ឆ្នាំ ២០១០-២០១៩
បទដ្ឋាន​ព្រះវិហារ​បរិសុទ្ធ
តុលា 2012


បទដ្ឋាន​ព្រះវិហារ​បរិសុទ្ធ

បទដ្ឋាន​ដ៏​ខ្ពស់​នៃ​អគារ​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ប្រើ​ដោយ​សាសនាចក្រ​នេះ គឺជា​ប្រភេទ និង ជា​សញ្ញា​សម្គាល់​មួយ​អំពី​របៀប​ដែល​យើង​គួរតែ​រស់នៅ​តាម​ក្នុង​ជីវិត​របស់​យើង ។

ថ្មីៗ​នេះ ខណៈពេល​ដើរទស្សនា​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​ព្រិកហាំ រដ្ឋ​យូថាហ៍​ដ៏​ស្រស់ស្អាត ខ្ញុំ​បាន​នឹកចាំ​ដល់​បទពិសោធន៍​មួយ​ដែល​ខ្ញុំ​បាន​មាន ពេល​កំពុង​បម្រើ​ជា​អ្នកសម្របសម្រួល​ពិធីសម្ពោធ​ព្រះវិហារ​បរិសុទ្ធ ការឧទិ្ទស​ជា​ថ្មី និង ការប្រារព្ធពិធី​វប្បធម៌​នៃ​ព្រះវិហារ​បរិសុទ្ធ​ឡាអ៊ីអេ ហាវ៉ៃ ដ៏​អស្ចារ្យ​មួយ ។

ពីរបី​ខែ​មុនពេល​បញ្ចប់​ការងារ​កែលម្អ​ដ៏​ធំ​មួយ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដើរទស្សនា​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​នាយក​ប្រតិបត្តិ​នៃ​នាយកដ្ឋាន​ព្រះវិហា​បរិសុទ្ធ គឺ ​អែលឌើរ វីល្លាម  អរ វ៉កឃើរ និង សហការី​នាយកដ្ឋាន​ព្រះវិហា​បរិសុទ្ធ​របស់​គាត់ ។ លើស​ពី​នេះ សមាជិក​ដទៃ​ទៀត​នៃ​ក្រុមហ៊ុនដែល​ត្រូវ​បាន​​ជួល​ឲ្យ​រៀបចំ​កែការ​លម្អ​នោះ ក៏​បាន​ចូល​រួម​​ដែរ ។ គោលបំណង​នៃ​កាr​ទស្សនា​នេះ មួយ​ផ្នែក គឺ​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ​នូវ​ដំណើរការ និង គុណភាព​នៃ​ការងារ​ដែល​បាន​ធ្វើ ។ នៅពេល​នោះ ការងារ​គឺ​សម្រេច​បាន​ប្រហែល​ជា 85 ភាគរយ​ហើយ ។

ពេល​ដែល​យើង​ដើរមើល​តាម​​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​មើល និង ស្ដាប់​អែលឌើរ វ៉កឃើរ និង សហការី​របស់​គាត់ ពេល​ពួកគេ​ពិនិត្យ​ការងារ និង និយាយ​ជាមួយ​នឹង​អ្នកទទួល​ខុសត្រូវលើ​ការ​​កែលម្អ​នោះ ។ ជួនពេល​នោះ ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​យក​ដៃ​គាត់​ស្ទាប​ជញ្ជាំង​រហូត ពេល​ដែល​យើង​ដើរ​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ទៀត ។ ក្រោយពី​ធ្វើ​ដូច្នេះ​ពីរបី​ដង​ហើយ គាត់​បាន​ត្រដុស​ដៃ​របស់​គាត់ ហើយ​បន្ទាប់មក​ក៏​និយាយ​ទៅកាន់​អ្នកទទួល​ខុសត្រូវ​កែលម្អ​នោះ​ថា « ខ្ញុំ​ស្ទាប​ប៉ះ​កន្លែង​គ្រើម​លើ​ជញ្ជាំង​នេះ ។ ជញ្ជាំង​គ្រើម មិន​មែន​ជា​បទដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។ អ្នក​ត្រូវ​ធ្វើ​ជញ្ជាំង​នេះ​ឲ្យ​រលោង » ។ អ្នក​ទទួលខុសត្រូវ​នោះ បាន​កត់ចំណាំ​ទុក​អំពី​ចំណុច​នេះ​ដោយ​ការគោរព​រាល់​ពេល​ការអង្កេត​នីមួយៗ ។

នៅពេល​យើង​មក​ដល់​កន្លែង​មួយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​មាន​តែ​មនុស្ស​ពីរបី​នាក់​ប៉ុណ្ណោះ​ដែល​នឹង​ឃើញបញ្ហា​នេះ បុរស​ដដែល​នោះ​បាន​បញ្ឈប់​យើង ហើយ​បង្ហាញ​យើង​ពី​បង្អួច​ធ្វើ​ពី​កញ្ចក់​ស្រោប​ជាមួយ​នឹង​​សំណ​ដ៏​ស្រស់ស្អាត​ដែល​ទើបតែ​ដាក់​ថ្មី​មួយ ។ បង្អួច​នេះ មាន​ទទឹង​ប្រវែង​ប្រហែល ( 0.6  ម៉ែត្រ​ ) គុណ​នឹង​កម្ពស់ ( 1.8  ម៉ែត្រ ) និង មាន​រូប​តូចៗ​នៅលើ​កញ្ចក់​បង្អួច​នោះ ។ គាត់​បាន​ចង្អុល​ទៅ​កែង​កញ្ចក់​ពណ៌ ( 5  សង់ទីម៉ែត្រ ) ​ដ៏​តូច​មួយ ដែល​ជា​ផ្នែក​នៃ​រូប​ដ៏​សាមញ្ញ​នោះ ហើយ​និយាយ​ថា « កែង​នោះ កោង​ហើយ » ។ ខ្ញុំ​មើល​ទៅ​កែង​នោះ ហើយ​ចំពោះ​ខ្ញុំ វា​មើល​ទៅ​មិន​មាន​កោង​ទេ ។ ទោះជា​យ៉ាងណាក្ដី ពេល​ខ្ញុំ​ប្រើ​ប្រដាប់​វាស់​ពិនិត្យ​មើល​វា​ឲ្យ​ជិត​ជាង​នេះ ខ្ញុំ​អាច​ឃើញ​ថា​មាន​កំហុស​មួយ ហើយ​កែង​ដ៏​តូច​នេះ ពិត​ជា​កោង ( 3 មីលីម៉ែត្រ ) ​មែន ។ បន្ទាប់មក ក៏​មាន​ការណែនាំ​ដល់​អ្នកទទួលខុសត្រូវ​នោះ​ថា បង្អួច​នេះ​ត្រូវ​ប្ដូរ​ថ្មី ដោយសារ​វា​មិន​មែន​ជា​បទដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។

ខ្ញុំ​សារភាព​ថា ខ្ញុំ​បាន​មាន​ការ​ភ្ញាក់ផ្អើល ​ពេលដែល​បង្អួច​មួយ​ទាំងមូល ត្រូវ​ជំនួស​ថ្មី​ ដោយសារតែ​មាន​កំហុស​ដ៏​តូច​មួយ​ដែល​ស្ទើរតែ​មិន​អាច​មើល​ឃើញ​នោះ ។ ពិតណាស់ វា​មិន​ទំនង​ដែលថា​នឹង​មាន​នរណា​ម្នាក់​​អាច​ដឹង ឬក៏​កត់សម្គាល់​បង្អួច​នេះ ដោយសារ​វា​ស្ថិត​នៅ​កន្លែង​មួយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​មិន​សូវ​មាន​មនុស្ស​អាច​មើល​ឃើញនោះ​ណាស់​ ។

ពេល​ខ្ញុំ​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​គិត​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​បទពិសោធន៍​នេះ -- ​គិត​ពី​អ្វី​ដែល​ខ្ញុំ​គិត​ថា ខ្ញុំ​បាន​រៀន ។ ខ្ញុំ​មិន​យល់ រហូត​ទាល់តែ​បីបួន​សប្ដាហ៍​ក្រោយ​មក នៅពេល​ដែល​ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដើរទស្សនា​​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​បញ្ចប់ការ​កែលម្អ​ហើយ ដែល​ឥឡូវ​នេះ ទើប​ខ្ញុំ​យល់​ច្បាស់​ពី​បទពិសោធន៍​នៃការ​ដើរទស្សនា​លើក​មុន​នោះ ។

នៅពេល​ខ្ញុំ​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡាអ៊ីអេ ហាវ៉ៃ​ដែល​បាន​កែលម្អ​ចប់​ហើយ​នោះ ខ្ញុំ​ពិត​ជា​រំភើប​នឹង​សម្រស់ និង គុណភាព​នៃ​ការ​បញ្ចប់​របស់​វា​ណាស់ ។ អ្នក​អាច​យល់​ថា ខ្ញុំ​ចាប់​អារម្មណ៍​លើ​ការមើល​ជញ្ជាំង « គ្រើម » និង បង្អួច « ខុស » នោះ​ម្ដង​ទៀត ។ តើ​អ្នកទទួល​ខុសត្រូវ​នោះ​បាន​ធ្វើ​ឲ្យ​ជញ្ជាំង​នោះ​រលោង​ទេ ? តើ​បង្អួច​នោះ​ពិត​ជា​បានប្ដូរ​ថ្មី​ឬ ? នៅពេល​ខ្ញុំ​មក​ដល់​ជញ្ជាំង​គ្រើម​នោះ ខ្ញុំ​ភ្ញាក់ផ្អើល​ពេល​ឃើញ​ថា​ក្រដាស​បិទ​ជញ្ជាំង​ដ៏​ស្រស់ស្អាត​ត្រូវ​បាន​ដាក់​គ្រប់​កន្លែង​ទាំងអស់ ។ គំនិត​ដំបូង​របស់​ខ្ញុំ​គឺ « អញ្ចឹង នេះ​គឺជា​របៀប​ដែល​អ្នក​ទទួល​ខុសត្រូវ​ដោះស្រាយ​បញ្ហា​គ្រើម​នេះ​ឬ -- គាត់​បាន​គ្របលើ​វា​តែ​ម្ដង » ។ ប៉ុន្ដែ មិនដូច្នោះ​ទេ ! ខ្ញុំ​បាន​ដឹង​ថា វា​តែងតែ​ជា​ផែនការ​ដើម្បី​បិទ​ក្រដាស​រចនាជញ្ជាំងនៅ​ទីនេះ ។ ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​កន្លែង​​គ្រើម​តែ​បន្ដិច​ដែល​មិនងាយ​មើលឃើញ ត្រូវ​មាន​បញ្ហា​ បើ​​ត្រូវ​មាន​ក្រដាស​បិទ​ជញ្ជាំង​លើ​វាដដែល​នោះ បន្ទាប់មក ខ្ញុំ​អន្ទះសារ​ទៅ​មើល​កន្លែង​ដែល​មាន​បង្អួច​ខុស​នោះ ហើយ​ភ្ញាក់ផ្អើល​ដែល​ឃើញ​​ថូ​ផ្កា​មួយ​ថូ​ដ៏ស្រស់​ស្អាត​មាន​កំពស់​​ដល់​ពិដានដាក់​នៅ​ចំពី​មុខ​បង្អួច​នោះ ។ ខ្ញុំ​បាន​គិត​ជា​ថ្មី​ថា « តើ​ហ្នឹងជា​របៀប​ដែល​អ្នក​ទទួល​ខុសត្រូវ​ដោះស្រាយ​បញ្ហា​កែង​ដែល​កោង​បន្ដិច​នេះ​ឬ -- គាត់​បានបិទ​បាំង​​វា » ។ នៅពេល​ខ្ញុំ​ដើរ​ទៅ​កាន់តែ​ជិត ខ្ញុំ​ទាញ​ស្លឹកផ្កា​​ចេញ ហើយ​ញញឹម​ពេល​ខ្ញុំ​ឃើញ​ថា បង្អួច​នោះ​ពិត​ជា​បាន​ប្ដូរ​ថ្មី​មែន ។ ឥឡូវនេះ កែង​ដ៏​តូច​ដែល​កោង​ពី​មុន​នោះ ឈរ​យ៉ាង​ស្អាត និង ស្មើ​តាម​រាង​បង្អួច​នោះ ។ ខ្ញុំ​ដឹង​ថា វា​តែងតែ​ជា​ផ្នែក​មួយ​នៃ​ការរចនា​ផ្នែក​ខាងក្នុង ដើម្បី​ដាក់​ដើមផ្កា​មួយថូ​ពី​មុខ​បង្អួច​នេះ ។

ហេតុអ្វី​ក៏​ជញ្ជាំង​គ្រើម​តែ​បន្ដិច និង បង្អួច​ដែល​មាន​ផ្នែក​កោង​ដ៏​តូច​មួយ ត្រូវការ​ធ្វើ​បន្ថែម ថែមទាំង​ប្ដូរ​ថ្មី ខណៈ​វា​កម្រ​មាន​មនុស្ស​កត់ចំណាំ​វា​នោះ ? ហេតុអ្វី​អ្នកទទួល​ខុសត្រូវ​ម្នាក់ តម្រូវ​ឲ្យ​ធ្វើតាម​បទដ្ឋាន​ដ៏​ខ្ពស់​បែប​នេះ ?

នៅពេល​ខ្ញុំ​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​ដោយ​បាន​សញ្ជឹងគិត​យ៉ាង​ខ្លាំង នោះ​ខ្ញុំ​បាន​ដឹង​ចម្លើយ​របស់ខ្ញុំ ពេល​ខ្ញុំ​មើល​ទៅ​ការរចនា​ផ្នែក​ខាងក្រៅ​ដែល​ដុសខាត់​ហើយ និង បាន​ឃើញ​ពាក្យ​ទាំងនេះ « បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា ដំណាក់​ព្រះយេហូវ៉ា » ។

ព្រះវិហារ​បរិសុទ្ធ​នៃ​សាសនាចក្រ​នេះ គឺ​ជាក់លាក់​ដូច​ដែល​គេ​បាន​ប្រកាស​អញ្ចឹង ។ អគារ​ដ៏​ពិសិដ្ឋ​ទាំងនេះ ត្រូវបាន​សាង​សម្រាប់​យើង​ប្រើប្រាស់ ហើយ​នៅ​បរិវេណ​ខាង​ក្នុង​នៃ​ជញ្ជាំង​ទាំងនេះ ពិធីការ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ និង សង្គ្រោះ​ទាំងឡាយ​ត្រូវ​បាន​ធ្វើ ។ ប៉ុន្ដែ វា​ពុំ​គួរ​មាន​មន្ទិល​ថា ដំណាក់​នេះ​ជា​របស់​នរណា​ឲ្យ​ពិត​ប្រាកដ​នោះ ។ ដោយ​តម្រូវ​ឲ្យ​មាន​បទដ្ឋាន​សាងសង់​ដ៏​លម្អិត រួមមាន​សេចក្ដី​លម្អិត​ដ៏​តូចតាច​បំផុត យើង​មិន​ត្រឹមតែ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង ការគោរព​របស់​យើង​ចំពោះ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​បង្ហាញ​ទៅដល់​អ្នកមើល​ទាំងអស់​ថា យើង​ផ្ដល់​តម្លៃ និង គោរព​ទ្រង់​ចំពោះ​ដំណាក់​នេះ ។

នៅក្នុង​វិវរណៈ​ដែល​បាន​ផ្ដល់​ឲ្យ​ទៅ​ព្យាការី យ៉ូសែប ស្ម៊ីធ ដើម្បី​សាង​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ ណៅវូ ព្រះអម្ចាស់​បាន​បញ្ជា​ថា ៖

« ចូរ​មក យក​មាស​អ្នក​មក​ផង និង ប្រាក់​អ្នក និង ត្បូង​ដ៏​វិសេស​របស់​អ្នក និង គ្រប់​របស់​របរ​កេរ្ដិ៍​អាករ​ចាស់ៗ​របស់​អ្នក ហើយ​ព្រមទាំង​អស់​អ្នក​ដែល​មាន​ចំណេះវិជ្ជា​ធ្វើ​របស់​របរ​ទាំងឡាយ​ណា ... ហើយ​ចូរ​យក ... ទាំង​ឈើ​វិសេសៗ​ទាំងឡាយ​នៃ​ផែនដី​ផង ;

« ... ហើយ​ចូរ​ស្ថាបនា​គេហដ្ឋាន​មួយ​ដល់​ព្រះនាម​របស់​យើង ដើម្បី​ឲ្យ​ព្រះ​ដ៏​ខ្ពស់​បំផុត​គង់​នៅ​ទីនោះ » ។1

នេះ​ធ្វើតាម​គំរូ​មួយ​ដែល​ធ្វើ​ដោយ​សេ្ដច​សាឡូម៉ូន នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ នៅពេល​ទ្រង់​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ​ទៅដល់​ព្រះអម្ចាស់ ដោយ​ប្រើ​តែ​សម្ភារ និង ទឹកដៃ​ដ៏​ល្អ​បំផុត ។2 សព្វថ្ងៃ យើង​បន្ដ​ធ្វើតាម​គំរូ​នេះ ដោយ​ការប្រមាណ​សមរម្យ នៅពេល​យើង​សង់​ព្រះវិហារ​បរិសុទ្ធ​នានា​នៃ​សាសនាចក្រ ។

ខ្ញុំ​ដឹង​ថា ទោះបីជា​មនុស្ស​ខាង​សាច់ឈាម​មិន​អាច​ឃើញ ឬ មាន​អារម្មណ៍​ពី​ភាពខ្វះ​ចន្លោះ​ក្ដី ក៏​ព្រះអម្ចាស់​ដឹង​ពី​កម្រិត​នៃ​ការខិតខំ​របស់​យើង ថា​តើ​យើង​បាន​ធ្វើ​អស់​ពី​សមត្ថភាព​របស់​យើង​ហើយ​ឬ​នៅ ។ ការដូចគ្នា​នេះ​គឺ​ពិត ចំពោះ​ការខិតខំ​ផ្ទាល់ខ្លួន​របស់​យើង​ក្នុង​ការរស់នៅ​ជីវិត​មួយ​ដ៏​ស័ក្ដិសម​ចំពោះ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ព្រះអម្ចាស់​បាន​ទូន្មាន ៖

« ហើយ​ដរាបណា​ប្រជារាស្ដ្រ​របស់​យើង កសាង​ដំណាក់​មួយ​ដល់​យើង ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ហើយ​មិន​ទ្រាំ​ឲ្យ​របស់​មិន​ស្អាត​ចូល​មក​ក្នុង​ទីនោះ​ឡើយ ដើម្បី​កុំ​ឲ្យ​ដំណាក់​ស្មោកគ្រោក នោះ​សិរីល្អ​របស់​យើង​នឹង​សណ្ឋិត​មក​លើ​ដំណាក់​នោះ

« មែនហើយ វត្តមាន​របស់​យើង​នឹង​នៅ​ទីនោះ ព្រោះ​យើង​នឹង​ចូល​មក​ទីនោះ ហើយ​គ្រប់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ដែល​នឹង​ចូល​មក​ទីនោះ នោះ​នឹង​បាន​ឃើញ​ព្រះ ។

« ប៉ុន្ដែ បើសិនជា​ដំណាក់​នោះ​ស្មោកគ្រោក នោះ​យើង​នឹង​មិន​ចូល​មក​ទីនោះ​ទេ ហើយ​សិរីល្អ​របស់​យើង​ក៏​នឹង​មិន​នៅ​ទីនោះ​ដែរ ព្រោះ​យើង​នឹង​មិន​ចូល​ក្នុង​ព្រះវិហារ​ទាំងឡាយ​ណា​ដែល​មិន​បរិសុទ្ធ​ឡើយ » ។3

ដូចជា​អ្នកទទួល​ខុសត្រូវ​ដែរ នៅពេល​យើង​ដឹង​ពី​ធាតុ​ទាំងឡាយ​ក្នុង​ជីវិត​របស់​យើង ដែល​មិន​ស្រប​នឹង​ការបង្រៀន​របស់​ព្រះអម្ចាស់ ពេល​យើង​មិន​បាន​ខំ​ឲ្យ​អស់​ពី​សមត្ថភាព យើង​គួរតែ​កែតម្រូវ​ឲ្យ​បាន​លឿន​នូវ​អ្វី​ដែល​ខុស​នោះ ដោយ​ដឹង​ថា​យើង​មិន​អាច​លាក់បាំង​អំពើបាប​របស់​យើង​ពី​ព្រះអម្ចាស់បាន​ទេ ។ យើង​ត្រូវ​ចាំ​ថា « នៅពេល​យើង​ខំ​ស្វែងរក​ផ្លូវ ដើម្បី​លាក់​អំពើបាប​ទាំងឡាយ​របស់​យើង ... មើល​ចុះ ស្ថានសួគ៌​ដក​ខ្លួន​ចេញ [ ហើយ ] ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ថប់​បារម្ភ » ។4

ខ្ញុំ​ក៏​ដឹង​ផងដែរ​ថា បទដ្ឋាន​ដ៏​ខ្ពស់​នៃ​អគារ​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ប្រើ​ដោយ​សាសនាចក្រ​នេះ គឺជា​ប្រភេទ និង ជា​សញ្ញា​សម្គាល់​មួយ​អំពី​របៀប​ដែល​យើង​គួរតែ​រស់នៅ​ជីវិត​របស់​យើង ។ យើង​អាច​អនុវត្តដោយផ្ទាល់​នូវ​ការបង្រៀន​របស់​សាវក​ប៉ុល ដែល​បាន​ផ្ដល់​ទៅ​សាសនាចក្រ​ពី​បុរាណ នៅពេល​គាត់​បាន​និយាយ​ថា ៖

« តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា ?

« បើ​អ្នក​ណា​បង្ខូច​ព្រះវិហារ​នៃ​ព្រះ នោះ​ព្រះ​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ត្រូវ​ខូច​ដែរ ត្បិត​ព្រះវិហារ​នៃ​ព្រះ ជា​វត្ថុ​ដ៏​បរិសុទ្ធ គឺជា​ខ្លួន​អ្នករាល់​គ្នា​នេះ​ឯង » ។5

យើង​ម្នាក់ៗត្រូវ​បាន​​បង្កើត​ពី​របស់​ដ៏​ល្អ​បំផុត ហើយ​យើង​គឺជា​លទ្ធផល​ដ៏​មហស្ចារ្យ​នៃ​ទឹកដៃ​ដ៏​ទេវភាព ។ ទោះយ៉ាងណាក្ដី នៅពេល​យើង​ឆ្លង​ផុត​អាយុ​ទទួលខុសត្រូវ ហើយ​បោះ​ជំហាន​ទៅលើ​ទីវាល​នៃ​អំពើបាប និង ការល្បួង ព្រះវិហារ​ផ្ទាល់​របស់​យើង​អាចនឹង​​ត្រូវការ​ការ​ជួសជុល និង កែលម្អ ។ ប្រហែល​ជា​មាន​ជញ្ជាំង​ក្នុង​ខ្លួន​យើង​ដែល​គ្រើម ហើយ​ត្រូវ​ធ្វើ​ឲ្យ​រលោង ឬ បង្អួច​ព្រលឹង​របស់​យើង​ដែល​ត្រូវ​ប្ដូរ​ថ្មី​ដើម្បី​យើង​អាច​ឈរ​នៅក្នុង​ទី​បរិសុទ្ធ ។ ដោយ​អំណរគុណ បទដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ដែល​យើង​ត្រូវ​មាន មិនមែន​ឥតខ្ចោះ​ដល់​ថ្នាក់​នោះ​ទេ ទោះបីជា​យើង​ព្យាយាម​រក​វា​ក្ដី ប៉ុន្ដែ​យើង​ត្រូវ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ និង ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​រស់នៅ​ដូចជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ការអធិស្ឋាន​របស់​ខ្ញុំ​គឺ​ថា យើង​នឹង​ខិតខំ​ឲ្យ​ខ្លាំង​ដើម្បី​រស់នៅ​ជីវិត​មួយ​ដ៏​ស័ក្ដិសម​ចំពោះ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ដោយ​ខិតខំ​អស់​ពី​លទ្ធភាព ដោយ​កែលម្អ​អ្វី​ដែល​ចាំបាច់ និង លុប​ចោល​កំហុស និង ភាពខ្វះ​ចន្លោះ​នានា​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​នៃ​ព្រះ​អាច​គង់​នៅ​ជាមួយ​យើង​ជានិច្ច ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។