ឆ្នាំ ២០១០-២០១៩
ខ្ញុំ​ស្គាល់​វា។ ​រស់នៅ​តាម​វា។ ខ្ញុំ​ស្រឡាញ់​វា។
តុលា 2012


ខ្ញុំ​ស្គាល់​វា ។ ​រស់នៅ​តាម​វា ។ ខ្ញុំ​ស្រឡាញ់​វា ។

យើង​គឺជា​អ្នកដើរ​តាម​​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ការប្រែចិត្ត​ជឿ និង ទំនុកចិត្ត​បែបនោះ គឺជា​លទ្ធផល​នៃ​ការខិតខំ​ដ៏​ឧស្សាហ៍ និង ការតាំង​ចិត្ត ។ វា​គឺជា​រឿង​បុគ្គល ។ វា​គឺជា​ដំណើរការ​ពេញ​មួយ​ជីវិត ។

ខ្ញុំ​ត្រូវ​បាន ​បំផុស​គំនិត ​ដោយ​គំរូ​ដែល​បាន​ធ្វើ​ដោយ​សមាជិក​សាសនាចក្រ​ដ៏​សុចរិត​ទាំងឡាយ រួមមាន​យុវវ័យ​ដ៏​ខ្ពង់ខ្ពស់ ។ សមាជិក​ទាំងឡាយ​សំឡឹង​ទៅ​ព្រះអង្គ​សង្រ្គោះ​ដោយ​ក្លៀវក្លា ។ អ្នក​ស្មោះត្រង់ គោរព​ប្រតិបត្តិ និង បរិសុទ្ធ ។ ពរជ័យ​ដែល​អ្នក​ទទួល​ដោយសារ​ភាពល្អ​របស់​អ្នក មិន​ត្រឹម​តែ​មាន​ឥទ្ធិពល​លើ​ជីវិត​​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​មាន​យ៉ាង​ជ្រៅ​ក្នុង​ជីវិត​ខ្ញុំ និង ជីវិត​អ្នកដទៃ​ជាច្រើន​ទៀត ប៉ុន្ដែ​ជាញឹកញាប់​មិន​បាន​ស្គាល់​នោះ​ទេ ។

ពីរ​បី​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​តម្រង់​ជួរ​ទិញ​ទំនិញ​នៅ​ហាង​គ្រឿងទេស​ក្នុង​ស្រុក​​ខ្ញុំ ។ យុវនារី​ម្នាក់​ដែល​មាន​អាយុ​ប្រហែល 15 ឆ្នាំ បាន​ឈរ​នៅ​ពីមុខ​ខ្ញុំ ។ នាង​មើលទៅ​មាន​ទំនុកចិត្ត និង ភាពរីករាយ ។ ខ្ញុំ​ឃើញ​អាវយឺត​របស់​នាង ហើយ​មិន​អាច​ទប់​មិន​និយាយ​រក​នាង​បាន​ទេ ។ ខ្ញុំ​ចាប់ផ្ដើមដោយ​សួរ « អ្នក​មក​ពី​រដ្ឋ​ផ្សេង​ទៀត មែនទេ ? »

នាង​ភ្ញាក់ផ្អើល​នឹង​សំណួរ​ខ្ញុំ ហើយ​ឆ្លើយតប​ថា « មែនហើយ ! ខ្ញុំ​មកពី​រដ្ឋ ខូឡូរ៉ាដូ ។ តើ​មីង​ដឹង​ដោយ​របៀប​ណា ? »

ខ្ញុំ​បាន​ពន្យល់​ថា « ដោយសារ​តែ​អាវយឺត​​ក្មួយ » ។ ខ្ញុំ​ទាយ​ត្រូវ មក​ពី​អាន​ពាក្យ​នៅលើ​អាវ​របស់​នាង​ថា « ខ្ញុំ​ជា​មរមន ។ ចុះ​អ្នក​វិញ ? »

ខ្ញុំ​បាន​បន្ដ « មីង​សូម​ប្រាប់​ក្មួយ​ថា មីង​ស្ងើច​ចំពោះ​ទំនុកចិត្ត​របស់​ក្មួយ​ក្នុង​ការបង្ហាញ និង ពាក់​អាវ​ដោយ​មាន​សេចក្តី​ប្រកាស​ដ៏​ក្លៀវក្លា ។ មីង​អាច​ឃើញ​ភាពខុសប្លែក​របស់​ក្មួយ ហើយ​មីង​ចង់​ឲ្យ​យុវនារី​គ្រប់រូប និង សមាជិក​សាសនាចក្រ​គ្រប់គ្នា​អាច​មាន​ជំនឿស៊ប់ និង ទំនុកចិត្ត​ដូច​ជា​ក្មួយ​អញ្ចឹង » ។ បន្ទាប់​ពី​ទិញ​ឥវ៉ាន់ហើយ យើង​ក៏​បាន​លា​គ្នា ហើយ​បែក​គ្នា​ទៅ ។

ជាច្រើន​ថ្ងៃ និង ច្រើន​សប្ដាហ៍​កន្លង​ទៅ បន្ទាប់​ពី​ការ​ជួប​នោះ ខ្ញុំនៅ​តែ​នឹកឃើញ​ពី​ការជួប​ដោយ​ចៃដន្យ​​ថ្ងៃ​នោះ ។ ខ្ញុំ​ឆ្ងល់​ពី​របៀប​ដែល​ក្មេងស្រី​មក​ពី​រដ្ឋ ខូឡូរ៉ាដូ នេះ មាន​ទំនុកចិត្តយ៉ាង​ខ្លាំង​ចំពោះ​អត្តសញ្ញាណ​នាង​ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ខ្ញុំ​មិន​អាច​ទប់​មិន​គិត​ពី​ឃ្លា​ដ៏​មាន​ន័យ​ណា​ដែល​ខ្ញុំ​នឹង​យក​ជា​ន័យ​ធៀប ដើម្បី​បោះពុម្ព​លើ​អាវយឺត​របស់​ខ្ញុំ​ដែល​បង្ហាញ​ពី​ជំនឿ និង ទីបន្ទាល់​ខ្ញុំ ។ នៅក្នុង​គំនិត​​ខ្ញុំ ខ្ញុំ​គិត​ពី​ឃ្លា​ដ៏​ទំនង​ជាច្រើន ។ ទីបំផុត ខ្ញុំ​គិត​ឃើញ​ប្រយោគ​ដ៏​វិសេស​មួយ​ដែល​ខ្ញុំ​នឹង​ពាក់​ដោយ​រីករាយ​ថា ៖ « ខ្ញុំ​គឺជា​មរមន ។ ខ្ញុំ​ស្គាល់​វា ។ ខ្ញុំ​រស់នៅ​តាម​វា ។ ខ្ញុំ​ស្រឡាញ់​វា » ។

ថ្ងៃនេះ ខ្ញុំ​ចង់​ផ្ដោត​ការនិយាយ​​លើ ប្រយោគ​ដ៏​ក្លៀវក្លា និង ដ៏​មាន​សង្ឃឹម​នេះ ។

ផ្នែក​ដំបូង​នៃ​ឃ្លា​នេះ គឺជា​ការប្រកាស​ដ៏​ជឿជាក់​មិន​សោកស្ដាយ​មួយ​ថា ៖ « ខ្ញុំ​គឺជា​មរមន » ។ ដូចជា​យុវនារី​នោះ​ ដែល​ខ្ញុំ​បាន​ជួប​នៅ​ហាង​គ្រឿងទេស នាង​មិន​បាន​ខ្លាច​ដើម្បី​ឲ្យ​ពិភពលោក​ដឹង​ថា នាង​គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយទេ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​មិន​ខ្លាច ឬ ស្ទាក់ស្ទើរ​ក្នុង​ការទទួល​ស្គាល់​ថា « ខ្ញុំ​គឺជា​មរមន » ។ យើង​គួរតែ​ជឿជាក់ ដូចជា​សាវក​ប៉ុល នៅពេល​គាត់​បាន​ប្រកាស​ថា « ត្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស់ ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ​ទេ ពីព្រោះ​ជា​ព្រះចេស្ដា​នៃ​ព្រះ សម្រាប់​នឹង​ជួយ​សង្រ្គោះ​ដល់​អស់​អ្នកណា​ដែល​ជឿ » ។1 ក្នុង​នាម​ជា​សមាជិក យើង​គឺជា​អ្នកដើរ​តាម​​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ការប្រែចិត្ត​ជឿ និង ទំនុកចិត្ត​បែបនោះ គឺជា​លទ្ធផល​នៃ​ការខិតខំ​ដ៏​ឧស្សាហ៍ និង ការតាំង​ចិត្ត ។ វា​គឺជា​រឿង​បុគ្គល ។ វា​គឺជា​ដំណើរការ​ពេញ​មួយ​ជីវិត ។

ផ្នែក​បន្ទាប់​នៃ​ប្រយោគ​នេះ​បញ្ជាក់​ថា « ខ្ញុំ​ស្គាល់​វា » នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ មាន​សកម្មភាព, រឿង និង ចំណាប់​អារម្មណ៍​ជាច្រើន​ដែល​ប្រជែង​ចង់​បាន​ចំណាប់​អារម្មណ៍​របស់​យើង​គ្រប់​នាទី ។ ដោយ​មាន​ការរំខាន​ដ៏​ច្រើន តើ​យើង​មាន​កម្លាំង វិន័យ និង ការតាំងចិត្ត​ដើម្បី​នៅតែ​បន្ត​ផ្ដោតលើ​អ្វី​ដែល​សំខាន់​ជាងគេ​បំផុត​ដែរ​ទេ ? តើ​យើង​បានរៀន​នៅក្នុង​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដូចដែល​យើង​ធ្វើ​នៅក្នុង​ការសិក្សា ការងារ ចំណូលចិត្ត កីឡា ឬ អត្ថបទ ព្រមទាំង​សារលិខិត ធ្វីតធើរ របស់​យើង​ដែរ​ឬ​ទេ ? តើ​យើង​មាន​រក​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង​យ៉ាង​សកម្ម ដោយ​សិក្សា​ព្រះគម្ពីរ និង ការបង្រៀន​របស់​ព្យាការី​ដែរ​ទេ ? តើ​យើង​មាន​រក​ការបញ្ជាក់​ពី​ព្រះវិញ្ញាណ​ទេ ?

សារៈសំខាន់​នៃ​ការទទួល​បាន​ចំណេះដឹង គឺជា​គោលការណ៍​ដ៏​អស់កល្ប​មួយ ។ ព្យាការី យ៉ូសែប ស្ម៊ីធ « ស្រឡាញ់​ចំណេះដឹង ដោយសារ​អំណាច​ដ៏​សុចរិត​របស់​វា » ។2 គាត់​បាន​និយាយ​ថា ៖ « ចំណេះដឹង គឺ​ចាំបាច់​ចំពោះ​ជីវិត និង ការគោរព​ព្រះ ... ។ ឱ បងប្អូន​ប្រុស​ទាំងឡាយ សូម​ស្ដាប់​តាម​គន្លឹះ​ដ៏​មហិមា​នេះ ៖ ចំណេះដឹង គឺជា​អំណាច​នៃ​ព្រះ​ទៅដល់​សេចក្ដី​សង្គ្រោះ » ។3

សេចក្ដីពិត និង ចំណេះដឹង​ទាំងអស់​គឺ​សំខាន់ ប៉ុន្ដែ​ដោយសារ​ការរំខាន​ដ៏​ឥត​ដាច់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង យើង​ត្រូវ​យកចិត្តទុកដាក់​ជាពិសេស​លើ​ការបង្កើន​ចំណេះដឹង​ខាង​ដំណឹងល្អ​របស់​យើង ដើម្បី​យើង​អាច​យល់​ពី​របៀប​អនុវត្ត​គោលការណ៍​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​យើង ។4 នៅពេល​ចំណេះដឹង​ខាង​ដំណឹងល្អ​របស់​យើង​កើនឡើង យើង​នឹង​ចាប់​មាន​អារម្មណ៍​ទុកចិត្ត​លើ​ទីបន្ទាល់​របស់​យើង ហើយ​អាច​និយាយ​ថា « ខ្ញុំ​ស្គាល់​វា » ។

បន្ទាប់មក គឺ​ឃ្លា « ខ្ញុំ​រស់នៅ​តាម​វា » ។ ព្រះគម្ពីរ​បង្រៀន​ថា យើង​ត្រូវតែ​ជា « អ្នកប្រព្រឹត្ត​តាម​ព្រះបន្ទូល កុំ​ឲ្យ​គ្រាន់តែ​ស្ដាប់​ប៉ុណ្ណោះ » ។5 យើង​រស់នៅ​តាម​ដំណឹងល្អ និង ក្លាយជា « អ្នកប្រព្រឹត្ត​តាម​ព្រះបន្ទូល » ដោយ​ការអនុវត្ត​សេចក្ដី​ជំនឿ គោរព​ប្រតិបត្តិ បម្រើ​អ្នកដទៃ​ដោយ​ក្ដី​ស្រឡាញ់ និង ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​យើង ។ យើង​ធ្វើ​ដោយ​សេចក្ដី​សុចរិត និង ធ្វើ​អ្វី​ដែល​យើង​ដឹង​ថា​ត្រូវ « នៅ​គ្រប់​ពេល និង គ្រប់​សេចក្ដី និង គ្រប់​ទីកន្លែង »6 មិន​ថា​នរណា​អាច ឬ មិន​អាច​មើល​ឃើញ​យើង​នោះ​ទេ ។

នៅក្នុង​លក្ខខណ្ឌ​ខាង​សាច់ឈាម​យើង គ្មាន​នរណា​ម្នាក់​ឥតខ្ចោះ​នោះ​ទេ ។ ទោះជា​ក្នុង​ការខិតខំ​ដ៏​យក​ចិត្ត​ទុក​ដាក់​រស់នៅ​តាម​ដំណឹងល្អ​របស់​យើង​ក្ដី ក៏​ពួកយើង​ទាំងអស់​គ្នា​នឹង​មាន​កំហុស ហើយ​យើង​ទាំងអស់​គ្នា​នឹង​មាន​បាប ។ ឱ វា​ជា​ការអះអាង​ដ៏​លួងលោម​ម្ល៉េះ​ទេ ដែល​ដឹង​ថា​តាមរយៈ​ពលិកម្ម​សង្គ្រោះ​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង យើង​អាច​បាន​អភ័យទោស ហើយ​បាន​ស្អាត​ម្ដង​ទៀត ។ ដំណើរការ​នៃ​ការប្រែចិត្ត និង ការអភ័យទោស​ដ៏​ពិត​នេះ ពង្រឹង​ទីបន្ទាល់ និង ការតាំងចិត្ត​របស់​យើង​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​ចិញ្ចឹម​ជីវិត​របស់​យើង​ស្របតាម​បទដ្ឋាន​ដំណឹងល្អ ។

នៅពេល​ខ្ញុំ​គិត​ពី​ឃ្លា « ខ្ញុំ​រស់នៅ​តាម​វា » ខ្ញុំ​ចាំ​ពី​យុវនារី​ម្នាក់​ដែល​ខ្ញុំ​បាន​ជួប​ឈ្មោះ ការីហ្គាន ។ នាង​បាន​សរសេរ​ថា « ខ្ញុំ​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​ជាង​មួយ​ឆ្នាំ​ហើយ ... ។ នៅពេល​ដែល​ខ្ញុំ​ស្វែងរក​ព្រះវិហារ សញ្ញា​សម្គាល់​មួយ​ដែល​ថា នេះ​គឺជា​សាសនាចក្រ​ដ៏​ពិត​បាន​មក​ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​ថា ទីបំផុត​ខ្ញុំ​បាន​រកឃើញ​សាសនាចក្រ​មួយ​ដែល​បាន​បង្រៀន​ភាពរមទម្យ និង បទដ្ឋាន​ហើយ ។ ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​របស់​ខ្ញុំ​នូវ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​មនុស្ស នៅពេល​ដែល​ពួកគេ​មិន​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​រើស​ផ្លូវ​ខុស ។ ខ្ញុំ​បាន​សម្រេច​ចិត្តជា​យូរ​មក​ហើយ ថា​នឹង​រស់នៅ​តាម​បទដ្ឋាន​សីលធម៌​ដ៏​ខ្ពស់ ... ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ពរជ័យ​ខ្លាំងណាស់ ដែល​បាន​រកឃើញ​សេចក្ដី​ពិត ហើយ​បាន​ជ្រមុជទឹក ។ ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ » ។7

ឃ្លា​ចុងក្រោយ​នៅក្នុង​ប្រយោគ​ប្រកាស​របស់​ខ្ញុំ​គឺ « ខ្ញុំ​ស្រឡាញ់​វា » ។ ការទទួល​បាន​ចំណេះដឹង​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ការរស់នៅ​តាម​គោលការណ៍​ដំណឹងល្អ​ដោយ​ឧស្សាហ៍​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ដឹកនាំ​សមាជិក​សាសនាចក្រ​ជាច្រើន​ឲ្យ​បន្លឺ​ដោយ​រីករាយ​ថា « ខ្ញុំ​ស្រឡាញ់​ដំណឹងល្អ ! »

អារម្មណ៍​នេះ​មក នៅពេល​យើង​មាន​អារម្មណ៍​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​សាក្សី​ដល់​យើង​ថា យើង​គឺជា​បុត្ររបស់​ព្រះវរបិតា​សួគ៌​យើង ទ្រង់​គិត​អំពី​យើង ហើយ​យើង​ស្ថិត​លើ​ផ្លូវ​ត្រូវ ។ ក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ដំណឹងល្អ​ដុះ​ឡើង នៅពេល​យើង​ស្គាល់​ក្ដីស្រឡាញ់​ព្រះវរបិតា​យើង​នៅ​ស្ថានសួគ៌ និង ក្ដីសុខសាន្ដ​ដែល​បាន​សន្យា​ដោយ​ព្រះអង្គ​សង្រ្គោះ នៅពេល​យើង​បង្ហាញ​ទ្រង់​ថា យើង​នឹង​គោរព ហើយ​ធ្វើតាម​ទ្រង់ ។

នៅពេល​ផ្សេងៗ​ក្នុង​ជីវិត​របស់​យើង មិន​ថា​យើង​ជា​អ្នកប្រែជឿ​ថ្មី​ក្នុង​សាសនាចក្រ ឬ ជា​សមាជិក​ពេញ​មួយ​ជីវិត​នោះ​ទេ យើង​អាច​ឃើញ​ថា​ការរីករាយ​ដ៏​រំភើប​នេះ​បាន​រសាត់​ទៅ ។ ពេលខ្លះ​វា​កើតឡើង នៅពេល​វា​មាន​ការលំបាក ហើយ​យើង​ត្រូវតែ​អត់ធ្មត់ ។ ពេលខ្លះ​វា​កើតឡើង​នៅ​ចំ​ពេល​រីកចម្រើន និង ភាពសម្បួរណ៌​បំផុត​របស់​យើង ។ ពេល​ណា​ដែល​ខ្ញុំ​មាន​អារម្មណ៍​នេះ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ផ្ដោត​ការខិតខំ​ជាថ្មី​លើ​ការបង្កើន​ចំណេះដឹង​ខាង​ដំណឹងល្អ​​ខ្ញុំ និង ការរស់នៅ​តាម​គោលការណ៍​ដំណឹងល្អ​ឲ្យ​បាន​ពេញលេញ​ជាង​មុន​នៅក្នុង​ជីវិត​​ខ្ញុំ ។

គោលការណ៍​ដំណឹងល្អ​មួយ​ដែល​មាន​ប្រសិទ្ធិភាព​បំផុត ប៉ុន្ដែ​ពេល​ខ្លះ​វា​ពិបាក​អនុវត្ត​នោះ​គឺ ការបន្ទាប​ខ្លួន និង ការស្ដាប់​តាម​ឆន្ទៈ​របស់​ព្រះ ។ នៅក្នុង​ការអធិស្ឋាន​របស់​ព្រះគ្រីស្ទ​នៅក្នុង​ច្បារ​គែតសេម៉ានី ទ្រង់​បាន​បង្ហាញ​ដល់​ព្រះវរបិតា​ថា « កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ។8 ការណ៍​នេះ​គួរតែ​ជា​ការអធិស្ឋាន​របស់​យើង​ផងដែរ ។ ជារឿយៗ វា​នៅក្នុង​ពេល​ស្ងប់ ពោរពេញ​ដោយ​ការអធិស្ឋាន​ទាំងនេះ ដែល​យើង​មាន​អារម្មណ៍​ហ៊ុំព័ទ្ធ​ដោយ​ក្ដីស្រឡាញ់របស់​ព្រះវរបិតាសួគ៌ ហើយ​អារម្មណ៍​ដ៏​មាន​អំណរ​ជាទី​ស្រឡាញ់​ទាំងនោះ​ត្រូវបាន​ស្ដារឡើង​វិញ ។

ក្នុង​ការប្រជុំ​ថ្នាក់ដឹកនាំ​យុវនារី​នៅ អ៊ូហ្គើរ​នី រដ្ឋ អូរីហ្គិន ខ្ញុំ​បាន​មាន​ឯកសិទ្ធិ​ប្រជុំ និង និយាយ​ជាមួយ​នឹង​ស៊ិស្ទើរ ខាមី វិលប៊ើរហ្គើរ ។ រឿង​ដែល​ស៊ិស្ទើរ វិលប៊ើរហ្គើរ បាន​ចែកចាយ​នឹង​ខ្ញុំ គឺជា​ទីបន្ទាល់​មួយ​នៃ​អំណាច និង ពរជ័យ​នៃ​ការស្គាល់ ការរស់នៅ​តាម និង ការស្រឡាញ់​ដំណឹងល្អ​របស់​យុវនារី​ម្នាក់ ។

កូនស្រី​អាយុ 19 ឆ្នាំ​របស់​ស៊ិស្ទើរ វិលប៊ើរហ្គើរ ឈ្មោះ ប្រ៊ូក បាន​ស្លាប់​​បីបួន​ឆ្នាំ​កន្លង​ទៅ​ក្នុង​វិស្សមកាល​រដូវក្ដៅ ក្រោយពី​រៀន​នៅ​មហាវិទ្យាល័យ​ឆ្នាំ​ទី​មួយ ។ ស៊ិស្ទើរ វិលប៊ើរហ្គើរ បាន​រំឭក​ថា « វា​គឺជា​ពេល​ដ៏​ពិបាក និង ងងឹត​មួយ​សម្រាប់​គ្រួសារ​របស់​យើង ។ ទោះយ៉ាងណា​ក្ដី ប្រ៊ូក បាន​ឲ្យ​យើង​នូវ​អំណោយ​មួយ​ដ៏​អស្ចារ្យ ។ យើង​មិន​បាន​ដឹង​ទេ នៅពេល​នាង​ធំ​ឡើង​នោះ ប៉ុន្ដែ​រាល់​ឆ្នាំ និង ពេល​នីមួយៗ​នៃ​ជីវិត​ដ៏​ខ្លី​របស់​នាង ប្រ៊ូក បាន​ឲ្យ​យើង​នូវ​អំណោយ​ដ៏​មហិមា​បំផុត​ដែល​កូនស្រី​ម្នាក់​អាច​ផ្ដល់​ដល់​ឪពុកម្ដាយ​របស់​នាង​បាន ។ ប្រ៊ូក គឺជា​កូនស្រី​ដ៏​សុចរិត​របស់​ព្រះ ...​។ ដោយសារ​តែ​អំណោយ​នេះ និង ជាពិសេស ដោយ​សារ​តែ​អំណាច​នៃ​ដង្វាយធួន​ដែល​អាច​កើត​ឡើង នោះ​ខ្ញុំ​មាន​កម្លាំង ការលួងលោម និង ក្ដីស្ងប់​ដែល​បាន​សន្យា​ដោយ​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​គ្មាន​សំណួរ​ថា ឥឡូវ​តើ ប្រ៊ូក នៅ​ទីណានោះទេ ហើយ​យើង​ទន្ទឹង​រង់ចាំ​ដល់​ការជួបជុំ​ជាថ្មី​ដ៏​ល្អ​របស់​យើង » ។9

ខ្ញុំ​មាន​ទីបន្ទាល់​មួយ​អំពី​ផែនការ​នៃ​សុភមង្គល​ដ៏​អស់កល្ប​យ៉ាង​មហិមា​របស់​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​ដឹង​ថា ទ្រង់​ស្គាល់​យើង ហើយ​ស្រឡាញ់​យើង ។ ខ្ញុំ​ដឹង​ថា ទ្រង់​បាន​រៀបចំ​​ព្យាការី ប្រធាន ថូម៉ាស  អេស. ម៉នសុន មកកាន់​យើង​ដើម្បី​លើកទឹកចិត្ត​យើង និង ជួយ​ណែនាំ​យើង​ឲ្យ​ត្រឡប់​ទៅរក​ទ្រង់​វិញ ។ ខ្ញុំ​អធិស្ឋាន​ថា យើង​ម្នាក់ៗ​នឹង​ខិតខំ​ដើម្បី​អាច​ប្រកាស​ដោយ​ទំនុកចិត្ត​ថា « ខ្ញុំ​គឺជា​មរមន ។ ខ្ញុំ​ស្គាល់​វា ។ ខ្ញុំ​រស់នៅ​តាម​វា ។ ខ្ញុំ​ស្រឡាញ់​វា » ។ ខ្ញុំ​សូម​ពោល​ពាក្យ​ទាំងនេះ​ដោយ​បន្ទាបខ្លួន នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។

កំណត់ចំណាំ ៖ សម្រាប់​ការសិក្សា​បន្ថែម ខ្ញុំ​សូម​ណែនាំ​ឲ្យ​អានអាលម៉ា 32 ​និង ការ​និយាយ​របស់​អែលឌើរ ដាល្លិន អេក  អូក « The Challenge to Become » ( លីអាហូណា ខែ មករា ឆ្នាំ 2001 ទំព័រ 40–43 ) ។

កំណត់ចំណាំ

  1. រ៉ូម 1:16 ។

  2. ចច  ឃ្យូ ខានុន នៅក្នុង​ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ 2007 ) ទំព័រ 261 ។

  3. ការបង្រៀន​ទាំងឡាយ ៖ យ៉ូសែប ស្ម៊ីធ ទំព័រ 265 ; សូម​មើល​ផងដែរ Martha Jane Knowlton Coray, notebook, បណ្ណាសារដ្ឋាន​ប្រវត្តិសាស្ដ្រ​សាសនាចក្រ ទីក្រុង សលត៍ លេក ។

  4. សូម​មើល បទពិសោធន៍​តម្លៃ​នៃ​ចំណេះ​ដឹង លេខ​ 1 ក្រុម​យុវនារី ការអភិវឌ្ឍន៍​ខ្លួន ( កូន​សៀវភៅ ឆ្នាំ 2009 ) ទំព័រ 38 ។

  5. យ៉ាកុប 1:22 

  6. ម៉ូសាយ 18:9 

  7. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  8. លូកា 22:42 ។

  9. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។