សូម​ព្រះ​អង្គគង់ជាមួយ​នឹង​អ្នក​ផង

ដោយ ប្រធាន ថូម៉ាស អេស ម៉នសុន


ពេល​យើង​ទទួលយក​​សារលិខិត​ទំាង​ឡាយ​ដែល​បាន​ផ្តល់​ឲ្យ​ពីរ​ថ្ងៃ​កន្លង​ទៅនេះ​ដាក់​ក្នុង​ដួង​ចិត្ត​ និង ជីវិត​យើង នោះ​យើង​នឹង​ទទួល​ពរ ។

បង​ប្អូន​ប្រុស​ស្រីជាទី​ស្រឡាញ់​របស់ខ្ញុំអើយ ! យើង​បាន​មក​វគ្គ​បញ្ចប់​នៃសន្និសីទទូទៅ​ដ៏​​បំផុសគំនិត​​ហើយ ។ រូប​ខ្ញុំ​ផ្ទាល់​បានពោរពេញ និង ការលើក​​ដម្កើង​ខាង​វិញ្ញាណ​ ហើយ​ដឹង​ថា​អ្នកក៏​បាន​ទទួល​អារម្មណ៍​ពិសេស​ខាង​វិញ្ញាណពីសន្និសីទ​នេះ​ដែរ ។

យើង​សូម​ថ្លែង​​អំណរ​គុណ​ដ៏​​ស្មោះ​ស្ម័គ្រដល់​អស់​អ្នក​ដែល​បាន​ចូលរួម ទោះជាតាម​របៀប​ណា​ក៏​ដោយ ។ សេចក្តី​ពិត​នៃ​ដំណឹង​ល្អ​ត្រូវ​បាន​បង្រៀន និង បញ្ជាក់​ម្តង​ទៀត​យ៉ាង​អស្ចារ្យ ។ ពេល​យើង​ទទួលយក​​សារលិខិត​ទំាង​ឡាយ​ដែល​បាន​ផ្តល់​ឲ្យ​ពីរ​ថ្ងៃ​កន្លង​ទៅនេះ​ដាក់​ក្នុង​ដួង​ចិត្ត​ និង ជីវិត​យើង នោះ​យើង​នឹង​ទទួល​ពរ ។

ដូច​ធម្មតា សារលិខិត​ទាំងឡាយ​នៃ​សន្និសីទ​នេះនឹង​មាន​នៅ​ក្នុង​ច្បាប់​ទស្សនាវដ្តី Ensign និង Liahona នៅ​ខែ​បន្ទាប់ ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​អាន​សារលិខិត​ទាំង​នោះម្តង​ទៀត ហើយ​ពិចារណា​ពី​សារលិខិត​ទាំង​នោះ​ដែល​មាន​ក្នុង​ទស្សនាវដ្តី ។ រូប​ខ្ញុំ​ផ្ទាល់​ខ្ញុំ​បាន​ឃើញថា ខ្ញុំ​បាន​ទទួល​បន្ថែម​ទៀត​ពី​ការ​បង្រៀនដ៏​បំផុស​គំនិត​ទាំង​នេះ នៅ​ពេល​ដែល​ខ្ញុំ​សិក្សា​សារលិខិត​ទាំង​នោះឲ្យ​ស៊ី​ជម្រៅ ។

យើង​មាន​ប្រព័ន្ធផ្សព្វ​ផ្សាយ​ដ៏​ទូលំ​ទូលាយ​ពី​សន្និសីទ​នេះ ដែល​អាច​ ឆ្លង​កាត់​​ ​​ទ្វីប និង មហាសមុទ្រ​​ទាំង​ឡាយសម្រាប់​មនុស្ស​​គ្រប់ទី​​កន្លែង ។ ទោះ​បី​យើង​នៅ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា តែ​យើង​មាន​អារម្មណ៍​ថា​នៅ​ជិត​អ្នក ហើយ​យើង​សូម​ផ្ញើ​ក្តី​ស្រឡាញ់ និង ​អំណរគុណរបស់​យើង​​ចំពោះ​អ្នក ។

ចំពោះ​បង​ប្អូន​ប្រុស​ដែល​ត្រូវ​បាន​ដោះ​លែង​នៅ​ក្នុង​សន្និសីទ​នេះ ខ្ញុំ​សូម​បង្ហាញ​នូវ​ការ​ថ្លែង​អំណរ​គុណពី​យើង​ទាំង​អស់គ្នា​ ចំពោះ​ការ​បម្រើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​ឆ្នាំមក​ហើយ​របស់​អ្នក ។ អ្នក​បាន​ប្រទាន​ពរ​រាប់​មិន​អស់​ដល់​មនុស្ស​​​ជា​ច្រើន តាមរយៈ​ការ​លះបង់​របស់​អ្នកចំពោះ​កិច្ច​ការ​នៃ​ព្រះ​អម្ចាស់ ។​

បង​ប្អូន​ប្រុសស្រី ថ្មីៗ​នេះ​ខ្ញុំ​ទើប​តែ​បាន​ប្រារព្ធ​ធ្វើ​ខួប​កំណើត​គម្រប់​ 85 ឆ្នាំ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​អំណរ​គុណ​សម្រាប់​ឆ្នាំ​និមួយៗ​ដែលព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​ខ្ញុំ ។ ពេល​ខ្ញុំ​គិត​ពី​បទពិសោធន៍​ទាំង​ឡាយ​នៃ​ជីវិត​ខ្ញុំ នោះ​ខ្ញុំ​អរគុណ​ទ្រង់ចំពោះ​ពរជ័យ​ជា​ច្រើន​សម្រាប់​ខ្ញុំ ។ ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ក្នុង​សារលិខិត​ខ្ញុំ​កាល​ពី​ព្រឹក​មិញនេះ នោះ​ខ្ញុំ​ទទួល​អារម្មណ៍​ថាព្រះហស្ត​ទ្រង់​ដឹក​នាំ​កិច្ច​ការ​ខ្ញុំ ពេល​ខ្ញុំ​ព្យាយាម​ស្វែង​រកដើម្បី​​បម្រើ​ទ្រង់ និង អ្នក​ទាំង​អស់​គ្នា ។

ការិយាល័យ​នៃប្រធាន​សាសនា​ចក្រ​ជា​កន្លែង​ដែល​ត្រូវ​ការ​ជំនួយ ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ទី​ប្រឹក្សា​ដ៏​ស្មោះ​ត្រង់​ទាំង​ពីរ​របស់​ខ្ញុំ ដែល​បម្រើ​ក្បែរ​ខ្ញុំ ហើយ​តែង​តែ​មាន​ឆន្ទៈ និងជាពិសេស​នោះ​អាច​ជួយ​នៅ​ក្នុង​កិច្ច​ការ​ដែល​មក​ដល់​គណៈ​ប្រធាន​ទីមួយ ។ ខ្ញុំ​សូម​បង្ហាញ​ការ​ថ្លែង​អំណរ​គុណ​ខ្ញុំផងដែរ ចំពោះ​កំពូល​បុរស​ដែល​ជា​កូរ៉ុម​នៃពួក​សាវក​ដប់​ពីរ​នាក់ ។ ពួក​លោក​បាន​ធ្វើ​ការ​ដោយ​ពុំ​នឿយ​ហត់នៅ​ក្នុង​បុព្វ​ហេតុ​នៃ​លោក​ចៅហ្វាយ ជាមួយ​នឹង​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ដែលផ្តល់​ជំនួយ​ដ៏​បំផុស​គំនិត​ដល់​ពួក​គេ ។

បង​ប្អូន​ប្រុស​ស្រី​របស់​ខ្ញុំអើយ ! ខ្ញុំសូម​​កោត​សរសើរដល់​អ្នក​គ្រប់​គ្នា គ្រប់​ទី​កន្លែង​ដែល​អ្នក​រស់នៅ​ជុំ​វិញ​ពិភព​លោក សម្រាប់​អ្វីៗ​ដែល​អ្នក​បាន​ធ្វើនៅ​ក្នុង​វួដ និង សាខាអ្នក ក្នុង​ស្តេក និង មណ្ឌលអ្នក ។ នៅ​ពេល​ដែលអ្នក​មាន​ឆន្ទៈ​បំពេញ​ការ​ហៅ​របស់អ្នកពេល ​អ្នកត្រូវ​បាន​ស្នើរ​សុំ នោះ​អ្នក​កំពុង​តែ​ជួយ​កសាង​នគរ​នៃ​ព្រះ​នៅលើ​ផែន​ដី​ហើយ ។

សូម​ឲ្យ​យើង​មើល​ថែទាំ​​គ្នា​ទៅ​វិញ​ទៅមក ជួយគ្នា​ពេល​មាន​អាសន្ន ។ ចូរ​កុំ​ឲ្យ​យើង​រិះគន់ និង វិនិច្ឆ័យគ្នា​ឡើយ តែ​សូម​ឲ្យ​យើងស្រុះ​ស្រួល​គ្នា ឲ្យ​ស្រប​ទៅ​នឹង​គំរូ​នៃក្តី​ស្រឡាញ់ និង ក្តី​សប្បុរសរបស់​ព្រះ​អង្គ​សង្គ្រោះ ។ តាមរបៀប​នេះ នោះ​សូម​ឲ្យ​យើង​មាន​ឆន្ទៈ​បម្រើ​គ្នា​ទៅ​វិញ​ទៅមក ។ សូមឲ្យ​យើង​អធិស្ឋានសម្រាប់​ការ​បំផុស​គំនិត​ដើម្បី​ដឹង​ពី​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃដែល​នៅ​ជុំ​វិញ​យើង ហើយ​បន្ទាប់​មក​សូម​ឲ្យ​យើង​ចេញ​ទៅ ហើយ​ផ្តល់​ជំនួយនោះ ។

សួម​ឲ្យ​​យើង​មាន​ក្តី​សង្ឃឹម ដើម្បី​រស់នៅ​ក្នុង​ជីវិត​នេះ​ចុះ ។ ទោះបី​យើង​រស់​នៅ​ក្នុង​ពេល​ដ៏​វឹកវរ​ក៏ដោយ ព្រះ​អម្ចាស់​ស្រឡាញ់​ ហើយ​គិត​ដល់​យើង ។ ទ្រង់​នៅ​ខាង​យើង​ជានិច្ច នៅ​ពេល​យើង​ធ្វើ​អ្វី​ដែល​ត្រូវ ។ ទ្រង់​នឹង​ជួយ​យើង​ពេល​យើង​មាន​អាសន្ន ។ ទុក្ខ​វេទនា​នឹង​មក​ក្នុង​ជីវិត​យើង ដែល​ជា​បញ្ហា​​ដែល​យើង​មិន​បាន​ដឹង​ជា​មុន និង​ អ្វីៗ​ដែល​យើង​មិន​ចង់​ជ្រើសរើស​សោះ ។ គ្មាន​នរណា​ម្នាក់សុខស្រួល​នោះទេ ។ គោល​បំណង​នៃ​ជីវិត​រមែង​ស្លាប់​នេះ គឺ​ដើម្បី​រៀន ហើយ​រីកចម្រើន​ដើម្បី​ក្លាយ​ដូច​ជា​បិតា​យើង ​គឺជាពេល​លំបាក​នេះ​ហើយ ដែល​ជា​ពេល​ដែល​យើង​រៀន​បាន​ច្រើន​បំផុតនោះ មេរៀន​កាន់​តែ​ឈឺ​ចាប់ យើងរៀន​​កាន់​តែ​ចេះ ។ ជីវិត​យើង​អាច​មាន​ក្តី​អំណរបាន​ផង​ដែរ នៅពេលយើង​ធ្វើ​តាម​ការ​បង្រៀន​នៃ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ព្រះ​អម្ចាស់​ដាស់​តឿនថា « ត្រូវ​សង្ឃឹម​ឡើង ត្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ។ 1 ចំណេះ​ដឹង​មួយ​នេះនឹង​ផ្តល់សុភមង្គល​ដ៏​អស្ចារ្យ​ដល់​យើង ។ ទ្រង់​រស់​ដើម្បី​យើង ហើយ​ក៏​សុគតដើម្បី​យើង​ដែរ ។ ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់អំពើ​បាប​យើង ។ សូម​ឲ្យយើង​ធ្វើ​តាម​គំរូ​ទ្រង់ ។ សូម​ឲ្យ​យើង​បង្ហាញ​អំណរ​គុណថ្វាយ​ទ្រង់ ដោយ​ទទួល​​ពលិកម្មរបស់ទ្រង់ ហើយ​រស់​នៅ​ក្នុង​ជីវិត​ដែល​សមឲ្យ​យើង​ត្រឡប់​ទៅរស់​ជាមួយ​នឹង​ទ្រង់​វិញនៅ​ថ្ងៃ​ណា​មួយ ។

ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​មុនៗ នោះ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ចំពោះ​ការ​អធិស្ឋាន​ជំនួស​ខ្ញុំ ។ ខ្ញុំ​ត្រូវ​ការការ​អធិស្ឋានទាំង​​នោះ ។ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ការ​អធិស្ឋានទាំង​នោះ ។ ក្នុង​នាម​យើង​ជាពួក​​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ នឹង​ចង​ចាំ​អ្នក​ទាំង​អស់​គ្នា​ផង​ដែរ ហើយអធិស្ឋានឲ្យ​ពរជ័យ​ដ៏​ជម្រើស​បំផុត​របស់​ព្រះ​បិតា​សួគ៌យើង​មាន​ដល់​ពួក​អ្នក ។

ឥឡូវ​នេះ បង​ប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់របស់​ខ្ញុំ យើង​នឹង​ផ្អាក​រយៈពេលប្រាំមួយ​ខែ ។ សូម​ឲ្យ​ព្រះ​អង្គគង់​ជាមួយនឹង​អ្នក​ផងរហូត​ដល់​យើង​នឹង​ជួបគ្នា​ពេល​នោះ​ម្តង​ទៀត ។ នៅ​ក្នុងព្រះនាម​នៃ​ព្រះ​សង្គ្រោះ និង ព្រះ​ប្រោស​លោះ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទជា​ព្រះ​អម្ចាស់ អាម៉ែន ។