សូម​ស្វាគមន៍​មក​កាន់​សន្និសីទ

ដោយ​ប្រធាន ថូម៉ាស  អេស. ម៉នសុន


សូម​យើង​ស្ដាប់​ដោយ​យក​ចិត្តទុក​ដាក់​ចំពោះ​សារលិខិត ... ថា​យើង​នឹង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង ទទួល​បាន​ចំណេះដឹង​ដែល​ទ្រង់​ចង់​ឲ្យ​យើង​មាន ។

តាម​ដែល​ខ្ញុំ​អាច​មើលឃើញ កៅអី​ទាំងអស់​មាន​អ្នក​អង្គុយ​ពេញ លើកលែង​តែ​កៅអី​ពីរបី​នៅ​ខាងក្រោយ​នោះ ។ មាន​បន្ទប់​ដើម្បី​កែលម្អ ។ នេះ​គឺជា​ការបន្ទាបខ្លួន​មួយ​ដល់​អស់​អ្នក​ណា​ដែល​អាច​មក​យឺត​បន្ដិច ដោយសារ​តែ​ស្ទះ​ចរាចរណ៍ ឲ្យ​រក​កៅអី​មួយ​ពេល​ពួកគេ​មក​ដល់ ។

នេះ​គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ ជា​ថ្ងៃ​សន្និសីទ ។ យើង​បាន​ឮ​ក្រុម​ចម្រៀង​ដ៏​ស្រស់ស្អាត​ច្រៀង​តន្ដ្រី​ដ៏​ពិរោះ​មួយ ។ រាល់ពេល​ដែល​ខ្ញុំ​ឮ​ក្រុម​ចម្រៀង ឬ ឮ​ព្យាណូ​ខ្យល់ ឬ ព្យាណូ ខ្ញុំ​គិត​អំពី​ម្ដាយ​ខ្ញុំ ដែល​បាន​និយាយ​ថា « ម៉ាក់​ស្រឡាញ់​ភ្លេង​ទាំងអស់​ដែល​បាន​ផ្ដល់​ដល់​កូន សញ្ញាប័ត្រ​ទាំងអស់​ដែល​កូន​ទទួល​បាន និង ការងារ​ទាំងអស់​ដែល​កូន​បាន​ធ្វើ ។ ម៉ាក់​មាន​ការសោកស្ដាយ​តែមួយ​គត់​នោះ​គឺ កូន​មិន​បាន​បន្ដ​នឹង​ព្យាណូ​នោះ » ។ អរគុណ​អ្នកម្ដាយ ។ ខ្ញុំ​ក៏​ចង់​លេង​ដែរ ។

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ វា​ជា​ការណ៍​ល្អ ដើម្បី​ស្វាគមន៍​អ្នក​មក​កាន់​សន្និសីទ​ទូទៅ​ពាក់កណ្ដាល​ឆ្នាំ​លើក​ទី 182 នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

តាំងពី​យើង​បាន​ជួប​គ្នា​កាលពី​ប្រាំមួយ​ខែ​មុន មាន​ព្រះវិហារ​បរិសុទ្ធ​ថ្មី​បី​ដែល​បាន​ឧទ្ទិស​រួច និង ​ព្រះវិហារ​បរិសុទ្ធ​មួយ​បាន​ឧទ្ទិស​សារ​ជាថ្មី ។ នៅក្នុង​ខែ ឧសភា វា​គឺជា​ឯកសិទ្ធិ​របស់​ខ្ញុំ​ដើម្បី​ឧទ្ទិស​ដល់​ព្រះវិហារ​បរិសុទ្ធ​ដ៏​ស្រស់ស្អាត​ទីក្រុង​កាន់សាស រដ្ឋ​មិសសួរី និង ដើម្បី​ចូលរួម​ការប្រារព្ធ​ពិធី​វប្បធម៌​នៅ​ចំ​ពេល​នោះ​ដែរ ។ ខ្ញុំ​នឹង​លើកឡើង​ពី​ការប្រារព្ធ​ពិធី​នោះ​ឲ្យ​បាន​លម្អិត​ជាង​នេះ នៅក្នុង​ការនិយាយ​របស់​ខ្ញុំ​នា​ព្រឹក​ស្អែក ។

នៅ​ខែ មិថុនា ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ បាន​ឧទ្ទិស​ដល់​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ទីក្រុង ម៉ាណូស ប្រទេស​ប្រេស៊ីល ដែល​ប្រជាជន​បាន​ទន្ទឹង​រង់ចាំ​ជា​យូរមក​ហើយ និង នៅ​ដើម​ខែ​កញ្ញា ប្រធាន ហិនរី  ប៊ី អាវរិង បាន​ឧទ្ទិស​សារ​ជា​ថ្មី​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ជួសជុល និង កែ​លម្អ​យ៉ាង​ថ្មី​នៅ ប៊ូណូស អ៊ែរ ប្រទេស​អាហ្សង់ទីន ជា​ព្រះវិហារ​បរិសុទ្ធ​មួយ​ដែល​ខ្ញុំ​បាន​មាន​ឯកសិទ្ធិ​ឧទ្ទិស​ជិត 27 ឆ្នាំ​កន្លង​ទៅ ។ ទើប​តែ​ពីរ​សប្ដាហ៍​មុន ប្រធាន ប៊យដ៍  ឃេ ផាកកឺ បាន​ឧទ្ទិស​ព្រះវិហារ​បរិសុទ្ធដ៏​ជាទី​ស្រឡាញ់​នៅ​ទីក្រុង​ព្រិកហាំ​នៅក្នុង​ភូមិ​កំណើត​ដែល​គាត់​បាន​កើត និង ធំ​ឡើង​នោះ ។

ដូចដែល​ខ្ញុំ​បាន​លើក​ឡើង​ពីមុន​នេះ គ្មាន​បរិក្ខារ​សំណង់​អគារ​សាសនាចក្រ​ណា​ដែល​សំខាន់​ជាង​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ហើយ​យើង​រីករាយ​ដែល​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន 139 កំពុង​ដំណើរការ​ទូទាំង​ពិភពលោក ដោយ​មាន​អគារ 27 កន្លែង​ទៀត​ដែល​បាន​ប្រកាស ឬ កំពុង​សាងសង់ ។ យើង​មាន​សេចក្ដី​អំណរ​ចំពោះព្រះរាជ​ដំណាក់​ដ៏​ពិសិដ្ឋ​ទាំងនេះ និង ចំពោះ​ពរជ័យ​ទាំងឡាយ​ដែល​វា​នាំ​មក​ក្នុង​ជីវិត​របស់​យើង ។

ព្រឹកនេះ ខ្ញុំ​រីករាយ​ដើម្បី​ប្រកាស​ព្រះវិហារ​បរិសុទ្ធ​ពីរ​បន្ថែម​ទៀត​ដែល​ក្នុង​ពេល​ឆាប់ៗ​នេះ នឹង​ត្រូវ​កសាង​នៅ​ទីតាំង​ដូច​ខាងក្រោម ៖ ថាក់សុន រដ្ឋ អារីហ្សូណា និង អារីហ្គូប៉ា ប្រទេស ពេរូ ។ សេចក្ដី​លម្អិត​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ នឹង​ផ្ដល់​ក្នុង​ពេល​ខាងមុខ​បើ​មាន​ការអនុញ្ញាត និង ការអនុមត័​ដ៏​ចាំបាច់ ។

បងប្អូន​ប្រុស​ស្រី ឥឡូវ​ខ្ញុំ​សូម​និយាយ​ពី​បញ្ហា​ផ្សេង គឺ​ថា​ការបម្រើ​បេសកកម្ម ។

ពេល​ខ្លះ គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ឲ្យ​យុវជន​ពី​ប្រទេស​មួយ​ចំនួន​បម្រើ​នៅ​អាយុ 18 ឆ្នាំ ពេល​ពួកគេ​មាន​ភាពស័ក្ដិសម មាន​សមត្ថភាព បាន​បញ្ចប់​ពី​វិទ្យាល័យ និង បង្ហាញ​ពី​បំណង​ដ៏​ស្មោះស្ម័គ្រ​ដើម្បី​បម្រើ ។ នេះ​ជា​ច្បាប់​ជាក់លាក់​នៃ​ប្រទេស​មួយ និង បាន​អនុញ្ញាត​ឲ្យ​យុវជន​រាប់​ពាន់​នាក់​បម្រើ​បេសកកម្ម​ដោយ​កិត្តិយស ព្រមទាំង​បាន​បំពេញ​កាតព្វកិច្ច​យោធា​ដែល​តម្រូវ​ឲ្យ​ធ្វើ និង មាន​ឱកាស​សិក្សា​ថែម​ទៀត​ផង ។

បទពិសោធន៍​យើង​ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​បេសកកម្ម​អាយុ 18 ឆ្នាំ​ទាំងនេះ​មាន​ភាពវិជ្ជមាន ។ ប្រធាន​បេសកកម្ម​របស់​ពួកគេ​បាន​រាយការណ៍​ថា ពួកគេ​គោរព​ច្បាប់ ស្មោះត្រង់ ពេញវ័យ និង បម្រើ​បាន​យ៉ាងល្អ​ដូចជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសានា​ដែល​វ័យ​ចាស់​ជាង ដែល​បាន​បម្រើ​ក្នុង​បេសកកម្ម​ដូចគ្នា​ដែរ ។ ភាពស្មោះត្រង់ ការគោរព​ប្រតិបត្តិ និង ភាពចាស់ទុំ​របស់​ពួកគេ បាន​នាំ​ឲ្យ​យើង​ចង់​ឲ្យ​មាន​ជម្រើស​ដូចគ្នា​នៃ​ការបម្រើ​បេសកកម្ម​មុន​អាយុ​កំណត់​សម្រាប់​យុវជន​ទាំងអស់ ដោយ​មិន​គិត​ពី​ប្រទេស​ដែល​ពួកគេ​ចេញ​មក​នោះ​ទេ ។

ខ្ញុំ​រីករាយ​ដើម្បី​ប្រកាស​ពី​ប្រសិទ្ធិភាព​នោះ​ភ្លាមៗ​ថា យុវជន​ដែល​ស័ក្ដិសម និង មាន​សមត្ថភាព​ទាំងអស់​ដែល​បាន​បញ្ចប់​វិទ្យាល័យ ឬ សាលា​ប្រហាក់ប្រហែល ដោយ​មិន​គិត​ពី​ទីកន្លែង​ដែល​ពួកគេ​រស់នៅ នឹង​មាន​ជម្រើស​ឲ្យ​បម្រើ​បេសកកម្ម​ចាប់តាំង​ពី​អាយុ 18 ជំនួស​ឲ្យ​អាយុ 19 ឆ្នាំ​វិញ ។ ខ្ញុំ​មិនមែន​ស្នើ​ថា យុវជន​ទាំងអស់​នឹង ឬ គួរតែ​បម្រើ​នៅ​អាយុ​ក្មេង​បែប​នេះ​ទេ ។ ប៉ុន្ដែ ដោយ​ផ្អែកលើ​កាលៈទេសៈ​របស់​បុគ្គល ក៏​ដូចជា​ការសម្រេច​ចិត្ត​ដោយ​អ្នកដឹកនាំ​បព្វជិតភាព​នានា ជម្រើស​នេះ​បាន​អនុវត្ត​ហើយ ។

នៅពេល​យើង​បាន​សញ្ជឹង​គិត​ដោយ​ការអធិស្ឋាន​ពី​អាយុ​ដែល​យុវជន​អាច​ចាប់ផ្ដើម​ការបម្រើ​បេសកកម្ម​របស់​ពួកគេ​នោះ យើង​ក៏​បាន​ពិចារណា​ពី​អាយុ​ដែល​យុវនារី​អាច​បម្រើ​ផង​ដែរ ។ ថ្ងៃនេះ ខ្ញុំ​រីករាយ​ដើម្បី​ប្រកាស​ថា យុវនារី​ដែល​មាន​សមត្ថភាព មាន​ភាពស័ក្ដិសម​ដែល​មាន​បំណង​ចង់​បម្រើ អាច​លើក​ទឹកចិត្ត​ឲ្យ​បម្រើ​បេសកកម្ម​ចាប់​ពី​អាយុ 19 ជំនួស​ឲ្យ​អាយុ 21 ឆ្នាំ ។

យើង​បញ្ជាក់​ថា កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺជា​កាតព្វកិច្ច​បព្វជិតភាព​មួយ ហើយ​យើង​សូម​លើកទឹកចិត្ត​ដល់​យុវជន​ទាំងអស់​ដែល​មាន​ភាពស័ក្ដិសម និង ដែល​មាន​សមត្ថភាព​ខាងរាងកាយ និង ខាង​ស្មារតី ឲ្យ​ឆ្លើយតប​នឹង​ការហៅ​ឲ្យ​បម្រើ​នេះ ។ យុវនារី​ជាច្រើន​ក៏​បម្រើ​ដែរ ប៉ុន្ដែ​ពួកគេ​មិន​នៅក្រោម​ការបញ្ជា​ឲ្យ​បម្រើ​ដូចគ្នា​នឹង​យុវជន​នោះ​ទេ ។ ទោះយ៉ាងណា យើង​សូម​អះអាង​នឹង​យុវនារី​ទាំងឡាយ​ក្នុង​សាសនាចក្រ​ថា ពួកគេ​នឹង​ចូលរួម​ចំណែក​យ៉ាង​មាន​តម្លៃ​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​យើង​សូម​ស្វាគមន៍​ចំពោះ​ការបម្រើ​របស់​ពួកគេ ។

យើង​បន្ដ​ត្រូវការ​អ្នកផ្សព្វផ្សាយ​សាសនា​ជា​ប្ដីប្រពន្ធ​ច្រើន​ថែម​ទៀត ។ នៅពេល​ដែល​ស្ថានភាព​របស់​អ្នក​អនុញ្ញាត នៅពេល​អ្នក​ដល់​ពេល​ចូល​និវត្តន៍ និង ពេល​សុខភាព​អ្នក​អំណោយផល ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការបម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ ទាំង​ប្ដី និង ប្រពន្ធ នឹង​មាន​សេចក្ដី​អំណរ​កាន់តែ​ខ្លាំង​មួយ​រួមគ្នា នៅពេល​ដែល​ពួកគេ​បម្រើ​ដល់​កូនចៅ​របស់​ព្រះវរបិតា​យើង ។

ឥឡូវ​នេះ បងប្អូន​ប្រុសស្រី សូម​យើង​ស្ដាប់​ដោយ​យក​ចិត្តទុក​ដាក់​ចំពោះ​សារលិខិត​ដែល​នឹង​បង្ហាញ​ក្នុង​រយៈពេល​ពីរថ្ងៃ​បន្ទាប់​នេះ ថា​យើង​នឹង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង ទទួល​បាន​ចំណេះដឹង​ដែល​ទ្រង់​ចង់​ឲ្យ​យើង​មាន ។ ខ្ញុំ​អធិស្ឋាន​ថា នេះ​អាច​ជា​បទពិសោធន៍​របស់​យើង នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។