ឆ្នាំ ២០១០-២០១៩
តើ​ព្រះពន្លា​នៅ​ទីណា?
តុលា 2012


តើ​ព្រះពន្លា​នៅ​ទីណា ?

ព្រះពន្លា​ដែល​ហាក់ដូចជា​រារាំង​ជំនួយ​ពី​ព្រះ មិន​បាន​គ្របបាំង​ព្រះ​នោះ​ទេ ទោះយ៉ាងណាក្ដី​វា​គ្របបាំង​យើង​ម្ដងម្កាល ។ ព្រះ​មិនដែល​ពួន​យើងទេ ប៉ុន្ដែ​ពេលខ្លះ​យើង​ពួនពី​ទ្រង់ ។

នៅក្នុង​ជម្រៅ​នៃ​ការថប់​បារម្ភ​ក្នុង​គុក​លីប៊ើធី ព្យាការី យ៉ូសែប ស្ម៊ីធ បាន​អង្វរ​ថា ៖ « ឱ ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់​នៅ​ទីណា ? ហើយ​តើ​ព្រះពន្លា​ដែល​គ្របបាំង​ទីបំពួន​ទ្រង់​នៅ​ទីណា ? » 1 ពួកយើង​ភាគច្រើន ពេល​មាន​ការថប់​បារម្ភ​ផ្ទាល់ខ្លួន មាន​អារម្មណ៍​ថា​ព្រះ​នៅ​ឆ្ងាយ​ពី​យើង ។ ប៉ុន្ដែ​ព្រះពន្លា​ដែល​ហាក់ដូចជា​រារាំង​ជំនួយ​ពី​ព្រះ មិន​បាន​គ្របបាំង​ព្រះ​នោះ​ទេ ទោះយ៉ាងណាក្ដី​វា​គ្របបាំង​យើង​ម្ដងម្កាល ។ ព្រះ​មិនដែល​ពួន​យើងទេ ប៉ុន្ដែ​ពេលខ្លះ​យើង​ពួនពី​ទ្រង់ ដោយគ្របបាំង​ព្រះពន្លា​មួយ​នៃ​ការជម្រុញ​នានា​ដែល​នាំ​យើង​ចេញ​ពី​ព្រះ ហើយ​ធ្វើ​ឲ្យ​ទ្រង់​ហាក់​ចេញឆ្ងាយ និង មិន​អាច​ទៅ​ដល់ ។ បំណង​ផ្ទាល់​របស់​យើង ជា​ជាង​អារម្មណ៍​ថា « សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សម្រេច »2 បាន​បង្កើត​អារម្មណ៍​នៃ​ព្រះពន្លា​មួយ​ដែល​រារាំង​ព្រះ ។ ព្រះ​តែងតែ​ឃើញ​យើង ឬ ទាក់ទង​នឹង​យើង ប៉ុន្ដែ​យើង​អាច​មិន​មាន​ឆន្ទៈ​ស្ដាប់ ឬ ធ្វើតាម​ឆន្ទៈ និង ពេលវេលា​របស់​ទ្រង់ ។

អារម្មណ៍​នៃ​ការបែក​ពី​ព្រះ​របស់​យើង​នឹង​បន្ថយ នៅពេល​យើង​ក្លាយ​ដូចជា​កូនក្មេង​ចំពោះ​មុខ​ទ្រង់ ។ វា​មិន​ងាយស្រួល​ទេ​នៅក្នុង​ពិភពលោក​មួយ ដែល​មាន​ទស្សនៈ​នៃ​មនុស្ស​ផ្សេង​ទៀត​ដែល​អាច​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ចំណង់​របស់​យើង​នោះ ។ ប៉ុន្ដែ​វា​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​ពី​សេចក្ដីពិត​នេះថា ៖ ព្រះ​នៅ​ក្បែរ​យើង ហើយ​ដឹង​ពី​យើង និង មិន​ដែល​ពួន​ពី​កូនចៅ​ស្មោះ​ត្រង់​របស់​ទ្រង់​ឡើយ ។

ចៅស្រី​អាយុ​បី​ឆ្នាំ​របស់​ខ្ញុំ បាន​បង្ហាញ​អំណាច​នៃ​ភាពសុចរិត និង ការបន្ទាបខ្លួន​ក្នុង​ការផ្សារភ្ជាប់​យើង​ទៅនឹង​ព្រះ ។ នាង​បាន​ទៅ​ជាមួយ​នឹង​គ្រួសារ​របស់​នាង ដើម្បី​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ព្រិកហាំ ក្នុង​រដ្ឋ​យូថាហ៍ ។ នៅក្នុង​បន្ទប់​ព្រះវិហារ​បរិសុទ្ធ​មួយនៃ​អគារ​ដ៏​ស្រស់​ស្អាត​នោះ នាង​បាន​មើល​ជុំវិញ ហើយ​សួរ​ថា ៖ « ម៉ាក់ តើ​ព្រះយេស៊ូវ​នៅ​ឯណា ? » ម្ដាយ​របស់​នាង​បានពន្យល់​ថា កូនមិន​អាច​ឃើញ​ព្រះយេស៊ូវ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ ប៉ុន្ដែ​កូន​អាច​មាន​អារម្មណ៍​ពី​ឥទ្ធិពល​របស់​ទ្រង់​នៅក្នុង​ដួងចិត្ត​កូន ។ អេលីស្សា គិត​ពី​ចម្លើយ​របស់​ម្ដាយ​នាង​យ៉ាង​ប្រយ័ត្ន ហើយ​បន្ទាប់មក​ហាក់ដូចជា​ពេញចិត្ត ហើយ​បាន​និយាយ​ថា « អូ៎ ព្រះយេស៊ូវ​បាន​ទៅ​ជួយ​នរណាម្នាក់​ហើយ » ។

គ្មាន​ព្រះពន្លា​ណា​បាំង​ការយល់ដឹង​របស់ Eliza ឬ រារាំង​ទស្សនៈ​ដ៏​ពិត​របស់​នាង​នោះ​ទេ ។ ព្រះ​នៅ​ក្បែរ​នាង ហើយ​នាង​មាន​អារម្មណ៍​នៅ​ក្បែរ​ទ្រង់ ។ នាង​ដឹង​ថា ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​នៃ​ព្រះអម្ចាស់ ប៉ុន្ដែ​ក៏​ដឹង​ដែរ​ថា ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​រស់ឡើង​វិញ និង​ដ៏​មាន​សិរីល្អនោះ មាន​ព្រះកាយ និង អាច​នៅតែ​ក្នុង​កន្លែង​មួយ​ក្នុង​ពេល​តែ​មួយ​ប៉ុណ្ណោះ ។3 បើសិនជា​ទ្រង់​មិន​នៅ​ដំណាក់​របស់​ទ្រង់​ទេ នាង​ដឹង​ថា​ទ្រង់​ប្រាកដ​ជា​នៅ​កន្លែង​ផ្សេង​ទៀត ។ ហើយ​ចេញ​ពី​អ្វី​ដែល​នាង​ដឹង​អំពី​ព្រះអង្គ​សង្គ្រោះ នាង​ដឹង​ថា ទ្រង់​នឹង​គង់នៅ​កន្លែង​ណា​មួយ ធ្វើ​អំពើ​ល្អ​សម្រាប់​កូនចៅ​របស់​ព្រះវរបិតា​ទ្រង់ ។ វា​ច្បាស់​ថា នាង​បាន​សង្ឃឹម​ចង់​ឃើញ​ព្រះយេស៊ូវ មិនមែន​ដើម្បី​មាន​អព្ភូតហេតុ​បញ្ជាក់​អំពី​ការគង់នៅ​របស់​ទ្រង់​នោះ​ទេ ប៉ុន្ដែ​ដោយសារ​នាង​ស្រឡាញ់​ទ្រង់ ។

ព្រះវិញ្ញាណ​អាច​បញ្ជាក់​ដល់​គំនិត និង ដួងចិត្ត​ដ៏​ក្មេង​របស់​នាង​នូវ​ការលួងលោម​ដែល​យើង​ទាំងអស់​ត្រូវការ និង ចង់​បាន ។ ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ទ្រង់​ស្គាល់​យើង ទត​មក​យើង និង ខ្វល់​ពី​យើង ។ ក្នុង​ពេល​ឈឺចាប់, ឯកោ ឬ ស្រពិចស្រពិល យើង​មិន​ចាំបាច់​ឃើញ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ដឹង​ថា ទ្រង់​ជ្រាប​ពី​កាលៈទេសៈ​របស់​យើង​ ហើយ​ថា​បេសកកម្ម​របស់​ទ្រង់​ត្រូវ​ប្រទានពរ​ឬ​អត់នោះ​ទេ ។

ខ្ញុំ​ដឹង​ពី​ជីវិត​ផ្ទាល់​របស់​ខ្ញុំ​ថា បទពិសោធន៍​របស់ អេលីស្សា អាច​ជា​បទពិសោធន៍​របស់​យើង​តាំង​ពី​នៅ​ជា​កុមារ​ភាព​ជា​យូរ​មក​ហើយ​នោះ ។ នៅ​ឆ្នាំ​ដំបូង​នៃ​ការងារ​របស់​ខ្ញុំ ខ្ញុំ​បាន​ធ្វើការ​ខ្លាំង​ដើម្បី​ទទួល​បាន​ភាពជា​សាស្ដ្រាចារ្យ​មាន​សិទ្ធិ​មួយ​នៅ​សាកលវិទ្យាល័យ ស្តែនហ្វត ។ ខ្ញុំ​​គិត​ថា ខ្ញុំ​មាន​ជីវិត​ដ៏​ល្អ​មួយ សម្រាប់​ខ្លួន​ខ្ញុំ និង គ្រួសារ​របស់​ខ្ញុំ ។ យើង​រស់នៅ​ជិត​ឪពុកម្ដាយ​របស់​ភរិយា​ខ្ញុំ ក្នុង​បរិយាកាស​មួយ​ដ៏​រីករាយ ។ ដោយ​បទដ្ឋាន​របស់​ពិភពលោក ខ្ញុំ​សម្រេច​បាន​ជោគជ័យ​ដ៏​ធំ ។ ប៉ុន្ដែ ខ្ញុំ​ទទួល​បាន​ឱកាសពី​សាសនាចក្រ​​ឲ្យ​ចាកចេញ​ពី កាលីហ្វូញ៉ា ហើយ​ទៅ​មហាវិទ្យាល័យ រីក នៅ រីកប៊ើហ្គ រដ្ឋ​អៃដាហូ ។ គោលដៅ អាជីព​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ អាច​ជា​ព្រះពន្លា​មួយ​ដែល​បំបែក​ខ្ញុំ​ពី​ព្រះវរបិតា​ជាទី​ស្រឡាញ់ ដែល​ទ្រង់​ដឹង​ច្រើន​ជាង​ខ្ញុំ ថា​អនាគត​របស់​ខ្ញុំ​នឹង​ទៅជា​យ៉ាង​ណានោះ ។ ប៉ុន្ដែ ខ្ញុំ​មាន​ពរជ័យ​ដែល​ដឹង​ថា មក​ដល់​ចំណុច​នោះ ​ជោគជ័យ​អ្វី​ក៏​ដោយ​ដែល​ខ្ញុំ​មាន​នៅក្នុង​ការងារ និង ជីវិត​គ្រួសារ​របស់​ខ្ញុំ គឺជា​អំណោយទាន​មួយ​ពី​ព្រះ ។ ដូច្នេះហើយ ដូចជា​ក្មេង​ម្នាក់ ខ្ញុំ​បាន​លុត​ជង្គង់​ចុះ​អធិស្ឋាន​សួរ​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ។ ខ្ញុំ​អាច​ឮ​សំឡេង​ដ៏​ស្ងាត់​មួយ នៅក្នុង​គំនិត​ខ្ញុំ​និយាយ​ថា « វា​ជា​សាលា​របស់​ខ្ញុំ » ។ គ្មាន​ព្រះពន្លា​ណា​ដែល​បាំង​ខ្ញុំ​ពី​ព្រះ​នោះ​ទេ ។ ដោយ​សេចក្ដី​ជំនឿ និង ការបន្ទាប​ខ្លួន ខ្ញុំ​សម្រប​បំណង​របស់​ខ្ញុំ​តាម​ព្រះ ហើយបានដឹង​ពី​​ការមើល​ថែ និង ភាពជិតដិត​របស់​ទ្រង់ ។

រយៈពេល​នៅ​មហាវិទ្យាល័យ រីក អំឡុងពេល​ដែល​ខ្ញុំ​ខំ​ស្វែងរក​ឆន្ទៈ​របស់​ព្រះ ហើយ​ធ្វើ​តាម​នោះ វា​ធ្វើ​ឲ្យ​ព្រះពន្លា​មិន​អាច​គ្រប​ខ្ញុំ ឬ ធ្វើ​ឲ្យ​តួនាទី​ដ៏​សកម្ម​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ស្រអាប់​បាន​ឡើយ ។ នៅពេល​ខ្ញុំ​ចង់​ធ្វើការ​របស់​ទ្រង់ ខ្ញុំ​មាន​អារម្មណ៍​ជិតដិត​នឹង​ទ្រង់ ហើយ​មាន​អារម្មណ៍​នៃ​ការធានា​ថា ទ្រង់​ដឹង​ពី​ស្ថានភាព​ខ្ញុំ ហើយ​ខ្វាយខ្វល់ពី​សុភមង្គល​របស់​ខ្ញុំ​យ៉ាង​ខ្លាំង ។ ប៉ុន្ដែ​អ្វី​ដែល​ពួកគេ​មាន​នៅ ស្ទែនហ្វត នោះ​គឺជា​ការលើកទឹក​ចិត្ត​ខាង​លោកកិយ ។ ការលើកទឹក​ចិត្ត​មួយ​គឺជា​ការផ្ដល់​ការងារ​ដ៏​ទាក់ទាញ​ដែល​បាន​ផ្តល់​ឲ្យ​ខ្ញុំ​ជា​ប្រធាន​នៃ​មហាវិទ្យាល័យ រីក នៅពេល​ខ្ញុំ​ទើបតែ​បញ្ចប់​ឆ្នាំ​ទី​ប្រាំ​នៃ​ការងារ​នៅ ស្ទែនហ្វត ។ ខ្ញុំ​ពិចារណា ហើយ​អធិស្ឋាន​អំពី​ការងារ​នោះ ហើយ​ថែមទាំង​ពិភាក្សា​ជាមួយ​នឹង​គណៈប្រធាន​ទីមួយ​ទៀត​ផង ។ ពួកគាត់​បាន​ឆ្លើយតប​ដោយ​សាទរ និង លេង​សើច​បន្តិច ប៉ុន្ដែ​មិនមាន​ការណែនាំ​ណា​មួយ​ជាក់លាក់​នោះ​ទេ ។ ប្រធាន ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល បាន​ស្ដាប់​ខ្ញុំ​ពិពណ៌នា​ពី​ការផ្ដល់​ដែល​ខ្ញុំ​បាន​ទទួល​ពី​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នោះ ហើយ​បាន​មាន​ប្រសាសន៍​ថា « មែនហើយ ហាល់ ស្ដាប់​ទៅ​ដូចជា​ឱកាស​ដ៏​អស្ចារ្យ​មួយ ។ ហើយ​ប្រសិនបើ​យើង​ត្រូវការ​អ្នក យើង​ដឹង​ពី​កន្លែង​ដែល​ត្រូវ​រក​អ្នក​បាន » ។ ពួកលោក​បាន​ស្គាល់​កន្លែង​ដើម្បី​ត្រូវរក​ខ្ញុំ ប៉ុន្ដែ​បំណងប្រាថ្នា​របស់​ខ្ញុំ​ក្នុង​ការមាន​ជោគជ័យ​ក្នុង​អាជីព​នោះ អាច​ជា​ព្រះពន្លា​មួយ​ដែល​នឹង​លំបាក​ចំពោះ​ខ្ញុំ​ដើម្បី​រក​ព្រះ ហើយ​ពិបាក​ខ្លាំង​សម្រាប់​ខ្ញុំ​ដើម្បី​ស្ដាប់ និង ធ្វើតាម​ការអញ្ជើញ​របស់​ទ្រង់ ។

ដោយ​ដឹង​ពី​រឿង​នេះ ភរិយា​របស់​ខ្ញុំ មាន​ការបំផុស​គំនិត​ដ៏​ខ្លាំង​មួយ​ថា យើង​មិន​ត្រូវ​ចាកចេញ​ពី មហាវិទ្យាល័យរីក ទេ ។ ខ្ញុំ​និយាយ​ថា « នោះ​វា​ល្អ​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ហើយ » ។ ប៉ុន្ដែ​គាត់​ទទូច​ដោយ​ឆ្លាតវៃ​ថា ខ្ញុំ​ត្រូវតែ​រក​វិវរណៈ​ផ្ទាល់​ខ្លួន​ខ្ញុំ ។ ដូច្នេះ ខ្ញុំ​បាន​អធិស្ឋាន​ម្ដងទៀត ។ លើក​នេះ ខ្ញុំ​បាន​ទទួល​ការដឹកនាំ​មួយ ក្នុង​ទម្រង់​ជា​សំឡេង​មួយ​ក្នុង​គំនិត​របស់​ខ្ញុំ​ដែល​និយាយ​ថា « ខ្ញុំ​នឹង​ឲ្យ​អ្នក​នៅ​មហាវិទ្យាល័យរីក យូរ​ជាង​នេះ​បន្ដិច » ។ មហិច្ឆិតា​ផ្ទាល់​របស់​ខ្ញុំ អាច​បាំង​ទស្សនៈ​ពិត​របស់​ខ្ញុំ ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ទទួល​បាន​វិវរណៈ ។

សាមសិប​ថ្ងៃ​ក្រោយពី​ខ្ញុំ​មាន​ពរជ័យ​ជាមួយ​នឹង​ការសម្រេចចិត្ត​ប្រកប​ដោយ​ការបំផុស​គំនិត​ឲ្យ​បដិសេធ​ការផ្ដល់​ការងារ​នោះ ហើយ​បន្ដ​នៅ​មហាវិទ្យាល័យ រីក នោះ​ទំនប់ ថែតុន នៅ​ជិត​នោះ បាន​បាក់ ។ ព្រះ​ដឹង​ថា ទំនប់​នោះ​នឹង​បាក់ ហើយ​ថា​ប្រជាជន​រាប់រយ​នាក់​នឹង​ត្រូវការ​ជំនួយ ។ ទ្រង់​បាន​ឲ្យ​ខ្ញុំ​រក​ការប្រឹក្សា និង រក​ហេតុផល​ដើម្បី​នៅមហាវិទ្យាល័យ រីក ។ ដោយសារ​ទ្រង់​ដឹង​ហេតុផល​ទាំងអស់ ទើប​ការបម្រើ​របស់​ខ្ញុំ​អាច​នៅតែ​មាន​តម្លៃ​នៅ​មហាវិទ្យាល័យ​នោះ និង នៅ រីកប៊ើហ្គ ។ ដូច្នេះ ជាញឹកញាប់​ខ្ញុំ​នៅទីនោះ​ដើម្បី​សុំ​ព្រះវរបិតាសួគ៌​តាម​ការអធិស្ឋាន​នូវ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​សម្រាប់​អ្វីៗទាំងឡាយ ដែល​នឹង​ជួយ​មនុស្ស​ដែល​ទ្រព្យសម្បត្តិ និង ជីវិត​របស់​ពួកគេ​បាន​រង​នូវ​ការ​ខូចខាត​នោះ ។ ខ្ញុំ​ចំណាយ​ពេល​រាប់ម៉ោង ធ្វើការ​ជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត ដើម្បី​សម្អាត​ភក់ និង ទឹក​ចេញ​ពី​ផ្ទះ ។ បំណង​របស់​ខ្ញុំ​ដើម្បី​ដឹង និង ធ្វើ​តាម​ឆន្ទៈ​របស់​ទ្រង់ ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ឱកាស​ពង្រីក​ខាង​ព្រលឹង​មួយ ។

ឧប្បត្តិហេតុ​នេះ​ជា​របៀប​មួយ​ទៀត ដែល​យើង​អាច​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ដឹង​ពី​ឆន្ទៈ​របស់​ព្រះ ឬ មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​ទ្រង់​ចំពោះ​យើង ៖ យើង​មិន​អាច​ទទូច​ពី​ពេលវេលា​របស់​យើង នៅពេល​ព្រះអម្ចាស់​មាន​ពេលវេលា​របស់​ទ្រង់​ឡើយ ។ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ចំណាយ​ពេល​ល្មម​ក្នុង​ការបម្រើ​របស់​ខ្ញុំ​នៅ រីក​ប៊ើហ្គ ហើយ​ជា​ការលឿន​មួយ​ដើម្បី​បន្ដ​ទៅ​មុខ​ទៀត ។ ពេលខ្លះ​ការទទូច​ចង់​ធ្វើ​របស់​យើង ស្របតាម​ពេលវេលា​របស់​យើង​ផ្ទាល់ អាច​រារាំង​ឆន្ទៈ​របស់​ទ្រង់​សម្រាប់​យើង ។

នៅក្នុង​គុក​លីប៊ើធី ព្យាការី យ៉ូសែប ស្ម៊ីធ បាន​សុំ​ព្រះអម្ចាស់​ឲ្យ​ដាក់​ទោស​ដល់​អស់​អ្នកណា​ដែល​ធ្វើទុក្ខ​ដល់​សមាជិក​សាសនាចក្រ​នៅក្នុង​រដ្ឋមិសសួរី ។ ការអធិស្ឋាន​របស់​គាត់​គឺ​ពិត ហើយ​ដាក់ទោស​ភ្លាមៗ ។ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​ឆ្លើយតប​ថា « ហើយ​មិន​យូរ​ប៉ុន្មាន​ឆ្នាំ​ពី​នេះ​ទៅ »4 ទ្រង់​នឹង​ដោះស្រាយ​នឹង​សត្រូវ​នៃ​សាសនាចក្រ​ទាំងនោះ ។ នៅក្នុង​ខ​ទី 24 និង ទី 25 នៃ​កណ្ឌ​ទី 121 ក្នុង​គោលលទ្ធិ​ និង​សេចក្ដី​សញ្ញា ទ្រង់​មាន​ព្រះបន្ទូល​ថា ៖

« មើលចុះ ភ្នែក​យើង​ទត​មើល​ឃើញ ហើយ​ស្គាល់​អស់​ទាំង​កិច្ចការ​របស់​ពួកគេ ហើយ​យើង​ទុក​សេចក្ដី​ជំនុំជម្រះ​ឲ្យ​មក​ជា​ឆាប់ តាម​រដូវកាល​វា គឺ​សម្រាប់​ពួកគេ​ទាំងអស់ ;

« ត្បិត​មាន​ពេលវេលា​កំណត់​ទុក​សម្រាប់​មនុស្ស​គ្រប់រូប​ស្របតាម​កិច្ចការ​របស់​ខ្លួន » ។5

យើង​ដោះ​ព្រះពន្លា នៅពេល​យើង​មាន​អារម្មណ៍ និង អធិស្ឋាន​ថា « សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សម្រេច » និង « តាម​ពេលវេលា​របស់​ទ្រង់​ចុះ » ។ ពេលវេលា​របស់​ទ្រង់​គួរតែ​លឿន​ល្មម​សម្រាប់​យើង ដោយសារ​យើង​ដឹង​ថា ទ្រង់​ចង់​ឲ្យ​យើង​មាន​តែ​អ្វី​ដែល​ល្អ​បំផុត ។

កូន​ប្រសារ​ស្រី​របស់​ខ្ញុំ​មួយ​មាន​អារម្មណ៍​ថា ព្រះ​បាន​ដាក់​ព្រះពន្លា​មក​លើ​នាង​ជាច្រើន​ឆ្នាំ ។ នាង​គឺជា​ម្ដាយ​ដ៏​ក្មេង​នៃ​កូន​បី​នាក់ ដែលនៅ​ចង់​បាន​កូន​ច្រើន​ទៀត ។ ក្រោយ​ពី​ការរលូត​កូន​ពីរ​ដង ការអធិស្ឋាន​ទូលអង្វរ​របស់​នាង បាន​កើន​ការថប់​បារម្ភ ។ ច្រើន​ឆ្នាំ​នៃ​ការគ្មាន​កូន​បាន​កន្លង​ទៅ នាង​មាន​អារម្មណ៍​ថា​ឆាប់​ខឹង ។ នៅពេល​កូនពៅ​របស់​នាង​បាន​ចេញ​ទៅ​សាលា ភាពស្ងាត់​នៅ​ផ្ទះ​ហាក់​បី​ដូចជា​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​មិន​ល្អ​ក្នុង​ការផ្ដោតលើ​ភាព​ជា​ម្ដាយ ហើយ​អារម្មណ៍​ទាំងនេះ​ក៏​មាន​ដូចគ្នា ជាមួយ​នឹង​ស្ត្រី​ដែល​មាន​គភ៌​ដោយ​ឥត​ព្រៀងទុក ហើយ​ថែម​ទាំង​មិន​ចង់​បាន​ទៀត ។ នាង​បាន​មាន​អារម្មណ៍​ថា​ប្ដេជ្ញា និង ឧទ្ទិស​ដូចជា​ម៉ារា​ដែល​បាន​ប្រកាស​ថា « មើល ខ្ញុំ​នេះ​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ » ។6 ប៉ុន្ដែ ទោះជា​នាង​និយាយ​ពាក្យ​ទាំងនេះ​នៅក្នុង​ចិត្ត​នាង​ក្ដី ក៏​នាង​មិន​អាច​ឮ​អ្វី​ជា​ចម្លើយ​សោះ​ឡើយ ។

សា្វមី​របស់​នាង​បាន​អញ្ជើញ​នាង​ឲ្យ​ទៅ​ជាមួយ​គាត់​ក្នុង​ដំណើរ​ជំនួញ​មួយ​ទៅ កាលីហ្វូញ៉ា ដោយ​សង្ឃឹម​ថា វា​នឹង​អាច​ជួយ​ឲ្យ​អារម្មណ៍​ទាំងនោះ​បាន​ធូរស្បើយ។ ខណៈពេល​គាត់​ចូល​ប្រជុំ នាង​បាន​ដើរ​តាម​ឆ្នេរ​ដ៏​ស្អាត​មួយ ។ បេះដូង​របស់​នាង​រៀប​នឹង​ផ្ទុះ​ចេញ​មក ហើយ​នាង​ក៏​បាន​អធិស្ឋាន​ឮៗ ។ លើក​ទី​មួយ នាង​មិន​បាន​សុំ​កូន​មួយ​ទៀត​នោះ​ទេ ប៉ុន្ដែបាន​សុំ​គោលបំណង​ដ៏​ទេវភាព​មួយ ។ នាង​និយាយ​ទាំង​យំ​ថា « ព្រះវរបិតាសួគ៌ ទូលបង្គំ​នឹង​ប្រគល់​ពេល​ទាំងអស់​របស់​ទូលបង្គំ​ដល់​ទ្រង់ សូម​ទ្រង់​បង្ហាញ​ពី​របៀប​ផង » ។ នាង​បង្ហាញ​ឆន្ទៈ​ដើម្បី​យក​គ្រួសារ​របស់​នាង​ទៅ​កន្លែង​ណា​ដែល​ពួកគេ​អាច​ត្រូវ​ទៅ ។ ការអធិស្ឋាន​នោះ​បង្កើត​ជា​អារម្មណ៍​សុខសាន្ដ​ដែល​មិន​បាន​រំពឹង​ទុក​មួយ ។ វា​មិន​បាន​បំពេញ​បំណង​នៃ​ចិត្ត​របស់​នាង​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្ដែ​ជា​លើក​ទី​មួយ​ក្នុង​ពេល​ជាច្រើន​ឆ្នាំ វា​បាន​រង្ងាប់​ចិត្ត​នាង ។

ការអធិស្ឋាន​ដោះ​ព្រះពន្លា​ចេញ ហើយ​វាបើក​បង្អួច​ស្ថានសួគ៌​ទាំងឡាយ ។ ក្នុង​ពេល​ពីរ​សប្ដាហ៍ នាង​បាន​ដឹង​ថា​នាង​កំពុង​មាន​កូន ។ ទារក​ថ្មី​នោះ ទើប​តែ​អាយុ​មួយ​ឆ្នាំ​ទេ នៅពេល​ការហៅ​បម្រើ​បេសកកម្ម​មួយ​មក​ដល់​កូនប្រុស និង កូនប្រសារ​ស្រី​របស់​ខ្ញុំ ។ ដោយ​បាន​សន្យា​ថា​នឹងទៅ ហើយ​​ធ្វើ​អ្វីៗ​ទាំងអស់ ទីណា​ក៏បាន នាង​បាន​ទុក​ការភ័យខ្លាច​មួយ​ឡែក ហើយ​បាន​យក​កូនៗ​ទៅ​បរទេស ។ នៅក្នុង​តំបន់​បេសកកម្ម នាង​បាន​មាន​កូន​មួយ​ទៀត គឺ​នៅ​ថ្ងៃ​ប្ដូរ​តំបន់​បេសកកម្ម ។

ដូច​ដែល​ម្ដាយ​ដ៏​ក្មេង​នេះ​បាន​ធ្វើ ការសម្រប​យ៉ាង​ពេញលេញ​តាម​ឆន្ទៈ​របស់​ស្ថានសួគ៌ គឺ​សំខាន់​ដើម្បី​ដោះ​ព្រះពន្លា​ខាង​វិញ្ញាណ​ដែល​ពេលខ្លះ យើង​បាន​ដាក់​លើ​ក្បាល​របស់​យើង​នោះ ។ ប៉ុន្ដែ​វា​មិន​បាន​ធានា​នូវ​ចម្លើយ​ភ្លាមៗ​ចំពោះ​ការអធិស្ឋាន​របស់​យើង​នោះ​ទេ ។

ដួងចិត្ត​របស់​អ័ប្រាហាំ​ហាក់​ដូចជា​សុចរិត ជាយូរ​មុនពេល​សារ៉ា​មាន​គភ៌​អ៊ីសាក ហើយ​មុនពេល​ពួកគាត់​ទទួល​បាន​ដែនដី​សន្យា​របស់​ពួកគាត់ ។ ស្ថានសួគ៌ មាន​គោលបំណង​ផ្សេង​ដើម្បី​បំពេញ​មុន​សិន ។ គោលបំណង​ទាំងនោះ មិនត្រឹម​តែ​រួម​មាន​ការសាង​សេចក្ដី​ជំនឿ​របស់​អ័ប្រាហាំ និង សារ៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​បង្រៀន​ពួកគេ​ពី​សេចក្ដីពិត​ដ៏​អស់កល្ប​ថា ពួកគេ​បាន​ចែកចាយ​ជាមួយ​អ្នកដទៃ​ក្នុង​ដំណើរ​ដ៏​វែង និង វៀចវេរ​របស់​ពួកគេ​ទៅ​កាន់​ដែនដី​ដែល​បាន​រៀបចំ​សម្រាប់​ពួកគេ ។ ជារឿយៗ ការពន្យារ​ពេល​របស់​ព្រះអម្ចាស់​មើល​ទៅ​យូរ ពេល​ខ្លះ​អស់​ពេល​ពេញ​មួយ​ជីវិត ។ ប៉ុន្ដែ​វា​តែងតែ​ត្រូវ​រាប់​ដើម្បី​បាន​ប្រទានពរ ។ ការពន្យារ​ពេល​នោះ មិន​ចាំបាច់​ជា​ពេល​ឯកោ ឬ សោក​សង្រេង ឬ ការមិន​អំណត់​នោះ​ទេ ។

ទោះជា​ពេលវេលា​របស់​ទ្រង់ មិន​តែងតែ​ជា​ពេលវេលា​របស់​យើង​ក្តី យើង​អាច​ប្រាកដ​ថា​ព្រះអម្ចាស់​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់ ។ ចំពោះ​អ្នក​រាល់​គ្នា​ណា​ដែល​ឥឡូវ​នេះ​មាន​អារម្មណ៍​ថា ទ្រង់​ពិបាក​ទាក់ទង ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ថ្ងៃ​នោះ​នឹង​មក ដែល​យើង​ទាំងអស់​គ្នា​នឹង​ឃើញ​ទ្រង់​ផ្ទាល់​ភ្នែក ។ ដូចជា​ឥឡូវ​នេះ គ្មាន​អ្វី​មក​រារាំង​ការទត​ឃើញ​របស់​ទ្រង់​ចំពោះ​យើង​ទេ​ វា​នឹង​គ្មាន​អ្វី​រារាំង​ការមើល​ឃើញ​របស់​យើង​ចំពោះ​ទ្រង់​ដែរ ។ យើង​ទាំងអស់​គ្នា​នឹង​ឈរ​នៅ​មុខ​ទ្រង់​ផ្ទាល់ ។ ដូចជា​ចៅស្រី​របស់​ខ្ញុំ យើង​ចង់​ឃើញ​ព្រះយេស៊ូវគ្រីស្ទ​ឥឡូវ​នេះ ប៉ុន្ដែ​ការជួបជុំ​ពិតប្រាកដ​របស់​យើង​ជាមួយ​នឹង​ទ្រង់​នៅ​ថ្ងៃ​ជំនុំជម្រះ​នឹង​មាន​អំណរ​ជាង ប្រសិន​បើ​ដំបូង​យើង​ធ្វើ​អ្វីៗ​ដែល​ធ្វើ​ឲ្យ​ទ្រង់​ស្គាល់​យើង ក៏ដូចជា​យើង​ស្គាល់ទ្រង់​ដែរ ។ នៅពេល​យើង​បម្រើ​ទ្រង់ យើង​ក្លាយ​ដូចជា​ដូច​ទ្រង់ ហើយ​យើង​មាន​អារម្មណ៍​កាន់តែ​ខិត​ជិត​ទ្រង់ ពេល​យើង​ខិត​ទៅ​រក​ថ្ងៃ​នោះ ជា​ថ្ងៃ​ដែល​គ្មាន​អ្វី​មក​បំបាំង​ការមើលឃើញ​របស់​យើង​ឡើយ ។

ការផ្លាស់​ទៅកាន់​ព្រះ​នេះ អាច​បន្ដ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « ចូរ​មក​ទទួល​មរតក​ចុះ គឺជា​នគរ​ដែល​បាន​រៀបចំ​ទុក​សម្រាប់​អ្នករាល់គ្នា តាំងពី​កំណើត​លោកិយ​មក » ។7 ហើយ​បន្ទាប់​មក ទ្រង់​ប្រាប់​យើង​ពី​របៀប ៖

« ពីព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នករាល់​គ្នា​បាន​ឲ្យ​បរិភោគ យើង​បាន​ស្រេក ហើយ​អ្នករាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នកដទៃ ហើយ​អ្នករាល់​គ្នា​បាន​ទទួល​យើង ។

« យើង​នៅ​អាក្រាត ហើយ​អ្នករាល់​គ្នា​បាន​ស្លៀកពាក់​ឲ្យ​យើង យើង​បាន​ឈឺ ហើយ​អ្នក​រាល់គ្នា​បាន​មក​សួរ​យើង ក៏​ជាប់​គុក ហើយ​អ្នក​រាល់គ្នា​បាន​មក​ឯ​យើង ។

« នោះ​ពួក​មនុស្ស​សុចរិត​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាលណា ?

« តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ជា​អ្នកដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាលណា ឬ ទ្រង់​អាក្រាត ហើយ​បាន​បំពាក់​ថ្វាយ​ទ្រង់​ពី​កាលណា ?

« តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ ឬ ជាប់​គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាលណា ?

« នោះ​ស្ដេច​នឹង​ឆ្លើយ​ទៅ​គេ​ថា យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់គ្នា​បាន​ធ្វើការ​ទាំងនោះ​ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ។8

នៅពេល​យើង​ធ្វើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ​សម្រាប់​កូនចៅ​របស់​ព្រះវរបិតា​ទ្រង់ នោះ​ព្រះអម្ចាស់​រាប់​វា​ថា​ជា​សណ្តានចិត្ត​ដល់​ទ្រង់ ហើយ​យើង​នឹង​មាន​អារម្មណ៍​កាន់តែ​ខិតជិត​ទៅ​ទ្រង់ ដោយសារ​យើង​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់ និង ការយល់​ព្រម​របស់​ទ្រង់ ។ ពេល​នោះ ​យើង​ក្លាយ​ដូចជា​ទ្រង់ ហើយ​យើង​នឹង​គិត​ពី​ថ្ងៃ​ជំនុំជម្រះ​ដោយ​ការប្រមើល​ដ៏​រីករាយ ។

ព្រះពន្លា​ដែល​ហាក់​ដូចជា​លាក់​អ្នក​ពី​ព្រះ អាច​ជា​ការភ័យខ្លាច​ដល់​មនុស្ស ជាជាង​ការប្រាថ្នា​ដើម្បី​បម្រើ​អ្នកដទៃ ។ ការជម្រុញ​តែ​មួយ​គត់​របស់​ព្រះអង្គ​សង្គ្រោះ គឺ​ឲ្យ​ជួយ​មនុស្ស ។ អ្នករាល់​គ្នា​ជាច្រើន ដូចជា​ខ្ញុំ ​ដែរ មាន​អារម្មណ៍​ភ័យខ្លាច​ពេល​ទៅ​ជិត​នរណា​ម្នាក់​ដែល​អ្នក​បានធ្វើ​ឲ្យ​ខឹង ឬ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ។ យ៉ាងណាក្ដី​ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់​បន្ទន់​ដួងចិត្ត​ពី​ពេល​មួយ​ទៅ​ពេល​មួយ រួម​ទាំង​ចិត្ត​ខ្ញុំ​ដែរ ។ ដូច្នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ទៅ​រក​នរណា​ម្នាក់​សម្រាប់​ព្រះអម្ចាស់ ដើម្បី​ពង្រីក​សេចក្ដី​ស្រឡាញ់ និង ការអភ័យទោស ថ្វីបើ​អ្នក​អាច​មាន​ការភ័យខ្លាច​ក្ដី ។ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា នៅពេល​អ្នក​ធ្វើ​ដូច្នោះ អ្នក​នឹង​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​មក​កាន់​មនុស្ស​នោះ និង ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក ហើយ​វា​មិន​ដូចជា​មក​ពី​ចម្ងាយ​ឆ្ងាយ​នោះ​ទេ ។ សម្រាប់​អ្នក ការលើក​ទឹក​ចិត្ត​ផ្ចាញ់​នោះ​ អាច​នៅក្នុង​គ្រួសារ អាច​នៅក្នុង​សហគមន៍ ឬ នៅ​ប្រទេស​ផ្សេងៗ ។

ប៉ុន្ដែ​ប្រសិនបើ​អ្នក​ទៅ​សម្រាប់​ព្រះអម្ចាស់​ដើម្បី​ប្រទានពរ​ដល់​អ្នកដទៃ ទ្រង់​នឹង​ឃើញ ហើយ​ផ្ដល់​រង្វាន់ ។ បើសិនជា​អ្នក​ធ្វើ​ការណ៍​នេះ​ញឹកញាប់​ល្មម ហើយ​យូរ​គួរសម​នោះ អ្នក​នឹង​មាន​អារម្មណ៍​ពី​ការផ្លាស់ប្ដូរ​នៅក្នុង​លក្ខណៈ​របស់​អ្នក តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​មិន​ត្រឹមតែ​មាន​អារម្មណ៍​កាន់តែ​ខិត​ជិត​ទ្រង់​នោះ​ទេ ប៉ុន្តែ​អ្នកនឹង​ថែមទាំង​មាន​អារម្មណ៍​ថា​អ្នក​កាន់តែ​ដូច​ទ្រង់​ខ្លាំង​ឡើងៗ ។ បន្ទាប់​មក នៅពេល​អ្នក​បាន​ឃើញ​ទ្រង់ ដូច​យើង​ទាំងអស់​គ្នា​នឹង​ឃើញ វា​នឹង​សម្រាប់​អ្នក ដូច​វា​សម្រាប់​មរ៉ូណៃ​ដែរ នៅពេល​គាត់​បាន​និយាយ​ថា ៖ « ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​លា​អ្នករាល់​គ្នា​សិន​ហើយ ។ មិន​យូរ​ប៉ុន្មាន​ទេ ខ្ញុំ​នឹង​ទៅ​សម្រាក​នៅ​ឯ​ស្ថានបរមសុខ​នៃ​ព្រះ លុះ​ដល់​វិញ្ញាណ និង រូបកាយ​ខ្ញុំ​បាន​រួមគ្នា​វិញ ហើយ​ខ្ញុំ​នឹង​ត្រូវ​ចេញ​មក​ដោយ​ជោគជ័យ​កាត់​តាម​អាកាស ដើម្បី​មក​ជួប​អ្នករាល់​គ្នា នៅ​ខាង​មុខ​វេទិកា​ជំនុំជម្រះ​ដ៏​គាប់​ព្រះទ័យ​នៃ​ព្រះយេហូវ៉ា​ដ៏​មហិមា​ដែល​ជា​ចៅក្រម​ដ៏​អស់កល្ប​ជានិច្ច​នៃ​មនុស្ស​រស់ និង មនុស្ស​ស្លាប់​ផង ។ អាម៉ែន ។ »9

ប្រសិនបើ​យើង​បម្រើ​ដោយ​សេចក្ដី​ជំនឿ ការបន្ទាប​ខ្លួន និង បំណង​ប្រាថ្នា​មួយ​ដើម្បី​ធ្វើ​តាម​ឆន្ទៈ​របស់​ព្រះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា វេទិកា​ជំនុំជម្រះ​នៃ​ព្រះយេហូវ៉ា​ដ៏​មហិមា​នឹង​ជា​ថ្ងៃ​ដ៏​រីករាយ ។ យើង​នឹង​ឃើញ​ព្រះវរបិតា​ជាទី​ស្រឡាញ់​របស់​យើង និង បុត្រា​របស់​ទ្រង់ ដូចដែល​ពួក​ទ្រង់​ឃើញ​យើង​ឥឡូវ​នេះ -- ដោយ​ភាពច្បាស់លាស់​ឥត​ខ្ចោះ និង ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ ។ នៅក្នុង​ព្រះនាមដ៏ពិសិដ្ឋ​​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។