ការរៀន​ដោយ​ដួងចិត្ត​របស់​យើង

ដោយ​អែលឌើរ វ៉លធើរ  អែហ្វ ហ្គុងស្សាឡែស្ស

នៃ​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់


របៀប​មួយ​ដើម្បី​មក​រក​ព្រះគ្រីស្ទ​គឺ តាមរយៈ​ការចង់​រៀន​ពី​សេចក្ដីពិត​ដ៏​សំខាន់​ដោយ​ដួងចិត្ត​របស់​យើង ។

« មក​រក​យើង​វិញ ដើម្បី​ឲ្យ​អ្នករាល់​គ្នា​អាច​ស្ទាប ហើយ​ឃើញ » ។1 នេះ​គឺជា​បទបញ្ញត្តិ​មួយ​ដែល ព្រះអង្គ​សង្គ្រោះ​បាន​ផ្តល់​ដល់​ប្រជាជន​នៅ​ទ្វីប​អាមេរិក​ពី​បុរាណ ។ ពួកគេ​បាន​ស្ទាប​ដោយ​ដៃ​គេ​ផ្ទាល់ ហើយ​បាន​ឃើញ​ដោយ​ភ្នែក​គេ​ផ្ទាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ បញ្ញត្តិ​នេះ​សំខាន់​សម្រាប់​យើង​សព្វ​ថ្ងៃ​នេះ ក៏​សំខាន់សម្រាប់​ប្រជាជន​នោះ នៅសម័យ​ពួកគេដែរ ។ នៅពេល​យើង​មក​រក​ព្រះគ្រីស្ទ យើង​អាច​មាន​អារម្មណ៍​ពី​ទ្រង់ ហើយ « ដឹង​យ៉ាង​ជាក់​ច្បាស់ »2 -- មិនមែន​ដោយ​ដៃ និង ភ្នែក​របស់​យើង​ទេ -- ប៉ុន្ដែ​ដោយ​ដួងចិត្ត និង គំនិត​ទាំងអស់​របស់​យើង​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។

របៀប​មួយ​ដើម្បី​មក​រក​ព្រះគ្រីស្ទ​គឺ តាមរយៈ​ការចង់​រៀន​ពី​សេចក្ដីពិត​ដ៏​សំខាន់​ដោយ​ដួងចិត្ត​របស់​យើង ។ នៅពេល​យើង​ធ្វើ​ដូច្នោះ ការបំផុស​ដែល​មក​ពី​ព្រះ នឹង​ផ្ដល់​ចំណេះដឹង​ដល់​យើង ដែល​យើង​មិន​អាច​ទទួល​ដោយ​របៀប​ផ្សេង​ទៀត​បាន ។ សាវក ពេត្រុស បាន​ដឹង​យ៉ាង​ជាក់​ច្បាស់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។ ព្រះអង្គ​សង្គ្រោះ​បាន​ពន្យល់​ថា ប្រភព​នៃ​ចំណេះដឹង​របស់​ពេត្រុស​គឺ​មិនមែន​ជា « សាច់ឈាម​ទេ … គឺ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ » ។3

ព្យាការី អ័ប៊ីណាដៃ បាន​ពន្យល់​ពី​តួនាទី​នៃ​អារម្មណ៍​ដែល​មក​ពី​ព្រះ​ដល់​ដួងចិត្ត​របស់​យើង ។ គាត់​បាន​បង្រៀន​ថា យើង​មិន​អាច​យល់​ពី​ព្រះគម្ពីរ​ទាំងស្រុង​បាន​ទេ លុះត្រាតែ​យើង​ប្រព្រឹត្ត​ការយល់​នោះ​ក្នុង​ដួងចិត្ត​របស់​យើង ។4

សេចក្ដីពិត​នេះ​បាន​បញ្ជាក់​ច្បាស់​នៅក្នុង​សៀវភៅ​និទានកុមារ រឿង The Little Prince ដោយ Antoine de Saint-Exupéry ។ ក្នុង​រឿង​នេះ ព្រះអម្ចាស់​តូច​ក្លាយជា​មិត្ត​នឹង​ឆ្កែចចក​មួយ ។ ពេល​បែក​គ្នា ឆ្កែចចក​បាន​ប្រាប់​រឿង​សម្ងាត់​មួយ​ដល់​ព្រះអម្ចាស់​តូច​នោះ ។ វា​និយាយ​ថា « នេះ​គឺជា​រឿង​សម្ងាត់​របស់​ខ្ញុំ  …  ៖ មាន​តែ​ដោយ​ដួងចិត្ត​ទេ ដែល​មនុស្ស​ម្នាក់​អាច​មើល​ឃើញ​ត្រឹមត្រូវ ហើយ​អ្វី​ដែល​សំខាន់​គឺ​មិន​អាច​មើលឃើញ​ដោយ​ភ្នែក​ទេ » ។5

បងប្រុស ថូម៉ាស កូអែលហូ ដែល​មាន​អាយុ​ប៉ែតសិប​ប្រាំបីឆ្នាំ គឺជា​មនុស្ស​គំរូ​ដ៏​ល្អ​ម្នាក់​ដែល​បាន​ឃើញ​រឿង​សំខាន់​ដោយ​ដួងចិត្ត​របស់​គាត់ ។ គាត់​គឺជា​សមាជិក​ដ៏​ស្មោះត្រង់​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ជាន់ខ្ពស់​របស់​យើង​ក្នុង ប៉េសានឌូ ប្រទេស យ៉ូរ៉ាហ្គាយ ។ មុនពេល​ចូល​សាសនាចក្រ គាត់​បាន​ជួប​នឹង​គ្រោះថ្នាក់​មួយ ពេល​គាត់​កំពុង​ជិះ​ម៉ូតូ ។ ពេល​គាត់​ដេក​លើ​ដី ដោយ​មិន​អាច​ឈរ​បាន មាន​អ្នកផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​បាន​ជួយ​គាត់​ឲ្យ​ក្រោកឈរ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ គាត់​បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​អ្វី​មួយ​ពិសេស​ពេល​អ្នកផ្សព្វផ្សាយ​សាសនា​នោះ​បាន​មក​ជួយ​គាត់ ។ ក្រោយមក គាត់​មាន​អារម្មណ៍​ដ៏​ខ្លាំង​នេះ​ម្ដងទៀត ពេល​អ្នកផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​គាត់ ។ ឥទ្ធិពល​នៃ​អារម្មណ៍​ទាំងនោះ​គឺ​បែប​នោះ រហូតដល់​គាត់​អាន​ព្រះគម្ពីរ​មរមន​ពី​ដើម​រហូតដល់​ចប់​ក្នុង​ពេល​តែ​ពីរបី​ថ្ងៃ ។ គាត់​បាន​ជ្រមុជទឹក ហើយ​បាន​បម្រើ​ដោយ​គ្មាន​នឿយហត់​តាំង​ពី​ថ្ងៃ​នោះ​មក ។ ខ្ញុំ​ចាំ​ថា​គាត់​ជិះ​ម៉ូតូ​គាត់​ចុះឡើង​តាម​ផ្លូវ​ក្នុង​ទីក្រុង​របស់​យើង ទោះជា​ក្នុង​រដូវ​រងា​ដ៏​ត្រជាក់ និង មាន​ភ្លៀង​ក្ដី ដើម្បី​យក​អ្នកដទៃ​មក​ព្រះវិហារ ដូច្នេះ​ពួកគេ​អាច​បាន​ឃើញ មាន​អារម្មណ៍ ហើយ​ដឹង​យ៉ាង​ជាក់​ច្បាស់​ដូច​ជា​គាត់​បានមាន​ដែរ ។

សព្វថ្ងៃ ដោយ​ពោរពេញ​ដោយ​ព័ត៌មាន​ជាច្រើន យើង​អាច​គិត​ថា ការស្វែងរក​តាម​គេហទំព័រ​រាប់​លាន​នឹង​ផ្ដល់​ដល់​យើង​ទាំងអស់​គ្នា​នូវ​អ្វី​ដែល​យើង​ត្រូវ​ដឹង ។ យើង​អាច​ឃើញ​មាន​ព័ត៌មាន​ល្អ និង អាក្រក់​លើ​អ៊ិនធើណិត ប៉ុន្ដែ​ព័ត៌មាន​តែមួយមុខ​វា​មិន​គ្រប់​ទេ ។ ព្រះ​បាន​ប្រទាន​ដល់​យើង​នូវ​ប្រភពនៃ​ចំណេះ​ដឹង​មួយ​ទៀត​ដែល​ប្រសើរ​ជាង​នេះ,6 ជា​ចំណេះដឹង​មក​ពី​ស្ថានសួគ៌ ។ ព្រះវរបិតាសួគ៌​របស់​យើង អាច​ប្រទាន​ដល់​យើង​នូវ​ចំណេះដឹង​បែបនេះ ពេល​យើង​រកមើល​ចំណេះដឹង​ពី​ប្រភព​សេឡេស្ទាល​នៅក្នុង​ដួងចិត្ត និង គំនិត​របស់​យើង ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​និយាយ​ថា គាត់​មាន « សៀវភៅ​ដ៏​ចាស់​មួយ​នៅក្នុង​ដួងចិត្ត [ របស់​គាត់ ] គឺជា​អំណោយទាន​នៃ​ព្រះវិញ្ញណ​បរិសុទ្ធ » ។7

យើងទទួល​បាន​នូវ​ធនធាន​សេឡេស្ទាល​នេះ ពេល​យើង​ធ្វើ​ការណ៍​ដូចជា ការអាន​ព្រះគម្ពីរ ការធ្វើ​តាម​ព្យាការី​នៅរស់ និង ការអធិស្ឋាន ។ វា​ក៏​សំខាន់​ផងដែរ​ដើម្បី​ពិចារណា8 ហើយ​ដឹង និង ធ្វើ​តាម​​​ការបំផុស​ខាង​សេឡេស្ទាល ។ នៅពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង « ទទួល​អារម្មណ៍ ហើយ​ឃើញ » អ្វីៗ​ដែល​មិន​អាច​រៀន​បាន​ដោយ​បច្ចេកវិទ្យា​ទំនើប ។ ពេល​ដែល​យើង​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការស្វែងរក​ចំណេះដឹង​ខាង​សេឡេស្ទាល នោះ​យើង​នឹង​យល់​ពី​សេចក្ដីពិត ទោះជា​ពេល​អាន​ប្រវត្តិ ឬ ប្រធានបទ​ផ្សេង​ទៀត​ខាង​លោកិយ​ក្ដី ។ អ្នកស្វែងរក​សេចក្ដីពិត​ដ៏​ស្មោះ​បំផុត នឹង​ដឹង​ពី​សេចក្ដីពិត​នៃ​ការណ៍​ទាំងអស់​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។.9

នេះជាពាក្យ​បម្រាម​មួយ ៖ ការទទួល​បាន​ចំណេះដឹង​ខាង​សេឡេស្ទាល​នេះ ត្រូវ​បាន​បំផ្លាញ​ដោយ​អំពើ​ទុច្ចរិត ហើយ​ការភ្លេច​ព្រះអម្ចាស់ ។ នីហ្វៃ​បាន​ប្រាប់​ដល់​បងប្រុស​របស់​គាត់​ថា ពួកគេ​មិន​អាច « ចាប់​អារម្មណ៍​ពី​ព្រះបន្ទូល​របស់ [​ ព្រះអង្គ ] ​ឡើយ » ដោយសារ​ពួកគេ « រហ័ស​ធ្វើ​អំពើ​ទុច្ចរិត​ណាស់ [ ហើយ ] កម្រ​នឹកចាំ​ដល់​ព្រះអម្ចាស់ » ។10 អំពើ​ទុច្ចរិត​បន្ថយ​សមត្ថភាព​យើង​ក្នុង​ការឃើញ មាន​អារម្មណ៍ និង ស្រឡាញ់​អ្នកដទៃ ។ ការរហ័ស​នឹកចាំ​ដល់​ព្រះអម្ចាស់​ដោយ​ការអធិស្ឋាន « ដោយ​អស់​ពី​កម្លាំង​ចិត្ត »11 ហើយ​ការចាំ​ពី​បទពិសោធន៍​ខាង​វិញ្ញាណ​របស់​យើង ពង្រីក​សមត្ថភាព​យើង​ក្នុង​ការឃើញ និង ទទួល​អារម្មណ៍​ពី​ការណ៍​ទាំងឡាយ​របស់​ព្រះគ្រីស្ទ ។ ឥឡូវ ខ្ញុំ​សូម​សួរ​អ្នក ៖

  1. តើ​អ្នក​ចាំ​ពី​សេចក្ដី​សុខសាន្ដ​ដែល​អ្នក​មាន​អារម្មណ៍​ពេល​អ្នក​អំពាវនាវ​ដល់​ព្រះវរបិតា​ដោយ​ការអធិស្ឋាន​ដ៏​ខ្លាំង ក្រោយពី​មាន​ទុក្ខព្រួយ​ជាច្រើន​ដែរ​ទេ ?
  2. តើ​អ្នក​ចាំ​ពី​ការផ្លាស់ប្ដូរ​នូវ​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត​មួយ​ក្នុង​ដួងចិត្ត​របស់​អ្នក​ទេ ?

បុរស​ដ៏​អស្ចារ្យ​នៅក្នុង​ព្រះគម្ពីរ​មរមន បង្កើន​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ដ៏​ប្រសើរ​មួយ​ដោយ​ការចាំ​ពី​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​សំខាន់ ។ អាលម៉ា​បាន​ការ​ពារ និង ពង្រឹង​​ដល់​កូនៗ​របស់​គាត់ ដោយ​ការរំឭក​ពួកគេ​ពី​បទពិសោធន៍​ប្រែចិត្ត​របស់​គាត់ ។12 ហេលេមិន​បាន​បង្រៀន​នីហ្វៃ និង លីហៃ​ឲ្យ​ចងចាំ -- ចូរ​ចងចាំ​ចុះ​ថា គឺ​នៅលើ​សិលា​នៃ​ព្រះគ្រីស្ទ​ដែល​ពួកគេ​ត្រូវ​សង់​គ្រឹះ​របស់​គេ​លើ ដើម្បី​អារក្ស​នឹង​គ្មាន​អំណាច​មក​លើ​ពួកគេ​ឡើយ ។13 យើង​ត្រូវ​ធ្វើ​ដូចគ្នានេះ​ដែរ ។ ការចងចាំ​ដល់​ព្រះ ជួយ​យើង​ឲ្យ​មាន​អារម្មណ៍ និង រស់នៅ​បាន ។ ការណ៍​នេះ​ផ្ដល់​អត្ថន័យ​ដ៏ជ្រាលជ្រៅ​ដល់​ពាក្យ​របស់​ស្ដេច​បេនយ៉ាមីន ដែល​បាន​មាន​ព្រះបន្ទូល​ថា « ហើយ​ឥឡូវ​នេះ ឱ មនុស្ស​លោក​អើយ សូម​ចងចាំ ហើយ​កុំ​វិនាស​បង់​ឡើយ » ។14

ការចងចាំ​ដ៏​ពិសិដ្ឋ​បំផុត​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្ត​នោះ​គឺ អារម្មណ៍​ដែល​ខ្ញុំ​បាន​មាន ពេល​ខ្ញុំ​ដឹង​ថា​ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​នៃ​ព្រះ ។ ខ្ញុំ​ដឹង​ថា យើង​អាច​មាន​ក្ដីអំណរ​មួយ​ដែល​ពាក្យ​សម្ដី​មិន​អាច​ពិពណ៌នា​បាន ។ នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​លុតជង្គង់ ខ្ញុំបាន​មាន​អារម្មណ៍ និង បានដឹង​យ៉ាង​ជាក់​ច្បាស់​ពី​រឿង​ដែល​ខ្ញុំ​មិន​អាច​ដឹង​តាម​របៀប​ណា​ផ្សេង​ទៀត​បាន ។ ការចងចាំ​បែប​នោះ គឺ​ហេតុផល​សម្រាប់​អំណរគុណ​ជារៀង​រហូត ហើយ​វា​ពង្រឹង​ខ្ញុំ​ក្នុង​គ្រា​លំបាក ។

អ្នក​ទាំងឡាយ​ណា​ដែល​ទទួល​បាន​ចំណេះដឹង​មិនមែន​មក​ពី​ខាង​សាច់ឈាម តែមកពី​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​នោះ នឹងដឹង​យ៉ាង​ជាក់​ច្បាស់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ហើយ​នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ។ ចំណេះដឹង​នោះ​ផ្ដល់​កម្លាំង​ដើម្បី​ផ្លាស់ប្ដូរ​អ្វី​ចាំបាច់​ដើម្បី​មក​រក​ព្រះគ្រីស្ទ ។ ដោយ​ហេតុផល​នេះ យើង​សូម​អញ្ជើញ​ព្រលឹង​គ្រប់គ្នា​ឲ្យ​ជ្រមុជទឹក ប្រែចិត្ត និង ត្រឡប់​មក​រក​ទ្រង់​វិញ​ឥឡូវ​នេះ ។15

ដោយ​ការមក​រក​ព្រះគ្រីស្ទ ព្រលឹង​ទាំងអស់​អាច​ឃើញ មាន​អារម្មណ៍ និង ដឹង​យ៉ាង​ជាក់​ច្បាស់​ថា ព្រះគ្រីស្ទ​បាន​រងទុក្ខ ហើយ​បាន​សុគត​ជំនួស​អំពើបាប​របស់​យើង​ដើម្បី​យើង​អាច​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ប្រសិនបើ​យើង​ប្រែចិត្ត យើង​នឹង​មិន​រងទុក្ខ​នោះ​ទេ ។16 ដោយសារ​ទ្រង់ ព្រលឹង​ដែល​មាន​របួស​ទាំងឡាយ​អាច​បាន​ព្យាបាល ហើយ​ដួងចិត្ត​ដែល​ខូច​ទាំងអស់​នឹង​ត្រូវ​ជួសជុល ។ គ្មាន​ការលំបាក​ណា​ដែល​ទ្រង់​មិន​អាច​បញ្ឈប់ ឬ យក​ចេញ​បាននោះ​ទេ ។ ទ្រង់​ជ្រាប​ពី​គុណវិបត្តិ និង ជំងឺ​របស់​យើង ។ ខ្ញុំ​សូម​សន្យា និង ថ្លែង​ទីបន្ទាល់​ដល់​អ្នក​ថា ពេល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​គ្មាន​ជម្រើស ពេល​អ្វីៗ​មើលទៅហាក់​ដូច​ជា​បរាជ័យ ទ្រង់​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ចាញ់​ទេ ។ ព្រះគ្រីស្ទ​នឹង​ជួយ ហើយ​ទ្រង់​គឺជា​ផ្លូវ​ចេញ មិន​ថា​បញ្ហ​នោះ​គឺជា ការញៀន ការកើតទុក្ខ ឬ អ្វី​ផ្សេង​នោះ​ទេ ។ ទ្រង់​ដឹងពី « របៀប​ដើម្បី​ជួយ​រាស្ដ្រ​ទ្រង់​បែប​ណា​នោះ » ។17 អាពាហ៍ពិពាហ៍ និង គ្រួសារ​ដែល​ជា​បញ្ហា​ដោយ​ហេតុផល​ណា​ក្ដី -- ឧបសគ្គ​ហិរញ្ញវត្ថុ ឥទ្ធិពល​ផ្សព្វផ្សាយ​អាក្រក់ ឬ ស្ថានភាព​គ្រួសារ​ក្ដី -- នឹង​មាន​អារម្មណ៍​ពី​ឥទ្ធិពល​ដ៏​ស្ងប់​ពី​ស្ថានសួគ៌ ។ វា​គឺជា​ការលួងលោម​ដើម្បី « បាន​ស្ទាប ហើយ​បាន​ឃើញ » ថា​ទ្រង់​បាន​រស់​ឡើង​ពី​សុគត « មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា​នៅក្នុង​ចំអេង​ស្លាប​ទ្រង់ »18 ថា​ដោយសារ​ទ្រង់ យើង​នឹង​ជួប​ឱប​ក្រសោប​អ្នក​ជាទី​ស្រឡាញ់​ទាំងឡាយ​ដែល​បាន​ស្លាប់​ទៅ​ម្ដង​ទៀត ។ មែន​ហើយ​ការប្រែ​ចិត្ត​ជឿ​របស់​យើង​ចំពោះ​ទ្រង់ គឺ​ជា​រង្វាន់​នៃ​ការព្យាបាល​របស់​យើង ។19

ខ្ញុំ​ដឹង​យ៉ាង​ជាក់​ច្បាស់​ថា ទាំងអស់​នេះ​គឺជា​ការពិត ។ ដោយ​ហេតុ​នេះ​ហើយ ខ្ញុំ​ឯកភាព​ជាមួយ​នឹង​ជនជាតិ​អាមេរិក​ពី​បុរាណ​ប្រកាស​ថា ៖ « ហូសាណា ! សូម​ឲ្យ​ព្រះនាម​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះពរ ! »20 ទ្រង់​បាន​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​យើង ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ព្រះម៊ែស៊ី​ដ៏​បរិសុទ្ធ ។ ទ្រង់​គឺជា​ព្រះអម្ចាស់​នៃ​ពួកពលបរិវារ ព្រះអង្គ​សង្គ្រោះ និង ព្រះប្រោសលោះ​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។

Mostrar las referencias

  1.  

    1  នីហ្វៃទី 3 18:25  ។

  2.  

    2  នីហ្វៃទី 3 11:15  ។

  3.  

    3. សូម​មើល ម៉ាថាយ 16:16–17 ។

  4.  

    4. សូមមើល ម៉ូសាយ 12:27 ។

  5.  

    5. Antoine de Saint-Exupéry, The Little Prince, trans. Katherine Woods ( ឆ្នាំ 1971 ) ទំព័រ 87 ។

  6.  

    6. សូមមើល អេធើរ 4:13 ។

  7.  

    7.  ការបង្រៀន​ទាំងឡាយ​នៃ​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ 2007 ) ទំព័រ 132 ។

  8.  

    8. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 101:16 ។

  9.  

    9. សូម​មើល មរ៉ូណៃ 10:3–5. ។

  10.  

    10.  នីហ្វៃទី 1 17:45  ។

  11.  

    11.  មរ៉ូណៃ 7:48  ។

  12.  

    12. សូម​មើល អាលម៉ា 36:5–24; 38:6–9 ។

  13.  

    13. សូម​មើល ហេលេមិន 5:12 ។

  14.  

    14.  ម៉ូសាយ 4:30 

  15.  

    15. សូម​មើល នីហ្វៃទី 3 9:13 ។

  16.  

    16. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 19:16 ។

  17.  

    17.  អាលម៉ា 7:12  ។

  18.  

    18.  នីហ្វៃទី3 25: 13; សូមមើល​ផងដែរ នីហ្វៃទី 3 25:2 ។

  19.  

    19. សូមមើល នីហ្វៃទី វ2 16:10; នីហ្វៃទី 3 9:13 ។

  20.  

    20. សូមមើល នីហ្វៃទី 3 11:15–17 ។