មួយ​ជំហាន​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ

ដោយ រ៉ូសែល ធី អូសហ្គូស្សធ័ប

ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ


ការប្រែចិត្ត​ជឿ គឺជា​គោលដៅ​នៃ​ការរៀន និង ការបង្រៀន​ដំណឹងល្អ​ទាំងអស់ ។ ការប្រែចិត្ត​ជឿ មិនមែន​ជា​ហេតុការណ៍​ដែល​កើតឡើង​តែ​ម្ដង​នោះ​ទេ ។ វា​ជា​ដំណើរ​ស្វែងរក​អស់​មួយ​ជីវិត ដើម្បី​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ឲ្យ​កាន់តែ​ខ្លាំង ។

កាល​ពី​រដូវក្ដៅ​កន្លង​ផុត​ទៅ​នេះ ខ្ញុំ​បាន​សរសេរ​អត្ថបទ​ខ្លី​មួយ​ដែល​បាន​បោះពុម្ព​ក្នុង​ទស្សនាវដ្តី លីអាហូណា និងEnsign ។ កូនប្រុស​របស់​ខ្ញុំ បាន​ផ្ញើរសារ​អេឡិចត្រូនិច​មក​ខ្ញុំ​ដោយ​និយាយ​ថា « ប៉ា ប្រហែល​ប៉ា​អាច​ប្រាប់​យើង ពេល​ណា​ដែល​ប៉ា​មាន​អត្ថបទ​មួយ​ចេញ​ផ្សាយ » ។ ខ្ញុំ​បាន​ឆ្លើយតប​ថា « ប៉ា​គ្រាន់តែ​ចង់​ដឹង​ថា តើ​ឯង​មាន​អាន​ទស្សនាវដ្ដី​សាសនាចក្រ​ដែរ​ឬ​ទេ » ។ គាត់​បាន​សរសេរ​តប​ដោយ​ពន្យល់​ថា កូនស្រី​អាយុ 10 ឆ្នាំ​របស់​គាត់​បាន « ប្រឡង​ជាប់​ការចង់​ដឹង​នេះ ។ នាង​បាន​ទទួល​ទស្សនាវដ្តី Ensignពី​ប្រអប់​សំបុត្រ ហើយ​ដើរ​ចូល​ក្នុង​ផ្ទះ ហើយ​អាន​វា ។ បន្ទាប់មក នាង​ឡើង​មក​បន្ទប់​របស់​យើង ហើយ​បង្ហាញ​អត្ថបទ​របស់​ប៉ា​ដល់​យើង » ។

ចៅស្រី​របស់​ខ្ញុំ​អាន​ទស្សនាវដ្តី Ensign ដោយសារ​នាង​ចង់​ដឹង ។ នាង​បាន​ធ្វើ​ដោយ​ខ្លួនឯង​ដោយ​អនុវត្ត​នូវ​សិទ្ធិ​ជ្រើសរើស​របស់​នាង ។ ថ្មីៗ​នេះ គណៈ​ប្រធាន​ទី​មួយ បាន​អនុម័ត​ធនធាន​សិក្សា​ថ្មី​សម្រាប់​យុវវ័យ ដែល​នឹង​គាំទ្រ​បំណង​ប្រាថ្នា​ពី​ធម្មជាតិ​របស់​យុវជន​ឲ្យ​រៀន, រស់នៅ​តាម និង ចែកចាយ​ដំណឹងល្អ ។ ធនធាន​ថ្មី​ទាំងនេះ ឥឡូវ​មាន​នៅ​តាម​អ៊ិនធើណិត​មើល​ហើយ ។ នៅ​ខែ​មករា យើង​នឹង​ចាប់ផ្ដើម​វានៅក្នុង​ថ្នាក់រៀន​ទាំងឡាយ ។

នៅពេល​ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន សិទ្ធិ​ជ្រើសរើស​របស់​អ្នករៀន​គឺ​ខ្ពង់ខ្ពស់​ណាស់ ។ ទ្រង់​មិន​ត្រឹមតែ​បង្ហាញ​យើង​ពី​អ្វី​ដែល​ត្រូវ​បង្រៀន​នោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ពី​របៀប​បង្រៀន​ទៀត​ផង ។ ទ្រង់​បាន​ផ្ដោតលើ​តម្រូវការ​របស់​សិស្ស ។1 ទ្រង់​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​រកឃើញ​នូវ​សេចក្ដី​ពិត​សម្រាប់​ខ្លួន​គេ ។ ទ្រង់​តែងតែ​ស្ដាប់​រាល់​សំណួរ​របស់​ពួកគេ ។2

ធនធាន​សិក្សា​ថ្មី​ទាំងនេះ នឹង​ជួយ​យើង​ទាំងអស់​គ្នា​ឲ្យ​រៀន និង បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ផ្ទះ និង ថ្នាក់រៀន​យើង ។3 នៅពេល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ឆ្លើយតប​ចំពោះ​ការអញ្ជើញ​របស់​ទ្រង់​ឲ្យ « ចូរ​មក​តាម​ខ្ញុំ​ចុះ » 4 ដូចជា​អែលឌើរ រ៉ូបឺត  ឌី ហែល បាន​បង្រៀន​យ៉ាង​ល្អ​នោះ ។ ខណៈ​ដែល​ធនធាន​ថ្មី​ទាំងនេះ កំពុង​ត្រូវ​បាន​អភិវឌ្ឍ ខ្ញុំ​បាន​ឃើញ​អ្នកដឹកនាំ និង គ្រូបង្រៀន​ទាំងឡាយ​នៅក្នុង​អង្គការ​ជំនួយ និង ថ្នាក់​សិក្ខាសាលា ប្រឹក្សា​រួមគ្នា​ជាមួយ​នឹង​ឪពុកម្ដាយ ដើម្បី​ពួកគេ​អាច​បំពេញ​តម្រូវការ​របស់​អ្នករៀន​របស់​ពួកគេ ។ ខ្ញុំ​បាន​ឃើញ​យុវនារី​នៅក្នុង​ថ្នាក់​របស់​ពួកគេ យុវជន​ក្នុង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ហើយ​យុវវ័យ​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ រៀន​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ និង ធ្វើ​សកម្មភាព​ដោយ​ខ្លួនគេ ។

គ្រូ​សាលា​ថ្ងៃអាទិត្យ​ថ្នាក់​យុវវ័យ​ម្នាក់ បាន​ឆ្ងល់​ពី​របៀប​ដើម្បី​ជួយ​យុវជន​ដែល​ខុស​ប្រក្រតី​ពីរនាក់​ឲ្យ​ ធ្វើ​សកម្មភាព​ដោយ​ខ្លួន​គេ ។ នៅពេល​នាង​បាន​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន នាង​ព្រួយ​ថា​យុវជន​ទាំងពីរ​នេះ អាច​បដិសេធ​ការអញ្ជើញ​របស់​នាង ។ ប៉ុន្ដែ​ពួកគេ​មិន​បាន​បដិសេធ​នោះ​ទេ ។ ម្នាក់​បាន​ឈរ​ដើម្បី​បង្រៀន​នូវ​អ្វី​ដែល​គាត់​បាន​រៀន ហើយ​បន្ទាប់មក​បាន​អញ្ជើញ​មិត្ត​រួម​ថ្នាក់​ដែល​មាន​ភាព​ខុសប្រក្រតី​ដូចគ្នា​នោះ​ឲ្យ​ជួយ​គាត់ ។ នៅពេល​អ្នក​ទីមួយ​បាន​ចាប់ផ្ដើម​ព្យាយាម មិត្ត​រួម​ថ្នាក់​របស់​គាត់​បាន​នៅ​ជាមួយ​គាត់ ហើយ​ខ្សឹប​ដាក់​ត្រចៀក​គាត់​ដើម្បី​ឲ្យ​គាត់​អាច​មាន​អារម្មណ៍​ថា​បាន​ជោគជ័យ ។ ពួកគេ​ទាំងពីរ​នាក់​បាន​បង្រៀន​នៅ​ថ្ងៃ​នោះ ។ ពួកគេ​បង្រៀន​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ប៉ុន្ដែ​ពួកគេ​ក៏​កំពុង​បង្រៀន​តាម​របៀប​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​ផង​ដែរ ។ នៅពេល​ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន ទ្រង់​បង្រៀន​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ម្នាក់​ដែល​ទ្រង់​កំពុង​បង្រៀន គឺ​ដូចជា​មិត្ត​រួម​ថ្នាក់​នេះ​បាន​ធ្វើ​សម្រាប់​មិត្ត​របស់​គាត់​ដូច្នេះ​ដែរ ។5

នៅពេល​យើង​រៀន និង បង្រៀន​នូវ​ព្រះបន្ទូល​របស់​ទ្រង់​តាម​របៀប​ទ្រង់ នោះ​យើង​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់​ឲ្យ « ចូរ​មក​តាម​ខ្ញុំ​ចុះ » ហើយ ។ យើង​មក​តាម​ទ្រង់​មួយ​ជំហាន​ម្ដង​ក្នុង​មួយ​ពេល​ម្តង។ ជាមួយ​នឹង​ជំហាន​នីមួយៗ យើង​ខិត​ជិត​ទៅ​ព្រះអង្គ​សង្គ្រោះ ។ យើង​ផ្លាស់ប្ដូរ ។ ព្រះអម្ចាស់​បាន​ដឹង​ថា ការរីកចម្រើន​ខាង​វិញ្ញាណ​មិន​មែន​កើតឡើង​ទាំងអស់​តែ​ម្តង​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ វា​កើត​ឡើង​បន្តិច​ម្ដងៗ ។ រាល់​ពេល​ដែល​យើង​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់ ហើយ​ជ្រើស​មក​តាម​ទ្រង់ យើង​រីកចម្រើន​តាម​ផ្លូវ​ទៅ​កាន់​ការប្រែចិត្ត​ជឿ​ដ៏​ពេញ​លេញ ។

ការប្រែចិត្ត​ជឿ គឺជា​គោលដៅ​នៃ​ការរៀន និង ការបង្រៀន​ដំណឹងល្អ​ទាំងអស់ ។ ការប្រែចិត្ត​ជឿ មិន​មែន​ជា​ហេតុការណ៍​ដែល​កើតឡើង​តែ​ម្ដង​នោះ​ទេ ។ វា​គឺជា​ដំណើរ​ពេញ​មួយ​ជីវិត ដើម្បី​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ឲ្យ​កាន់តែ​ខ្លាំង ។ អែលឌើរ ដាល្លិន  អេក អូក បាន​រំឭក​យើង​ថា « ដើម្បី​ដឹង គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ ។ « ដើម្បី​បាន ‹ ប្រែចិត្ត​ជឿ › ... តម្រូវ​ឲ្យ​យើង​ធ្វើ និង ក្លាយដូចជា » ។6 ដូច្នេះ ការរៀន​ប្រែចិត្ត​ជឿ គឺជា​ដំណើរការ​ឥតដាច់​មួយ​នៃ​ការដឹង ការធ្វើ និង ការក្លាយ​ដូចជា ។ ដូចគ្នា​ដែរ ការបង្រៀន​ឲ្យ​ប្រែចិត្ត​ជឿ ត្រូវការ​គោលលទ្ធិ​គ្រឹះ ការអញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព និង ពរជ័យ​ដែល​បាន​សន្យា ។7 នៅពេល​យើង​បង្រៀន​គោលលទ្ធិ​ពិត យើង​ជួយ​អ្នករៀន​ឲ្យ​ដឹង ។ នៅពេល​យើង​អញ្ជើញ​អ្នកដទៃ​ឲ្យ​ធ្វើ​សកម្មភាព យើង​ជួយ​ពួកគេ​ឲ្យ​ធ្វើ ឬ រស់នៅ​តាម​គោលលទ្ធិ ។ ហើយ​នៅពេល​ពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​សន្យា​នោះ​បាន​មក យើង​ត្រូវ​បាន​ផ្លាស់ប្ដូរហើយ ។ ដូចជា​អាលម៉ា​ដែរ យើង​អាច​ក្លាយ​ទៅជា​សត្វលោក​ថ្មី ។8

ធនធាន​សិក្សា​ថ្មី​សម្រាប់​យុវជន​នេះ មាន​គោលដៅ​សំខាន់​មួយ ៖ ដើម្បី​ជួយ​យុវជន​ឲ្យ​ប្រែចិត្ត​ជឿ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ​យុវជន​ម្នាក់​នៅក្នុង​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​យុវវ័យ​មួយ​រកឃើញ​សេចក្ដីពិត​សម្រាប់​ខ្លួន​គាត់ ។ នៅពេល​ខ្ញុំ​ឃើញ​ថា គាត់​កំពុង​តែ​ពិបាក​ក្នុង​​ការភ្ជាប់​ទំនាក់ទំនង​​ដង្វាយធួន​ទៅនឹង​ជីវិត​របស់​គាត់​ផ្ទាល់ ខ្ញុំ​បាន​សួរ​គាត់​ថា​តើ​គាត់​ធ្លាប់​ទទួល​​អារម្មណ៍​នៃ​ការ​អភ័យទោស​ដែរ​ទេ ។ គាត់​បាន​ឆ្លើយ​ថា ៖ « មែនហើយ ដូច​ពេលមួយ​​នោះ ខ្ញុំ​បាន​ដាល់​ច្រមុះ​បុរស​ម្នាក់ ពេល​យើង​លេង​បាល់ទាត់ ។ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ពី​វា​សោះ ។ ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ល្អ ។ ដូច្នេះ ខ្ញុំ​បាន​ទៅ​ផ្ទះ​របស់​គាត់ ហើយ​សុំ​ឲ្យ​គាត់​អភ័យទោស​ដល់​ខ្ញុំ ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​ច្រើន​ជាង​នេះ​ទៀត ដូច្នេះ​ខ្ញុំ​បាន​អធិស្ឋាន ហើយ​បន្ទាប់មក​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​បាន​អភ័យទោស​ដល់​ខ្ញុំ​ផងដែរ ។ នេះ​គឺជា​អ្វី​ដែល​ដង្វាយធួន មានន័យ​សម្រាប់​ខ្ញុំ » ។

នៅពេល​គាត់​ចែកចាយ​បទពិសោធន៍​នេះ​នៅក្នុង​ថ្នាក់​ថ្ងៃ​នោះ គាត់​បាន​អាន​ពី យ៉ូហាន 3:16—« ត្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បានជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ » ហើយ​បន្ទាប់មក​គាត់​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះចេស្ដា​នៃ​ដង្វាយធួន ។ គោលលទ្ធិ​នេះ លែង​ជា​គំនិត​អរូបីយ​ចំពោះ​យុវជន​នេះ​ទៀត​ហើយ ។ វា​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​គាត់ ដោយសារ​គាត់​បាន​សួរ​ខ្លួន​គាត់ ហើយ​បន្ទាប់មក​អនុវត្ត​សិទ្ធិជ្រើសរើស​របស់​គាត់​ដើម្បី​ធ្វើ​សកម្មភាព ។9

យុវជន​នេះ បាន​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង ព្រម​ទាំង​មិត្ត​រួម​ថ្នាក់​របស់​គាត់​ផងដែរ ។ ពួកគេ​ផ្ដោតលើ​គោលលទ្ធិ​គ្រឹះ​មួយ ដោយ​ការសិក្សា​ព្រះគម្ពីរ ។ ពួកគេបាន​​ភ្ជាប់​ពាក្យ​ដ៏​ពិសិដ្ឋ​ទាំងនោះ​ទៅនឹង​ជីវិត​ផ្ទាល់​របស់​ពួកគេ បន្ទាប់មក​ពួកគេ​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​មក​ដល់​ពួកគេ ដែល​ជា​លទ្ធផល​នៃ​ការរស់នៅ​តាម​គោលលទ្ធិ​នេះ ។ នៅពេល​ពួកយើង​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​ផ្ដោតលើ​ព្រះគម្ពីរ និង ពាក្យសម្ដី​របស់​ព្យាការី​នា​សម័យ​បច្ចុប្បន្ន ។ យើង​ប្រើប្រាស់​អត្ថបទ​ដ៏​ពិសិដ្ឋ​ដើម្បី​ជួយ​ពង្រឹង​សេចក្ដី​ជំនឿ សាង​ទីបន្ទាល់ និង ជួយ​មនុស្ស​គ្រប់រូប​ឲ្យ​ប្រែចិត្ត​ជឿ​យ៉ាង​ពេញលេញ ។ ធនធាន​សិក្សា​ថ្មី​សម្រាប់​យុវជន​នេះ នឹង​ជួយ​អ្នកទាំងអស់​ណា​ដែល​ប្រើ​វា​ដើម្បី​យល់ និង រស់នៅ​តាម​ព្រះបន្ទូល​នៃ​ព្រះ ។

ខណៈពេល​កំពុង​បង្រៀន​ពួកបរិសុទ្ធ​នៅ​ប្រទេស Costa Rica ខ្ញុំ​បាន​លើក​សៀវភៅ Teaching, No Greater Call មួយ​ក្បាល​ឡើង ហើយ​សួរ « ដូច្នេះ តើ​អ្នករាល់​គ្នា​ប៉ុន្មាន​នាក់ ដែល​មាន​សៀវភៅ​នេះ ? » ស្ទើរតែ​គ្រប់គ្នា​បាន​លើក​ដៃ ។ ខ្ញុំបាន​​និយាយ​ដោយ​ស្នាម​ញញឹម​ថា « ហើយ​ខ្ញុំ​ទាយ​ថា អ្នក​កំពុង​អាន​វា​រាល់​ថ្ងៃមែនទេ ។ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល ដែលបាន​​ឃើញ​បងស្រី​ម្នាក់​នៅ​ជួរ​ខាង​មុខ​បាន​លើក​ដៃ​ឡើង បង្ហាញ​ថា​គាត់​បាន​អាន​វា​រាល់ថ្ងៃ ។ ខ្ញុំ​បាន​សុំ​គាត់​ឲ្យ​មក​កាន់​វេទិកា ហើយ​ពន្យល់ ។ គាត់​បាន​ឆ្លើយ​ថា « ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន​រាល់​ព្រឹក ។ បន្ទាប់មក ខ្ញុំ​អាន​ខ្លះៗ​នៅក្នុងសៀវភៅ Teaching, No Greater Call ដូច្នេះ​ខ្ញុំ​អាច​បង្រៀន​កូនៗ​របស់​ខ្ញុំ ​តាម​របៀប​ដ៏​ពិសេស​បំផុត ​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន » ។

គាត់​ចង់​រៀន និង បង្រៀន​ព្រះបន្ទូល​របស់​ទ្រង់​តាម​របៀប​របស់​ទ្រង់ ដូច្នេះ​គាត់​បាន​សិក្សា​ព្រះបន្ទូល​របស់​ទ្រង់​ក្នុង​ព្រះគម្ពីរ បន្ទាប់មក​សិក្សា​ពី​របៀប​បង្រៀន​ព្រះបន្ទូល​ទ្រង់ ដើម្បី​ឲ្យ​កូនៗ​របស់​គាត់ អាច​បាន​ប្រែចិត្ត​ជឿ​យ៉ាង​ពេញលេញ ។ ខ្ញុំ​ជឿ​ថា គំរូ​នៃ​ការរៀន និង ការបង្រៀន​ដំណឹងល្អ​របស់​គាត់ មិន​បាន​កើតឡើង​តែម្ដង​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ គាត់​បាន​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​អ្វី​មួយ ។ ហើយ​កាល​ណា​គាត់​បាន​ធ្វើ​អ្វី​ដែល​គាត់​បាន​ដឹង​ថា គាត់​គួរ​ធ្វើ​កាន់តែ​ច្រើន នោះ​ព្រះអម្ចាស់​បាន​ពង្រឹង​គាត់​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ទ្រង់​កាន់តែ​ខ្លាំង ។

ពេលខ្លះ ផ្លូវ​ទៅកាន់​ការប្រែចិត្ត​ជឿ​អាច​វែង និង លំបាក ។ បងបុ្រស​ថ្លៃ​របស់​ខ្ញុំ មិន​សូវ​សកម្ម​ក្នុង​សាសនាចក្រ​អស់​ពេល 50 ឆ្នាំ​ហើយ ។ រហូត​ដល់​គាត់​មាន​អាយុ​ជាង 60 ឆ្នាំ ទើប​គាត់​ចាប់ផ្ដើម​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ត្រឡប់​មក​វិញ ។ មនុស្ស​ជាច្រើន​បាន​ជួយ​គាត់​តាម​ផ្លូវ​នេះ ។ គ្រូ​បង្រៀន​តាម​ផ្ទះ​ម្នាក់ បាន​ផ្ញើ​កាត​ប៉ូស្ដាល់​មួយ​រាល់​ខែ​ឲ្យ​គាត់​រយៈពេល 22 ឆ្នាំ ។ ប៉ុន្ដែ​គាត់​ត្រូវ​សម្រេច​ចិត្ត​ថា គាត់​ចង់​ត្រឡប់​មក​វិញ ។ គាត់​ត្រូវ​បោះ​ជំហាន​ទី​មួយ​នោះ --ហើយ​បន្ទាប់មក​បោះ​មួយ​ជំហាន​ទៀត ។ ឥឡូវ គាត់ និង ភរិយា​របស់​គាត់​បាន​ទទួល​ពិធី​ផ្សារភ្ជាប់​ជាមួយ​គ្នា ហើយ​គាត់​កំពុង​បម្រើ​ក្នុង​គណៈប៊ីស្សព​មួយ ។

ថ្មីៗ​នេះ យើង​បាន​បង្ហាញ​គាត់​នូវ​វីដេអូ​ដែល​បាន​ធ្វើ​ដើម្បី​ជួយ​ដល់​អ្នកដឹកនាំ និង គ្រូ​ទាំងឡាយ​ឲ្យ​អនុវត្ត​ធនធាន​សិក្សា​ថ្មី​នេះ ។ ក្រោយពី​បាន​មើល​វីដេអូ បងប្រុស​ថ្លៃ​របស់​ខ្ញុំ​បានអង្គុយ​​ផ្អែក​កៅអី​របស់​គាត់មក​ក្រោយ ហើយ​និយាយ​ដោយ​អួល​ដើម​ក​ថា « ប្រសិនបើ​ខ្ញុំ​បាន​មាន​វីដេអូ​នោះ ពេល​ខ្ញុំ​នៅ​ក្មេង ប្រហែល​ជា​ខ្ញុំ​នឹង​មិន​អសកម្ម​នោះ​ទេ » ។

បីបួន​សប្ដាហ៍​កន្លង​ទៅ ខ្ញុំ​បាន​ជួប​នឹង​យុវជន​ម្នាក់​ដែល​កំពុង​តែ​មាន​បញ្ហា ។ ខ្ញុំ​បាន​សួរ​ថា​តើ​គាត់​គឺជា​សមាជិក​សាសនាចក្រ​ឬ​អត់ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មិន​ជឿ​លើ​ព្រះ​ទេ ប៉ុន្ដែ​កាលពី​ពេល​មុន​ក្នុង​ជីវិត​របស់​គាត់ គាត់​ធ្លាប់បាន​ឮ​ពី​​សាសនាចក្រ​នេះដែរ ។ នៅពេល​ខ្ញុំ​ប្រាប់​គាត់​អំពី​ការហៅ​បម្រើ​របស់​ខ្ញុំ​នៅក្នុង​សាលា​ថ្ងៃអាទិត្យ ហើយ​ថា​ខ្ញុំ​នឹង​និយាយ​នៅក្នុង​សន្និសីទ​ទូទៅ​នេះ គាត់​បាន​និយាយ​ថា « អេ៎ ! បើសិន​អ្នក​និយាយ ខ្ញុំ​នឹង​មើល​វគ្គ​នោះ » ។ ខ្ញុំ​សង្ឃឹម​ថា គាត់​កំពុង​មើល​ថ្ងៃនេះ ។ ខ្ញុំ​ដឹង​ថា ប្រសិនបើ​គាត់​កំពុងមើល គាត់នឹង​​បាន​រៀននូវ​​អ្វីមួយ​មិន​ខាន ។ មជ្ឈមណ្ឌល​សន្និសីទ​នេះ គឺជា​កន្លែង​តែ​មួយ​គត់​នៃ​ការរៀន និង ការបង្រៀន​សម្រាប់​ការប្រែចិត្ត​ជឿ ។

នៅពេល​យើង​រស់នៅ​តាម​គោលការណ៍​ដែល​បាន​បង្រៀន​ដោយ​អ្នកទាំងឡាយ​ណា​ដែល​យើង​គាំទ្រ​ជា​ព្យាការី អ្នកមើល​ឆុត និង អ្នកទទួល​វិវរណៈ នោះ​យើង​នឹង​រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះហើយ ។10 យើង​ដើរ​មួយ​ជំហាន​ខិត​ទៅ​ជិត​ទ្រង់​កាន់តែ​ជិត ។ នៅពេល​សន្និសីទ​នេះ​ជិត​ចប់​ទៅ​នោះ ខ្ញុំ​សូម​អញ្ជើញ​គ្រប់គ្នា​ដែល​កំពុង​ស្ដាប់​ឲ្យ​បោះ​ជំហាន​នោះ ។ ដូចជា​សាសន៍​នីហ្វៃ​ពី​បុរាណ​ដែរ យើង​អាច​ត្រឡប់​ទៅ « ផ្ទះ​របស់​យើង​វិញ ហើយ​ពិចារណា​គិត​អំពី​រឿង​ទាំងឡាយ​ដែល ... [ បាន ] និយាយ ហើយ​ចូរ​សូម​ដល់​ព្រះវរបិតា​ដោយ​នូវ​នាម [ ព្រះគ្រីស្ទ ] ដើម្បី​ឲ្យ [ យើង ] អាច​យល់ » ។11

យើង​ចង់​ឲ្យ​យុវជន​គ្រប់គ្នា​យល់ ។ យើង​ចង់​ឲ្យ​ពួកគេ​រៀន បង្រៀន និង រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​រាល់ថ្ងៃ ។ នេះ​គឺជា​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​កូនចៅ​ទាំងអស់​របស់​ទ្រង់​មាន ។ មិន​ថា​អ្នក​គឺជា​កូនក្មេង ជា​យុវជន ឬ មជ្ឈិមវ័យ​នោះ​ទេ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​ចូល​មក​តាម​គំរូ​របស់​ទ្រង់​ចុះ ។ រាល់​ជំហាន​ដែល​យើង​ដើរ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ពង្រឹង​ដល់​យើង ។ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​មក​តាម​ផ្លូវ​នេះ ។ បន្ទាប់មក នៅពេល​មាន​ឧបសគ្គកើត​ឡើង យើង​នឹង​បន្ដ​ទៅ​មុខ ។ នៅពេល​មាន​ការសង្ស័យ យើង​នឹង​បន្ដ​ទៅ​មុខ ។ យើង​នឹង​មិន​ដែល​ត្រឡប់​ក្រោយ​នោះ​ទេ ។ យើង​នឹង​មិន​ដែល​អសកម្ម​នោះ​ទេ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ ជា​ព្រះវរបិតា និង ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះនៅ​តែ​​បន្ដ​ហៅ​យើង ដូច​កាល​ដែល​ទ្រង់​បាន​ធ្វើ​នា​ពេល​មុនៗ​ដែរ​គឺ​ឲ្យ​ចូល​មក​តាម​ទ្រង់ ។ យើង​ទាំងអស់​គ្នា អាច​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់ ។ យើង​ទាំងអស់​គ្នា​អាច​រៀន បង្រៀន និង រស់នៅ​តាម​ព្រះបន្ទូល​របស់​ទ្រង់​តាម​របៀប​របស់​ទ្រង់ ដោយ​ការបោះ​ជំហាន​មួយ​ទៀត​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​បាន​ប្រែចិត្ត​ជឿ​យ៉ាង​ពិត​ប្រាកដ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។

Mostrar las referencias

  1.  

    1. សូម​មើល យ៉ូហាន 3:1–7 ។ នៅក្នុង​វគ្គ​នេះ ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ​សំណួរ​ដែល នីកូដេម​បាន​លើក​ឡើង ។ ទ្រង់​បាន​បង្រៀន​ស្រប​តាម​​តម្រូវការ​របស់​នីកូដេម ។ ទ្រង់បាន​​អនុញ្ញាត​ឲ្យ​នីកូដេម អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​គាត់​ដើម្បី​រៀន ។ ទ្រង់​បាន​ជួយ​នីកូដេម​ឲ្យ​រកឃើញ​ចម្លើយ​សម្រាប់​ខ្លួន​គាត់ ។

  2.  

    2. សូម​មើល យ៉ូហាន 3:4; យ៉ូសែប ស្ម៊ីធ -- ប្រវត្តិ 1:18 ។

  3.  

    3. សូម​មើល « Teaching the Gospel in the Savior's Way » lds.org/youth/learn/guidebook/teaching ។

  4.  

    4. សូម​មើល លូកា 18:18–22 ។

  5.  

    5. សូម​មើល យ៉ូហានទី 1 4:19 ។

  6.  

    6. ដាល្លិន  អេក អូក « The Challenge to Become » លីអាហូណា ខែ មករា ឆ្នាំ 2001 ទំព័រ 41; Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 33 ៖ « ដើម្បី​ថ្លែង​ទីបន្ទាល់ គឺ​ត្រូវ​ដឹង និង ប្រកាស ។ ដំណឹងល្អ​តាំងចិត្ត​​យើង​ឲ្យ ‹ ប្រែចិត្ត​ជឿ › ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ និង ក្លាយ​ដូចជា ។ ប្រសិនបើ​យើង​ពឹង​ផ្អែក​តែ​លើ​ចំណេះដឹង និង ទីបន្ទាល់​នៃ​ដំណឹងល្អ​របស់​យើង​មួយ យើង​នឹង​ស្ថិត​នៅក្នុងស្ថានភាព​​ដូចគ្នា​នឹង​អ្នកដែល​ត្រូវ​បាន​ប្រទានពរ​ដែរ ប៉ុន្ដែ​នៅតែ​ជា​សាវក​ដែល​មិន​ទាន់​បញ្ចប់​ដែល​ព្រះយេស៊ូវ​បាន​តាំងចិត្ត​​ឲ្យ ‹ ប្រែចិត្ត​ជឿ › ។ យើង​ទាំងអស់​គ្នា​ស្គាល់​នរណា​ម្នាក់​ដែល​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ ប៉ុន្ដែ​មិន​បាន​ធ្វើ​សកម្មភាព​ចំពោះ​វា ដើម្បី​បាន​ប្រែចិត្ត​ជឿ » ។

  7.  

    7. សូម​មើល អ័ប្រាហាំ 2:11 ។

  8.  

    8. សូម​មើល ម៉ូសាយ 27:24–26; កូរិនថូសទី 2 5:17 ។

  9.  

    9. សូម​មើល ដេវីឌ  អេ បែដណា « ចាំ​យាម​ដោយ​នូវ​គ្រប់​ទាំង​សេចក្ដី​ខ្ជាប់ខ្ជួន » លីអាហូណា និង Ensign , ខែ ឧសភា ឆ្នាំ 2010 ទំព័រ 72 ៖ « តើ​អ្នក​រាល់​គ្នា និង រូប​ខ្ញុំ កំពុង​តែ​ជួយ​ដល់​កូនចៅ​របស់​យើង​ឲ្យ​ក្លាយជា​ភ្នាក់ងារ​ដែល​ធ្វើ​សកម្មភាព និង ស្វែងរក​ការរៀនសូត្រ​ដោយ​ការសិក្សា និង សេចក្ដី​ជំនឿ ឬក៏​តើ​យើង​បាន​បង្រៀន​ពួក​គេ​ឲ្យ​ចាំ​ដើម្បី​ទទួល​បាន​ការ​បង្រៀន និង ធ្វើ​សកម្មភាព​ទេ ? តើ​យើង​រាល់​គ្នា​ក្នុង​នាម​ជា​ឪពុកម្ដាយ ផ្ដល់​ដល់​កូនចៅ​របស់​យើង​នូវ​ត្រី​ខាង​វិញ្ញាណ​ស្មើ​គ្នា​ដើម្បីបរិភោគ​ជា​ចម្បង ឬ តើ​យើង​កំពុង​តែ​ជួយ​ពួកគេ​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​ធ្វើ​សកម្មភាព ​ដើម្បី​រៀន​ដោយ​ខ្លួនឯង និង ដើម្បី​ឈរ​ដោយ​ខ្ជាប់ខ្ជួន និង មុតមាំ​ដែរ​ឬ​ទេ ? តើ​យើង​រាល់គ្នា​កំពុងតែ​ជួយ​កូនចៅ​របស់​យើង ឲ្យ​មាន​ចិត្ត​ឧស្សាហ៍​នៅក្នុង​ការសួរ ការស្វែងរក និង ការគោះ​ដែរ​ឬ​ទេ ? »

  10.  

    10. សូម​មើល Dennis  B. Neuenschwander “Living Prophets, Seers, and Revelators,” លីអាហូណា ខែ មករា ឆ្នាំ 2001 ទំព័រ 49–51 ; Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 40–42 ។

  11.  

    11.  នីហ្វៃទី 3 17:3  ។