រំលង​ការ​រុករក​ចម្បង
តុលា 2012 | សេចក្ដី​អំណរ​នៃ​ការប្រោសលោះ​មរណជន

សេចក្ដី​អំណរ​នៃ​ការប្រោសលោះ​មរណជន

តុលា 2012 សន្និសីទ​ទូទៅ

សំឡេង ទាញ​យក Print Share close

« លោក​នឹង​ដាក់​នៅក្នុង​ចិត្ត​នៃ​កូនចៅ​នូវ​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​ពួកឪពុក ហើយ​ចិត្ត​នៃ​កូនចៅ​នឹង​បាន​បង្វែរ​មក​រក​ពួកឪពុក​របស់​ពួកគេ​វិញ » ។

ព្រះអម្ចាស់​បាន​លាតត្រដាង​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ នូវ​គោលលទ្ធិ​ដ៏​បំផុស​គំនិត​ដែល​ទាក់ទង​នឹង​ពិធីការ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ វិវរណៈ​បាន​មក នៅពេល​ព្រះវិហារ​គ្រីស្ទាន​ផ្សេង​ទៀត​បាន​បង្រៀន​ថា សេចក្ដី​ស្លាប់​ពិតជា​សម្រេច​ជោគវាសនា​នៃ​ព្រលឹង​ដ៏​អស់កល្ប​ជានិច្ច​មែន ។ ពួកគេ​បាន​បង្រៀន​ថា មនុស្ស​ដែល​បាន​ជ្រមុជទឹក​នឹង​ត្រូវ​ទទួល​បាន​រង្វាន់​ជា​សេចក្ដី​អំណរ​ដ៏​មិន​ចេះចប់ ខណៈដែល​អ្នកផ្សេង​ទៀត​ទាំងអស់​ជួប​នឹងទុក្ខ​វេទនា​ដ៏​អស់កល្ប​ជានិច្ច ដោយ​គ្មាន​សេចក្ដី​សង្ឃឹម​នៃ​ការប្រោសលោះនោះ ។

វិវរណៈ​របស់​ព្រះអម្ចាស់​ថា តាមរយៈ​អំណាច​បព្វជិតភាព​ដ៏​ត្រឹមត្រូវ ពិធីបុណ្យ​ជ្រមុជទឹក​អាច​សម្ដែង​ឡើង​ជួស​ឲ្យ​មរណជន​ដែល​ទុក​សម្រាប់​សេចក្ដី​យុត្តិធម៌​នៃ​ឃ្លា​របស់​ទ្រង់​ថា ៖ « បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នកណា​អាច​នឹង​ចូល​ទៅក្នុង​នគរ​ព្រះ​បាន​ទេ » ។1 ពិធីបុណ្យ​ជ្រមុជទឹក​ជំនួស អាច​ផ្ដល់​ពិធីបរិសុទ្ធ​ដ៏​សំខាន់​នេះ​ដោយ​ក្ដីមេត្តា​ករុណា​ដល់​មរណជន​ទាំងអស់​ដែល​ស័ក្ដិសម ដែល​មិន​បាន​ទទួលបាន​វា​ក្នុង​ជីវិត​រមែង​ស្លាប់ ។

គោលលទ្ធិ​ដ៏​រុងរឿង​នេះ គឺជា​សាក្សី​មួយ​ទៀត​នៃ​លក្ខណៈ​សម្បត្តិ​ដ៏​ឥតខ្ចោះ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​ដែល​ប្រែចិត្ត​ទាំងអស់ ។ ដង្វាយធួន​របស់​ទ្រង់ យកឈ្នះ​លើ​សេចក្ដី​ស្លាប់ ហើយ​ទ្រង់​អនុញ្ញាត​ឲ្យ​មរណជន​ដែល​ស័ក្ដិសម​ទទួល​បាន​ពិធីបរិសុទ្ធ​ជំនួស​ទាំងអស់​នៃ​សេចក្ដី​សង្គ្រោះ ។

នៅក្នុង​សំបុត្រ​មួយ ដែល​បាន​សរសេរ​ជាង 150 ឆ្នាំ​កន្លង​ទៅ យ៉ូសែប ស្ម៊ីធ បាន​និយាយ​ថា ៖ « ពួកបរិសុទ្ធ​មាន​ឯកសិទ្ធិ​ទទួល​បុណ្យ​ជ្រមុជទឹក​សម្រាប់ ... សាច់ញាតិ​របស់​ពួកគេ​ដែល​បាន​ស្លាប់​ទៅ ... ដែល​បាន​ទទួល​ដំណឹងល្អ​ជា​វិញ្ញាណ ... តាមរយៈ ... អ្នកទាំងឡាយ​ដែល​បាន​ចាត់​ឲ្យ​មក​ផ្សព្វផ្សាយ​ដល់​ពួកគេ » ។2 ក្រោយ​មក លោក​បាន​បន្ថែម​ថា « ពួកបរិសុទ្ធ​ទាំងឡាយ​ដែល​ប្រហែស​មិន​បាន​ធ្វើ​ពិធីការ​នេះ​ជំនួស​សាច់ញាតិ​ដែល​ស្លាប់​របស់​ពួកគេ ធ្វើ​ឲ្យ​ប្រថុយប្រថាន​ដល់​សេចក្ដី​សង្គ្រោះ​ផ្ទាល់​របស់​ពួកគេ » ។3

ព្យាការី អេលីយ៉ា ប្រគល់​កូនសោ​ទាំងឡាយ​សម្រាប់​កិច្ចការ​ជំនួស​ដល់ យ៉ូសែប ស្ម៊ីធ នៅ​ព្រះវិហារ​បរិសុទ្ធ ក្រុង​ខឺតឡង់4 ដើម្បី​បំពេញ​សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​ថា « លោក​នឹង​ដាក់​នៅក្នុង​ចិត្ត​នៃ​កូនចៅ​នូវ​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​ពួកឪពុក ហើយ​ចិត្ត​នៃ​កូនចៅ​នឹង​បាន​បង្វែរ​មក​រក​ពួកឪពុក​របស់​ពួកគេ​វិញ » ។5

តាមរយៈ​វិវរណៈ​បន្ថែម​ដល់ យ៉ូសែប ស្ម៊ីធ និង ព្យាការី​ក្រោយមក​ទៀត មាន​ការយល់ដឹង​មួយ និង លក្ខខណ្ឌ​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង កិច្ចការ​ពង្សប្រវត្តិ​ដែល​គាំទ្រ​កិច្ចការ​ទាំងនោះ ។ ព្យាការី​គ្រប់រូប តាំងពី​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​សង្កត់​ធ្ងន់​លើ​តម្រូវការ​ជា​បន្ទាន់​ដើម្បី​ផ្ដល់​ពិធីបរិសុទ្ធ​ទាំងអស់​សម្រាប់​ខ្លួន​យើង និង បុព្វបុរស​យើង​ដែល​បាន​ចែក​ឋាន​ទៅ ។

កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង ពង្ស​ប្រវត្តិ គឺជា​កិច្ចការ​មួយ​ដែល​បែងចែក​ជា​ពីរ​ផ្នែក ។ វា​ភ្ជាប់​រួម​គ្នា​ដូចជា​ពិធីការ​បុណ្យ​ជ្រមុជទឹក និង អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ ។ សមាជិក​ខ្លះ មិន​អាច​ធ្វើ​កិច្ចការ​ទាំងពីរ​បាន​ដោយសារ​តែ​សុខភាព ឬ ដោយសារ​ព្រះវិហារ​បរិសុទ្ធ​នៅ​ឆ្ងាយ ។

ប្រធាន ហាវើដ  ដបុលយូ ហឹនធើរ បាន​បង្រៀន​ថា ៖

« យើង​ត្រូវ​តែ​សម្រេច​ការងារ​ពិធីបរិសុទ្ធ​បព្វជិតភាព​នៅ​ព្រះវិហារ​បរិសុទ្ធ​ដែល​ចាំបាច់​សម្រាប់​ការតម្កើង​ឡើង​របស់​យើង​ផ្ទាល់ ; បន្ទាប់មក​យើង​ត្រូវ​ធ្វើ​ការងារ​ចាំបាច់​សម្រាប់​អ្នក​ដែល​មិន​មាន​ឱកាស​ទទួល​យក​ដំណឹងល្អ​នៅក្នុង​ជីវិត ។ ការធ្វើ​កិច្ចការ​សម្រាប់​អ្នកដទៃ​ត្រូវ​បាន​សម្រេច​តាម​ជំហាន​ពីរ ៖ ទី​មួយ ដោយ​ការស្រាវជ្រាវ​ពង្ស​ប្រវត្តិ​ដើម្បី​ដឹង​ថា​នរណា​ជា​ដូនតា​របស់​យើង ហើយ​ទី​ពីរ ដោយ​ការធ្វើ​ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ផ្ដល់​ឱកាស​ដូចគ្នា​ដល់​ពួកគាត់​ដូច​អ្នក​នៅ​រស់​ដែរ ។

« សូម្បី​យ៉ាងនោះ​ក្ដី មាន​សមាជិក​សាសនាចក្រ​ជាច្រើន​ដែល​មាន​កម្រិត ​ក្នុង​ការទៅ​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​ធ្វើ​អស់​ពី​លទ្ធភាព តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ពួកគេ​ធ្វើ​ការស្រាវជ្រាវ​ពង្ស​ប្រវត្តិ និង ឲ្យ​អ្នកផ្សេង​ធ្វើ​កិច្ចការ​ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​ ។ ម្យ៉ាងវិញទៀត មាន​សមាជិក​ខ្លះ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ប៉ុន្ដែ​មិន​បាន​ធ្វើ​ការស្រាវជ្រាវ​ពង្ស​ប្រវត្តិ​ក្នុង​គ្រួសារ​ផ្ទាល់​របស់​ពួកគេ ។ ទោះបីជា​ពួកគេ​ធ្វើ​ការបម្រើ​ដ៏​ទេវភាព​ជួយ​អ្នកដទៃ​ក្ដី ពួកគេ​បាត់បង់​ពរជ័យមួយ​ពេល​គេ​មិន​បាន​រក​សាច់ញាតិ​ស្លាប់​ផ្ទាល់​របស់​ពួកគេ ទោះជា​ពួកគេ​ត្រូវ​បាន​ណែនាំដ៏​ទេវភាពដោយ​ព្យាការី​ថ្ងៃ​ចុងក្រោយ​ឲ្យ​ធ្វើ​ដូច្នោះ​​ក្ដី ... ។

« ខ្ញុំ​បាន​ដឹង​ថា អ្នក​ដែល​ធ្វើ​ការស្រាវជ្រាវ​ពង្ស​ប្រវត្តិ ហើយ​បន្ទាប់មក​ធ្វើ​កិច្ចការ​ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​អ្នក​មាន​ឈ្មោះ​ដែល​បាន​រកឃើញ​នោះ នឹង​ដឹង​ពី​សេចក្ដី​អំណរ​បន្ថែម​ក្នុង​ការទទួល​បាន​ពរជ័យ​ពាក់កណ្ដាល​ទាំងពីរ » ។6

ព្រះវរបិតា​នៅ​ស្ថានសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ម្នាក់ៗ​ទទួល​បាន​ពរជ័យ​ទាំងពីរផ្នែក​នៃ​កិច្ចការ​ជំនួស​ដ៏​សំខាន់​នេះ ។ ទ្រង់​បាន​ដឹកនាំ​អ្នកផ្សេង​ឲ្យ​បង្ហាញ​យើង​ពី​របៀប​ដើម្បី​ធ្វើ​បាន ។ វា​ស្ថិត​លើ​អ្នក និង ខ្ញុំ​ទេ ដែល​ត្រូវ​ទទួល​យក​ពរជ័យ​ទាំងនោះ ។

កិច្ចការ​អ្វី​ដែល​អ្នក​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ គឺជា​ពេល​ដែល​ចំណាយ​បាន​ល្អ ប៉ុន្ដែ​ការទទួល​ពិធីបរិសុទ្ធ​ជំនួស​សម្រាប់​បុព្វបុរស​ផ្ទាល់​របស់​អ្នក​មួយ នឹង​ធ្វើ​ឲ្យ​ពេលវេលា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់​តែ​ពិសិដ្ឋ ហើយ​ថែមទាំង​ទទួល​បាន​ពរជ័យ​ដ៏​អស្ចារ្យ​ជាង​ទៀត​ផង ។ គណៈប្រធាន​ទី​មួយ​បាន​ប្រកាស​ថា « កាតព្វកិច្ច​ដ៏​សំខាន់​បំផុត​របស់​យើង គឺ​ត្រូវ​ស្វែងរក​បុព្វបុរស​ផ្ទាល់​របស់​យើង » ។7

តើ​អ្នក ដែល​ជា​យុវវ័យ ចង់​បាន​វិធី​ដ៏​ជាក់លាក់​មួយ​ដើម្បី​លុបបំបាត់​ឥទ្ធិពល​នៃមារសត្រូវ ​នៅក្នុង​ជីវិត​របស់​អ្នក​ទេ ? ការជ្រមុជ​ខ្លួន​ក្នុង​ការស្រាវជ្រាវ​រក​បុព្វបុរស​របស់​អ្នក រៀបចំ​ឈ្មោះ​របស់​ពួកគាត់​សម្រាប់​ពិធិ​បរិសុទ្ធ​ជំនួស​ដ៏ពិសិដ្ឋ​ដែល​មាន​នៅ​ក្នុង​​ព្រះវិហារ​បរិសុទ្ធ ហើយ​បន្ទាប់មក​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​ជា​អ្នកតំណាង​សម្រាប់​ពួកគាត់​ឲ្យ​ទទួល​បាន​ពិធីការ​បុណ្យ​ជ្រមុជទឹក និង អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​អ្នក​ធំ​ឡើង អ្នក​នឹង​អាច​ចូលរួម​ក្នុង​ការទទួល​ពិធីបរិសុទ្ធ​ផ្សេង​ទៀត​ផង​ដែរ ។ ខ្ញុំ​គិត​ថា គ្មាន​ការការពារ​ពី​ឥទ្ធិពល​នៃ​មារសត្រូវ​នៅក្នុង​ជីវិត​របស់​អ្នក​ណា​ ដែលអស្ចារ្យ​ជាង​នេះ​ទេ ។

នៅក្នុង​បេសកកម្ម រ៉ូស្ដូណាដូនុ ប្រទេស​រុស្ស៊ី ​យុវជន​ម្នាក់ៗ​ត្រូវ​បាន​អញ្ជើញឲ្យ​រៀបចំ​ឈ្មោះចំនួន 2000 ហើយ​បន្ទាប់មក​រៀបចំ​យ៉ាងហោច​ណាស់​ឈ្មោះ​មួយ​ពី​គ្រួសារ​ផ្ទាល់​របស់​ពួកគេ​សម្រាប់​ពិធីការ​បរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​ទាំងឡាយ​ណា​ដែល​សម្រេច​បាន​គោលដៅ​នេះ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​ដំណើរ​ដ៏​វែង​មួយ​ទៅ​ព្រះវិហារ​បរិសុទ្ធ Kyiv ប្រទេសអ៊ុយក្រែន​ថ្មី ។ យុវជន​ម្នាក់​បាន​ចែកចាយ​បទពិសោធន៍​របស់​គាត់​ថា ៖ « ខ្ញុំ​បាន​ចំណាយ​ពេល​ជាច្រើន​លេង​ហ្គេម​​កុំព្យូទ័រ ។ នៅពេល​ខ្ញុំ​ចាប់ផ្ដើម​រៀបឈ្មោះ ខ្ញុំ​គ្មាន​ពេល​លេងហ្គេម​ទៀត​ទេ ។ ដំបូង​ខ្ញុំ​គិត​ថា ‹ ទេ ! តើ​​វា​កើត​ឡើង​​ដោយ​របៀប​ណា ! › តែនៅពេល​គម្រោង​នេះ​ចប់ទៅ ខ្ញុំ​​លែង​ចង់​លេង​ហ្គេមនោះ​ទៀត ។ ... កិច្ចការ​ពង្ស​ប្រវត្តិ គឺជា​អ្វីមួយ​ដែល​យើង​អាច​ធ្វើ​នៅ​លើ​ផែនដី​នេះ ហើយ​វា​នឹង​បន្ដ​នៅ​ស្ថានសួគ៌ » ។

ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​ជាច្រើន បាន​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ខ្សែស្រឡាយ​គ្រួសារ​របស់​គេ ហើយ​បាន​ប្រើ​លក្ខណៈ​ពិសេស​ដែល​បាន​រក្សា​ទុក​ក្នុង FamilySearch ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ ដូច្នេះ​សមាជិក​គ្រួសារ​របស់​ពួកគេ​ផ្ទាល់​អាច​ធ្វើ​ជា​អ្នកតំណាង​ក្នុង​ពិធីការ​នោះ ។ គោលបំណង​នៃ​ការរក្សា​ទុក​ឈ្មោះ​នេះ គឺ​ដើម្បីទុក​ពេល​វេលា​សមរម្យ​ឲ្យ​បុគ្គល​ម្នាក់ៗ​ដែល​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​បុព្វបុរស និង ខ្សែស្រឡាយ​គ្រួសារ​ដែល​ជាប់​គ្នា​ទាំងឡាយ ។ សព្វថ្ងៃ​នេះ មាន​ឈ្មោះ 12 លាន និង ពិធីបរិសុទ្ធដែល​ស្របគ្នា​រាប់លាន ដែល​ត្រូវបានរក្សា​​ទុក ។ ឈ្មោះ​ជាច្រើន​បាន​ដាក់​ទុក​រាប់​ឆ្នាំ ។ បុព្វបុរស​ដែល​បាន​រកឃើញ នឹង​​អន្ទះសារ ហើយ​រំភើបយ៉ាង​ខ្លាំង ​ពេល​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​មាន​កិច្ចការ​ពិធីបរិសុទ្ធ​ធ្វើ​ឡើង ។ ទោះយ៉ាងណាក្ដី ពួកគេ​មិន​អាច​សប្បាយ​ខ្លាំង​ទេ ពេល​ពួកគេ​ត្រូវ​បន្ដ​រង់ចាំការ​ធ្វើ​​ពិធីបរិសុទ្ធ​ទាំងនោះ​ ។

យើង​សូម​លើកទឹកចិត្ត​អ្នក​ទាំងអស់​គ្នា​ដែល​មាន​បញ្ជី​រក្សាឈ្មោះ​​ដ៏​ធំ​មួយ​ដើម្បី​ចែកចាយ ឲ្យ​សមាជិក​នានា​នៃ​គ្រួសារ ឬ វួដ និង ស្ដេក​ដ៏​ធំ​របស់​អ្នក​អាច​ជួយ​អ្នក​បំពេញ​កិច្ចការ​នោះ ។ អ្នក​អាច​ធ្វើ​វា​បាន ដោយ​ចែក​ក្រដាស​ដែល​មាន​ឈ្មោះ​អ្នកស្លាប់ ដែល​ប្រើ​សម្រាប់​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​បុគ្គល​នោះ​ ទៅ​ដល់​សមាជិក​វួដ និង ស្ដេក​ដែល​ចង់​ជួយ ឬ ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ FamilySearch ដើម្បី​បញ្ចូល​ឈ្មោះ​នោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់​តែម្ដង ។ របៀប​នេះគឺ​ជា​អ្វី​ដែល Cindy Blevins មក​ពី Casper រដ្ឋ Wyoming បាន​ប្រើ​ជា​យូរ​មក​ហើយ ។

បងស្រី Blevins បាន​ជ្រមុជទឹក​កាល​ពី​នាង​នៅជា​យុវវ័យ​ម្នាក់ ហើយ​ជា​សមាជិក​សាសនាចក្រ​តែ​ម្នាក់​ឯង​នៃ​គ្រួសារ​នាង ។ នាង​បាន​បញ្ចប់​កិច្ចការ​ពង្ស​ប្រវត្តិ​បាន​យ៉ាង​ច្រើន ។ ប៉ុន្ដែ​មាន​ឈ្មោះ​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​សម្រាប់​នាង និង គ្រួសារ​ផ្ទាល់​របស់​នាង​ដើម្បី​ធ្វើ ។ ជា​លទ្ធផល បង​ស្រី Blevins បាន​បញ្ជូន​​ឈ្មោះ​ទាំងនោះ​ ដែលជាញឹកញាប់​បាន​បញ្ចប់​ក្នុង​រយៈពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះទៅ​ព្រះវិហារ​បរិសុទ្ធ ​ដែលជា​ធម្មតា​នាង​រាយការណ៍ទៅ​ព្រះវិហារ​បរិសុទ្ធ​មួយ​ដែល​ជិត​ផ្ទះ​នាង​បំផុត ។ នាង​និយាយ​ថា នាង​ចូលចិត្ត​គិត​ថា មិត្តភក្ដិ និង អ្នកជិតខាង​នៅក្នុង​វួដ និង ស្ដេក​ផ្ទាល់​របស់​នាង​អាច​ជា​អ្នកដែល​ជួយ​បំពេញ​កិច្ចការ​នោះ​សម្រាប់​បុព្វបុរស​របស់​នាង ។ នាង​កោតសរសើរ​ចំពោះ​ការជួយ​របស់​ពួកគេ ។

ភរិយា​ជាទី​ស្រឡាញ់​របស់​ខ្ញុំ Jeanene ចូលចិត្ត​ធ្វើ​ការស្រាវជ្រាវ​ពង្ស​ប្រវត្តិ ។ កាល​​កូនៗ​របស់​យើង​នៅ​ក្មេង នាង​ និង​ មិត្តភក្តិ​របស់នាង​ជួយ​មើល​កូន​គ្នាទៅវិញ​ទៅ​​មក ដូច្នេះ​គាត់​អាច​មាន​ពេល​ពីរ​បី​ម៉ោង​រាល់​ពីរ​បី​សប្ដាហ៍​ម្ដង​ដើម្បី​ធ្វើ​ការស្រាវជ្រាវ​ខ្សែស្រឡាយ​គ្រួសារ​របស់​យើង ។ ក្រោយពី​កូនពៅ​យើង​បាន​ចេញ​ពី​ផ្ទះ គាត់​បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ផ្ទាល់​របស់​គាត់​ថា ៖ « ខ្ញុំ​ទើប​តែ​សម្រេច​ចិត្ត ហើយ​ខ្ញុំ​ចង់​ក្រោកឈរ ហើយ​ស្រែក​ដោយ​អំណរ​ពី​វា ។ បន្ទប់គេង​ចាស់​របស់ Mike បាន​ក្លាយជា​បន្ទប់​ធ្វើការ​ពង្ស​ប្រវត្តិ​របស់​ខ្ញុំ ។ វា​បំពាក់​គ្រឿង​ល្អៗ​ដើម្បី​រៀបចំ​កំណត់ត្រា​ពង្ស​ប្រវត្តិ ហើយ​ធ្វើការ​នោះ ។ ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​ផ្ដោតលើ​ការស្រាវជ្រាវ​ពង្ស​ប្រវត្តិ​ដ៏​សំខាន់ និង ការបញ្ជូន​ឈ្មោះ​នោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ពិត​ជា​រំភើប និង អន្ទះសារ​ណាស់​ដើម្បី​បន្ដ​ទៀត » ។8

​កំណត់ហេតុ​ដដែល​នោះ​នៃ​កន្លែងផ្សេង​ទៀត​សរសេរ​ថា ៖ « ... អព្ភូតហេតុ​សម្រាប់​ខ្ញុំ​បាន​កើតឡើង នៅក្នុង​ការិយាល័យ​ពង្ស​ប្រវត្តិ​របស់​ Mel Olsen ដែល​បាន​បង្ហាញ​ដល់​ខ្ញុំ​នូវ​ក្រដាស​មួយ​នៃ​តារាង​ពង្ស​ប្រវត្តិ​ដែល​ស្គាល់​ទាំងអស់​របស់​ខ្ញុំ ដែល​យក​ចេញ​ពីបច្ចុប្បន្នភាពក្នុង កំណត់ត្រា​កុំព្យូទ័រ Ancestral Fileដែល​បាន​ផ្ញើ​ទៅ​សង្គម​ពង្ស​ប្រវត្តិ​មួយ ។ តារាង​នោះ ភាគច្រើន​ចេញ​ពី​កំណត់ត្រា​ដែល​ហៅ​ថា​ ​កម្មវិធី​ពង្ស​ប្រវត្តិ​បួន​ជំនាន់​របស់​សាសនាចក្រ ដែល​មាន​ជាច្រើន​ឆ្នាំកន្លង​ទៅ​ហើយ ។ ខ្ញុំបាន​មាន​​គំនិតជា​ច្រើន​​នៃ​កិច្ចការ​ដ៏​ធំដែល​ខ្ញុំ​ត្រូវ​ធ្វើ ដើម្បី​ប្រមូល​កំណត់ត្រា​ស្រាវជ្រាវ​របស់​បុព្វបុរស​របស់​ខ្ញុំ​ទាំងអស់​ពី​រចនាសម្ព័ន្ធ​គ្រួសារ​ដើម្បី​ដាក់​វា​ទាំងអស់​នៅក្នុង​កុំព្យូទ័រ​សម្រាប់​ការចែក Ancestral File តាម​កុំព្យូទ័រ​ដ៏​ធំ​ជា​លើក​ដំបូង ។ ហើយ​ទីនោះ វា​ទាំងអស់​គឺ​ស្អាត រៀបចំ​បាន​ល្អ ហើយបោះពុម្ព​ចេញ និង ដាក់​លើ​តុ​ពី​មុខ​ខ្ញុំ ។ ខ្ញុំ​ពិត​ជា​រំភើប​ណាស់ ហើយ​មាន​អំណរ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អង្គុយ​ទីនោះ​រំភើប ហើយ​បន្ទាប់​មក​ចាប់ផ្ដើម​យំ ដោយ​សារ​ក្ដី​សប្បាយ ... ។ សម្រាប់​បុគ្គល​ម្នាក់​ដែល​បាន​ស្រាវជ្រាវ​មិន​ឈប់ឈរ យ៉ាង​ព្យាយាម​រយៈពេល​សាមសិប​ឆ្នាំ ដោយ​ដាក់​កំណត់ត្រា​ទាំងអស់​នេះ​ទៅក្នុង​កុំព្យូទ័រ​គឺ​ពិតជា​ការរីករាយ​ខ្លាំង​ណាស់ ។ ហើយ​នៅពេល​ខ្ញុំ​គិត​ពី​មនុស្ស​រាប់រយ​ពាន់​នាក់ ដែល​ឥឡូវនេះ ឬ ឆាប់ៗ​នេះ​នឹង​ត្រូវ​ដាក់​ក្នុង​កុំព្យូទ័រ​មាន​ចំនួន​ក្រុម​ដ៏​ច្រើន និង ឌីស​ស្រាវជ្រាវ​ឯកជន ។ ... ខ្ញុំ​ពិត​ជា​រំភើប ។ វា​ពិត​ជា​កិច្ចការ​របស់​ព្រះអម្ចាស់​មែន ហើយ​ទ្រង់​កំពុង​ដឹកនាំ​កិច្ចការ​នេះ » ។9

ខ្ញុំ​មាន​បទពិសោធន៍​គ្រប់គ្រាន់​នៃ​កិច្ចការ​ដ៏​វិសេស​នេះ​ដើម្បី​ដឹង​ថា កូនសោ​ដែលត្រូវ​បាន ​អេលីយ៉ា ​ស្ដារ​ឡើង​វិញ​ដល់ យ៉ូសែប ស្ម៊ីធនោះ ធ្វើ​ឲ្យ​ចំណង​ដួង​ចិត្តរបស់​យើង​ចង​ភ្ជាប់​គ្នា ជាមួយ​នឹង​បុព្វបុរស​របស់​យើង​ដែល​កំពុង​រង់ចាំ​ជំនួយ​ពីយើង ។ តាមរយៈ​ការខិតខំ​របស់​យើង​នៅក្នុង​ព្រះវិហារ​ដ៏​បរិសុទ្ធ​នៅ​លើ​ផែនដី​នេះ ដោយ​ប្រើប្រាស់​សិទ្ធិ​អំណាច​ដែល​តែងតាំង​ដោយ​ព្រះអង្គ​សង្រ្គោះ នោះបុព្វបុរស​របស់​យើង​នឹង​ទទួល​បាន​ពិធីបរិសុទ្ធ​សង្គ្រោះ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​រីករាយ​នឹង​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច ។

កាលពី​អតីតកាល ដោយ​បាន​ជម្រុញ​ដោយ​ការជឿស៊ប់​ខ្លាំង​នៃ​ការញែក​ចេញ​នៃ​កិច្ចការ​នេះ បុគ្គល​គ្រប់រូប​បាន​ប្រឈមមុខ​ដោយ​ស្មោះត្រង់​នឹង​ឧបសគ្គ​មួយ​ដែល​មើល​ទៅ​ដូចជា​កំពុង​ព្យាយាម​ច្រូតកាត់​ផល​ទាំងអស់​នៅក្នុង​រដ្ឋ Nebraska ដោយ​ខ្លួន​អ្នក​ផ្ទាល់ ។ ឥឡូវ​នេះ ម៉ាស៊ីន​ច្រូតកាត់​ដ៏​ខ្លាំង​ជាច្រើន កំពុង​ធ្វើការ ។ ដោយរួម​គ្នា យើង​អាច​នឹង​សម្រេច​បាន​កិច្ចការ​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​បាន ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវិញ្ញាណ​របស់​អេលីយ៉ា​កំពុង​មាន​ឥទ្ធិពល​លើ​កូនចៅ​ព្រះវរបិតា​ជាច្រើន​ទូទាំង​ពិភពលោក ដែលបណ្ដាល​ឲ្យ​កិច្ចការ​សម្រាប់​អ្នកស្លាប់​លឿន​ទៅមុខ​ក្នុង​សន្ទុះ​មួយ​ដ៏​ខ្លាំងក្លា ។

ប៉ុន្ដែ ចុះ​អ្នក​វិញ ? តើ​អ្នក​មាន​អធិស្ឋាន​អំពី​កិច្ចការ​របស់​បុព្វបុរស​ផ្ទាល់​របស់​អ្នក​ទេ ? សូម​ដាក់​រឿង​ទាំងឡាយ ដែល​មិន​សូវ​មាន​ប្រយោជន៍​នៅក្នុង​ជីវិត​អ្នក​មួយ​ឡែក​សិន ។ សូម​សម្រេច​ធ្វើ​អ្វី​មួយ​ដែល​នឹង​មាន​លទ្ធផល​អស់កល្ប​ជានិច្ច ។ ប្រហែល​អ្នក​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ស្វែងរក​បុព្វបុរស​ទាំងឡាយ ប៉ុន្ដែ​អាច​មាន​អារម្មណ៍​ថា អ្នក​មិនមែន​ជា​អ្នកជំនាញ​ខាង​ពង្សប្រវតិ្ត​ម្នាក់ទេ ។ តើ​អ្នក​អាច​ឃើញ​ថា អ្នក​មិន​ចាំបាច់​ជា​អ្នកជំនាញ​នោះ​ទេ ? កិច្ចការ​នេះ ចាប់ផ្ដើម​​ក្ដីស្រឡាញ់ និង បំណង​ប្រាថ្នា​ដ៏​ស្មោះត្រង់​មួយ​ដើម្បី​ជួយ​ដល់​មរណជន​ទាំងឡាយ​ដែល​មិន​អាច​ជួយ​ខ្លួន​គេ​បាន ។ សូម​រៀនដោយ​ការសង្កេត ។ នឹង​មាន​នរណា​ម្នាក់​ក្បែរ​អ្នក ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ ។

កិច្ចការ​នេះ គឺជា​កិច្ចការ​ខាង​វិញ្ញាណ ជា​ការខិតខំ​ដ៏​មហិមា​មួយ​នៃ​ការសហការ​ពី​មនុស្ស​ទាំង​សងខាង​នៃ​វាំងនន ដែល​ជំនួយ​នឹង​ត្រូវ​បាន​ផ្ដល់​ពី​ទាំង​ពីរ​ទិស ។ មិន​ថា​អ្នក​នៅ​ទីណា​ក្នុង​ពិភពលោក​នេះ​ទេ ដោយ​ការអធិស្ឋាន សេចក្ដី​ជំនឿ ការតាំងចិត្ត ការព្យាយាម និង ពលិកម្ម​ខ្លះ អ្នក​អាច​ផ្ដល់​ការរួមចំណែក​មួយ​ដ៏​ខ្លាំងក្លា ។ សូម​ចាប់ផ្ដើម​ឥឡូវ ។ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ឲ្យ​រកឃើញ​ផ្លូវ​មួយ ។ ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អស្ចារ្យ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយស៊ូវគ្រីស្ទ ។ អាម៉ែន ។

បង្ហាញ​សេចក្ដី​យោងលាក់​សេចក្ដី​យោង

  កំណត់​ចំណាំ

  1. យ៉ូហាន 3:5 ។

  2. History of the Church, , 4:231 ។

  3. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ 2007), 471–72 ។

  4. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 110:13–16  ។

  5. គោលលទ្ធិ និង សេចក្ដី​សញ្ញា 2:2 ; សេចក្ដី​បញ្ជាក់​បន្ថែម ។

  6. ហាវើដ  ដបុលយូ ហឹនធើរ « A Temple-Motivated People »លីអាហូណា ខែ ឧសភា ឆ្នាំ 1995 ។

  7. សារលិខិត​ពី​គណៈប្រធាន​ទី​មួយ ថ្ងៃទី 29ខែ កុម្ភៈ ឆ្នាំ 2012 ; សេចក្ដី​បញ្ជាក់​បន្ថែម ។

  8. សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន​របស់ Jeanene Scott ខែ មេសា ឆ្នាំ 1988 ។

  9. សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន​របស់ Jeanene Scott ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ 1989 ។