ឆ្នាំ ២០១០-២០១៩
ដង្វាយធួន
តុលា 2012


ដង្វាយធួន

នៅកន្លែង​ណា​ដែល​សមាជិក និង អ្នក​ផ្សព្វផ្សាយសាសនា​យើងអាច​ទៅ​ដល់ នោះ​សារលិខិត​របស់​យើង គឺ​ជា​សារលិខិត​នៃ​សេចក្ដីជំនឿ និង សេចក្ដី​សង្ឃឹម​ទៅ​លើ​ព្រះអង្គសង្គ្រោះ​ ព្រះយេស៊ូវគ្រីស្ទ ។

សារលិខិត​របស់​ខ្ញុំ និយាយ​សំដៅទៅ​អ្នក​ទាំងឡាយ​នៅ​ក្នុង​ចំណោម​យើង ដែល​រងទុក្ខ មានបន្ទុក​ដោយ​កំហុស និង ភាពទន់ខ្សោយ និង ការ​បរាជ័យ ការ​សោកស្ដាយ និង ភាពអស់សង្ឃឹម ។

នៅ​ឆ្នាំ 1971 ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​សន្និសីទ​ស្ដេក ​នៅ​សាម័រ​ប៉ែក​ខាង​លិច រួមទាំង​រៀបចំ​ស្ដេក​ថ្មី​នៅ​កោះ យូពូលូ ។ បន្ទាប់ពី​ការ​សម្ភាសន៍ យើង​បាន​ជួល​យន្ដហោះ​តូចមួយ​ជិះ​ទៅ​កាន់​កោះ សាវៃអី ដើម្បី​ធ្វើ​សន្និសីទស្ដេក​នៅទីនោះ ។ យន្ដ​ហោះ​ចុះ​នៅ​លើ​វាលស្មៅ​នៅ ហ្វាអាឡា ហើយ​ត្រូវ​ត្រឡប់​មក​វិញ​នៅ​រសៀល​ថ្ងៃ​ស្អែក​ដើម្បី​ជិះ​ទៅ​កាន់​កោះ យូពូលូ វិញ ។

ថ្ងៃដែល​យើង​ត្រូវ​ត្រឡប់​មក​ពី សាវៃអី វិញ គឺមានភ្លៀងធ្លាក់ ។ ​ដោយ​ដឹង​ថា យន្ដហោះ​ពុំ​អាច​ចុះ​ចត​នៅ​លើ​វាល​ដីសើម​បាន នោះ​យើង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខា​ង​លិច​បំផុត​នៃ​កោះ ជា​កន្លែង​ដែល​មាន​ផ្លូវ​មួយ​នៅ​លើ​ផ្កាថ្ម ។ យើង​បាន​រង់​ចាំ​រហូត​ដល់​ងងឹត ប៉ុន្តែ​គ្មាន​យន្ដហោះ​មក​ទេ ។ ទីបំផុត យើង​បាន​ដឹង​តាម​វិទ្យុទាក់ទង​​ថា មាន​ព្យុះ ហើយ​យន្ដ​ហោះ​ពុំ​អាច​ហោះហើរ​បាន​ទេ ។ យើង​បាន​បញ្ជូន​សារ​ទៅ​វិញ​ថា យើង​នឹង​ទៅ​តាម​ទូកវិញ ។ សូមឲ្យ​នរណា​ម្នាក់​មក​ជួប​យើង​នៅ មូលីហ្វានូអា ។

នៅ​ពេល​យើង​ចេញ​ពី​ផែ សាវៃអី អ្នក​បើកទូក​ដែល​មាន​ប្រវែង 40 ហ្វុត ( 12  ម.) បាន​សួរ​ប្រធាន​បេសកកម្ម​ថា តើ​គាត់​មាន​ពិល​ឬ​ទេ ។ សំណាង​ល្អ គាត់​មាន ហើយ​បាន​ឲ្យ​វាជា​អំណោយ​ទៅអ្នក​បើកទូក ។ យើង​បាន​ធ្វើ​ដំណើរ​​បាន 13 ម៉ែល ( 21 គ.ម. ) ឆ្លង​ទៅ​កោះ យូពូលូ នៅ​លើ​សមុទ្រ​ដ៏​លំបាក ។ គ្មាន​គ្នា​យើង​ណា​ម្នាក់ ដឹង​ថា ព្យុះ​ត្រូពិច​ដ៏​ធំ បាន​បោកបក់​មក​លើ​កោះ​ទេ ហើយ​យើង​កំពុង​តែ​ធ្វើ​ដំណើរ​តម្រង់​ទៅ​រក​វា ។

យើង​បាន​​ទៅ​ដល់​ផែ មូលីហ្វានូអា នោះ​មាន​ផ្លូវ​តូច​មួយ ដែល​យើង​ត្រូវ​ឆ្លង​កាន់​តាម​ថ្ម​ប៉ប្រះទឹក ។ មាន​ពន្លឺ​ភ្លើង​មួយ​នៅលើភ្នំ​ខាង​លើ​ឆ្នេរ ហើយ​ពន្លឺភ្លើង​ទីពីរ​នៅ​ទាបជាង បាន​បង្ហាញ​ផ្លូវ​ចង្អៀត​នោះ ។ នៅពេល​ទូកបរចូល ត្រូវ​មាន​ភ្លើង​ទាំង​ពីរ​នោះ ដូច្នេះ​ទូក​នឹងនឹង​ចូល​តាម​ជួរ​ត្រឹមត្រូវ ឆ្លង​ផុត​ពី​ថ្ម​ដែល​អាច​ធ្វើឲ្យមាន​​គ្រោះ​ថ្នាក់ ​នៅ​តាម​ផ្លូវ​នោះ ។​

ប៉ុន្តែ​នៅ​យប់​នោះ មាន​ភ្លើង​តែ​មួយ​គត់ ។ អែលឌើរ​ពីរ​នាក់ នៅ​ឈរ​លើ​គោក​រង់​ចាំ​ជួប​យើង ប៉ុន្តែ​ការ​ឆ្លង​កាត់​បាន​ចំណាយ​ពេល​យូរ​ ខុស​ពី​ធម្មតា ។ បន្ទាប់​ពីរង់ចាំ​មើល​សញ្ញា​​ទូក​របស់​យើង​ជាច្រើ​ន​ម៉ោង​មក ពួក​អែលឌើរមានការនឿយហត់ ហើយ​ងងុយគេង ​ពុំ​បាន​បើក​ភ្លើង​ទីពីរ ដែល​ជា​ភ្លើង​ទាបជាងគេ​នោះ ។ ជាហេតុ​ធ្វើ​ឲ្យ​ យើង​មើល​ផ្លូវ​ដែល​នៅ​តាម​ថ្មប៉ប្រះទឹក​នោះពុំ​សូវ​ច្បាស់ ។

អ្នក​បើ​ក​ទូក​បាន​បើកទូក​យ៉ាង​ល្អ​បំផុត​តាម​ដែល​គាត់​អាច​ធ្វើ​បាន ទៅ​រក​ពន្លឺមួយ​នៅ​​ខាង​លើ​ច្រាំង ខណៈ​ដែល​មាន​កម្មករ​ឈរនៅ​លើ​ទូកម្នាក់ បញ្ចាំង​ពិល​ដែល​ខ្ចី​នោះ​ រកមើល​ថ្ម​ដែល​មាន​នៅ​ខាង​មុខ ។​ យើង​អាច​ស្ដាប់​ឮ​ទូក​ប៉ះ​នឹង​ថ្មប៉ប្រះទឹក ។ នៅ​ពេល​យើង​ទៅ​ជិត​ល្មម​នឹង​មើល​ឃើញ​វា​ដោយ​ពន្លឺពិល នោះ​អ្នក​បើក​ទូក​បាន​ស្រែក​យ៉ាង​ខ្លាំង​ឲ្យ​ថយ​ក្រោយ ហើយ​ព្យាយាម​ចូល​ផ្លូវ​ម្ដងទៀត ។

បន្ទាប់ពី​បាន​ព្យាយាម​ជាច្រើន​ដង គាត់​បាន​ដឹង​ថា​មិនអាច​រក​ឃើញ​ផ្លូវ​ទេ ។ អ្វី​ដែល​យើង​អាច​ធ្វើ គឺ​ព្យាយាម​បើក​ទៅ​កាន់​ផែមួយទៀត ដែល​មាន​ចម្ងាយ 40 ម៉ែល ( 64  គ.ម) នៅ​ អាប៉ៃ ។ យើង​ពុំ​អាច​ទប់ទល់​នឹង​កម្លាំង​ព្យុះ​ដ៏​ខ្លាំង​បាន​ទេ ។ ខ្ញុំ​ពុំ​ចាំអ្វី ក្រៅ​ពី​ភាពងងឹត​ស្លុង​នោះទេ ។

យើង​​ពុំ​អាច​ទៅ​ណា​បាន​អស់​រយៈពេល​មួយម៉ោង​ដំបូង ទោះ​ជា​ម៉ាស៊ីនទូកខ្លាំង​ក៏​ដោយ ។ ទូក​បាន​ទៅមុខបុក​នឹង​ទឹក​រលក​ធំ​ៗ ​ ហើយ​បន្ទាប់​មក​ទូកនៅ​លើ​រលក ដោយធ្វើ​ឲ្យ​ស្លាប​ចក្រ​របស់ទូក​ចេញ​ផុត​ពី​ទឹក ។ រំញ័រ​របស់​ស្លាប​ចក្រ​គ្រវី​យ៉ាង​ខ្លាំង​ ស្ទើរ​តែ​ធ្វើឲ្យ​ទូកបែក​ជា​បំណែកៗ មុន​ពេល​ទូកធ្លាក់​​ចុះ​មក​ទឹក​វិញ ។

យើង​បាន​ក្រាប​ចុះ​ដោយ​លាតដៃជើង នៅ​លើ​គម្រប​ឥវ៉ាន់ ដោយដៃរបស់យើង​ម្ខាង​កាន់គែម​ ហើយ​ជើង​យើង​បាន​ចាក់ស្រេះនឹង​វា​​​ដើម្បី​កុំ​ឲ្យ​ត្រូវបោក​ចេញ​ពី​ទូក ។ បងប្រុស ម៉ាក លីថលហ្វត បាន​របូតដៃ​ហើយ​បាន​បោកទៅ​បង្កាន់ដៃដែក​នៅ​ខាង​ក្រោម ។ គាត់មុតក្បាល ប៉ុន្តែ​បង្កាន់​ដៃ​បាន​ទប់គាត់​កុំ​ឲ្យ​ធ្លាក់ចេញពីទូក ។

ទីបំផុត យើង​បាន​បន្ត​ដំណើរ​ទៅមុខ​ នៅ​ពេលទាបភ្លឺ បាន​ចូលទៅដល់​​ផែ អាពីតា ។ ទូក​ជាច្រើន​បាន​ចងជាប់គ្នា​ដើម្បី​ឲ្យ​មានសុវត្ថិភាព ។ នៅ​ផែ​មាន​សុទ្ធតែ​​ទូក​ទាំងនេះ ។ យើង​បាន​លូន​ចេញ​មក​កាត់​ពួកគេ ដោយ​ព្យាយាម​មិន​ឲ្យ​រំខាន​ដល់​អ្នក​ដែល​កំពុង​ដេក​នៅ​លើ​ដំបូលទូកឡើយ​ ។ យើង​បាន​ធ្វើ​ដំណើរ​ទៅ ប៉េសេហ្គា សម្ងួត​ខោអាវ​យើង ហើយ​បាន​ធ្វើ​ដំណើរ​ទៅ វ៉ាលូអូតៃ ដើម្បី​រៀបចំ​ស្ដេក​ថ្មី ។

ខ្ញុំ​ពុំ​ដឹង​ថា​នរណា​បាន​រង់ចាំ​យើង​ នៅ​ឆ្នេរ មូលីហ្វានូអា ទេ ។ ខ្ញុំ​បដិសេធ​កុំ​ឲ្យ​ពួកគេ​ប្រាប់​ខ្ញុំថាជានរណា ។ ប៉ុន្តែ​វា​ជា​ការ​ពិត​ថា បើ​គ្មាន​ពន្លឺ​ទាប​​ទេ នោះ​យើង​ទាំងអស់​គ្នា​នឹង​ស្លាប់​ជា​មិនខាន ។

មាន​ទំនុកដំកើង​មួយ​ដែល​ចាស់ ហើយ​កម្រ​ច្រៀង​ក្នុង​សៀវភៅ​ទំនុកដំកើង​របស់​យើង ដែល​មានអត្ថន័យ​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ ។

ព្រះគុណព្រះបិតា​យើង​ភ្លឺចែងចាំង​

ពី​ប៉ម​បំភ្លឺផ្លូវ​ទ្រង់ជារៀងរហូត

ប៉ុន្តែយើង​មាន​ការ​ខុសត្រូវ​មើល

ពន្លឺ​នៅ​តាម​មាត់ច្រាំង ។

ឲ្យ​ពន្លឺ​ភ្លើងដែលនៅ​​ទាប​ឆេះបំភ្លឺឡើង

បំភ្លឺ​ចាំង​នៅ​លើ​ទឹក ។

ព្រោះ​មាន​អ្នក​ដើរ​សមុទ្រ​មួយចំនួន​គួរ​ឲ្យ​អាណិត នឿយ​ហត់ និង មានបញ្ហា

អ្នក​អាច​ជួយសង្គ្រោះ អ្នកអាច​សង្គ្រោះ ។

យប់ងងឹត​នៃ​អំពើបាប​ធ្វើ​ឲ្យ​អស់សង្ឃឹម

សន្ធឹក​រលក​បាន​បក់បោក​ខ្លាំង ។

កែវភ្នែក​រំពៃ​មើល ដោយ​ព្យាយាម

រក​មើល​ពន្លឺ​នៅ​តាម​មាត់ច្រាំង ។

សូមយកចិត្តទូកដាក់នឹង​ពន្លឺ​ចង្កៀង​របស់​អ្នក បងប្អូនខ្ញុំអើយ

មាន​អ្នក​បរទូក​អកុសល​មួយចំនួន​ត្រូវព្យុះបក់បោក

ឥឡូវ​ព្យាយាម​មក​រក​ច្រាំង

ដែល​គេ​អាច​វង្វេង​នៅក្នុងទីងងឹត ។ 1

ខ្ញុំ​និយាយ​ថ្ងៃ​នេះ ទៅកាន់​អ្នកទាំងឡាយ​ដែល​បាន​វង្វេង ហើយ​កំពុង​ស្វែងរក​ពន្លឺ​ភ្លើង​នៅទាបជាងគេ​នោះ ដើម្បីជួយ​ដឹកនាំ​ពួក​គេ​ត្រឡប់មកវិញ ។

យើង​បាន​យល់​ពី​ដើម​ដំបូង​ថា នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ យើង​នឹងពុំ​ល្អ​ឥតខ្ចោះ​ទេ ។ ពុំ​បាន​រំពឹង​​ឲ្យយើង​រស់នៅ​ដោយ​គ្មាន​អំពើរំលងច្បាប់​ណា​មួយ​នោះទេ ។

« ព្រោះ​មនុស្ស​ខាង​សាច់ឈាម​ជា​សត្រូវ​ដល់​ព្រះ ហើយ​មាន​មក​តាំង​ពី​ការ​ធ្លាក់​នៃ​លោក​អ័ដាម​ម្ល៉េះ ហើយ​នឹង​នៅ​យ៉ាង​នេះ ​ជា​រៀង​ដរាប​តទៅ លើក​លែង​តែ​គេ​ព្រមធ្វើ​តាម​ សេចក្ដី​ទូន្មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយទៅ​ជា​អ្នកបរិសុទ្ធ​វិញ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់ » ។2

ចេញ​មកពី​គម្ពីរ​មុក្ដាដ៏មាន​តម្លៃមហិមា យើង​យល់​ថា « គ្មានអ្វីដែល​មិនស្អាត​អាច​អាស្រ័យ​នៅ [ នគរ​ព្រះ ] ទេ» 3 ហើយ​ដូច្នោះ​ មានផ្លូវមួយ​បាន​ផ្ដល់​ឲ្យ​មនុស្ស​ទាំងអស់​ដែល​មាន​អំពើបាប​ អាច​ប្រែចិត្ត ហើយ​មានភាព​សក្ដិសម​នៃ​វត្តមាន​របស់​ព្រះបិតា​យើង​នៅស្ថានសួគ៌​ម្ដងទៀត ។

អ្នក​សង្រួបសង្រួម ព្រះប្រោសលោះមួយ​ ត្រូវ​បាន​ជ្រើសរើស ជា​អង្គ​មួយ​ដែល​នឹង​រស់នៅ​ក្នុង​ជីវិត​ដ៏​ឥតខ្ចោះ ពុំ​ប្រព្រឹត្ត​អំពើបាប ហើយ​​ទ្រង់​ « ថ្វាយ​រូបអង្គ​ទ្រង់​ជា​យញ្ញបូជា ជំនួស​អំពើបាប ដើម្បី​តបស្នង​ការចុង​បំផុត​នៃ​ក្រិត្យវិន័យ ដល់អស់​អ្នកណា​ដែល​មាន​ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប ហើយ​គ្មាន​អ្នក​ណា​ទៀតសោះ ដែល​អាច​តបស្នង​ការ​ចុង​បំផុត​នៃ​ក្រិត្យ​វិន័យ​បាន » ។ 4

ស្ដីអំពី​សារៈសំខាន់​នៃ​ដង្វាយធួន ក្នុង​គម្ពីរ​អាលម៉ាយើង​បាន​រៀន​ថា « ព្រោះ​​ជា​ការ​ចាំបាច់​ត្រូវ​តែ​មាន​ដង្វាយធួន​មួយ​កើត​ឡើង... បើ​ពុំ​នោះ​សោត​ទេ​មនុស្ស​លោក​ទាំងអស់​នឹង​ពុំ​អាច​ចៀសផុត​ពី​សេចក្ដី​វិនាស​បាន​ឡើយ » ។ 5

បើ​អ្នក​ពុំ​ខុស នោះ​អ្នក​ពុំត្រូវការ​ដង្វាយធួន​ទេ ។ បើ​អ្នក​មាន​កំហុស ហើយ​យើងទាំងអស់គ្នា​មានកំហុស​ ទោះ​ជា​តូច ឬ ធំ នោះ​អ្នក​ចាំបាច់​​ត្រូវតែ​ស្វែងរក​របៀប​ដើម្បី​លប់​វា​ចោល ដើម្បី​កុំ​ឲ្យ​អ្នក​មាន​កំហុស​តទៅទៀត ។

« [ ព្រះយេស៊ូវ គ្រីស្ទ ] គឺ​ជា​ពន្លឺ និង ជា​ជីវិត​នៃ​ពិភពលោក » ។ 6 នៅ​ពេល​យើង​ផ្ដោត​យ៉ាង​ខ្លាំង​ទៅ​លើ​ទ្រង់ និង ការ​បង្រៀន​របស់​ទ្រង់ នោះ​យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ទៅ​កាន់​ផែនៃ​សុវត្ថិភាព​ខាង​វិញ្ញាណ ។

មាត្រា​នៃ​សេចក្ដី​ជំនឿខទី​បី​ បាន​ថ្លែង​ថា « យើង​ខ្ញុំ​ជឿ​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ នោះ មនុស្ស​លោក​ទាំងអស់​អាច​បាន​សង្គ្រោះ ដោយ​សារ​ការ​គោរព​តាម​ក្រិត្យវិន័យ និង ពិធីការ​ទាំងឡាយ​នៃ​ដំណឹងល្អ » ។ 7

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានប​ង្រៀន​ថា ៖ « មនុស្ស​ពុំ​អាច​អភ័យ​ទោស​អំពើបាប​របស់ពួកគេ​បាន​ទេ ពួកគេ​ពុំ​អាច​សម្អាត​ខ្លួ​នគេ​ពី​លទ្ធផល​នៃ​អំពើ​បាប​របស់​ពួកគេ​ទេ ។ មនុស្ស​អាច​ឈប់​មាន​អំពើ​បាប ហើយ​អាច​ធ្វើ​ត្រូវ​នៅ​ពេល​អនាគត ហើយ​ដរាប​ណា ទង្វើ​របស់ពួកគេត្រូវ​បាន​ចាត់​ទុក​ថា​ អាច​ទទួល​យក​បាន​នៅ​ចំពោះ​ព្រះអម្ចាស់ [ ប្រែ​ជា ] ​សក្ដិសម។ ប៉ុន្តែ​តើ​នរណា​អាច​ជួសជុល​កំហុស​ទាំងឡាយ ដែល​ពួកគេ​បាន​ធ្វើ​ចំពោះខ្លួន​គេ និង ​អ្នកដទៃ​បាន ដែល​វា​ពុំ​អាច​ធ្វើ​ទៅរួច ដើម្បី​ពួកគេ​ជួសជុល​ខ្លួន​គេ​នោះទេ​ ? តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ អំពើបាប​របស់​អ្នក​ប្រែចិត្ត នឹង​ត្រូវ​បាន​លាងសម្អាត ទោះ​ជា​វា​ក្រហម​ឆ្អៅ​ក្ដី នោះ​វា​នឹង​ធ្វើ​ឲ្យ​ទៅ​ជា​ស​ដូចជា​រោមចៀម [ សូមមើល អេសាយ 1:18 ] ។ នេះ​គឺ​ជា​ការ​សន្យា​ដែល​បាន​ផ្ដល់​ឲ្យ​អ្នក » ។ 8

យើង​ពុំ​ដឹង​ច្បាស់​អំពី​របៀប​ដែល​ព្រះអម្ចាស់​សម្រេច​ដង្វាយធួន​នោះ​ទេ ។ ប៉ុន្តែ​យើង​ដឹង​ថា ការ​ធ្វើ ទារុណកម្ម​ឆ្កាង​ដ៏​ឃោរឃៅ គឺ​ជា​ផ្នែក​នៃ​ការ​ឈឺចាប់​ដ៏ខ្លាំង​តែមួយគត់​​ ដែល​បាន​ចាប់​ផ្ដើម​នៅ​សួន​ច្បារគេតសេម៉ានី -- ដែល​ជាកន្លែង​​នៃ​ការ​រងទុក្ខ​ដ៏ពិសិដ្ឋ-- ហើយ​ត្រូវ​បាន​បញ្ចប់​នៅ​ភ្នំរលាដ៏ក្បាល ។

លូកា​បាន​កត់ត្រា​ថា ៖

« រួច​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ចម្ងាយ​ទីប្រហែលជា​គេ​ចោល​ថ្ម​មួយ​ទំហឹង​ដៃ ក៏​លុត​ព្រះ​ជង្ឃ​ក្រាបចុះ​អធិស្ឋាន​ថា

« ឱ​ព្រះវរបិតាអើយ បើសិនជា​ទ្រង់​សព្វព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ។

« នោះ​មាន​ទេវតា​លេច​មក​ឯទ្រង់​អំពី​ស្ថានសួគ៌ មក​ចម្រើន​កម្លាំង​ថ្វាយ ។

« ហើយ​ដោយ​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង​បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹតតែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូចជា​ដំណក់​ឈាម​ដ៏ធំៗស្រក់​ទៅ​ដី » ។ 9

តាម​ដែល​ខ្ញុំ​អាច​ប្រាប់​បាន នោះ​មាន​ដំណើរ​រឿងតែ​​មួយ​នៅ​ក្នុង​ព្រះបន្ទូល​របស់ព្រះអង្គសង្គ្រោះ​ផ្ទាល់ ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​ទ្រង់​បាន​ស៊ូទ្រាំ​នៅ​ក្នុង​សួនច្បារ​គេតសេម៉ានី ។ វិវរណៈ​បាន​កត់​ត្រា​ថា ៖

« ត្បិត​មើល​ចុះ យើង​ជា​ព្រះ បាន​រងទុក្ខ​នូវ​ការ​ទាំងនេះ ជំនួស​មនុស្ស​ទាំងអស់ ដើម្បី​កុំ​ឲ្យ​គេ​អាច​រងទុក្ខ បើសិនជា​ពួកគេ​ប្រែចិត្ត

« ប៉ុន្តែ​បើសិនជា​ពួកគេ​មិន​ព្រមប្រែចិត្ត​ទេ នោះ​ពួកគេ​ត្រូវ​រងទុក្ខ​ដូចជា​យើង​ដែរ

« គឺ​ជា​សេចក្ដី​រងទុក្ខ​វេទនា ដែល​បណ្ដាល​ឲ្យ​យើង​គឺជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំងអស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពីគ្រប់​រន្ធ​ញើស » ។ 10

នៅ​ក្នុង​ជីវិត​របស់​អ្នក មាន​គ្រា​ជាច្រើន ដែល​អ្នក​បាន​ទៅ​កន្លែង​ផ្សេង​ៗ ដែល​អ្នក​ពុំ​គួរ​ទៅ ហើយ​ធ្វើ​នូវ​រឿង​ជាច្រើន​ដែល​អ្នក​ពុំ​គួរ​ធ្វើ ។ បើ​អ្នក​នឹង​ងាកចេញ​ពីអំពើបាប នោះ​នៅ​ថ្ងៃណា​មួយ​អ្នក​នឹង​អាច​ដឹង​ពីភាពសុខសាន្ដ​ដែល​កើត​មកពី​ការ​ធ្វើ​តាម​ផ្លូវ​នៃ​ការ​ប្រែចិត្តទាំងស្រុង ។

មិន​ថា​ការរំលង​របស់​យើង​ជាអ្វី​នោះ​ទេ មិន​ថា​សកម្មភាព​របស់​យើង​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺ​ចាប់​យ៉ាង​ណា​ទេ កំហុស​ទាំងនោះ អាច​ត្រូវ​បាន​លុបចោល ។ ​ ឃ្លា​ក្នុង​បទគម្ពីរ​ដ៏​ល្អបំផុតក្នុង​ខ​គម្ពីរ​ទាំងអស់​​​ចំពោះខ្ញុំ ប្រហែល​ជាគឺ​នៅពេល​ព្រះអម្ចាស់​មាន​បន្ទូលថា ‍« មើល​ចុះ អ្នកណា​ដែល​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយរបស់​ខ្លួន អ្នក​នោះ​ឈ្មោះ​ថា បាន​អត់ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់ មិនចាំពី​អំពើបាប​ទាំងនោះ​ទៀត​ទេ » ។ 11

នោះ​គឺ​ជាការសន្យា​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​គឺ​ ៖ ទទួលយក​មនុស្ស​គ្រប់រូប​ដែល​មក មនុស្ស​គ្រប់​រូប​នឹង​ចូលរួម ហើយ​ដាក់​ពួកគេ​ឆ្លងកាត់​បទពិសោធន៍​មួយ​ដើម្បី​នៅទីបញ្ចប់​នៃ​ជីវិត​ពួកគេ នោះ​ពួកគេ​អាច​ទៅ​ឆ្លងកាត់​វាំងនន ដោយ​​បាន​ប្រែចិត្ត​ពីអំពើបាប​ពួកគេ ហើយ​ត្រូវ​បាន​លាង​សម្អាត​ដោយ​លោហិត​នៃ​ព្រះគ្រីស្ទ ។ 12

នោះ​គឺ​ជា​អ្វី​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ធ្វើ​នៅ​ជុំវិញ​ពិភពលោក ។ នោះ​គឺ​ជា​ពន្លឺ​ដែល​យើង​ផ្ដល់​ទៅ​ដល់​អ្នក​ទាំងឡាយ ដែល​នៅ​ក្នុង​ភាពងងឹត ហើយ​វង្វេង​ផ្លូវ ។ នៅកន្លែង​ណា​ដែល​សមាជិក និង អ្នក​ផ្សព្វផ្សាយសាសនា​យើងអាច​ទៅ​ដល់ នោះ​សារលិខិត​របស់​យើង គឺ​ជា​សារលិខិត​នៃ​សេចក្ដីជំនឿ និង សេចក្ដី​សង្ឃឹម​ទៅ​លើ​ព្រះអង្គសង្គ្រោះ​ ព្រះយេស៊ូវគ្រីស្ទ ។

ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បាន​សរសេរ​កំណាព្យទំនុកដំកើង​ថា « តើ​ដំណើរ​ផ្លូវ​មើល​ទៅ​វែង​ឆ្ងាយ​ឬ ? » ទ្រង់​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ។ ​មាន​នូវ​ការ​លើកទឹកចិត្ត និង ការ​សន្យា​មួយ​ ចំពោះ​អ្នក​ទាំងឡាយ​ដែល​ព្យាយម​ធ្វើតាម​ការបង្រៀន​នៃ​ព្រះអង្គសង្គ្រោះ ៖

តើ​ដំណើរ​ផ្លូវ​មើល​ទៅ​វែង​ឆ្ងាយ

ជាផ្លូវ​ពិបាក និង ចោទ​ឬ ?

តើ​មាន​រុក្ខជាតិបន្លា និង បន្លា​នៅតាមផ្លូវ​ឬ ?

តើ​មាន​ថ្ម​ស្រួច​ៗមុត​ជើ​ង​អ្នក​ទេ

ពេល​អ្នក​ព្យាយាម​ឡើង​ទៅ​លើ

ភ្នំ​ឆ្លងកាត់កណ្ដាល​​ថ្ងៃ​ត្រង់ដ៏​ក្ដៅ​ឬ ?

តើ​ដួងចិត្ត​អ្នក​ទន់ខ្សោយ និង សោកសៅឬ

តើ​ព្រលឹង​អ្នក​នឿយ​ហត់

នៅពេល​អ្នក​ពុះពារ « នៅ​ក្រោម​បន្ទុក​នៃ​ការ​បារម្ភ​របស់​អ្នកឬ ?​

តើ​បន្ទុក​ហាក់ដូចជា​ធ្ងន់ឬ

នៅពេល​អ្នក​ព្យាយាម​លើក ?

តើ​គ្មាន​នរណាម្នាក់​រែក​បន្ទុក​អ្នក​​ទេឬ ?

ចូរ​កុំ​ឲ្យ​ដួងចិត្ត​អ្នក​នឿយ​ហត់​ឡើយ

ឥឡូវ​ដោយ​សារ​អ្នក​ចាប់​ផ្ដើម​ធ្វើ​ដំណើរ

នោះ​មាន​អង្គមួយ​ដែល​នៅ​តែ​ហៅ​អ្នក ។

ចូរ​មើល​ឆ្ពោះ​ទៅលើ​​ដោយ​ក្ដីអំណរ

ហើយ​កាន់​ព្រះ​ហស្ត​​ទ្រង់

ទ្រង់​នឹង​ដឹកនាំ​អ្នក​ទៅ​ដល់​ទីខ្ពស់​ដែលជា

ដែនដី​ថ្មីដ៏បរិសុទ្ធ និង ពិសិដ្ឋ​

ជាកន្លែង​ដែល​ការឈឺចាប់ទាំងអស់ ត្រូវ​បញ្ចប់

ហើយ​ជីវិត​អ្នក​នឹង​មាន​សេរីពីអំពើបាបទាំងអស់​

ជាកន្លែង​ដែលគ្មាន​ទឹកភ្នែក

គ្មាន​ភាពសោកសៅ ។

ចូរ​កាន់ព្រះ​ហស្ត​ទ្រង់ ហើយចូលទៅ​ជាមួយទ្រង់ ។ 13

នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។