ការសាក​ល​សេចក្ដី​ជំនឿ​នៃ​អ្នករាល់គ្នា

ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន

នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់


ដូចជា​ភ្លើង​ដ៏​ខ្លាំងក្លា​ដែល​បំលែង​ដែក ឲ្យ​ទៅ​ជា​ដែក​ថែប​ដែរ នៅពេល​យើង​នៅតែ​បន្ដ​ស្មោះត្រង់​ចំពោះ​ការសាក​ល​ដ៏​លំបាក​នានា​នៃ​សេចក្ដី​ជំនឿ​របស់​យើង យើង​ត្រូវ​បាន​បន្សុទ្ធ​ខាង​វិញ្ញាណ និង បាន​ពង្រឹង​ឡើង ។

ដប់ឆ្នាំ​កន្លង​ទៅ នៅពេល​ភរិយា​របស់​ខ្ញុំ ខាធី និង ខ្ញុំ បាន​រស់នៅ​ក្នុង​ទីក្រុង​សៅ ប៉ូឡូ ប្រទេស ប្រេស៊ីល ប្រធាន ដេវីឌ ម៉ារ៉ត បាន​ធ្វើ​ជា​ប្រធាន​បេសកកម្ម ប្រេស៊ីល សៅ ប៉ូឡូ អ៊ិនធើឡាហ្គូស៍ ។ គាត់ និង ភរិយា​របស់​គាត់ នែល និង កូនប្រុស​ទាំងអស់​របស់​ពួកគេ គឺ វីល, វេស្លី និង ត្រេស បាន​រស់នៅ​ជិត​យើង ។ ពួកគេ​បាន​ចាកចេញ​ពី​ផ្ទះ ជំនួញ និង សមាជិក​ជាច្រើន​នៅក្នុង​គ្រួសារ​របស់​ពួកគេ ដើម្បី​បំពេញ​តាម​ការហៅ​បម្រើ​មក​ពី​ព្យាការី​ឲ្យ​បម្រើ​បេសកកម្ម​មួយ ។

ប្រធាន ម៉ារ៉ត បាន​ទូរស័ព្ទ​មក​ខ្ញុំ​នា​រសៀល​មួយ ។ កូនស្រី​ដ៏​មាន​តម្លៃ និង សុចរិត​អាយុ 21 ឆ្នាំ របស់គាត់​ឈ្មោះ ចចចារ ដែល​ជា​និស្សិត​ឆ្នាំ​ទី​បួន​ខាង​សម្ដែង​វីយូឡុង​នៅ​មហាវិទ្យាល័យ អ៊ិនឌីអាណា​ត្រូវបាន​ឡានធំ​បុក ពេល​ជិះ​កង់​ត្រឡប់​មក​ផ្ទះ​ពី​ការប្រជុំ​មួយ​នៅ​ព្រះវិហារ​វិញ ។ របាយការណ៍​ទីមួយ​បាន​ថា ចចចារ មិន​អី​នោះ​ទេ ។ ពេល​ក្រោយ​មក ស្ថានភាព​របស់​នាង​បាន​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ។

គ្រួសារ និង មិត្តភក្ដិ​ទាំងឡាយ​បាន​ចាប់ផ្ដើម​តម​អាហារ និង អធិស្ឋាន​ដើម្បី​ឲ្យ​មាន​អព្ភូតហេតុ​មួយ​សម្រាប់ ចចចារ ។ ម្ដាយ​របស់​នាង បាន​ជិះ​យន្ដហោះ​ទាំង​យប់​ពី​ប្រេស៊ីល ។ ពេល​មកដល់​រដ្ឋ​អ៊ិនឌីអាណា​ នៅ​ថ្ងៃ​បន្ទាប់ នាង​បាន​ជួប​នឹង​កូន​ធំៗ​របស់​នាង ដែល​បាន​ប្រាប់​ទាំង​ទឹកភ្នែក​ថា ពួកគេ​បាន​នៅ​ជាមួយ​នឹង ចចចារ នៅពេល​នាង​បាន​លាចាក​លោក​នេះ​ទៅ ។

ខ្ញុំ​បាន​ឃើញ​គ្រួសារ ម៉ារ៉ត នៅ​ពេល​ជួប​នឹង​បទពិសោធន៍​នេះ និង ជាច្រើន​ខែ​ឆ្នាំ​បន្ទាប់​មក​ទៀត ។ ពួកគេ​បាន​យំ ពួកគេ​បាន​អធិស្ឋាន ពួកគេ​បាន​និយាយ​ពី ចចចារ ពួកគេ​ឈឺចាប់ និង ក្រៀមក្រំ​ជា​ខ្លាំង ប៉ុន្ដែ​សេចក្ដី​ជំនឿ​របស់​ពួកគេ​មិន​បាន​ធ្លាក់ចុះ​នោះ​ទេ ។ នៅ​ក្នុង​សម័យប្រជុំ​ព្រឹកនេះ ខ្ញុំ​បាន​ស្ដាប់​ឮ​សេចក្ដីជំនឿ​ស្រដៀង​គ្នា​នៅ​ក្នុង​ជីវិត​ដ៏​ស្រស់ស្អាត​របស់​គ្រួសារ បូវែន និង វិលប៊ើហ្គើរ ។1

អំណោយទាន​នៃ​សេចក្ដី​ជំនឿ គឺជា​អំណោយទាន​ពិសិដ្ឋ​ខាង​វិញ្ញាណ​ដ៏​មាន​តម្លៃ​មួយ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​អធិស្ឋាន​ថា « នេះ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ។2

សេចក្ដី​ជំនឿ​របស់​យើង ដាក់​ផ្តោត​លើ​ព្រះ​ជា​ព្រះវរបិតា​របស់​យើង និង ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង ព្រះប្រោសលោះ​របស់​យើង ។ សេចក្ដី​ជំនឿ​ត្រូវ​ពង្រឹង​ដោយ​ចំណេះដឹង​របស់​យើង​ថា ភាពពេញលេញ​នៃ​ដំណឹងល្អ​ត្រូវ​បាន​ស្ដារឡើងវិញ​នៅលើ​ផែនដី ថា​ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​របស់​ព្រះ ហើយ​ថា​ព្យាការី និង សាវក​ទាំងឡាយ​នា​ពេល​សព្វថ្ងៃ​នេះ​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ។ យើង​រក្សា​នូវ​សេចក្ដី​ជំនឿ​របស់​យើង ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង អធិស្ឋាន​សម្រាប់​សេចក្ដី​ជំនឿ​ឲ្យ​កើនឡើង និង ធ្វើ​អ្វីៗ​ទាំងអស់​ជាមួយ​អំណាច​របស់​យើង ដើម្បី​ការពារ និង រក្សា​សេចក្ដី​ជំនឿ​របស់​យើង ។

សាវក​ពេត្រុស​បាន​កំណត់​អ្វីមួយ​ដែល​គាត់​បាន​ហៅ​ថា​ជា « ការសាក​ល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា » ។3 គាត់​បាន​ជួប​ប្រទះ​នឹង​វា ។ សូម​ចងចាំ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ថា ៖

« ស៊ីម៉ូន ... សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់គ្នា ប្រយោជន៍​នឹង​រែង​អ្នក​រាល់គ្នា​ដូចជា​រែង​អង្ករ ៖

« ប៉ុន្ដែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ » ។4

ក្រោយមក ពេតុ្រស​បាន​លើកទឹកចិត្ត​អ្នកផ្សេង​ទៀត ៖ គាត់​បាន​និយាយ​ថា « កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្ដៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់គ្នា ទុក​ដូចជា​កើត​មាន​សេចក្ដី​ចំឡែក​នោះ​ឡើយ » ។5

ឧបសគ្គ​ដ៏ ពិបាក​ទាំងនេះ កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​រឹងមាំ​ជាង​មុន ប៉ុន្ដែ​វា​មាន​សក្ដានុពល​ដើម្បី​បន្ថយ ឬ អាច​បំផ្លាញ​ទំនុកចិត្ត​របស់​អ្នក​ទៅលើ​ព្រះរាជបុត្រា​នៃ​ព្រះ​បាន ហើយ​កំសោយ​ការតាំងចិត្ត​របស់​អ្នក​ក្នុង​ការរក្សា​សេចក្ដី​សន្យា​ទាំងឡាយ​របស់​អ្នក​ចំពោះ​ទ្រង់ ។ ជាញឹកញាប់ ឧបសគ្គ​ទាំងនេះ​បន្លំ​អ្នក ធ្វើឲ្យ​ពិបាក​ស្គាល់​វា ។ វា​ចាប់ផ្ដើម​នៅក្នុង​ភាពទន់ខ្សោយ ភាពឈឺចាប់ ភាព​ឆាប់ខឹង​របស់​យើង ឬ នៅក្នុង​រឿង​ទាំងឡាយ​ដែល​មាន​បញ្ហា​ចំពោះ​យើង​ខ្លាំង​បំផុត ។ ការសាកល្បង​ដ៏​ពិត ប៉ុន្ដែ​ដែល​អាច​គ្រប់គ្រង​បាន សម្រាប់​មនុស្ស​ម្នាក់ អាច​ក្លាយជា​ឧបសគ្គ​ដ៏​ពិបាក​សម្រាប់​អ្នកដទៃ​ទៀត ។

តើ​អ្នក​អាច​នៅតែ « ខ្ជាប់ខ្ជួន ហើយ​មុតមាំ » 6 ពេល​ជួប​នឹង​ការសាក​ល​នៃ​សេចក្ដី​ជំនឿ​មួយ​ដោយ​របៀប​ណា ? អ្នក​បាន​ជ្រមុជ​ខ្លួន​នៅក្នុង​គ្រប់​រឿង​អ្វីៗ​ដែល​បាន​ជួយ​កសាង​ស្នូល​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក -- អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ អ្នក​អធិស្ឋាន អ្នក​ពិចារណា​អំពី​ព្រះគម្ពីរ អ្នក​ប្រែចិត្ត អ្នក​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​អ្នក​បម្រើ​អ្នកដទៃ ។

នៅពេល​អ្នក​ជួប​នឹង​ការសាក​ល​នៃ​សេចក្ដី​ជំនឿ -- ទោះជា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​ អ្នក​មិន​ត្រូវ​ដើរ​ចេញ​ពី​សាសនាចក្រ​នេះ​នោះ​ទេ ! ការឃ្លាត​ខ្លួន​អ្នក​ចេញ​ពី​នគរ​ព្រះ អំឡុងពេល​ការសាក​ល​នៃ​សេចក្ដី​ជំនឿ​មួយ គឺ​ដូចជា​ការចាកចេញ​ពី​តំបន់​សុវត្ថិភាព​នៃ​ជម្រក​ផុត​ភ័យ​ពី​ព្យុះ ពេល​មាន​ព្យុះ​សង្ឃរា​មួយ​បាន​មក​ដល់​ដូច្នោះ​ដែរ ។

សាវក​ប៉ុល​បាន​និយាយ​ថា « ដូច្នេះ អ្នករាល់​គ្នា​មិនមែន​ជា​អ្នក​ដទៃ ឬ ជា​អ្នក​គ្រាន់តែ​សំណាក់​នៅ​ទៀត​ទេ គឺជា​ជាតិ​តែ​មួយ​នឹង​ពួកបរិសុទ្ធ ជា​ពួកដំណាក់​ព្រះ​វិញ » ។ 7 នៅក្នុង​ជម្រក​នៃ​សាសនាចក្រ យើង​បាន​ការពារ​សេចក្ដី​ជំនឿ​របស់​យើង ។ ការជួបជុំ​គ្នា​ជាមួយ​នឹង​អ្នក​ផ្សេង​ដែល​ជឿ​ដូចគ្នា យើង​បាន​អធិស្ឋាន និង ទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង ថ្វាយបង្គំ​តាមរយៈ​តន្ដ្រី ចែកចាយ​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្រ្គោះ បម្រើ​គ្នា​ទៅវិញទៅមក និង មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ យើង​ទទួល​ទាន​សាក្រាម៉ង់ ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព និង ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា « នៅក្នុង​ពិធីបរិសុទ្ធ​ទាំងឡាយ ... អំណាច​នៃ​ព្រះ​ត្រូវបាន​សម្ដែង​ឲ្យ​ឃើញ ។ »8 នៅពេល​អ្នក​ជួប​នឹង​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ សូម​នៅក្នុង​ជម្រក​សុវត្ថិភាព និង សន្ដិសុខ ​ជា​ដំណាក់​នៃ​ព្រះ ។ វា​តែងតែ​មាន​កន្លែង​មួយ​សម្រាប់​អ្នក​នៅ​ទីនេះ ។ គ្មាន​ឧបសគ្គ​ធំ​ណា ដែល​យើង​មិន​អាច​យក​ឈ្នះ​វា​ជាមួយគ្នា​នោះ​ទេ ។9

ប្រធាន ថូម៉ាស អេស. ម៉នសុន បាន​មាន​ប្រសាសន៍​ថា ៖ « ត្រីវិស័យ​សីលធម៌​របស់​សង្គម [ បាន​ធ្វើ​សមយុទ្ធ​នៅ​ក្នុង​កម្រិត​លឿន​មួយ ] ។ អាកប្បកិរិយា​នានា ... ដែល​ធ្លាប់​បាន​គិត​ថា​មិន​សមរម្យ និង អសីលធម៌​ឥឡូវ​នេះ ... ត្រូវ​បាន​មើលឃើញ​ដោយ ... មនុស្ស​ជាច្រើន ថា​ជា​ការទទួល​យក​បាន » ។10

មាន​យុវវ័យ​នៅលីវ​នៅក្នុង​សាសនាចក្រ​ជាច្រើន បាន​នៅ​ហួស​ពី​អាយុ​យុវវ័យ​ដំបូង​របស់​ពួកគេ ។ ខណៈពេល​ដែល​ឃើញ​ថា​ជីវិត​បច្ចុប្បន្ន​របស់​ពួកគេ ខុស​ពី​ជីវិត​ដែល​គេ​ធ្លាប់​បាន​គិត​ទុក​មុន​នោះ ពួកគេ​បាន​កាន់តាម​ច្បាប់​ព្រហ្មចារីយភាព ។11 វា​អាច​ជា​ការសាក​ល​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ​មួយ ។ ខ្ញុំ​សូម​បង្ហាញ​ការគោរព និង ការកោត​សរសើរ​ដ៏​ជ្រាលជ្រៅ​របស់​ខ្ញុំ​ចំពោះ​សិស្ស​របស់​ព្រះគ្រីស្ទ​ទាំងនេះ ។

« ព្រះ​បាន​បញ្ជា​ថា អំណាច​ពិសិដ្ឋ​នៃ​ការបង្កើត​កូន ... គឺ​ត្រូវ​បាន​ប្រើ​រវាង​តែ​បុរស និង ស្ដ្រី​ដែល​បាន​រៀបអាពាហ៍ពិពាហ៍​យ៉ាង​ស្រប​ច្បាប់​ជា​ប្ដី និង ប្រពន្ធ​ប៉ុណ្ណោះ » ។12 នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះអង្គ​សង្គ្រោះ​បាន​លើក​កម្ពស់​ក្រម​សីលធម៌​សម្រាប់​អ្នកដើរតាម​​ទ្រង់ នៅពេល​ទ្រង់​បាន​ប្រកាស​ថា « អ្នកណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ដ្រី ហើយ​មាន​ដំរេក​សម្រើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ​នៅក្នុង​ចិត្ត​ខ្លួន​ហើយ » ។13 ទ្រង់​បាន​បង្រៀន​យើង​ឲ្យ​មិន​កាត់សេចក្ដី​អ្នក​ដទៃ ប៉ុន្ដែ​មិន​ត្រូវ​ខ្លាច​ក្នុង​ការនិយាយ​ត្រង់ៗ​នោះ​ទេ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ។14

គ្រួសារ​របស់​យើង​មាន​មិត្ត​ម្នាក់ ។ អ្នក​ប្រហែល​ជា​ស្គាល់​នរណាម្នាក់​ដូច​នាង​ដែរ ឬ ប្រហែល​អ្នក​ដូចជា​នាង ។ នាង​ជា​ស្ត្រី​នៅ​លីវ តែ​តែងតែ​ស្មោះត្រង់ បម្រើ​ដោយ​ភាព​ថ្លៃថ្នូរ​នៅក្នុង​សាសនាចក្រ គួរ​ឲ្យ​កោតសរសើរ​យ៉ាងខ្លាំង ត្រូវ​បាន​ស្រឡាញ់​ដោយ​គ្រួសារ​របស់​នាង ខណៈ​ដែល​នាង​គិត​អំពី​អាពាហ៍ពិពាហ៍ និង កូនៗ ។ នាង​បាន​និយាយ​ថា « ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា​ដាក់ ... សេចក្ដី​ទុកចិត្ត​របស់​ខ្ញុំ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ ការ​ទៅ​ព្រះវិហារបរិសុទ្ធ​ញឹកញាប់ ជួយ​ខ្ញុំ​ឲ្យ​កាន់​តែ​ផ្ដោតយកចិត្ត​ទុក​ដាក់​ទៅ​លើ​ភាពអស់កល្បជានិច្ច ។ វា​រំឭក​ខ្ញុំ​ថា ខ្ញុំ​ពុំ​នៅ​ម្នាក់​ឯង​ឡើយ ។ ខ្ញុំ​មាន​សេចក្ដី​ជំនឿ ... ថា​គ្មាន ... ពរជ័យ​ណា​នឹង​ត្រូវ​ផ្អាក​នោះ​ឡើយ ... ប្រសិន​បើ​ខ្ញុំ ... នៅតែ​បន្ដ​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ខ្ញុំ រួម​ទាំង​ច្បាប់​ព្រហ្មចារីយភាព​ផង » ។15

មិត្ត​ម្នាក់​ទៀត​បាន​បម្រើ​បេសកកម្ម​ដ៏​អស្ចារ្យ​មួយ ដោយ​មាន​ការហ្វឹកហ្វឺន​ខាងការអប់រំ​យ៉ាង​ម៉ត់ចត់ ។ គាត់​សង្ឃឹម​ថា​នឹង​មាន​គ្រួសារ​មួយ ។ ការសាក​ល​នៃ​សេចក្ដី​ជំនឿ​របស់​គាត់​គឺ ៖ ការទាក់ទាញ​លើ​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ដូចគ្នា ។ ថ្មីៗ​នេះ គាត់​បាន​សរសេរ​សំបុត្រ​មក​ខ្ញុំ​ថា ៖ « ខ្ញុំ​បាន​ទទួល​សេចក្ដី​សន្យា​នៅក្នុង​ពរជ័យ​អយ្យកោ​របស់​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​គ្រួសារ​ផ្ទាល់​របស់​ខ្ញុំ​នៅ​ថ្ងៃ​មួយ ។ មិន​ថា រឿង​នោះ​កើត​មាន​នៅក្នុង​ជីវិត​នេះ ឬ ជីវិត​បន្ទាប់​ពី​នេះ​នោះ​ទេ ខ្ញុំ​មិន​ដឹង​នោះ​ទេ ។ ប៉ុន្ដែអ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ថា​ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​ខូច​បង់​នូវ​ពរជ័យ​ដែល​ព្រះ​បាន​សន្យា​ចំពោះ ខ្ញុំ និង កូនចៅ​នាពេល​អនាគត​របស់​ខ្ញុំនោះ​ទេ ។ ... ការរស់នៅ​តាម [ ច្បាប់​ព្រហ្មចារីយភាព ] គឺជា​ឧបសគ្គ​មួយ ប៉ុន្ដែ​តើ​យើង​មិន​បាន​មក​កាន់​ផែនដី​នេះ ដើម្បី​សាកល្បង​នឹង​ឧបសគ្គ​ទាំងនេះ ហើយ​បង្ហាញ​ដល់​ព្រះ​នូវ​សេចក្ដី​ស្រឡាញ់ និង ការគោរព​របស់​យើងចំពោះ​ទ្រង់ ដោយ​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​ទេ​ឬ​អី ? ខ្ញុំ​ត្រូវបាន​ប្រទានពរ​ឲ្យ​មាន​សុខភាព​ល្អ ដំណឹងល្អ គ្រួសារ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ និង មិត្តភក្ដិ​ដ៏​ស្មោះត្រង់​ជាច្រើន ។ ខ្ញុំ​មាន​សេចក្ដី​អំណរ​ចំពោះ​ពរជ័យ​ជាច្រើន​របស់​ខ្ញុំ​នេះ » ។16

ពិភពលោក​បាន​ប្រកែក​ថា ៖ « តើ​អ្នក​អាច​សុំ​បាន​ច្រើន​បាន​ដោយ​របៀប​ណា ? »ព្រះអម្ចាស់​បាន​ឆ្លើយតប​ថា ៖

« គំនិត​អញ​មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​អញ​ដែរ … ។

« ត្បិត​ដែល​ផ្ទៃមេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​យើង ខ្ពស់​ជាង​ផ្លូវ​របស់​ឯង... ។17

« អ្នកដើរតាម​ទាំងពីរ​របស់​ព្រះគ្រីស្ទ​នេះ និង ប្រជាជន​រាប់​ម៉ឺន​នាក់​ដូចជា​ពួកគេ​ដែរ​នោះ បាន​មាន​អារម្មណ៍​ពី​សេចក្ដី​សន្យា​របស់​ព្រះអង្គ​សង្គ្រោះថា ៖ « សេចក្ដីសុខ​របស់​ខ្ញុំ ដែល​ខ្ញុំ​ឲ្យ នោះ​មិនមែន​ដូចជា​លោកិយ​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នករាល់គ្នា​ថប់​បារម្ភ ឬ ភ័យ​ឡើយ » ។18

នេះ​គឺជា​ឧបសគ្គ​មួយ​ទៀត ។ វា​តែងតែ​មាន​មនុស្ស​មួយ​ចំនួន ដែល​ចង់​បំផ្លាញ​កេរ្ដិ៍ឈ្មោះ​របស់​សាសនាចក្រ និង ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ ។ សព្វថ្ងៃ ពួកគេ​ប្រើ​អ៊ិនធើណិត ។

ព័ត៌មាន​ខ្លះ​អំពី​សាសនាចក្រ មិន​ថា​វា​បញ្ចុះបញ្ចូល​យ៉ាង​ណា​ទេ គឺ​វា​មិន​ពិត​នោះ​ទេ ។ នៅក្នុង​ឆ្នាំ 1985 ខ្ញុំ​ចាំ​ថា​មាន​អ្នកធ្វើការ​ជាមួយ​ខ្ញុំ​ម្នាក់ បាន​ដើរ​មក​ក្នុង​ការិយាល័យ​ជំនួញ​របស់​ខ្ញុំ​នៅក្នុង​រដ្ឋ​ហ្វ្លរីដា ។ គាត់​មាន​អត្ថបទ​ទស្សនាវដ្ដី Time មួយ​ដែល​មាន​ចំណងជើង​ថា « Challenging Mormonism’s Roots » ( ការសាកល្បង​ឫសគល់​នៃ​ពួកមរមន ) ។ វា​បាន​និយាយ​អំពី​សំបុត្រ​មួយ​ដែល​ទើបតែ​បាន​រកឃើញ​ថ្មីៗ​នោះ ដែល​គិត​ថា​បាន​សរសេរ​ដោយ ម៉ាទិន ហារីស ដែល​ប្រឆាំង​នឹង​ដំណើររឿង​នៃ​ការរកឃើញ​ផ្ទាំង​ព្រះគម្ពីរ​មរមន​របស់​យ៉ូសែប ស្ម៊ីធ ។19

អ្នកធ្វើការ​ជាមួយ​ខ្ញុំ​នោះ​បាន​សួរ​ថា តើ​ព័ត៌មាន​ថ្មី​នេះ​អាច​បំផ្លាញ​សាសនាចក្រ​មរមន​បាន​ដែរ​ឬ​ទេ ។ អត្ថបទ​នេះ បាន​ដកស្រង់​បុរស​ម្នាក់​ដែល​បាន​និយាយ​ថា គាត់​បាន​ចាកចេញ​ពី​សាសនាចក្រ​ដោយសារ​ឯកសារ​នោះ ។ ក្រោយមក អ្នក​ផ្សេង​ទៀត​បាន​រាយការណ៍​ថា​បាន​ចាកចេញ​ពី​សាសនាចក្រ​ដែរ ។20 ខ្ញុំ​ប្រាកដ​ថា វា​គឺជា​ការសាក​ល​មួយ​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ ។

ប៉ុន្មាន​ខែ​ក្រោយមក អ្នកជំនាញ​ជាច្រើន​បាន​រកឃើញ ( ហើយ​អ្នកក្លែង​បន្លំ​នោះ​បាន​សារភាព ) ថា សំបុត្រ​នោះ​គឺ​ពិត​ជា​ក្លែងក្លាយ​ទាំងស្រុង ។ ខ្ញុំ​បាន​ចាំ​ដោយ​សង្ឃឹម​យ៉ាង​ខ្លាំង​ថា អ្នក​ទាំងឡាយ​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ ដោយសារ​តែ​ការបោក​បញ្ឆោត​នេះ នឹង​ត្រឡប់​មក​កាន់​សាសនាចក្រ​វិញ ។

បញ្ហា​មួយ​ចំនួន​បាន​មន្ទិល​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ នៅពេល​ដែល​ពួកគេ​ឃើញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ធ្វើ​ដោយ​អ្នកដឹកនាំ​សាសនាចក្រ​ម្នាក់​ជាច្រើន​ទស្សវត្សន៍​កន្លង​ទៅ ដែល​មើល​ទៅ​ហាក់ដូចជា​ខុសគ្នា​នឹង​គោលលទ្ធិ​របស់​យើង ។ មាន​គោលការណ៍​ដ៏​សំខាន់​មួយ ដែល​គ្រប់គ្រង​គោលលទ្ធិ​នៃ​សាសនាចក្រ​នេះ ។ គោលលទ្ធិ​ត្រូវបាន​បង្រៀន​ដោយ​សមាជិក​ទាំង 15 រូប​នៃ​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ។ វា​មិន​បាន​លាក់​ទុក​នៅក្នុង​កថាខណ្ឌ​មិន​ច្បាស់​នៃ​ការនិយាយ​មួយ​នោះ​ទេ ។ គោលការណ៍​ដ៏​ពិត ត្រូវ​បាន​បង្រៀន​ជាញឹកញាប់ ហើយ​ដោយ​មនុស្ស​ជាច្រើន ។ គោលលទ្ធិ​របស់​យើង មិន​ពិបាក​រក​នោះ​ទេ ។

អ្នកដឹកនាំ​សាសនាចក្រ​ទាំងឡាយ គឺជា​មនុស្ស​ដែល​ស្មោះត្រង់ ប៉ុន្ដែ​មិន​ឥតខ្ចោះ​នោះ​ទេ ។ សូម​ចងចាំ​ពាក្យ​សម្ដី​របស់​មរ៉ូណៃ​ថា ៖ « ចូរ​កុំ​ថ្កោលទោស​ខ្ញុំ ពីព្រោះ​មក​ពី​ភាព​មិន​ល្អ​ឥតខ្ចោះ​របស់​ខ្ញុំ ឬក៏​ឪពុក​ខ្ញុំ ... ប៉ុន្ដែ​ចូរ​ថ្លែង​អំណរគុណ​ដល់​ព្រះ​វិញ ដែល​ទ្រង់​បាន​សម្ដែង​ឲ្យ​អ្នក​ឃើញ នូវ​ការឆ្គាំឆ្គង​របស់​ពួកយើង ដើម្បី​ឲ្យ​អ្នករាល់​គ្នា​អាច​រៀន ឲ្យ​មាន​ប្រាជ្ញា​ជាង​យើង​ទៅ​ទៀត » ។21

យ៉ូសែប ស្ម៊ីធ បាន​និយាយ​ថា ៖ « ខ្ញុំ​មិន​ដែល​បា្រប់​អ្នក​ថា ខ្ញុំ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្ដែ​វា​គ្មាន​កំហុស​នៅក្នុង​វិវរណៈ » ។22 អព្ភូតហេតុ​នៃ​ព្រះហស្ដ​របស់​ព្រះ នៅក្នុង​ប្រវត្តិសាស្ដ្រ និង ជោគវាសនា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ត្រូវ​បាន​យល់​ពេញលេញ តែ​តាមរយៈ​ពន្លឺ​នៃ​សំណួរ​ខាង​វិញ្ញាណ​តែ​ប៉ុណ្ណោះ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​មាន​ប្រសាសន៍​ថា « ទី​បំផុត មនុស្ស​គ្រប់រូប​នឹង​ត្រូវ​គាំទ្រ​ដល់​ជញ្ជាំង​នៃ​សេចក្ដី​ជំនឿ ហើយ​នៅ​ទីនោះ ... ត្រូវ​ឈរ​ដោយ​ខ្លួន​គាត់ » ។23 សូម​កុំ​ភ្ញាក់ផ្អើល ពេល​វា​កើតឡើង​ចំពោះ​អ្នក !

ជា​មូលដ្ឋាន ការសាក​លគឺ​ជា​ការសាកល្បង ។ វា​អាច​មាន​ការថប់​បារម្ភ ការយល់​ច្រឡំ យប់​ដែល​មិន​បាន​គេង និង ទឹកភ្នែក​ជោគ​ខ្នើយ ។ ប៉ុន្ដែ​ការសាក​ល​របស់​យើង មិន​មែន​ជា​ការបំផ្លាញ​ខាង​វិញ្ញាណ​នោះ​ទេ ។ វា​មិន​អាច​យក​យើង ចេញ​ពី​សេចក្ដី​សញ្ញា​របស់​យើង ឬ ពី​ដំណាក់​នៃ​ព្រះ​បាន​ឡើយ ។

« ចូរ​ចងចាំ​ចុះ ... គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង គឺ​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាលណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំងក្លា​របស់​វា​មក មែន​ហើយ ព្រួយ​របស់​វា​នៅ​ក្នុង​ខ្យល់​គួច មែន​ហើយ កាលណា​ព្រិល និង ខ្យល់​ព្យុះ​កំណាច​ទាំងអស់​របស់​វា​បោកបក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅក្នុង​ជង្ហុក នៃ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពីព្រោះ​មក​ពី​សិលា​ដែល​កូន​បាន​សង់​នៅលើ​នោះ ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ ជា​គ្រឹះ​មួយ បើ​សិន​ណា​មនុស្ស​សង់​នៅលើ​នោះ នោះ​ពួកគេ​មិន​អាច​រលំ​បាន​ឡើយ ។ »24

ដូចជា​ភ្លើង​ដ៏​ខ្លាំងក្លា​ដែល​បំលែង​ដែក ឲ្យ​ទៅ​ជា​ដែក​ថែប​ដែរ នៅពេល​យើង​នៅតែ​បន្ដ​ស្មោះត្រង់​ចំពោះ​ការសាក​ល​ដ៏​លំបាក​នានា​នៃ​សេចក្ដី​ជំនឿ​របស់​យើង យើង​ត្រូវ​បាន​បន្សុទ្ធ​ខាង​វិញ្ញាណ និង បាន​ពង្រឹង​ឡើង ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ពន្យល់​ពី​អ្វី​ដែល​គាត់​បាន​រៀន​ពី​ឧបសគ្គ​ផ្ទាល់ខ្លួន​មួយ​ថា ៖ « ទោះបីជា​ខ្ញុំ​បាន​រងទុក្ខ​នា​ពេលនោះ​ក្ដី នៅពេល​ដែល​ខ្ញុំ​មើល​ត្រឡប់​ទៅក្រោយ​វិញ​នា​ពេលនេះ ខ្ញុំ​មាន​សេចក្ដី​អំណរ​ដែល​វា​មិន​មាន​ដំណោះស្រាយ​ដ៏​ឆាប់​មួយ​ចំពោះ​បញ្ហា​របស់​ខ្ញុំ ។ ភាពពិត​គឺ​ថា ខ្ញុំ​ត្រូវ​បាន​បង្ខំ​ឲ្យ​ងាក​ទៅ​រក​ព្រះ​ដើម្បី​ជួយ​ស្ទើរ​តែ​រាល់​ថ្ងៃ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​បាន​បង្រៀន​ខ្ញុំ​ពិត អំពី​របៀប​ដើម្បី​អធិស្ឋាន និង ទទួល​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន ហើយប​ង្រៀន​ខ្ញុំ​ក្នុង​របៀប​ជាក់លាក់​មួយ ដើម្បី​មាន​ជំនឿ​ទៅ​លើ​ព្រះ ។ ខ្ញុំ​បាន​ស្គាល់​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ និង ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ តាម​របៀប​មួយ និង ក្នុង​កម្រិត​មួយ​ដែល​មិន​អាច​កើត​មាន​បាន​តាម​បែប​ផ្សេង ឬ ដែល​អាន​នឹង​ចំណាយ​ពេល​ច្រើន​ចំពោះ​ខ្ញុំ​ដើម្បី​សម្រេច​បាន... ។ ខ្ញុំ​បាន​រៀន​ទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយ​អស់​ពី​ដួងចិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​រៀន​ដើរ​នឹង​ទ្រង់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ » ។ 25

ពេតុ្រស​បាន​ពិពណ៌នា​បទពិសោធន៍​ទាំងនេះ​ថា​ជា​ការណ៍ « ដ៏​វិសេស​ជាង​មាស » ។26 ​មរ៉ូណៃ​បាន​បន្ថែម​ថា សាក្សី​មួយ​នឹង​នៅ​បន្ដ​ពី « ការសាក​ល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក » ។27

ខ្ញុំ​ចាប់ផ្ដើម​ដោយ​រឿង​អំពី​គ្រួសារ ម៉ារ៉ត ។ កាលពី​សប្ដាហ៍​មុន ខាធី និង ខ្ញុំ​បាន​ចូលរួម​នៅ​ឯ​ផ្នូរ​របស់ ចចចារ ។ ដប់​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ។ គ្រួសារ និង មិត្តភក្ដិ​ទាំងអស់ បាន​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ និង ការចងចាំ​ដែល​ពួកគេ​មាន​ចំពោះ ចចចារ ។ មាន​ប៉េតប៉ោង​អេលីយ៉ូម​ពណ៌​ស​ជាច្រើន​ដើម្បី​ប្រារព្ធ​ពី​ជីវិត​របស់​នាង ។ ម្ដាយ​របស់ ចចចារ បាន​និយាយ​ដោយ​ស្រទន់​ទាំង​ទឹក​ភ្នែក​អំពី​ការកើនឡើង​នៃ​សេចក្ដី​ជំនឿ និង ការយល់​ដឹង​ដែល​នាង​បាន​ទទួល ហើយ​ឪពុក​របស់ ចចចារ បាន​ប្រាប់​ខ្ញុំ​ដោយ​ស្ងាត់ៗ​អំពី សាក្សី ដែល​បាន​សន្យា​ដែល​បាន​មក​ដល់​គាត់ ។

ដោយ​សេចក្ដី​ជំនឿ ការសាក​ល​នៃ​សេចក្ដី​ជំនឿ នាំ​មក​នូវ​ការកើនឡើង​នៃ​សេចក្ដី​ជំនឿ ។ ការធានា​លួងលោម​របស់​ព្រះអម្ចាស់​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ គឺជា​សេចក្ដី​សន្យា​ដែល​ពិត​​ដូចគ្នា​មួយ​ដែល​ទ្រង់​បាន​ធ្វើ​ដល់​អ្នក​នៅក្នុង​ការសាក​ល​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក ៖ « ចូរ​កាន់​ផ្លូវ​ឲ្យ​ខ្ជាប់ … , ចូរ​កុំ​ខ្លាច … , ត្បិត​ព្រះ​ទ្រង់​នឹង​គង់​នៅ​ជាមួយ​អ្នក ជា​រៀង​ដរាប​តទៅ » ។28 ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏​ពិសិដ្ឋ​របស់​ខ្ញុំ​ទាំងនេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។

Show References

  1.  

    1. សូមមើល សាយអាន អែម បូវែន «​ ដោយ​ព្រោះ​យើង​រស់ នោះ​អ្នករាល់​គ្នា​នឹង​រស់​ដែរ » និង អាន អិម ឌិប « ខ្ញុំ​ស្គាល់​វា ។ ​រស់នៅ​តាម​វា ។ ខ្ញុំ​ស្រឡាញ់​វា ។» នៅ​ក្នុង​សម័យ​ប្រជុំ​ពេល​ព្រឹក​ថ្ងៃ​សៅរ៍ នៃ​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ 2012 ។

  2.  

    2.  យ៉ូហាន 17:3  ។

  3.  

    3.  ពេតុ្រសទី 1 1:7 

  4.  

    4.  លូកា 22:31–32  ។

  5.  

    5.  ពេត្រុសទី 1 4:12; ការបញ្ជាក់​បន្ថែម ។

  6.  

    6.  អាលម៉ា 1:25  ។

  7.  

    7.  អេភេសូរ 2:19  ។

  8.  

    8.  គោលលទ្ធិ និង សេចក្ដី​សញ្ញា 84:20  ។

  9.  

    9. សូម​មើល ម៉ូសាយ 18:8--10 ។

  10.  

    10. ថូម៉ាស អេស. ម៉នសុន « ឈរ​នៅ​ទី​បរិសុទ្ធ » លីអាហូណា និង Ensign , ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 82 ) ។

  11.  

    11. សូម​មើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Law of Chastity,» New Era,ខែ មករា ឆ្នាំ 1988 ទំព័រ 4–7 ; « The Law of Chastity » នៅក្នុងសុន្ទរកថា Brigham Young University, 1987--88( ឆ្នាំ 1988),1--5, speeches.byu.edu; see also Gospel Principles ( ឆ្នាំ 2009 ) ទំព័រ 224–32 ។

  12.  

    12. « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » លីអាហូណា និង Ensign , ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ។

  13.  

    13.  ម៉ាថាយ 5:28  ។

  14.  

    14.  យ៉ូហាន 8:11  ។

  15.  

    15. សំបុត្រផ្ទាល់​ខ្លួន ឆ្នាំ 2012 ។

  16.  

    16. សំបុត្រផ្ទាល់​ខ្លួន ឆ្នាំ 2012 ។

  17.  

    17.  អេសាយ 55:8-9  ។

  18.  

    18.  យ៉ូហាន 14:27  ។

  19.  

    19. សូម​មើល Richard N. Ostling, « Challenging Mormonism’s Roots, » Time, ថ្ងៃ​ទី 20 ខែ ឧសភា ឆ្នាំ 1985 ទំព័រ 44 ។

  20.  

    20. សូម​មើល ហ្គរដុន ប៊ី ហ៊ិងគ្លី « Lord, Increase Our Faith » Ensign, ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 52 ។

  21.  

    21.  មរមន 9:31  ។

  22.  

    22.  ការបង្រៀន​ទាំងឡាយ​នៃ​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ 2007 ) ទំព័រ 522 ។

  23.  

    23. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​របស់​ព្រះ » Tambuli ខែ ឧសភា ឆ្នាំ 1988 ; 6; Ensign ខែ ឧសភា ឆ្នាំ 1975 ទំព័រ 65 ) ។

  24.  

    24.  ហេលេមិន 5:12  ។

  25.  

    25. ឌី. ថត គ្រីស្តូហ្វឺសិន « Give Us This Day Our Daily Bread » (Church Educational System fireside ថ្ងៃទី 9 ខែ មករា ឆ្នាំ 2011 ) lds.org/broadcasts ។

  26.  

    26.  ពេតុ្រសទី 1 1:7  ; សូម​មើល​ផងដែរ ពេតុ្រសទី 1  4: 13 ។

  27.  

    27.  អេធើរ 12:6

  28.  

    28.  គោលលទ្ធិ និង សេចក្ដី​សញ្ញា 122:9  ; ប្រធាន ចច  ឃ្យូ. ខានុន បាន​មាន​ប្រសាសន៍​ថា ៖ « មិន​ថា​ឧបសគ្គ​នោះ​ធ្ងន់ធ្ងរ​ប៉ុណ្ណា ទុក្ខព្រួយ​ជ្រៅ​ប៉ុណ្ណា សេចក្ដី​វេទនា​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ [ ព្រះ ] នឹង​មិន​ដែល​បោះបង់​យើង​ចោល​នោះ​ទេ ។ ទ្រង់​មិន​ដែល ហើយ​ទ្រង់​មិន​ដែល​បោះបង់​យើង​នោះ​ទេ ។ ទ្រង់​មិន​អាច​ធ្វើ​វា​ទៅ​បាន​ទេ ។ វា​មិន​មែន​ជា​ចរិត​លក្ខណៈ​របស់​ទ្រង់​នោះ​ឡើយ ។ ទ្រង់​ជា​អង្គ​ដែល​មិន​ផ្លាស់ប្ដូរ ដូចគ្នា​នឹង​កាលពី​ម្សិលមិញ ដូចគ្នា​ថ្ងៃនេះ ហើយ​ទ្រង់​នឹង​ដូចគ្នា​ពេញ​មួយ​កាល​ដ៏​អស់កល្ប​ដែល​នឹង​មក ។ យើង​បាន​រកឃើញ​ព្រះ​នោះ ។ យើង​បាន​ធ្វើ​ជា​មិត្ត​នឹង​ទ្រង់ ដោយ​ការគោរព​តាម​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​ឈរ​ក្បែរ​យើង ។ យើង​អាច​ឆ្លងកាត់​ចង្រ្កាន​ដ៏​ក្ដៅ​គគុក​បាន ។ យើង​អាច​ឆ្លងកាត់​ទឹក​ដ៏​ជ្រៅ​បាន ។ ប៉ុន្ដែ​យើង​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់ ឬ ហួសហេតុ​ពេក​នោះ​ទេ ។ យើង​គួរតែ​ចេញ​ពី​ឧបសគ្គ និង ការលំបាក​ទាំងអស់​នេះ បាន​ប្រសើរ និង បរិសុទ្ធ​ជាង​នេះ​សម្រាប់​ពួកវា ប្រសិនបើ​គ្រាន់តែ​យើង​ទុកចិត្ត​លើ​ព្រះ​របស់​យើង ហើយ​ធ្វើ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ( « Freedom of the Saints » នៅក្នុង Brian  H. Stuy, comp Collected Discourses, Discourses Delivered by President Wilford Woodruff, His Two Counselors, the Twelve Apostles, and Others,, 5  vols. [ ឆ្នាំ 1987–92 ], 2:185 ) ; សូម​មើល​ផងដែរ ជែហ្វ្រី  អ័រ ហូឡិន « Come unto Me » Ensign , ខែ មេសា ឆ្នាំ 1998 ទំព័រ 16–23 ។