សេចក្តីអំណរ​នៃ​បព្វជិតភាព

ដោយ​ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ

ទីប្រឹក្សាទីពីរ​នៅ​ក្នុង​គណៈប្រធានទីមួយ


ចូរ​យើង​ឱបក្រសោប ហើយ​យល់​នូវ​ភាពអស្ចារ្យ និង ឯកសិទ្ធិនៃ​បព្វជិតភាព ។ ចូរ​យើង​ទទួល​យក និង ស្រឡាញ់​ការទទួលខុសត្រូវ​ ដែល​យើង​ត្រូវ​បាន​សុំ​ឲ្យ​បំពេញ ។

​សេចក្តីអំណរ​នៃការបើកយន្តហោះ

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ មិត្ត​អ្នក​បើក​យន្ដហោះ​មួយចំនួន និង ខ្ញុំ​បាន​សម្រេចចិត្ត​បំពេញ​សុបិន​ពីកុមារភាព ក្នុង​ការ​ស្ដារ​ឡើងវិញ​នូវ​យន្ដហោះ​ចាស់​មួយ ។ យើង​បាន​ទិញ​ជាមួយ​គ្នា​នូវ​យន្ដ​ហោះ​ Piper Cub ចាស់ៗ ឆ្នាំ 1983 ហើយ​បាន​ចាប់​ផ្ដើម​​​ស្ដារវាឲ្យ​មក​ទម្រង់ដើម​វា​វិញ ។ គម្រោង​នោះ គឺ​ជា​កិច្ចការ​ជាទីគាប់ចិត្តរបស់យើង​ ។ វា​មាន​អត្ថន័យពិសេស​សម្រាប់​ខ្ញុំ ដោយ​សារ​ខ្ញុំ​បាន​រៀនបើកនៅក្នុង​យន្ដ​ហោះ​ស្រដៀងគ្នា នៅពេល​ខ្ញុំ​ជា​យុជនវ័យក្មេង​ ។

យន្ដហោះ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដំបូង មានរយៈពេល​តែ 35 ឆ្នាំ បន្ទាប់ពី​បងប្អូន​ប្រុស រ៉ាយ ​​បានធ្វើ​ការ​​ហោះហើរដំបូង​របស់ពួកគេ​ដ៏​ល្បីល្បាញ ។ គ្រាន់តែ​គិតអំពីរឿងនោះ វា​ធ្វើ​ឲ្យ​ខ្ញុំ​មានអារម្មណ៍ចាស់​ណាស់ ។

ម៉ាស៊ីន ពុំ​មាន​កន្លែង​បញ្ឆេះ​អេឡិចត្រិច​ទេ ខណៈ​ដែល​អ្នក​ត្រូវ​បញ្ឆេះ​ម៉ាស៊ីន​មក​ពីកាប៊ីន យន្ដហោះ នរណាម្នាក់​នៅ​លើ​ដី​នឹង​​ចាប់​កាន់​ស្លាបកង្ហារ​ ហើយ​ក្រវាត់វាយ៉ាង​ខ្លាំង រហូត​ដល់​ម៉ាស៊ីន​នឹង​ឆេះ​ដោយ​ខ្លួន​ឯង ។ ការ​បញ្ឆេះ​ម៉ាស៊ីននីមួយៗ គឺ​ជា​គ្រា​ដ៏​រំភើប និង ក្លាហាន ។

ពេល​យន្ដហោះ​ឡើង​ផុតអាកាស វា​ប្រែជាយន្ដហោះ​ Piper Cub ដែលពុំ​មែន​ជា​យន្ដហោះល្បឿន​​លឿនទេ​ ។ តាមពិត នៅពេល​មាន​ខ្យល់​បក់​ខ្លាំង​មក​ចំយន្ដ​ហោះ វា​ហាក់ដូចជា​យើង​ពុំ​រំកិល​សោះ ។ ខ្ញុំ​ចាំ​អំពីការបើកយន្តហោះជាមួយគ្នា​នឹង​កូន​ប្រុស​ពេញវ័យ​របស់ខ្ញុំ​ ហ្គីដូ នៅ​លើអូតូបាន ​ប្រទេស​អាល្លឺម៉ង់ ហើយ​ប្រាកដ​ណាស់ ឡាន​ដែល​បើក​នៅ​ខាង​ក្រោម​យើង បើក​លឿន​ជាង ។

ប៉ុន្តែ​​ខ្ញុំ​ស្រឡាញ់​យន្ដហោះ​តូច​នេះ​ណាស់ ! វា​គឺ​ជា​របៀប​ដ៏​ឥត​ខ្ចោះ ដើម្បី​មានបទពិសោធន៍​ការ​ហោះហើរ​ដ៏ល្អអស្ចារ្យ ។ អ្នក​អាច​ស្ដាប់​ឮ ទទួលអារម្មណ៍ ហិតក្លិន ភ្លក់​រសជាតិ ហើយ​មើល​ឃើញ​អ្វីៗ​ដែល​ហោះ​ហើរ​នៅ​ជុំវិញ ។ បងប្អូនប្រុស រ៉ាយ បាន​បង្ហាញ​តាម​របៀប​នេះ​ថា ៖ « គ្មាន​ [​ អ្វី ​] ដែល​ស្មើ​នឹង​ការ​រីករាយរបស់​អាកាស​យានិក​ ពេល​បើកយន្ត​ហោះនៅ​លើ​អាកាស​​ដោយ​ស្លាប​ពណ៌​ស​ដ៏ធំ​នោះទេ » ។ 1

ផ្ទុយ​ទៅវិញ នៅ​ដើម​ឆ្នាំ​នេះ ខ្ញុំ​មាន​ឯក​សិទ្ធិ​ដើម្បី​បើក​នៅ​ក្នុង​យន្ដហោះចម្បាំង លេខ F-18 ដ៏​ទំនើបមួយ ជាមួយ​នឹងការ​ហោះហើរ​បង្ហាញ​របស់​​ក្រុម​នាវិក​សហរដ្ឋ ជាក្រុម Blue Angels ​ដ៏ល្បី​លើ​ពិភពលោក ។ ​វា​ហាក់​ដូចជាការបើកយន្តហោះ​ពីលើ និង បើកយន្តហោះ​តាម​ផ្លូវនៃ​​ការ​ចងចាំ ដោយ​សារ​កាលពី 50 ឆ្នាំ​មុន ស្ទើរតែ​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន​ ក្លាយ​ជា​អ្នក​បើក​យន្ដហោះចម្បាំង ។

​ប្រាកដ​ណាស់ បទពិសោធន៍ការ​ជិះ​ F-18 គឺ​ជា​ភាព​ខុស​ប្លែក​ទាំង​ស្រុង​ពី​ការបើកយន្តហោះ​​ក្នុង​យន្ដ​ហោះ Piper Cub ។ វា​បង្ហាញ​ខ្ញុំ​នូវ​ថាមពល​នៃ​ការបើកយន្តហោះ​កាន់​តែ​អស្ចារ្យ ។ វា​ដូចជា​ការ​អនុវត្តន៍​ច្បាប់​នៃឌីណាមិក​អាកាស​ដែល​មាន នៅក្នុង​របៀប​កាន់តែ​ឥត​ខ្ចោះ ។ ទោះ​ជា​យ៉ាងណា ការ​ហោះ​ហើរ​ជាមួយ Blue Angels ក៏​បាន​រំឭក​ខ្ញុំ​ភ្លាម​ផងដែរថា ការ​ធ្វើ​ជា​អ្នក​បើក​យន្ដហោះ​ចម្បាំង គឺ​សក្ដិ​សមសម្រាប់​យុវជន ។ ដកស្រង់​ពាក្យ​របស់​បង​ប្អូន​ប្រុស រ៉ាយ ថ្លែង​ម្ដងទៀត​ថា « លើស​ពី​​អ្វីៗ​​ផ្សេងទៀត អារម្មណ៍ [ នៃ​ការបើក​​យន្តហោះ ] គឺ​ជា​ភាព​សុខសាន្ដ​ដ៏​ឥតខ្ចោះ​មួយ ដែល​លាយឡំ​នឹង​ការរំភើប​ចិត្ត ដែលទាញរំញោច​គ្រប់ប្រព័ន្ធ​ប្រសាទ​យ៉ាង​ខ្លាំង​បំផុត » ។ 2 បន្ថែម​ពី​លើ​នោះ ការបើកយន្តហោះ Blue Angels ផ្ដល់​ជា​​របៀប​ខុសគ្នា​ទាំង​ស្រុងមួយ​​ពីការ​មាន « ពួក​ទេវតា » នៅ​ព័ទ្ធ​ជុំវិញ​អ្នក ដើម្បី​ទ្រ​​អ្នក​ឡើង ។

បើ​អ្នក​សួរ​ខ្ញុំ​ថា​បទពិសោធន៍​នៃការបើកយន្តហោះ​ទាំងពីរ​នេះ មួយ​ណា​ដែល​ខ្ញុំ​ចូលចិត្ត​ជាង នោះ​ខ្ញុំ​មិន​ប្រាកដ​ថា ខ្ញុំ​អាច​ប្រាប់​ដល់​អ្នក​បាន​ទេ ។ ក្នុង​របៀប​ជាក់ស្ដែង​មួយ​ចំនួន និយាយ​យ៉ាង​ហោច​ណាស់​ថា វា​មានភាព​ខុស​គ្នា​ខ្លាំង​ណាស់ ។ ហើយ​បើ​ម្យ៉ាង​ទៀត វា​ក៏​ដូចគ្នា​ណាស់​ដែរ ។

ទាំងយន្ដហោះ Piper Cub និងយន្ដហោះ F-18 ខ្ញុំ​មាន​អារម្មណ៍​ថា រំភើប ស្រស់ស្អាត និង ពេញចិត្ត​បើក ។ នៅ​ក្នុង​យន្ដហោះទាំងពីរ​នេះ ខ្ញុំ​អាច​យល់​ពី​អត្ថន័យ​នៃ​កំណាព្យ​ដែល​ថា « [ រអិលចេញ ] ​ពីទំនាញ​ផែនដី ហើយ [ រាំ ] នៅ​លើ​មេឃ​​ដោយ​សំណើច​ស្លាប​​ពណ៌​​ទឹក​ប្រាក់​ » ។ 3

បព្វជិតភាព​ដូចគ្នា​នៅ​គ្រប់ទីកន្លែង

ឥឡូវ អ្នកអាចនឹង​សួ​រថា តើ​បទពិសោធន៍​ការបើកយន្តហោះ​ខុសគ្នា​ទាំងស្រុង ក្នុង​យន្ដហោះ​ទាំងពីរនេះ មាន​ទាក់ទង​អ្វី​នឹង​ការ​ប្រជុំ​យើង​ថ្ងៃ​នេះ ឬ ទាក់ទង​អ្វី​នឹង​បព្វជិតភាព ដែ​លយើង​មានឯកសិទ្ធិ​កាន់ ឬ ទាក់ទងអ្វី​នឹង​ការ​បម្រើ​បព្វជិតភាព ដែល​យើង​ទាំងអស់គ្នា​ស្រឡាញ់​យ៉ាង​ខ្លាំង​នោះ ?

បងប្អូនប្រុស តើ​វា​មិនពិត​ទេឬអី ដែល​បទពិសោធន៍​នៃ​ការ​បម្រើ​ក្នុង​បព្វជិតភាព​របស់​យើង​ម្នាក់​ អាច​នឹង​មាន​ភាព​ខុស​គ្នា​ខ្លាំង ? យើង​អាច​​និយាយថា អ្នករាល់គ្នា​មួយចំនួន​កំពុង​បើក​យន្ដហោះ F-18 ខណៈ​ដែល​អ្នកដទៃ​កំពុង​តែបើក​យន្ដហោះ Piper Cubs ។ អ្នក​ខ្លះ​រស់នៅ​ក្នុង​វួដ​ និង ស្ដេក ដែល​មាន​តំណែងទាំងអស់ ចាប់តាំងពី​ជំនួយ​ការ រហូតដល់​អ្នកដឹកនាំ​ក្រុម​សង្ឃជាន់ខ្ពស់ ទៅ​ដល់​លេខាកូរ៉ុម​ឌីកុន ត្រូវ​បាន​បំពេញ​​ដោយ​អ្នកកាន់បព្វជិតភាព​សកម្មម្នាក់​ ។ អ្នក​មាន​ឯកសិទ្ធិ​ដើម្បី​ចូលរួម​នៅក្នុង​អង្គការ​វួដ ដែល​មាន​មនុស្ស​គ្រប់គ្រាន់​ដើម្បី​បំពេញ​ការហៅទាំង​អស់ ។

អ្នក​រាល់គ្នា​ខ្លះទៀត រស់នៅ​ក្នុង​តំបន់​ជាច្រើន​នៃពិភពលោក ដែល​មាន​តែ​សមាជិក និង អ្នក​កាន់បព្វជិតភាព​ក្នុង​សាសនាចក្រ​មួយចំនួន​តូច​ប៉ុណ្ណោះ ។ អ្នកអាច​មាន​អារម្មណ៍​ថា ឯកកោ ហើយ​រែកបន្ទុក​ដែល​មាន​ទម្ងន់​នៃ​តម្រូវ​ការ​ដែល​ត្រូវ​ធ្វើទាំងអស់ ។ សម្រាប់​អ្នក វា​អាច​នឹង​ចំណាយពេល​ចូលរួម​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន ដើម្បី​ធ្វើ​ឲ្យ​ម៉ាស៊ីន​ការបម្រើ​បព្វជិតភាព​ដំណើរ​ការ ។ ពេល​ខ្លះ វាហាក់ដូចជា​ សាខា ឬ វួដ​របស់អ្នក ពុំ​រីកចម្រើនទៅមុខ​សោះ ។

ទោះ​ជា​យ៉ាង​ណា មិន​ថា​អ្នក​មាន​ការ​ទទួលខុសត្រូវអ្វី ឬ ស្ថិត​ក្នុង​ស្ថានភាព​អ្វី​ទេ អ្នក​ និង ខ្ញុំ​ដឹង​ថា តែងតែ​មាន​សេចក្តី​អំណរ​ជាពិសេស កើត​មាន​មកពី​ការបម្រើ​បព្វជិតភាព​ដោយ​ការ​លះ​បង់ ។

ខ្ញុំ​តែងតែចូលចិត្ត​ការបើកយន្តហោះ ទោះជា​នៅក្នុង​យន្ដហោះ Piper Cub, យន្ដហោះ​ F-18, ឬ​យន្ដហោះ​ដទៃផ្សេងទៀត ។ ខណៈ​ជិះនៅក្នុងយន្ដហោះ Piper Cub ខ្ញុំ​មិន​រអ៊ូរទាំ​អំពី​ល្បឿន​មិនលឿន​របស់​វា​ទេ ខណៈ​ដែល​ជិះយន្ដហោះ​ F-18 ខ្ញុំ​ពុំ​​រអ៊ូរទាំ​​អំពី​កម្លាំង​ទាញ​នៃ​ការធ្វើ​​សមយុទ្ធលើ​អាកាសយ៉ាងព្រឺព្រួច​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល ដោយ​សារ​តែ​រូបកាយ​ចាស់​ទ្រុឌទ្រោម​របស់ខ្ញុំទេ ។

បាទ វា​តែងតែ​មាន​អ្វី​មួយ​មិនល្អ​នៅ​គ្រប់ស្ថានភាព ។ បាទ វា​ងាយស្រួល​ដើម្បី​រក​រឿង​រអ៊ូរទាំ ។

ប៉ុន្តែ​បងប្អូនប្រុស យើង​គឺជា​អ្នក​កាន់បព្វជិតភាព​បរិសុទ្ធ តាម​លំដាប់​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ! យើង​ម្នាក់ៗ​មាន​ដៃ​ដាក់លើក្បាល​របស់យើង ហើយ​យើង​បានទទួល​បព្វជិតភាព​នៃ​ព្រះ ។ យើង​ត្រូវ​បាន​ប្រគល់​សិទ្ធិអំណាច និង ការទទួលខុសត្រូវ ដើម្បីធ្វើកិច្ចការ​ក្នុង​ព្រះនាម​របស់​ទ្រង់ ក្នុង​នាម​ជា​អ្នកបម្រើ​ទ្រង់​នៅលើ​ផែនដី ។ ទោះជា​នៅក្នុងវួដ​ធំ ឬ សាខាតូច​មួយ​ក្ដី យើង​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ប្រសិទ្ធពរ និង ធ្វើ​កិច្ចការ​គ្រប់យ៉ាង សម្រាប់​សេចក្ដី​ល្អ​នៃ​មនុស្ស​ទាំង​អស់ ហើយ​អ្វីៗ​គ្រប់យ៉ាង​ត្រូវ​បាន​ប្រគល់​ឲ្យ​យើង​មើលថែ ។ តើ​​មាន​អ្វី ដែល​រំភើប​ជាង​នេះ​ទៀត ?

ចូរ​យើង​យល់ និង អរគុណ​ ហើយ​មាន​អារម្មណ៍​អំណរ​ក្នុងការបម្រើ​ក្នុងបព្វជិតភាព ។

សេចក្ដីអំណរ​នៃ​បព្វជិតភាព

ការ​ចូលចិត្ត​ការ​ហោះហើររបស់​ខ្ញុំ មានឥទ្ធិពល​លើ​ទិសដៅ​នៃ​ជីវិត​របស់ខ្ញុំ​ទាំងមូល ។ ប៉ុន្តែ​ទោះ​ជា​បទពិសោធន៍​របស់ខ្ញុំមាន​ភាព​ខ្លាំងក្លា និង អស្ចារ្យ​នៅក្នុង​តួនាទី​ជា​អ្នកបើកយន្ដហោះ ក៏​បទពិសោធន៍​ខ្ញុំ​ជាសមាជិក​នៃ​សាសនាចក្រ​នេះ មាន​ភាពជ្រាលជ្រៅ ប្រកបដោយអំណរ និង ខ្លាំងក្លា​ជាង​នោះ​ទៅ​ទៀត ។ នៅពេល​ខ្ញុំ​បាន​ដាក់ខ្លួនខ្ញុំ​នៅក្នុង​ការ​បម្រើ​ក្នុងសាសនាចក្រ ខ្ញុំ​ទទួលអារម្មណ៍​ព្រះចេស្ដា​ដ៏មហិមា​របស់ព្រះ ក៏​ដូចជា​សេចក្តីមេត្តាករុណា​ដ៏ទន់ភ្លន់​របស់ទ្រង់​ផងដែរ ។

ក្នុង​នាម​ជា​អ្នក​បើក​យន្ដហោះ ខ្ញុំ​បាន​ទៅប៉ះ​នឹង​មេឃ ។ ក្នុងនាម​ជា​សមាជិក​ម្នាក់​ក្នុង​សាសនាចក្រ ខ្ញុំ​ទទួលអារម្មណ៍​ការ​ឱបក្រសោប​ពីស្ថានសួគ៌ ។

ជួនកាល ខ្ញុំ​នឹក​ដល់ការ​អង្គុយនៅក្នុងកាប៊ីនយន្ដហោះ ។ ប៉ុន្តែ​ការ​បម្រើ​ជាមួយនឹង​បងប្អូន​ប្រុស​ និង បងប្អូន​ស្រី​របស់​ខ្ញុំ ក្នុង​សាសនាចក្រ បានបំពេញ​ដោយ​ងាយ ។ ការ​អាចទទួល​អារម្មណ៍សុខសាន្ដ និង សេចក្តីអំណរ​ដ៏​បំផុសគំនិត​ ដែល​កើតឡើង​មកពី​ការ​ធ្វើ​ជា​ចំណែក​តូច​មួយ​នៃ​បុព្វហេតុ​ និង កិច្ចការ​ដ៏អស្ចារ្យ​នេះ ខ្ញុំ​នឹង​មិន​ចង់​នឹក​អ្វី​ទាំងអស់​ក្នុង​លោកិយ​នេះ ។

ថ្ងៃនេះ យើង​បាន​ជុំ​គ្នា​ជា​ក្រុមបព្វជិតភាព​ដ៏ធំ ។ វា​គឺ​ជា​សេចក្តីអំណរដ៏ពិសិដ្ឋ និង ឯកសិទ្ធិ​របស់​យើង​ដើម្បីបម្រើ​ព្រះអម្ចាស់​ និង បងប្អូន​របស់​យើង ដើម្បី​ប្ដេជ្ញាចិត្ត​ឲ្យល្អបំផុតក្នុង​ខ្លួន​យើងក្នុង​បុព្វហេតុ​ថ្លៃថ្នូរក្នុង​ការ​ជួយ​ដល់​អ្នក​ដទៃ និង ការ​ស្ថាបនា​នគរព្រះ ។

យើង​ដឹង និង យល់​ថា បព្វជិតភាព គឺ​ជា​ព្រះចេស្ដា និង សិទ្ធិអំណាច​ដ៏អស់កល្បជានិច្ច​នៃ​ព្រះ ។ យើង​អាច​និយាយ​ដោយ​ងាយ​នូវ​និយមន័យ​នេះមកពីការចងចាំ ។ ទោះជាយ៉ាងណា​ក៏ដោយ តើ​យើង​ពិតជា​យល់​ពីសារៈសំខាន់​នៃ​អ្វី​ដែល​យើង​កំពុង​តែ​និយាយ​ឬទេ ? ខ្ញុំ​សូម​និយាយ​ឡើងវិញ​ថា ៖ បព្វជិតភាព គឺ​ជា​ព្រះចេស្ដា និង សិទ្ធិអំណាច​ដ៏អស់កល្បជានិច្ច​នៃ​ព្រះ 

ចូរ​គិតអំពី​វា ។ តាមរយៈបព្វជិតភាព ព្រះបាន​បង្កើត និង គ្រប់គ្រង​ស្ថានសួគ៌ និង ផែនដី ។

តាមរយៈអំណាច​នេះ ទ្រង់​ប្រោសលោះ និង លើកដំកើង​កូនចៅ​របស់ទ្រង់ « នាំមកនូវ អមតភាព និង ជីវិត​ដ៏នៅអស់កល្បជានិច្ច​មក​ដល់​មនុស្ស » ។ 4

ដូចជា​អ្វី​ដែល​ព្យាការីយ៉ូសែប​ស្ម៊ីធ បាន​ពន្យល់ថា​ បព្វជិតភាព គឺ​ជា « បណ្តាញ ដែលព្រះ ដ៏មានមហិទ្ធិឫទ្ធិបានចាប់ផ្តើមបើកសម្តែងសិរីល្អរបស់ទ្រង់ នៅគ្រានៃការបង្កបង្កើតផែនដី​នេះពីដំបូង ហើយដែលទ្រង់បានបន្តបើកសម្តែងព្រះអង្គទ្រង់​ទៅដល់កូនចៅមនុស្ស​រហូត​ដល់ពេលបច្ចុប្បន្ន​នេះ​ ហើយតាមរយៈ​ទ្រង់ ទ្រង់​នឹងធ្វើឲ្យស្គាល់ពីគោលបំណង​របស់ទ្រង់​រហូត​ដល់ទីបញ្ចប់ »​ ។ 5

ព្រះបិតា​ដ៏មានគ្រប់ព្រះចេស្ដា នៅ​ស្ថានសួគ៌​របស់យើង បាន​ប្រគល់សិទ្ធិអំណាច​បព្វជិតភាព​ដល់​យើង-- ជា​មនុស្ស​រមែងស្លាប់ ដែលតាមនិយមន័យ ជាមនុស្ស​ដែល​មានកំហុស និង មិន​ល្អ​ឥតខ្ចោះ ។ ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​សិទ្ធិអំណាច​ដើម្បី​ធ្វើ​កិច្ចការ​ក្នុង​នាមទ្រង់ សម្រាប់​សេចក្ដីសង្គ្រោះ​នៃ​កូនចៅរបស់ទ្រង់ ។ ដោយអំណាច​ដ៏​អស្ចារ្យ​នេះ យើង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្សាយ​ដំណឹងល្អ បម្រើ​ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ ជួយ​ស្ថាបនា​នគរ​នៃ​ព្រះ នៅលើផែនដី និង​ប្រធាន​ពរ ហើយ​បម្រើ​ដល់​ក្រុមគ្រួសារ និង បងប្អូន​របស់យើង ។

មាន​សម្រាប់មនុស្ស​ទាំងអស់

នេះ​គឺជា​បព្វជិតភាព​ដ៏ពិសិដ្ឋ​ដែល​យើង​កាន់ ។

បព្វជិតភាព ឬ ការទទួលខុសត្រូវណា​មួយ នៅ​ក្នុង​បព្វជិតភាព ​ពុំ​អាច​ទិញ​ ឬ ​បង្គាប់បានទេ ។ ការ​ប្រើ​អំណាចបព្វជិតភាព​នេះ ពុំ​អាច​មានឥទ្ធិពល បញ្ចុះបញ្ចូល ឬ បង្ខំ ដោយ​តំណែង ទ្រព្យសម្បត្តិ ឬ ឥទ្ធិពល​បាន​ទេ ។ វា​គឺ​ជា​អំណាច​ខាងវិញ្ញាណ​ដែល​ធ្វើ​ឡើង​តាម​ច្បាប់​ស្ថានសួគ៌ ។ វា​មាន​ដើមកំណើត​មក​ពី​ព្រះវរបិតាសួគ៌​ដ៏អស្ចារ្យ​នៃ​យើងទាំងអស់​គ្នា ។ អំណាច​របស់វា​អាច​ត្រូវបាន​គ្រប់គ្រង និង ដឹកនាំ​តែ​តាមរយៈ​គោលការណ៍​នៃ​សេចក្ដី​សុចរិត​តែប៉ុណ្ណោះ 6 ប៉ុន្តែ​ដោយ​សេចក្ដី​សុចរិត​តែ​ខ្លួន​ឯង​នោះ​ទេ ។

ព្រះគ្រីស្ទ គឺ​ជា​ប្រភព​នៃ​សិទ្ធិអំណាច​បព្វជិតភាពពិត​ទាំងអស់ និង អំណាច​នៅ​លើ​ផែនដី ។ 7 វា​គឺ​ជា​កិច្ចការ​ទ្រង់ ដែល​យើង​មាន​ឯកសិទ្ធិ​ជួយ ។ « ហើយ​គ្មាន​អ្នក​ណា​អាច​ជួយ​ក្នុង​កិច្ចការ​នេះ​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​នឹង​បន្ទាបខ្លួន ហើយ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​មាន​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង សេចក្ដី​សប្បុរស ដោយ​សង្កត់ចិត្ត​ក្នុង​កិច្ចការ​គ្រប់យ៉ាង ដែល​នឹង​ផ្ទុកផ្ដាក់ ឲ្យ​គេ​ថែរក្សា » ។ 8

យើងពុំ​ធ្វើ​ដើម្បី​ទទួលប្រយោជន៍​ផ្ទាល់ខ្លួនទេ ប៉ុន្តែ​យើង​ព្យាយាម​បម្រើ និង លើក​ស្ទួយ​ដល់​អ្នកដទៃ ។ យើង​ដឹកនាំ​ពុំ​មែន​ដោយ​កម្លាំង ប៉ុន្តែ​ដោយ « ... ការលួងលោម ដោយ​ការ​អត់ធ្មត់ ការ​ទន់ភ្លន់ និង ការ​ស្លូតបូត និង​ដោយ​ការ​ស្រឡាញ់​ស្មោះត្រង់​ប៉ុណ្ណោះ » ។ 9

បព្វជិតភាព​នៃ​ព្រះ​ដ៏​មានមហិឬទ្ធិ មាន​សម្រាប់​បុរស​សក្ដិសម​គ្រប់ទីកន្លែង-- មិន​ថា​ពូជពង្ស​ពួកគេ​យ៉ាងណា មិន​ថា​ស្ថានភាព​របស់ពួកគេ​ក្រខ្សត់​ប៉ុណ្ណា មិន​ថា​គេ​នៅ​​​តំបន់ជិត​បំផុត ឬ ឆ្ងាយបំផុត​នៃ​លោកិយនេះ​ទេ ។ បព្វជិតភាព​គឺ​មានសម្រាប់ពួកគេ ដោយ​ពុំចាំបាច់មានប្រាក់​ទិញ ឬ បង់​ថ្លៃអ្វី​ពី​​លោកិយ​នេះ​ឡើយ ។ ដើម្បី​ពន្យល់ទូលំទូលាយនូវ​​ពាក្យ​របស់ព្យាការី​អេសាយ​ពី​បុរាណ ថា អស់អ្នក​ ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹកចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិភោគ​ទៅ ! 10

ហើយ​ដោយ​សារ​តែ​ដង្វាយធួន​ដ៏អស់កល្ប និង ពុំ​អាច​ថ្លែង​បាន​នៃ​ព្រះអង្គសង្គ្រោះ​របស់យើង ព្រះយេស៊ូវគ្រីស្ទ បព្វជិតភាព​នៃ​ព្រះ អាច​មានសម្រាប់អ្នក ទោះ​ជា​អ្នក​មាន​កំហុស ឬ មានភាព​ពុំ​សក្ដិសម​កាលពីអតីតកាល​ក្ដី ។ តាមរយៈ​ដំណើរ​ការ​នៃការ​ប្រែចិត្ត​ធ្វើ​​​ការ​បន្សុទ្ធ និង ការ​សម្អាត​ខាង​វិញ្ញាណ នោះ​អ្នកអាច « ក្រោកឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញទៅ ! » 11 ដោយ​សារ​តែ​សេចក្តីស្រឡាញ់​អភ័យទោស​គ្មាន​ព្រំដែន របស់​ព្រះអង្គសង្គ្រោះ​ និង​ជា​ព្រះប្រោស​លោះ​យើង នោះ​អ្នក​អាច​បើកភ្នែក​មើល បាន​ស្អាតស្អំ និង សក្ដិសម ហើយ​អភិវឌ្ឍ​នៅក្នុង​សេចក្តី​សុចរិត និង សេចក្តី​ថ្លៃ​ថ្នូរ ​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ-- ជាអ្នកកាន់​បព្វជិតភាពសក្ដិសម​​ដ៏​ពិសិដ្ឋ​បំផុត​នៃ​ព្រះ​ដ៏មាន​មហិទ្ធិឬទ្ធិ ។

ភាពអស្ចារ្យ និង ឯកសិទ្ធិនៃ​បព្វជិតភាព

ខ្ញុំ​ពិតជាមានអារម្មណ៍​សោកស្ដាយ​ចំពោះអ្នក​ដែល​ពុំ​យល់ និង អរគុណ​ចំពោះ​ភាពអស្ចារ្យ និង ឯកសិទ្ធិនៃ​បព្វជិតភាព ។ ពួកគេ​គឺ​ដូចជា​អ្នក​ធ្វើដំណើរ​នៅក្នុង​យន្ដហោះ ដែល​ចំណាយ​ពេល​របស់ពួកគេ​រអ៊ូរទាំ​នឹង​ទំហំ​នៃ​កញ្ចប់​សណ្ដែកដី ខណៈ​ដែល​ពួកគេ​កំពុង​តែ​ហោះហើរ​កាត់​អាកាស​ នៅ​ខ្ពស់​ជាងពពក-- ជា​អ្វីមួយ​ដែល​ស្ដេច​ពី​បុរាណ​នឹងចង់​​ចំណាយ​នូវ​រាល់​អ្វី​ដែល​ពួកគេ​មាន ដើម្បី​ព្យាយាម​ជិះ និង​មាន​បទពិសោធន៍​ជិះ​យន្ដហោះ​ឲ្យ​បាន​​ម្ដង​នោះ !

បងប្អូនប្រុស យើង​ត្រូវ​បាន​ប្រទានពរ​ឲ្យ​ក្លាយជា​អ្នក​ទទួលទាន​ដ៏រាបសារ​នៃ​សិទ្ធិអំណាច និង អំណាច​នៃ​បព្វជិតភាព​ដ៏អស្ចារ្យ​នេះ ។ ចូរ​យើង​ងើបភ្នែក​ឡើង ហើយ​មើល ទទួលស្គាល់ និង ទទួលយក​ឱកាស​នេះនូវភាពពិត​នេះ ។

តាមរយៈ​ការបម្រើ​បព្វជិតភាព​ដោយសុចរិត សេចក្តីស្រឡាញ់ និង ការ​លះបង់ នោះ​យើង​នឹង​អាច​ទទួលពិសោធន៍​អត្ថន័យពិត​នៃ​វិវរណៈថា ៖ « នោះ​យើង​ក៏​នឹង​នៅ​ទីនោះ​ដែរ ត្បិត​យើង​នឹង​ទៅ​ពីមុខ​អ្នក ។ ហើយ​នឹង​នៅ​ខាង​ស្ដាំដៃអ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះ​វិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួកទេវតា​របស់យើង នៅព័ទ្ធជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ។12

ចូរ​យើង​ឱបក្រសោប ហើយ​យល់​នូវ​ភាពអស្ចារ្យ និង ឯកសិទ្ធិនៃ​បព្វជិតភាព ។ ចូរ​យើង​ទទួល​យក និង ស្រឡាញ់​ការទទួលខុសត្រូវ​ ដែល​យើង​បាន​សុំ​ឲ្យ​បំពេញ-- ការ​ទទួលខុសត្រូវ​នៅ​ក្នុង​ផ្ទះ និង អង្គភាព​សាសនាចក្រ​របស់យើង មិន​ថា​តូចក្ដី ឬ​ធំ​ក្ដី ។ ចូរ​យើង​បន្ដ​រីកចម្រើន​នៅ​ក្នុង​សេចក្ដី​សុចរិត ការលះបង់ និង ការបម្រើ​បព្វជិតភាព ។ ចូរ​យើង​ស្វែងរក​សេចក្ដី​អំណរ​ក្នុង​ការ​បម្រើ​ក្នុង​បព្វជិតភាព !

យើងអាច​ធ្វើ​បាន​យ៉ាងល្អ ដោយ​ការ​អនុវត្តន៍គោលការណ៍​នៃ​ចំណេះដឹង ការគោរពប្រតិបត្តិ និង សេចក្ដីជំនឿ ។

នោះមានន័យថា ទីមួយ យើង​ត្រូវ​ចេះ ហើយធ្វើ​ឲ្យ​គោលលទ្ធិ​នៃ​បព្វជិតភាព​ដែល​​មាន​ក្នុង​បន្ទូល​បើកបង្ហាញ​របស់ព្រះ​​ជាចំណែក​នៃ​ជីវិត​រស់នៅ​របស់យើង ។ វាសំខាន់​ណាស់សម្រាប់​យើង​​ដើម្បី​យល់​ពី​សេចក្ដីសញ្ញា និង បទបញ្ញតិ្ត​ដែល​បព្វជិតភាព​ប្រតិបត្តិ ។ 13

បន្ទាប់មក ចូរ​យើង​មានប្រាជ្ញា ហើយ​ធ្វើ​តាម​ចំណេះដឹង​ដែលបាន​ទទួល​នេះឲ្យ​ខ្ជាប់ខ្ជួន និង ដោយ​ការ​គោរព ។ នៅពេល​យើង​គោរព​ច្បាប់​របស់ព្រះ រៀនគ្រប់គ្រង​ចិត្ត និង រូបកាយ​យើង ហើយ​ធ្វើឲ្យ​សកម្មភាព​របស់​យើង​ស្រប​នឹង​គំរូ​នៃ​សេចក្ដី​សុចរិត ដែល​បានបង្រៀន​ដោយ​ពួកព្យាការី នោះ​យើង​នឹង​មានបទពិសោធន៍​នៃ​សេចក្តីអំណរ​ក្នុងការបម្រើ​បព្វជិតភាព ។

ហើយ​ទីបញ្ចប់ ចូរ​យើង​ចាក់​សេចក្ដី​ជំនឿ​យើងឲ្យ​ជ្រៅ​​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ ចូរ​យើង​លើក​ដាក់​ព្រះនាមទ្រង់​មកលើយើង ហើយ ប្ដេជ្ញា​ចិត្ត​ជា​រៀងរាល់ថ្ងៃ ដើម្បី​ដើរ​នៅលើ​ផ្លូវ​នៃភាព​ជាសិស្ស​ម្ដងទៀត ។ ចូរ​ឲ្យកិច្ចការ​យើង​ធ្វើ​ឲ្យ​សេចក្តីជំនឿ​យើង​បាន​ឥតខ្ចោះ ។ 14 តាមរយៈភាពជាសិស្ស នោះ​យើងអាច​បាន​ឥតខ្ចោះ​មួយជំហានម្ដងៗ ដោយ​ការ​បម្រើ​គ្រួសារយើង បងប្អូនយើង និង ព្រះ ។

នៅពេល​យើង​បម្រើនៅ​ក្នុង​បព្វជិតភាព​ដោយអស់ពី​ចិត្ត គំនិត កម្លាំង និង ពលំ របស់យើង នោះ​យើង​ទទួលបាន​ការសន្យា​នៃ​ចំណេះដឹង ភាពសុខសាន្ដ និង អំណោយទាន​ខាងវិញ្ញាណ​ដ៏ខ្ពង់ខ្ពស់ ។ នៅពេល​យើង​គោរព​បព្វជិតភាព​ដ៏​បរិសុទ្ធ នោះ​ព្រះ​នឹង​លើក​តម្កើង​​យើង ហើយ​យើង​នឹង « ឈរ​ដោយ​​ឥត​ទោស​នៅ​ចំពោះ [ ទ្រង់ ] នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត » ។ 15

ការអធិស្ឋាន​របស់​ខ្ញុំ​គឺ​សុំ​ឲ្យ​​​យើង​អាច​មានភ្នែក​ដើម្បីមើល​ និង ដួងចិត្ត​ដើម្បី​ដឹង​ពីភាពអស្ចារ្យ និង សេចក្តីអំណរ​នៃ​បព្វជិតភាព​ នៃ​ព្រះដ៏អស្ចារ្យ និង មហិមា​របស់​យើងជានិច្ច ក្នុង​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

Mostrar referencias

  1.  

    1. Wilbur Wright, in James Tobin, To Conquer the Air: The Wright Brothers and the Great Race for Flight ( ឆ្នាំ 2003 ), 238 ។

  2.  

    2. Wright brothers នៅក្នុង Tobin, To Conquer the Air, 397 ។

  3.  

    3. John Gillespie Magee Jr., « High Flight » នៅក្នុង Diane Ravitch, ed., The American Reader: Words That Moved a Nation ( ឆ្នាំ 1990), 486 ។

  4.  

    4.  ម៉ូសេ 1:39

  5.  

    5.  ការបង្រៀន​របស់ប្រធាន​នៃ​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ 2007), 108–9 ។

  6.  

    6. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា 121:36 ។

  7.  

    7. សូមមើល ហេព្រើរ 5:4--10 ; គោលលទ្ធិ និង សេចក្ដីសញ្ញា 107:3 ។

  8.  

    8.  គោលលទ្ធិ និង សេចក្ដីសញ្ញា 12:8  ។

  9.  

    9.  គោលលទ្ធិ និង សេចក្ដីសញ្ញា 121:41  ។

  10.  

    10. សូមមើល អេសាយ 55:1

  11.  

    11.  គោលលទ្ធិ និង សេចក្ដីសញ្ញា 115:5

  12.  

    12.  គោលលទ្ធិ និង សេចក្ដីសញ្ញា 84:88

  13.  

    13. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា 84:33–44; 121:34–46 ។

  14.  

    14. សូមមើល​ យ៉ាកុប 2:22

  15.  

    15.  គោលលទ្ធិ និង សេចក្ដីសញ្ញា 4:2  ។