​ត្រូវ​ជួយ​ដោយ ការជួយ​បោកគក់​ដ៏​ច្រើន ។ អ្នកផ្សេង​បាន​ជូត​រូបថត ឯកសារ​ច្បាប់ សំបុត្រ និង ឯកសារ​សំខាន់ៗ​ផ្សេង​ទៀត​ដោយ​ផ្ចិតផ្ចង់ បន្ទាប់មក​ព្យួរ​ហាល​វា​ដោយ​ប្រយ័ត្ន​ដើម្បី​រក្សាទុក​នូវ​អ្វី​ដែល​ពួកគេ​អាចរក្សា​ទុក​បាន ។ ការសង្កេត ហើយ​បន្ទាប់មក​បម្រើ គឺ​មិន​តែងតែ​ងាយស្រួល និង មិន​តែងតែ​សមស្រប​តាម​ពេលវេលា​របស់​យើង​ផ្ទាល់​នោះ​ទេ ។

តើ​មាន​កន្លែង​ណា​ដើម្បី​ធ្វើការ​សង្កេត​ជាមុន ហើយ​បន្ទាប់មក​បម្រើ​ល្អ​ជាង​នៅ​ផ្ទះ​នោះ ?គំរូ​មួយ​មកពី​ជីវិត​របស់​អែលឌើរ រីឆាដ  ជី ស្កត បង្ហាញ​ថា ៖

« មាន​យប់​មួយ កូនប្រុស​តូច​របស់​យើង​ឈ្មោះ រីឆាដ ដែល​មាន​បញ្ហា​បេះដូង បាន​ភ្ញាក់ឡើង​យំ ។ . . . ជា​ធម្មតា ភរិយា​របស់​ខ្ញុំ ក្រោកឡើង​ទៅមើល​កូន​យំ​ជានិច្ច ប៉ុន្ដែ​ពេល​នេះ ខ្ញុំ​បាន​និយាយ​ថា ‹ ទុក​ឲ្យ​បង​ទៅ​មើល​កូន​វិញ › ។

« ដោយសារ​តែ​បញ្ហា​របស់​គាត់ នៅពេល​គាត់​យំ បេះដូង​តូច​របស់​គាត់​នឹង​លោត​យ៉ាង​ញាប់ ។ គាត់​នឹង​ក្អួត​ប្រឡាក់​កម្រាល​គ្រែ ។ យប់​នោះ ខ្ញុំ​បាន​បី​គាត់​យ៉ាង​ណែន ព្យាយាម​ដើម្បី​រម្ងាប់​បេះដូង​ដែល​លោត​យ៉ាង​ខ្លាំង​របស់​គាត់ កុំ​ឲ្យ​គាត់​យំ ពេល​ខ្ញុំ​ផ្លាស់​សំលៀក​បំពាក់​របស់​គាត់ និង ដាក់​កម្រាល​គ្រែ​ថ្មី ។ ខ្ញុំ​បាន​បី​គាត់​រហូត​ដល់​គាត់​គេង​លក់ ។ ខ្ញុំ​មិន​ដឹង​ពេល​នោះ​ថា នៅ​ប៉ុន្មាន​ខែ​ក្រោយ គាត់​នឹង​ស្លាប់​ទេ ។ ខ្ញុំ​ចងចាំ​ជានិច្ច​នៅ​គ្រា​ដែល​ខ្ញុំ​បី​គាត់​ក្នុង​ដៃ នៅ​យប់​កណ្ដាល​អាធ្រាត្រ​នោះ » ។13

ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា « អ្នកណា​ក្នុង​ពួក​អ្នករាល់គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នកបម្រើ​ដល់​អ្នក​រាល់គ្នា​វិញ » ។14

ពេលខ្លះ យើង​ត្រូវ​បាន​ល្បួង​ឲ្យ​បម្រើ​តាម​របៀប​មួយ ដែល​យើង​ចង់​បម្រើ ហើយ​មិន​ចាំបាច់​តាម​របៀប​ដែល​ត្រូវការ​នៅពេល​នោះ​ទេ ។ នៅពេល​អែលឌើរ រ៉ូបឺត  ឌី ហែលបាន​បង្រៀន​ពី​គោលការណ៍​នៃ​ការរស់នៅ​ដោយ​ចេះ​សំចៃ គាត់​បាន​ចែកចាយ​ពី​ឧទាហរណ៍​នៃ​ការទិញ​អំណោយ​មួយ​សម្រាប់​ភរិយា​របស់​គាត់ ។ នាង​បាន​សួរថា « តើ​បង​ទិញ​កាដូ​នេះ​សម្រាប់​អូន ឬ សម្រាប់​បង ? »15 ប្រសិនបើ​យើង​សម្រប​សំណួរ​នោះ​ចំពោះ​ខ្លួន​យើង​នៅពេល​យើង​បម្រើ ហើយ​សួរ​ថា « តើ​ខ្ញុំ​ធ្វើ​នេះ សម្រាប់​ព្រះអង្គ​សង្គ្រោះ ឬ សម្រាប់​ខ្លួន​ខ្ញុំ ? » នោះ​ការបម្រើ​របស់​យើង នឹង​ដូចជា​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ខ្លាំង ។ ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​សួរ ហើយ​យើង​ក៏​គួរ​សួរ​ដូច្នេះ​ដែរ​ថា « តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក ? »16

ពីរបី​សប្ដាហ៍​កន្លង​ទៅ ខ្ញុំ​ប្រញាប់ ហើយ​អស់​កម្លាំង ដោយ​មាន​រឿង​ត្រូវ​ធ្វើ​ជាច្រើន ។ ខ្ញុំ​សង្ឃឹម​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ ប៉ុន្ដែ​មាន​អារម្មណ៍​ថា ខ្ញុំ​ពិត​ជា​រវល់​ណាស់ ។ នៅពេល​គំនិត​ថា​រវល់​ខ្លាំង​រហូត​មិន​អាច​ទៅ​បម្រើ​នៅ​ព្រះវិហារ​បរិសុទ្ធ​បាន ចូល​មក​ក្នុង​គំនិត​ខ្ញុំ វា​បាន​ដាស់​ខ្ញុំ​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ចាំបាច់​បំផុត ។ ខ្ញុំ​ក៏​ចេញ​ពី​ការិយាល័យ ដើរ​សំដៅ​ទៅ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ដោយ​គិត​ថា​ពេលណា​ខ្ញុំ​នឹង​អាច​ចាប់​យក​ពេលវេលា​ដែល​ខ្ញុំ​បាត់បង់​នោះ​មក​វិញ ។ ជា​ការល្អ ព្រះអម្ចាស់​មាន​អំណត់ និង មេត្តា​ករុណា ហើយ​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ដ៏​អស្ចារ្យ​មួយ​នា​ថ្ងៃ​នោះ ។

នៅពេល​ខ្ញុំ​អង្គុយ​ចុះ​នៅក្នុង​បន្ទប់​វគ្គ​ពិធីការ​បរិសុទ្ធ ប្អូនស្រី​ក្មេង​ម្នាក់​បាន​ផ្អៀង​មក ហើយ​ខ្សឹប​ប្រាប់​ដោយ​គោរព​ថា « ខ្ញុំ​ពិត​ជា​ភ័យ​ណាស់ ។ នេះ​គឺជា​លើក​ទី​ពីរ​គត់​របស់​ខ្ញុំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ តើ​អ្នក​អាច​ជួយ​ខ្ញុំ​បាន​ទេ ? » តើ​នាង​អាច​ដឹង​ថា​ ពាក្យ​ទាំងនោះ គឺ​ពិត​ជា​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​ឮ​នោះឬ ? នាង​មិន​បាន​ដឹង​ទេ ប៉ុន្ដែ​ព្រះវរបិតាសួគ៌​ទ្រង់​ជ្រាប ។ ទ្រង់​បាន​សង្កេត​លើ​តម្រូវការ​ដ៏​ខ្លាំង​បំផុត​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវ​បម្រើ ។ ទ្រង់​បាន​បំផុស​គំនិត​ដល់​ប្អូនស្រី​ក្មេង​ដ៏​បន្ទាប​ខ្លួន​នេះ​ឲ្យ​បម្រើ​ខ្ញុំ ដោយ​ការអញ្ជើញ​ខ្ញុំ​ឲ្យ​បម្រើ​នាង ។ ខ្ញុំ​សូម​ធានា​អ្នក​ថា ខ្ញុំ​គឺជា​ម្នាក់​ដែល​បាន​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន​បំផុត ។

ខ្ញុំ​ទទួល​ស្គាល់​ដោយ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដែល​បាន​បម្រើ​គ្រួសារ​របស់​យើង​កន្លង​មក ។ ខ្ញុំ​សូម​បង្ហាញ​ការកោត​សរសើរ​ជា​ខ្លាំង​ទៅដល់​ស្វាមី និង គ្រួសារ​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​បាន​បម្រើ​ដោយ​ឥត​សំចៃ និង ដោយ​ក្ដី​ស្រឡាញ់​ដ៏​ធំធេង ។

សូម​ឲ្យ​យើង​ទាំងអស់​គ្នា​រៀន​សង្កេត​ជាមុន ​បន្ទាប់មក​បម្រើ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ ការបម្រើ​របស់​យើង ក៏​ដូចជា​ការបម្រើ​របស់​ប្រធាន ម៉នសុន ដែរ នឹង​ក្លាយជា​ភស្ដុតាង​នៃ​ភាព​ជាសិស្ស​របស់​យើង ។ ខ្ញុំ​ដឹង​ថា​ព្រះអង្គ​សង្រ្គោះ​មានព្រះជន្ម ។ ដង្វាយធួន​របស់​ទ្រង់ អាច​ឲ្យ​យើង​រស់នៅ​តាម​ការ​បង្រៀន​របស់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា​​ប្រធាន​ម៉នសុន គឺជា​ព្យាការី​របស់​យើង​នៅ​សព្វថ្ងៃ​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។

Show References

  1.  

    1.  គោលលទ្ធិ និង សេចក្ដី​សញ្ញា 20:77  ។

  2.  

    2.  យ៉ូហាន 15:12  ។

  3.  

    3. ថូម៉ាស  អេស. ម៉នសុន « What Have I Done for Someone Today? » លីអាហូណា និង Ensign ខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 86 ។

  4.  

    4. Canyon  H., « A Good Choice » Friend , ខែ មករា ឆ្នាំ 2012 ទំព័រ 31 ។

  5.  

    5.  ម៉ាថាយ 5:44  ។

  6.  

    6.  ម៉ាថាយ 25:40  ។

  7.  

    7. សូម​មើល « For Madison » lds.org/youth/video/for-madison ។

  8.  

    8.  មរ៉ូណៃ 7:47  ។

  9.  

    9. ថូម៉ាស  អេស. ម៉នសុន « សេចក្ដី​សប្បុរស​មិនដែល​ផុត​រលត់​ឡើយ » លីអាហូណា និង Ensign , ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 125; សូម​មើល​ផងដែរ Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ 2011 ) ទំព័រ 101 ។

  10.  

    10.  នីហ្វៃទី 3 14:12  ។

  11.  

    11. Al VanLeeuwen, « Serving the One » លីអាហូណា ខែ សីហា ឆ្នាំ 2012 ទំព័រ 19 ; Ensign ខែ សីហា ឆ្នាំ 2012 ទំព័រ 15; ; សូមមើល​ផងដែរ Sally DeFord, « If I Listen with My Heart » 2011 Outline for Sharing Time ទំព័រ 28 ។

  12.  

    12.  នីហ្វៃទី 3 27:21  ។

  13.  

    13. រីឆាត  ជី ស្កត « ពរជ័យ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច » លីអាហូណា និង Ensign , ខែ ឧសភា ឆ្នាំ 2011 ទំព័រ 96 ។

  14.  

    14.  ម៉ាថាយ 20:26  ។

  15.  

    15. រ៉ូប៊ឺត  ឌី ហែល « Becoming Provident Providers Temporally and Spiritually » លីអាហូណា និង Ensign, ខែ ឧសភា ឆ្នាំ 2009 ទំព័រ 9 ។

  16.  

    16.  ម៉ាថាយ 20:32  ។