ជួយ​ពួកគេ​ឲ្យ​ដាក់គោលដៅខ្ពស់​

ដោយ​ប្រធាន ហិនរី  ប៊ី អាវរិង

ទីប្រឹក្សា​ទីមួយ ក្នុងគណៈប្រធានទីមួយ


តាម​ការ​ណែនាំ​របស់​អ្នក នោះ​អ្នកទាំងឡាយ​ដែល​អ្នកដឹកនាំ នឹង​អាច​មើល​ឃើញ ចង់បាន ហើយ​ជឿ​ថា ពួកគេ​អាច​សម្រេច​បាន​នូវសក្ដានុពល​ពួកគេ​ពេញលេញ​ចំពោះការបម្រើ​ក្នុង​នគរ​របស់​ព្រះ ។

ខ្ញុំ​មាន​សេចក្ដី​អំណរ​ជាខ្លាំង​សម្រាប់​ឱកាស​នៅក្នុង​ការប្រជុំ​បព្វជិតភាព​ដ៏​អស្ចារ្យ​នេះ ដែល​បាន​ឮ​ការបង្រៀន និង ទីបន្ទាល់​ដ៏​មហិមា​បែប​នេះ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ ។ ស្ទើរតែ​គ្រប់​អ្វីៗ​ដែល​ខ្ញុំ​អាច​សម្រេច​បាន ក្នុង​នាមជា​អ្នកកាន់​បព្វជិតភាព​ម្នាក់ គឺ​ដោយសារ​បុគ្គល​ទាំងឡាយ​ដែល​ស្គាល់​ខ្ញុំ ដែល​បាន​ឃើញ​អ្វីៗ​នៅក្នុង​ខ្លួន​ខ្ញុំ ដែល​ខ្ញុំ​មិន​អាច​មើលឃើញ ។

ក្នុង​នាម​ជា​ឪពុក​វ័យក្មេង ខ្ញុំ​អធិស្ឋាន​សុំ​ដើម្បី​ដឹង​នូវ​អ្វី​ដែល​កូនៗ​របស់​ខ្ញុំ អាច​ធ្វើ​សម្រាប់​នគរ​របស់ព្រះអម្ចាស់ ។ ចំពោះ​ក្មេង​ប្រុស ខ្ញុំ​ដឹង​ថា​ពួកគេ​អាច​មាន​ឱកាសបព្វជិតភាព ។ ចំពោះ​ក្មេង​ស្រី ខ្ញុំ​ដឹង​ថា ពួកគេ​ផ្ដល់​ការ​បម្រើ​តំណាង​ឲ្យ​ព្រះអម្ចាស់ ។ ពួកគេទាំងអស់គ្នា​នឹង​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ ខ្ញុំ​ដឹងថា ពួកគេម្នាក់ៗ​ ផ្សេង​ពីគ្នា ហេតុដូច្នេះ​ព្រះអម្ចាស់​នឹង​ប្រទាន​អំណោយទាន​ជាក់លាក់​សម្រាប់​ពួកគេ​ម្នាក់ៗ​ប្រើប្រាស់​នៅក្នុង​ការបម្រើ​របស់​ទ្រង់ ។

ឥឡូវ ខ្ញុំ​ពុំ​អាច​ប្រាប់​គ្រប់​ឪពុក និង​ គ្រប់អ្នកដឹកនាំ​យុវវ័យ លម្អិត​អំពី​អ្វី​ដែល​ល្អ​បំផុត ​ដើម្បី​អ្នកធ្វើ​នោះទេ ។ ប៉ុន្តែ​ខ្ញុំ​អាច​សន្យា​នឹង​អ្នកថា អ្នក​នឹង​ផ្តល់ពរ​ដល់ពួកគេ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្គាល់​អំណោយទាន​ខាងវិញ្ញាណ ដែល​ពួកគេបាន​​កើត​មក ។ មនុស្ស​គ្រប់​រូបគឺ​ផ្សេងៗ​ពីគ្នា ហើយ​មាន​ការ​បរិច្ចាគ​ផ្សេងៗ​គ្នា ។ គ្មាន​នរណា​ម្នាក់កំណត់​មក​ឲ្យ​បរាជ័យ​នោះទេ ។ នៅពេល​អ្នក​ស្វែងរក​វិវរណៈ​ដើម្បី​មើល​ឃើញ​នូវ​អំណោយទាន​ទាំងឡាយ ដែល​ព្រះ​ទត​ឃើញ​ក្នុង​អ្នកទាំងឡាយ​ណា​ដែល​អ្នក​ដឹកនាំ​នៅក្នុង​បព្វជិតភាព --ជាពិសេស​គឺ​យុវជន -- នោះ​អ្នក​នឹង​មាន​ពរ​ដើម្បី​ដឹកនាំ​ពួកគេទៅ​កិច្ចការ​បម្រើ​ដែល​ពួកគេ​អាច​ធ្វើ​បាន ។ តាម​ការ​ណែនាំ​របស់​អ្នក នោះ​អ្នកទាំងឡាយ​ដែល​អ្នកដឹកនាំ នឹង​អាច​មើល​ឃើញ ចង់បាន ហើយ​ជឿ​ថា ពួកគេ​អាច​សម្រេច​បាន​នូវសក្ដានុពល​ពួកគេ​ពេញលេញ​ចំពោះការបម្រើ​ក្នុង​នគរ​របស់​ព្រះ ។

ជាមួយនឹង​កូនៗ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បាន​អធិស្ឋាន​សុំ​វិវរណៈ​ដើម្បី​ដឹង​ពីរបៀប ដែល​ខ្ញុំ​អាច​ជួយ​ពួកគេ​ម្នាក់​ម្ដងៗ​ឲ្យ​រៀបចំ​សម្រាប់​ឱកាស​ជាក់លាក់ ដើម្បី​បម្រើ​ព្រះ ។ បន្ទាប់មក ខ្ញុំ​បាន​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ សង្ឃឹម និង ធ្វើ​ការ​សម្រាប់​អនាគត​នេះ ។ ខ្ញុំ​បាន​ឆ្លាក់​ក្ដារមួយ​សម្រាប់​កូនប្រុស​ម្នាក់ៗ ដែល​មាន​ពាក្យ​ដកស្រង់​មកពី​គម្ពីរ ពិពណ៌នា​អំពី​អំណោយទាន​ពិសេស​របស់​គាត់ និង រូបភាព​មួយ ដែល​តំណាង​ឲ្យ​អំណោយទាន​នេះ ។ នៅ​ខាង​ក្រោម​រូបភាព និង អក្សរចារិក​នោះ ខ្ញុំ​បាន​ឆ្លាក់​កាលបរិច្ឆេទ​ពិធីបុណ្យជ្រមុជទឹក និង ការតែងតាំង​ក្នុង​តំណែងបព្វជិតភាព​របស់​កូនប្រុស​ម្នាក់ៗ ព្រមទាំងបាន​គូសចំណាំ​នៅ​កាលបរិច្ឆេទ​នៃ​ព្រឹត្តការណ៍​នីមួយៗផងដែរ ។

ខ្ញុំ​នឹង​ពិពណ៌នា​អំពី​ក្ដារ​ដែល​ខ្ញុំ​បាន​ឆ្លាក់​សម្រាប់​កូនប្រុស​ម្នាក់ៗ ដើម្បី​ជួយ​គាត់​ឲ្យ​មើល​ឃើញ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​គាត់ និង អ្វី​ដែល​គាត់​អាច​ធ្វើ​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ អ្នក​អាច​ទទួល​ការ​បំផុសគំនិត ដើម្បី​ស្គាល់​អំណោយទាន​ជាក់លាក់ និង ឱកាស​ពិសេសៗ សម្រាប់​យុវវ័យ​ម្នាក់ៗ​ដែល​អ្នកស្រឡាញ់ និង ដឹកនាំ ដូចជា​ខ្ញុំ​ផងដែរ ។

នៅ​ពេល​កូនប្រុស​ច្បងបង្អស់​របស់​ខ្ញុំ​ក្លាយជាឌីកុន និង ក្រុមកាយឬ​ទ្ធិឥន្ទ្រី រូបភាព​ឥន្ទ្រី​ចូល​ក្នុង​គំនិត​ខ្ញុំ នៅពេលខ្ញុំ​គិត​អំពី​គាត់ និង អនាគត​គាត់ ។ យើង​រស់នៅ​អៃដាហូ​ជិត​នឹង​ជើងភ្នំ Teton ខាង​ត្បូង ជា​កន្លែង​ដែល​យើង​បាន​ឡើងភ្នំជាមួយគ្នា មើល​ឥន្ទ្រី​សំកាំង​ខ្លួន ។ រូបភាព​នោះ​ដិត​ក្នុង​ចិត្ត​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​ដឹង​អំពី​ពាក្យ​សម្ដី​របស់​អេសាយ ៖

« ទ្រង់​រមែង​ចម្រើន​កម្លាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មានកម្លាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ ។

« ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ​ហត់​ទៅបាន ពួក​កំឡោះ​ក៏​នឹង​ដួល​ជ្រលាក​បាន​ផង ។

« តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ាវិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប​ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ » ។ 1

តាមពិត ជាមួយនឹង​កូនប្រុស​ច្បង​នោះ យើង​បាន​ឈប់​ឡើងភ្នំ​នៅ​ខាង​ក្រោម​កំពូល​នៃ​ភ្នំ Teton ខាង​ត្បូង​ទៀត​ហើយ ដោយ​សារ​កូន ប្រុស​ខ្ញុំ​នឿយ​ហត់ ។ គាត់​ចង់​ឈប់ ។ គាត់​បាន​និយាយ​ថា « តើ​យើង​នឹងតូចចិត្ត​ជានិច្ច​ឬ ដែល​យើង​ពុំ​អាច​ឡើង​ទៅ​ដល់​កំពូល​នោះ ? ប៉ា​បន្ដ​ទៅ​ទៀតចុះ-- កូន​មិន​ចង់​ធ្វើ​ឲ្យ​ប៉ា​ខក​ចិត្ត​ទេ » ។

ខ្ញុំ​បាន​តប​ថា « ប៉ា​មិន​ខកចិត្ត​ទេ ហើយ​កូន​ក៏​នឹ​ងពុំ​តូចចិត្តដែរ ។ យើង​នឹង​ចងចាំ​ជានិច្ច​ថា យើងបាន​​ឡើង​មកទីនេះ​ជាមួយ​គ្នា » ។ នៅ​ពី ខាង​លើ​ក្ដារ​របស់​គាត់ ខ្ញុំ​បាន​ឆ្លាក់​រូប​ឥន្ទ្រី ហើយ​បាន​ឆ្លាក់​ថា ‹ ស្លាប​ឥន្ទ្រី › » ។

ច្រើន​ឆ្នាំ​កន្លង​ទៅ កូន​ប្រុស​ខ្ញុំ​បាន​ធ្វើ​ជាអ្នក​ផ្សព្វផ្សាយសាសនា​ល្អប្រសើរ​ជាង​ដែល​ខ្ញុំ​អាច​នឹកគិត ​នៅ​ក្នុង​ក្ដីសង្ឃឹម​ដែល​ដក់​ជាប់ចិត្ត​របស់​ខ្ញុំទៅទៀត ។ ឧបសគ្គ​នៅ​ក្នុង​តំបន់​បេសកកម្ម បទពិសោធន៍​មួយចំនួន​ដែល​គាត់​បាន​ជួប ហាក់បីដូចជា​លើស​ពីសមត្ថភាព​របស់​គាត់ ។ សម្រាប់ក្មេង​ប្រុស​ដែល​អ្នក​ជួយ គឺ​ប្រហែល​ជា​ដូចជា​កូនប្រុស​របស់​ខ្ញុំ ដែល​ព្រះអម្ចាស់​បាន​លើកគាត់​យ៉ាង​ខ្ពស់ នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​​ក្នុង​ភាសាមួយ​ដែល​លំបាកជាង អ្វី​ដែល​ខ្ញុំ​គិត​ថា​អាចធ្វើ​ទៅ​បាន ។ បើ​អ្នក​នឹង​ព្យាយាម​ជួយ​យុវជន​ណា​ម្នាក់​ឲ្យ​យល់​អំពី​លទ្ធភាព​បព្វជិតភាព​របស់​គាត់ ខ្ញុំ​សន្យា​នឹង​អ្នកថា ព្រះអម្ចាស់ នឹងប្រាប់​អ្នក​យ៉ាង​ច្រើន​តាមដែល​អ្នកត្រូវការ ។ ក្មេងប្រុសអាចមាន​សក្ដានុពល​ហួស​ពី​អ្វី​ដែល​ព្រះអម្ចាស់ នឹង​បើក​បង្ហាញ​​ដល់អ្នក ។ សូម​ជួយ​គាត់​ឲ្យ​ដាក់គោលដៅ​ខ្ពស់ ។

ក្មេង​ប្រុស​ដែល​អ្នកកំពុង​លើក​ទឹកចិត្ត អាច​មាន​ការ​ខ្មាស់​អៀន​​ពេក ដើម្បី​ធ្វើ​ជា​អ្នកបម្រើ​បព្វជិតភាព​ប្រកប​ដោយ​អានុភាព ។ កូនប្រុស​ម្នាក់​ទៀត​របស់​ខ្ញុំ មាន​ការ​ខ្មាស់អៀន​ខ្លាំង​ណាស់​កាល​ពីតូច គាត់​ពុំ​ទាំង​ហ៊ាន​ដើរ​ទៅ​ហាងទំនិញ​មួយ ហើយ​និយាយ​ជាមួយ​នឹង​អ្នក​លក់​ផង ។ គាត់​ពិត​ជា​ខ្លាច​ខ្លាំង​ណាស់ ។ ខ្ញុំ​ព្រួយបារម្ភ នៅពេល​ខ្ញុំ​អធិស្ឋាន​អំពី​អនាគត​បព្វជិតភាព​របស់​គាត់ ។ ខ្ញុំ​បាន​គិត​អំពី​គាត់​នៅក្នុង​តំបន់​បេសកកម្ម --ដែល​ស្ដាប់​ទៅ​មិន​សូវ​ល្អ​សោះ ។ ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​កាន់​ខគម្ពីរ​មួយ​នៅ​សុភាសិត​ថា ៖ « មនុស្ស​អាក្រក់​គេ​រត់ ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សឹង្ហ​វិញ » ។ 2

ខ្ញុំ​បាន​ឆ្លាក់អក្សរ « អង់អាច​ដូច​សត្វសឹង្ហ » នៅ​លើ​ក្ដារ​របស់​គាត់ ខាង​ក្រោម​រូបក្បាល​សឹង្ហ​ដែល​កំពុង​ស្រែក​ដ៏ធំ​នោះ ។ នៅក្នុង​បេសកកម្ម​របស់​គាត់ និង​ជាច្រើន​ឆ្នាំ​ក្រោយ​មក គាត់​បាន​បំពេញ​តាម​ក្ដី​សង្ឃឹម​ក្នុង​ការ​ឆ្លាក់​របស់​ខ្ញុំ ។ កូន​ប្រុស​ដែល​ខ្មាស់អៀន​ច្រើន​របស់​ខ្ញុំ​ពីមុន បាន​ផ្សាយ​ដំណឹងល្អ​ដោយ​ជំនឿ​ដ៏អស្ចារ្យ ហើយ​បាន​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដោយភាព​ក្លាហាន ។ គាត់​ត្រូវ​បាន​ពង្រឹង​នៅ​ក្នុង​ការទទួលខុស​ត្រូវ​របស់​គាត់ ដើម្បី​ធ្វើជា​តំណាង​របស់ព្រះអម្ចាស់ ។

រឿង​នោះ​អា​ច​កើត​ឡើង​ចំពោះ​យុវជន ដែល​អ្នក​កំពុង​ដឹកនាំ ។ អ្នក​ចាំបាច់​ត្រូវ​ស្ថាបនាសេច​ក្ដីជំនឿ​គាត់ថា ព្រះអម្ចាស់​អាច​ផ្លាស់​គាត់​ឲ្យទៅជា​អ្នកបម្រើ​ដ៏ក្លាហាន​ជាង​ក្មេងប្រុស​ខ្មាស់អៀន​ ដែល​អ្នក​មើល​ឃើញ​នា​ពេល​នេះ ។

យើង​ដឹងថា ព្រះអម្ចាស់​ធ្វើ​ឲ្យ​អ្នកបម្រើ​របស់ទ្រង់​អង់អាច ។ ក្មេង​ប្រុស​យ៉ូសែប​ដែល​បាន​ឃើញ​ព្រះ ជាព្រះវរ​បិតា និង ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ នៅ​ក្នុង​ព្រៃ បាន​ផ្លាស់​ទៅ​ជា​បុរស​ដែល​រឹងមាំ​ខាង​វិញ្ញាណ ។ ប៉ាលី  ភី ប្រាត្តបាន​ឃើញ​ថា នៅពេល​ព្យាការី​យ៉ូសែប ស្ម៊ីធ បន្ទោស​ដល់​អ្នក​យាម​ទុច្ចរិត ដែល​ចាប់​ពួកគាត់​ឃុំឃាំង​នោះ ។

« រំពេច​នោះ លោក​បាន​ក្រោក​ឈរ​ឡើង ហើយ​បាន​និយាយ​ដោយ​សម្លេង​ផ្គរលាន់ ឬ ដូច​ជា​សម្លេង​តោ​​គ្រហឹម ដោយ​និយាយ​នូវ​ពាក្យ​ដូច​ខាងក្រោម​ តាម​ដែល​ខ្ញុំ​អាច​នឹក​ចាំ​ថា ៖

« ‹ ស្ងាត់​ទៅ ! ,មនុស្ស​អាក្រក់​ក្នុង​រណ្ដៅ​ដ៏​អប្រិយ​អើយ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ស្ដី​បន្ទោស​ដល់​អ្នក ហើយ​បញ្ជា​ឲ្យ​អ្នក​នៅ​ស្ងៀម ខ្ញុំ​នឹង​មិន​រស់​នៅ​មួយ​នាទី​ទៀត ហើយ​ស្ដាប់​នូវ​ភាសា​ដូច្នេះ​ទេ  ឈប់​និយាយ​ពាក្យ​ដូច្នោះ , នៅអ្នក ឬ​ខ្ញុំ​ត្រូវ​ស្លាប់​នៅ​ពេល​នេះ !  › »

ចេញ​មកពី​បទពិសោធន៍​នោះ អែលឌើរ ប្រាត្ត បាន​សរសេរ​ថា « សេចក្ដី​ថ្លៃថ្នូរ និង អានុភាព​ដ៏អស្ចារ្យ ដែល​ខ្ញុំ​ធ្លាប់​ឃើញ​តែ​ម្ដងគត់ នៅពេល​លោក​ឈរ​​​ត្រង់​ខ្លួន ដោយ​ជាប់​ច្រវាក់ ស្ថិត​នៅ​ក្នុ​ងគុគ​ក្នុងភូមិ​ដ៏ងងឹត​នៃ​រដ្ឋ​មីសសួរី » ។ 3

ព្រះអម្ចាស់ នឹង​ប្រទាន​អ្នក​បម្រើ​ដ៏​សុចរិត​របស់​ទ្រង់នូវ​ឱកាស​ដើម្បី​មានចិត្តអង់អាច​ដូចជា​សឹង្ហ នៅ​ពេល​​ពួកគេ​និយាយ​នៅ​ក្នុង​ព្រះនាមទ្រង់ ហើយ​ជា​សាក្សី​ក្នុង​បព្វជិតភាព​ទ្រង់ ។

កូន​ប្រុស​ម្នាក់ទៀត កាលពីក្មេង មាន​មិត្ត​ភក្ដិ​ច្រើន ដែល​ជាញឹកញាប់ គេ​ចូលចិត្តពឹង​ពាក់គាត់ណាស់ ។ គាត់​បង្កើត​មិត្ត​យ៉ាង​ងាយ​ក្នុង​ចំណោម​មនុស្ស ។ នៅពេល​ខ្ញុំ​អធិស្ឋាន និង ព្យាយាម​មើល​ពី​កិច្ចការ​បរិច្ចាគ​របស់​គាត់ ក្នុង​នគរ​ព្រះ ខ្ញុំ​មានអារម្មណ៍​ថា គាត់​នឹង​មាន​អំណាច​ដើម្បី​បង្រួបប្រួម​មនុស្ស​មក​ជុំគ្នា​នៅ​ក្នុង​សេចក្ដីស្រឡាញ់ និង សាមគ្គីភាព ។

រឿងនោះ​បាន​នាំ​ខ្ញុំ​ឲ្យ​គិត​អំពី​រឿង​ក្នុង​គោលលទ្ធិ និង សេចក្ដីសញ្ញា ដែល​ពិពណ៌នា​អំពី​​ការប្រឹង​ប្រែង​នៃកូរ៉ុមបព្វជិតភាព​​​អែលឌើរ​ដើម្បី​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន នៅ​រដ្ឋ​មីសសួរី ដែល​ពួកទេវតា​កោតសរសើរ​ដល់​ពួកគេ ពេល​បាន​ឃើញ​ការខិតខំ និង ការបរិច្ចាគ​របស់​ពួកគេ ។ នោះ​តម្រូវ​ឲ្យ​មាន​ការ​លះបង់​ខ្ពស់ ។ វិវរណៈ​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា បាន​និយាយ​ថា ៖ « ទោះជា​យ៉ាង​ណា​ក៏​ដោយ អ្នករាល់គ្នា​ត្រូវ​បាន​ពរ ត្បិត​ទីបន្ទាល់​ដែល​អ្នករាល់គ្នា​បាន​ថ្លែង នោះ​ត្រូវ​បាន​កត់​ទុក​នៅ​លើ​ស្ថានសួគ៌ សម្រាប់​ទុក​ឲ្យ​ពួកទេវតា​មើល ហើយ​ពួកគេ​មាន​ចិត្ត​ត្រេកអរ​មក​លើ​អ្នក ហើយ​អំពើបាប​ទាំងឡាយ​របស់​អ្នក ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ » ។ 4

នៅ​លើក្ដារបញ្ឈរ​កូន​ប្រុស​ខ្ញុំ ខ្ញុំ​បាន​ឆ្លាក់ថា « ពួក​ទេវតា​អរសាទរ​ចំពោះអ្នក » ។

លទ្ធភាព​ដ៏​អស្ចារ្យ​របស់​កូន​ប្រុស​នេះ ដើម្បី​ប្រមូល​ផ្ដុំ និង មាន​ឥទ្ធិពល​លើ​មនុស្ស បាន​បន្ដ​មាន​ បន្ទាប់​ពី​ឆ្នាំ​សិក្សា​របស់​គាត់ ។ គាត់​បាន​រៀបចំ​សកម្មភាព​ស្ដេក ជាមួយ​នឹង​អ្នកកាន់បព្វជិតភាព ដែល​ផ្ដល់​សេចក្ដីជំនឿ​ដល់​យុវវ័យ​ក្នុង​តំបន់​គាត់ ឲ្យ​ស៊ូទ្រាំ និង យកឈ្នះ​លើ​ស្ថានភាព​ពិបាក​ៗ ។ នៅពេល​គាត់​ស្ថាបនា​សេចក្តីជំនឿ​នៅ​ក្នុង​ខ្លួន​យុវជន​យុវនារីទាំងនេះ គាត់​បាន​ជួយស្ថាបនា​ក្រុម​​នៃ​ស៊ីយ៉ូនតូចមួយ នៅ​ក្នុង​កណ្ដាល​ទីក្រុង​នៃ​សហរដ្ឋអាមេរិក ។ នៅ​ក្នុង​ការ​ឆ្លាក់​នោះ ខ្ញុំ​មាន​រូប​ទេវតា​ផ្លុំ​ត្រែ ដែល​ប្រហែល​ជា​មិន​សូវ​ដូច​ទេ ប៉ុន្តែ​វា​ងាយស្រួល​ជាង​ដើម្បី​ឆ្លាក់​រូប​ត្រែ​ជាង​ការស្រែក​ដែរ ។

ពួកទេវតា​មានអំណរ​នៅពេល​អ្នកដឹកនាំ​បព្វជិតភាព ទូទាំង​ពិភពលោក ស្ថាបនា​ក្រុង​ស៊ីយ៉ូន​នៅ​ក្នុង​វួដ ស្ដេក និង បេសកកម្ម​របស់​គេ ។ ហើយ​ពួកគេ​នឹង​មានអំណរ​ចំពោះ​យុវជន យុវនារី ដែល​អ្នក​ជួយ​​ស្ថាបនា​ក្រុងស៊ីយ៉ូន នៅ​គ្រប់​កន្លែង​ដែល​ពួកគេ​នៅ និង នៅ​គ្រប់​ស្ថានភាពរបស់​ពួកគេ ។ ស៊ីយ៉ូន គឺ​ជា​លទ្ធផល​របស់​អ្នក​ដែល​ភ្ជាប់​ដោយ​សេចក្ដី​សញ្ញា និង ក្ដីសេចក្តីស្រឡាញ់ ។ ខ្ញុំ​អញ្ជើញ​អ្នក​ឲ្យ​ជួយដល់​​យុវវ័យ​អ្នក​ចូលរួម ។

ចំពោះ​កូន​ប្រុស​ម្នាក់​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​បាន​បំផុស​ឲ្យ​ឆ្លាក់​រូប​ព្រះអាទិត្យ --នោះ​គឺជា​រូប​ព្រះអាទិត្យ​នៅលើ​មេឃ -- និង បន្ទូល​មក​ពី​ព្រះអង្គ​សង្គ្រោះ​ អធិស្ឋាន​សម្រាប់​អ្នកដទៃ ៖ « នេះ​ជា​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច » ។ ព្រះអង្គសង្គ្រោះ​បាន​អធិស្ឋាន​ទៅ​ព្រះបិតា​ទ្រង់ ពេល​ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ជិត​ចូល​មក​ដល់​ទីបញ្ចប់​ថា ៖

« នេះ​ជាជីវិត​ដ៏​នៅ​អស់កល្បជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់ ដ៏ជា​ព្រះពិត​តែ​មួយ នឹង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់បាន​ចាត់​ឲ្យ​មក​ផង ។

« ទូលបង្គំ​បាន​ដំកើង​ទ្រង់ នៅ​ផែនដី ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​ប្រគល់មក​ឲ្យ​ធ្វើ »។ 5

កូនប្រុស​ខ្ញុំ​បាន​ផ្ដល់​ការ​បម្រើ​បព្វជិតភាព​នៅ​លើ​ទ្វីប​ទាំងបី ប៉ុន្តែ​អ្វីដែល​សំខាន់​បំផុត គឺ​នៅ​ក្នុង​គេហដ្ឋាន និង ក្នុងគ្រួសារ​របស់​គាត់ ។ គាត់​បាន​ស្ថាបនាជីវិតគាត់​​នៅ​ជុំវិញ​ពួកគេ ។ គាត់ធ្វើ​ការ​ក្បែរផ្ទះរបស់គាត់ ហើយ​ជាញឹកញាប់ ត្រឡប់​ទៅ​ផ្ទះ​ជាមួយ​ភរិយា និង កូនតូចៗ​របស់គាត់​ពេល​ម៉ោង​បាយ​ថ្ងៃត្រង់ ។ គ្រួសារ​គាត់រស់នៅ​ជិត​នឹង​ស៊ីស្ទើរ អាវរិង និង​ ខ្ញុំ ។ ពួកគេ​មើលថែ​ទីធ្លា​ផ្ទះ​របស់​យើង ដូចជា​របស់ពួកគេ ។ កូនប្រុស​នេះ​កំពុង​រស់នៅ​ពុំ​ត្រឹមតែ​មាន​លទ្ធភាព​នឹង​ជីវិត​អស់កល្ប​ជានិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រស់នៅ​ជុំគ្នា​ដ៏​អស់កល្ប​ជានិច្ច ដោយ​សមាជិក​គ្រួសារ​ប្រកប​ដោយ​ការដឹង​គុណ ដែល​ពួកគេ​កំពុងតែ​អង្គុយ​ជុំ​ជិត​គាត់​នោះ ។

ជីវិត​ដ៏អស់កល្ប គឺត្រូវ​រស់នៅ​ក្នុង​សាមគ្គីភាព នៅ​ក្នុង​ក្រុមគ្រួសារ មាន​ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ជីវិត​ដ៏អស់កល្ប គឺ​អាច​មាន​តាមរយៈ​តែ​កូនសោ​នៃបព្វជិតភាព​របស់​ព្រះ​ប៉ុណ្ណោះ ដែល​បាន​ស្ដារឡើងវិញ តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ សូម​លើកទឹកចិត្ត ដល់​យុវវ័យ​ឲ្យ​ ដាក់​គោលដៅ​ដ៏​អស់កល្ប​នោះ ព្រោះ​វាគឺជា​អំណោយទាន​ដ៏អស្ចារ្យ ដែល​អ្នកអាច​ផ្ដល់ឲ្យ​ពួកគេ ។ អ្នកនឹង​ធ្វើ​ជាគំរូ​ក្នុង​គ្រួសារ​អ្នក​ជាមុនសិន ។ អ្នកទាំងឡាយដែល​អ្នកកំពុង​ដឹកនាំ ​​អាច​នឹង​ពុំ​មាន​គ្រួសារ​ក្នុង​សាសនា​ចក្រ​​ទេ ប៉ុន្តែ​ខ្ញុំ​សំណូមពរ​ឲ្យ​អ្នក​ជួយ​ពួកគេ ទទួល​អារម្មណ៍ និង ចង់​ឲ្យ​មានសេចក្ដី​​ស្រឡាញ់​ពីគ្រួសារ នៅ​ទាំងសង្ខាងនៃ​វាំងនន ។

ក្ដារបញ្ឈរ​ដែល​ខ្ញុំ​បាន​ពិពណ៌នា គឺ​ជា​របៀប​មួយ​តែប៉ុណ្ណោះ ដើម្បី​ជួយ​យុវវ័យ យល់​អំពី​មហិទ្ធិឬទ្ធិ​ ដែល​ព្រះ​ទត​ឃើញ​ក្នុង​ខ្លួនពួកគេ និង អនាគត​របស់​ពួកគេ និង ការ​បម្រើ​ពិសេស ដែល​ទ្រង់​បាន​រៀបចំ​ឲ្យ​ពួកគេ​ផ្ដល់​ឲ្យ ។ ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ពី​របៀប​ធ្វើ​វា សម្រាប់​កូនចៅ ឬ សម្រាប់យុវវ័យ​ផ្សេង​ទៀត​ដែល​អ្នក​ដឹកនាំ ។ ប៉ុន្តែ​នៅពេល​អ្នក​ស្វែងរក​ដោយ​ការអធិស្ឋាន ដើម្បី​យល់ពី​អនាគតនេះ​សម្រាប់​ខ្លួន​អ្នក និង ទំនាក់ទំនង​ទៅ​មនុស្ស​វ័យ​ក្មេង​ម្ដង​មួយ នោះ​អ្នក​នឹង​ដឹង​ថា ស្រឡាញ់​កូនចៅ​របស់ទ្រង់​ម្នាក់ផ្ទាល់ ហើយ​ទតឃើញ ​នូវអំណោយទាន​អស្ចារ្យ និង ពិសេស​ក្នុង​ខ្លួន​គេ​ម្នាក់ៗ ។

ក្នុង​នាមជាឪពុក​ម្នាក់ ខ្ញុំ​មានពរ​ដែល​បាន​មើល​ឃើញ​អនាគត​ដ៏អស្ចារ្យ ក្នុង​នគរ​ព្រះ សម្រាប់​កូនស្រី ក៏​ដូចជា​កូនប្រុស​របស់​ខ្ញុំ ។ នៅពេល​ខ្ញុំ​ស្វែងរក​ការ​ណែនាំ​ដោយ​ការ​អធិស្ឋាន ខ្ញុំ​ត្រូវបាន​បង្ហាញ​ផ្លូវ​មួយ ដើម្បី​ជួយ​កូនស្រី​របស់​ខ្ញុំ​ស្គាល់ពី​ទំនុកចិត្ត ដែល​ព្រះ​បាន​មាន​ចំពោះ​ពួកគេ ក្នុង​នាម​ជា​អ្នកបម្រើ ដែល​អាច​ស្ថាបនា​នគរ​ទ្រង់ ។

ពេល​កូនស្រី​ខ្ញុំ​នៅក្មេង ខ្ញុំ​ឃើញ​ថា យើងអាច​ជួយ​គ្នា​ទៅវិញ​ទៅមក ដឹងពីក្ដីស្រឡាញ់​របស់អ្នកទាំង​ឡាយ ដែល​បាន​ស្លាប់ទៅ ជាច្រើនតំណរ ។ ខ្ញុំ​ដឹងថា ក្ដីស្រឡាញ់​កើតមកពី​ការបម្រើ និង ក្ដីសង្ឃឹម​ដ៏បំផុសគំនិត​នៃជីវិត​ដ៏អស់កល្ប ។

ដូច្នេះ យើងអាច​ឆ្លាក់​ក្ដារហាន់​នំប៉័ង ដែល​យើង​ដាក់នំប៉័ង​ដែលយើងដុត ហើយ​ចេញទៅ​ជាមួយគ្នា យក​ទៅ​ឲ្យ​ស្ត្រី​មេម៉ាយ អ្នកពោះម៉ាយ និង គ្រួសារទាំងឡាយ ។ អក្សរ​ចារិក​ដែល​ខ្ញុំ​បាន​ឆ្លាក់​នៅ​លើ​ក្ដារ​ហាន់​នំប៉័ង​ទាំងនោះ​មួយៗ​អាន​ថា « J’aime et J’espere » ជាភាសាបារាំង មានន័យថា « ខ្ញុំ​ស្រឡាញ់ ហើយ​ខ្ញុំ​សង្ឃឹម » ។ ភស្ដុតាង​នៃ​អំណោយទាន​ខាងវិញ្ញាណ​ដ៏ពិសេស​របស់ពួកគេ ពុំ​មែនបង្ហាញ​តែ​នៅ​លើ​ក្ដារ ដែល​ខ្ញុំ​ឆ្លាក់ប៉ុណ្ណោះទេ ប៉ុន្តែ​បង្ហាញ​កាន់តែ​ច្បាស់ នៅ​ពេល​យើង​ចែកចាយវា​ទៅ​ដល់​អ្នកទាំងឡាយ​ដែល​ខ្វះខាត អ្នកដែលឈឺចាប់ ឬ​បាត់បង់ ដោយ​អះអាង​ថា ក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​ទ្រង់ អាច​បង្កើត​នូវ​ក្ដី​សង្ឃឹម​ដ៏ភ្លឺថ្លា ។ ការបម្រើ គឺជា​ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច សម្រាប់​កូនស្រីខ្ញុំ និង យើងម្នាក់ៗ ។

ឥឡូវ អ្នក​អាច​គិត​ថា « បងប្រុស អាវរិង តើ​បងកំពុង​និយាយថា ខ្ញុំ​ត្រូវ​រៀន​ពី​របៀប​ឆ្លាក់​ឬ ? » ចម្លើយ​គឺ​ទេ ។ ខ្ញុំ​បាន​រៀន​ឆ្លាក់​តែ​ពេលមានជំនួយ​ពី​អ្នកបង្រៀន​ដែល​ចិត្ត​ល្អ និង មានអំណោយទានប៉ុណ្ណោះ ដែលពេលនោះ​ជា​ អែលឌើរ ប៊យដ៍  ឃេ ផាកកឺ ។ ជំនាញតិចតួច​ដែល​ខ្ញុំ​មាន គឺដោយសារ​អំណោយ​ទាន​​ដ៏​អស្ចារ្យ​​របស់គាត់ ដែលជា​អ្នក​ឆ្លាក់ និង ការ​អត់ធ្មត់​របស់គាត់ ក្នុង​នាមជាគ្រូ​ម្នាក់ ។ មាន​តែ​ស្ថានសួគ៌ទេ ដែល​អាច​ផ្ដល់​នូវ​អ្នកបង្រៀន​ប្រភេទ​នេះ ដូច​ប្រធាន ផាកកឺ ។ ប៉ុន្តែ​មានមានវិធីជាច្រើន​ដែលអ្នកអាច​មាន​ឥទ្ធិពល​លើដួងចិត្ត​កូនៗ ដោយ​គ្មានក្ដារឆ្លាក់ សម្រាប់​ពួកគេ ។

ឧទាហរណ៍ បច្ចេកវិជ្ជា​ទំនាក់ទំនង​ថ្មី អនុញ្ញាត​ឲ្យ​មាន​ការចែកចាយ​សារលិខិត​ពី​សេចក្ដីជំនឿ និង ក្ដីសង្ឃឹម​ដល់​អ្នក​ដែល​នៅ​ឆ្ងាយពី​យើងរាប់​គីឡូម៉ែត្រ​​បានភ្លាមៗ ដោយ​ចំណាយប្រាក់តិច ឬ គ្មានចំណាយសោះ ។ ភរិយាខ្ញុំ ជួយ​ខ្ញុំ​ធ្វើដូច្នេះ ។ យើង​បាន​ចាប់​ផ្ដើម​និយាយ​តាម​ទូរស័ព្ទ ជាមួយ​ចៅៗ ឬ កូនៗ​ដែល​យើង​អាច​ទាក់ទង​បាន ។ យើង​បាន​សុំ​ឲ្យ​ពួកគេ​ចែកចាយ​រឿង​ជោគជ័យ​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ការ​បម្រើ​ដែល​ពួកគេ​បាន​ធ្វើ​មកយើង ។ យើង​ក៏​សុំ​ឲ្យ​ពួកគេ​ផ្ញើ​រូបថត​សកម្មភាព​ទាំងនោះ​ផង​ដែរ ។ យើង​ប្រើ​រូបថត​ទាំងនោះ​ដើម្បី​បង្ហាញពី​កថាខណ្ឌ​មួយចំនួន​ក្នុង​អត្ថបទ ។ យើង​បន្ថែម​ខមួយ ឬពីរ មកពីគម្ពីរមរមន ។ ប្រហែលជា​នីហ្វៃ និង មរមននឹង​មិនសូវចាប់អារម្មណ៍​ដោយគុណភាព​ខាងវិញ្ញាណ​នៃក្ដីអំណរ​របស់យើង ឬការខិតខំមានកម្រិត​របស់យើង តម្រូវ​ឲ្យ​មាន​ដើម្បី​បង្កើត​នូវអ្វី​ដែល​យើង​ហៅថា « កំណត់ហេតុគ្រួសារ ៖ ផ្ទាំងតូច » នោះទេ ។ ប៉ុន្តែ​ស៊ីស្ទើរ អាវរិង និង​ខ្ញុំ បាន​ពរ​ដោយការខំប្រឹងប្រែងនេះ ។ យើង​មានអារម្មណ៍បំផុសគំនិត ជ្រើសរើស​វគ្គគម្ពីរ និង សារ​លិខិត​សង្ខេប​អំពី​ទីបន្ទាល់ ដែល​យើង​បាន​សរសេរ ។ ហើយ​យើង​មើល​ឃើញ​ភស្ដុតាង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដែល​ដួងចិត្ត​របស់ពួកគេ​បាន​បង្វែរ​មក​រក​យើង និង ព្រះអង្គសង្គ្រោះ និង ឆ្ពោះ​ទៅ​លើ ។

មាន​វិធីផ្សេងទៀតដើម្បី​មានឥទ្ធិពល​លើ​អ្នក​ដទៃ អ្នក​ក៏​មាន​ជាច្រើន​រួច​ហើយ​ដែរ ។ ទម្លាប់​នៃ​ការអធិស្ឋាន​ និង ការអាន​គម្ពីរ​ជាគ្រួសារ​របស់អ្នក នឹង​បង្កើត​នូវ​ការចងចាំយូរអង្វែង ហើយ​ជាការ​ផ្លាស់​ប្ដូរ​ចិត្ត​ដ៏ធំ ជាង​ដែល​អ្នក​អាច​ដឹង​ក្នុង​ពេល​នេះ ។ សូម្បីតែ​សកម្មភាព​ខាងសាច់ឈាម ដូចជា​ការចូល​រួម​ក្នុង​ព្រឹត្តការ​កីឡា ឬ មើល​ខ្សែភាពយន្ដ ក៏​អាច​មានឥទ្ធិពល​លើ​ដួងចិត្ត​កូន​ដែរ ។ អ្វីដែល​សំខាន់ គឺ​ពុំមែន​ជា​សកម្មភាពទេ ប៉ុន្តែ​ជាអារម្មណ៍​ដែលកើត​មាន​ពេល​អ្នក​ធ្វើ​វា ។ ខ្ញុំ​បាន​រកឃើញការសាកល្បង​ដ៏ល្អ​មួយ សម្រាប់​ស្គាល់​ពីសកម្មភាពទាំងឡាយ ដែល​មានសក្ដានុពល បង្កើត​នូវភាព​ខុសប្លែក​ដ៏អស្ចារ្យ ក្នុងជីវិត​របស់​មនុស្សវ័យក្មេង ។ គឺថា ឲ្យ​ពួកគេ​ផ្ដល់​យោបល់ពីសកម្មភាព ដែល​ពួកគេ​ចាប់អារម្មណ៍ ជាអំណោយទានមួយមកពីព្រះ ។ ខ្ញុំ​ដឹង​ថា វា​អាច​ធ្វើ​ទៅបាន មកពីបទពិសោធន៍​ផ្ទាល់ខ្លួន​ខ្ញុំ ។

នៅពេល​ខ្ញុំក្លាយ​ជាឌីកុន កាលអាយុ 12 ឆ្នាំ ខ្ញុំ​រស់នៅ​ក្នុង នូវ ជើរស៊ី ចម្ងាយ 50 ម៉ែល ( 80 គ.ម) ពី​ទីក្រុង​ នូវយោក ។ ខ្ញុំ​សុបិន​ចង់​ក្លាយជា​អ្នក​លេង baseball ​ដ៏អស្ចារ្យ​ម្នាក់ ។ ឪពុក​ខ្ញុំ​យល់ព្រម​នាំ​ខ្ញុំ​ទៅ​មើល​កីឡា​មួយ​ដែល​លេង​នៅ​ក្នុង​កីឡាដ្ឋាន យ៉ាងគី ដ៏ចំណាស់​ជាប្រវត្តិ​សាស្ត្រ​មួយ ក្នុង​ទីក្រុង ប្រង់ ។ ខ្ញុំ​នៅតែ​អាច​ចាំ​ពេល​ដែល​ ចូ ឌីម៉ាជីអូ លើក​តំបង​គាត់​វាយ​កូនបាល់ ចេញពី ​ទីលាន ដែល​ខ្ញុំ​ឈរ​ជាមួយ​ឪពុក​ នោះ​ជា​គ្រាតែមួយគត់ ដែល​យើង​បាន​ចេញ​ទៅ​មើល​កីឡា​វាយកូនបាល់​ដ៏ល្បី​ជាមួយ​គ្នា ។

ប៉ុន្តែ​ថ្ងៃ​មួយទៀត ដែល​ខ្ញុំ​មាន​ជាមួយឪពុក​ខ្ញុំ​ គឺមាន​ឥទ្ធិពល​ក្នុងជីវិត​ខ្ញុំ​ជារៀងរហូត ។ គាត់បាន​នាំ​ខ្ញុំ​ពី នូវ​ជើរស៊ី ទៅ​ផ្ទះ​របស់​លោកអយ្យកោ​ដែល​បានតែងតាំង​ម្នាក់ ​នៅ​ទីក្រុង សលត៍ ឡេក ។ ខ្ញុំ​ពុំ​ដែល​ជួប​បុរស​នោះពីមុនទេ ។ ឪពុក​ខ្ញុំ​បាន​ទុក​ខ្ញុំ​ឲ្យ​នៅ​មាត់ទ្វារ ។ លោកអយ្យកោ​បាន​នាំ​ខ្ញុំ​ទៅ​កាន់​កៅអីមួយ ដាក់ដៃ​គាត់​លើ​ក្បាល​ខ្ញុំ ហើយ​ប្រកាស​ការប្រសិទ្ធពរ​មួយ ជា​អំណោយ​មួយ​មក​ពី​ព្រះ ដែល​ការប្រកាស​មាន​អំពី​បំណង​ប្រាថ្នា​ដ៏​អស្ចារ្យ​នៃ​ដួងចិត្ត​ខ្ញុំ ។

គាត់​បាន​និយាយថា ខ្ញុំ​ស្ថិតក្នុងចំណោម​នៃ​អ្នកទាំងឡាយ ដែល​ត្រូវបានថ្លែងថា​ « មានពរ​ហើយ អស់អ្នកដែល​ផ្សះផ្សាគេ » ។6 ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់ ដែល​មនុស្ស​ដ៏​ចម្លែក​ម្នាក់ អាច​ដឹង​ពីដួងចិត្តខ្ញុំ ដែលខ្ញុំ​បាន​បើក​ភ្នែកមើល​ទី​កន្លែង​ដែល​អព្ភូតហេតុ​បាន​កើតឡើង ។ ពរជ័យ​អំពី​សមត្ថភាព​ខ្ញុំ​នោះ បានផ្លាស់ជីវិត​ខ្ញុំ អាពាហ៍ពិពាហ៍ខ្ញុំ និង ការបម្រើ​បព្វជិតភាព​ខ្ញុំ ។

ចេញមកពី​បទពិសោធន៍​នោះ និង អ្វីដែល​កើតមាន​ក្រោយមក ខ្ញុំ​អាច​ថ្លែងទីបន្ទាល់ថា « ត្បិត​មនុស្សទាំងអស់​ពុំ​បាន​គ្រប់​អំណោយទាន ដែល​បាន​ប្រទាន​ដល់​ពួកគេ​ឡើយ ត្បិត​មានអំណោយទាន​ជាច្រើន ហើយ​មនុស្ស​រាល់គ្នា​ត្រូវ​បាន​ប្រទាន​អំណោយ​ទានមួយ ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ » ។ 7

ដោយ​សារ​ព្រះអម្ចាស់​​បើកបង្ហាញ​ដល់ខ្ញុំ​នូវអំណោយមួយ នោះ​ខ្ញុំ​អាច​ស្គាល់ និង រៀបចំ​សម្រាប់​ឱកាស​ទាំងឡាយ​ ដើម្បី​ប្រើ​វា​ប្រទានពរ​ដល់​អ្នកទាំងឡាយ ដែល​ខ្ញុំ​ស្រឡាញ់ និង​បម្រើ ។

ព្រះស្គាល់អំណោយទាន​យើង ។ ខ្ញុំ​អញ្ជើញ​អ្នក និង ខ្លួនខ្ញុំ​ផ្ទាល់ឲ្យ​អធិស្ឋាន ​ដើម្បី​ស្គាល់ពីអំណោយ​ទាន​ដែល​យើង​បានទទួល ដើម្បី​ស្គាល់​អំពី​របៀប​អភិវឌ្ឍ​វា ហើយ​ស្គាល់ឱកាស​បម្រើ​ដល់អ្នកដទៃ ដែល​ព្រះ​ប្រទានដល់​យើង ។ ប៉ុន្ដែ​ភាគច្រើន ខ្ញុំអធិស្ឋាន​សុំ​ឲ្យ​អ្នក​នឹង​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ជួយ​អ្នកដទៃ​រកឃើញ​អំណោយទាន​ពិសេសមកពីព្រះ​ដើម្បី​បម្រើ​ផងដែរ ។

ខ្ញុំ​សន្យា​អ្នកថា បើអ្នកសុំ នោះ​អ្នក​នឹងត្រូវបាន​ប្រទានពរ ដើម្បីជួយ និង ​លើកស្ទួយ​អ្នកដទៃឡើង​ទៅ​ដល់​សក្ដានុពល​​ពេញ​លេញ​របស់​គេ នៅ​ក្នុង​ការ​បម្រើ​ដល់អ្នក ដែល​ពួកគេ​ដឹកនាំ និង ស្រឡាញ់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ទៅ​ដល់​អ្នក​ថា ព្រះ​មាន​ព្រះជន្ម​រស់ ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ នេះ​គឺជា​បព្វជិតភាព​នៃ​ព្រះ ដែល​យើង​កាន់ ហើយ​ព្រះ​បាន​រៀបចំ​អំណោយ​ដ៏​ពិសេស​សម្រាប់​យើង​ដើម្បី​បម្រើ​ទ្រង់ លើសពី​ក្ដីសង្ឃឹម​ដែល​យើង​ចង់​បាន​បំផុត ។ ក្នុង​នាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ អាម៉ែន ។